កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​: អ័ប្រាហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់ យូដា​បង្កើត​ពេរេស និង​សេរ៉ាស​ពី​នាង​តាម៉ារ ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីណាដាប់ អ័មីណាដាប់​បង្កើត​ណាសូន ណាសូន​បង្កើត​សាលម៉ូន សាលម៉ូន​បង្កើត​បូអូស​ពី​នាង​រ៉ាហាប បូអូស​បង្កើត​អូបិឌ​ពី​នាង​រូស អូបិឌ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ​ដែល​ជា​ស្ដេច​។ ដាវីឌ ​បង្កើត​សាឡូម៉ូន​ពី​ប្រពន្ធ​របស់​អ៊ូរី សាឡូម៉ូន​បង្កើត​រេហូបោម រេហូបោម​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា អេសា​បង្កើត​យ៉ូសាផាត យ៉ូសាផាត​បង្កើត​យ៉ូរាម យ៉ូរាម​បង្កើត​អូសៀស អូសៀស​បង្កើត​យ៉ូថាម យ៉ូថាម​បង្កើត​អេហាស អេហាស​បង្កើត​អេសេគាស អេសេគាស​បង្កើត​ម៉ាណាសេ ម៉ាណាសេ​បង្កើត​អាំម៉ូន អាំម៉ូន​បង្កើត​យ៉ូសៀស យ៉ូសៀស​បង្កើត​យេកូនាស និង​បងប្អូន​របស់​គាត់ នៅគ្រា​ដែល​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​។ បន្ទាប់ពី​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន យេកូនាស​បង្កើត​សាលធាល សាលធាល​បង្កើត​សូរ៉ូបាបិល សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ អ័ប៊ីយុឌ​បង្កើត​អេលាគីម អេលាគីម​បង្កើត​អេសូរ អេសូរ​បង្កើត​សាដុក សាដុក​បង្កើត​អេគីម អេគីម​បង្កើត​អេលីយុឌ អេលីយុឌ​បង្កើត​អេលាសារ អេលាសារ​បង្កើត​ម៉ាថាន ម៉ាថាន​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យ៉ូសែប​ដែល​ជា​ប្ដី​របស់​នាង​ម៉ារា​។ ព្រះយេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ បានប្រសូត​ពី​នាងម៉ារានេះឯង​។ ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។ កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។ នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “​យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។ នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ​”។ ការ​ទាំងអស់​នេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”​។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។ យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់ ​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕ បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម សួរថា​៖ “​តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។ នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។ ស្ដេច​បាន​កោះប្រជុំ​អស់ទាំង​នាយកបូជាចារ្យ និង​គ្រូវិន័យ​របស់​ប្រជាជន ហើយ​សួរ​ពួកគេ​អំពី​កន្លែងដែល​ព្រះ​គ្រីស្ទ​ប្រសូត​។ ពួកគេ​ទូល​ស្ដេច​ថា​៖ “​នៅ​បេថ្លេហិម​ក្នុង​យូឌា​។ ដ្បិត​មាន​សរសេរ​ទុកមក​តាមរយៈ​ព្យាការី​ដូច្នេះ​ថា​: ‘​បេថ្លេហិម​ក្នុង​ដែនដី​របស់​យូដា​អើយ! អ្នក​មិន​តូចជាងគេ​ក្នុង​បណ្ដា​ចៅហ្វាយ​នៃ​យូដា​សោះឡើយ ដ្បិត​នឹង​មាន​អ្នកដឹកនាំ​ម្នាក់​ចេញមក​ពី​អ្នក លោក​នឹង​ឃ្វាល​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់យើង ​’ ​”។ ពេលនោះ ហេរ៉ូឌ​បាន​ហៅ​ហោរាចារ្យ​ទាំងនោះ​មក​ដោយសម្ងាត់ ហើយ​សាកសួរ​ពួកគេ​អំពី​ពេលវេលា​ដែល​ផ្កាយ​នោះ​បាន​លេចមក​។ បន្ទាប់មក ស្ដេច​ចាត់​ពួកគេ​ឲ្យទៅ​បេថ្លេហិម ដោយ​មានរាជឱង្ការថា​៖ “​ចូរ​ទៅ​សួរ​ឲ្យច្បាស់​អំពី​ព្រះកុមារ​នោះ​ចុះ​។ កាលណា​រកឃើញ​ហើយ ចូរ​រាយការណ៍​មក​យើង ដើម្បីឲ្យ​យើង​ទៅ​ថ្វាយបង្គំ​ដែរ​”។ ក្រោយពី​ទទួលរាជឱង្ការ​ពី​ស្ដេច​ហើយ ពួកគេ​ក៏​ចាកចេញទៅ​។ ពេលនោះ មើល៍! ផ្កាយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ទិសខាងកើត​នោះ​នាំមុខ​ពួកគេ រហូត​មក​ឈប់​នៅលើ​កន្លែងដែល​ព្រះកុមារ​គង់នៅ​។ នៅពេល​ឃើញ​ផ្កាយ​នោះ ពួកគេ​ក៏​មាន​អំណរ​អរសប្បាយ​យ៉ាងខ្លាំង​ក្រៃលែង​។ ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។ បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ មិនឲ្យ​ត្រឡប់ទៅ​រក​ហេរ៉ូឌ​វិញ​ឡើយ ពួកគេ​ក៏​ចាកចេញ​ទៅ​ស្រុក​របស់​ខ្លួន​តាមផ្លូវ​មួយ​ផ្សេងទៀត​។ ក្រោយពី​ហោរាចារ្យទាំងនោះ​បាន​ចាកចេញ​ទៅហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “​ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ រត់គេច​ទៅ​អេហ្ស៊ីប​ទៅ ហើយ​ចូរ​នៅ​ទីនោះ​រហូតដល់​យើង​ប្រាប់​អ្នក ពីព្រោះ​ហេរ៉ូឌ​រៀបនឹង​រក​បំផ្លាញជីវិត​ព្រះកុមារ​ហើយ​”។ យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ ចាកចេញ​ទៅ​អេហ្ស៊ីប​ទាំង​យប់ ហើយ​រស់នៅ​ទីនោះ​រហូតដល់​ហេរ៉ូឌ​សោយទិវង្គត ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​យើង​បាន​ហៅ​បុត្រ​របស់យើង​ចេញពី​អេហ្ស៊ីប​មក​” ។ នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។ ពេលនោះ សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​យេរេមា​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​ និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង ​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ​” ។ ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប ហើយ​និយាយថា​៖ “​ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ទៅ​ដែនដី​អ៊ីស្រាអែល​វិញ​ចុះ ដ្បិត​ពួក​អ្នក​ដែល​ចង់យក​ជីវិត​ព្រះកុមារ បាន​ស្លាប់​អស់ហើយ​”‍។ យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ចូលទៅ​ដែនដី​អ៊ីស្រាអែល​វិញ​។ ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត​”​៕ នៅ​គ្រានោះ យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ប្រកាស​នៅ​ទីរហោស្ថាន​នៃ​យូឌា ថា​៖ “​ចូរ​កែប្រែចិត្ត ដ្បិត​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ​”។ គឺ​យ៉ូហាននេះ​ហើយ ជា​ម្នាក់​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ថា​: “​មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា ​: ‘​ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ!​’ ”​។ យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។ ពេលនោះ មនុស្ស​ពី​យេរូសាឡិម ពី​យូឌា​ទាំងមូល និង​ពី​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ បាន​ចេញទៅ​រក​គាត់ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។ ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “​ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​? បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​គិត​ក្នុងចិត្ត​ថា​: ‘​យើង​មាន​អ័ប្រាហាំ​ជា​ដូនតា​’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំថ្ម​ទាំងនេះ​បាន​។ ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។ “​ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក ​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។ លោក​កាន់​ចង្ហាយ ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន​”។ ពេលនោះ ព្រះយេស៊ូវ​យាង​មក​ពី​កាលីឡេ មក​រក​យ៉ូហាន​នៅត្រង់​ទន្លេយ័រដាន់ ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​។ ប៉ុន្តែ​យ៉ូហាន​ព្យាយាម​ឃាត់​ព្រះអង្គ ដោយ​ទូលថា​៖ “​គឺ​ខ្ញុំ​ទេតើ ដែល​ត្រូវការ​ទទួលពិធីជ្រមុជទឹក​ពី​លោក ម្ដេចក៏​លោក​មករក​ខ្ញុំ​ទៅវិញ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖ “​ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង​”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។ ក្រោយពី​ព្រះយេស៊ូវ​ទទួលពិធីជ្រមុជទឹក​ហើយ ព្រះអង្គ​ក៏​យាង​ឡើង​ពី​ទឹក​ភ្លាម​។ ពេលនោះ មើល៍! ផ្ទៃមេឃ​ត្រូវបាន​បើកចំហ​នៅចំពោះ​ព្រះអង្គ ហើយ​ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះ​យាង​ចុះ​មក​លើ​ព្រះអង្គ ដូចជា​សត្វព្រាប​។ រំពេចនោះ មាន​សំឡេង​មួយ​ពី​លើមេឃ​ថា៖ “​នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​”៕ បន្ទាប់មក ព្រះយេស៊ូវ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន ដើម្បីឲ្យ​មារ​ល្បួង​។ ក្រោយពី​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន​។ មេល្បួង​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា៖ “​ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​ទាំងនេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍​!​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “​មាន​សរសេរ​ទុកមក​ថា​: ‘​មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ​’ ”។ បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ រួច​ទូល​ព្រះអង្គ​ថា៖ “​ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘​ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា​៖ “​មាន​សរសេរ​ទុកមក​ទៀត​ថា​: ‘​កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’ ”។ បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ រួច​ទូល​ព្រះអង្គ​ថា៖ “​ប្រសិនបើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្វីៗ​ទាំងអស់នេះ​ដល់​អ្នក​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖ “​សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘​អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់​’ ”​។ ពេលនោះ មារ​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ ហើយ​មើល៍! បណ្ដា​ទូតសួគ៌​បាន​ចូលមកជិត បម្រើ​ព្រះអង្គ។ នៅពេល​ឮ​ថា យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ទៅ​កាលីឡេ​។ បន្ទាប់មក ព្រះអង្គ​យាង​ចាកចេញ​ពី​ណាសារ៉ែត ទៅ​គង់នៅ​កាពើណិម​ដែល​ជាទីក្រុងនៅ​មាត់បឹង ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី​។ នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា: “​ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់ គឺ​កាលីឡេ​របស់​សាសន៍ដទៃ​—— ប្រជាជន​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ដែនដី​នៃ​សេចក្ដីស្លាប់ និង​ស្រមោល​នៃ​សេចក្ដីស្លាប់ មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ​” ។ តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ប្រកាស​ថា៖ “​ចូរ​កែប្រែចិត្ត ដ្បិត​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ​”។ នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស ​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មក​តាម​ខ្ញុំ​! ខ្ញុំ​នឹង​ធ្វើឲ្យ​ពួកអ្នក​ទៅជា​អ្នកនេសាទ​មនុស្ស​”​។ ពួកគេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ទៅតាម​ព្រះអង្គភ្លាម​។ ព្រះអង្គ​យាង​ពីទីនោះ​ទៅមុខទៀត ក៏​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់ កំពុង​ជួស​អួន​នៅក្នុង​ទូក​ជាមួយ​សេបេដេ​ជា​ឪពុក​។ ព្រះអង្គ​ទ្រង់​ហៅ​អ្នកទាំងពីរនោះ ពួកគេ​ក៏​ចាកចោល​ទូក និង​ឪពុក​របស់​ពួកគេ​ភ្លាម ហើយ​ទៅតាម​ព្រះអង្គ​។ ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។ ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕ នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​។ ក្រោយពី​ព្រះអង្គ​គង់ចុះ ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​បើក​ព្រះឱស្ឋ​បង្រៀន​ពួកគេ​ថា​៖ “​មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់​ខាង​វិញ្ញាណ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។ មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។ មានពរ​ហើយ អ្នក​ដែល​បន្ទាបខ្លួន ដ្បិត​ពួកគេ​នឹង​ទទួល​ផែនដីជាមរតក​។ មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល​មានចិត្តមេត្តា ដ្បិត​ពួកគេ​នឹង​ទទួលសេចក្ដីមេត្តា​វិញ​។ មានពរ​ហើយ អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​ពួកគេ​នឹង​ឃើញ​ព្រះ​។ មានពរ​ហើយ អ្នក​ដែល​បង្កើតសន្តិភាព ដ្បិត​ពួកគេ​នឹង​ត្រូវបាន​ហៅថា​កូនរបស់ព្រះ​។ មានពរ​ហើយ អ្នក​ដែល​ត្រូវគេ​បៀតបៀន​ដោយសារតែ​សេចក្ដីសុចរិត ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។ “​អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។ ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ “​អ្នករាល់គ្នា​ជា​អំបិល​នៃ​ផែនដី​។ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់រសជាតិ តើ​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? វា​គ្មាន​ប្រយោជន៍​សម្រាប់​អ្វី​ទៀត​ទេ មានតែ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ ហើយ​ត្រូវ​មនុស្ស​ដើរជាន់​ប៉ុណ្ណោះ​។ “​អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​ពិភពលោក​។ ទីក្រុង​ដែល​ស្ថិតនៅ​លើ​ភ្នំ​មិនអាច​លាក់​បានឡើយ ក៏គ្មាន​អ្នកណា​អុជ​ចង្កៀង ហើយ​ដាក់​ក្រោម​ថាំង​ដែរ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ទើប​វា​បំភ្លឺ​អស់អ្នក​ដែល​នៅក្នុង​ផ្ទះ​។ ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។ “​កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​លុបបំបាត់​ក្រឹត្យវិន័យ ឬ​គម្ពីរ​ព្យាការី​ឡើយ ខ្ញុំ​មក​មិនមែន​ដើម្បីលុបបំបាត់​ទេ គឺ​ដើម្បី​បំពេញឲ្យសម្រេច​វិញ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។ ដូច្នេះ អ្នកណាក៏ដោយដែល​ល្មើស​បទបញ្ជា​មួយ​តូចបំផុត​ក្នុង​បទបញ្ជា​ទាំងនេះ ហើយ​បង្រៀន​គេ​ឲ្យធ្វើ​ដូច្នោះ អ្នកនោះ​នឹង​ត្រូវបាន​ហៅថា​អ្នក​តូចបំផុត​ក្នុង​អាណាចក្រស្ថានសួគ៌​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម ព្រមទាំង​បង្រៀន​បទបញ្ជា​ទាំងនេះ អ្នកនោះ​នឹង​ត្រូវបាន​ហៅថា​អ្នកធំ​ក្នុង​អាណាចក្រស្ថានសួគ៌​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា លើស​ជាង​សេចក្ដីសុចរិត​របស់​ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នា​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។ “​អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​ត្រូវ​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​: ‘ កុំ​សម្លាប់មនុស្ស​។ ​ អ្នកណាក៏ដោយដែល​សម្លាប់មនុស្ស នឹង​ជួប​ការកាត់ទោស​’​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន ​ នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘​អា​ល្ងង់​’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘​អា​ឆ្កួត​’ នឹង​ជួប​ភ្លើង​នរក​។ ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​របស់អ្នក​មក​អាសនា ហើយនៅទីនោះ អ្នក​នឹកឃើញ​ថា បងប្អូន​របស់អ្នក​មាន​អ្វីមួយ​ទាស់នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​របស់អ្នក​ជាមុនសិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់អ្នក​វិញ​។ ចូរ​ស្រុះស្រួល​នឹង​គូវិវាទ​របស់អ្នក​ជាប្រញាប់ ខណៈដែល​នៅ​តាមផ្លូវ​ជាមួយ​អ្នកនោះ​នៅឡើយ ក្រែងលោ​គូវិវាទ​នោះ​ប្រគល់​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​តម្រួត ហើយ​អ្នក​នឹង​ជាប់គុក​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​កូដ្រាន ចុងក្រោយ​។ “​អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក ថា​: ‘​កុំ​ផិតក្បត់​’ ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មើល​ស្ត្រី​ដោយ​មានតណ្ហា​ចំពោះ​នាង បាន​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​នៅក្នុង​ចិត្ត​របស់​ខ្លួន​រួចទៅហើយ​។ ប្រសិនបើ​ភ្នែក​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។ ប្រសិនបើ​ដៃ​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ធ្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។ “​មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ទៀត​ថា​: ‘​អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ប្រគល់​លិខិតលែងលះ​ដល់​នាង​’ ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន កំពុង​ធ្វើឲ្យ​នាង​ទៅជា​មនុស្ស​ផិតក្បត់​ហើយ លើកលែងតែ​ក្នុង​ករណី​អំពើអសីលធម៌ខាងផ្លូវភេទ រីឯ​អ្នកណាក៏ដោយដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ផិតក្បត់​ដែរ​។ “​មួយវិញទៀត អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​: ‘​កុំ​ស្បថដោយកុហក​។ ចូរ​ធ្វើតាម​ពាក្យសម្បថ​របស់អ្នក​ចំពោះ​ព្រះអម្ចាស់​’ ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ស្បថ​ឲ្យសោះ​។ កុំ​ស្បថ​ដោយ​អាង​មេឃ ពីព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ​; កុំ​ស្បថ​ដោយ​អាង​ផែនដី ពីព្រោះ​ផែនដី​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​; កុំ​ស្បថ​ដោយ​អាង​យេរូសាឡិម ពីព្រោះ​យេរូសាឡិម​ជា​ក្រុង​របស់​ស្ដេច​ដ៏ធំឧត្ដម​; កុំ​ស្បថ​ដោយ​អាង​ក្បាល​របស់អ្នក ពីព្រោះ​អ្នក​មិនអាច​ធ្វើឲ្យ​សក់​មួយ​សរសៃ​ទៅជា​ស ឬ​ខ្មៅ​បានឡើយ​។ ចូរ​ឲ្យ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​ជា ‘​មែន​’ គឺ ‘​មែន​’​; ‘​ទេ​’ គឺ ‘​ទេ​’​។ អ្វី​ដែល​លើស​ពី​នេះ គឺ​មកពី​មេអាក្រក់​។ “​អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​: ‘​ភ្នែក​សម្រាប់​ភ្នែក ធ្មេញ​សម្រាប់​ធ្មេញ’ ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​តទល់​នឹង‍មនុស្ស​អាក្រក់​ឡើយ​។ ផ្ទុយទៅវិញ បើ​មាន​អ្នកណា​ទះកំផ្លៀង​ស្ដាំ​របស់អ្នក ចូរ​បែរ​ម្ខាងទៀត​ឲ្យ​គេ​ផង​; ចំពោះ​អ្នក​ដែល​ចង់​ប្ដឹង​យក​អាវខាងក្នុង​របស់អ្នក ចូរ​ឲ្យ​ទាំង​អាវវែង​ដល់​គេ​ផង​; បើ​មាន​អ្នកណា​បង្ខំ​អ្នក​ឲ្យទៅ​មួយ​ម៉ៃល៍ ​ ចូរ​ទៅ​ពីរ​ម៉ៃល៍​ជាមួយ​គេ​ចុះ​; ចូរ​ឲ្យ​ដល់​អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​បែរចេញ​ពី​អ្នក​ដែល​ចង់​ខ្ចី​ពី​អ្នក​ឡើយ​។ “​អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​: ‘ ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ​ ហើយ​ស្អប់​ខ្មាំងសត្រូវ​របស់អ្នក​’​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ​ ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។ តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​នឹង​បាន​រង្វាន់​អ្វី? សូម្បីតែ​ពួក​អ្នកទារពន្ធ​ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃ ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​? ដូច្នេះ អ្នករាល់គ្នា​គួរតែ​បាន​គ្រប់លក្ខណ៍ ដូចដែល​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​គ្រប់លក្ខណ៍​ដែរ​។ “​ចូរ​ប្រយ័ត្នប្រយែង កុំ​ប្រព្រឹត្ត​អំពើសុចរិត របស់ខ្លួន​នៅមុខ​មនុស្ស ដើម្បីឲ្យ​គេ​ឃើញ​នោះ​ឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ឡើយ​។ ដូច្នេះ កាលណា​អ្នក​ចែកទាន កុំ​ផ្លុំត្រែ​នៅពីមុខ​អ្នក​ឡើយ ដូចដែល​ពួក​មនុស្សមានពុត​ធ្វើ​នៅក្នុង​សាលាប្រជុំ និង​នៅតាមផ្លូវ ដើម្បី​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ពី​មនុស្ស​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ រីឯ​អ្នក​វិញ កាលណា​អ្នក​ចែកទាន កុំឲ្យ​ដៃឆ្វេង​របស់អ្នក​ដឹង​អ្វីដែល​ដៃស្ដាំ​កំពុង​ធ្វើ​នោះ​ឡើយ ដើម្បីឲ្យ​ការចែកទាន​របស់អ្នក​នៅ​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​ នឹង​ប្រទានរង្វាន់​ដល់​អ្នក ។ “​កាលណា​អ្នករាល់គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលាប្រជុំ និង​នៅតាម​កែង​ផ្លូវ ដើម្បីឲ្យ​គេ​ឃើញ។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ រីឯ​អ្នក​វិញ កាលណា​អ្នក​អធិស្ឋាន ចូរ​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន បិទ​ទ្វារ ហើយ​អធិស្ឋាន​ទៅ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក ។ នៅពេល​អ្នករាល់គ្នា​អធិស្ឋាន កុំ​ពោលប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ឡើយ ដ្បិត​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវបាន​សណ្ដាប់​តាមរយៈ​ពាក្យជាច្រើន​របស់​ពួកគេ​។ ដូច្នេះ កុំ​ធ្វើដូច​ពួកគេ​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​ជ្រាប​ហើយ នូវ​អ្វីដែល​អ្នករាល់គ្នា​ត្រូវការ មុន​អ្នករាល់គ្នា​ទូល​សុំ​ព្រះអង្គ​ទៅទៀត​។ “​ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចតទៅ​: ព្រះ​បិតា​នៃយើងខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ សូមឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។ សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​។ សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ​។ សូម​លើកលែង​បំណុល​របស់យើងខ្ញុំ ដូចដែល​យើងខ្ញុំ​បាន​លើកលែង​ដល់​កូនបំណុល​របស់យើងខ្ញុំ​ដែរ​។ សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។ “​ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គេ ទេ នោះ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ក៏មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ។ “​កាលណា​អ្នករាល់គ្នា​តមអាហារ កុំ​ធ្វើ​ទឹកមុខ​ស្រងូតស្រងាត់​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ធ្វើមុខស្អុយ ដើម្បីឲ្យ​មនុស្ស​ឃើញថា​ពួកគេ​កំពុង​តមអាហារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។ រីឯ​អ្នក​វិញ កាលណា​អ្នក​តមអាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​របស់អ្នក ដើម្បីកុំឲ្យ​គេ​ឃើញថា​អ្នករាល់គ្នា​កំពុង​តមអាហារ គឺ​ឲ្យ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់​ឃើញ​វិញ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក ។ “​កុំ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង​នៅលើ​ផែនដី ជា​កន្លែងដែល​មាន​សត្វល្អិត និង​ច្រែះ​ស៊ី ជា​កន្លែងដែល​ចោរ​គាស់ចូល ហើយ​លួចនោះ​ឡើយ​; ប៉ុន្តែ​ចូរ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង​នៅ​ស្ថានសួគ៌​វិញ ជា​កន្លែងដែល​គ្មាន​សត្វល្អិត ឬ​ច្រែះ​ស៊ី ជា​កន្លែងដែល​គ្មាន​ចោរ​គាស់ចូល ហើយ​លួច​នោះ​ឡើយ​។ ជាការពិត ទ្រព្យសម្បត្តិ​របស់អ្នក​នៅ​កន្លែងណា ចិត្ត​របស់អ្នក​ក៏​នៅ​កន្លែងនោះ​ដែរ​។ “​ចង្កៀង​របស់​រូបកាយ​គឺ​ភ្នែក ដូច្នេះ​ប្រសិនបើ​ភ្នែក​របស់អ្នក​ភ្លឺថ្លា ​ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយពន្លឺ​; ប៉ុន្តែ​ប្រសិនបើ​ភ្នែក​របស់អ្នក​អាក្រក់ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ប្រសិនបើ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ ចុះ​សេចក្ដីងងឹត​នោះ​នឹង​ខ្លាំង​យ៉ាងណាទៅ​! “​គ្មានអ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ ផង​បានឡើយ​។ “​ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​? ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​? ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​នរណា​អាច​បន្ថែម​មួយ​ខណៈពេល លើ​អាយុជីវិត​របស់​ខ្លួន ​ ដោយ​ការ​បារម្ភ​បាន​? ហេតុអ្វីបានជា​អ្នករាល់គ្នា​បារម្ភ​អំពី​សម្លៀកបំពាក់? ចូរ​សង្កេត​របៀប​ដែល​ផ្កាលីលី​នៅ​ទីវាល​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​សាឡូម៉ូន​ដែល​ប្រកបដោយ​សិរីរុងរឿង​ដ៏ប្រសើរ​បំផុត ក៏មិន​បាន​តែងកាយ​ដូច​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង។ មនុស្ស​មានជំនឿតិច​អើយ​! ប្រសិនបើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​នៅតាម​ទីវាល ដែល​មាន​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​ត្រូវគេ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងដូច្នេះ​ទៅហើយ តើ​ព្រះអង្គ​មិន​តុបតែង​អ្នករាល់គ្នា​ឲ្យ​លើសជាង​ទេ​ឬ​? ដូច្នេះ កុំ​បារម្ភ​ដោយ​ពោលថា​: ‘​យើង​ត្រូវ​ហូប​អ្វី​? ត្រូវ​ផឹក​អ្វី​? ត្រូវ​ស្លៀកពាក់​អ្វី​?​’ នោះ​ឡើយ ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។ ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ ​ និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។ ដូច្នេះ កុំ​បារម្ភ​អំពី​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​បារម្ភ​អំពី​ខ្លួនវា​។ មួយ​ថ្ងៃ​ៗ​មាន​ការលំបាក​ល្មម​សម្រាប់​ខ្លួនវា​ហើយ​។ “​កុំ​វិនិច្ឆ័យ​គេ ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​វិនិច្ឆ័យ​វិញ​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ តាម​ការវិនិច្ឆ័យ​ដែល​អ្នករាល់គ្នា​វិនិច្ឆ័យ​គេ ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​។ ហេតុអ្វីបានជា​អ្នក​មើលឃើញ​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ធ្នឹម​នៅក្នុង​ភ្នែក​ខ្លួនឯង​? ឬ​តើ​អ្នក​នឹង​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់អ្នក​’ យ៉ាងដូចម្ដេច​បាន​? មើល៍! មាន​ធ្នឹម​នៅក្នុង​ភ្នែក​របស់អ្នក​ហើយ​! មនុស្សមានពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​។ កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។ “​ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។ ដ្បិត​អស់អ្នក​ដែល​សុំ​នឹង​ទទួលបាន​; អ្នក​ដែល​ស្វែងរក​នឹង​រកឃើញ​; អ្នក​ដែល​គោះ​នឹង​ត្រូវបាន​បើក​ឲ្យ​។ ក្នុងចំណោម​អ្នករាល់គ្នា បើ​កូន​របស់​ខ្លួន​សុំ​នំប៉័ង តើ​មាន​នរណា​បែរជា​ឲ្យ​ដុំថ្ម​ដល់​កូន​វិញ​ឬ​? ឬ​បើ​កូន​សុំ​ត្រី បែរជា​ឲ្យ​ពស់​ដល់​កូន​វិញ​ឬ​? ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​របស់​ល្អ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​! ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀន របស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។ “​ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ និង​ផ្លូវ​ទូលាយ នាំទៅ​រក​សេចក្ដីវិនាស ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​តាម​នោះ​។ ទ្វារ​ដែល​នាំទៅ​រក​ជីវិត តូច​យ៉ាងណាហ្ន៎ ហើយ​ផ្លូវ​នោះ​ចង្អៀត​យ៉ាងណាហ្ន៎​! ​ មាន​មនុស្ស​តិច​ទេ​ដែល​រក​វា​ឃើញ​។ “​ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​ព្យាការីក្លែងក្លាយ​។ ពួកគេ​មករក​អ្នករាល់គ្នា​ដោយ​ពាក់​រោមចៀម ប៉ុន្តែ​ខាងក្នុង​ពួកគេ​ជា​ចចក​ដ៏កាចសាហាវ​។ អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។ តើ​គេ​ប្រមូល​ផ្លែទំពាំងបាយជូរ​ពី​គុម្ពបន្លា ឬ​ផ្លែល្វា​ពី​ដើមបន្លា​ឬ​? ដូច្នេះ អស់ទាំង​ដើមឈើ​ល្អ​បង្កើត​ផល​ល្អ រីឯ​ដើមឈើ​អាក្រក់​បង្កើត​ផល​អាក្រក់​; ដើមឈើ​ល្អ​មិនអាច​បង្កើត​ផល​អាក្រក់​បានទេ ហើយ​ដើមឈើ​អាក្រក់​ក៏មិន​អាច​បង្កើត​ផល​ល្អ​បាន​ដែរ​។ អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។ ដោយហេតុនេះ អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។ “​មិនមែន​អស់អ្នកដែល​ហៅ​ខ្ញុំ​ថា ‘​ព្រះអម្ចាស់ ព្រះអម្ចាស់​’ នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ​។ នៅ​ថ្ងៃ​នោះ មនុស្ស​ជាច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​: ‘​ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើ​យើងខ្ញុំ​មិន​បាន​ថ្លែងព្រះបន្ទូល​ក្នុង​ព្រះនាម​របស់ព្រះអង្គ ដេញ​អារក្ស​ឲ្យចេញ​ក្នុង​ព្រះនាម​របស់ព្រះអង្គ និង​ធ្វើ​ការអស្ចារ្យ​ជាច្រើន​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ទេ​ឬ​?​’​។ ពេលនោះ ខ្ញុំ​នឹង​ប្រកាសប្រាប់​ពួកគេ​ថា​: ‘​យើង​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​។ ពួក​អ្នក​ប្រព្រឹត្ត​អំពើឥតច្បាប់​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​! ​’​។ “​ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។ ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ប៉ុន្តែ​វា​មិន​បាន​រលំ​ទេ ពីព្រោះ​ត្រូវបាន​ចាក់គ្រឹះ​នៅលើ​ថ្មដា​។ ផ្ទុយទៅវិញ អស់អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​ល្ងង់​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ដីខ្សាច់​។ ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ វា​ក៏​រលំ​ទៅ ហើយ​ការរលំ​នោះ​សាហាវ​ណាស់​”។ នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ហ្វូងមនុស្ស​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ទ្រង់​បង្រៀន​ពួកគេ​ដូចជា​អ្នក​ដែល​មាន​សិទ្ធិអំណាច គឺ​មិន​ដូច​ពួក​គ្រូវិន័យ​របស់​ពួកគេ​ទេ៕ នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។ ពេលនោះ មើល៍! មាន​មនុស្សឃ្លង់​ម្នាក់​បាន​ចូលមកជិត ថ្វាយបង្គំ​ព្រះអង្គ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន​”​។ ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖ “​ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ​”​។ ភ្លាមនោះ គាត់​បានបរិសុទ្ធ​ពី​ជំងឺឃ្លង់​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ​”។ នៅពេល​ព្រះអង្គ​យាង​ចូល​ទៅ​កាពើណិម មាន​មេទាហានលើមួយរយនាក់​ចូលមកជិត ទូល​អង្វរ​ព្រះអង្គ ថា៖ “​ព្រះអម្ចាស់​អើយ អ្នកបម្រើ​របស់ទូលបង្គំ​ស្លាប់មួយចំហៀងខ្លួន ដេក​នៅ​ផ្ទះ​ទាំង​ឈឺចាប់​យ៉ាងខ្លាំង​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖ “​ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យជា​”។ មេទាហានលើមួយរយនាក់​ទូល​តប​ថា៖ “​ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ ប៉ុន្តែ​សូម​ព្រះអង្គ​គ្រាន់តែ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។ តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘​ទៅ​’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘​មក​’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘​ធ្វើ​ការនេះ​’ គេ​ក៏​ធ្វើ​”។ នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​នឹង​មក​ពី​ទិសខាងកើត និង​ទិសខាងលិច ហើយ​អង្គុយ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នៅក្នុង​អាណាចក្រស្ថានសួគ៌​។ ប៉ុន្តែ​ពួក ‘​កូន​នៃ​អាណាចក្រ​’ នឹង​ត្រូវបាន​បោះចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​វិញ​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​”។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​មេទាហានលើមួយរយនាក់​នោះ​ថា៖ “​អញ្ជើញ​ទៅ​ចុះ ចូរឲ្យ​បាន​សម្រេច​តាមដែល​អ្នក​បាន​ជឿ​”។ រីឯ​អ្នកបម្រើ​របស់​លោក​ក៏​ត្រូវបាន​ប្រោសឲ្យជា​នៅ​វេលា​នោះ​ឯង​។ នៅពេល​ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ​របស់​ពេត្រុស ក៏​ទត​ឃើញ​ម្ដាយក្មេក​របស់​ពេត្រុស​កំពុង​ដេក​គ្រុន​។ ព្រះអង្គ​ទ្រង់​ពាល់​ដៃ​គាត់ នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ក្រោកឡើង ចាប់ផ្ដើម​បម្រើ​ព្រះអង្គ​។ លុះដល់​ពេលល្ងាច គេ​នាំ​មនុស្ស​ជាច្រើន​ដែល​មាន​អារក្សចូល មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំងនោះ​ឲ្យចេញ​ដោយ​ព្រះបន្ទូល ព្រមទាំង​ប្រោស​អស់អ្នក​ដែល​មានជំងឺ​ឲ្យជា​ផង​។ នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​លោក​បាន​ទទួលយក​ភាពខ្សោយ​របស់យើង ហើយ​ផ្ទុក​រោគា​របស់យើង​ដែរ”។ នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស ​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។ មាន​គ្រូវិន័យ​ម្នាក់​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ ទីណាក៏ដោយដែល​លោក​ទៅ ខ្ញុំ​នឹង​ទៅតាម​លោក​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖ “​កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។ ម្នាក់ទៀត​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ ទូល​ព្រះអង្គ​ថា៖ “​ព្រះអម្ចាស់​អើយ សូម​អនុញ្ញាតឲ្យ​ទូលបង្គំ​ទៅ​បញ្ចុះសព​ឪពុក​របស់ទូលបង្គំ​ជាមុនសិន​”។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​មកតាម​ខ្ញុំ​! ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ​”។ នៅពេល​ព្រះយេស៊ូវ​យាង​ចុះ​ទូក ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅតាម​ព្រះអង្គ​។ ពេលនោះ មើល៍! មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​បាន​កើតឡើង​នៅលើ​បឹង ធ្វើឲ្យ​ទូក​នោះ​ត្រូវ​រលក​គ្របដណ្ដប់ ប៉ុន្តែ​ព្រះយេស៊ូវ​កំពុង​ផ្ទំលក់​។ ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង យើងខ្ញុំ​កំពុង​វិនាស​ហើយ​!​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?​”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។ ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “​តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក ​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!​”។ នៅពេល​ព្រះយេស៊ូវ​យាង​មក​ដល់​ត្រើយម្ខាង គឺ​ដល់​តំបន់​របស់​ពួក​អ្នកកាដារ៉ា មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្សចូល ចេញ​ពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ ពួកគេ​កាចសាហាវ​ណាស់ បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាមផ្លូវ​នោះ​បាន​ឡើយ។ ពេលនោះ មើល៍! ពួកគេ​ស្រែកឡើង​ថា៖ “ ​ព្រះបុត្រារបស់ព្រះ​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​យាង​មក​ទីនេះ​ដើម្បី​ធ្វើទុក្ខ​យើងខ្ញុំ​មុន​ពេលកំណត់​ឬ?”។ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​នៅ​ឆ្ងាយ​ពី​ពួកគេ​។ អារក្ស​ទាំង​នោះ​ទូល​អង្វរ​ព្រះយេស៊ូវ​ថា៖ “​បើសិន​ព្រះអង្គ​បណ្ដេញ​យើងខ្ញុំ សូម​ឲ្យ​យើងខ្ញុំ​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ទៅ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកវា​ថា៖ “​ទៅ​ចុះ​!​” ពួកវា​ក៏​ចេញទៅ ចូល​ក្នុង ​ជ្រូក​។ ពេលនោះ មើល៍! ហ្វូង​ជ្រូក ​ទាំងមូល​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​ងាប់​ក្នុង​ទឹក​អស់ទៅ​។ ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​រឿង​ទាំងអស់ និង​រឿង​ពួក​អ្នក​ដែល​មាន​អារក្សចូល​ដែរ​។ ពេលនោះ មើល៍! អ្នក​ក្រុង​ទាំងមូល​ក៏​ចេញមក​ជួប​ព្រះយេស៊ូវ​។ នៅពេល​ឃើញ​ព្រះអង្គ ពួកគេ​ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​តំបន់​របស់​ពួកគេ៕ ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅដល់​ទីក្រុង​របស់ព្រះអង្គ​។ ពេលនោះ មើល៍! មាន​គេ​នាំ​មនុស្សស្លាប់មួយចំហៀងខ្លួន​ម្នាក់​ដែល​ដេក​លើ​គ្រែ​មក​រក​ព្រះអង្គ​។ ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា៖ “​កូន​អើយ ចូរ​មានទឹកចិត្តឡើង​! បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ​”។ មើល៍! អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “​អ្នកនេះ​និយាយ​ប្រមាថព្រះ​ហើយ​!​”។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូលថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ​? ដ្បិត​ការ​ដែល​និយាយថា​: ‘​បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​’ ឬ​ថា​: ‘​ចូរ​ក្រោកឡើង ដើរ​ទៅចុះ​’ តើ​មួយណា​ងាយ​ថា​ជាង​? យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...​” បន្ទាប់មក ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា៖ “​ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!​”។ បុរសនោះ​ក៏​ក្រោកឡើង ទៅផ្ទះ​របស់​គាត់​វិញ​។ នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។ នៅពេល​កំពុង​យាង​ចេញ​ពីទីនោះ ព្រះយេស៊ូវ​ទត​ឃើញ​បុរស​ម្នាក់​ដែល​គេ​ហៅថា​ម៉ាថាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​មកតាម​ខ្ញុំ​!​” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។ ខណៈដែល​ព្រះយេស៊ូវ​កំពុង​គង់នៅតុអាហារ​ក្នុង​ផ្ទះ មើល៍! មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​បាន​មក រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ​។ ពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ម្ដេចក៏​គ្រូ​របស់អ្នករាល់គ្នា​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?​”។ ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖ “​អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ ចូរ​អ្នករាល់គ្នា​ទៅ​រៀន​ចុះ ថា​តើ​ពាក្យដែលថា ‘​យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’ ​ មានន័យ​ដូចម្ដេច​! ដ្បិត​ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប វិញ”។ បន្ទាប់មក ពួក​សិស្ស​របស់​យ៉ូហាន​ចូលមកជិត​ព្រះអង្គ ទូល​សួរថា​៖ “​ហេតុអ្វីបានជា​យើងខ្ញុំ និង​ពួកផារិស៊ី​តមអាហារ​ជាញឹកញាប់ ប៉ុន្តែ​ពួក​សិស្ស​របស់លោក​មិន​តមអាហារ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ដរាបណា​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ ​ ភ្ញៀវ​មិន​អាច​កាន់ទុក្ខ​បាន​ទេ មែនទេ​? ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ពេលនោះ​ទើប​ពួកគេ​តមអាហារ​។ គ្មានអ្នកណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ ពីព្រោះ​បំណះ​ថ្មី​នឹង​ទាញ​ចេញពី​សម្លៀកបំពាក់​នោះ បណ្ដាលឲ្យ​កន្លែងរហែក​កាន់តែធំ​; ហើយក៏គ្មាន​អ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ធ្វើឲ្យ​ថង់ស្បែក​ធ្លាយ ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។ ផ្ទុយទៅវិញ គេ​តែងតែ​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី ទើប​រក្សាទុក​បាន​ទាំងពីរ​”។ នៅពេល​ព្រះយេស៊ូវ​កំពុង​តែ​មានបន្ទូល​នឹង​ពួកគេ​អំពី​ការទាំងនេះ មើល៍! មាន​មេគ្រប់គ្រង​ម្នាក់​មក​ថ្វាយបង្គំ​ព្រះអង្គ ទូល​ថា​៖ “​កូនស្រី​របស់ខ្ញុំ​ទើបតែ​ស្លាប់ ប៉ុន្តែ​សូម​ទៅ​ដាក់​ដៃ​របស់លោក​លើ​នាង​ផង នោះ​នាង​នឹង​រស់​”។ ព្រះយេស៊ូវ​ក៏​ក្រោកឡើង យាង​ទៅតាម​គាត់ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅជាមួយ​ដែរ​។ ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​កើតជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។ ដ្បិត​នាង​គិត​ក្នុងចិត្ត​ថា​៖ “​បើសិន​ខ្ញុំ​គ្រាន់តែ​ពាល់​អាវវែង​របស់​លោក​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជាសះស្បើយ​”។ ព្រះយេស៊ូវ​ទ្រង់​ងាកមក​ឃើញ​ស្ត្រីនោះ ក៏​មានបន្ទូលថា​៖ “​កូនស្រី​អើយ ចូរ​មានទឹកចិត្តឡើង​! ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ”។ ស្ត្រី​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។ នៅពេល​យាង​មកដល់​ផ្ទះ​របស់​មេគ្រប់គ្រង​នោះ ព្រះយេស៊ូវ​ទត​ឃើញ​ពួក​អ្នកផ្លុំខ្លុយ និង​ហ្វូងមនុស្ស​កំពុង​វឹកវរ ក៏​មានបន្ទូលថា​៖ “​ចេញទៅ​! ក្មេងស្រី​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ​”។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។ បន្ទាប់ពី​ឲ្យ​ហ្វូងមនុស្ស​ចេញទៅ​ហើយ ព្រះអង្គ​យាង​ចូលទៅ​កាន់​ដៃ​របស់​ក្មេងស្រីនោះ ហើយ​នាង​ក៏​ក្រោកឡើង​។ ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។ ខណៈដែល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​មកតាម​ព្រះអង្គ ទាំង​ស្រែក​ថា៖ “​បុត្រ​ដាវីឌ​អើយ! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង!​”។ នៅពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ បុរស​ខ្វាក់ភ្នែក​ទាំងនោះ​ក៏​ចូលមកជិត​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​ពួកអ្នក​ជឿ​ថា ខ្ញុំ​អាច​ធ្វើ​ការនេះ​បាន​ឬទេ​?​”​។ ពួកគេ​ទូល​ឆ្លើយថា​៖ “​បាទ ព្រះអម្ចាស់ យើងខ្ញុំ​ជឿ​”​។ ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ ទាំង​មានបន្ទូលថា​៖ “​ចូរឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់ពួកអ្នក​ចុះ”។ ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖ “ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ​”។ ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។ ខណៈដែល​បុរសពីរនាក់នោះ​កំពុង​ចាកចេញទៅ មើល៍! គេ​បាន​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្សចូល​មក​រក​ព្រះយេស៊ូវ​។ នៅពេល​អារក្ស​នោះ​ត្រូវបាន​ដេញឲ្យចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន​។ ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “​នៅ​អ៊ីស្រាអែល មិនដែល​ឃើញ​ការ​យ៉ាងនេះ​សោះ​”។ ប៉ុន្តែ​ពួកផារិស៊ី​និយាយថា​៖ “​គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ​”។ បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង​ទាំងអស់ និង​ភូមិ​នានា ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ ​ឲ្យជា​ផង​។ នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស ព្រះយេស៊ូវ​ក៏​មានព្រះទ័យអាណិតអាសូរ​ចំពោះ​ពួកគេ ពីព្រោះ​ពួកគេ​ត្រូវបាន​យាយី និង​បំបរបង់ចោល ដូចជា​ចៀម​ដែល​គ្មាន​អ្នកគង្វាល​។ ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ការងារច្រូតកាត់ ច្រើន​មែន ប៉ុន្តែ​មាន​កម្មករ​តិច​ទេ​។ ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់ ​ ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់ របស់​ព្រះអង្គ​”៕ ព្រះយេស៊ូវ​ទ្រង់​ហៅ​សិស្ស​ដប់ពីរ​នាក់​របស់​ព្រះអង្គ​មក ហើយ​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ ដើម្បី​ដេញ​ពួកវា​ចេញ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ឲ្យជា​ផង​។ សាវ័ក​ទាំង​ដប់ពីរ​នាក់​មាន​ឈ្មោះ​ដូចតទៅ​: ទីមួយ​គឺ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស បន្ទាប់មក​គឺ​អនទ្រេ​ប្អូនប្រុស ​របស់​គាត់ យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។ ព្រះយេស៊ូវ​បាន​ចាត់​សាវ័ក​ដប់ពីរ​នាក់​នេះ​ឲ្យទៅ ដោយ​បង្គាប់​ពួកគេ​ថា៖ “​កុំ​ទៅ​តាមផ្លូវ​របស់​សាសន៍ដទៃ ហើយ​កុំ​ចូលទៅ​ក្នុង​ទីក្រុង​របស់​ជនជាតិសាម៉ារី​ឡើយ ប៉ុន្តែ​ចូរ​ទៅរក​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​វិញ​។ នៅពេល​ចេញទៅ ចូរ​ប្រកាស​ថា​: ‘​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ​’​។ ចូរ​ប្រោស​អ្នកជំងឺ​ឲ្យជា ប្រោស​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ប្រោស​មនុស្សឃ្លង់​ឲ្យបរិសុទ្ធ ហើយ​ដេញ​អារក្សឲ្យចេញ​។ អ្នករាល់គ្នា​បាន​ទទួល​ដោយ​ឥតបង់ថ្លៃ ចូរ​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដែរ​។ កុំ​យក​កាក់មាស កាក់ប្រាក់ ឬ​កាក់ទង់ដែង​ដាក់​ក្នុង​ខ្សែក្រវាត់​របស់អ្នករាល់គ្នា​ឡើយ ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវ ពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។ “​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។ នៅពេល​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​របស់គាត់ ចូរ​ជម្រាបសួរ​អ្នកផ្ទះនោះ​ផង​។ ប្រសិនបើ​អ្នកផ្ទះ​នោះ​ស័ក្ដិសម​មែន ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​មក​លើ​អ្នកផ្ទះនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​អ្នកផ្ទះនោះ​មិន​ស័ក្ដិសម​ទេ ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​ត្រឡប់​មក​រក​អ្នករាល់គ្នា​វិញ​។ រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម និង​កូម៉ូរ៉ា​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះ​ទៅទៀត​! “​មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។ ចូរ​ប្រយ័ត្នប្រយែង​នឹង​មនុស្ស ដ្បិត​ពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​វាយ​អ្នករាល់គ្នា​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់​ពួកគេ​។ ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅចំពោះ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ និង​ដល់​ពួក​សាសន៍ដទៃ​។ ប៉ុន្តែ​កាលណា​គេ​ប្រគល់​អ្នករាល់គ្នា​ទៅ កុំ​បារម្ភ​អំពី​របៀប ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ​។ អ្វីដែល​ត្រូវ​និយាយ​នឹង​ប្រទាន​មក​អ្នករាល់គ្នា​នៅ​ពេល​នោះ ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​បិតា​របស់អ្នករាល់គ្នា​វិញ ដែល​មានបន្ទូល​តាមរយៈ​អ្នករាល់គ្នា​។ “​បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។ អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។ កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។ សិស្ស​មិន​លើ​គ្រូ​ទេ ហើយ​បាវបម្រើ​ក៏មិន​លើ​ចៅហ្វាយ​របស់​ខ្លួន​ដែរ​។ ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘​បេលសេប៊ូល​’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​! “​ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ពីព្រោះ​គ្មាន​ការ​លាក់បាំង​អ្វីដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។ អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។ កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។ តើ​គេ​មិន​លក់​ចាប​ពីរ​ក្នុងតម្លៃ​មួយ​អាស្សារីយ៉ូន ទេ​ឬ​? ប៉ុន្តែ​គ្មាន​ចាប​ណាមួយ​ធ្លាក់​ដល់​ដី ដោយគ្មាន​ការយល់ព្រម ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​នោះ​ឡើយ​។ ចំពោះ​អ្នករាល់គ្នា​វិញ សូម្បីតែ​សក់​ទាំងអស់​លើ​ក្បាល​របស់អ្នករាល់គ្នា ក៏​ត្រូវបាន​រាប់​ដែរ​។ ដូច្នេះ កុំ​ខ្លាច​ឡើយ​! អ្នករាល់គ្នា​មានតម្លៃលើសជាង​ចាប​ជាច្រើន​ទៅទៀត​។ “​អស់អ្នក​ដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំ​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ​។ រីឯ​អ្នកណាក៏ដោយដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំក៏​នឹង​បដិសេធ​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ។ កុំ​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​លើ​ផែនដី​ឡើយ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​ទេ គឺ​ដើម្បី​នាំ​ដាវ​មក​ទេតើ ពោលគឺ ខ្ញុំ​បាន​មក​ដើម្បីឲ្យ​: ‘​មនុស្សប្រុស​តាំងខ្លួន​ទាស់នឹង​ឪពុក​របស់​ខ្លួន កូនស្រី​ទាស់នឹង​ម្ដាយ​របស់​ខ្លួន កូនប្រសាស្រី​ទាស់នឹង​ម្ដាយក្មេក​របស់​ខ្លួន ហើយ​ខ្មាំងសត្រូវ​របស់​មនុស្ស គឺជា​សមាជិកគ្រួសារ​របស់​អ្នកនោះ​ឯង​’​។ “​អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​; អ្នកដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ។ អ្នក​ដែល​រកបាន​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រកបាន​ជីវិត​វិញ​។ “​អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ អ្នក​ដែល​ទទួល​ព្យាការី​ក្នុងនាម​លោក​ជា​ព្យាការី អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​ព្យាការី រីឯ​អ្នក​ដែល​ទទួល​មនុស្ស​សុចរិត​ក្នុងនាម​លោក​ជា​មនុស្ស​សុចរិត អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​មនុស្ស​សុចរិត​។ អ្នកណាក៏ដោយដែល​យក​ទឹក​ត្រជាក់​សូម្បីតែ​មួយ​កែវ ឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ផឹក​ក្នុងនាម​ម្នាក់នោះ​ជា​សិស្ស​របស់ខ្ញុំ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ”៕ កាលមួយមានកើតឡើងដូច្នេះ​: បន្ទាប់ពី​ព្រះយេស៊ូវ​បាន​បង្គាប់​សិស្ស​ទាំង​ដប់ពីរ​នាក់​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពីទីនោះ ដើម្បី​បង្រៀន និង​ប្រកាស​នៅក្នុង​ទីក្រុង​នានា​របស់​គេ​។ រីឯ​យ៉ូហាន​វិញ ពេល​នៅក្នុង​គុក គាត់​បាន​ឮ​អំពី​កិច្ចការ​ទាំងប៉ុន្មាន​របស់​ព្រះ​គ្រីស្ទ គាត់​ក៏​ចាត់​ពួក​សិស្ស ​របស់​គាត់​ឲ្យទៅ ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នក​ផ្សេងទៀត​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឮ និង​បាន​ឃើញ គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។ មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួល ដោយសារតែ​ខ្ញុំ​”។ នៅពេល​ពួកសិស្សរបស់យ៉ូហាន​ចេញទៅ​ហើយ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖ “​តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន​? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​? បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ទន់​ៗ គេ​នៅ​ក្នុង​ដំណាក់​ស្ដេច​ទេ​។ ដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​ព្យាការី​ឬ​? មែនហើយ! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​ប្រសើរជាង​ព្យាការី​ទៅទៀត​។ គឺ​អ្នកនេះ​ហើយ ដែល​មាន​សរសេរ​ទុកមក​អំពី​គាត់​ថា​: ‘​មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក​នៅមុខ​អ្នក​’ ​។ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក មិនដែលមាន​អ្នកណា​ធំជាង​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រស្ថានសួគ៌ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​។ តាំងពី​គ្រា​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់​ពេលនេះ អាណាចក្រស្ថានសួគ៌​ត្រូវគេខំប្រឹងដណ្ដើមយក ហើយ​មនុស្សដែលខំប្រឹង កំពុង​ដណ្ដើមយក​អាណាចក្រនោះ​។ ដ្បិត​អស់ទាំង​គម្ពីរ​ព្យាការី និង​ក្រឹត្យវិន័យ​បាន​ព្យាករ​រហូតមកដល់​យ៉ូហាន​។ ប្រសិនបើ​អ្នករាល់គ្នា​ព្រម​ទទួល​សេចក្ដីនេះ គឺ​យ៉ូហាន​ហ្នឹងហើយ ជា​អេលីយ៉ា​ដែល​រៀបនឹង​មក​។ អ្នក​ដែល​មាន​ត្រចៀក ​ ចូរ​ស្ដាប់​ចុះ​! “​តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​ជំនាន់​នេះ​ទៅនឹង​អ្វី​? គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកទៅ​ក្មេង​ឯទៀត​ៗ ថា​: ‘​ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំគក់ទ្រូង​ដែរ​’​។ “​ដ្បិត​យ៉ូហាន​បាន​មក ទាំង​មិន​ហូប​មិន​ផឹក គេ​ក៏​ថា​: ‘​គាត់​មានអារក្សចូល​!​’ រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘​មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!​’​។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើ របស់​វា​”។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ស្ដីបន្ទោស​ទីក្រុង​នានា​ដែល​ការអស្ចារ្យ​របស់​ព្រះអង្គ​ភាគច្រើន​ត្រូវបាន​ធ្វើ​នៅ​ទីនោះ ពីព្រោះ​ពួកគេ​មិន​បាន​កែប្រែចិត្ត​។ “​វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ទីរ៉ុស និង​ស៊ីដូន​នឹង​ងាយទ្រាំ​ជាង​អ្នករាល់គ្នា​! រីឯ​អ្នក​វិញ កាពើណិម​អើយ តើ​អ្នក​នឹង​ត្រូវបាន​លើកឡើង​ទៅ​ស្ថានសួគ៌​ឬ​? ទេ‍! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ​។ ដ្បិត​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅក្នុង​អ្នក បាន​ធ្វើ​នៅ​សូដុម​វិញ ម្ល៉េះសម​ទី​ក្រុងនោះ​បាន​នៅគង់វង្ស​រហូតមកដល់​សព្វថ្ងៃ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម​នឹង​ងាយទ្រាំ​ជាង​អ្នក​ទៅទៀត​!​”​។ ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖ “​ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ ​ ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។ មែនហើយ ព្រះ​បិតា​អើយ‍! ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​យ៉ាងដូច្នេះ​។ ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។ “​អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។ ចូរ​លី​នឹម​របស់ខ្ញុំ ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​មាន​ចិត្ត​ស្លូត និង​រាបទាប​។ នោះ​អ្នករាល់គ្នា​នឹង​រកបាន​សេចក្ដីសម្រាក​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា​។ ជាការពិត នឹម​របស់ខ្ញុំ​ស្រួល ហើយ​បន្ទុក​របស់ខ្ញុំ​ក៏​ស្រាលដែរ​”៕ នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ​នៅ​ថ្ងៃសប្ប័ទ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ឃ្លាន ហើយ​ចាប់ផ្ដើម​កាច់​កួរស្រូវ​មក​ហូប​។ នៅពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា៖ “​មើល៍! ពួក​សិស្ស​របស់លោក​កំពុង​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃសប្ប័ទ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វីដែល​ដាវីឌ​បាន​ធ្វើ នៅពេល​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ឃ្លាន​ទេ​ឬ? គឺ​របៀប​ដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​នាំគ្នា​ហូប​នំប៉័ងតាំងថ្វាយ ​ ដែល​ច្បាប់ហាមមិន​ឲ្យ​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ​។ មួយវិញទៀត តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​ក្រឹត្យវិន័យ​ទេ​ឬ​ថា នៅ​ថ្ងៃសប្ប័ទ​ពួក​បូជាចារ្យ​ក្នុង​ព្រះវិហារ​ល្មើស​ថ្ងៃសប្ប័ទ​ក៏​គ្មានទោស​ដែរ​? ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ធំជាង​ព្រះវិហារ នៅ​ទីនេះ​ហើយ​! ប្រសិនបើ​អ្នករាល់គ្នា​យល់​ពាក្យដែលថា​: ‘​យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ​’ ​ មានន័យ​ដូចម្ដេច ម្ល៉េះសម​អ្នករាល់គ្នា​មិន​បាន​ផ្ដន្ទាទោស​អ្នក​ដែល​គ្មានទោស​ឡើយ​។ ដ្បិត​កូនមនុស្ស​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ”។ ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​គេ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។ មាន​គេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬទេ​?​”។ នេះគឺ​ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយ​ក្បាល ហើយ​ប្រសិនបើ​វា​ធ្លាក់​ទៅក្នុង​រណ្ដៅ​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ចាប់​លើក​វា​ឡើង​? ចុះ​មនុស្ស​វិញ តើ​មានតម្លៃលើសជាង​ចៀម​អម្បាលម៉ាន​ទៅទៀត​! ដូច្នេះ ការ​ដែល​ធ្វើ​ល្អ​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ហើយ​”​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖ “​ចូរ​លាត​ដៃ​របស់អ្នក​ចុះ!​”។ គាត់​ក៏​លាត​ដៃ នោះ​ដៃរបស់គាត់​បាន​ដូចដើម​វិញ គឺ​ល្អ​ដូច​ដៃ​ម្ខាងទៀត​។ ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។ នៅពេល​ជ្រាប​អំពីការនេះ ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ពីទីនោះ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​ទាំងអស់គ្នា ព្រមទាំង​ហាម​ពួកគេ​មិនឲ្យ​ផ្សាយ​អំពី​ព្រះអង្គ​ឡើយ​។ នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស អ្នកដែលជាទីស្រឡាញ់​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​នឹង​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​ប្រកាស​សេចក្ដីយុត្តិធម៌​ដល់​សាសន៍ដទៃ​។ គាត់​មិន​ឈ្លោះប្រកែក ឬ​ស្រែកគំហក​ឡើយ ហើយក៏គ្មាន​អ្នកណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅតាម​ផ្លូវ ដែរ​។ គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិត​រលត់​ដែរ រហូតដល់​គាត់​នាំ​សេចក្ដីយុត្តិធម៌​ឲ្យមាន​ជ័យជម្នះ ហើយ​បណ្ដា​សាសន៍ដទៃ​នឹង​សង្ឃឹម​លើ​នាម​របស់​គាត់​”។ ពេលនោះ មាន​បុរស​អារក្សចូល​ម្នាក់​ដែល​ខ្វាក់ភ្នែក​ផង​គ​ផង ត្រូវគេ​នាំមក​ឯ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ប្រោស​គាត់​ឲ្យជា មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មើលឃើញ​ផង​។ ហ្វូងមនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយថា​៖ “​អ្នកនេះ​ជា​ពូជពង្ស​របស់​ដាវីឌ​ទេដឹង​?”។ ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “​អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!​”។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អស់ទាំង​អាណាចក្រ​ដែល​បាក់បែកផ្ទៃក្នុង នឹង​ត្រូវ​វិនាស ហើយ​អស់ទាំង​ទីក្រុង ឬ​គ្រួសារ​ដែល​បាក់បែកផ្ទៃក្នុង ក៏​នៅឈរ​មិន​បាន​ដែរ​។ ប្រសិនបើ​សាតាំង​ដេញ​សាតាំង គឺ​វា​បាក់បែកផ្ទៃក្នុង​ហើយ​។ បើដូច្នេះ តើ​អាណាចក្រ​របស់​វា​នៅឈរ​ដូចម្ដេចកើត​? ហើយ​ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​មែន ចុះ​កូនចៅ​របស់អ្នករាល់គ្នា​ដេញ​ពួកវា​ដោយ​នរណា​វិញ​? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នា​នឹង​ធ្វើជា​ចៅក្រម‍របស់អ្នករាល់គ្នា​។ ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ​។ តើ​គេ​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ដណ្ដើមយក​របស់របរ​គាត់​យ៉ាងដូចម្ដេច​បាន បើសិន​មិន​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន​? បើសិន​ចង ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។ អ្នក​ដែល​មិន​នៅ​ខាង ខ្ញុំ គឺ​ប្រឆាំងនឹង​ខ្ញុំ ហើយ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ គឺ​កម្ចាត់កម្ចាយ​វិញ​។ ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មនុស្ស​នឹង​ត្រូវបាន​លើកលែងទោស ចំពោះ​អស់ទាំង​បាប និង​ពាក្យប្រមាថព្រះ ប៉ុន្តែ​ការនិយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណ នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ​។ អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស អ្នកនោះ​នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះ​នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ ទោះជា​នៅ​លោកបច្ចុប្បន្ន​ក្ដី ឬ​នៅ​លោក​ខាងមុខ​ក្ដី​។ “​ធ្វើឲ្យ​ដើមឈើ​ល្អ ផល​វា​ក៏​ល្អ ឬ​ធ្វើឲ្យ​ដើមឈើ​អាក្រក់ ផល​វា​ក៏​អាក្រក់​ដែរ​; ដ្បិត​ដើមឈើ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។ ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។ មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃចិត្ត ​ រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏អាក្រក់​នៃចិត្ត​ដែរ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ពាក្យសម្ដី​របស់អ្នក ហើយ​អ្នក​នឹង​ត្រូវបាន​ផ្ដន្ទាទោស​ក៏​ដោយ​ពាក្យសម្ដី​របស់អ្នក​ដែរ​”។ ពេលនោះ អ្នកខ្លះ​ក្នុង​ពួកគ្រូវិន័យ និងពួកផារិស៊ី​ទូល​ព្រះអង្គ​ថា៖ “​លោកគ្រូ យើងខ្ញុំ​ចង់​ឃើញ​ទីសម្គាល់​មួយ​ពី​លោក”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់​ព្យាការី​យ៉ូណាស​ប៉ុណ្ណោះ​។ ពោលគឺ ដូចដែល​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាងណា កូនមនុស្ស​នឹង​នៅ​ក្នុង​ផ្ចិត​ផែនដី​បី​ថ្ងៃ​បី​យប់​យ៉ាងនោះដែរ​។ នៅ​គ្រា​ជំនុំជម្រះ ពួក​អ្នក​នីនីវេ​នឹង​រស់ឡើងវិញ ជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​អ្នកនីនីវេ​បាន​កែប្រែចិត្ត​ដោយសារតែ​ការប្រកាស​របស់​យ៉ូណាស ហើយ​មើល៍! អ្នក​ដែល​ធំជាង​យ៉ូណាស​នៅ​ទីនេះ​ហើយ​! នៅគ្រា​ជំនុំជម្រះ មហាក្សត្រិយានី​នៃ​ភាគខាងត្បូង នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់​នេះ ពីព្រោះ​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន ហើយ​មើល៍! អ្នក​ដែល​ធំជាង​សាឡូម៉ូន​នៅ​ទីនេះ​ហើយ​! “​កាលណា​វិញ្ញាណអសោច​ចេញ​ពី​មនុស្ស​ម្នាក់ វា​ក៏​ដើរចុះឡើង​តាម​កន្លែង​ហួតហែង​រក​ទីឈប់សម្រាក ប៉ុន្តែ​រក​មិន​បាន ដូច្នេះ​វា​និយាយថា​: ‘​អញ​នឹង​ត្រឡប់​ទៅ​ផ្ទះ​របស់អញ​វិញ គឺ​កន្លែងដែល​អញ​បាន​ចេញមក​’​។ នៅពេល​វា​មក​ដល់​ក៏​ឃើញ​ទីនោះ​នៅទំនេរ ហើយ​ត្រូវបាន​បោសសម្អាត ព្រមទាំង​មានសណ្ដាប់ធ្នាប់​ផង វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក​ជាមួយ ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​។ ជំនាន់​អាក្រក់​នេះ​នឹង​បាន​ដូច្នេះ​ដែរ​”។ ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​នៅឡើយ មើល៍! ម្ដាយ និង​ប្អូន​ៗ ​របស់​ព្រះអង្គ​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​ព្រះអង្គ​។ មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ “​មើល៍! ម្ដាយ និង​ប្អូន​ៗ​របស់លោក​កំពុង​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​លោក​”។ ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​តប​នឹង​អ្នកនោះ​ថា​៖ “​តើ​នរណា​ជា​ម្ដាយ​របស់ខ្ញុំ‍? តើ​នរណា​ជា​បងប្អូន​របស់ខ្ញុំ​?”។ ព្រះអង្គ​លាត​ព្រះហស្ត​ទៅ​លើ​ពួក​សិស្ស ហើយ​មានបន្ទូលថា​៖ “​មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​! ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ​”៕ នៅ​ថ្ងៃ​ដដែល​នោះ ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ផ្ទះ​ទៅ​គង់ចុះ​នៅ​មាត់បឹង ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក រីឯ​ហ្វូងមនុស្ស​ទាំងមូល​ឈរ​នៅតាម​មាត់បឹង​។ ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖ “​មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។ នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ហើយ​បក្សាបក្សី​ក៏​មក​ស៊ីអស់​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​កន្លែងសម្បូរថ្ម ជា​កន្លែងដែល​មិនមាន​ដី​ច្រើន វា​ក៏​ដុះឡើង​ភ្លាម ដោយសារ​ដី​មិនជ្រៅ ប៉ុន្តែ​នៅពេល​ថ្ងៃរះឡើង វា​ក៏​ស្លោក ហើយ​ដោយសារ​គ្មាន​ឫស វា​ក៏​ក្រៀមស្វិត​ទៅ​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់ ហើយ​រួបរឹត​វា​។ រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ហើយ​វា​បង្កើត​ផល គឺ​ខ្លះ​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប​។ អ្នក​ដែល​មាន​ត្រចៀក ​ ចូរ​ស្ដាប់​ចុះ!”។ បន្ទាប់មក ពួក​សិស្ស​ក៏​ចូលមកជិត ទូល​សួរ​ព្រះអង្គ​ថា​៖ “​ហេតុអ្វីបានជា​លោក​និយាយ​នឹង​គេ​ជា​ពាក្យឧបមា​?​”​។ ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖ “​ពីព្រោះ​អាថ៌កំបាំង​នៃ​អាណាចក្រស្ថានសួគ៌​បាន​ប្រទានឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នកទាំងនោះ​វិញ មិន​បាន​ប្រទានឲ្យ​យល់​ទេ​។ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។ នេះជាហេតុដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ជា​ពាក្យឧបមា គឺ​ដោយសារ​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​ឮ ហើយក៏មិន​យល់​ដែរ​។ ដូច្នេះ ពាក្យព្យាករ​របស់​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច​នៅក្នុង​ពួកគេ ដែល​ថា​: ‘​អ្នករាល់គ្នា​នឹង​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់​សោះឡើយ​; អ្នករាល់គ្នា​នឹង​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក​សោះឡើយ​; ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា​’​។ “​ប៉ុន្តែ​ភ្នែក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​មើលឃើញ​; ត្រចៀក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​ស្ដាប់ឮ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្យាការី និង​មនុស្ស​សុចរិត​ជាច្រើន​ប្រាថ្នាចង់​ឃើញ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ ប៉ុន្តែ​មិន​បាន​ឃើញ​ទេ ពួកគេ​ប្រាថ្នាចង់​ឮ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឮ ប៉ុន្តែ​មិន​បាន​ឮ​ឡើយ​។ “​ដូច្នេះ ចូរ​អ្នករាល់គ្នា​ស្ដាប់​ពាក្យឧបមា​អំពី​អ្នកសាបព្រោះ​ចុះ​។ អស់អ្នក​ដែល​ឮ​ព្រះបន្ទូល​នៃ​អាណាចក្រ​របស់ព្រះ ហើយ​មិន​យល់ មេអាក្រក់​ក៏​មក​កញ្ឆក់​យក​អ្វី​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​ចិត្ត​របស់​អ្នកនោះ​។ នេះ​ជា​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​នៅក្បែរ​ផ្លូវ។ គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​កន្លែងសម្បូរថ្ម គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​ទទួលយក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួន​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ កាលណា​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល អ្នកនោះ​ក៏​ជំពប់ដួល​ភ្លាម​។ គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។ រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប​”​។ ព្រះយេស៊ូវ​បាន​លើក​ពាក្យឧបមា​មួយទៀត​ដល់​ពួកគេ ដោយ​មានបន្ទូលថា​៖ “​អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​មនុស្ស​ម្នាក់​ដែល​សាបព្រោះ​គ្រាប់ពូជ​ល្អ​ទៅក្នុង​ស្រែ​របស់​ខ្លួន​។ ប៉ុន្តែ​នៅពេល​គេ​ដេកលក់ សត្រូវ​របស់​លោក​បាន​មក ហើយ​សាបព្រោះ​ស្រងែ​ក្នុងចំណោម​ស្រូវសាលី រួច​ចេញបាត់ទៅ​។ នៅពេល​ស្រូវ​ដុះឡើង ហើយ​បង្កើត​ផល ស្រងែ​ក៏​បាន​លេចមក​ដែរ​។ ពួក​បាវបម្រើ​របស់​ម្ចាស់​ស្រែ​ក៏​ចូលមកជិត សួរ​លោក​ថា​: ‘​លោកម្ចាស់​! តើ​លោក​មិន​បាន​សាបព្រោះ​គ្រាប់ពូជ​ល្អ​ក្នុង​ស្រែ​របស់លោក​ទេ​ឬ​? ចុះ​ស្រងែ​ទាំងនេះ​មក​ពីណា​?​’​។ “​ម្ចាស់​ក៏​និយាយ​នឹង​ពួកគេ​ថា​: ‘​គឺ​សត្រូវ​ទេតើ ដែល​ធ្វើ​ការនេះ​’​។ “​ពួក​បាវបម្រើ​ក៏​សួរ​លោក​ថា​: ‘​បើដូច្នេះ តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​ប្រមូល​ស្រងែទាំងនោះ​ឬទេ​?​’​។ “​លោក​និយាយថា​: ‘​កុំ​អី! ក្រែងលោ​ពេល​អ្នករាល់គ្នា​ប្រមូល​ស្រងែ អ្នករាល់គ្នា​ដក​ដោយទាំង​ស្រូវសាលី​ដែរ​។ ទុកឲ្យ​ទាំងពីរ​ដុះជាមួយគ្នា​រហូតដល់‍រដូវច្រូតកាត់​ចុះ​។ នៅ​រដូវ​ច្រូតកាត់ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជាមុនសិន ហើយ​ចង​ជា​បាច់​ៗ​ដើម្បី​ដុត រីឯ​ស្រូវសាលី​វិញ ឲ្យ​ប្រមូល​ទុក​ក្នុង​ជង្រុក​របស់ខ្ញុំ​’​”។ ព្រះយេស៊ូវ​បាន​លើក​ពាក្យឧបមា​មួយទៀត​ដល់​ពួកគេ ដោយ​មានបន្ទូលថា​៖ “​អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ ដែល​មនុស្ស​ម្នាក់​បាន​យកទៅ​ព្រោះ​ក្នុង​ចម្ការ​របស់​ខ្លួន​។ ថ្វីត្បិតតែ​គ្រាប់ពូជ​នោះ​ល្អិតជាង​គ្រាប់ពូជ​ទាំងអស់​ក៏ដោយ ប៉ុន្តែ​កាលណា​វា​ដុះឡើង វា​បាន​ធំជាង​ដំណាំបន្លែ​ផ្សេងៗ ហើយ​ទៅជា​ដើមឈើ​មួយ បណ្ដាលឲ្យ​បក្សាបក្សីនៅលើអាកាស​មក​ធ្វើសម្បុក​តាម​មែក​របស់​វា​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​មួយទៀត​ថា​៖ “​អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយ ក្នុង​ម្សៅ​បី​រង្វាល់ ​ រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូល​ដោរឡើង​”។ ព្រះយេស៊ូវ​ទ្រង់​ថ្លែង​សេចក្ដី​ទាំងអស់​នេះ​ដល់​ហ្វូងមនុស្ស​ជា​ពាក្យឧបមា​។ ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​យើង​នឹង​បើក​មាត់​របស់យើង​ជា​ពាក្យឧបមា យើង​នឹង​ថ្លែង​សេចក្ដី​ដែល​ត្រូវបាន​លាក់បាំង​តាំងពី​កំណើត​នៃ​ពិភពលោក​” ។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ចាកចេញ​ពី​ហ្វូងមនុស្ស ហើយ​ចូលទៅ​ក្នុង​ផ្ទះ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ព្រះអង្គ ទូលថា​៖ “​សូម​ពន្យល់​ពាក្យឧបមា​អំពី​ស្រងែ​ក្នុង​ស្រែ​ដល់​យើងខ្ញុំ​ផង​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​អ្នក​ដែល​សាបព្រោះ​គ្រាប់ពូជ​ល្អ គឺ​កូនមនុស្ស​។ រីឯ​ស្រែ គឺ​ពិភពលោក ហើយ​គ្រាប់ពូជ​ល្អ គឺ​កូន​នៃ​អាណាចក្រ​ស្ថានសួគ៌ ចំណែកឯ​ស្រងែ​វិញ គឺ​កូន​នៃ​មេអាក្រក់ សត្រូវ​ដែល​សាបព្រោះ​ស្រងែ គឺ​មារ ការច្រូតកាត់ គឺ​ចុងបញ្ចប់​នៃពិភពលោក ហើយ​ពួក​អ្នកច្រូត គឺ​ទូតសួគ៌​។ ដូច្នេះ ដូចដែល​ស្រងែ​ត្រូវ​ប្រមូល ហើយ​ត្រូវ​ដុត​ក្នុង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ កូនមនុស្ស​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ប្រមូល​អស់ទាំង​សេចក្ដីបណ្ដាលឲ្យជំពប់ដួល និង​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើឥតច្បាប់ ចេញពី​អាណាចក្រ​របស់​លោក ហើយ​បោះ​ពួកគេ​ទៅ​ក្នុង​ឡ​ភ្លើង​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​។ ពេលនោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះត្រចង់​ដូច​ព្រះអាទិត្យ ក្នុង​អាណាចក្រ​នៃ​ព្រះ​បិតា​របស់​ពួកគេ។ អ្នក​ដែល​មាន​ត្រចៀក ​ ចូរ​ស្ដាប់​ចុះ! “​អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​កំណប់​ដែល​លាក់ទុក​នៅក្នុង​ចម្ការ​។ មាន​បុរស​ម្នាក់​បាន​រក​វា​ឃើញ ក៏​លាក់ទុក​វិញ ហើយ​ដោយសារតែ​អំណរ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​ចម្ការ​នោះ។ “​មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ឈ្មួញ​ម្នាក់​ដែល​ស្វែងរក​គ្រាប់​គជ់​ដ៏ល្អប្រណិត​។ កាលណា​រកឃើញ​គជ់​មួយ​គ្រាប់​ដ៏មានតម្លៃ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​គជ់នោះ​។ “​មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​អួន​ដែល​គេ​ទម្លាក់​ទៅក្នុង​សមុទ្រ ហើយ​ជាប់បាន​ត្រី​គ្រប់ប្រភេទ​។ នៅពេល​អួន​ពេញ​ហើយ គេ​ក៏​អូស​វា​ឡើង​គោក ហើយ​អង្គុយ​ប្រមូល​អ្វី​ដែល​ល្អ​ដាក់​ក្នុង​កញ្ឆេ រីឯ​អ្វី​ដែល​មិនល្អ​វិញ គេ​បោះចោល​ទៅ​ខាងក្រៅ​។ នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត រួច​បោះ​ពួកគេ​ទៅ​ក្នុង​ឡ​ភ្លើង​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​”។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ ​ “​តើ​អ្នករាល់គ្នា​យល់​សេចក្ដី​ទាំងអស់​នេះ​ឬទេ​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “​បាទ យល់​ហើយ ​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ហេតុនេះហើយបានជា អស់ទាំង​គ្រូវិន័យ ដែល​ធ្វើជាសិស្ស​នៃ​អាណាចក្រស្ថានសួគ៌ ប្រៀបដូចជា​ម្ចាស់ផ្ទះ​ម្នាក់​ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន​”​។ នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ពាក្យឧបមា​ទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពីទីនោះ​។ បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​ស្រុកកំណើត​របស់​ព្រះអង្គ ហើយ​បង្រៀន​ប្រជាជន​នៅក្នុង​សាលាប្រជុំ​របស់​គេ ធ្វើឲ្យ​គេ​ស្ងើច​ទាំង​ពោលថា​៖ “​តើ​អ្នកនេះ​បាន​ប្រាជ្ញា និង​ការអស្ចារ្យ​ទាំងនេះ​មកពីណា​? តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ​? តើ​ម្ដាយ​របស់​គាត់​មិនមែន​ឈ្មោះ​ម៉ារា ហើយ​ប្អូនប្រុស ​របស់​គាត់​មិនមែន​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ​? ប្អូនស្រី ​ទាំងអស់​របស់​គាត់​ក៏​មិនមែន​នៅ​ជាមួយ​យើង​ទេ​ឬ? ចុះ​អ្នកនេះ​បាន​សេចក្ដី​ទាំងអស់​នេះ​មកពីណា​?​”។ ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​”។ ដូច្នេះ ព្រះអង្គ​មិន​បាន​ធ្វើ​ការអស្ចារ្យ​ច្រើន​នៅ​ទីនោះ​ទេ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​៕ នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ ក៏​មានរាជឱង្ការ​នឹង​ពួក​មន្ត្រី​ថា​៖ “​អ្នកនេះ​គឺ​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​! គាត់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់​”។ ជាការពិត ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ចង ហើយ​ដាក់គុក​គាត់ ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ ​របស់​ទ្រង់​។ ដ្បិត​យ៉ូហាន​បាន​ទូល​ទ្រង់​ថា​៖ “​ព្រះ​ករុណា​យក​នាង​ធ្វើជាមហេសី ខុសច្បាប់​ហើយ​”។ ហេរ៉ូឌ​ចង់​សម្លាប់​យ៉ូហាន ប៉ុន្តែ​ទ្រង់​ខ្លាច​ប្រជាជន ពីព្រោះ​គេ​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី​។ លុះដល់​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ កូនស្រី​របស់​ហេរ៉ូឌាស​បាន​រាំ​ក្នុង​កណ្ដាលចំណោម ហើយ​បាន​បំពេញព្រះទ័យ​ហេរ៉ូឌ ដូច្នេះ​ហេរ៉ូឌ​ក៏​សន្យា​ដោយ​ពាក្យសម្បថ​ថា អ្វីក៏ដោយដែល​នាង​សុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​នាង​។ ដោយ​ត្រូវ​ម្ដាយ​បញ្ចុះបញ្ចូល នាង​ក៏​ទូលថា​៖ “​សូម​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​នៅ​ទីនេះ​ផង​”។ ស្ដេច​ក៏​ពិបាកព្រះទ័យ ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ដល់នាង ដោយ​ចាត់​គេ​ឲ្យទៅ​កាត់ក្បាល​យ៉ូហាន​នៅក្នុង​គុក ហើយ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​ក្មេងស្រី​នោះ នាង​ក៏​យកទៅ​ឲ្យ​ម្ដាយ​របស់​នាង​។ ក្រោយមក ពួក​សិស្ស​របស់​យ៉ូហាន​បាន​ចូលមក​យក​សព​ទៅ​បញ្ចុះ ហើយ​ទៅ​ទូល​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​ឮ​ដំណឹងនេះ ក៏​យាង​ចាកចេញ​ពីទីនោះ​តាម​ទូក ទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែព្រះអង្គឯង​។ ប៉ុន្តែ​ពេល​ប្រជាជន​បាន​ឮ គេ​ក៏​ទៅតាម​ព្រះអង្គ​ដោយ​ថ្មើរជើង ពី​ទីក្រុង​នានា​។ នៅពេល​យាង​ឡើង​ពី​ទូក ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ ក៏​មានព្រះទ័យ​អាណិតអាសូរ​ចំពោះ​ពួកគេ ហើយ​ព្រះអង្គ​ប្រោស​អ្នកជំងឺ​របស់​ពួកគេ​ឲ្យជា​។ លុះដល់​ពេលល្ងាច ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “​កន្លែង​នេះ​ស្ងាត់ដាច់ពីគេ ម៉ោង​ក៏​ជ្រុល​ហើយ​។ សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ភូមិ​នានា ទិញ​អាហារ​សម្រាប់​ខ្លួនឯង​”។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ពួកគេ​មិន​ចាំបាច់​ទៅ​ទេ ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ​”។ ពួកសិស្ស​ក៏​ទូល​ព្រះអង្គ​ថា៖ “​យើងខ្ញុំ​គ្មានអ្វី​នៅ​ទីនេះ​ទេ ក្រៅពី​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​យក​នំប៉័ង និងត្រីនោះ​មក​ឲ្យ​ខ្ញុំ​នៅ​ទីនេះ​”។ បន្ទាប់មក ព្រះអង្គ​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​លើ​ស្មៅ​។ នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូវ​ទ្រង់​ងើយមើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​នំប៉័ង​ទាំងនោះ​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​ពេញ​។ អ្នក​ដែល​ហូប​នោះ មាន​មនុស្សប្រុស​ប្រមាណ​ប្រាំពាន់​នាក់ ដោយមិនរាប់​មនុស្សស្រី និង​កូនក្មេង​ទេ​។ ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។ នៅពេល​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​តែព្រះអង្គឯង​ដើម្បី​អធិស្ឋាន​។ លុះដល់​ពេលល្ងាច ព្រះអង្គ​គង់នៅ​ទីនោះ​តែព្រះអង្គឯង​។ ចំណែកឯ​ទូក​ក៏​នៅ​ច្រើន​គីឡូម៉ែត្រ ​ពី​គោក ​ហើយ ទាំង​ត្រូវ​រលក​បោក ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ពេលជិតភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង ​មករក​ពួកគេ​។ ប៉ុន្តែ​នៅពេល​ឃើញ​ព្រះអង្គ​កំពុង​យាង​លើ​ទឹក​បឹង ពួក​សិស្ស​ក៏​ភ័យស្លុត​ទាំង​និយាយថា​៖ “​ជា​ខ្មោច​!​” ហើយ​ដោយសារតែ​ការភិតភ័យ​ពួកគេ​ក៏​ស្រែកឡើង​។ ភ្លាមនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​ក្លាហានឡើង​! គឺ​ខ្ញុំ​ទេតើ កុំ​ខ្លាច​ឡើយ​!​”។ ពេត្រុស​ទូល​តប​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ ប្រសិនបើ​ជា​ព្រះអង្គ​មែន សូម​បញ្ជា​ឲ្យ​ទូលបង្គំ​ទៅរក​ព្រះអង្គ​លើ​ទឹក​ផង”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​មក​ចុះ​!​”។ ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ទៅរក​ព្រះយេស៊ូវ​។ ប៉ុន្តែ​នៅពេល​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ក៏​ភ័យខ្លាច ហើយ​ចាប់ផ្ដើម​លិចចុះ​។ គាត់​ស្រែកឡើង​ថា​៖ “​ព្រះអម្ចាស់​អើយ សង្គ្រោះ​ទូលបង្គំ​ផង​!​”។ ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ហើយ​មានបន្ទូលថា​៖ “​មនុស្ស​មានជំនឿតិច​អើយ ហេតុអ្វីបានជា​អ្នក​សង្ស័យ​ដូច្នេះ​?​”​។ នៅពេល​ព្រះយេស៊ូវ និងពេត្រុស​ឡើង​ទូក​ហើយ នោះក៏​ឈប់​ខ្យល់​។ ពួក​អ្នក​ដែល​នៅក្នុង​ទូក​ក៏ ​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “​ព្រះអង្គ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!​”។ នៅពេល​ឆ្លង​ហើយ ពួកគេ​ក៏​ឡើង​គោក​នៅ​គេនេសារ៉ែត​។ មនុស្ស​នៅ​កន្លែង​នោះ​ក៏​ស្គាល់​ព្រះអង្គ ហើយ​ពួកគេ​បញ្ជូន​ដំណឹង​ទៅ​ទូទាំង​តំបន់ជុំវិញ​នោះ រួច​នាំ​អស់អ្នក​ដែល​មានជំងឺ​មក​រក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕ ពេលនោះ មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ពី​យេរូសាឡិម​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “​ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​បំពាន​ទំនៀមទម្លាប់​របស់​ចាស់បុរាណ​ដូច្នេះ​? ដ្បិត​ពួកគេ​មិន​លាង​ដៃ​របស់​ខ្លួន​នៅពេល​ហូប​នំប៉័ង​ទេ​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ចុះ​អ្នករាល់គ្នា ហេតុអ្វីបានជា​បំពាន​សេចក្ដីបង្គាប់​របស់​ព្រះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​ទៅវិញ​? ដ្បិត​ព្រះ​បាន​បង្គាប់ថា​: ‘​ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក​’​ ​ ហើយ​ថា​: ‘​ត្រូវតែប្រហារជីវិត​អ្នក​ដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​’ ។ ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘​អ្នកណាក៏ដោយដែល​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “​អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុកអ្នកម្ដាយ ទៅជា​តង្វាយ​ថ្វាយព្រះ​ហើយ​” អ្នកនោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ របស់​ខ្លួន​ទៀតឡើយ​’​។ អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ព្រះបន្ទូល របស់​ព្រះ​ទៅជាមោឃៈ​ដូច្នេះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​។ ពួក​មនុស្សមានពុត​អើយ! អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ត្រូវ​ហើយ ថា​: ‘​ប្រជាជន​នេះ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​។ ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​ស្ដាប់ ហើយ​យល់​ចុះ មិនមែន​អ្វី​ដែល​ចូល​តាម​មាត់ ធ្វើឲ្យ​មនុស្ស​សៅហ្មង​នោះ​ឡើយ គឺ​អ្វី​ដែល​ចេញមក​ពី​មាត់​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​”។ ពេលនោះ ពួក​សិស្ស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “​តើ​ព្រះអង្គ​ជ្រាប​ឬទេ​ថា ពួកផារិស៊ី​ទាស់ចិត្ត ពេល​ឮ​ព្រះបន្ទូល​នេះ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​អស់ទាំង​រុក្ខជាតិ​ដែល​ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​មិន​បាន​ដាំ នឹង​ត្រូវបាន​ដកចោល​។ បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក ។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ​”​។ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “​សូម​ពន្យល់​ពាក្យឧបមា​នេះ​ដល់​យើងខ្ញុំ​ផង​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​តើ​អ្នករាល់គ្នា​ក៏​នៅតែ​ខ្វះសមត្ថភាពយល់ដឹង​ដែរ​ឬ​? តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ដែល​ចូល​តាម​មាត់ គឺ​ចូល​ក្នុង​ពោះ ហើយ​ចេញ​ទៅក្នុង​បង្គន់? ផ្ទុយទៅវិញ អ្វីៗ​ដែល​ចេញមក​ពី​មាត់ គឺ​ចេញមក​ពី​ចិត្ត​ទេ អ្វីៗទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។ ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។ ការ​ទាំងនេះ​ហើយ ជា​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង រីឯ​ការ​ហូប​ដោយ​ដៃ​មិនបានលាង មិន​ធ្វើឲ្យ​មនុស្ស​សៅហ្មង​ឡើយ​”។ ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ ហើយ​ចេញទៅ​តំបន់​ទីរ៉ុស និង​ស៊ីដូន​។ ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “​ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់​”។ ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “​សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​តែប៉ុណ្ណោះ​”។ ស្ត្រីនោះ​ក៏​ចូលមក​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “​ព្រះអម្ចាស់​អើយ​! សូម​ជួយ​ខ្ញុំម្ចាស់​ផង​!​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ការ​ដែល​យក​នំប៉័ង​របស់​កូន​ៗ​បោះទៅ​ឲ្យ​កូនឆ្កែ មិន​ត្រូវ​ទេ​”។ នាង​ទូលថា​៖ “​ច៎ា ព្រះអម្ចាស់​អើយ​! ប៉ុន្តែ​សូម្បីតែ​កូនឆ្កែ​ក៏​ស៊ី​កម្ទេចអាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា​ដែរ​”។ ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖ “​ឱ ស្ត្រី​អើយ! ជំនឿ​របស់នាង​ខ្លាំង​ណាស់​! ចូរឲ្យ​បាន​សម្រេច​តាមដែល​នាង​ប្រាថ្នា​ចុះ​”​។ កូនស្រី​របស់​នាង​ក៏​ត្រូវបាន​ប្រោសឲ្យជា​នៅ​វេលា​នោះឯង​។ ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ​ទៅ​មាត់បឹង ​កាលីឡេ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ គង់ចុះ​នៅ​ទីនោះ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ចូលមកជិត​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ភ្នែក មនុស្ស​ពិការដៃជើង មនុស្ស​គ និង​មនុស្ស​ផ្សេងទៀត​ជាច្រើន​មក​ជាមួយ​ពួកគេ​ដែរ ហើយ​ដាក់​អ្នកទាំងនោះ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។ ដូច្នេះ នៅពេល​ឃើញ​មនុស្ស​គ​និយាយ មនុស្ស​ពិការដៃជើង​ជា មនុស្ស​ខ្វិន​ដើរ និង​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ ហ្វូងមនុស្ស​ក៏​ស្ងើច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូលថា​៖ “​ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​ទៅវិញ​ទាំង​ឃ្លាន​ទេ ក្រែងលោ​ពួកគេ​សន្លប់​តាមផ្លូវ​”។ ពួក​សិស្ស​ទូលថា​៖ “​នៅ​ទីរហោស្ថាន​នេះ តើឲ្យ​យើងខ្ញុំ​យក​នំប៉័ង​ដ៏ច្រើនម្ល៉េះ​មក​ពីណា ដើម្បី​ចម្អែត​មនុស្សជាច្រើន​សន្ធឹក​ដូច្នេះ​?​”​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?​”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​មាន​ប្រាំពីរ និង​មាន​ត្រីតូចៗ​ខ្លះ​ដែរ​”។ ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី​។ នៅពេល​យក​នំប៉័ង​ប្រាំពីរ និង​ត្រី​ទាំងនោះ ព្រះអង្គ​ក៏​អរព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ប្រាំពីរ​កញ្ឆេ​ពេញ​។ អ្នក​ដែល​ហូប​នោះ មាន​មនុស្សប្រុស​បួនពាន់​នាក់ ដោយមិនរាប់​មនុស្សស្រី និង​កូនក្មេង​ទេ​។ ក្រោយពី​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ ព្រះយេស៊ូវ​ក៏​ជិះ​ទូក ហើយ​ទៅ​ដល់​តំបន់​ម៉ាកាដាន់​ ​៕ មាន​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចូលមកជិត ល្បងល​ព្រះយេស៊ូវ​ដោយ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសម្គាល់​មួយ​ពី​លើមេឃ​ដល់​ពួកគេ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ដល់​ពេលល្ងាច អ្នករាល់គ្នា​និយាយថា​: ‘​អាកាសធាតុ​នឹង​ល្អ ពីព្រោះ​មេឃ​ក្រហម​’​; ហើយ​ពេល​ព្រឹកព្រលឹម អ្នករាល់គ្នា​ក៏​ថា​: ‘​ថ្ងៃនេះ​អាកាសធាតុ​នឹង​អាប់អួ ពីព្រោះ​មេឃ​ក្រហម​ទាំង​ខ្មៅងងឹត​’​។ អ្នករាល់គ្នា​ចេះ​វិភាគ​សណ្ឋាន​នៃ​មេឃ​មែន ប៉ុន្តែ​មិនចេះ​វិភាគ​ទីសម្គាល់​នៃ​សម័យកាល​សោះ​។ ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់ យ៉ូណាស​ប៉ុណ្ណោះ​”។ រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ​។ នៅពេល​ពួក​សិស្ស​មកដល់​ត្រើយម្ខាង ពួកគេ​ភ្លេច​យក​នំប៉័ង​មក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​យកចិត្តទុកដាក់ ហើយ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចុះ​”។ ពួកសិស្ស​ក៏​ជជែក​គ្នា​ថា​៖ “​នេះគឺ​ដោយសារ​យើង​មិន​បាន​យក​នំប៉័ង​មក​”។ ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូលថា​៖ “​មនុស្ស​មានជំនឿតិច​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​គ្នា​ថា​មិន​បាន​យក​នំប៉័ង​មក ដូច្នេះ​? តើ​អ្នករាល់គ្នា​មិនទាន់​យល់​ទេ​ឬ​? តើ​អ្នក​រាល់គ្នា​មិន​ចាំ​ទេ​ឬថា នំប៉័ង​ប្រាំ​ដែលឲ្យ​ប្រាំពាន់​នាក់​នោះ ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​? ហើយក៏មិន​ចាំ​ទេ​ឬថា នំប៉័ង​ប្រាំពីរ​ដែលឲ្យ​បួនពាន់​នាក់​នោះ ប្រមូល​បាន​ប៉ុន្មាន​កញ្ឆេ​? ម្ដេចក៏​អ្នករាល់គ្នា​មិន​យល់​ថា​ខ្ញុំ​បាន​និយាយ​នឹង​អ្នករាល់គ្នា​មិនមែន​អំពី​នំប៉័ង​ទេ គឺ​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​វិញ​?​”។ ពេលនោះ​ទើប​ពួកគេ​យល់​ថា ព្រះអង្គ​មានបន្ទូល​មិនមែន​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​នំប៉័ង​នោះ​ទេ គឺ​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​សេចក្ដីបង្រៀន​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​វិញ​។ នៅពេល​យាង​មកដល់​តំបន់​សេសារា​-​ភីលីព ព្រះយេស៊ូវ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​តើ​គេ​និយាយថា​កូនមនុស្ស​ជា​នរណា​? ”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នក​ខ្លះទៀត​ថា​ជា​យេរេមា ឬក៏​ជា​ម្នាក់​ក្នុងបណ្ដា​ព្យាការី​”​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ស៊ីម៉ូន​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “​លោក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​ដែល​មានព្រះជន្មរស់​!​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖ “​ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្ស មិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។ ខ្ញុំ​ប្រាប់​អ្នក​ទៀត​ថា អ្នក​គឺ​ពេត្រុស ខ្ញុំ​នឹង​សាងសង់​ក្រុមជំនុំ​របស់ខ្ញុំ​នៅលើ​ថ្មដា​នេះ ហើយ​ទ្វារ នៃ​ស្ថានមនុស្សស្លាប់​នឹង​មិន​ឈ្នះ​ក្រុមជំនុំនេះ​ឡើយ​។ ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​អាណាចក្រស្ថានសួគ៌​ដល់​អ្នក​។ អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ​”។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​ហាម​ពួក​សិស្ស​មិន​ឲ្យ​ប្រាប់​អ្នកណា​ថា ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ឡើយ​។ តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។ ពេត្រុស​ក៏​នាំ​ព្រះអង្គ​មក​ក្បែរ ហើយ​ចាប់ផ្ដើម​បន្ទោស​ព្រះអង្គ​ថា​៖ “​គ្មានផ្លូវទេ ព្រះអម្ចាស់​អើយ​! ការនេះ​នឹង​មិន​កើតឡើង​ដល់​ព្រះអង្គ​សោះឡើយ​”​។ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖ “​សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ​”។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។ ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សា ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រកបាន​ជីវិត​វិញ​។ ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹង របស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​? ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក​”៕ ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស ​របស់​យ៉ាកុប​ទៅ​ជាមួយ ហើយ​នាំឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។ ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​ប្រែជា​ស​ដូច​ពន្លឺ​។ ពេលនោះ មើល៍! ម៉ូសេ និង​អេលីយ៉ា​បាន​លេចមក ហើយ​កំពុង​សន្ទនា​ជាមួយ​ព្រះយេស៊ូវ​។ ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ​! ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! បើសិន​ព្រះអង្គ​សព្វព្រះទ័យ ទូលបង្គំ​នឹង​សង់​រោង ​បី​នៅ​ទីនេះ មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​”។ ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “​នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!​”។ ពួក​សិស្ស​បាន​ឮ​ដូច្នេះ ក៏​ក្រាប​មុខ​ដល់ដី ទាំង​ភ័យខ្លាច​យ៉ាងខ្លាំង​។ ព្រះយេស៊ូវ​យាង​ចូលមកជិត​ពាល់​ពួកគេ ហើយ​មានបន្ទូលថា​៖ “​ចូរ​ក្រោកឡើង កុំ​ខ្លាច​ឡើយ​”។ ពេល​ងើបភ្នែកឡើង ពួកគេ​មិន​ឃើញ​អ្នកណាឡើយ លើកលែងតែ​ព្រះយេស៊ូវ​មួយអង្គ​ប៉ុណ្ណោះ​។ នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​បង្គាប់​ពួកគេ​ថា​៖ “​កុំ​ប្រាប់​អ្នកណា​អំពី​និមិត្ត​នេះ​ឡើយ រហូតទាល់តែ​កូនមនុស្ស​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​”។ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា​៖ “​ចុះ​ហេតុអ្វីបានជា​ពួក​គ្រូវិន័យ​និយាយ​ថា អេលីយ៉ា​ត្រូវតែ​មក​មុន​?​”។ ព្រះអង្គ​មានបន្ទូល​តប​ថា​៖ “​អេលីយ៉ា​នឹង​មក មែន ហើយ​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អេលីយ៉ា​បាន​មក​រួចហើយ តែ​ពួកគេ​មិន​បាន​ទទួលស្គាល់​លោក​ទេ ផ្ទុយទៅវិញ​ពួកគេ​បាន​ប្រព្រឹត្ត​ដល់​លោក​តាមអំពើចិត្ត​។ កូនមនុស្ស​ក៏​រៀបនឹង​រងទុក្ខ​ពី​ពួកគេ​យ៉ាងនោះ​ដែរ​”។ ពេលនោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​អំពី​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​។ នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកដល់​ហ្វូងមនុស្ស មាន​បុរស​ម្នាក់​ចូលមកជិត លុតជង្គង់​នៅមុខ​ព្រះអង្គ ទូលថា​៖ “​ព្រះអម្ចាស់​អើយ​! សូម​អាណិតមេត្តា​កូនប្រុស​របស់ទូលបង្គំ​ផង ពីព្រោះ​វា​មានជំងឺឆ្កួតជ្រូក ហើយ​រងទុក្ខ​យ៉ាងខ្លាំង​។ វា​ដួល​ទៅក្នុង​ភ្លើង​ជាញឹកញាប់ ហើយក៏​ដួល​ទៅក្នុង​ទឹក​ជា​ញឹកញាប់​ដែរ​។ ដូច្នេះ ទូលបង្គំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់លោក ប៉ុន្តែ​ពួកគេ​មិនអាច​ប្រោស​វា​ឲ្យជា​បានទេ​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ​នៅ​ទីនេះ​”។ ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​អារក្ស វា​ក៏​ចេញ​ពី​ក្មេងនោះ ហើយ​ក្មេង​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។ បន្ទាប់មក ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ​តែក្រុមពួកគេ ទូល​សួរថា​៖ “​ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​អារក្សនោះ​ឲ្យចេញ​បាន​?​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ដោយសារ​ជំនឿ​របស់អ្នករាល់គ្នា​តិច​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​នឹង​និយាយ​ទៅកាន់​ភ្នំ​នេះ​ថា​: ‘​ចូរ​រើចេញ​ពីទីនេះ ទៅ​ទីនោះ​ទៅ​!​’ នោះ​វា​នឹង​រើចេញ ហើយ​គ្មានអ្វី​នឹង​ធ្វើមិនកើត​សម្រាប់​អ្នករាល់គ្នា​ឡើយ​។ ប៉ុន្តែ​អារក្ស​ប្រភេទ​នេះ​មិន​ចេញ​ទេ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ​ប៉ុណ្ណោះ​”។ នៅពេល​ពួកគេ​កំពុង​ជួបជុំគ្នា ​នៅ​កាលីឡេ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា​៖ “​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស ហើយ​គេ​នឹង​សម្លាប់​លោក បន្ទាប់មក​នៅ​ថ្ងៃ​ទីបី លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​”។ ពួកសិស្ស​ក៏​ព្រួយចិត្ត​យ៉ាងខ្លាំង​។ នៅពេល​ពួកគេ​មកដល់​កាពើណិម មាន​ពួក​អ្នក​ទារ​ពន្ធព្រះវិហារ ​ចូលមកជិត​ពេត្រុស សួរថា​៖ “​តើ​គ្រូ​របស់ពួកអ្នក​មិន​បង់​ពន្ធ​ជូន​ព្រះវិហារ​ទេ​ឬ​?​”។ ពេត្រុស​តបថា​៖ “​លោកបង់តើ​”។ ពេល​ពេត្រុស​ចូលទៅ​ក្នុង​ផ្ទះ ព្រះយេស៊ូវ​ផ្ដើមមុន​គាត់ ដោយ​មានបន្ទូលថា​៖ “​ស៊ីម៉ូន​អើយ តើ​អ្នក​គិត​ដូចម្ដេច​? តើ​ស្ដេច​នៅ​ផែនដី​នេះ​យក​ពន្ធ ឬ​សួយសារអាករ​ពី​នរណា​? ពី​កូន​ៗ​របស់​ខ្លួន ឬ​ពី​អ្នកដទៃ​?​”។ ពេត្រុស​ទូល​ឆ្លើយថា​៖ “​ពី​អ្នកដទៃ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​បើដូច្នេះ កូន​ៗ​មិនបាច់​បង់ពន្ធ​ទេ​។ ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹង បោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតា មួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕ នៅ​ពេល​នោះ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “​តើ​អ្នកណា​ធំជាង​អ្នកណា ក្នុង​អាណាចក្រស្ថានសួគ៌​?​”។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​មានបន្ទូលថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​អ្នករាល់គ្នា​ប្រែ​គំនិត ​ ហើយ​បាន​ដូចជា​ក្មេង ពុំនោះទេ អ្នករាល់គ្នា​នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។ ដូច្នេះ អ្នកណាក៏ដោយដែល​បន្ទាបខ្លួន​ដូច​ក្មេង​នេះ អ្នកនោះ​ធំជាង​ក្នុង​អាណាចក្រស្ថានសួគ៌​។ អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ​។ “​ប៉ុន្តែ​អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ​ជំពប់ដួល នោះ​ប្រសើរជាង​សម្រាប់​អ្នកនោះ ដែល​ព្យួរ​ត្បាល់កិន​ដ៏ធំ​នឹង​ក​របស់​គាត់ ហើយ​ពន្លិច​ទៅក្នុង​ជម្រៅ​សមុទ្រ​។ វេទនា​ដល់​ពិភពលោក​ហើយ ដោយសារតែ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ត្រូវតែ​មក ប៉ុន្តែ​វេទនា​ដល់​អ្នក​ដែល​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​មក​តាមរយៈ​គាត់​។ ប្រសិនបើ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតដៃម្ខាង ឬ​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ទាំង​មាន​ដៃ​ពីរ ឬ​ជើង​ពីរ​។ ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​នរក​ទាំង​មាន​ភ្នែក​ពីរ​។ “​ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។ ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​។ តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? ប្រសិនបើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​វង្វេងបាត់ តើ​គាត់​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅតាម​ភ្នំ ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេងបាត់​នោះ​ទេ​ឬ​? ប្រសិនបើ​គាត់​រក​វា​ឃើញ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​មុខជា​អរសប្បាយ​នឹង​វា​ខ្លាំង​ជាង​អរសប្បាយ​នឹង​ចៀម​កៅសិប​ប្រាំបួន​ដែល​មិន​បាន​វង្វេងបាត់​នោះ​ទៅទៀត​។ ដូចគ្នាដែរ ការ​ដែល​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ត្រូវ​វិនាស មិនមែន​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​របស់អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌​ទេ​។ “​ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប​ទាស់នឹង អ្នក ចូរ​ទៅ​ស្ដីប្រដៅ​គាត់​តែ​រវាង​អ្នក និង​គាត់​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​ឈ្នះបាន​បងប្អូន​របស់អ្នក​មកវិញ​ហើយ​; ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​ស្ដាប់​ទេ ចូរ​យក​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​អ្នក ដើម្បីឲ្យ ‘​ការ​ទាំងអស់​បាន​បញ្ជាក់​ដោយ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់​’ ។ ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ពួកគេ​ទេ ចូរ​ប្រាប់​ក្រុមជំនុំ​; ហើយ​ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ក្រុមជំនុំ​ទៀត ចូរ​ចាត់ទុក​គាត់​ដូចជា​សាសន៍ដទៃ និង​អ្នកទារពន្ធ​ចុះ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ម្ដងទៀត​ថា ប្រសិនបើ​ពីរ​នាក់​ក្នុង​អ្នករាល់គ្នា​មានចិត្តតែមួយ​នៅលើ​ផែនដី​អំពី​អ្វីក៏ដោយ​ដែល​ពួកគេ​ទូល​សុំ នោះ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​សម្រេច​ឲ្យ​ពួកគេ​។ ដ្បិត​កន្លែងណាដែល​មាន​ពីរ ឬ​បី​នាក់​ជួបជុំគ្នា​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​ក៏​នៅ​ទីនោះ​ក្នុង​កណ្ដាលចំណោម​ពួកគេ​ដែរ​”។ ពេលនោះ ពេត្រុស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ បើសិន​បងប្អូន​របស់ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់​ប៉ុន្មានដង? រហូតដល់​ប្រាំពីរដង​ឬ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ខ្ញុំ​ប្រាប់​អ្នក​ថា មិនមែន​ដល់​ប្រាំពីរដង​ទេ គឺ​ដល់​ចិតសិប​គុណ​នឹង​ប្រាំពីរ​ដង វិញ​។ ដូច្នេះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវបម្រើ​របស់​ខ្លួន​។ នៅពេល​ចាប់ផ្ដើម​គិត​បញ្ជី ក៏​មាន​កូនបំណុល​ម្នាក់​ជំពាក់ប្រាក់​មួយម៉ឺន​ឋាឡាន់ ត្រូវគេ​នាំមក​ឯ​ទ្រង់​។ ប៉ុន្តែ​ដោយសារ​គាត់​គ្មាន​អ្វី​សង ចៅហ្វាយ​ក៏​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ និង​កូន​គាត់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ដើម្បី​សង​បំណុលនោះ​។ “​បាវបម្រើ​នោះ​ក៏​ក្រាបចុះ​ថ្វាយបង្គំ​ស្ដេច ទូលថា​: ‘ សូម​មេត្តា​អត់ធ្មត់​នឹង​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​អ្វីៗ​ទាំងអស់ដល់​ទ្រង់​’​។ ដោយ​មាន​ចិត្តអាណិតអាសូរ ចៅហ្វាយ​របស់​បាវបម្រើ​នោះ​ក៏​ដោះលែង​គាត់ ព្រមទាំង​លើកលែង​បំណុល​ឲ្យ​គាត់​ទៀតផង​។ “​ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘​សង​អ្វីដែល​ជំពាក់​យើង​មក​!​’​។ “​បាវបម្រើជាគ្នា​គាត់​នោះ​ក៏​ក្រាបចុះ ​ អង្វរ​គាត់​ថា​: ‘​សូម​អត់ធ្មត់​នឹង​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​’​។ ប៉ុន្តែ​គាត់​មិន​ព្រម​ទេ ផ្ទុយទៅវិញ​គាត់​យក​អ្នកនោះ​ទៅ​ដាក់គុក រហូតទាល់តែ​អ្នកនោះ​សង​អ្វី​ដែល​ជំពាក់​។ នៅពេល​ពួក​បាវបម្រើជាគ្នា​ឯទៀត​របស់​គាត់​ឃើញ​អ្វីៗ​ដែល​កើតឡើង​នោះ ពួកគេ​ក៏​ពិបាកចិត្ត​យ៉ាងខ្លាំង ហើយ​ទៅ​រៀបរាប់ប្រាប់​ចៅហ្វាយ​របស់​ពួកគេ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង​។ “​ដូច្នេះ ចៅហ្វាយ​របស់​គាត់​ក៏​ហៅ​គាត់​មក និយាយថា​: ‘​បាវបម្រើ​អាក្រក់​អើយ​! យើង​បាន​លើកលែង​បំណុល​ទាំងអស់​នោះ​ឲ្យ​អ្នក ដោយសារ​អ្នក​អង្វរ​យើង​។ តើ​មិន​គួរឲ្យ​អ្នក​អាណិតមេត្តា​បាវបម្រើជាគ្នា​របស់អ្នក ដូចដែល​យើង​បាន​អាណិតមេត្តា​អ្នក​ដែរ​ទេ​ឬ​?​’​។ ចៅហ្វាយ​ក៏​ខឹង​ណាស់ ហើយ​ប្រគល់​គាត់​ទៅ​អ្នកធ្វើទារុណកម្ម រហូតទាល់តែ​គាត់​សង​អ្វីៗ​ទាំងអស់​ដែល​បាន​ជំពាក់​។ ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដល់​អ្នករាល់គ្នា​ដែរ ប្រសិនបើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​លើកលែងទោស​ឲ្យ​បងប្អូន របស់​ខ្លួន​អស់​ពី​ចិត្ត​របស់អ្នករាល់គ្នា​ទេ​”៕ នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​កាលីឡេ ហើយ​យាងទៅ​ស្រុក​យូឌា នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​នៅ​ទីនោះ​។ មាន​ពួកផារិស៊ី​ចូលមកជិត​ព្រះអង្គ ហើយ​ល្បងល​ព្រះអង្គ​ដោយ​ទូលថា​៖ “​តើ​ការដែល​បុរស​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​ហេតុផល​ណាក៏ដោយ ត្រូវច្បាប់​ឬទេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​តើ​អ្នករាល់គ្នា​មិនដែល​អាន​ទេ​ឬ​ថា ព្រះអង្គ​ដែល​និម្មិតបង្កើត​មនុស្ស​តាំងពី​ដើមដំបូង បាន​បង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី រួច​មានបន្ទូលថា​: ‘​ហេតុនេះ​ហើយ​បាន​ជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ​’? ហេតុនេះ ពួកគេ​លែង​ជា​ពីរ​នាក់​ទៀត​ហើយ គឺ​ជា​រូបកាយ​មួយ​វិញ​។ ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​”។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “​ចុះ​ហេតុអ្វីបានជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​លិខិតលែងលះ ហើយ​លែង​ប្រពន្ធ​បាន​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ម៉ូសេ​អនុញ្ញាតឲ្យ​អ្នករាល់គ្នា​លែង​ប្រពន្ធ ដោយសារតែ​ភាពរឹងរូស​នៃចិត្ត​របស់អ្នករាល់គ្នា ប៉ុន្តែ​តាំងពី​ដើមដំបូង​មក មិនមែន​ដូច្នោះ​ទេ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​មិន​ផ្អែកលើ​អំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ផិតក្បត់​ហើយ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ “​បើសិន​ល័ក្ខខ័ណ្ឌ​រវាង​ប្ដី និង​ប្រពន្ធ​គឺ​ដូច្នេះ​មែន នោះ​មិន​រៀបការ​ប្រសើរជាង​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មិនមែន​មនុស្ស​ទាំងអស់​អាច​ទទួលយក​ពាក្យ​នេះ​បាន​ទេ មានតែ​អ្នក​ដែល​បាន​ប្រទានឲ្យ​ប៉ុណ្ណោះ ដែល​អាច​ទទួលយក​បាន​។ ពោលគឺ មាន​មនុស្សលីវ ខ្លះ​ដែល​កើតមក​ដូច្នេះ​ពី​ផ្ទៃ​ម្ដាយ​; មាន​មនុស្សលីវ​ខ្លះ​ដែល​ត្រូវបាន​ធ្វើ​ឲ្យទៅ​ជា​មនុស្សលីវ ដោយ​អ្នកផ្សេង​; ហើយក៏​មាន​មនុស្សលីវ​ខ្លះ​ដែល​ធ្វើជាមនុស្សលីវ​ដោយ​ខ្លួនឯង ដើម្បី​អាណាចក្រស្ថានសួគ៌​។ អ្នក​ដែល​អាច​ទទួលយក​បាន ក៏​ទទួលយក​ចុះ​”។ ពេលនោះ មាន​គេ​នាំ​ក្មេង​ៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ពួកវា និង​អធិស្ឋាន​ឲ្យ​។ ប៉ុន្តែ​ពួក​សិស្ស​ស្ដីឲ្យ​អ្នកទាំងនោះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ “​ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​មនុស្ស​បែបនេះ​”។ បន្ទាប់មក ព្រះអង្គ​ក៏​ដាក់​ព្រះហស្ត​លើ​ពួកវា រួច​យាង​ចាកចេញ​ពីទីនោះ​ទៅ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “​លោកគ្រូ អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការល្អ​អ្វី ដើម្បីឲ្យ​បាន​ជីវិតអស់កល្បជានិច្ច​?​”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ហេតុអ្វីបានជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ? មាន​តែម្នាក់​ទេ​ដែល​ល្អ​ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចូលទៅ​ក្នុង​ជីវិត ចូរ​កាន់តាម​បទបញ្ជា​ចុះ​”។ គាត់​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​បទបញ្ជា​ណាខ្លះ​?​”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖ “​កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក ហើយ​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​” ។ បុរសវ័យក្មេង​នោះ​ទូល​ព្រះអង្គ​ថា​៖ “​ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​ហើយ តើ​ខ្ញុំ​នៅតែ​ខ្វះ​អ្វី​ទៀត​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ប្រសិនបើ​អ្នក​ចង់ឲ្យ​បាន​គ្រប់លក្ខណ៍ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ​”។ ប៉ុន្តែ​បុរសវ័យក្មេង​នោះ​បាន​ឮ​ព្រះបន្ទូល​នេះ​ហើយ ក៏​ចាកចេញទៅ​ទាំង​ពិបាកចិត្ត ពីព្រោះ​គាត់​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកមាន​នឹង​ពិបាក​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទៀត​ថា សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!​”។ ពួក​សិស្ស​បាន​ឮ ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទាំង​និយាយថា​៖ “​បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?​”។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖ “​សម្រាប់​មនុស្ស​ការនេះ​ធ្វើមិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់​”។ ពេលនោះ ពេត្រុស​ទូល​ព្រះអង្គ​ថា៖ “​មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំងអស់ មកតាម​លោក​ហើយ​! តើ​នឹង​ទៅជា​យ៉ាងណា​សម្រាប់​យើងខ្ញុំ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោកថ្មី ពេល​កូនមនុស្ស​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក អ្នករាល់គ្នា​ដែល​មកតាម​ខ្ញុំ គឺ​អ្នករាល់គ្នា​ហ្នឹងហើយ នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់ពីរ​ដែរ ទាំង​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ផង​។ អស់អ្នក​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ឪពុក ឬ​ម្ដាយ ​ ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​នាម​របស់ខ្ញុំ អ្នកនោះ​នឹង​ទទួលបាន​មួយជាមួយរយ ព្រមទាំង​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​ផង​។ យ៉ាងណាមិញ មនុស្ស​មុនគេ​ជាច្រើន​នឹង​ត្រឡប់ជា​ក្រោយគេ រីឯ​មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ​វិញ​៕ “​អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចេញទៅ​តាំងពី​ព្រលឹម ដើម្បី​ជួល​កម្មករ​សម្រាប់​ចម្ការទំពាំងបាយជូរ​របស់​លោក​។ ក្រោយពី​បាន​ព្រមព្រៀង​ជាមួយ​ពួក​កម្មករ​ក្នុង​មួយ​ថ្ងៃ​មួយ​ឌេណារី ហើយ លោក​ក៏​ចាត់​ពួកគេ​ឲ្យទៅ​ចម្ការទំពាំងបាយជូរ​របស់​លោក​។ ប្រមាណជា​ម៉ោងប្រាំបួនព្រឹក ​ លោក​ចេញទៅ​ឃើញ​អ្នកផ្សេងទៀត​ឈរ​នៅតាម​ផ្សារ​ទាំង​គ្មានការងារធ្វើ ក៏​និយាយ​នឹង​អ្នកទាំងនោះ​ថា​: ‘​ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្វីក៏ដោយដែល​សមរម្យ ដល់​ពួកអ្នក​’ ពួកគេ​ក៏​ចេញទៅ​។ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ ​ និង​ម៉ោងបីរសៀល ​ លោក​ក៏​ចេញទៅ​ម្ដងទៀត ហើយ​ធ្វើ​ដូចគ្នា​។ លុះ​ប្រមាណជា​ម៉ោងប្រាំល្ងាច លោក​ចេញទៅ​ឃើញ​អ្នកខ្លះទៀត​កំពុង​ឈរ ក៏​សួរ​ពួកគេ​ថា​: ‘​ហេតុអ្វីបានជា​ពួកអ្នក​ឈរ​នៅ​ទីនេះ​ពេញមួយថ្ងៃ​ទាំង​គ្មានការងារធ្វើ​ដូច្នេះ​?​’​។ “​ពួកគេ​ឆ្លើយថា​: ‘​ពីព្រោះ​គ្មានអ្នកណា​ជួល​ពួកខ្ញុំ​’​។ “​លោក​ក៏​និយាយថា​: ‘​ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ’​។ លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘​ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ​’​។ “​នៅពេល​ពួក​អ្នក​ដែល​ត្រូវបានជួល ប្រហែល​ពី​ម៉ោងប្រាំល្ងាច​នោះ​មក​ដល់ ពួកគេ​ម្នាក់ៗ​ទទួលបាន​មួយ​ឌេណារី​។ ពេល​ពួក​អ្នក​ដែល​ត្រូវបានជួល មុនគេ​មក​ដល់ ពួកគេ​ក៏​គិត​ថា​នឹង​ទទួលបាន​ច្រើនជាង ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​ក៏​ទទួលបាន​មួយ​ឌេណារី​ដូចគ្នាដែរ​។ នៅពេល​ទទួល​ប្រាក់​ហើយ ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ ថា​: ‘​អ្នកទាំងនេះ​ដែល​មក​ក្រោយគេ​បាន​ធ្វើការ​តែមួយ​ម៉ោង ប៉ុន្តែ​លោក​ចាត់ទុក​ពួកគេ​ស្មើ​នឹង​ពួកយើង​ដែល​ទ្រាំ​នឹង​បន្ទុក​ពេញ​មួយ​ថ្ងៃ និង​កម្ដៅថ្ងៃ​ផង​!​’​។ “​រីឯ​ម្ចាស់ចម្ការ​តប​នឹង​ម្នាក់​ក្នុង​ពួកគេ​ថា​: ‘​សម្លាញ់​អើយ ខ្ញុំ​មិន​បាន​ឆបោក​អ្នក​ទេ​។ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ក្នុងតម្លៃ​មួយ​ឌេណារី​ទេ​ឬ​? ចូរ​យក​ប្រាក់​ឈ្នួល​របស់អ្នក ហើយ​ទៅ​ចុះ​! ខ្ញុំ​ចង់​ឲ្យ​ដល់​អ្នក​ក្រោយគេ​នេះ បាន​ស្មើ​នឹង​អ្នក​ដែរ។ តើ​គ្មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយនឹង​របស់ខ្ញុំ​ទេ​ឬ​? ឬមួយក៏​អ្នក​ច្រណែន ​ ដោយសារ​ខ្ញុំ​មានចិត្តល្អ​?​’​។ “​ដូច្នេះ មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ រីឯ​មនុស្ស​មុនគេ​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ ”។ នៅពេល​កំពុង​យាង​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​ទ្រង់​នាំ​សិស្ស​ទាំង​ដប់ពីរ​នាក់​មក​ដោយឡែក ហើយ​មានបន្ទូល​នឹង​ពួកគេ​នៅតាមផ្លូវ​ថា​៖ “​មើល៍! យើង​កំពុង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​”​។ ពេលនោះ ម្ដាយ​របស់​កូន​សេបេដេ​នាំ​កូនប្រុស​ទាំងពីរ​នាក់​របស់​គាត់​ចូលមកជិត​ព្រះយេស៊ូវ​។ គាត់​ថ្វាយបង្គំ ហើយ​ទូល​សុំ​ការមួយ​ពី​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា​៖ “​តើ​អ្នក​ចង់បាន​អ្វី​?​”។ គាត់​ទូលថា​៖ “​សូម​លោក​សន្យា​មក​ថា កូនប្រុស​របស់ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹង​បាន​អង្គុយ​នៅក្នុង​អាណាចក្រ​របស់លោក គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​តប​ថា​៖ “​អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​រៀបនឹង​ផឹក​បាន​ឬទេ​? ”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​យើងខ្ញុំ​អាច​ផឹក​បាន​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំ មែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​រៀបចំ​ទុកឲ្យ​វិញ​”។ នៅពេល​បាន​ឮ​ដូច្នេះ សាវ័ក​ដប់​នាក់​ក៏​ទើសចិត្ត​នឹង​បងប្អូន​ពីរ​នាក់​នោះ​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖ “​អ្នករាល់គ្នា​ដឹង​ហើយ​ថា មេគ្រប់គ្រង​របស់​សាសន៍ដទៃ​ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​អ្នកធំ​ក៏​ប្រើអំណាច​លើ​ពួកគេ​ដែរ​។ ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​; អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់អ្នករាល់គ្នា ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង​”។ ខណៈដែល​ពួកគេ​កំពុង​ចាកចេញ​ពី​យេរីខូរ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកតាម​ព្រះអង្គ​។ ពេលនោះ មើល៍! មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​កំពុង​អង្គុយ​នៅក្បែរ​ផ្លូវ ពួកគេ​ឮ​ថា​ព្រះយេស៊ូវ​កំពុង​យាងកាត់​ទីនោះ ក៏​ស្រែកឡើង​ថា​៖ “​ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!​”​។ ហ្វូងមនុស្ស​ស្ដីឲ្យ​ពួកគេ​នៅស្ងៀម ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំងឡើង​ថា​៖ “​ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!​”។ ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​ពួកគេ​មក​សួរថា​៖ “​តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​ពួកអ្នក​?​”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ សូម​បើក​ភ្នែក​របស់យើងខ្ញុំ​ផង​”​។ ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​ពាល់​ភ្នែក​របស់​ពួកគេ​។ ភ្លាមនោះ ពួកគេ​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះអង្គ​៕ នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកជិត​យេរូសាឡិម គឺ​មកដល់​បេតផាសេ ត្រង់​ភ្នំ​ដើមអូលីវ ព្រះយេស៊ូវ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​ទៅ​ភូមិ​នៅខាងមុខ​ពួកអ្នក​ចុះ ហើយ​ភ្លាមនោះ​ពួកអ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​ទុក និង​កូន​របស់​វា​នៅ​ជាមួយ​ដែរ​។ ចូរ​ស្រាយ​ពួកវា​ដឹកមក​ឲ្យ​ខ្ញុំ​ចុះ​។ ប្រសិនបើ​មាន​អ្នកណា​សួរ​អ្វី​ពួកអ្នក ចូរ​ប្រាប់​ថា​: ‘​ព្រះអម្ចាស់​ត្រូវការ​ពួកវា ហើយ​ព្រះអង្គ​នឹង​ឲ្យ​ពួកវា​មក​វិញ​ភ្លាម​’​”។ ការនេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘​មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក​រក​អ្នក ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​សត្វដឹកអីវ៉ាន់​’​”។ សិស្ស​ទាំងពីរនាក់​ក៏​ចេញទៅ ហើយ​ធ្វើ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ពួកគេ​។ ពួកគេ​ដឹក​មេ​លា និង​កូនលា​មក ហើយ​ក្រាល​អាវវែង​របស់ខ្លួន​លើ​ពួកវា ព្រះអង្គ​ក៏​គង់​លើ​ពួកវា​។ ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាមផ្លូវ រីឯ​អ្នកផ្សេងទៀត​កាប់​មែក​ពី​ដើមឈើ​មក​ក្រាល​នៅតាម​ផ្លូវ​។ ហ្វូងមនុស្ស​ដែល​ដើរពីមុខពីក្រោយ​ព្រះអង្គ ក៏​ស្រែក​ថា​៖ “​ហូសាណា ​ដល់​បុត្រ​ដាវីឌ​! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!​”។ នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​យេរូសាឡិម អ្នក​ក្រុង​ទាំងមូល​ក៏​ជ្រួលច្របល់ ហើយ​សួរថា​៖ “​តើ​អ្នកនេះ​ជា​នរណា​?​”។ ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “​នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ​”។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ដេញ​អស់ទាំង​អ្នកលក់ និង​អ្នក​ទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប ទាំង​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មាន​សរសេរ​ទុកមក​ថា​: ‘​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​’ ​ ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជា សម្បុកចោរប្លន់ ទៅវិញ​!​”។ មាន​មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​នាំគ្នា​ចូលមកជិត​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។ ប៉ុន្តែ​នៅពេល​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ឃើញ​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រមទាំង​ឮ​ក្មេង​ៗ​កំពុង​ស្រែក​នៅក្នុង​ព្រះវិហារ​ថា​៖ “​ហូសាណា​ដល់​បុត្រ​ដាវីឌ​!​” ពួកគេ​ក៏​ទើសចិត្ត​ណាស់​។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​លោក​ឮ​អ្វីដែល​ក្មេង​ទាំងនេះ​កំពុង​និយាយ​ឬទេ​?​”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​នឹង​ពួកគេ​ថា​៖ “​បាទ ឮ​ហើយ​! តើ​អស់លោក​មិនដែល​អាន​ទេ​ឬ​ថា​: ‘​ព្រះអង្គ​បាន​រៀបចំ​ពាក្យសរសើរតម្កើង​ឲ្យ​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ​’?​”។ បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាកចេញ​ពី​ពួកគេ ហើយ​យាង​ចេញ​ពី​ទីក្រុង​ទៅ​បេថានី រួច​ស្នាក់នៅ​ទីនោះ​មួយយប់​។ ព្រលឹមឡើង នៅពេល​កំពុង​យាង​ត្រឡប់ទៅ​ទីក្រុង​វិញ ព្រះយេស៊ូវ​ទ្រង់​ឃ្លាន​។ ព្រះអង្គ​ទត​ឃើញ​ដើមល្វា​មួយ​ដើម​នៅក្បែរផ្លូវ ក៏​យាង​ទៅរក​ដើមល្វានោះ ប៉ុន្តែ​ព្រះអង្គ​មិន​ឃើញ​អ្វីសោះ លើកលែងតែ​ស្លឹក​ប៉ុណ្ណោះ​។ ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា​៖ “​កុំឲ្យ​មាន​ផ្លែ​ចេញពី​ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!​”​។ ដើមល្វា​នោះ​ក៏​ក្រៀមស្វិត​ភ្លាម​។ ពួក​សិស្ស​បាន​ឃើញ ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “​ម្ដេចក៏​ដើមល្វា​នេះ​ក្រៀមស្វិត​ភ្លាម​ដូច្នេះ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ ហើយ​មិន​សង្ស័យ អ្នក​រាល់គ្នា​នឹង​មិនគ្រាន់តែ​ធ្វើ​អ្វី​ដែល​បាន​ធ្វើ​ដល់​ដើមល្វា​នេះ​ប៉ុណ្ណោះទេ គឺ​ទោះបីជា​អ្នករាល់គ្នា​និយាយ​នឹង​ភ្នំ​នេះ​ថា​: ‘​ចូរ​ត្រូវបាន​យកចេញ ហើយ​ត្រូវបាន​ទម្លាក់​ទៅក្នុង​សមុទ្រ​ទៅ​’ នោះ​នឹង​សម្រេច​ដូច្នោះ​។ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​ការអធិស្ឋាន​ដោយ​ជំនឿ អ្នករាល់គ្នា​នឹង​ទទួលបាន​”។ បន្ទាប់ពី​ព្រះយេស៊ូវ​យាង​មកដល់​ព្រះវិហារ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ ខណៈដែល​ព្រះអង្គ​កំពុង​បង្រៀន ហើយ​សួរថា​៖ “​តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​នឹង​សួរ​អស់លោក​មួយ​សំណួរ​ដែរ ប្រសិនបើ​អស់លោក​ឆ្លើយ​នឹង​ខ្ញុំ នោះខ្ញុំក៏​នឹង​ប្រាប់​អស់លោក​ដែរ​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​។ តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពីណា​? មកពី​ស្ថានសួគ៌ ឬ​មកពី​មនុស្ស​?​”។ ពួកគេ​ក៏​ជជែក​គ្នា​ថា​៖ “​បើសិន​យើង​ថា​: ‘​មកពី​ស្ថានសួគ៌​’ គាត់​នឹង​សួរ​យើង​ថា​: ‘​ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?​’ ប៉ុន្តែ​បើសិន​យើង​ថា​: ‘​មកពី​មនុស្ស​’ ——​យើង​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី​”។ ដូច្នេះ ពួកគេ​ឆ្លើយ​នឹង​ព្រះយេស៊ូវ​ថា​៖ “​ពួកយើង​មិន​ដឹង​ទេ​”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ​”​។ “​តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​។ លោក​ចូលទៅ​ប្រាប់​កូន​ច្បង​ថា​: ‘​កូន​អើយ ថ្ងៃនេះ ចូរ​ទៅ​ធ្វើការ​នៅ​ចម្ការទំពាំងបាយជូរ​ទៅ​’​។ “​កូនច្បង​តប​ថា​: ‘​ខ្ញុំ​មិន​ចង់​ទៅ​ទេ​’ ប៉ុន្តែ​ក្រោយមក គាត់​ក៏​កែប្រែចិត្ត ហើយ​ចេញទៅ​។ បន្ទាប់មក ឪ​ពុក​ចូលទៅជិត​កូនទីពីរ ហើយ​ប្រាប់​ដូចគ្នា​។ “​កូនទីពីរ​តប​ថា​: ‘​លោក​ឪពុក​អើយ ខ្ញុំ​នឹង​ទៅ​’ ប៉ុន្តែ​គាត់​មិន​បាន​ទៅ​ទេ​។ “​ក្នុងចំណោម​កូន​ទាំង​ពីរ​នាក់​នេះ តើ​កូន​ណា​បាន​ធ្វើតាម​បំណង​របស់​ឪពុក​?​”។ ពួកគេ​ឆ្លើយថា​៖ “​កូន​ច្បង​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​នឹង​ចូល​ទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​មុន​អ្នករាល់គ្នា ពីព្រោះ​យ៉ូហាន​បាន​មករក​អ្នករាល់គ្នា​ដោយ​បង្ហាញ​ផ្លូវ​នៃ​សេចក្ដីសុចរិត ហើយ​អ្នករាល់គ្នា​មិន​ជឿ​គាត់​ទេ ប៉ុន្តែ​ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​បាន​ជឿ​គាត់​។ រីឯ​អ្នករាល់គ្នា​វិញ ក្រោយពី​អ្នក​រាល់គ្នា​ឃើញ ក៏​អ្នករាល់គ្នា​នៅតែ​មិន​បាន​កែប្រែចិត្ត ជឿ​គាត់​ដែរ​។ “​ចូរ​ស្ដាប់​ពាក្យឧបមា​មួយទៀត​: មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ លោក​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ សាងសង់​ប៉ម ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។ នៅពេល​ជិត​ដល់​រដូវ​ប្រមូល​ផល លោក​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យទៅ​រក​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែលជាចំណែក​របស់​លោក​។ ប៉ុន្តែ​ពួក​កសិករ​ចាប់​ពួក​បាវបម្រើ​របស់​លោក វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​គប់ដុំថ្មសម្លាប់​ម្នាក់ទៀត​។ ម្ចាស់ចម្ការ​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ច្រើនជាង​មុន​ឲ្យទៅ​ម្ដងទៀត ប៉ុន្តែ​ពួក​គេ​ក៏​ធ្វើ​ដល់​អ្នកទាំងនោះ​ដូចគ្នា​ដែរ​។ នៅទីបំផុត ម្ចាស់ចម្ការ​ក៏​ចាត់​កូនប្រុស​របស់​លោក​ឲ្យទៅ​រក​ពួកគេ ដោយ​និយាយថា​: ‘​ពួកគេ​មុខជា​គោរព​កូនប្រុស​របស់ខ្ញុំ​មិនខាន​’​។ “​ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘​ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ​’​។ ដូច្នេះ ពួកគេ​ក៏​ចាប់​គាត់ អូសចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។ ចុះ​នៅពេល​ម្ចាស់​ចម្ការទំពាំងបាយជូរ​មកវិញ តើ​លោក​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួក​កសិករ​ទាំងនោះ​?​”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “​លោក​នឹង​បំផ្លាញជីវិត​ជន​ពាល​ទាំងនោះ​យ៉ាងសាហាវ ហើយ​ប្រវាស់​ចម្ការទំពាំងបាយជូរ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេងទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​តាម​រដូវ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘​ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​’? ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អាណាចក្រ​របស់​ព្រះ​នឹង​ត្រូវបាន​យកចេញ​ពី​អ្នករាល់គ្នា ហើយ​ប្រទាន​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​អាណាចក្រនោះ​។ អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី​”។ នៅពេល​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ឮ​ពាក្យឧបមា​ទាំងនេះ​របស់​ព្រះយេស៊ូវ​ហើយ ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​ពួកគេ​។ ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​ហ្វូងមនុស្ស​ចាត់ទុក​ព្រះយេស៊ូវ​ជា​ព្យាការី​៕ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖ “​អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀបចំ​ពិធីមង្គលការ​ឲ្យ​បុត្រ​របស់​ខ្លួន​។ ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។ ទ្រង់​ក៏​ចាត់​ពួក​រាជបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ដោយ​មានរាជឱង្ការថា​: ‘​ចូរ​ប្រាប់​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ថា​: មើល៍! យើង​បាន​រៀបចំ​ភោជនាហារ​រួចហើយ គឺ​យើង​បាន​សម្លាប់​គោឈ្មោល និង​សត្វ​បំប៉ន​ធាត់​ៗ ហើយ​អ្វីៗ​ទាំងអស់​បាន​រៀបចំ​ជាស្រេច​។ ចូរ​មក​ចូលរួមក្នុងពិធីមង្គលការ​ចុះ​’​។ “​ប៉ុន្តែ​អ្នក​ទាំងនោះ​ធ្វើព្រងើយ ហើយក៏​ចេញទៅ គឺ​ម្នាក់​ទៅ​ស្រែចម្ការ​របស់ខ្លួន ម្នាក់ទៀត​ទៅ​ធ្វើ​ជំនួញ​របស់​ខ្លួន ហើយ​អ្នក​ផ្សេងទៀត​ក៏​ចាប់​រាជបម្រើ​ទាំងនោះ បង្អាប់បង្អោន​ពួកគេ រួច​សម្លាប់​ពួកគេ​។ ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់ ​ ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។ “​បន្ទាប់មក ស្ដេច​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់​ទ្រង់​ថា​: ‘​ពិធីមង្គលការ​បាន​រៀបចំជាស្រេច​មែន ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​នោះ​មិន​ស័ក្ដិសម​ទេ​។ ដូច្នេះ ចូរ​ចេញទៅ​ឯ​ផ្លូវសំខាន់ៗ ហើយ​អញ្ជើញ​អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​ឃើញ ឲ្យ​ចូលរួមក្នុងពិធីមង្គលការ​ចុះ​’​។ ពួក​រាជបម្រើ​ទាំងនោះ​ក៏​ចេញទៅ​ឯ​ផ្លូវ​នានា ហើយ​ប្រមូល​អស់អ្នក​ដែល​ពួកគេ​ឃើញ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។ ពិធីមង្គលការ​នោះ​ក៏​មាន​ភ្ញៀវ​ពេញ​។ ប៉ុន្តែ​នៅពេល​ស្ដេច​យាង​ចូលមក​ជួប​ភ្ញៀវ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​នៅ​ទីនោះ​ដែល​មិន​បាន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ទេ ក៏​មានរាជឱង្ការ​នឹង​គាត់​ថា​: ‘​សម្លាញ់​អើយ ម្ដេចក៏​អ្នក​ចូលមក​ទីនេះ​ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ដូច្នេះ​?​’ ប៉ុន្តែ​គាត់​គ្មានវាចាសោះ​។ “​ដូច្នេះ ស្ដេច​ក៏​មានរាជឱង្ការ​នឹង​ពួក​អ្នកបម្រើ​ថា​: ‘​ចូរ​ចង​ដៃ​ចង​ជើង​អ្នកនេះ ​ ហើយ​បោះ​គាត់​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​’​។ “​ជាការពិត មនុស្ស​ដែល​ត្រូវបានអញ្ជើញ​មាន​ច្រើន ប៉ុន្តែ​មនុស្ស​ដែល​ត្រូវបានជ្រើសរើស​មាន​តិច​ទេ​”​។ បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។ ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “​លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។ ដូច្នេះ សូម​ប្រាប់​យើងខ្ញុំ​ផង​ថា​លោក​គិត​ដូចម្ដេច តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?​”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖ “​ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍​”។ ពួកគេ​ក៏​យក​កាក់​ឌេណារី ​មួយ​ឲ្យ​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?​”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​របស់​សេសារ​”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។ ពួកគេ​ឮ​ដូច្នេះ​ក៏​ស្ងើច ហើយ​ចាកចេញ​ពី​ព្រះអង្គ​ទៅ​។ នៅ​ថ្ងៃ​នោះ មាន​ពួកសាឌូស៊ី​ដែល​និយាយថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរ​ព្រះអង្គ ថា​៖ “​លោកគ្រូ ម៉ូសេ​បាន​និយាយថា ប្រសិនបើ​អ្នកណា​ម្នាក់​ស្លាប់​ទាំង​គ្មាន​កូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​រៀបការ​ជាមួយ​ប្រពន្ធ​របស់​បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន ​។ មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់​នៅ​ជាមួយ​យើងខ្ញុំ​។ បង​ច្បង​បាន​រៀបការ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន ទុក​ប្រពន្ធ​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន​។ ប្អូន​ទីពីរ ទីបី រហូតដល់​ទីប្រាំពីរ ក៏​ដូចគ្នា​ដែរ ។ នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ​។ ដូច្នេះ នៅ​ថ្ងៃនៃការរស់ឡើងវិញ តើ​នាង​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​ប្រាំពីរ​នាក់​នោះ​? ដ្បិត​ពួកគេ​ទាំងអស់គ្នា​សុទ្ធតែ​បាន​យក​នាង​ជាប្រពន្ធ​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​ហើយ​។ ដ្បិត​នៅ​ថ្ងៃនៃការរស់ឡើងវិញ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ គឺ​បាន​ដូចជា​បណ្ដា​ទូតសួគ៌ ដែល​នៅ​ស្ថានសួគ៌​វិញ​។ ចំពោះ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វី​ដែល​ព្រះ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ទេ​ឬ ដែល​ថា​: ‘​យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប​’? ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​”។ ហ្វូងមនុស្ស​បាន​ឮ​ដូច្នេះ ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។ នៅពេល​ពួកផារិស៊ី​ឮ​ថា ព្រះយេស៊ូវ​បាន​ធ្វើឲ្យ​ពួកសាឌូស៊ី​ស្ងាត់មាត់ ពួកគេ​ក៏​ជួបជុំគ្នា​។ មាន​អ្នកច្បាប់ ​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖ “​លោកគ្រូ ក្នុង​ក្រឹត្យវិន័យ តើ​បទបញ្ជា​មួយណា​សំខាន់ជាងគេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “ ‘​អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង និង​អស់ពី​គំនិត​របស់អ្នក​’​។ នេះ​ជា​បទបញ្ជា​ទីមួយ និង​សំខាន់ជាងគេ​។ រីឯ​បទបញ្ជា​ទីពីរ​ក៏​ដូច​ទីមួយ​ដែរ គឺ​: ‘​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​’ ​។ អស់ទាំង​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផ្អែក​លើ​បទបញ្ជា​ទាំង​ពីរ​នេះ​ឯង​”។ ខណៈដែល​ពួកផារិស៊ី​កំពុង​ជួបជុំគ្នា ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ ថា​៖ “​តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​អំពី​ព្រះ​គ្រីស្ទ​? តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា​?​”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “​ជាពូជពង្ស​របស់​ដាវីឌ​”។ ព្រះអង្គ​ក៏​សួរ​ពួកគេ​ថា​៖ “​ចុះ​ម្ដេចក៏​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ដោយ​ព្រះវិញ្ញាណ​ថា ‘​ព្រះអម្ចាស់​’ ដូច្នេះ​? លោក​និយាយថា​: ‘​ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង របស់អ្នក​’​។ “​ដូច្នេះ ប្រសិនបើ​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ថា ‘​ព្រះអម្ចាស់​’ តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?​”។ គ្មានអ្នកណា​អាច​ទូល​ឆ្លើយ​មួយ​ម៉ាត់​នឹង​ព្រះយេស៊ូវ​បាន​ទេ​។ តាំងពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​៕ ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស និង​ពួក​សិស្ស​របស់​ព្រះអង្គ ថា​៖ “​ពួកគ្រូវិន័យ និងពួកផារិស៊ី អង្គុយ​លើ​កៅអីតំណែង​របស់​ម៉ូសេ ដូច្នេះ ចូរ​ប្រព្រឹត្ត និង​កាន់តាម​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បង្គាប់​អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួកគេ​ឡើយ ពីព្រោះ​ពួកគេ​ចេះតែ​និយាយ ហើយ​មិន​ធ្វើ​ទេ​។ ពួកគេ​ចង​បន្ទុក​ដ៏ធ្ងន់ និង​ពិបាកនឹងទ្រាំ ដាក់​លើ​ស្មា​មនុស្ស ចំណែកឯ​ខ្លួនឯង​វិញ មិន​ព្រម​យក​ម្រាមដៃ​មួយ​លើក​បន្ទុកនោះ​ផង​។ ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវ ឲ្យ​វែង​។ ពួកគេ​ចូលចិត្ត​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង និង​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘​លោកគ្រូ ’ ផង។ “​ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘​គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។ កុំ​ហៅ​អ្នកណា​នៅលើ​ផែនដី​ថា ‘​បិតា​’ របស់អ្នករាល់គ្នា​ឡើយ ដ្បិត​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​មាន​តែមួយអង្គគត់​។ ហើយក៏​កុំ​ឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘​ចៅហ្វាយ​’ ដែរ ដ្បិត​ចៅហ្វាយ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ គឺ​ព្រះ​គ្រីស្ទ​។ អ្នក​ដែល​ធំជាង​ក្នុង​អ្នករាល់គ្នា ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា ដ្បិត​អ្នកណាក៏ដោយដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នកណាក៏ដោយដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និង​ពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ ហេតុនេះហើយបានជា​អ្នករាល់គ្នា​នឹង​ទទួលទោស​ធ្ងន់ជាង​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរចុះឡើង​តាម​សមុទ្រ និង​ដីគោក ដើម្បី​បង្កើត​អ្នក​ចូល​សាសនា​ម្នាក់​។ កាលណា​អ្នកនោះ​បានជា​អ្នក​កាន់សាសនា ហើយ អ្នករាល់គ្នា​ក៏​ធ្វើឲ្យ​គាត់​ទៅជា​កូន​នៃ​ស្ថាននរក លើសជាង​អ្នករាល់គ្នា​ទ្វេដង។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ​! អ្នករាល់គ្នា​និយាយថា​: ‘​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​ព្រះវិហារ ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​មាស​របស់​ព្រះវិហារ អ្នកនោះ​ជាប់សម្បថ​ហើយ​’​។ មនុស្ស​ល្ងង់ និង​ខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង មាស ឬ​ព្រះវិហារ​ដែល​ធ្វើឲ្យ​មាស​ទៅជាវិសុទ្ធ​? អ្នករាល់គ្នា​និយាយ​ទៀត​ថា​: ‘​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​អាសនា ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​តង្វាយ​លើ​អាសនា អ្នកនោះ​ជាប់សម្បថ​ហើយ​’​។ មនុស្ស ខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង តង្វាយ ឬ​អាសនា​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាវិសុទ្ធ​? ដូច្នេះ អ្នក​ដែល​ស្បថ​ដោយ​អាង​អាសនា គឺ​ស្បថ​ដោយ​អាង​អាសនា និង​អ្វីៗ​ទាំងអស់​នៅលើ​អាសនា​; អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះវិហារ គឺ​ស្បថ​ដោយ​អាង​ព្រះវិហារ និង​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​ព្រះវិហារ​; ហើយ​អ្នក​ដែល​ស្បថ​ដោយ​អាង​មេឃ គឺ​ស្បថ​ដោយ​អាង​បល្ល័ង្ក​របស់​ព្រះ ព្រមទាំង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​ផង​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ អ្នករាល់គ្នា​ច្រោះ​មមង់​ចេញ ប៉ុន្តែ​លេប​អូដ្ឋ​ចូល​វិញ​! “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​វិញ ពោរពេញទៅដោយ​ការលោភលន់ និង​ការបណ្ដោយខ្លួនតាមអំពើចិត្ត​។ ពួកផារិស៊ី​ខ្វាក់ភ្នែក​អើយ​! ចូរ​សម្អាត​ខាងក្នុង​ពែង ជាមុនសិន ដើម្បីឲ្យ​ខាងក្រៅ​ពែង​បាន​ស្អាត​ដែរ​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​លាបកំបោរស​ដែល​ឃើញ​ស្អាត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពោរពេញ​ទៅដោយ​ឆ្អឹង​មនុស្សស្លាប់ និង​ភាពស្មោកគ្រោក​គ្រប់យ៉ាង​។ អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ នៅចំពោះ​មនុស្ស មើលទៅ​សុចរិត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពេញ​ដោយ​ពុតត្បុត និង​ការឥតច្បាប់​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សាងសង់​ផ្នូរ​របស់​ព្យាការី ហើយ​តុបតែង​ស្តូប​របស់​មនុស្ស​សុចរិត ទាំង​និយាយថា​: ‘​ប្រសិនបើ​យើង​បាន​រស់នៅ​សម័យ​ដូនតា​របស់យើង ម្ល៉េះសម​យើង​មិន​បាន​ធ្វើជា​ដៃគូ​ជាមួយ​ពួកគាត់ ក្នុង​ការបង្ហូរ​ឈាម​បណ្ដា​ព្យាការី​ទេ​’​។ ដូច្នេះ អ្នករាល់គ្នា​កំពុង​ធ្វើបន្ទាល់​ដោយ​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​បណ្ដា​ព្យាការី​។ ចូរ​អ្នករាល់គ្នា​បំពេញ​រង្វាល់​របស់​ដូនតា​អ្នករាល់គ្នា​ទៅ​! “​ពួក​សត្វពស់ ពួក​ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ទោស​នៃ​ស្ថាននរក​យ៉ាងដូចម្ដេច​បាន​? មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។ ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ការ​ទាំងអស់​នេះ​នឹង​ធ្លាក់​មក​លើ​ជំនាន់​នេះ​។ “​យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។ មើល៍! ផ្ទះ របស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល​ឲ្យ​នៅ​ស្ងាត់ជ្រងំ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​: ‘​សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​’ ”៕ នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ចង្អុល​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះវិហារ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មិន​ឃើញ​អ្វីៗ​ទាំងអស់​នេះ​ទេ​ឬ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ​”។ ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ ពួក​សិស្ស​ក៏​ចូលមកជិត​ព្រះអង្គ​តែក្រុមពួកគេ ទូល​សួរថា​៖ “​សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​អ្វី​ជា​ទីសម្គាល់​នៃ​ការមកដល់​របស់លោក និង​ចុងបញ្ចប់​នៃពិភពលោក​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​។ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘​គឺ​ខ្ញុំ​ហ្នឹងហើយ ជា​ព្រះ​គ្រីស្ទ​’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។ អ្នករាល់គ្នា​ជិត​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម​។ ត្រូវប្រាកដថា កុំ​ភ័យស្លន់ស្លោ​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយទេ​។ ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទុរ្ភិក្ស ​ និង​រញ្ជួយផែនដី​។ ទាំងអស់​នេះ​ជា​ការចាប់ផ្ដើម​នៃ​ការឈឺពោះឆ្លងទន្លេ​។ “​បន្ទាប់មក ពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅក្នុង​ទុក្ខវេទនា ព្រមទាំង​សម្លាប់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​ប្រជាជាតិ​ទាំងអស់​ស្អប់ ដោយសារតែ​នាម​របស់ខ្ញុំ​។ ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​; មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង ហើយ​បោកបញ្ឆោត​មនុស្ស​ជាច្រើន​; ដោយសារ​ការឥតច្បាប់​កើនឡើង ធ្វើឲ្យ​សេចក្ដីស្រឡាញ់​របស់​មនុស្ស​ជាច្រើន​រសាយ​ទៅ​។ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។ ដំណឹងល្អ​អំពី​អាណាចក្រ​ស្ថានសួគ៌​នេះ នឹង​បាន​ប្រកាស​នៅក្នុង​ពិភពលោក​ទាំងមូល ដើម្បី​ជា​ទីបន្ទាល់​ដល់​ប្រជាជាតិ​ទាំងអស់ បន្ទាប់មក​ទើប​ទីបញ្ចប់​នឹង​មកដល់​។ “​កាលណា​អ្នករាល់គ្នា​ឃើញ ‘​តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស​’ ​ ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​—— ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​កុំឲ្យ​ត្រឡប់មក​វិញ យក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ​។ នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។ ចូរ​អ្នករាល់គ្នា​អធិស្ឋាន ដើម្បីកុំឲ្យ​ការរត់គេច​របស់អ្នករាល់គ្នា​កើតឡើង​នៅ​រដូវរងា ឬ​នៅ​ថ្ងៃសប្ប័ទ​ឡើយ ដ្បិត​នៅ​ពេលនោះ​នឹង​មាន​ទុក្ខវេទនា​យ៉ាងខ្លាំង ដែល​តាំងពី​ដើមដំបូង​នៃ​ពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។ ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្សណាម្នាក់ បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។ “​ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ​’ ឬ​ថា​: ‘​នៅ​ទីនោះ​!​’ កុំ​ជឿ​ឡើយ​។ ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។ មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​រួចហើយ​។ ដូច្នេះ ប្រសិនបើ​គេ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​មើល៍! ព្រះអង្គ​នៅ​ទីរហោស្ថាន​!​’ កុំ​ចេញទៅ​ឡើយ​; ឬ​បើ​គេ​ថា​: ‘​មើល៍! ព្រះអង្គ​នៅក្នុង​បន្ទប់​’ ក៏​កុំ​ជឿ​គេ​ដែរ ដ្បិត​ដូចដែល​ផ្លេកបន្ទោរ​ចេញ​ពី​ទិសខាងកើត ភ្លឺផ្លេក​ទៅ​ដល់​ទិសខាងលិច​យ៉ាងណា ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​ជា​យ៉ាងនោះដែរ​។ ទីណាក៏ដោយដែល​មាន​សាកសព ត្មាត​នឹង​ផ្ដុំគ្នា​នៅ​ទីនោះ​។ “​ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘​ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​’​។ “​ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។ លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។ “​ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។ អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការ​ទាំងអស់​នេះ អ្នករាល់គ្នា​ក៏​ដឹង​ថា​កូនមនុស្ស នៅ​ជិត​ហើយ គឺ​នៅ​មាត់ទ្វារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។ ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។ “​ចំពោះ​ថ្ងៃ និង​ម៉ោង​នោះ គ្មានអ្នកណា​ដឹង​ឡើយ សូម្បីតែ​បណ្ដា​ទូតសួគ៌​នៃ​ស្ថានសួគ៌ ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ ​ មានតែ​ព្រះ​បិតា​តែមួយអង្គ​គត់​ប៉ុណ្ណោះ​ដែល​ជ្រាប​។ ព្រោះថា​សម័យ​ណូអេ​ជា​យ៉ាងណា ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ គឺ​ដូច​នៅ​គ្រា​មុន​ទឹកជំនន់​នោះ ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ពួកគេ​មិន​ដឹង​រហូតទាល់តែ​ទឹកជំនន់​បាន​មក​ឆក់យក​អ្វីៗ​ទាំងអស់​។ ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​ដូច្នោះ​ដែរ​។ ពេលនោះ នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។ នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិនម្សៅ​ដោយ​ត្បាល់កិន ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។ ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ព្រះអម្ចាស់​របស់អ្នករាល់គ្នា​នឹង​យាង​មកវិញ​នៅ​ថ្ងៃ​ណា ទេ​។ យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ដឹង​ការ​នេះ​ថា ប្រសិនបើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង ណា គាត់​មុខជា​ប្រុងស្មារតី មិន​បណ្ដោយឲ្យ​វា​គាស់ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ​។ ហេតុនេះហើយបានជា​អ្នករាល់គ្នា​ក៏​ត្រូវតែ​ប្រុងប្រៀបជានិច្ច​ដែរ ដ្បិត​កូនមនុស្ស​នឹង​មក​ក្នុង​ពេលវេលា​ដែល​អ្នករាល់គ្នា​មិន​នឹកស្មាន​ដល់​។ “​ចុះ​តើ​នរណា​ជា​បាវបម្រើ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​បាន​តែងតាំងឲ្យត្រួត​លើ​អ្នកផ្ទះ​របស់​លោក ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេលកំណត់​? មានពរ​ហើយ បាវបម្រើ​នោះ​ដែល​ចៅហ្វាយ​ឃើញ​គាត់​កំពុង​ធ្វើ​ដូច្នេះ នៅពេល​លោក​មក​វិញ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​។ ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​អាក្រក់​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘​ចៅហ្វាយ​របស់អញ​ក្រមកដល់​’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើជាគ្នា​គាត់ ព្រមទាំង​ស៊ីផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​ផង នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ ​ ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​មនុស្សមានពុត​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​៕ “​នៅ​គ្រានោះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ត្រីព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន​ចេញទៅ​ទទួល​កូនកំលោះ ។ ក្នុង​ពួកនាង មាន​ប្រាំ​នាក់​ជា​អ្នក​ល្ងង់ ហើយ​ប្រាំ​នាក់​ទៀត​ជា​អ្នក​មានប្រាជ្ញា​។ ស្ត្រី​ល្ងង់​ទាំងនោះ​បាន​យក​ចង្កៀង​របស់​ខ្លួន​ទៅ ប៉ុន្តែ​មិន​បាន​យក​ប្រេង​ទៅ​ជាមួយ​ទេ​; រីឯ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​បាន​យក​ប្រេង​នៅក្នុង​ដប​ទៅ​ជាមួយ​ចង្កៀង​របស់​ខ្លួន​។ នៅពេល​កូនកំលោះ​ក្រមកដល់ ពួកនាង​ទាំងអស់គ្នា​ក៏​ងងុយ ហើយ​ដេកលក់​ទៅ​។ “​ប៉ុន្តែ​នៅ​កណ្ដាលអធ្រាត្រ មាន​គេ​ស្រែកឡើង​ថា​: ‘​មើល៍! កូនកំលោះ​មក​ហើយ​! ចូរ​ចេញទៅ​ទទួល​លោក​ចុះ​!​’​។ ពេលនោះ ស្ត្រីព្រហ្មចារី​ទាំងអស់​នោះ​ក៏​ភ្ញាក់ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន​។ ពួក​ស្ត្រី​ល្ងង់​ក៏​និយាយ​នឹង​ពួក​ស្ត្រី​មានប្រាជ្ញា​ថា​: ‘សូម​ចែក​ប្រេង​ខ្លះ​ឲ្យ​ពួកយើង​ផង ពីព្រោះ​ចង្កៀង​របស់ពួកយើង​ជិត​រលត់​ហើយ​’​។ ប៉ុន្តែ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​តប​ថា​: ‘​អត់បានទេ វា​អត់​គ្រាន់​សម្រាប់​ពួកយើង និង​ពួកអ្នក​ទាល់តែសោះ​។ ចូរ​ទៅរក​អ្នកលក់ ហើយ​ទិញ​សម្រាប់​ខ្លួនអ្នក​វិញ​ទៅ​’​។ “​ខណៈដែល​ពួកនាង​កំពុង​ចេញទៅ​ទិញ កូនកំលោះ​ក៏​មក​ដល់​។ ស្ត្រីៗ​ដែល​ត្រៀមជាស្រេច​ក៏​ចូលទៅ​ក្នុង​ពិធីមង្គលការ​ជាមួយ​កូនកំលោះ រួច​គេ​ក៏​បិទ​ទ្វារ​។ “​ក្រោយមក ស្ត្រីព្រហ្មចារី​ឯទៀត​ក៏​មកដល់​ដែរ ហើយ​និយាយថា​: ‘​លោកម្ចាស់ លោកម្ចាស់​អើយ​! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!​’​។ “​ប៉ុន្តែ​កូនកំលោះ​តប​ថា​: ‘​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ​’​។ “​ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថ្ងៃ ឬម៉ោង នោះ​ទេ​។ “​អាណាចក្រស្ថានសួគ៌​គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ដែល​ហៅ​ពួក​បាវបម្រើ​របស់ខ្លួន​មក ហើយ​ប្រគល់​អ្វីៗដែល​លោក​មាន​ដល់​ពួកគេ​។ លោក​ប្រគល់​ប្រាំ​ឋាឡាន់ ដល់​ម្នាក់ ពីរ​ឋាឡាន់​ដល់​ម្នាក់ទៀត ហើយ​មួយ​ឋាឡាន់​ដល់​ម្នាក់ទៀត តាម​សមត្ថភាព​របស់គេ​រៀង​ៗខ្លួន រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។ អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​នោះ ក៏​ចេញទៅ​ធ្វើជំនួញ​ជាមួយនឹង​ប្រាក់ទាំងនោះ​ភ្លាម ហើយ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​។ អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។ ប៉ុន្តែ​អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ទៅ​ជីក​ដី ហើយ​លាក់ទុក​លុយ​របស់​ចៅហ្វាយ​គាត់​។ “​លុះយូរក្រោយមក ចៅហ្វាយ​របស់​បាវបម្រើ​ទាំងនោះ​ក៏​ត្រឡប់មកវិញ ហើយ​គិត​បញ្ជី​នឹង​ពួកគេ​។ អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​ក៏​យក​ប្រាំ​ឋាឡាន់​ផ្សេងទៀត ហើយ​ចូលមកជិត​លោក និយាយថា​: ‘​លោកម្ចាស់ លោក​បាន​ប្រគល់​ប្រាំ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​’​។ “​ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘​ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!​’​។ “​អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘​លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​’​។ “​ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘​ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ!​’​។ “​អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘​លោកម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង ជា​អ្នក​ដែល​ច្រូត​ពី​កន្លែងដែល​លោក​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​លោក​មិន​បាន​ពង្រាយ​។ ខ្ញុំ​ខ្លាច ក៏​ទៅ​លាក់ទុក​មួយ​ឋាឡាន់​របស់លោក​នៅក្នុង​ដី​។ មើល៍! នេះ​ជា​ប្រាក់​របស់លោក​’​។ “​ចៅហ្វាយ​ក៏​តប​នឹង​គាត់​ថា​: ‘​បាវបម្រើ​ដ៏អាក្រក់ និង​ខ្ជិលច្រអូស​អើយ​! អ្នក​បាន​ដឹង​ថា​យើង​ច្រូត​ពី​កន្លែងដែល​យើង​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​យើង​មិន​បាន​ពង្រាយ​ឬ​? បើដូច្នេះ អ្នក​គួរតែ​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់​របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង​’​។ “​ដូច្នេះ ចូរ​ដកយក​មួយ​ឋាឡាន់​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​ឋាឡាន់​នោះ​ទៅ​; ដ្បិត​អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។ ចូរ​បោះ​បាវបម្រើ​ឥតប្រយោជន៍​នេះ​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’​។ “​នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។ ប្រជាជាតិ​ទាំងអស់​នឹង​ត្រូវបាន​ប្រមូលមក​នៅមុខ​លោក ហើយ​លោក​នឹង​ញែក​ពួកគេ​ចេញពី​គ្នា ដូចដែល​អ្នកគង្វាល​ញែក​ចៀម​ចេញពី​ពពែ​។ លោក​នឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក រីឯ​ពពែ​វិញ លោក​នឹង​ដាក់​នៅ​ខាងឆ្វេង​។ ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​! ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​ឲ្យ​យើង​ហូប​; កាល​យើង​ស្រេក អ្នករាល់គ្នា​ឲ្យ​យើង​ផឹក​; កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​ទទួល​យើង​; កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​ស្លៀកពាក់​ឲ្យ​យើង​;​ កាល​យើង​មានជំងឺ អ្នករាល់គ្នា​មើលថែ​យើង​; ហើយ​កាល​យើង​ជាប់​គុក អ្នករាល់គ្នា​មកសួរសុខទុក្ខ​យើង​’​។ “​ពេលនោះ បណ្ដា​មនុស្ស​សុចរិត​នឹង​ទូល​តប​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​ឲ្យ​ព្រះអង្គ​ហូប​ពីអង្កាល់ ‍ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​ឲ្យ​ព្រះអង្គ​ផឹក​ពីអង្កាល់​? តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ជា​ជនមិនស្គាល់ ហើយ​ទទួល​ព្រះអង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះអង្គ​នៅ​ខ្លួនទទេ ហើយ​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ពីអង្កាល់​? តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​មានជំងឺ ឬ​ជាប់គុក ហើយ​ទៅសួរសុខទុក្ខ​ព្រះអង្គ​ពីអង្កាល់​?​’​។ “​ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘​ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ​’​។ បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​! ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​មិន​ឲ្យ​យើង​ហូប​; កាល​យើង​ស្រេក អ្នករាល់គ្នា​មិន​ឲ្យ​យើង​ផឹក​; កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​មិន​ទទួល​យើង​; កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​មិន​ស្លៀកពាក់​ឲ្យ​យើង​; ហើយ​កាល​យើង​ឈឺ និង​ជាប់គុក អ្នករាល់គ្នា​មិន​មើលថែ​យើង​ទេ​’​។ “​ពេលនោះ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​: ‘​ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ឬ​ស្រេក ឬ​ជា​ជនមិនស្គាល់ ឬ​នៅ​ខ្លួនទទេ ឬ​ឈឺ ឬ​ជាប់គុក ហើយ​មិន​បាន​បម្រើ​ព្រះអង្គ​ពីអង្កាល់​?​’​។ “​ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘​ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ​’​។ “​អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច​”៕ នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង​”។ ពេលនោះ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។ ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។ ប៉ុន្តែ​ពួកគេ​និយាយថា​៖ “​កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន​”។ ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។ មាន​ស្ត្រី​ម្នាក់​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ដ៏មានតម្លៃ ចូលមកជិត​ព្រះអង្គ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ ពេល​ព្រះអង្គ​គង់នៅតុអាហារ​។ នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ទើសចិត្ត ហើយ​និយាយថា​៖ “​ហេតុអ្វីបានជា​ខ្ជះខ្ជាយ​យ៉ាងនេះ​? ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ថ្លៃ ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន​”។ ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​ស្ត្រី​នេះ​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ​។ អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។ តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​នេះ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាង​ដែរ​”។ ពេលនោះ ម្នាក់​ក្នុង​សាវ័ក ​ទាំង​ដប់ពីរ​នាក់ ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​រក​ពួក​នាយកបូជាចារ្យ និយាយថា​៖ “​តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?​” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។ តាំងពី​ពេលនោះ​មក យូដាស​ក៏​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅពួកគេ​។ នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “​តើ​លោក​ចង់​ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?​”។ ព្រះអង្គ​មានបន្ទូលថា​៖ “​ចូរ​ទៅ​ក្នុង​ទីក្រុង ជួប​មនុស្សម្នាក់ ហើយ​ប្រាប់​គាត់​ថា​: ‘​លោកគ្រូ​និយាយថា ពេលវេលា​របស់ខ្ញុំ​ជិតដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​កន្លែង​អ្នក​’​”​។ ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។ លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​ទ្រង់​រួមតុអាហារ​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។ នៅពេល​ពួកគេ​កំពុង​ហូប ព្រះអង្គ​មានបន្ទូលថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ​”​។ ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត​យ៉ាងខ្លាំង ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា​៖ “​ព្រះអម្ចាស់​អើយ មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​គឺ​អ្នក​ដែល​ជ្រលក់​ដៃ​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នកនោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​។ កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់​”។ ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “​រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​គឺ​អ្នក​និយាយ​ទេ​”​។ នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួក​សិស្ស ទាំង​មានបន្ទូលថា​៖ “​ចូរ​ទទួលយក​ហូប​ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ​”។ បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖ “​ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ ដ្បិត​នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រី ដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន គឺ​សម្រាប់​ការលើកលែងទោស​បាប​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​អាណាចក្រ​របស់​ព្រះ​បិតា​ខ្ញុំ​”​។ ក្រោយពី​ច្រៀងសរសើរតម្កើង ​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។ ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘​យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​’ ​។ ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា​”។ ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ដោយសារតែ​លោក​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង​”។ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “​ទោះបីជា​ខ្ញុំ​ត្រូវតែ​ស្លាប់​ជាមួយ​លោក​ក៏ដោយ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត​”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នា​ដែរ​។ បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី ជាមួយ​ពួកសិស្ស​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទីនោះ​”​។ នៅពេល​យក​ពេត្រុស និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជាមួយ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ព្រួយព្រះទ័យ និង​ថប់បារម្ភយ៉ាងខ្លាំង ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ជាមួយ​ខ្ញុំ​ចុះ​”​។ ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖ “​ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ​”។ ព្រះយេស៊ូវ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា​៖ “​ម៉េច​! អ្នករាល់គ្នា​មិន​អាច​ប្រុងស្មារតី​ជាមួយ​ខ្ញុំ មួយ​ម៉ោង​បាន​ទេ​ឬ​? ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ​”​។ ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖ “​ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!​”។ ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើកមិនរួច​។ ព្រះអង្គ​យាង​ចាកចេញ​ពី​ពួកគេ​ទៀត ទៅ​អធិស្ឋាន​ជាលើកទីបី ដោយ​ទូល​ពាក្យ​ដដែល​ម្ដងទៀត​។ បន្ទាប់មក ព្រះអង្គ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? មើល៍! ពេលវេលា​ជិតដល់​ហើយ​! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។ ក្រោកឡើង​មក យើង​នាំគ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ​”។ នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មក​ដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មកពី​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​។ អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ ដោយ​និយាយថា​៖ “​អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​ចុះ​”។ យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “​ជម្រាបសួរ រ៉ាប៊ី​!​” រួច​ថើប​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​សម្លាញ់​អើយ អ្នក​មក​ដើម្បី​អ្វី​?​”។ ពេលនោះ ពួកគេ​ក៏​ចូលមកជិត លូក​ដៃ​ចាប់​ព្រះយេស៊ូវ​។ មើល៍! មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ​បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ទុក​ដាវ​របស់អ្នក​នៅ​កន្លែងដើម​វិញ​ទៅ​! ដ្បិត​អស់អ្នក​ដែល​កាន់​ដាវ នឹង​វិនាស​ដោយ​ដាវ​។ ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​? ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?​”។ នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖ “​អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច​”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។ ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ ក៏​នាំ​ព្រះអង្គ​ទៅ​រក​មហាបូជាចារ្យ​កៃផាស​។ នៅទីនោះ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ជួបជុំគ្នា​។ រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។ ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ ប៉ុន្តែ​ពួកគេ​រក​មិន​បាន​សោះ ទោះបីជា​មាន​សាក្សីភូតភរ​ជាច្រើន​បាន​ចូលមក​ក៏ដោយ​។ នៅទីបំផុត មាន ​ពីរ​នាក់​ចូលមក និយាយថា​៖ “​ម្នាក់នេះ​និយាយថា​: ‘​ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ​’​”។ ពេលនោះ មហាបូជាចារ្យ​បាន​ក្រោកឡើង សួរ​ព្រះអង្គ​ថា​៖ “​តើ​អ្នក​មិន​ឆ្លើយ​អ្វីទេ​ឬ​? តើ​រឿង​ដែល​អ្នកទាំងនេះ​កំពុង​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជា​អ្វី​?”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “​យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖ “​គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញ កូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ ​ព្រះដ៏មានព្រះចេស្ដា ព្រមទាំង​មក​ក្នុង​ពពក​លើមេឃ ”​។ មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “​អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។ តើ​អស់លោក​គិត​ដូចម្ដេច​?​”។ ពួកគេ​និយាយ​តប​ថា​៖ “​អ្នកនេះ​សមតែ​ស្លាប់​!​”។ បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ ទាំង​និយាយថា​៖ “​ព្រះ​គ្រីស្ទ​អើយ​! ព្យាករ​ឲ្យ​យើង​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?​”។ ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “​អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ​”។ ប៉ុន្តែ​ពេត្រុស​បដិសេធ​នៅមុខ​គេ​ទាំងអស់គ្នា​ថា៖ “​ខ្ញុំ​មិន​ដឹង​អ្វីដែល​នាង​និយាយ​ទេ​”។ នៅពេល​គាត់​ចេញទៅ​ដល់​មាត់ទ្វារ មាន​បាវបម្រើស្រី​ម្នាក់ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទីនោះ​ថា​៖ “​អ្នកនេះ​ធ្លាប់​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត​”។ ពេត្រុស​បដិសេធ​ម្ដងទៀត ព្រមទាំង​ស្បថ​ថា​៖ “​ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!​”។ បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​ចូលមកជិត និយាយ​នឹង​ពេត្រុស​ថា​៖ “​អ្នកឯង​ពិតជា​គ្នា​ពួកនោះ​ដែរ​ហើយ ពីព្រោះ​សូម្បីតែ​សំឡេង​និយាយ​របស់អ្នកឯង​ក៏​បញ្ជាក់​អំពី​អ្នកឯង​ដែរ​”។ ពេលនោះ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “​ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!​”។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។ ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​: “​មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង​”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕ លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។ ពួកគេ​ចង​ព្រះយេស៊ូវ ហើយ​នាំទៅ​ប្រគល់ឲ្យ​អភិបាល​ពីឡាត់​។ ពេលនោះ យូដាស​ដែល​ក្បត់​ព្រះយេស៊ូវ​ឃើញ​ថា​ព្រះអង្គ​ត្រូវគេ​ផ្ដន្ទាទោស ក៏​មានវិប្បដិសារី ហើយ​ប្រគល់​កាក់ប្រាក់​សាមសិប​នោះ​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​វិញ ទាំង​និយាយថា​៖ “​ខ្ញុំ​បាន​ប្រព្រឹត្តបាប ដោយ​ក្បត់​នឹង​ឈាម​ដែល​គ្មានទោស​”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “​តើ​រឿងនេះជា​អ្វី​នឹង​យើង? អ្នក​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។ យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។ ពួក​នាយកបូជាចារ្យ​រើស​កាក់ប្រាក់​ទាំងនោះ ហើយ​ពោលថា​៖ “​ការ​ដែល​ដាក់​កាក់ប្រាក់​ទាំងនេះ​ក្នុង​ឃ្លាំងព្រះវិហារ​ខុសច្បាប់​ហើយ ពីព្រោះ​ជា​ថ្លៃ​ឈាម​”។ បន្ទាប់ពី​ពិគ្រោះគ្នា​ហើយ ពួកគេ​ក៏​ទិញ​ដី​របស់​ជាងស្មូន​ដោយ​កាក់ប្រាក់​ទាំងនោះ ទុកជា​កន្លែងបញ្ចុះសព​ជនបរទេស​។ ហេតុនេះហើយបានជា​ដី​នោះ​ត្រូវគេ​ហៅថា “​វាល​ឈាម​” រហូតមកដល់​សព្វថ្ងៃ​។ ដូច្នេះ សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​យេរេមា​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​ពួកគេ​បាន​យក​កាក់ប្រាក់​សាមសិប ជា​តម្លៃ​ដែល​អ្នក​នោះ​ត្រូវ​គេ​វាយតម្លៃ គឺ​តម្លៃ​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​វាយតម្លៃ ហើយ​បង់​កាក់ប្រាក់​ទាំងនោះ​ទិញ​ដី​របស់​ជាងស្មូន ដូចដែល​ព្រះអម្ចាស់​បាន​បង្គាប់​ខ្ញុំ​”​។ ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅមុខ​អភិបាល ហើយ​អភិបាល​ក៏​សួរ​ព្រះអង្គ​ថា​៖ “​តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​គឺ​លោក​និយាយ​ទេ​”​។ នៅពេល​ព្រះអង្គ​ត្រូវ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ចោទប្រកាន់ ព្រះអង្គ​មិន​បាន​តប​អ្វីឡើយ​។ ពេលនោះ ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា​៖ “​តើ​អ្នក​មិន​ឮ​ពួកគេ​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជាច្រើនដល់ម្ល៉េះ​ទេ​ឬ​?​”។ ប៉ុន្តែ​ព្រះអង្គ​មិន​តប​អ្វី​នឹង​លោក​ឡើយ សូម្បីតែ​មួយ​ម៉ាត់ ធ្វើឲ្យ​អភិបាល​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ រៀងរាល់​ពិធីបុណ្យ​នោះ អភិបាល​មានទម្លាប់​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ប្រជាជន តាម​ដែល​ពួកគេ​ចង់បាន​។ ពេលនោះ មាន​អ្នកទោស​ល្បី​ម្នាក់​ដែល​គេ​ហៅថា​បារ៉ាបាស​។ ដូច្នេះ នៅពេល​ហ្វូងមនុស្ស​បាន​ផ្ដុំគ្នា ពីឡាត់​សួរ​ពួកគេ​ថា​៖ “​តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​? បារ៉ាបាស ឬ​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?​”។ តាមពិត ពីឡាត់​ដឹង​រួចហើយ​ថា ពួកគេ​ប្រគល់​ព្រះអង្គ​មក​ព្រោះតែ​ការឈ្នានីស​។ ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “​កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ​”។ ប៉ុន្តែ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស ឲ្យ​ទាមទារ​បារ៉ាបាស ហើយ​ឲ្យ​បំផ្លាញជីវិត​ព្រះយេស៊ូវ​វិញ​។ អភិបាល​សួរ​ពួកគេ​ថា​៖ “​ក្នុងចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​?​”។ ពួកគេ​ឆ្លើយថា​៖ “​បារ៉ាបាស​!​”។ ពីឡាត់​ក៏​សួរ​ពួកគេ​ថា​៖ “​បើដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?​”។ ពួកគេ​គ្រប់គ្នា​និយាយថា​៖ “​ឆ្កាង​វា​ទៅ​!​”​។ ពីឡាត់​មានប្រសាសន៍ថា​៖ “​ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​?”។ ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំង​ថា៖ “​ឆ្កាង​វា​ទៅ!​”។ នៅពេល​ពីឡាត់​ឃើញ​ថា ធ្វើអ្វីក៏​ឥត​បាន​ការ ផ្ទុយទៅវិញ បែរជា​កើត​ចលាចល លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅមុខ​ហ្វូងមនុស្ស ទាំង​មានប្រសាសន៍ថា​៖ “​ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នកនេះ ​ទេ អ្នករាល់គ្នា​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។ ប្រជាជន​ទាំងអស់​ឆ្លើយ​ថា​៖ “​ចូរឲ្យ​ឈាម​របស់​អ្នកនេះ​ធ្លាក់​មកលើ​យើង និង​កូនចៅ​របស់យើង​ចុះ​!​”។ ពេលនោះ ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​។ បន្ទាប់ពី​ឲ្យ​គេ​វាយ​ព្រះយេស៊ូវ​នឹងខ្សែតី លោក​ក៏​ប្រគល់​ព្រះអង្គ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។ បន្ទាប់មក ពួក​ទាហាន​របស់​អភិបាល​នាំ​ព្រះយេស៊ូវ​ទៅ​ក្នុង​វិមាន​អភិបាល ហើយ​ប្រមូល​កងទាហាន​ទាំងមូល​មក​នៅ​ជុំវិញ​ព្រះអង្គ​។ នៅពេល​ដោះ​ព្រះពស្ត្រ​ព្រះអង្គ​ចេញ ពួកគេ​ក៏​ពាក់​អាវវែង​ពណ៌ក្រហមឆ្អៅ​ឲ្យ​ព្រះអង្គ ហើយ​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ព្រមទាំង​ដាក់​ដើមត្រែង​ក្នុង​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ រួច​លុតជង្គង់​នៅមុខ​ព្រះអង្គ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ថា​៖ “​ជយោ! ស្ដេចនៃជនជាតិយូដា​!​”។ ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ ហើយ​យក​ដើមត្រែង​នោះ​វាយ​ព្រះសិរ​របស់​ព្រះអង្គ​ម្ដងហើយម្ដងទៀត​។ នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវវែង​នោះ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង​។ នៅពេល​កំពុង​ចេញទៅ ពួកគេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន ក៏​បង្ខំ​បុរសនេះ​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​។ លុះ​មកដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “​គាល់កូថា​” (​គាល់កូថា មានអត្ថន័យប្រែថា ទី​លលាដ៍ក្បាល​) ពួកគេ​ក៏យក​ស្រាទំពាំងបាយជូរ ​ដែល​បាន​លាយ​នឹង​ទឹកប្រមាត់​ឲ្យ​ព្រះអង្គ​ផឹក​។ ប៉ុន្តែ​ពេល​ភ្លក់​ហើយ ព្រះអង្គ​មិន​ព្រម​ផឹក​ទេ​។ ក្រោយពី​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទីនោះ​។ នៅខាងលើ​ព្រះសិរ​របស់​ព្រះអង្គ ពួកគេ​បិទ​ផ្លាកសញ្ញា​អំពី​ទោស​របស់​ព្រះអង្គ ដែល​មាន​សរសេរ​ថា “​នេះ​ជា​យេស៊ូវ ស្ដេចនៃជនជាតិយូដា​”។ ពេលនោះ មាន​ចោរប្លន់​ពីរ​នាក់​ត្រូវគេ​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។ ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “​អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ បើសិន​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​សង្គ្រោះ​ខ្លួនឯង ហើយ​ចុះ​ពី​ឈើឆ្កាង​មក​!​”។ ពួក​នាយកបូជាចារ្យ​ជាមួយ​ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ ​ក៏​ចំអកឡកឡឺយ​ដាក់ព្រះអង្គ​ដូចគ្នា​ដែរ ថា​៖ “​វា​បាន​សង្គ្រោះ​អ្នកដទៃ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ខ្លួនឯង​បានទេ​។ វា​ជា ​ស្ដេច​អ៊ីស្រាអែល​មែន​! ចូរឲ្យ​វា​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក នោះ​យើង​នឹង​ជឿទុកចិត្តលើ​វា​! វា​បាន​ទុកចិត្ត​លើ​ព្រះ​; បើសិន​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ឥឡូវនេះ​ទៅ​! ដ្បិត​វា​បាន​និយាយថា​: ‘​ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ​’​”​។ ពួក​ចោរប្លន់​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដូចគ្នា​ដែរ​។ ចាប់ពី​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល ​។ ប្រមាណជា​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​អេលី អេលី ឡាម៉ា​សាបាច់ថានី​? ” ដែលមានអត្ថន័យថា “​ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?​” ។ អ្នកខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ឮ ក៏​ពោល​ថា​៖ “​អ្នកនេះ​កំពុង​ហៅ​អេលីយ៉ា​!​”។ មាន​ម្នាក់​ក្នុង​ពួកគេ​រត់​ទៅ​ភ្លាម យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក​។ រីឯ​អ្នក​ឯទៀត​ពោលថា​៖ “​ចាំ​មើល​មើល៍​! ក្រែងលោ​អេលីយ៉ា​មក​សង្គ្រោះ​វា​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ម្ដងទៀត រួច​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។ ពេលនោះ មើល៍! វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ ផែនដី​ក៏​រញ្ជួយ ថ្មដា​ប្រេះដាច់ពីគ្នា រូងផ្នូរ​របើកឡើង ហើយ​រូបកាយ​របស់​វិសុទ្ធជន​ជាច្រើន​ដែល​បាន​ដេកលក់ ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។ ក្រោយពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ គេ​ក៏​ចេញមក​ពី​រូងផ្នូរ​ទាំងនោះ ចូលទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រមទាំង​លេចមក​ដល់​មនុស្ស​ជាច្រើន​ផង​។ មេទាហានលើមួយរយនាក់ និង​ពួក​អ្នក​ដែល​កំពុង​យាម​ព្រះយេស៊ូវ​ជាមួយ​លោក បាន​ឃើញ​រញ្ជួយផែនដី និង​ហេតុការណ៍​ដែល​កើតឡើង ក៏​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​ពោលថា​៖ “​អ្នកនេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!​”។ នៅ​ទីនោះ មាន​ស្ត្រី​ជាច្រើន​កំពុង​មើល​ពី​ចម្ងាយ ពួកនាង​ជា​អ្នកដែល​ទៅតាម​ព្រះយេស៊ូវ​តាំងពី​នៅ​កាលីឡេ ព្រមទាំង​បម្រើ​ព្រះអង្គ​ផង​។ ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសេ ព្រមទាំង​មាន​ម្ដាយ​របស់​ពួក​កូន​សេបេដេ​។ លុះដល់​ពេលល្ងាច មាន​អ្នកមាន​ម្នាក់​ឈ្មោះ​យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក​ដល់ ខ្លួនគាត់ផ្ទាល់​ក៏​ជាសិស្ស​របស់​ព្រះយេស៊ូវ​ដែរ​។ គាត់​ចូលទៅ​ជួប​ពីឡាត់ សុំ​យក​ព្រះសព​ព្រះយេស៊ូវ ពីឡាត់​ក៏​បញ្ជា​ឲ្យ​ប្រគល់​ដល់​គាត់​។ នៅពេល​យក​ព្រះសព​ហើយ យ៉ូសែប​ក៏​រុំ​ព្រះសព​នឹង​ក្រណាត់ផាឌិប​ស្អាត រួច​ដាក់​ក្នុង​រូងផ្នូរ​ថ្មី​របស់​គាត់ ដែល​គាត់​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់ពី​ប្រមៀល​ថ្ម​ដ៏ធំ​មួយ​ខ្ទប់​នឹង​មាត់​រូង គាត់​ក៏​ចាកចេញទៅ​។ ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​នៅ​ទីនោះ អង្គុយ​ទល់មុខ​រូងផ្នូរ​។ នៅ​ថ្ងៃបន្ទាប់ ដែល​ជា​ថ្ងៃ​ក្រោយ​ថ្ងៃរៀបចំបុណ្យ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​បាន​ជួបជុំគ្នា​នៅមុខ​ពីឡាត់ ហើយ​និយាយថា​៖ “​លោកម្ចាស់ យើងខ្ញុំ​ចាំ​បាន​ថា កាល​អ្នក​បោកប្រាស់​នោះ​នៅរស់​នៅឡើយ វា​បាន​និយាយថា​: ‘​ក្រោយពី​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​’​។ ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង​រហូតដល់​ថ្ងៃ​ទីបី ក្រែងលោ​ពួក​សិស្ស​របស់​វា​មក​លួច​សព​វា ហើយ​ប្រាប់​ប្រជាជន​ថា​វា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នោះ​ការបោកប្រាស់​ចុងក្រោយ​នេះ នឹង​អាក្រក់ជាង​លើក​មុន​ទៅ​ទៀត​”​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​អស់លោក​យក​ទាហានយាម​ទៅ​។ ចូរ​ទៅ​ការពារឲ្យតឹងរ៉ឹង​តាមដែល​អស់លោក​អាចធ្វើបាន​ចុះ​”។ ដូច្នេះ ពួកគេ​ក៏​ចាកចេញទៅ​ចាត់ចែង​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង ដោយ​បិទត្រា​លើ​ថ្ម​នៅមាត់រូងផ្នូរ ទាំងមាន​ទាហានយាម​ផង​៕ បន្ទាប់ពី​ថ្ងៃសប្ប័ទ ពេល​ព្រលឹមស្រាងៗ​នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​បាន​ទៅ​មើល​ផ្នូរ​។ ពេលនោះ មើល៍! មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ពីព្រោះ​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ចុះមក​ពី​លើមេឃ ហើយ​ចូលទៅ​ប្រមៀល​ថ្ម​ចេញ រួច​អង្គុយ​លើ​ថ្មនោះ​។ រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។ ពួក​អ្នក​យាម​ក៏​ញ័ររន្ធត់​ដោយ​ការភិតភ័យ​ចំពោះ​ទូតនោះ ហើយ​បាន​ដូចជា​មនុស្សស្លាប់​។ ទូត​នោះ​និយាយ​នឹង​ស្ត្រី​ទាំងពីរ​ថា​៖ “​កុំ​ខ្លាច​ឡើយ​! ខ្ញុំ​ដឹង​ហើយ​ថា ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង​។ ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ព្រះអង្គ​ត្រូវបាន​លើក​ឲ្យរស់ឡើង​វិញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​រួចមកហើយ​។ មក៍! មើល​កន្លែង​ដែល​ព្រះអង្គ ​បាន​ផ្ទំ​ចុះ​។ ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​: ‘​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ មើល៍! ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ​’​។ មើល៍! ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួចហើយ​!​”។ ពួកនាង​ក៏​ចាកចេញ​ពី​រូងផ្នូរ​ភ្លាម ទាំង​ភ័យ​ទាំង​អរសប្បាយ​យ៉ាងខ្លាំង ហើយ​រត់​ទៅ​ដើម្បី​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​។ ពេលនោះ មើល៍! ព្រះយេស៊ូវ​ជួប​ពួកនាង ហើយ​មានបន្ទូលថា​៖ “​សុខសប្បាយ!”។ ពួកនាង​ក៏​ចូលមកជិត​ឱប​ព្រះបាទា​របស់​ព្រះអង្គ រួច​ថ្វាយបង្គំ​ព្រះអង្គ។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកនាង​ថា​៖ “​កុំ​ខ្លាច​ឡើយ​! ចូរ​ទៅ​ប្រាប់​បងប្អូន​របស់ខ្ញុំ​ឲ្យ​ទៅ​កាលីឡេ ហើយនៅទីនោះ​ពួកគេ​នឹង​ជួប​ខ្ញុំ​”​។ ខណៈដែល​ពួកនាង​ចេញទៅ មើល៍! មាន​ទាហានយាម​ខ្លះ​បាន​ចូលទៅ​ក្នុង​ទីក្រុង រាយការណ៍​ដល់​ពួក​នាយកបូជាចារ្យ​អំពី​អ្វីៗ​ទាំងអស់​ដែល​បាន​កើតឡើង​។ ពួកនាយកបូជាចារ្យ​ក៏​ជួបជុំ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ហើយ​ឲ្យ​លុយ​ជាច្រើន​ដល់​ពួក​ទាហាន ទាំង​ប្រាប់ថា​៖ “​ចូរ​អ្នករាល់គ្នា​និយាយ​ថា​: ‘​ពួក​សិស្ស​របស់​វា​បាន​មក​ទាំង​យប់ លួច​សពរបស់វា​ទៅ ពេល​យើង​កំពុង​ដេកលក់​’​។ បើសិន​រឿងនេះ​លេចឮ​ដល់​អភិបាល យើង​នឹង​បញ្ចុះបញ្ចូល​លោក មិនឲ្យ​អ្នករាល់គ្នា​មានបញ្ហាឡើយ​”​។ ពួកទាហាន​ក៏​ទទួល​លុយ ហើយ​ធ្វើ​ដូចដែល​ត្រូវបាន​បង្គាប់​។ ដូច្នេះ រឿង​នេះ​បាន​ឮសុសសាយ​ក្នុងចំណោម​ជនជាតិយូដា​រហូតមកដល់​សព្វថ្ងៃ​។ រីឯ​សិស្ស​ទាំង​ដប់មួយ​នាក់​បាន​ទៅ​កាលីឡេ ដល់​ភ្នំ​មួយ​ជា​កន្លែងដែល​ព្រះយេស៊ូវ​បាន​កំណត់​ឲ្យ​ពួកគេ​ទៅ​។ នៅពេល​ឃើញ​ព្រះយេស៊ូវ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ ប៉ុន្តែ​មាន​អ្នកខ្លះ​សង្ស័យ​។ ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។ ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក​”​៕​៚ ការចាប់ផ្ដើម ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​។ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ​ថា​: “​មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក ​។ មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘​ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ!​’ ” ដូច្នេះ យ៉ូហាន​បាន​មក​ធ្វើពិធីជ្រមុជទឹក​នៅ​ទីរហោស្ថាន និង​ប្រកាស​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​។ មនុស្ស​ពី​ស្រុក​យូឌា​ទាំងមូល និង​អ្នកយេរូសាឡិម​ទាំងអស់​ចេញទៅ​រក​គាត់ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។ យ៉ូហាន​ស្លៀក​សម្លៀកបំពាក់ ​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ ហើយ​ហូប​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ​។ គាត់​ប្រកាស​ថា​៖ “​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឱន​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​”។ នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​មក​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​ក្នុង​ទន្លេយ័រដាន់​។ នៅពេល​យាង​ឡើង​ពី​ទឹក ស្រាប់តែ​ព្រះអង្គ​ទត​ឃើញ​ផ្ទៃមេឃ​កំពុង​រហែក ហើយ​ព្រះវិញ្ញាណ​យាង​ចុះមក​លើ​ព្រះអង្គ ដូចជា​សត្វព្រាប រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “​អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក​”​។ រំពេចនោះ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះយេស៊ូវ​ឲ្យចេញ​ទៅ​ទីរហោស្ថាន​។ ព្រះអង្គ​គង់នៅ​ទីរហោស្ថាន​សែសិប​ថ្ងៃ ទាំង​ត្រូវ​សាតាំង​ល្បួង​។ ព្រះអង្គ​គង់នៅ​ជាមួយ​សត្វព្រៃ ហើយ​មាន​បណ្ដា​ទូតសួគ៌​បម្រើ​ព្រះអង្គ​។ ក្រោយពី​យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​មក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ​របស់​ព្រះ ដោយ​មានបន្ទូល​ថា​៖ “​ពេលវេលា​បាន​គ្រប់កំណត់ ហើយ​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។ ចូរ​កែប្រែចិត្ត ជឿ​ដំណឹងល្អ​ចុះ​!​”​។ នៅពេល​កំពុង​យាងតាម​មាត់បឹង ​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ​ប្អូនប្រុស ​របស់​ស៊ីម៉ូន កំពុង​បង់សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មក​តាម​ខ្ញុំ​! ខ្ញុំ​នឹង​ធ្វើឲ្យ​ពួកអ្នក​ទៅជា​អ្នកនេសាទ​មនុស្ស​”​។ ពួកគេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ទៅតាម​ព្រះអង្គ​ភ្លាម​។ ព្រះអង្គ​យាង​ទៅមុខ​បន្តិច​ទៀត ក៏​ទត​ឃើញ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់​។ ពួកគេ​កំពុង​ជួស​អួន​នៅក្នុង​ទូក​។ ភ្លាមនោះ ព្រះអង្គ​ទ្រង់​ហៅ​អ្នកទាំងពីរ​។ ពួកគេ​ក៏​ចាកចោល​សេបេដេ​ឪពុក​របស់​ពួកគេ នៅក្នុង​ទូក​ជាមួយ​ពួក​ឈ្នួល ហើយ​ទៅ​តាម​ព្រះអង្គ​។ ព្រះយេស៊ូវ និងពួកសិស្ស​បាន​ចូល​ទៅ​កាពើណិម​។ ដល់​ថ្ងៃសប្ប័ទ​ភ្លាម ព្រះអង្គ​ក៏​យាង​ចូលទៅ​បង្រៀន​ក្នុង​សាលាប្រជុំ​។ គេ​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ទ្រង់​បង្រៀន​ពួកគេ​ដូចជា​អ្នក​ដែល​មាន​សិទ្ធិអំណាច គឺ​មិន​ដូច​ពួក​គ្រូវិន័យ​ទេ​។ រំពេចនោះ ក្នុង​សាលាប្រជុំ​របស់​ពួកគេ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអសោច​ចូល ស្រែកឡើង ថា​៖ “ ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​មក​បំផ្លាញ​យើងខ្ញុំ​ឬ​? ខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ជា​អ្នកណា គឺ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ​”​។ ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​វិញ្ញាណអសោច​ថា​៖ “​ស្ងៀម​! ចេញ​ពី​អ្នកនេះ​ទៅ​!​”​។ វិញ្ញាណអសោច​ក៏​ចេញ​ពី​បុរសនោះ ទាំង​ធ្វើឲ្យ​គាត់​ប្រកាច់ប្រកិន ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។ មនុស្ស​ទាំងអស់​ក៏​ស្ងើច ដូច្នេះ​ពួកគេ​សួរ​គ្នា​ថា​៖ “​តើ​នេះជាអ្វី​? ជា​សេចក្ដីបង្រៀន​ថ្មី​ប្រកបដោយ​សិទ្ធិអំណាច​! លោក​បញ្ជា​ពួក​វិញ្ញាណអសោច ហើយ​ពួកវា​ក៏​ស្ដាប់បង្គាប់​លោក​! ​”​។ ភ្លាមនោះ ដំណឹង​អំពី​ព្រះអង្គ​ក៏​សាយចេញទៅ​គ្រប់ទីកន្លែង​នៅ​តំបន់​ទាំងអស់​ជុំវិញ​កាលីឡេ​។ នៅពេល​ចេញ​ពី​សាលាប្រជុំ​ភ្លាម ព្រះយេស៊ូវ​ក៏​យាង​ចូលក្នុង​ផ្ទះ​របស់​ស៊ីម៉ូន និង​អនទ្រេ ជាមួយ​យ៉ាកុប និង​យ៉ូហាន​។ រីឯ​ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​ដេក​គ្រុន គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​អំពី​គាត់​។ ព្រះអង្គ​យាង​ចូលទៅជិត​ចាប់​ដៃ​លើក​គាត់​ឡើង នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ចាប់ផ្ដើម​បម្រើ​ពួកគេ​។ លុះដល់​ពេលល្ងាច បន្ទាប់ពី​ថ្ងៃលិច គេ​នាំ​អស់អ្នក​ដែល​មានជំងឺ និង​អស់អ្នក​ដែល​មាន​អារក្សចូល មក​រក​ព្រះអង្គ​។ អ្នក​ក្រុង​ទាំងមូល​បាន​ផ្ដុំគ្នា​នៅ​មាត់ទ្វារ​។ ព្រះអង្គ​ក៏​ប្រោស​មនុស្ស​ជាច្រើន​ដែល​ឈឺ​ដោយ​រោគា​ផ្សេងៗ​ឲ្យជា ព្រមទាំង​ដេញ​អារក្ស​ជាច្រើន​ឲ្យចេញ​ផង​។ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំងនោះ​និយាយ​ឡើយ ពីព្រោះ​ពួកវា​ស្គាល់​ព្រះអង្គ​ហើយ​។ ព្រលឹមឡើង ពេលងងឹត​ខ្លាំង​នៅឡើយ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​អធិស្ឋាន​នៅទីនោះ​។ ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជាមួយ ក៏​តាមរក​ព្រះអង្គ លុះ​រកឃើញ​ហើយ ក៏​ទូល​ថា​៖ “​មនុស្ស​ទាំងអស់​កំពុង​រក​លោក​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​យើង​នាំគ្នា​ទៅ​កន្លែងផ្សេង ​ ក្នុង​ភូមិ​ជិតៗ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ដំណឹងល្អ​នៅ​ទីនោះ​ដែរ ដ្បិត​ខ្ញុំ​បាន​មក​ដើម្បី​ការនេះ​ឯង​”​។ ព្រះអង្គ​បាន​យាង​ទៅ ​ប្រកាស​ដំណឹងល្អ​តាម​សាលាប្រជុំ​របស់​គេ​នៅក្នុង​កាលីឡេ​ទាំងមូល ព្រមទាំង​ដេញ​អារក្ស​ឲ្យចេញ​ផង​។ មាន​មនុស្សឃ្លង់​ម្នាក់​មករក​ព្រះអង្គ ហើយ​លុតជង្គង់ ​ទូល​អង្វរ​ថា​៖ “​បើសិន​លោក​សុខចិត្ត លោក​អាច​ប្រោស​ខ្ញុំ​ឲ្យបរិសុទ្ធ​បាន​”​។ ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ហើយ​មានបន្ទូលថា​៖ “​ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ​”​។ ភ្លាមនោះ ជំងឺឃ្លង់​ក៏​ចាកចេញ​ពី​បុរសនោះ ហើយ​គាត់​បានបរិសុទ្ធ​។ ព្រះអង្គ​ទ្រង់​ឲ្យ​គាត់​ចេញទៅ​ភ្លាម ទាំង​បង្គាប់យ៉ាងតឹងរ៉ឹង ថា​៖ “​ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្វី​ដល់​អ្នកណា​ឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធីជម្រះ​របស់អ្នក​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ​”​។ ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​យាង​ចូល​ទៅ​កាពើណិម​ម្ដងទៀត​។ គេ​ឮ​ថា​ព្រះអង្គ​គង់នៅ​ក្នុង​ផ្ទះ ក៏​មាន​មនុស្ស​ជាច្រើន​ផ្ដុំគ្នា រហូតដល់​គ្មាន​កន្លែង​ទៀតឡើយ សូម្បីតែ​នៅ​មាត់ទ្វារ​។ រីឯ​ព្រះអង្គ​កំពុង​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​។ ពេលនោះ មាន​គេ​នាំ​មនុស្សស្លាប់មួយចំហៀងខ្លួន​ម្នាក់​មករក​ព្រះអង្គ គឺ​គាត់​ត្រូវ​មនុស្ស​បួន​នាក់​សែងមក​។ ប៉ុន្តែ​ពួកគេ​មិនអាច​នាំ​គាត់​ទៅ​ឯ​ព្រះអង្គ ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​រើ​ដំបូល​ត្រង់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពេល​រើ​ហើយ ពួកគេ​ក៏​សម្រូត​កន្ទេល​ដែល​មាន​មនុស្សស្លាប់មួយចំហៀងខ្លួន​កំពុង​ដេក​នោះ​ចុះ​។ ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា​៖ “​កូន​អើយ បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ​”​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​ដែល​កំពុង​អង្គុយ​នៅ​ទីនោះ រិះគិត​ក្នុង​ចិត្ត​ថា​៖ “​ហេតុអ្វីបានជា​អ្នកនេះ​និយាយ​ដូច្នេះ​? គាត់​និយាយប្រមាថព្រះ​ហើយ​! ក្រៅពី​ព្រះ​មួយអង្គ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?​”​។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ភ្លាម​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ​ថា ពួកគេ​រិះគិត​យ៉ាងនេះ​ក្នុងចិត្ត ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​រឿងទាំងនេះ​ក្នុង​ចិត្ត​? ការ​ដែល​និយាយ​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា​: ‘​បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​’ ឬ​ថា​: ‘​ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក​ដើរ​ទៅចុះ​’ តើ​មួយណា​ងាយ​ថា​ជាង​? យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...​” ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា​៖ “​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!​”​។ បុរសនោះ​ក៏​ក្រោកឡើង យក​កន្ទេល​ចេញទៅ​ភ្លាម​នៅមុខ​មនុស្ស​ទាំងអស់​។ ដូច្នេះ ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​ពោល​ថា​៖ “​យើង​មិនដែល​ឃើញ​ការ​បែបនេះ​សោះ​”​។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ចេញទៅ​មាត់បឹង ​ម្ដងទៀត​។ ហ្វូងមនុស្ស​ទាំងមូល​មករក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​។ នៅពេល​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​លេវី ​កូន​របស់​អាល់ផាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​មកតាម​ខ្ញុំ​!​” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។ ពេល​ព្រះយេស៊ូវ​គង់​នៅ​ផ្ទះ​របស់​លេវី មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជាច្រើន​មកតាម​ព្រះអង្គ​។ ពួកគ្រូវិន័យរបស់ផារិស៊ី ​ឃើញ​ថា​ព្រះអង្គ​សោយ​ជាមួយ​មនុស្សបាប និង​អ្នកទារពន្ធ ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ម្ដេចក៏​គាត់​ហូប ​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?​”​។ ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប វិញ​”​។ ពួក​សិស្ស​របស់​យ៉ូហាន និង​ពួកផារិស៊ី ​កំពុង​តមអាហារ​។ ដូច្នេះ មាន​គេ​មក​ទូល​សួរ​ព្រះអង្គ​ថា​៖ “​ហេតុអ្វីបានជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​របស់​ពួកផារិស៊ី​តមអាហារ ប៉ុន្តែ​សិស្ស​របស់លោក​មិន​តមអាហារ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ ភ្ញៀវ មិន​អាច​តមអាហារ​បាន​ទេ មែនទេ​? ដរាបណា​មាន​កូនកំលោះ​នៅ​ជាមួយ ពួកគេ​មិនអាច​តមអាហារ​បានឡើយ ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ថ្ងៃ​នោះ​ទើប​ពួកគេ​តមអាហារ​។ គ្មានអ្នកណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ បំណះ​ថ្មី​នឹង​ទាញ​ចេញពី​សម្លៀកបំពាក់​ចាស់ បណ្ដាលឲ្យ​កន្លែងរហែក​កាន់តែធំ​; ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរ នឹង​ទម្លាយ​ថង់ស្បែក នោះ​ទាំង​ស្រាទំពាំងបាយជូរ ទាំង​ថង់ស្បែក​នឹង​ខូច ។ ផ្ទុយទៅវិញ ត្រូវតែ​ចាក់ ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី​”​។ នៅ​ថ្ងៃសប្ប័ទ​មួយ ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ ពួក​សិស្ស​របស់​ព្រះអង្គ​ចាប់ផ្ដើម​កាច់​កួរស្រូវ នៅពេល​ដើរតាមផ្លូវ​។ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា​៖ “​មើល៍! ម្ដេចក៏​ពួកគេ​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ​នៅ​ថ្ងៃសប្ប័ទ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វីដែល​ដាវីឌ​បាន​ធ្វើ នៅពេល​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ខ្វះខាត ហើយ​ឃ្លាន​ទេ​ឬ​? គឺ​របៀប​ដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ នៅសម័យ​មហាបូជាចារ្យ​អ័បៀថើរ ហើយ​ហូប​នំប៉័ងតាំងថ្វាយ ព្រមទាំង​ចែកឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ​”​។ រួច​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ថ្ងៃសប្ប័ទ​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស មិនមែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​ទេ​។ ដូច្នេះ កូនមនុស្ស​ជា​ព្រះអម្ចាស់ ហើយក៏​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ​ដែរ​”​៕ ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​ម្ដងទៀត​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។ គេ​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។ ព្រះអង្គ​មានបន្ទូល​នឹង​បុរស​ស្វិត​ដៃ​ម្ខាង​នោះ​ថា​៖ “​ចូរ​ក្រោកឡើង មក​ឈរ​នៅ​កណ្ដាលចំណោម​!​”​។ បន្ទាប់មក ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់​: ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?​”​។ ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។ ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ដោយ​ព្រះពិរោធ ទាំង​ពិបាកព្រះទ័យ​ចំពោះ​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖ “​ចូរ​លាត​ដៃ​របស់​អ្នក​ចុះ​!​”​។ គាត់​ក៏​លាត​ដៃ នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ ​។ ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ភ្លាម​ជាមួយ​ពួកគណៈហេរ៉ូឌ​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។ ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា យេរូសាឡិម អេដុមា ខាងនាយ​ទន្លេយ័រដាន់ ហើយ​ពី​ជុំវិញ​ទីរ៉ុស និង​ស៊ីដូន​ដែរ​។ ហ្វូងមនុស្ស​ដ៏ធំ​មករក​ព្រះអង្គ ដោយ​ឮ​ពី​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ធ្វើ​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ឲ្យ​ត្រៀម​ទូកតូច​មួយ​សម្រាប់​ព្រះអង្គ ដោយសារតែ​ហ្វូងមនុស្ស ក្រែងលោ​ពួកគេ​សង្កត់​ព្រះអង្គ​។ ដ្បិត​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា ហេតុនេះ​អស់អ្នកដែល​មាន​ការឈឺចុកចាប់​ក៏​សម្រុកមក ដើម្បី​ពាល់​ព្រះអង្គ​។ កាលណា​ពួក​វិញ្ញាណអសោច​ឃើញ​ព្រះអង្គ ពួកវា​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ ហើយ​ស្រែកឡើង​ថា​៖ “​ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!​”​។ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ហាម​ពួកវា​យ៉ាងតឹងរ៉ឹង មិនឲ្យ​ពួកវា​ធ្វើឲ្យ​គេ​ស្គាល់​ព្រះអង្គ​ឡើយ​។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ឡើងទៅ​លើ​ភ្នំ ហើយ​ហៅ​អ្នកដែល​ព្រះអង្គ​សព្វព្រះទ័យ​មក ពួកគេ​ក៏​មកឯ​ព្រះអង្គ រួច​ព្រះអង្គ​តែងតាំង​ដប់ពីរ​នាក់​ដែល​ព្រះអង្គ​ហៅថា​សាវ័ក ដើម្បីឲ្យ​ពួកគេ​នៅ​ជាមួយ​ព្រះអង្គ និង​ដើម្បី​ចាត់​ពួកគេ​ឲ្យទៅ​ប្រកាស​ដំណឹងល្អ ព្រមទាំង​ឲ្យ​មាន​សិទ្ធិអំណាច ​ដេញ​អារក្ស​ផង​។ ដូច្នេះ ព្រះអង្គ​បាន​តែងតាំង​ដប់ពីរ​នាក់ ​: ស៊ីម៉ូន​——​ព្រះអង្គ​ដាក់ឈ្មោះ​ថា ពេត្រុស​; យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​ ​របស់​យ៉ាកុប ——​ព្រះអង្គ​ដាក់ឈ្មោះ​ពួកគេ​ថា “​បោនអ៊ើកេ​” ដែល​មានអត្ថន័យប្រែថា “​កូន​ផ្គរលាន់​”​; អនទ្រេ​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។ ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ ហ្វូងមនុស្ស​ក៏​មកផ្ដុំគ្នា​ម្ដងទៀត ធ្វើឲ្យ​ព្រះអង្គ និងពួកសិស្ស​មិនអាច​ហូប​អាហារ​បាន​។ នៅពេល​សាច់ញាតិ​របស់​ព្រះអង្គ​បាន​ឮ ពួកគេ​ក៏​ចេញមក​ចាប់​ព្រះអង្គ ពីព្រោះ​គេ​ថា​៖ “​គាត់​វិកលចរិត​ហើយ​”​។ ពួក​គ្រូវិន័យ​ដែល​ចុះមក​ពី​យេរូសាឡិម​និយាយ​ថា​៖ “​គាត់​មាន​បេលសេប៊ូល​ចូល គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ​”។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖ “​តើ​សាតាំង​អាច​ដេញ​សាតាំង​យ៉ាងដូចម្ដេច​បាន​? ប្រសិនបើ​អាណាចក្រ​មួយ​បាក់បែកផ្ទៃក្នុង អាណាចក្រ​នោះ​មិនអាច​នៅឈរ​បានឡើយ ហើយ​ប្រសិនបើ​គ្រួសារ​មួយ​បាក់បែកផ្ទៃក្នុង គ្រួសារ​នោះ​ក៏​មិនអាច​នៅឈរ​បាន​ដែរ​។ ប្រសិនបើ​សាតាំង​ក្រោកឡើង​ប្រឆាំងនឹង​ខ្លួនវា ហើយ​បាក់បែកគ្នា វា​មិនអាច​នៅឈរ​បានទេ គឺ​ចប់​ហើយ​។ “​គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ប្លន់​របស់របរ​គាត់​បាន​ឡើយ លុះត្រាតែ​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មនុស្សជាតិ នឹង​ត្រូវបាន​លើកលែងទោស ចំពោះ​បាប​ទាំងអស់ និង​ពាក្យប្រមាថ​អ្វីក៏ដោយដែល​គេ​និយាយប្រមាថព្រះ ប៉ុន្តែ​អ្នកណាក៏ដោយដែល​និយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ គ្មាន​ការលើកលែងទោស​ជារៀងរហូត គឺ​មាន​ទោស​អំពី​បាប​អស់កល្បជានិច្ច វិញ​”។ ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ ពីព្រោះ​គេ​និយាយថា​៖ “​គាត់​មាន​វិញ្ញាណអសោច​ចូល​”។ បន្ទាប់មក ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះយេស៊ូវ​បាន​មកដល់ ហើយ​ឈរ​នៅ​ខាងក្រៅ ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​។ ហ្វូងមនុស្ស​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ក៏​ទូល​ព្រះអង្គ​ថា​៖ “​មើល៍! ម្ដាយ និង​ប្អូនប្រុស​ប្អូនស្រី ​របស់លោក​មក​រក​លោក​នៅ​ខាងក្រៅ​”​។ ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​តើ​នរណា​ជា​ម្ដាយ និង​ជា​បងប្អូន​របស់ខ្ញុំ​?​”​។ ព្រះអង្គ​ទត​មើល​អ្នក​ដែល​កំពុង​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “​មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​! ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ​”​៕ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅ​មាត់បឹង ​ម្ដងទៀត​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក​នៅ​មាត់​បឹង រីឯ​ហ្វូងមនុស្ស​ទាំងមូល​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​។ ព្រះអង្គ​ទ្រង់​បង្រៀន​អំពី​សេចក្ដី​ជាច្រើន​ដល់​ពួកគេ ដោយ​ពាក្យឧបមា ហើយ​នៅក្នុង​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​ស្ដាប់​ចុះ មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។ នៅពេល​គាត់​កំពុង​សាប​ព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ហើយ​បក្សាបក្សី ក៏​មក​ស៊ីអស់​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​កន្លែងសម្បូរថ្ម ជា​កន្លែងដែល​មិនមាន​ដី​ច្រើន វា​ក៏​ដុះឡើង​ភ្លាម ដោយសារ​ដី​មិនជ្រៅ ប៉ុន្តែ​នៅពេល​ថ្ងៃរះឡើង វា​ក៏​ស្លោក ហើយ​ដោយសារ​គ្មាន​ឫស វា​ក៏​ក្រៀមស្វិត​ទៅ​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់ ហើយ​រួបរឹត​វា នោះ​វា​មិន​បង្កើត​ផល​ឡើយ​។ រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ វា​ដុះឡើង ហើយ​លូតលាស់ រួច​បង្កើត​ផល គឺ​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយរយ​”​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូលថា​៖ “​អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ​!​”​។ ពេល​ព្រះយេស៊ូវ​គង់នៅ​តែព្រះអង្គឯង ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ព្រមទាំង​សាវ័ក ​ទាំង​ដប់ពីរ​នាក់ ក៏​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​ទាំងនេះ​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​មក​អ្នករាល់គ្នា​ហើយ ​ រីឯ​អ្នកដទៃ រឿង​ទាំងអស់​មក​ជា​ពាក្យឧបមា​វិញ​។ នេះគឺ​ដើម្បីឲ្យ​: ‘​ពួកគេ​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់ ក្រែងលោ​ពួកគេ​បែរមកវិញ ហើយ​ត្រូវបាន​លើកលែងទោស ’ ”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មិន​យល់​ពាក្យឧបមា​នេះ​ទេ​ឬ​? បើដូច្នេះ តើ​អ្នករាល់គ្នា​នឹង​យល់​ពាក្យឧបមា​ទាំងអស់​យ៉ាងដូចម្ដេច​? អ្នកសាបព្រោះ គឺ​សាបព្រោះ​ព្រះបន្ទូល​។ គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ ជា​កន្លែងដែល​ព្រះបន្ទូល​ត្រូវបាន​សាបព្រោះ គឺ​មនុស្ស​បែបនេះ​: នៅពេល​ពួកគេ​ឮ​ហើយ សាតាំង​ក៏​មក​ឆក់យក​ព្រះបន្ទូល​ដែល​ត្រូវបាន​សាបព្រោះ​នៅក្នុង​ចិត្ត​ពួកគេ ទៅ​ភ្លាម។ គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​កន្លែងសម្បូរថ្ម គឺ​មនុស្ស​បែបនេះ​: នៅពេល​ពួកគេ​ឮ​ព្រះបន្ទូល​ហើយ ពួកគេ​ក៏​ទទួលយក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួនគេ​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ លុះដល់​ពេល​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល ពួកគេ​ក៏​ជំពប់ដួលភ្លាម​។ គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​មនុស្ស​ផ្សេងទៀត​: ពួកគេ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ ព្រមទាំង​ចំណង់​ផ្សេង​ៗ​ចូលមក​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។ រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​មនុស្ស​បែបនេះ​: ពួកគេ​ឮ​ព្រះបន្ទូល​ក៏​ទទួលយក រួច​បង្កើតផល គឺ​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយរយ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចង្កៀង​យកមក មិនមែន​ដើម្បី​ដាក់​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ទេ មែនទេ​? តើ​មិនមែន​ដើម្បី​ដាក់​លើ​ជើងចង្កៀង​ទេ​ឬ​? ដូច្នេះ គ្មាន​ការ​សម្ងាត់​អ្វី​ដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​ត្រូវ​បាន​លាតត្រដាង​ដែរ​។ អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!​”។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖ “​ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ​។ ដោយ​រង្វាល់​ណា​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ នោះ​នឹង​ត្រូវបាន​វាល់​ឲ្យ​អ្នករាល់គ្នា​វិញ ព្រមទាំង​ត្រូវបាន​បន្ថែម​ឲ្យ​អ្នករាល់គ្នា ទៀតផង​។ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​”។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖ “​អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​បុរស​ម្នាក់​ព្រោះ​គ្រាប់ពូជ​ទៅលើ​ដី គាត់​ដេកងើបៗ​ទាំងយប់ទាំងថ្ងៃ គ្រាប់ពូជ​នោះ​ក៏​ចេញពន្លក ហើយ​ដុះឡើង ប៉ុន្តែ​គាត់​មិន​ដឹង​ថា​របៀបណា​ឡើយ​។ ផែនដី​បង្កើតផល​ដោយខ្លួនវា គឺ​មុនដំបូង​ជា​ស្លឹក បន្ទាប់មក​ជា​កួរ បន្ទាប់មកទៀត​បាន​ដាក់គ្រាប់​ក្នុង​កួរ​។ នៅពេល​គ្រាប់​ទុំ គេ​ក៏​យក​កណ្ដៀវ​មកច្រូត​ភ្លាម ពីព្រោះ​ដល់​រដូវច្រូតកាត់​ហើយ”។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖ “​តើ​យើង​គួរ​ប្រៀបប្រដូច​អាណាចក្រ​របស់​ព្រះ​ទៅនឹងអ្វី ឬ​គួរ​ពិពណ៌នា ដោយ​ពាក្យឧបមា​អ្វី​? គឺ​ដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ នៅពេល​ព្រោះ​ទៅលើ​ដី វា​ល្អិតជាង​គ្រាប់ពូជ​ទាំងអស់​នៅលើ​ផែនដី ប៉ុន្តែ​នៅពេល​ព្រោះ​ហើយ វា​លូតលាស់​បាន​ធំជាង​ដំណាំបន្លែ​ទាំងអស់ ហើយ​បែកមែក​ធំ​ៗ ធ្វើឲ្យ​បក្សាបក្សីនៅលើអាកាស​អាច​ធ្វើសម្បុក​ក្រោម​ម្លប់​វា​បាន​”​។ ព្រះយេស៊ូវ​ទ្រង់​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​ដោយ​ពាក្យឧបមា​បែបនេះ​ជាច្រើន តាមដែល​ពួកគេ​អាច​ស្ដាប់​បាន។ ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បកស្រាយ​អ្វីៗ​ទាំងអស់ឲ្យតែ​ពួក​សិស្ស​របស់ព្រះអង្គ​ប៉ុណ្ណោះ​។ លុះដល់​ពេលល្ងាច​ថ្ងៃ​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា៖ “​យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​”​។ នៅពេល​ចាកចេញ​ពី​ហ្វូងមនុស្ស ពួកគេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ ទាំង​ព្រះអង្គ​គង់នៅ​ក្នុង​ទូក​។ មាន​ទូក ​ឯទៀតៗ​ទៅជាមួយ​ព្រះអង្គ​ដែរ​។ បន្ទាប់មក មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​កើតឡើង ហើយ​រលក​បក់បោក​មកក្នុង​ទូក ធ្វើឲ្យ​ទូក​បាន​ពេញព្រៀប​ហើយ​។ រីឯ​ព្រះយេស៊ូវ​គង់នៅ​កន្សៃទូក កំពុង​ផ្ទំលក់​លើ​ខ្នើយ​។ ដូច្នេះ ពួកគេ​ក៏​ដាស់​ព្រះអង្គ​ឡើង ហើយ​ទូលថា​៖ “​លោកគ្រូ​! តើ​លោក​មិន​ខ្វល់​ថា យើងខ្ញុំ​កំពុង​វិនាស​ទេ​ឬ​?​”​។ ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ ហើយ​មានបន្ទូល​នឹង​រលក ​ថា៖ “​ចូរ​ស្ងៀម​ស្ងប់​ទៅ​!​”​។ ពេលនោះក៏​ឈប់​ខ្យល់ ហើយ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​? តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​?​”​។ ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “​ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!​”​៕ ព្រះយេស៊ូវ និងពួកសិស្ស​មកដល់​ត្រើយម្ខាង​បឹង គឺ​ដល់​តំបន់​របស់​ជនជាតិគេរ៉ាស៊ីន ​។ នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​ពី​ទូក ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអសោច​ចូល ចេញពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ បុរសនោះ​ស្នាក់នៅ​តាម​រូងផ្នូរ គ្មានអ្នកណា​អាច​ចង​គាត់​បាន​ទៀត​ឡើយ សូម្បីតែ​ជាមួយនឹង​ច្រវាក់​ក៏ដោយ​។ គាត់​ត្រូវគេ​ដាក់​ខ្នោះ និង​ច្រវាក់​ជាញឹកញាប់ ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ច្រវាក់ និង​បំបាក់​ខ្នោះ​។ គ្មានអ្នកណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ​។ គាត់​តែងតែ​ស្រែក​ជានិច្ច​នៅតាម​រូងផ្នូរ និង​ភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំង​ឆូត​ខ្លួន​ដោយ​ថ្ម​ផង​។ នៅពេល​ឃើញ​ព្រះយេស៊ូវ​ពី​ចម្ងាយ គាត់​ក៏​រត់​មក​ថ្វាយបង្គំ​ព្រះអង្គ ទាំង​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ​ដោយអាង​ព្រះ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!​”​។ ដ្បិត​ព្រះអង្គ​មានបន្ទូល​នឹង​វា​ថា៖ “​វិញ្ញាណអសោច​! ចេញ​ពី​អ្នក​នេះ​ទៅ​!​”​។ ព្រះអង្គ​ទ្រង់​សួរ​វា​ថា៖ “​តើ​ឯង​ឈ្មោះ​អ្វី?”​។ វា​ទូល​ឆ្លើយថា​៖ “​ទូលបង្គំ​ឈ្មោះ​កងទ័ព ពីព្រោះ​យើងខ្ញុំ​មានគ្នាច្រើន​”​។ វា​ក៏​ទទូច​អង្វរ​ព្រះអង្គ កុំឲ្យ​ព្រះអង្គ​បណ្ដេញ​ពួកវា​ចេញពី​តំបន់​នោះ​ឡើយ​។ នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។ វិញ្ញាណអសោចទាំងនោះ​ ​ទូល​អង្វរ​ព្រះអង្គ​ថា៖ “​សូម​បញ្ជូន​យើង​ខ្ញុំ​ទៅ​ក្នុង​ជ្រូក​ទាំងនោះ​ទៅ ដើម្បីឲ្យ​យើងខ្ញុំ​បាន​ចូល​ក្នុង​ពួកវា​”​។ ព្រះយេស៊ូវ​អនុញ្ញាត​ឲ្យ​ពួកវា ​។ វិញ្ញាណអសោច​ទាំងនោះ​ក៏​ចេញទៅ​ចូល​ក្នុង​ជ្រូក​។ ហ្វូង​ជ្រូក​ប្រមាណ​ពីរពាន់​ក្បាល​នោះ បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​ក្នុង​បឹង​នោះ​អស់ទៅ​។ ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។ គេ​ក៏​នាំគ្នា​មក ​មើល​អ្វី​ដែល​បាន​កើតឡើង។ ពួកគេ​មករក​ព្រះយេស៊ូវ ហើយ​ឃើញ​បុរស​អារក្សចូល គឺ​ម្នាក់​ដែល​ធ្លាប់​មាន “​កងទ័ព​” ចូល​នោះ កំពុង​អង្គុយ​ដោយ​មាន​ស្លៀក​សម្លៀកបំពាក់ និង​ដឹងស្មារតី ក៏​ធ្វើឲ្យ​ពួកគេ​ខ្លាច​។ ពួក​អ្នក​ដែល​ឃើញ​ក៏​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​បាន​កើតឡើង​ដល់​បុរស​អារក្សចូល និង​អំពី​ជ្រូក​ទាំងនោះ​។ ពួកគេ​ចាប់ផ្ដើម​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​តំបន់​របស់​ពួកគេ។ នៅពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​មាន​អារក្សចូល​ពីមុន​ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ​។ ប៉ុន្តែ​ព្រះអង្គ​មិន​អនុញ្ញាត​ទេ ផ្ទុយទៅវិញ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា៖ “​ចូរ​ទៅផ្ទះវិញ ទៅ​រក​ជនរួមជាតិ​របស់អ្នក​ចុះ ហើយ​ប្រាប់​ពួកគេ​ថា​ព្រះអម្ចាស់​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក និង​ថា​ព្រះអង្គ​ទ្រង់​មេត្តា​យ៉ាងណា​ដល់​អ្នក​”​។ គាត់​ក៏​ចេញទៅ ហើយ​ចាប់ផ្ដើម​ប្រកាស​នៅ​ដេកាប៉ូលី​ថា ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា​ដល់​គាត់​។ មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល​។ ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​វិញ​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នា​នៅ​ជុំវិញ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​គង់នៅ​មាត់បឹង​។ ពេលនោះ មាន​ម្នាក់​ក្នុង​ពួក​អ្នកគ្រប់គ្រងសាលាប្រជុំ​ឈ្មោះ​យ៉ៃរ៉ុស​បាន​មក​។ គាត់​ឃើញ​ព្រះអង្គ​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ “​កូនស្រី​របស់ខ្ញុំ​ជិតស្លាប់​ហើយ​។ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បីឲ្យ​នាង​បាន​ជាសះស្បើយ ហើយ​បាន​រស់​ផង​”​។ ដូច្នេះ ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង​។ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ​។ នាង​បាន​រងទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការព្យាបាល​របស់​គ្រូពេទ្យ​ជាច្រើន ទាំង​ចំណាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​សោះ ផ្ទុយទៅវិញ​កាន់តែ​ឈឺ​ធ្ងន់ថែមទៀត​។ នៅពេល​ឮ​អំពី​ព្រះយេស៊ូវ នាង​ក៏​មក​ពីខាងក្រោយ​ព្រះអង្គ​ក្នុង​ហ្វូងមនុស្ស ហើយ​ពាល់​ព្រះពស្ត្រ​របស់​ព្រះអង្គ​។ ដ្បិត​នាង​គិត​ថា​៖ “​បើសិន​ខ្ញុំ​បាន​ពាល់​ត្រឹមតែ​អាវវែង​របស់​លោក ខ្ញុំ​នឹង​បាន​ជាសះស្បើយ​”​។ ភ្លាមនោះ ជំងឺធ្លាក់ឈាម​របស់​នាង​ក៏​បាត់ ហើយ​នាង​ក៏​ដឹង​ក្នុង​ខ្លួន​ថា នាង​ត្រូវបាន​ប្រោសឲ្យជា​ពី​ការឈឺចុកចាប់​នោះ​ហើយ។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា ព្រះចេស្ដា​បាន​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​ងាក​នៅក្នុង​ហ្វូងមនុស្ស ហើយ​មានបន្ទូលថា​៖ “​នរណា​ពាល់​អាវ​ខ្ញុំ​?​”​។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ “​លោក​ឃើញ​ហ្វូងមនុស្ស​ប្រជ្រៀត​លោក​ហើយ ម្ដេចក៏​សួរថា​: ‘​នរណា​ពាល់​ខ្ញុំ​?​’​”​។ ប៉ុន្តែ​ព្រះអង្គ​ទត​មើលជុំវិញ ដើម្បីឲ្យ​ឃើញ​អ្នក​ដែល​ធ្វើ​ការនេះ​។ ស្ត្រី​នោះ​ដឹង​អ្វីដែល​បាន​កើតឡើង​ដល់​ខ្លួននាង ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅមុខ​ព្រះអង្គ ទូល​ការពិត​ទាំងស្រុង​ដល់​ព្រះអង្គ​។ ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា៖ “​កូនស្រី​អើយ ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​បាន​រួចផុត​ពី​ការឈឺចុកចាប់​របស់នាង​ចុះ”​។ ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​គេ​មក​ពី​ផ្ទះ​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់​ថា៖ “​កូនស្រី​របស់លោក​ស្លាប់​ហើយ លោក​នៅតែ​រំខាន​លោកគ្រូ​ធ្វើអី​ទៀត?​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​មិនអើពើនឹងស្ដាប់​ពាក្យ​ដែល​គេ​និយាយ​ទេ ក៏​មានបន្ទូល​នឹង​អ្នកគ្រប់គ្រងសាលាប្រជុំ​ថា​៖ “​កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​”។ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស ​របស់​យ៉ាកុប​ប៉ុណ្ណោះ​។ នៅពេល​ពួកគេ​មកដល់​ផ្ទះ​របស់​អ្នកគ្រប់គ្រងសាលាប្រជុំ ព្រះអង្គ​ទត​ឃើញ​ភាពវឹកវរ មាន​គេ​ទ្រហោយំ និង​ស្រែក​យ៉ាងខ្លាំង​។ ព្រះអង្គ​ក៏​យាង​ចូលទៅ មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​វឹកវរ និង​ទ្រហោយំ​ដូច្នេះ​? ក្មេង​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ​”​។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញ ហើយ​នាំ​ឪពុក​ម្ដាយ​របស់​ក្មេង និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ចូលទៅ​កន្លែងដែល​ក្មេង​នោះ​នៅ ​។ ព្រះអង្គ​កាន់​ដៃ​ក្មេង​នោះ ហើយ​មានបន្ទូល​នឹង​នាង​ថា​៖ “​តាលីថា​គូម​! ” ដែល​មានអត្ថន័យប្រែថា “​ក្មេងស្រី​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោកឡើង​!​”​។ ក្មេងស្រី​នោះ​ក៏​ក្រោកឡើង​ភ្លាម ចាប់ផ្ដើម​ដើរ​ទៅដើរមក ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ​។ ភ្លាមនោះ ពួកគេ​ភ្ញាក់ផ្អើល ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។ ព្រះយេស៊ូវ​ទ្រង់​ហាម​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណា​ដឹង​រឿងនេះ​ឡើយ រួច​ព្រះអង្គ​មានបន្ទូល​ឲ្យ​គេ​ឲ្យ​អាហារ​នាង​ហូប​៕ ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ ហើយ​ទៅដល់​ស្រុកកំណើត​របស់​ព្រះអង្គ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។ លុះដល់​ថ្ងៃសប្ប័ទ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅក្នុង​សាលាប្រជុំ​។ មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​ក៏​ស្ងើច ទាំង​ពោលថា​៖ “​តើ​អ្នកនេះ​បាន​សេចក្ដី​ទាំងនេះ​មក​ពីណា​? ប្រាជ្ញា​ដែល​ប្រទាន​ដល់​អ្នកនេះ​ជា​អ្វី​? ការអស្ចារ្យ​បែបនេះ​កើតឡើង​ដោយ​ដៃ​របស់​គាត់​យ៉ាងដូចម្ដេច​? តើ​អ្នកនេះ​មិនមែន​ជា​ជាងឈើ ជា​កូន​របស់​ម៉ារា ហើយ​ជា​បងប្រុស ​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​? ប្អូនស្រី ​របស់​គាត់​ក៏​មិនមែន​នៅ​ទីនេះ​ជាមួយ​យើង​ទេ​ឬ​?​”​។ ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត ក្នុងចំណោម​សាច់ញាតិ និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​”​។ ដូច្នេះ ក្រៅពី​ដាក់​ព្រះហស្ត​លើ​អ្នកជំងឺ​ខ្លះ​ឲ្យជា ព្រះអង្គ​មិនអាច​ធ្វើ​ការអស្ចារ្យ​អ្វី​នៅ​ទីនោះ​បានឡើយ​។ ព្រះយេស៊ូវ​ទ្រង់​នឹកឆ្ងល់ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​។ បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ភូមិ​នានា ទាំង​បង្រៀន​ផង​។ ព្រះអង្គ​ទ្រង់​ហៅ​សាវ័ក ​ទាំង​ដប់ពីរ​នាក់​មក ហើយ​ចាប់ផ្ដើម​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យ​ទៅ ព្រមទាំង​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ​ផង​។ ព្រះអង្គ​បង្គាប់​ពួកគេ​ថា​៖ “​កុំ​យក​អ្វី​សម្រាប់​ការធ្វើដំណើរ​ឡើយ លើកលែងតែ​ឈើច្រត់​ប៉ុណ្ណោះ​។ កុំ​យក​នំប៉័ង កុំ​យក​ថង់យាម កុំ​យក​លុយកាក់​ដាក់​ក្នុង​ខ្សែក្រវាត់​ឡើយ​។ ប៉ុន្តែ​ឲ្យ​ពាក់​ស្បែកជើង ហើយ​មិន​ត្រូវ​ពាក់​អាវ ពីរ​ទេ”​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា៖ “​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ទីណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ពីទីនោះ​ចុះ​។ រីឯ​កន្លែង​ណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​អ្នករាល់គ្នា នៅពេល​ចេញ​ពីទីនោះ ចូរ​រលាស់​ធូលី​ចេញ​ពី​បាតជើង​របស់អ្នករាល់គ្នា ទុកជា​ទីបន្ទាល់​ទាស់នឹង​ពួកគេ ”​។ សាវ័កទាំងដប់ពីរ​បាន​ចេញទៅ​ប្រកាស​ថា មនុស្ស​ត្រូវតែ​កែប្រែចិត្ត​។ ពួកគេ​ក៏​ដេញ​អារក្ស​ជាច្រើន​ឲ្យចេញ ព្រមទាំង​លាប​ប្រេង​លើ​អ្នកជំងឺ​ជាច្រើន​ដើម្បី​ប្រោស​គេ​ឲ្យជា​។ ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា ​៖ “​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”​។ អ្នកខ្លះ​ថា៖ “​គាត់​ជា​អេលីយ៉ា​”​។ អ្នកខ្លះទៀត​ថា៖ “​គាត់​ជា​ព្យាការី ដូចជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី​ជំនាន់មុន ​”​។ រីឯ​ហេរ៉ូឌ​វិញ នៅពេល​ឮ​អំពីការទាំងនេះ ក៏​មានរាជឱង្ការថា​៖ “​គឺ​យ៉ូហាន​ដែល​យើង​បាន​កាត់ក្បាល​នោះ ត្រូវបាន​លើកឲ្យរស់ឡើងវិញ ​ហើយ​”​។ ជាការពិត ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យទៅ​ចាប់​យ៉ូហាន ហើយ​ចង​គាត់​នៅក្នុង​គុក ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ ​របស់​ទ្រង់​។ ដោយសារ​ហេរ៉ូឌ​បាន​រៀបអភិសេក​ជាមួយ​នាង យ៉ូហាន​ក៏​ទូល​ហេរ៉ូឌ​ថា៖ “​ព្រះករុណា​យក​មហេសី​របស់​អនុជ​ទ្រង់ ខុសច្បាប់​ហើយ​”​។ ចំណែកឯ​ហេរ៉ូឌាស​ក៏​ចងគំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ ប៉ុន្តែ​មិនអាច​ធ្វើ​បាន ពីព្រោះ​ហេរ៉ូឌ​កោតខ្លាច​យ៉ូហាន ដោយ​ដឹងថា​គាត់​ជា​មនុស្ស​សុចរិត និង​វិសុទ្ធ ដូច្នេះ​ទ្រង់​ក៏​ការពារ​គាត់​។ នៅ​ពេល​សណ្ដាប់​យ៉ូហាន ទ្រង់​ក៏​វល់ព្រះទ័យ​យ៉ាងខ្លាំង ប៉ុន្តែ​បាន​សណ្ដាប់​គាត់​ដោយអំណរ​។ ប៉ុន្តែ​មាន​ឱកាសល្អ​មកដល់ គឺ​នៅ​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ ទ្រង់​បាន​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួក​នាម៉ឺន ពួក​មេទ័ព និង​ពួក​អភិជន​នៃ​កាលីឡេ​។ កូនស្រី​របស់​ហេរ៉ូឌាស ​បាន​ចូលមក​រាំ ហើយ​បាន​បំពេញព្រះទ័យ​ហេរ៉ូឌ និង​ភ្ញៀវរួមតុអាហារ ស្ដេច​ក៏​មានរាជឱង្ការ​នឹង​ក្មេងស្រី​នោះ​ថា៖ “​អ្វីក៏ដោយដែល​នាង​ចង់បាន ចូរ​សុំ​យើង​ចុះ យើង​នឹង​ឲ្យ​នាង​”​។ រួច​ទ្រង់​ក៏​ស្បថ​នឹង​នាង​យ៉ាងម៉ឺងម៉ាត់​ថា៖ “​អ្វីក៏ដោយដែល​នាង​សុំ​យើង យើង​នឹង​ឲ្យ​នាង ទោះបីជា​ដល់​មួយចំហៀង​នៃ​អាណាចក្រ​របស់យើង​ក៏ដោយ​”​។ នាង​ចេញទៅ​សួរ​ម្ដាយ​នាង​ថា៖ “​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​”។ ម្ដាយនាង​ឆ្លើយថា​៖ “​ក្បាល​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​!​”​។ នាង​ក៏​ប្រញាប់​ចូលទៅ​ឯ​ស្ដេច​ភ្លាម ហើយ​ទូល​សុំ​ថា៖ “​ខ្ញុំម្ចាស់​ចង់ឲ្យ​ព្រះករុណា​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​ឥឡូវនេះ​ផង​”។ ស្ដេច​ក៏​ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​មិន​ចង់​បដិសេធ​នាង​ទេ​។ ដូច្នេះ ស្ដេច​ទ្រង់​ចាត់​ពេជ្ឈឃាដ​ឲ្យទៅ​ភ្លាម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​របស់​យ៉ូហាន​មក​។ ពេជ្ឈឃាដ​ក៏​ចេញទៅ​កាត់ក្បាល​យ៉ូហាន​នៅក្នុង​គុក ហើយ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​ក្មេងស្រី​នោះ ក្មេងស្រី​ក៏​យកទៅ​ឲ្យ​ម្ដាយ​របស់​នាង​។ នៅពេល​ពួក​សិស្ស​របស់​យ៉ូហាន​បាន​ឮ ពួកគេ​ក៏​មក​យក​សព​គាត់​ទៅ​ដាក់​ក្នុង​រូងផ្នូរ។ ពួក​សាវ័ក​បាន​ជួបជុំគ្នា​នៅមុខ​ព្រះយេស៊ូវ ហើយ​ទូល​ព្រះអង្គ​អំពី​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ និង​អ្វីៗដែល​ពួកគេ​បាន​បង្រៀន​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​មក៍! ចូរ​អ្នករាល់គ្នា​សម្រាក​បន្តិច​នៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែក្រុមអ្នក​ចុះ​”​។ ដ្បិត​មាន​មនុស្ស​ជាច្រើន​មកជាបន្តបន្ទាប់ ដូច្នេះ​សូម្បីតែ​ពេល​ហូប​ក៏គ្មានផង​។ ពួកគេ​ក៏​ជិះ​ទូក​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែក្រុមពួកគេ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន ​បាន​ឃើញ​ពួកគេ​ចេញទៅ ក៏​ស្គាល់​ពួកគេ ​។ គេ​ក៏​នាំគ្នារត់​ពី​ទីក្រុង​ទាំងអស់​ទៅ​ទីនោះ​ដោយថ្មើរជើង ហើយ​ដល់មុន​ពួកគេ ​។ នៅពេល​យាង​ឡើង​ពី​ទូក ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ ក៏​មាន​ព្រះទ័យអាណិតអាសូរ​ចំពោះ​ពួកគេ ពីព្រោះ​ពួកគេ​ដូចជា​ចៀម​ដែល​គ្មាន​អ្នកគង្វាល​។ ព្រះអង្គ​ក៏​ចាប់ផ្ដើម​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជាច្រើន​។ លុះ​ជ្រុល​ម៉ោង​ហើយ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូល‍មកជិត​ព្រះអង្គ ទូល​ថា​៖ “​កន្លែង​នេះ​ស្ងាត់ដាច់ពីគេ ម៉ោង​ក៏​ជ្រុល​ហើយ​។ សូម​ឲ្យ​ពួកគេ​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ស្រុកភូមិ​នានា​នៅ​ជុំវិញ ទិញ​អ្វី​ហូប​ខ្លួនឯង ​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ​”។ ពួកសិស្ស​ទូល​ថា​៖ “​តើ​ឲ្យ​យើងខ្ញុំ​ទៅ​ទិញ​នំប៉័ង​អស់​ពីររយ​ឌេណារី ឲ្យ​ពួកគេ​ហូប​ឬ?”។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​? ទៅ​មើល​មើល៍”។ នៅពេល​បាន​ដឹង​ហើយ ពួកគេ​ទូលថា​៖ “​មាន​ប្រាំ និង​ត្រី​ពីរ”​។ ព្រះអង្គ​ក៏​បង្គាប់​ពួកគេ​ឲ្យប្រាប់​មនុស្ស​ទាំងអស់​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅលើ​ស្មៅ​ខៀវខ្ចី​។ គេ​ក៏​អង្គុយ​ជា​ក្រុមៗ ក្រុមខ្លះ​មួយរយ​នាក់ ក្រុមខ្លះ​ហាសិប​នាក់​។ នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូវ​ទ្រង់​ងើយមើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​នំប៉័ង​ទាំងនោះ​ប្រទាន​ដល់​ពួក​សិស្ស ដើម្បីឲ្យ​ពួកគេ​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ព្រះអង្គ​ក៏​បាន​បែងចែក​ត្រី​ពីរ​នោះ​ដល់​មនុស្ស​គ្រប់គ្នា​ដែរ​។ ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​នំប៉័ង និង​ត្រី​បាន​ដប់ពីរ​កន្ត្រក​ពេញ​។ អ្នក​ដែល​ហូប​នំប៉័ង មាន​ប្រាំពាន់​នាក់​ជា​មនុស្សប្រុស​។ ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​បេតសៃដា​នៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។ នៅពេល​លា​ហ្វូងមនុស្ស​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅលើ​ភ្នំ​ដើម្បី​អធិស្ឋាន​។ លុះដល់​ពេលល្ងាច ទូក​បាន​នៅ​កណ្ដាល​បឹង រីឯ​ព្រះយេស៊ូវ​វិញ ព្រះអង្គគង់​នៅលើ​គោក​តែព្រះអង្គឯង​។ ព្រះអង្គ​ទត​ឃើញ​ពួកសិស្ស​រងការលំបាក​ក្នុង​ការអុំទូក ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ ហើយ​មានព្រះទ័យ​ចង់​យាង​បង្ហួស​ពួកគេ​។ ប៉ុន្តែ​នៅពេល​ឃើញ​ព្រះអង្គ​កំពុង​យាង​លើ​ទឹក​បឹង ពួកគេ​គិត​ថា​ជា​ខ្មោច ក៏​ស្រែកឡើង ដ្បិត​ទាំងអស់គ្នា​បាន​ឃើញ​ព្រះអង្គ ហើយ​ភ័យស្លុត​។ ភ្លាមនោះ ព្រះអង្គ​មានបន្ទូល​ជាមួយ​ពួកគេ ហើយ​ប្រាប់ថា​៖ “​ចូរ​ក្លាហានឡើង​! គឺ​ខ្ញុំ​ទេតើ កុំ​ខ្លាច​ឡើយ​!​”​។ បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទូក​ជាមួយ​ពួកគេ ពេលនោះក៏​ឈប់​ខ្យល់​។ ពួកគេ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​យ៉ាងក្រៃលែង ​។ ដ្បិត​ពួកគេ​មិន​បាន​យល់​អំពី​រឿង​នំប៉័ង​ទេ គឺ​ចិត្ត​របស់​ពួកគេ​នៅតែ​រឹងរូស​។ នៅពេល​ឆ្លង​ហើយ ពួកគេ​ក៏​ឡើង​គោក​នៅ​គេនេសារ៉ែត ហើយ​ចងទូក​នៅទីនោះ​។ កាល​ពួកគេ​ឡើង​ពី​ទូក ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម​។ គេ​រត់ពាសពេញ​ទូទាំង​តំបន់​នោះ ហើយ​ចាប់ផ្ដើម​យក​កន្ទេល សែង​អ្នកមានជំងឺ​ទៅ​កន្លែងដែល​ពួកគេ​ឮ​ថា​ព្រះអង្គ​គង់នៅ​។ នៅ​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ចូល មិនថា​ក្នុង​ភូមិ ក្នុង​ទីក្រុង ឬ​តាម​ជនបទ ពួកគេ​តែងតែ​ដាក់​ពួក​អ្នកជំងឺ​តាម​ផ្សារ ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ព្រះអង្គ ក៏​បាន​ជាសះស្បើយ​៕ មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ខ្លះ​ដែល​មក​ពី​យេរូសាឡិម ប្រមូលគ្នាមក​រក​ព្រះយេស៊ូវ​។ ពួកគេ​បាន​ឃើញ​ថា​សិស្ស​ខ្លះ​របស់​ព្រះអង្គ​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ គឺ​ដៃ​ដែល​មិនបានលាង ​។ ជាការពិត ពួកផារិស៊ី និង​ជនជាតិយូដា​ទាំងអស់​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​ចាស់បុរាណ គឺ​ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​លាង​ដៃ​តាមពិធី ​ទេ​។ នៅពេល​មកពី​ផ្សារ​វិញ ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​ធ្វើពិធីជម្រះខ្លួន​ទេ​។ មាន​ទំនៀមទម្លាប់​ផ្សេងៗទៀត​ជាច្រើន ដែល​ពួកគេ​បាន​ទទួល​ដើម្បី​កាន់តាម ដូចជា​ការលាង​ពែង ថូ ភាជនៈទង់ដែង និង​តុកៅអី ​ជាដើម​។ ដូច្នេះ​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​សួរ​ព្រះអង្គ​ថា៖ “​ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​មិន​ដើរតាម​ទំនៀមទម្លាប់​របស់​ចាស់បុរាណ បែរជា​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ ​ទៅវិញ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ជា​មនុស្សមានពុត​ត្រូវ​ហើយ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: ‘​ប្រជាជន​នេះ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​។ ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្សជា​គោលលទ្ធិ ’​។ អ្នករាល់គ្នា​បាន​បោះបង់​សេចក្ដីបង្គាប់​របស់​ព្រះ​ចោល ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​មនុស្ស​វិញ ”។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា​៖ “​អ្នករាល់គ្នា​បោះបង់​សេចក្ដីបង្គាប់​របស់​ព្រះ​ចោល ដើម្បីឲ្យ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​នៅ​គង់​វង្ស អីក៏បានល្អម្ល៉េះ​! ដ្បិត​ម៉ូសេ​បាន​បង្គាប់ថា​: ‘​ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក​’ ​ ហើយ​ថា​: ‘​ត្រូវតែប្រហារជីវិត​អ្នក​ដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​’ ។ ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘​ប្រសិនបើ​មនុស្ស​ម្នាក់​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “​អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោកឪពុកអ្នកម្ដាយ ទៅជា​គ័របាន់​រួចហើយ​” (​គ័របាន់ មានអត្ថន័យប្រែថា តង្វាយ​ថ្វាយ​ព្រះ​) អ្នករាល់គ្នា​លែង​ឲ្យ​អ្នកនោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ទៀតឡើយ​’​។ អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ទៅជា​មោឃៈ​ដូច្នេះ ដោយ​ទំនៀមទម្លាប់​ដែល​អ្នករាល់គ្នា​បាន​ទទួល​តៗគ្នា​។ អ្នករាល់គ្នា​ក៏​ធ្វើ​ការ​ស្រដៀង​បែបនេះ​ជាច្រើន​ដែរ​”។ បន្ទាប់មក ព្រះអង្គ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក​ម្ដងទៀត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​អ្នក​ទាំងអស់គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​ចុះ គ្មានអ្វី​ពី​ខាងក្រៅ​ចូល​ក្នុង​មនុស្ស ដែល​អាច​ធ្វើឲ្យ​មនុស្ស សៅហ្មង​បាន​ឡើយ គឺ​អ្វីៗ​ដែល​ចេញមក​ពី​មនុស្ស​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។ អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ​! ”។ នៅពេល​ចេញពី​ហ្វូងមនុស្ស ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​នេះ​។ ព្រះអង្គ​ក៏​មានបន្ទូលថា​៖ “​តើ​អ្នករាល់គ្នា​ក៏​ខ្វះសមត្ថភាពយល់ដឹង​ដល់ថ្នាក់ហ្នឹង​ដែរ​ឬ​? តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ពី​ខាងក្រៅ​ដែល​ចូល​ក្នុង​មនុស្ស មិនអាច​ធ្វើឲ្យ​មនុស្ស​សៅហ្មង​បានឡើយ​? ដ្បិត​វា​មិន​ចូល​ក្នុង​ចិត្ត​ទេ គឺ​ចូលក្នុង​ពោះ ហើយ​ចេញទៅ​ក្នុង​បង្គន់​”​។ ដូច្នេះ ព្រះអង្គ​បញ្ជាក់​ថា​អាហារ​ទាំងអស់​សុទ្ធ​តែ​បរិសុទ្ធ​។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “​គឺ​អ្វី​ដែល​ចេញមក​ពី​មនុស្ស​វិញទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។ ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ខាងក្នុង គឺ​ពី​ចិត្ត​របស់​មនុស្ស ដូចជា​អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់ ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និង​អំពើឆោតល្ងង់​។ ការ​អាក្រក់​ទាំងអស់​នេះ​ចេញមក​ពី​ខាងក្នុង ហើយ​ធ្វើឲ្យ​មនុស្ស​សៅហ្មង​”​។ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង យាង​ចាកចេញ​ពីទីនោះ​ទៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន ​។ នៅពេល​ចូលទៅ​ក្នុង​ផ្ទះ ព្រះអង្គ​មិន​ចង់ឲ្យ​អ្នកណា​ដឹង​ឡើយ ប៉ុន្តែ​លាក់មិនជិត​។ មាន​ស្ត្រី​ម្នាក់​ដែល​កូនស្រី​របស់​នាង​មាន​វិញ្ញាណអសោច​ចូល​បាន​ឮ​អំពី​ព្រះអង្គ នាង​ក៏​មក​ក្រាបចុះ​ទៀប​ព្រះបាទា​របស់​ព្រះអង្គ​ភ្លាម​។ ស្ត្រី​នោះ​ជា​ក្រិក ជា​ជាតិសាសន៍​ហ្វេនីស៊ីក្នុងស៊ីរី​។ នាង​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ដេញ​អារក្ស​ចេញ​ពី​កូនស្រី​របស់​នាង​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​ត្រូវតែ​ឲ្យ​កូន​ៗ​បាន​ឆ្អែត​ជាមុនសិន ពីព្រោះ​ការ​ដែល​យក​នំប៉័ង​របស់​កូន​ៗ​បោះទៅ​ឲ្យ​កូនឆ្កែ មិន​ត្រូវ​ទេ​”។ នាង​ទូល​តប​ថា៖ “​ព្រះអម្ចាស់​អើយ ​! សូម្បីតែ​កូនឆ្កែ​នៅក្រោម​តុ​ក៏​ស៊ី​កម្ទេចអាហារ​របស់​ក្មេង‍ៗ​ដែរ”​។ ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា៖ “​ដោយសារតែ​ពាក្យ​នេះ ចូរ​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូនស្រី​របស់នាង​ហើយ”។ នៅពេល​ទៅ​ដល់​ផ្ទះ​វិញ នាង​ក៏​ឃើញ​កូន​នោះ ​ដេក​នៅលើ​គ្រែ រីឯ​អារក្ស​បាន​ចេញបាត់​ហើយ​។ ព្រះយេស៊ូវ​យាង​ចេញ​ពី​ស្រុក​ទីរ៉ុស ហើយ​យាង​កាត់​ស៊ីដូន ទៅ​បឹង ​កាលីឡេ​វិញ តាម​ស្រុក​ដេកាប៉ូលី​។ គេ​នាំ​បុរស​គ​ថ្លង់​ម្នាក់​មក​រក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ដាក់​ព្រះហស្ត​លើ​គាត់​។ ព្រះអង្គ​ក៏​នាំ​បុរសនោះ​ចេញទៅ​ដោយឡែក​ពី​ហ្វូងមនុស្ស ដាក់​ព្រះអង្គុលី ​របស់​ព្រះអង្គ​ក្នុង​ត្រចៀក​ទាំងសងខាង​របស់​គាត់ ហើយ​ស្ដោះ​ទឹកព្រះឱស្ឋ រួច​ពាល់​អណ្ដាត​របស់​គាត់ បន្ទាប់មក ព្រះអង្គ​ទ្រង់​ងើយមើល​ទៅ​មេឃ ដកដង្ហើមធំ រួច​មានបន្ទូល​នឹង​គាត់​ថា៖ “​អិបផាថា!​” ដែល​មានអត្ថន័យប្រែថា “​ចូរ​បើកឡើង​”។ ភ្លាមនោះ ត្រចៀក​របស់​គាត់​ត្រូវបាន​បើក រីឯ​ចំណង​នៃ​អណ្ដាត​របស់​គាត់​ត្រូវ​បាន​ស្រាយ ហើយ​គាត់​ក៏​និយាយ​បាន​ច្បាស់​។ ព្រះយេស៊ូវ​បាន​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណាឡើយ ប៉ុន្តែ​ព្រះអង្គ​កាន់តែ​ហាម​ពួកគេ ពួកគេ​ក៏​កាន់តែ​ប្រកាស​ច្រើនឡើង​។ គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “​លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ​”​៕ នៅ​គ្រានោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ម្ដងទៀត ពួកគេ​គ្មាន​អ្វី​ហូប​ឡើយ​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។ បើសិន​ខ្ញុំ​ឲ្យ​ពួកគេ​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន ពួកគេ​នឹង​សន្លប់​តាមផ្លូវ ពីព្រោះ​អ្នកខ្លះ​បាន​មក​ពី​ឆ្ងាយ​”​។ ពួក​សិស្ស​ទូល​តប​ថា៖ “​នៅ​ទីរហោស្ថាន​ដូច្នេះ តើ​អាច​យក​នំប៉័ង​មកពីណា ដើម្បី​ចម្អែត​មនុស្ស​ទាំងនេះ​បាន​?​”​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?​”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​មាន​ប្រាំពីរ​”។ ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី។ នៅពេល​យក​នំប៉័ង​ប្រាំពីរ ព្រះអង្គ​ក៏​អរព្រះគុណ ហើយ​កាច់​នំប៉័ងទាំងនោះ រួច​ប្រទាន​ដល់​ពួក​សិស្ស​ដើម្បីឲ្យ​ពួកគេ​ចែក ពួកគេ​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ពួកគេ​មាន​ត្រីតូចៗ​ខ្លះ​ដែរ ដូច្នេះ​ព្រះអង្គ​ក៏​ប្រទានពរ ហើយ​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះ​ដែរ​។ ពួកគេ​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែលសេសសល់​បាន​ប្រាំពីរ​កញ្ឆេ​។ នៅទីនោះ មាន​មនុស្ស​ប្រមាណ​បួនពាន់​នាក់ ​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទៅវិញ រួចក៏​ជិះ​ទូក​ជាមួយ​ពួក​សិស្ស​ភ្លាម ហើយ​ទៅដល់​តំបន់​ដាលម៉ានូថា ​។ មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។ ព្រះយេស៊ូវ​ទ្រង់​ដកដង្ហើមធំយ៉ាងវែង​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “​ហេតុអ្វីបានជា​ជំនាន់​នេះ​ទាមទារ​ទីសម្គាល់​ដូច្នេះ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​ជំនាន់​នេះ​ឡើយ”​។ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។ ពួកសិស្ស​ភ្លេច​យក​នំប៉័ង​មក ដូច្នេះ​ក្រៅពី​នំប៉័ង​មួយ ពួកគេ​គ្មានអ្វីសោះ​នៅលើ​ទូក​។ ពេលនោះ ព្រះអង្គ​ទ្រង់​បង្គាប់​ពួកគេ​ថា៖ “​ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​មេម្សៅ​របស់​ពួក​ហេរ៉ូឌ​ចុះ​”​។ ពួកសិស្ស​ក៏​ជជែក​គ្នា ដោយសារ​គ្មាន​នំប៉័ង​។ ព្រះយេស៊ូវ​បាន​ជ្រាប ក៏​សួរ​ពួកគេ​ថា៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​ថា​គ្មាន​នំប៉័ង​ដូច្នេះ​? តើ​អ្នករាល់គ្នា​មិនទាន់​ភ្លឺ ហើយមិនទាន់​យល់​ទេ​ឬ? តើ​ចិត្ត​របស់អ្នករាល់គ្នា​នៅតែ​រឹងរូស​ឬ? អ្នករាល់គ្នា​មាន​ភ្នែក តែ​មើលមិនឃើញ មាន​ត្រចៀក តែ​ស្ដាប់មិនឮ​ទេឬ​? ​ អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​? នៅពេល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ឲ្យ​ប្រាំពាន់​នាក់ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កន្ត្រក?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​ដប់ពីរ​កន្ត្រក”​។ “​ចុះ​ពេល​កាច់​នំប៉័ង​ប្រាំពីរ​ឲ្យ​បួនពាន់​នាក់​វិញ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កញ្ឆេ​?​”​។ ពួកគេ​ទូល​ឆ្លើយថា​៖ “​ប្រាំពីរ​កញ្ឆេ​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អ្នករាល់គ្នា​មិនទាន់​យល់​ទេ​ឬ​?​”។ នៅពេល​ពួកគេ​មកដល់​បេតសៃដា មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក​ម្នាក់​មក ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ពាល់​គាត់​។ ព្រះយេស៊ូវ​ទ្រង់​ដឹក​ដៃ​បុរស​ខ្វាក់ភ្នែក​នោះ នាំ​ចេញ​ទៅ​ខាងក្រៅ​ភូមិ​។ នៅពេល​ស្ដោះ​ទឹកព្រះឱស្ឋ​ដាក់​ភ្នែក​ទាំងពីរ​របស់​បុរសនោះ និង​ដាក់​ព្រះហស្ត​ទាំងពីរ​លើ​គាត់​ហើយ ព្រះអង្គ​ក៏​សួរ​គាត់​ថា​៖ “​តើ​អ្នក​មើលឃើញ​អ្វី​ទេ​?​”​។ គាត់​សម្លឹងមើល ហើយ​ទូលថា​៖ “​ខ្ញុំ​ឃើញ​មនុស្ស គឺ​មើលទៅ​ដូចជា​ដើមឈើ​កំពុង​ដើរ​”​។ បន្ទាប់មក ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​គាត់​ម្ដងទៀត បុរសនោះ​ក៏​មើលឃើញច្បាស់​។ ភ្នែករបស់​គាត់​បានដូចដើមវិញ គឺ​ឃើញ​ច្បាស់​ទាំងអស់​។ ព្រះយេស៊ូវ​ទ្រង់​ឲ្យ​គាត់​ទៅផ្ទះវិញ ទាំង​មានបន្ទូលថា​៖ “​កុំ​ចូល​ក្នុង​ភូមិ​ឡើយ ”​។ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ បាន​ចេញទៅ​ភូមិ​នានា​នៅ​សេសារា​-​ភីលីព​។ នៅតាមផ្លូវ ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​តើ​គេ​និយាយថា​ខ្ញុំ​ជា​នរណា?”។ ពួកគេ​ទូល​ឆ្លើយ​ថា​៖ “​គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី​”​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ទៀត​ថា​៖ “​ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?​”​។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “​លោក​ជា​ព្រះ​គ្រីស្ទ!​”​។ ព្រះអង្គ​ក៏​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​អំពី​ព្រះអង្គ​ឡើយ។ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា​៖ “​កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវគេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយមក លោក​នឹង​រស់ឡើងវិញ​”​។ ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​យ៉ាងច្បាស់លាស់​។ ពេត្រុស​ក៏​នាំ​ព្រះអង្គ​មក​ក្បែរ ហើយ​ចាប់ផ្ដើម​បន្ទោស​ព្រះអង្គ​។ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បែរមក​មើល​ពួក​សិស្ស ហើយ​ស្ដីឲ្យ​ពេត្រុស​ថា​៖ “​សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។ ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សា ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ និង​ដំណឹងល្អ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។ ជាការពិត ការ​ដែល​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹង របស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​? ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក​”៕ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​អាណាចក្រ​របស់​ព្រះ​មក​ប្រកបដោយ​ព្រះចេស្ដា”។ ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ ហើយ​នាំ​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។ ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ​។ ព្រះពស្ត្រ​របស់​ព្រះអង្គ​បញ្ចេញពន្លឺ​ស​ស្គុស ដែល​គ្មាន​អ្នកបោកគក់​នៅលើ​ផែនដី​អាច​ធ្វើឲ្យស​យ៉ាងនេះ​បានឡើយ​។ រួច​អេលីយ៉ា​បាន​លេចមក​ជាមួយ​ម៉ូសេ​នៅមុខ​ពួកគេ ហើយ​កំពុង​សន្ទនាជាមួយ​ព្រះយេស៊ូវ​។ ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “​រ៉ាប៊ី ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”​។ តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។ ពេលនោះ មាន​ពពក​គ្របពីលើ​ពួកគេ ហើយ​មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖ “​នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!​”​។ រំពេចនោះ ពួកគេ​មើលជុំវិញ ក៏​លែង​ឃើញ​អ្នកណាទៀតឡើយ គឺ​មាន​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​គង់​ជាមួយ​ពួកគេ​។ នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​ទ្រង់​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​នូវ​អ្វីដែល​ពួកគេ​បាន​ឃើញ​ឡើយ រហូតទាល់តែ​កូនមនុស្ស​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ ពួកគេ​ក៏​ទុក​ព្រះបន្ទូល​នេះ​តែ​ក្នុង​ពួកគេ ទាំង​ជជែក​គ្នា​ថា “​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​” មានន័យ​ដូចម្ដេច​។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ “​ហេតុអ្វីបានជា​ពួក​គ្រូវិន័យ​និយាយ​ថា អេលីយ៉ា​ត្រូវតែ​មក​មុន​?​”​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អេលីយ៉ា​មក​មុន​មែន ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​។ ចុះ​ម្ដេចក៏​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​ថា លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន និង​ត្រូវ​គេ​បដិសេធ​ទាំងមើលងាយ​ដូច្នេះ​? ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា តាមពិត​អេលីយ៉ា​បាន​មក​រួចហើយ តែ​ពួកគេ​បាន​ប្រព្រឹត្ត​ដល់​លោក​តាមអំពើចិត្ត ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក​ស្រាប់ហើយ​”។ នៅពេល​មកដល់​សិស្ស​ឯទៀត ពួកគេ​ក៏​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅជុំវិញ​សិស្សទាំងនោះ ព្រមទាំង​ឃើញ​ពួក​គ្រូវិន័យ​កំពុង​ប្រកែក​នឹង​ពួកគេ​។ ភ្លាមនោះ ហ្វូងមនុស្ស​ទាំងមូល​ឃើញ​ព្រះយេស៊ូវ ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រត់មក​ស្វាគមន៍​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​សួរ ​ថា​៖ “​តើ​អ្នករាល់គ្នា​ប្រកែក​នឹង​ពួកគេ​អំពី​អ្វី​?​”​។ មាន​ម្នាក់​ក្នុង​ហ្វូងមនុស្ស​ទូល​តបថា​៖ “​លោកគ្រូ ខ្ញុំ​បាន​នាំ​កូនប្រុស​របស់ខ្ញុំ​ដែល​មាន​វិញ្ញាណ​គ​ចូល មក​រក​លោក​។ នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ឱ ជំនាន់​ឥតជំនឿ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ!”​។ គេ​ក៏​នាំ​វា​មក​ឯ​ព្រះអង្គ​។ នៅពេល​ឃើញ​ព្រះអង្គ វិញ្ញាណ​នោះ​ក៏​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​ភ្លាម ដូច្នេះ​វា​ដួល​នៅលើ​ដី ទាំង​ននៀល​បែកពពុះមាត់​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ឪពុក​របស់​វា​ថា​៖ “​តើ​ការនេះ​កើតឡើង​ដល់​វា​យូរហើយឬនៅ​?​”​។ គាត់​ទូល​ឆ្លើយថា​៖ “​តាំងពី​តូច​មកម្ល៉េះ វិញ្ញាណនោះ​បោះ​កូនខ្ញុំ​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជាញឹកញាប់ ដើម្បី​បំផ្លាញជីវិត​វា​។ ប៉ុន្តែ​ប្រសិនបើ​លោក​អាចធ្វើ​អ្វី​បាន សូម​អាណិតមេត្តា​ជួយ​យើងខ្ញុំ​ផង​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​‘​ប្រសិនបើ​អាច​’ ឬ? ​ អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​អ្នក​ដែល​ជឿ​”​។ ភ្លាមនោះ ឪពុក​របស់​ក្មេង​ក៏​ស្រែកឡើង ​ថា​៖ “ ​ខ្ញុំ​ជឿ​ហើយ​! សូម​ជួយ​ភាពឥតជំនឿ​របស់ខ្ញុំ​ផង”​។ នៅពេល​ឃើញ​ថា​ហ្វូងមនុស្ស​នាំគ្នារត់មក ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ​ថា​៖ “​វិញ្ញាណ​គ​ថ្លង់​! យើង​បញ្ជា​ឯង​ឲ្យ​ចេញ​ពី​ក្មេងនេះ​ទៅ កុំ​ចូល​វា​ទៀតឡើយ​!​”។ វិញ្ញាណនោះ​ក៏​ស្រែកឡើង​ទាំង​ធ្វើ​ឲ្យ​ក្មេងនោះ​ប្រកាច់ប្រកិន​យ៉ាងខ្លាំង ហើយ​ចេញទៅ​។ ក្មេងនោះ​បាន​ដូចជា​មនុស្សស្លាប់ ដូច្នេះ​មនុស្ស​ជាច្រើន​និយាយ​ថា​៖ “​វា​ស្លាប់​ហើយ​!​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​ក្មេងនោះ ហើយ​លើក​វា​ឡើង វា​ក៏​ក្រោកឈរ​។ នៅពេល​ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖ “​ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​វិញ្ញាណអសោចនោះ​ឲ្យចេញ​បាន​?​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​វិញ្ញាណ​ប្រភេទ​នេះ ឲ្យ​ចេញ​ដោយ​អ្វីក៏​មិន​បាន​ដែរ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ ប៉ុណ្ណោះ​”​។ ពួកគេ​បាន​ចាកចេញ​ពីទីនោះ ឆ្លងកាត់​កាលីឡេ​។ ព្រះយេស៊ូវ​មិន​ចង់ឲ្យ​អ្នកណា​ដឹង​ឡើយ ដ្បិត​ព្រះអង្គ​កំពុង​បង្រៀន​ពួក​សិស្ស​របស់​ព្រះអង្គ ដោយ​មានបន្ទូល​ថា៖ “​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស ហើយ​គេ​នឹង​សម្លាប់​លោក​។ បន្ទាប់ពី​ត្រូវគេ​សម្លាប់ នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់ឡើងវិញ​”។ ប៉ុន្តែ​ពួកសិស្ស​មិនយល់​ព្រះបន្ទូល​នេះ​ទេ ហើយក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​ដែរ។ ពួកគេ​បាន​មកដល់​កាពើណិម​។ ពេល​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​នៅតាមផ្លូវ តើ​អ្នករាល់គ្នា​ជជែក​អំពី​អ្វី​?​”​។ ប៉ុន្តែ​ពួកសិស្ស​នៅស្ងៀម ពីព្រោះ​នៅតាមផ្លូវ ពួកគេ​បាន​ប្រកែក​គ្នា​អំពី​អ្នកណា​ធំជាង​អ្នកណា​។ ព្រះអង្គ​គង់ចុះ​ហើយ ក៏​ហៅ​សាវ័ក ​ទាំង​ដប់ពីរ​នាក់​មក រួច​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ប្រសិនបើ​អ្នកណា​ចង់​ធ្វើជា​អ្នក​ទីមួយ អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នក​ក្រោយបង្អស់ ហើយ​ជា​អ្នកបម្រើ​របស់​គេ​ទាំងអស់គ្នា​”។ ព្រះអង្គ​ទ្រង់​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ រួច​លើក​វា​ព ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ មិនមែន​ទទួល​ខ្ញុំ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​”។ យ៉ូហាន​ទូលថា​៖ “​លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់ ​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​យើង​ទេ”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​កុំ​ឃាត់​គាត់​ឡើយ ដ្បិត​គ្មានអ្នកណា​ដែល​ធ្វើ​ការអស្ចារ្យ​ក្នុង​នាម​របស់ខ្ញុំ រួច​អាច​និយាយអាក្រក់​អំពី​ខ្ញុំ​ភ្លាម​បាន​ទេ​។ ពោលគឺ អ្នកដែល​មិន​ប្រឆាំងនឹង​យើង គឺ​នៅ​ខាង​យើង ហើយ​បើ​អ្នកណាក៏ដោយ​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នករាល់គ្នា​ផឹក​ក្នុង​នាម​របស់ខ្ញុំ ​ ដោយសារតែ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ​។ “​អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ ជំពប់ដួល នោះ​ប្រសើរ​ជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិន​ដ៏ធំ​នឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ​។ ប្រសិនបើ​ដៃ​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុត​ដៃម្ខាង ប្រសើរ​ជាង​ធ្លាក់​ទៅ​ក្នុង​ស្ថាននរក​ទាំង​មាន​ដៃ​ពីរ គឺ​ទៅក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន​។ នៅ​ទីនោះ ‘​ដង្កូវ​មិនចេះ​ងាប់ ហើយ​ភ្លើង​មិនចេះ​រលត់​’​។ ប្រសិនបើ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក​ទាំង​មាន​ជើង​ពីរ គឺទៅក្នុងភ្លើងដែលពន្លត់មិនបាន ។ នៅទីនោះ ‘​ដង្កូវ​មិនចេះ​ងាប់ ហើយ​ភ្លើង​មិនចេះ​រលត់​’​។ ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ទាំង​មាន​ភ្នែក​ពីរ​។ នៅទីនោះ ‘ ដង្កូវ​មិន​ចេះ​ងាប់ ហើយ​ភ្លើង​មិន​ចេះ​រលត់ ​’​។ ជាការពិត មនុស្ស​គ្រប់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យប្រៃ​ដោយ​ភ្លើង ។ អំបិល​ជា​របស់​ល្អ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់ជាតិប្រៃ តើ​អ្នករាល់គ្នា​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? ចូរឲ្យ​មាន​អំបិល​នៅក្នុង​ខ្លួនអ្នករាល់គ្នា ហើយ​នៅសុខ​ជាមួយគ្នា​ចុះ​”​៕ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ពីទីនោះ ហើយ​យាងទៅ​ស្រុក​យូឌា និង​ត្រើយម្ខាង​ទន្លេយ័រដាន់​។ ហ្វូងមនុស្ស​មក​ជុំគ្នា​នៅ​ឯ​ព្រះអង្គ​សាជាថ្មី ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​ម្ដងទៀត​ដូច​សព្វដង​។ មាន​ពួកផារិស៊ី​ចូលមកជិត ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរថា​៖ “​តើ​ការដែល​ប្ដី​លែង​ប្រពន្ធ ត្រូវច្បាប់​ឬទេ​?​”​។ ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​តើ​ម៉ូសេ​បាន​បង្គាប់​អ្វី​ដល់​អ្នករាល់គ្នា​?​”។ ពួកគេ​ទូលថា​៖ “​ម៉ូសេ​បាន​អនុញ្ញាតឲ្យ​ប្ដី​សរសេរ​លិខិតលែងលះ ហើយ​លែង​ប្រពន្ធ​បាន”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ម៉ូសេ​បាន​សរសេរ​បទបញ្ជា​នេះ​សម្រាប់​អ្នករាល់គ្នា ដោយសារតែ​ភាពរឹងរូស​នៃចិត្ត​របស់អ្នករាល់គ្នា​។ ប៉ុន្តែ​តាំងពី​ដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក ‘​ព្រះ បាន​បង្កើត​មនុស្ស ជា​ប្រុស ជា​ស្រី​’ ‘​ហេតុនេះហើយ​បាន​ជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ​’​។ ពួកគេ​លែង​ជា​ពីរ​នាក់​ទៀត​ហើយ គឺ​ជា​រូបកាយ​មួយ​វិញ​។ ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​”។ ពេល​នៅក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដងទៀត​អំពី​ការនេះ​។ ព្រះអង្គ​ក៏​មានបន្ទូលថា​៖ “​អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ផិតក្បត់​នឹង​ប្រពន្ធ​ហើយ​។ ប្រសិនបើ​ស្ត្រី​លែង​ប្ដី​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​បុរស​ម្នាក់ទៀត នាង​ក៏​កំពុង​ផិតក្បត់​ដែរ​”​។ មាន​គេ​នាំ​ក្មេង​ៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ពាល់​ពួកវា​។ ប៉ុន្តែ​ពួក​សិស្ស​ស្ដីឲ្យ​អ្នកទាំងនោះ ​។ នៅពេល​ទត​ឃើញ​ដូច្នេះ ព្រះយេស៊ូវ​ក៏​ទាស់ព្រះទ័យ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ឲ្យ​ក្មេង​ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ​”​។ បន្ទាប់មក ព្រះអង្គ​ក៏​លើក​ពួកវា​ព ហើយ​ប្រទានពរ​ដោយ​ដាក់​ព្រះហស្ត​លើ​ពួកវា​។ នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញទៅ​តាមផ្លូវ មាន​បុរស​ម្នាក់​រត់មក ហើយ​លុតជង្គង់​នៅមុខ​ព្រះអង្គ ទូល​សួរថា​៖ “​លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ហេតុអ្វីបានជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​? ក្រៅពី​ព្រះ​មួយអង្គ គ្មានអ្នកណា​ល្អ​ឡើយ​។ អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘​កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ កុំ​កេងបន្លំ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក​’ ”។ បុរសនោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​តាំងពី​ក្មេង​មកម្ល៉េះ​”។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ក៏​ស្រឡាញ់​គាត់ ហើយ​មានបន្ទូលថា​៖ “​អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច មក​តាម​ខ្ញុំ​ចុះ”។ ប៉ុន្តែ​បុរសនោះ​បែរជា​ស្រងូតស្រងាត់​ដោយ​ព្រះបន្ទូល​នេះ ហើយ​ចាកចេញទៅ​ទាំង​ពិបាកចិត្ត ពីព្រោះ​គាត់​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​។ ព្រះយេស៊ូវ​ទត​មើលជុំវិញ ហើយ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ “​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​!​”។ ពួក​សិស្ស​ក៏​ភ្ញាក់ផ្អើល​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​កូន​រាល់គ្នា​អើយ ការ ចូល​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​! សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!​”។ ពួកសិស្ស​ភ្ញាក់ផ្អើល​កាន់តែខ្លាំង ទាំង​និយាយ​គ្នា​ថា៖ “​បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?​”​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖ “​សម្រាប់មនុស្ស​ធ្វើ​មិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ​មិនមែន​ដូច្នេះ​ឡើយ ដ្បិត​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់​”។ ពេត្រុស​ចាប់ផ្ដើម​ទូល​ព្រះអង្គ​ថា​៖ “​មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំងអស់ មកតាម​លោកហើយ​!​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ម្ដាយ ឬ​ឪពុក ​ ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​ខ្ញុំ និង​ដោយសារតែ​ដំណឹងល្អ ហើយ​មិន​ទទួលបាន​មួយជាមួយរយ​ឥឡូវនេះ គឺ​ផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និង​ស្រែចម្ការ ជាមួយនឹង​ការបៀតបៀន​នៅ​លោកបច្ចុប្បន្ន ហើយ​មិន​ទទួល​បាន​ជីវិតអស់កល្បជានិច្ច​នៅ​លោកខាងមុខ​នោះ​ឡើយ​។ យ៉ាងណាមិញ មនុស្ស​មុនគេ​ជាច្រើន​នឹង​ត្រឡប់ជា​ក្រោយគេ រីឯ​មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ​វិញ​”​។ ពេល​នៅតាមផ្លូវ​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​យាងមុខ​ពួកគេ ពួកសិស្ស​ក៏​ភ្ញាក់ផ្អើល រីឯ​ពួក​អ្នក​ដែល​ដើរតាម​ក៏​ភ័យខ្លាច​។ ព្រះអង្គ​ទ្រង់​នាំ​សាវ័ក ​ទាំង​ដប់ពីរ​នាក់​មក​ម្ដងទៀត ហើយ​ចាប់ផ្ដើម​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​រៀបនឹង​កើតឡើង​ដល់​ព្រះអង្គ ថា​៖ “​មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក ព្រមទាំង​ប្រគល់​លោក​ទៅ​សាសន៍ដទៃ​ផង​។ ពួកសាសន៍ដទៃនោះ​នឹង​ចំអក​ឡកឡឺយ​ដាក់​លោក ស្ដោះ​ទឹកមាត់​ដាក់​លោក វាយ​លោក​នឹងខ្សែតី ហើយ​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់ឡើងវិញ​”។ ពេលនោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​របស់​សេបេដេ​បាន​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “​លោកគ្រូ យើងខ្ញុំ​ចង់សុំ​ឲ្យ​លោក​ធ្វើ​សម្រាប់​យើងខ្ញុំ នូវ​អ្វីក៏ដោយដែល​យើងខ្ញុំ​សុំ​”​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា៖ “​តើ​អ្នកទាំងពីរ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​ពួកអ្នក​?”។ ពួកគេ​ទូលថា​៖ “​សូម​ព្រមឲ្យ​យើងខ្ញុំ​បាន​អង្គុយ​នៅក្នុង​សិរីរុងរឿង​របស់លោក​ផង គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ “​អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ឬ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬទេ​?​”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​យើងខ្ញុំ​អាច​ទទួល​បាន​”​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ “​អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ត្រូវបាន​រៀបចំ​ទុក​ឲ្យ​វិញ​”។ នៅពេល​បាន​ឮ​ដូច្នេះ សាវ័ក ​ដប់​នាក់​ក៏​ចាប់ផ្ដើម​ទើសចិត្ត​នឹង​យ៉ាកុប និង​យ៉ូហាន​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖ “​អ្នករាល់គ្នា​ដឹង​ហើយ​ថា ពួក​ដែល​រាប់ជា​មេ​គ្រប់គ្រង​របស់​សាសន៍ដទៃ ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​អ្នកធំ​របស់​ពួកគេ​ក៏​ប្រើអំណាច​លើ​ពួកគេ​ដែរ​។ ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​; អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់​អ្នក​ទាំងអស់គ្នា​។ ជាការពិត សូម្បីតែ​កូនមនុស្ស​ក៏​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង​”។ ពួកគេ​បាន​មកដល់​យេរីខូរ​។ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចាកចេញពី​យេរីខូរ​ជាមួយ​ពួក​សិស្ស និង​ហ្វូងមនុស្ស​មួយក្រុម​ធំ មាន​អ្នកសុំទាន​ខ្វាក់ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ​ជា​កូន​របស់​ទីមេ កំពុង​អង្គុយ​នៅក្បែរ​ផ្លូវ​។ នៅពេល​ឮ​ថា​ជា​ព្រះយេស៊ូវ​អ្នកណាសារ៉ែត គាត់​ក៏​ចាប់ផ្ដើម​ស្រែកឡើង​ថា៖ “​ព្រះយេស៊ូវ បុត្រ​ដាវីឌ ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង!​”​។ មនុស្ស​ជាច្រើន​ស្ដីឲ្យ​គាត់​នៅស្ងៀម ប៉ុន្តែ​គាត់​ស្រែក​កាន់តែខ្លាំងឡើង​ថា៖ “​បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង​!​”។ ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​មានបន្ទូលថា​៖ “​ចូរ​ហៅ​គាត់​មក​”។ គេ​ក៏​ហៅ​បុរស​ខ្វាក់ភ្នែក​នោះ​ដោយ​និយាយថា​៖ “​ចូរ​មានទឹកចិត្តឡើង! ក្រោកឈរ​មក លោក​ហៅ​អ្នក​”។ បុរសនោះ​ក៏​បោះ​អាវវែង​របស់​គាត់​ចោល ស្ទុះក្រោកឡើង ទៅរក​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា​៖ “​តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?​”។ បុរស​ខ្វាក់ភ្នែក​នោះ​ទូលថា​៖ “​រ៉ាបូនី ​! សូម​ឲ្យ​ខ្ញុំ​មើលឃើញ​វិញ​ផង​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ទៅ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”។ រំពេចនោះ គាត់​ក៏​មើលឃើញវិញ ហើយ​ដើរតាម​ព្រះអង្គ​នៅ​តាមផ្លូវ​៕ នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកជិត​យេរូសាឡិម គឺ​ដល់​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​ដើមអូលីវ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​របស់​ព្រះអង្គ​ឲ្យទៅ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​ទៅ​ភូមិ​នៅខាងមុខ​ពួកអ្នក​ចុះ​។ នៅពេល​ចូល​ក្នុង​ភូមិនោះ​ភ្លាម ពួកអ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គ្មានអ្នកណា​ធ្លាប់​ជិះ ត្រូវគេ​ចង​ទុក​នៅទីនោះ​។ ចូរ​ស្រាយ​វា​ដឹកមក​ចុះ​។ ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​ម្ដេចក៏​ធ្វើ​ដូច្នេះ ចូរ​ប្រាប់ថា​: ‘​ព្រះអម្ចាស់​ត្រូវការ​វា ​ ហើយ​ព្រះអង្គ​នឹង​ឲ្យ​វា​មក​ទីនេះ​វិញ​ភ្លាម​’​”​។ សិស្សពីរនាក់​ចេញទៅ ហើយ​ឃើញ​កូនលា​មួយ​ដែល​គេ​ចង​ទុក​នឹង​ទ្វារ​ខាងក្រៅ​នៅក្បែរ​ផ្លូវ ពួកគេ​ក៏​ស្រាយ​វា​។ អ្នកខ្លះ​ដែល​ឈរ​នៅ​ទីនោះ សួរ​ពួកគេ​ថា​៖ “​ពួកអ្នក​ស្រាយ​កូនលា​នេះ​ធ្វើ​អី​?​”​។ ពួកគេ​ឆ្លើយ​នឹង​អ្នកទាំងនោះ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់ ដូច្នេះ​គេ​ក៏​ព្រម​។ ពួកគេ​ដឹក​កូនលា​នោះ​មក​ឯ​ព្រះយេស៊ូវ ហើយ​ក្រាល​អាវវែង​របស់​ខ្លួន​លើ​វា ព្រះអង្គ​ក៏​គង់​លើ​កូនលានោះ​។ មនុស្ស​ជាច្រើន​បាន​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាម​ផ្លូវ រីឯ​អ្នកផ្សេងទៀត​កាប់​មែកឈើ​ពី​ស្រែចម្ការ ​មក​ក្រាល​នៅតាម​ផ្លូវ ​។ ពួក​អ្នក​ដែល​ដើរពីមុខពីក្រោយ ក៏​ស្រែកថា​៖ “​ហូសាណា! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! សូមឲ្យ​មានព្រះពរ ​ដល់​អាណាចក្រ​ដែល​នឹង​មកដល់ គឺ​អាណាចក្រ​របស់​ដាវីឌ​ដូនតា​របស់យើង​! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!​”។ ព្រះយេស៊ូវ​យាង​ទៅដល់​យេរូសាឡិម ហើយ​ចូលក្នុង​ព្រះវិហារ​។ នៅពេល​ទត​មើលជុំវិញ​សព្វគ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ​បេថានី​ជាមួយ​សាវ័ក ​ទាំង​ដប់ពីរ​នាក់ ដ្បិត​ជ្រុល​ម៉ោង​ហើយ​។ នៅ​ថ្ងៃបន្ទាប់ ពេល​ពួកគេ​ចេញ​ពី​បេថានី ព្រះយេស៊ូវ​ទ្រង់​ឃ្លាន​។ ព្រះអង្គ​ទត​ពី​ចម្ងាយ​ឃើញ​ដើមល្វា​មួយ​ដើម​មានសុទ្ធតែស្លឹក ក៏​យាង​ទៅ ក្រែងលោ​ឃើញ​ផ្លែ​ខ្លះ​នៅលើ​ដើមនោះ​។ នៅពេល​យាង​ទៅដល់ ក្រៅពី​ស្លឹក​ព្រះអង្គ​មិន​ឃើញ​អ្វីសោះ ពីព្រោះ​មិនមែន​ជា​រដូវ​ផ្លែល្វា​ទេ​។ ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា៖ “​កុំឲ្យ​មាន​អ្នកណា​បាន​ហូប​ផ្លែ​របស់ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!​”​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ឮ​ដែរ​។ ពួកគេ​មកដល់​យេរូសាឡិម​។ នៅពេល​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់ និង​ពួក​អ្នកទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប ហើយ​ព្រះអង្គ​មិន​ព្រម​ឲ្យ​អ្នកណា​យក​របស់របរ​ឆ្លងកាត់​ព្រះវិហារ​ឡើយ​។ ព្រះអង្គ​មានបន្ទូល​បង្រៀន​ពួកគេ​ថា​៖ “​តើ​មិន​មាន​សរសេរ​ទុក‍មក​ថា​: ‘​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់​’ ​ ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជា សម្បុកចោរប្លន់ ​ទៅវិញ​!​ ”​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឮ​ដូច្នេះ ក៏​រកមធ្យោបាយ​បំផ្លាញជីវិត​ព្រះអង្គ​។ តាមពិត ពួកគេ​ខ្លាច​ព្រះអង្គ ពីព្រោះ​ប្រជាជន​ទាំងអស់​បាន​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។ លុះដល់​ពេល​ល្ងាច ព្រះអង្គនិងពួកសិស្ស​ក៏​ចេញទៅ​ខាងក្រៅ​ទីក្រុង​។ ព្រលឹមឡើង នៅពេល​កំពុង​ដើរតាមផ្លូវ ពួកគេ​ឃើញ​ដើមល្វា​នោះ​ក្រៀមស្វិត​តាំងពី​ឫស​។ ពេត្រុស​ក៏​នឹកឃើញ ហើយ​ទូល​ព្រះអង្គ​ថា​៖ “​រ៉ាប៊ី មើល៍! ដើមល្វា​ដែល​លោក​ដាក់បណ្ដាសា​នោះ បាន​ក្រៀមស្វិត​ទៅហើយ​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​ចូរ​មាន​ជំនឿ​លើ​ព្រះ​ចុះ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​និយាយ​នឹង​ភ្នំ​នេះ​ថា​: ‘​ចូរ​ត្រូវបាន​យកចេញ ហើយ​ត្រូវបាន​ទម្លាក់​ទៅក្នុង​សមុទ្រ​ទៅ​’ ហើយ​អ្នកនោះ​មិន​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ​ថា​អ្វីដែល​គាត់​និយាយ​នឹង​សម្រេច នោះ នឹង​សម្រេច​ដល់​គាត់​។ ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​អធិស្ឋាន ហើយ​ទូល​សុំ ចូរ​ជឿ​ថា​អ្នករាល់គ្នា​បាន​ទទួល​ហើយ ​ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។ ម្យ៉ាងទៀត នៅពេល​អ្នករាល់គ្នា​ឈរ​អធិស្ឋាន ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​អ្វី​ទាស់នឹង​អ្នកណា ចូរ​លើកលែងទោស​ឲ្យ​អ្នកនោះ​ទៅ ដើម្បីឲ្យ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​ទេ ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ក៏​មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ ”​។ ពួកគេ​មកដល់​យេរូសាឡិម​ម្ដងទៀត​។ នៅពេល​ព្រះអង្គ​កំពុង​យាង​ក្នុង​ព្រះវិហារ ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​បាន​មករក​ព្រះអង្គ ហើយ​សួរថា​៖ “​តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក​ឲ្យ​ធ្វើ​ការទាំងនេះ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​នឹង​សួរ​អស់លោក​មួយ​សំណួរ ចូរ​ឆ្លើយ​នឹង​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​។ តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មកពី​ស្ថានសួគ៌ ឬ​មកពី​មនុស្ស? ចូរ​ឆ្លើយ​មក​!​”។ ពួកគេ​ក៏​ជជែក​គ្នា​ថា៖ “​បើសិន​យើង​ថា​: ‘​មកពី​ស្ថានសួគ៌​’ គាត់​នឹង​សួរថា​: ‘​ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់?​’ ប៉ុន្តែ​ឲ្យ​យើង​ថា​: ‘​មកពី​មនុស្ស’ ឬ​?​”​។ ពួកគេ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ថា គាត់​ពិតជា​ព្យាការី​មែន​។ ដូច្នេះ ពួកគេ​ឆ្លើយ​នឹង​ព្រះយេស៊ូវ​ថា៖ “​ពួកយើង​មិន​ដឹង​ទេ”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ​”៕ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖ “​មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។ លុះដល់​រដូវ​ប្រមូលផល​ ​ លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​រក​ពួក​កសិករ ដើម្បី​ទទួល​ផល​ចម្ការទំពាំងបាយជូរ​ពី​កសិករ​ទាំងនោះ​។ ប៉ុន្តែ​ពួកគេ​ចាប់​ម្នាក់នោះ​វាយ ហើយ​បណ្ដេញឲ្យទៅវិញ​ដោយដៃទទេ​។ ម្ចាស់ចម្ការ​ក៏​ចាត់​បាវបម្រើ​ផ្សេង​ឲ្យទៅ​រក​ពួកគេ​ម្ដងទៀត​។ ពួកគេ សំពងក្បាល និង​បង្អាប់បង្អោន​គាត់ ។ ម្ចាស់ចម្ការ​ចាត់​ម្នាក់ទៀត​ឲ្យទៅ ពួកគេ​ក៏​សម្លាប់​ម្នាក់នោះ​។ លោក​ចាត់​អ្នកផ្សេងទៀត​ជាច្រើន ពួកគេ​ក៏​វាយ​ខ្លះ និង​សម្លាប់​ខ្លះ​។ “​ម្ចាស់ចម្ការ​នោះ​នៅ​មាន​ម្នាក់ទៀត គឺ​កូនប្រុសដ៏ជាទីស្រឡាញ់​របស់លោក​។ នៅ​ទីបំផុត លោក​ក៏​ចាត់​កូននោះ​ឲ្យទៅ​រក​ពួកគេ ដោយ​និយាយ​ថា​: ‘​ពួកគេ​មុខជា​គោរព​កូនប្រុស​របស់ខ្ញុំ​មិន​ខាន​’​។ “​ប៉ុន្តែ​កសិករ​ទាំងនោះ​និយាយ​គ្នា​ថា​: ‘​ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ នោះ​ទ្រព្យមរតក​នឹង​បានជា​របស់យើង​’​។ ដូច្នេះ ពួកគេ​ក៏​ចាប់​គាត់​មក​សម្លាប់ ហើយ​បោះចោល​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ​។ “​ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​? លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនោះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត​។ តើ​អ្នករាល់គ្នា​មិនដែល​អាន​បទគម្ពីរ​នេះ​ទេ​ឬ ដែលថា​: ‘​ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​’?​”។ ពួក​នាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ​ចង់​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ខ្លាច​ហ្វូងមនុស្ស ដូច្នេះ​ពួកគេ​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ។ បន្ទាប់មក ពួកគេ​ចាត់​ពួកផារិស៊ី និង​ពួកគណៈហេរ៉ូឌ​ខ្លះ​ឲ្យទៅ​រក​ព្រះយេស៊ូវ ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។ នៅពេល​មក​ដល់ អ្នកទាំងនោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​? តើ​យើងខ្ញុំ​គួរ​បង់ ឬ​មិន​គួរ​បង់​?​”។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ពុតត្បុត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? ចូរ​យក​កាក់​ឌេណារី មក​ឲ្យ​ខ្ញុំ​មើល​មើល៍​”។ ពួកគេ​ក៏​យកមក​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា៖ “​តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​របស់​សេសារ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះចុះ​”។ ពួកគេ​ក៏​ស្ងើច​នឹង​ព្រះអង្គ។ ក្រោយមក មាន​ពួកសាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ មករក​ព្រះយេស៊ូវ​។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ “​លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុកឲ្យ​យើង​ថា ប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ដោយ​មិន​បាន​បន្សល់​កូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន។ មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ដោយ​មិន​បាន​បន្សល់​ពូជ​ទេ​។ ប្អូន​ទីពីរ​យក​នាង ហើយ​ស្លាប់​ទៅ​ដោយ​មិន​បាន​បន្សល់​ពូជ​ដែរ​។ រីឯ​ប្អូន​ទីបី​ក៏​ដូចគ្នាដែរ​។ ដូច្នេះ បងប្អូន​ទាំង​ប្រាំពីរ​នាក់ ​មិន​បាន​បន្សល់​ពូជ​ទេ​។ នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ​។ នៅ​ថ្ងៃនៃការរស់ឡើងវិញ គឺ​ពេល​ពួកគេ​រស់ឡើងវិញ តើ​នាង​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​អ្នកទាំងនោះ​? ដ្បិត​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ជា​ប្រពន្ធ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​តើ​មិនមែន​ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ​ទេ​ឬ ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​? ដ្បិត​នៅពេល​ពួកគេ​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ គឺ​បាន​ដូចជា​បណ្ដា​ទូតសួគ៌​ដែល​នៅ​ស្ថានសួគ៌​វិញ​។ ចំពោះ​ការ​ដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ម៉ូសេ​ត្រង់​វគ្គ ‘​គុម្ពបន្លា​’ ពី​របៀប​ដែល​ព្រះ​មានបន្ទូល​នឹង​លោក​ទេ​ឬ ដែល​ថា​: ‘​យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប​’? ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ របស់​មនុស្ស​រស់​។ អ្នករាល់គ្នា​យល់ខុស​ទាំងស្រុង​ហើយ​!​”។ មាន​ម្នាក់​ក្នុង​ពួក​គ្រូវិន័យ​បាន​ចូលមកជិត ឮ​ពួកគេ​កំពុង​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “​តើ​ក្នុង​បទបញ្ជា​ទាំងអស់​មួយណា​សំខាន់ជាងគេ​?​”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា​៖ “ បទបញ្ជា​សំខាន់ជាងគេ​គឺ​: ‘​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​! ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃយើង ជា​ព្រះអម្ចាស់​តែមួយអង្គគត់​។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង អស់ពី​គំនិត និង​អស់ពី​កម្លាំង​របស់អ្នក ’ ។ “​រីឯ​បទបញ្ជា​ទីពីរ​គឺ​: ‘​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​’​។ ​ គ្មាន​បទបញ្ជា​ណា​ធំជាង​បទបញ្ជា​ទាំងនេះ​ឡើយ”។ គ្រូវិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖ “​ត្រូវ​ហើយ លោកគ្រូ​! លោកគ្រូ​និយាយ​ពិត​ថា មាន​ព្រះ​តែមួយអង្គគត់ ហើយ​ក្រៅពី​ព្រះអង្គ គ្មាន​ព្រះ​ណាទៀត​ឡើយ​។ រីឯ​ការ​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត អស់ពី​បញ្ញា និង​អស់ពី​កម្លាំង ហើយ​ការ​ស្រឡាញ់​អ្នកជិតខាង​ដូច​ស្រឡាញ់​ខ្លួនឯង នោះ​ប្រសើរជាង​តង្វាយដុត និង​យញ្ញបូជា​ទាំងអស់​ទៅទៀត​”។ ព្រះយេស៊ូវ​ឃើញ​ថា​គាត់​ឆ្លើយ​ដោយប្រាជ្ញា ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​អ្នក​មិន​ឆ្ងាយ​ពី​អាណាចក្រ​របស់​ព្រះ​ទេ”។ បន្ទាប់មក គ្មានអ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀតឡើយ​។ នៅពេល​កំពុង​បង្រៀន​ក្នុង​ព្រះវិហារ ព្រះយេស៊ូវ​ទ្រង់​សួរ​ថា​៖ “​ម្ដេចក៏​ពួក​គ្រូវិន័យ​និយាយ​ថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​? ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ថា​: ‘​ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង របស់អ្នក​’​។ ដាវីឌ​ផ្ទាល់​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘​ព្រះអម្ចាស់​’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។ ហ្វូងមនុស្ស​មួយក្រុម​ធំ​នោះ​ក៏​ស្ដាប់​ព្រះយេស៊ូវ​ដោយអំណរ​។ ព្រះយេស៊ូវ​មានបន្ទូល​ក្នុង​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​ថា​៖ “​ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង​។ ពួកគេ​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ អ្នកទាំងនេះ​នឹង​ទទួល​ទោស ធ្ងន់ជាង​”។ ព្រះយេស៊ូវ​គង់ចុះ​ទល់មុខ​ទីដាក់តង្វាយ ទត​មើល​របៀប​ដែល​ប្រជាជន​ដាក់​លុយកាក់​ទៅក្នុង​ហិបតង្វាយ​។ អ្នកមាន​ជាច្រើន​នាក់​ដាក់​លុយកាក់​យ៉ាងច្រើន​។ មាន​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​បាន​មក ដាក់​កាក់​ឡិបតា ​ពីរ ដែល​ស្មើនឹង​មួយ​កូដ្រាន ​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​អស់អ្នក​ដែល​ដាក់​ក្នុង​ហិបតង្វាយ​។ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ដាក់​ពី​សំណល់​របស់​ខ្លួន រីឯ​ស្ត្រីមេម៉ាយ​នេះ​វិញ នាង​បាន​ដាក់​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង​”​៕ នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ម្នាក់​ក្នុង​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ មើល៍! ថ្ម​ទាំងនេះ​អស្ចារ្យ​ម្ល៉េះ អគារ​ទាំងនេះ​អស្ចារ្យ​ម្ល៉េះ​!​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​តើ​អ្នក​ឃើញ​អគារ​ធំ​ៗ​ទាំងនេះ​ឬទេ​? នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ​”​។ ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ​ទល់មុខ​ព្រះវិហារ​។ ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖ “​សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការ​ទាំងអស់​នេះ​រៀបនឹង​សម្រេច?​”។ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​។ មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយ​ថា​: ‘​គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ​’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។ កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម កុំ​ភ័យស្លន់ស្លោ​ឡើយ​។ ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ​។ ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយ​ទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយ​ទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​រញ្ជួយផែនដី និង​ទុរ្ភិក្ស ។ ទាំងអស់នេះ​ជា​ការចាប់ផ្ដើម​នៃ​ការឈឺពោះឆ្លងទន្លេ​។ “​ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន​ខ្លួន​។ គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវគេ​វាយ​ក្នុង​សាលាប្រជុំ​។ ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវ​ឈរ​នៅមុខ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ​។ ប៉ុន្តែ​ដំណឹងល្អ​ត្រូវតែ​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់​ជាមុនសិន​។ កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​ប្រគល់​ឲ្យ​ពួកគេ កុំ​បារម្ភជាមុន អំពី​អ្វីដែល​ត្រូវ​និយាយ​ឡើយ​។ អ្វីក៏ដោយដែល​ប្រទាន​មក​អ្នករាល់គ្នា​នៅ​ពេល​នោះ ចូរ​និយាយ​សេចក្ដីនោះ​ចុះ ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។ បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។ អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។ “​កាល​ណា​អ្នករាល់គ្នា​ឃើញ ‘​តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស ’ ​ ឈរ​នៅ​កន្លែងដែល​មិន​គួរ​ឈរ ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​—— ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ​។ កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក ​ ឬ​ចូលទៅ​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​កុំឲ្យ​ត្រឡប់មក​វិញ យក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ​។ នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។ ចូរ​អ្នករាល់គ្នា​អធិស្ឋាន ដើម្បីកុំឲ្យ​ការនេះ កើតឡើង​នៅ​រដូវរងា​ឡើយ ដ្បិត​នៅ​គ្រានោះ​នឹង​មាន​ទុក្ខវេទនា ដែល​តាំងពី​ដើមដំបូង​ដែល​ព្រះ​បាន​និម្មិតបង្កើតពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​បែប​នេះ​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។ ប្រសិនបើ​ព្រះអម្ចាស់​មិន​បន្ថយ​ថ្ងៃ​ទាំងនោះ​ទេ គ្មាន​មនុស្សណាម្នាក់ បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​ព្រះអង្គ​បាន​ជ្រើសរើស ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​ទាំងនោះ​ហើយ​។ “​ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ​’ ឬ​ថា​: ‘​មើល៍! ព្រះអង្គ​នៅ​ទីនោះ​’ កុំ​ជឿ​ឡើយ​។ ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ ដើម្បី​នាំ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ឲ្យវង្វេង ប្រសិនបើ​អាច​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​សព្វគ្រប់​ហើយ​។ “​នៅ​គ្រានោះ ក្រោយពី​ទុក្ខវេទនា​នោះ ‘​ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​’​។ ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា​ដ៏​មហិមា និង​សិរីរុងរឿង​។ លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។ “​ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។ អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការទាំងនេះ​កើតឡើង ចូរ​ដឹង​ថា​កូនមនុស្ស នៅ​ជិត​ហើយ គឺ​នៅ​មាត់ទ្វារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។ ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។ “​ចំពោះ​ថ្ងៃ ឬ​ម៉ោង​នោះ គ្មានអ្នកណា​ដឹង​ឡើយ សូម្បីតែ​បណ្ដា​ទូតសួគ៌​នៅ​ស្ថានសួគ៌ ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ មានតែ​ព្រះ​បិតា​ប៉ុណ្ណោះ​ដែល​ជ្រាប​។ ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន ប្រុងស្មារតី ​ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ពេលកំណត់​ជា​ពេលណា​ទេ គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ចាកចេញ​ពី​ផ្ទះ ហើយ​ប្រគល់​សិទ្ធិអំណាច និង​ការងារ​ដល់​ពួក​បាវបម្រើ​របស់​គាត់​រៀងៗខ្លួន ព្រមទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី​ផង​។ ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មកវិញ​ពេលណា​ទេ គឺ​មិន​ដឹង​ថា​ពេល​ល្ងាច ឬ​ពេល​កណ្ដាលអធ្រាត្រ ឬ​ពេល​មាន់រងាវ ឬ​ពេល​ព្រឹកព្រលឹម​ឡើយ ក្រែងលោ​ស្រាប់តែ​គាត់​មកវិញ ឃើញ​អ្នករាល់គ្នា​កំពុង​ដេកលក់​។ អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា ខ្ញុំ​ក៏​ប្រាប់​មនុស្ស​ទាំងអស់​ដែរ​ថា​: ចូរ​ប្រុងស្មារតី​ចុះ​!​”៕ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។ ប៉ុន្តែ​ពួកគេ​និយាយថា​៖ “​កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ពី​ប្រជាជន​”។ ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។ ពេល​ព្រះអង្គ​កំពុង​គង់នៅតុអាហារ មាន​ស្ត្រី​ម្នាក់​ចូលមក ទាំង​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​។ នាង​បំបែក​ដបថ្មកែវ​នោះ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ មាន​អ្នកខ្លះ​ទើសចិត្ត ក៏​និយាយ​គ្នា​ថា​៖ “​ហេតុអ្វីបានជា​ខ្ជះខ្ជាយ​ប្រេងក្រអូប​បែបនេះ​? ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ជាង​បីរយ​ឌេណារី ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។ ដូច្នេះ​ពួកគេ​ក៏​ស្ដីឲ្យ​នាង។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​បណ្ដោយ​នាង​ចុះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​នាង​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ។ ជាការពិត អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច កាលណា​អ្នករាល់គ្នា​ចង់ អ្នករាល់គ្នា​អាច​ធ្វើ​ល្អ​ដល់​ពួកគេ​បាន ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។ នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាងដែរ​”​។ ពេលនោះ យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក ​ទាំង​ដប់ពីរ​នាក់ បាន​ទៅរក​ពួក​នាយកបូជាចារ្យ ដើម្បី​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។ ពួកគេ​បាន​ឮ​ដូច្នេះ ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ រួច​គាត់​ក៏​រកមធ្យោបាយ​ប្រគល់​ព្រះអង្គ​ដោយ​សមស្រប​។ នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​គេ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​ថា៖ “​តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?​”។ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូលថា​៖ “​ចូរ​ទៅ​ក្នុង​ទីក្រុង នោះ​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​ចុះ​។ កន្លែងណាដែល​គាត់​ចូលទៅ ចូរ​ប្រាប់​ម្ចាស់ផ្ទះ​ថា​: ‘​លោកគ្រូ​សួរថា តើ​បន្ទប់ទទួលភ្ញៀវ​របស់ខ្ញុំ ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?​’ គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​សម្រាប់​យើង​នៅ​ទីនោះ​ចុះ”។ ដូច្នេះ សិស្ស​ពីរនាក់​នោះ​ចេញទៅ ហើយ​ទៅដល់​ទីក្រុង នោះក៏​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។ លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​យាង​មក​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។ នៅពេល​ពួកគេ​កំពុង​រួមតុហូបអាហារ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ គឺ​អ្នក​ដែល​កំពុង​ហូប​ជាមួយ​ខ្ញុំ​”។ ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា៖ “​មិនមែន​ខ្ញុំ​ទេ មែនទេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ជា​ម្នាក់​ក្នុង​អ្នក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជាមួយ​ខ្ញុំ​។ ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់​”។ នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកសិស្ស ទាំង​មានបន្ទូលថា​៖ “​ចូរ​ទទួលយក ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ​”​។ បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ​។ ពួកគេ​ទាំងអស់គ្នា​ក៏​ផឹក​ពី​ពែងនោះ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រី ដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ទៀត​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅក្នុង​អាណាចក្រ​របស់​ព្រះ​”។ ក្រោយពី​ច្រៀងសរសើរតម្កើង ​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល ​ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘​យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​’​។ ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា​”។ ពេត្រុស​ទូល​ព្រះអង្គ​ថា៖ “​ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង​”។ ប៉ុន្តែ​ពេត្រុស​ប្រកែក​ដាច់អហង្ការ ​ថា៖ “​បើសិន​ខ្ញុំ​ត្រូវតែ​ស្លាប់ជាមួយ​លោក ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត​”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នាដែរ​។ ពួកគេ​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា៖ “​ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​អធិស្ឋាន”។ ព្រះអង្គ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ​។ ពេលនោះ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​មានព្រះទ័យ​ភ័យស្លុត និង​ថប់បារម្ភយ៉ាងខ្លាំង ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ចុះ”។ ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាបចុះ​ដល់​ដី ហើយ​អធិស្ឋាន​ថា ប្រសិនបើ​អាច សូមឲ្យ​ពេលវេលា​នេះ​កន្លងផុត​ពី​ព្រះអង្គ​ទៅ​។ ព្រះអង្គ​ទូលថា​៖ “​អ័ប្បា​! ព្រះ​បិតា​អើយ! អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​ព្រះអង្គ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​អ្វីដែល​ទូលបង្គំ​ប្រាថ្នា​ឡើយ គឺ​សូមឲ្យសម្រេចតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”​។ ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា៖ “​ស៊ីម៉ូន​អើយ តើ​អ្នក​ដេកលក់​ឬ​? តើ​អ្នក​មិន​អាច​ប្រុងស្មារតី​មួយ​ម៉ោង​បាន​ទេ​ឬ​? ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។ ព្រះយេស៊ូវ​យាង​ចេញ​ទៅ​អធិស្ឋាន​ម្ដងទៀត ដោយ​ទូល​ពាក្យ​ដដែល​។ ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើក​មិនរួច​។ ពួកគេ​មិន​ដឹង​ថា​គួរ​ទូល​អ្វី​តប​នឹង​ព្រះអង្គ​។ ព្រះអង្គ​យាង​ត្រឡប់មកវិញ​ជា​លើក​ទីបី ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? ល្មម​ហើយ ពេលវេលា​មក​ដល់​ហើយ មើល៍! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។ ក្រោកឡើង​មក យើង​នាំ​គ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិត​ដល់​ហើយ”​។ នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ ស្រាប់តែ​យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មកដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មក​ពី​ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​។ អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ​រួចហើយ ដោយ​និយាយថា​៖ “​អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​នាំយកទៅ​ក្រោមការការពារ​ចុះ”។ នៅពេល​មក​ដល់ យូដាស​ក៏​ចូលទៅជិត​ព្រះអង្គ​ភ្លាម ទូលថា​៖ “​រ៉ាប៊ី​!​” រួច​ថើប​ព្រះអង្គ​។ ពេលនោះ ពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ​។ មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​ឈរនៅទីនោះ ហូត​ដាវ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ ទាំង​បង្រៀន​ក្នុង​ព្រះវិហារ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការនេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរត្រូវបាន​បំពេញឲ្យសម្រេច​”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។ មាន​បុរសវ័យក្មេង​ម្នាក់​ដណ្ដប់​តែ​ក្រណាត់ផាឌិប​មួយ​លើ​ខ្លួនទទេ កំពុង​តាម​ព្រះអង្គ​។ ពួកគេ ​ចាប់​បុរសនោះ គាត់​ក៏​ចោល​ក្រណាត់ផាឌិប​នោះ រត់គេច​ទៅ​ទាំង​ខ្លួនទទេ​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​រក​មហាបូជាចារ្យ​។ ពួក​នាយកបូជាចារ្យ ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ទាំងអស់​ក៏​មកជួបជុំគ្នា​។ រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ខាងក្នុង​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ ហើយ​អង្គុយ​អាំងភ្លើង​ជាមួយ​ពួក​តម្រួត​។ ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ ប៉ុន្តែ​រក​មិន​បាន​សោះ​។ តាមពិត មនុស្ស​ជាច្រើន​ធ្វើបន្ទាល់ភូតភរ​ទាស់នឹង​ព្រះអង្គ ប៉ុន្តែ​ពាក្យបន្ទាល់​ទាំងនោះ​មិន​ស្របគ្នា​ទេ​។ មាន​អ្នកខ្លះ​ក្រោកឡើង ធ្វើបន្ទាល់ភូតភរ​ទាស់នឹង​ព្រះអង្គ ដោយ​និយាយ ថា​៖ “​យើង​បាន​ឮ​អ្នកនេះ​និយាយ​ថា​: ‘​ខ្ញុំ​នឹង​កម្ទេច​ព្រះវិហារ​នេះ​ដែលធ្វើដោយដៃមនុស្ស ហើយ​ក្នុង​បី​ថ្ងៃ​ខ្ញុំ​នឹង​សាងសង់​មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស​’​”​។ ប៉ុន្តែ​ទោះបីដូច្នេះក៏ដោយ ក៏​ពាក្យបន្ទាល់​របស់​ពួកគេ​មិន​ស្របគ្នា​ដែរ​។ ពេលនោះ មហាបូជាចារ្យ​បាន​ក្រោកឡើង​នៅ​កណ្ដាលចំណោម សួរ​ព្រះយេស៊ូវ​ថា​៖ “​តើ​អ្នក​មិន​ឆ្លើយ​អ្វី​ទេ​ឬ​? តើ​រឿង​ដែល​អ្នកទាំងនេះ​កំពុង​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជា​អ្វី​?​”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម មិន​ឆ្លើយ​អ្វី​សោះ​។ មហាបូជាចារ្យ​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “​តើ​អ្នក​ជា​ព្រះ​គ្រីស្ទ ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​សមនឹងទទួលការលើកតម្កើង​ឬ​”? ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​គឺ​ខ្ញុំ​ហ្នឹងហើយ​។ អ្នករាល់គ្នា​នឹង​ឃើញ កូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ ​ព្រះដ៏មានព្រះចេស្ដា ព្រមទាំង​មក​ក្នុង​ពពក​លើមេឃ ”។ មហាបូជាចារ្យ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “​យើង​ត្រូវការ​សាក្សី​អី​ទៀត? អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។ តើ​អស់លោក​គិត​ដូចម្ដេច​?​”។ ពួកគេ​ទាំងអស់គ្នា​ក៏​កាត់ទោស​ព្រះអង្គ​ថា ព្រះអង្គ​សមតែ​ស្លាប់​។ បន្ទាប់មក អ្នកខ្លះ​ចាប់ផ្ដើម​ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ បិទព្រះភក្ត្រ​ព្រះអង្គ ហើយ​វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ទាំង​និយាយថា​៖ “​ព្យាករ​មើល៍!​”។ ពួក​តម្រួត​ក៏​ទះកំផ្លៀង​ព្រះអង្គ​ដែរ​។ ពេល​ពេត្រុស​នៅ​ខាងក្រោម​ក្នុង​ទីធ្លា មាន​ម្នាក់​ក្នុង​ពួក​បាវបម្រើស្រី​របស់​មហាបូជាចារ្យ​មក ឃើញ​ពេត្រុស​កំពុង​អាំងភ្លើង ក៏​សម្លឹងមើល​គាត់ ហើយ​និយាយថា​៖ “​អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត​នោះ​ដែរ​”​។ ប៉ុន្តែ​ពេត្រុស​បដិសេធ​ថា៖ “​ខ្ញុំ​មិន​ដឹង ហើយក៏មិន​យល់​អ្វីដែល​នាង​និយាយ​ដែរ​”។ រួច​គាត់​ចេញទៅ​ខាងក្រៅ ទៅ​ឯ​ខ្លោងទ្វារ​។ ពេលនោះ មាន់​ក៏​រងាវឡើង​។ នៅពេល​ឃើញ​គាត់ បាវបម្រើស្រី​នោះ​ក៏​ចាប់ផ្ដើម​និយាយ​ទៀត​នឹង​ពួក​អ្នក​ដែល​ឈរនៅក្បែរ​ថា៖ “​អ្នកនេះ​ជា​គ្នា​ពួកនោះ​ដែរ”។ ពេត្រុស​បដិសេធ​ម្ដងទៀត​។ បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​និយាយ​នឹង​ពេត្រុស​ទៀត​ថា៖ “​អ្នកឯង​ពិតជា​គ្នា​ពួកនោះ ពីព្រោះ​អ្នកឯង​ជា​អ្នកកាលីឡេ ​ដែរ​”។ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “​ខ្ញុំ​មិន​ស្គាល់​ម្នាក់​នេះ ដែល​ពួកអ្នក​កំពុង​និយាយ​ទេ”។ ភ្លាមនោះ មាន់​រងាវ​ជាលើកទីពីរ​។ ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​: “​មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង​” គាត់​ទប់ទឹកភ្នែកមិនបាន ក៏​ទ្រហោយំ​៕ លុះ​ព្រលឹមឡើង​ភ្លាម ពួក​នាយកបូជាចារ្យ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ពួក​គ្រូវិន័យ និង​ក្រុមប្រឹក្សា​ទាំងមូល រួច​ពួកគេ​ចង​ព្រះយេស៊ូវ​នាំទៅ​ប្រគល់​ឲ្យ​ពីឡាត់​។ ពីឡាត់​សួរ​ព្រះអង្គ​ថា៖ “​តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “​គឺ​លោក​និយាយ​ទេ”។ ពួក​នាយកបូជាចារ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​អំពី​រឿង​ជាច្រើន ​។ ដូច្នេះ ពីឡាត់​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “​តើ​អ្នក​មិន​ឆ្លើយ​អ្វី​ទេ​ឬ​? មើល៍! ពួកគេ​ចោទប្រកាន់​អ្នក​អំពី​រឿង​ជាច្រើនដល់ម្ល៉េះ​”។ ប៉ុន្តែ​ព្រះយេស៊ូវ​លែង​តប​អ្វី​ទៀត ធ្វើឲ្យ​ពីឡាត់​ភ្ញាក់ផ្អើល​។ រៀងរាល់​ពិធីបុណ្យ​នោះ ពីឡាត់​តែងតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ តាម​ដែល​ពួកគេ​សុំ​។ ពេលនោះ មាន​ម្នាក់​ដែល​គេ​ហៅថា​បារ៉ាបាស ត្រូវ​ជាប់ចំណង​ជាមួយ​ពួក​អ្នកបះបោរជាគ្នាគាត់ ដែល​ធ្វើ​ឃាតកម្ម​ជាមួយគ្នា​ក្នុង​ពេលបះបោរ​។ ដូច្នេះ ហ្វូងមនុស្ស​ក៏​ឡើងទៅ ហើយ​ចាប់ផ្ដើម​ទាមទារ​ឲ្យធ្វើ ដូចដែល​ពីឡាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​។ ពីឡាត់​សួរ​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេចនៃជនជាតិយូដា​ដល់​អ្នករាល់គ្នា​ឬទេ​?​”។ តាមពិត ពីឡាត់​ដឹង​ថា ពួក​នាយកបូជាចារ្យ​បាន​ប្រគល់​ព្រះអង្គ​មក​លោក​ព្រោះតែ​ការឈ្នានីស​។ ប៉ុន្តែ​ពួក​នាយកបូជាចារ្យ​បាន​ពន្យុះ​ហ្វូងមនុស្ស ឲ្យ​សុំ​ពីឡាត់​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​វិញ​។ ពីឡាត់​សួរ​ពួកគេ​ម្ដងទៀត​ថា៖ “​បើដូច្នេះ តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នកនេះ​ដែល​អ្នករាល់គ្នា​ហៅថា ស្ដេចនៃជនជាតិយូដា​?​”។ ពួកគេ​ក៏​ស្រែក​ទៀត​ថា៖ “​ឆ្កាង​វា​ទៅ!”។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “​តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​?​”។ ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំង​ថា​៖ “​ឆ្កាង​វា​ទៅ!​”។ ពីឡាត់​ចង់​បំពេញចិត្ត​ហ្វូងមនុស្ស ក៏​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​។ បន្ទាប់ពី​ឲ្យ​គេ​វាយ​ព្រះយេស៊ូវ​នឹងខ្សែតី លោក​ក៏​ប្រគល់​ព្រះអង្គ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។ ពួក​ទាហាន​នាំ​ព្រះអង្គ​ទៅ​ក្នុង​ទីធ្លា​ដែល​ជា​វិមាន​អភិបាល ហើយ​ហៅ​កងទាហាន​ទាំងមូល​មក​។ ពួកគេ​ពាក់​អាវ​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ ហើយ​ក្រង​មែក​បន្លា​ជា​មកុដ បំពាក់​ឲ្យ​ព្រះអង្គ រួច​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ថា​៖ “​ជយោ! ស្ដេចនៃជនជាតិយូដា​!​”។ ពួកគេ​វាយ​ព្រះសិរ​របស់​ព្រះអង្គ​នឹង​ដើមត្រែង ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ ហើយ​លុតជង្គង់​ថ្វាយបង្គំ​ព្រះអង្គ​ម្ដងហើយម្ដងទៀត​។ នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​ពណ៌ស្វាយ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ចេញទៅ​ដើម្បី​ឆ្កាងព្រះអង្គ​។ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន ជា​ឪពុក​របស់​អ័លេក្សានត្រុស និង​រូភូស គាត់​មក​ពី​ជនបទ​ដើរកាត់​ទីនោះ​។ ពួកគេ​ក៏​បង្ខំ​គាត់​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ។ ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ហៅថា “​គាល់កូថា​” (​គាល់កូថា មានអត្ថន័យប្រែថា ទី​លលាដ៍ក្បាល​)​។ ពួកគេ​យក​ស្រាទំពាំងបាយជូរ​ដែល​លាយនឹងជ័រល្វីងទេស​ឲ្យ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​មិន​ទទួល​ទេ​។ បន្ទាប់មក ពួកគេ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​យក​វា ដើម្បីឲ្យដឹងថា​អ្នកណា​យក​មួយណា​។ ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោងប្រាំបួនព្រឹក ​។ ចំណារ​អំពី​ទោស​របស់​ព្រះអង្គ​មាន​សរសេរ​ថា “​ស្ដេចនៃជនជាតិយូដា​”។ ពួកគេ​បាន​ឆ្កាង​ចោរប្លន់​ពីរ​នាក់​ជាមួយ​ព្រះយេស៊ូវ ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​ព្រះអង្គ​។ ដូច្នេះ បទគម្ពីរ​នេះ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​លោក​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​ពួក​មនុស្ស​អាក្រក់​” ។ ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “​អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ ចូរ​សង្គ្រោះ​ខ្លួនឯង ដោយ​ចុះ​ពី​ឈើឆ្កាង​មក!​”។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ក៏​ចំអកឡកឡឺយ​ដាក់ព្រះអង្គ​ដូចគ្នា​ដែរ ដោយ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “​វា​បាន​សង្គ្រោះ​អ្នកដទៃ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ខ្លួនឯង​បានទេ​។ ចូរឲ្យ​ព្រះ​គ្រីស្ទ ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក ដើម្បីឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង​!​”។ ពួក​អ្នក​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដែរ​។ លុះដល់​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល ​។ នៅ​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “​អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី? ” ដែល​មានអត្ថន័យប្រែថា “​ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?​” ។ អ្នកខ្លះ​ដែល​ឈរនៅទីនោះ​បាន​ឮ ក៏​ពោលថា​៖ “​មើល៍! វា​កំពុង​ហៅ​អេលីយ៉ា​”។ មាន​ម្នាក់​រត់​ទៅ យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក ទាំង​ពោលថា​៖ “​ចាំ​មើល​មើល៍​! ក្រែងលោ​អេលីយ៉ា​មក​យក​វា​ចុះ​ពីឈើឆ្កាង​”។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បន្លឺ​សំឡេង​យ៉ាងខ្លាំង រួចក៏​ផុតដង្ហើម​ទៅ​។ ពេលនោះ វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ មេទាហានលើមួយរយនាក់​ដែល​ឈរ​ទល់មុខ​ព្រះអង្គ ឃើញ​ថា​ព្រះអង្គ​ផុតដង្ហើម​យ៉ាងដូច្នេះ ក៏​ពោលថា​៖ “​បុរស​នេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!​”។ មាន​ស្ត្រី​ខ្លះ​កំពុង​មើល​ពី​ចម្ងាយ​ដែរ ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រមទាំង​មាន​សាឡូមេ​។ ពួកនាង​ជា​អ្នក​ដែល​តែងតែ​ទៅតាម​ព្រះអង្គ ព្រមទាំង​បម្រើ​ព្រះអង្គ​ផង កាល​ព្រះអង្គ​គង់នៅ​កាលីឡេ​នៅឡើយ​។ មាន​ស្ត្រី​ឯទៀតៗ​ជាច្រើន​ដែល​បាន​ឡើងមក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​។ លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក ហើយ​ចូលទៅ​ជួប​ពីឡាត់​ដោយក្លាហាន រួច​សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ យ៉ូសែប​ជា​សមាជិកក្រុមប្រឹក្សា​ដែល​មាន​កេរ្តិ៍ឈ្មោះល្អ ហើយ​ខ្លួនគាត់ផ្ទាល់​ក៏​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។ ពីឡាត់​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះយេស៊ូវ​បាន​សុគត​ហើយ ដូច្នេះ​គាត់​ហៅ​មេទាហានលើមួយរយនាក់​មក សួរថា​តើ​ព្រះអង្គ​សុគត​ហើយ ​ឬនៅ​។ នៅពេល​បាន​ដឹង​ពី​មេទាហានលើមួយរយនាក់​ហើយ ពីឡាត់​ក៏​ប្រគល់​ព្រះសព ​ឲ្យ​យ៉ូសែប​។ យ៉ូសែប​ទិញ​ក្រណាត់ផាឌិប ហើយ​យក​ព្រះសព​ចុះ រុំ​នឹង​ក្រណាត់ផាឌិប​នោះ រួច​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់មក គាត់​ប្រមៀល​ថ្ម​មួយ​ខ្ទប់​នឹង​មាត់​រូង​។ រីឯ​ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ ​របស់​យ៉ូសេ ក៏​ឃើញ​កន្លែងដែល​គេ​ដាក់​ព្រះសព​៕ នៅពេល​ថ្ងៃសប្ប័ទ​កន្លងផុត​ហើយ ម៉ារា​អ្នកម៉ាក់ដាឡា ម៉ារា​ម្ដាយ ​របស់​យ៉ាកុប និង​សាឡូមេ​បាន​ទិញ​គ្រឿងក្រអូប ដើម្បី​ទៅ​លាប​ព្រះសពព្រះយេស៊ូវ​។ ព្រលឹមឡើង នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពួកនាង​មកដល់​រូងផ្នូរ​នៅពេល​ថ្ងៃរះ​។ ពួកនាង​និយាយ​គ្នា​ថា៖ “​តើ​នរណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​រូងផ្នូរ​ឲ្យ​ពួកយើង​?​” ដ្បិត​ថ្មនោះ​ធំ​សម្បើម​ណាស់​។ ប៉ុន្តែ​នៅពេល​ងើបភ្នែកមើល ពួកនាង​ក៏​ឃើញ​ថា ថ្ម​នោះ​ត្រូវបាន​ប្រមៀលចេញ​ហើយ​។ ស្ត្រីទាំងនោះ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​បុរសវ័យក្មេង​ម្នាក់ ​ដែល​ពាក់​អាវវែង​ពណ៌ស​អង្គុយ​នៅ​ខាងស្ដាំ ពួកនាង​ក៏​ភ័យស្លុត​យ៉ាងខ្លាំង​។ ប៉ុន្តែ​បុរសនោះ​និយាយ​នឹង​ពួកនាង​ថា​៖ “​កុំ​ភ័យស្លុត​ឡើយ​! ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដែល​ត្រូវគេ​ឆ្កាង​។ ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ​។ មើល៍! នេះហើយជា​កន្លែង​ដែល​គេ​ដាក់​ព្រះអង្គ​។ ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ ព្រមទាំង​ពេត្រុស​ថា​: ‘​ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ្នករាល់គ្នា​រួចមកហើយ​’​។ ពួកនាង​ក៏​ចេញ​ពី​រូងផ្នូរ​មក ហើយ​រត់គេច​ទៅ ពីព្រោះ​ពួកនាង​ញ័ររន្ធត់​ទាំង​ភ័យស្លុត​។ ពួកនាង​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណាឡើយ ពីព្រោះ​ពួកនាង​ភ័យខ្លាច​យ៉ាងខ្លាំង​។ នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។ នាង​ក៏​ទៅ​ប្រាប់​ពួក​អ្នក​ដែល​ធ្លាប់នៅ​ជាមួយ​ព្រះអង្គ ក្នុងពេលដែល​ពួកគេ​កំពុង​កាន់ទុក្ខ និង​យំសោក​។ នៅពេល​ឮ​ថា ព្រះអង្គ​មានព្រះជន្មរស់ និង​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ ក៏​ពួកគេ​មិនជឿ​ដែរ​។ បន្ទាប់ពីការទាំងនេះ ព្រះអង្គ​បាន​លេចមក​ក្នុង​ទ្រង់ទ្រាយ​ផ្សេង​ដល់​សិស្ស​ពីរ​នាក់ ពេល​ពួកគេ​កំពុង​ដើរ​ទៅ​ជនបទ​។ ពីរនាក់​នោះ​បាន​ទៅ​ប្រាប់​អ្នក​ឯទៀត​ៗ ប៉ុន្តែ​គេ​ក៏មិន​ជឿ​ពីរនាក់​នោះ​ដែរ​។ ក្រោយមកទៀត នៅពេល​ពួកគេ​កំពុង​រួមតុអាហារ ព្រះយេស៊ូវ​បាន​លេចមក​ដល់​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​ស្ដីបន្ទោស​ពួកគេ​អំពី​ភាពឥតជំនឿ និង​ភាពរឹងរូស​នៃចិត្ត​របស់​ពួកគេ ពីព្រោះ​ពួកគេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់ ។ អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។ ទីសម្គាល់​ទាំងនេះ​នឹង​ជាប់​តាម​អស់អ្នក​ដែល​ជឿ គឺ​ពួកគេ​នឹង​ដេញ​អារក្ស​ចេញ​ក្នុង​នាម​របស់ខ្ញុំ និយាយ​ភាសា​ថ្មី ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ​”។ បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ ​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។ ពួកសិស្ស​ក៏​ចេញទៅ​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់ទីកន្លែង ហើយ​ព្រះអម្ចាស់​ទ្រង់​ធ្វើការជាមួយ​ពួកគេ ព្រមទាំង​បញ្ជាក់​ព្រះបន្ទូល​ដោយ​ទីសម្គាល់​នានា​ដែល​ជាប់តាម​ផង​ ​៕​៚ ឯកឧត្ដម​ថេវភីល​អើយ ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ផ្ដើម​រៀបរៀង​ដំណើររឿង​អំពី​ហេតុការណ៍​ដែល​ត្រូវ​បាន​សម្រេច​ក្នុងចំណោម​យើងខ្ញុំ យោងតាម​អស់អ្នក​ដែល​តាំងពី​ដំបូង​មក​ធ្វើជា​សាក្សីផ្ទាល់ភ្នែក និង​ជា​អ្នកបម្រើ​ព្រះបន្ទូល បាន​ប្រគល់​មក​យើងខ្ញុំ ហើយខ្ញុំក៏​បាន​តាមដាន​រឿងរ៉ាវ​ទាំងអស់​យ៉ាងយកចិត្តទុកដាក់​តាំងពីដំបូងមក​ដែរ ហេតុនេះហើយបានជា​ខ្ញុំ​យល់ឃើញថា​គួរតែ​សរសេរ​តាមលំដាប់លំដោយ​ជូន​លោក ដើម្បីឲ្យ​លោក​ជ្រាប​អំពី​ភាពប្រាកដប្រជា​នៃ​ពាក្យ​ដែល​លោក​បាន​ទទួល​។ នៅ​សម័យ​ហេរ៉ូឌ​ស្ដេច​នៃ​យូឌា មាន​បូជាចារ្យ​ម្នាក់​ក្នុង​ក្រុម​អ័ប៊ីយ៉ា ឈ្មោះ​សាការី ប្រពន្ធ​របស់​លោក​ក៏​ជា​ម្នាក់​ក្នុងចំណោម​កូនចៅ​អើរ៉ុន​ដែរ ឈ្មោះ​អេលីសាបិត​។ អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។ ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។ កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​សាការី​កំពុង​បំពេញការងារ​ជា​បូជាចារ្យ​តាម​វេន​របស់​ក្រុម​លោក​នៅចំពោះ​ព្រះ លោក​ត្រូវបានជ្រើសរើសដោយចាប់ឆ្នោត តាម​ទម្លាប់​របស់​មុខងារជាបូជាចារ្យ ឲ្យ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​របស់​ព្រះអម្ចាស់​ដើម្បី​ដុតគ្រឿងក្រអូប​។ រីឯ​ប្រជាជន​ទាំងមូល​កំពុង​អធិស្ឋាន​នៅ​ខាងក្រៅ នៅ​ម៉ោង​ដុតគ្រឿងក្រអូប​។ ពេលនោះ មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេច​មក​ដល់​លោក ឈរ​នៅ​ខាងស្ដាំ​អាសនា​ដុតគ្រឿងក្រអូប​។ នៅពេល​ឃើញ​ទូតសួគ៌ សាការី​ក៏​មានអំពល់ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​លោក​។ ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “​កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។ កូននោះ​នឹង​បានជា​អំណរ និង​សេចក្ដីរីករាយ​ដល់​អ្នក ហើយ​មនុស្ស​ជាច្រើន​ក៏​នឹង​អរសប្បាយ​ដោយសារតែ​កំណើត​របស់​កូននោះ​ដែរ ដ្បិត​កូននោះ​នឹង​បាន​ធំឧត្ដម​នៅចំពោះ​ព្រះអម្ចាស់​។ កូននោះ​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរ និង​គ្រឿងស្រវឹង​សោះឡើយ ហើយ​នឹង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​មក​។ កូននោះ​នឹង​ធ្វើឲ្យ​កូនចៅ​អ៊ីស្រាអែល​ជាច្រើន បែរមក​រក​ព្រះអម្ចាស់​ព្រះ​របស់​ពួកគេ​វិញ​។ កូននោះ​នឹង​នាំមុខ​ព្រះអង្គ ដោយ​វិញ្ញាណ​និង​អំណាច​របស់​អេលីយ៉ា ដើម្បី​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន​វិញ ហើយ​ធ្វើឲ្យ​ពួក​មិនស្ដាប់បង្គាប់​បែរមក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុងបំណង​ត្រៀម​ប្រជារាស្ត្រ​ដែល​បាន​រៀបចំ​ទុកជាស្រេច​ថ្វាយ​ព្រះអម្ចាស់​”​។ សាការី​និយាយ​នឹង​ទូតសួគ៌​ថា​៖ “​តើ​ខ្ញុំ​នឹង​ដឹង​ការនេះ​យ៉ាងដូចម្ដេច​បាន​? ដ្បិត​ខ្ញុំ​ជា​មនុស្សចាស់ ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏​មានវ័យចំណាស់​ដែរ​”។ ទូតសួគ៌​តប​នឹង​លោក​ថា​៖ “​ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។ មើល៍! អ្នក​នឹង​គ ហើយ​មិនអាច​និយាយ​បាន​រហូតដល់​ថ្ងៃ​ដែល​ការទាំងនេះ​កើតឡើង ពីព្រោះ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់ខ្ញុំ​ដែល​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​នៅ​ពេលកំណត់​”​។ ប្រជាជន​កំពុង​រង់ចាំ​សាការី ហើយ​ពួកគេ​នឹកឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ទីវិសុទ្ធ​យូរ​ដូច្នេះ​។ នៅពេល​លោក​ចេញមក លោក​មិនអាច​និយាយ​នឹង​ពួកគេ​បានទ្បើយ ដូច្នេះ​ពួកគេ​យល់ឃើញ​ថា លោក​បាន​ឃើញ​និមិត្ត​នៅក្នុង​ទីវិសុទ្ធ​។ សាការី​ចេះតែ​ធ្វើសញ្ញា​ទៅ​ពួកគេ ហើយ​លោក​នៅតែ​គ​។ លុះ​ថ្ងៃ​នៃ​ការបម្រើ​របស់​លោក​បាន​គ្រប់​ហើយ លោក​ក៏​ទៅផ្ទះ​របស់​លោក​វិញ​។ បន្ទាប់ពី​ថ្ងៃ​ទាំងនោះ អេលីសាបិត​ជា​ប្រពន្ធ​របស់​លោក​ក៏​មានផ្ទៃពោះ ហើយ​គាត់​លាក់ខ្លួន​ប្រាំ​ខែ ដោយ​ពោលថា​៖ “​នៅ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រោសប្រណី​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​យ៉ាងនេះ​ចំពោះ​ខ្ញុំ ដើម្បី​ដកយក​សេចក្ដីអាម៉ាស់​របស់ខ្ញុំ​ចេញ​ពីចំណោម​មនុស្ស​”។ នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត គឺ​ទៅឯ​ស្ត្រីព្រហ្មចារី​ម្នាក់ ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​សែស្រឡាយ​ដាវីឌ​។ ឈ្មោះ​របស់​ស្ត្រីព្រហ្មចារី​នោះ​គឺ​ម៉ារា​។ ទូតសួគ៌​នោះ​ចូលទៅ​រក​នាង និយាយថា​៖ “​ជម្រាបសួរ នាង​ដែល​បាន​ទទួលព្រះគុណ​អើយ​! ព្រះអម្ចាស់​គង់នៅ​ជាមួយ​នាង ​”។ ប៉ុន្តែ​នាង​មានអំពល់​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​នេះ ហើយ​រិះគិត​អំពី​ពាក្យជម្រាបសួរ​នេះ ថា​តើ​មានន័យ​ដូចម្ដេច​។ ទូតសួគ៌​ក៏​និយាយ​នឹង​នាង​ថា៖ “​កុំ​ខ្លាច​ឡើយ ម៉ារា​អើយ ពីព្រោះ​នាង​ទទួលបាន​ព្រះគុណ​ពី​ព្រះ​ហើយ​។ មើល៍! នាង​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​ត្រូវ​ដាក់ឈ្មោះ​កូន​នោះ​ថា យេស៊ូវ​។ កូននោះ​នឹង​បាន​ធំឧត្ដម ហើយ​នឹង​ត្រូវបាន​ហៅថា ព្រះបុត្រា​របស់​ព្រះ​ដ៏ខ្ពស់បំផុត​; ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​ប្រទាន​ដល់​កូននោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ដូនតា​របស់​ព្រះអង្គ​។ ព្រះអង្គ​នឹង​សោយរាជ្យ​លើ​ពូជពង្ស​របស់​យ៉ាកុប​ជារៀងរហូត ហើយ​អាណាចក្រ​របស់​ព្រះអង្គ​នឹង​គ្មាន​ទីបញ្ចប់​ឡើយ​”។ ម៉ារា​និយាយ​នឹង​ទូតសួគ៌​ថា៖ “​តើ​ការនេះ​នឹង​កើតឡើង​យ៉ាងដូចម្ដេច​បាន ពីព្រោះ​ខ្ញុំ​មិនទាន់​រៀបការ ​ផង​?​”។ ទូតសួគ៌​តប​នឹង​នាង​ថា​៖ “​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​សណ្ឋិត​លើ​នាង ហើយ​ព្រះចេស្ដា​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​គ្របដណ្ដប់​នាង ហេតុនេះហើយបានជា​កូន​ដ៏វិសុទ្ធ​ដែល​កើតមក​នោះ នឹង​ត្រូវបាន​ហៅថា ព្រះបុត្រារបស់ព្រះ​។ មើល៍! អេលីសាបិត​ជា​សាច់ញាតិ​របស់នាង​ក៏​មានផ្ទៃពោះ​ជា​កូនប្រុស ក្នុង​វ័យចំណាស់​របស់​គាត់​ដែរ គឺ​អ្នក​ដែល​ត្រូវ​គេ​ហៅថា​ជា​ស្ត្រី​អារ គាត់​មាន​ផ្ទៃពោះ ​ប្រាំមួយ​ខែ​ហើយ​។ ដ្បិត​សម្រាប់​ព្រះ​គ្មាន​អ្វី​ដែល​ធ្វើមិនកើត​ឡើយ​”។ ម៉ារា​និយាយថា៖ “​មើល៍! ខ្ញុំជា​ទាសី​របស់​ព្រះអម្ចាស់​។ សូមឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​របស់លោក​ចុះ​”។ បន្ទាប់មក ទូតសួគ៌​ក៏​ចាកចេញ​ពី​នាង​ទៅ​។ នៅ​គ្រានោះ ម៉ារា​ក្រោកឡើង ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ ដល់​ទីក្រុង​មួយ​នៃ​យូដា​។ នាង​ចូលទៅ​ក្នុង​ផ្ទះ​របស់​សាការី ហើយ​ជម្រាបសួរ​អេលីសាបិត​។ នៅពេល​អេលីសាបិត​បាន​ឮ​ពាក្យជម្រាបសួរ​របស់​ម៉ារា ទារក​នៅក្នុង​ផ្ទៃ​គាត់​លោតកញ្ឆេង ហើយ​អេលីសាបិត​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ រួច​គាត់​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “​ក្នុងចំណោម​ស្ត្រី នាង​ជា​អ្នក​ដ៏​មានព្រះពរ ហើយ​ផល​នៃ​ផ្ទៃ​របស់នាង​ក៏​មានព្រះពរ​ដែរ​! ការនេះ​កើតឡើង​ដល់​ខ្ញុំ​យ៉ាងដូចម្ដេច​ហ្ន៎ ដែល​ម្ដាយ​របស់​ព្រះអម្ចាស់​ខ្ញុំ​មករក​ខ្ញុំ​? ដ្បិត​មើល៍! នៅពេល​សំឡេង​នៃ​ពាក្យជម្រាបសួរ​របស់នាង​បាន​ឮដល់​ត្រចៀក​ខ្ញុំ ទារក​ក្នុង​ផ្ទៃ​ខ្ញុំ​បាន​លោតកញ្ឆេង​ដោយ​អំណរ​។ មានពរ​ហើយ នាង​ដែល​ជឿ ដ្បិត​នឹង​មាន​ការបំពេញឲ្យសម្រេច​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នឹង​នាង​”។ ពេលនោះ ម៉ារា​ពោលថា៖ “​ព្រលឹង​របស់ខ្ញុំ​លើកតម្កើង​ព្រះអម្ចាស់ ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ទតមើលដោយព្រះហឫទ័យសន្ដោស​ដល់​ភាពតូចទាប​របស់​ទាសី​ព្រះអង្គ‍។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថាជាអ្នកមានព្រះពរ ដ្បិត​ព្រះអង្គ​ដែល​មានព្រះចេស្ដា បាន​ធ្វើ​ការ​ដ៏អស្ចារ្យ​ដល់​ខ្ញុំ​; ព្រះនាម​របស់​ព្រះអង្គ​វិសុទ្ធ​។ សេចក្ដីមេត្តា​របស់​ព្រះអង្គ មាន​ដល់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ​។ ព្រះអង្គ​ទ្រង់​ធ្វើ​កិច្ចការដ៏មានព្រះចេស្ដា​ដោយ​ព្រះហស្ត​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​កម្ចាត់កម្ចាយ​មនុស្ស​មានអំនួត​ក្នុង​ចិត្ត​គំនិត​របស់​ខ្លួន​។ ព្រះអង្គ​ទ្រង់​ទម្លាក់​ពួក​អ្នកកាន់អំណាច​ពី​បល្ល័ង្ក ហើយ​លើកតម្កើង​មនុស្ស​តូចទាប ព្រះអង្គ​ទ្រង់​ចម្អែត​មនុស្ស​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ ហើយ​បណ្ដេញ​អ្នក​មាន​ឲ្យទៅ​ដោយដៃទទេ​។ ព្រះអង្គ​បាន​ជួយ​អ៊ីស្រាអែល​ជា​អ្នកបម្រើ​របស់​ព្រះអង្គ ដោយ​នឹកចាំ​អំពី​សេចក្ដី​មេត្តា​របស់ព្រះអង្គ ដែលមាន​ដល់​អ័ប្រាហាំ និង​ពូជពង្ស​របស់​លោក​ជារៀងរហូត ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់យើង​”​។ ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​អេលីសាបិត​ប្រមាណជា​បី​ខែ ហើយក៏​ត្រឡប់ទៅផ្ទះ​របស់​នាង​វិញ​។ លុះ​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ហើយ គាត់​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់​។ នៅពេល​អ្នកជិតខាង និង​សាច់ញាតិ​របស់​គាត់​បាន​ឮ​ថា ព្រះអម្ចាស់​បាន​សម្ដែង​សេចក្ដីមេត្តា​យ៉ាងធំធេង​ដល់​គាត់ ពួកគេ​ក៏​អបអរជាមួយគាត់​។ លុះដល់​ថ្ងៃ​ទីប្រាំបី ពួកគេ​ក៏​មក​ដើម្បី​ធ្វើពិធីកាត់ស្បែក​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់ឈ្មោះ​ថា​សាការី តាម​ឈ្មោះ​ឪពុក​។ ប៉ុន្តែ​ម្ដាយ​របស់​ទារក​តប​ថា​៖ “​ទេ​! ត្រូវ​ដាក់ឈ្មោះ​ថា​យ៉ូហាន​វិញ​”។ ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “​ក្នុងចំណោម​សាច់ញាតិ​របស់អ្នក គ្មាន​អ្នកណា​ដែល​មានឈ្មោះ​ហ្នឹង​ទេ​”។ ដូច្នេះ ពួកគេ​ធ្វើសញ្ញា​សួរ​ឪពុក​របស់​ទារក​ថា តើ​លោក​ចង់​ដាក់ឈ្មោះ​អ្វី​ឲ្យ​កូន​។ សាការី​ក៏​សុំ​ក្ដារឆ្នួន​មួយ ហើយ​សរសេរ​ថា​៖ “​ឈ្មោះ​របស់​កូននេះ​គឺ យ៉ូហាន​”។ ពួកគេ​ទាំងអស់គ្នា​ក៏​ងឿងឆ្ងល់​។ រំពេចនោះ មាត់​របស់​លោក​ត្រូវបាន​បើក ហើយ​អណ្ដាត​ក៏​រលាស់​បាន រួច​លោក​ចាប់ផ្ដើម​ពោល​សរសើរតម្កើង​ព្រះ​។ បន្ទាប់មក សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​អស់អ្នក​ដែល​រស់នៅជិតខាង​ពួកគាត់ ហើយ​គេ​និយាយ​អំពី​ការ​ទាំងអស់​នេះ​សុសសាយ​ពេញ​តំបន់ភ្នំ​យូឌា​ទាំងមូល​។ អស់អ្នក​ដែល​ឮ​ក៏​ចងចាំ​ការទាំងនេះ​ទុក​ក្នុង​ចិត្ត ទាំង​និយាយថា​៖ “​តើ​កូន​នេះ​នឹង​ទៅជា​អ្វី​?​” ដ្បិត​ព្រះហស្ត​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ជាមួយ​កូននេះ​។ ពេលនោះ សាការី​ឪពុក​របស់​ទារក​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​ព្យាករ​ថា​៖ “​ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។ ព្រះអង្គ​បាន​លើក​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង​សម្រាប់​យើង ក្នុង​ពូជពង្ស​របស់​ដាវីឌ​អ្នកបម្រើ​របស់​ព្រះអង្គ ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​តាមរយៈ​មាត់​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​តាំងពីបុរាណមក គឺជា​សេចក្ដីសង្គ្រោះ​ឲ្យ​រួច​ពី​ពួក​ខ្មាំងសត្រូវ​របស់យើង និង​ពី​កណ្ដាប់ដៃ​របស់​អស់អ្នក​ដែល​ស្អប់​យើង ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ដែលជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំដូនតា​របស់យើង គឺ​ឲ្យ​យើង​បាន​ស្រោចស្រង់​ពី​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ ដើម្បីឲ្យ​យើង​បម្រើ​ព្រះអង្គ​ដោយ​ឥតភ័យខ្លាច ក្នុង​សេចក្ដីវិសុទ្ធ និង​សេចក្ដីសុចរិត នៅចំពោះ​ព្រះអង្គ អស់​មួយជីវិត​របស់យើង​។ ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ ដើម្បី​ផ្ដល់​ចំណេះដឹង​នៃ​សេចក្ដីសង្គ្រោះ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាមរយៈ​ការលើកលែងទោស​បាប​របស់​ពួកគេ​។ ដោយសារតែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃយើង អរុណរះ​នឹង​មក ​ពី​ស្ថានដ៏ខ្ពស់​ដល់​យើង បំភ្លឺ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត និង​ស្រមោល​នៃ​សេចក្ដីស្លាប់ ដើម្បី​នាំ​ជើង​របស់យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុខសាន្ត ​”។ ទារក​នោះ​ក៏​ធំឡើង ហើយ​មាំមួន​ខាង​វិញ្ញាណ​។ គាត់​រស់នៅ​ទីរហោស្ថាន​រហូតដល់​ថ្ងៃ​ដែលគាត់​បង្ហាញ​ខ្លួន​ដល់​អ៊ីស្រាអែល​៕ នៅ​គ្រានោះ សេសារ​អូគូស្ទ​បាន​ចេញ​រាជក្រឹត្យ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ទៅ​ចុះ​បញ្ជី​។ ជំរឿន​លើក​ដំបូង​នេះ បាន​ធ្វើឡើង​នៅពេល​គីរេនាស​ធ្វើជាអភិបាល​ស៊ីរី​។ ដូច្នេះ មនុស្ស​ទាំងអស់​ក៏​ទៅ​ទីក្រុង​របស់​គេ​រៀងៗខ្លួន ដើម្បី​ចុះបញ្ជី​។ រីឯ​យ៉ូសែប​ក៏​ឡើងទៅ​ដែរ ដោយ​ចេញពី​ក្រុង​ណាសារ៉ែត​ក្នុង​កាលីឡេ​ទៅ​ទីក្រុង​របស់​ដាវីឌ​ក្នុង​យូឌា​ដែល​គេ​ហៅថា​បេថ្លេហិម ពីព្រោះ​គាត់​មក​ពី​សែស្រឡាយ និង​ពូជអម្បូរ​របស់​ដាវីឌ​។ គាត់​ទៅ​ចុះបញ្ជី​ជាមួយ​ម៉ារា​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​គាត់​រួចហើយ ដែល​នាង​មានផ្ទៃពោះ​។ ក្នុងអំឡុងពេល​ដែល​ពួកគេ​នៅ​បេថ្លេហិម ម៉ារា​គ្រប់​ខែ​ត្រូវ​សម្រាល​កូន នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។ នៅ​តំបន់​ដដែល​នោះ មាន​ពួក​អ្នកគង្វាល​ដែល​អាស្រ័យនៅតាមទីវាល កំពុង​ចាំយាម​ហ្វូង​ចៀម​របស់​ពួកគេ​នៅ​ពេលយប់​។ ពេលនោះ មាន​ទូតសួគ៌​មួយ​រូប​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ​ពួកគេ ហើយ​រស្មីរុងរឿង​របស់​ព្រះអម្ចាស់​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅជុំវិញ​ពួកគេ ពួកគេ​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​។ ទូតសួគ៌​នោះ​និយាយ​នឹង​ពួកគេ​ថា​៖ “​កុំ​ខ្លាច​ឡើយ​! ដ្បិត​មើល៍! ខ្ញុំ​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​នៃ​អំណរ​ដ៏លើសលប់ ដែល​នឹង​មាន​ដល់​មនុស្ស​ទាំងអស់​។ ថ្ងៃនេះ ព្រះសង្គ្រោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​ដល់​អ្នករាល់គ្នា នៅ​ទីក្រុង​របស់​ដាវីឌ​ហើយ​។ នេះ​ជា​ទីសម្គាល់​ដល់​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​នឹង​ឃើញ​ទារក​រុំនឹងក្រណាត់ ផ្ដេក​នៅក្នុង​ស្នូកសត្វ​”។ រំពេចនោះ មាន​ពលបរិវារ​នៃស្ថានសួគ៌​ដ៏សន្ធឹកសន្ធាប់​នៅ​ជាមួយ​ទូតសួគ៌​នោះ ហើយ​សរសើរតម្កើង​ព្រះ​ថា​៖ “​សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!​”​។ លុះ​នៅពេល​បណ្ដា​ទូតសួគ៌​ចាកចេញ​ពី​ពួកគេ​ទៅ​ស្ថានសួគ៌​ហើយ ពួក​អ្នកគង្វាល​ក៏​និយាយ​គ្នា​ថា​៖ “​មក៍! យើង​នាំគ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើតឡើង ដែល​ព្រះអម្ចាស់​បាន​ឲ្យ​យើង​ដឹង​នោះ​មើល៍​!​”​។ ដូច្នេះ ពួកគេ​ក៏​ទៅ​ជា​ប្រញាប់ ហើយ​ឃើញ​ម៉ារា និង​យ៉ូសែប ព្រមទាំង​ទារក​ដែល​ផ្ដេក​នៅក្នុង​ស្នូកសត្វ​។ កាល​បាន​ឃើញ​ហើយ ពួកគេ​ក៏​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​អំពី​ទារក​នោះ​។ អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។ រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។ ពួក​អ្នកគង្វាល​ក៏​ត្រឡប់ទៅវិញ​ទាំង​លើកតម្កើងសិរីរុងរឿង និង​សរសើរតម្កើង​ព្រះ ដោយព្រោះ​សេចក្ដី​ទាំងអស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​នោះ ដូចដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​។ នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។ បន្ទាប់ពី​ថ្ងៃ​នៃ​ការជម្រះ​របស់​ពួកគេ​បាន​គ្រប់​ហើយ ស្របតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ពួកគេ​ក៏​នាំ​កូន​មក​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​: “​អស់ទាំង​កូនប្រុស​ដែល​កើតពីផ្ទៃម្ដាយមុនបង្អស់ នឹង​ត្រូវ​រាប់ជា​វិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់​” ព្រមទាំង​ដើម្បី​ថ្វាយ​យញ្ញបូជា ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​: “​លលក​មួយគូ ឬ​កូន​ព្រាប​ពីរ​ក្បាល​”។ ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។ ម្យ៉ាងទៀត លោក​បាន​ទទួលការបើកសម្ដែង​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ហើយ​ថា លោក​មិន​ជួប​សេចក្ដីស្លាប់​ឡើយ រហូតទាល់តែ​បាន​ឃើញ​ព្រះ​គ្រីស្ទ​របស់​ព្រះអម្ចាស់​។ លោក​បាន​ចូលមក​ក្នុង​ព្រះវិហារ​ដោយ​ព្រះវិញ្ញាណ ហើយ​នៅពេល​ឪពុកម្ដាយ​បាន​នាំ​បុត្រតូច​យេស៊ូវ​មក ដើម្បី​ធ្វើ​តាម​ទម្លាប់​ក្នុង​ក្រឹត្យវិន័យ​ចំពោះ​កូន ស៊ីម្មាន​ក៏​ទទួល​បុត្រតូចនោះ​មកបី ហើយ​សរសើរតម្កើង​ព្រះ​ថា​៖ “​ព្រះអម្ចាស់​អើយ ឥឡូវនេះ សូម​ប្រោស​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ចាកចេញ​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ចុះ ដ្បិត​ភ្នែក​របស់ទូលបង្គំ​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​រៀបចំ​នៅចំពោះ​មុខ​ប្រជាជាតិ​ទាំងអស់ គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ​”។ ឪពុក​ម្ដាយ​របស់​បុត្រតូច ​ក៏​ងឿងឆ្ងល់​ចំពោះ​អ្វីៗ​ដែល​ត្រូវបាន​ថ្លែង​អំពី​បុត្រតូចនោះ​។ ស៊ីម្មាន​ឲ្យពរ​ពួកគេ ព្រមទាំង​និយាយ​នឹង​ម៉ារា​ម្ដាយ​របស់​បុត្រតូច​ថា​៖ “​មើល៍! កូននេះ​ត្រូវបាន​តាំងឡើង​សម្រាប់​ការដួលរលំ​និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ៊ីស្រាអែល និង​សម្រាប់​ជា​ទីសម្គាល់​ដែល​ត្រូវគេ​ប្រឆាំង ដើម្បីឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ជាច្រើន​ត្រូវបាន​សម្ដែងឲ្យឃើញ​; រីឯ​ព្រលឹង​របស់នាង​ផ្ទាល់​ក៏​នឹង​ត្រូវ​ដាវ​ចាក់ទម្លុះ​ដែរ​”​។ មាន​ព្យាការិនី​ម្នាក់​ឈ្មោះ​អាន់ណា ជា​កូនស្រី​របស់​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ​។ ស្ត្រីនេះ​មានវ័យចំណាស់​ហើយ គាត់​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ​ក្រោយពីរៀបការ រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ ​។ គាត់​មិនដែល​ចាកចេញ​ពី​ព្រះវិហារ​ឡើយ គឺ​តែងតែ​បម្រើ​ព្រះ​ទាំងយប់ទាំងថ្ងៃ ដោយ​ការតមអាហារ និង​ការអធិស្ឋាន​។ នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម ​។ នៅពេល​បាន​បំពេញ​ការ​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​រួចហើយ យ៉ូសែប និងម៉ារា​ក៏​ត្រឡប់​ទៅ​កាលីឡេ​វិញ ដល់​ណាសារ៉ែត​ជា​ទីក្រុង​របស់​ពួកគេ​។ បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។ ជា​រៀងរាល់​ឆ្នាំ ឪពុកម្ដាយ​របស់​ព្រះកុមារយេស៊ូវ​តែងតែ​ធ្វើដំណើរ​ទៅ​បុណ្យរំលង​នៅ​យេរូសាឡិម​។ នៅពេល​ព្រះអង្គ​មាន​ព្រះជន្មាយុ​ដប់ពីរ​ព្រះវស្សា ពួកគេ​ក៏​ឡើងទៅ ​តាម​ទម្លាប់​នៃ​ពិធីបុណ្យ​។ បន្ទាប់ពី​ថ្ងៃ​បុណ្យ​ចប់សព្វគ្រប់​ហើយ ពេល​ពួកគេ​កំពុង​ត្រឡប់ទៅវិញ ព្រះកុមារ​យេស៊ូវ​នៅតែគង់នៅ​យេរូសាឡិម ប៉ុន្តែ​ឪពុកម្ដាយ​របស់​ព្រះអង្គ ​មិន​បាន​ដឹង​ទេ​។ ពួកគាត់​ស្មានថា​ព្រះអង្គ​នៅ​ក្នុងចំណោម​អ្នករួមដំណើរ ក៏​ធ្វើដំណើរ​អស់​មួយ​ថ្ងៃ បន្ទាប់មក​ទើប​ចាប់ផ្ដើម​រក​ព្រះអង្គ​ក្នុងចំណោម​សាច់ញាតិ និង​អ្នក​ដែល​ស្គាល់ ប៉ុន្តែ​រកមិនឃើញ ពួកគាត់​ក៏​ត្រឡប់ទៅ​រក​ព្រះអង្គ​ដល់​យេរូសាឡិម​។ លុះ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​រក​ព្រះអង្គ​ឃើញ​នៅក្នុង​ព្រះវិហារ កំពុង​អង្គុយ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ ទាំង​ស្ដាប់ ទាំង​សួរ​សំណួរ​ដល់​គេ​ផង​។ អស់អ្នក​ដែល​ស្ដាប់​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ញា និង​ចម្លើយ​របស់​ព្រះអង្គ​។ នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “​កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!​”​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគាត់​ថា​៖ “​ហេតុអ្វីបានជា​ពុកម៉ែ​តាមរក​កូន? តើ​មិន​ដឹង​ថា កូន​ត្រូវតែ​នៅ​ក្នុង​ដំណាក់​ព្រះ​បិតា​របស់កូន ទេ​ឬ​?​”​។ ប៉ុន្តែ​ពួកគាត់​មិន​យល់​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគាត់​ឡើយ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។ ព្រះយេស៊ូវ​បាន​ចម្រើនឡើង ខាង​ប្រាជ្ញា និង​រូបកាយ ហើយក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះ និង​ជា​ទីគាប់ចិត្ត​ដល់​មនុស្ស​ផង​ដែរ​៕ នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រជ្ជកាល​សេសារ​ទីប៊ើរ កាល​ប៉ុនទាស​ពីឡាត់​ធ្វើជាអភិបាល​នៃ​យូឌា ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​កាលីឡេ ភីលីព​អនុជ ​របស់​ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​តំបន់​អ៊ីទូរេ និង​ត្រាខូនីត ហើយ​លីសានាស​ធ្វើជាស្ដេចត្រាញ់​នៃ​អាប៊ីលេន គឺ​ពេលដែល​អាន់ណាស និង​កៃផាស​ជា​មហាបូជាចារ្យ នោះ​ព្រះបន្ទូល​របស់​ព្រះ​បាន​មកដល់​យ៉ូហាន​កូន​សាការី នៅ​ទីរហោស្ថាន​។ គាត់​ក៏​ទៅ​តាម​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ ទាំង​ប្រកាស​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ​ថា​: “​មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘​ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ​! ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លុបបំពេញ ហើយអស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប ​; រីឯ​ផ្លូវ​វៀច​នឹង​ត្រូវបាន​តម្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​ត្រូវបាន​ធ្វើឲ្យ​រាបស្មើ នោះ​មនុស្ស ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​’​”​។ យ៉ូហាន​និយាយ​នឹង​ហ្វូងមនុស្ស​ដែល​ចេញមក​ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ថា៖ “​ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​? បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘​យើង​មាន​អ័ប្រាហាំ​ជា​ដូនតា​’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។ សូម្បីតែ​ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​”​។ ហ្វូងមនុស្ស​ក៏​សួរ​គាត់​ថា៖ “​បើដូច្នេះ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​”​។ យ៉ូហាន​ឆ្លើយ​នឹង​ពួកគេ​ថា៖ “​អ្នកណា​ដែល​មាន​អាវ ​ពីរ ត្រូវ​ចែកឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នកណា​ដែល​មាន​អាហារ ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ​”​។ មាន​ពួក​អ្នកទារពន្ធ​មក​ទទួលពិធីជ្រមុជទឹក​ដែរ ពួកគេ​ក៏​សួរ​យ៉ូហាន​ថា៖ “​លោកគ្រូ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​”​។ យ៉ូហាន​ប្រាប់​ពួកគេ​ថា​៖ “​កុំ​ទារ​ពន្ធ​ហួសកម្រិត​ដែល​បាន​កំណត់​ឲ្យ​អ្នករាល់គ្នា​នោះ​ឡើយ​”​។ ពួក​ទាហាន​ក៏​សួរ​គាត់​ដែរ​ថា៖ “​ចុះ​យើងខ្ញុំ​វិញ តើ​គួរ​ធ្វើ​ដូចម្ដេចដែរ​?​”​។ យ៉ូហាន​និយាយថា​៖ “​កុំ​គំរាមយកលុយ ឬ​ចេះតែចោទយកលុយ ​ពី​អ្នកណាឡើយ តែ​ចូរ​ស្កប់ចិត្ត​នឹង​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ”។ នៅគ្រាដែល​ប្រជាជន​កំពុង​រង់ចាំ នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​នឹកស្មាន​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា ប្រហែល​គាត់​ជា​ព្រះ​គ្រីស្ទ​។ យ៉ូហាន​តប​នឹង​ពួកគេ​ទាំងអស់គ្នា​ថា៖ “​ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក ​មែន ប៉ុន្តែ​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង ​។ លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ដើម្បី​សម្អាត​លានបោកស្រូវ​របស់​លោក ហើយ​ប្រមូល​ស្រូវ​ដាក់ក្នុង​ជង្រុក​របស់​លោក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន​”​។ ដូច្នេះ យ៉ូហាន​បាន​ប្រកាសដំណឹងល្អ​ដល់​ប្រជាជន​ដោយ​ពាក្យ​ដាស់តឿន​ផ្សេងទៀត​ជាច្រើន​។ ប៉ុន្តែ​នៅពេល​ស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​យ៉ូហាន​ស្ដីបន្ទោស​អំពី​ហេរ៉ូឌាស​មហេសី​របស់ ​អនុជ​ទ្រង់ និង​អំពី​អស់ទាំង​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ទ្រង់​បាន​បន្ថែម​ការនេះ​មួយ​ទៀត​លើ​ការ​អាក្រក់​ទាំងអស់ គឺ​ទ្រង់​បាន​ឃុំឃាំង​យ៉ូហាន​ក្នុង​គុក​។ កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ប្រជាជន​ទាំងអស់​បាន​ទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវ​ក៏​បាន​ទទួលពិធីជ្រមុជទឹក​ដែរ​។ ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​យាង​ចុះ​ក្នុង​រូបសណ្ឋាន​ដូចជា​សត្វព្រាប​មក​លើ​ព្រះអង្គ រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “​អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក​”។ នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី ហេលី​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី លេវី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​យ៉ាណាយ យ៉ាណាយ​ជាកូន​យ៉ូសែប យ៉ូសែប​ជាកូន​ម៉ាតាធាស ម៉ាតាធាស​ជាកូន​អេម៉ុស អេម៉ុស​ជាកូន​ណាហ៊ូម ណាហ៊ូម​ជាកូន​អែសលី អែសលី​ជាកូន​ណាកាយ ណាកាយ​ជាកូន​ម៉ាអាត ម៉ាអាត​ជាកូន​ម៉ាតាធាស ម៉ាតាធាស​ជាកូន​សេម៉ី សេម៉ី​ជាកូន​យ៉ូសិក យ៉ូសិក​ជាកូន​យូដា យូដា​ជាកូន​យ៉ូអាណាន់ យ៉ូអាណាន់​ជាកូន​រេសា រេសា​ជាកូន​សូរ៉ូបាបិល សូរ៉ូបាបិល​ជាកូន​សាលធាល សាលធាល​ជាកូន​នេរី នេរី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​អ័តឌី អ័តឌី​ជាកូន​កូសាម កូសាម​ជាកូន​អែលម៉ូដាម អែលម៉ូដាម​ជាកូន​អ៊ើរ អ៊ើរ​ជាកូន​យ៉ូសេ យ៉ូសេ​ជាកូន​អេលាស៊ើរ អេលាស៊ើរ​ជាកូន​យ៉ូរិម យ៉ូរិម​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី លេវី​ជាកូន​ស៊ីម្មាន ស៊ីម្មាន​ជាកូន​យូដា យូដា​ជាកូន​យ៉ូសែប យ៉ូសែប​ជាកូន​យ៉ូណាម យ៉ូណាម​ជាកូន​អេលាគីម អេលាគីម​ជាកូន​ម៉េលាស ម៉េលាស​ជាកូន​ម៉ៃណាន ម៉ៃណាន​ជាកូន​ម៉ាតាថា ម៉ាតាថា​ជាកូន​ណាថាន់ ណាថាន់​ជាកូន​ដាវីឌ ដាវីឌ​ជាកូន​អ៊ីសាយ អ៊ីសាយ​ជាកូន​អូបិឌ អូបិឌ​ជាកូន​បូអូស បូអូស​ជាកូន​សាលម៉ូន សាលម៉ូន​ជាកូន​ណាសូន ណាសូន​ជាកូន​អ័មីណាដាប់ អ័មីណាដាប់​ជាកូន​អាដមីន អាដមីន ​ជាកូន​អើរ៉ាម អើរ៉ាម​ជាកូន​ហេស្រុន ហេស្រុន​ជាកូន​ពេរេស ពេរេស​ជាកូន​យូដា យូដា​ជាកូន​យ៉ាកុប យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ ណាឃរ​ជាកូន​សេរូក សេរូក​ជាកូន​រេហ៊ូវ រេហ៊ូវ​ជាកូន​ផាលេក ផាលេក​ជាកូន​ហេប៊ើរ ហេប៊ើរ​ជាកូន​សេឡា សេទ្បា​ជាកូន​កៃណាន កៃណាន​ជាកូន​អើប៉ាក់សាឌ អើប៉ាក់សាឌ​ជាកូន​សិម សិម​ជាកូន​ណូអេ ណូអេ​ជាកូន​ឡាមេក ទ្បាមេក​ជាកូន​មធូសាទ្បា មធូសាទ្បា​ជាកូន​ហេណុក ហេណុក​ជាកូន​យ៉ារេឌ យ៉ារេឌ​ជាកូន​ម៉ាលេលាល ម៉ាលេលាល​ជាកូន​កៃណាន កៃណានជាកូន​អេណុស អេណុស​ជាកូន​សេថ សេថ​ជាកូន​អ័ដាម ហើយ​អ័ដាម​ជាកូន​របស់​ព្រះ៕ បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់មក​ពី​ទន្លេយ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ព្រះអង្គ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន ទាំង​ត្រូវ​មារ​ល្បួង​សែសិប​ថ្ងៃ​។ ក្នុងអំឡុង​ថ្ងៃ​ទាំងនោះ ព្រះអង្គ​មិន​សោយ​អ្វី​ឡើយ លុះ​ផុត​ថ្ងៃទាំងនោះ​ហើយ ព្រះអង្គ​ក៏​ឃ្លាន​។ មារ​ក៏​ទូល​ព្រះអង្គ​ថា​៖ “​ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​នេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍!”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖ “​មាន​សរសេរ​ទុកមក​ថា​: ‘​មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ ’ ”។ មារ ​ក៏​នាំ​ព្រះយេស៊ូវ​ឡើង​ទៅ​កន្លែងដ៏ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក​ដល់​ព្រះអង្គ ក្នុង​រយៈពេលមួយភ្លែត រួច​ទូល​ព្រះអង្គ​ថា ៖ “​ខ្ញុំ​នឹង​ឲ្យ​អស់ទាំង​សិទ្ធិអំណាច និង​សិរីរុងរឿង​នៃ​អាណាចក្រទាំងនេះ​ដល់​អ្នក ដ្បិត​ទាំងអស់នេះ​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ឲ្យ​ទៅ​អ្នកណាក៏ដោយដែល​ខ្ញុំ​ចង់​។ ដូច្នេះ ប្រសិនបើ​អ្នក​ថ្វាយបង្គំ​នៅមុខ​ខ្ញុំ អ្វីៗ​ទាំងអស់​នេះ​នឹង​ទៅជា​របស់អ្នក​”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖ “ មាន​សរសេរ​ទុកមក​ថា​: ‘​អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់​’ ”។ មារ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ​យេរូសាឡិម ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ រួច​ទូល​ព្រះអង្គ​ថា៖ “​ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ពីទីនេះ​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘​ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ឲ្យ​ថែរក្សា​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ​”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖ “​មាន​ចែង​ទុកមក​ថា​: ‘​កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’ ”។ ពេល​មារ​បាន​បញ្ចប់​ការល្បួង​គ្រប់បែបយ៉ាង​ហើយ វា​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ​មួយរយៈ​។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់ទៅ​កាលីឡេ​វិញ ទាំង​ប្រកបដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​តាម​តំបន់ជុំវិញ​ទាំងអស់​។ ព្រះអង្គ​បាន​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ត្រូវ​មនុស្ស​ទាំងអស់​សរសើរ​។ ព្រះយេស៊ូវ​យាង​មកដល់​ណាសារ៉ែត ជា​កន្លែងដែល​ព្រះអង្គ​ធំដឹងក្ដី​។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​តាម​ទម្លាប់​របស់​ព្រះអង្គ ហើយ​ក្រោកឈរឡើង​ដើម្បី​អាន​គម្ពីរ គេ​ក៏​យក​គម្ពីរ​ព្យាការី​អេសាយ​ឲ្យ​ព្រះអង្គ​។ នៅពេល​ព្រះអង្គ​លា​ក្រាំង​នោះ ក៏​រកឃើញ​កន្លែង​មួយ​ដែល​មាន​សរសេរ​ទុកមក​ថា​: “​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្សក្រីក្រ ​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​ប្រកាស​សេរីភាព ដល់​ពួក​ឈ្លើយសឹក និង​ការមើលឃើញឡើងវិញ​ដល់​មនុស្ស​ខ្វាក់ភ្នែក ដើម្បី​រំដោះ​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ឲ្យមានសេរីភាព និង​ដើម្បី​ប្រកាស​ឆ្នាំ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់” ។ នៅពេល​មូរ​ក្រាំង​ប្រគល់ឲ្យ​អ្នកជួយ​វិញ ព្រះយេស៊ូវ​ក៏​គង់ចុះ​។ ភ្នែក​របស់​មនុស្ស​ទាំងអស់​ក្នុង​សាលាប្រជុំ​បាន​សម្លឹងមើល​ព្រះអង្គ​។ ពេលនោះ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ថ្ងៃនេះ បទគម្ពីរ​នេះ​ត្រូវបាន​បំពេញឲ្យសម្រេច​ហើយ ក្នុងកាលដែល​អ្នករាល់គ្នា​កំពុងឮនឹងត្រចៀក​”​។ ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “​តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នករាល់គ្នា​មុខជា​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​មិនខាន​ថា​: ‘​គ្រូពេទ្យ​អើយ ចូរ​ព្យាបាល​ខ្លួនអ្នក​ឲ្យជា​ទៅ​!​’ ហើយ​ថា​: ‘​អ្វីដែល​យើង​បាន​ឮ​ថា​បាន​កើតឡើង​នៅ​កាពើណិម ចូរ​ធ្វើ​នៅ​ទីនេះ ក្នុង​ស្រុកកំណើត​របស់អ្នក​ដែរ​ទៅ​!​’​”​។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មាន​ព្យាការី​ណា​ដែល​ទទួលការស្វាគមន៍​នៅក្នុង​ស្រុកកំណើត​របស់​ខ្លួនឡើយ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​តាម​សេចក្ដីពិត​ថា មាន​ស្ត្រីមេម៉ាយ​ជាច្រើន​ក្នុង​អ៊ីស្រាអែល​នៅ​សម័យ​អេលីយ៉ា កាល​ផ្ទៃមេឃ​ត្រូវបាន​បិទ​អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ គឺ​ពេលដែល​មាន​ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​កើត​នៅ​គ្រប់​កន្លែង ប៉ុន្តែ​អេលីយ៉ា​មិន​ត្រូវបាន​ចាត់ឲ្យទៅ​ឯ​អ្នកណា​ម្នាក់​ក្នុងចំណោម​ពួកគេ​ឡើយ គឺ​ត្រូវបាន​ចាត់ឲ្យទៅ​ឯ​ស្ត្រីមេម៉ាយ​ម្នាក់​នៅ​សារិបតា​ក្នុង​ស៊ីដូន​វិញ​។ មួយវិញទៀត នៅ​សម័យ​ព្យាការី​អេលីសេ មាន​មនុស្សឃ្លង់​ជាច្រើន​ក្នុង​អ៊ីស្រាអែល ប៉ុន្តែ​គ្មានអ្នកណា​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ប្រោសឲ្យបរិសុទ្ធ​ឡើយ មានតែ​ណាម៉ាន​ជនជាតិស៊ីរី​ប៉ុណ្ណោះ​”។ នៅពេល​ឮ​ពាក្យ​ទាំងនេះ មនុស្ស​ទាំងអស់​នៅក្នុង​សាលាប្រជុំ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ក្រោកឡើង​ដេញ​ព្រះអង្គ​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង រួច​នាំ​ព្រះអង្គ​ទៅ​លើ​ចំណោតភ្នំ​ដែល​ជាទីតាំង​ក្រុង‍របស់​ពួកគេ ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​។ ប៉ុន្តែ​ព្រះអង្គ​យាងកាត់​កណ្ដាលចំណោម​ពួកគេ ហើយ​ចេញទៅ​បាត់​។ ព្រះយេស៊ូវ​យាង​ចុះទៅ​កាពើណិម ជា​ទីក្រុង​មួយ​នៅ​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃសប្ប័ទ​។ គេ​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ពីព្រោះ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រកបដោយ​សិទ្ធិអំណាច​។ នៅក្នុង​សាលាប្រជុំ​នោះ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​អារក្ស​អសោច​ចូល​។ គាត់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “​ឱ ព្រះយេស៊ូវ​អ្នកណាសារ៉ែត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​មក​បំផ្លាញ​យើងខ្ញុំ​ឬ​? ខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ជា​អ្នកណា គឺ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ​”​។ ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​វិញ្ញាណ​អសោច​ថា​៖ “​ស្ងៀម​! ចេញ​ពី​អ្នកនេះ​ទៅ​!​”។ អារក្ស​ក៏​ផ្ដួល​បុរសនោះ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើឲ្យ​គាត់​រងរបួស​អ្វីឡើយ​។ មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “​តើ​ពាក្យសម្ដី​នេះ​ជា​អ្វី​? លោក​បញ្ជា​ពួក​វិញ្ញាណអសោច​ដោយ​សិទ្ធិអំណាច និង​មហិទ្ធិឫទ្ធិ ហើយ​ពួកវា​ក៏​ចេញទៅ​!​”​។ ដូច្នេះ ដំណឹង​អំពី​ព្រះអង្គ​ក៏​ឮសុសសាយ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់ជុំវិញ​នោះ​។ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​យាង​ចេញពី​សាលាប្រជុំ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​។ ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​រងទុក្ខ​ដោយ​គ្រុន​ក្ដៅ​ខ្លាំង គេ​ក៏​ទូល​អង្វរ​ព្រះអង្គ​អំពី​គាត់​។ ព្រះយេស៊ូវ​ក៏​មកឈរនៅក្បែរ​គាត់ ហើយ​ស្ដីឲ្យ​គ្រុន នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់​។ រំពេចនោះ គាត់​ក៏​ក្រោកឡើង ហើយ​ចាប់ផ្ដើមបម្រើ​ពួកគេ​។ លុះដល់​ពេល​ថ្ងៃលិច អស់អ្នក​ដែល​មាន​អ្នក​ឈឺ​ដោយ​រោគា​ផ្សេងៗ​ក៏​នាំ​អ្នកឈឺទាំងនោះ​មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា ដោយ​ដាក់​ព្រះហស្ត​លើ​ពួកគេ​ម្នាក់ៗ​។ ពួក​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជាច្រើន ទាំង​ស្រែកឡើង​ថា៖ “​ព្រះអង្គ​ជា ​ព្រះបុត្រារបស់ព្រះ​!​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​ពួកវា មិន​ឲ្យ​ពួកវា​និយាយ​ឡើយ ពីព្រោះ​ពួកវា​ដឹង​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ។ ព្រលឹមឡើង ព្រះយេស៊ូវ​យាង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​។ ហ្វូងមនុស្ស​ក៏​ខំរក​ព្រះអង្គ លុះ​មកដល់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពួកគេ​ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាកចេញ​ពី​ពួកគេឡើយ​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​ត្រូវតែ​ប្រកាសដំណឹងល្អ​នៃ​អាណាចក្រ​របស់​ព្រះ​ដល់​ទីក្រុង​ឯទៀត​ៗ​ដែរ ដ្បិត​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក ដើម្បី​ការនេះ​ឯង”​។ ដូច្នេះ ព្រះអង្គ​ក៏​បន្ត​ប្រកាស​ដំណឹងល្អ​តាម​សាលាប្រជុំ​នៅ​ក្នុង​កាលីឡេ ​៕ កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត ​។ ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់បឹង រីឯ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​ហើយ។ ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក​មួយ​ដែល​ជា​ទូក​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញទូក​ពី​ច្រាំង​បន្តិច​។ រួច​ព្រះអង្គ​ក៏​គង់ចុះ បង្រៀន​ហ្វូងមនុស្ស​ពីក្នុង​ទូក​នោះ​។ នៅពេល​បង្រៀន​ចប់​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖ “​ចូរ​ចេញទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់ត្រី​ចុះ”។ ស៊ីម៉ូន​ទូល​តប​ថា៖ “​លោកគ្រូ យើងខ្ញុំ​បាន​ធ្វើការនឿយហត់​ពេញ​មួយ​យប់ ចាប់​មិន​បាន​អ្វីសោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់លោក​”។ នៅពេល​ធ្វើ​ដូច្នេះ ពួកគេ​ក៏​ចាប់​បាន​ត្រី​ដ៏ច្រើនសន្ធឹក ហើយ​អួន​របស់​ពួកគេ​ស្ទើរតែនឹង​ធ្លាយ​។ ពួកគេ​ធ្វើសញ្ញា​ទៅ​គូកន​នៅក្នុង​ទូក​មួយទៀត​ឲ្យ​មក​ជួយ​។ គេ​ក៏​មក ហើយ​ដាក់​ត្រី​ពេញ​ទូក​ទាំងពីរ រហូតដល់​ទូកទាំងនោះ​ស្ទើរតែនឹង​លិច។ នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា ​របស់​ព្រះយេស៊ូវ ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!​”​។ ដ្បិត​គាត់ និង​អស់អ្នក​ដែល​នៅ​ជាមួយ​គាត់​ភ្ញាក់ផ្អើល​នឹង​ត្រី​ដែល​ចាប់​បាន​។ យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ដែល​ជា​ដៃគូ​របស់​ស៊ីម៉ូន ក៏​ភ្ញាក់ផ្អើល​ដូចគ្នា​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖ “​កុំ​ខ្លាច​ឡើយ! ចាប់ពីឥឡូវនេះទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​”។ ពួកគេ​ក៏​ចត​ទូក​នៅ​មាត់ច្រាំង ហើយ​ទុក​អ្វីៗ​ទាំងអស់​ចោល រួច​ទៅតាម​ព្រះអង្គ។ កាលមួយ ពេល​ព្រះយេស៊ូវ​គង់នៅ​ទីក្រុង​មួយ មើល៍! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​នៅទីនោះ​។ គាត់​ឃើញ​ព្រះយេស៊ូវ ក៏​ក្រាប​មុខ​ដល់ដី ទូល​អង្វរ​ព្រះអង្គ​ថា៖ “​ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន​”។ ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖ “​ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”​។ ភ្លាមនោះ ជំងឺឃ្លង់​ក៏​ចាកចេញ​ពី​បុរសនោះ​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​គាត់​ថា៖ “​កុំ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធីជម្រះ​របស់អ្នក​តាមដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ​”។ ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។ រីឯ​ព្រះអង្គ​តែងតែ​បណ្ដោះខ្លួន​ទៅ​ទីរហោស្ថាន ហើយ​អធិស្ឋាន។ នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​កំពុងតែ​បង្រៀន ហើយ​មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​អង្គុយ​នៅទីនោះ​។ ពួកគេ​បាន​មក​ពី​គ្រប់​ភូមិ​ក្នុង​កាលីឡេ យូឌា និង​យេរូសាឡិម​។ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ក្នុង​ព្រះអង្គ ដើម្បី​ប្រោសឲ្យជា​។ ពេលនោះ មើល៍! មាន​គេ​នាំ​បុរស​ម្នាក់​ដែល​ស្លាប់មួយចំហៀងខ្លួន​មក​ទាំង​ដេក​នៅលើ​គ្រែ​។ គេ​ព្យាយាម​នាំ​គាត់​ចូលទៅ​ដាក់​នៅមុខ​ព្រះយេស៊ូវ ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរសស្លាប់មួយចំហៀងខ្លួននោះ​ថា៖ “​សម្លាញ់​អើយ ​ បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ​”។ ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​រិះគិត​ថា​៖ “​តើ​អ្នកនេះ​ដែល​និយាយ​ពាក្យប្រមាថព្រះ ជា​នរណា​? ក្រៅពី​ព្រះ​តែមួយអង្គ​គត់ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ក្នុង​ចិត្ត​ដូច្នេះ​? ការ​ដែល​និយាយថា​: ‘​បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ​’ ឬ​ថា​: ‘​ចូរ​ក្រោកឡើង ដើរ​ទៅចុះ​’ តើ​មួយណា​ងាយ​ថា​ជាង​? យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...​” ព្រះអង្គ​ក៏​មានបន្ទូល​នឹង​បុរស​ស្លាប់មួយចំហៀងខ្លួន​ថា​៖ “​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!​”។ បុរសនោះ​ក៏​ក្រោកឡើង​ភ្លាម​នៅមុខ​មនុស្សទាំងអស់ យក​គ្រែ​ដែល​គាត់​បាន​ដេក​នោះ ហើយ​ទៅផ្ទះ​របស់​គាត់​វិញ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “​ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!​”​។ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ចេញទៅ ហើយ​ទត​ឃើញ​អ្នកទារពន្ធ​ម្នាក់​ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​មកតាម​ខ្ញុំ​!​”។ គាត់​ក៏​ក្រោកឡើង លះបង់​អ្វីៗ​ទាំងអស់ ហើយ​ទៅតាម​ព្រះអង្គ​។ លេវី​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ​សម្រាប់​ព្រះយេស៊ូវ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នកទារពន្ធ និង​មនុស្ស​ឯទៀត​ជាច្រើន​រួមតុអាហារ​ជាមួយ​ពួកគេ​ដែរ​។ ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​របស់​ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ម្ដេចក៏​អ្នករាល់គ្នា​ស៊ីផឹក​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប​ឲ្យ​កែប្រែចិត្តវិញ​”។ បន្ទាប់មក មាន​គេ​ទូល​ព្រះយេស៊ូវ​ថា​៖ “​សិស្ស​របស់​យ៉ូហាន​តមអាហារ និង​អធិស្ឋាន​ជាញឹកញាប់ ហើយ​សិស្ស​របស់​ពួកផារិស៊ី​ក៏​ធ្វើ​ដូចគ្នា​ដែរ ប៉ុន្តែ​សិស្ស​របស់លោក​បែរជា​ហូប និង​ផឹក​ទៅវិញ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ ​ អ្នករាល់គ្នា​មិន​អាច​ឲ្យ​ភ្ញៀវ​តមអាហារ​បាន​ទេ មែនទេ​? ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​គ្រានោះ​ទើប​ពួកគេ​តមអាហារ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖ “​គ្មានអ្នកណា​ហែក​យក​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ ទាំង​សម្លៀកបំពាក់​ថ្មី​ក៏​រហែក ហើយ​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​សម្លៀកបំពាក់​ចាស់​ដែរ​។ ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរ​ថ្មី​នឹង​ទម្លាយ​ថង់ស្បែក នោះ​ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។ ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី ។ គ្មានអ្នកណា​ចង់បាន​ស្រាទំពាំងបាយជូរ​ថ្មី​ឡើយ ក្រោយពី​ផឹក​ស្រាទំពាំងបាយជូរ​ចាស់​ហើយ ដ្បិត​គេ​ថា​: ‘​របស់​ចាស់​ល្អ​ហើយ ’​”៕ នៅ​ថ្ងៃសប្ប័ទ ​មួយ ពេល​ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​កាច់​កួរស្រូវ​មក​ញី​នឹង​ដៃ​ហូប​។ មាន​អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “​ម្ដេចក៏​អ្នករាល់គ្នា​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ ​នៅ​ថ្ងៃសប្ប័ទ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​មិនដែល​អាន​អំពី​ការនេះ​ដែល​ដាវីឌ​បាន​ធ្វើ នៅពេល​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ឃ្លាន​ទេ​ឬ​? គឺ​របៀបដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​យក​នំប៉័ងតាំងថ្វាយ​មក​ហូប ព្រមទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​កូនមនុស្ស​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ​”។ នៅ​ថ្ងៃសប្ប័ទ​មួយទៀត ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​បង្រៀន​គេ​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃស្ដាំ​។ ពួកគ្រូវិន័យ និងពួកផារិស៊ី​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បី​រក​ហេតុផល ​ចោទប្រកាន់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​ស្វិត​ដៃ​ម្ខាង​នោះ​ថា​៖ “​ចូរ​ក្រោកឡើង មក​ឈរ​នៅ​កណ្ដាលចំណោម​!​”។ គាត់​ក៏​ក្រោកឡើង ឈរ​នៅទីនោះ​។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​សូម​សួរ អ្នករាល់គ្នា​ថា នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់: ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?​”​។ ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ទាំងអស់គ្នា​ហើយ ក៏​មានបន្ទូល​នឹង​បុរសនោះ​ថា​៖ “​ចូរ​លាត​ដៃ​របស់អ្នក​ចុះ​!​”​។ គាត់​ក៏​ធ្វើតាម នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ ​។ ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។ នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​ចេញទៅ​ភ្នំ​ដើម្បី​អធិស្ឋាន ហើយ​ព្រះអង្គ​ទ្រង់​អធិស្ឋាន​ទៅ​ព្រះ​ពេញមួយយប់​។ លុះ​ព្រលឹមឡើង ព្រះអង្គ​ទ្រង់​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក ហើយ​ជ្រើសរើស​ដប់ពីរ​នាក់​ពីចំណោម​ពួកគេ ដែល​ព្រះអង្គ​ហៅថា​សាវ័ក​: ស៊ីម៉ូន ដែល​ព្រះអង្គ​ហៅថា​ពេត្រុស​; អនទ្រេ​ប្អូនប្រុស ​របស់​គាត់​; យ៉ាកុប និង​យ៉ូហាន​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ​; ស៊ីម៉ូន​ដែល​គេ​ហៅថា​អ្នកជាតិនិយម​; យូដាស​កូន ​របស់​យ៉ាកុប និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយទៅជា​អ្នកក្បត់​។ នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។ ពួកគេ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​រោគា​ផ្សេងៗ​របស់​ពួកគេ​។ អ្នកទាំងនោះ​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ ក៏​ត្រូវបាន​ប្រោសឲ្យជា​។ ហ្វូងមនុស្ស​ទាំងមូល​ក៏​ព្យាយាម​ពាល់​ព្រះអង្គ ពីព្រោះ​មាន​ព្រះចេស្ដា​ចេញ​ពី​ព្រះអង្គ ហើយ​ប្រោស​គេ​ទាំងអស់គ្នា​ឲ្យជា​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “​មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់អ្នករាល់គ្នា​។ មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល ​ យំសោក​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។ អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ស្អប់​អ្នករាល់គ្នា និង​នៅពេល​គេ​កាត់កាល់​អ្នករាល់គ្នា ត្មះតិះដៀល ហើយ​លុប​ឈ្មោះ​របស់អ្នករាល់គ្នា​ចោល​ទុកដូចជា​មនុស្ស​អាក្រក់ ដោយសារតែ​កូនមនុស្ស​។ “​នៅ​ថ្ងៃ​នោះ ចូរ​អរសប្បាយ ហើយ​លោតកញ្ឆេង​ចុះ ព្រោះថា មើល៍! រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌។ ជាការពិត ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​បណ្ដា​ព្យាការី​យ៉ាងដូច្នោះដែរ។ “​ប៉ុន្តែ​វេទនា​ហើយ អ្នករាល់គ្នា​ដែល​ជា​អ្នកមាន ដ្បិត​អ្នករាល់គ្នា​បាន​ទទួល​ការសម្រាលទុក្ខ​ហើយ​។ វេទនា​ហើយ អ្នករាល់គ្នា​ដែល​ឆ្អែត​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លាន​វិញ​។ វេទនា​ហើយ អ្នករាល់គ្នា​ដែល​កំពុង​សើច​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​កាន់ទុក្ខ ហើយ​យំសោក​វិញ​។ វេទនា​ហើយ កាលណា​មនុស្ស​ទាំងអស់​និយាយ​ល្អ​អំពី​អ្នករាល់គ្នា ដ្បិត​ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​ពួក​ព្យាការីក្លែងក្លាយ​យ៉ាងដូច្នោះដែរ​។ “​យ៉ាងណាមិញ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ហើយ​ធ្វើ​ល្អ​ដល់​អ្នក​ដែល​ស្អប់​អ្នករាល់គ្នា​; ចូរ​ឲ្យពរ​អ្នក​ដែល​ប្រទេចផ្ដាសា​អ្នករាល់គ្នា ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា​។ ចំពោះ​អ្នក​ដែល​ទះកំផ្លៀង​ម្ខាង​របស់​អ្នក ចូរ​ឲ្យ​គេទះ​ម្ខាងទៀត​ដែរ​; ចំពោះ​អ្នក​ដែល​យក​អាវវែង​របស់អ្នក ក៏​កុំ​ឃាត់មិនឲ្យ​គេយក​អាវខាងក្នុង​ឡើយ​។ ចូរ​ឲ្យ​ដល់​អស់អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​ទារមកវិញ​ពី​អ្នក​ដែល​យក​អ្វី​ដែល​ជា​របស់អ្នក​ឡើយ​។ ដូចដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា​យ៉ាងណា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? តាមពិត សូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ ចំពោះ​តែ​អ្នក​ដែល​ធ្វើល្អ​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ធ្វើ​ដូច្នោះ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​ពី​គេ​មកវិញ តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ឲ្យ​មនុស្សបាប​ខ្ចី​ដែរ ដើម្បី​ទទួលបាន​គ្រប់ចំនួន​វិញ​។ ប៉ុន្តែ​ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ចូរ​ធ្វើល្អ​ដល់គេ ហើយ​ចូរ​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹមថានឹងបានមកវិញ​ឡើយ​។ នោះ​រង្វាន់​របស់អ្នករាល់គ្នា​នឹង​បានជា​ធំ ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ​។ ចូរ​មានចិត្តមេត្តាករុណា ដូចដែល​ព្រះ​បិតា​របស់អ្នករាល់គ្នា​មានព្រះហឫទ័យមេត្តាករុណា​ដែរ​។ “​កុំ​វិនិច្ឆ័យ​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​វិនិច្ឆ័យ​សោះឡើយ​; កុំ​ផ្ដន្ទាទោស​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​ផ្ដន្ទាទោស​សោះឡើយ​; ចូរ​លើកលែងទោស​ឲ្យ​គេ នោះ​អ្នករាល់គ្នា​ក៏​នឹង​ត្រូវបាន​លើកលែងទោស​ដែរ​។ ចូរ​ឲ្យ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ដែរ​។ រង្វាល់​ដ៏គ្រប់បរិបូណ៌ ទាំង​ញាត់ ទាំង​រលាក់ រហូតដល់​ហូរហៀរ នឹង​ត្រូវបាន​ដាក់​លើ​ភ្លៅ​របស់អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ​”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖ “​មនុស្ស​ខ្វាក់ភ្នែក​មិន​អាច​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​? តើ​មិន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ទាំងពីរ​នាក់​ទេ​ឬ​? សិស្ស​មិន​លើ​គ្រូ​ទេ ប៉ុន្តែអស់អ្នក​ដែល​ទទួល​ការ​ហ្វឹកហាត់ពេញលេញ​ហើយ នោះ​នឹង​បាន​ដូច​គ្រូ​របស់​ខ្លួន​។ “​ហេតុអ្វីបានជា​អ្នក​មើលឃើញ​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ធ្នឹម​នៅក្នុង​ភ្នែក​ខ្លួនឯង​? តើ​អ្នក​អាច​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘​បងប្អូន​អើយ ឲ្យ​ខ្ញុំ​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់អ្នក​ចេញ​’ យ៉ាងដូចម្ដេច​បាន នៅពេល​ខ្លួនអ្នក​មិន​ឃើញ​ធ្នឹម​នៅក្នុង​ភ្នែក​របស់ខ្លួនឯង​ផង​? មនុស្សមានពុត​អើយ​! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក​ចេញ​។ “​គ្មាន​ដើមឈើ​ល្អ​ណា​ដែល​បង្កើត​ផល​អាក្រក់​ឡើយ ហើយក៏​គ្មាន​ដើមឈើ​អាក្រក់​ណា​ដែល​បង្កើត​ផល​ល្អ​ដែរ​។ ព្រោះថា​ដើមឈើ​នីមួយៗ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។ ដ្បិត​គេ​មិនដែល​ប្រមូល​ផ្លែល្វា​ពី​គុម្ពបន្លា​ទេ ហើយក៏មិនដែល​បេះ​ផ្លែទំពាំងបាយជូរ​ពី​ដើមបន្លា​ដែរ​។ មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃ​ចិត្ត រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏​អាក្រក់​នៃ​ចិត្ត​ដែរ ដ្បិត​មាត់​របស់​មនុស្ស​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘​ព្រះអម្ចាស់ ព្រះអម្ចាស់​’ ប៉ុន្តែ​មិន​ប្រព្រឹត្តតាម​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​? ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មករក​ខ្ញុំ ហើយ​ឮ​ពាក្យ​របស់ខ្ញុំ រួច​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​បែបណា គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ​។ ផ្ទុយទៅវិញ អ្នក​ដែល​ឮ​ពាក្យរបស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​នៅលើ​ដី​ដោយគ្មាន​គ្រឹះ​។ នៅពេល​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះនោះ វា​ក៏​រលំ​ភ្លាម ហើយ​ការខូចខាត​នៃ​ផ្ទះ​នោះ​ធ្ងន់ធ្ងរ​ណាស់​”​៕ នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ដល់​ប្រជាជន​ដែល​កំពុងស្ដាប់ ​ហើយ ព្រះអង្គ​ក៏​យាង​ចូលទៅ​កាពើណិម​។ ពេលនោះ បាវបម្រើ​របស់​មេទាហានលើមួយរយនាក់​ម្នាក់​ជិត​ស្លាប់​ដោយ​មានជំងឺ​។ បាវបម្រើនេះ​ជា​អ្នកដែល​មេទាហាន​ឲ្យតម្លៃ​ណាស់​។ នៅពេល​ឮ​អំពី​ព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​ឲ្យទៅ​រក​ព្រះអង្គ ដោយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​មក​ប្រោស​បាវបម្រើ​របស់​លោក​ឲ្យជា​។ ពួកគេ​មកដល់​ព្រះយេស៊ូវ ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា​៖ “​គាត់​ជា​មនុស្ស​ដែល​ស័ក្ដិសម​នឹង​ឲ្យ​លោក​ព្រម​នឹង​ការនេះ ពីព្រោះ​គាត់​ស្រឡាញ់​ប្រជាជាតិ​របស់យើង ថែមទាំង​បាន​សាងសង់​សាលាប្រជុំ​ឲ្យ​យើង​ទៀតផង​”។ ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​។ ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ មេទាហានលើមួយរយនាក់​ក៏​ចាត់​ពួក​មិត្តភក្ដិ​ឲ្យមក​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ កុំឲ្យ​រំខាន​ព្រះអង្គ ដ្បិត​ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ ហេតុនេះហើយបានជា​ទូលបង្គំ​មិន​ចាត់ទុកថា​ខ្លួនទូលបង្គំ​ស័ក្ដិសម​នឹង​មក​ជួប​ព្រះអង្គ​ឡើយ​។ ប៉ុន្តែ​សូម​ព្រះអង្គ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។ តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘​ទៅ​’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘​មក​’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘​ធ្វើ​ការនេះ​’ គេ​ក៏​ធ្វើ​”។ នៅពេល​បាន​ឮ​ពាក្យ​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច​នឹង​លោក ក៏​ងាកទៅ​រក​ហ្វូងមនុស្ស​ដែល​មកតាម​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​”។ ពួក​អ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ក៏​ឃើញ​បាវបម្រើ ​នោះ​មានសុខភាពល្អ​ឡើងវិញ​។ នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូវ​យាង​ទៅ​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាអ៊ីន​។ ពួក​សិស្ស ​របស់​ព្រះអង្គ និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ក៏​ទៅជាមួយ​ព្រះអង្គ​ដែរ​។ នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។ កាល​ព្រះអម្ចាស់​បាន​ឃើញ​ស្ត្រីមេម៉ាយនោះ ព្រះអង្គ​មានព្រះទ័យអាណិតអាសូរ​ចំពោះ​គាត់ ក៏​មានបន្ទូល​នឹង​គាត់​ថា​៖ “​កុំ​យំ​ឡើយ​!​”​។ ព្រះយេស៊ូវ​យាង​ចូលទៅជិត​ពាល់​ក្ដារមឈូស រីឯ​ពួក​អ្នក​សែង​ក៏​ឈប់​។ ព្រះអង្គ​មានបន្ទូលថា​៖ “​អ្នកកំលោះ​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង​!​”។ មនុស្សស្លាប់​នោះ​ក៏​ក្រោកអង្គុយ ហើយ​ចាប់ផ្ដើម​និយាយ​។ ព្រះយេស៊ូវ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​។ សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “​ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!​” ហើយ​ថា​៖ “​ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!​”​។ ដំណឹង​នេះ​អំពី​ព្រះយេស៊ូវ​បាន​សាយចេញទៅ​ទូទាំង​យូឌា និង​តំបន់ជុំវិញ​ទាំងមូល​។ ពួក​សិស្ស​របស់​យ៉ូហាន​បាន​ប្រាប់​យ៉ូហាន​អំពី​ការ​ទាំងអស់​នេះ​។ យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​របស់​គាត់​មក ហើយ​ចាត់​ពួកគេ​ឲ្យទៅ​រក​ព្រះអម្ចាស់ ដោយ​ទូល​សួរថា​៖ “​តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត​?​”​។ អ្នក​ទាំងពីរ​ក៏​មកដល់​ព្រះអង្គ ហើយ​ទូលថា​៖ “​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​ចាត់​យើងខ្ញុំ​ឲ្យមក​សួរ​លោក​ថា​: ‘​តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត?’​”។ នៅ​ពេល​នោះ ព្រះយេស៊ូវ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា​ពី​រោគា ការឈឺចុកចាប់​ផ្សេងៗ និង​វិញ្ញាណអាក្រក់ ព្រមទាំង​ប្រោស​មនុស្ស​ខ្វាក់ភ្នែក​ជាច្រើន​ឲ្យ​មើលឃើញ​ផង​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។ មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួល​ដោយសារតែ​ខ្ញុំ​”។ នៅពេល​ពួក​អ្នកនាំសារ​របស់​យ៉ូហាន​ចេញទៅ​ហើយ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖ “​តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​? បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ល្អរុងរឿង ហើយ​រស់នៅ​ក្នុង​ភាពប្រណិត គេ​នៅ​ក្នុង​វាំង​ទេ​។ ដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​? ទៅ​មើល​ព្យាការី​ឬ​? មែនហើយ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​ប្រសើរជាង​ព្យាការី​ទៅទៀត​។ គឺ​អ្នកនេះ​ហើយ ដែល​មាន​សរសេរ​ទុកមក​អំពី​គាត់​ថា​: ‘​មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក​នៅមុខ​អ្នក​’​។ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក គ្មានអ្នកណា ធំជាង​យ៉ូហាន នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រ​របស់​ព្រះ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​”។ នៅពេល​ឮ​ដូច្នេះ ប្រជាជន​ទាំងអស់​និង​ពួក​អ្នកទារពន្ធ ក៏​ទទួលស្គាល់ថា​ព្រះ​ទ្រង់​សុចរិតយុត្តិធម៌ ដោយ​បាន​ទទួលពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​របស់​យ៉ូហាន រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។ ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖ ​ “​តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅនឹង​អ្វី​? តើ​ពួកគេ​ប្រៀបដូចជា​អ្វី​? គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកដាក់​គ្នាទៅវិញទៅមក​ថា​: ‘​ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំសោក​ដែរ​’​។ “​ដ្បិត​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក ទាំង​មិន​ហូប​នំប៉័ង ទាំង​មិន​ផឹក​ស្រាទំពាំងបាយជូរ​ផង អ្នករាល់គ្នា​ក៏​និយាយថា​: ‘​គាត់​មានអារក្សចូល​!​’ រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក អ្នករាល់គ្នា​ក៏​ថា​: ‘​មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!​’​។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​កូន​ទាំងអស់​របស់​វា​”។ មាន​ម្នាក់​ក្នុង​ពួកផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​ទៅ​សោយ​ជាមួយ​គាត់ ព្រះអង្គ​ក៏​យាង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ ហើយ​រួមតុអាហារ​ជាមួយ​គាត់​។ ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​នោះ​ដែល​ជា​មនុស្សបាប នៅពេល​នាង​ដឹង​ថា ព្រះយេស៊ូវ​គង់នៅតុអាហារ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ នាង​ក៏​យក​ដបថ្មកែវ​ដែល​មាន​ប្រេងក្រអូប​មក ឈរ​ពី​ខាងក្រោយ នៅទៀប​ព្រះបាទា​របស់​ព្រះអង្គ​ទាំង​យំ ហើយ​ចាប់ផ្ដើម​ធ្វើឲ្យ​ព្រះបាទា​របស់​ព្រះអង្គ​ទទឹក​ដោយ​ទឹកភ្នែក រួច​ជូត​ដោយ​សក់​ក្បាល​របស់​ខ្លួន ព្រមទាំង​ថើប​ព្រះបាទា​របស់​ព្រះអង្គ ហើយ​លាប​ប្រេងក្រអូប​ទៀតផង​។ ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “​បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖ “​ស៊ីម៉ូន​អើយ ខ្ញុំ​មាន​រឿងមួយ​ប្រាប់​អ្នក​”​។ ស៊ីម៉ូន​ក៏​ទូលថា​៖ “​លោកគ្រូ សូម​និយាយ​មក​ចុះ​”​។ “​មាន​កូនបំណុល​ពីរ​នាក់​ជំពាក់​មេបំណុល​ម្នាក់​។ ម្នាក់​ជំពាក់​ប្រាំរយ​ឌេណារី ​ ម្នាក់ទៀត​ជំពាក់​ហាសិប​ឌេណារី​។ ដោយសារ​ពួកគេ​មិន​អាច​សង​បាន គាត់​ក៏​លើកលែង​ឲ្យ​អ្នក​ទាំងពីរ​។ ដូច្នេះ តើ​នរណា​ក្នុង​ពួកគេ​នឹង​ស្រឡាញ់​ម្ចាស់បំណុល​ជាង​?​”​។ ស៊ីម៉ូន​ទូល​ឆ្លើយ​ថា​៖ “​ខ្ញុំ​គិតថា គឺ​អ្នកដែល​ម្ចាស់បំណុល​លើកលែង​ឲ្យ​ច្រើនជាង​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​អ្នក​ពិចារណា​ត្រូវ​ហើយ​”។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​ស្ត្រី​នោះ ហើយ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា​៖ “​តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ​? ខ្ញុំ​បាន​ចូលមក​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​ខ្ញុំ​ដើម្បី​លាង​ជើង​ទេ រីឯ​នាង​វិញ នាង​បាន​ធ្វើឲ្យ​ជើង​ខ្ញុំ​ទទឹក​ដោយ​ទឹកភ្នែក ហើយ​ជូត​ដោយ​សក់​របស់​នាង​ទៀត​។ អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។ អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​លាប​ប្រេងក្រអូប​លើ​ជើង​ខ្ញុំ​។ ដោយហេតុនេះ ខ្ញុំ​ប្រាប់​អ្នក​ថា បាប​ជាច្រើន​របស់​នាង​ត្រូវបាន​លើកលែងទោស​ហើយ ដូច្នេះហើយបានជា​នាង​ស្រឡាញ់​ច្រើន​។ ប៉ុន្តែ​អ្នកដែល​ត្រូវបាន​លើកលែងទោស​ឲ្យ​តិច ក៏​ស្រឡាញ់​តិច​ដែរ​”។ រួច​ព្រះយេស៊ូ​វ​មានបន្ទូល​នឹង​នាង​ថា​៖ “​បាប​របស់នាង​ត្រូវបាន​លើកលែងទោស​ហើយ​”​។ ពួក​អ្នក​ដែល​រួមតុអាហារ​ជាមួយ​ក៏​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​៖ “​តើ​អ្នកនេះ​ជា​នរណា ដែល​សូម្បីតែ​បាប​ក៏​លើកលែងទោស​បាន​ដូច្នេះ​?​”។ តែ​ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​នោះ​ថា​៖ “​ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ​”៕ ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង និង​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សាយដំណឹងល្អ​នៃ​អាណាចក្រ​របស់​ព្រះ​។ សាវ័ក ​ទាំង​ដប់ពីរ​នាក់​នៅ​ជាមួយ​ព្រះអង្គ ហើយ​មាន​ស្ត្រី​មួយចំនួន​ដែល​ធ្លាប់​ត្រូវបាន​ប្រោសឲ្យជា​ពី​វិញ្ញាណអាក្រក់ និង​ជំងឺ​ផ្សេងៗ​ក៏​នៅជាមួយ​ដែរ គឺ​ម៉ារា​ហៅថា​អ្នកម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង យ៉ូអាន់ណា​ប្រពន្ធ​របស់​ឃូសា​ដែលជា​ចៅហ្វាវាំង​របស់​ហេរ៉ូឌ និង​ស៊ូសាណា ព្រមទាំង​ស្ត្រី​ឯទៀត​ជាច្រើន​ដែល​បម្រើ​ព្រះយេស៊ូវ និងពួកសិស្ស ​ដោយ​ធនធាន​របស់​ខ្លួន។ ពេលនោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នា ហើយ​មាន​មនុស្ស​ពីទីក្រុងនានា​មករក​ព្រះយេស៊ូវ ព្រះអង្គ​ក៏​មានបន្ទូល​នឹងពួកគេ​ជា​ពាក្យឧបមា​ថា៖ “​មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​គ្រាប់ពូជ​របស់​ខ្លួន​។ នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ត្រូវគេ​ដើរជាន់ ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មក​ស៊ីអស់​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ថ្ម ពេល​ដុះឡើង វា​ក៏​ក្រៀមស្វិត​ទៅ ដោយសារ​គ្មាន​សំណើម​។ គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​កណ្ដាល​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់​ជាមួយ ហើយ​រួបរឹត​វា។ រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ពេល​ដុះឡើង វា​ក៏​បង្កើត​ផល​មួយជាមួយរយ​”។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើងថា​៖ “​អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”​។ បន្ទាប់មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​អំពី​អត្ថន័យ​របស់​ពាក្យឧបមា​នេះ​។ ព្រះអង្គ​មានបន្ទូលថា​៖ “​អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នក​ដទៃ គឺ​មក​ជា​ពាក្យឧបមា​វិញ ដើម្បីឲ្យ ‘​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​យល់​’​។ “​ពាក្យឧបមា​នេះ​មានន័យ​ដូចតទៅ​: គ្រាប់ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះ​។ គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ គឺ​អ្នក​ដែល​បាន​ឮ រួច​មារ​ក៏​មក​ឆក់យក​ព្រះបន្ទូល​ពី​ចិត្ត​របស់​ពួកគេ​ទៅ ដើម្បីកុំឲ្យ​ពួកគេ​ជឿ ហើយ​បាន​សង្គ្រោះ​ឡើយ។ គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះ ​ ហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។ គ្រាប់ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​បាន​ឮ ប៉ុន្តែ​ក្នុង​ដំណើរ​ជីវិត ​ ពួកគេ​ត្រូវបាន​រួបរឹត​ដោយ​កង្វល់ ទ្រព្យសម្បត្តិ និង​ការសប្បាយ​នៃ​ការរស់នៅ ដូច្នេះ​ពួកគេ​មិន​បង្កើតផលពេញលក្ខណៈ​ឡើយ​។ គ្រាប់ពូជ​ដែល​នៅក្នុង​ដី​ល្អ គឺ​អ្នក​ដែល​នៅពេល​ឮ​ព្រះបន្ទូល​ដោយ​ចិត្ត​ល្អ​ទៀងត្រង់ ក៏​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នោះ ព្រមទាំង​បង្កើតផល​ដោយ​ការស៊ូទ្រាំ​។ “​គ្មានអ្នកណា​អុជ​ចង្កៀង ហើយ​គ្រប​នឹង​ភាជនៈ ឬ​ដាក់​ក្រោម​គ្រែ​ឡើយ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ដើម្បីឲ្យ​អស់អ្នក​ដែល​ចូលមក​ឃើញ​ពន្លឺនោះ​។ ដ្បិត​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វីដែល​មិន​ត្រូវបាន​ដឹង និង​មិន​ត្រូវបាន​លាតត្រដាង​ដែរ​។ ដូច្នេះ ចូរ​យកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​គិតថា​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​”​។ បន្ទាប់មក ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះយេស៊ូវ​បាន​មក‍រក​ព្រះអង្គ ប៉ុន្តែ​ពួកគេ​មិនអាច​ចូលទៅជិត​ព្រះអង្គ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ មាន​គេ​ទូល​ព្រះអង្គ​ថា​៖ “​ម្ដាយ និង​ប្អូន​ៗ​របស់លោក​កំពុង​ឈរ​នៅ​ខាងក្រៅ ចង់​ជួប​លោក​”។ ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ គឺ​អ្នកទាំងនេះ​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្តតាម​”​។ នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង​”​។ ពួកគេ​ក៏​ចេញទូក​ទៅ​។ ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរតាមទូក ព្រះអង្គ​ក៏​ផ្ទំលក់​។ ពេលនោះ មាន​ខ្យល់ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​លិចចូលពេញ​ទូក ហើយ​ពួកគេ​ស្ថិតក្នុងភាពគ្រោះថ្នាក់​។ ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “​លោកគ្រូ​! លោកគ្រូ​! យើងខ្ញុំ​កំពុង​វិនាស​ហើយ‍!​”។ ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ និង​រលក​។ ពេលនោះ ខ្យល់ និង​រលក​ក៏​ឈប់ ហើយ​មាន​ភាពស្ងប់ស្ងាត់​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​តើ​ជំនឿ​របស់អ្នករាល់គ្នា​នៅ​ឯណា​?​”​។ ពួកគេ​ក៏​ភ្ញាក់ផ្អើល​ទាំង​ភ័យខ្លាច ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “​ចុះ​តើ​លោកនេះ​ជា​នរណា​? លោក​បញ្ជា​សូម្បីតែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!​”​។ ព្រះយេស៊ូវ និងពួកសិស្ស​ជិះទូកមក​ដល់​តំបន់​របស់​ជនជាតិគេរ៉ាស៊ីន ដែល​នៅ​ទល់មុខ​កាលីឡេ។ នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ពី​ទីក្រុង​នោះ​ដែល​មានអារក្សចូល​បាន​មកជួប​ព្រះអង្គ​។ ជាយូរណាស់មកហើយ បុរសនោះ​មិន​បាន​ស្លៀក​សម្លៀកបំពាក់ ហើយ​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​ទេ គឺ​រស់​នៅតាម​រូងផ្នូរ​វិញ​។ នៅពេល​ឃើញ​ព្រះយេស៊ូវ គាត់​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ​ទាំង​ស្រែកឡើង ហើយ​ទូល​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!​”​។ ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។ ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា៖ “​តើ​អ្នក​ឈ្មោះ​អ្វី?​”​។ គាត់​ទូល​ឆ្លើយថា​៖ “​កងទ័ព” ដ្បិត​មាន​អារក្ស​ជាច្រើន​បាន​ចូល​ក្នុង​គាត់​។ អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ កុំឲ្យ​ព្រះអង្គ​បញ្ជា​ពួកវា​ឲ្យ​ទៅ​ក្នុង​រណ្ដៅគ្មានបាត​ឡើយ​។ នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។ អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ ឲ្យ​ព្រះអង្គ​អនុញ្ញាតឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ ព្រះយេស៊ូវ​ក៏​អនុញ្ញាតឲ្យ​ពួកវា​។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ហើយ​ចូល​ក្នុង​ជ្រូក​ទាំងនោះ​។ ពេលនោះ ហ្វូង​ជ្រូក​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​អស់ទៅ​។ នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។ គេ​ក៏​នាំគ្នា​ចេញមក​មើល​អ្វី​ដែល​បាន​កើតឡើង​។ ពួកគេ​មករក​ព្រះយេស៊ូវ ហើយ​ឃើញ​បុរស​ដែល​អារក្ស​បាន​ចេញ​នោះ កំពុង​អង្គុយ​នៅទៀប​ព្រះបាទា​ព្រះយេស៊ូវ ដោយ​មាន​ស្លៀក​សម្លៀកបំពាក់ និង​ដឹងស្មារតី ក៏​ធ្វើឲ្យ​ពួកគេ​ខ្លាច​។ ពួក​អ្នក​ដែល​ឃើញ​ក៏​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​បុរស​អារក្សចូល​នោះ​ត្រូវបាន​ប្រោសឲ្យជា​។ ប្រជាជន​ទាំងអស់​នៅ​តំបន់ជុំវិញ​គេរ៉ាស៊ីន ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ពួកគេ ពីព្រោះ​មាន​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​កើតមាន​ដល់ពួកគេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​ជិះ​ទូក​ត្រឡប់ទៅវិញ​។ បុរស​ដែល​អារក្ស​បាន​ចេញ​នោះ ទូល​អង្វរ​ព្រះយេស៊ូវ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ឲ្យ​គាត់​ទៅវិញ ដោយ​មានបន្ទូលថា​៖ “​ចូរ​ត្រឡប់ទៅ​ផ្ទះ​របស់អ្នក​វិញ ហើយ​រៀបរាប់ថា​ព្រះ​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក”។ គាត់​ក៏​ចេញទៅ ហើយ​ប្រកាស​នៅ​ទីក្រុង​ទាំងមូល​ថា​ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា ​ដល់​គាត់។ នៅពេល​ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ហ្វូងមនុស្ស​ក៏​ទទួលស្វាគមន៍​ព្រះអង្គ ដ្បិត​ពួកគេ​ទាំងអស់គ្នា​កំពុង​រង់ចាំ​ព្រះអង្គ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេគ្រប់គ្រង​សាលាប្រជុំ​បាន​មក​។ គាត់​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ទៅ​ផ្ទះ​របស់​គាត់ ពីព្រោះ​គាត់​មាន​កូនស្រី​តែមួយ​អាយុ​ប្រមាណ​ដប់ពីរ​ឆ្នាំ នាង​ជិត​ស្លាប់​ហើយ​។ ខណៈដែល​ព្រះយេស៊ូវ​កំពុង​យាង​ទៅ មាន​ហ្វូងមនុស្ស​ប្រជ្រៀត​ព្រះអង្គ​។ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់នាង​ទៅលើ​គ្រូពេទ្យ ប៉ុន្តែ​គ្មានអ្នកណា​អាច​ព្យាបាល​នាង​ឲ្យជា​បាន​ឡើយ​។ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។ រំពេចនោះ ជំងឺធ្លាក់ឈាម​របស់​នាង​ក៏​បាត់​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​នរណា​ពាល់​ខ្ញុំ?​”​។ នៅពេល​ទាំងអស់គ្នា​បដិសេធ ពេត្រុស ​ក៏​ទូលថា​៖ “​លោកគ្រូ មនុស្សជាច្រើន​កំពុង​ចោមរោម ហើយ​ប្រជ្រៀត​លោក​! ​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​មាន​អ្នកណា​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​បាន​ចេញ​ពី​ខ្ញុំ”​។ ស្ត្រី​នោះ​ឃើញ​ថា​លាក់មិនជិត ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ ទូល​នៅមុខ​ប្រជាជន​ទាំងអស់​អំពី​ហេតុផល​ដែល​នាង​បាន​ពាល់​ព្រះអង្គ និង​របៀបដែល​នាង​ត្រូវបាន​ប្រោសឲ្យជា​ក្នុងមួយរំពេច​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា៖ “​កូនស្រី​អើយ ​ ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ”។ ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ ​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា ​៖ “​កូនស្រី​របស់លោក​ស្លាប់​ហើយ កុំ​រំខាន​លោកគ្រូ​ទៀតអី​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន‍ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​យ៉ៃរ៉ុស​ថា​៖ “​កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជាសះស្បើយ​”​។ នៅពេល​មកដល់​ផ្ទះ​នោះ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូលទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ូហាន យ៉ាកុប និង​ឪពុក​ម្ដាយ​របស់​កូន​នោះ​ប៉ុណ្ណោះ។ រីឯ​គេ​ទាំងអស់គ្នា​ក៏​យំសោក​គក់ទ្រូង​ដោយសារ​តែ​ក្មេងនោះ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​កុំ​យំ​ឡើយ​! ក្មេងនេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ​”​។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​។ ប៉ុន្តែ​ព្រះអង្គ​បាន ​កាន់​ដៃ​នាង ហើយ​ស្រែកឡើង​ថា៖ “​កូន​អើយ ចូរ​ក្រោកឡើង​!​”​។ វិញ្ញាណ​របស់​នាង​ក៏​ត្រឡប់មកវិញ ហើយ​នាង​ក្រោកឡើង​ភ្លាម​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ឲ្យ​គេ​ឲ្យ​អាហារ​នាង​ហូប។ ឪពុកម្ដាយ​របស់​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​មិន​ឲ្យ​ប្រាប់​អ្នកណា​អំពី​ការ​ដែល​បាន​កើតឡើង​នោះឡើយ​៕ ព្រះយេស៊ូវ​ទ្រង់​ហៅ​សាវ័ក ​ទាំង​ដប់ពីរ​នាក់​មក ហើយ​ប្រទាន​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​លើ​អារក្ស​ទាំងអស់​ដល់​ពួកគេ ដើម្បី​ប្រោស​រោគា​ឲ្យជា​។ ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យទៅ ដើម្បី​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​ដើម្បី​ប្រោស​អ្នកជំងឺ​ឲ្យជា​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​កុំ​យក​អ្វី​សម្រាប់​ការធ្វើដំណើរ កុំ​យក​ឈើច្រត់ ថង់យាម នំប៉័ង ឬ​កាក់ប្រាក់​ឡើយ ហើយក៏​កុំ​យក​អាវ ម្នាក់ពីរៗ​ដែរ​។ អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​ណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ ហើយ​ចេញ​ពីទីនោះ​ទៅ​ទៀត​ចុះ​។ រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា ទុកជា​ទីបន្ទាល់​ទាស់នឹង​ពួកគេ”​។ សាវ័កទាំងដប់ពីរនាក់​ក៏​ចេញទៅ ដើរចុះឡើង​តាម​ភូមិ​នានា ទាំង​ផ្សាយដំណឹងល្អ និង​ប្រោស​គេ​ឲ្យជា នៅ​គ្រប់ទីកន្លែង​។ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “​យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ​”​។ អ្នកខ្លះ​ថា​៖ “​អេលីយ៉ា​បាន​លេចមក​”​។ អ្នកខ្លះទៀត​ថា​៖ “​ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ​”។ រីឯ​ហេរ៉ូឌ​មានរាជឱង្ការថា​៖ “​យើង​បាន​កាត់ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នកនេះ​ដែល​យើង​ឮ​ហេតុការណ៍​ទាំងនេះ​អំពី​គាត់ ជា​នរណា​?​” ដូច្នេះ ហេរ៉ូឌ​ក៏​ចង់​ជួប​ព្រះយេស៊ូវ​។ នៅពេល​ពួក​សាវ័ក​ត្រឡប់មកវិញ ពួកគេ​រៀបរាប់ប្រាប់​ព្រះយេស៊ូវ​អំពី​អ្វីៗដែល​ពួកគេ​បាន​ធ្វើ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​នាំ​ពួកគេ​បណ្ដោះខ្លួន​ទៅ ​ទីក្រុង​មួយ​ដែល​គេ​ហៅថា​បេតសៃដា តែក្រុមពួកគេ​។ ប៉ុន្តែ​នៅពេល​ប្រជាជន​បាន​ដឹង គេ​ក៏​ទៅតាម​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​ទទួលស្វាគមន៍​ពួកគេ ទាំង​មានបន្ទូល​នឹង​ពួកគេ​អំពី​អាណាចក្រ​របស់​ព្រះ ហើយ​អ្នក​ដែល​ត្រូវការ​ការប្រោសឲ្យជា ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យជា​។ លុះ​ថ្ងៃ​ជិត​លិច​ហើយ សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “​សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ស្រុកភូមិ​នានា​នៅ​ជុំវិញ រ​ក​កន្លែងស្នាក់នៅ និង​ស្បៀងអាហារ ពីព្រោះ​យើង​នៅ​ទីនេះ​ក្នុង​កន្លែង​ស្ងាត់ដាច់ពីគេ​”។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”​។ ពួកសិស្ស​ទូលថា​៖ “​យើងខ្ញុំ​មាន​តែ​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ លុះត្រាតែ​យើងខ្ញុំ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំងអស់​នេះ​”។ នៅទីនោះ មាន​មនុស្សប្រុស​ប្រមាណ​ប្រាំពាន់​នាក់។ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ “​ចូរឲ្យ​គេ​អង្គុយ​ជា​ក្រុម‍ៗ មួយ​ក្រុម​ៗ​មានគ្នា​ប្រមាណ​ហាសិប​នាក់ចុះ​”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ គឺ​ឲ្យ​ទាំងអស់គ្នា​អង្គុយ‍ចុះ​។ នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូ​វ​ទ្រង់​ងើយ​មើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ដើម្បីឲ្យ​ពួកគេ​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​។ កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​តែព្រះអង្គឯង ពួក​សិស្ស​របស់ព្រះអង្គ​ក៏​នៅជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​មានបន្ទូល​សួរ​ពួកគេ​ថា​៖ “​តើ​ហ្វូងមនុស្ស​និយាយថា​ខ្ញុំ​ជា​នរណា​?​”​។ ពួកគេ​ទូល​ឆ្លើយ​ថា​៖ “​គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ​”។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?​”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “​លោក​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ​!​”។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​ហាម​ពួកគេ ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​ការនេះ​ដល់​អ្នកណាឡើយ​។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “​កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវ​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គេ​ទាំងអស់គ្នា​ថា​៖ “​ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ​ មកតាម​ខ្ញុំ​ចុះ​។ ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សា ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ​។ ជាការពិត ការ​ដែល​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​បាត់បង់​ឬ​អន្តរាយ​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់​អ្នក​នោះ​? ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក សិរីរុងរឿង​របស់​ព្រះ​បិតា និង​សិរីរុងរឿង​របស់​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​អាណាចក្រ​របស់​ព្រះ​”។ ប្រមាណជា​ប្រាំបី​ថ្ងៃ​ក្រោយពី​ថ្លែង​ព្រះបន្ទូល​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ទៅ​ជាមួយ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ​មួយ ដើម្បី​អធិស្ឋាន។ ខណៈដែល​ព្រះអង្គ​កំពុង​អធិស្ឋាន សណ្ឋាន​ព្រះភក្ត្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​បញ្ចេញ​ពន្លឺ​ស។ ពេលនោះ មើល៍! មាន​មនុស្ស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះយេស៊ូវ គឺ​ម៉ូសេ និង​អេលីយ៉ា​។ លោកទាំងពីរ​បាន​លេចមក​ក្នុង​រស្មីរុងរឿង ហើយ​និយាយ​អំពី​ការចាកចេញ​របស់​ព្រះយេស៊ូវ​ដែល​រៀបនឹង​សម្រេច​នៅ​យេរូសាឡិម​។ ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​គាត់​កំពុង​ដេកលង់លក់​។ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង ពួកគេ​ក៏​ឃើញ​រស្មីរុងរឿង​របស់​ព្រះយេស៊ូវ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ឈរជាមួយ​ព្រះអង្គ​។ នៅពេល​លោកទាំងពីរនោះ​កំពុងតែ​ចាកចេញ​ពី​ព្រះយេស៊ូវ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​”​។ គាត់​មិន​ដឹងថា​គាត់​កំពុង​និយាយ​អ្វី​ទេ​។ ខណៈដែល​គាត់​កំពុង​ទូល​សេចក្ដីទាំងនេះ​នៅឡើយ មាន​ពពក​គ្របពីលើ​ពួកគេ​។ នៅពេល​ចូល​ក្នុង​ពពក​នោះ ពួកគេ​ក៏​ភ័យខ្លាច​។ ពេលនោះ មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖ “​នេះ​ជា​បុត្រ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!​”​។ បន្ទាប់ពី​មាន​សំឡេង​នោះ ពួកសិស្ស​ឃើញ​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​។ នៅ​គ្រានោះ ពួកគេ​នៅស្ងៀម មិន​បាន​ប្រាប់​អ្វី​ដែល​ពួកគេ​ឃើញដល់​អ្នកណាឡើយ​។ នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួកគេ​ចុះមក​ពី​ភ្នំ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មក​ជួប​ព្រះយេស៊ូវ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ក្នុងចំណោម​ហ្វូងមនុស្ស ស្រែកឡើង​ថា​៖ “​លោកគ្រូ​អើយ​! ខ្ញុំ​សូមអង្វរ​លោក​ឲ្យ​ប្រោសប្រណី​ដល់​កូនប្រុស​របស់ខ្ញុំ​ផង ពីព្រោះ​វា​ជា​កូនប្រុស​តែមួយ​របស់ខ្ញុំ​។ ដ្បិត មើល៍! មាន​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​វា ហើយ​ស្រាប់តែ​ស្រែកឡើង រួច​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​បែកពពុះមាត់​។ វិញ្ញាណនោះ​ធ្វើឲ្យ​កូនខ្ញុំ​ជាំ​ពេញខ្លួន ហើយ​មិនព្រម​ចេញ​ពី​ខ្លួន​វា​ឡើយ​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វិញ្ញាណនោះ​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា និង​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូន​របស់អ្នក​មក​ទីនេះ​!​”។ ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។ មនុស្ស​ទាំងអស់​ក៏​ស្ងើច​ចំពោះ​អានុភាព​របស់​ព្រះ‍។ នៅពេល​ពួកគេ​ទាំងអស់គ្នា​កំពុង​ភ្ញាក់ផ្អើល​នឹង​អស់ទាំង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។ ប៉ុន្តែ​ពួកសិស្ស​មិនយល់​ព្រះបន្ទូល​នេះ​ទេ ពីព្រោះ​ព្រះបន្ទូលនេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដើម្បីកុំឲ្យ​យល់​អត្ថន័យ​ឡើយ ហើយ​ពួកគេ​ក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។ មាន​ការប្រកែក​គ្នា​កើតឡើង​ក្នុងចំណោម​ពួកសិស្ស​ថា អ្នកណា​ធំជាង​ក្នុង​ពួកគេ​។ នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​ក្នុង​ចិត្ត​របស់​ពួកគេ ព្រះអង្គ​ក៏​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅក្បែរ​អង្គទ្រង់ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នកណាក៏ដោយដែល​ទទួល​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ដ្បិត​អ្នក​ដែល​តូចជាង​ក្នុងចំណោម​អ្នកទាំងអស់គ្នា អ្នកនោះ​គឺ​អ្នកធំ​”​។ យ៉ូហាន​ទូល​តប​ថា​៖ “​លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​លោក​ជាមួយ​យើងខ្ញុំ​ទេ​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​កុំ​ឃាត់​គាត់​ឡើយ ដ្បិត​អ្នកដែល​មិន​ប្រឆាំងនឹង​អ្នករាល់គ្នា គឺ​នៅ​ខាង​អ្នករាល់គ្នា​ហើយ ”​។ លុះ​ជិតដល់​ថ្ងៃ​នៃ​ការយាងឡើងទៅ​ស្ថានសួគ៌​របស់​ព្រះយេស៊ូវ ព្រះអង្គ​ក៏​តាំងព្រះទ័យ​យាង​ទៅ​យេរូសាឡិម​។ ព្រះអង្គ​ទ្រង់​ចាត់​អ្នកនាំសារ​ឲ្យទៅ​ខាងមុខ​ព្រះអង្គ ពួកគេ​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ភូមិ​មួយ​របស់​ជនជាតិសាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ ប៉ុន្តែ​អ្នកភូមិនោះ​មិន​ទទួល​ព្រះអង្គ​ទេ ពីព្រោះ​ព្រះអង្គ​យាង​តម្រង់​ទៅ​យេរូសាឡិម​។ នៅពេល​ឃើញ​ដូច្នេះ យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សិស្ស​ក៏​ទូលថា​៖ “​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ចង់ឲ្យ​យើងខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើមេឃ​មក​បំផ្លាញ​ពួកគេ​ចោល ​ឬទេ​?”​។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ងាកមក ស្ដីបន្ទោស​ពួកគេ ​។ បន្ទាប់មក ពួកគេ​ក៏​ចេញទៅ​ភូមិ​ផ្សេងទៀត​។ ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាមផ្លូវ មាន​ម្នាក់​ទូល​ព្រះយេស៊ូវ​ថា៖ “ ​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ទៅ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ​”​។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។ ព្រះអង្គ​មានបន្ទូល​នឹង​ម្នាក់ទៀត​ថា៖ “​ចូរ​មកតាម​ខ្ញុំ​!​”។ អ្នកនោះ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​បញ្ចុះសព​ឪពុក​របស់ទូលបង្គំ​ជាមុនសិន​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ​”​។ មាន​ម្នាក់ទៀត​ទូលថា​៖ “​ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ ប៉ុន្តែ​សូម​អនុញ្ញាតឲ្យ​ទូលបង្គំ​ទៅ​លា​អ្នកផ្ទះ​របស់ទូលបង្គំ​ជាមុនសិន​”​។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​អ្នកណា​ដែល​បាន​ដាក់ដៃកាន់​នង្គ័ល ហើយ​បែរទៅ​មើល​អ្វីៗ​នៅ​ខាងក្រោយ អ្នកនោះ​មិន​ស័ក្ដិសម​នឹង​អាណាចក្រ​របស់​ព្រះ​ឡើយ”៕ បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់​បាន​តែងតាំង​សិស្ស​ចិតសិប​នាក់ ផ្សេងទៀត ហើយ​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យទៅ​ខាងមុខ​ព្រះអង្គ តាម​គ្រប់​ទីក្រុង និង​ទីកន្លែង​ដែល​ព្រះអង្គ​រៀបនឹង​យាង​ទៅ​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ការងារច្រូតកាត់ ច្រើន​មែន ប៉ុន្តែ​មាន​កម្មករ​តិច​ទេ​។ ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់ ​ ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់ របស់​ព្រះអង្គ​។ ចូរ​ទៅ​ចុះ មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​កូនចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក​។ កុំ​យក​ថង់ប្រាក់ ថង់យាម ឬ​ស្បែកជើង​ទៅ​ជាមួយ​ឡើយ ហើយក៏​កុំ​ជម្រាបសួរ​អ្នកណា​ម្នាក់​នៅតាមផ្លូវ​ដែរ​។ ផ្ទះ​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ មុនដំបូង​ត្រូវ​និយាយថា​៖ “​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​ផ្ទះ​នេះ​”​។ ប្រសិនបើ​មាន​កូន​នៃ​សេចក្ដីសុខសាន្ត​នៅ​ទីនោះ សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​នឹង​ស្ថិតនៅ​លើ​អ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្ត​នោះ​នឹង​ត្រឡប់មក​អ្នករាល់គ្នា​វិញ​។ ចូរ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដដែល​នោះ ហើយ​ហូប និង​ផឹក​អ្វីៗ​ពី​ពួកគេ ពីព្រោះ​អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន​។ កុំ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ​។ ទីក្រុង​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ ហើយ​គេ​ទទួល​អ្នករាល់គ្នា ចូរ​ហូប​អ្វីៗ​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ​។ ចូរ​ប្រោស​អ្នកជំងឺ​នៅក្នុង​ទីក្រុងនោះ​ឲ្យជា ហើយ​ប្រាប់​ពួកគេ​ថា​: ‘​អាណាចក្រ​របស់​ព្រះ​បាន​មកជិត​អ្នករាល់គ្នា​ហើយ​’​។ ទីក្រុង​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ ហើយ​គេ​មិន​ទទួល​អ្នករាល់គ្នា​ទេ ចូរ​ចេញទៅ​តាមផ្លូវ​នៅ​ទីក្រុងនោះ ហើយ​និយាយថា​: ‘​សូម្បីតែ​ធូលី​ពី​ទីក្រុង​របស់អ្នករាល់គ្នា​ដែល​ជាប់​នឹង​ជើងរបស់ យើង ក៏​យើង​ជូតចេញ​ទាស់នឹង​អ្នករាល់គ្នា​ដែរ យ៉ាងណាមិញ ចូរ​ដឹង​ការនេះ​ថា អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ ’​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នោះ សូដុម​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះទៅទៀត​! “​វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ​! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ​! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។ ប៉ុន្តែ​នៅគ្រា​ជំនុំជម្រះ ទីរ៉ុស និង​ស៊ីដូន នឹង​ងាយទ្រាំ​ជាង​អ្នករាល់គ្នា​! រីឯ​អ្នក​វិញ កាពើណិម​អើយ តើ​អ្នក​នឹង​ត្រូវបាន​លើកឡើង​ទៅ​ស្ថានសួគ៌​ឬ​? ទេ‍​! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ​។ “​អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​”​។ សិស្ស​ចិតសិប​នាក់ ​នោះ​បាន​ត្រឡប់មកវិញ​ដោយ​អំណរ ហើយ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ ក្នុង​ព្រះនាម​របស់ព្រះអង្គ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើងខ្ញុំ​ដែរ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​បាន​ឃើញ​សាតាំង​ធ្លាក់​ពី​លើមេឃ​ដូច​ផ្លេកបន្ទោរ​។ មើល៍! ខ្ញុំ​បាន​ឲ្យ​សិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ឲ្យ​ដើរជាន់​ពស់ និង​ខ្យាដំរី ក៏​ឲ្យ​សិទ្ធិអំណាច​លើ​អស់ទាំង​ឥទ្ធិឫទ្ធិ​របស់​ខ្មាំងសត្រូវ​ដែរ ដូច្នេះ​គ្មានអ្វី​ធ្វើទុក្ខ​អ្នករាល់គ្នា​សោះឡើយ​។ យ៉ាងណាមិញ កុំ​អរសប្បាយ​ដោយសារ​ពួក​វិញ្ញាណ​អាក្រក់​ចុះចូល​នឹង​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដោយសារ​ឈ្មោះ​របស់អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុក​នៅ​ស្ថានសួគ៌​រួច​ហើយ​”។ ពេលនោះ ព្រះយេស៊ូវ​ទ្រង់​ត្រេកអរ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​មានបន្ទូលថា​៖ “​ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង ព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។ មែនហើយ ព្រះ​បិតា​អើយ​! ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​យ៉ាងដូច្នេះ​”។ “​ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ដឹង​ថា​ព្រះបុត្រា​ជា​នរណា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏​គ្មានអ្នកណា​ដឹង​ថា​ព្រះ​បិតា​ជា​នរណា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើក​សម្ដែង​ដល់​ប៉ុណ្ណោះ​”។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាក​ទៅ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ដោយឡែក​ថា៖ “​មានពរ​ហើយ ភ្នែក​ដែល​ឃើញ​អ្វីៗដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ​! ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្យាការី និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ ប៉ុន្តែ​មិន​បាន​ឃើញ​ទេ ពួកគេ​ចង់​ឮ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឮ ប៉ុន្តែ​មិន​បាន​ឮ​ឡើយ​”។ ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “​លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​តើ​ក្នុង​ក្រឹត្យវិន័យ​មាន​សរសេរ​ទុកមក​ដូចម្ដេច​? តើ​អ្នក​យល់​យ៉ាងដូចម្ដេច​?”​។ គាត់​ទូល​តប​ថា៖ “ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង អស់ពី​កម្លាំង និង​អស់ពី​គំនិត​របស់អ្នក ព្រមទាំង​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​ដែរ”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​អ្នក​ឆ្លើយ​ត្រូវ​ហើយ ចូរ​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​មានជីវិត​”។ ប៉ុន្តែ​គាត់​ចង់​បង្ហាញថា​ខ្លួន​សុចរិត ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “​ចុះ​នរណា​ជា​អ្នកជិតខាង​របស់ខ្ញុំ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “​មាន​មនុស្ស​ម្នាក់​ចុះ​ពី​យេរូសាឡិម​ទៅ​យេរីខូរ ក៏​ជួបប្រទះ​នឹង​ពួក​ចោរប្លន់​។ ពួកគេ​សម្រាត​យកសម្លៀក​បំពាក់​គាត់ ព្រមទាំង​វាយ​គាត់ រួច​ចេញបាត់ទៅ​ដោយ​ទុក​គាត់​ចោល​ឲ្យ​ស្ទើរតែស្លាប់​។ ជួនជា​មាន​បូជាចារ្យ​ម្នាក់​ចុះមក​តាមផ្លូវ​នោះ នៅពេល​ឃើញ​បុរសនោះ គាត់​ក៏​ចៀសទៅម្ខាងដើរហួស​ទៅ​។ ដូចគ្នាដែរ មាន​ពួកលេវី​ម្នាក់​មក​ដល់​កន្លែង​កើតហេតុ ហើយ​ឃើញ​បុរសនោះ គាត់​ក៏​ចៀសទៅម្ខាងដើរហួស​ទៅ​ដែរ​។ ប៉ុន្តែ​មាន​ជនជាតិសាម៉ារី​ម្នាក់​ធ្វើដំណើរ​មកដល់ នៅពេល​ឃើញ​បុរសនោះ គាត់​មានចិត្តអាណិតអាសូរ ក៏​ចូលមកជិត រុំ​របួស​ឲ្យ​បុរសនោះ ទាំង​ចាក់​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ រួច​លើក​បុរសនោះ​ដាក់​លើ​សត្វជំនិះ​របស់ខ្លួន ដឹក​ទៅ​ផ្ទះសំណាក់ ហើយ​មើលថែ​បុរសនោះ​។ ស្អែកឡើង ​ គាត់​យក​ប្រាក់​ពីរ​ឌេណារី ឲ្យ​ទៅ​ម្ចាស់ផ្ទះសំណាក់ ហើយ​និយាយថា​: ‘​សូម​មើលថែ​គាត់​ផង ហើយ​អ្វីក៏ដោយដែល​លោក​ចំណាយលើស​ពីនេះ ខ្ញុំ​នឹង​សង​លោក នៅពេល​ខ្ញុំ​ត្រឡប់មកវិញ​’​។ “​ដូច្នេះ តើ​អ្នក​យល់ថា ក្នុង​អ្នក​ទាំង​បី​នេះ អ្នកណា​ជា​អ្នកជិតខាង​របស់​អ្នក​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ពួក​ចោរប្លន់នោះ​?”​។ អ្នកច្បាប់នោះ​ទូលថា​៖ “​គឺ​អ្នក​ដែល​សម្ដែង​សេចក្ដីមេត្តា​ដល់​គាត់​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​អ្នក​ទៅ ហើយ​ប្រព្រឹត្ត​ដូចគ្នាដែរ​ចុះ​”។ នៅពេល​ធ្វើដំណើរ​ទៅ ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ​។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ​។ ម៉ាថា​មាន​ប្អូនស្រី ​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​។ រីឯ​ម៉ាថា​កំពុង​រវល់​នឹង​ការបម្រើ​ជាច្រើន ដូច្នេះ​នាង​ក៏​ចូលមក​ទូលថា​៖ “​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មិន​ខ្វល់​ទេ​ឬ ដែល​ប្អូនស្រី​របស់ខ្ញុំម្ចាស់​ទុកឲ្យ​ខ្ញុំម្ចាស់​បម្រើ​តែម្នាក់ឯង​? សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំម្ចាស់​ផង​”​។ ប៉ុន្តែ​ព្រះអម្ចាស់ ​មានបន្ទូល​តប​នឹង​នាង​ថា​៖ “​ម៉ាថា ម៉ាថា​អើយ នាង​កំពុង​បារម្ភ ហើយ​ខ្វល់ខ្វាយ​អំពី​កិច្ចការ​ជាច្រើន ប៉ុន្តែ​មាន​ការ​មួយ​ប៉ុណ្ណោះ​ដែល​ចាំបាច់​។ ម៉ារា​បាន​ជ្រើសរើសយក​ចំណែក​ដ៏ល្អ​នោះ ហើយ​ការនោះ​នឹង​មិន​ត្រូវ​យកចេញ​ពី​នាង​ឡើយ”៕ កាលមួយមានកើតឡើងដូច្នេះ​: ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ លុះ​ចប់​ហើយ មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន​ផង ដូចដែល​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​នៅពេល​អ្នករាល់គ្នា​អធិស្ឋាន ចូរ​ទូលថា​: ‘​ព្រះ​បិតា​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ សូម​ឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។ សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។ សូម​លើកលែងទោស​យើងខ្ញុំ​អំពី​បាប​របស់យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​លើកលែងទោស​អស់អ្នក​ដែល​ជំពាក់​បំណុល​បាប​នឹង​យើងខ្ញុំ​ដែរ​។ សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ’​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​សន្មត​ថា ក្នុង​អ្នករាល់គ្នា​មាន​អ្នកណា​ម្នាក់​ដែល​មាន​មិត្តភក្ដិ ហើយ​អ្នកនោះ​ទៅរក​មិត្តភក្ដិ​ទាំង​កណ្ដាលអធ្រាត្រ និយាយថា​: ‘​សម្លាញ់​អើយ សូមឲ្យ​ខ្ញុំ​ខ្ចី​នំប៉័ង​បី​សិន​មក ពីព្រោះ​មាន​មិត្តភក្ដិ​របស់ខ្ញុំ​ម្នាក់​ធ្វើដំណើរ​មកដល់​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​អ្វី​ដាក់ឲ្យ​គាត់​ហូប​សោះ​’​។ អ្នកនោះ​ក៏​តប​ពី​ក្នុង​ផ្ទះ​ថា​: ‘​កុំ​រំខាន​ខ្ញុំ​អី ទ្វារ​បាន​បិទ​ហើយ កូន​ៗ​របស់ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ ខ្ញុំ​មិនអាច​ក្រោកទៅ​យក​អ្វី​ឲ្យ​ឯង​បានទេ​’​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​អ្នកនោះ​មិន​ក្រោកឡើង​យក​អ្វី​ឲ្យ​គាត់ ដោយសារ​គាត់​ជា​មិត្តភក្ដិ​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើង​យក​ឲ្យ​គាត់​តាមដែល​គាត់​ត្រូវការ ដោយសារតែ​ការទទូចអង្វរ​របស់​គាត់​។ “​ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។ ដ្បិត​អស់អ្នក​ដែល​សុំ​នឹង​ទទួលបាន​; អ្នក​ដែល​ស្វែងរក​នឹង​រកឃើញ​; អ្នក​ដែល​គោះ​នឹង​ត្រូវបាន​បើក​ឲ្យ​។ ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​ឪពុក​ណា​ដែល​កូន​សុំ​ត្រី ​ នឹង​ឲ្យ​ពស់​ដល់​កូន​ជំនួស​ត្រី​វិញ​ឬ​? ឬ​កូន​សុំ​ពងមាន់ នឹង​ឲ្យ​ខ្យាដំរី​វិញ​ឬ​? ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!​”​។ មានកាលមួយ ព្រះយេស៊ូវ​កំពុង​ដេញ​អារក្ស​មួយ​ដែលធ្វើឲ្យមនុស្ស​គ​។ នៅពេល​អារក្ស​ចេញទៅ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​និយាយថា​៖ “​អ្នកនេះ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​មេ​អារក្ស​ទេ​”​។ មាន​អ្នក​ខ្លះទៀត​ល្បងល​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ​។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អស់ទាំង​អាណាចក្រ​ដែល​បាក់បែកផ្ទៃក្នុង នឹង​ត្រូវ​វិនាស ហើយ​គ្រួសារ​ណា​ដែល​បាក់បែកផ្ទៃក្នុង ក៏​នឹង​រលំ​ទៅ​ដែរ​។ ដូចគ្នាដែរ ប្រសិនបើ​សាតាំង​បាក់បែកផ្ទៃក្នុង​ហើយ តើ​អាណាចក្រ​របស់​វា​នៅឈរ​ដូចម្ដេចកើត​? ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​មែន ចុះ​កូនចៅ​របស់អ្នករាល់គ្នា​ដេញ​ពួកវា​ដោយ​នរណា​វិញ​? ដូច្នេះ កូនចៅ​របស់អ្នករាល់គ្នា​នឹង​ធ្វើជា​ចៅក្រម​របស់អ្នករាល់គ្នា​។ ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះចេស្ដា​របស់​ព្រះ ​ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មកដល់​អ្នករាល់គ្នា​ហើយ​។ នៅពេល​មនុស្ស​ខ្លាំងពូកែ​កំពុង​យាម​វិមាន​របស់​ខ្លួន ដោយ​បាន​បំពាក់អាវុធគ្រប់គ្រាន់​ហើយ នោះ​អ្វីៗដែល​គាត់​មាន​ក៏​បាន​គង់វង្ស​។ ប៉ុន្តែ​កាលណា​មាន​អ្នក​ដែល​ខ្លាំង​ជាង​គាត់​មក​វាយឈ្នះ​គាត់ អ្នកនោះ​នឹង​ដណ្ដើមយក​អាវុធទាំងអស់​ដែល​គាត់​ទុកចិត្ត​នោះ ហើយ​យក​ជ័យភណ្ឌ​ទៅ​ចែក​គ្នា​។ អ្នក​ដែល​មិន​នៅ​ខាង ខ្ញុំ គឺ​ប្រឆាំងនឹង​ខ្ញុំ ហើយ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ អ្នកនោះ​កម្ចាត់កម្ចាយ​វិញ​។ “​កាលណា​វិញ្ញាណអសោច​ចេញ​ពី​មនុស្ស​ម្នាក់ វា​ក៏​ដើរចុះឡើង​តាម​កន្លែង​ហួតហែង​រក​ទីឈប់សម្រាក ប៉ុន្តែ​រក​មិន​បាន ដូច្នេះ​វា​និយាយថា​: ‘​អញ​នឹង​ត្រឡប់ទៅ​ផ្ទះ​របស់អញ​វិញ គឺ​កន្លែងដែល​អញ​បាន​ចេញមក​’​។ នៅពេល​វា​មក​ដល់​ក៏​ឃើញ​ទីនោះ​ត្រូវបាន​បោសសម្អាត ព្រមទាំង​មានសណ្ដាប់ធ្នាប់​ផង វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​”​។ ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​ស្ត្រី​ម្នាក់​ស្រែកឡើង​ពី​ក្នុង​ហ្វូងមនុស្ស ទូល​ព្រះអង្គ​ថា​៖ “​មានពរ​ហើយ ផ្ទៃ​ដែល​បាន​ផ្ទុក​លោក និង​អ្នកដែល​បាន​បំបៅ​លោក​!​”។ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!​”។ ពេលនោះ ប្រជាជន​មក​ជុំគ្នាកាន់តែច្រើន​ឡើងៗ ហើយ​ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូលថា​៖ “​ជំនាន់​នេះ​ជា​ជំនាន់​ដ៏អាក្រក់ ​ គេ​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់​យ៉ូណាស ប៉ុណ្ណោះ​។ ពោលគឺ ដូចដែល​យ៉ូណាស​បានជា​ទីសម្គាល់​ដល់​ពួកអ្នក​នីនីវេ​យ៉ាងណា កូនមនុស្ស​ក៏​នឹង​បានជា​ទីសម្គាល់​ដល់​ជំនាន់​នេះ​យ៉ាងនោះ​ដែរ​។ នៅគ្រា​ជំនុំជម្រះ មហាក្សត្រិយានី​នៃ​ភាគខាងត្បូង នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ជាមួយ​មនុស្ស​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន ហើយ​មើល៍! អ្នក​ដែល​ធំជាង​សាឡូម៉ូន​នៅ​ទីនេះ​ហើយ​! នៅគ្រា​ជំនុំជម្រះ ពួក​អ្នក​នីនីវេ​នឹង​រស់ឡើងវិញ ជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​ពួកអ្នកនីនីវេ​បាន​កែប្រែចិត្ត​ដោយសារតែ​ការប្រកាស​របស់​យ៉ូណាស ហើយ​មើល៍! អ្នក​ដែល​ធំជាង​យ៉ូណាស​នៅ​ទីនេះ​ហើយ​! “​គ្មានអ្នកណា​អុជ​ចង្កៀង ហើយ​ដាក់​នៅ​ទីកំបាំង ​ ឬ​ក្រោម​ថាំង ឡើយ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ដើម្បីឲ្យ​អស់អ្នក​ដែល​ចូលមក​ឃើញ​ពន្លឺ​នោះ​។ ចង្កៀង​របស់​រូបកាយ​គឺ​ភ្នែក​របស់អ្នក នៅពេល​ភ្នែក​របស់អ្នក​ភ្លឺថ្លា ​ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយពន្លឺ​; ប៉ុន្តែ​កាលណា​ភ្នែក​របស់អ្នក​អាក្រក់ នោះ​រូបកាយ​អ្នក​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​។ ដោយហេតុនេះ ប្រសិនបើ​រូបកាយ​អ្នក​ទាំងមូល​ពេញដោយពន្លឺ គ្មាន​ត្រង់ណា​ងងឹត នោះ​រូបកាយ​ទាំងមូល​ក៏​នឹង​ពេញដោយពន្លឺ ដូច​ពេល​ពន្លឺ​ចង្កៀង​បំភ្លឺ​អ្នក​ដែរ​”។ ខណៈដែល​ព្រះយេស៊ូវ​មានបន្ទូល មាន​ពួកផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះអង្គ​ទៅ​សោយ​ជាមួយ​គាត់ ព្រះអង្គ​ក៏​យាង​ចូលទៅ ហើយ​គង់ចុះនៅតុអាហារ​។ នៅពេល​ពួកផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹកឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើពិធីលាងសម្អាត​ជាមុន មុន​នឹង​សោយ​។ ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​ឥឡូវនេះ អ្នករាល់គ្នា​ជា​ពួកផារិស៊ី អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​របស់អ្នករាល់គ្នា​វិញ ពោរពេញ​ទៅដោយ​ការលោភលន់ និង​គំនិតអាក្រក់​។ មនុស្ស​ល្ងីល្ងើ​អើយ​! តើ​ព្រះអង្គ​ដែល​បង្កើត​ខាងក្រៅ មិន​បាន​បង្កើត​ខាងក្នុង​ដែរ​ទេ​ឬ​? យ៉ាងណាមិញ ចូរ​ចែកទាន​ពី​អ្វីៗ​ដែល​នៅ​ខាងក្នុង​ចុះ នោះ​មើល៍! អ្វីៗ​ទាំងអស់​នឹង​បាន​ស្អាត​សម្រាប់​អ្នករាល់គ្នា​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកផារិស៊ី​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីររូ និង​ដំណាំបន្លែ​គ្រប់ប្រភេទ ប៉ុន្តែ​អ្នករាល់គ្នា​បោះបង់ចោល​សេចក្ដីយុត្តិធម៌ និង​សេចក្ដីស្រឡាញ់របស់ព្រះ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកផារិស៊ី​អើយ​! ដ្បិត​អ្នករាល់គ្នា​ស្រឡាញ់​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​ការគោរព​នៅតាម​ផ្សារ។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ​ ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​ដែល​មើលមិនឃើញ ហើយ​មនុស្ស​ដែល​ដើរជាន់​ក៏​មិន​ដឹងខ្លួន​ដែរ​”។ មាន​អ្នកច្បាប់​ម្នាក់​ទូល​តប​នឹង​ព្រះយេស៊ូវ​ថា៖ “​លោកគ្រូ លោក​និយាយ​ដូច្នេះ គឺ​បង្អាប់បង្អោន​ពួកយើង​ដែរ​ហើយ!​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​វេទនា​ដល់​អ្នករាល់គ្នា​ដែរ ពួក​អ្នកច្បាប់អើយ​! ដ្បិត​អ្នករាល់គ្នា​ដាក់បន្ទុក​ដ៏ពិបាកនឹងទ្រាំ នៅលើ​មនុស្ស ចំណែក​ឯ​ខ្លួនឯង​វិញ មិន​ព្រម​យក​ម្រាមដៃ​មួយ​ប៉ះ​បន្ទុក​នោះ​ផង​។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ដ្បិត​អ្នករាល់គ្នា​សាងសង់​ផ្នូរ​របស់​ព្យាការី ប៉ុន្តែ​ដូនតា​របស់អ្នករាល់គ្នា​បាន​សម្លាប់​ពួកគេ​។ ដូច្នេះ អ្នករាល់គ្នា​ធ្វើជា​សាក្សី ហើយ​យល់ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នករាល់គ្នា​ដែរ ពីព្រោះ​ពួកគាត់​បាន​សម្លាប់​ព្យាការី ហើយ​អ្នករាល់គ្នា​បែរជា​សាងសង់​ផ្នូរ​ឲ្យ​ព្យាការី​ទៅវិញ ។ ហេតុនេះហើយបានជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ក៏​មានបន្ទូល​ដែរ​ថា​: ‘​យើង​នឹង​ចាត់​បណ្ដា​ព្យាការី និង​សាវ័ក​ឲ្យទៅ​រក​ពួកគេ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នកខ្លះ និង​បៀតបៀន​អ្នកខ្លះ​ពីចំណោម​អ្នកទាំងនោះ​’​។ នេះគឺ​ដើម្បីឲ្យ​ឈាម​របស់​ព្យាការី​ទាំងអស់​ដែល​បាន​បង្ហូរ​តាំងពី​កំណើត​នៃ​ពិភពលោក ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ គឺ​តាំងពី​ឈាម​របស់​អេបិល រហូតដល់​ឈាម​របស់​សាការី​ដែល​គេ​សម្លាប់​នៅចន្លោះ​អាសនា និង​ទីវិសុទ្ធ ។ “​មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ឈាមទាំងនោះ​នឹង​ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ។ “​វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង​”​។ នៅពេល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​ប្រឆាំង​នឹងព្រះអង្គ​យ៉ាងខ្លាំង ហើយ​សួរដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន ក៏​ចាំឱកាស​ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ​៕ ពេលនោះ មាន​មនុស្សច្រើន​កុះករ​បាន​ផ្ដុំគ្នា រហូតដល់​ជាន់​គ្នា​។ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖ “​ចូរ​អ្នករាល់គ្នា​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ ដែល​ជា​ពុតត្បុត​របស់​ពួកផារិស៊ី​។ គ្មានអ្វី​ត្រូវបាន​គ្របបាំង ដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ​ឡើយ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។ ដូច្នេះ អ្វីៗដែល​អ្នករាល់គ្នា​បាន​និយាយ​ក្នុង​ទីងងឹត នោះ​នឹង​បាន​ឮ​នៅ​ទីភ្លឺ ហើយ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក​ក្នុង​បន្ទប់សម្ងាត់ នោះ​នឹង​បាន​ប្រកាស​នៅលើ​ដំបូលផ្ទះ​វិញ​។ “​សម្លាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ហើយ​បន្ទាប់ពីនោះមក មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នករាល់គ្នា​ថា​គួរតែ​ខ្លាច​អ្នកណា គឺ​ត្រូវ​ខ្លាច​ព្រះអង្គ​ដែល​ក្រោយពី​សម្លាប់​ហើយ មាន​សិទ្ធិអំណាច​បោះ​ទៅក្នុង​ស្ថាននរក​។ មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ខ្លាច​ព្រះអង្គនេះ​ចុះ។ តើ​គេ​មិន​លក់​ចាប​ប្រាំ​ក្នុងតម្លៃ​ពីរ​អាស្សារីយ៉ូន ទេ​ឬ? ប៉ុន្តែ​នៅចំពោះ​ព្រះ គ្មាន​ចាប​ណាមួយ​ត្រូវបាន​ភ្លេច​ឡើយ​។ រីឯ​អ្នករាល់គ្នា​វិញ សូម្បីតែ​សក់​ទាំងអស់​លើ​ក្បាល​របស់អ្នករាល់គ្នា ក៏​ត្រូវបាន​រាប់​ដែរ​។ កុំ​ខ្លាច​ឡើយ​! អ្នករាល់គ្នា​មានតម្លៃលើសជាង​ចាប​ជាច្រើន​ទៅទៀត​។ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នកណាដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស កូនមនុស្ស​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។ រីឯ​អ្នក​ដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស អ្នកនោះ​នឹង​ត្រូវបាន​បដិសេធ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។ អស់អ្នក​ដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នក​ដែល​និយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ។ កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ ឬ​នៅ​មុខ​មេគ្រប់គ្រង និង​អាជ្ញាធរ កុំ​បារម្ភ​អំពី​របៀប​ដែល​ត្រូវ​ឆ្លើយការពារខ្លួន ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នូវ​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង​”​។ មាន​ម្នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ទូល​ព្រះយេស៊ូវ​ថា៖ “​លោកគ្រូ សូម​ប្រាប់​បងប្រុស ​របស់ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​សម្លាញ់​អើយ ​ តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យធ្វើជា​ចៅក្រម ឬ​ជា​អាជ្ញាកណ្ដាល​លើ​ពួកអ្នក​?​”​។ បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ​”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖ “​ស្រែចម្ការ​របស់សេដ្ឋី​ម្នាក់​បាន​ផ្ដល់ផលច្រើនបរិបូរ​។ សេដ្ឋីនោះ​ក៏​រិះគិត​ក្នុងចិត្ត​ថា​: ‘​អញ​គ្មាន​កន្លែង​ដាក់​ភោគផល​របស់អញ​ទេ តើ​គួរ​ធ្វើ​ដូចម្ដេច​?​’ រួច​គាត់​ថា​: ‘​អញ​នឹង​ធ្វើ​បែបនេះ គឺ​អញ​នឹង​រុះ​ជង្រុក​របស់អញ​ចេញ ហើយ​សាងសង់​ជង្រុក​ធំជាង រួច​ដាក់​អស់ទាំង​ស្រូវ ​ និង​ភោគទ្រព្យ​របស់អញ​នៅ​ទីនោះ​។ បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!​’​។ “​ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘​មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?​’​។ “​អ្នក​ដែល​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង តែ​មិនមែន​ជា​អ្នក​មាន​នៅចំពោះ​ព្រះ ក៏ដូច្នោះដែរ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក ថា ត្រូវ​ហូប​អ្វី​ឡើយ ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ ដ្បិត​ជីវិត​សំខាន់ជាង​អាហារ ហើយ​រូបកាយ​ក៏សំខាន់ជាង​សម្លៀកបំពាក់​ដែរ​។ ចូរ​ពិចារណា​អំពី​ក្អែក វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​ចិញ្ចឹម​ពួកវា​។ ចុះ​អ្នករាល់គ្នា​វិញ តើ​មានតម្លៃ​លើសជាង​បក្សាបក្សី​អម្បាលម៉ាន​ទៅទៀត​! ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​នរណា​អាច​បន្ថែម​មួយ​ខណៈពេល លើ​អាយុជីវិត​របស់​ខ្លួន ​ ដោយ​ការ​បារម្ភ​បាន​? ដូច្នេះ ប្រសិនបើ​អ្នក​មិនអាចធ្វើ​ការ​តូចបំផុត​បាន​ផង ចុះម្ដេចក៏​បារម្ភ​អំពី​ការ​ឯទៀត​ៗ​? “​ចូរ​ពិចារណា​អំពី​របៀប​ដែល​ផ្កាលីលី​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​សាឡូម៉ូន​ដែល​ប្រកបដោយ​សិរីរុងរឿង​ដ៏ប្រសើរ​បំផុត ក៏មិន​បាន​តែងកាយ​ដូច​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង​។ មនុស្ស​មានជំនឿតិច​អើយ​! ប្រសិនបើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​នៅតាម​ទីវាល ដែល​មាន​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​ត្រូវ​គេ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងដូច្នេះ​ទៅហើយ តើ​ព្រះអង្គ​នឹង​តុបតែង​អ្នករាល់គ្នា​ឲ្យ​លើសជាង​អម្បាលម៉ាន​ទៅទៀត​! ដូច្នេះ កុំ​ស្វែងរក​អ្វីដែល​អ្នករាល់គ្នា​ត្រូវ​ហូប និង​ត្រូវ​ផឹក​ឡើយ ហើយក៏​កុំ​ព្រួយបារម្ភ​ដែរ​។ ដ្បិត​សាសន៍ដទៃ​ក្នុង​ពិភពលោកនេះ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​។ “​ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ ​ ហើយ​របស់ទាំងអស់​នេះ នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។ ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្រ របស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។ ចូរ​លក់​អ្វីៗដែល​អ្នករាល់គ្នា​មាន ហើយ​ចែកទាន​ចុះ​។ ចូរ​រៀបចំ​ថង់ប្រាក់​ដែល​មិន​ចេះ​ពុកផុយ និង​ទ្រព្យសម្បត្តិ​ដែល​មិនចេះអស់ ទុក​សម្រាប់​ខ្លួនឯង​នៅ​ស្ថានសួគ៌ ជា​កន្លែងដែល​គ្មាន​ចោរ​មកជិត ឬ​សត្វល្អិត​ស៊ីបំផ្លាញ​នោះ​ឡើយ​។ ជាការពិត ទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​នៅ​កន្លែងណា ចិត្ត​របស់អ្នករាល់គ្នា​ក៏​នៅ​កន្លែងនោះ​ដែរ​។ “​ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ឲ្យ​រួចជាស្រេច ហើយ​ឲ្យ​ចង្កៀង​នៅ​ឆេះ គឺ​ដូចជា​មនុស្ស​ដែល​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រឡប់មក​ពី​ពិធីមង្គលការ​វិញ ដើម្បី​បាន​បើក​ទ្វារ​ជូន​លោក​ភ្លាម កាលណា​លោក​មក​ដល់ ហើយ​គោះ​ទ្វារ​។ មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។ ប្រសិនបើ​ចៅហ្វាយ​មកវិញ​នៅ​យាម​ទីពីរ ឬ​យាម​ទីបី ហើយ​ឃើញ​ពួកគេ​ធ្វើ​ដូច្នោះ អ្នកទាំងនោះ មានពរ​ហើយ​។ យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ដឹង​ការនេះ​ថា ប្រសិនបើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង​ណា គាត់​មុខជា មិន​បណ្ដោយ​ឲ្យ​វា​គាស់ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ​។ ដូច្នេះ អ្នករាល់គ្នា​ក៏​ត្រូវតែ​ប្រុងប្រៀបជានិច្ច​ដែរ ដ្បិត​កូនមនុស្ស​នឹង​មក​ក្នុង​ពេលវេលា​ដែល​អ្នករាល់គ្នា​មិន​នឹកស្មាន​ដល់​”។ ពេលនោះ ពេត្រុស​ទូល​សួរថា​៖ “​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សម្រាប់​យើងខ្ញុំ ឬ​សម្រាប់​ទាំងអស់គ្នា​ដែរ?​”​។ ព្រះអម្ចាស់​មានបន្ទូលថា​៖ “​ចុះ​តើ​នរណា​ជា​មេការ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​នឹង​តែងតាំងឲ្យត្រួត​លើ​បាវបម្រើឯទៀត​របស់​លោក ដើម្បី​ចែក​អាហារ​តាម​ពេលកំណត់​? មានពរ​ហើយ បាវបម្រើ​នោះ​ដែល​ចៅហ្វាយ​ឃើញ​គាត់​កំពុង​ធ្វើ​ដូច្នេះ នៅពេល​លោក​មកវិញ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​។ ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘​ចៅហ្វាយ​របស់អញ​ក្រមកដល់​’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ ​ ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​ឥតជំនឿ​។ បាវបម្រើ​នោះ​ដែល​បាន​ដឹង​បំណង​របស់​ចៅហ្វាយ តែ​មិន​បាន​ត្រៀមខ្លួន ឬ​ធ្វើ​តាម​បំណង​របស់​លោក អ្នកនោះ​នឹង​ត្រូវ​វាយ​យ៉ាងច្រើន​។ រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។ “​ខ្ញុំ​មក​ដើម្បី​បោះ​ភ្លើង​ទៅ​លើ​ផែនដី ហើយ​ខ្ញុំ​ចង់​ខ្លាំង​ណាស់ហ្ន៎ ឲ្យ​ភ្លើងនោះ​បាន​ឆេះ​រួចហើយ​! ប៉ុន្តែ​ខ្ញុំ​មាន​ពិធីជ្រមុជទឹក​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល ហើយ​ខ្ញុំ​ឈឺចាប់​ណាស់ហ្ន៎ ទម្រាំតែ​ការនោះ​បាន​សម្រេច​! តើ​អ្នករាល់គ្នា​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​ផ្ដល់​សេចក្ដីសុខសាន្ត​ដល់​ផែនដី​ឬ? ទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​មក​ដើម្បី​ផ្ដល់​ការបាក់បែក​វិញ​។ ចាប់ពីឥឡូវនេះទៅ ប្រាំ​នាក់​ក្នុង​គ្រួសារ​មួយ​នឹង​បាក់បែកគ្នា គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់នឹង​បី​នាក់​។ ពួកគេ​នឹង​បាក់បែកគ្នា គឺ​ឪពុក​ទាស់នឹង​កូនប្រុស ហើយ​កូនប្រុស​ទាស់នឹង​ឪពុក​; ម្ដាយ​ទាស់នឹង​កូនស្រី ហើយ​កូនស្រី​ទាស់នឹង​ម្ដាយ​; ម្ដាយក្មេក​ទាស់នឹង​កូនប្រសាស្រី ហើយ​កូនប្រសាស្រី​ក៏​ទាស់នឹង​ម្ដាយក្មេកដែរ ”។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ទៀត​ថា៖ “​កាលណា​អ្នករាល់គ្នា​ឃើញ​ពពក​ឡើង​ពី​ទិសខាងលិច អ្នករាល់គ្នា​និយាយ​ភ្លាម​ថា​: ‘​រកភ្លៀង​ហើយ​’ ហើយក៏​កើតឡើង​ដូច្នោះ​មែន​។ កាលណា​ខ្យល់ទិសខាងត្បូង​បក់​មក អ្នករាល់គ្នា​និយាយ​ថា​: ‘​ថ្ងៃនេះ មុខជា​ក្ដៅ​’ ហើយក៏​កើតឡើង​មែន។ ពួក​មនុស្សមានពុត​អើយ! អ្នករាល់គ្នា​ចេះ​សម្គាល់​សណ្ឋាន​នៃ​ផែនដី និង​ផ្ទៃមេឃ ចុះ​ម្ដេចក៏​មិន​ចេះ សម្គាល់​សម័យ​នេះ​? “​ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ពិចារណា​ដោយ​ខ្លួនឯង​ថា​អ្វីជា​សេចក្ដីសុចរិត​? កាលណា​អ្នក​ជាមួយ​គូវិវាទ​របស់អ្នក ចេញទៅ​ជួប​មេគ្រប់គ្រង ចូរ​ខិតខំព្យាយាម​ផ្សះផ្សា​នឹង​គូវិវាទនោះ ខណៈដែល​នៅ​តាម​ផ្លូវ​នៅឡើយ ក្រែងលោ​អ្នកនោះ​អូស​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​ឆ្មាំគុក ហើយ​ឆ្មាំគុក​នឹង​ដាក់គុក​អ្នក​។ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​ឡិបតា ចុងក្រោយ​”៕ នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​តើ​អ្នករាល់គ្នា​គិត​ថា អ្នកកាលីឡេ​ទាំងនេះ​មានបាប​ធ្ងន់ជាង​អ្នកកាលីឡេ​ទាំងអស់ ដោយសារ​ពួកគេ​បាន​រងទុក្ខ​យ៉ាងដូច្នេះ​ឬ​? ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ​។ មួយវិញទៀត តើ​អ្នករាល់គ្នា​គិត​ថា មនុស្ស​ដប់ប្រាំបី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​លើ ហើយ​សម្លាប់​នោះ ពួកគេ​មានបាប​ធ្ងន់ជាង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​ឬ​? ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ​”​។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​ថា៖ “​បុរស​ម្នាក់​មាន​ដើមល្វា​មួយ​ដើម​ដាំ​នៅក្នុង​ចម្ការទំពាំងបាយជូរ​របស់​ខ្លួន​។ គាត់​មក​រក​ផ្លែ​ពី​ដើមនោះ ប៉ុន្តែ​រក​មិន​បាន​អ្វីសោះ ក៏​និយាយ​នឹង​អ្នកថែចម្ការ​ថា​: ‘​មើល៍! បី​ឆ្នាំ​មកហើយ ខ្ញុំ​មក​រក​ផ្លែ​ពី​ដើមល្វា​នេះ ប៉ុន្តែ​រក​មិន​បាន​អ្វីសោះ​។ ចូរ​កាប់​វា​ចោល​ទៅ​! ទុកឲ្យ​វា​បង្ខាត​ទាំង​ដី​ធ្វើអី​?​’​។ “​ប៉ុន្តែ​អ្នកថែចម្ការនោះ​តប​នឹង​គាត់​ថា​: ‘​លោកម្ចាស់ សូម​លោក​ទុក​វា​មួយ​ឆ្នាំ​នេះ​សិន​ទៅ ចាំ​ខ្ញុំ​ជីក​ដី​ជុំវិញ ហើយ​ដាក់​ជី​មើល៍ ក្រែងលោ​វា​ចេញ​ផ្លែ​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​បើគ្មានទេ នោះ​លោក​កាប់​វា​ចោល​ចុះ’​”​។ នៅ​ថ្ងៃសប្ប័ទ ព្រះយេស៊ូវ​កំពុង​បង្រៀន​ក្នុង​សាលាប្រជុំ​មួយ​។ ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​ដែល​មាន​វិញ្ញាណ​នៃ​ជំងឺ​ចូល​ដប់ប្រាំបី​ឆ្នាំ​មកហើយ នាង​កោងខ្នង ងើបត្រង់​មិនបាន​សោះ​។ នៅពេល​ទត​ឃើញ​នាង ព្រះយេស៊ូវ​ក៏​ហៅ​នាង​មក ហើយ​មានបន្ទូល​នឹង​នាង​ថា៖ “​ស្ត្រី​អើយ នាង​ត្រូវបាន​រំដោះ​ពី​ជំងឺ​របស់នាង​ហើយ!​”​។ បន្ទាប់មក ព្រះអង្គ​ទ្រង់​ដាក់​ព្រះហស្ត​លើ​នាង ខ្នងរបស់នាង​ក៏​ត្រូវបាន​តម្រង់ឡើង​ភ្លាម ហើយ​នាង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ។ ប៉ុន្តែ​អ្នកគ្រប់គ្រងសាលាប្រជុំ​ទើសចិត្ត ពីព្រោះ​ព្រះយេស៊ូវ​ទ្រង់​ប្រោស​គេ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ ក៏​និយាយ​នឹង​ហ្វូងមនុស្ស​ថា៖ “​មាន​ប្រាំមួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ ដូច្នេះ​ចូរ​មក​ទទួល​ការ​ព្យាបាលឲ្យជា​នៅក្នុង​ថ្ងៃទាំងនោះ​ចុះ​! កុំ​មក​ក្នុង​ថ្ងៃសប្ប័ទ​ឡើយ​”​។ ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​គាត់​ថា៖ “​មនុស្សមានពុត​អើយ​! តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​របស់​ខ្លួន​ចេញពី​ក្រោល ហើយ​ដឹកទៅ​ឲ្យផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​? ចំណែកឯ​ស្ត្រី​នេះ​វិញ ជា​កូនចៅ​របស់​អ័ប្រាហាំ ដែល​សាតាំង​បាន​ចង​នាង មើល៍! ដប់ប្រាំបី​ឆ្នាំ​មកហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យរួច​ពី​ចំណង​នេះ នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?​”​។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ អស់អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ​ក៏​ត្រូវ​អាម៉ាស់មុខ ហើយ​ហ្វូងមនុស្ស​ទាំងមូល​ក៏​អរសប្បាយ​នឹង​អស់ទាំង​កិច្ចការ​ដ៏ល្អរុងរឿង​ដែល​កើតឡើង​តាមរយៈ​ព្រះអង្គ​។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​តើ​អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​អ្វី​? តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​អាណាចក្ររបស់ព្រះ​ទៅនឹង​អ្វី? គឺ​ដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ ដែល​មនុស្ស​ម្នាក់​បាន​យកទៅ​ព្រោះ​ក្នុង​សួន​របស់​ខ្លួន នៅពេល​វា​ដុះឡើង វា​ក៏​ទៅជា​ដើមឈើ​មួយ ​ ហើយ​បក្សាបក្សីនៅលើអាកាស​មក​ធ្វើសម្បុក​តាម​មែក​របស់​វា​”​។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖ “​តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​អាណាចក្រ​របស់​ព្រះ​ទៅនឹង​អ្វី? គឺ​ដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយ ក្នុង​ម្សៅ​បី​រង្វាល់ ​ រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូលដោរឡើង​”​។ ព្រះយេស៊ូវ​យាងកាត់​តាម​ទីក្រុង និង​ភូមិ​នានា ទាំង​បង្រៀន​បណ្ដើរ បន្ត​ធ្វើដំណើរ​ទៅ​យេរូសាឡិម​បណ្ដើរ។ មាន​មនុស្សម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ “​ព្រះអម្ចាស់​អើយ តើ​អ្នក​ដែល​បាន​សង្គ្រោះ មាន​តិច​ទេឬ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គេ​ថា៖ “​ចូរ​តស៊ូ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​ព្យាយាម​ចូល ប៉ុន្តែ​នឹង​មិនអាច​ចូល​បានទេ​។ កាលណា​ម្ចាស់ផ្ទះ​ក្រោកឡើង​បិទ​ទ្វារ​ហើយ នោះ​អ្នករាល់គ្នា​ចាប់ផ្ដើម​ឈរ​នៅ​ខាងក្រៅ គោះ​ទ្វារ ទាំង​និយាយថា​: ‘​ព្រះអម្ចាស់​អើយ! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!​’​។ ម្ចាស់ផ្ទះ​ក៏​នឹង​ឆ្លើយ​មក​អ្នករាល់គ្នា​ថា​: ‘​យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ​’​។ ពេលនោះ អ្នករាល់គ្នា​នឹង​ចាប់ផ្ដើម​និយាយថា​: ‘​យើងខ្ញុំ​ធ្លាប់​ហូប និង​ផឹក​ជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ធ្លាប់​បង្រៀន​នៅតាម​ផ្លូវ របស់យើងខ្ញុំ​ដែរ​’​។ ប៉ុន្តែ​ម្ចាស់ផ្ទះ​នឹង​និយាយ​មក​អ្នករាល់គ្នា​ថា​: ‘​យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ​។ អស់ទាំង​អ្នកប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!​’​។ នៅពេល​អ្នករាល់គ្នា​ឃើញ​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​ព្យាការី​ទាំងអស់​នៅក្នុង​អាណាចក្រ​របស់​ព្រះ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​បោះចោល​ទៅ​ខាងក្រៅ​វិញ ​ នោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​នៅ​ទីនោះ​។ មាន​មនុស្ស​នឹង​មក​ពី​ទិសខាងកើត ទិសខាងលិច ទិសខាងជើង និង​ទិសខាងត្បូង ហើយ​អង្គុយ​នៅក្នុង​អាណាចក្រ​របស់​ព្រះ។ មើល៍! មាន​មនុស្ស​ក្រោយគេ​ដែល​នឹង​ត្រឡប់ជា​មុនគេ ហើយ​មាន​មនុស្ស​មុនគេ​ដែល​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ”។ នៅ​ពេល ​ដដែល​នោះ មាន​ពួកផារិស៊ី​ខ្លះ​បាន​ចូលមកជិត ទូល​ព្រះយេស៊ូវ​ថា៖ “​សូម​លោក​ចាកចេញ​ពីទីនេះ​ទៅ ដ្បិត​ហេរ៉ូឌ​ចង់​សម្លាប់​លោក​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា មើល៍! ខ្ញុំ​ដេញ​អារក្ស​ឲ្យចេញ ហើយ​ប្រោស​មនុស្ស​ឲ្យជា​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក លុះដល់​ថ្ងៃ​ទីបី​កិច្ចការរបស់ខ្ញុំ​នឹង​ត្រូវបាន​បង្ហើយ​។ យ៉ាងណាមិញ ខ្ញុំ​ត្រូវតែ​ធ្វើដំណើរ នៅ​ថ្ងៃនេះ ថ្ងៃស្អែក និង​ថ្ងៃខានស្អែក​ទៀត ដ្បិត​ព្យាការី​មិនអាច​ត្រូវ​គេ​សម្លាប់​នៅ​ខាងក្រៅ​យេរូសាឡិម​បានឡើយ​! “​យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។ មើល៍! ផ្ទះ របស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល ។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា ថា អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតដល់​ពេលវេលា​នោះ​មកដល់ ដែល​អ្នករាល់គ្នា​និយាយថា​: ‘​សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ’ ​”៕ នៅ​ថ្ងៃសប្ប័ទ​មួយ មានកើតឡើងដូច្នេះ​: នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​សោយ​អាហារ ​ក្នុង​ផ្ទះ​របស់​មេគ្រប់គ្រង​ម្នាក់​ខាងផារិស៊ី ពួកគេ​ក៏​តាម​ឃ្លាំមើល​ព្រះអង្គ។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ដែល​មាន​ជំងឺហើមទឹក នៅពីមុខ​ព្រះអង្គ​។ ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួក​អ្នកច្បាប់ និង​ពួកផារិស៊ី​ថា៖ “​តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬ​ទេ?​”​។ ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។ ព្រះអង្គ​ក៏​គ្រាហ៍​គាត់​ឡើង ហើយ​ប្រោស​គាត់​ឲ្យជា រួច​ឲ្យ​គាត់​ទៅវិញ​។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​តើ​មាន​នរណា​ក្នុង​អ្នករាល់គ្នា​ដែល​មាន​កូនប្រុស ​ ឬ​គោ ហើយ​វា​ធ្លាក់​ទៅក្នុង​អណ្ដូង​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ស្រង់​វា​ឡើង​ភ្លាមៗ​?​”​។ ពួកគេ​មិនអាច​ឆ្លើយតប​នឹង​សេចក្ដីទាំងនេះ​បានទេ​។ នៅពេល​ព្រះយេស៊ូវ​ទ្រង់​សង្កេតឃើញ​របៀប​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​តែងតែ​ជ្រើសរើស​កន្លែងកិត្តិយស ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖ “​កាលណា​អ្នករាល់គ្នា​ត្រូវ​គេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ កុំ​អង្គុយ​នៅ​កន្លែងកិត្តិយស​ឡើយ ក្រែងលោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ដែល​មានកិត្តិយសជាង​អ្នក ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​គាត់ នឹង​មក​និយាយ​នឹង​អ្នក​ថា​: ‘​សូម​ឲ្យ​កន្លែង​អ្នក​ទៅ​លោកនេះ​!​’ ពេលនោះ អ្នក​នឹង​អង្គុយ​នៅ​កន្លែង​អន់ជាងគេ​ទាំង​អាម៉ាស់មុខ​។ “​ផ្ទុយទៅវិញ កាលណា​អ្នក​ត្រូវគេ​អញ្ជើញ ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​អន់ជាងគេ ដើម្បី​នៅពេល​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់ គាត់​នឹង​និយាយ​មក​អ្នក​ថា​: ‘​សម្លាញ់​អើយ សូម​ឡើងមក​កន្លែងកិត្តិយស​មក៍!​’ ពេលនោះ អ្នក​នឹង​មាន​កិត្តិយស​នៅមុខ​អស់អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​អ្នក​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង​”​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖ “​កាលណា​អ្នក​រៀបចំ​ជប់លៀង​អាហារថ្ងៃត្រង់ ឬ​អាហារពេលល្ងាច កុំ​ហៅ​មិត្តភក្ដិ បងប្អូន ឬ​សាច់ញាតិ​របស់អ្នក​ឡើយ ហើយក៏កុំ​ហៅ​អ្នកជិតខាង​ដែលជា​អ្នកមាន​ដែរ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​វិញ ហើយ​អ្នក​នឹង​ទទួលបាន​ការតបស្នង​។ ផ្ទុយទៅវិញ កាលណា​អ្នក​រៀបចំ​ពិធីជប់លៀង ចូរ​អញ្ជើញ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វិន និង​មនុស្ស​ខ្វាក់ភ្នែក​។ ធ្វើដូច្នេះ អ្នក​នឹង​មានពរ ពីព្រោះ​ពួកគេ​គ្មានអ្វី​សង​អ្នក​ទេ​។ អ្នក​នឹង​ទទួលបាន​ការ​តបស្នង នៅ​ថ្ងៃនៃការរស់ឡើងវិញ​របស់​មនុស្ស​សុចរិត​”។ នៅពេល​ឮ​សេចក្ដីទាំងនេះ ម្នាក់​ក្នុង​ភ្ញៀវរួមតុអាហារ​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “​មានពរ​ហើយ អ្នកណាដែល​នឹង​ហូប​អាហារ ​នៅក្នុង​អាណាចក្រ​របស់​ព្រះ​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​អ្នកនោះ​ថា៖ “​មាន​បុរស​ម្នាក់​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ ហើយ​អញ្ជើញ​មនុស្ស​ជាច្រើន​។ លុះដល់​ម៉ោង​ជប់លៀង លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​ប្រាប់​ពួក​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ថា​: ‘​សូមអញ្ជើញ​មក ដ្បិត​ពិធីជប់លៀង​បាន​រៀបចំជាស្រេច​ហើយ​!​’​។ “​ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​សុទ្ធតែ​ចាប់ផ្ដើម​ដោះសា​។ អ្នក​ទីមួយ​និយាយថា​: ‘​ខ្ញុំ​បាន​ទិញ​ដី​មួយ​កន្លែង ដូច្នេះ​ខ្ញុំ​ត្រូវតែ​ចេញទៅ​មើល​ដីនោះ សូម​លោក​ព្រមឲ្យ​ខ្ញុំ​ដកខ្លួន​ផង’​។ “​ម្នាក់ទៀត​និយាយថា​: ‘​ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​ទៅ​សាកពួកវា​មើល៍ សូម​លោក​ព្រមឲ្យ​ខ្ញុំ​ដកខ្លួន​ផង​’​។ “​ម្នាក់ផ្សេងទៀត​និយាយថា​: ‘​ខ្ញុំ​ទើបតែ​រៀបការ​ប្រពន្ធ ដូច្នេះ​ខ្ញុំ​មិនអាច​ទៅ​បានទេ​’​។ “​នៅពេល​ត្រឡប់មកវិញ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​របស់​ខ្លួន​អំពី​ការទាំងនេះ​។ ពេលនោះ​ម្ចាស់ផ្ទះ​ក៏​ខឹង ហើយ​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘​ចូរ​ប្រញាប់​ចេញទៅ​តាមផ្លូវ ​ និង​ច្រកល្ហក​ក្នុង​ទីក្រុង ហើយ​នាំ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​មក​ទីនេះចុះ’​។ “​បន្ទាប់មក បាវបម្រើ​នោះ​ជម្រាបថា​: ‘​លោកម្ចាស់ អ្វីដែល​លោក​បង្គាប់ បាន​ធ្វើ​រួចហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​អង្គុយ​ទៀត​’​។ “​ចៅហ្វាយ​ក៏​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘​ចូរ​ចេញទៅ​តាមផ្លូវ និង​ច្រកល្ហក ​ ហើយ​តឿន​គេ​ឲ្យ​ចូលមក ដើម្បីឲ្យ​បាន​ពេញ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​ត្រូវបាន​អញ្ជើញ នឹង​បាន​ភ្លក់​អាហារ​របស់ខ្ញុំ​ឡើយ’​”។ មាន​ហ្វូងមនុស្ស​ជាច្រើន​កំពុង​ធ្វើដំណើរជាមួយ​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ងាកមក​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។ អ្នកណាក៏ដោយដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។ “​ក្នុងចំណោម​អ្នករាល់គ្នា នៅពេល​ចង់​សាងសង់​អគារធំ​មួយ មាន​នរណា​មិន​អង្គុយ​គណនា​ចំណាយ​ជាមុនសិន ថា​តើ​មាន​គ្រប់គ្រាន់​នឹង​បង្ហើយ​ឬយ៉ាងណា​? ក្រែងលោ​ពេល​ចាក់​គ្រឹះ​ហើយ មិនអាច​បង្ហើយ​បាន នោះ​អស់អ្នក​ដែល​ឃើញ​នឹង​សើចចំអក​ដាក់​អ្នកនោះ ថា​: ‘​អ្នក​នេះ​បាន​ចាប់ផ្ដើម​សាងសង់ ប៉ុន្តែ​បង្ហើយ​មិនបាន​!​’​។ “​មួយវិញទៀត នៅពេល​ចេញទៅ​ច្បាំង​នឹង​ស្ដេច​មួយទៀត មាន​ស្ដេច​មួយណា​មិន​អង្គុយ​ពិចារណា​ជាមុនសិន ថា​តើ​ទ្រង់​អាច​តទល់​នឹង​ទ័ព​ពីរម៉ឺន​នាក់ដែល​កំពុង​មកច្បាំងនឹង​ទ្រង់ ដោយ​ទ័ព​មួយម៉ឺន​នាក់​បាន​ឬយ៉ាងណា​? បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។ ដូចគ្នាដែរ អ្នកណាក៏ដោយ​ក្នុង​អ្នករាល់គ្នា ដែល​មិន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​មាន អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។ “​ដូច្នេះ អំបិល​ជា​របស់​ល្អ ប៉ុន្តែ​បើ​សូម្បីតែ​អំបិល​ក៏​បាត់រសជាតិ​ទៅហើយ តើ​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? វា​មិន​ត្រូវ​នឹង​ដី ហើយក៏មិន​ត្រូវ​នឹងជី​ដែរ​។ គេ​នឹង​បោះ​វា​ចោល​ទៅ​ខាងក្រៅ​។ អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”៕ ពេលនោះ អ្នកទារពន្ធ និង​មនុស្សបាប​ទាំងអស់​ចូលមកជិត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះអង្គ​។ ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ក៏​រអ៊ូរទាំ​ថា៖ “​អ្នកនេះ​ទទួល​មនុស្សបាប ហើយ​ហូបជាមួយ​ពួកគេ​ទៀតផង​”​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​នេះ​ថា៖ “​តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយរយ​ក្បាល ហើយ​បាត់​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​ទៅ ក៏​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅ​ទីរហោស្ថាន រួច​ទៅ​តាមរក​ចៀម​មួយ​ដែល​បាត់​នោះ ទាល់តែ​រក​វា​ឃើញ​ទេ​ឬ? កាលណា​រក​វា​ឃើញ គាត់​មុខជា​លើក​វា​ដាក់​លើ​ស្មា ទាំង​អរសប្បាយ ហើយ​មកផ្ទះវិញ ក៏​ហៅ​មិត្តភក្ដិ និង​អ្នកជិតខាង​មក ប្រាប់​ពួកគេ​ថា​: ‘​សូម​អបអរជាមួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​រក​ចៀម​របស់ខ្ញុំ​ដែល​បាត់​នោះ​ឃើញ​ហើយ’​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ស្ថានសួគ៌​នឹង​មាន​អំណរ​យ៉ាងនោះដែរ ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំបួន​នាក់​ដែល​មិន​ចាំបាច់​កែប្រែចិត្ត​។ “​មួយវិញទៀត តើ​មានស្ត្រី​ណា​ដែល​មាន​កាក់​ដ្រាក់ម៉ា ដប់ ហើយ​ប្រសិនបើ​នាង​បាត់​មួយ​ដ្រាក់ម៉ា ក៏​មិន​អុជ​ចង្កៀង បោសសម្អាត​ផ្ទះ ហើយ​រក​យ៉ាងយកចិត្តទុកដាក់ ទាល់តែ​រកឃើញ​ទេ​ឬ​? កាលណា​រកឃើញ​ហើយ នាង​មុខជា​ហៅ​មិត្តភក្ដិ និង​អ្នកជិតខាង​មក ប្រាប់ថា​: ‘​សូម​អបអរជាមួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​រក​មួយ​ដ្រាក់ម៉ា​ដែល​ខ្ញុំ​បាត់​នោះ​ឃើញ​ហើយ​’​។ ដូចគ្នាដែរ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ នឹង​មាន​អំណរ​ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត​”​។ ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា​៖ “​មាន​បុរស​ម្នាក់​មាន​កូនប្រុស​ពីរ​នាក់​។ កូន​ប្អូន​និយាយ​នឹង​ឪពុក​ថា​: ‘​លោក​ឪពុក​អើយ សូម​ប្រគល់​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​ឲ្យ​ខ្ញុំ​មក​’​។ ដូច្នេះ ឪពុក​ក៏​ចែក​ទ្រព្យសម្បត្តិ​ដល់​កូនទាំងពីរនាក់​។ មិន​យូរ​ថ្ងៃ​ក្រោយមក កូន​ប្អូន​ក៏​ប្រមូល​របស់របរ​ទាំងអស់ ហើយ​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ​។ នៅ​ទីនោះ គាត់​បាន​ចាយបង្ហិន​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​រស់នៅ​ក្នុងភាពអបាយមុខ​។ នៅពេល​គាត់​ចាយវាយ​អ្វីៗ​ទាំងអស់​ហើយ មាន​ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​បាន​កើតឡើង​នៅ​ទូទាំង​ស្រុក​នោះ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត​។ ដូច្នេះ គាត់​បាន​ទៅ​ពឹងអាស្រ័យ​នឹង​អ្នកស្រុក​ម្នាក់​នៅ​ស្រុក​នោះ ម្នាក់នោះ​ក៏​ចាត់​គាត់​ឲ្យទៅ​ទីវាល​របស់​ខ្លួន ដើម្បីឲ្យ​ចិញ្ចឹម​ជ្រូក​។ គាត់​ប្រាថ្នាចង់​ចម្អែតពោះ ដោយ​សំបកផ្លែច័ន្ទគីរី​ដែល​ជ្រូក​ស៊ី តែ​គ្មានអ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។ ប៉ុន្តែ​នៅពេល​ភ្ញាក់ខ្លួន គាត់​ក៏​ពោលថា​: ‘ពួក​ឈ្នួល​ទាំងប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​អាហារ សម្បូរហូរហៀរ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់ពោះស្លាប់​នៅ​ទីនេះ​! ខ្ញុំ​នឹង​ក្រោកឡើង​ទៅរក​ឪពុក​ខ្ញុំ​វិញ ហើយ​ប្រាប់​គាត់​ថា​: ‘​លោក​ឪពុក​អើយ ខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ស្ថានសួគ៌ និង​បាន​ប្រព្រឹត្តបាប​នៅចំពោះ​លោក​ឪពុក​ដែរ​។ ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ សូមឲ្យ​ខ្ញុំ​ធ្វើ​ដូចជា​ឈ្នួល​ម្នាក់​របស់លោកឪពុក​ផង’​។ បន្ទាប់មក គាត់​ក្រោកឡើង ត្រឡប់ទៅរក​ឪពុក​របស់​ខ្លួន​វិញ​។ ខណៈដែល​គាត់​នៅ​ឆ្ងាយ​នៅឡើយ ឪពុក​របស់​គាត់​បាន​ឃើញ​គាត់ ក៏​មានចិត្តអាណិតអាសូរ ហើយ​រត់​ទៅ​ឱប​ក​គាត់ ទាំង​ថើប​ទៀតផង​។ កូនប្រុស​និយាយ​នឹង​ឪពុក​ថា​: ‘​លោក​ឪពុក​អើយ ខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ស្ថានសួគ៌ និង​បាន​ប្រព្រឹត្តបាប​នៅចំពោះ​លោក​ឪពុក​ដែរ​។ ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ​’​។ “​ប៉ុន្តែ​ឪពុក​ប្រាប់​ពួក​បាវបម្រើ​របស់​គាត់​ថា​: ‘​ចូរ​ប្រញាប់ យក​អាវវែង​ដ៏ល្អបំផុត​មក​ពាក់​ឲ្យ​គាត់ ហើយ​យក​ចិញ្ចៀន​មក​បំពាក់​ដៃ​គាត់ ព្រមទាំង​យក​ស្បែកជើង​មក​បំពាក់​ជើង​គាត់​ផង រួច​យក​កូនគោ​ដែល​បំប៉ន​ទុក​មក​សម្លាប់​ចុះ​។ យើង​នាំគ្នា​ហូប និង​អបអរ​ទៅ​! ដ្បិត​កូន​របស់ខ្ញុំ​នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; គាត់​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញ​ហើយ​’​។ ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​អបអរ​។ “​រីឯកូន​ច្បង​របស់​គាត់​នៅ​ឯ​ចម្ការ​។ នៅពេល​មកជិតដល់​ផ្ទះ គាត់​ឮ​សូរតន្ត្រី និង​របាំ គាត់​ក៏​ហៅ​អ្នកបម្រើ​ម្នាក់​មក សួរថា​មាន​អ្វី​កើតឡើង​។ អ្នកបម្រើនោះ​ក៏​ប្រាប់​គាត់​ថា​: ‘​ប្អូនប្រុស របស់លោក​មកវិញ​ហើយ ដូច្នេះ​ឪពុក​របស់លោក​បាន​សម្លាប់​កូនគោ​ដែល​បំប៉ន​ទុក ពីព្រោះ​លោក​បាន​កូនប្រុស​មកវិញ​ដោយ​មានសុវត្ថិភាព​’​។ “​ពេលនោះ កូនច្បង​ក៏​ខឹង ហើយ​មិន​ព្រម​ចូលទៅ​ទេ ដូច្នេះ​ឪពុក​របស់​គាត់​ក៏​ចេញមក​អង្វរ​គាត់​។ ប៉ុន្តែ​គាត់​តប​នឹង​ឪពុក​ថា​: ‘​មើល៍! ខ្ញុំ​បាន​បម្រើ​លោកឪពុក​ច្រើន​ឆ្នាំ​យ៉ាងនេះហើយ មិនដែល​រំលង​ពាក្យបង្គាប់​របស់លោកឪពុក​ឡើយ ប៉ុន្តែ​លោកឪពុក​មិនដែល​ឲ្យ​កូនពពែ​មួយ​ដល់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អបអរ​ជាមួយ​ពួក​មិត្តភក្ដិ​របស់ខ្ញុំ​សោះ​។ រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!​’​។ “​ឪពុក​ក៏​និយាយ​នឹង​គាត់​ថា​: ‘​កូន​អើយ​! កូនឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច ហើយ​អ្វីៗ​ទាំងអស់​ដែល​ជា​របស់ឪពុក ក៏​ជា​របស់កូន​ដែរ​។ ឥឡូវ យើង​ត្រូវតែ​អបអរ និង​អរសប្បាយ ដ្បិត​ប្អូនប្រុស​របស់ឯង​ម្នាក់នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; វា​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញហើយ​’​”​៕ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា​៖ “​សេដ្ឋី​ម្នាក់​មាន​អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះ​ត្រូវគេ​ប្ដឹង​ថា គាត់​ចាយបង្ហិន​ធនធាន​របស់​ចៅហ្វាយគាត់​។ សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘​រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’​។ “​អ្នកគ្រប់គ្រង​នោះ​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘​ចៅហ្វាយ​របស់អញ​ចង់​ដកយក​មុខងារជាអ្នកគ្រប់គ្រង​ចេញ​ពី​អញ​ហើយ តើ​អញ​គួរ​ធ្វើ​ដូចម្ដេច​? អញ​គ្មានកម្លាំង​ទៅ​ជីក​ដី​ឡើយ ហើយ​ទៅ​សុំទាន​ក៏​ខ្មាសគេ​ដែរ។ អញ​ដឹង​ហើយ​ថា គួរ​ធ្វើ​ដូចម្ដេច ដើម្បីឲ្យ​គេ​បាន​ទទួល​អញ​ទៅក្នុង​ផ្ទះ​របស់​គេ កាលណា​អញ​ត្រូវបាន​ដកចេញ​ពី​មុខងារជាអ្នកគ្រប់គ្រង​’​។ “​បន្ទាប់មក គាត់​ហៅ​កូនបំណុល​របស់​ចៅហ្វាយ​ខ្លួន​មក​ម្នាក់ម្ដងៗ ហើយ​សួរ​អ្នក​ទីមួយ​ថា​: ‘​តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់ខ្ញុំ​ប៉ុន្មាន?​’​។ “​អ្នកនោះ​ឆ្លើយថា​: ‘​ប្រេងអូលីវ​មួយរយ​ប៉ោត ’​។ “​អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘​យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​អង្គុយ​សរសេរ​ដាក់​ហាសិបវិញ ជាប្រញាប់​ទៅ​’​។ “​គាត់​សួរ​ម្នាក់ទៀត​ថា​: ‘​ចុះ​អ្នក​វិញ តើ​អ្នក​ជំពាក់​ប៉ុន្មាន​ដែរ​?​’​។ “​អ្នកនោះ​ឆ្លើយថា​: ‘​ស្រូវសាលី​មួយរយ​ហាប ’​។ “​អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘​យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​សរសេរ​ដាក់​ប៉ែតសិបវិញ​ទៅ​’​។ “​រីឯ​ចៅហ្វាយ​ក៏​សរសើរ​អ្នកគ្រប់គ្រង​ទុច្ចរិត​នោះ ដោយសារ​គាត់​បាន​ប្រព្រឹត្ត​យ៉ាងឆ្លៀវឆ្លាត​។ ដ្បិត​កូនចៅ​នៃ​លោកីយ៍​នេះ​ឈ្លាសវៃ​ក្នុង​ជំនាន់​របស់​គេ ជាង​កូនចៅ​នៃ​ពន្លឺទៅទៀត​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បង្កើត​មិត្តភក្ដិ​សម្រាប់​ខ្លួនឯង​ពី​ទ្រព្យសម្បត្តិ ដ៏ទុច្ចរិត​ចុះ ដើម្បីឲ្យ​គេ​បាន​ទទួល​អ្នករាល់គ្នា​ទៅក្នុង​លំនៅ ដ៏អស់កល្បជានិច្ច កាលណា​ទ្រព្យសម្បត្តិនោះ​រលាយសូន្យ​ទៅ​។ អ្នក​ដែល​ស្មោះត្រង់​នឹង​ការ​តូចបំផុត ក៏​ស្មោះត្រង់​នឹង​ការ​ជាច្រើន ហើយ​អ្នក​ដែល​ទុច្ចរិត​នឹង​ការ​តូចបំផុត ក៏​ទុច្ចរិត​នឹង​ការ​ជាច្រើន​ដែរ។ ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​មិន​បាន​ស្មោះត្រង់​នឹង​ទ្រព្យសម្បត្តិ ដ៏ទុច្ចរិត​ផង តើ​នរណា​នឹង​ផ្ទុកផ្ដាក់​ទ្រព្យសម្បត្តិ​ពិត​នឹង​អ្នករាល់គ្នា​? ហើយ​ប្រសិនបើ​អ្នករាល់គ្នា​មិន​បាន​ស្មោះត្រង់​នឹង​ទ្រព្យសម្បត្តិរបស់​អ្នកដទៃ​ផង តើ​នរណា​នឹង​ឲ្យ​អ្នករាល់គ្នា​នូវទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​? គ្មាន​អ្នកបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ ផង​បានឡើយ​”។ នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។ “​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​មាន​ត្រឹម​យ៉ូហាន​។ តាំងពី​ពេលនោះ​មក អាណាចក្រ​របស់​ព្រះ​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​មនុស្ស​ទាំងអស់​កំពុង​ខំប្រឹងប្រជ្រៀតចូល​ទៅ​ទីនោះ​។ ការ​ដែល​ផ្ទៃមេឃ និងផែនដី​ផុតទៅ នោះ​ងាយជាង​បាត់​បន្តក់​មួយ​ក្នុង​ក្រឹត្យវិន័យ​ទៅទៀត​! “​អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ហើយ រីឯ​អ្នក​ដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ដែរ​។ “​មាន​សេដ្ឋី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្វាយ និង​ក្រណាត់ផាឌិបដ៏ប្រណិត ហើយ​ជប់លៀង​យ៉ាងហ៊ឹកហ៊ាក់​ជារៀងរាល់ថ្ងៃ ក៏​មាន​អ្នកក្រ​ម្នាក់​ឈ្មោះ​ឡាសារ ដែល​កើតដំបៅពេញខ្លួន ត្រូវគេ​ផ្ដេក​នៅ​មាត់ទ្វារ​របស់​សេដ្ឋីនោះ​។ គាត់​តែងតែ​ប្រាថ្នាចង់​ចម្អែតពោះ​ដោយ​កម្ទេចអាហារ ដែល​ជ្រុះ​ពី​តុ​អាហារ​របស់​សេដ្ឋី​នោះ​ណាស់ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។ ក្រោយមក អ្នកក្រ​នោះ​បាន​ស្លាប់​ទៅ ហើយ​គាត់​ត្រូវ​បណ្ដា​ទូតសួគ៌​យកទៅ​ឯ​ដើមទ្រូង​របស់​អ័ប្រាហាំ​។ ចំណែកឯ​សេដ្ឋី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គាត់​ត្រូវគេ​បញ្ចុះ។ នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។ គាត់​ក៏​ស្រែកឡើង​ថា​: ‘​លោក​ឪពុក​អ័ប្រាហាំ​អើយ សូម​អាណិតមេត្តា​ខ្ញុំ​ផង​! សូម​ឲ្យ​ឡាសារ​មក ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​ដាក់​លើ​អណ្ដាត​របស់ខ្ញុំ​ឲ្យត្រជាក់​ផង ដ្បិត​ខ្ញុំ​កំពុង​រងទុក្ខវេទនា​ក្នុង​អណ្ដាតភ្លើង​នេះ​!​’​។ “​ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘​កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។ ក្រៅពី​ការ​ទាំងអស់​នេះ មាន​ជ្រោះជ្រៅ​ដ៏ធំ​ត្រូវបាន​ដាក់​រវាង​យើង និង​អ្នករាល់គ្នា ដូច្នេះ​អ្នក​ដែល​ចង់​ឆ្លង​ពីទីនេះ​ទៅ​រក​អ្នករាល់គ្នា ទៅ​មិន​បាន​ឡើយ ហើយ​ឆ្លង​ពីទីនោះ​មក​រក​យើង ក៏​មក​មិន​បាន​ដែរ​”។ “​សេដ្ឋីនោះ​ក៏​និយាយថា​: ‘​លោក​ឪពុក​អើយ បើដូច្នេះ សូម​លោក​ចាត់​ឡាសារ​ឲ្យទៅ​ឯ​ផ្ទះ​ឪពុក​របស់ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​។ សូម​ឲ្យ​គាត់​ដាស់តឿនយ៉ាងម៉ឺងម៉ាត់ ដល់​ពួកគេ​ផង ដើម្បីកុំឲ្យ​ពួកគេ​បាន​មក​កន្លែង​ទារុណកម្ម​នេះ​ដែរ​’​។ “​ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘​បងប្អូនរបស់អ្នក​មាន​ម៉ូសេ និង​បណ្ដា​ព្យាការី​ហើយ ចូរឲ្យ​ពួកគេ​ស្ដាប់តាម​លោកទាំងនោះ​ចុះ’​។ “​សេដ្ឋីនោះ​ក៏​និយាយថា​: ‘​ទេ លោក​ឪពុក​អ័ប្រាហាំ​អើយ​! បើសិន​មាន​អ្នកណា​ម្នាក់​ពីចំណោម​មនុស្សស្លាប់​ទៅ​ជួប​ពួកគេ ពួកគេ​មុខជា​កែប្រែចិត្ត​មិនខាន​’​។ “​ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘​បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’​”៕ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ “​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ប្រាកដជា​ត្រូវ​មក ​ ប៉ុន្តែ​វេទនា​ដល់​អ្នកណាដែល​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​មក​តាមរយៈ​គាត់​។ ជាការប្រសើរជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិនដ៏ធំ នឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ជាជាង​ឲ្យ​គាត់​បាន​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ជំពប់ដួល​។ ចូរ​ប្រយ័ត្ន​ខ្លួន​! ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប ​ ចូរ​ស្ដីប្រដៅ​គាត់​; ប្រសិនបើ​គាត់​កែប្រែចិត្ត ចូរ​លើកលែងទោស​ឲ្យ​គាត់​ទៅ​។ ប្រសិនបើ​គាត់​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ប្រាំពីរដង​ក្នុង​មួយ​ថ្ងៃ ហើយ​គាត់​ត្រឡប់មក​រក​អ្នក​វិញ​ទាំង​ប្រាំពីរដង ​ ដោយ​និយាយថា​: ‘​ខ្ញុំ​សូម​កែប្រែចិត្ត​!​’ នោះ​អ្នក​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់​”​។ ពួក​សាវ័ក​ទូល​ព្រះអម្ចាស់​ថា៖ “​សូម​បង្កើន​ជំនឿ​ដល់​យើងខ្ញុំ​ផង”។ ព្រះអម្ចាស់​មានបន្ទូលថា​៖ “​ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​អាច​និយាយ​នឹង​ដើមមន​នេះ​ថា​: ‘​ចូរឲ្យ​ត្រូវបាន​ដកចេញ ហើយ​ដុះ​នៅក្នុង​សមុទ្រ​ទៅ​!​’ នោះ​វា​មុខជា​ស្ដាប់បង្គាប់​អ្នករាល់គ្នា​មិនខាន​។ “​សន្មតថា ក្នុង​អ្នករាល់គ្នា​មាន​អ្នកណា​ម្នាក់​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ស្រែ ឬឃ្វាល​ចៀម​។ នៅពេល​បាវបម្រើនោះ​មក​ពី​ស្រែចម្ការ​វិញ តើ​គាត់​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘​មក​អង្គុយ​ហូប​សិន​ចុះ​’ ឬ​? តើគាត់​មិន​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘​ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​ហូប ហើយ​ក្រវាត់​ខ្លួន បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​ហូប​ហើយ សឹម​អ្នក​ហូប​តាមក្រោយ​ចុះ’ ទេ​ឬ​? គាត់​មិន​ត្រូវ​ដឹងគុណ​ចំពោះ​បាវបម្រើ​នោះ ដោយសារ​បាន​ធ្វើ​អ្វីៗ​ដែល​គាត់​បញ្ជា​ទេ មែនទេ​? អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ កាលណា​អ្នករាល់គ្នា​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ត្រូវបាន​បញ្ជា​មក​អ្នករាល់គ្នា​ហើយ ចូរ​អ្នករាល់គ្នា​និយាយថា​: ‘​យើង​ជា​បាវបម្រើ​ឥតប្រយោជន៍​ទេ យើង​គ្រាន់តែ​បាន​ធ្វើ​អ្វីដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​’​”​។ នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ទៅ​យេរូសាឡិម ព្រះអង្គ​យាងកាត់​តាម​ចន្លោះ​រវាង​សាម៉ារី និង​កាលីឡេ​។ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ មាន​មនុស្សឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះអង្គ​។ ពួកគេ​ឈរ​ពីចម្ងាយ ហើយ​ស្រែកឡើង​ថា៖ “​លោក​យេស៊ូវ​អើយ លោកគ្រូ​អើយ សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!​”​។ ព្រះអង្គ​ទត​ឃើញ​ពួកគេ​ហើយ ក៏​មានបន្ទូលថា​៖ “​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ​ចុះ!​”​។ ខណៈដែល​ពួកគេ​កំពុង​ចេញទៅ ពួកគេ​ក៏​បានបរិសុទ្ធ​។ ម្នាក់​ក្នុង​ពួកគេ​បាន​ឃើញ​ថា​ខ្លួនគាត់​ត្រូវបាន​ប្រោសឲ្យជា ក៏​ត្រឡប់មកវិញ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​សំឡេង​យ៉ាងខ្លាំង ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “​មិនមែន​ដប់​នាក់​ទេ​ឬ ដែល​បានបរិសុទ្ធ​? ចុះ​ប្រាំបួន​នាក់​ទៀត​នៅ​ឯណា​? គ្មាន​អ្នកណា​ត្រឡប់មកវិញ​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ លើកលែងតែ​សាសន៍ដទៃ​ម្នាក់នេះ​ឬ​?​”​។ រួច​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា៖ “​ចូរ​ក្រោកឡើង​ទៅ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”​។ មាន​កាលមួយ​ពួកផារិស៊ី​សួរ​ព្រះយេស៊ូវ​ថា​៖ “​តើ​អាណាចក្រ​របស់​ព្រះ​នឹង​មកដល់​នៅ​ពេលណា​?​”​។ ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា៖ “​អាណាចក្រ​របស់​ព្រះ​មិនមែន​មក​ក្នុង​លក្ខណៈដែលអាចសង្កេតឃើញបាន​នោះ​ទេ ហើយក៏គ្មាន​អ្នកណា​អាច​និយាយថា​: ‘​មើល៍! នៅ​ទីនេះ​!​’ ឬ​ថា​: ‘​នៅ​ទីនោះ​!​’ បាន​ដែរ​។ ដ្បិត​មើល៍! អាណាចក្រ​របស់​ព្រះ​ស្ថិតនៅក្នុងចំណោម​អ្នករាល់គ្នា នេះឯង​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា៖ “​នឹង​មាន​ថ្ងៃ​មកដល់ ដែល​អ្នករាល់គ្នា​នឹង​ប្រាថ្នាចង់​ឃើញ​ថ្ងៃ​មួយ​នៃ​គ្រា​របស់​កូនមនុស្ស ប៉ុន្តែ​នឹង​មិន​ឃើញ​ឡើយ។ គេ​នឹង​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​មើល៍! នៅ​ទីនោះ​!​’ ឬ​ថា​: ‘​មើល៍! នៅ​ទីនេះ​!​’​។ កុំ​ចេញទៅ ឬ​ទៅតាម​គេ​ឡើយ​។ ដ្បិត​ដូចដែល​ផ្លេកបន្ទោរ​ភ្លឺ​ផ្លេក​ពី​ជើងមេឃ​ម្ខាង ទៅ​ជើងមេឃ​ម្ខាង​យ៉ាងណា កូនមនុស្ស​ក៏​នឹង​ជា​យ៉ាងនោះដែរ​នៅ​ថ្ងៃ​របស់​លោក ។ យ៉ាងណាមិញ មុនដំបូង​លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​។ “​ដូចដែល​កើតមាន​នៅ​សម័យ​ណូអេ​យ៉ាងណា ក៏​នឹង​កើតមាន​នៅ​សម័យ​កូនមនុស្ស​យ៉ាងនោះដែរ គឺ​ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ទឹកជំនន់​បាន​មក​បំផ្លាញ​ពួកគេ​ទាំងអស់​។ នៅ​សម័យ​ឡុត​ក៏​កើតមាន​ដូចគ្នាដែរ គឺ​ពួកគេ​ស៊ីផឹក ទិញលក់ ដាំដុះ និង​សាងសង់ ប៉ុន្តែ​ដល់​ថ្ងៃ​ដែល​ឡុត​ចាកចេញ​ពី​សូដុម នោះ​មាន​ភ្លើង និង​ស្ពាន់ធ័រ​បង្អុរ​ពី​លើមេឃ បំផ្លាញ​ពួកគេ​ទាំងអស់​។ នៅ​ថ្ងៃ​ដែល​កូនមនុស្ស​ត្រូវបាន​សម្ដែងឲ្យឃើញ ក៏​នឹង​កើតមាន​យ៉ាងដូច្នោះដែរ​។ នៅ​ថ្ងៃ​នោះ កុំឲ្យ​អ្នកដែល​នៅ​លើ​ដំបូលផ្ទះ​ចុះមក​យក​របស់របរ​នៅក្នុង​ផ្ទះ​ឡើយ រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​ដូចគ្នាដែរ កុំឲ្យ​ពួកគេ​ត្រឡប់មក​រក​អ្វីៗ​ដែល​នៅ​ខាងក្រោយ​វិញ​។ ចូរ​នឹកចាំ​អំពី​ប្រពន្ធ​របស់​ឡុត! អ្នកណាក៏ដោយដែល​ចង់​រក្សា ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​យប់​នោះ នឹង​មាន​ពីរ​នាក់​នៅលើ​គ្រែ​មួយ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​; នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិនម្សៅ​ជាមួយគ្នា ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​; នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល ”​។ ពួកសិស្ស​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “​ព្រះអម្ចាស់​អើយ តើ​នៅ​ឯណា​?​”​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​មាន​សាកសព​នៅ​កន្លែងណា ត្មាត​នឹង​ផ្ដុំគ្នា​នៅ​កន្លែងនោះ​ដែរ”៕ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា ដើម្បី​បញ្ជាក់ថា ពួកគេ​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ឡើយ​។ ព្រះអង្គ​មានបន្ទូលថា​៖ “​នៅ​ទីក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោតខ្លាច​ព្រះ ហើយក៏​មិន​គោរព​មនុស្ស​ដែរ​។ នៅ​ទីក្រុង​នោះ​មាន​ស្ត្រីមេម៉ាយ​ម្នាក់ ដែល​តែងតែ​មករក​ចៅក្រមនោះ ទាំង​និយាយថា​: ‘​សូម​រកយុត្តិធម៌​ឲ្យ​ខ្ញុំ ក្នុងរឿងក្ដី​ជាមួយ​គូវិវាទ​របស់ខ្ញុំ​ផង​’​។ “​ចៅក្រមនោះ​មិន​ព្រម​មួយរយៈ ប៉ុន្តែ​ក្រោយមក គាត់​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘​ទោះបីជា​អញ​មិន​កោតខ្លាច​ព្រះ ឬមិន​គោរព​មនុស្ស​ក៏ដោយ ក៏ប៉ុន្តែ​ដោយសារ​ស្ត្រីមេម៉ាយ​នេះ​រំខាន​អញ អញ​នឹង​រកយុត្តិធម៌​ឲ្យ​នាង បើមិនដូច្នោះទេ នាង​ចេះតែ​មក​រហូតដល់​ធ្វើឲ្យ​អញ​ធុញទ្រាន់​!​’​”​។ បន្ទាប់មក ព្រះអម្ចាស់​មានបន្ទូលថា​៖ “​ចូរ​ស្ដាប់​អ្វីដែល​ចៅក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ​! តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយ ពួកគេ​ឬ​? ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះអង្គ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​យ៉ាងឆាប់រហ័ស​។ យ៉ាងណាមិញ នៅពេល​កូនមនុស្ស​បាន​មកវិញ តើ​លោក​នឹង​រកឃើញ​ជំនឿ​នៅលើ​ផែនដី​ឬទេ​?​”​។ ចំពោះ​អ្នកខ្លះ​ដែល​ទុកចិត្តលើខ្លួនឯង​ថា​ជា​មនុស្ស​សុចរិត ហើយ​មើលងាយ​អ្នក​ដទៃ ព្រះយេស៊ូវ​ក៏​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​ដែរ​ថា​៖ “​មាន​បុរស​ពីរ​នាក់​ឡើងទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​។ ម្នាក់​ជា​ពួកផារិស៊ី ហើយ​ម្នាក់ទៀត​ជា​អ្នកទារពន្ធ​។ ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯង ថា​: ‘​ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។ ទូលបង្គំ​តមអាហារ​មួយ​សប្ដាហ៍​ពីរដង​; ទូលបង្គំ​ថ្វាយតង្វាយមួយភាគដប់​ពី​អ្វីៗ​ទាំងអស់​ដែល​ទូលបង្គំ​ទទួលបាន​’​។ “​រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘​ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!​’​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង​”។ មាន​គេ​នាំ​ក្មេងតូចៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ពាល់​ពួកវា​។ នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ស្ដីឲ្យ​អ្នកទាំងនោះ​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖ “​ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ​”។ មាន​មេគ្រប់គ្រង​ម្នាក់​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “​លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ទើប​ខ្ញុំ​បាន​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ហេតុអ្វីបានជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​? ក្រៅពី​ព្រះ​មួយ​អង្គ គ្មានអ្នកណា​ល្អ​ឡើយ​។ អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘​កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក​’ ”​។ បុរសនោះ​ទូលថា​៖ “​ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​តាំងពី​ក្មេង​មកម្ល៉េះ​”​។ ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​គាត់​ថា៖ “​អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​លក់​អ្វីៗ​ទាំងអស់​ដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ​”​។ ប៉ុន្តែ​បុរសនោះ​បាន​ឮ​សេចក្ដីទាំងនេះ​ហើយ ក៏​បែរជា​ពិបាកចិត្តក្រៃលែង ពីព្រោះ​គាត់​ជា​អ្នកមាន​ស្ដុកស្ដម្ភ​។ ព្រះយេស៊ូវ​ទត​ឃើញ​គាត់​បែរជា​ពិបាកចិត្តក្រៃលែង​ដូច្នេះ ក៏​មានបន្ទូលថា​៖ “​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​! សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!​”​។ ពួក​អ្នក​ដែល​ឮ​ក៏​ទូលថា​៖ “​បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​អ្វីៗ​ដែល​មនុស្ស​ធ្វើមិនកើត សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់​”។ ពេត្រុស​ទូលថា​៖ “​មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​របស់ខ្លួន មកតាម​លោក​ហើយ​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូន ឬ​ប្រពន្ធ ឬ​ឪពុកម្ដាយ ឬ​កូន ដោយសារតែ​អាណាចក្រ​របស់​ព្រះ ហើយ​មិន​ទទួលបាន​ច្រើនដងលើសមុន​នៅ​លោកបច្ចុប្បន្ន និង​មិន​ទទួលបាន​ជីវិតអស់កល្បជានិច្ច​នៅ​លោកខាងមុខ​នោះ​ឡើយ​”​។ ព្រះយេស៊ូវ​ទ្រង់​នាំ​សាវ័ក ​ទាំង​ដប់ពីរ​នាក់​មក​ជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​អ្វីៗ​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​តាមរយៈ​បណ្ដា​ព្យាការី​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។ ពោលគឺ លោក​នឹង​ត្រូវគេ​ប្រគល់​ទៅ​សាសន៍ដទៃ ហើយ​ត្រូវគេ​ចំអកឡកឡឺយ បង្អាប់បង្អោន និង​ស្ដោះ​ទឹកមាត់​ដាក់​; ក្រោយពី​វាយ​លោក​នឹងខ្សែតី ពួកគេ​នឹង​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់ឡើងវិញ​”​។ ប៉ុន្តែ​ពួកសិស្ស​មិន​យល់​សេចក្ដីទាំងនេះ​សោះ​។ ព្រះបន្ទូល​នេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដូច្នេះ​ពួកគេ​ក៏​មិន​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​អ្វី​ទេ​។ នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរីខូរ មាន​បុរស​ខ្វាក់ភ្នែក​ម្នាក់​កំពុង​អង្គុយ​សុំទាន​នៅក្បែរ​ផ្លូវ​។ គាត់​ឮ​ហ្វូងមនុស្ស​ដើរកាត់ ក៏​សួរ​គេ​ថា​មាន​អ្វី​កើតឡើង​។ គេ​ប្រាប់​គាត់​ថា​៖ “​យេស៊ូវ​អ្នកណាសារ៉ែត​កំពុង​ដើរកាត់​”​។ គាត់​ក៏​ស្រែកឡើង​ថា៖ “​ព្រះយេស៊ូវ បុត្រ​ដាវីឌ ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង!​”​។ ពួក​អ្នក​ដែល​ដើរ​នាំមុខ​ក៏​ស្ដីឲ្យ​គាត់​នៅស្ងៀម ប៉ុន្តែ​គាត់​ស្រែក​កាន់តែខ្លាំងឡើង​ថា៖ “​បុត្រ​ដាវីឌ ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង​!​”​។ ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​បង្គាប់​គេ​ឲ្យ​នាំ​គាត់​មក​ឯ​ព្រះអង្គ​។ នៅពេល​បុរសខ្វាក់ភ្នែកនោះ​បាន​មកជិត ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា៖ “​តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?​”​។ គាត់​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​ឲ្យ​ទូលបង្គំ​មើលឃើញវិញ​ផង​!​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ចូរឲ្យ​មើលឃើញវិញ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​”។ រំពេចនោះ គាត់​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះយេស៊ូវ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ ប្រជាជន​ទាំងអស់​ដែល​បាន​ឃើញ​ការនេះ ក៏​សរសើរតម្កើង​ព្រះ​ដែរ៕ នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​យេរីខូរ ហើយ​យាងកាត់​ទីក្រុង មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេអ្នកទារពន្ធ ហើយ​ជា​អ្នកមាន​។ គាត់​ព្យាយាម​រកមើល​ថា​ព្រះយេស៊ូវ​ជា​អ្នកណា ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស គាត់​មើល​មិន​ឃើញ​សោះ ពីព្រោះ​គាត់​មាន​កម្ពស់​ទាប​។ ដូច្នេះ គាត់​ក៏​រត់​ទៅ​ខាងមុខ ហើយ​ឡើង​ដើមឧទុម្ពរ ដើម្បីឲ្យ​បាន​ឃើញ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​រៀបនឹង​យាងកាត់​ទីនោះ​។ នៅពេល​យាង​មកដល់​កន្លែង​នោះ ព្រះយេស៊ូវ​ក៏​ងើយមើល ហើយ​មានបន្ទូល​នឹង​គាត់​ថា៖ “​សាខេ​អើយ ចូរ​ប្រញាប់​ចុះមក​! ព្រោះថា​ថ្ងៃនេះ ខ្ញុំ​ត្រូវតែ​ស្នាក់នៅ​ផ្ទះ​របស់អ្នក​”។ សាខេ​ក៏​ប្រញាប់​ចុះមក ហើយ​ទទួល​ព្រះយេស៊ូវ​ដោយ​អរសប្បាយ​។ នៅពេល​ឃើញ​ដូច្នេះ មនុស្ស​ទាំងអស់​ក៏​រអ៊ូរទាំ​ថា​៖ “​លោក​ចូលទៅ​ស្នាក់នៅ​ជាមួយ​មនុស្សបាប​”​។ រីឯ​សាខេក៏​ឈរ ទូល​ព្រះអម្ចាស់​ថា​៖ “​ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នឹង​ឲ្យ​ពាក់កណ្ដាល​នៃ​ធនធាន​របស់ទូលបង្គំ​ដល់​អ្នកក្រ ហើយ​បើសិន​ទូលបង្គំ​ចេះតែចោទយក​អ្វី​ពី​អ្នកណា ទូលបង្គំ​នឹង​សង​មួយជាបួន​វិញ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ថ្ងៃនេះ សេចក្ដីសង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​គាត់​ក៏​ជា​កូនចៅ​របស់​អ័ប្រាហាំ​ដែរ។ ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង​”។ ខណៈដែល​គេ​កំពុងតែ​ស្ដាប់​សេចក្ដីទាំងនេះ ព្រះយេស៊ូវ​មានបន្ទូល​បន្ថែម​ជា​ពាក្យឧបមា​មួយ​ទៀត ពីព្រោះ​ព្រះអង្គ​យាង​ជិតដល់​យេរូសាឡិម​ហើយ ហើយ​គេ​កំពុង​គិត​ថា​អាណាចក្រ​របស់​ព្រះ​រៀបនឹង​លេចមក​ភ្លាមៗ​។ ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​៖ “​មាន​បុរស​ត្រកូលខ្ពស់​ម្នាក់​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​អំណាចគ្រងរាជ្យ សម្រាប់​ខ្លួនឯង រួច​ត្រឡប់មកវិញ​។ លោក​ក៏​ហៅ​បាវបម្រើ​ដប់​នាក់របស់​ខ្លួន​មក ហើយ​ប្រគល់​ដប់​មីណា ដល់​ពួកគេ ទាំង​និយាយថា​: ‘​ចូរ​ធ្វើជំនួញ​រហូតដល់​ខ្ញុំ​មកវិញ​’​។ “​ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘​យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’​។ “​លុះ​ក្រោយពី​ទទួល​អំណាចគ្រងរាជ្យ ​ លោក​ក៏​ត្រឡប់មកវិញ ហើយ​ប្រាប់​គេ​ឲ្យ​ហៅ​បាវបម្រើ​ទាំងនោះ​ដែល​លោក​បាន​ប្រគល់​លុយ​នោះ​មក ដើម្បីឲ្យ​ដឹង​ថា ពួកគេ​ធ្វើជំនួញបានចំណេញ​ប៉ុន្មាន​។ អ្នក​ទីមួយ​ក៏​ចូលមក និយាយថា​: ‘​ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ដប់​មីណា​ទៀត​’​។ “​ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘​ធ្វើ​បាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ​អើយ​! ដោយសារ​អ្នក​បាន​ស្មោះត្រង់​នឹង​ការ​ដ៏តូចបំផុត ចូរ​គ្រប់គ្រង​លើ​ទីក្រុង​ដប់​ចុះ​’​។ “​អ្នក​ទីពីរ​ក៏​ចូលមក និយាយថា​: ‘​ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ប្រាំ​មីណា​ទៀត​’​។ “​ចៅហ្វាយ​ក៏​និយាយ​នឹង​ម្នាក់នេះ​ដែរ​ថា​: ‘​ចូរ​អ្នក​គ្រប់គ្រងលើ​ទីក្រុង​ប្រាំ​ចុះ​’​។ “​មាន​ម្នាក់ទៀត​បាន​ចូលមក និយាយថា​: ‘​ព្រះករុណា​អើយ មើល៍! មួយ​មីណា​របស់ទ្រង់ ដែល​ខ្ញុំព្រះបាទ​បាន​ទុក​ក្នុង​កន្សែង​។ ខ្ញុំព្រះបាទ​ខ្លាច​ព្រះករុណា ពីព្រោះ​ទ្រង់​ជា​មនុស្ស​តឹងរ៉ឹង ទ្រង់​យក​អ្វីដែល​ទ្រង់​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​ទ្រង់​មិន​បាន​សាបព្រោះ​’​។ “​ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘​បាវបម្រើ​ដ៏អាក្រក់​អើយ​! យើង​នឹង​កាត់ទោស​អ្នក​តាម​ពាក្យសម្ដី​របស់អ្នក​។ អ្នក​បាន​ដឹង​ថា​យើង​ជា​មនុស្ស​តឹងរ៉ឹង ដែល​យក​អ្វីដែល​យើង​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​យើង​មិន​បាន​សាបព្រោះ​ឬ​? ចុះ​ម្ដេចក៏​អ្នក​មិន​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ​? នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង​’​។ បន្ទាប់មក ចៅហ្វាយ​ក៏​និយាយ​នឹង​ពួក​អ្នក​ដែល​ឈរនៅទីនោះ​ថា​: ‘​ចូរ​ដកយក​មួយ​មីណា​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​មីណា​នោះ​ទៅ​’​។ “​ពួកគេ​និយាយថា​: ‘​ព្រះករុណា​អើយ គាត់​មាន​ដប់​មីណា​ហើយ​!​’​។ “​‘​យើង​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។ រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!​’​”។ បន្ទាប់ពី​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ធ្វើដំណើរ​ទៅមុខ​ទៀត ឡើងទៅ​យេរូសាឡិម​។ នៅពេល​យាង​មកជិត​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​មួយ​ដែល​គេ​ហៅថា “​ភ្នំដើមអូលីវ​” ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូលថា​៖ “​ចូរ​ទៅ​ភូមិ​នៅខាងមុខ​ចុះ​។ នៅពេល​ចូលទៅ ពួកអ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គ្មាន​អ្នកណា​ធ្លាប់​ជិះ ត្រូវគេ​ចង​ទុក​នៅ​ទីនោះ​។ ចូរ​ស្រាយ​វា​ដឹកមក​ចុះ​។ ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​: ‘​ស្រាយ​វា​ធ្វើអី​?​’ ចូរ​ប្រាប់​ដូច្នេះ​ថា​: ‘​ព្រះអម្ចាស់​ត្រូវការ​វា ’​”​។ ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ពួកគេ​។ នៅពេល​ពួកគេ​កំពុង​ស្រាយ​កូនលា​នោះ ពួក​ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖ “​ពួកអ្នក​ស្រាយ​កូនលា​នេះ​ធ្វើអី?”​។ ពួកគេ​ក៏​ឆ្លើយ​ថា៖ “​ព្រះអម្ចាស់​ត្រូវការ​វា​”​។ ពួកគេ​ដឹក​វា​មក​ឯ​ព្រះយេស៊ូវ ហើយ​ក្រាល​អាវវែង​របស់​ខ្លួន​លើ​កូនលា​នោះ រួច​យាង​ព្រះយេស៊ូវ​ឲ្យគង់​លើ​វា​។ ពេលដែល​ព្រះអង្គ​យាង​ទៅ គេ​ក៏​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាមផ្លូវ​។ ខណៈដែល​ព្រះយេស៊ូវ​យាង​មកជិត​ផ្លូវចុះ​ពី​ភ្នំ​ដើមអូលីវ សិស្ស​ទាំងហ្វូង​ក៏​ចាប់ផ្ដើម​អរសប្បាយ ហើយ​សរសើរតម្កើង​ព្រះ​អំពី​ការអស្ចារ្យ​ទាំងអស់​ដែល​ពួកគេ​បាន​ឃើញ ដោយ​សំឡេង​យ៉ាងខ្លាំង ថា​៖ “ សូមឲ្យ​មានព្រះពរ​ដល់​ព្រះមហាក្សត្រ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ស្ថានសួគ៌ និង​សិរីរុងរឿង​នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!​”​។ មាន​ពួកផារិស៊ី​ខ្លះ​ក្នុង​ហ្វូងមនុស្ស​នោះ ទូល​ព្រះអង្គ​ថា៖ “​លោកគ្រូ សូម​ស្ដីឲ្យ​ពួក​សិស្ស​របស់លោក​ផង!​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកទាំងនេះ​នៅស្ងៀម នោះ​ដុំថ្ម​នឹង​ស្រែកឡើង​!​”​។ នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរូសាឡិម ហើយ​ទត​ឃើញ​ទីក្រុង ព្រះអង្គ​ក៏​ព្រះកន្សែងអាណិត​ទីក្រុងនោះ ទាំង​មានបន្ទូល​ថា​៖ “​នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។ ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់​អ្នក គឺ​ថ្ងៃ​ដែល​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នឹង​ដាក់​របាំង​ព័ទ្ធជុំវិញ​អ្នក ហើយ​ឡោមព័ទ្ធ​អ្នក​ពីគ្រប់ទិសទី ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះ យាងមក​ដល់​អ្នក​ទេ​”។ បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់ ​ឲ្យចេញ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​មាន​សរសេរ​ទុកមក​ថា​: ‘​ដំណាក់​របស់យើង​នឹង​បានជា​ដំណាក់​នៃ​ការអធិស្ឋាន​’ ​ ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជា សម្បុកចោរប្លន់ ទៅវិញ​!​”​។ ព្រះយេស៊ូវ​បាន​បង្រៀន​គេ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ​។ ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​អភិជន​ក្នុងចំណោម​ប្រជាជន ក៏​ចង់​បំផ្លាញជីវិត​ព្រះអង្គ ប៉ុន្តែ​រក​ធ្វើ​អ្វី​មិន​បាន ពីព្រោះ​ប្រជាជន​ទាំងអស់​កំពុង​ផ្ដោតចិត្ត​ស្ដាប់​ព្រះអង្គ​៕ នៅគ្រានោះ មានកើតឡើងដូច្នេះ​: ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះវិហារ ព្រមទាំង​ប្រកាសដំណឹងល្អ មាន​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ចូលមក​ជាមួយ​ពួក​ចាស់ទុំ ហើយ​សួរ​ព្រះអង្គ​ថា​៖ “​ចូរ​ប្រាប់​យើង​មក តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ជា​អ្នក​ដែល​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​នឹង​សួរ​អស់លោក​មួយ​សំណួរ​ដែរ ចូរ​ប្រាប់​ខ្ញុំ​មក​។ តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពី​ស្ថានសួគ៌ ឬ​មក​ពី​មនុស្ស​?​”។ ពួកគេ​ពិគ្រោះ​គ្នា​ថា​៖ “​បើសិន​យើង​ថា​: ‘​មកពី​ស្ថានសួគ៌​’ គាត់​នឹង​សួរថា​: ‘​ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?​’ ប៉ុន្តែ​បើសិន​យើង​ថា​: ‘​មកពី​មនុស្ស​’ ប្រជាជន​ទាំងមូល​នឹង​គប់ដុំថ្មសម្លាប់​យើង ពីព្រោះ​ពួកគេ​ជឿជាក់​ថា​យ៉ូហាន​ជា​ព្យាការី​”​។ ដូច្នេះ ពួកគេ​ឆ្លើយថា​៖ “​ពួកយើង​មិន​ដឹង​ថា​មក​ពីណា​ទេ”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ​”​។ ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖ “​មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។ លុះដល់​រដូវ​ប្រមូលផល ​ លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​រក​ពួក​កសិករ ដើម្បីឲ្យ​ពួកគេ​ចែក​ផល​ពី​ចម្ការទំពាំងបាយជូរ​នោះ​ដល់​គាត់​។ ប៉ុន្តែ​ពួក​កសិករ​បាន​វាយ​បាវបម្រើនោះ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​។ ម្ចាស់ចម្ការ​ក៏​ចាត់​បាវបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ប៉ុន្តែ​ពួកគេ​ក៏​វាយ និង​បង្អាប់បង្អោន​គាត់ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​ដែរ​។ ម្ចាស់ចម្ការ​បន្ត​ចាត់​អ្នក​ទីបី​ឲ្យទៅ ប៉ុន្តែ​ពួកគេ​ធ្វើឲ្យ​អ្នកនោះ​របួស ហើយ​បោះ​គាត់​ទៅក្រៅ​ដែរ​។ “​ម្ចាស់​ចម្ការទំពាំងបាយជូរ​នោះ​ក៏​និយាយថា​: ‘​តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​ចាត់​កូនប្រុសដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​ឲ្យទៅ ប្រហែល​ពួកគេ​នឹង​គោរព​កូនខ្ញុំ ’​។ “​ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​គាត់ ក៏​ជជែក​គ្នា​ថា​: ‘ ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ ដើម្បីឲ្យ​ទ្រព្យមរតក​បានជា​របស់យើង​’​។ ដូច្នេះ ពួកគេ​ក៏​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។ “​ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួកគេ​? លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត​”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “​កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!​”​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖ “​បើដូច្នេះ តើ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​: ‘​ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ’ ​ មានន័យ​ដូចម្ដេច​? អស់អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី​”​។ ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។ បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។ អ្នកស៊ើបការណ៍ទាំងនោះ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “​លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​មានប្រសាសន៍ និង​បង្រៀន​យ៉ាងត្រឹមត្រូវ ហើយ​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?​”​។ ព្រះយេស៊ូវ​ទ្រង់​ឈ្វេងយល់​ល្បិចកល​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ចូរ​បង្ហាញ​កាក់​ឌេណារី ឲ្យ​ខ្ញុំ​មើល៍​។ តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “​របស់​សេសារ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ​”​។ ពួកគេ​ចាប់​កំហុសព្រះយេស៊ូវតាមរយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅមុខ​ប្រជាជន​មិន​បាន ពួកគេ​ក៏​នៅស្ងៀម​ដោយ​ស្ងើច​ចំពោះ​ចម្លើយ​របស់​ព្រះអង្គ​។ មាន​អ្នកខ្លះ​ពី​ពួកសាឌូស៊ី​ដែល​និយាយប្រឆាំងថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ទូល​សួរ​ព្រះយេស៊ូវ ថា​៖ “​លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុក​ឲ្យ​យើង​ថា ប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មានកូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។ មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មានកូន​។ ប្អូន​ទីពីរ និង​ទីបី​ក៏​យក​នាង ហើយ​បងប្អូន​ទាំង​ប្រាំពីរ​នាក់​ក៏​ស្លាប់​ទៅ​ដោយ​មិន​បាន​បន្សល់​កូន​ដូចគ្នាដែរ​។ នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​ថ្ងៃនៃការរស់ឡើងវិញ តើ​ស្ត្រី​នោះ​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​ពួកគេ​? ដ្បិត​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ជា​ប្រពន្ធ”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​កូនចៅ​នៃ​លោកីយ៍​នេះ​រៀបការជាប្ដីប្រពន្ធ ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​លោកខាងមុខ និង​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ​។ ជាការពិត ពួកគេ​មិន​អាច​ស្លាប់​ទៀត​ឡើយ ដ្បិត​ពួកគេ​នឹង​បាន​ដូចជាបណ្ដាទូតសួគ៌ និង​បានជា​កូនរបស់ព្រះ គឺ​បានជា​កូនចៅ​នៃ​ការរស់ឡើងវិញ​។ ចំពោះការដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ ម៉ូសេ​ក៏​បញ្ជាក់​នៅត្រង់​វគ្គ ‘​គុម្ពបន្លា​’ ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​: ‘​ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប​’ ។ ដូច្នេះ ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​។ ដ្បិត​នៅចំពោះ​ព្រះ មនុស្ស​ទាំងអស់​នៅរស់​”។ ពួក​គ្រូវិន័យ​ខ្លះ​និយាយ​ថា៖ “​លោកគ្រូ លោក​និយាយ​ត្រូវ​ហើយ​”។ បន្ទាប់មក ពួកគេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ម្ដេចក៏​គេ​និយាយថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​? ដាវីឌ​ផ្ទាល់​បាន​ថ្លែង​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​: ‘​ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក​’​។ ដាវីឌ​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘​ព្រះអម្ចាស់​’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។ ខណៈដែល​ប្រជាជន​ទាំងមូល​កំពុង​ស្ដាប់ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង​។ ពួកគេ​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ អ្នកទាំងនេះ​នឹង​ទទួល​ទោស ធ្ងន់ជាង​”៕ នៅពេល​ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រមើល ក៏​ទត​ឃើញ​ពួក​អ្នកមាន​កំពុង​ដាក់​តង្វាយ​របស់​ខ្លួន​ទៅក្នុង​ហិបតង្វាយ ព្រមទាំង​ទត​ឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ឡិបតា ​ពីរ​ទៅ​ក្នុង​ហិបនោះ​ដែរ ព្រះអង្គ​ក៏​មានបន្ទូលថា​៖ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​មនុស្ស​គ្រប់គ្នា​។ ដ្បិត​ពួកគេ​ទាំងអស់​នេះ បាន​ដាក់​ពី​សំណល់​របស់​ខ្លួន​ជា​តង្វាយ ​ រីឯ​ស្ត្រីមេម៉ាយនេះ​វិញ នាង​បាន​ដាក់​អ្វីដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង​”​។ មាន​អ្នកខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ថា​បាន​តុបតែង​ដោយ​ថ្ម​ដ៏ល្អប្រណិត និង​ដោយ​តង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ “​អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ​”។ ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “​លោកគ្រូ តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការទាំងនេះ​រៀបនឹង​កើតឡើង​?​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​គេ​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘​គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ ’ ឬ ‘​ពេលកំណត់​ជិតដល់​ហើយ​’​។ កុំ​ទៅតាម​ពួកគេ​ឡើយ​។ កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និងចលាចល កុំ​តក់ស្លុត​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង​ជាមុន ប៉ុន្តែ​មិនមែន​ជា​ទីបញ្ចប់​ភ្លាម​ទេ​”។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទាំង​រញ្ជួយផែនដី​យ៉ាងខ្លាំង ទុរ្ភិក្ស និង​ជំងឺរាតត្បាត ព្រមទាំង​នឹង​មាន​ហេតុការណ៍ដ៏រន្ធត់ និង​ទីសម្គាល់​ដ៏ធំ​ពី​លើមេឃ​ផង​។ ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។ ការនោះ​នឹង​ត្រឡប់ជា​ឱកាស​ឲ្យ​អ្នករាល់គ្នា​ធ្វើបន្ទាល់​។ ដូច្នេះ ចូរ​អ្នករាល់គ្នា​តាំងចិត្ត កុំឲ្យ​គិតទុកមុន​ដើម្បី​ឆ្លើយការពារខ្លួន​ឡើយ ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។ សូម្បីតែ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ និង​មិត្តភក្ដិ​ក៏​នឹង​ក្បត់​អ្នករាល់គ្នា​ដែរ ពួកគេ​នឹង​ធ្វើឲ្យ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ត្រូវគេសម្លាប់​។ អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​របស់អ្នករាល់គ្នា​ក៏​មិន​វិនាស​សោះឡើយ​។ អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិត របស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។ “​កាលណា​អ្នករាល់គ្នា​ឃើញ​យេរូសាឡិម​ត្រូវ​កងទ័ព​ឡោមព័ទ្ធ ពេលនោះ​ចូរ​ដឹង​ថា​ការហិនវិនាស​របស់​ទីក្រុងនោះ​ជិតដល់​ហើយ​។ ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ ចូរឲ្យ​អ្នក​ដែល​នៅ​កណ្ដាល​ទីក្រុង ចាកចេញ​ពីទីនោះ​ទៅ ហើយ​កុំឲ្យ​អ្នក​ដែល​នៅ​វាលស្រែ​ចូលទៅ​ក្នុង​ទីក្រុង​ឡើយ ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។ នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន ដ្បិត​នឹង​មាន​ទុក្ខលំបាក​យ៉ាងខ្លាំង​នៅលើ​ផែនដី​នេះ ហើយ​នឹង​មាន​ព្រះពិរោធ​ស្ថិតនៅលើ​ប្រជាជន​នេះ​។ គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។ “​នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។ មនុស្ស​នឹង​បាត់ស្មារតី​ដោយ​ការភិតភ័យ និងការគិតស្មាន​អំពី​អ្វី​ដែល​នឹង​កើតមានដល់​ពិភពលោក ដ្បិត​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​។ ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។ នៅពេល​ការទាំងនេះ​ចាប់ផ្ដើម​កើតឡើង ចូរ​ងើបត្រង់ ហើយ​ងើយ​ក្បាល​របស់អ្នករាល់គ្នា​ឡើង ពីព្រោះ​សេចក្ដីប្រោសលោះ​របស់អ្នករាល់គ្នា​មកជិតដល់​ហើយ”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖ “​ចូរ​មើល​ដើមល្វា និង​អស់ទាំង​ដើមឈើ​ចុះ​។ កាលណា​វា​លាស់​ស្លឹក ​ អ្នករាល់គ្នា​ក៏​ឃើញ​ដោយ​ខ្លួនឯង ហើយ​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។ អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការទាំងនេះ​កើតឡើង ចូរ​ដឹង​ថា​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។ ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។ “​ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច ដូចជា​អន្ទាក់​។ ដ្បិត​ថ្ងៃនោះ​នឹង​មក​លើ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុត ពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន​”។ នៅ​ពេលថ្ងៃ ព្រះយេស៊ូវ​ទ្រង់​បង្រៀន​នៅក្នុង​ព្រះវិហារ ហើយ​នៅ​ពេលយប់ ព្រះអង្គ​ក៏​យាង​ចេញទៅ​ស្នាក់​នៅលើ​ភ្នំ​ដែល​គេ​ហៅថា “​ភ្នំដើមអូលីវ​”​។ ប្រជាជន​ទាំងមូល​មក​រក​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ​តាំងពីព្រលឹម ដើម្បី​ស្ដាប់​ព្រះអង្គ​៕ បុណ្យនំប៉័ងឥតមេ​ដែល​គេ​ហៅថា​បុណ្យរំលង ជិតមកដល់​ហើយ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ធ្វើគុត​ព្រះយេស៊ូវ ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​។ ពេលនោះ សាតាំង​បាន​ចូល​ក្នុង​យូដាស​ដែល​គេ​ហៅថា​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក ​ទាំង​ដប់ពីរ​នាក់​។ គាត់​ចេញទៅ ពិគ្រោះជាមួយ​ពួក​នាយកបូជាចារ្យ និង​ពួក​មេតម្រួត ​អំពី​របៀប​ដែល​គាត់​អាច​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។ ពួកគេ​ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ យូដាស​ក៏​យល់ព្រម ហើយ​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ ក្នុងពេលដែលគ្មាន​ហ្វូងមនុស្ស​។ ថ្ងៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​ត្រូវតែ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង បាន​មក​ដល់​។ ព្រះយេស៊ូវ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ ដោយ​មានបន្ទូលថា​៖ “​ចូរ​ទៅ​រៀបចំ​បុណ្យរំលង​សម្រាប់​ពួកយើង ដើម្បីឲ្យ​ពួកយើង​បាន​ហូប”​។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា​?​”​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មើល៍! នៅពេល​ពួកអ្នក​ចូលទៅ​ទីក្រុង មាន​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​រហូតដល់​ផ្ទះ​ដែល​គាត់​ចូល​នោះ​ចុះ ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា​: ‘​លោកគ្រូ​សួរ​អ្នក​ថា តើ​បន្ទប់ទទួលភ្ញៀវ​ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?​’ គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ​”។ ពួកគេ​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។ លុះដល់​ម៉ោង​ហើយ ព្រះយេស៊ូវ​គង់ចុះនៅតុអាហារ ហើយ​សាវ័ក​ទាំងដប់ពីរនាក់ ​ក៏​អង្គុយ​ជាមួយ​ព្រះអង្គ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​ប្រាថ្នាចង់​ហូប​អាហារ​បុណ្យរំលង​នេះ​ជាមួយ​អ្នករាល់គ្នា​ខ្លាំងណាស់ មុន​ខ្ញុំ​រងទុក្ខ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​មិន​ហូប​អាហារពិធីបុណ្យនេះ​ទៀត ជាដាច់ខាត រហូតដល់​ពិធីបុណ្យនេះ​ត្រូវបាន​បំពេញឲ្យសម្រេច​នៅក្នុង​អាណាចក្រ​របស់​ព្រះ​”។ បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​មានបន្ទូលថា​៖ “​ចូរ​ទទួលយក​ពែង​នេះ ហើយ​ចែកគ្នា​ផឹក​ចុះ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​”។ ព្រះអង្គ​ក៏​យក​នំប៉័ង អរព្រះគុណ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖ “​នេះ​ជា​រូបកាយ​របស់ខ្ញុំ​ដែល​បាន​ថ្វាយ​សម្រាប់​អ្នករាល់គ្នា​។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ​”។ ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖ “​ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែលតាំង​ដោយ​ឈាម​របស់ខ្ញុំ ជា​ឈាម​ដែល​បង្ហូរ​សម្រាប់​អ្នករាល់គ្នា​។ ប៉ុន្តែ​មើល៍! ដៃ​របស់​អ្នក​ដែល​នឹង​ក្បត់​ខ្ញុំ ក៏​នៅ​តុ​ជាមួយ​ខ្ញុំ​ដែរ​។ ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន តាម​សេចក្ដី​ដែល​ត្រូវបាន​កំណត់​ទុក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​”។ ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​ជជែក​គ្នា ថា​តើ​អ្នក​ដែល​រៀបនឹង​ធ្វើ​ការនេះ ជា​អ្នកណា​ក្នុង​ពួកគេ​។ មាន​ជម្លោះ​កើតឡើង​ក្នុងចំណោម​ពួកសិស្ស ថា​តើ​អ្នកណា​ក្នុង​ពួកគេ​ត្រូវ​រាប់ជា​ធំជាង​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​បណ្ដា​ស្ដេច​របស់​សាសន៍ដទៃ​ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​ពួក​អ្នក​កាន់អំណាច​លើ​ពួកគេ ក៏​ត្រូវគេ​ហៅថា អ្នកមានគុណ​។ ប៉ុន្តែ​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ ចូរឲ្យ​អ្នក​ដែល​ធំជាង​ក្នុងចំណោម​អ្នករាល់គ្នា ធ្វើ​ដូចជា​អ្នក​ក្មេងជាងគេ​; ចូរឲ្យ​អ្នក​ដែល​ដឹកនាំ​គេ ធ្វើ​ដូចជា​អ្នក​ដែល​បម្រើ​។ តើ​នរណា​ធំជាង អ្នក​ដែល​រួមតុអាហារ ឬ​អ្នក​ដែល​បម្រើ​? តើ​មិនមែន​អ្នក​ដែល​រួមតុអាហារ​ទេ​ឬ​? ប៉ុន្តែ​ខ្ញុំ​វិញ ខ្ញុំ​បាន​ដូចជា​អ្នក​ដែល​បម្រើ​នៅ​កណ្ដាលចំណោម​អ្នករាល់គ្នា​។ យ៉ាងណាមិញ អ្នករាល់គ្នា​ជា​អ្នក​ដែល​តែងតែនៅជាមួយ​ខ្ញុំ ក្នុងពេល​ខ្ញុំ​ជួប​ការសាកល្បង​; ហើយខ្ញុំក៏​នឹង​ប្រគល់​អាណាចក្រ​ឲ្យ​អ្នករាល់គ្នា ដូចដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​មក​ខ្ញុំ​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ហូប និង​ផឹក​នៅ​តុ​ខ្ញុំ​ក្នុង​អាណាចក្រ​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​”​។ ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា ​៖ “​ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​បាន​ទាមទារចង់បាន​អ្នករាល់គ្នា ដើម្បី​រែង​អ្នករាល់គ្នា​ដូច​ស្រូវសាលី​។ ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង​”។ ប៉ុន្តែ​ពេត្រុស​ទូល​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ ទូលបង្គំ​ប្រុងប្រៀប​នឹង​ទៅ​ជាមួយ​ព្រះអង្គ​ហើយ ទោះបីជា​ដល់​គុក ឬ​ដល់​សេចក្ដីស្លាប់​ក៏ដោយ​!​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃនេះ​មាន់​នឹង​មិន​រងាវ​ឡើយ រហូតទាល់តែ​អ្នក​បដិសេធ​បីដង​ថា​មិន​ស្គាល់​ខ្ញុំ​”។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​កាល​ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដោយគ្មាន​ថង់ប្រាក់ ថង់យាម និង​ស្បែកជើង តើ​អ្នករាល់គ្នា​មាន​ខ្វះ​អ្វីឬទេ​?​”។ ពួកគេ​ទូលថា​៖ “​គ្មានទេ​”។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប៉ុន្តែ​ឥឡូវនេះ អ្នក​ដែល​មាន​ថង់ប្រាក់ ចូរ​យកទៅ​; ដូចគ្នាដែរ អ្នក​ដែល​មាន​ថង់យាម ក៏​ចូរ​យកទៅ​ដែរ​; រីឯ​អ្នក​ដែល​គ្មាន​ដាវ ចូរ​លក់​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ទិញ​មួយ​ទៅ​។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សេចក្ដីនេះ​ដែល​មាន​សរសេរ​ទុកមក​ថា​: ‘​លោក​ត្រូវគេ​រាប់​ជាមួយ​មនុស្សឥតច្បាប់​’ ​ ត្រូវតែ​បាន​បំពេញឲ្យសម្រេច​នៅក្នុង​ខ្ញុំ ដ្បិត​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ទាក់ទងនឹង​ខ្ញុំ​កំពុងតែ​បាន​បំពេញឲ្យសម្រេច​ហើយ​”​។ ពួកគេ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ មើល៍! មាន​ដាវ​ពីរ​នៅ​ទីនេះ​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ល្មម​ហើយ​”។ ព្រះយេស៊ូវ​ទ្រង់​ចេញ​ពីទីនោះ ហើយ​យាង​ឆ្ពោះទៅ​ភ្នំ​ដើមអូលីវ តាម​ទម្លាប់​របស់ព្រះអង្គ ពួក​សិស្ស​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។ នៅពេល​យាង​ទៅដល់​កន្លែង​ហើយ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​អធិស្ឋាន ដើម្បី​កុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​”។ បន្ទាប់មក ព្រះអង្គ​យាង​ចេញ​ពី​ពួកគេ ចម្ងាយ​ប្រមាណ​ចោល​មួយ​ដុំថ្ម ហើយ​លុតជង្គង់​អធិស្ឋាន ថា​៖ “​ព្រះ​បិតា​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​បំណង​ចិត្ត​របស់ទូលបង្គំ​ឡើយ គឺ​សូមឲ្យ​សម្រេច​តាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​វិញ​”។ មាន​ទូតសួគ៌​ពី​ស្ថានសួគ៌​បាន​លេចមក​ពង្រឹងកម្លាំង​ព្រះអង្គ​។ ដោយ​ស្ថិតនៅក្នុង​ភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវ​ទ្រង់​អធិស្ឋាន​កាន់តែខ្លាំងទ្បើង ហើយ​តំណក់​ញើស​របស់​ព្រះអង្គ​ក៏​បាន​ដូចជា​តំណក់​ឈាម​ធំៗ​ស្រក់ចុះ​លើ​ដី​។ នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ដេកលក់​ដូច្នេះ​? ចូរ​ក្រោកឡើង​អធិស្ឋាន ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​”​។ ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​បាន​មក​។ ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​គេ​ហៅថា​យូដាស កំពុង​នាំមុខ​ពួកគេ​។ គាត់​ចូលមកជិត​ព្រះយេស៊ូវ​ដើម្បី​ថើប​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​យូដាស​អើយ តើ​អ្នក​ក្បត់​កូនមនុស្ស​ដោយ​ការថើប​ឬ​?​”​។ នៅពេល​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ​ឃើញ​ហេតុការណ៍​ដែល​រៀបនឹង​កើតឡើង ពួកគេ​ទូលថា​៖ “​ព្រះអម្ចាស់​! តើ​ឲ្យ​យើងខ្ញុំ​កាប់​នឹង​ដាវ​ឬ​?​”​។ មាន​ម្នាក់​ក្នុង​ពួកគេ បាន​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ស្ដាំ​របស់​អ្នកនោះ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ឈប់​! ប៉ុណ្ណឹងបានហើយ​!​” រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​អ្នកនោះ ហើយ​ប្រោស​គាត់​ឲ្យជា​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​នាយកបូជាចារ្យ ពួក​មេតម្រួត​ព្រះវិហារ និង​ពួក​ចាស់ទុំ​ដែល​មក​ចាប់​ព្រះអង្គ​ថា​៖ “​អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូចជា​តាមចាប់​ចោរប្លន់​ឬ​? ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត​”។ ពួកគេ​ក៏​ចាប់​ព្រះយេស៊ូវ ហើយ​នាំចូលទៅ​ក្នុង​ផ្ទះ​របស់​មហាបូជាចារ្យ​។ រីឯ​ពេត្រុស​ទៅតាម​ពីចម្ងាយ​។ ពួកគេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា ហើយ​អង្គុយជាមួយគ្នា ពេត្រុស​ក៏​អង្គុយ​ក្នុងចំណោម​ពួកគេ​ដែរ​។ មាន​បាវបម្រើស្រី​ម្នាក់​ឃើញ​ពេត្រុស​កំពុង​អង្គុយ​ក្នុង​ពន្លឺភ្លើង ក៏​សម្លឹងមើល​គាត់ ហើយ​និយាយថា​៖ “​ម្នាក់នេះ​ក៏​នៅ​ជាមួយ​អ្នកនោះ​ដែរ​”​។ ប៉ុន្តែ​ពេត្រុស​បដិសេធ​ថា​៖ “​ស្ត្រី​អើយ ខ្ញុំ​មិន​ស្គាល់​អ្នកនោះ​ទេ​!​”​។ បន្តិច​ក្រោយមក មាន​ម្នាក់ទៀត​ឃើញ​គាត់ ក៏​និយាយថា​៖ “​អ្នកឯង​ក៏​ជា​គ្នា​ពួកនោះ​ដែរ​”​។ ពេត្រុស​និយាយថា​៖ “​លោក​! ខ្ញុំ​មិនមែនទេ​”។ ប្រមាណជា​មួយ​ម៉ោង​ក្រោយមក មាន​ម្នាក់​ផ្សេងទៀត​អះអាង​ថា​៖ “​អ្នកនេះ​ពិតជា​នៅ​ជាមួយ​អ្នកនោះ​មែន ពីព្រោះ​គាត់​ជា​អ្នកកាលីឡេ​ដែរ​”​។ ពេត្រុស​និយាយថា​៖ “​លោក​! ខ្ញុំ​មិន​ដឹង​អ្វីដែល​លោក​និយាយ​ទេ​”​។ ខណៈដែល​គាត់​កំពុង​និយាយ​នៅឡើយ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។ ព្រះអម្ចាស់​ក៏​ងាកមក​សម្លឹងមើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​: “​មុន​មាន់​រងាវ​ថ្ងៃនេះ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង​”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​។ រីឯ​ពួក​អ្នក​ដែល​យាម​ព្រះយេស៊ូវ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ វាយ​ព្រះអង្គ ហើយ​បិទព្រះភក្ត្រ​ព្រះអង្គ ទាំង​សួរ​ថា​៖ “​ព្យាករ​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?​”​។ គេ​ជេរប្រមាថ​ព្រះអង្គ​ដោយ​ពោល​ពាក្យ​ផ្សេងៗ​ជាច្រើន​ផង​។ លុះ​ព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យ​របស់​ប្រជាជន ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ជួបជុំគ្នា​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ ហើយ​និយាយថា​៖ “​បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រសិនបើ​ខ្ញុំ​ប្រាប់​អស់លោក ក៏​អស់លោក​មិន​ជឿ​ឡើយ ហើយ​ប្រសិនបើ​ខ្ញុំ​សួរ​អស់លោក ក៏​អស់លោក​មិន​ឆ្លើយ ដែរ​។ ប៉ុន្តែ​ចាប់ពីឥឡូវនេះទៅ កូនមនុស្ស​នឹង​អង្គុយ​នៅ​ខាងស្ដាំ​ព្រះ​ដ៏មាន​ព្រះចេស្ដា​”។ ពួកគេ​ទាំងអស់គ្នា​សួរថា​៖ “​បើដូច្នេះ អ្នក​ជា​ព្រះបុត្រារបស់ព្រះ​ឬ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​គឺ​អស់លោក​និយាយ​ទេ ថា​គឺ​ខ្ញុំ​ហ្នឹងហើយ​”​។ ពួកគេ​ក៏​និយាយថា​៖ “​យើង​ត្រូវការ​ទីបន្ទាល់​អី​ទៀត​? ដ្បិត​យើងផ្ទាល់​បាន​ឮ​ពី​មាត់​របស់​វា​ហើយ​”៕ អង្គប្រជុំ​ទាំងមូល​ក្រោកឡើង នាំ​ព្រះយេស៊ូវ​ទៅ​នៅមុខ​ពីឡាត់ ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “​យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង​”។ ពីឡាត់​ក៏​សួរ​ព្រះយេស៊ូវ​ថា៖ “​តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​គឺ​លោក​និយាយ​ទេ​”។ ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “​ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ​”​។ ពួកគេ​នៅតែ​អះអាងយ៉ាងម៉ឺងម៉ាត់​ថា​៖ “​អ្នកនេះ​ញុះញង់​ប្រជាជន ទាំង​បង្រៀន​នៅ​យូឌា​ទាំងមូល ចាប់ពី​កាលីឡេ​រហូតដល់​ទីនេះ​”។ ពីឡាត់​ឮ​ដូច្នេះ ក៏​សួរថា​៖ “​តើ​អ្នក​នេះ​ជា​អ្នកកាលីឡេ​ឬ​?​”​។ ពេល​ដឹង​ថា​ព្រះយេស៊ូវ​នៅ​ក្រោម​អំណាច​របស់​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ហេរ៉ូឌ​ដែល​កំពុង​ស្នាក់នៅ​យេរូសាឡិម​ក្នុង​ពេល​នោះ​ដែរ។ ហេរ៉ូឌ​អរសប្បាយ​យ៉ាងក្រៃលែង​ដោយ​បាន​ឃើញ​ព្រះយេស៊ូវ ដ្បិត​ទ្រង់​ចង់​ឃើញ​ព្រះយេស៊ូវ​តាំងពី​យូរណាស់មកហើយ ដោយសារ​ទ្រង់​បាន​ឮ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​ធ្វើ​ទីសម្គាល់​អ្វីមួយ​។ ដូច្នេះ ហេរ៉ូឌ​ក៏​សួរ​ព្រះយេស៊ូវ​ជាច្រើន​សំណួរ ប៉ុន្តែ​ព្រះអង្គ​មិន​តប​អ្វីសោះ​។ រីឯ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឈរ​នៅទីនោះ ហើយ​ចោទប្រកាន់​ព្រះអង្គ​យ៉ាងខ្លាំង​។ ក្រោយពី​ហេរ៉ូឌ​ជាមួយនឹង​ពួក​ទាហាន​បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ​ហើយ ទ្រង់​ក៏​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​ឲ្យ​ព្រះអង្គ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​ពីឡាត់​វិញ។ នៅ​ថ្ងៃ​ដដែល​នោះ ហេរ៉ូឌ និង​ពីឡាត់​បាន​ក្លាយជា​មិត្តភក្ដិ​នឹង​គ្នា ដ្បិត​ពីមុន ពួកគេ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា។ បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “​អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។ រីឯ​ហេរ៉ូឌ​ក៏​រក​មិន​ឃើញអ្វី​ដែរ ដ្បិត​ទ្រង់​បាន​បញ្ជូន​អ្នកនេះ​មក​យើង​វិញ​។ មើល៍! គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ​។ ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់​”​។ រៀងរាល់​ពិធីបុណ្យ​នោះ ពីឡាត់​ត្រូវតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ស្រែកឡើង​ព្រមគ្នា​ថា៖ “​កម្ចាត់​អ្នកនេះ​ទៅ​! ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!”​។ បារ៉ាបាស​ជា​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ម្ដងទៀត ដោយ​ចង់​ដោះលែង​ព្រះយេស៊ូវ​។ ប៉ុន្តែ​ពួកគេ​ស្រែក​បន្តទៀត​ថា៖ “​ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ​!​”​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ជា​លើក​ទីបី​ថា៖ “​ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​? ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក្នុង​គាត់​ឡើយ​។ ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់​”​។ ពួកគេ​ស្រែកទទូច​យ៉ាងខ្លាំង​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​ពួកគេ ​បាន​ឈ្នះ​។ ដូច្នេះ ពីឡាត់​ក៏​សម្រេច​ឲ្យ​ធ្វើតាម​ការទាមទារ​របស់​ពួកគេ​។ លោក​បាន​ដោះលែង​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម ដែល​ពួកគេ​ទាមទារ រីឯ​ព្រះយេស៊ូវ​វិញ លោក​បាន​ប្រគល់​ទៅ​តាម​បំណង​របស់​ពួកគេ​។ នៅពេល​នាំ​ព្រះយេស៊ូវ​ទៅ ពួកគេ​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន​ដែល​មក​ពី​ជនបទ ហើយ​ដាក់​ឈើឆ្កាង​លើ​គាត់ ឲ្យ​លី​តាមក្រោយ​ព្រះយេស៊ូវ​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​រក​ពួកនាង ហើយ​មានបន្ទូលថា​៖ “​កូនស្រី​យេរូសាឡិម​អើយ កុំ​យំអាណិត​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​យំអាណិត​ខ្លួនអ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​ចុះ​! ដ្បិត​មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​គេ​នឹង​ពោលថា​: ‘​មានពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ដែល​មិន​បាន​សម្រាល​កូន ព្រមទាំង​អ្នកដែល​មិន​បាន​បំបៅ​កូន​!​’​។ ពេលនោះ គេ​នឹង​ចាប់ផ្ដើម និយាយ​នឹង​ភ្នំ​ថា​: ‘​រលំ​លើ​យើង​មក​!​’ ហើយ​និយាយ​នឹង​ទីទួល​ថា​: ‘​គ្រប​លើ​យើង​មក​!​’​។ ប្រសិនបើ​គេ​ធ្វើ​ការទាំងនេះ​នៅពេល​ឈើ​នៅ​ស្រស់​នៅឡើយ ចុះ​នៅពេល​ឈើ​ស្ងួត​វិញ តើ​នឹង​មាន​អ្វី​កើតឡើង​?​”​។ មាន​ឧក្រិដ្ឋជន​ពីរ​នាក់​ទៀត​ត្រូវគេ​នាំទៅ​ប្រហារជីវិត​ជាមួយ​ព្រះយេស៊ូវ​ដែរ​។ នៅពេល​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “​លលាដ៍ក្បាល​” ពួកគេ​ក៏​ឆ្កាង​ព្រះយេស៊ូវ​នៅ​ទីនោះ ព្រមទាំង​ឧក្រិដ្ឋជន​ទាំងនោះ​ផង ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។ ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ​”។ បន្ទាប់មក ពួកទាហាន ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។ ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “​វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!​”​។ ពួក​ទាហាន​ក៏​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ដែរ ទាំង​ចូលទៅជិត​ថ្វាយ​ទឹកខ្មេះ​ដល់​ព្រះអង្គ ហើយ​និយាយថា​៖ “​បើសិន​ឯង​ជា​ស្ដេចនៃជនជាតិយូដា​មែន ចូរ​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។ មាន​ចំណារ​មួយ​នៅខាងលើ​ព្រះយេស៊ូវ សរសេរ ​ថា “​នេះ​ជា​ស្ដេចនៃជនជាតិយូដា​”។ ម្នាក់​នៃ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ឆ្កាង​ក៏​ជេរប្រមាថ​ព្រះអង្គ​ថា៖ “​តើ​អ្នកឯង​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ? ចូរ​សង្គ្រោះ​ខ្លួនឯង និង​យើង​មើល៍​!​”។ ប៉ុន្តែ​ម្នាក់ទៀត​បាន​តប ដោយ​ស្ដីបន្ទោស​គាត់​ថា៖ “​តើ​ឯង​មិន​កោតខ្លាច​ព្រះ​ទេ​ឬ​? ឯង​ក៏​ជាប់ទោស​ដូចគ្នា​ដែរ ដ្បិត​យើង​កំពុង​ទទួល​យ៉ាងត្រឹមត្រូវ​មែន សម​នឹង​អ្វីដែល​យើង​បាន​ធ្វើ ប៉ុន្តែ​ម្នាក់នេះ​មិន​បាន​ធ្វើ​អាក្រក់​អ្វីឡើយ​”។ រួច​គាត់​ក៏​ទូលថា​៖ “​ព្រះយេស៊ូវ​អើយ កាលណា​ព្រះអង្គ​យាង​ចូលទៅ​អាណាចក្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖ “​ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ អ្នក​នឹង​នៅ​ស្ថានបរមសុខ​ជាមួយ​ខ្ញុំ​”​។ ពេលនោះ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ ​ហើយ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល ​។ ព្រះអាទិត្យ​បាន​បាត់រស្មី ហើយ​វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ចំពាក់កណ្ដាល​។ ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ព្រះ​បិតា​អើយ​! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ”​។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផុតដង្ហើម​ទៅ។ មេទាហានលើមួយរយនាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ហើយ​ពោលថា​៖ “​បុរស​នេះ​ពិតជា​មនុស្ស​សុចរិត​មែន​!​”​។ រីឯ​ហ្វូងមនុស្ស​ទាំងអស់​ដែល​ជួបជុំគ្នា​ដើម្បី​មើល​ទិដ្ឋភាព​នោះ​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​ត្រឡប់ទៅវិញ​ទាំង​គក់​ទ្រូង​។ អស់អ្នក​ដែល​ព្រះយេស៊ូវ​ស្គាល់ ព្រមទាំង​ស្ត្រី​ៗ​ដែល​មកតាម​ព្រះអង្គ​ពី​កាលីឡេ​បាន​ឈរ​ពី​ចម្ងាយ មើល​ហេតុការណ៍ទាំងនេះ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។ អ្នកនេះ​មិន​បាន​យល់ស្របជាមួយ​គម្រោង និង​អំពើ​របស់​ពួកគេ​ទេ​។ គាត់​មកពី​អើរីម៉ាថេ​ដែលជា​ទីក្រុង​មួយ​របស់​ជនជាតិយូដា ហើយជា​អ្នកដែល​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។ គាត់​ចូលទៅ​ជួប​ពីឡាត់ សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ នៅពេល​យក​ព្រះសព​ចុះ​ហើយ គាត់​ក៏​រុំ​ព្រះសព​នឹង​ក្រណាត់ផាឌិប ហើយ​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុងក្នុងថ្ម ជា​កន្លែងដែល​មិនទាន់​មាន​ដាក់​សព​អ្នកណា​នៅឡើយ​។ ថ្ងៃ​នោះ​ជា​ថ្ងៃរៀបចំបុណ្យ ហើយ​ថ្ងៃសប្ប័ទ​ក៏​ហៀបនឹងចូលមកដល់ ​ហើយ​។ ស្ត្រី​ៗ​ដែល​មក​ពី​កាលីឡេ​ជាមួយ​ព្រះយេស៊ូវ ក៏​ទៅតាម ហើយ​មើល​រូងផ្នូរ និង​របៀបដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​។ នៅពេល​ត្រឡប់ទៅវិញ ពួកនាង​ក៏​រៀបចំ​គ្រឿងក្រអូប និង​ប្រេងក្រអូប​។ ប៉ុន្តែ​នៅ​ថ្ងៃសប្ប័ទ ពួកនាង​បាន​សម្រាក​ស្របតាម​បទបញ្ជា​៕ នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗ ​មក​ដល់​រូងផ្នូរ ទាំង​យក​គ្រឿងក្រអូប​ដែល​ពួកនាង​បាន​រៀបចំ​ទុក​មក​ជាមួយដែរ ក៏​ឃើញថា​ថ្ម​ត្រូវបាន​ប្រមៀលចេញ​ពី​មាត់​រូង​ហើយ​។ ពួកនាង​បាន​ចូលទៅ ប៉ុន្តែ​មិន​ឃើញ​ព្រះសព​ព្រះអម្ចាស់​យេស៊ូវ​ឡើយ​។ ខណៈដែល​ពួកនាង​កំពុង​វល់គំនិត​អំពី​ការនេះ មើល៍! មាន​បុរស​ពីរ​នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺចិញ្ចែងចិញ្ចាច​មកឈរនៅក្បែរ​ពួកនាង​។ ពួកនាង​ក៏​ភ័យខ្លាច ហើយ​ឱន​មុខ​ដល់​ដី​។ បុរសពីរនាក់នោះ​និយាយ​នឹង​ពួកនាង​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​កំពុង​រក​មនុស្ស​រស់ នៅក្នុងចំណោម​មនុស្សស្លាប់​ដូច្នេះ​? ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ​! ចូរ​នឹកចាំ​អ្វីដែល​ព្រះអង្គ​មានបន្ទូល​នឹង​អ្នករាល់គ្នា កាល​ព្រះអង្គ​គង់នៅ​កាលីឡេ​នៅឡើយ ថា​: ‘​កូនមនុស្ស​ត្រូវតែ​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប ហើយ​ត្រូវគេ​ឆ្កាង បន្ទាប់មក​នៅ​ថ្ងៃ​ទីបី លោក​នឹង​រស់ឡើងវិញ​’ ​”​។ ពេលនោះ ពួកនាង​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​។ បន្ទាប់ពី​ត្រឡប់មក​ពី​រូងផ្នូរ​វិញ ពួកនាង​ក៏​ប្រាប់​ហេតុការណ៍​ទាំងអស់​នេះ​ដល់​សាវ័ក​ទាំង​ដប់មួយ​នាក់ និង​អ្នក​ឯទៀត​ៗ​ទាំងអស់​។ ស្ត្រីៗ​ដែល​ប្រាប់​ហេតុការណ៍ទាំងនេះ​ដល់​ពួក​សាវ័ក គឺ​ម៉ារា​អ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារា​ម្ដាយ ​របស់​យ៉ាកុប និង​ស្ត្រី​ឯទៀត​ៗ​ដែលនៅ​ជាមួយ​ពួកនាង​ដែរ​។ ប៉ុន្តែ​ពាក្យ​ទាំងនេះ​ហាក់ដូចជា​រឿងឥតទំនង​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​មិនជឿ​ពួកនាង​ទេ​។ យ៉ាងណាមិញ ពេត្រុស​បាន​ក្រោកឡើង​រត់​ទៅ​រូងផ្នូរ ហើយ​ឱនមើល ក៏​ឃើញ​តែ​ក្រណាត់ផាឌិប​ប៉ុណ្ណោះ ដូច្នេះ​គាត់​ក៏​ទៅផ្ទះវិញ ទាំង​ងឿងឆ្ងល់​នឹង​អ្វី​ដែល​បាន​កើតឡើង​។ នៅ​ថ្ងៃ​ដដែល​នោះ មើល៍! មាន​ពីរ​នាក់​ក្នុង​ពួកសិស្ស​ធ្វើដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​អេម៉ោស ដែល​មានចម្ងាយ​ដប់មួយគីឡូម៉ែត្រ ​ពី​យេរូសាឡិម​។ ពួកគេ​កំពុង​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំងអស់​នោះ​ដែល​បាន​កើតឡើង​។ នៅពេល​ពួកគេ​កំពុង​និយាយ និង​ជជែក​គ្នា ព្រះយេស៊ូវ​ព្រះអង្គផ្ទាល់​ក៏​យាង​មកជិត​ធ្វើដំណើរជាមួយ​ពួកគេ​ដែរ ប៉ុន្តែ​ភ្នែក​របស់​ពួកគេ​ត្រូវបាន​បាំង​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​រឿង​ទាំងនេះ​ដែល​អ្នករាល់គ្នា​និយាយគ្នា​តាមផ្លូវ ជា​រឿង​អ្វី​?​”​។ ពួកគេ​ក៏​ឈរស្ងៀម ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់​។ ម្នាក់​ឈ្មោះ​ក្លេអូប៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​ក្នុង​អ្នក​ដែល​ស្នាក់នៅ​យេរូសាឡិម មាន​តែ​លោក​ប៉ុណ្ណោះ​ឬ ដែល​មិន​ដឹង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ​ក្នុង​ប៉ុន្មានថ្ងៃនេះ​?​”​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖ “​តើ​រឿង​អ្វី​?​”​។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “​គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា ព្រមទាំង​អំពី​របៀបដែល​ពួក​នាយកបូជាចារ្យ និង​ពួក​មេគ្រប់គ្រង​របស់យើង​បាន​ប្រគល់​លោក​ទៅក្នុង​ការកាត់ទោសប្រហារជីវិត ហើយ​ពួកគេ​ក៏​ឆ្កាង​លោក​ផង​។ តាមពិត យើង​បាន​សង្ឃឹម​ថា​លោក​ជា​អ្នក​ដែល​រៀបនឹង​រំដោះ​អ៊ីស្រាអែល​។ លើសពីនេះទៅទៀត ថ្ងៃ​នេះ ​ជា​ថ្ងៃ​ទីបី​ហើយ តាំងពី​ហេតុការណ៍ទាំងនោះ​បាន​កើតឡើង មាន​ស្ត្រី​ខ្លះ​ក្នុងចំណោម​ពួកយើង​បាន​ធ្វើឲ្យ​ពួកយើង​ភ្ញាក់ផ្អើល​ដែរ​; ពួកនាង​បាន​ទៅដល់​រូងផ្នូរ​ទាំង​ព្រលឹម តែ​មិន​បាន​ឃើញ​សព​លោក​ទេ ក៏​មកវិញ​រៀបរាប់ថា​បាន​ឃើញ​និមិត្ត​នៃ​ទូតសួគ៌​ទៀត គឺ​ពួកទូតសួគ៌​និយាយថា​លោក​នៅរស់​។ មាន​អ្នកខ្លះ​ដែល​នៅ​ជាមួយ​ពួកយើង​បាន​ទៅ​ឯ​រូងផ្នូរ ហើយ​បាន​ឃើញ​ដូចដែល​ស្ត្រី​ៗ​ទាំងនោះ​និយាយ​ដែរ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “‍ឱ មនុស្ស​ល្ងង់ខ្លៅ និង​មាន​ចិត្ត​ក្រ​នឹង​ជឿទុកចិត្តលើ​អស់ទាំង​សេចក្ដី​ដែល​បណ្ដា​ព្យាការី​បាន​ថ្លែង​ទុក​អើយ! តើ​ព្រះ​គ្រីស្ទ​មិន​ត្រូវ​រងទុក្ខ​នឹង​ការទាំងនេះ ហើយ​ចូល​ក្នុង​សិរីរុងរឿង​របស់​ព្រះអង្គ​ទេ​ឬ​?​”​។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​បកស្រាយ​ដល់​ពួកគេ​នូវ​សេចក្ដី​ដែល​ទាក់ទងនឹង​អង្គទ្រង់​នៅក្នុង​បទគម្ពីរ​ទាំងអស់ ដោយ​ចាប់ផ្ដើម​ពី​ម៉ូសេ និង​ពី​ព្យាការី​ទាំងអស់​។ លុះ​មកជិត​ដល់​ភូមិ​ដែល​ពួកគេ​កំពុងតែ​ទៅ​នោះ ព្រះយេស៊ូវ​ធ្វើហាក់ដូចជាចង់​យាង​ទៅ​មុខ​ទៀត ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “​សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!​” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។ ខណៈដែល​រួមតុអាហារ​ជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួកគេ​។ ពេលនោះ ភ្នែក​របស់​ពួកគេ​ត្រូវបាន​បើក ហើយ​ពួកគេ​ក៏​មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បាត់​ពីមុខ​ពួកគេ​ទៅ​។ ពួកគេ​និយាយ​គ្នា​ថា​៖ “​នៅពេល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​នៅតាមផ្លូវ និង​នៅពេល​ព្រះអង្គ​ពន្យល់​គម្ពីរ​ដល់​យើង តើ​ចិត្ត​របស់យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​?​”។ ពេលនោះ ពួកគេ​ក្រោកឡើង​ភ្លាម​ត្រឡប់ទៅ​យេរូសាឡិម​វិញ ក៏​ឃើញ​សាវ័ក​ទាំង​ដប់មួយ​នាក់ និង​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​នៅ​ជួបជុំគ្នា និយាយ​ថា​៖ “​ព្រះអម្ចាស់​ពិតជា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​មែន ហើយ​បាន​លេចមក​ដល់​ស៊ីម៉ូន​!​”។ សិស្សទាំងពីរនាក់​ក៏​រៀបរាប់​អ្វីៗ​ដែល​កើតឡើង​នៅតាមផ្លូវ និង​របៀបដែល​ព្រះអង្គ​ឲ្យ​ពួកគេ​មើលស្គាល់ នៅពេល​កាច់​នំប៉័ង​។ ខណៈដែល​ពួកគេ​កំពុង​និយាយ​អំពី​ការទាំងនេះ ព្រះយេស៊ូវ​ផ្ទាល់​បាន​ឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!​”។ ពួកគេ​ក៏​តក់ស្លុត ហើយ​ភ័យខ្លាច ដោយ​គិតថា​ឃើញ​ខ្មោច​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ័យស្លុត​ដូច្នេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​កើត​សង្ស័យ​ក្នុង​ចិត្ត​? ចូរ​មើល​ដៃ និង​ជើង​របស់ខ្ញុំ​ចុះ ថា​គឺ​ខ្ញុំ​មែន​។ ចូរ​ពាល់​ខ្ញុំ​មើល៍! ដ្បិត​ខ្មោច​គ្មាន​សាច់ និង​ឆ្អឹង​ដូចដែល​អ្នករាល់គ្នា​ឃើញ​ខ្ញុំ​មាន​នេះ​ទេ​”​។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ត និង​ព្រះបាទា​ដល់​ពួកគេ​។ ប៉ុន្តែ​កាល​ពួកគេ​នៅតែ​មិនជឿ​ដោយសារតែ​អំណរ ហើយ​ចេះតែ​ងឿងឆ្ងល់ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​នៅ​ទីនេះ​មាន​អ្វីហូប​ឬទេ​?​”​។ ពួកគេ​ជូន​ត្រី​អាំង​មួយ​កំណាត់ ​ដល់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ទទួលយក​មក​សោយ​នៅមុខ​ពួកគេ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖ “​ទាំងនេះ​ជា​ពាក្យ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ គឺថា​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ខ្ញុំ ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង ត្រូវតែ​បាន​បំពេញឲ្យសម្រេច​”។ បន្ទាប់មក ព្រះយេស៊ូវ​បាន​បើកបំភ្លឺ​គំនិត​របស់​ពួកគេ​ឲ្យ​យល់​គម្ពីរ ហើយ​មានបន្ទូល​ថា​៖ “​មាន​សរសេរ​ទុកមក​ដូច្នេះ​ថា ព្រះ​គ្រីស្ទ​ត្រូវតែ រងទុក្ខ ហើយ​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​នឹង​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ រួច​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប ​ នឹង​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់ ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយ​ចាប់ផ្ដើម​ពី​យេរូសាឡិម​។ អ្នករាល់គ្នា​ជា​សាក្សី​អំពី​ការទាំងនេះ ហើយ​មើល៍! ខ្ញុំ​នឹង​បញ្ជូន​អ្វី​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​សន្យា​មក​ដល់​អ្នករាល់គ្នា​។ យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ស្នាក់នៅ​ទីក្រុង រហូតដល់​អ្នករាល់គ្នា​ត្រូវបាន​បំពាក់​ដោយ​ព្រះចេស្ដា​ពី​ស្ថានដ៏ខ្ពស់​ចុះ​”​។ ព្រះយេស៊ូវ​ទ្រង់​នាំ​ពួកគេ​ចេញទៅ​ខាងក្រៅ​រហូតដល់​បេថានី ហើយ​លើក​ព្រះហស្ត​ឡើង​ប្រទានពរ​ពួកគេ​។ ខណៈដែល​ព្រះអង្គ​កំពុង​ប្រទានពរ​ពួកគេ ព្រះអង្គ​ក៏​ចាកចេញ​ពី​ពួកគេ ហើយ​ត្រូវបាន​លើកឡើង​ទៅ​លើមេឃ ​។ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ រួច​ត្រឡប់ទៅ​យេរូសាឡិម​វិញ​ដោយ​អំណរ​យ៉ាងខ្លាំង ហើយ​តែងតែ​សរសើរតម្កើង ​ព្រះ​ជានិច្ច នៅក្នុង​ព្រះវិហារ ​៕​៚ នៅ​ដើមដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះបន្ទូល​គឺជា​ព្រះ​។ ព្រះបន្ទូលនេះ​គង់នៅ​ជាមួយ​ព្រះ នៅ​ដើមដំបូង​។ អ្វីៗ​ទាំងអស់​បាន​កើតមក​តាមរយៈ​ព្រះអង្គ ហើយ​ក្នុង​អ្វីៗដែល​កើតមក​នោះ គ្មាន​អ្វី​មួយ​កើតមក​ដោយគ្មាន​ព្រះអង្គ​ឡើយ​។ នៅក្នុង​ព្រះអង្គ​មាន​ជីវិត ហើយ​ជីវិត​នេះ​គឺជា​ពន្លឺ​របស់​មនុស្ស​។ ពន្លឺ​នេះ​កំពុង​ភ្លឺ​ក្នុង​សេចក្ដីងងឹត ហើយ​សេចក្ដីងងឹត​មិន​បាន​ឈ្នះ ​ពន្លឺនេះ​ឡើយ​។ មាន​មនុស្ស​ម្នាក់​ត្រូវបាន​ចាត់ឲ្យមក​ពី​ព្រះ គាត់​ឈ្មោះ​យ៉ូហាន​។ គាត់​បាន​មក​ដើម្បី​ជា​បន្ទាល់ ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ គឺឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿ​តាមរយៈ​គាត់​។ គាត់​មិនមែន​ជា​ពន្លឺ​នេះ​ទេ គឺ​គាត់​បាន​មក​ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ​វិញ​។ ពន្លឺនេះ​ជា​ពន្លឺ​ពិត ដែល​កំពុង​យាង​មក​ក្នុង​ពិភពលោក បំភ្លឺ​មនុស្ស​គ្រប់រូប​។ ព្រះអង្គ​គង់នៅ​ក្នុង​ពិភពលោក ហើយ​ពិភពលោក​បាន​កើតមក​តាមរយៈ​ព្រះអង្គ ប៉ុន្តែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ឡើយ​។ ព្រះអង្គ​បាន​យាង​មក​ក្នុង​ពិភពលោក​របស់ព្រះអង្គ ប៉ុន្តែ​ប្រជារាស្ត្រ​របស់ព្រះអង្គ មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​។ រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។ អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។ ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។ យ៉ូហាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ ដោយ​ស្រែកឡើង​ថា​៖ “​ព្រះអង្គនេះ​ហើយ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ​’​”​។ ជាការពិត យើង​គ្រប់គ្នា​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​ទៀត ពី​ភាពពេញលេញ​របស់​ព្រះអង្គ ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។ គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។ នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “​តើ​លោក​ជា​នរណា​?​”​។ គាត់​ក៏​សារភាព ហើយ​មិន​បដិសេធ​ឡើយ គឺ​សារភាព​ថា​៖ “​ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​”​។ ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “​ចុះ​លោក​ជា​នរណា​វិញ​? ជា​អេលីយ៉ា​ឬ​?​”‍។ គាត់​ឆ្លើយថា​៖ “​មិនមែន​ខ្ញុំ​ទេ​”។ “​តើ​លោក​ជា​ព្យាការី​នោះ ​ឬ?​”‍។ គាត់​ឆ្លើយថា​៖ “​ទេ​”​។ រួច​ពួកគេ​សួរ​គាត់​ថា៖ “​តើ​លោក​ជា​នរណា​? ដើម្បីឲ្យ​ពួកយើង​បាន​ផ្ដល់​ចម្លើយ​ដល់​អ្នក​ដែល​ចាត់​ពួកយើង​ឲ្យមក​។ តើ​លោក​និយាយ​អ្វី​អំពី​ខ្លួនលោក​?​”​។ គាត់​ឆ្លើយថា​៖ “​ខ្ញុំ​ជា សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘​ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​’ ដូចដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​ហើយ​”​។ ពួកអ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​នោះ គឺ​មកពី​ពួកផារិស៊ី​។ ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “​បើសិន​លោក​មិនមែន​ជា​ព្រះ​គ្រីស្ទ ឬ​អេលីយ៉ា ឬ​ព្យាការី​នោះ​ទេ ចុះ​ហេតុអ្វីបានជា​លោក​ធ្វើពិធីជ្រមុជទឹក​?​”​។ យ៉ូហាន​តប​នឹង​ពួកគេ​ថា៖ “​ខ្ញុំ​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​មាន​ម្នាក់​ឈរ​ក្នុងចំណោម​អ្នករាល់គ្នា ដែល​អ្នករាល់គ្នា​មិន​ស្គាល់ ជា​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​”​។ ការទាំងនេះ​បាន​កើតឡើង​នៅ​បេថានី ​ខាងនាយ​ទន្លេយ័រដាន់ ជា​កន្លែងដែល​យ៉ូហាន​ធ្វើពិធីជ្រមុជទឹក​។ នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “​មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​! គឺ​ព្រះអង្គនេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ​’​។ កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​មូលហេតុដែល​ខ្ញុំ​មក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក គឺ​ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​សម្ដែង​ដល់​អ៊ីស្រាអែល​”។ យ៉ូហាន​ក៏​ធ្វើបន្ទាល់ ដោយ​និយាយ​ថា​៖ “​ខ្ញុំ​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក​ពី​លើមេឃ​ដូចជា​សត្វព្រាប ហើយ​ស្ថិតនៅ​លើ​ព្រះអង្គ​។ កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘​អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក ហើយ​ស្ថិតនៅ​លើ​អ្នកណា គឺ​អ្នកនោះ​ហើយ ដែល​ធ្វើពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​’​។ ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ​”។ នៅ​ថ្ងៃបន្ទាប់ យ៉ូហាន និង​សិស្ស​ពីរ​នាក់​របស់​គាត់ ឈរ​នៅទីនោះ​ម្ដងទៀត​។ យ៉ូហាន​សម្លឹងមើល​ព្រះយេស៊ូវ​កំពុង​យាងកាត់ ក៏​និយាយថា​៖ “​មើល៍! កូនចៀម​នៃ​ព្រះ​!​”​។ សិស្ស​ពីរ​នាក់​នោះ​ឮ​គាត់​និយាយ​ដូច្នេះ ក៏​ទៅតាម​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “​រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?​” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​មក នោះ​អ្នក​នឹង​ឃើញ​”​។ ដូច្នេះ ពួកគេ​ក៏​ទៅ ហើយ​ឃើញ​កន្លែងដែល​ព្រះអង្គ​ស្នាក់នៅ រួច​នៅ​ជាមួយ​ព្រះអង្គ​ក្នុង​ថ្ងៃ​នោះ‍។ ពេល​នោះ ប្រមាណជា​ម៉ោងបួនរសៀល ​។ ម្នាក់​ក្នុង​អ្នក​ទាំង​ពីរ​ដែល​ឮ​ពី​យ៉ូហាន ហើយ​ទៅតាម​ព្រះអង្គ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស​។ មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស ​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “​យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ​” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។ គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖ “​អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន ។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស​” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស ​)​។ នៅ​ថ្ងៃបន្ទាប់ ព្រះយេស៊ូវ​មានព្រះទ័យ​ចង់​ចេញទៅ​កាលីឡេ‍។ ព្រះអង្គ​ទ្រង់​រក​ភីលីព ហើយ​មានបន្ទូល​នឹង​គាត់​ថា៖ “​ចូរ​មកតាម​ខ្ញុំ​!​”។ ភីលីព​មក​ពី​បេតសៃដា ដែលជា​ទីក្រុង​របស់​អនទ្រេ និង​ពេត្រុស​។ ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “​យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប​”​។ ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “​តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?​”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “​ចូរ​មក​មើល​ចុះ​”​។ ព្រះយេស៊ូវ​ទត​ឃើញ​ណាថាណែល​កំពុង​មករក​ព្រះអង្គ ក៏​មានបន្ទូល​អំពី​គាត់​ថា​៖ “​មើល៍! ជនជាតិអ៊ីស្រាអែល​ពិតប្រាកដ​! នៅក្នុង​គាត់​គ្មាន​ឧបាយកល​សោះ​”។ ណាថាណែល​ទូល​ព្រះអង្គ​ថា​៖ “​តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាងដូចម្ដេច​?​”‍។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖ “​មុន​ភីលីព​បាន​ហៅ​អ្នក ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើមល្វា​ហើយ​”​។ ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖ “​ដោយសារ​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘​ខ្ញុំ​បាន​ឃើញ​អ្នក​នៅក្រោម​ដើមល្វា​’ បានជា​អ្នក​ជឿ​ឬ​? អ្នក​នឹង​ឃើញ​ការ​ធំជាង​នេះ​ទៅទៀត​”​។ រួច​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​នឹង​ឃើញ​ផ្ទៃមេឃ​ដែល​បើកចំហ និង​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ឡើងចុះៗ​ពីខាងលើ​កូនមនុស្ស​”​៕ នៅ​ថ្ងៃ​ទីបី មាន​ពិធីមង្គលការ​មួយ​នៅ​កាណា​ក្នុង​កាលីឡេ​។ ម្ដាយ​របស់​ព្រះយេស៊ូវ​នៅ​ទីនោះ ហើយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ត្រូវគេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ​នោះ​ដែរ​។ នៅពេល​ស្រាទំពាំងបាយជូរ​អស់ ម្ដាយ​របស់​ព្រះយេស៊ូវ​ទូល​ព្រះអង្គ​ថា​៖ “​គេ​គ្មាន​ស្រាទំពាំងបាយជូរ​ទេ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ម្ដាយ​ថា​៖ “​ស្ត្រី​អើយ តើ​រឿងនេះជា​អ្វី​នឹង​ខ្ញុំ ហើយ​នឹង​អ្នក​? ពេលវេលា​របស់ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ​”។ ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “​អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ​”។ នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់ ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកអ្នកបម្រើ​ថា​៖ “​ចូរ​ចាក់​ទឹក​ឲ្យពេញ​ពាង​ទាំងនេះ​ចុះ​”។ ពួកគេ​ក៏​ចាក់ពេញ​ដល់​មាត់​ពាង​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ឥឡូវនេះ ចូរ​ដួស​យកទៅ​ជូន​អ្នកគ្រប់គ្រងពិធី​ចុះ​”។ ពួកគេ​ក៏​យកទៅ​។ នៅពេល​អ្នកគ្រប់គ្រងពិធី​បាន​ភ្លក់​ទឹក​ដែល​ក្លាយជា​ស្រាទំពាំងបាយជូរ​ហើយ ក៏​មិន​ដឹង​ថា​មក​ពីណា​ដែរ (​ប៉ុន្តែ​ពួក​អ្នកបម្រើ​ដែល​ដួស​ទឹក​នោះ​បាន​ដឹង​)​។ អ្នកគ្រប់គ្រងពិធី​ក៏​ហៅ​កូនកំលោះ​មក ហើយ​និយាយ​នឹង​គាត់​ថា​៖ “​មនុស្ស​គ្រប់គ្នា​ដាក់​ស្រាទំពាំងបាយជូរ​ល្អ​មុន ហើយ​នៅពេល​គេ​ស្រវឹង ទើប​ដាក់​ស្រាទំពាំងបាយជូរ​ដែល​អន់ជាង រីឯ​អ្នក​វិញ អ្នក​បាន​ទុក​ស្រាទំពាំងបាយជូរ​ល្អ​រហូតដល់​ឥឡូវ​!​”។ ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ដំបូង​នេះ​នៅ​កាណា​ក្នុង​កាលីឡេ ព្រមទាំង​សម្ដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿលើ​ព្រះអង្គ​។ បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និង​ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​កាពើណិម ហើយ​ស្នាក់នៅ​ទីនោះ​មិន​យូរ​ថ្ងៃ​ទេ​។ បុណ្យរំលង ​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​យេរូសាឡិម​។ ព្រះអង្គ​ទត​ឃើញ​ពួក​អ្នក​លក់​គោ ចៀម និង​ព្រាប ព្រមទាំង​ពួក​អ្នកដូរលុយ កំពុង​អង្គុយ​នៅក្នុង​ព្រះវិហារ​។ ព្រះអង្គ​ក៏​ធ្វើ​ខ្សែតី​ដោយ​ខ្សែ រួច​ដេញ​ពួកគេ​គ្រប់គ្នា​ឲ្យចេញ​ពី​ព្រះវិហារ ទាំង​ចៀម និង​គោ ហើយ​បាច​ប្រាក់​របស់​ពួក​អ្នកដូរលុយ​ចោល ព្រមទាំង​ផ្កាប់​តុ​ទាំងនោះ​ផង​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​អ្នក​លក់​ព្រាប​ថា​៖ “​ចូរ​យក​របស់​ទាំងនេះ​ចេញ​ពីទីនេះ​ទៅ​! កុំ​ធ្វើឲ្យ​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ​ទៅជា​ផ្ទះ​លក់ដូរ​ឡើយ​!​”។ ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​: “​ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ​នឹង​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ​”​។ បន្ទាប់មក ពួកយូដា​តប​នឹង​ព្រះអង្គ​ថា​៖ “​ដែល​អ្នក​ធ្វើ​ការទាំងនេះ តើ​អ្នក​បង្ហាញ​ទីសម្គាល់​អ្វី​ដល់​យើង​?​”។ ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖ “​ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ ហើយ​ក្នុង​បី​ថ្ងៃ ខ្ញុំ​នឹង​លើកឡើងវិញ​”។ ពួកយូដា​និយាយថា​៖ “​ព្រះវិហារ​នេះ​សាងសង់​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តើ​អ្នក​នឹង​លើកឡើងវិញ​ក្នុង​បី​ថ្ងៃ​ឬ​?​”។ ប៉ុន្តែ​ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​ព្រះវិហារ​នៃ​ព្រះកាយ​របស់​ព្រះអង្គ​ទេ​។ ដូច្នេះ នៅពេល​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​ហើយ នោះ​ពួកគេ​ក៏​ជឿ​បទគម្ពីរ និង​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​។ ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។ ប៉ុន្តែ​ព្រះយេស៊ូវ ព្រះអង្គផ្ទាល់​មិន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ពួកគេ​ទេ ពីព្រោះ​ព្រះអង្គ​ឈ្វេងយល់​មនុស្ស​ទាំងអស់ ហើយ​ពីព្រោះ​ព្រះអង្គ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ធ្វើបន្ទាល់​អំពី​មនុស្ស​ទេ ដ្បិត​ព្រះអង្គផ្ទាល់​ឈ្វេងយល់​នូវ​អ្វី​ដែល​មាន​នៅក្នុង​មនុស្ស​៕ មាន​បុរស​ម្នាក់​ក្នុង​ពួកផារិស៊ី ឈ្មោះ​នីកូដេម ជា​មេគ្រប់គ្រង​នៃ​ជនជាតិយូដា​។ គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “​រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតជាថ្មី ទេ អ្នកនោះ​មិនអាច​ឃើញ​អាណាចក្រ​របស់​ព្រះ​បានឡើយ​”។ នីកូដេម​ទូល​ព្រះអង្គ​ថា​៖ “​តើ​មនុស្ស​ចាស់​អាច​កើតមក​យ៉ាងដូចម្ដេច​បាន​? គាត់​មិន​អាច​ចូលទៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​ខ្លួន​វិញ ហើយ​កើតមក​ម្ដងទៀត​ទេ មែនទេ​?​”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតមក​ពី​ទឹក និង​ព្រះវិញ្ញាណ​ទេ អ្នកនោះ​មិនអាច​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​បានឡើយ​។ អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។ កុំ​ភ្ញាក់ផ្អើល ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘​អ្នក​ត្រូវតែ​កើតជាថ្មី​’ នោះ​ឡើយ​។ ខ្យល់ បក់​ទៅ​កន្លែងណាដែល​វា​ចង់ ហើយ​អ្នក​ឮ​សំឡេង​របស់​វា ប៉ុន្តែ​អ្នក​មិន​ដឹង​ថា វា​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ អស់អ្នក​ដែល​កើតមក​ពី​ព្រះវិញ្ញាណ​ក៏ដូច្នោះដែរ​”។ នីកូដេម​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​តើ​ការទាំងនេះ​អាច​កើតឡើង​យ៉ាងដូចម្ដេច​បាន​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖ “​លោក​ជា​គ្រូ​នៃ​អ៊ីស្រាអែល តែ​មិន​យល់​ការទាំងនេះ​ទេ​ឬ​?​។ ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា យើង​និយាយ​អំពី​អ្វីដែល​យើង​បាន​ដឹង ហើយ​យើង​ធ្វើបន្ទាល់​អំពី​អ្វីដែល​យើង​បាន​ឃើញ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួលយក​ពាក្យបន្ទាល់​របស់យើង​ទេ​។ ពេល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃផែនដី អ្នករាល់គ្នា​មិន​ជឿ​ទៅហើយ ចុះ​ប្រសិនបើ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃស្ថានសួគ៌​វិញ តើ​អ្នករាល់គ្នា​នឹង​ជឿ​យ៉ាងដូចម្ដេច​? គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស ។ ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ​ មាន​ជីវិតអស់កល្បជានិច្ច​។ “​ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ ពីព្រោះ​ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់ព្រះអង្គ ឲ្យមក​ក្នុង​ពិភពលោក មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​តាមរយៈ​ព្រះបុត្រា​វិញ​។ អ្នក​ដែល​ជឿលើ​ព្រះអង្គ មិន​ត្រូវបាន​កាត់ទោស​ឡើយ រីឯ​អ្នក​ដែល​មិន​ជឿ ត្រូវបាន​កាត់ទោស​រួចហើយ ពីព្រោះ​គេ​មិន​បាន​ជឿលើ​ព្រះនាម​ព្រះបុត្រាតែមួយ​របស់​ព្រះ​។ “​នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។ ជាការពិត អស់អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​ស្អប់​ពន្លឺ ហើយ​មិន​មករក​ពន្លឺ​ទេ ក្រែងលោ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​។ រីឯ​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីពិត​វិញ មករក​ពន្លឺ ដើម្បីឲ្យ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​សម្ដែង​ថា បាន​ប្រព្រឹត្ត​នៅក្នុង​ព្រះ​”។ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មកដល់​ស្រុក​យូឌា ហើយ​ព្រះអង្គ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួកគេ ព្រមទាំង​ធ្វើពិធីជ្រមុជទឹក​ផង​។ យ៉ូហាន​ក៏​ធ្វើពិធីជ្រមុជទឹក​ដែរ នៅ​អេណូន​ជិត​សាលីម ពីព្រោះ​ទីនោះ​មាន​ទឹក​ច្រើន​។ មាន​មនុស្សជាច្រើន​មក​ទទួលពិធីជ្រមុជទឹក​ជាបន្តបន្ទាប់​។ ពេលនោះ យ៉ូហាន​មិនទាន់​ជាប់គុក​នៅឡើយទេ​។ បន្ទាប់មក មាន​ការដេញដោលគ្នា​រវាង​ពួក​សិស្ស​របស់​យ៉ូហាន និង​ជនជាតិយូដា​ម្នាក់ ​អំពី​ពិធីជម្រះ​។ ពួកគេ​ក៏​មករក​យ៉ូហាន ហើយ​និយាយថា​៖ “​រ៉ាប៊ី អ្នកដែល​នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ជាមួយ​លោក ដែល​លោក​ធ្លាប់​ធ្វើបន្ទាល់​នោះ មើល៍! គាត់​កំពុង​ធ្វើពិធីជ្រមុជទឹក ហើយ​មនុស្ស​ទាំងអស់​កំពុង​ទៅរក​គាត់​”​។ យ៉ូហាន​និយាយ​តប​ថា​៖ “​មនុស្ស​មិនអាច​ទទួល​អ្វី​មួយ​បានឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​។ អ្នករាល់គ្នា​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​: ‘​ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​មុន​ព្រះអង្គ​’​។ អ្នក​ដែល​យក​កូនក្រមុំ គឺ​កូនកំលោះ រីឯ​មិត្តសម្លាញ់​របស់​កូនកំលោះ​ដែល​ឈរ​ស្ដាប់​គាត់ ក៏មាន​អំណរ​អរសប្បាយ​ដោយសារតែ​សំឡេង​របស់​កូនកំលោះ ដូច្នេះ​អំណរ​របស់ខ្ញុំ​នេះ​ត្រូវបាន​បំពេញ​ហើយ​។ ព្រះអង្គ​ត្រូវតែ​ចម្រើនឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវតែ​ចុះថយ​”។ ព្រះអង្គ​ដែល​មក​ពីខាងលើ គឺ​នៅលើ​អ្វីៗ​ទាំងអស់ រីឯ​អ្នក​ដែល​មក​ពី​ផែនដី គឺជា​របស់​ផែនដី ហើយ​និយាយ​អំពី​ផែនដី​។ ព្រះអង្គ​ដែល​មក​ពី​ស្ថានសួគ៌ គឺ​នៅលើ​អ្វីៗ​ទាំងអស់​។ ព្រះអង្គ​ទ្រង់​ធ្វើបន្ទាល់​អំពី​អ្វីដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ​គ្មានអ្នកណា​ទទួលយក​ពាក្យបន្ទាល់​របស់​ព្រះអង្គ​ឡើយ​។ អ្នក​ដែល​ទទួលយក​ពាក្យបន្ទាល់​របស់​ព្រះអង្គ បាន​បោះត្រា​ថា ព្រះ​គឺ​ពិតត្រង់​។ ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។ ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។ អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕ នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន (​តាមពិត ព្រះយេស៊ូវ​ផ្ទាល់​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ពួក​សិស្ស​របស់​ព្រះអង្គ​វិញ​ដែល​ធ្វើ​) ព្រះអង្គ​ក៏​យាង​ចេញ​ពី​យូឌា ហើយ​ទៅ​កាលីឡេ​ម្ដងទៀត​។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាងកាត់តាម​សាម៉ារី ដូច្នេះ ព្រះអង្គ​ក៏​យាង​មកដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ស៊ូខារ នៅ​សាម៉ារី​។ ទីក្រុងនោះ​នៅ​ជិត​ដី​មួយ​កន្លែង​ដែល​យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​កូន​របស់​គាត់ ហើយ​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទីនោះ​ដែរ​។ ព្រះយេស៊ូវ​ទ្រង់​អស់កម្លាំង​ក្នុង​ការធ្វើដំណើរ ក៏​គង់ចុះ​នៅ​ក្បែរ​អណ្ដូង​។ ពេល​នោះ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ ​។ មាន​ស្ត្រី​សាម៉ារី​ម្នាក់​មក​ដង​ទឹក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​សូម​ឲ្យខ្ញុំ​ផឹក​ផង​”​។ ពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ទីក្រុង​អស់ហើយ ដើម្បី​ទិញ​អាហារ​។ ស្ត្រី​ជនជាតិសាម៉ារី​នោះ​ទូល​ព្រះអង្គ​ថា​៖ “​លោក​ជា​ជនជាតិយូដា ម្ដេចក៏​សុំ​ផឹក​ពី​ខ្ញុំ​ដែល​ជា​ស្ត្រី​ជនជាតិសាម៉ារី​ដូច្នេះ​?​”។ ដ្បិត​ជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖ “​ប្រសិនបើ​នាង​បាន​ស្គាល់​អំណោយទាន​របស់​ព្រះ ហើយ​ដឹងថា​អ្នក​ដែល​កំពុង​និយាយ​នឹង​នាង​ថា​: ‘​សូម​ឲ្យ​ខ្ញុំ​ផឹក​ផង​’ ជា​អ្នកណា ម្ល៉េះសម​នាង​បាន​សុំ​ពី​គាត់​វិញ ហើយ​គាត់​ក៏​ឲ្យ​ទឹក​រស់​ដល់​នាង​”។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់ លោក​គ្មាន​យោងដងទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ ចុះ​លោក​បាន​ទឹក​រស់​មក​ពីណា​? លោក​មិន​ធំជាង​យ៉ាកុប​ដូនតា​របស់យើងខ្ញុំ​ទេ មែនទេ​? គាត់​បាន​ឲ្យ​អណ្ដូង​នេះ​ដល់​យើងខ្ញុំ ហើយ​ខ្លួនគាត់ និង​កូន​ៗ​របស់​គាត់ ព្រមទាំងហ្វូងសត្វ​របស់​គាត់​ក៏​ផឹក​ពី​អណ្ដូងនេះ​ដែរ​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖ “​អស់អ្នក​ដែល​ផឹក​ទឹក​នេះ នឹង​ស្រេក​ទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ​”។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បីកុំឲ្យ​ខ្ញុំ​ស្រេក និង​ដើម្បី​កុំឲ្យ​ខ្ញុំ​មក​ដង​នៅ​ទីនេះ​ឡើយ​”។ ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា​៖ “​ចូរ​ទៅ​ហៅ​ប្ដី​របស់នាង​មក​ទីនេះ​”។ ស្ត្រី​នោះ​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​ខ្ញុំ​គ្មាន​ប្ដី​ទេ​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ដែល​នាង​និយាយ​ថា​: ‘​គ្មាន​ប្ដី​ទេ​’ ត្រូវ​ហើយ ពីព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់​ហើយ រីឯ​ម្នាក់​ដែល​នាង​មាន​ឥឡូវនេះ មិនមែន​ជា​ប្ដី​របស់នាង​ទេ​។ រឿងនេះ​នាង​និយាយ​ពិត​ហើយ​”។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​! ដូនតា​របស់យើងខ្ញុំ​បាន​ថ្វាយបង្គំ​នៅលើ​ភ្នំ​នេះ ប៉ុន្តែ​ពួកលោក​និយាយ​ថា កន្លែង​ដែល​ត្រូវ​ថ្វាយបង្គំ គឺ​នៅ​យេរូសាឡិម​វិញ​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ស្ត្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា មាន​ពេលវេលា​នឹង​មក ដែល​អ្នករាល់គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​មិនមែន​នៅលើ​ភ្នំ​នេះ ហើយក៏​មិនមែន​នៅ​យេរូសាឡិម​ដែរ​។ អ្នករាល់គ្នា​ថ្វាយបង្គំ​អ្វីដែល​អ្នករាល់គ្នា​មិន​ស្គាល់ រីឯ​យើង​វិញ យើង​ថ្វាយបង្គំ​អ្វីដែល​យើង​ស្គាល់ ដ្បិត​សេចក្ដីសង្គ្រោះ​មកពី​ជនជាតិយូដា​។ ប៉ុន្តែ​ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​ពួក​អ្នកថ្វាយបង្គំ​ដ៏ពិត​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​ក្នុង​វិញ្ញាណ និងសេចក្ដីពិត ពីព្រោះ​ព្រះ​បិតា​ត្រូវការ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ​។ ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ ត្រូវតែ​ថ្វាយបង្គំ​ក្នុង​វិញ្ញាណ និងសេចក្ដីពិត​”។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ​មែស៊ី​ដែល​ហៅថា​ព្រះ​គ្រីស្ទ​នឹង​យាង​មក​។ នៅពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ថ្លែង​ការ​ទាំងអស់​ដល់​យើងខ្ញុំ​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​គឺ​ខ្ញុំ​ហ្នឹងហើយ ដែល​កំពុង​និយាយ​នឹង​នាង​”។ នៅពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​មក​ដល់ ហើយ​ពួកគេ​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ជាមួយ​ស្ត្រី​ម្នាក់ ប៉ុន្តែ​គ្មានអ្នកណា​ទូល​សួរថា​: “​លោកគ្រូ​ត្រូវការ​អ្វី​?​” ឬ “​ហេតុអ្វី​បានជា​លោកគ្រូ​និយាយ​ជាមួយ​នាង​?​” ឡើយ​។ ស្ត្រី​នោះ​ក៏​ទុក​ក្អម​របស់​នាង​ចោល ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​គេ​ថា​៖ “​មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?​”។ ពួកគេ​ក៏​ចេញ​ពី​ទីក្រុង ហើយ​មករក​ព្រះអង្គ​។ ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “​រ៉ាប៊ី សូមអញ្ជើញ​ពិសា​”។ ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​មាន​អាហារ​ហូប​ហើយ ជា​អាហារ​ដែល​អ្នករាល់គ្នា​មិន​ស្គាល់​”។ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា​៖ “​គ្មាន​អ្នកណា​យក​អ្វី​មក​ឲ្យ​លោក​ពិសា​ទេ មែនទេ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។ តើ​អ្នករាល់គ្នា​មិន​និយាយ​ថា​: ‘​នៅ​បួនខែ​ទៀត បាន​ដល់​រដូវច្រូតកាត់​’ ទេ​ឬ​? មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ងើបភ្នែកឡើង​មើល​ទៅ​វាលស្រែ ដែល​ក្រហមល្មម សម្រាប់​ការច្រូតកាត់​ហើយ​។ អ្នក​ដែល​ច្រូត​ទទួល​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ច្រូត​អរសប្បាយ​ជាមួយគ្នា​។ ដូច្នេះ ពាក្យទំនៀម​នេះ​ពិត​ណាស់ គឺ​: ‘​ម្នាក់​សាបព្រោះ ម្នាក់ទៀត​ច្រូត​’​។ ខ្ញុំ​បាន​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ច្រូត​អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើការនឿយហត់​; អ្នកផ្សេង​បាន​ធ្វើការនឿយហត់ ហើយ​អ្នករាល់គ្នា​បាន​ចូល​ក្នុង​ការនឿយហត់​របស់​ពួកគេ​”​។ ជនជាតិសាម៉ារី​ជាច្រើន​នៅ​ទីក្រុង​នោះ​បាន​ជឿលើ​ព្រះអង្គ ដោយសារតែ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើបន្ទាល់​ថា​: “​លោក​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​”​។ ដូច្នេះ នៅពេល​ពួក​ជនជាតិសាម៉ារី​មករក​ព្រះអង្គ ពួកគេ​ក៏​សុំ​ព្រះអង្គ​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ នោះ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​ពីរ​ថ្ងៃ​។ ក្រោយមក មាន​មនុស្ស​ច្រើនទៀត​បាន​ជឿ ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះអង្គ​។ ពួកគេ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ថា​៖ “​ឥឡូវនេះ​យើង​ជឿ មិនមែន​ដោយសារតែ​សម្ដី​របស់នាង​ទៀតទេ គឺ​ដោយសារ​យើងផ្ទាល់​បាន​ឮ ហើយ​ដឹង​ថា ព្រះអង្គ​ពិតជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក ​”។ ក្រោយពី​ពីរ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ​ទៅ​កាលីឡេ​។ តាមពិត ព្រះអង្គ​ផ្ទាល់​ធ្លាប់​ធ្វើបន្ទាល់​ថា ព្យាការី​គ្មាន​កិត្តិយស​នៅក្នុង​ស្រុកកំណើត​របស់ខ្លួន​ទេ​។ នៅពេល​ព្រះយេស៊ូវ​យាង​មកដល់​កាលីឡេ អ្នកកាលីឡេ​ក៏​ទទួល​ព្រះអង្គ ដោយសារ​ឃើញ​ការ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​ពិធីបុណ្យ ពីព្រោះ​ពួកគេ​បាន​ទៅ​ពិធីបុណ្យ​នោះ​ដែរ​។ ព្រះយេស៊ូវ​យាង​មកដល់​កាណា​ក្នុង​កាលីឡេ​ម្ដងទៀត ជា​កន្លែងដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយជា​ស្រាទំពាំងបាយជូរ​។ មាន​មន្ត្រីរាជការ​ម្នាក់ ដែល​កូនប្រុស​របស់គាត់​មានជំងឺ​នៅ​កាពើណិម​។ នៅពេល​គាត់​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ គាត់​ក៏​ទៅរក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ចុះទៅ​ប្រោស​កូន​របស់​គាត់​ឲ្យជា ពីព្រោះ​កូននោះ​ជិត​ស្លាប់​ហើយ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖ “​ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ​”។ មន្ត្រីរាជការ​នោះ​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់​អើយ សូមអញ្ជើញ​ចុះទៅ មុន​នឹង​កូន​របស់ខ្ញុំ​ស្លាប់​!​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​អញ្ជើញ​ទៅ​ចុះ កូន​របស់លោក​នៅរស់​ទេ ”​។ អ្នក​នោះ​បាន​ជឿ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់ ហើយ​ចេញទៅ​។ ខណៈដែល​គាត់​កំពុង​ចុះទៅ ពួក​បាវបម្រើ​របស់​គាត់​មកជួប​គាត់ ហើយ​ប្រាប់ ​ថា​កូនប្រុស​របស់​គាត់​នៅរស់​ទេ​។ គាត់​ក៏​សួរ​ពួកគេ​អំពី​ម៉ោង​ដែល​កូនគាត់​បាន​ធូរស្បើយ នោះ​ពួកគេ​ប្រាប់​គាត់​ថា​៖ “​ម៉ោង​មួយរសៀល ​ម្សិលមិញ គ្រុន​បាន​ចាកចេញ​ពី​កូនរបស់លោក​ហើយ​”។ ឪពុក​បាន​ដឹង​ថា គឺ​នៅ​ម៉ោង​នោះឯង ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​: “​កូន​របស់លោក​នៅរស់​ទេ​” ដូច្នេះ គាត់​ក៏​ជឿ ព្រមទាំង​គ្រួសារ​ទាំងមូល​របស់​គាត់​ផង​។ ព្រះយេស៊ូវ​បាន​ធ្វើ​ទីសម្គាល់​ទីពីរ​នេះ នៅពេល​ព្រះអង្គ​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ​៕ បន្ទាប់ពីការទាំងនេះ មាន​ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា ហើយ​ព្រះយេស៊ូវ​យាង​ឡើងទៅ​យេរូសាឡិម​។ នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ ​ថា “​បេថែសដា ​” ដែល​មាន​របៀង​ប្រាំ​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ដែល​មានជំងឺ គឺ​ខ្វាក់ភ្នែក ខ្វិន និង​ក្រញង់ កំពុង​ដេក​តាម​របៀង​ទាំងនោះ​។ ពួកគេ​រង់ចាំ​ទឹកស្រះកម្រើក ដ្បិត​មាន​ទូតសួគ៌​ចុះមក​ក្នុង​ស្រះ​ម្ដងម្កាល ហើយ​កូរ​ទឹក​។ បន្ទាប់ពី​ការកូរទឹក​នោះ អ្នក​ដែល​ចុះ​មុនគេ​នឹង​ត្រូវបាន​ប្រោសឲ្យ​ជា ទោះបីជា​មានជំងឺ​អ្វីក៏ដោយ​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ដែល​មានជំងឺ​សាមសិបប្រាំបី​ឆ្នាំ​មកហើយ​។ ព្រះយេស៊ូវ​ទត​ឃើញ​បុរសនោះ​កំពុង​ដេក ហើយ​ជ្រាប​ថា គាត់​នៅ​យ៉ាងនោះ​យូរយារ​មកហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖ “​តើ​អ្នក​ចង់​ជា​ឬទេ​?​”។ អ្នកជំងឺ​នោះ​ទូល​តបថា​៖ “​លោកម្ចាស់ នៅពេល​ដែល​ទឹក​កម្រើក ខ្ញុំ​គ្មាន​អ្នកណា​ជួយ​ដាក់​ខ្ញុំ​ទៅក្នុង​ស្រះ​ទេ ហើយ​នៅពេល​ខ្ញុំ​កំពុង​ទៅ ក៏​មាន​អ្នកផ្សេង​ចុះទៅ​មុន​ខ្ញុំ​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក ហើយ​ដើរ​ទៅចុះ​!​”​។ បុរស​នោះ​ក៏​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​គាត់​ដើរ​ទៅ​។ ថ្ងៃ​នោះ ជា​ថ្ងៃសប្ប័ទ ​។ ដូច្នេះ ពួកយូដា​ក៏​និយាយ​នឹង​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ​ថា​៖ “​ថ្ងៃនេះ​ជា​ថ្ងៃសប្ប័ទ ដូច្នេះ​អ្នក​យក​កន្ទេល​របស់អ្នក ខុសច្បាប់​ហើយ​”។ បុរសនោះ​ក៏​តប​នឹង​ពួកគេ​ថា​៖ “​អ្នក​ដែល​ធ្វើឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា​: ‘​ចូរ​យក​កន្ទេល​របស់អ្នក ហើយ​ដើរ​ទៅចុះ​’​”។ ពួកគេ​សួរ​គាត់​ថា​៖ “​តើ​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​: ‘​យក​កន្ទេល ហើយ​ដើរ​ទៅ​’ ជា​នរណា​?​”។ ប៉ុន្តែ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ មិន​បាន​ដឹង​ថា​ជា​នរណា​ទេ ពីព្រោះ​មាន​ហ្វូងមនុស្ស​នៅ​កន្លែង​នោះ ហើយ​ព្រះយេស៊ូវ​បាន​យាង​ចេញទៅស្ងាត់ៗ​។ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “​មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក​”។ បុរស​នោះ​ក៏​ចេញទៅ ហើយ​រាយការណ៍ប្រាប់​ពួកយូដា​ថា អ្នក​ដែល​ធ្វើឲ្យ​គាត់​ជា​គឺ​ព្រះយេស៊ូវ​។ នេះជាហេតុដែល​ពួកយូដា​បៀតបៀន​ព្រះយេស៊ូវ គឺ​ពីព្រោះ​ព្រះអង្គ​ទ្រង់​ធ្វើ​ការទាំងនេះ​នៅ​ថ្ងៃសប្ប័ទ​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​រហូតមកដល់​ពេលនេះ ព្រះ​បិតា​របស់ខ្ញុំ​ធ្វើការ ហើយខ្ញុំក៏​ធ្វើការ​ដែរ​”។ ហេតុនេះហើយបានជា​ពួកយូដា​កាន់តែ​ចង់​ធ្វើគុត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​មិនគ្រាន់តែ​ល្មើស​នឹង​ថ្ងៃសប្ប័ទ​ប៉ុណ្ណោះទេ គឺថែមទាំង​ហៅ​ព្រះ​ថា​ជា​បិតា​របស់ខ្លួន​ទៀតផង ដោយ​លើក​អង្គទ្រង់​ស្មើ​នឹង​ព្រះ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះបុត្រា​មិនអាច​ធ្វើ​អ្វី​ដោយ​អង្គទ្រង់​បានឡើយ លើកលែងតែ​ព្រះបុត្រា​ឃើញ​ព្រះ​បិតា​ធ្វើ ពីព្រោះ​អ្វីៗដែល​ព្រះបិតា​ធ្វើ ព្រះបុត្រា​ក៏​ធ្វើ​ការទាំងនោះ​ដូចគ្នា​ដែរ​។ ជាការពិត ព្រះ​បិតា​ស្រឡាញ់​ព្រះបុត្រា ហើយ​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ទាំងអស់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ​; ព្រះបិតា​នឹង​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ដ៏​ធំជាង​នេះ​ទៅទៀត ដើម្បីឲ្យ​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​។ ព្រោះថា​ព្រះ​បិតា​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ហើយ​ផ្ដល់ជីវិត​យ៉ាងណា ព្រះបុត្រា​ក៏​ផ្ដល់ជីវិត​ដល់​អ្នកដែល​ព្រះបុត្រា​ចង់​ផ្ដល់ឲ្យ​យ៉ាងនោះ​ដែរ​។ ពោលគឺ ព្រះ​បិតា​មិន​ជំនុំជម្រះ​អ្នកណាទេ ប៉ុន្តែ​ព្រះបិតា​បាន​ប្រគល់​ការជំនុំជម្រះ​ទាំងស្រុង​ដល់​ព្រះបុត្រា​រួចហើយ ដើម្បីឲ្យ​មនុស្ស​ទាំងអស់​គោរពកោតខ្លាច​ព្រះបុត្រា ដូចដែល​គោរពកោតខ្លាច​ព្រះ​បិតា​ដែរ​។ អ្នក​ដែល​មិន​គោរពកោតខ្លាច​ព្រះបុត្រា ក៏​មិន​គោរពកោតខ្លាច​ព្រះ​បិតា​ដែល​ចាត់​ព្រះបុត្រា​ឲ្យមក​ដែរ​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​មនុស្សស្លាប់​នឹង​ឮ​សំឡេង​ព្រះបុត្រារបស់ព្រះ ហើយ​អ្នក​ដែល​ឮ​នឹង​រស់​។ ជាការពិត ព្រះ​បិតា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងណា ព្រះអង្គ​ក៏​ផ្ដល់​ឲ្យ​ព្រះបុត្រា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងនោះ​ដែរ​; ហើយ​ព្រះបិតា​បាន​ផ្ដល់​សិទ្ធិអំណាច​ដល់​ព្រះបុត្រា​ឲ្យ​ជំនុំជម្រះ ពីព្រោះ​ព្រះបុត្រា​ជា​កូនមនុស្ស​។ កុំ​ភ្ញាក់ផ្អើល​នឹង​ការនេះ​ឡើយ គឺថា​ពេលវេលា​នឹង​មក ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះបុត្រា ហើយ​ចេញមក​; អ្នក​ដែល​ប្រព្រឹត្តការល្អ​នឹង​រស់ឡើងវិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​នឹង​រស់ឡើងវិញ ដើម្បី​ត្រូវបាន​ជំនុំជម្រះ​។ “​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​ដោយ​ខ្លួនខ្ញុំ​បានឡើយ ខ្ញុំ​ជំនុំជម្រះ​តាមដែល​ខ្ញុំ​ឮ ហើយ​ការជំនុំជម្រះ​របស់ខ្ញុំ​គឺ​សុចរិតយុត្តិធម៌ ពីព្រោះ​ខ្ញុំ​មិន​ស្វែងរក​បំណង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ស្វែងរក​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ។ “​ប្រសិនបើ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ ពាក្យបន្ទាល់​របស់ខ្ញុំ​គឺ​មិន​ពិត​ទេ​។ មាន​ម្នាក់ទៀត​ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ ខ្ញុំ​ក៏​ដឹង​ហើយ​ថា ពាក្យបន្ទាល់ដែល​អ្នកនោះ​ធ្វើបន្ទាល់​អំពី​ខ្ញុំ​គឺ​ពិត​។ អ្នករាល់គ្នា​បាន​ចាត់​គេ​ឲ្យទៅ​រក​យ៉ូហាន គាត់​ក៏​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ តាមពិត ខ្ញុំ​មិន​ទទួលយក​ពាក្យបន្ទាល់​ពី​មនុស្ស​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​សេចក្ដីទាំងនេះ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​សង្គ្រោះ​។ យ៉ូហាន​ជា​ចង្កៀង​ដែល​ឆេះ​បញ្ចេញពន្លឺ ហើយ​អ្នករាល់គ្នា​ក៏​ចង់​ត្រេកអរ​ក្នុង​ពន្លឺ​របស់​គាត់​មួយរយៈ​។ “​ប៉ុន្តែ​ខ្ញុំ​មាន​ពាក្យបន្ទាល់​ប្រសើរជាង​ពាក្យបន្ទាល់​របស់​យ៉ូហាន​។ ព្រោះថា​ការងារ​ដែល​ព្រះ​បិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​ការងារ​ទាំងនោះ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ហ្នឹងហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក​។ ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គ​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ហើយ​។ អ្នករាល់គ្នា​មិន​ធ្លាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ ហើយក៏មិន​ធ្លាប់​ឃើញ​រូបសណ្ឋាន​របស់​ព្រះអង្គ​ដែរ ព្រមទាំង​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​ខ្លួន​ផង ពីព្រោះ​អ្នករាល់គ្នា​មិន​ជឿ​ម្នាក់​ដែល​ព្រះអង្គ​បាន​ចាត់ឲ្យមក​ទេ​។ អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ចង់​មករក​ខ្ញុំ ដើម្បី​បាន​ជីវិត​ទេ​។ “​ខ្ញុំ​មិន​ទទួលយក​សិរីរុងរឿង​ពី​មនុស្ស​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​គ្មាន​សេចក្ដីស្រឡាញ់របស់ព្រះ​នៅក្នុង​ខ្លួន​ឡើយ​។ ខ្ញុំ​បាន​មក​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួល​ខ្ញុំ​ទេ​; ប្រសិនបើ​មាន​អ្នកដទៃ​មក​ក្នុង​នាម​របស់ខ្លួន​គេ អ្នករាល់គ្នា​នឹង​ទទួល​អ្នកនោះ​វិញ​។ តើ​អ្នករាល់គ្នា​អាច​ជឿ​យ៉ាងដូចម្ដេច​បាន ខណៈដែល​អ្នករាល់គ្នា​ទទួលយក​សិរីរុងរឿង​ពី​គ្នាទៅវិញទៅមក ប៉ុន្តែ​មិន​ស្វែងរក​សិរីរុងរឿង​ពី​ព្រះ​តែមួយអង្គ​គត់​? កុំ​គិត​ថា ខ្ញុំ​នឹង​ចោទប្រកាន់​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​បិតា​ឡើយ មាន​ម្នាក់​ដែល​ចោទប្រកាន់​អ្នករាល់គ្នា​ហើយ គឺ​ម៉ូសេ​ដែល​អ្នករាល់គ្នា​យកជាទីសង្ឃឹម​។ តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ជឿ​ម៉ូសេ ម្ល៉េះសម​អ្នករាល់គ្នា​បាន​ជឿ​ខ្ញុំ ពីព្រោះ​លោក​បាន​សរសេរ​អំពី​ខ្ញុំ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​សំណេរ​របស់​លោក​ទេ តើ​អ្នករាល់គ្នា​នឹង​ជឿ​ពាក្យ​របស់ខ្ញុំ​យ៉ាងដូចម្ដេច​?​”៕ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​បឹង ​កាលីឡេ (​ឬ​បឹង​ទីបេរាស​)​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ពីព្រោះ​ពួកគេ​បាន​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​ដល់​ពួក​អ្នកមានជំងឺ​។ ព្រះយេស៊ូវ​ក៏​យាង​ឡើង​ទៅលើ​ភ្នំ ហើយ​គង់ចុះ​នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​។ ពេលនោះ បុណ្យរំលង​ដែលជា​ពិធីបុណ្យ​របស់​ជនជាតិយូដា ជិត​មកដល់​ហើយ​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រឡើង ហើយ​ឃើញ​ថា​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កំពុង​មករក​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ភីលីព​ថា​៖ “​តើ​យើង​ទិញ​នំប៉័ង​មក​ពីណា ដើម្បីឲ្យ​អ្នកទាំងនេះ​បាន​ហូប​?​”។ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់ ពីព្រោះ​ព្រះអង្គផ្ទាល់​ជ្រាប​រួចហើយ​នូវ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​។ ភីលីព​ទូល​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “​នំប៉័ង​អស់​ពីររយ​ឌេណារី ក៏​មិន​ល្មម​ឲ្យ​ម្នាក់ៗ​ទទួលបាន​បន្តិចបន្តួច​ផង​”​។ ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះអង្គ​ថា​៖ “​នៅ​ទីនេះ មាន​ក្មេងប្រុស​ម្នាក់​ដែល​មាន​នំប៉័ង​ស្រូវបាឡេ​ប្រាំ និង​ត្រី​ពីរ ប៉ុន្តែ​របស់​ទាំងនេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​ដូច្នេះ​?​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​ឲ្យ​មនុស្ស​ទាំងអស់​អង្គុយ​ចុះ​”។ នៅ​កន្លែង​នោះ​មាន​ស្មៅ​ច្រើន ដូច្នេះ​ពួកគេ​ក៏​អង្គុយ​។ មាន​មនុស្សប្រុស​ចំនួន​ប្រមាណ​ប្រាំពាន់​នាក់​។ បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​អរព្រះគុណ រួច​ចែក ​ឲ្យ​ពួក​អ្នក​ដែល​កំពុង​អង្គុយ​ទាំងនោះ តាមដែល​ពួកគេ​ចង់បាន រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។ នៅពេល​ពួកគេ​ឆ្អែត​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “​ចូរ​ប្រមូល​បំណែក​ដែល​សេសសល់ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ​”។ ដូច្នេះ ពួកគេ​ក៏​ប្រមូល​បំណែក​ពី​នំប៉័ង​ស្រូវបាឡេ​ប្រាំ​នោះ ដែល​សេសសល់​ពី​អ្នកហូប ដាក់​បាន​ពេញ​ដប់ពីរ​កន្ត្រក​។ នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “​លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!​”។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។ លុះដល់​ពេលល្ងាច ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​មាត់​បឹង ហើយ​ជិះ​ទូក​ឆ្លង​បឹង​ទៅ​កាពើណិម​។ ពេលនោះ​ភាពងងឹត​ចូលមក​ហើយ ប៉ុន្តែ​ព្រះយេស៊ូវ​មិនទាន់​យាង​មករក​ពួកគេ​នៅឡើយទេ​។ ទឹក​បឹង​ក៏​រំជួលឡើង ដោយសារ​ខ្យល់​បក់​យ៉ាងខ្លាំង​។ នៅពេល​អុំទូក​បាន​ប្រមាណ​ប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេ​ឃើញ​ព្រះយេស៊ូវ​កំពុង​យាង​លើ​ទឹក​បឹង ហើយ​មក​ជិត​ទូក នោះ​ពួកគេ​ក៏​ភ័យខ្លាច​។ ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​គឺ​ខ្ញុំ​ទេតើ កុំ​ខ្លាច​ឡើយ​!​”។ ដូច្នេះ ពួកគេ​ក៏​ព្រម​ទទួល​ព្រះអង្គ​មកក្នុង​ទូក ហើយ​ភ្លាមនោះ​ទូក​បាន​ទៅដល់​តំបន់​ដែល​ពួកគេ​បម្រុង​ទៅ​។ នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​ដែល​នៅ​ត្រើយម្ខាង​ដដែល​នោះ​បាន​ដឹង​ថា គ្មាន​ទូកតូច​ផ្សេង​នៅ​ទីនោះ​ឡើយ លើកលែងតែ​ទូកតូច​មួយ​ប៉ុណ្ណោះ ហើយ​ដឹង​ថា​ព្រះយេស៊ូវ​មិន​បាន​យាង​ចូល​ក្នុង​ទូក​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទេ គឺ​ពួក​សិស្ស​បាន​ចេញទៅ​តែគ្នាគេ​។ មាន​ទូកតូច​ផ្សេងៗ​មក​ពី​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​ហូប​នំប៉័ង ក្រោយពី​ព្រះអម្ចាស់​បាន​អរព្រះគុណ​។ ដូច្នេះ នៅពេល​ហ្វូងមនុស្ស​ឃើញ​ថា ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទីនោះ ពួកគេ​ក៏​ជិះ​ទូកតូច​ទាំងនោះ​ទៅ​កាពើណិម​តាមរក​ព្រះយេស៊ូវ​។ ពេល​រក​ព្រះអង្គ​ឃើញ​នៅ​ត្រើយម្ខាង​បឹង ពួកគេ​ក៏​ទូលថា​៖ “​រ៉ាប៊ី តើ​លោក​មក​ដល់​ទីនេះ​ពីអង្កាល់​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​រក​ខ្ញុំ​មិនមែន​ដោយសារ​បាន​ឃើញ​ទីសម្គាល់​ទេ ប៉ុន្តែ​ដោយសារ​បាន​ហូប​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ​។ កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ​”។ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​យើងខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ធ្វើ​ការងារ​របស់​ព្រះ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​ថា​៖ “​នេះ​ជា​ការងារ​របស់​ព្រះ គឺឲ្យ​អ្នករាល់គ្នា​ជឿលើ​ម្នាក់​ដែល​ព្រះ​ចាត់ឲ្យមក​”។ ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ “​ចុះ​លោក​ធ្វើ​ទីសម្គាល់​អ្វី ដើម្បីឲ្យ​យើងខ្ញុំ​ឃើញ ហើយ​ជឿ​លោក​បាន​? តើ​លោក​នឹង​ធ្វើ​អ្វី​? ដូនតា​របស់យើងខ្ញុំ​បាន​ហូប​ម៉ាណា​នៅ​ទីរហោស្ថាន ដូចដែល​មាន​សរសេរ​ទុកមក​ថា​: ‘​ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ឲ្យ​ពួកគេ​ហូប​’ ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែន​ម៉ូសេ​ទេ ដែល​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា គឺ​ព្រះ​បិតា​របស់ខ្ញុំ​វិញ​ទេតើ ដែល​ប្រទាន​នំប៉័ង​ដ៏ពិត​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា​។ ដ្បិត​នំប៉័ង​របស់​ព្រះ គឺជា​ម្នាក់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ហើយ​ផ្ដល់ជីវិត​ដល់​មនុស្សលោក​”។ ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់ សូម​ឲ្យ​នំប៉័ង​នេះ​មក​យើងខ្ញុំ​ជានិច្ច​ផង​”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​បាន​ឃើញ​ខ្ញុំ ​ តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោល ជាដាច់ខាត ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។ នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ​ គឺកុំឲ្យ​ខ្ញុំ​បាត់បង់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ខ្ញុំ ប៉ុន្តែ​លើក​ពួកគេ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ​ គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​”។ ពេលនោះ ពួកយូដា​រអ៊ូរទាំ​អំពី​ព្រះយេស៊ូវ ពីព្រោះ​ព្រះអង្គ​មានបន្ទូលថា​: “​គឺ​ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌​”​។ ពួកគេ​និយាយថា​៖ “​តើ​អ្នកនេះ​មិនមែន​ជា​យេស៊ូវ​កូន​របស់​យ៉ូសែប ដែល​យើង​ក៏​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់គាត់​ទេ​ឬ​? ម្ដេចក៏​ឥឡូវ​គាត់​និយាយ​ថា​: ‘​ខ្ញុំ​ចុះមក​ពី​ស្ថានសួគ៌​’ ​?​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ​។ គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ទាញ​អ្នកនោះ​មក​ប៉ុណ្ណោះ ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។ ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​: ‘​ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ​’​។ អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។ នេះ​មិនមែន​ថា មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​បិតា​ឡើយ មានតែ​ម្នាក់​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ គឺ​អ្នកនោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ​បិតា​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿ​ខ្ញុំ ​ មាន​ជីវិតអស់កល្បជានិច្ច​។ គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប​ម៉ាណា​នៅ​ទីរហោស្ថាន ប៉ុន្តែ​ពួកគេ​បាន​ស្លាប់​ហើយ​។ នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ ដើម្បីឲ្យ​អ្នកណា​ដែល​ហូប​នំប៉័ងនេះ មិន​ស្លាប់​ឡើយ​។ គឺ​ខ្ញុំ​ជា​នំប៉័ង​ដ៏​រស់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ប្រសិនបើ​អ្នកណា​ហូប​នំប៉័ង​នេះ អ្នកនោះ​នឹង​រស់​ជារៀងរហូត​។ នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺជា​រូបសាច់​របស់ខ្ញុំ ​ សម្រាប់​ជីវិត​របស់​មនុស្សលោក​”​។ ដូច្នេះ ពួកយូដា​ក៏​ឈ្លោះប្រកែក​គ្នា​ថា​៖ “​តើ​អ្នកនេះ​អាច​ឲ្យ​សាច់​របស់​ខ្លួន​មក​យើង​ហូប​យ៉ាងដូចម្ដេច​បាន​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​ហូប​សាច់​របស់​កូនមនុស្ស និង​មិន​ផឹក​ឈាម​របស់​លោក​ទេ អ្នករាល់គ្នា​គ្មាន​ជីវិត​នៅក្នុង​ខ្លួន​ឡើយ​។ អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ មាន​ជីវិតអស់កល្បជានិច្ច ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់ ពីព្រោះ​សាច់​របស់ខ្ញុំ​ជា​អាហារ​ដ៏ពិត ហើយ​ឈាម​របស់ខ្ញុំ​ជា​គ្រឿងផឹក​ដ៏ពិត​។ អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ ព្រះ​បិតា​ដែល​មានព្រះជន្មរស់​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយខ្ញុំ​រស់​ដោយសារតែ​ព្រះ​បិតា​យ៉ាងណា អ្នក​ដែល​ហូប​ខ្ញុំ ក៏​នឹង​រស់​ដោយសារតែ​ខ្ញុំ​យ៉ាងនោះ​ដែរ​។ នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដូច​ម៉ាណា ដែល​ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប ហើយ​ស្លាប់​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ហូប​នំប៉័ង​នេះ​នឹង​រស់​ជារៀងរហូត​”​។ ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ នៅក្នុង​សាលាប្រជុំ ពេល​ព្រះអង្គ​កំពុង​បង្រៀន​នៅ​កាពើណិម​។ មាន​ច្រើន​នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឮ​ដូច្នេះ ក៏​និយាយថា​៖ “​ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន​?​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ថា ពួក​សិស្ស​របស់​ព្រះអង្គ​កំពុង​រអ៊ូរទាំ​អំពី​រឿង​នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​រឿងនេះ​ធ្វើឲ្យ​អ្នករាល់គ្នា​ជំពប់ដួល​ឬ​? ចុះបើ​អ្នករាល់គ្នា​ឃើញ​កូនមនុស្ស​ឡើងទៅ​កន្លែងដែល​លោក​នៅ​ពីមុន​វិញ តើយ៉ាងណាទៅ​! គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​អ្នករាល់គ្នា​ដែល​មិន​ជឿ​”។ ជាការពិត ព្រះយេស៊ូវ​ទ្រង់​ជ្រាប​តាំងពី​ដំបូង​ហើយ​ថា អ្នកណា​ជា​អ្នក​ដែល​មិន ​ជឿ ហើយ​អ្នកណា​ជា​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “​ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ព្រះ​បិតា​ប៉ុណ្ណោះ​’​”​។ តាំងពីពេលនោះមក សិស្ស​របស់​ព្រះយេស៊ូវ​ជាច្រើន​ក៏​ដកខ្លួនថយ ហើយ​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​សាវ័ក ​ទាំង​ដប់ពីរ​នាក់​ថា​៖ “​អ្នករាល់គ្នា​ក៏​មិន​ចង់​ចាកចេញ​ដែរ មែនទេ​?​”​។ ស៊ីម៉ូន​ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​នឹង​ទៅរក​នរណា​? ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​នៃ​ជីវិតអស់កល្បជានិច្ច​។ យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ ​”​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទាំង​ដប់ពីរ​នាក់​ទេ​ឬ​? ប៉ុន្តែ​ម្នាក់​ក្នុង​អ្នករាល់គ្នា​ជា​មារ​”​។ ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​យូដាស កូន ​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ គាត់នេះ​ហើយ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ ទោះបី​គាត់​ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏ដោយ​៕ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាងចុះឡើង​តែ​នៅ​កាលីឡេ គឺ​ព្រះអង្គ​មិន​ចង់​យាងចុះឡើង​នៅ​យូឌា​ទេ ពីព្រោះ​ពួកយូដា​រក​ធ្វើគុត​ព្រះអង្គ​។ ពេលនោះ ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា គឺ​បុណ្យបោះជំរំ​ជិត​មក​ដល់ហើយ​។ ដូច្នេះ ប្អូន​ៗ​របស់​ព្រះយេស៊ូវ​ក៏​និយាយ​នឹង​ព្រះអង្គ​ថា​៖ “​ចូរ​ចេញ​ពីទីនេះ​ទៅ​យូឌា​ទៅ ដើម្បីឲ្យ​ពួក​សិស្ស​របស់បង​បាន​ឃើញ​កិច្ចការ​ដែល​បង​កំពុង​ធ្វើ​។ ព្រោះថា​គ្មានអ្នកណា​ធ្វើ​អ្វីមួយ​ដោយ​សម្ងាត់​ឡើយ នៅពេល​ដែល​ចង់​ឲ្យ​គេស្គាល់​ខ្លួន​ជា​សាធារណៈ​។ បើសិន​បង​ធ្វើ​ការទាំងនេះ ចូរ​សម្ដែង​ខ្លួន​ដល់​មនុស្សលោក​ចុះ​”​។ តាមពិត សូម្បីតែ​ប្អូន​ៗ​របស់​ព្រះអង្គ​ក៏មិន​ជឿលើ​ព្រះអង្គ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ពេលវេលា​របស់​ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ ប៉ុន្តែ​ពេលវេលា​របស់អ្នករាល់គ្នា​មាន​ជានិច្ច​ហើយ​។ ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។ អ្នករាល់គ្នា​ឡើងទៅ​ពិធីបុណ្យ​នេះ​ចុះ ខ្ញុំ​មិនទាន់​ឡើងទៅ​ពិធីបុណ្យ​នេះ​ទេ ពីព្រោះ​ពេលវេលា​របស់ខ្ញុំ​មិនទាន់​គ្រប់កំណត់​នៅឡើយ​”​។ ពេល​ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ក៏​គង់​នៅ​កាលីឡេ​។ ប៉ុន្តែ​នៅពេល​ប្អូន​ៗ​របស់​ព្រះអង្គ​ឡើងទៅ​ពិធីបុណ្យ​នោះ​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅ​ដែរ មិនមែន​ដោយ​បើកចំហ​ទេ គឺ​ដូចជា​ទៅ​ដោយ​សម្ងាត់​វិញ​។ ពួកយូដា​កំពុង​រក​ព្រះអង្គ​នៅក្នុង​ពិធីបុណ្យ​នោះ ដោយ​សួរថា​៖ “​តើ​អ្នកនោះ​នៅ​ឯណា​?​”​។ មាន​ការខ្សឹបខ្សៀវ​ជាច្រើន​អំពី​ព្រះអង្គ​នៅក្នុងចំណោម​ហ្វូងមនុស្ស​; អ្នកខ្លះ​និយាយ​ថា​៖ “​គាត់​ជា​មនុស្ស​ល្អ​” អ្នកខ្លះទៀត​ថា​៖ “​ទេ គាត់​កំពុង​បោកបញ្ឆោត​ប្រជាជន​”។ ប៉ុន្តែ​គ្មានអ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើកចំហ​ឡើយ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ នៅ​ពាក់កណ្ដាល​ពិធីបុណ្យ ព្រះយេស៊ូវ​យាង​ឡើងទៅ​ព្រះវិហារ ហើយ​ចាប់ផ្ដើម​បង្រៀន​។ ដូច្នេះ ពួកយូដា​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “​អ្នកនេះ​មិនដែល​រៀន​សោះ តើ​ចេះ​គម្ពីរ​យ៉ាងដូចម្ដេច​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖ “​សេចក្ដីបង្រៀន​របស់ខ្ញុំ​មិនមែន​ជា​របស់ខ្ញុំ​ទេ ប៉ុន្តែ​ជា​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។ អ្នក​ដែល​និយាយ​ចេញពី​ខ្លួនឯង ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួនឯង រីឯ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង​របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យមក អ្នកនោះ​គឺ​ពិតត្រង់ ហើយ​គ្មាន​សេចក្ដីទុច្ចរិត​នៅក្នុង​អ្នកនោះ​ឡើយ​។ តើ​ម៉ូសេ​មិន​បាន​ប្រគល់​ក្រឹត្យវិន័យ​នេះ​ដល់​អ្នករាល់គ្នា​ទេ​ឬ​? ប៉ុន្តែ​ក្នុង​អ្នករាល់គ្នា គ្មានអ្នកណា​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​នោះ​ឡើយ​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ​?​”​។ ហ្វូងមនុស្ស​ឆ្លើយថា​៖ “​អ្នក​មានអារក្សចូល​ហើយ​! តើ​នរណា​ចង់​សម្លាប់​អ្នក​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​មួយ ហើយ​អ្នក​ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល​។ ម៉ូសេ​បាន​ប្រគល់​ពិធីកាត់ស្បែក​ដល់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក៏​ធ្វើពិធីកាត់ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃសប្ប័ទ (​តាមពិត មិនមែន​មក​ពី​ម៉ូសេ​ទេ គឺ​មកពី​ដូនតា​វិញ​)​។ ប្រសិនបើ​មនុស្ស​ទទួល​ពិធីកាត់ស្បែក​នៅ​ថ្ងៃសប្ប័ទ ដើម្បីកុំឲ្យ​ល្មើស​ក្រឹត្យវិន័យ​របស់​ម៉ូសេ តើ​អ្នករាល់គ្នា​ខឹង​នឹង​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​ជា​ទាំងស្រុង​នៅ​ថ្ងៃសប្ប័ទ​ឬ​? កុំ​វិនិច្ឆ័យ​តាម​បែបខាងក្រៅ​ឡើយ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​តាម​ការកាត់ទោស​ដ៏សុចរិតយុត្តិធម៌​វិញ​”​។ មាន​អ្នក​យេរូសាឡិម​ខ្លះ​និយាយថា​៖ “​តើ​មិនមែន​ជា​អ្នកនេះ​ទេ​ឬ ដែល​គេ​ចង់​សម្លាប់​? មើល៍! គាត់​កំពុង​និយាយ​ដោយ​បើកចំហ ហើយ​គេ​មិន​ថា​អ្វី​ឲ្យ​គាត់​សោះ​។ ប្រហែល​ពួក​មេគ្រប់គ្រង​បាន​ដឹង​ពិតប្រាកដ​ថា អ្នកនេះ​ជា ​ព្រះ​គ្រីស្ទ​ទេដឹង​? យើង​ដឹង​ហើយ​ថា អ្នកនេះ​មក​ពីណា ប៉ុន្តែ​នៅពេល​ព្រះ​គ្រីស្ទ​យាង​មក គ្មានអ្នកណា​ដឹង​ថា​ព្រះអង្គ​មក​ពីណា​ឡើយ​”​។ ដូច្នេះ ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ថា​៖ “​អ្នករាល់គ្នា​ស្គាល់​ខ្ញុំ ហើយក៏​ដឹង​ថា​ខ្ញុំ​មក​ពីណា​ដែរ​។ តាមពិត ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គឺ​ពិតត្រង់ ហើយ​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​។ ខ្ញុំ​ស្គាល់​ព្រះអង្គ ពីព្រោះ​ខ្ញុំ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមក​”​។ ពេលនោះ ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “​នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?​”​។ ពួកផារិស៊ី​ឮ​ហ្វូងមនុស្ស​កំពុង​ខ្សឹបខ្សៀវ​រឿងទាំងនេះ​អំពី​ព្រះអង្គ​។ ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​ចាត់​តម្រួត​ឲ្យទៅ​ចាប់​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែបន្តិចទៀតទេ ហើយ​ខ្ញុំ​នឹង​ទៅឯ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​រកមិនឃើញ​ទេ ហើយ​អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​នៅ​បានឡើយ​”​។ ពួកយូដា​ក៏​និយាយ​គ្នា​ថា​៖ “​តើ​អ្នកនេះ​រៀបនឹង​ទៅ​ឯណា បានជា​យើង​នឹង​រក​គាត់​មិនឃើញ​? គាត់​មិនមែន​រៀបនឹង​ទៅ​រក​ពួក​ខ្ចាត់ខ្ចាយ​ក្នុង​ជនជាតិក្រិក ហើយ​បង្រៀន​ជនជាតិក្រិក​ទេ មែនទេ​? ពាក្យ​ដែល​គាត់​និយាយថា​: ‘​អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​រកមិនឃើញ​ទេ ហើយ​អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​នៅ​បានឡើយ​’ តើ​មានន័យ​ដូចម្ដេច​?​”​។ នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖ “​ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ ​ ហើយ​ផឹក​ចុះ​។ អ្នក​ដែល​ជឿលើ​ខ្ញុំ ជ្រោះ​នៃ​ទឹក​រស់​នឹង​ហូរ​ចេញពី​ជម្រៅចិត្ត​របស់​អ្នកនោះ ដូចដែល​បទគម្ពីរ​បាន​ចែង​ទុក​”​។ ព្រះអង្គ​មានបន្ទូល​សេចក្ដីនេះ អំពី​ព្រះវិញ្ញាណ​ដែល​អ្នក​ជឿលើ​ព្រះអង្គ​រៀបនឹង​ទទួល​។ ពេលនោះ ព្រះវិញ្ញាណ​មិនទាន់​យាង​មក​ទេ ពីព្រោះ​ព្រះយេស៊ូវ​មិនទាន់​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​នៅឡើយ​។ អ្នកខ្លះ ​ក្នុង​ហ្វូងមនុស្ស​ឮ​ពាក្យ​ទាំងនេះ ក៏​និយាយថា​៖ “​អ្នកនេះ​ពិតជា​ព្យាការី​នោះ​ហើយ​!​”​។ អ្នកខ្លះទៀត​ថា​៖ “​អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “​ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​? តើ​បទគម្ពីរ​មិន​បាន​ចែង​ថា ព្រះ​គ្រីស្ទ​មក​ពី​ពូជពង្ស​របស់​ដាវីឌ និង​ពី​បេថ្លេហិម​ជា​ភូមិ​ដែល​ដាវីឌ​បាន​រស់នៅ​ទេ​ឬ​?​”​។ ដូច្នេះ មាន​ការបាក់បែកគ្នា​កើតឡើង​ក្នុងចំណោម​ហ្វូងមនុស្ស ដោយសារតែ​ព្រះអង្គ​។ មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ​។ ពួក​តម្រួត​មករក​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​វិញ​។ អ្នកទាំងនោះ​ក៏​សួរ​ពួកតម្រួត​ថា​៖ “​ហេតុអ្វីបានជា​មិន​នាំ​អ្នកនោះ​មក​?​”​។ ពួក​តម្រួត​នោះ​ឆ្លើយថា​៖ “​មិនដែល​មាន​អ្នកណា​និយាយ​យ៉ាងនោះ​ដូចគាត់ ​ឡើយ​!​”​។ ពួកផារិស៊ី​ក៏​តប​នឹង​ពួកគេ​ថា​៖ “​មិនមែន​អ្នករាល់គ្នា​ក៏​ចាញ់បោក​អ្នកនោះ​ដែរ មែនទេ​? ក្នុង​ពួក​មេគ្រប់គ្រង ឬ​ពួកផារិស៊ី គ្មាន​អ្នកណា​ជឿលើ​អ្នកនោះ​ទេ មែនទេ​? ប៉ុន្តែ​ប្រជាជន​នេះ​ដែល​មិន​ស្គាល់​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ​!​”​។ នីកូដេម​ជា​អ្នក​ដែល​ធ្លាប់​មករក​ព្រះយេស៊ូវ​ពីមុន និង​ជា​ម្នាក់​ក្នុង​ពួកគេ និយាយថា​៖ “​ក្រឹត្យវិន័យ​របស់យើង​មិន​កាត់ទោស​មនុស្ស​ឡើយ លុះត្រាតែ​បាន​ឮ​ពី​អ្នកនោះ​ជាមុនសិន ហើយ​ដឹង​ថា​អ្នកនោះ​ប្រព្រឹត្ត​អ្វី មែនទេ​?​”។ ពួកគេ​តប​នឹង​គាត់​ថា​៖ “​មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!​”។ បន្ទាប់មក ម្នាក់ៗ​ក៏​ទៅផ្ទះ​របស់​ខ្លួន​វិញ​។ រីឯ​ព្រះយេស៊ូវ​យាង​ទៅ​ភ្នំ​ដើមអូលីវ​។ ព្រលឹមឡើង ព្រះយេស៊ូវ​យាង​មក​ដល់​ព្រះវិហារ​ម្ដងទៀត ប្រជាជន​ទាំងមូល​ក៏​មករក​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​គង់ចុះ ហើយ​ចាប់ផ្ដើម​បង្រៀន​ពួកគេ​។ ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​នាំ​ស្ត្រី​ម្នាក់​ដែល​គេ​ចាប់​បាន​ក្នុង​ការផិតក្បត់​មក ហើយ​ឲ្យ​នាង​ឈរ​នៅ​កណ្ដាលចំណោម រួច​ទូល​ព្រះអង្គ​ថា​៖ “​លោកគ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន នៅពេល​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​។ តាម​ក្រឹត្យវិន័យ ម៉ូសេ​បាន​បង្គាប់​យើង​ឲ្យ​គប់ដុំថ្មសម្លាប់​ស្ត្រី​បែបនេះ​។ ដូច្នេះ តើ​លោក​ថា​ដូចម្ដេច​?​”។ ពួកគេ​និយាយ​ល្បងល​ព្រះអង្គ​ដូច្នេះ ដើម្បីឲ្យ​បាន​រឿង ​ចោទប្រកាន់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះយេស៊ូវ​វិញ ព្រះអង្គ​ឱនចុះ ហើយ​ចាប់ផ្ដើម​សរសេរ​នៅលើ​ដី​ដោយ​ព្រះអង្គុលី ​។ នៅពេល​ពួកគេ​បន្ត​សួរ​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ងើបឡើង ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរឲ្យ​អ្នក​ដែល​គ្មានបាប​ក្នុងចំណោម​អ្នករាល់គ្នា គប់​នាង​នឹង​ដុំថ្ម​មុនគេ​ចុះ​!​”​។ រួច​ព្រះអង្គ​ទ្រង់​ឱន​ម្ដងទៀត ហើយ​សរសេរ​នៅលើ​ដី​។ ពួកគេ​ឮ​ដូច្នេះ ក៏​ចេញទៅ​ម្នាក់ម្ដងៗ​ចាប់ពី​មនុស្ស​ចាស់ជាងគេ ហើយ​សល់​តែ​ព្រះអង្គ និង​ស្ត្រី​ដែល​នៅ​កណ្ដាល​នោះ​ប៉ុណ្ណោះ​។ ព្រះយេស៊ូវ​ទ្រង់​ងើបឡើង ហើយ ​មានបន្ទូល​នឹង​នាង​ថា​៖ “​ស្ត្រី​អើយ តើ​ពួកគេ នៅ​ឯណា​? គ្មានអ្នកណា​ផ្ដន្ទាទោស​នាង​ទេ​ឬ​?​”។ នាង​ទូលថា​៖ “​គ្មានទេ ព្រះអម្ចាស់​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ខ្ញុំ​ក៏មិន​ផ្ដន្ទាទោស​នាង​ដែរ​។ ចូរ​ទៅ​ចុះ ចាប់ពីឥឡូវនេះទៅ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖ “​គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​”​។ ពួកផារិស៊ី​និយាយថា​៖ “​អ្នក​កំពុង​ធ្វើបន្ទាល់​អំពី​ខ្លួនអ្នក ពាក្យបន្ទាល់​របស់អ្នក​មិន​ពិត​ទេ​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ទោះបីជា​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ​ក៏ដោយ ក៏​ពាក្យបន្ទាល់​របស់ខ្ញុំ​គឺ​ពិត ពីព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ទីណា ហើយ​ទៅ​ទីណា រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​មិន​ដឹង​ថា ខ្ញុំ​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ​។ អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​សាច់ឈាម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណាឡើយ​។ ប៉ុន្តែ​ទោះបើ​ខ្ញុំ​វិនិច្ឆ័យ​ក៏ដោយ ក៏​ការវិនិច្ឆ័យ​របស់ខ្ញុំ​គឺ​ពិត ពីព្រោះ​ខ្ញុំ​មិនមែន​នៅ​តែម្នាក់ឯង​ទេ គឺ​មាន​ខ្ញុំ និង​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ សូម្បីតែ​នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា ក៏​មាន​សរសេរ​ទុកមក​ថា ពាក្យបន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ពិត​ហើយ​។ គឺ​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ ហើយ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ក៏​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​”។ ពួកគេ​សួរ​ព្រះអង្គ​ថា​៖ “​តើ​បិតា​របស់អ្នក​នៅ​ឯណា​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​អ្នករាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយក៏មិន​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្គាល់​ខ្ញុំ ម្ល៉េះសម​អ្នករាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​”​។ ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដី​ទាំងនេះ​នៅ​ទីដាក់តង្វាយ ពេល​ព្រះអង្គ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ប៉ុន្តែ​គ្មានអ្នកណា​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖ “​ខ្ញុំ​នឹង​ចាកចេញទៅ ហើយ​អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន​។ អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ​”​។ ពួកយូដា​ក៏​និយាយថា​៖ “​គាត់​នឹង​សម្លាប់​ខ្លួន​ទេដឹង​? ពីព្រោះ​គាត់​ថា​: ‘​អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ​’​ ​”​។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​អ្នករាល់គ្នា​មក​ពី​ខាងក្រោម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ខាងលើ​។ អ្នករាល់គ្នា​ជា​របស់​ពិភពលោកនេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិនមែន​ជា​របស់​ពិភពលោកនេះ​ទេ​។ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន​’​។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”​។ ពួកគេ​ក៏​សួរថា​៖ “​តើ​អ្នក​ជា​នរណា​?​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​គឺ​អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​តាំងពី​ដំបូង​មកម្ល៉េះ​។ ទាក់ទងនឹង​អ្នករាល់គ្នា ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​និយាយ និង​ត្រូវ​វិនិច្ឆ័យ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​គឺ​ពិតត្រង់ ហើយ​អ្វីៗដែល​ខ្ញុំ​ឮ​ពី​ព្រះអង្គ ខ្ញុំក៏​ប្រាប់​សេចក្ដីទាំងនោះ​ដល់​មនុស្សលោក​”​។ ពួកគេ​មិន​យល់​ថា ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​អំពី​ព្រះ​បិតា​ទេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ “​ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គង់នៅ​ជាមួយ​ខ្ញុំ ព្រះអង្គ មិន​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​ឡើយ ពីព្រោះ​ខ្ញុំ​ធ្វើ​អ្វី​ដែល​គាប់ព្រះហឫទ័យ​ព្រះអង្គ​ជានិច្ច​”​។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអង្គ​។ បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖ “​ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។ អ្នករាល់គ្នា​នឹង​ស្គាល់​សេចក្ដីពិត ហើយ​សេចក្ដីពិត​នឹង​រំដោះ​អ្នករាល់គ្នា​ឲ្យមានសេរីភាព​”។ ពួកគេ​ទូល​តបថា​៖ “​យើងខ្ញុំ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ហើយ​មិនដែល​ធ្វើជាទាសករ​របស់​អ្នកណាទេ ម្ដេចក៏​លោក​និយាយ​ថា​: ‘​អ្នករាល់គ្នា​នឹង​មាន​សេរីភាព​’ ដូច្នេះ​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ប្រព្រឹត្តបាប ជា​ទាសករ​របស់​បាប​។ ទាសករ​មិន​រស់នៅ​ក្នុង​ផ្ទះ​ជារៀងរហូត​ទេ គឺ​កូន​វិញ ដែល​រស់នៅ​ជារៀងរហូត​។ ដូច្នេះ ប្រសិនបើ​ព្រះបុត្រា​បាន​រំដោះ​អ្នករាល់គ្នា​ឲ្យមានសេរីភាព អ្នករាល់គ្នា​ប្រាកដជា​នឹង​មាន​សេរីភាព​។ ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។ ខ្ញុំ​និយាយ​អ្វីៗដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ​ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ធ្វើ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឮ ពី​ឪពុក​របស់អ្នករាល់គ្នា ”​។ ពួកគេ​ទូល​តប​ថា​៖ “​ឪពុក​របស់យើងខ្ញុំ​គឺ​អ័ប្រាហាំ​!​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រសិនបើ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​អ័ប្រាហាំ​មែន អ្នករាល់គ្នា​មុខជា​ធ្វើ​កិច្ចការ​ដែល​អ័ប្រាហាំ​បាន​ធ្វើ​នោះ​មិនខាន​។ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា ជា​សេចក្ដីពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ​។ អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ អ្នករាល់គ្នា​កំពុង​ធ្វើ​កិច្ចការ​ដែល​ឪពុក​របស់អ្នករាល់គ្នា​បាន​ធ្វើ​”។ ពួកគេ​ទូលថា​៖ “​យើងខ្ញុំ​មិនមែន​កើតមក​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ យើងខ្ញុំ​មាន​ឪពុក​ម្នាក់ គឺ​ព្រះ​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រសិនបើ​ព្រះ​ជា​ឪពុក​របស់អ្នករាល់គ្នា​មែន ម្ល៉េះសម​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ចេញ​ពី​ព្រះ ហើយក៏​មកដល់​ទីនេះ​។ ជាការពិត ខ្ញុំ​មិនមែន​មក​ដោយ​ខ្លួនខ្ញុំ​ទេ គឺ​ព្រះអង្គ​នោះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​យល់​សម្ដី​របស់ខ្ញុំ​? គឺដោយព្រោះ​អ្នករាល់គ្នា​មិនអាច​ស្ដាប់​ពាក្យ​របស់ខ្ញុំ​បាន​។ អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​និយាយ​សេចក្ដីពិត អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ទេ​។ តើ​នរណា​ក្នុង​អ្នករាល់គ្នា​អាច​ថ្កោលទោស​ខ្ញុំ​អំពី​បាប​បាន​? ប្រសិនបើ​ខ្ញុំ​និយាយ​សេចក្ដីពិត ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​? អ្នក​ដែល​ជារបស់​ព្រះ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​។ នេះជាហេតុដែល​អ្នករាល់គ្នា​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ គឺ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជារបស់​ព្រះ​”​។ ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “​ដែល​យើង​និយាយ​ថា អ្នក​ជា​ជនជាតិសាម៉ារី ហើយ​មានអារក្សចូល តើ​មិន​ត្រូវ​ទេ​ឬ​?​”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ខ្ញុំ​គ្មានអារក្សចូល​ទេ​។ ខ្ញុំ​គោរព​ព្រះ​បិតា​របស់ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​បង្អាប់បង្អោន​ខ្ញុំ​។ ខ្ញុំ​មិន​ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​មាន​ព្រះអង្គ​ដែល​ស្វែងរក និង​វិនិច្ឆ័យ​ឲ្យ​។ ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត​”​។ ពួកយូដា​និយាយថា​៖ “​ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​: ‘​ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត​’​។ អ្នក​មិន​ធំជាង​អ័ប្រាហាំ​ដូនតា​របស់យើង​ទេ មែនទេ​? អ័ប្រាហាំ​បាន​ស្លាប់ ហើយ​បណ្ដា​ព្យាការី​ក៏​ស្លាប់​ដែរ​។ តើ​អ្នក​តាំងខ្លួន​ជា​នរណា​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ប្រសិនបើ​ខ្ញុំ​លើកតម្កើងសិរីរុងរឿង​ឲ្យ​ខ្លួនខ្ញុំ សិរីរុងរឿង​របស់ខ្ញុំ​គ្មានតម្លៃទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ហើយជា​ព្រះអង្គ​ដែល​អ្នករាល់គ្នា​ថា​: ‘​ជា​ព្រះ​នៃយើង​’​។ អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ​។ ប្រសិនបើ​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ ខ្ញុំ​នឹង​ក្លាយជា​អ្នកភូតភរ​ដូច​អ្នករាល់គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​។ អ័ប្រាហាំដូនតា​របស់អ្នករាល់គ្នា​បាន​ត្រេកអរ ដែល​លោក​នឹង​ឃើញ​ថ្ងៃ​របស់ខ្ញុំ​។ លោក​បាន​ឃើញ ហើយក៏​អរសប្បាយ​”។ ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “​អ្នក​មិនទាន់​មាន​អាយុ​ហាសិប​ឆ្នាំ​ផង តើ​អ្នក​ធ្លាប់​ឃើញ​អ័ប្រាហាំ​ឬ​? ”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មុន​អ័ប្រាហាំ​បាន​កើតមក គឺ​មាន​ខ្ញុំ​ហើយ​”។ ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ ​បាត់ទៅ​៕ នៅពេល​ព្រះយេស៊ូវ​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ខ្វាក់ភ្នែក​ពី​កំណើត​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទូល​សួរ​ថា៖ “​រ៉ាប៊ី គាត់​កើតមក​ខ្វាក់ភ្នែក​ដូច្នេះ តើ​នរណា​បាន​ប្រព្រឹត្តបាប អ្នកនេះ ឬ​ឪពុកម្ដាយ​របស់​គាត់​?​”​។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖ “​មិនមែន​អ្នកនេះ​បាន​ប្រព្រឹត្តបាប​ទេ ហើយក៏​មិនមែន​ឪពុកម្ដាយ​របស់​គាត់​ដែរ ប៉ុន្តែ​ដើម្បីឲ្យ​ការងារ​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​គាត់​វិញ​។ យើង ត្រូវតែ​ធ្វើ​ការងារ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ពេល​នៅ​ថ្ងៃ​នៅឡើយ​។ យប់​នឹង​មកដល់ ជា​ពេល​ដែល​គ្មានអ្នកណា​អាច​ធ្វើការ​បាន​ទេ។ ដរាបណា​ខ្ញុំ​នៅ​ក្នុង​ពិភពលោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​”។ ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ក៏​ស្ដោះ​ទៅ​លើដី ធ្វើ​ភក់​ពី​ទឹកព្រះឱស្ឋ ហើយ​លាប​ភក់​លើ​ភ្នែក​ទាំងពីរ​របស់​បុរសនោះ រួច​មានបន្ទូល​នឹង​គាត់​ថា៖ “​ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ចុះ​” (​ស៊ីឡោម មានអត្ថន័យប្រែថា ត្រូវបាន​ចាត់ឲ្យទៅ​)​។ ដូច្នេះ គាត់​ក៏​ចេញទៅ​លាង ហើយ​មកវិញ​ទាំង​មើលឃើញ​។ អ្នកជិតខាង និង​អ្នក​ដែល​ពីមុន​ឃើញ​ថា​គាត់​ជា​អ្នកសុំទាន ក៏​និយាយថា​៖ “​តើ​អ្នកនេះ​មិនមែន​ជា​អ្នក​ដែល​អង្គុយ​សុំទាន​ទេ​ឬ​?”។ អ្នកខ្លះ​ថា​៖ “​គឺ​អ្នកនេះ​ហើយ​”។ អ្នកខ្លះទៀត​ថា៖ “​ទេ​! គាត់​គ្រាន់តែ​ដូច​អ្នកនោះ​”។ គាត់​និយាយ​ថា៖ “​គឺ​ខ្ញុំ​ហ្នឹងហើយ​!​”។ ពួកគេ​ក៏​សួរ​គាត់​ថា៖ “​ចុះ​ភ្នែក​របស់អ្នក​ត្រូវបាន​បើក​យ៉ាងដូចម្ដេច​?”។ គាត់​ឆ្លើយថា​៖ “​មាន​ម្នាក់​ដែល​គេ​ហៅថា​យេស៊ូវ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់ខ្ញុំ រួច​ប្រាប់​ខ្ញុំ​ថា​: ‘​ចូរ​ទៅ​លាង​នៅ​ស្រះ ​ស៊ីឡោម​ចុះ​’​។ ខ្ញុំ​ក៏​ទៅ​លាង ហើយ​មើលឃើញ”​។ ពួកគេ​សួរថា​៖ “​តើ​អ្នកនោះ​នៅ​ឯណា​?”​។ គាត់​ថា៖ “​ខ្ញុំ​មិន​ដឹង​ទេ”​។ ពួកគេ​នាំ​បុរស​ដែល​ខ្វាក់ភ្នែក​ពីមុន​នោះ​ទៅ​ជួប​ពួកផារិស៊ី​។ ថ្ងៃ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ភក់ ហើយ​បើក​ភ្នែក​របស់​គាត់​ជា​ថ្ងៃសប្ប័ទ​។ ពួកផារិស៊ី​ក៏​សួរ​គាត់​សាជាថ្មី​អំពី​របៀប​ដែល​គាត់​បាន​មើលឃើញ​ដែរ​។ បុរស​នោះ​ឆ្លើយថា​៖ “​លោក​បាន​ដាក់​ភក់​លើ​ភ្នែក​របស់ខ្ញុំ រួច​ខ្ញុំ​លាងចេញ ហើយក៏​មើលឃើញ​”​។ អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “​ម្នាក់​នោះ​មិនមែន​មក​ពី​ព្រះ​ទេ ពីព្រោះ​មិន​រក្សា​ថ្ងៃសប្ប័ទ​”។ ប៉ុន្តែ​អ្នកខ្លះទៀត​ថា៖ “​តើ​ម្នាក់​ដែលជា​មនុស្សបាប​អាច​ធ្វើ​ទីសម្គាល់​បែបនេះ​យ៉ាងដូចម្ដេច​បាន?​”​។ នោះក៏​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​ពួកគេ។ ពួកគេ​សួរ​បុរស​ខ្វាក់ភ្នែក​ទៀត​ថា៖ “​ដោយ​អ្នកនោះ​បាន​បើក​ភ្នែក​របស់អ្នក តើ​អ្នក​និយាយ​អំពី​អ្នកនោះ​ថា​ជា​នរណា​?​”​។ គាត់​ថា៖ “​លោក​ជា​ព្យាការី​”​។ ពួកយូដា​មិន​ជឿ​ថា ពីមុន​គាត់​ខ្វាក់ភ្នែក ហើយ​បាន​មើលឃើញវិញ​ទេ ទាល់តែ​ហៅ​ឪពុកម្ដាយ​របស់​បុរស​ដែល​មើលឃើញ​នោះ​មក សួរ​ថា៖ “​តើ​អ្នកនេះ​ជា​កូន​របស់ពួកអ្នក ដែល​ពួកអ្នក​និយាយ​ថា​បាន​កើតមក​ខ្វាក់ភ្នែក​មែនទេ​? ចុះ​ឥឡូវនេះ តើ​អ្នកនេះ​បាន​មើលឃើញ​យ៉ាងដូចម្ដេច​?​”​។ ឪពុកម្ដាយ​របស់​គាត់​ឆ្លើយ​ថា៖ “​យើងខ្ញុំ​ដឹង​ថា នេះ​ជា​កូន​របស់យើងខ្ញុំ​ដែល​កើតមក​ខ្វាក់ភ្នែក​មែន​។ ប៉ុន្តែ​យើងខ្ញុំ​មិន​ដឹង​ទេ​ថា ឥឡូវនេះ​វា​មើលឃើញ​យ៉ាងដូចម្ដេច ហើយក៏​មិន​ដឹង​ថា អ្នកណា​បាន​បើក​ភ្នែក​របស់​វា​ដែរ​។ សូម​សួរ​វា​ចុះ វា​ពេញវ័យ​ហើយ វា​នឹង​និយាយ​ដោយ​ខ្លួនឯង​”​។ ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។ ហេតុនេះហើយបានជា​ឪពុកម្ដាយ​របស់​គាត់​និយាយ​ថា​: “​វា​ពេញវ័យ​ហើយ សូម​សួរ​វា​ចុះ​”​។ ពួកគេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ខ្វាក់ភ្នែក​មក​ជាលើកទីពីរ ហើយ​ប្រាប់​គាត់​ថា​៖ “​ចូរ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ចុះ​! យើង​ដឹង​ហើយ​ថា អ្នក​នោះ​ជា​មនុស្សបាប​”​។ គាត់​តបថា​៖ “​ខ្ញុំ​មិន​ដឹង​ថា​តើ​លោកនោះ​ជា​មនុស្សបាប​ឬយ៉ាងណា​ទេ​។ ខ្ញុំ​ដឹង​តែ​រឿង​មួយ គឺ​ពីមុន​ខ្វាក់ភ្នែក ប៉ុន្ដែ​ឥឡូវនេះ​ខ្ញុំ​មើលឃើញ​”​។ ពួកគេ​សួរថា​៖ “​តើ​អ្នកនោះ​ធ្វើ​អ្វី​ដល់​អ្នក​? តើ​អ្នកនោះ​បើក​ភ្នែក​របស់អ្នក​យ៉ាងដូចម្ដេច​?​”​។ គាត់​ឆ្លើយថា​៖ “​ខ្ញុំ​ប្រាប់​អស់លោក​រួចហើយ ប៉ុន្តែ​អស់លោក​មិន​ស្ដាប់​ទេ ម្ដេចក៏​អស់លោក​ចង់​ស្ដាប់​ម្ដងទៀត​? មិនមែន​អស់លោក​ក៏​ចង់​ធ្វើជា​សិស្ស​របស់​លោកនោះ​ដែរ មែនទេ​?​”​។ ពួកគេ​ក៏​ជេរ​គាត់​ថា​៖ “​គឺ​អ្នកឯង​ហើយ ជា​សិស្ស​របស់​អ្នកនោះ រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​ម៉ូសេ​។ យើង​ដឹង​ថា​ព្រះ​បាន​មានបន្ទូល​នឹង​ម៉ូសេ រីឯ​អ្នកនោះ​វិញ យើង​មិន​ដឹង​ថា​មក​ពីណា​ទេ​!​”​។ បុរស​នោះ​តប​នឹង​ពួកគេ​ថា​៖ “​នេះ​ជា​រឿង​ចម្លែក​ណាស់​ដែល​អស់លោក​មិន​ដឹង​ថា​លោកនោះ​មក​ពីណា ប៉ុន្តែ​លោក​បាន​បើក​ភ្នែក​របស់ខ្ញុំ​! យើងរាល់គ្នា​ដឹង​ហើយ​ថា ព្រះ​មិន​សណ្ដាប់​មនុស្សបាប​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​កោតខ្លាចព្រះ ហើយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​សណ្ដាប់​អ្នក​នោះ​។ តាំងពីដើមរៀងមក​មិនដែល​ឮ​ថា មាន​អ្នកណា​បើក​ភ្នែក​របស់​មនុស្ស​ដែល​កើតមក​ខ្វាក់ភ្នែក​ឡើយ​។ ប្រសិនបើ​លោកនោះ​មិនមែន​មក​ពី​ព្រះ​ទេ លោក​មិនអាច​ធ្វើ​អ្វី​បានឡើយ​”​។ ពួកគេ​តប​ថា​៖ “​អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?​”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។ ព្រះយេស៊ូវ​ទ្រង់​ឮ​ថា ពួកគេ​បាន​បណ្ដេញ​គាត់​ចេញ​។ នៅពេល​រក​គាត់​ឃើញ ព្រះអង្គ​មានបន្ទូលថា​៖ “​តើ​អ្នក​ជឿលើ​កូនមនុស្ស ឬទេ​?​”​។ បុរសនោះ​ក៏​ទូល​ឆ្លើយ​ថា​៖ “​លោកម្ចាស់ តើ​កូនមនុស្ស​ជា​នរណា ដើម្បីឲ្យ​ខ្ញុំ​បាន​ជឿលើ​ព្រះអង្គ​ផង​?​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​អ្នក​ធ្លាប់​ឃើញ​ព្រះអង្គ​ហើយ ម្នាក់​ដែល​កំពុង​និយាយ​នឹង​អ្នក គឺ​ព្រះអង្គ​ហ្នឹងហើយ​”​។ គាត់​ទូលថា​៖ “​ព្រះអម្ចាស់​អើយ ទូលបង្គំ​ជឿ​ហើយ​!​”​។ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ខ្ញុំ​បាន​មក​ក្នុង​ពិភពលោកនេះ​ដើម្បី​កាត់ទោស គឺឲ្យ​អ្នក​ដែល​មើលមិនឃើញ​បាន​មើលឃើញ ហើយ​ឲ្យ​អ្នក​ដែល​មើលឃើញ​ត្រឡប់ជា​ខ្វាក់ភ្នែក​វិញ​”​។ ពួកផារិស៊ី​ខ្លះ​ដែល​នៅ​ជាមួយ​ព្រះអង្គ​ឮ​ដូច្នេះ ក៏​និយាយថា​៖ “​មិនមែន​យើង​ក៏​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែរ មែនទេ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ប្រសិនបើ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្វាក់ភ្នែក ម្ល៉េះសម​អ្នក​រាល់គ្នា​គ្មាន​បាប​ទេ ប៉ុន្តែ​ឥឡូវនេះ​អ្នករាល់គ្នា​ថា​: ‘​យើង​មើលឃើញ​’ នោះ​បាប​របស់អ្នករាល់គ្នា​នៅតែមាន​”​៕ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​មិន​ចូល​ក្នុង​ក្រោលចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​តាមកន្លែងផ្សេង​វិញ អ្នកនោះ​ជា​ចោរលួច និង​ជា​ចោរប្លន់​។ រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ជា​អ្នកគង្វាល​របស់​ចៀម​។ អ្នកយាមទ្វារ​ក៏​បើក​ឲ្យ​អ្នកនោះ ហើយ​ចៀម​ស្ដាប់​សំឡេង​របស់​គាត់​។ គាត់​ហៅ​ចៀម​របស់គាត់​តាម​ឈ្មោះ រួច​នាំ​វា​ចេញទៅខាងក្រៅ​។ នៅពេល​គាត់​បញ្ចេញ​ចៀម ទាំងអស់ របស់គាត់​ហើយ គាត់​ទៅ​ខាងមុខ​វា ហើយ​ចៀម​ក៏​ទៅតាម​គាត់ ពីព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់​។ ចៀម​មិន​ទៅតាម​អ្នកដទៃ​សោះឡើយ ផ្ទុយទៅវិញ វា​នឹង​រត់គេច​ពី​គេ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នកដទៃ​”​។ ព្រះយេស៊ូវ​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​នេះ​នឹង​ពួកគេ ប៉ុន្តែ​អ្នកទាំងនោះ​មិន​យល់​នូវ​អ្វីៗដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នឹង​ពួកគេ ថា​ជា​អ្វី​ឡើយ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូល​ទៀត​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​ខ្ញុំ​ជា​ទ្វារ​របស់​ចៀម​។ អស់អ្នក​ដែល​មក​មុន​ខ្ញុំ ជា​ចោរលួច និង​ជា​ចោរប្លន់ ហើយ​ចៀម​មិន​បាន​ស្ដាប់​អ្នកទាំងនោះ​ឡើយ​។ គឺ​ខ្ញុំ​ជា​ទ្វារ​។ ប្រសិនបើ​អ្នកណា​ចូល​តាម​ខ្ញុំ អ្នកនោះ​នឹង​បាន​សង្គ្រោះ ព្រមទាំង​ចេញចូល ហើយ​រកឃើញ​វាលស្មៅ​ទៀតផង​។ ចោរ​មិន​មក​ឡើយ លើកលែងតែ​ដើម្បី​បាន​លួច សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បីឲ្យ​ពួកគេ​មាន​ជីវិត គឺ​ឲ្យ​ពួកគេ​មាន​ជីវិត​ពេញបរិបូរ​។ “​គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ អ្នកគង្វាល​ដ៏ល្អ​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​ចៀម រីឯ​ឈ្នួល​ដែល​មិនមែន​ជា​អ្នកគង្វាល ហើយ​ចៀម​ក៏​មិនមែន​ជា​របស់ខ្លួនឯង​ផង នៅពេល​ឃើញ​ចចក​មក គេ​ទុក​ចៀម​ចោល រួច​រត់គេច​បាត់ទៅ​។ ចចក​ក៏​ឆក់យក​ចៀម ហើយ​ដេញ​ចៀមទាំងនោះ​ឲ្យខ្ចាត់ខ្ចាយ​។ នេះគឺ​ដោយសារ​គេ​ជា​ឈ្នួល ហើយ​គេ​មិន​យកចិត្តទុកដាក់​ចំពោះ​ចៀម​ឡើយ​។ “​គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ ដូចដែល​ព្រះ​បិតា​ស្គាល់​ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ព្រះ​បិតា​ដែរ​។ ខ្ញុំ​លះបង់​ជីវិត​របស់ខ្ញុំ​សម្រាប់​ចៀម​។ ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។ នេះជាហេតុដែល​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ គឺ​ដោយសារ​ខ្ញុំ​លះបង់​ជីវិត​របស់ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​យក​ជីវិតខ្ញុំនោះ​មកវិញ​។ គ្មានអ្នកណា​ដកយក​ជីវិតរបស់ខ្ញុំ​ពី​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​លះបង់​ជីវិតខ្ញុំ​ដោយ​ខ្លួនខ្ញុំ​។ ខ្ញុំ​មាន​សិទ្ធិអំណាច​លះបង់​ជីវិតខ្ញុំ ហើយ​មាន​សិទ្ធិអំណាច​យក​ជីវិតខ្ញុំ​មកវិញ​។ ខ្ញុំ​បាន​ទទួល​សេចក្ដីបង្គាប់​នេះ​ពី​ព្រះ​បិតា​របស់ខ្ញុំ​”។ មាន​ការបាក់បែកគ្នា​កើតឡើង​ម្ដងទៀត​ក្នុងចំណោម​ពួកយូដា ដោយសារតែ​ព្រះបន្ទូល​ទាំងនេះ​។ មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “​អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?​”​។ អ្នកខ្លះទៀត​និយាយថា​៖ “​នេះ​មិនមែន​ជា​ពាក្យ​របស់​មនុស្ស​អារក្សចូល​ទេ​។ អារក្ស​មិន​អាច​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​?​”​។ ពេលនោះ​ជា​រដូវរងា ហើយ​មាន​បុណ្យរំលឹកពិធីឆ្លងព្រះវិហារ​នៅ​យេរូសាឡិម​។ ព្រះយេស៊ូវ​កំពុង​យាង​ក្នុង​ព្រះវិហារ តាម​របៀង​សាឡូម៉ូន​។ ពួកយូដា​ក៏​ចោមរោម​ព្រះអង្គ ហើយ​និយាយថា​៖ “​តើ​អ្នក​ទុកឲ្យ​ពួកយើង​ភ័យអរ​ដល់ពេលណា​ទៀត​? បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​ពួកយើង​ឲ្យ​ច្បាស់​មក​”​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ គឺ​ការទាំងនោះ​ហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ ពីព្រោះ​អ្នករាល់គ្នា​មិនមែន​ជា​ចៀម​របស់ខ្ញុំ​។ ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។ ព្រះ​បិតា​របស់ខ្ញុំ​ដែល​ប្រទាន​ពួកវា មក​ខ្ញុំ ព្រះអង្គ​ធំជាង​អ្វីៗ​ទាំងអស់ ហើយ​គ្មានអ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​បិតា បាន​ឡើយ​។ ខ្ញុំ និង​ព្រះ​បិតា គឺ​អង្គ​មួយ​”​។ ពួកយូដា​ក៏​រើស​ដុំថ្ម​ម្ដងទៀត ដើម្បី​គប់សម្លាប់​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?​”​។ ពួកគេ​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “​យើង​គប់ដុំថ្មសម្លាប់​អ្នក​មិនមែន​ដោយសារតែ​ការល្អ​ទេ គឺ​ដោយសារតែ​ការនិយាយប្រមាថព្រះ ពីព្រោះ​អ្នក​ជា​មនុស្ស ប៉ុន្តែ​តាំងខ្លួន​ជា​ព្រះ​”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា ​ តើ​មិន​មាន​សរសេរ​ទុកមក​ថា​: ‘​យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ​’ ​ ទេ​ឬ​? ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘​ព្រះ​’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរ មិនអាច​បោះបង់ចោល​បានឡើយ​) តើ​អ្នករាល់គ្នា​និយាយ​នឹង​អ្នកដែល​ព្រះ​បិតា​បាន​ញែកជាវិសុទ្ធ ហើយ​ចាត់ឲ្យមក​ក្នុង​ពិភពលោក​ថា​: ‘​អ្នក​និយាយប្រមាថព្រះ​’ ដោយសារ​ខ្ញុំ​ថា​: ‘​ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ​’ ឬ​? ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​បិតា​ខ្ញុំ​ទេ កុំ​ជឿ​ខ្ញុំ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់ ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតា ដែរ​”។ ដូច្នេះ ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ​ម្ដងទៀត ប៉ុន្តែ​ព្រះអង្គ​ទ្រង់​គេចរួច​ពី​កណ្ដាប់ដៃ​របស់​ពួកគេ​។ ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ម្ដងទៀត ត្រង់​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​កាលពីមុន ហើយ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​។ មាន​មនុស្ស​ជាច្រើន​មករក​ព្រះអង្គ ហើយ​និយាយ​ថា​៖ “​ថ្វីត្បិតតែ​យ៉ូហាន​មិន​បាន​ធ្វើ​ទីសម្គាល់​អ្វី​ក៏ដោយ ប៉ុន្តែ​អ្វីៗដែល​យ៉ូហាន​និយាយ​អំពី​លោក​នេះ គឺ​ពិត​ទាំងអស់​”​។ ដូច្នេះ មាន​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអង្គ​នៅ​ទីនោះ​៕ មាន​បុរស​ម្នាក់​មានជំងឺ គាត់​ឈ្មោះ​ឡាសារ នៅ​បេថានី​ជា​ភូមិ​របស់​ម៉ារា និង​ម៉ាថា​បងស្រី ​របស់​នាង​។ ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។ ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង ​ទៅ​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ​”​។ ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖ “​ជំងឺ​នេះ​មិន​ដល់​សេចក្ដីស្លាប់​ទេ គឺ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​វិញ ដើម្បីឲ្យ​ព្រះបុត្រារបស់ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ការនេះ​”។ ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ម៉ាថា និង​ប្អូនស្រី​របស់​នាង ព្រមទាំង​ឡាសារ​។ ដូច្នេះ នៅពេល​ព្រះអង្គ​ទ្រង់​ឮ​ថា​ឡាសារ​កំពុង​ឈឺ ព្រះអង្គ​ក៏​នៅតែគង់​នៅ​កន្លែងដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​។ បន្ទាប់ពីការនេះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា​៖ “​យើង​នាំគ្នា​ទៅ​យូឌា​ម្ដងទៀត​”​។ ពួក​សិស្ស​ទូលថា​៖ “​រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​តើ​ក្នុង​មួយ​ថ្ងៃ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ​? ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលថ្ងៃ អ្នកនោះ​មិន​ជំពប់​ឡើយ ពីព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោកនេះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ដើរ​នៅ​ពេលយប់ អ្នកនោះ​ជំពប់​វិញ ពីព្រោះ​ពន្លឺ​មិន​នៅ​ក្នុង​អ្នកនោះ​ទេ​”​។ បន្ទាប់ពី​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ឡាសារ​មិត្តសម្លាញ់​របស់យើង​បាន​ដេកលក់​ហើយ ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​”​។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់ ប្រសិនបើ​គាត់​បាន​ដេកលក់​ហើយ គាត់​មុខជា​ជាសះស្បើយ​មិនខាន​”​។ តាមពិត ព្រះយេស៊ូវ​មានបន្ទូល​អំពី​ការស្លាប់​របស់​ឡាសារ​ទេ ប៉ុន្តែ​ពួកគេ​គិត​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការដេក​សម្រាក​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​យ៉ាងច្បាស់​ថា​៖ “​ឡាសារ​ស្លាប់​ហើយ​។ ខ្ញុំ​អរសប្បាយ​ជំនួស​អ្នករាល់គ្នា ដែល​ខ្ញុំ​មិន​បាន​នៅ​ទីនោះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​។ មក៍! យើង​នាំគ្នា​ទៅរក​គាត់​”។ ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម និយាយ​នឹង​សិស្សគ្នាឯង​ថា​៖ “​មក៍! យើង​នាំគ្នា​ទៅ​ដែរ ដើម្បី​ស្លាប់​ជាមួយ​ព្រះអង្គ​”​។ នៅពេល​យាង​មក​ដល់ ព្រះយេស៊ូវ​ទ្រង់​ជ្រាបថា ឡាសារ​នៅ​ក្នុង​រូងផ្នូរ​បួន​ថ្ងៃ​ហើយ​។ បេថានី​នៅ​ជិត​យេរូសាឡិម ចម្ងាយ​ប្រមាណ​បីគីឡូម៉ែត្រ ​។ មាន​ជនជាតិយូដា​ជាច្រើន​មករក​ម៉ាថា និង​ម៉ារា ដើម្បី​សម្រាលទុក្ខ​ពួកនាង​អំពី​ប្អូនប្រុស​។ នៅពេល​ម៉ាថា​ឮ​ថា​ព្រះយេស៊ូវ​យាង​មក នាង​ក៏​ទៅជួប​ព្រះអង្គ រីឯ​ម៉ារា​នៅតែ​អង្គុយ​ក្នុង​ផ្ទះ​។ ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ​។ ប៉ុន្តែ​ទោះបីជា​ឥឡូវនេះ​ក៏ដោយ ខ្ញុំម្ចាស់​ដឹង​ថា អ្វីៗក៏ដោយដែល​ព្រះអង្គ​សុំ​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះអង្គ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​ប្អូនប្រុស​របស់នាង​នឹង​រស់ឡើងវិញ​”​។ ម៉ាថា​ទូលថា​៖ “​ខ្ញុំម្ចាស់​ដឹង​ហើយ​ថា ឡាសារ​នឹង​រស់ឡើងវិញ ក្នុង​ការរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ រីឯ​អស់អ្នក​ដែល​នៅរស់ ហើយ​ជឿលើ​ខ្ញុំ មិន​ស្លាប់​សោះឡើយ គឺ​ជារៀងរហូត​។ តើ​នាង​ជឿ​សេចក្ដីនេះ​ឬទេ​?​”​។ ម៉ាថា​ទូលថា​៖ “​ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់​ជឿ​ហើយ​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ជា​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ពិភពលោក​”​។ នៅពេល​ម៉ាថា​ទូល​ដូច្នេះ​ហើយ នាង​ក៏​ចេញទៅ​ហៅ​ម៉ារា​ប្អូនស្រី​របស់​នាង ដោយស្ងាត់ៗ​ថា​៖ “​លោកគ្រូ​មកដល់​ហើយ លោក​ហៅ​ប្អូនឯង​”​។ ពេល​ម៉ារា​ឮ​ដូច្នេះ ក៏​ក្រោកឡើង​ភ្លាម​ទៅរក​ព្រះអង្គ​។ រីឯ​ព្រះយេស៊ូវ​មិនទាន់​យាង​មក​ក្នុង​ភូមិ​នៅឡើយទេ គឺ​ព្រះអង្គ​នៅតែ​គង់នៅ​កន្លែង​ដែល​ម៉ាថា​បាន​ជួប​ព្រះអង្គ​។ ពួក​ជនជាតិយូដា​ដែល​កំពុង​នៅ​ជាមួយ​ម៉ារា​ក្នុង​ផ្ទះ​ដើម្បី​សម្រាលទុក្ខ​នាង ឃើញ​ថា​នាង​ក្រោកឡើង​ភ្លាម​ហើយ​ចេញទៅ ក៏​ទៅតាម​នាង​ដោយ​ស្មាន ​ថា នាង​ទៅ​យំ​នៅ​រូងផ្នូរ​។ លុះ​ម៉ារា​មក​ដល់​កន្លែងដែល​ព្រះយេស៊ូវ​គង់នៅ ហើយ​ឃើញ​ព្រះអង្គ នាង​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ ទូលថា​៖ “​ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ​”​។ នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ម៉ារា​យំ និង​ពួក​ជនជាតិយូដា​ដែល​មកជាមួយ​នាង​យំ ព្រះអង្គ​ក៏​រំជួល​ក្នុង​វិញ្ញាណ ហើយ​មានអំពល់​ក្នុង​អង្គទ្រង់ រួច​មានបន្ទូលថា​៖ “​តើ​អ្នករាល់គ្នា​ដាក់​ឡាសារ​នៅ​ឯណា​?​”​។ ពួកគេ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូមអញ្ជើញ​មក​មើល​ចុះ​”​។ ព្រះយេស៊ូវ​ទ្រង់​បង្ហូរទឹកព្រះនេត្រ​។ ដូច្នេះ ពួក​ជនជាតិយូដា​ក៏​និយាយថា​៖ “​មើល៍! លោក​ស្រឡាញ់​គាត់​យ៉ាងណា​!​”​។ ប៉ុន្តែ​អ្នកខ្លះ​ក្នុង​ពួកគេ​និយាយថា​៖ “​តើ​អ្នកនេះ​ដែល​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក មិនអាច​ធ្វើ​ឲ្យ​ឡាសារ​មិន​ស្លាប់​បាន​ដែរ​ឬ​?​”​។ ព្រះយេស៊ូវ​ទ្រង់​រំជួល​ក្នុង​អង្គទ្រង់​ម្ដងទៀត ហើយក៏​យាង​ទៅដល់​រូងផ្នូរ​។ រូងផ្នូរនោះ​ជា​រអាងភ្នំ មាន​ថ្ម​មួយ​បិទ​នៅ​មាត់រូង​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​យក​ថ្ម​ចេញ​”។ ម៉ាថា​បងស្រី​របស់​អ្នក​ដែល​ស្លាប់ ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់ សពនេះ​ធុំក្លិន​ហើយ ពីព្រោះ​ជា​ថ្ងៃទីបួន​ហើយ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​ជឿ នាង​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ទេ​ឬ​?​”​។ ដូច្នេះ ពួកគេ​ក៏​យក​ថ្ម​ចេញ ​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅលើ ហើយ​មានបន្ទូលថា​៖ “​ព្រះ​បិតា​អើយ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​។ ទូលបង្គំ​ដឹង​រួចហើយ​ថា ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស​ដែល​ឈរនៅជុំវិញ បានជា​ទូលបង្គំ​ទូល​ដូច្នេះ ដើម្បីឲ្យ​ពួកគេ​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​”​។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ឡាសារ​អើយ ចេញ​មក​!​”​។ អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញមក ទាំងមាន​សំពត់ស្នប​រុំ​ដៃ និង​ជើង ហើយ​មុខ​គាត់​ក៏​មាន​កន្សែង​រុំ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ​”។ មនុស្ស​ជាច្រើន​ក្នុង​ពួក​ជនជាតិយូដា​ដែល​មករក​ម៉ារា ហើយ​ឃើញ​អ្វីៗដែល​ព្រះអង្គ​បាន​ធ្វើ ក៏​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។ ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “​តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។ ប្រសិនបើ​យើង​បណ្ដោយ​គាត់​ដូច្នេះ​ទៀត មនុស្ស​ទាំងអស់​នឹង​ជឿលើ​គាត់ ហើយ​ពួក​ជនជាតិរ៉ូម៉ាំង​នឹង​មក​យក​ទាំង​ទឹកដី​វិសុទ្ធ ទាំង​ប្រជាជាតិ​របស់យើង​”​។ ប៉ុន្តែ​ម្នាក់​ក្នុង​ពួកគេ ឈ្មោះ​កៃផាស ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​អស់លោក​មិន​យល់​អ្វី​សោះ ក៏មិន​ពិចារណា​ដែរ​ថា ដែល​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន ហើយ​ប្រជាជាតិ​ទាំងមូល​មិន​វិនាស ជាប្រយោជន៍​ដល់​អស់លោក ​”​។ លោក​មានប្រសាសន៍​ដូច្នេះ មិនមែន​ចេញពី​ខ្លួនលោក​ទេ ប៉ុន្តែ​លោក​ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ បានជា​លោក​ព្យាករ​ថា ព្រះយេស៊ូវ​រៀបនឹង​សុគត​ជំនួស​ប្រជាជាតិ​នេះ ហើយ​មិនគ្រាន់តែ​ជំនួស​ប្រជាជាតិ​នេះ​ប៉ុណ្ណោះទេ គឺ​ដើម្បី​ប្រមូល​កូន​របស់​ព្រះ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ ឲ្យ​រួមគ្នាតែមួយ​ផង​។ តាំងពី​ថ្ងៃ​នោះ​មក ពួកគេ​បាន​ពិគ្រោះគ្នា​ដើម្បី​ធ្វើគុត​ព្រះអង្គ​។ ដូច្នេះ ព្រះយេស៊ូវ​លែង​យាង​ដោយ​បើកចំហ​នៅក្នុងចំណោម​ជនជាតិយូដា​ទៀតឡើយ ប៉ុន្តែ​យាង​ចាកចេញ​ពីទីនោះ​ទៅ​ជនបទ​ជិត​ទីរហោស្ថាន ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​អេប្រាអិម ហើយ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​។ បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។ ពួកគេ​រក​ព្រះយេស៊ូវ ហើយ​ពេល​ឈរ​នៅក្នុង​ព្រះវិហារ ពួកគេ​ក៏​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “​អ្នករាល់គ្នា​គិត​ដូចម្ដេច​? លោក​ពិតជា​មិន​មក​ពិធីបុណ្យ​នេះ​ទេដឹង​?​”​។ រីឯ​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ចេញ​សេចក្ដីបង្គាប់​រួចហើយ​ថា ប្រសិនបើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​គង់នៅ​ឯណា អ្នកនោះ​ត្រូវ​រាយការណ៍ ដើម្បីឲ្យ​ពួកគេ​ចាប់​ព្រះអង្គ​៕ ប្រាំមួយ​ថ្ងៃ​មុន​បុណ្យរំលង ព្រះយេស៊ូវ​យាង​មក​ដល់​បេថានី ជា​កន្លែងដែល​ឡាសារ​នៅ​។ គាត់​ជា ​អ្នក​ដែល​ព្រះអង្គ​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ នៅ​ទីនោះ គេ​បាន​រៀបចំ​ជប់លៀងពេលល្ងាច​ថ្វាយ​ព្រះអង្គ​។ ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ រីឯ​ឡាសារ​ជា​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​ព្រះអង្គ​។ ពេលនោះ ម៉ារា​យក​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​ចំណុះ​បីរយមិល្លីលីត្រ លាប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​។ ផ្ទះ​នោះ​ក៏​ពេញ​ទៅ​ដោយ​ក្លិន​ប្រេងក្រអូប​។ ប៉ុន្តែ​យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ និយាយថា​៖ “​ម្ដេចក៏​មិន​លក់​ប្រេងក្រអូប​នេះ​បីរយ​ឌេណារី ហើយ​ចែក​ឲ្យ​អ្នកក្រ​វិញ​?​”។ គាត់​និយាយ​ដូច្នេះ មិនមែន​ដោយសារ​គាត់​យកចិត្តទុកដាក់​ចំពោះ​អ្នកក្រ​ទេ គឺ​ដោយសារ​គាត់​ជា​ចោរ​។ គាត់​កាន់​ថង់ប្រាក់ ហើយ​តែងតែ​លួចយក​អ្វី​ដែល​គេ​ដាក់​ក្នុងថង់នោះ​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​បណ្ដោយ​នាង​ចុះ​! នាង​បាន​ទុក​ប្រេងក្រអូបនេះ​សម្រាប់​ថ្ងៃ​នៃ​ការបញ្ចុះសព​ខ្ញុំ​។ ជាការពិត អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​”​។ ហ្វូងមនុស្ស​មួយក្រុម​ធំ​ក្នុង​ជនជាតិយូដា​ដឹង​ថា ព្រះអង្គ​គង់នៅ​ទីនោះ​។ ពួកគេ​ក៏​មក មិនមែន​ដោយសារតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះទេ គឺ​ដើម្បី​មើល​ឡាសារ​ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ផង​។ រីឯ​ពួក​នាយកបូជាចារ្យ​ក៏​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ ពីព្រោះ​ដោយសារតែ​ឡាសារ មាន​ច្រើន​នាក់​ក្នុង​ពួកយូដា​ចាកចេញ​ពី​ពួកគេ ហើយ​ជឿលើ​ព្រះយេស៊ូវ​។ នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកចូលរួមក្នុង​ពិធីបុណ្យ​បាន​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​យេរូសាឡិម ពួកគេ​ក៏​យក​ធាង​ដូង ចេញទៅ​ទទួល​ព្រះអង្គ ហើយ​ស្រែកថា​៖ “​ហូសាណា​! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ គឺ​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល​!​” ​។ ព្រះយេស៊ូវ​ទត​ឃើញ​កូនលា​មួយ ក៏​គង់​លើ​កូនលានោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​កុំ​ខ្លាច​ឡើយ កូនស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក ដោយ​គង់​លើ​កូនលា​”។ មុនដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដីទាំងនេះ​ទេ ប៉ុន្តែ​នៅពេល​ព្រះយេស៊ូវ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ហើយ នោះ​ពួកគេ​នឹកឃើញ​ថា សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ​អំពី​ព្រះអង្គ ហើយ​ថា គេ​បាន​ធ្វើ​ការទាំងនេះ​ដល់​ព្រះអង្គ​។ ហ្វូងមនុស្ស​ដែល​នៅ​ជាមួយ​ព្រះអង្គ​ពេល​ព្រះអង្គ​ហៅ​ឡាសារ​ចេញពី​រូងផ្នូរ និង​លើក​គាត់​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ក៏​បន្ត​ធ្វើបន្ទាល់​។ នេះជាហេតុដែល​ហ្វូងមនុស្ស​ទៅទទួល​ព្រះអង្គ គឺ​ពីព្រោះ​ពួកគេ​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​នេះ​។ ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​គ្នា​ថា​៖ “​ឃើញ​ទេ​? ពួកអ្នក​មិន​បានប្រយោជន៍​អ្វី​សោះ​! មើល៍! ពិភពលោក​នាំគ្នា​ទៅ​តាម​អ្នកនោះ​អស់​ហើយ​!​”​។ ក្នុងចំណោម​ហ្វូងមនុស្ស​ដែល​ឡើងទៅ​ថ្វាយបង្គំ​នៅក្នុង​ពិធីបុណ្យ​នោះ មាន​ជនជាតិក្រិក​ខ្លះ​។ ជនជាតិក្រិក​ទាំងនេះ​ចូលមកជិត​ភីលីព​អ្នកបេតសៃដា​ក្នុង​កាលីឡេ ហើយ​សួរ​គាត់​ថា​៖ “​លោកម្ចាស់ យើងខ្ញុំ​ចង់​ជួប​យេស៊ូវ​”​។ ភីលីព​ទៅ​ប្រាប់​អនទ្រេ ហើយ​អនទ្រេ និង​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖ “​ពេលវេលា​មក​ដល់​ហើយ ដើម្បីឲ្យ​កូនមនុស្ស​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។ ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​គ្រាប់​ស្រូវ​ធ្លាក់​ទៅ​ដី​ហើយ​ងាប់ ពុំនោះទេ វា​នៅ​តែមួយ​ដដែល ប៉ុន្តែ​ប្រសិនបើ​ងាប់​វិញ វា​បង្កើត​ផល​ជាច្រើន​។ អ្នក​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ពិភពលោកនេះ អ្នកនោះ​នឹង​រក្សា​ជីវិត​រហូតដល់​ជីវិតអស់កល្បជានិច្ច​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ អ្នកនោះ​ត្រូវតែ​មកតាម​ខ្ញុំ ហើយ​កន្លែងដែល​ខ្ញុំ​នៅ អ្នកបម្រើ​របស់ខ្ញុំ​ក៏​នឹង​នៅ​ទីនោះ​ដែរ​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ ព្រះ​បិតា​នឹង​លើកកិត្តិយស​អ្នកនោះ​។ “​ឥឡូវនេះ ព្រលឹង​របស់ខ្ញុំ​មានអំពល់ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​? តើ​ឲ្យ​ថា​: ‘​ព្រះ​បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ពី​វេលា​នេះ​ផង​’ ឬ​? ប៉ុន្តែ​ដោយសារតែការនេះ បានជា​ខ្ញុំ​មកដល់​វេលា​នេះ​។ ព្រះ​បិតា​អើយ សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម របស់ព្រះអង្គ​!​”​។ ពេលនោះ មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “​យើង​បាន​លើកតម្កើងសិរីរុងរឿង​ហើយ យើង​នឹង​លើកតម្កើងសិរីរុងរឿង​ទៀត​”​។ ហ្វូងមនុស្ស​ដែល​ឈរ​នៅទីនោះ​បាន​ឮ ក៏​និយាយថា​៖ “​មាន​ផ្គរលាន់​”​។ អ្នកខ្លះទៀត​ថា​៖ “​មាន​ទូតសួគ៌​របស់ព្រះ​និយាយ​នឹង​គាត់​”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​សំឡេង​នេះ​មក​មិនមែន​សម្រាប់​ខ្ញុំ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ ឥឡូវនេះ ជា​ការជំនុំជម្រះ​ពិភពលោកនេះ​; ឥឡូវនេះ មេគ្រប់គ្រង​របស់​ពិភពលោកនេះ​នឹង​ត្រូវបាន​បណ្ដេញ​ចេញ​។ រីឯខ្ញុំវិញ កាលណា​ខ្ញុំ​ត្រូវបាន​លើកឡើង​ពី​ផែនដី នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំងអស់​មក​ឯ​ខ្ញុំ​”​។ ព្រះអង្គ​មានបន្ទូល​ដូច្នេះ ដើម្បី​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា​។ ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “​យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘​កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង​’​? តើ​‘​កូនមនុស្ស​’ នេះ​ជា​នរណា​?​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ពន្លឺ​នេះ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​តែបន្តិចទៀតទេ ចូរ​ដើរ​ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ​ចុះ ដើម្បីកុំឲ្យ​សេចក្ដីងងឹត​ចាប់​អ្នករាល់គ្នា​ឡើយ​។ អ្នក​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯណា​ទេ​។ ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ ចូរ​ជឿលើ​ពន្លឺ​នេះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ក្លាយជា​កូន​នៃ​ពន្លឺ​”។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​ត្រូវបាន​បំបាំង​ពី​ពួកគេ​។ ទោះបីជា​ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​ជាច្រើន​នៅមុខ​ពួកគេ​ក៏ដោយ ក៏​ពួកគេ​នៅតែ​មិន​ជឿលើ​ព្រះអង្គ ដើម្បីឲ្យ​ពាក្យ​របស់​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​? តើ​ព្រះហស្ត របស់​ព្រះអម្ចាស់​ត្រូវបាន​សម្ដែង​ដល់​នរណា​?​”​។ នេះជាហេតុដែល​ពួកគេ​មិនអាច​ជឿ​បានឡើយ គឺ​ពីព្រោះ​អេសាយ​បាន​ថ្លែង​ទៀត​ថា​: “​ព្រះអង្គ​ធ្វើឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់ ធ្វើឲ្យ​ចិត្ត​របស់​ពួកគេ​រឹង ក្រែងលោ​ពួកគេ​ឃើញ​នឹង​ភ្នែក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា​”​។ អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ ​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។ ដ្បិត​ពួកគេ​ស្រឡាញ់​សិរីរុងរឿង​ពី​មនុស្ស ជាង​សិរីរុងរឿង​ពី​ព្រះ​។ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ថា​៖ “​អ្នក​ដែល​ជឿលើ​ខ្ញុំ មិនមែន​ជឿលើ​ខ្ញុំ​ទេ គឺ​ជឿ​លើ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ ហើយ​អ្នក​ដែល​ឃើញ​ខ្ញុំ ក៏​ឃើញ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ដែរ​។ ខ្ញុំ​មក​ជា​ពន្លឺ​ក្នុង​ពិភពលោក ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ជឿលើ​ខ្ញុំ ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​ឡើយ​។ ប្រសិនបើ​អ្នកណា​ឮ​ពាក្យ​របស់ខ្ញុំ ហើយ​មិន​ប្រតិបត្តិតាម ​ ខ្ញុំ​មិន​កាត់ទោស​អ្នកនោះ​ទេ ពីព្រោះ​ខ្ញុំ​មក​មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ឡើយ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​វិញ​។ អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។ ដ្បិត​ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គផ្ទាល់​បាន​ប្រទាន​សេចក្ដីបង្គាប់​ដល់​ខ្ញុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រាប់​អ្វី និង​និយាយ​អ្វី​។ ខ្ញុំ​ដឹង​ថា សេចក្ដីបង្គាប់​របស់​ព្រះអង្គ​ជា​ជីវិតអស់កល្បជានិច្ច​។ ដូច្នេះ អ្វីៗដែល​ខ្ញុំ​និយាយ គឺ​ខ្ញុំ​និយាយ​យ៉ាងនោះ​ដូចដែល​ព្រះ​បិតា​បាន​ប្រាប់​ខ្ញុំ​”​៕ មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។ អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន ​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ព្រះ​បិតា​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ ហើយក៏​ជ្រាប​ដែរ​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ ហើយ​នឹង​យាង​ទៅឯ​ព្រះ​វិញ​។ ព្រះអង្គ​ក៏​ក្រោកឡើង​ពី​តុ​អាហារ ហើយ​ដោះ​ព្រះពស្ត្រ ​ចេញ រួច​យក​កន្សែង​ក្រវាត់​នឹង​អង្គទ្រង់ បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាក់​ទឹក​ក្នុង​ចានដែក​មួយ ហើយ​ចាប់ផ្ដើម​លាង​ជើង​របស់​ពួក​សិស្ស ព្រមទាំង​ជូត​ដោយ​កន្សែង​ដែល​ក្រវាត់​នោះ​ផង​។ នៅពេល​ព្រះអង្គ​មក​ដល់​ស៊ីម៉ូន​ពេត្រុស គាត់​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់ទូលបង្គំ​ឬ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ឥឡូវនេះ អ្នក​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ក្រោយពីការទាំងនោះ អ្នក​នឹង​យល់​”​។ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “​ព្រះអង្គ​លាង​ជើង​របស់ទូលបង្គំ​មិន​បាន​ជាដាច់ខាត គឺ​ជារៀងរហូត​!​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ប្រសិនបើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ​”​។ ស៊ីម៉ូន​ពេត្រុស​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​កុំ​លាង​ត្រឹមតែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង​”​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​អ្នក​ដែល​ងូតទឹក​ហើយ ក្រៅពី​ជើង​មិន​ចាំបាច់​លាង​ទេ គឺ​បាន​ស្អាត​ទាំងស្រុង​ហើយ​។ អ្នករាល់គ្នា​បាន​ស្អាត ប៉ុន្តែ​មិនមែន​ទាំងអស់គ្នា​ទេ​”​។ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួចហើយ ហេតុនេះហើយបានជា​ព្រះអង្គ​មានបន្ទូល​ថា​: “​មិនមែន​ទាំងអស់គ្នា​បាន​ស្អាត​ទេ​”។ នៅពេល​ព្រះយេស៊ូវ​ទ្រង់​លាង​ជើង​ពួកគេ​ហើយ ក៏​ពាក់​ព្រះពស្ត្រ រួច​គង់ចុះ​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​យល់​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ឬទេ​? អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘​លោកគ្រូ​’ និង ‘​ព្រះអម្ចាស់​’​។ អ្នករាល់គ្នា​និយាយ​ត្រូវ ពីព្រោះ​គឺ​ខ្ញុំ​ហ្នឹងហើយ​។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​ដែល​ជា​ព្រះអម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​របស់អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​គួរតែ​លាង​ជើង​គ្នាទៅវិញទៅមក​ដែរ​។ ពោលគឺ ខ្ញុំ​បាន​ទុក​គំរូ​ឲ្យ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ធ្វើ​ដូចដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ដែរ​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ ហើយ​អ្នកដែលត្រូវគេចាត់ ក៏មិន​ធំជាង​អ្នក​ដែល​ចាត់​ខ្លួន​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។ ខ្ញុំ​និយាយ​មិនមែន​អំពី​អ្នក​ទាំងអស់គ្នា​ទេ​។ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជ្រើសរើស​ហើយ ប៉ុន្តែ​នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​:​ ‘​អ្នក​ដែល​ហូប​នំប៉័ង​របស់ខ្ញុំ ​ បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់នឹង​ខ្ញុំ​’​។ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ពី​ឥឡូវនេះ មុន​ការ​នោះ​កើតឡើង ដើម្បី​កាលណា​ការនោះ​កើតឡើង អ្នករាល់គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជា​ព្រះអង្គនោះ​។ ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​”។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​មានអំពល់​ក្នុង​វិញ្ញាណ ក៏​ធ្វើបន្ទាល់​ថា​៖ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ​”។ ពួក​សិស្ស​មើល​មុខ​គ្នាទៅវិញទៅមក ទាំង​វល់គំនិត​អំពី​អ្នកណា​ដែល​ព្រះអង្គ​មានបន្ទូល​។ មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ជា​អ្នក​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​។ ស៊ីម៉ូន​ពេត្រុស​ធ្វើសញ្ញា​ទៅ​គាត់ ឲ្យ​ទូល​សួរ​ព្រះអង្គ​អំពី​អ្នកដែល​ព្រះអង្គ​មានបន្ទូល​នោះ ថា​ជា​នរណា​។ គាត់​ក៏​ទូល​សួរ ទាំង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ តើ​ជា​នរណា​?​”​។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖ “​គឺ​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ដុំនំប៉័ង​ឲ្យ​ទៅ​គាត់​”។ បន្ទាប់មក ព្រះអង្គ​ជ្រលក់​ដុំនំប៉័ង ហើយ​យក​ឲ្យ​យូដាស​កូន ​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ ក្រោយពី​គាត់​ទទួល​ដុំនំប៉័ង​នោះ សាតាំង​ក៏​ចូល​ក្នុង​គាត់​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​អ្វីដែល​អ្នក​នឹង​ធ្វើ ចូរ​ប្រញាប់​ធ្វើ​ចុះ​”។ ប៉ុន្តែ​គ្មាន​អ្នកណា​ដែល​រួមតុអាហារ​ដឹង​ថា ហេតុអ្វីបានជា​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ដូច្នេះ​ឡើយ​។ ដ្បិត​អ្នកខ្លះ​ស្មាន​ថា ដោយសារ​យូដាស​កាន់​ថង់ប្រាក់ បានជា​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ឲ្យ​ទៅ​ទិញ​អ្វីដែល​ត្រូវការ​សម្រាប់​ពិធីបុណ្យ ឬក៏​ឲ្យ​ទៅ​ចែក​អ្វី​ដល់​អ្នកក្រ​។ យូដាស​ទទួល​ដុំនំប៉័ង​នោះ ក៏​ចេញទៅ​ភ្លាម​។ ពេលនោះ​យប់​ហើយ​។ នៅពេល​យូដាស​ចេញទៅ​ហើយ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ឥឡូវនេះ កូនមនុស្ស​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ហើយ​ព្រះ​ក៏​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស​ដែរ​។ ប្រសិនបើ​ព្រះ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស ​ ព្រះ​ក៏​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​តាមរយៈ​អង្គទ្រង់​ដែរ ហើយ​ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​ភ្លាម​។ “​កូន​រាល់គ្នា​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែបន្តិចទៀតទេ​។ អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ហើយ​ដូចដែល​ខ្ញុំ​បាន​ប្រាប់​ពួកយូដា​យ៉ាងណា ឥឡូវនេះ​ខ្ញុំ​ក៏​ប្រាប់​អ្នករាល់គ្នា​យ៉ាងនោះ​ដែរ​ថា​: ‘​អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ​’ ។ “​ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់ខ្ញុំ​ដោយសារតែការនេះ​ឯង គឺ​ប្រសិនបើ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក​”។ ស៊ីម៉ូន​ពេត្រុស​ទូល​សួរថា​៖ “​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​យាង​ទៅ​ឯណា​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​កន្លែងដែល​ខ្ញុំ​ទៅ អ្នក​មិនអាច​ទៅតាម​ខ្ញុំ​ឥឡូវនេះ​បានទេ ប៉ុន្តែ​អ្នក​នឹង​ទៅតាម​នៅពេល​ក្រោយ​”​។ ពេត្រុស​ទូលថា​៖ “​ព្រះអម្ចាស់​អើយ ហេតុអ្វីបានជា​ទូលបង្គំ​មិនអាច​ទៅតាម​ព្រះអង្គ​ឥឡូវនេះ​បាន​? ទូលបង្គំ​នឹង​លះបង់​ជីវិត​របស់ទូលបង្គំ​សម្រាប់​ព្រះអង្គ​!​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​តើ​អ្នក​នឹង​លះបង់​ជីវិត​របស់អ្នក​សម្រាប់​ខ្ញុំ​ឬ​? ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា មាន់​នឹង​មិន​រងាវ​សោះឡើយ រហូតទាល់តែ​អ្នក​បដិសេធ​ខ្ញុំ​បីដង​”​៕ “​កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានអំពល់​ឡើយ ចូរ​ជឿលើ​ព្រះ ហើយ​ជឿលើ​ខ្ញុំ​ដែរ​។ នៅក្នុង​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ មាន​លំនៅ​ជាច្រើន​។ ប្រសិនបើ​គ្មានទេ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា​ធ្វើអី​? ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។ កន្លែងដែល​ខ្ញុំ​ទៅ អ្នករាល់គ្នា​ស្គាល់​ហើយ រីឯ​ផ្លូវ​នោះ អ្នករាល់គ្នា​ក៏​ស្គាល់​ដែរ​”។ ថូម៉ាស​ទូលថា​៖ “​ព្រះអម្ចាស់​អើយ យើងខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ឯណា​ទេ តើ​យើងខ្ញុំ​អាច​ស្គាល់​ផ្លូវ​នោះ​យ៉ាងដូចម្ដេច​បាន​?​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។ “​ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្គាល់​ខ្ញុំ អ្នករាល់គ្នា​នឹង​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ហើយ​អ្នករាល់គ្នា​ធ្លាប់​ឃើញ​ព្រះអង្គ​ហើយ​”។ ភីលីព​ទូលថា​៖ “​ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង នោះ​យើងខ្ញុំ​ស្កប់ចិត្ត​ហើយ​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ភីលីព​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នក​យូរណាស់ហើយ តើ​អ្នក​មិនទាន់​ស្គាល់​ខ្ញុំ​ទេ​ឬ​? អ្នក​ដែល​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ​បិតា​ដែរ​។ ម្ដេចក៏​អ្នក​និយាយថា​: ‘​សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង​’ ដូច្នេះ​? តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ​ទេ​ឬ​? ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នេះ ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​។ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ ប្រសិនបើ​មិន​ជឿ​ដូច្នោះ​ទេ ចូរ​ជឿ ព្រោះតែ​កិច្ចការ​ទាំងនេះ​ចុះ​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿលើ​ខ្ញុំ អ្នកនោះ​ក៏​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំជាង​ការទាំងនេះ​ទៅទៀត ពីព្រោះ​ខ្ញុំ​នឹង​ទៅឯ​ព្រះ​បិតា​។ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ ដើម្បីឲ្យ​ព្រះ​បិតា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ព្រះបុត្រា​។ ប្រសិនបើ​អ្នករាល់គ្នា​ទូល​សុំ​អ្វី​ពី​ខ្ញុំ ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ​។ “​ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ អ្នករាល់គ្នា​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅ ជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។ ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។ ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។ “​បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។ នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នៅក្នុង​ព្រះ​បិតា​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នៅក្នុង​ខ្ញុំ រីឯខ្ញុំក៏​នៅក្នុង​អ្នករាល់គ្នា​ដែរ​។ អ្នក​ដែល​មាន​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​កាន់តាម​សេចក្ដីបង្គាប់ទាំងនេះ គឺ​អ្នកនោះ​ហើយ​ជា​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​។ អ្នក​ដែល​ស្រឡាញ់​ខ្ញុំ នឹង​ត្រូវ​ព្រះ​បិតា​របស់ខ្ញុំ​ស្រឡាញ់ ហើយខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ​ដែរ ព្រមទាំង​បើកសម្ដែង​ខ្លួនខ្ញុំ​ដល់​អ្នកនោះ​ផង​”​។ យូដាស (​មិនមែន​អ៊ីស្ការីយ៉ុត​) ទូល​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​អើយ មាន​អ្វី​កើតឡើង​បានជា​ព្រះអង្គ​រៀបនឹង​បើកសម្ដែង​អង្គទ្រង់​ដល់​យើងខ្ញុំ ប៉ុន្តែ​មិន​បើកសម្ដែង​ដល់​មនុស្សលោក​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖ “​ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។ អ្នក​ដែល​មិន​ស្រឡាញ់​ខ្ញុំ មិន​កាន់តាម​ពាក្យ​របស់ខ្ញុំ​ឡើយ​។ ពាក្យ​ដែល​អ្នករាល់គ្នា​ឮ មិនមែន​ជា​ពាក្យ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ជា​របស់​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ “​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ អំឡុងពេល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​។ ប៉ុន្តែ​ព្រះជំនួយ គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បិតា​នឹង​ចាត់ឲ្យមក​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​បង្រៀន​សេចក្ដី​ទាំងអស់​ដល់​អ្នករាល់គ្នា ហើយ​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​។ “​ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។ អ្នករាល់គ្នា​ឮ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘​ខ្ញុំ​នឹង​ទៅ ហើយ​ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​’​។ ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ម្ល៉េះសម​អ្នករាល់គ្នា​បាន​អរសប្បាយ​ដោយសារ​ខ្ញុំ​ទៅឯ​ព្រះ​បិតា ដ្បិត​ព្រះ​បិតា​ធំជាង​ខ្ញុំ​។ ឥឡូវនេះ ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ មុន​ការនោះ​កើតឡើង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ កាលណា​ការនោះ​កើតឡើង​។ ខ្ញុំ​នឹង​មិន​និយាយ​សេចក្ដី​ជាច្រើន​ជាមួយ​អ្នករាល់គ្នា​ទៀតទេ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោក​នឹង​មក​។ វា​គ្មានអំណាច​លើ​ខ្ញុំ​ឡើយ​។ ប៉ុន្តែ​ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ព្រះ​បិតា ខ្ញុំ​ក៏​ធ្វើ​ដូច្នេះ​ដូចដែល​ព្រះ​បិតា​បាន​បង្គាប់​ខ្ញុំ​។ “​ក្រោកឡើង​មក យើង​នាំគ្នា​ចេញ​ពីទីនេះ​ទៅ​! “​គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ​ដ៏ពិត ហើយ​ព្រះ​បិតា​របស់ខ្ញុំ​ជា​អ្នកថែចម្ការ​។ អស់ទាំង​មែក​នៅ​ជាប់​នឹង ខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។ អ្នករាល់គ្នា​បាន​ស្អាត​រួចហើយ ដោយសារតែ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នករាល់គ្នា​។ ចូរ​ស្ថិតនៅ​ក្នុង​ខ្ញុំ នោះខ្ញុំក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។ ដូចដែល​មែក​មិនអាច​បង្កើត​ផល​ដោយ​ឯកឯង​បានឡើយ លុះត្រាតែ​នៅជាប់​នឹង​ដើមទំពាំងបាយជូរ អ្នករាល់គ្នា​ក៏មិន​អាច​បង្កើត​ផល​ដូច្នោះ​បាន​ដែរ លុះត្រាតែ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ​។ “​គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ អ្នករាល់គ្នា​ជា​មែក​។ អ្នក​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នកនោះ អ្នកនោះ​នឹង​បង្កើត​ផល​ជាច្រើន ដ្បិត​អ្នករាល់គ្នា​មិនអាច​ធ្វើ​អ្វី​ដោយគ្មាន​ខ្ញុំ​បានឡើយ​។ ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។ ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយ​ពាក្យ​របស់ខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ចូរ​ទូល​សុំ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង់បាន​ចុះ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។ ព្រះ​បិតា​របស់ខ្ញុំ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ដោយសារតែការនេះ គឺការដែល​អ្នករាល់គ្នា​បង្កើត​ផល​ជាច្រើន និង​ការដែល​អ្នករាល់គ្នា​ធ្វើជា​សិស្ស​របស់ខ្ញុំ​។ “​ដូចដែល​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ ខ្ញុំក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ចុះ​។ ប្រសិនបើ​អ្នករាល់គ្នា​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ អ្នករាល់គ្នា​នឹង​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ ដូចដែល​ខ្ញុំ​បាន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​បិតា​ខ្ញុំ ហើយ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ដែរ​។ “​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បីឲ្យ​អំណរ​របស់ខ្ញុំ​បាន​នៅ​ក្នុង​អ្នករាល់គ្នា ហើយ​ឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។ នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។ គ្មានអ្នកណា​មាន​សេចក្ដីស្រឡាញ់​ធំជាង​នេះ​ឡើយ គឺដែល​ម្នាក់​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​មិត្តសម្លាញ់​របស់​ខ្លួន​។ អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។ ខ្ញុំ​មិន​ហៅ​អ្នករាល់គ្នា​ជា​បាវបម្រើ​ទៀតទេ ពីព្រោះ​បាវបម្រើ​មិន​ដឹង​អ្វី​ដែល​ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​ឡើយ ផ្ទុយទៅវិញ ខ្ញុំ​បាន​ហៅ​អ្នករាល់គ្នា​ជា​មិត្តសម្លាញ់ ពីព្រោះ​ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​ដឹង​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ឮ​ពី​ព្រះ​បិតា​របស់ខ្ញុំ​ហើយ​។ អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​បង្គាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ “​ប្រសិនបើ​ពិភពលោក​ស្អប់​អ្នករាល់គ្នា ចូរ​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ​មុន​អ្នករាល់គ្នា​ហើយ​។ ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ពិភពលោក ម្ល៉េះសម​ពិភពលោក​បាន​ស្រឡាញ់​របស់ខ្លួនវា​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជា​របស់​ពិភពលោក គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ចេញពី​ពិភពលោក ហេតុនេះហើយបានជា​ពិភពលោក​ស្អប់​អ្នករាល់គ្នា​។ ចូរ​នឹកចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​: ‘​បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​’​។ ប្រសិនបើ​គេ​បៀតបៀន​ខ្ញុំ គេ​នឹង​បៀតបៀន​អ្នករាល់គ្នា​ដែរ​។ ប្រសិនបើ​គេ​កាន់តាម​ពាក្យ​របស់ខ្ញុំ គេ​នឹង​កាន់តាម​ពាក្យ​របស់អ្នករាល់គ្នា​ដែរ​។ ប៉ុន្តែ​គេ​នឹង​ប្រព្រឹត្ត​ការ​ទាំងអស់​នេះ​ដល់​អ្នករាល់គ្នា​ដោយសារតែ​នាម​របស់ខ្ញុំ ពីព្រោះ​គេ​មិន​បាន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ទេ​។ ប្រសិនបើ​ខ្ញុំ​មិន​បាន​មក ហើយ​ប្រាប់​ពួកគេ​ទេ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​គ្មាន​ពាក្យដោះសា​អំពី​បាប​របស់​ពួកគេ​ឡើយ​។ អ្នក​ដែល​ស្អប់​ខ្ញុំ ក៏​ស្អប់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ប្រសិនបើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ក្នុងចំណោម​ពួកគេ ជា​កិច្ចការ​ដែល​គ្មានអ្នកណា​ផ្សេង​បាន​ធ្វើ​ទេ ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ និង​ព្រះ​បិតា​របស់ខ្ញុំ​ទៀត​។ នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: ‘​ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ​’​។ “​នៅពេល​ព្រះជំនួយ​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ​បិតា​ឲ្យមក​អ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​ចេញមក​ពី​ព្រះ​បិតា​បាន​យាង​មក ព្រះអង្គ​នឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ ហើយ​អ្នករាល់គ្នា​ក៏​ធ្វើបន្ទាល់​ដែរ ពីព្រោះ​អ្នករាល់គ្នា​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក​។ “​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ឡើយ​។ គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។ ពួកគេ​នឹង​ធ្វើ​ការទាំងនេះ ដោយសារ​ពួកគេ​មិន​ស្គាល់​ព្រះ​បិតា ហើយក៏មិន​ស្គាល់​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បី​កាលណា​ពេលវេលា​នោះ​មក​ដល់ អ្នករាល់គ្នា​បាន​នឹកឃើញ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​។ ខ្ញុំ​មិន​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​តាំងពី​ដំបូង​ទេ ពីព្រោះ​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​។ “​ឥឡូវនេះ ខ្ញុំ​នឹង​ទៅឯ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ហើយ​គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា​សួរ​ខ្ញុំ​ថា​: ‘​តើ​លោក​នឹង​ទៅ​ឯណា​?​’ ឡើយ​។ ផ្ទុយទៅវិញ ដោយសារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ចិត្ត​របស់អ្នករាល់គ្នា​បាន​ពេញ​ដោយ​ទុក្ខព្រួយ​។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា​ថា ការ​ដែល​ខ្ញុំ​ទៅ គឺ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា ពីព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះជំនួយ​នឹង​មិន​មករក​អ្នករាល់គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យមក​រក​អ្នករាល់គ្នា​។ នៅពេល​យាង​មក​ដល់ ព្រះអង្គ​នឹង​ឲ្យ​ពិភពលោក​ដឹងកំហុស​ទាក់ទងនឹង​បាប ទាក់ទងនឹង​សេចក្ដីសុចរិត និង​ទាក់ទងនឹង​ការជំនុំជម្រះ គឺ​ទាក់ទងនឹង​បាប ពីព្រោះ​ពួកគេ​មិន​ជឿលើ​ខ្ញុំ​; ទាក់ទងនឹង​សេចក្ដីសុចរិត ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា ហើយ​អ្នករាល់គ្នា​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​; ទាក់ទងនឹង​ការជំនុំជម្រះ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោកនេះ​ត្រូវបាន​ផ្ដន្ទាទោស​ហើយ​។ “​ខ្ញុំ​នៅតែ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដើម្បី​ប្រាប់​អ្នករាល់គ្នា ប៉ុន្តែ​ឥឡូវនេះ​អ្នករាល់គ្នា​មិនអាច​ទទួល​បានទេ​។ នៅពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​នាំផ្លូវ​អ្នករាល់គ្នា​ទៅ​ក្នុង គ្រប់ទាំង​សេចក្ដីពិត ពីព្រោះ​ព្រះអង្គ​នឹង​មិន​មានបន្ទូល​ចេញពី​អង្គទ្រង់​ទេ គឺ​ព្រះអង្គ​នឹង​មានបន្ទូល​នូវ​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ឮ​វិញ ហើយ​ថ្លែង​នូវ​អ្វីៗ​ដែល​នឹង​មក ដល់​អ្នករាល់គ្នា​។ ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ពីព្រោះ​ព្រះអង្គ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។ អ្វីៗ​ទាំងអស់​ដែល​ព្រះ​បិតា​មាន​ជា​របស់ខ្ញុំ​។ ហេតុនេះហើយបានជា​ខ្ញុំ​និយាយ​ថា ព្រះវិញ្ញាណ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។ “​បន្តិចទៀត អ្នករាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ ”។ ដូច្នេះ អ្នកខ្លះ​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “​តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​ថា​: ‘​បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​’ និង​ថា​: ‘​ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា​’ នេះ​មានន័យ​ដូចម្ដេច​?​”​។ ពួកគេ​ក៏​និយាយ​ទៀត​ថា​៖ “​តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូលថា​: ‘​បន្តិចទៀត​’ នេះ​មានន័យ​ដូចម្ដេច​? យើង​មិន​យល់​អ្វីដែល​ព្រះអង្គ​មានបន្ទូល​ទេ​”​។ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពួកគេ​ចង់​ទូល​សួរ​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​សួរ​គ្នាទៅវិញទៅមក​អំពី​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយថា​: ‘​បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​’ នេះ​ឬ​? “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។ នៅពេល​ស្ត្រី​សម្រាល​កូន នាង​មាន​ទុក្ខព្រួយ ពីព្រោះ​ពេលវេលា​របស់​នាង​មក​ដល់ ប៉ុន្តែ​ពេល​នាង​សម្រាល​បាន​កូន​ហើយ នាង​លែង​នឹកចាំ​ទុក្ខវេទនា​នោះ​ទៀត​ហើយ ដោយសារតែ​អំណរ​ដែល​មនុស្ស​ម្នាក់​កើតមក​ក្នុង​ពិភពលោក​។ ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។ នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​មិន​សួរ​ខ្ញុំ​ពី​អ្វី​ទៀត​ឡើយ​។ “​ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។ រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។ “​ខ្ញុំ​បាន​និយាយ​សេចក្ដីទាំងនេះ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​។ ពេលវេលា​នឹង​មក ដែល​ខ្ញុំ​លែង​និយាយ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​ទៀតឡើយ ផ្ទុយទៅវិញ​ខ្ញុំ​នឹង​ប្រាប់​អ្នករាល់គ្នា​យ៉ាងច្បាស់​អំពី​ព្រះ​បិតា​។ នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា​ជំនួស​អ្នករាល់គ្នា​ទេ ដ្បិត​ព្រះ​បិតា​ផ្ទាល់​ទ្រង់​ស្រឡាញ់​អ្នករាល់គ្នា ដោយសារ​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ និង​ជឿ​ថា ខ្ញុំ​ចេញមក​ពី​ព្រះ ។ ខ្ញុំ​ចេញ​ពី​ព្រះ​បិតា ហើយ​មក​ក្នុង​ពិភពលោក​; ខ្ញុំ​នឹង​ចាកចេញ​ពី​ពិភពលោក ហើយ​ទៅឯ​ព្រះ​បិតា​វិញ​”​។ ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ “​មើល៍! ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​យ៉ាងច្បាស់ ហើយ​លែង​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​ទៀត​ហើយ​។ ឥឡូវនេះ យើងខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់ ហើយ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ទូល​សួរ​ព្រះអង្គ​ទេ​។ ដោយសារតែការនេះ យើងខ្ញុំ​ជឿ​ថា​ព្រះអង្គ​យាង​មក​ពី​ព្រះ​”​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖ “​ឥឡូវនេះ អ្នករាល់គ្នា​ជឿ​ឬ​? មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ​”​៕ ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “​ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។ នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ ទូលបង្គំ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​នៅ​ផែនដី ដោយ​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ទូលបង្គំ​ធ្វើ​។ ព្រះ​បិតា​អើយ ឥឡូវនេះ សូម​ព្រះអង្គ​លើកតម្កើងសិរីរុងរឿង​ដល់​ទូលបង្គំ​ជាមួយ​អង្គទ្រង់ ដោយ​សិរីរុងរឿង​ដែល​ទូលបង្គំ​មាន​ជាមួយ​ព្រះអង្គ តាំងពីមុន​ដែល​មាន​ពិភពលោក​ផង​។ “​ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។ ពួកគេ​ជា​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។ ឥឡូវនេះ ពួកគេ​ដឹង​ហើយ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ គឺ​មក​ពី​ព្រះអង្គ ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។ ទូលបង្គំ​ទូល​អង្វរ​សម្រាប់​ពួកគេ មិនមែន​ទូល​អង្វរ​សម្រាប់​ពិភពលោក​ទេ គឺ​សម្រាប់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពីព្រោះ​ពួកគេ​ជា​របស់ព្រះអង្គ​។ អ្វីៗ​ទាំងអស់​របស់ទូលបង្គំ​ជា​របស់ព្រះអង្គ អ្វីៗ​របស់ព្រះអង្គ​ជា​របស់ទូលបង្គំ ហើយ​ទូលបង្គំ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ពួកគេ​។ ទូលបង្គំ​មិន​នៅ​ក្នុង​ពិភពលោក​ទៀតទេ​។ ពួកគេ​នៅ​ក្នុង​ពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ព្រះ​បិតា​ដ៏វិសុទ្ធ​អើយ សូម​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ផង គឺ​នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គមួយ​ដែរ​។ ពេល​ទូលបង្គំ​នៅ ជាមួយ​ពួកគេ ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។ ទូលបង្គំ​បាន​រក្សា​ពួកគេ ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ លើកលែងតែ​កូននៃសេចក្ដីវិនាស​ប៉ុណ្ណោះ ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។ ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ទូលបង្គំ​និយាយ​សេចក្ដីទាំងនេះ​ក្នុង​ពិភពលោក ដើម្បីឲ្យ​ពួកគេ​មាន​អំណរ​របស់ទូលបង្គំ​ត្រូវបាន​បំពេញ​ក្នុង​ខ្លួនពួកគេ​។ ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។ ទូលបង្គំ​ទូល​អង្វរ​មិនមែន​ដើម្បីឲ្យ​ព្រះអង្គ​យក​ពួកគេ​ចេញ​ពី​ពិភពលោក​ទេ គឺ​ដើម្បីឲ្យ​ព្រះអង្គ​ការពារ​ពួកគេ​ពី​មេអាក្រក់​វិញ​។ ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។ សូម​ញែក​ពួកគេ​ជាវិសុទ្ធ​ដោយ​សេចក្ដីពិត​ផង ​; គឺ​ព្រះបន្ទូល​របស់ព្រះអង្គ​ហើយ ជា​សេចក្ដីពិត​។ ដូចដែល​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​ក្នុង​ពិភពលោក​យ៉ាងណា ទូលបង្គំក៏​បាន​ចាត់​ពួកគេ​ឲ្យទៅ​ក្នុង​ពិភពលោក​យ៉ាងនោះដែរ​។ ទូលបង្គំ​ញែក​ខ្លួន​ជាវិសុទ្ធ​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ត្រូវ​បាន​ញែកជាវិសុទ្ធ​ក្នុង​សេចក្ដីពិត​ដែរ​។ “​ទូលបង្គំ​ទូល​អង្វរ​មិនគ្រាន់តែ​សម្រាប់​អ្នកទាំងនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជឿលើ​ទូលបង្គំ​តាមរយៈ​ពាក្យ​របស់​ពួកគេ​ដែរ ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។ សិរីរុងរឿង​ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គ​មួយ​ដែរ គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។ ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។ ព្រះ​បិតា​ដ៏សុចរិតយុត្តិធម៌​អើយ ទោះបីជា​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ ក៏​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​អ្នកទាំងនោះ​ក៏​ដឹង​ថា គឺ​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។ ទូលបង្គំ​បាន​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយ​នឹង​ឲ្យ​ស្គាល់​ទៀត ដើម្បីឲ្យ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​បាន​នៅ​ក្នុង​ពួកគេ ហើយទូលបង្គំក៏​នៅក្នុង​ពួកគេ​ដែរ​”​៕ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​យាង​ចេញទៅ​ខាងនាយ​ជ្រោះ​កេដ្រុន​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​។ នៅទីនោះ​មាន​សួន​មួយ ហើយ​ព្រះអង្គ និង​ពួក​សិស្ស​ក៏​ចូលទៅ​ក្នុង​សួននោះ​។ រីឯ​យូដាស​ដែល​ក្បត់​ព្រះអង្គ​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពីព្រោះ​ព្រះយេស៊ូវ​បាន​ជួបជុំ​ជាមួយ​ពួក​សិស្ស​នៅ​ទីនោះ​ជាញឹកញាប់​។ ដូច្នេះ យូដាស​ក៏​យក​កងទាហាន​និង​ពួក​តម្រួត ពី​ពួក​នាយកបូជាចារ្យ​និង​ពួកផារិស៊ី ទៅ​ទីនោះ មានទាំង​គោម ចន្លុះ និង​អាវុធ​។ ព្រះយេស៊ូវ​បាន​ជ្រាប​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​ដល់​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​តើ​អ្នករាល់គ្នា​រក​នរណា​?​”​។ ពួកគេ​ឆ្លើយថា​៖ “​យេស៊ូវ​អ្នកណាសារ៉ែត​”។ ព្រះអង្គ​មានបន្ទូលថា​៖ “​គឺ​ខ្ញុំ​ហ្នឹងហើយ​”។ រីឯ​យូដាស​ដែល​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ​។ នៅពេល​ព្រះអង្គ​មានបន្ទូលថា​: “​គឺ​ខ្ញុំ​ហ្នឹងហើយ​” ពួកគេ​បាន​ថយ​ទៅ​ក្រោយ ហើយ​ដួល​ទៅ​លើដី​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ម្ដងទៀត​ថា​៖ “​តើ​អ្នករាល់គ្នា​រក​នរណា​?​”​។ ពួកគេ​ឆ្លើយថា​៖ “​យេស៊ូវ​អ្នកណាសារ៉ែត​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​។ ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​រក​ខ្ញុំ ចូរ​ឲ្យ​អ្នកទាំងនេះ​ទៅ​ចុះ​”​។ នេះគឺ​ដើម្បីឲ្យ​ព្រះបន្ទូល​ដែល​ព្រះអង្គ​មានបន្ទូល​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​មិន​បាន​បាត់បង់​អ្នកណាម្នាក់​ឡើយ​”​។ ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ក៏​ហូត​ដាវនោះ ហើយ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ស្ដាំ​របស់​អ្នកនោះ​។ ឈ្មោះ​របស់​បាវបម្រើ​នោះ​គឺ​ម៉ាលកុស​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពេត្រុស​ថា​៖ “​ចូរ​ស៊ក​ដាវ​ទៅក្នុង​ស្រោម​វិញ​ទៅ​។ តើ​មិន​គួរឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​ដែល​ព្រះ​បិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​?​”​។ បន្ទាប់មក កងទាហាន មេបញ្ជាការ និង​ពួក​តម្រួត​របស់​ពួកយូដា​ក៏​ចាប់​ព្រះយេស៊ូវ ហើយ​ចង​ព្រះអង្គ រួច​នាំ​ព្រះអង្គ​ទៅ​រក​អាន់ណាស​មុនគេ ពីព្រោះ​លោក​ជា​ឪពុកក្មេក​របស់​កៃផាស​ដែល​ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ​។ គឺ​កៃផាស​នេះ​ហើយ ដែល​ទូន្មាន​ពួកយូដា​ថា​: “​មនុស្ស​ម្នាក់​ស្លាប់ ​ជំនួស​ប្រជាជន​ជាប្រយោជន៍​”​។ ពេលនោះ ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ទៅតាម​ព្រះយេស៊ូវ​។ សិស្ស​ម្នាក់​នោះ​ជា​អ្នក​ដែល​មហាបូជាចារ្យ​ស្គាល់ ដូច្នេះ​គាត់​ក៏​ចូល​ទៅក្នុង​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​ជាមួយ​ព្រះយេស៊ូវ រីឯ​ពេត្រុស​ឈរ​នៅ​ខាងក្រៅ​ទ្វារ​។ ដូច្នេះ សិស្ស​ម្នាក់ទៀត​ដែល​មហាបូជាចារ្យ​ស្គាល់​នោះ ក៏​ចេញមក​និយាយ​នឹង​អ្នកយាមទ្វារ ហើយ​នាំ​ពេត្រុស​ចូលទៅ​។ ពេលនោះ បាវបម្រើស្រី​ដែល​ជា​អ្នកយាមទ្វារ ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “​អ្នកឯង​ក៏​មិនមែន​ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​អ្នកនោះ​ដែរ មែនទេ​?​”​។ ពេត្រុស​ថា​៖ “​ខ្ញុំ​មិនមែនទេ​!​”​។ នៅពេល​បង្កាត់​ភ្លើងធ្យូង​ហើយ ពួក​បាវបម្រើ និង​ពួក​តម្រួត​បាន​ឈរ​អាំងភ្លើង​ដោយសារតែ​រងា រីឯ​ពេត្រុស​ក៏​ឈរ​អាំងភ្លើង​ជាមួយ​ពួកគេ​ដែរ​។ ពេលនោះ មហាបូជាចារ្យ​សួរ​ព្រះយេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖ “​ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។ ហេតុអ្វីបានជា​លោក​សួរ​ខ្ញុំ​ដូច្នេះ​? ចូរ​សួរ​ពួក​អ្នក​ដែល​បាន​ស្ដាប់​អ្វីដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ទៅ​។ មើល៍! អ្នកទាំងនោះ​ដឹង​អ្វីៗដែល​ខ្ញុំ​និយាយ​ហើយ​”។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ តម្រួត​ម្នាក់​ដែល​ឈរនៅក្បែរ​ក៏​ទះកំផ្លៀង​ព្រះអង្គ ទាំង​និយាយថា​៖ “​តើ​អ្នកឯង​ឆ្លើយ​នឹង​មហាបូជាចារ្យ​យ៉ាងនេះ​ឬ​?​”​។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​អ្នកនោះ​ថា​៖ “​ប្រសិនបើ​ខ្ញុំ​បាន​និយាយ​មិនត្រឹមត្រូវ ចូរ​ធ្វើបន្ទាល់​អំពី​ពាក្យ​មិនត្រឹមត្រូវ​នោះ​មក ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​និយាយ​ត្រឹមត្រូវ​វិញ ម្ដេចក៏​វាយ​ខ្ញុំ​?​”​។ បន្ទាប់មក អាន់ណាស​បាន​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់ចំណង​ទៅ​កៃផាស​ជា​មហាបូជាចារ្យ​។ រីឯ​ស៊ីម៉ូន​ពេត្រុស​កំពុង​ឈរ​អាំងភ្លើង​។ ពេលនោះ គេ​សួរ​គាត់​ថា​៖ “​អ្នកឯង​ក៏​មិនមែន​ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​អ្នកនោះ​ដែរ មែនទេ​?​”​។ គាត់​បដិសេធ​ថា​៖ “​ខ្ញុំ​មិនមែនទេ​!​”។ ម្នាក់​ក្នុង​ពួក​បាវបម្រើ​របស់​មហាបូជាចារ្យ ជា​សាច់ញាតិ​របស់​អ្នកដែល​ពេត្រុស​បាន​កាប់ដាច់​ត្រចៀក​នោះ និយាយថា​៖ “​តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នកឯង​នៅ​ជាមួយ​អ្នកនោះ​ក្នុង​សួន​ទេ​ឬ​?​”​។ ពេត្រុស​បដិសេធ​ម្ដងទៀត​។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។ ដូច្នេះ ពីឡាត់​ក៏​ចេញមក​ខាងក្រៅ​ជួប​ពួកគេ សួរថា​៖ “​តើ​អ្នករាល់គ្នា​នាំមក​នូវ​ការចោទប្រកាន់​អ្វី​ទាស់នឹង​អ្នក​នេះ​?​”​។ ពួកគេ​តប​ថា​៖ “​ប្រសិនបើ​អ្នកនេះ​មិន​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទេ ម្ល៉េះសម​យើងខ្ញុំ​មិន​បាន​ប្រគល់​គាត់​មក​លោក​ឡើយ​”​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​កាត់ទោស តាម​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​ចុះ​”។ ពួក​ជនជាតិយូដា​ទាំងនោះ​តបថា​៖ “​គ្មានច្បាប់​ឲ្យ​យើងខ្ញុំ​ប្រហារជីវិត​អ្នកណាម្នាក់​ឡើយ​”។ គេ​និយាយ​ដូច្នេះ ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ដែល​ព្រះអង្គ​មានបន្ទូល​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា ត្រូវបាន​បំពេញឲ្យសម្រេច​។ ពីឡាត់​ក៏​ចូលទៅ​ក្នុង​វិមាន​អភិបាល​វិញ ហើយ​ហៅ​ព្រះយេស៊ូវ​មក​សួរថា​៖ “​តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​តើ​លោក​និយាយ​ដូច្នេះ​ចេញពី​ខ្លួនលោក ឬក៏​មាន​អ្នកផ្សេង​ប្រាប់​លោក​អំពី​ខ្ញុំ​?​”​។ ពីឡាត់​មានប្រសាសន៍ថា​៖ “​តើ​ខ្ញុំ​ជា​ជនជាតិយូដា​ឬ​? ជនជាតិ​របស់អ្នកផ្ទាល់ និង​ពួក​នាយកបូជាចារ្យ​ទេតើ ដែល​ប្រគល់​អ្នក​មក​ខ្ញុំ​។ តើ​អ្នក​បាន​ធ្វើ​អ្វី​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​អាណាចក្រ​របស់ខ្ញុំ​មិនមែន​ជារបស់​ពិភពលោកនេះ​ទេ​។ ប្រសិនបើ​អាណាចក្រ​របស់ខ្ញុំ​ជា​របស់​ពិភពលោកនេះ ម្ល៉េះសម​ពួក​អ្នកបម្រើ​របស់ខ្ញុំ​បាន​តយុទ្ធ ដើម្បីកុំឲ្យ​ខ្ញុំ​ត្រូវគេ​ប្រគល់​ទៅ​ពួក​ជនជាតិយូដា​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​របស់ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ​”​។ ពីឡាត់​ក៏​សួរថា​៖ “​អ៊ីចឹង អ្នក​ជា​ស្ដេច​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​គឺ​លោក​ទេតើ ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្ដេច​។ ខ្ញុំ​បាន​កើតមក​ដើម្បី​ការនេះ ហើយ​បាន​មក​ក្នុង​ពិភពលោក​ដើម្បី​ការនេះ គឺ​ដើម្បី​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ អស់អ្នក​ដែល​ជារបស់​សេចក្ដីពិត ស្ដាប់​សំឡេង​របស់ខ្ញុំ​”។ ពីឡាត់​ថា​៖ “​តើ​សេចក្ដីពិត​ជា​អ្វី​?​”​។ ពីឡាត់​មានប្រសាសន៍​ដូច្នេះ​ហើយ ក៏​ចេញទៅ​ជួប​ពួក​ជនជាតិយូដា​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ​។ ប៉ុន្តែ​អ្នករាល់គ្នា​មាន​ទំនៀមទម្លាប់​មួយ គឺឲ្យ​ខ្ញុំ​ដោះលែង​មនុស្ស​ម្នាក់​ដល់​អ្នករាល់គ្នា​ក្នុងអំឡុងពេល​បុណ្យរំលង​។ ដូច្នេះ តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេចនៃជនជាតិយូដា​ដល់​អ្នករាល់គ្នា​ឬទេ​?​”​។ ពួកគេ​ក៏​ស្រែកឡើង​សាជាថ្មី​ថា​៖ “​មិនមែន​អ្នកនេះ​ទេ គឺ​បារ៉ាបាស​វិញ​!​”។ រីឯ​បារ៉ាបាស​ម្នាក់នេះ​ជា​ចោរប្លន់​៕ ពេលនោះ ពីឡាត់​យក​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​វាយនឹងខ្សែតី​។ ពួក​ទាហាន​បាន​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ហើយ​ដណ្ដប់​អាវវែង​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ រួចក៏​មកឯ​ព្រះអង្គ​ជាបន្តបន្ទាប់ ទាំង​ពោលថា​៖ “​ជយោ! ស្ដេចនៃជនជាតិយូដា​!” ហើយ​ទះកំផ្លៀង​ព្រះអង្គ​។ ពីឡាត់​ចេញទៅ​ខាងក្រៅ​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​មើល៍! ខ្ញុំ​នាំ​អ្នកនេះ​ចេញ​មក​ជួប​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ​”​។ ពេលនោះ ព្រះយេស៊ូវ​យាង​ចេញមក​ខាងក្រៅ ទាំង​ពាក់​មកុដ​បន្លា និង​អាវវែង​ពណ៌ស្វាយ​។ ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​មើល៍! មនុស្ស​ហ្នឹងហើយ​!​”។ នៅពេល​ឃើញ​ព្រះអង្គ ពួក​នាយកបូជាចារ្យ និង​ពួក​តម្រួត​ក៏​ស្រែកឡើង​ថា​៖ “​ឆ្កាង​ទៅ​! ឆ្កាង​ទៅ​!​”​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “​ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ដោយ​ខ្លួនឯង​ទៅ ពីព្រោះ​ខ្ញុំ​រក​មិន​ឃើញ​ទោស​ក្នុង​គាត់​ឡើយ​”​។ ពួក​ជនជាតិយូដា​តបថា​៖ “​យើងខ្ញុំ​មាន​ក្រឹត្យវិន័យ ហើយ​តាម​ក្រឹត្យវិន័យ​នោះ អ្នកនេះ​គួរតែ​ស្លាប់ ពីព្រោះ​វា​តាំងខ្លួន​ជា​ព្រះបុត្រារបស់ព្រះ​”។ នៅពេល​ពីឡាត់​ឮ​ពាក្យ​នេះ គាត់​កាន់តែ​ខ្លាច ហើយ​ចូលទៅ​ក្នុង​វិមាន​អភិបាល​វិញ សួរ​ព្រះយេស៊ូវ​ថា​៖ “​តើ​អ្នក​មក​ពីណា​?​”​។ ប៉ុន្តែ​ព្រះយេស៊ូវ​មិន​ផ្ដល់​ចម្លើយ​ដល់​គាត់​ឡើយ​។ ដូច្នេះ ពីឡាត់​ក៏​មានប្រសាសន៍ថា​៖ “​តើ​អ្នក​មិន​និយាយ​នឹង​ខ្ញុំ​ទេ​ឬ​? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​សិទ្ធិអំណាច​ដោះលែង​អ្នក និង​មាន​សិទ្ធិអំណាច​ឆ្កាង​អ្នក​ទេ​ឬ​?​”​។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖ “​លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង​”។ តាំងពីពេលនោះមក ពីឡាត់​ក៏​ព្យាយាម​ដោះលែង​ព្រះអង្គ ប៉ុន្តែ​ពួក​ជនជាតិយូដា​ស្រែកឡើង​ថា​៖ “​ប្រសិនបើ​លោក​ដោះលែង​អ្នកនេះ លោក​មិនមែន​ជា​មិត្ត​របស់​សេសារ​ទេ​។ អស់អ្នក​ដែល​តាំងខ្លួន​ជា​ស្ដេច​គឺ​ប្រឆាំង​នឹង​សេសារ​!​”។ ពីឡាត់​ឮ​ពាក្យ​ទាំងនេះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​មក ហើយ​អង្គុយ​លើ​កៅអីកាត់ក្ដី នៅ​កន្លែង​ដែល​គេ​ហៅថា “​ទី​ក្រាលថ្ម​” ភាសាហេព្រើរ ​ហៅថា “​កាបាថា​”​។ ថ្ងៃនោះ​ជា​ថ្ងៃរៀបចំ​បុណ្យរំលង ហើយ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួក​ជនជាតិយូដា​ថា​៖ “​មើល៍! ស្ដេច​របស់អ្នករាល់គ្នា​!​”​។ ពួកគេ​ស្រែកថា​៖ “​កម្ចាត់​ទៅ​! កម្ចាត់​ទៅ​! ឆ្កាង​វា​ទៅ​!​”​។ ពីឡាត់​សួរថា​៖ “​តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់អ្នករាល់គ្នា​ឬ​?​”​។ ពួក​នាយកបូជាចារ្យ​តបថា​៖ “​ក្រៅពី​សេសារ យើង​គ្មាន​ស្ដេច​ឡើយ​!​”​។ ពេលនោះ ពីឡាត់​ក៏​ប្រគល់​ព្រះអង្គ​ទៅ​ពួកគេ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។ ដូច្នេះ ពួកគេ​ក៏​យក​ព្រះយេស៊ូវ​ទៅ​។ ព្រះអង្គ​យាង​ចេញទៅ​ទាំង​លី​ឈើឆ្កាង​ដោយ​អង្គទ្រង់ ឆ្ពោះទៅ​កន្លែង​មួយ​ដែល​គេ​ហៅថា “​ទី​លលាដ៍ក្បាល​” ដែល​ភាសាហេព្រើរ​ហៅថា “​គាល់កូថា​”​។ នៅទីនោះ ពួកគេ​ឆ្កាង​ព្រះយេស៊ូវ​ជាមួយ​ពីរ​នាក់​ទៀត គឺម្នាក់នៅ​ខាងនេះ​ម្នាក់នៅ​ខាងនោះ ហើយ​ព្រះយេស៊ូវ​នៅ​កណ្ដាល​។ ពីឡាត់​ក៏​សរសេរ​ផ្លាកសញ្ញា​មួយ​ដែរ ហើយ​បិទ​នៅលើ​ឈើឆ្កាង​។ ផ្លាកនោះ​មាន​សរសេរ​ថា “​យេស៊ូវ​អ្នកណាសារ៉ែត ស្ដេចនៃជនជាតិយូដា​”។ ជនជាតិយូដា​ជាច្រើន​បាន​អាន​ផ្លាកសញ្ញា​នោះ ពីព្រោះ​កន្លែង​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ឆ្កាង​នោះ​នៅ​ជិត​ទីក្រុង​។ ផ្លាកនោះ​មាន​សរសេរ​ជា​ភាសាហេព្រើរ ភាសាឡាតាំង និង​ភាសាក្រិក​។ ពួក​នាយកបូជាចារ្យ​របស់​ជនជាតិយូដា​និយាយ​នឹង​ពីឡាត់​ថា​៖ “​សូម​កុំ​សរសេរ​ថា ‘​ស្ដេចនៃជនជាតិយូដា​’ ប៉ុន្តែ​សូម​សរសេរ​ថា ‘​អ្នកនេះ​និយាយថា​: ខ្ញុំ​ជា​ស្ដេចនៃជនជាតិយូដា​’ វិញ​”។ ពីឡាត់​តបថា​៖ “​អ្វីដែល​ខ្ញុំ​បាន​សរសេរ ខ្ញុំ​បាន​សរសេរ​ហើយ​”។ នៅពេល​ពួក​ទាហាន​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​យក​ព្រះពស្ត្រ​របស់​ព្រះអង្គ​មក រួច​ចែក​ជា​បួន​ចំណែក​ឲ្យ​ទាហាន​ម្នាក់ៗ​មួយ​ចំណែក​។ គេយក​អាវខាងក្នុង​ដែរ ប៉ុន្តែ​អាវខាងក្នុង​នោះ​គ្មានថ្នេរ​សោះ គឺត្រូវបាន​ត្បាញ​តាំងពី​លើ​ដល់ក្រោម​។ ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “​កុំ​ហែក​វា​ឡើយ ប៉ុន្តែ​យើង​នាំគ្នា​ចាប់ឆ្នោត​វិញ ដើម្បីឲ្យ​ដឹងថា​វា​ទៅជា​របស់​អ្នកណា​”​។ នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:​ “​ពួកគេ​បាន​ចែក​សម្លៀកបំពាក់​របស់ខ្ញុំ​សម្រាប់​ខ្លួនពួកគេ ហើយ​ចាប់ឆ្នោត​យក​អាវ​របស់ខ្ញុំ​”​។ ពួក​ទាហាន​បាន​ធ្វើ​ការទាំងនេះ​ដូច្នេះ​មែន​។ ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។ ព្រះយេស៊ូវ​ទត​ឃើញ​ម្ដាយ​របស់​ព្រះអង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈរនៅក្បែរ ក៏​មានបន្ទូល​នឹង​ម្ដាយ​ថា​៖ “​ស្ត្រី​អើយ មើល៍! កូន​របស់អ្នក​”​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​សិស្ស​នោះ​ថា​៖ “​មើល៍! ម្ដាយ​របស់អ្នក​”។ តាំងពីពេលនោះមក សិស្ស​នោះ​ក៏​ទទួល​ម្ដាយរបស់ព្រះអង្គ​ទៅក្នុង​ផ្ទះ​របស់ខ្លួន​។ បន្ទាប់ពីការនេះ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា អ្វីៗ​ទាំងអស់​បាន​សម្រេច​ហើយ ក៏​មានបន្ទូលថា​៖ “​ខ្ញុំ​ស្រេក​” ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។ មាន​ក្រឡ​មួយ​ពេញ​ដោយ​ទឹកខ្មេះ​ដាក់​នៅទីនោះ ដូច្នេះ​ពួកគេ​ក៏​យក​អេប៉ុងហ្ស៍​ដែល​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​មែកហ៊ីសុប ហុចទៅ​ព្រះឱស្ឋ​របស់​ព្រះអង្គ​។ នៅពេល​ព្រះយេស៊ូវ​ទទួល​ទឹកខ្មេះ​ហើយ ក៏​មានបន្ទូលថា​៖ “​សម្រេច​ហើយ​!​”​។ ព្រះអង្គ​ក៏​ឱន​ព្រះសិរ ហើយ​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។ ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ ពួកយូដា​សុំ​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នកដែលត្រូវបានឆ្កាង ហើយ​យក​សព​ចេញ ដើម្បីកុំឲ្យ​មាន​សាកសព​នៅ​លើ​ឈើឆ្កាង​ក្នុងអំឡុងពេល​ថ្ងៃសប្ប័ទ ពីព្រោះ​ថ្ងៃសប្ប័ទ​នោះ​ជា​ថ្ងៃ​ដ៏សំខាន់​។ ពួក​ទាហាន​ក៏​មក ហើយ​បំបាក់​ជើង​របស់​អ្នក​ទីមួយ និង​ម្នាក់ទៀត​ដែល​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ​។ លុះ​មកដល់​ព្រះយេស៊ូវ ពួកគេ​ឃើញថា ព្រះអង្គ​បាន​សុគត​ផុតហើយ ដូច្នេះ​ពួកគេ​មិន​បាន​បំបាក់​ព្រះបាទា​របស់​ព្រះអង្គ​ទេ​។ ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​ទាហាន​បាន​ចាក់​ចំហៀងព្រះកាយ​របស់​ព្រះអង្គ​នឹង​លំពែង រំពេចនោះ​ឈាម និង​ទឹក​ក៏​ហូរចេញមក​។ រីឯ​ម្នាក់​ដែល​ឃើញ​បាន​ធ្វើបន្ទាល់ ហើយ​ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត ម្នាក់នោះ​ក៏​ដឹង​ថា គាត់​កំពុង​និយាយ​ពិត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ដែរ​។ ជាការពិត ការទាំងនេះ​បាន​កើតឡើង ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​: “​គ្មាន​ឆ្អឹង​ណាមួយ​របស់​ព្រះអង្គ​នឹង​ត្រូវបាន​បំបាក់​ឡើយ​” ហើយ​ក៏​មាន​បទគម្ពីរ​មួយទៀត​ចែង​ដែរ​ថា​: “​ពួកគេ​នឹង​មើល​អ្នកដែល​ពួកគេ​បាន​ចាក់ទម្លុះ​”​។ បន្ទាប់ពីការទាំងនេះ យ៉ូសែប​អ្នកអើរីម៉ាថេ​សុំ​ពីឡាត់​ដើម្បី​យក​ព្រះសព​ព្រះយេស៊ូវ​ចេញ​។ គាត់​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ ប៉ុន្តែ​លាក់មុខ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ពីឡាត់​បាន​អនុញ្ញាត ដូច្នេះ​គាត់​ក៏​មក ហើយ​យក​ព្រះសព​ព្រះអង្គ​។ នីកូដេម​ជា​អ្នក​ដែល​ធ្លាប់​មករក​ព្រះអង្គ​កាលពីមុន​នៅ​ពេលយប់ ក៏​មក​ដែរ ទាំង​យក​ល្បាយ​ផ្សំ​ពី​ជ័រល្វីងទេស និង​ក្រឹស្នា ប្រមាណ​សាមសិបគីឡូក្រាម ​។ ពួកគេ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ហើយ​រុំ​នឹង​ក្រណាត់ផាឌិប ជាមួយ​គ្រឿងក្រអូប តាម​ទម្លាប់​រៀបចំបញ្ចុះសព​របស់​ជនជាតិយូដា​។ នៅ​កន្លែង​ដែល​ព្រះអង្គ​ត្រូវគេ​ឆ្កាង​មាន​សួន​មួយ ហើយ​នៅក្នុង​សួន​នោះ មាន​រូងផ្នូរ​ថ្មី​មួយ ដែល​មិនទាន់​បាន​ដាក់​សព​អ្នកណានៅឡើយ​។ ដូច្នេះ ដោយសារ​ជា​ថ្ងៃរៀបចំ​របស់​ជនជាតិយូដា ហើយ​រូងផ្នូរ​នោះ​ក៏​នៅ​ជិត ពួកគេ​បាន​ដាក់​ព្រះយេស៊ូវ​នៅ​ទីនោះ​៕ នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា​មក​រូងផ្នូរ​ពី​ព្រលឹម ទាំង​ងងឹត​នៅឡើយ ក៏​ឃើញថា​ថ្ម​ត្រូវបាន​យកចេញ​ពី​មាត់​រូង​ហើយ​។ នាង​ក៏​រត់​ទៅរក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ “​គេ​យក​ព្រះអម្ចាស់​ចេញ​ពី​រូងផ្នូរ​ហើយ យើង​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​!​”​។ ដូច្នេះ​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​នោះ​ក៏​ចេញមក ហើយ​ទៅ​រូងផ្នូរ​។ អ្នក​ទាំង​ពីរ​រត់​ទៅ​ជាមួយគ្នា ប៉ុន្តែ​សិស្ស​ម្នាក់ទៀត​នោះ​រត់​លឿនជាង​ពេត្រុស ហើយ​ទៅដល់​រូងផ្នូរ​មុន ក៏​ឱនមើល ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ ប៉ុន្តែ​គាត់​មិន​បាន​ចូល​ទេ​។ ស៊ីម៉ូន​ពេត្រុស​ក៏​មក​តាមក្រោយ​គាត់​ដែរ ហើយ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ ហើយ​ឃើញ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ មិន​នៅ​ជាមួយ​ក្រណាត់ផាឌិប​ទេ គឺ​បាន​មូរ​ទុក​នៅ​កន្លែង​មួយ​ដោយឡែក​។ ពេលនោះ សិស្ស​ម្នាក់ទៀត​ដែល​មកដល់​រូងផ្នូរ​មុន ក៏​ចូលទៅ​ដែរ​។ គាត់​ឃើញ​ហើយ ក៏​ជឿ​។ ពេលនោះ ពួកគេ​មិនទាន់​យល់​បទគម្ពីរ​ដែល​ថា ព្រះអង្គ​ត្រូវតែ​មានព្រះ​ជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ បន្ទាប់មក សិស្ស​ទាំងពីរនាក់​ក៏​ត្រឡប់ទៅ​កន្លែង​របស់ខ្លួន​វិញ​។ រីឯ​ម៉ារា​បាន​ឈរ​យំ​នៅ​ខាងក្រៅ​រូងផ្នូរ​។ នៅពេល​នាង​កំពុង​យំ នាង​ក៏​ឱនមើល​ទៅក្នុង​រូងផ្នូរ ហើយ​ឃើញ​ទូតសួគ៌​របស់ព្រះ​ពីរ​រូប​ស្លៀកពាក់​ស អង្គុយ​នៅ​កន្លែងដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូវ គឺ​មួយ​រូប​នៅ​ខាង​ព្រះសិរ មួយ​រូប​នៅ​ខាង​ព្រះបាទា​។ ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “​ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?​”​។ នាង​ឆ្លើយថា​៖ “​ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​”​។ នាង​និយាយ​ដូច្នេះ​ហើយ ក៏​ងាក​មក​ក្រោយ ហើយ​ឃើញ​ព្រះយេស៊ូវ​កំពុង​ឈរ ប៉ុន្តែ​នាង​មិន​ដឹង​ថា​ជា​ព្រះយេស៊ូវ​ទេ​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?​”​។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “​លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖ “​ម៉ារា​!​”។ នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ ​ថា​៖ “​រ៉ាបូនី ​!​” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ​”​។ ម៉ារា​អ្នកម៉ាក់ដាឡា​ក៏​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ “​ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!​” ហើយ​ប្រាប់​សេចក្ដីទាំងនោះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​នាង​។ នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!​”​។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បង្ហាញ​ព្រះហស្ត និង​ចំហៀងព្រះកាយ​ដល់​ពួកគេ​។ ពួក​សិស្ស​ក៏​អរសប្បាយ ដោយ​បាន​ឃើញ​ព្រះអម្ចាស់​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖ “​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ​”។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖ “​ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​! អ្នករាល់គ្នា​លើកលែងទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​លើកលែងទោស​ដល់​ពួកគេ​រួចហើយ​; អ្នករាល់គ្នា​ប្រកាន់ទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​ប្រកាន់ទោស​ដល់​ពួកគេ​រួចហើយ​”​។ ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម ជា​ម្នាក់​ក្នុង​សាវ័ក ​ទាំង​ដប់ពីរ​នាក់ មិន​នៅ​ជាមួយ​ពួកគេ​ទេ នៅពេល​ព្រះយេស៊ូវ​យាង​មក​។ ដូច្នេះ សិស្ស​ឯទៀត​ប្រាប់​គាត់​ថា​៖ “​យើង​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!​”​។ ប៉ុន្តែ​គាត់​ថា​៖ “​លុះត្រាតែ​ខ្ញុំ​បាន​ឃើញ​ស្នាម​ដែកគោល​លើ​ព្រះហស្ត​របស់​ព្រះអង្គ ហើយ​បាន​ដាក់​ម្រាមដៃ​របស់ខ្ញុំ​ទៅក្នុង​ស្នាម​ដែកគោល​នោះ ព្រមទាំង​បាន​ដាក់​ដៃ​របស់ខ្ញុំ​ទៅក្នុង​ចំហៀងព្រះកាយ​របស់​ព្រះអង្គ ពុំនោះទេ ខ្ញុំ​មិន​ជឿ​ជាដាច់ខាត​”​។ ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖ “​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!​”​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ថូម៉ាស​ថា​៖ “​ចូរ​យក​ម្រាមដៃ​របស់អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​របស់ខ្ញុំ​ចុះ​; ចូរ​យក​ដៃ​របស់អ្នក​មក​ដាក់​ក្នុង​ចំហៀងខ្លួន​របស់ខ្ញុំ​ចុះ​។ កុំ​ឥតជំនឿ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​វិញ​”។ ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “​ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​តើ​អ្នក​ជឿ​ដោយសារ​ឃើញ​ខ្ញុំ​ឬ​? មានពរ​ហើយ អ្នក​ដែល​ជឿ​ដោយ​មិន​ឃើញ​”​។ ជាការពិត ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ផ្សេងៗ​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​មិន​មាន​សរសេរ​ក្នុង​សៀវភៅ​នេះ​។ ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕ បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​បាន​សម្ដែង​អង្គទ្រង់​ដល់​ពួក​សិស្ស​ម្ដងទៀត នៅ​បឹង ​ទីបេរាស ​។ ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់​យ៉ាងនេះ​: ពេលនោះ ស៊ីម៉ូន​ពេត្រុស ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម ណាថាណែល​អ្នកកាណា​ក្នុង​កាលីឡេ កូនទាំងពីរ​របស់​សេបេដេ និង​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៀត នៅ​ជាមួយគ្នា​។ ស៊ីម៉ូន​ពេត្រុស​និយាយ​នឹង​ពួកគេ​ថា​៖ “​ខ្ញុំ​ទៅ​នេសាទត្រី​”​។ ពួកគេ​ថា​៖ “​យើង​ទៅ​ជាមួយ​ដែរ​”។ ពួកគេ​ក៏​ចេញទៅ ហើយ​ជិះ​ទូក​។ ប៉ុន្តែ​នៅ​យប់​នោះ ពួកគេ​ចាប់​មិន​បាន​អ្វីសោះ​។ លុះដល់​ព្រលឹម​ហើយ ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​មាត់បឹង ប៉ុន្តែ​ពួក​សិស្ស​មិន​បាន​ដឹង​ថា​ជា​ព្រះយេស៊ូវ​ទេ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​កូន​រាល់គ្នា​អើយ កូន​គ្មាន​ត្រី​ទេ មែនទេ​?​”​។ ពួកគេ​ទូល​ថា​៖ “​គ្មានទេ​”។ ព្រះអង្គ​មានបន្ទូលថា​៖ “​ចូរ​ទម្លាក់​អួន​ទៅ​ខាងស្ដាំ​ទូក នោះ​នឹង​បាន​ត្រី​”។ ពួកគេ​ក៏​ទម្លាក់​អួន ប៉ុន្តែ​ទាញ​វា​មិន​រួច​ទេ ដោយសារតែ​ចំនួន​ត្រី​ច្រើន​។ សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “​គឺ​ព្រះអម្ចាស់​ហើយ​!​”​។ នៅពេល​ឮ​ថា​ជា​ព្រះអម្ចាស់ ស៊ីម៉ូន​ពេត្រុស​ក៏​យក​អាវ​មក​ក្រវាត់ ពីព្រោះ​គាត់​នៅ​ខ្លួនទទេ ហើយ​លោតចុះ​ទៅក្នុង​បឹង​។ រីឯ​សិស្ស​ឯទៀត​បាន​មក​ក្នុង​ទូកតូច ទាំង​អូស​អួន​ដែល​មាន​ត្រី ពីព្រោះ​ពួកគេ​នៅ​មិន​ឆ្ងាយ​ពី​គោក​ទេ គឺ​ប្រមាណ​កៅសិបម៉ែត្រ ​។ នៅពេល​ឡើងទៅលើ​គោក ពួកគេ​ក៏​ឃើញ​មាន​រងើកភ្លើង ហើយ​មាន​ត្រី​ដាក់ពីលើ​វា ទាំង​មាន​នំប៉័ង​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ចូរ​យក​ត្រី​ខ្លះ ដែល​ទើបតែ​ចាប់​បាន​មក​”​។ ស៊ីម៉ូន​ពេត្រុស​ក៏​ចុះទៅ ហើយ​ទាញ​អួន​ដែល​ពេញ​ដោយ​ត្រី​ធំ​ៗ​មួយរយ​ហាសិប​បី​ក្បាល​មកលើ​គោក​។ ទោះបីជា​មាន​ត្រី​ច្រើន​យ៉ាងនេះ​ក៏ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​មក៍! ហូប​ចុះ​”​។ ប៉ុន្តែ​គ្មានអ្នកណា​ក្នុង​ពួក​សិស្ស​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ថា​៖ “​តើ​លោក​ជា​នរណា​?​” ឡើយ ពីព្រោះ​ពួកគេ​ដឹង​ហើយ​ថា ជា​ព្រះអម្ចាស់​។ ព្រះយេស៊ូវ​យាង​មក​យក​នំប៉័ង​ប្រទាន​ដល់​ពួកគេ រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។ នេះ​ជា​លើក​ទីបី​ហើយ ដែល​ព្រះយេស៊ូវ​លេចមក​ដល់​ពួក​សិស្ស ក្រោយពី​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ នៅពេល​ពួកគេ​ហូប​ហើយ ព្រះយេស៊ូវ​ទ្រង់​សួរ​ស៊ីម៉ូន​ពេត្រុស​ថា​៖ “​ស៊ីម៉ូន​កូន​យ៉ូហាន អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នកទាំងនេះ​ស្រឡាញ់​ខ្ញុំ​ឬទេ​?​”​។ គាត់​ទូលថា​៖ “​បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់​”​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ចិញ្ចឹម​កូនចៀម​របស់ខ្ញុំ​ចុះ​”​។ ព្រះអង្គ​ទ្រង់​សួរ​គាត់​ទៀត​ជាលើកទីពីរ​ថា​៖ “​ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬទេ​?​”​។ គាត់​ទូល​ឆ្លើយថា​៖ “​បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់​”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ឃ្វាល​ចៀម​របស់ខ្ញុំ​ចុះ​”​។ ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖ “​ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?​”​។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​: “​តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?​” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “​ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។ ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ពេល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ដោយ​ខ្លួនឯង ហើយ​ដើរ​ទៅ​កន្លែងដែល​អ្នក​ចង់​ទៅ​។ ប៉ុន្តែ​ពេល​អ្នក​ចាស់​ទៅ អ្នក​នឹង​លាត​ដៃ​របស់អ្នក ហើយ​អ្នកផ្សេង​នឹង​ក្រវាត់​ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែងដែល​អ្នក​មិន​ចង់​ទៅ​”។ ព្រះអង្គ​មានបន្ទូល​ដូច្នេះ គឺ​បញ្ជាក់​ថា​ពេត្រុស​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​ការស្លាប់​បែបណា​។ បន្ទាប់ពី​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​មកតាម​ខ្ញុំ​ចុះ​!​”។ ពេត្រុស​ងាក​ទៅ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​កំពុង​មកតាម គឺ​ម្នាក់​ដែល​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​អំឡុង​អាហារពេលល្ងាច ហើយ​ទូល​សួរថា​: “​ព្រះអម្ចាស់​អើយ តើ​នរណា​ជា​អ្នក​ដែល​ក្បត់​ព្រះអង្គ​?​”​។ នៅពេល​ពេត្រុស​ឃើញ​អ្នកនោះ ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ ចុះ​អ្នកនោះ​ដូចម្ដេច​ដែរ​?​”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖ “​ប្រសិនបើ​ខ្ញុំ​ចង់ឲ្យ​អ្នកនោះ​នៅ​រហូតដល់​ពេល​ខ្ញុំ​មក តើ​ជា​អ្វី​នឹង​អ្នក​? ចូរ​អ្នក​មកតាម​ខ្ញុំ​ចុះ​!​”​។ ដូច្នេះ ពាក្យ​នេះ​ក៏​ចេញទៅ​ក្នុងចំណោម​បងប្អូន​ថា​: “​សិស្ស​ម្នាក់​នោះ​នឹង​មិន​ស្លាប់​ទេ​”​។ តាមពិត ព្រះយេស៊ូវ​មិន​បាន​មានបន្ទូល​នឹង​ពេត្រុស​ថា គាត់​នឹង​មិន​ស្លាប់​នោះ​ឡើយ គឺ​គ្រាន់តែថា​: “​ប្រសិនបើ​ខ្ញុំ​ចង់ឲ្យ​អ្នកនោះ​នៅ​រហូតដល់​ពេល​ខ្ញុំ​មក តើ​ជា​អ្វី​នឹង​អ្នក​?​”។ គឺ​សិស្ស​ម្នាក់​នេះ​ហើយ ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ ព្រមទាំង​សរសេរ​សេចក្ដីទាំងនេះ ហើយ​យើង​ក៏​ដឹង​ថា ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត​។ មាន​ការ​ជាច្រើន​ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​។ ប្រសិនបើ​ឲ្យ​សរសេរ​ម្ដងមួយៗ ខ្ញុំ​គិតថា សូម្បីតែ​ពិភពលោក​ក៏គ្មាន​កន្លែង​ទុក​សៀវភៅ​ទាំងនោះ​ដែល​ត្រូវបាន​សរសេរ​ដែរ​៕​៚ ឱ ឯកឧត្ដម ​ថេវភីល​អើយ! ពិតណាស់ហើយ ខ្ញុំ​បាន​សរសេរ​ក្នុង​សៀវភៅ​ទីមួយ អំពី​កិច្ចការ​ទាំងអស់​ដែល​ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​ធ្វើ និង​បង្រៀន រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។ បន្ទាប់ពី​ការ​រងទុក្ខ ព្រះយេស៊ូវ​ក៏​បាន​សម្ដែង​អង្គទ្រង់​ដល់​អ្នកទាំងនោះ​ដោយ​ភស្តុតាង​ជាច្រើន​ថា ព្រះអង្គ​មានព្រះជន្មរស់​។ ក្នុងអំឡុង​សែសិប​ថ្ងៃ ព្រះអង្គ​បាន​លេចមក​ដល់​ពួកគេ ហើយ​មានបន្ទូល​អំពី​អាណាចក្រ​របស់​ព្រះ។ ពេល​គង់នៅជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​ថា​៖ “​កុំ​ចាកចេញ​ពី​យេរូសាឡិម​ឡើយ ផ្ទុយទៅវិញ ចូរ​រង់ចាំ​សេចក្ដីសន្យា​របស់​ព្រះ​បិតា ដែល​អ្នករាល់គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ ដ្បិត​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ​ ប៉ុន្តែ​មិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​”​។ ដូច្នេះ នៅពេល​មកជួបជុំគ្នា ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​នឹង​ស្ដារ​អាណាចក្រ​អ៊ីស្រាអែល​ឡើងវិញ​នៅ​ពេល​នេះ​ឬ​?​”​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “​ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។ យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”​។ បន្ទាប់ពី​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ត្រូវបាន​លើកឡើង​ទៅ​នៅពេល​ពួកគេ​កំពុង​សម្លឹងមើល ហើយ​មាន​ពពក​មួយ​ទទួលយក​ព្រះអង្គ​បាត់​ពី​ភ្នែក​ពួកគេ​។ នៅពេល​ពួកគេ​កំពុង​សម្លឹងមើល​ទៅ​មេឃ ខណៈដែល​ព្រះយេស៊ូវ​យាង​ចាកចេញទៅ​នោះ មើល៍! មាន​បុរស​ពីរ​នាក់​ស្លៀក​សម្លៀកបំពាក់​ស ឈរនៅក្បែរ​ពួកគេ ហើយ​និយាយថា​៖ “​អ្នក​កាលីឡេ​អើយ ហេតុអ្វីបានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​ទៅ​មេឃ​? ព្រះយេស៊ូវ​នេះឯង​ដែល​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​ពី​អ្នករាល់គ្នា នឹង​យាង​មកវិញ​តាមរបៀបដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើងទៅ​លើមេឃ​យ៉ាងនោះដែរ​”​។ បន្ទាប់មក ពួកគេ​ក៏​ត្រឡប់​ពី​ភ្នំ​មួយ​ដែល​ហៅថា “​ភ្នំដើមអូលីវ​” ទៅ​យេរូសាឡិម​វិញ​។ ភ្នំនោះ​នៅ​ជិត​យេរូសាឡិម មាន​ចម្ងាយផ្លូវ​ដែលអនុញ្ញាតឲ្យធ្វើដំណើរ ​ក្នុង​ថ្ងៃសប្ប័ទ។ នៅពេល​ចូលទៅ​ទីក្រុង ពួកគេ​ក៏​ឡើងទៅ​បន្ទប់ខាងលើ ជា​កន្លែងដែល​ពួកគេ​ស្នាក់នៅ​។ ពួកគេ​ទាំងនោះ​មាន ពេត្រុស និង​យ៉ូហាន យ៉ាកុប និង​អនទ្រេ ភីលីព និង​ថូម៉ាស បារថូឡូមេ និង​ម៉ាថាយ យ៉ាកុប​កូន ​របស់​អាល់ផាយ ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​កូន​របស់​យ៉ាកុប។ ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។ នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖ “​បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។ ជាការពិត គាត់​ត្រូវបាន​រាប់​ជា​ម្នាក់​ក្នុងចំណោម​ពួកយើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ​។ ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។ ហេតុការណ៍នេះ​ត្រូវ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​បាន​ដឹង បានជា​គេ​ហៅ​ដី​នោះ​ជា​ភាសា​របស់គេ​ថា ‘​អាកិលដាម៉ា​’ ដែលមានអត្ថន័យថា ‘​វាល​ឈាម’​។ ដ្បិត​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​: ‘​សូមឲ្យ​លំនៅ​របស់​អ្នកនោះ​បាន​ស្ងាត់ជ្រងំ កុំ​ឲ្យ​មាន​អ្នកណា​រស់នៅ​ទីនោះឡើយ​’ ហើយ​ថា​: ‘ សូមឲ្យ​អ្នក​ផ្សេង​ទទួល​មុខងារ​របស់​គាត់​’​។ “​ដូច្នេះ ត្រូវតែ​ឲ្យ​ម្នាក់​ក្នុង​អ្នក​ដែល​រួមដំណើរជាមួយ​ពួកយើង នៅ​គ្រប់​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូវ​បាន​យាង​ចេញចូល​ក្នុងចំណោម​ពួកយើង ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​”​។ ដូច្នេះ ពួកគេ​បាន​លើកឈ្មោះ​ពីរ​នាក់ គឺ​យ៉ូសែប​ដែល​គេ​ហៅថា​បារសាបាស​ផង​យូស្ទុសផង និង​ម្នាក់ទៀត​គឺ​ម៉ាត់ធាស​។ ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “​ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន​”​។ បន្ទាប់មក ពួកគេ​ក៏​ចាប់ឆ្នោត​ឲ្យ​ពីរនាក់នោះ ហើយ​ឆ្នោត​ត្រូវ​លើ​ម៉ាត់ធាស ដូច្នេះ​គាត់​ក៏​ត្រូវបាន​រាប់បញ្ចូល​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់​៕ លុះ​បុណ្យថ្ងៃទីហាសិប​បាន​មកដល់ ពួកគេ​ទាំងអស់គ្នា​កំពុង​ជួបជុំគ្នា​នៅកន្លែងតែមួយ ​។ រំពេចនោះ មាន​សូរសន្ធឹក​មកពី​លើមេឃ ដូចជា​ខ្យល់​បក់បោក​យ៉ាងខ្លាំង ឮ​ពេញ​ផ្ទះ​ដែល​ពួកគេ​កំពុង​អង្គុយ ហើយ​មាន​អណ្ដាត​ដូចជា​ភ្លើង​បែកចេញ​ពីគ្នា​លេចមក​ដល់​ពួកគេ រួច​ស្ថិតនៅ​លើ​ពួកគេ​ម្នាក់ៗ នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា ​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ​ពួកគេ​និយាយ​។ ពេលនោះ មាន​ជនជាតិយូដា​ដែល​មកពី​គ្រប់​ប្រជាជាតិ​នៅ​ក្រោមមេឃ ជា​អ្នក​មានជំនឿស៊ប់ ស្នាក់នៅ​យេរូសាឡិម​។ នៅពេល​សំឡេង​នេះ​បាន​លាន់ឮ​ដូច្នេះ ក៏​មាន​ហ្វូងមនុស្ស​មកផ្ដុំគ្នា ហើយ​ពួកគេ​ស្រឡាំងកាំង ពីព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នកទាំងនោះ​និយាយ​ភាសា​របស់ពួកគេ​។ ពួកគេ​ក៏​ភ្ញាក់ផ្អើល​ផង ងឿងឆ្ងល់​ផង ទាំង​ពោលថា ​៖ “​មើល៍! អ្នក​ទាំងអស់​នេះ​ដែល​កំពុង​និយាយ មិនមែន​ជា​អ្នកកាលីឡេ​ទេ​ឬ​? ម្ដេចក៏​យើង​ឮ​ភាសា​កំណើត​របស់យើង​រៀងៗខ្លួន​ដូច្នេះ​? ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី ព្រីគា ប៉ាមភីលា អេហ្ស៊ីប និង​តំបន់​ក្នុង​លីប៊ី ដែល​នៅក្បែរ​គីរេន ព្រមទាំង​មាន​អ្នកដំណើរ​ពីរ៉ូម មាន​ទាំង​ជនជាតិយូដា និង​អ្នកចូលសាសនាយូដា ជនជាតិក្រែត និង​ជនជាតិអារ៉ាប់​ផង​។ យើង​ឮ​ពួកគេ​និយាយ​អំពី​កិច្ចការ​ដ៏អស្ចារ្យ​របស់​ព្រះ ជា​ភាសា​របស់យើង​!”​។ ពួកគេ​ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល​ផង វល់គំនិត​ផង ទាំង​សួរ​គ្នាទៅវិញទៅមក​ថា​៖ “​តើ​ការនេះ​មានន័យ​ដូចម្ដេច​?​”។ ប៉ុន្តែ​អ្នក​ខ្លះទៀត​និយាយ​ចំអក​ថា៖ “​ពួកគេ​ស្រវឹង​ស្រាថ្មី​ហើយ​!​”​។ ពេលនោះ ពេត្រុស​ក្រោកឈរ​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​បន្លឺ​សំឡេង​និយាយ​ទៅ​បណ្ដាជន​ថា​៖ “​អស់លោក​ដែលជា​ជនជាតិយូដា និង​អស់លោក​ដែល​រស់នៅ​យេរូសាឡិម​អើយ! ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹង​ការនេះ ហើយ​ចូរ​ស្ដាប់​ពាក្យ​របស់ខ្ញុំ​ចុះ ដ្បិត​អ្នកទាំងនេះ​មិនមែន​ស្រវឹង​ដូចដែល​អ្នករាល់គ្នា​គិតស្មាន​នោះ​ទេ ពីព្រោះ​ទើបតែ​ម៉ោងប្រាំបួនព្រឹក ​ប៉ុណ្ណោះ​! តាមពិត នេះ​ជា​អ្វី​ដែល​ត្រូវបាន​ថ្លែង​តាមរយៈ​ព្យាការី​យ៉ូអែល​ថា​: ‘​ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។ មែនហើយ នៅ​គ្រានោះ យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង លើ​បាវបម្រើ​របស់យើង​ទាំង​ប្រុស​ទាំង​ស្រី​ ហើយ​ពួកគេ​នឹង​ព្យាករ​។ យើង​នឹង​សម្ដែង​ការអស្ចារ្យ​នៅ​មេឃ​ខាងលើ យើង​នឹង​សម្ដែង​ទីសម្គាល់​នៅ​ផែនដី​ខាងក្រោម គឺ​ឈាម ភ្លើង និង​ផ្សែងខ្មួលខ្មាញ់​។ ព្រះអាទិត្យ​នឹង​ប្រែជា​សេចក្ដីងងឹត ព្រះចន្ទ​នឹង​ប្រែជា​ឈាម មុន​ថ្ងៃ​ដ៏ធំឧត្ដម​រុងរឿង​របស់​ព្រះអម្ចាស់​មក​ដល់​។ ពេលនោះ អស់អ្នកណាដែល​ហៅរក​ព្រះនាម​របស់​ព្រះអម្ចាស់ នឹង​បាន​សង្គ្រោះ​’​។ “​អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ស្ដាប់​ពាក្យ​ទាំងនេះ​: ព្រះយេស៊ូវ​អ្នកណាសារ៉ែត ជា​អ្នក​ដែល​ព្រះ​បាន​បញ្ជាក់​ដល់​អ្នករាល់គ្នា ដោយ​ព្រះចេស្ដា ការអស្ចារ្យ និង​ទីសម្គាល់​នានា ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​ព្រះអង្គនេះ ដូចដែល​ខ្លួនអ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។ ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។ ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។ ជាការពិត ដាវីឌ​បាន​ថ្លែង​អំពី​ព្រះអង្គ​ថា​: ‘​ទូលបង្គំ​តែងតែ​ឃើញ​ព្រះអម្ចាស់​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។ ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ អណ្ដាត​របស់ទូលបង្គំ​ត្រេកអរ ហើយ​លើសពីនេះទៅទៀត រូបកាយ​របស់ទូលបង្គំ​ក៏​នឹង​រស់នៅ​ក្នុង​សេចក្ដីសង្ឃឹម​ដែរ​។ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ។ ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ហើយ​ព្រះអង្គ​នឹង​បំពេញ​ទូលបង្គំ​ដោយ​អំណរ ដោយ​ព្រះវត្តមាន​របស់ព្រះអង្គ​’​។ “​បងប្អូន​អើយ​! ទាក់ទងនឹង​ដាវីឌ​បុព្វបុរស​របស់យើង ខ្ញុំ​អាច​និយាយ​នឹង​អ្នករាល់គ្នា​យ៉ាងច្បាស់លាស់​ថា លោក​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ រីឯ​រូងផ្នូរ​របស់​លោក​ក៏​នៅ​ជាមួយ​យើង​រហូតមកដល់​សព្វថ្ងៃនេះ​ដែរ​។ ដោយព្រោះ​លោក​ជា​ព្យាការី ព្រមទាំង​ជ្រាប​ថា ព្រះ​បាន​ស្បថ​នឹង​លោក​ដោយ​ពាក្យសម្បថ​ថា​ម្នាក់​ពី​ពូជពង្ស​របស់​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក បានជា​លោក​ដឹងជាមុន ក៏​និយាយ​អំពី​ការរស់ឡើងវិញ​របស់​ព្រះ​គ្រីស្ទ​ថា​: ‘​ព្រះអង្គ នឹង​មិន​ត្រូវ​បោះបង់ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​រូបកាយ​របស់​ព្រះអង្គ​ក៏​មិន​ជួប​ការរលួយ​ដែរ​’​។ “​ព្រះយេស៊ូវ​នេះ​ហើយ ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​។ យើង​ទាំងអស់គ្នា​ជា​សាក្សី​អំពី​ការនេះ​។ ព្រះអង្គ​ត្រូវបាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះ ហើយ​ទទួល​សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ពី​ព្រះ​បិតា រួច​ព្រះអង្គ​ក៏​ចាក់បង្ហូរ​ព្រះវិញ្ញាណដ៏វិសុទ្ធនេះ​មក ដូចដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ និង​ឮ​ដែរ​។ ដាវីឌ​មិន​បាន​ឡើងទៅ​លើមេឃ​ទេ ប៉ុន្តែ​លោក​និយាយថា​: ‘​ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក’​។ “​ដូច្នេះ ចូរឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងមូល​ដឹង​ជាប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះយេស៊ូវ​នេះ​ដែល​អ្នករាល់គ្នា​បាន​ឆ្កាង ឲ្យទៅជា​ព្រះអម្ចាស់​ផង និង​ជា​ព្រះ​គ្រីស្ទ​ផង​”​។ នៅពេល​ប្រជាជន​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ត្រូវបាន​ចាក់ទម្លុះ​ដល់​ចិត្ត ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯទៀត​ថា​៖ “​បងប្អូន​អើយ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?​”​។ ពេត្រុស​តប​នឹង​ពួកគេ​ថា​៖ “​ចូរ​កែប្រែចិត្ត ហើយ​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ការលើកលែងទោស​បាប​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​អំណោយទាន​។ ដ្បិត​សេចក្ដីសន្យា​នេះ គឺ​សម្រាប់​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ផង គឺ​អ្នកណាក៏ដោយដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង​បាន​ត្រាស់ហៅ​”​។ ពេត្រុស​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដោយ​ពាក្យសម្ដី​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ដាស់តឿន​ពួកគេ​ថា​៖ “​ចូរឲ្យ​អ្នករាល់គ្នា​ត្រូវបាន​សង្គ្រោះ​ចេញពី​ជំនាន់​វៀចវេរ​នេះ​ទៅ​!​”។ ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់ ​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស ​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។ អ្នកទាំងនោះ​តែងតែ​ផ្ចង់ស្មារតី​ក្នុង​សេចក្ដីបង្រៀន​របស់​ពួក​សាវ័ក ក្នុង​ការប្រកបគ្នា ការកាច់​នំប៉័ង និង​ការអធិស្ឋាន​។ ពេលនោះ សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស ​គ្រប់គ្នា ហើយ​មាន​ការអស្ចារ្យ និង​ទីសម្គាល់​ជាច្រើន​ត្រូវបាន​ធ្វើ​តាមរយៈ​ពួក​សាវ័ក​។ អស់អ្នក​ដែល​ជឿ​បាន​នៅជាមួយគ្នា ហើយ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។ ពួកគេ​បាន​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗដែល​ពួកគេ​មាន ហើយ​ចែក​របស់ទាំងនោះ​ដល់​ទាំងអស់គ្នា តាមដែល​ម្នាក់ៗ​ត្រូវការ​។ ពួកគេ​ផ្ចង់ស្មារតី​ជួបជុំគ្នា ​ដោយមានចិត្តតែមួយ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​កាច់​នំប៉័ង​នៅតាម​ផ្ទះ​ផង ហើយ​ហូប​អាហារ​ជាមួយគ្នា​ដោយ​អំណរ និង​ចិត្ត​ស្មោះ ទាំង​សរសើរតម្កើង​ព្រះ ហើយ​ពួកគេ​មាន​ការរាប់អាន​ពី​ប្រជាជន​ទាំងអស់​។ ព្រះអម្ចាស់​ក៏​បន្ត​បន្ថែម​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ពួកគេ ​ជា​រៀងរាល់ថ្ងៃ​៕ កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល ​។ មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត ​ត្រូវបាន​សែង​មក​។ គេ​តែងតែ​ដាក់​បុរសនោះ​ជា​រៀងរាល់ថ្ងៃ នៅ​មាត់ទ្វារ​ព្រះវិហារ ដែល​គេ​ហៅថា “​ទ្វារ​សោភ័ណ​” ដើម្បីឲ្យ​សុំទាន​ពី​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះវិហារ​។ នៅពេល​បុរសនោះ​ឃើញ​ពេត្រុស និង​យ៉ូហាន​រៀបនឹង​ចូលទៅ​ក្នុង​ព្រះវិហារ គាត់​ក៏​សុំទាន​ពីពួកគេ​។ ពេត្រុស​ជាមួយ​យ៉ូហាន បាន​សម្លឹងមើល​ទៅ​គាត់ ហើយ​និយាយថា​៖ “​ចូរ​មើល​មក​យើង​!​”​។ បុរសនោះ​ក៏​សង្កេតមើល​ពួកគេ ដោយ​នឹកស្មានថា​នឹង​បាន​អ្វីមួយ​ពី​ពួកគេ​។ ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “​ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!​”​។ បន្ទាប់មក ពេត្រុស​ក៏​ចាប់​ដៃស្ដាំ​គាត់ ហើយ​លើក​គាត់​ឡើង​។ ភ្លាមនោះ ប្រអប់ជើង និង​កជើង​របស់​គាត់​មានកម្លាំងឡើង នោះ​គាត់​ក៏​ស្ទុះ​ក្រោកឈរ ដើរចុះដើរឡើង ហើយ​ចូលទៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នកទាំងពីរ ទាំង​ដើរ​ផង លោត​ផង សរសើរតម្កើង​ព្រះ​ផង​។ នៅពេល​ប្រជាជន​ទាំងអស់​បាន​ឃើញ​គាត់​ដើរ ទាំង​សរសើរតម្កើង​ព្រះ ពួកគេ​ក៏​មើល​គាត់​ស្គាល់ ថា​គាត់​ជា​ម្នាក់​ដែល​អង្គុយ​សុំទាន​នៅ​ទ្វារ​សោភ័ណ​នៃ​ព្រះវិហារ នោះ​ពួកគេ​ក៏​ពេញ​ដោយ​ភាពភ្ញាក់ផ្អើល និង​ភាពស្ញប់ស្ញែង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​គាត់​។ នៅពេល​បុរសនោះ ​កំពុង​តាមជាប់​ពេត្រុស និង​យ៉ូហាន ប្រជាជន​ទាំងអស់​ក៏​ស្រឡាំងកាំង ហើយ​នាំគ្នារត់មក​រក​ពួកគេ នៅត្រង់​របៀង​មួយ​ដែល​គេ​ហៅថា “​របៀង​សាឡូម៉ូន​”​។ កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “​អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព ​របស់ពួកយើង​ទៅវិញ​? ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​នៃ​ដូនតា​របស់យើង​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នកបម្រើ​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវ ដែល​អ្នករាល់គ្នា​បាន​ប្រគល់​ទៅ ហើយ​បាន​បដិសេធ​នៅ​មុខ​ពីឡាត់ នៅពេល​លោក​បាន​សម្រេចចិត្ត​ដោះលែង​ព្រះអង្គ​។ អ្នករាល់គ្នា​បាន​បដិសេធ​ព្រះអង្គ​ដ៏វិសុទ្ធ និង​សុចរិតយុត្តិធម៌ ហើយបែរជា​ទាមទារ​ឲ្យ​ដោះលែង​ឃាតករ​ដល់​អ្នករាល់គ្នា​ទៅវិញ​។ អ្នករាល់គ្នា​បាន​ធ្វើគុត​ស្ថាបនិក​នៃ​ជីវិត ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! ពួកយើង​ជា​សាក្សី​អំពី​ការនេះ​។ ឥឡូវនេះ ព្រះនាម​របស់​ព្រះអង្គ​បាន​ធ្វើឲ្យ​បុរសនេះ​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់ មានកម្លាំងឡើង ដោយសារតែ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​។ ជំនឿ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវ បាន​ធ្វើឲ្យ​បុរស​នេះ​ជាទាំងស្រុង​នៅមុខ​អ្នក​ទាំងអស់គ្នា​។ “​បងប្អូន​អើយ! ឥឡូវនេះ ខ្ញុំ​ដឹង​ថា អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការនេះ​ដោយ​ភាពអវិជ្ជា ដូច​ពួក​មេគ្រប់គ្រង​របស់អ្នករាល់គ្នា​ដែរ។ ប៉ុន្តែ​ព្រះ​បាន​បំពេញឲ្យសម្រេច​យ៉ាងនេះ នូវ​សេចក្ដី​ដែល​ព្រះអង្គ​ទ្រង់​ប្រកាសទុកមុន​តាមរយៈ​មាត់​របស់​ព្យាការី​ទាំងអស់​ថា ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ត្រូវ​រងទុក្ខ​។ ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ នោះ​នឹង​មាន​គ្រា​នៃ​ការផុសផុល ​មក​ពី​ព្រះវត្តមាន​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ចាត់​ព្រះ​គ្រីស្ទ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​ព្រះអង្គ​ទ្រង់​ជ្រើសរើស​សម្រាប់​អ្នករាល់គ្នា​។ យ៉ាងណាមិញ មេឃ​ត្រូវតែ​ទទួល​ព្រះអង្គ​រហូតដល់​គ្រា​នៃ​ការស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ ដែល​ព្រះ​បាន​មានបន្ទូល​តាមរយៈ​មាត់​របស់​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ តាំងពីបុរាណមក​។ ជាការពិត ម៉ូសេ​បាន​និយាយថា ​: ‘ ព្រះអម្ចាស់​ព្រះ​របស់អ្នករាល់គ្នា នឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា​។ អ្នករាល់គ្នា​ត្រូវ​ស្ដាប់តាម​លោក​នូវ​អ្វីៗ​ទាំងអស់​ដែល​លោក​និយាយ​នឹង​អ្នករាល់គ្នា​។ អស់អ្នក ណាក៏ដោយដែល​មិន​ស្ដាប់តាម​ព្យាការី​នោះ នឹង​ត្រូវ​វិនាសបាត់​ពីចំណោម​ប្រជាជន​’​។ “​ព្យាការី​ទាំងអស់ តាំងពី​សាំយូអែល ព្រមទាំង​អ្នក​ក្រោយៗ​ដែល​ថ្លែង​ព្រះបន្ទូល ក៏​បាន​ប្រកាសទុកមុន​អំពី​គ្រានេះ​ដែរ​។ អ្នករាល់គ្នា​ជា​កូនចៅ​របស់​បណ្ដា​ព្យាការី និង​ជា​កូនចៅ​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំង​ជាមួយ​ដូនតា​របស់អ្នករាល់គ្នា ​។ ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​: ‘​ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលព្រះពរ តាមរយៈ​ពូជពង្ស​របស់អ្នក​’​។ ព្រះ​បាន​តាំង​អ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ហើយ​ចាត់​ព្រះអង្គ​ឲ្យមក​ឯ​អ្នករាល់គ្នា​ជាមុន ដើម្បី​ប្រទានពរ​អ្នករាល់គ្នា ដោយ​បង្វែរ​អ្នករាល់គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើអាក្រក់​”​៕ ខណៈដែល​ពេត្រុស និងយ៉ូហាន​កំពុង​និយាយ​នឹង​ប្រជាជន ពួក​បូជាចារ្យ មេតម្រួត ​ព្រះវិហារ និង​ពួកសាឌូស៊ី​បាន​ចូលមក ទាំង​មួម៉ៅ ដោយសារ​អ្នកទាំងពីរ​កំពុង​បង្រៀន​ប្រជាជន ព្រមទាំង​ប្រកាស​ដោយ​អាង​ព្រះយេស៊ូវ នូវ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ ពួកគេ​ក៏​លូក​ដៃ​ចាប់​អ្នកទាំងពីរ ហើយ​ឃុំ​ពួកគេ​ទុក​រហូតដល់​ថ្ងៃបន្ទាប់ ដ្បិត​ល្ងាច​ណាស់​ហើយ​។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។ លុះ​ស្អែកឡើង ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​បាន​ប្រជុំគ្នា​នៅ​យេរូសាឡិម ជាមួយ​មហាបូជាចារ្យ​អាន់ណាស និង​កៃផាស យ៉ូហាន អ័លេក្សានត្រុស ព្រមទាំង​អស់អ្នកដែល​ជា​សាច់ញាតិ​របស់​មហាបូជាចារ្យ​។ ពួកគេ​ឲ្យ​ពេត្រុស និងយ៉ូហាន​ឈរ​នៅ​កណ្ដាលចំណោម ហើយ​សួរថា​៖ “​តើ​ពួកអ្នក​បាន​ធ្វើ​ការនេះ​ដោយ​អំណាច​អ្វី ឬ​ក្នុង​នាម​នរណា​?​”​។ ពេលនោះ ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “​មេគ្រប់គ្រង​របស់​ប្រជាជន និង​ចាស់ទុំ​ទាំងឡាយ ​អើយ​! ប្រសិនបើ​យើងខ្ញុំ​ត្រូវបាន​សួរចម្លើយ​នៅ​ថ្ងៃនេះ អំពី​ការល្អ​ដែលបានធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថា​តើ​បុរសនេះ​ត្រូវបាន​ប្រោសឲ្យជា​យ៉ាងដូចម្ដេច នោះ​ចូរ​ឲ្យ​អស់លោក និង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹងច្បាស់​ថា បុរសនេះ​បាន​ឈរ​នៅមុខ​អស់លោក ទាំង​មានសុខភាពល្អ ដោយសារតែ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ដែល​អស់លោក​បាន​ឆ្កាង គឺ​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! គឺ​ព្រះអង្គនេះ​ហើយ​ជា ‘​ថ្ម​ដែល​អ្នករាល់គ្នា​ជា​ជាងសង់ផ្ទះ​មើលងាយ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​’​។ គ្មាន​សេចក្ដីសង្គ្រោះ​តាមរយៈ​អ្នកណា​ផ្សេងទៀត​ឡើយ ដ្បិត​នៅ​ក្រោមមេឃ គ្មាន​នាម​ផ្សេងទៀត​ដែល​បាន​ប្រទាន​មក​មនុស្ស ដើម្បីឲ្យ​យើង​ត្រូវតែ​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ​”​។ នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ ព្រមទាំង​ឃើញ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​កំពុង​ឈរ​ជាមួយ​អ្នកទាំងពីរ​ផង ពួកគេ​ក៏​គ្មានពាក្យតបតសោះ​។ ដូច្នេះ បន្ទាប់ពី​បញ្ជា​អ្នកទាំងពីរ​ឲ្យ​ចេញ​ពី​ក្រុមប្រឹក្សា​ទៅ​ខាងក្រៅ ពួកគេ​ក៏​ពិគ្រោះ​គ្នា ថា​៖ “​តើ​យើង​ត្រូវ​ធ្វើ​អ្វី​នឹង​អ្នក​ទាំងនេះ​? ដ្បិត​ទីសម្គាល់​ដ៏ជាក់លាក់​បាន​កើតឡើង​ដោយ​អ្នកទាំងនេះ​មែន ជា​ការ​ជាក់ច្បាស់​ដល់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម ហើយ​យើង​មិនអាច​បដិសេធ​បានទេ​។ ប៉ុន្តែ​ដើម្បីកុំឲ្យ​រឿងនេះ​ឮសុសសាយ​កាន់តែខ្លាំងទៀត​ដល់​ប្រជាជន យើង​គួរតែ​សម្លុតគំរាម​ពួកគេ ​កុំឲ្យ​និយាយប្រាប់​អ្នកណា​ក្នុង​នាម​នេះទៀត​”។ ដូច្នេះ ពួកគេ​ក៏​ហៅ​អ្នកទាំងពីរ​មក ហើយ​បញ្ជា​មិន​ឲ្យ​និយាយ ឬ​បង្រៀន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​ជាដាច់ខាត​។ ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​តប​នឹង​ពួកគេ​ថា​៖ “​តើ​ការ​ដែល​ស្ដាប់តាម​អ្នករាល់គ្នា​ជាជាង​ស្ដាប់តាម​ព្រះ ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះ​ឬទេ​? សូម​អស់លោក​ពិចារណា​ចុះ​! ចំណែកឯ​យើងខ្ញុំ​វិញ យើងខ្ញុំ​មិនអាច​មិន​និយាយ​អ្វីដែល​យើងខ្ញុំ​បាន​ឃើញ និង​បាន​ឮ​នោះ​ទេ​”​។ បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។ រីឯ​បុរស​ដែល​ទីសម្គាល់​នៃ​ការប្រោសឲ្យជា​នេះ​បាន​កើតឡើង​ដល់​គាត់ មាន​អាយុ​សែសិប​ឆ្នាំ​ជាង​ហើយ​។ នៅពេល​ពេត្រុស និងយ៉ូហាន​ត្រូវបាន​ដោះលែង អ្នកទាំងពីរ​ក៏​មករក​គ្នា​របស់ខ្លួន ហើយ​រៀបរាប់ប្រាប់​ពួកគេ​អំពី​អ្វីៗដែល​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​និយាយ​។ កាល​បាន​ឮ​ដូច្នោះ ពួកគេ​ក៏​បន្លឺ​សំឡេង​ទៅកាន់​ព្រះ ដោយមានចិត្តតែមួយ ហើយ​ទូលថា​៖ “​ព្រះអម្ចាស់​អើយ! ព្រះអង្គ​ជា​អ្នក​ដែល​បង្កើត ​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។ ព្រះអង្គ​បាន​មានបន្ទូល​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​មាត់​របស់​ដាវីឌ​ដូនតា​របស់យើង ដែលជា​អ្នកបម្រើ​របស់ព្រះអង្គ ថា​: ‘​ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ប្រជាជន​ទាំងឡាយ​ប៉ុនប៉ង​ដោយឥតបានការ​? បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ជួបជុំគ្នា ទាស់នឹង​ព្រះអម្ចាស់ ហើយ​ទាស់នឹង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​’​។ “​ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។ ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​ទត​មើល​សេចក្ដីគំរាមកំហែង​របស់​ពួកគេ ហើយ​ប្រទាន​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​ផង ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​”​។ បន្ទាប់ពី​ពួកគេ​បាន​អធិស្ឋាន​រួចហើយ កន្លែង​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ក៏​រញ្ជួយ ហើយ​ទាំងអស់គ្នា​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេ​ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ភាពក្លាហាន​។ ពេលនោះ ហ្វូងមនុស្ស​ដែល​បាន​ជឿ​មានចិត្តគំនិតតែមួយ ហើយ​គ្មានអ្នកណា​ម្នាក់​អះអាងថា អ្វីៗដែល​ខ្លួន​មាន​ជា​របស់ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ពួកគេ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។ ពួក​សាវ័ក​បាន​ធ្វើបន្ទាល់​ដោយ​អំណាច​យ៉ាងខ្លាំង អំពី​ការរស់ឡើងវិញ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយ​មាន​ព្រះគុណ​ដ៏ធំធេង​លើ​ពួកគេ​ទាំងអស់គ្នា​។ ក្នុងចំណោម​ពួកគេ គ្មាន​អ្នកណា​ខ្វះខាត​ឡើយ ដ្បិត​អ្នកណាដែល​ជា​ម្ចាស់​ដី ឬ​ម្ចាស់​ផ្ទះ បាន​លក់​របស់ទាំងនោះ ហើយ​យក​ប្រាក់​ពី​ការ​លក់​ទាំងនោះ​មក ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក ហើយ​ពួកគេ​ក៏​ចែក​ឲ្យ​ម្នាក់ៗ​តាមដែល​គេ​ត្រូវការ​។ មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​) គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​នោះ​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​៕ មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស ជាមួយនឹង​សាភីរ៉ា​ប្រពន្ធ​របស់​គាត់ បាន​លក់​ទ្រព្យសម្បត្តិ ហើយ​លាក់ទុក​ខ្លះ​ពី​ប្រាក់ដែលលក់បាន ដោយ​ប្រពន្ធ​បាន​ដឹងឮ​ដែរ រួច​យក​មួយ​ចំណែក​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​។ ពេត្រុស​ក៏​និយាយថា​៖ “​អាណានាស​អើយ ហេតុអ្វីបានជា​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​របស់អ្នក ឲ្យ​អ្នក​ភូតភរ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​លាក់ទុក​មួយចំណែក​ពី​ប្រាក់ដែលលក់​ដី​បាន​នោះ​ដូច្នេះ​? កាល​មិនទាន់​លក់ ​នៅឡើយ តើ​ដីនោះ​មិនមែន​ជាកម្មសិទ្ធិ​របស់អ្នក​ទេ​ឬ​? ពេល​លក់​ទៅហើយ វា​នៅតែ​ស្ថិតនៅ​ក្រោម​សិទ្ធិ​របស់អ្នក​។ ហេតុអ្វីបានជា​អ្នក​គិតគូរ​ការ​នេះ​ក្នុង​ចិត្ត​របស់អ្នក​? អ្នក​មិន​បាន​ភូតភរ​មនុស្ស​ទេ គឺ​បាន​ភូតភរ​ព្រះ​វិញ​!​”​។ នៅពេល​ឮ​ពាក្យ​ទាំងនេះ អាណានាស​ក៏​ដួល​ដាច់ខ្យល់​ទៅ ហើយ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍នេះ​។ ពួក​យុវជន​ក៏​ក្រោកឡើង រុំ​សព ​គាត់ ហើយ​សែងយកទៅ​បញ្ចុះ។ ប្រមាណជា​បី​ម៉ោង​ក្រោយមក ប្រពន្ធ​របស់​អាណានាស​បាន​ចូលមក ដោយ​មិន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​។ ពេត្រុស​សួរ​នាង​ថា​៖ “​ចូរ​ប្រាប់​ខ្ញុំ​មក តើ​នាង​លក់​ដី​បាន​ប៉ុណ្ណឹង​មែន​ឬ​?​”​។ នាង​ឆ្លើយថា​៖ “​ច៎ា ប៉ុណ្ណឹង​មែន”​។ ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “​ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ​”​។ រំពេចនោះ នាង​ដួល​ដាច់ខ្យល់​នៅទៀប​ជើង​ពេត្រុស​។ ពួក​យុវជន​ទាំងនោះ​ចូលមក ឃើញ​នាង​ស្លាប់ ក៏​សែង​នាង​យកទៅ​បញ្ចុះ​នៅក្បែរ​ប្ដី​របស់​នាង​។ សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​ក្រុមជំនុំ​ទាំងមូល និង​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍ទាំងនេះ​។ មាន​ទីសម្គាល់ និង​ការអស្ចារ្យ​ជាច្រើន​កើតឡើង​នៅក្នុងចំណោម​ប្រជាជន​តាមរយៈ​ដៃ​របស់​ពួក​សាវ័ក ហើយ​អ្នកជឿ ​ទាំងអស់គ្នា​មានចិត្តតែមួយ​ជួបជុំគ្នា ​នៅ​របៀង​សាឡូម៉ូន រីឯ​អ្នក​ដទៃ គ្មានអ្នកណា​ហ៊ាន​ចូលរួម​ជាមួយ​ពួកគេ​ទេ ប៉ុន្តែ​ប្រជាជន​គោរព​ពួកគេ​យ៉ាងខ្លាំង​។ ហ្វូងមនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​ព្រះអម្ចាស់​ក៏​ត្រូវបាន​បន្ថែម​កាន់តែច្រើនឡើងៗ រហូតដល់​គេបាន​សែង​ពួក​អ្នកជំងឺ​មក​ឯ​ផ្លូវ​នានា ហើយ​ដាក់​ពួកគេ​នៅលើ​គ្រែ និង​កន្ទេល ដើម្បី​កាលណា​ពេត្រុស​ដើរកាត់ យ៉ាងហោចណាស់​ក៏​ស្រមោល​របស់គាត់​ចោល​លើ​អ្នកខ្លះ​ក្នុង​ពួកគេ។ មួយវិញទៀត មាន​ហ្វូងមនុស្ស​ពី​ទីក្រុង​នានា​នៅ​ជុំវិញ​យេរូសាឡិម​មកផ្ដុំគ្នា យក​អ្នកជំងឺ និង​អ្នក​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ​មក ហើយ​អ្នកទាំងនោះ​ក៏​ត្រូវបាន​ប្រោសឲ្យជា​ទាំងអស់គ្នា​។ រីឯ​មហាបូជាចារ្យ​ក៏​ចាប់ផ្ដើម​ចាត់វិធានការ​។ លោក​និង​អស់អ្នក​ដែល​នៅ​ជាមួយ ដែល​ជា​គណៈ​សាឌូស៊ី បាន​ពេញ​ដោយ​ការឈ្នានីស ហើយ​លូក​ដៃ​ចាប់​ពួក​សាវ័ក​ដាក់​កន្លែងឃុំឃាំង​។ ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖ “​ចូរ​ទៅ ហើយ​ឈរ​នៅក្នុង​ព្រះវិហារ ប្រាប់​ប្រជាជន​នូវ​អស់ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​”​។ នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ចូលទៅ​ក្នុង​ព្រះវិហារ​នៅ​ពេលព្រឹកព្រលឹម ហើយ​ចាប់ផ្ដើម​បង្រៀន​។ រីឯ​មហាបូជាចារ្យ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​បាន​មក​ដល់ ក៏​កោះហៅ​ក្រុមប្រឹក្សា និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល​នៃ​កូនចៅ​អ៊ីស្រាអែល​មក រួច​ចាត់​គេ​ឲ្យទៅ​គុក ដើម្បី​នាំ​ពួកសាវ័ក​មក​។ ប៉ុន្តែ​នៅពេល​ពួក​តម្រួត​ទៅ​ដល់ ពួកគេ​មិន​ឃើញ​ពួកសាវ័ក​នៅក្នុង​គុក​ទេ ដូច្នេះ​ពួកគេ​ក៏​ត្រឡប់ទៅវិញ​រាយការណ៍ ថា​៖ “​យើងខ្ញុំ​បាន​ឃើញ​គុក​បិទជិតល្អណាស់ ព្រមទាំង​មាន​ពួក​អ្នកយាម​ឈរ​នៅ​មាត់ទ្វារ​ផង ប៉ុន្តែ​ពេល​បើក​ទ្វារ យើងខ្ញុំ​មិន​ឃើញ​អ្នកណា​នៅ​ខាងក្នុង​ឡើយ”​។ កាល ​មេតម្រួត ​ព្រះវិហារ និង​ពួក​នាយកបូជាចារ្យ​បាន​ឮ​ពាក្យ​ទាំងនេះ ពួកគេ​ក៏​វល់គំនិត​អំពី​ពួកសាវ័ក ថា​តើ​ការនេះ​នឹង​ទៅជា​យ៉ាងណា​។ ពេលនោះ មាន​ម្នាក់​មក​ប្រាប់​ពួកគេ​ថា​៖ “​មើល៍! ពួក​អ្នក​ដែល​អស់លោក​បាន​ដាក់​ក្នុង​គុក​នោះ កំពុង​ឈរ​នៅក្នុង​ព្រះវិហារ ទាំង​បង្រៀន​ប្រជាជន​!​”​។ ដូច្នេះ មេតម្រួត​ក៏​ចេញទៅ​ជាមួយ​ពួក​តម្រួត ហើយ​នាំ​ពួកសាវ័ក​មក​ដោយ​មិន​ប្រើ​អំពើហិង្សា ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​គប់ដុំថ្មសម្លាប់​ពួកគេ​។ ពួកគេ​នាំ​ពួកសាវ័ក​មក ឲ្យឈរ​នៅមុខ​ក្រុមប្រឹក្សា ហើយ​មហាបូជាចារ្យ​ក៏​សួរ​ពួកគេ ថា​៖ “​តើ​យើង​មិន​បាន​បញ្ជា​អ្នករាល់គ្នា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​នេះ​ទេ​ឬ​? ប៉ុន្តែ​មើល៍! អ្នករាល់គ្នា​បាន​ផ្សព្វផ្សាយ​សេចក្ដីបង្រៀន​របស់អ្នករាល់គ្នា​ពាសពេញ​យេរូសាឡិម ហើយ​មានបំណង​ទម្លាក់​ឈាម​របស់​បុរស​នេះ​មក​លើ​យើង​ទៀត​!​”​។ ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “​យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។ ព្រះ​នៃ​ដូនតា​របស់យើង បាន​លើក​ព្រះយេស៊ូវ ដែល​អស់លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅលើ​ឈើ​នោះ ឲ្យរស់ឡើង​វិញ​ហើយ​។ គឺ​ព្រះអង្គនេះ​ឯង ដែល​ព្រះ​បាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះអង្គ ឲ្យធ្វើជា​មេដឹកនាំ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ប្រទាន​ការកែប្រែចិត្ត និង​ការលើកលែងទោស​បាប​ដល់​អ៊ីស្រាអែល​។ យើងខ្ញុំ​ជា​សាក្សី​អំពី​ការ​ទាំងនេះ ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​ក៏ដូច្នោះដែរ​”​។ នៅពេល​ឮ​ដូច្នេះ អង្គប្រជុំ​ក៏​ក្រេវក្រោធ ហើយ​ចង់​សម្លាប់​ពួកសាវ័ក​។ ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក ​ទៅ​ខាងក្រៅ​បន្តិច​សិន រួច​មានប្រសាសន៍​នឹង​ទាំងអស់គ្នា​ថា៖ “​អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ប្រយ័ត្ន​ខ្លួន​ចំពោះ​អ្វីដែល​អស់លោក​ប៉ុនប៉ង​ធ្វើ​ដល់​អ្នក​ទាំងនេះ​។ ដ្បិត​ពីមុន ធើដាស​បាន​ក្រោកឡើង ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់ ហើយ​មាន​មនុស្ស​ចំនួន​ប្រមាណ​បួនរយ​នាក់​បាន​ចូលរួម​ជាមួយ​គាត់​។ ប៉ុន្តែ​អ្នកនោះ​ត្រូវបាន​សម្លាប់ ហើយ​អស់អ្នក​ដែល​តាម​គាត់​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​អស់គ្មានសល់​។ ក្រោយពី​ម្នាក់នេះ យូដាស​អ្នកកាលីឡេ​បាន​ក្រោកឡើង​នៅ​គ្រា​ជំរឿនប្រជាជន ហើយ​បាន​អូសទាញ​ប្រជាជន ​ឲ្យ​ទៅតាម​គាត់​។ អ្នកនេះ​ក៏​វិនាស​ដែរ ហើយ​អស់អ្នក​ដែល​តាម​គាត់​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​។ ឥឡូវនេះ ខ្ញុំ​សូម​ប្រាប់​អស់លោក​ថា ចូរ​ដកខ្លួនចេញ​ពី​អ្នក​ទាំងនេះ ហើយ​បណ្ដោយ​ពួកគេ​ទៅ ពីព្រោះ​ប្រសិនបើ​គម្រោង ឬ​កិច្ចការ​នេះ​ចេញមកពី​មនុស្ស នោះ​នឹង​រលាយសាបសូន្យ​។ ផ្ទុយទៅវិញ ប្រសិនបើ​ការនេះ​មក​ពី​ព្រះ អ្នករាល់គ្នា​មិនអាច​រំលាយ​ពួកគេ​បានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នា​អាច​ត្រូវ​ជាប់ទោស​ជា​អ្នក​ប្រឆាំងនឹងព្រះ​ទៀតផង​”​។ ដូច្នេះ ពួកគេ​ក៏​យល់ព្រមតាម​កាម៉ាលាល​។ ពួកគេ​បាន​ហៅ​ពួក​សាវ័ក​មក រួច​វាយ ហើយ​បង្គាប់​មិន​ឲ្យ​និយាយ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​ឡើយ រួចក៏​ដោះលែង​ទៅ​។ ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។ រាល់ថ្ងៃ ពួកគេ​បង្រៀន និង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ថា​ជា​ព្រះ​គ្រីស្ទ នៅក្នុង​ព្រះវិហារ និង​នៅតាម​ផ្ទះ ឥតឈប់ឈរ​៕ នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។ ដូច្នេះ សាវ័ក ​ទាំង​ដប់ពីរ​នាក់​ក៏​ហៅ​សិស្ស​ទាំងអស់​មក​និយាយថា​៖ “​ការ​ដែល​យើង​ទុកចោល​ព្រះបន្ទូល​របស់​ព្រះ​ទៅ​បម្រើ​អាហារ មិន​គប្បី​ទេ​។ ដូច្នេះ បងប្អូន​អើយ! សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ដែល​មានកេរ្តិ៍ឈ្មោះល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណ​និង​ប្រាជ្ញា ពីចំណោម​អ្នករាល់គ្នា ជា​អ្នកដែល​យើង​នឹង​តែងតាំងឲ្យត្រួត​លើ​តួនាទី​នេះ​។ រីឯ​យើង​វិញ យើង​នឹង​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន និង​ក្នុង​ការបម្រើ​ខាង​ព្រះបន្ទូល​”​។ ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។ ពួកគេ​ឲ្យ​អ្នកទាំងនោះ​ឈរ​នៅមុខ​ពួក​សាវ័ក ហើយ​ពួកសាវ័ក​ក៏​អធិស្ឋាន ទាំង​ដាក់​ដៃ​លើ​ពួកគេ​។ ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។ រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះគុណ និង​ព្រះចេស្ដា ក៏​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​ដ៏ធំ​ជាច្រើន​ក្នុងចំណោម​ប្រជាជន​។ ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “​ជនសេរី​” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន ប៉ុន្តែ​ពួកគេ​មិនអាច​តតាំង​ចំពោះ​សេចក្ដី​ដែល​គាត់​និយាយ​ដោយ​ប្រាជ្ញា និង​ព្រះវិញ្ញាណ​បានឡើយ​។ ដូច្នេះ ពួកគេ​ក៏​លួចញុះញង់​គេ​ឲ្យ​និយាយ​ថា​៖ “​យើង​បាន​ឮ​អ្នកនេះ​និយាយ​ពាក្យ​ប្រមាថ​ទាស់នឹង​ម៉ូសេ និង​ព្រះ!​”។ ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ដែរ គេ​ក៏​ចូលមក​ចាប់​ស្ទេផាន ហើយ​នាំ​គាត់​ទៅ​ក្រុមប្រឹក្សា​។ ពួកគេ​បាន​តាំង​សាក្សី​ភូតភរ​ឲ្យ​និយាយថា​៖ “​ជន​នេះ​និយាយ​ពាក្យ​ប្រមាថ ​ទាស់នឹង​ទីវិសុទ្ធ​នេះ ព្រមទាំង​និយាយ​ទាស់នឹង​ក្រឹត្យវិន័យ​ឥតឈប់ឈរ​។ យើងខ្ញុំ​ធ្លាប់​ឮ​វា​និយាយ​ថា យេស៊ូវ​អ្នកណាសារ៉ែត​នេះ នឹង​កម្ទេច​កន្លែង​នេះ ហើយ​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ដែល​ម៉ូសេ​បាន​ប្រគល់​ដល់​យើង​”​។ អស់អ្នក​ដែល​អង្គុយ​នៅក្នុង​ក្រុមប្រឹក្សា​សម្លឹងមើល​ស្ទេផាន ក៏​ឃើញ​មុខ​គាត់​ដូចជា​មុខ​ទូតសួគ៌​៕ ពេលនោះ មហាបូជាចារ្យ​ក៏​សួរ​ស្ទេផាន​ថា​៖ “​តើ​ដូច្នេះមែន​ឬ​?​”​។ ស្ទេផាន​និយាយថា​៖ “​អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន ហើយ​មានបន្ទូល​នឹង​លោក​ថា​: ‘​ចូរ​ចាកចេញ​ពី​ស្រុក និង​សាច់ញាតិ​របស់អ្នក ហើយ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​’​។ “​ដូច្នេះ អ័ប្រាហាំ​បាន​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិខាល់ដេ ទៅ​រស់នៅ​ខារ៉ាន​។ ក្រោយពី​ឪពុក​របស់​លោក​បាន​ស្លាប់​ទៅ ព្រះ​បាន​ឲ្យ​លោក​ដូរលំនៅ ពីទីនោះ​មក​ស្រុក​នេះ​ដែល​អ្នករាល់គ្នា​កំពុង​រស់នៅ​សព្វថ្ងៃ​។ ព្រះ​មិន​បាន​ប្រទាន​មរតក​ដល់​លោក​នៅ​ទីនេះ​ទេ សូម្បីតែ​ដីប៉ុនបាតជើង ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សន្យា​ថា នឹង​ប្រទាន​ស្រុកនេះ​ទុកជា​កម្មសិទ្ធិ​ដល់​លោក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់​លោក ទោះបីជា​លោក​គ្មាន​កូន​ក៏ដោយ​។ ព្រះ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘​ពូជពង្ស​របស់​គាត់​នឹង​ជា​ជនរស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​បរទេស ហើយ​អ្នកស្រុកនោះ​នឹង​យក​ពួកគេ​ធ្វើជាទាសករ ព្រមទាំង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។ ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ណាដែល​ពួកគេ​បម្រើជាទាសករ​’​។ ព្រះ​បាន​មានបន្ទូល​ទៀត​ថា​: ‘ បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក ហើយ​បម្រើ​យើង​នៅ​កន្លែង​នេះ’​។ ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។ “​ពួក​បុព្វបុរស​បាន​ច្រណែន​យ៉ូសែប ហើយ​លក់​លោក​ទៅ​អេហ្ស៊ីប ប៉ុន្តែ​ព្រះ​គង់នៅ​ជាមួយ​លោក ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។ ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។ នៅពេល​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​អេហ្ស៊ីប លោក​បាន​ចាត់​ដូនតា​របស់យើង​ឲ្យទៅ ជា​លើក​ទីមួយ​។ នៅ​លើក​ទីពីរ យ៉ូសែប​បាន​ប្រាប់ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ដូច្នេះ​ក្រុមគ្រួសារ​របស់​យ៉ូសែប​ក៏​ត្រូវ​ផារ៉ោន​ស្គាល់ច្បាស់​។ បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់ ​ឲ្យមក យ៉ាកុប​ក៏​ចុះ​ទៅ​អេហ្ស៊ីប​។ បន្ទាប់មក លោក​បាន​ស្លាប់ ហើយ​ដូនតា​របស់យើង​ក៏​ស្លាប់​ដែរ​។ ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។ “​លុះ​ជិតដល់​ពេលកំណត់​នៃ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ប្រជាជន​អ៊ីស្រាអែល​កើនចំនួន​កាន់តែច្រើនឡើង​នៅ​អេហ្ស៊ីប រហូតដល់​មាន​ស្ដេច​មួយទៀត​ដែល​មិន​ស្គាល់​យ៉ូសែប បាន​សោយរាជ្យ​លើ​អេហ្ស៊ីប​។ ស្ដេចនេះ​បាន​ប្រព្រឹត្ត​នឹង​ជនជាតិ​របស់យើង​ដោយឧបាយកល ហើយ​ធ្វើបាប​ដូនតា​របស់យើង​ដោយ​បង្ខំ​ពួកគាត់​ឲ្យ​បំបរបង់ចោល​ទារក​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ទារកទាំងនោះ​មានជីវិតរស់​។ ម៉ូសេ​បាន​កើតមក​ក្នុង​គ្រានោះ​ឯង​។ លោក​ជា​កូន​ដ៏ស្អាត​នៅចំពោះ​ព្រះ ហើយ​ត្រូវបាន​ចិញ្ចឹម​បី​ខែ​នៅក្នុង​ផ្ទះ​របស់​ឪពុក​លោក​។ ក្រោយមក លោក​ត្រូវបាន​បំបរបង់ចោល បុត្រី​របស់​ផារ៉ោន​បាន​រើស​លោក​មក​ចិញ្ចឹម ទុកជា​បុត្រ​របស់​ខ្លួន​។ ម៉ូសេ​បាន​ទទួល​ការ​អប់រំ​ក្នុង​អស់ទាំង​ប្រាជ្ញា​របស់​ជនជាតិអេហ្ស៊ីប ហើយ​មានអំណាច​ក្នុង​ពាក្យសម្ដី និង​ការប្រព្រឹត្ត​។ “​កាល​លោក​មាន​អាយុ​គ្រប់​សែសិបឆ្នាំ លោក​សម្រេចចិត្ត​ទៅ​សួរសុខទុក្ខ​បងប្អូន​របស់​លោក គឺ​កូនចៅ​អ៊ីស្រាអែល​។ នៅពេល​ឃើញ​ម្នាក់​ត្រូវគេ​ធ្វើបាប លោក​បាន​ការពារ ហើយ​សងសឹក​ឲ្យ​អ្នក​ដែល​ត្រូវគេ​ជិះជាន់ ដោយ​ប្រហារ​ជនជាតិអេហ្ស៊ីប​នោះ​។ លោក​នឹកស្មានថា បងប្អូនរួមជាតិ​របស់​លោក​នឹង​យល់​ថា ព្រះ​កំពុង​ប្រទាន​ការសង្គ្រោះ​ដល់​ពួកគេ​ដោយ​ដៃ​របស់​លោក ប៉ុន្តែ​ពួកគេ​មិន​យល់​ឡើយ​។ នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះឃើញ​ពួកគេ​កំពុង​ឈ្លោះគ្នា ក៏​សម្រុះសម្រួល​ពួកគេ​ដោយ​និយាយថា​: ‘​អ្នក​អើយ! ពួកអ្នក​ជា​បងប្អូនរួមជាតិ ហេតុអ្វីបានជា​ធ្វើបាប​គ្នា​?​’​។ “​ប៉ុន្តែ​ម្នាក់​ដែល​កំពុង​ធ្វើបាប​អ្នកជិតខាង​របស់ខ្លួន បាន​ច្រាន​ម៉ូសេ​ចេញ ទាំង​និយាយថា​: ‘​តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​លើ​ពួកយើង​? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូចដែល​អ្នក​បាន​សម្លាប់​ជនជាតិអេហ្ស៊ីប​ពី​ម្សិលមិញ​ឬ​?​’​។ “​ម៉ូសេ​ក៏​រត់គេច​ដោយសារតែ​ពាក្យ​នេះ ហើយ​បានជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​ម៉ាឌាន ជា​កន្លែងដែល​លោក​បង្កើត​បាន​កូនប្រុស​ពីរ​នាក់​។ លុះ​សែសិប​ឆ្នាំ​ក្រោយមក មាន​ទូតសួគ៌​មួយរូប​លេចមក​ដល់​លោក​ក្នុង​អណ្ដាតភ្លើង​នៃ​គុម្ពបន្លា នៅ​ទីរហោស្ថាន​នៃ​ភ្នំ​ស៊ីណាយ​។ ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​នេះ ក៏​ភ្ញាក់ផ្អើល​។ នៅពេល​លោក​កំពុង​ចូលទៅជិត​ដើម្បី​ពិនិត្យមើល ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​ថា​: ‘​យើង​ជា​ព្រះ​នៃ​ដូនតា​របស់អ្នក ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ’​។ ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​ពិនិត្យមើល​ទេ​។ “​ព្រះអម្ចាស់​មានបន្ទូល​នឹង​លោក​ថា​: ‘​ចូរ​ដោះ​ស្បែកជើង​ចេញ​ពី​ជើង​របស់អ្នក ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ ជា​ដី​ដ៏វិសុទ្ធ​។ យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប​’​។ “​ម៉ូសេ​នេះ​ឯង ដែល​គេ​បាន​បដិសេធ​ថា​: ‘​តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​?​’ គឺ​ម្នាក់នេះ ដែល​ព្រះ​បាន​ចាត់ឲ្យមក​ធ្វើជា​មេ និង​ជា​អ្នករំដោះ តាមរយៈ​ដៃ​របស់​ទូតសួគ៌​ដែល​បាន​លេចមក​ដល់​លោក​ក្នុង​គុម្ពបន្លា​។ គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។ “​ម៉ូសេ​នេះ​ឯង ដែល​ប្រាប់​កូនចៅ​អ៊ីស្រាអែល​ថា​: ‘​ព្រះ នឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា ’​។ គឺ​ម្នាក់នេះ ដែល​នៅ​ជាមួយ​ទូតសួគ៌​ដែល​និយាយ​នឹង​លោក​នៅ​ភ្នំ​ស៊ីណាយ និង​នៅ​ជាមួយ​ដូនតា​របស់យើង ក្នុង​សហគមន៍​នៅ​ទីរហោស្ថាន​។ លោក​បាន​ទទួល​ព្រះបន្ទូល​ដ៏​រស់ ដើម្បី​ប្រគល់​មក​យើង​។ ដូនតា​របស់យើង​មិន​ព្រម​ស្ដាប់បង្គាប់​លោក​ទេ ផ្ទុយទៅវិញ ពួកគេ​បាន​ច្រាន​លោក​ចេញ ហើយ​នៅក្នុង​ចិត្ត ពួកគេ​បាន​បែរទៅ​រក​អេហ្ស៊ីប​វិញ ដោយ​និយាយ​នឹង​អើរ៉ុន​ថា​: ‘​ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំមុខ​យើង ដ្បិត​ម៉ូសេ​ម្នាក់នេះ​ដែល​នាំ​យើង​ចេញ​ពី​ដែនដី​អេហ្ស៊ីប យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​!​’​។ នៅ​គ្រានោះ ពួកគេ​បាន​ធ្វើរូបកូនគោ​មួយ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូបបដិមាករ​នោះ ព្រមទាំង​អបអរ​នឹង​ស្នាដៃ​របស់​ខ្លួន​ផង​។ ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​: ‘​ពូជពង្ស​អ៊ីស្រាអែល​អើយ​! ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា មិនមែន​ដល់​យើង​ទេ មែនទេ​? អ្នករាល់គ្នា​បាន​សែង​រោង​របស់​ព្រះម៉ូឡុក និង​ផ្កាយ​នៃ​ព្រះ​រេមផាន់​របស់អ្នករាល់គ្នា ជា​រូបសំណាក​ដែល​អ្នករាល់គ្នា​ធ្វើឡើង​ដើម្បី​ថ្វាយបង្គំ​។ ដូច្នេះ យើង​នឹង​ជម្លៀស​អ្នករាល់គ្នា​ទៅ​ឯនាយ​បាប៊ីឡូន​’​។ “​ដូនតា​របស់យើង​មាន​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ទីរហោស្ថាន ស្របតាម​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ម៉ូសេ បាន​បង្គាប់​លោក​ឲ្យ​សង់ឡើង​តាម​គំរូ​ដែល​លោក​បាន​ឃើញ គឺ​ព្រះពន្លា​ដែល​ដូនតា​របស់យើង​បាន​ទទួលតៗមក ហើយ​នាំយកមក​ជាមួយ​យ៉ូស្វេ ចូលក្នុង​ទឹកដីកម្មសិទ្ធិ​របស់​សាសន៍ដទៃ​ដែល​ព្រះ​បាន​បណ្ដេញ​ចេញពី​មុខ​ដូនតា​របស់យើង រហូតដល់​សម័យ​ដាវីឌ​។ ដាវីឌ​បាន​ទទួល​ព្រះគុណ​នៅចំពោះ​ព្រះ ហើយ​លោក​បាន​សុំ​រៀបចំ ​ដំណាក់ ​មួយ​សម្រាប់​ព្រះ​របស់​យ៉ាកុប ប៉ុន្តែ​គឺ​សាឡូម៉ូន​វិញ​ទេ ដែល​បាន​សាងសង់​ដំណាក់​សម្រាប់​ព្រះអង្គ​។ យ៉ាងណាមិញ ព្រះ​ដ៏ខ្ពស់បំផុត​មិន​គង់នៅ​ក្នុង​វិហារ ​ដែលធ្វើដោយដៃមនុស្ស​ទេ ដូចដែល​ព្យាការី​បាន​ថ្លែងថា​: ‘​ព្រះអម្ចាស់​ទ្រង់​មានបន្ទូលថា​: “​ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង ផែនដី​ជា​កំណល់​ជើង​របស់យើង​។ តើ​អ្នក​នឹង​សាងសង់​ដំណាក់​បែបណា​សម្រាប់​យើង​? តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​? តើ​ដៃ​របស់យើង​មិន​បាន​បង្កើត​របស់​សព្វសារពើ​ទាំងនេះ​ទេឬ​?​”​’​។ “​មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។ តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។ អ្នករាល់គ្នា​បាន​ទទួល​ក្រឹត្យវិន័យ​តាមរយៈ​ការចាត់ចែង​របស់‍បណ្ដា​ទូតសួគ៌ ប៉ុន្តែ​អ្នករាល់គ្នា​មិន​បាន​ប្រតិបត្តិតាម​សោះ​”។ នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ក្រេវក្រោធយ៉ាងខ្លាំង ហើយ​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន​។ រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​សម្លឹងមើល​ទៅ​មេឃ ឃើញ​សិរីរុងរឿង​របស់​ព្រះ និង​ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះ ក៏​ពោលថា​៖ “​មើល៍! ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​កូនមនុស្ស​ឈរ​នៅ​ខាងស្ដាំ​ព្រះ​”​។ ប៉ុន្តែ​ពួកគេ​ក៏​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​សម្រុកមក​ឯ​គាត់​ព្រមៗគ្នា រួច​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង គប់ដុំថ្មសម្លាប់​គាត់​។ ពួក​សាក្សី​ទាំងនោះ​ដាក់​អាវវែង​របស់​ខ្លួន​នៅទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សូល។ ខណៈដែល​ពួកគេ​កំពុង​គប់ដុំថ្មសម្លាប់​ស្ទេផាន គាត់​ហៅរក​ព្រះអម្ចាស់ ​ថា​៖ “​ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​របស់ទូលបង្គំ​ផង!​”​។ បន្ទាប់មក គាត់​លុតជង្គង់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “​ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​បាប​នេះ​នឹង​ពួកគេ​ឡើយ​!​”។ កាល​ទូល​ដូច្នេះ​ហើយ គាត់​ក៏​ដេកលក់​ទៅ៕ រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។ មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿស៊ប់​បាន​បញ្ចុះ​ស្ទេផាន ហើយ​យំស្រណោះ​គាត់​យ៉ាងខ្លាំង​។ ចំណែកឯ​សូល​វិញ គាត់​បំផ្លិចបំផ្លាញ​ក្រុមជំនុំ ដោយ​ចូល​ពីផ្ទះមួយទៅផ្ទះមួយ អូស​ទាំង​ប្រុស​ទាំង​ស្រី យកទៅ​ដាក់គុក​។ អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ក៏​ដើរចុះឡើង​ផ្សព្វផ្សាយ​ព្រះបន្ទូល​។ ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។ កាល​បាន​ឮ និង​ឃើញ​ទីសម្គាល់​នានា​ដែល​គាត់​កំពុង​ធ្វើ ហ្វូងមនុស្ស​ក៏​យកចិត្តទុកដាក់​ដោយមានចិត្តតែមួយ ចំពោះ​អ្វី​ដែល​ភីលីព​និយាយ ដ្បិត​មាន​មនុស្ស​ជាច្រើន​ដែល​មាន​វិញ្ញាណអសោច​ចូល វិញ្ញាណទាំងនោះ​ក៏​ចេញមក​ទាំង​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ព្រមទាំង​មាន​មនុស្ស​ជាច្រើន​ដែល​ស្លាប់មួយចំហៀងខ្លួន និង​ខ្វិន​ត្រូវបាន​ប្រោសឲ្យជា​ដែរ​។ ដូច្នេះ នៅ​ទីក្រុង​នោះ​មាន​អំណរ​យ៉ាងខ្លាំង​។ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​តាំងពីមុនមក​បាន​ប្រើមន្តអាគម​នៅ​ទីក្រុង​នោះ និង​ធ្វើឲ្យ​ប្រជាជន​នៅ​សាម៉ារី​ភ្ញាក់ផ្អើល ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់​។ មនុស្ស​ទាំងអស់ ចាប់ពី​អ្នកតូច​រហូតដល់​អ្នកធំ បាន​យកចិត្តទុកដាក់​នឹង​គាត់ ទាំង​ពោលថា​៖ “​គឺ​អ្នកនេះ​ហើយ ដែល​គេ​ហៅថា ‘​ព្រះចេស្ដា​ដ៏អស្ចារ្យ​របស់​ព្រះ​’​”​។ គេ​បាន​យកចិត្តទុកដាក់​នឹង​គាត់ ពីព្រោះ​គាត់​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​មន្តអាគម តាំងពី​យូរណាស់មកហើយ​។ ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។ រីឯ​ស៊ីម៉ូន​ខ្លួនគាត់ផ្ទាល់​ក៏​បាន​ជឿ​ដែរ​។ បន្ទាប់ពី​ទទួលពិធីជ្រមុជទឹក គាត់​ទៅតាម​ភីលីព ហើយ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ​កើតឡើង​។ ពេល​ពួក​សាវ័ក​នៅ​យេរូសាឡិម​បាន​ឮ​ថា ជនជាតិ​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ពួកគេ​ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ​ឯ​អ្នកទាំងនោះ​។ ពេត្រុស និងយ៉ូហាន​ក៏​ចុះទៅ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ ដ្បិត​ព្រះវិញ្ញាណ​មិនទាន់​យាងចុះ​លើ​អ្នកណា​ក្នុង​ពួកគេ​នៅឡើយ គឺ​ពួកគេ​គ្រាន់តែ​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ​។ ដូច្នេះ ពេត្រុស និងយ៉ូហាន​ក៏​ដាក់​ដៃ​លើ​ពួកគេ នោះ​ពួកគេ​ក៏​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ កាល​ស៊ីម៉ូន​ឃើញ​ថា ព្រះវិញ្ញាណ​ត្រូវបាន​ប្រទានមក​តាមរយៈ​ការដាក់​ដៃ​របស់​សាវ័ក​ទាំងពីរ គាត់​ក៏​យក​ប្រាក់​មក​ឲ្យ​អ្នកទាំងពីរ ទាំង​និយាយថា​៖ “​សូម​ឲ្យ​អំណាច​នេះ​ដល់​ខ្ញុំដែរ​ផង ដើម្បីឲ្យ​អ្នកណាក៏ដោយដែល​ខ្ញុំ​ដាក់​ដៃ​លើ អ្នកនោះ​នឹង​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​”។ ប៉ុន្តែ​ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “​ចូរឲ្យ​ប្រាក់​របស់អ្នក​វិនាស​ជាមួយ​អ្នក​ទៅ​! ដ្បិត​អ្នក​គិតថា​អំណោយទាន​របស់​ព្រះ​ទិញ​ដោយ​ប្រាក់​បាន​! អ្នក​គ្មាន​ភាគ ឬ​ចំណែក​ក្នុង​ការ​នេះឡើយ ពីព្រោះ​ចិត្ត​របស់អ្នក​មិន​ទៀងត្រង់​នៅចំពោះ​ព្រះ​ទេ​។ ដូច្នេះ ចូរ​កែប្រែចិត្ត​ពី​ការអាក្រក់​នេះ​របស់អ្នក ហើយ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់ ​ចុះ ក្រែងលោ​បំណង​ចិត្ត​របស់អ្នក​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​។ ដ្បិត​ខ្ញុំ​ឃើញថា អ្នក​ស្ថិតនៅ​ក្នុង​ជាតិល្វីង​នៃ​ទឹកប្រមាត់ និង​ចំណង​នៃ​សេចក្ដីទុច្ចរិត​”​។ ស៊ីម៉ូន​និយាយ​តប​ថា​៖ “​សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ​ផង ដើម្បីកុំឲ្យ​អ្វីដែល​លោក​និយាយ​បាន​កើតឡើង​ដល់​ខ្ញុំ​ឡើយ”​។ បន្ទាប់ពី​ពេត្រុស និងយ៉ូហាន​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និង​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ហើយ ពួកគេ​ក៏​ត្រឡប់ទៅ​យេរូសាឡិម​វិញ ទាំង​ផ្សាយដំណឹងល្អ​តាម​ភូមិ​ជាច្រើន​របស់​ជនជាតិសាម៉ារី​ផង​។ មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “​ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ​”​។ កន្លែងនោះ​ជា​ទីរហោស្ថាន​។ គាត់​ក៏​ក្រោកឡើង ចេញដំណើរទៅ​។ ពេលនោះ មើល៍! មាន​មហាតលិក​ជនជាតិអេត្យូពី​ម្នាក់ ជា​មន្ត្រីរាជវាំង​របស់​កានដេស​មហាក្សត្រិយានី​នៃ​អេត្យូពី លោក​ត្រួតលើ​រាជ្យទ្រព្យ​ទាំងមូល​របស់​ព្រះនាង​។ លោក​បាន​មក​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ ហើយ​កំពុង​ជិះ​រទេះសេះ​របស់​ខ្លួន​ត្រឡប់ទៅវិញ ទាំង​អាន​គម្ពីរ​ព្យាការី​អេសាយ​ផង​។ ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ភីលីព​ថា​៖ “​ចូរ​ចូលទៅ​កៀក​នឹង​រទេះសេះ​នោះ​ចុះ​”​។ នៅពេល​រត់ទៅ ភីលីព​ក៏​ឮ​លោក​កំពុង​អាន​គម្ពីរ​ព្យាការី​អេសាយ គាត់​ក៏​សួរថា​៖ “​តើ​លោក​យល់​អ្វីដែល​លោក​កំពុង​អាន​ឬទេ​?”។ លោក​ឆ្លើយថា​៖ “​តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន បើ​គ្មាន​អ្នកណា​ណែនាំ​ខ្ញុំ​ផង​?​”​។ រួច​លោក​ក៏​អញ្ជើញ​ភីលីព​ឲ្យ​ឡើង​អង្គុយ​ជាមួយ​លោក។ វគ្គ​នៃ​បទគម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ​: “​លោក​ត្រូវគេ​នាំ​ទៅ​សម្លាប់​ដូចជា​ចៀម ហើយ​ដូចដែល​កូនចៀម​នៅ​ស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​យ៉ាងណា លោក​ក៏​មិន​បើក​មាត់​យ៉ាងនោះដែរ​។ សេចក្ដីយុត្តិធម៌​ត្រូវបាន​ដកយក​ពី​លោក ក្នុង​ភាពបង្អាប់បង្អោន​។ តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់​លោក​? ដ្បិត​ជីវិត​របស់​លោក​ត្រូវបាន​ដកចេញ​ពី​ផែនដី​”​។ មហាតលិក​នោះ​និយាយ​នឹង​ភីលីព​ថា​៖ “​ខ្ញុំ​សូមសួរ​អ្នក តើ​ព្យាការី​កំពុង​និយាយ​ដូច្នេះ​អំពី​នរណា​? អំពី​ខ្លួនឯង ឬ​អំពី​អ្នកណា​ម្នាក់​ផ្សេងទៀត​?​”​។ ភីលីព​ក៏​បើក​មាត់ ហើយ​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ដល់​លោក ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នេះ​។ ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “​មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?​”​។ ភីលីព​និយាយថា​៖ “​ប្រសិនបើ​លោក​ជឿអស់ពីចិត្ត លោក​អាច​ទទួល​បាន​”​។ លោក​ឆ្លើយថា​៖ “​ខ្ញុំ​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះបុត្រា​របស់​ព្រះ”។ បន្ទាប់មក លោក​បញ្ជា​ឲ្យ​បញ្ឈប់​រទេះសេះ ហើយ​អ្នក​ទាំងពីរ គឺ​ទាំង​ភីលីព និង​មហាតលិក​ក៏​ចុះទៅ​ក្នុង​ទឹក រួច​ភីលីព​ក៏​ធ្វើពិធីជ្រមុជទឹក​ឲ្យ​លោក​។ នៅពេល​ពួកគេ​ឡើង​ពី​ទឹក​មក ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឆក់យក​ភីលីព​ទៅបាត់ ហើយ​មហាតលិក​នោះ​ក៏​លែង​ឃើញ​គាត់​ទៀត​។ ប៉ុន្តែ​លោក​បន្តដំណើរទៅ​ទាំង​អរសប្បាយ​។ រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕ ពេលនោះ សូល​នៅតែ​បញ្ចេញ​ពាក្យគំរាម​សម្លាប់​ចំពោះ​ពួក​សិស្ស​របស់​ព្រះអម្ចាស់​។ គាត់​ចូលទៅ​ជួប​មហាបូជាចារ្យ ហើយ​សុំ​ពី​លោក​នូវ​លិខិត​ទៅកាន់​សាលាប្រជុំ​នានា​នៅ​ដាម៉ាស់ ដើម្បី​បើ​គាត់​រកឃើញ​អ្នកណា​នៅ​ខាង​មាគ៌ា​នោះ គាត់​នឹង​ចង​ទាំង​ប្រុស​ទាំង​ស្រី យក​មក​យេរូសាឡិម​។ ខណៈដែល​សូល​ធ្វើដំណើរ​ជិតដល់​ដាម៉ាស់ ស្រាប់តែ​មាន​ពន្លឺ​មួយ​ពី​លើមេឃ​ចាំងជុំវិញ​គាត់​។ គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖ “​សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?​”​។ គាត់​សួរថា​៖ “​ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?​”​។ ព្រះអង្គ​មានបន្ទូលថា​៖ “​យើង​គឺ​យេស៊ូវ ដែល​អ្នក​កំពុង​បៀតបៀន​។ ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​”​។ ពួក​អ្នក​ដែល​ធ្វើដំណើរជាមួយ​សូល​ក៏​ឈរ​ដោយ​គ្មានវាចាសោះ​។ ពួកគេ​បាន​ឮ​សំឡេង​មែន ប៉ុន្តែ​មិន​បាន​មើលឃើញ​អ្នកណាឡើយ​។ សូល​ក៏​ក្រោកឡើង​ពី​ដី ហើយ​បើក​ភ្នែក ប៉ុន្តែ​មើលមិនឃើញអ្វីសោះ​។ ដូច្នេះ គេ​ដឹកដៃ​គាត់​នាំចូល​ទៅ​ដាម៉ាស់។ រយៈពេល​បី​ថ្ងៃ គាត់​មើលមិនឃើញ​អ្វី​ឡើយ ហើយក៏​មិន​ហូប​មិន​ផឹក​អ្វី​ដែរ​។ នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖ “​អាណានាស​អើយ​!​”​។ គាត់​ទូល​ឆ្លើយថា​៖ “​ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ក្រោកឡើង ទៅ​ឯ​ផ្លូវ​មួយ​ដែល​គេ​ហៅថា ‘​ផ្លូវ​ត្រង់​’ ហើយ​រក​អ្នកតើសុស​ម្នាក់​ឈ្មោះ​សូល​នៅក្នុង​ផ្ទះ​របស់​យូដាស​។ ដ្បិត​មើល៍! គាត់​កំពុង​អធិស្ឋាន ហើយ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណានាស​នៅក្នុង​និមិត្ត ​ ចូលមក​ដាក់​ដៃ​លើ​គាត់ ដើម្បីឲ្យ​គាត់​មើលឃើញវិញ​”​។ អាណានាស​ទូល​តបថា​៖ “​ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។ រីឯ​នៅ​ទីនេះ គាត់​ក៏​បាន​ទទួល​សិទ្ធិអំណាច​ពី​ពួក​នាយកបូជាចារ្យ ដើម្បី​ចាប់ចង​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់ព្រះអង្គ​ដែរ​”​។ ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖ “​ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។ យើង​នឹង​បង្ហាញ​ដល់​គាត់​ថា គាត់​ត្រូវតែ​រងទុក្ខ​ច្រើនប៉ុណ្ណា ដោយព្រោះ​នាម​របស់យើង​”​។ ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “​សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​”។ រំពេចនោះ មានអ្វី​ដូចជា​ស្រកា​ជ្រុះ​ពី​ភ្នែក​គាត់ ហើយ​គាត់​ក៏​មើលឃើញវិញ​។ បន្ទាប់មក​គាត់​ក្រោកឡើង​ទទួលពិធីជ្រមុជទឹក ហើយ​ហូបអាហារ ក៏​មានកម្លាំងឡើងវិញ​។ សូល​បាន​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​នៅ​ដាម៉ាស់​រយៈពេល​ប៉ុន្មានថ្ងៃ ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។ អស់អ្នក​ដែល​ឮ​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយថា​៖ “​តើ​មិនមែន​អ្នកនេះ​ទេ​ឬ ដែល​បំផ្លាញ​អ្នក​ដែល​ហៅរក​នាម​នេះ​នៅ​យេរូសាឡិម​? តើ​គាត់​បាន​មក​ទីនេះ មិនមែន​ដោយសារតែ​គោលបំណង​នេះ គឺ​ដើម្បី​ចាប់ចង​ពួកគេ​នាំ​ទៅ​ពួក​នាយកបូជាចារ្យ​ទេ​ឬ​?​”​។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​សូល​ទទួលកម្លាំង​កាន់តែខ្លាំងឡើង ហើយ​ផ្ចាញ់ផ្ចាល​ជនជាតិយូដា​ដែល​រស់នៅ​ដាម៉ាស់ ដោយ​បញ្ជាក់​ថា​ព្រះយេស៊ូវនេះ​ហើយ​ជា​ព្រះ​គ្រីស្ទ។ លុះ​ច្រើន​ថ្ងៃ​ក្រោយមក ពួកយូដា​បាន​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​សូល​។ ប៉ុន្តែ​ផែនការសម្ងាត់​របស់​ពួកគេ​បាន​ដឹង​ដល់​សូល​។ ពួកគេ​ឃ្លាំមើល​ទ្វារក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។ យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។ សូល​បាន​មកដល់​យេរូសាឡិម ហើយ​ព្យាយាម​ចូលរួម​ជាមួយ​ពួក​សិស្ស ប៉ុន្តែ​ទាំងអស់គ្នា​ខ្លាច​គាត់ ហើយ​មិន​ជឿ​ថា​គាត់​ជា​សិស្ស​ទេ។ ប៉ុន្តែ​បារណាបាស​បាន​ទទួល​គាត់ ហើយ​នាំ​គាត់​ទៅ​ជួប​ពួក​សាវ័ក ទាំង​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅតាមផ្លូវ និង​របៀប​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់ ព្រមទាំង​របៀប​ដែល​គាត់​បាន​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​នៅ​ដាម៉ាស់​។ ដូច្នេះ សូល​ក៏​នៅ​ជាមួយ​ពួកគេ ហើយ​ទៅណាមកណាដោយសេរី​ក្នុង​យេរូសាឡិម ទាំង​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ​។ គាត់​បាន​សន្ទនា និង​ជជែកវែកញែក​ជាមួយ​ជនជាតិយូដាដែលនិយាយក្រិក ប៉ុន្តែ​ពួកគេ​ប៉ុនប៉ង​សម្លាប់​គាត់​។ កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។ ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។ កាលមួយ ពេត្រុស​កំពុង​ដើរចុះឡើង​តាម​តំបន់​ទាំងអស់ គាត់​ក៏​ចុះទៅ​ជួប​វិសុទ្ធជន​ដែល​រស់នៅ​លីដា​ដែរ​។ នៅ​ទីនោះ គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​។ គាត់​ជា​មនុស្ស​ស្លាប់មួយចំហៀងខ្លួន​ដែល​ដេក​នៅលើ​គ្រែ​ប្រាំបី​ឆ្នាំ​មកហើយ​។ ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “​អេនាស​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​អ្នក​ឲ្យជា​ហើយ​។ ចូរ​ក្រោកឡើង រៀបចំគ្រែ​ដោយ​ខ្លួនឯង​ចុះ​!​”​។ អេនាស​ក៏​ក្រោកឡើង​ភ្លាម​។ អស់អ្នក​ដែល​រស់នៅ​លីដា និង​សារ៉ូន​បាន​ឃើញ​គាត់ ក៏​បែរមក​រក​ព្រះអម្ចាស់វិញ​។ នៅ​យ៉ុបប៉េ​មាន​សិស្ស​ម្នាក់​ឈ្មោះ​តេប៊ីថា (​តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់ ​)​។ នាង​បាន​ពេញ​ដោយ​អំពើល្អ និង​ការចែកទាន ដែល​នាង​តែងតែ​ធ្វើ​។ ប៉ុន្តែ​នៅ​គ្រានោះ នាង​ធ្លាក់ខ្លួនឈឺ ហើយ​ស្លាប់​។ គេ​ចំអាស​សពនាង ហើយ​ដាក់​នៅ​បន្ទប់ខាងលើ​។ លីដា​នៅ​ជិត​យ៉ុបប៉េ ដូច្នេះ​នៅពេល​ពួក​សិស្ស​ឮ​ថា​ពេត្រុស​នៅ​ទីនោះ ពួកគេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យទៅ​រក​គាត់ អង្វរ​ថា​៖ “​សូម​មក​ឯ​ពួកយើង​កុំ​បង្អង់​ឡើយ​!​”​។ ពេត្រុស​ក៏​ក្រោកឡើង​រួមដំណើរជាមួយ​ពួកគេ​។ ពេល​គាត់​មក​ដល់ ពួកគេ​បាន​នាំ​គាត់​ឡើង​ទៅ​បន្ទប់ខាងលើ​។ រីឯ​ស្ត្រីមេម៉ាយ​ទាំងអស់គ្នា​ឈរនៅក្បែរ​ពេត្រុស ទាំង​យំ ហើយ​ពួកគេ​ក៏​បង្ហាញ​អាវ និង​សម្លៀកបំពាក់​ដែល​ឌ័រកាស​បាន​ធ្វើ កាល​នាង​នៅ​ជាមួយ​ពួកគេ​។ នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “​តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!​”​។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។ ពេត្រុស​ក៏​លូក​ដៃ លើក​នាង​ឲ្យឈរ រួច​ហៅ​ពួក​វិសុទ្ធជន និង​ស្ត្រី​មេម៉ាយ​មក ប្រគល់​ឌ័រកាស​ដែល​រស់ឡើងវិញ​ដល់​ពួកគេ​។ ការនេះ​បាន​ឮសុសសាយ​នៅ​យ៉ុបប៉េ​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអម្ចាស់។ បន្ទាប់មក ពេត្រុស​ស្នាក់នៅ​យ៉ុបប៉េ​ជាយូរ​ថ្ងៃ ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​៕ មាន​បុរស​ម្នាក់​នៅ​សេសារា​ឈ្មោះ​កូនេលាស ជា​មេទាហានលើមួយរយនាក់​នៃ​កងទាហាន​ដែល​គេ​ហៅថា “​កង​អ៊ីតាលី​”​។ លោក​មានជំនឿស៊ប់ ហើយ​លោក​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​លោក កោតខ្លាច​ព្រះ​។ លោក​ចែកទាន​ជាច្រើន​ដល់​ប្រជាជន ហើយ​តែងតែ​អធិស្ឋាន​ទៅ​ព្រះ​ជានិច្ច​។ ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “​កូនេលាស​!​”​។ លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “​ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?​”​។ ទូតសួគ៌​ក៏​និយាយថា​៖ “​សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។ ឥឡូវនេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ គាត់​ស្នាក់នៅ​ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​សមុទ្រ ​”​។ នៅពេល​ទូតសួគ៌​ដែល​និយាយ​នឹង​កូនេលាស​ចាកចេញទៅ​ហើយ លោក​ក៏​ហៅ​អ្នកបម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​ដែល​មានជំនឿស៊ប់ ពីក្នុងចំណោម​អ្នក​ដែល​ចាំបម្រើ​លោក​មក ហើយ​រៀបរាប់ប្រាប់​ហេតុការណ៍​ទាំងអស់​ដល់​ពួកគេ រួច​ចាត់​ពួកគេ​ឲ្យទៅ​យ៉ុបប៉េ​។ លុះ​នៅ​ថ្ងៃបន្ទាប់ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ គឺ​ខណៈដែល​អ្នកទាំងនោះ​ធ្វើដំណើរ​មកជិត​ទីក្រុង​នោះ ពេត្រុស​បាន​ឡើងទៅ​លើ​ដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​។ ពេលនោះ គាត់​ក៏​ឃ្លាន ហើយ​ចង់​ហូប​អាហារ​។ នៅពេល​គេ​កំពុង​រៀបចំ គាត់​ក៏​លង់ស្មារតី ឃើញ​ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង ​ជ្រុង​ទាំង​បួន​សម្រូត​ដល់​ដី​។ នៅក្នុង​ក្រណាត់នោះ មាន​សត្វ​គ្រប់ប្រភេទ ដូចជា​សត្វជើងបួន សត្វព្រៃ សត្វលូនវារ​នៅលើ​ផែនដី និង​បក្សាបក្សីនៅលើអាកាស​។ បន្ទាប់មក មាន​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖ “​ពេត្រុស​អើយ ចូរ​ក្រោកឡើង សម្លាប់ ហើយ​ហូប​ចុះ​!​”​។ ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “​ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ​”​។ នោះក៏​មាន​សំឡេង​និយាយ​នឹង​គាត់​ម្ដងទៀត​ជាលើកទីពីរ​ថា៖ “​អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ​”​។ ការនេះ​បាន​កើតឡើង​បីដង ហើយ​វត្ថុ​នោះ​ក៏​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​វិញ​ភ្លាម​។ ខណៈដែល​ពេត្រុស​កំពុង​វល់គំនិត​ក្នុងចិត្ត​ថា និមិត្ត​ដែល​គាត់​ឃើញ​នេះ​មានន័យ​ដូចម្ដេច មើល៍! ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​កូនេលាស​បាន​មក​សួររក​ផ្ទះ​របស់​ស៊ីម៉ូន ហើយ​ឈរ​នៅ​មាត់ទ្វារ ស្រែក​សួរថា​៖ “​តើ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស ស្នាក់នៅ​ទីនេះ​ឬទេ​?​”​។ នៅពេល​ពេត្រុស​នៅតែ​សញ្ជឹងគិត​អំពី​និមិត្តនោះ ព្រះវិញ្ញាណ​មានបន្ទូល​នឹង​គាត់​ថា​៖ “​មើល៍! មាន​បុរស​បី​នាក់​កំពុង​តាមរក​អ្នក​! ចូរ​ក្រោកឡើង ចុះទៅក្រោម ហើយ​ចេញដំណើរ​ជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ចុះ ដ្បិត​យើង​បាន​ចាត់​ពួកគេ​ឲ្យមក​”​។ ពេត្រុស​ក៏​ចុះទៅ​ជួប​បុរស​ទាំងនោះ ហើយ​និយាយថា​៖ “​មើល៍! គឺ​ខ្ញុំ​នេះ​ហើយ​ដែល​អ្នករាល់គ្នា​កំពុង​តាមរក​។ តើ​មាន​ការ​អ្វី​បានជា​អ្នករាល់គ្នា​មក​ទីនេះ​?​”​។ ពួកគេ​តបថា​៖ “​កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក​”​។ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ចូលក្នុង ហើយ​ឲ្យស្នាក់នៅ​ទីនោះ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ក្រោកឡើង​ចេញទៅ​ជាមួយ​ពួកគេ ហើយ​មាន​បងប្អូន​ខ្លះ​ពី​យ៉ុបប៉េ​បាន​រួមដំណើរជាមួយ​គាត់​ដែរ​។ នៅ​ថ្ងៃបន្ទាប់​មកទៀត​ពួកគេ​បាន​ចូលទៅ​សេសារា​។ រីឯ​កូនេលាស​កំពុង​រង់ចាំ​ពួកគេ ដោយ​បាន​ហៅ​សាច់ញាតិ និង​មិត្តជិតស្និទ្ធ​របស់​លោក​មក​ដែរ​។ លុះ​នៅពេល​ពេត្រុស​ចូលទៅ កូនេលាស​ក៏​ទទួល​គាត់ ទាំង​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​គាត់​។ ប៉ុន្តែ​ពេត្រុស​លើក​លោក​ឡើង ទាំង​និយាយថា​៖ “​សូម​ក្រោកឡើង ខ្លួនខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​”​។ នៅពេល​ពេត្រុស​ចូលទៅ​ទាំង​សន្ទនាជាមួយ​កូនេលាស ហើយ​ឃើញ​មនុស្ស​ជាច្រើន​នៅ​ជួបជុំគ្នា គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “​អ្នករាល់គ្នា​ដឹង​ថា ការ​ដែល​ជនជាតិយូដា​សេពគប់ ឬ​ចូលទៅជិត​ជនបរទេស​ជា​ការ​ខុសនឹងក្រឹត្យវិន័យ​។ ប៉ុន្តែ​ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា មិន​ត្រូវ​ហៅ​អ្នកណា​ម្នាក់​ថា​មិនបរិសុទ្ធ ឬ​សៅហ្មង​ឡើយ។ ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?​”​។ កូនេលាស​និយាយថា​៖ “​កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ និយាយថា​៖ ‘​កូនេលាស​អើយ សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ រីឯ​ការចែកទាន​របស់អ្នក​ក៏​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះ​ដែរ​។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ គាត់​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជាងសម្លាប់ស្បែក នៅក្បែរ​សមុទ្រ ​’​។ ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក”។ ពេត្រុស​ក៏​បើក​មាត់​និយាយថា​៖ “​ខ្ញុំ​យល់​ជាក់​ថា ព្រះ​មិនមែន​ជា​អ្នកលំអៀង​ឡើយ គឺ​ក្នុងចំណោម​ប្រជាជាតិ​នីមួយៗ អ្នកណា​ដែល​កោតខ្លាច​ព្រះ និង​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ព្រះអង្គ​ទទួល​អ្នកនោះ​។ អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​) និង​ការ​ដែល​បាន​កើតឡើង​ក្នុង​យូឌា​ទាំងមូល ដោយ​ចាប់ផ្ដើម​ពី​កាលីឡេ ក្រោយពី​ពិធីជ្រមុជទឹក​ដែល​យ៉ូហាន​បាន​ប្រកាស គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។ យើង​ជា​សាក្សី​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ធ្វើ​ទាំង​នៅ​តំបន់​របស់​ជនជាតិយូដា និង​នៅ​យេរូសាឡិម​ផង​។ គេ​បាន​ធ្វើគុត​ព្រះអង្គ​ដោយ​ព្យួរ​នៅលើ​ឈើ​។ ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី ព្រមទាំង​ប្រទានឲ្យ​ព្រះអង្គ​លេចមក មិនមែន​ដល់​មនុស្ស​ទាំងអស់​ទេ តែ​ដល់​ពួក​សាក្សី​ដែល​ជ្រើសរើសទុកមុន​ដោយ​ព្រះ​វិញ គឺ​យើង​ដែល​ហូបជាមួយ​ព្រះអង្គ និង​ផឹកជាមួយ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​យើង​ឲ្យ​ប្រកាស​ដល់​មនុស្ស ហើយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ថា​ព្រះអង្គនេះ​ជា​អ្នក​ដែល​ព្រះ​បាន​តែងតាំង​ជា​ចៅក្រម​របស់​មនុស្ស​រស់ និង​មនុស្សស្លាប់​។ ព្យាការី​ទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គនេះ​ថា​: ‘​អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ទទួលបាន​ការលើកលែងទោស​បាប​តាមរយៈ​ព្រះនាម​របស់​ព្រះអង្គ​’​”​។ ខណៈដែល​ពេត្រុស​កំពុង​និយាយ​ព្រះបន្ទូល​ទាំងនេះ​នៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​យាងចុះមក​លើ​អស់អ្នក​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​។ ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ ដ្បិត​ពួកគេ​បាន​ឮ​សាសន៍ដទៃទាំងនោះ​និយាយ​ភាសាដទៃ និង​លើកតម្កើង​ព្រះ។ ពេលនោះ ពេត្រុស​និយាយថា​៖ “​អ្នកទាំងនេះ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដូច​យើង​ដែរ​ហើយ តើ​នរណា​អាច​ឃាត់​ពួកគេ​មិន​ឲ្យ​ទទួលពិធីជ្រមុជ​ដោយ​ទឹក​បាន​?​”​។ ដូច្នេះ គាត់​ក៏​បង្គាប់​ឲ្យ​ពួកគេ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​។ បន្ទាប់មក ពួកគេ​សុំ​ពេត្រុស​ឲ្យ​ស្នាក់នៅ​ប៉ុន្មានថ្ងៃ​ទៀត៕ បន្ទាប់មក ពួក​សាវ័ក និង​បងប្អូន​ដែល​នៅ​ទូទាំង​យូឌា បាន​ឮ​ថា​ពួក​សាសន៍ដទៃ​ក៏​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ដែរ​។ ដូច្នេះ នៅពេល​ពេត្រុស​ឡើងទៅ​យេរូសាឡិម ពួកកាត់ស្បែក​ក៏​រិះគន់​គាត់ ថា​៖ “​អ្នក​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួក​អ្នក​មិនបានកាត់ស្បែក ហើយ​បាន​ហូបជាមួយ​ពួកគេ​ទៀតផង​”។ ពេត្រុស​ក៏​ចាប់ផ្ដើម​ពន្យល់​ដល់​ពួកគេ​តាមលំដាប់លំដោយ​ថា៖ “​កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏​លង់ស្មារតី​ឃើញ​និមិត្ត​មួយ​: មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង ​ជ្រុង​ទាំង​បួន​សម្រូត​ពី​លើមេឃ​មកដល់​ខ្ញុំ​។ ខ្ញុំ​សម្លឹង ហើយ​សង្កេតមើល​ក្នុង​នោះ ក៏​ឃើញ​សត្វជើងបួន សត្វព្រៃ សត្វលូនវារ​នៅលើ​ផែនដី និង​បក្សាបក្សីនៅលើអាកាស​។ ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំ​ថា​: ‘​ពេត្រុស​អើយ ចូរ​ក្រោកឡើង សម្លាប់ ហើយ​ហូប​ចុះ!’​។ “​ប៉ុន្តែ​ខ្ញុំ​ទូលថា​: ‘​ទេ ព្រះអម្ចាស់​! ដ្បិត​អ្វី​ដែល​មិនបរិសុទ្ធ និង​សៅហ្មង មិនដែល​ចូល​តាម​មាត់​របស់ទូលបង្គំ​ឡើយ​’​។ នោះក៏​មាន​សំឡេង​និយាយ​ពី​លើមេឃ​ជាលើកទីពីរ​ថា​: ‘​អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ​’​។ “​ការនេះ​បាន​កើតឡើង​បីដង ហើយ​ទាំងអស់​នោះ​ត្រូវបាន​ទាញឡើង​ទៅ​លើមេឃ​វិញ​។ ពេលនោះ មើល៍! ស្រាប់តែ​មាន​បុរស​បី​នាក់​មកដល់​មុខ​ផ្ទះ​ដែល​ពួកខ្ញុំ​ស្នាក់នៅ​។ ពួកគេជា​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​សេសារា​ឲ្យមក​រក​ខ្ញុំ​។ ព្រះវិញ្ញាណ​មានបន្ទូល​ឲ្យ​ខ្ញុំ​ចេញដំណើរជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។ ពេលនោះ បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​ក៏​ទៅ​ជាមួយ​ខ្ញុំ​ដែរ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ម្នាក់​នោះ​។ គាត់​រៀបរាប់ប្រាប់​យើង​អំពី​របៀប​ដែល​គាត់​បាន​ឃើញ​ទូតសួគ៌​ឈរ​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​និយាយ​នឹង​គាត់​ថា​: ‘​ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ គាត់​នឹង​ប្រាប់​អ្នក​នូវ​សេចក្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក និង​ក្រុមគ្រួសារ​ទាំងមូល​របស់អ្នក​បាន​សង្គ្រោះ​’​។ “​នៅពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​យាងចុះមក​លើ​ពួកគេ ដូចដែល​យាងចុះមក​លើ​យើង កាលពីដំបូង​ដែរ។ ខ្ញុំ​ក៏​នឹកឃើញ​ព្រះបន្ទូល​នេះ​របស់​ព្រះអម្ចាស់​ដែល​ថា​: ‘​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ​ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​’​។ ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ប្រទាន​អំណោយទាន​ដូចគ្នា​ដល់​ពួកគេ ដូចដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង កាល​យើង​បាន​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​នរណា​ដែល​អាច​រារាំង​ព្រះបាន​?”​។ នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “​បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!​”​។ គ្រានោះ ពួក​អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ដោយសារតែ​ទុក្ខវេទនា​ដែល​កើតឡើង​ពី​រឿង​ស្ទេផាន ក៏​ទៅ​រហូតដល់​ហ្វេនីស៊ី ស៊ីពរ៍ និង​អាន់ទីយ៉ូក​។ ពួកគេ​មិន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នកណាឡើយ លើកលែងតែ​ជនជាតិយូដា​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។ ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​ពួកគេ ហើយ​មាន​ចំនួន​មនុស្ស​ជាច្រើន​ដែល​ជឿ បាន​បែរមក​រក​ព្រះអម្ចាស់​វិញ​។ ដំណឹង​នេះ​បាន​ឮ​ដល់​ត្រចៀក​ក្រុមជំនុំ​នៅ​យេរូសាឡិម ដូច្នេះ​ពួកគេ​បាន​ចាត់​បារណាបាស​ឲ្យ​ទៅ​អាន់ទីយ៉ូក​។ នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់ ដ្បិត​គាត់​ជា​មនុស្ស​ល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ជំនឿ​។ ដូច្នេះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ត្រូវបាន​បន្ថែម​ដល់​ព្រះអម្ចាស់​។ បន្ទាប់មក បារណាបាស​ចាកចេញទៅ​តើសុស ដើម្បី​រក​សូល ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “​គ្រីស្ទាន​” ជា​លើក​ដំបូង​។ នៅ​គ្រានោះ មាន​អ្នកថ្លែងព្រះបន្ទូល​ខ្លះ​ចុះ​ពី​យេរូសាឡិម​មក​ដល់​អាន់ទីយ៉ូក​។ ម្នាក់​ក្នុង​ពួកគេ​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោកឡើង ហើយ​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​ថា ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​រៀបនឹង​កើតឡើង​លើ​ពិភពលោក​ទាំងមូល​។ ការនេះ​បាន​កើតឡើង​ក្នុង​រជ្ជកាល​សេសារ ​ក្លូឌាស​មែន​។ ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។ ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕ នៅ​គ្រានោះ ព្រះបាទ​ហេរ៉ូឌ​បាន​លូក​ដៃ​ធ្វើបាប​អ្នកខ្លះ​ក្នុង​ក្រុមជំនុំ​។ ទ្រង់​បាន​សម្លាប់​យ៉ាកុប​បងប្រុស ​របស់​យ៉ូហាន​ដោយ​ដាវ ហើយ​នៅពេល​ឃើញ​ថា​ការនេះ​ធ្វើឲ្យ​ពួកយូដា​ពេញចិត្ត ទ្រង់​ក៏​ចាប់​ពេត្រុស​ថែមទៀត​ដែរ​។ ពេលនោះ​ជា​អំឡុង​បុណ្យនំប៉័ងឥតមេ​។ លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។ ដូច្នេះ ពេត្រុស​ក៏​ត្រូវ​ឃុំឃាំង​នៅក្នុង​គុក រីឯ​ក្រុមជំនុំ​វិញ ពួកគេ​បាន​អធិស្ឋាន​ទៅ​ព្រះ​យ៉ាងអស់ពីចិត្ត​សម្រាប់​គាត់​។ នៅ​យប់​មុន​ដែល​ហេរ៉ូឌ​រៀបនឹង​នាំ​ពេត្រុស​ចេញ ពេត្រុស​កំពុង​ដេកលក់​នៅចន្លោះ​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ពួក​អ្នកយាម​ចាំយាម​នៅ​មាត់ទ្វារ​គុក​ដែរ​។ ពេលនោះ មើល៍! ទូតសួគ៌​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ ហើយ​មាន​ពន្លឺ​ភ្លឺចែងចាំង​ក្នុង​គុក​។ ទូតសួគ៌​ក៏​ដាស់​ពេត្រុស​ឡើង​ដោយ​ទះ​ចំហៀងខ្លួន​គាត់ ទាំង​និយាយថា​៖ “​ចូរ​ក្រោកឡើង​ជា​ប្រញាប់​!​” នោះ​ច្រវាក់​ក៏​របូតធ្លាក់​ពី​ដៃ​ទាំងពីរ​របស់​គាត់​។ ទូតសួគ៌​និយាយ​នឹង​គាត់​ថា​៖ “​ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែកជើង​របស់អ្នក​ទៅ​!​”​។ គាត់​ក៏​ធ្វើ​តាម​។ ទូតសួគ៌​និយាយ​ទៀត​ថា​៖ “​ចូរ​ពាក់​អាវវែង​របស់អ្នក ហើយ​មកតាម​ខ្ញុំ​!​”​។ ពេត្រុស​ក៏​ចេញទៅ​តាម​ទូតសួគ៌ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា​ហេតុការណ៍​ដែល​កំពុងតែ​កើតឡើង​តាមរយៈ​ទូតសួគ៌​នោះ​ជា​ការពិត​ទេ គឺ​គាត់​គិតថា​គាត់​កំពុង​ឃើញ​និមិត្ត​។ នៅពេល​ដើរផុត​កន្លែងយាម​ទីមួយ និង​ទីពីរ​ហើយ ពួកគេ​ក៏​មកដល់​ទ្វារ​ដែក​ដែល​ចេញទៅ​ទីក្រុង ទ្វារនោះ​ក៏​បើក​ឲ្យ​ពួកគេ​ដោយខ្លួនវា​។ បន្ទាប់ពី​ចេញផុតទៅ ពួកគេ​ក៏​ទៅតាមផ្លូវ​មួយ នោះ​ទូតសួគ៌​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​។ ពេលនោះ ពេត្រុស​បាន​ដឹងខ្លួន ក៏​និយាយថា​៖ “​ឥឡូវនេះ​ខ្ញុំ​ដឹង​ពិតប្រាកដ​ថា ព្រះអម្ចាស់​បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក​រំដោះ​ខ្ញុំ​ពី​កណ្ដាប់ដៃ​របស់​ហេរ៉ូឌ និង​ពី​ការប៉ុនប៉ង​ទាំងអស់​របស់​ប្រជាជន​យូដា​”​។ កាល​បាន​យល់​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​របស់​ម៉ារា​ម្ដាយ​របស់​យ៉ូហាន ដែល​គេ​ហៅថា​ម៉ាកុស ជា​កន្លែងដែល​មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​អធិស្ឋាន។ នៅពេល​ពេត្រុស​គោះ​ទ្វារខាងក្រៅ មាន​បាវបម្រើស្រី​ម្នាក់​ឈ្មោះ​រ៉ូដា​ចេញមក​សួរ​។ លុះ​ស្គាល់​ថា​ជា​សំឡេង​របស់​ពេត្រុស នាង​អរសប្បាយ​ពេក មិន​បាន​បើក​ទ្វារ​ឲ្យ​ទេ បែរជា​រត់ចូលទៅ​ប្រាប់​ទាំងអស់គ្នា​ថា​ពេត្រុស​ឈរ​នៅ​មាត់ទ្វារ​។ ពួកគេ​និយាយ​នឹង​នាង​ថា​៖ “​នាង​ឆ្កួត​ហើយ​!​”​។ ប៉ុន្តែ​នាង​នៅតែ​អះអាង​ថា​ដូច្នេះមែន​។ ដូច្នេះ ពួកគេ​ក៏​និយាយថា​៖ “​គឺ​ទូតសួគ៌​របស់​គាត់​ទេ​”​។ រីឯ​ពេត្រុស​នៅតែ​បន្ត​គោះ​ទ្វារ​។ ពេល​បើក​ទ្វារ​ឃើញ​គាត់ ពួកគេ​ក៏​ភ្ញាក់ផ្អើល​។ ពេត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ​ឲ្យ​ពួកគេ​នៅស្ងៀម ហើយ​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក រួច​និយាយថា​៖ “​សូម​ប្រាប់​ការទាំងនេះ​ដល់​យ៉ាកុប និង​ពួក​បងប្អូន​ផង​”។ បន្ទាប់មក គាត់​ក៏​ចេញដំណើរ​ទៅ​កន្លែង​ផ្សេងទៀត​។ លុះ​ភ្លឺឡើង មាន​ការជ្រួលច្របល់​មិន​តិច​ទេ​ក្នុងចំណោម​ពួក​ទាហាន ថា​តើ​មាន​អ្វី​កើតឡើង​ដល់​ពេត្រុស​។ រីឯ​ហេរ៉ូឌ​ខំរក​ពេត្រុស ប៉ុន្តែ​រកមិនឃើញ ទ្រង់​ក៏​សួរចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​យក​ពួកគេ​ទៅប្រហារជីវិត​។ បន្ទាប់មក ហេរ៉ូឌ​យាង​ចុះ​ពី​យូឌា​ទៅ​សេសារា ហើយ​ស្នាក់នៅ​ទីនោះ​។ នៅគ្រានោះ ហេរ៉ូឌ​ខ្ញាល់​នឹង​ប្រជាជនទីរ៉ុស និង​ស៊ីដូន​យ៉ាងក្រៃលែង​។ ដូច្នេះ ពួកគេ​ក៏​ព្រមព្រៀងគ្នា​មក​គាល់​ហេរ៉ូឌ ហើយ​សុំ​សន្តិភាព ដោយ​បញ្ចុះបញ្ចូល​ប្លាសតុស​មន្ត្រីរក្សាដំណាក់​ស្ដេច ពីព្រោះ​តំបន់​របស់​ពួកគេ​ទទួលស្បៀងអាហារ​ពី​ស្រុក ​របស់​ស្ដេច​។ នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​គ្រង​ព្រះពស្ត្រ​រាជ្យ គង់​លើ​បល្ល័ង្ក ហើយ​ចាប់ផ្ដើម​ថ្លែងសុន្ទរកថា​ដល់​ពួកគេ​។ ប្រជាជន​ក៏​ស្រែកឡើងថា​៖ “​នេះ​ជា​ព្រះសូរសៀង​របស់​ព្រះ មិនមែន​ជា​សំឡេង​របស់​មនុស្ស​ទេ!​”​។ រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។ ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​ចម្រើនឡើង​ជាលំដាប់ ហើយ​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕ ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។ ខណៈដែល​ពួកគេ​កំពុង​បម្រើ​ព្រះអម្ចាស់ ទាំង​តមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​៖ “​ចូរ​ញែក​បារណាបាស និង​សូល​ឲ្យ​យើង សម្រាប់​ការងារ​ដែល​យើង​បាន​ហៅ​ពួកគេ​ឲ្យធ្វើ​”​។ ដូច្នេះ ក្រោយពី​តមអាហារ អធិស្ឋាន និង​ដាក់​ដៃ​លើ​បារណាបាសនិងសូល ពួកគេ​ក៏​ចាត់​អ្នកទាំងពីរ​ឲ្យទៅ។ ដូច្នេះ អ្នកទាំងពីរ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាត់ឲ្យទៅ ក៏​ចុះទៅ​សេលើស៊ា ហើយ​ចុះសំពៅ​ចេញ​ពីទីនោះ​ទៅ​ស៊ីពរ៍ លុះ​ទៅដល់​សាឡាមីច ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅតាម​សាលាប្រជុំ​របស់​ជនជាតិយូដា​។ ពួកគេ​មាន​យ៉ូហាន​ម៉ាកុស ​ជា​អ្នកជួយ​ដែរ​។ នៅពេល​ដើរចុះឡើង​លើ​កោះ​ទាំងមូល​រហូតដល់​ប៉ាផុស​ហើយ ពួកគេ​ក៏​ប្រទះ​នឹង​ជនជាតិយូដា​ម្នាក់​ឈ្មោះ​បារយេស៊ូវ ដែលជា​គ្រូធ្មប់ និងជា​ព្យាការីក្លែងក្លាយ​។ គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។ ប៉ុន្តែ​អេលីម៉ាស​ដែលជា​គ្រូធ្មប់​នោះ (​ដ្បិត​ឈ្មោះ​អេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់​) បាន​ប្រឆាំង​នឹង​ពួកគេ ដោយ​ព្យាយាម​បង្វែរ​អភិបាល​ចេញពី​ជំនឿ​។ ពេលនោះ សូល​ដែល​គេ​ហៅថា​ប៉ូល បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​សម្លឹងមើល​ទៅ​អេលីម៉ាស និយាយថា​៖ “‍ឱ មនុស្ស​ដែល​ពេញ​ដោយ​ឧបាយកល និង​សេចក្ដីអាក្រក់​គ្រប់យ៉ាង ជា​កូន​មារ និង​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​អើយ! តើ​ឯង​មិន​ព្រម​ឈប់​បង្វែរ​មាគ៌ា​ដ៏ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​? ឥឡូវនេះ មើល៍! ព្រះហស្ត​របស់​ព្រះអម្ចាស់​បាន​ទាស់នឹង​ឯង​ហើយ ឯង​នឹង​ទៅជា​ខ្វាក់ភ្នែក មើលមិនឃើញ​ពន្លឺថ្ងៃ​មួយរយៈ​”​។ រំពេចនោះ ភាពស្រអាប់ និង​ភាពងងឹត​បាន​គ្របដណ្ដប់​គាត់ ហើយ​គាត់​ក៏​ដើរទៅដើរមក ទាំង​រក​អ្នកដឹកដៃ​។ នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។ ប៉ូល និង​អ្នករួមដំណើរ​បាន​ចុះសំពៅ​ចេញពី​ប៉ាផុស ហើយ​ទៅដល់​ពើកា​ក្នុង​ប៉ាមភីលា​។ ពេលនោះ យ៉ូហាន​ម៉ាកុស ​បាន​ចាកចេញ​ពី​ពួកគេ​ត្រឡប់ទៅ​យេរូសាឡិម​វិញ​។ រីឯ​ពួកគេ​បន្តដំណើរ​ពី​ពើកា ហើយ​ទៅដល់​អាន់ទីយ៉ូក​ក្នុង​ពីស៊ីឌា រួច​នៅ​ថ្ងៃសប្ប័ទ ពួកគេ​ក៏​ចូលទៅ​អង្គុយ​ក្នុង​សាលាប្រជុំ​។ បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “​បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”​។ ប៉ូល​ក៏​ក្រោកឡើង​ធ្វើសញ្ញា​ដោយ​ដៃ ហើយ​និយាយថា​៖ “​អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល និង​អស់លោក​ដែល​កោតខ្លាច​ព្រះ​អើយ សូម​ស្ដាប់​ចុះ​! ព្រះ​នៃ​ជនជាតិ​អ៊ីស្រាអែល​នេះ បាន​ជ្រើសរើស​ដូនតា​របស់យើង ហើយ​ព្រះអង្គ​បាន​លើកតម្កើង​ជនជាតិ​នេះ កាល​ដែល​ពួកគេ​រស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​អេហ្ស៊ីប រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុកនោះ​ដោយ​ព្រះហស្ត​ដ៏មានអំណាច​។ នៅ​ទីរហោស្ថាន ព្រះអង្គ​បាន​ទ្រាំ​នឹង​ពួកគេ​រយៈពេល​ប្រមាណជា​សែសិបឆ្នាំ​។ ក្រោយពី​បំផ្លាញ​ប្រជាជាតិ​ទាំង​ប្រាំពីរ​នៅ​ដែនដី​កាណាន ព្រះអង្គ​បាន​ប្រទាន​ទឹកដី​នោះ​ដល់​ពួកគេ​ជាមរតក​។ ការទាំងនេះបានកើតឡើងក្នុងរយៈពេល​ប្រមាណជា​បួនរយហាសិប​ឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់ពួកគេ រហូតដល់​គ្រា​ព្យាការី​សាំយូអែល​។ បន្ទាប់មក ពួកគេ​ទាមទារ​ចង់បាន​ស្ដេច ដូច្នេះ​ព្រះ​បាន​ប្រទាន​សូល​កូន​របស់​គីស បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដល់​ពួកគេ ឲ្យធ្វើជាស្ដេច ​អស់រយៈពេល​សែសិប​ឆ្នាំ​។ ក្រោយមក ព្រះ​បាន​ដក​សូល​ចេញ ហើយ​លើក​ដាវីឌ​ឡើង​ជា​ស្ដេច​សម្រាប់​ពួកគេ ព្រមទាំង​ធ្វើបន្ទាល់​អំពី​ដាវីឌ​ថា​: ‘ យើង​បាន​រកឃើញ​ដាវីឌ ​កូន​របស់​អ៊ីសាយ ជា​ម្នាក់​ដែល​ស្របនឹង​ចិត្ត​របស់យើង គាត់​នឹង​ប្រព្រឹត្តតាម​បំណង​ទាំងអស់​របស់យើង​’​។ “​គឺ​ពី​ពូជពង្ស​ដាវីឌនេះឯង ដែល​ព្រះ​បាន​ប្រទាន​ព្រះសង្គ្រោះ​គឺ​ព្រះយេស៊ូវ​ដល់​អ៊ីស្រាអែល ស្របតាម​សេចក្ដីសន្យា​។ មុន​ការយាងមក​របស់​ព្រះយេស៊ូវ យ៉ូហាន​បាន​ប្រកាសទុកមុន​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​។ នៅពេល​យ៉ូហាន​ជិត​បញ្ចប់​ដំណើរជីវិត គាត់​និយាយថា​: ‘​តើ​អ្នករាល់គ្នា​គិតថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិនមែន​ជា​ព្រះអង្គនោះ​ទេ​។ មើល៍! មាន​ម្នាក់​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​ពី​ជើង​របស់លោក​ផង​’​។ “​បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង ​ហើយ។ ជាការពិត ពួក​អ្នក​ដែល​រស់នៅ​យេរូសាឡិម និង​ពួក​មេគ្រប់គ្រង​របស់​ពួកគេ មិនស្គាល់​ព្រះអង្គនេះ​ទេ ហើយក៏​មិនយល់​ពាក្យ​របស់​បណ្ដា​ព្យាការី​ដែល​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ​ដែរ ពួកគេ​បាន​បំពេញ​សេចក្ដីទាំងនោះ​ឲ្យសម្រេច​ដោយ​កាត់ទោស​ព្រះអង្គ​។ ទោះបីជា​រកមិនឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក៏ដោយ ក៏​ពួកគេ​បាន​ទាមទារ​ពីឡាត់​ឲ្យ​ធ្វើគុត​ព្រះអង្គ​។ កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។ ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! ព្រះយេស៊ូវ​បាន​លេចមក​អស់រយៈពេល​ជាច្រើន​ថ្ងៃ ដល់​ពួក​អ្នក​ដែល​ឡើង​ពី​កាលីឡេ​មក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​; ឥឡូវនេះ អ្នកទាំងនោះ​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​ប្រជាជន ដូច្នេះ​យើង​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​ដែល​ត្រូវបាន​សន្យា​ដល់​ដូនតា​របស់យើង គឺថា​ព្រះ​បាន​បំពេញ​សេចក្ដីសន្យានេះ​ឲ្យសម្រេច​ដល់​យើង​ដែលជា​កូនចៅ​របស់​ពួកគាត់ ដោយ​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ទំនុកតម្កើង​ទីពីរ​ដែរ​ថា​: ‘​អ្នក​ជា​កូន​របស់យើង ថ្ងៃនេះ យើង​បាន​បង្កើត​អ្នក​’​។ ចំពោះការដែល​ព្រះ​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដើម្បីកុំឲ្យ​ត្រឡប់ទៅ​ការរលួយ​វិញ​នោះ ព្រះ​ក៏​មានបន្ទូល​ដូច្នេះ​ថា​: ‘​យើង​នឹង​ឲ្យ​ពរ ដ៏វិសុទ្ធ និង​ពិតប្រាកដ​របស់​ដាវីឌ​ដល់​អ្នករាល់គ្នា​’​។ ដូច្នេះ ព្រះ​បាន​មានបន្ទូល​នៅក្នុង​ទំនុកតម្កើង​មួយទៀត​ដែរ​ថា​: ‘​ព្រះអង្គ​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ឡើយ​’​។ ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ ក៏​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​នោះ មិន​បាន​ជួប​ការរលួយ​ឡើយ។ ដូច្នេះ បងប្អូន​អើយ សូម​ឲ្យ​បងប្អូន​ដឹងច្បាស់​ថា ការលើកលែងទោស​បាប​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះអង្គនេះ​។ ចំពោះ​ការ​ទាំងអស់​ដែល​អ្នករាល់គ្នា​មិនអាច​ត្រូវ​រាប់ជាសុចរិត​បាន​តាមរយៈ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ អស់អ្នក​ដែល​ជឿ​នឹង​ត្រូវបាន​រាប់ជាសុចរិត​តាមរយៈ​ព្រះអង្គនេះ​ឯង​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​សេចក្ដី​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​បាន​កើតមានដល់​អ្នករាល់គ្នា ដែលថា​: ‘​មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ​’ ​”​។ នៅពេល​ប៉ូល និងបារណាបាស​កំពុង​ចេញ​ពី​សាលាប្រជុំ ប្រជាជន ​បាន​អង្វរ​ឲ្យ​និយាយ​សេចក្ដី​ទាំងនេះ​ដល់​ពួកគេ នៅ​ថ្ងៃសប្ប័ទ​ខាងមុខទៀត​។ បន្ទាប់ពី​ការប្រជុំ​ចប់​ហើយ មាន​ជនជាតិយូដា​ជាច្រើន និង​អ្នកចូលសាសនាយូដា​ដែល​គោរពកោតខ្លាចព្រះ បាន​ទៅតាម​ប៉ូល និង​បារណាបាស​។ អ្នកទាំងពីរ​ក៏​សន្ទនា​ជាមួយ​ពួកគេ ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​នៅជាប់ក្នុង​ព្រះគុណ​របស់​ព្រះ។ លុះដល់​ថ្ងៃសប្ប័ទ​បន្ទាប់ អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​បាន​ជួបជុំគ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ​។ ប៉ុន្តែ​នៅពេល​ពួកយូដា​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ពួកគេ​ក៏​ពេញ​ដោយ​ការឈ្នានីស ហើយ​ចាប់ផ្ដើម​និយាយប្រឆាំង​នឹង​សេចក្ដី​ដែល​ប៉ូល​កំពុង​និយាយ ទាំង​ជេរប្រមាថ​ផង​។ ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “​ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ដូច្នេះ​ថា​: ‘​យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍ដទៃ ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី’ ​”​។ នៅពេល​ឮ​ដូច្នេះ ពួក​សាសន៍ដទៃ​ក៏​អរសប្បាយ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​អស់អ្នកដែល​ត្រូវបាន​កំណត់​ឲ្យ​ទទួល​ជីវិតអស់កល្បជានិច្ច ក៏​បាន​ជឿ​។ ដូច្នេះ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ទៅក្នុង​ស្រុក​នោះ​ទាំងមូល​។ ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។ អ្នកទាំងពីរ​ក៏​រលាស់​ធូលី​ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​ធ្វើដំណើរ​ទៅ​អ៊ីកូនាម​។ រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ និង​ព្រះវិញ្ញាណដ៏វិសុទ្ធ​៕ កាលមួយមានកើតឡើងដូច្នេះ​: នៅ​អ៊ីកូនាម ប៉ូលនិងបារណាបាស​នាំគ្នា​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា ហើយ​និយាយ​ដោយរបៀបដែល​ធ្វើឲ្យ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​បាន​ជឿ​។ ប៉ុន្តែ​ពួកយូដា​ដែល​មិនព្រមជឿ បាន​ពន្យុះ និង​ចាក់រុក​ចិត្ត​របស់​ពួក​សាសន៍ដទៃ​ឲ្យប្រឆាំង​នឹង​បងប្អូន។ យ៉ាងណាមិញ ប៉ូល និងបារណាបាស​ស្នាក់នៅ​ទីនោះ​អស់រយៈពេលយ៉ាងយូរ ទាំង​ប្រកាសយ៉ាងក្លាហាន​ដោយនូវ​ព្រះអម្ចាស់​។ ព្រះអម្ចាស់​ក៏​ធ្វើបន្ទាល់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដោយ​ប្រទានឲ្យមាន​ទីសម្គាល់ និង​ការអស្ចារ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគេ​។ ដូច្នេះ ប្រជាជន​នៅ​ទីក្រុង​នោះ​បាន​បាក់បែកគ្នា គឺ​អ្នកខ្លះ​កាន់​ខាង​ពួកយូដា អ្នកខ្លះ​កាន់​ខាង​ពួក​សាវ័ក។ ពេលនោះ ពួក​សាសន៍ដទៃ​និង​ពួកយូដា​បាន​ប៉ុនប៉ង​ជាមួយនឹង​ពួក​មេគ្រប់គ្រង​របស់​ពួកគេ ដើម្បី​បង្អាប់បង្អោន និង​គប់ដុំថ្មសម្លាប់​ប៉ូលនិងបារណាបាស​។ អ្នកទាំងពីរ​បាន​ដឹង ក៏​គេច​ទៅ​ទីក្រុង​នានា​ក្នុង​លូកៅនា គឺ​លីស្ត្រា និង​ឌើបេ ព្រមទាំង​តំបន់ជុំវិញ ហើយ​ផ្សាយដំណឹងល្អ​នៅទីនោះ​។ នៅ​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ គាត់​ខ្វិន​តាំងពី​កំណើត គឺ​មិនដែល​ដើរ​សោះ។ ខណៈដែល​ប៉ូល​កំពុង​និយាយ បុរសនេះ​បាន​ស្ដាប់​។ ប៉ូល​សម្លឹងមើល​គាត់ ហើយ​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ជាសះស្បើយ​បាន ក៏​និយាយ​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ចូរ​ក្រោកឈរ​ឲ្យ​ត្រង់ដោយ​ជើង​អ្នក​ចុះ​!​” គាត់​ក៏​ស្ទុះក្រោកឈរ ហើយ​ចាប់ផ្ដើម​ដើរចុះដើរឡើង​។ នៅពេល​ឃើញ​អ្វីដែល​ប៉ូល​បាន​ធ្វើ ហ្វូងមនុស្ស​ក៏​ស្រែកឡើង​ជាភាសាលូកៅនា​ថា​៖ “​ពពួក​ទេវទេព​បាន​ចុះមក​រក​យើង​ក្នុងដំណូចជា​មនុស្ស​ហើយ!​”​។ ពួកគេ​បាន​ហៅ​បារណាបាស​ថា “​សេយូស​” ហើយ​ហៅ​ប៉ូល​ថា “​ហ៊ើមេស​” ពីព្រោះ​ប៉ូល​ជា​អ្នក​ដែល​ដឹកនាំ​ក្នុង​ការនិយាយ​។ រីឯ​បូជាចារ្យ​របស់​សេយូស​ពី​វិហារ​នៅ​ទល់មុខ​ទីក្រុង ក៏​យក​គោឈ្មោល និង​កម្រងផ្កា​មក​ដល់​មាត់ទ្វារ​ក្រុង ដោយ​ចង់​ថ្វាយយញ្ញបូជា​ជាមួយ​ហ្វូងមនុស្ស​។ នៅពេល​សាវ័ក​បារណាបាស និង​ប៉ូល​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​រត់ចូលទៅ​ក្នុង​ហ្វូងមនុស្ស ទាំង​ស្រែក​ថា​៖ “​អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។ ច្រើន​ជំនាន់​កន្លងមក ព្រះ​បាន​បណ្ដោយឲ្យ​ប្រជាជាតិ​ទាំងអស់​ដើរតាម​ផ្លូវ​របស់​គេ​រៀងៗខ្លួន​។ ក៏ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ទុកឲ្យ​អង្គទ្រង់​គ្មានភស្តុតាង​ឡើយ គឺ​ព្រះអង្គ​បាន​ធ្វើល្អ​ដោយ​ប្រទាន​ភ្លៀង​ពីលើមេឃ និង​ប្រទាន​រដូវ​សម្បូរផលផ្លែ​ដល់​អ្នករាល់គ្នា ទាំង​ចម្អែត​ចិត្ត​របស់អ្នករាល់គ្នា ​ដោយ​អាហារ និង​អំណរ​”​។ ទោះបីជា​អ្នកទាំងពីរ​បាន​និយាយ​សេចក្ដីទាំងនេះ​ក៏ដោយ ក៏​ឃាត់​ហ្វូងមនុស្ស​មិន​ឲ្យ​ថ្វាយយញ្ញបូជា​ដល់​ពួកគេ​សឹងតែមិនបាន​។ ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​បាន​មក​ពី​អាន់ទីយ៉ូក និង​អ៊ីកូនាម ហើយ​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស នោះ​គេ​ក៏​គប់ដុំថ្មសម្លាប់​ប៉ូល ហើយ​អូស​ចេញទៅ​ខាងក្រៅ​ទីក្រុង ដោយ​នឹកស្មានថា​គាត់​ស្លាប់​ហើយ​។ ប៉ុន្តែ​នៅពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោកឡើង​ចូលទៅ​ក្នុង​ទីក្រុង​វិញ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ចេញដំណើរ​ទៅ​ឌើបេ​ជាមួយ​បារណាបាស​។ ក្រោយពី​ផ្សាយដំណឹងល្អ​នៅ​ទីក្រុង​នោះ ហើយ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ទៅជាសិស្ស ប៉ូលនិងបារណាបាស​ក៏​ត្រឡប់ទៅ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “​យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​”​។ មួយវិញទៀត ក្រោយពី​ជ្រើសរើស​ចាស់ទុំ​សម្រាប់​ពួកគេ​នៅតាម​ក្រុមជំនុំ​នីមួយៗ និង​អធិស្ឋាន​ដោយ​ការតមអាហារ​ហើយ ប៉ូលនិងបារណាបាស​ក៏​ផ្ទុកផ្ដាក់​ពួកចាស់ទុំទាំងនោះ​នឹង​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។ បន្ទាប់មក អ្នកទាំងពីរ​ធ្វើដំណើរឆ្លងកាត់​ពីស៊ីឌា ហើយ​មកដល់​ប៉ាមភីលា លុះ​ប្រកាស​ព្រះបន្ទូល​នៅ​ពើកា​ហើយ ពួកគេ​ក៏​ចុះ​ទៅ​អាតាលា ហើយ​ចុះសំពៅ​ពីទីនោះ​ទៅ​អាន់ទីយ៉ូក ជា​កន្លែងដែល​ពួកគេ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះគុណ​របស់​ព្រះ សម្រាប់​កិច្ចការ​ដែល​ពួកគេ​បាន​បំពេញ​។ លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។ អ្នកទាំងពីរ​ក៏​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​អស់​រយៈពេល​យ៉ាងយូរ​៕ មាន​អ្នកខ្លះ​ចុះមក​ពី​យូឌា ហើយ​បង្រៀន​បងប្អូន​ថា៖ “​លុះត្រាតែ​អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​តាម​ទម្លាប់​របស់​ម៉ូសេ ពុំនោះទេ អ្នករាល់គ្នា​មិនអាច​ទទួល​ការ​សង្គ្រោះ​បានឡើយ”​។ ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។ ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។ នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​គណៈ​ផារិស៊ី​ដែល​បាន​ជឿ ក្រោកឡើង​និយាយ​ថា៖ “​ត្រូវតែ​ធ្វើពិធីកាត់ស្បែក​ឲ្យ​ពួកសាសន៍ដទៃ ហើយ​បង្គាប់​ពួកគេ​ឲ្យ​កាន់តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេដែរ​”​។ ដូច្នេះ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ក៏​ជួបជុំគ្នា​ដើម្បី​ពិចារណា​រឿង​នេះ។ ក្រោយពី​មាន​ការដេញដោលគ្នា​ជាច្រើន ពេត្រុស​ក៏​ក្រោកឡើង និយាយ​នឹង​ពួកគេ​ថា​៖ “​បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា តាំងពី​គ្រា​ដំបូង ព្រះ​បាន​ជ្រើសរើស​ពីចំណោម​អ្នករាល់គ្នា ឲ្យ​ពួក​សាសន៍ដទៃ​បាន​ឮ​ព្រះបន្ទូល​នៃ​ដំណឹងល្អ​តាមរយៈ​មាត់​របស់ខ្ញុំ ហើយ​បាន​ជឿ​។ ព្រះ​ដែល​ឈ្វេងយល់ចិត្ត បាន​ធ្វើបន្ទាល់​ដល់​ពួកគេ គឺ​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួកគេ ដូចដែល​បាន​ប្រទាន​មក​យើង​ដែរ ទាំង​សម្អាត​ចិត្ត​របស់​ពួកគេ​ដោយសារតែ​ជំនឿ គឺ​មិន​បាន​ប្រកាន់ថា​យើង និង​ពួកគេ​ខុសគ្នា​ឡើយ​។ ឥឡូវនេះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ព្រះ​ដូច្នេះ ដោយ​ដាក់​នឹម​លើ ក​សិស្ស​ទាំងនោះ ជា​នឹម​ដែល​សូម្បីតែ​ដូនតា​របស់យើង និង​យើងផ្ទាល់​ក៏មិនអាច​ទ្រាំទ្រ​បាន​ផង​? ផ្ទុយទៅវិញ យើង​ជឿ​ថា យើង​បាន​សង្គ្រោះ​ដោយសារតែ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយសាសន៍ដទៃទាំងនោះ​ក៏ដូចគ្នាដែរ​”​។ ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។ ក្រោយពី​អ្នកទាំងពីរ​និយាយចប់​ហើយ យ៉ាកុប​តប​ថា​៖ “​បងប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ​។ ស៊ីម៉ូន​បាន​រៀបរាប់​អំពី​របៀបដែល​កាលពីដំបូង ព្រះ​បាន​ប្រោសប្រណី​ពួក​សាសន៍ដទៃ ហើយ​ជ្រើសរើស​ប្រជារាស្ត្រ​មួយ​ពីចំណោម​ពួកគេ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​។ រីឯ​ពាក្យ​របស់​បណ្ដា​ព្យាការី​ក៏​ស្របនឹង​ការនេះ​ដែរ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: ‘​បន្ទាប់ពីការទាំងនេះ យើង​នឹង​ត្រឡប់មក ហើយ​សង់​លំនៅ របស់​ដាវីឌ ដែល​រលំ​នោះ​ឡើងវិញ​; យើង​នឹង​សង់​កន្លែង​ដែល​បាក់បែក​ឡើងវិញ ហើយ​តាំង​លំនៅនោះ​ឡើងវិញ​ដែរ ដើម្បីឲ្យ​មនុស្ស​ដែល​នៅសល់ គឺ​អស់ទាំង​សាសន៍ដទៃ​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង បាន​ស្វែងរក​ព្រះអម្ចាស់​។ ព្រះអម្ចាស់​ដែល​បាន​សម្ដែង​ការទាំងនេះ​តាំងពីបុរាណមក មានបន្ទូល​ដូច្នេះ​’​។ ដូច្នេះ ខ្ញុំ​យល់ឃើញថា មិន​ត្រូវ​នាំអំពល់ទុក្ខ​ដល់​អ្នក​ដែល​បែរមក​រក​ព្រះ​វិញ ពីចំណោម​សាសន៍ដទៃ​ឡើយ ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។ ដ្បិត​តាំងពី​សម័យបុរាណ​មក មាន​អ្នក​ដែល​ប្រកាស​អំពី​ម៉ូសេ​នៅតាមទីក្រុងនីមួយៗ ហើយ​គម្ពីរ​របស់​លោក ​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ នៅតាម​សាលាប្រជុំ​ដែរ​”​។ ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់ ​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។ ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖ “​យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។ ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ ហេតុនេះហើយបានជា​យើងខ្ញុំ​យល់ឃើញ​ដោយមានចិត្តតែមួយ​ថា គួរតែ​ជ្រើសរើស​មនុស្ស​ដើម្បី​ចាត់ឲ្យទៅ​ឯ​បងប្អូន ជាមួយ​បារណាបាស និង​ប៉ូល ជាទីស្រឡាញ់​របស់យើង​។ អ្នកទាំងពីរនេះ​បាន​លះបង់​ជីវិត​របស់​ខ្លួន​ដើម្បី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ ដូច្នេះ យើងខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​ឲ្យទៅ ហើយ​ពួកគេ​នឹង​ជម្រាប​សេចក្ដី​ដូចគ្នា​ដោយ​ផ្ទាល់មាត់​ដែរ​។ ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​យើងខ្ញុំ​បាន​យល់ឃើញថា មិន​គួរ​ដាក់​បន្ទុក​អ្វីទៀត​លើ​បងប្អូន​ឡើយ លើកលែងតែ​សេចក្ដីទាំងនេះ​ដែល​ត្រូវ​កាន់តាម គឺ​ឲ្យ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​។ ប្រសិនបើ​បងប្អូន​រក្សា​ខ្លួន​ពី​សេចក្ដីទាំងនេះ​បាន បងប្អូន​ធ្វើ​បាន​ប្រសើរ​ហើយ​។ សូម​ជម្រាបលា”​។ ដូច្នេះ នៅពេល​អ្នកទាំងនោះ​ត្រូវបាន​ចាត់ឲ្យទៅ ពួកគេ​ក៏​ចុះទៅ ​អាន់ទីយ៉ូក ហើយ​ប្រមូល​អង្គប្រជុំ​មក ប្រគល់​សំបុត្រ​នោះ​ដល់​ពួកគេ​។ កាល​បាន​អាន​រួចហើយ អង្គប្រជុំ​ក៏​អរសប្បាយ​នឹង​ការលើកទឹកចិត្ត​នេះ។ យូដាស និង​ស៊ីឡាស​ពួកគេផ្ទាល់​ជា​អ្នកថ្លែងព្រះបន្ទូល​ដែរ ពួកគេ​ក៏​លើកទឹកចិត្ត​បងប្អូន​ដោយ​ពាក្យ​ជាច្រើន ព្រមទាំង​ពង្រឹង​ពួកបងប្អូន​ផង​។ ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។ ប៉ុន្តែ​ស៊ីឡាស​យល់ឃើញថា គួរតែ​បន្ត​ស្នាក់នៅ​ទីនោះ​ទៀត​។ រីឯ​ប៉ូល និង​បារណាបាស​ក៏​បន្ត​ស្នាក់នៅ​អាន់ទីយ៉ូក​ដែរ ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជាមួយ​អ្នក​ឯទៀត​ជាច្រើន​។ ប៉ុន្មានថ្ងៃ​ក្រោយមក ប៉ូល​និយាយ​នឹង​បារណាបាស​ថា​៖ “​មក៍! យើង​នាំគ្នា​ត្រឡប់ទៅ​សួរសុខទុក្ខ​ពួក​បងប្អូន​នៅតាម​ទីក្រុង​នីមួយៗ ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​ដឹងថា​ពួកគេ​ទៅជា​យ៉ាងណា​ហើយ​”​។ បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ ប៉ុន្តែ​ប៉ូល​គិតថា មិន​គួរ​យក​ម្នាក់នេះ​ទៅជាមួយ​ទេ ពីព្រោះ​គាត់​បាន​ចាកចោល​ពួកគេ​នៅ​ប៉ាមភីលា ហើយ​មិន​បាន​ទៅ​ធ្វើការ​ជាមួយ​ពួកគេ​ឡើយ​។ ពេលនោះ មាន​ការប្រកែកគ្នាយ៉ាងខ្លាំង​កើតឡើង រហូតដល់​អ្នកទាំងពីរ​បែកផ្លូវ​គ្នា​។ បារណាបាស​ក៏​យក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះសំពៅ​ទៅ​ស៊ីពរ៍​។ រីឯ​ប៉ូល​បាន​ជ្រើសរើស​ស៊ីឡាស ហើយ​ចេញដំណើរទៅ ដោយ​ត្រូវ​បងប្អូន​ផ្ទុកផ្ដាក់​នឹង​ព្រះគុណ​របស់​ព្រះអម្ចាស់ ​។ ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕ ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។ គាត់​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​បងប្អូន​នៅ​លីស្ត្រា និង​អ៊ីកូនាម​។ ប៉ូល​ចង់ឲ្យ​ធីម៉ូថេ​ទៅ​ជាមួយ ដូច្នេះ​គាត់​នាំ​ធីម៉ូថេ​ទៅ​ធ្វើពិធីកាត់ស្បែក ដោយសារតែ​ជនជាតិយូដា​ដែល​នៅ​តំបន់​នោះ ដ្បិត​ទាំងអស់គ្នា​ដឹង​ថា ឪពុក​របស់​ធីម៉ូថេ​ជា​ជនជាតិក្រិក​។ នៅពេល​ធ្វើដំណើរឆ្លងកាត់​ទីក្រុង​នានា ពួកគេ​ប្រគល់​ដល់​ទាំងអស់គ្នា​នូវ​សេចក្ដីសម្រេច​ដែល​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម​បាន​សម្រេច ដើម្បីឲ្យ​គេ​កាន់តាម​។ ដូច្នេះ ក្រុមជំនុំ​ទាំងប៉ុន្មាន​ត្រូវបាន​ធ្វើឲ្យមានកម្លាំងឡើង​ក្នុង​ជំនឿ ហើយ​ចំនួន​ក៏​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។ ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។ នៅពេល​មកដល់​មីស៊ា ពួកគេ​ព្យាយាម​ចូល​ទៅ​ប៊ីធូនា ប៉ុន្តែ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​មិន​បាន​អនុញ្ញាតឲ្យ​ពួកគេ​ចូល​ទេ ដូច្នេះ​ពួកគេ​ក៏​ឆ្លងកាត់​មីស៊ា ចុះ​ទៅ​ទ្រអាសវិញ​។ យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “​សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!​”​។ នៅពេល​គាត់​ឃើញ​និមិត្ត​នោះ យើង​ក៏​រកឱកាស​ចេញដំណើរ​ទៅ​ម៉ាសេដូន​ភ្លាម ដោយ​យល់ឃើញ​ថា​ព្រះ ​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ផ្សាយដំណឹងល្អ​ដល់​ពួកគេ។ យើង​ចុះសំពៅ​ពី​ទ្រអាស​តម្រង់​ទៅ​សាម៉ូត្រាស ហើយ​នៅ​ថ្ងៃបន្ទាប់ យើង​ទៅដល់​នាប៉ូលី រួច​ពីទីនោះ​ទៅដល់​ភីលីព ដែល​ជា​ទីក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​អាណានិគម​រ៉ូម ​។ យើង​បាន​ស្នាក់នៅ​ទីក្រុង​នោះ​រយៈពេល​ប៉ុន្មានថ្ងៃ​។ នៅ​ថ្ងៃសប្ប័ទ យើង​បាន​ចេញទៅ​ខាងក្រៅ​ទ្វារក្រុង ទៅឯ​មាត់ទន្លេ ជា​កន្លែងដែល​យើង​ស្មានថា​មាន​កន្លែងអធិស្ឋាន​។ យើង​ក៏​អង្គុយ និយាយ​ជាមួយ​ស្ត្រី​ៗ​ដែល​មកជួបជុំគ្នា​។ មាន​ស្ត្រី​ម្នាក់​កំពុង​ស្ដាប់ នាង​ឈ្មោះ​លីឌា ជា​អ្នកជំនួញក្រណាត់ពណ៌ស្វាយ​នៅ​ក្រុង​ធាទេរ៉ា នាង​ជាអ្នក​ថ្វាយបង្គំ​ព្រះ​។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​នាង​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ដែល​ប៉ូល​និយាយ​។ បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “​ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង​” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។ កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​យើង​កំពុង​ចេញ​ទៅ​កន្លែងអធិស្ឋាន មាន​បាវបម្រើស្រី​ម្នាក់​ដែល​មាន​វិញ្ញាណ​នៃ​ការទស្សទាយ​ចូល បាន​មកជួប​យើង​។ នាង​តែងតែ​រក​ចំណូល​យ៉ាងច្រើន​ឲ្យ​ពួក​ម្ចាស់​របស់​នាង​ដោយ​ការទាយ​។ នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “​អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា ​!​”​។ នាង​ចេះតែ​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​។ ប៉ូល​ធុញទ្រាន់ ក៏​បែរមក​និយាយ​នឹង​វិញ្ញាណ​នោះ​ថា​៖ “​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បង្គាប់​ឯង​ឲ្យ​ចេញ​ពី​នាង​ទៅ​!​”​។ នោះ​វា​ក៏​ចេញមក​ភ្លាម​។ ប៉ុន្តែ​កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា អស់សង្ឃឹម​នឹងបាន​ចំណូល ពួកគេ​ក៏​ចាប់​ប៉ូល និង​ស៊ីឡាស អូស​ទៅ​ទីប្រជុំជន ទៅ​នៅមុខ​អាជ្ញាធរ​។ នៅពេល​នាំ​អ្នកទាំងពីរ​មក​ឯ​ពួក​មេគ្រប់គ្រង ពួកគេ​ក៏​និយាយថា​៖ “​អ្នក​ទាំងនេះ​ជា​ជនជាតិយូដា បាន​បង្កចលាចល​នៅក្នុង​ទីក្រុង​របស់យើង ដោយ​ផ្សព្វផ្សាយ​ទំនៀមទម្លាប់​ដែល​ជនជាតិរ៉ូម៉ាំង​យើង​មិនត្រូវ​ទទួលយក ឬ​កាន់តាម​ឡើយ​”​។ ហ្វូងមនុស្ស​ក៏​លើកគ្នា​ទាស់នឹង​អ្នកទាំងពីរ​ដែរ​។ រីឯ​ពួក​មេគ្រប់គ្រង​ក៏​កន្ត្រាក់​សម្លៀកបំពាក់​របស់​ពួកគេ​ចេញ ហើយ​បញ្ជា​ឲ្យ​វាយ​ពួកគេ​នឹងរំពាត់ ក្រោយពី​វាយ​ច្រើន​រំពាត់​ហើយ ក៏​ដាក់គុក​ពួកគេ ទាំង​បញ្ជា​ឆ្មាំគុក​ឲ្យ​យាម​យ៉ាងប្រុងប្រយ័ត្ន​។ នៅពេល​ទទួល​បញ្ជា​ដូច្នេះ ឆ្មាំគុក​ក៏​ដាក់​ពួកគេ​ទៅក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ជើង​ពួកគេ​។ លុះ​ប្រហែលជា​កណ្ដាលអធ្រាត្រ ប៉ូល និង​ស៊ីឡាស​កំពុង​អធិស្ឋាន ទាំង​ច្រៀងសរសើរតម្កើង​ព្រះ ហើយ​ពួក​អ្នកទោស​ក៏​កំពុង​ស្ដាប់​ពួកគេ​ដែរ​។ រំពេចនោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ធ្វើឲ្យ​គ្រឹះ​គុក​រង្គើ ទ្វារ​គុក​ទាំងអស់​របើកឡើង​ភ្លាម ហើយ​ចំណង​របស់​អ្នកទោស​ទាំងអស់​ក៏​របូតចេញ​។ នៅពេល​ភ្ញាក់ឡើង ឆ្មាំគុក​ឃើញ​ទ្វារ​គុក​នៅ​ចំហ ក៏​ហូត​ដាវ​បម្រុងនឹង​សម្លាប់​ខ្លួន ដោយ​នឹកស្មានថា​ពួក​អ្នកទោស​បាន​រត់បាត់​អស់ហើយ​។ ប៉ុន្តែ​ប៉ូល​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “​កុំ​អន្តរាយខ្លួន​ឡើយ ដ្បិត​យើង​ទាំងអស់គ្នា​នៅ​ទីនេះ​ទេ!​”​។ ឆ្មាំគុក​ក៏​សុំឲ្យ​គេ​យក​ភ្លើង​មក ហើយ​រត់ចូលទៅ ក្រាបចុះ​នៅមុខ​ប៉ូល និង​ស៊ីឡាស​ទាំង​ញ័ររន្ធត់ រួច​នាំ​អ្នកទាំងពីរ​ចេញមក​ខាងក្រៅ និយាយថា​៖ “​លោកម្ចាស់ តើ​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​បាន​សង្គ្រោះ?​”​។ ពួកគេ​ឆ្លើយថា​៖ “​ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ ​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”​។ បន្ទាប់មក ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​ឆ្មាំគុក និង​អ្នកផ្ទះ​ទាំងអស់​របស់​គាត់​។ នៅ​វេលា​យប់​នោះ​ឯង ឆ្មាំគុក​បាន​យក​អ្នកទាំងពីរ​ទៅ​លាង​របួស ហើយ​គាត់ និង​ក្រុមគ្រួសារ​ទាំងអស់​របស់​គាត់ ក៏​ទទួលពិធីជ្រមុជទឹក​ភ្លាម។ គាត់​នាំ​ប៉ូល និងស៊ីឡាស​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​អាហារ​ឲ្យ​ពួកគេ​ហូប​។ គាត់​ត្រេកអរយ៉ាងខ្លាំង​ជាមួយក្រុមគ្រួសារ ដោយសារ​បាន​ជឿ​ព្រះ​។ លុះ​ភ្លឺឡើង ពួក​មេគ្រប់គ្រង​បាន​ចាត់​ពួក​តម្រួត​ឲ្យទៅ និយាយថា​៖ “​ចូរ​ដោះលែង​អ្នក​ទាំងនោះ​ទៅ​!​”​។ ដូច្នេះ ឆ្មាំគុក​ក៏​ប្រាប់​ពាក្យ​ទាំងនេះ​ដល់​ប៉ូល​ថា​៖ “​ពួក​មេគ្រប់គ្រង​បាន​ចាត់​គេ​ឲ្យមក ដើម្បី​ដោះលែង​លោកទាំងពីរ ដូច្នេះ​ឥឡូវនេះ សូមអញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ​”។ ប៉ុន្តែ​ប៉ូល​និយាយ​នឹង​ពួកតម្រួត​ថា​៖ “​ពួកគេ​បាន​វាយ​យើង​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈ​ដោយមិនបានកាត់ក្ដី ថែមទាំង​ដាក់គុក​ទៀត ហើយ​ឥឡូវនេះ ពួកគេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយសម្ងាត់​ឬ​? ទេ មិនបានទេ​! ពួកគេ​ត្រូវតែ​មក​នាំ​យើង​ចេញទៅ​ដោយ​ខ្លួនគេផ្ទាល់​!​”​។ ពួក​តម្រួត​ទាំងនោះ​ក៏​ជម្រាប​ពាក្យ​ទាំងនេះ​ដល់​ពួក​មេគ្រប់គ្រង​។ នៅពេល​ឮ​ថា​អ្នកទាំងពីរ​មាន​សញ្ជាតិរ៉ូម៉ាំង ពួកគេ​ក៏​ភ័យខ្លាច ហើយ​មក​សុំទោស​អ្នកទាំងពីរ ព្រមទាំង​នាំ​អ្នកទាំងពីរ​ចេញទៅខាងក្រៅ រួច​សុំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​។ ប៉ូល និងស៊ីឡាស​ក៏​ចេញ​ពី​គុក​ចូលទៅ​ផ្ទះ​លីឌា ហើយ​ជួប​បងប្អូន ក៏​លើកទឹកចិត្ត​ពួកគេ រួច​ចេញដំណើរទៅ​៕ បន្ទាប់ពី​ធ្វើដំណើរឆ្លងកាត់​អាំភីប៉ូលី និង​អ័ប៉ុឡូនា ប៉ូល និងស៊ីឡាស​មកដល់​ថែស្សាឡូនីច​។ នៅទីនោះ មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិយូដា​។ ប៉ូល​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ តាម​ទម្លាប់​របស់គាត់ ហើយ​ជជែក​ជាមួយ​ពួកគេ​ពី​គម្ពីរ​ក្នុង​បី​ថ្ងៃសប្ប័ទ ដោយ​ពន្យល់ និង​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ រួច​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ គាត់​និយាយ​ទៀត​ថា​៖ “​ព្រះយេស៊ូវ​នេះ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា គឺជា​ព្រះ​គ្រីស្ទ​”​។ មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។ ប៉ុន្តែ​ពួកយូដា​ដែលមិនព្រមជឿ ​មានចិត្តច្រណែន ក៏​ប្រមូល​ជន​ពាល​មួយចំនួន​ពី​ពួក​បាតផ្សារ បង្កើតជាក្រុមមួយ ហើយ​បង្កចលាចល​នៅក្នុង​ទីក្រុង​។ ពួកគេ​ទម្លាយចូល​ផ្ទះ​របស់​យ៉ាសុន រកចាប់​ប៉ូល និងស៊ីឡាស ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​។ នៅពេល​រក​អ្នកទាំងពីរ​មិនឃើញ ពួកគេ​ក៏​អូស​យ៉ាសុន និង​បងប្អូន​ខ្លះ​ទៅ​ពួក​មេគ្រប់គ្រងទីក្រុង ហើយ​ស្រែកឡើង​ថា​៖ “​ពួកអ្នក​ក្រឡាប់ចាក់​ពិភពលោក បាន​មកដល់​ទីនេះ​ដែរ ហើយ​យ៉ាសុន​បាន​ទទួល​ពួកគេ​ឲ្យស្នាក់នៅ​! ពួកនេះ​សុទ្ធតែ​ប្រព្រឹត្ត​ប្រឆាំងនឹង​រាជក្រឹត្យ​របស់​សេសារ ដោយ​និយាយថា​មាន​ស្ដេច​មួយទៀត គឺ​យេស៊ូវ​”​។ នៅពេល​ឮ​ពាក្យ​ទាំងនេះ ហ្វូងមនុស្ស និង​ពួក​មេគ្រប់គ្រងទីក្រុង​ក៏​មានអំពល់​។ គេ​យក​ប្រាក់ធានា​ពី​យ៉ាសុន និង​អ្នក​ឯទៀត ហើយ​ដោះលែង​ពួកគេ​ទៅ​។ រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។ អ្នកដែលនៅទីនោះ​មានគំនិតទូលាយ​ជាង​អ្នក​ដែល​នៅ​ថែស្សាឡូនីច​។ ពួកគេ​ទទួលយក​ព្រះបន្ទូល​ដោយ​ចិត្តសង្វាត ទាំង​ពិនិត្យពិច័យមើល​គម្ពីរ​ជា​រៀងរាល់ថ្ងៃ ថា​តើ​សេចក្ដីទាំងនេះ​ត្រឹមត្រូវ​មែន ឬយ៉ាងណា​។ ដូច្នេះ មាន​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បាន​ជឿ ថែមទាំង​មាន​ស្ត្រី និង​បុរស​ជនជាតិក្រិក​ដែល​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ជឿ​។ ប៉ុន្តែ​នៅពេល​ពួកយូដា​នៅ​ថែស្សាឡូនីច​ដឹង​ថា ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅ​បេរា​ដែរ ពួកគេ​ក៏​មក​ទីនោះទៀត ហើយ​ក្រឡុក និង​រំខាន ​ប្រជាជន​។ ដូច្នេះ ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល​ចេញទៅ​ភ្លាម រហូតដល់​សមុទ្រ រីឯ​ស៊ីឡាស និង​ធីម៉ូថេ​នៅតែស្នាក់នៅ​បេរា​។ ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។ ខណៈដែល​ប៉ូល​កំពុង​រង់ចាំ​អ្នកទាំងពីរ​នៅ​អាថែន វិញ្ញាណ​របស់​គាត់​ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំង​ក្នុង​គាត់ ដោយ​ឃើញ​មានរូបបដិមាករពេញ​នៅ​ទីក្រុង​នោះ​។ ដូច្នេះ គាត់​ក៏​ជជែក​ជាមួយ​ជនជាតិយូដា និង​ពួក​អ្នក​ដែល​គោរពកោតខ្លាចព្រះ នៅ​សាលាប្រជុំ ព្រមទាំង​ជជែក​ជាមួយ​ពួក​អ្នក​ដែល​ជួបប្រទះ​នឹងគាត់​នៅតាម​ផ្សារ ជា​រៀងរាល់ថ្ងៃ​។ មាន​ពួក​ទស្សនវិទូ​ខ្លះ​ពី​ក្រុមអេពីគួរ និង​ក្រុមស្តូអ៊ីក តែងតែ​និយាយដេញដោល​ជាមួយ​គាត់​ដែរ​។ អ្នកខ្លះ​និយាយថា​៖ “​អ្នកប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អ្វី?​” អ្នកខ្លះទៀត​ថា​៖ “​មើលទៅ​គាត់​ដូចជា​អ្នកឃោសនា​ព្រះ​បរទេស​”​។ ព្រោះថា​ប៉ូល​កំពុង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ និង​ការរស់ឡើងវិញ​។ ពួកគេ​ក៏​នាំ​ប៉ូល​យកទៅ​សភាអើរីយ៉ូសប៉ាគូស ហើយ​សួរ​គាត់​ថា​៖ “​តើ​យើង​អាច​ដឹង​សេចក្ដីបង្រៀន​ថ្មី​នេះ ដែល​លោក​កំពុង​ប្រកាស ថា​ជា​សេចក្ដីបង្រៀន​ដូចម្ដេច បាន​ឬទេ​? ដ្បិត​លោក​បាន​នាំ​សេចក្ដី​ចម្លែក​ដល់​ត្រចៀក​របស់យើង ដូច្នេះ​យើង​ចង់​ដឹង​ថា​សេចក្ដីទាំងនេះ​មានន័យ​ដូចម្ដេច”។ ជាការពិត អ្នកអាថែន​ទាំងអស់ និង​ពួក​ជនបរទេស​ដែល​រស់នៅ​ទីនោះ មិន​ចំណាយពេល​នឹង​អ្វី​ផ្សេងទៀត ក្រៅពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​ប៉ុណ្ណោះ។ ដូច្នេះ ប៉ូល​ក្រោកឈរ​នៅ​កណ្ដាល​សភាអើរីយ៉ូសប៉ាគូស ហើយ​និយាយថា​៖ “​អស់លោក​ជា​អ្នកអាថែន​អើយ ខ្ញុំ​យល់ឃើញ​ថា​អស់លោក​ខ្ជាប់ខ្ជួននឹងសាសនា ក្នុង​គ្រប់ជំពូក​។ ដ្បិត​ពេល​ខ្ញុំ​ដើរកាត់ ខ្ញុំ​សង្កេតមើល​អ្វីដែល​អស់លោក​ថ្វាយបង្គំ នោះ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ​ដែល​មាន​ចារឹក​ថា ‘​ជូន​ព្រះ​ដ៏ពុំស្គាល់​’​។ ដូច្នេះ ខ្ញុំ​សូម​ប្រកាស​ព្រះអង្គនេះ​ដែល​អស់លោក​ថ្វាយបង្គំ​ទាំង​មិនស្គាល់ ដល់​អស់លោក​។ ព្រះ​ដែល​បាន​បង្កើត​សាកលលោក និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​មេឃ និងផែនដី ព្រះអង្គ​មិន​គង់នៅ​ក្នុង​វិហារ​ដែលធ្វើដោយដៃមនុស្ស​ទេ ហើយក៏មិន​ត្រូវ​បីបាច់ថែរក្សា​ដោយ​ដៃ​របស់​មនុស្ស ហាក់ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​នោះ​ដែរ ដ្បិត​គឺ​ព្រះអង្គ​ទេតើ ដែល​ប្រទាន​ជីវិត ដង្ហើម និង​អ្វីៗ​ទាំងអស់​ដល់​មនុស្ស​គ្រប់គ្នា​។ ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ស្វែងរក​ព្រះ ហើយ​បើសិន​ពួកគេ​ខំរាវរក​មែន នោះ​អាច​រក​ព្រះអង្គ​ឃើញ​។ តាមពិត ព្រះអង្គ​គង់នៅ​មិន​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​នៅក្នុង​ព្រះអង្គ យើង​រស់ មានចលនា និង​មាននៅ​ផង ដូចដែល​កវី​ខ្លះ​ក្នុងចំណោម​អស់លោក​ធ្លាប់​និយាយ​ដែរ​ថា​: ‘​ជាការពិត យើង​ក៏​ជា​ពូជពង្ស​របស់ព្រះអង្គ​ដែរ​’​។ ដូច្នេះ ដោយសារ​យើង​ជា​ពូជពង្ស​របស់​ព្រះ យើង​មិន​ត្រូវ​គិតថា សណ្ឋានរបស់ព្រះ​គឺ​ដូច​រូបឆ្លាក់​ជា​មាស ប្រាក់ ឬ​ថ្ម ដែល​ធ្វើ​ដោយ​ការរចនា និង​គំនិត​របស់​មនុស្ស​ឡើយ​។ “​ថ្វីត្បិតតែ​ព្រះ​បាន​ទតរំលង​ជំនាន់​អវិជ្ជា​ទាំងនោះ​ក៏ដោយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​កំពុង​បង្គាប់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​ឲ្យ​កែប្រែចិត្ត ពីព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង ហើយ​ព្រះអង្គ​បាន​ផ្ដល់​ភស្តុតាង​ដល់​មនុស្ស​ទាំងអស់ ដោយ​លើក​មនុស្សនោះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​”​។ ពេល​គេ​ឮ​អំពី​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ អ្នកខ្លះ​ក៏​សើចចំអក ប៉ុន្តែ​មាន​អ្នកខ្លះ​និយាយថា​៖ “​យើង​នឹង​ស្ដាប់​លោក​អំពី​រឿង​នេះ​ម្ដងទៀត​”​។ ដូច្នេះ ប៉ូល​ក៏​ចេញ​ពី​ចំណោម​ពួកគេ​ទៅ​។ មាន​មនុស្ស​ខ្លះ​បាន​ជឿ ក៏​ចូលរួម​ជាមួយ​គាត់​។ ក្នុង​អ្នកទាំងនោះ​មាន​ឌេវនីស​សមាជិកសភាអើរីយ៉ូសប៉ាគូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ព្រមទាំង​អ្នក​ឯទៀត​ៗ​ដែលនៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​៕ បន្ទាប់ពីការទាំងនេះ ប៉ូល​បាន​ចាកចេញ​ពី​អាថែន ហើយ​មកដល់​កូរិនថូស។ គាត់​ជួប​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័គីឡា​អ្នក​ប៉ុនតុស និង​ព្រីស៊ីឡា​ប្រពន្ធ​របស់​គាត់ អ្នកទាំងពីរ​ទើប​មក​ពី​អ៊ីតាលី ពីព្រោះ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិយូដា​ទាំងអស់​ចេញ​ពី​រ៉ូម​។ ប៉ូល​ក៏​ទៅជួប​ពួកគេ ហើយ​ស្នាក់នៅ​ជាមួយ​ពួកគេ ទាំង​ធ្វើការ​ជាមួយ​ផង ដោយសារ​ពួកគេមាន​មុខរបរ​ដូច​គាត់ គឺ​ពួកគេ​ជា​ជាងធ្វើរោង​ដែរ​។ គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។ ប៉ុន្តែ​កាល​ស៊ីឡាស និង​ធីម៉ូថេ​ចុះមក​ពី​ម៉ាសេដូន ប៉ូល​ចាប់ផ្ដើម​ចំណាយពេលទាំងស្រុង​នឹង​ព្រះបន្ទូល ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ​ដល់​ជនជាតិយូដា​ថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ​។ ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “​ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”​។ ដូច្នេះ ប៉ូល​ក៏​ចេញ​ពីទីនោះ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ទីទិយុស​យូស្ទុស​ជា​អ្នក​ថ្វាយបង្គំ​ព្រះ ដែល​ផ្ទះ​គាត់​នៅ​ជាប់​សាលាប្រជុំ​។ រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។ យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖ “​កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ ដ្បិត​យើង​នៅ​ជាមួយ​អ្នក ហើយ​គ្មានអ្នកណា​លូក​ដៃ​ធ្វើបាប​អ្នក​ឡើយ​។ ជាការពិត នៅក្នុង​ទីក្រុង​នេះមាន​ប្រជារាស្ត្រ​របស់យើង​ជាច្រើន​”​។ ដូច្នេះ ប៉ូល​ក៏​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ​ប្រាំមួយ​ខែ ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​ក្នុងចំណោម​ពួកគេ​។ ប៉ុន្តែ​នៅគ្រា​ដែល​កាលីយ៉ូ​ធ្វើជា​អភិបាល​អាខៃ ពួកយូដា​បាន​រួមចិត្តគ្នា​ក្រោកឡើងប្រឆាំង​នឹង​ប៉ូល ហើយ​យក​គាត់​ទៅ​ទីកាត់ក្ដី រួច​ចោទ​ថា​៖ “​អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ​”​។ នៅពេល​ប៉ូល​រៀបនឹង​បើក​មាត់​និយាយ កាលីយ៉ូ​មានប្រសាសន៍​នឹង​ពួកយូដា​ថា៖ “‍ឱ ពួក​ជនជាតិយូដា​អើយ! ប្រសិនបើ​ជា​បទល្មើស ឬ​បទឧក្រិដ្ឋ​ដ៏សាហាវ​ណាមួយ​មែន​នោះ ខ្ញុំ​ក៏​អាចនឹង​គាំទ្រ​អ្នករាល់គ្នា​ដោយ​សមហេតុផល ប៉ុន្តែ​ប្រសិនបើ​ជា​បញ្ហា​អំពី​ពាក្យសម្ដី ឬ​ឈ្មោះ ឬ​អ្វី​ដែល​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​អ្នករាល់គ្នា ចូរ​ដោះស្រាយ​ខ្លួនឯង​ទៅ​! ខ្ញុំ​មិន​ចង់​ធ្វើជា​ចៅក្រម​ក្នុង​រឿងទាំងនេះ​ទេ”​។ រួច​លោក​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​ទីកាត់ក្ដី​។ ពេលនោះ ពួកគេ​ទាំងអស់គ្នា ​ក៏​ចាប់​សូស្ថេន​អ្នកគ្រប់គ្រងសាលាប្រជុំ ហើយ​វាយ​គាត់​នៅមុខ​ទីកាត់ក្ដី ប៉ុន្តែ​កាលីយ៉ូ​មិន​អើពើ​នឹង​ការទាំងនេះ​សោះ​។ ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។ ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។ ពួកគេ​សុំ​ប៉ូល​ឲ្យ​ស្នាក់នៅ​យូរបន្តិចទៀត ប៉ុន្តែ​គាត់​មិន​ព្រម​ទេ​។ គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “ ​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ​”​។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។ លុះ​ចូលចត​នៅ​សេសារា ប៉ូល​ក៏​ឡើងទៅ​យេរូសាឡិម ​សួរសុខទុក្ខ​ក្រុមជំនុំ រួច​ចុះ​ទៅ​អាន់ទីយ៉ូក​។ ក្រោយពី​ស្នាក់នៅ​មួយរយៈ គាត់​ក៏​ចេញដំណើរទៅ ហើយ​ឆ្លងកាត់​ស្រុក​កាឡាទី និង​ព្រីគា​ជាបន្តបន្ទាប់ ទាំង​ពង្រឹង​សិស្ស​ទាំងអស់​ផង។ ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។ អ្នកនេះ​បាន​ទទួលការអប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ហើយ​ឆេះឆួល​ក្នុង​វិញ្ញាណ ព្រមទាំង​ប្រកាស និង​បង្រៀន​សេចក្ដី​អំពី​ព្រះយេស៊ូវ​យ៉ាងច្បាស់ ប៉ុន្តែ​គាត់​ស្គាល់​តែ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ​។ អ័ប៉ុឡូស​ចាប់ផ្ដើម​ប្រកាសយ៉ាងក្លាហាន​នៅក្នុង​សាលាប្រជុំ​។ ពេល​ព្រីស៊ីឡា និង​អ័គីឡា​បាន​ឮ ពួកគេ​ក៏​នាំ​គាត់​មក ហើយ​ពន្យល់​ដល់​គាត់​អំពី​មាគ៌ា​របស់​ព្រះឲ្យ​រឹតតែច្បាស់ថែមទៀត​។ បន្ទាប់មក អ័ប៉ុឡូស​មានបំណង​ធ្វើដំណើរឆ្លង​ទៅ​អាខៃ ពួក​បងប្អូន​ក៏​លើកទឹកចិត្ត​គាត់ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួលស្វាគមន៍​គាត់​។ នៅពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាងច្រើន​ដល់​អស់អ្នក​ដែល​ជឿ​ដោយសារតែ​ព្រះគុណ ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕ ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន ក៏​សួរ​ពួកគេ​ថា៖ “​កាល​បាន​ជឿ តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឬទេ​?​”​។ ពួកគេ​តប​នឹង​គាត់​ថា៖ “​តាមពិត យើង​មិនដែលទាំង​ឮ​ថា​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​”​។ ប៉ូល​សួរ​ទៀត​ថា​៖ “​ចុះ​អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ដោយនូវ​អ្វី?​”​។ ពួកគេ​ឆ្លើយថា​៖ “​ដោយនូវ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​”​។ ប៉ូល​ក៏​និយាយថា​៖ “​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​នៃ​ការកែប្រែចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿលើ​ព្រះអង្គ​ដែល​នឹង​យាង​មក​ក្រោយ​គាត់ គឺ​ជឿ​លើ​ព្រះយេស៊ូវ​”​។ នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​។ បន្ទាប់មក ប៉ូល​ដាក់​ដៃ​លើ​ពួកគេ នោះ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​យាង​មក​លើ​ពួកគេ ហើយ​ពួកគេ​ចាប់ផ្ដើម​និយាយ​ភាសាដទៃ និង​ព្យាករ​។ មនុស្ស​ទាំងអស់​នោះ​មាន​ប្រមាណ​ដប់ពីរ​នាក់។ ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។ លុះ​នៅពេល​មាន​អ្នកខ្លះ​មានចិត្តរឹងរូស ហើយ​មិនព្រមជឿ ទាំង​និយាយអាក្រក់​អំពី​មាគ៌ា​នោះ​នៅមុខ​អង្គប្រជុំ ប៉ូល​ក៏​ដកខ្លួនចេញ​ពី​ពួកគេ ទាំង​ញែកយក​ពួក​សិស្ស រួច​ជជែក​នៅក្នុង​សាលា​ទីរ៉ានុស​ជា​រៀងរាល់ថ្ងៃ​។ គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។ ព្រះ​ទ្រង់​ធ្វើ​ការអស្ចារ្យ​មិន​ធម្មតា តាមរយៈ​ដៃ​របស់​ប៉ូល រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ ​ដែរ​។ មាន​គ្រូដេញអារក្ស​ជនជាតិយូដា​ខ្លះ​ដែល​ដើរចុះឡើង បាន​សាកល្បង​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ទៅលើ​អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល ដោយ​និយាយថា​៖ “​ខ្ញុំ​បញ្ជា​ពួកឯង​ដោយនូវ​ព្រះយេស៊ូវ​ដែល​ប៉ូល​ប្រកាស​”​។ កូនប្រុស​ប្រាំពីរ​នាក់​របស់​នាយកបូជាចារ្យ​ជនជាតិយូដា​ម្នាក់​ឈ្មោះ​ស្កេវ៉ា បាន​ធ្វើ​ដូច្នេះ​។ ប៉ុន្តែ​វិញ្ញាណអាក្រក់​តប​នឹង​ពួកគេ​ថា៖ “​មែន យើង​ស្គាល់​ព្រះយេស៊ូវ ហើយ​ប៉ូល​ក៏​យើង​ស្គាល់ច្បាស់​ដែរ ចុះ​ពួកឯង​វិញ តើ​ពួកឯង​ជា​នរណា​?​”​។ អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល​នោះ​ក៏​ស្ទុះ​ទៅ​សង្គ្រុប​ពួកគេ ហើយ​ឈ្នះ​ពួកគេ​ទាំងអស់គ្នា បានជា​ពួកគេ​រត់ចេញ​ពី​ផ្ទះ​នោះ​ទាំង​ខ្លួនទទេ ហើយ​រងរបួស​ផង​។ ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។ មនុស្ស​ជាច្រើន​ដែល​បាន​ជឿ​ក៏​មក​សារភាព ព្រមទាំង​លាតត្រដាង​នូវ​អំពើ​របស់​ខ្លួន​ផង ហើយក៏​មាន​អ្នក​ដែល​ធ្វើ​មន្តអាគម​ជាច្រើន បាន​យក​ក្បួនតម្រា​មក​ដុតចោល​នៅមុខ​មនុស្ស​គ្រប់គ្នា​។ គេ​គិត​តម្លៃ​ក្បួនទាំងនោះ ក៏​ឃើញថា​មាន​តម្លៃ ​ប្រាំ​ម៉ឺន​កាក់ប្រាក់ ​។ គឺ​យ៉ាងដូច្នេះ ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ចម្រើនឡើង និង​បាន​ឈ្នះ​យ៉ាងមានអំណាច​។ ក្រោយពី​ហេតុការណ៍ទាំងនេះ​បាន​បញ្ចប់​ហើយ ប៉ូល​ត្រូវ​ព្រះវិញ្ញាណ​បណ្ដាលឲ្យ​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ឆ្លងកាត់​ម៉ាសេដូន និង​អាខៃ​។ គាត់​និយាយ​ថា​៖ “​បន្ទាប់ពី​ខ្ញុំ​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ត្រូវតែ​ទៅ​មើល​រ៉ូម​ដែរ”​។ ដូច្នេះ គាត់​បាន​ចាត់​អ្នក​ដែល​បម្រើ​ជាមួយ​គាត់​ពីរ​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ាស្ទុស ឲ្យទៅ​ម៉ាសេដូន រីឯ​ខ្លួនគាត់​ស្នាក់នៅ​អាស៊ី​មួយរយៈ​សិន​។ នៅ​គ្រានោះ មាន​ការជ្រួលច្របល់​មិន​តិច​ទេ កើតឡើង​អំពី​មាគ៌ា​នេះ​។ ពោលគឺ មាន​ជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​ធ្វើឲ្យមាន​ចំណូល​មិន​តិច​ទេ​ដល់​ពួក​ជាង តាមរយៈ​ការ​ធ្វើ​រូបវិហារ​ព្រះម៉ែ ​អរតេមីស​ពី​ប្រាក់​។ គាត់​ក៏​ប្រមូល​អ្នកទាំងនោះ ព្រមទាំង​ពួក​ជាង​ដែល​មាន​មុខរបរ​ដូចគ្នា ហើយ​និយាយថា​៖ “​អ្នករាល់គ្នា​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា ដោយសារតែ​មុខរបរ​នេះ យើង​មាន​ភាពស្ដុកស្ដម្ភ​។ ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘​អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ​’​។ ការនេះ​មិនគ្រាន់តែ​គ្រោះថ្នាក់​ដល់​យើង ដោយ​ខូចឈ្មោះ​មុខរបរ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​លែងមានអ្នកណា​រាប់រក​ព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម​ទៀតផង ហើយ​អានុភាព​របស់​ព្រះម៉ែ​ដែល​អាស៊ី និង​ពិភពលោក​ទាំងមូល​ថ្វាយបង្គំ​នោះ ក៏​នឹង​វិនាសសាបសូន្យ​ដែរ​”​។ ពួកគេ​បាន​ឮ​ដូច្នេះ ក៏​ពេញដោយភាពក្ដៅក្រហាយ ហើយ​ស្រែកឡើង​ថា​៖ “​ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!​”​។ ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។ រីឯ​ប៉ូល​ក៏​ចង់​ចូលទៅ​ក្នុង​បណ្ដាជន ប៉ុន្តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូលទៅ​ទេ​។ សូម្បីតែ​ពួក​មន្ត្រីស្រុកអាស៊ី​ខ្លះ ដែល​ជា​មិត្តភក្ដិ​របស់​ប៉ូល ក៏​ចាត់​គេ​ឲ្យមក​អង្វរ​គាត់ កុំឲ្យ​ប្រថុយ​ចូល​ទៅក្នុង​ទីលានមហោស្រព​ឡើយ​។ ពេលនោះ អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ ដ្បិត​អង្គប្រជុំ​បាន​ច្របូកច្របល់ ដូច្នេះ​មនុស្ស​ភាគច្រើន​ក៏​មិន​ដឹង​ថា​គេ​មកជួបជុំគ្នា​ដោយសារ​អ្វី​ទេ​។ នៅពេល​ពួក​ជនជាតិយូដា​រុញ​អ័លេក្សានត្រុស​ទៅខាងមុខ មាន​អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​បាន​ជំរុញ​គាត់​ឲ្យនិយាយ​។ អ័លេក្សានត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ ចង់​ឆ្លើយការពារខ្លួន​នៅមុខ​បណ្ដាជន​។ ប៉ុន្តែ​ពេល​បាន​ដឹង​ថា​គាត់​ជា​ជនជាតិយូដា គេ​ទាំងអស់គ្នា​ក៏​ស្រែក​ព្រមគ្នា អស់រយៈពេល​ប្រមាណជា​ពីរ​ម៉ោង​ថា​៖ “​ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!​”​។ នៅទីបំផុត លេខាធិការក្រុង​បាន​ធ្វើឲ្យ​ហ្វូងមនុស្ស​នៅស្ងៀម ហើយ​និយាយថា​៖ “​អស់លោក​ដែលជា​អ្នកអេភេសូរ​អើយ! តើ​មាន​អ្នកណា​ដែល​មិន​ដឹង​ថា ទីក្រុង​របស់​អ្នកអេភេសូរ​ជា​អ្នកថែរក្សាព្រះវិហារ​របស់​ព្រះម៉ែ ​អរតេមីស​ដ៏ធំឧត្ដម និង​របស់​រូបសំណាក ​ដែល​ធ្លាក់ពីលើមេឃមក​នោះ? ដូច្នេះ ដោយសារ​ការទាំងនេះ​ជា​អ្វី​ដែលមិនអាចបដិសេធបាន អស់លោក​ត្រូវតែ​នៅស្ងៀម ហើយ​កុំ​ធ្វើ​អ្វី​តក់ក្រហល់ពេក​ឡើយ​។ ព្រោះថា​អ្នក​ទាំងនេះ​ដែល​អ្នករាល់គ្នា​នាំមក មិនមែន​ជា​ចោរប្លន់ព្រះវិហារ ហើយក៏មិន​បាន​និយាយប្រមាថ​ព្រះម៉ែ​របស់យើង ​ដែរ​។ ដោយហេតុនេះ ប្រសិនបើ​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់ មាន​បណ្ដឹង​ទាស់នឹង​អ្នកណា នោះ​មាន​សាលាក្ដី​បើក​ស្រាប់ ហើយ​អភិបាល​ក៏​នៅ​ដែរ ដូច្នេះ​ចូរឲ្យ​ពួកគេ​ប្ដឹង​គ្នា​ចុះ​។ ប៉ុន្តែ​ប្រសិនបើ​អស់លោក​ទាមទារ​អ្វី​លើសពីនេះទៅទៀត នោះ​ត្រូវ​ដោះស្រាយ​នៅក្នុង​អង្គប្រជុំ​ដែល​ស្របច្បាប់​។ ដ្បិត​យើង​ពិតជា​ស្ថិតក្នុងភាពគ្រោះថ្នាក់​ដែល​នឹង​ត្រូវគេ​ប្ដឹង​អំពី​បទបង្កចលាចល​នៅ​ថ្ងៃនេះ ដោយ​គ្មាន​មូលហេតុ​អ្វីដែល​យើង​អាច​ដោះសា​អំពី​ការជ្រួលច្របល់​នេះ​បានទេ​”​។ កាល​និយាយ​ដូច្នេះ​ហើយ លោក​ក៏​រំសាយ​អង្គប្រជុំ​នោះ​ទៅ​៕ ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់​ហើយ ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើកទឹកចិត្ត រួច​លា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។ នៅពេល​គាត់​ដើរចុះឡើង​តាម​តំបន់​ទាំងនោះ ទាំង​លើកទឹកចិត្ត​ពួកសិស្ស ​ដោយ​ពាក្យ​ជាច្រើន គាត់​ក៏​មកដល់​ក្រិក ហើយ​ស្នាក់នៅ​ទីនោះ​បី​ខែ​។ ពេល​គាត់​រៀបនឹង​ចុះសំពៅ​ទៅ​ស៊ីរី ពួកយូដា​រៀប​ផែនការសម្ងាត់​ទាស់នឹង​គាត់ ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ត្រឡប់ទៅវិញ​ដោយ​កាត់តាម​ម៉ាសេដូន​។ អ្នក​ដែល​រួមដំណើរជាមួយ​គាត់ មាន​សូប៉ាត្រុស​អ្នកបេរា​កូន ​របស់​ពីរូស ​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។ អ្នកទាំងនេះ​បាន​ទៅមុន ហើយ​រង់ចាំ​យើង​នៅ​ទ្រអាស​។ ចំណែកឯ​យើង​វិញ យើង​បាន​ចុះសំពៅ​ពី​ភីលីព​ក្រោយ​ថ្ងៃ​បុណ្យនំប៉័ងឥតមេ ហើយ​អស់រយៈពេល​ប្រាំ​ថ្ងៃ​ទើប​មកដល់​ពួកគេ​នៅ​ទ្រអាស រួច​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពេល​ពួកសិស្ស ​ជួបជុំគ្នា​ដើម្បី​កាច់​នំប៉័ង ប៉ូល​និយាយ​នឹង​ពួកគេ ហើយ​ដោយសារ​គាត់​បម្រុងនឹង​ចេញដំណើរ​នៅ​ថ្ងៃបន្ទាប់ គាត់​ក៏​បន្ត​និយាយ​រហូតដល់​កណ្ដាលអធ្រាត្រ​។ រីឯ​នៅ​បន្ទប់ខាងលើ​ដែល​យើង​ជួបជុំគ្នា មាន​ចង្កៀង​ជាច្រើន​។ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស អង្គុយ​នៅ​មាត់​បង្អួច ទាំង​ងងុយដេក​យ៉ាងខ្លាំង​។ ដោយសារ​ប៉ូល​និយាយ​យ៉ាងយូរ គាត់​បាន​លង់លក់ ហើយ​ធ្លាក់​ពី​ជាន់ទីបី​ទៅ​ខាងក្រោម ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​បាត់ហើយ​។ ប៉ុន្តែ​ប៉ូល​ចុះទៅក្រោម ហើយ​ឱនពីលើ​គាត់ ទាំង​ត្រកង​គាត់ រួច​និយាយថា​៖ “​កុំ​ភ័យ​ឡើយ ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ​!​”​។ បន្ទាប់ពី​ឡើងទៅលើ​វិញ ប៉ូល​ក៏​កាច់​នំប៉័ង ហើយ​ហូប រួច​សន្ទនា​យ៉ាងយូរ​ទៀត រហូតដល់​ភ្លឺ ទើប​ចេញដំណើរទៅ​។ គេ​ក៏​នាំ​យុវជន​ដែល​នៅរស់​នោះ​ទៅវិញ ទាំង​ត្រូវបាន​សម្រាលទុក្ខ​ឥតឧបមា​។ យើង​ទៅដល់​សំពៅ​មុន ហើយ​ចុះសំពៅ​ទៅ​អាសុស ដោយ​បម្រុងនឹង​ទទួល​ប៉ូល​នៅទីនោះ ដ្បិត​គាត់​បាន​ចាត់ចែង​ដូច្នោះ ដោយសារ​ខ្លួនគាត់​មានបំណង​ធ្វើដំណើរដោយថ្មើរជើង​។ នៅពេល​គាត់​ជួប​យើង​នៅ​ក្រុង​អាសុស យើង​ក៏​ទទួល​គាត់​ឡើង​មក​សំពៅ រួច​ពួកយើង​ក៏​មកដល់​មីទូលេន។ យើង​បាន​ចុះសំពៅ​ពីទីនោះ ហើយ​នៅ​ថ្ងៃបន្ទាប់​ក៏​មក​ដល់​ទន្ទឹមនឹង​ឃីយ៉ូស​។ នៅ​ថ្ងៃ​បន្ទាប់មកទៀត យើង​មក​ដល់​សាម៉ុស លុះ​ថ្ងៃ​ក្រោយមកទៀត យើង​មកដល់​មីលេត​។ នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។ ប៉ូល​បាន​ចាត់​គេ​ពី​មីលេត​ទៅ​អេភេសូរ ឲ្យ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​នោះ​មក​។ នៅពេល​ពួកគេ​មកដល់ ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា៖ “​អ្នករាល់គ្នា​ដឹងថា តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈានជើងចូល​អាស៊ី គ្រប់​ពេលវេលា ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​យ៉ាងណា​—— ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន​ទាំងស្រុង ដោយ​ទឹកភ្នែក និង​ដោយ​ការសាកល្បង​នានា​ដែល​កើតឡើង​ដល់​ខ្ញុំ ដោយសារតែ​ផែនការសម្ងាត់​របស់​ពួកយូដា​។ ចំពោះ​អ្វី​ដែល​មានប្រយោជន៍ គ្មានអ្វីមួយ​ដែល​ខ្ញុំ​រួញខ្លួន​មិន​ប្រាប់ ឬ​បង្រៀន​អ្នករាល់គ្នា ទាំង​នៅកន្លែងសាធារណៈ និង​ពីផ្ទះមួយទៅផ្ទះមួយ​នោះ​ទេ គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។ “​ឥឡូវនេះ មើល៍! ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ជាប់ចំណង​ពី​ព្រះវិញ្ញាណ​។ ខ្ញុំ​មិន​ដឹងថា​នឹង​ជួប​អ្វី​នៅ​ទីនោះ​ទេ គ្រាន់តែ​ដឹង​ថា​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយ​ប្រាប់​ខ្ញុំ​នៅទីក្រុងនីមួយៗ​ថា មាន​ចំណង និង​ទុក្ខវេទនា​នៅ​រង់ចាំ​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។ “​ឥឡូវនេះ មើល៍! ខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀតឡើយ គឺ​អ្នក​ទាំងអស់គ្នា​ដែល​ខ្ញុំ​ដើរចុះឡើង​ប្រកាស​អាណាចក្រ​របស់ព្រះ​ដល់​នោះ​! ដូច្នេះ ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អ្នករាល់គ្នា​នៅ​ថ្ងៃនេះ​ថា ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំងអស់គ្នា​ទេ ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​យកចិត្តទុកដាក់​ចំពោះ​ហ្វូងចៀម​ទាំងមូល​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​តំាង​អ្នករាល់គ្នា​ជា​អ្នកមើលខុសត្រូវ ដើម្បីឲ្យ​ឃ្វាល​ក្រុមជំនុំ​របស់​ព្រះ ដែល​ព្រះអង្គ​បាន​លោះ​ដោយ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។ ខ្ញុំ​ដឹង​ហើយ​ថា ក្រោយពី​ខ្ញុំ​ចាកចេញទៅ ចចក​ដ៏កំណាច​នឹង​ចូលមក​ក្នុងចំណោម​អ្នករាល់គ្នា ដោយ​ឥត​ត្រាប្រណី​ហ្វូងចៀម​ឡើយ ព្រមទាំង​នឹង​មាន​មនុស្ស​ដែល​អធិប្បាយ​បង្វែរ កើតមាន​ពីចំណោម​អ្នករាល់គ្នា​ផ្ទាល់ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​តាម​ខ្លួន។ ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។ “ ​ឥឡូវនេះ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​អ្នករាល់គ្នា​នឹង​ព្រះ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​នឹង​ស្អាងទឹកចិត្ត​អ្នករាល់គ្នា ព្រមទាំង​អាច​ប្រទាន​មរតក​ដល់អ្នករាល់គ្នា ក្នុងចំណោម​អស់អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​។ ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។ ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​ក៏​ដឹង​ដែរ​ថា ដៃ​ទាំងពីរ​នេះ​បាន​បម្រើ​សម្រាប់​តម្រូវការ​របស់ខ្ញុំ និង​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​: ‘​ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល​’ ​”​។ បន្ទាប់ពី​និយាយ​សេចក្ដីទាំងនេះ​ហើយ ប៉ូល​ក៏​លុតជង្គង់ អធិស្ឋាន​ជាមួយ​ពួកគេ​ទាំងអស់គ្នា​។ ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។ ពួកគេ​ឈឺផ្សាក្នុងចិត្ត ជាពិសេស​ចំពោះ​ពាក្យ​ដែល​ប៉ូល​និយាយ​ថា ពួកគេ​នឹង​មិន​ឃើញ​មុខ​គាត់​ទៀតឡើយ​។ បន្ទាប់មក ពួកគេ​ជូនដំណើរ​គាត់​ទៅដល់​សំពៅ៕ យើង​បាន​ចាកចេញ​ពី​ពួកគេ ក៏​ចុះសំពៅ ហើយ​ទៅត្រង់​រហូតដល់​កូស​។ នៅ​ថ្ងៃ​បន្ទាប់ យើង​ទៅដល់​រ៉ូដូស ហើយពីទីនោះ​យើង​ទៅដល់​ប៉ាតារ៉ា​។ យើង​ឃើញ​សំពៅ​មួយ​ដែល​នឹង​ឆ្លង​ទៅ​ហ្វេនីស៊ី ដូច្នេះ​យើង​ក៏​ចុះសំពៅ​ចេញដំណើរ​ទៅ​។ យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។ យើង​បាន​រកឃើញ​ពួក​សិស្ស ហើយ​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ ពួកគេ​ប្រាប់​ប៉ូល​ដោយ​ព្រះវិញ្ញាណ មិន​ឲ្យ​ឡើងទៅ​យេរូសាឡិម​ឡើយ​។ ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទាំងនោះ​កន្លងផុតទៅ យើង​ក៏​បន្តដំណើរ​ចេញទៅ​ទៀត​។ ពួកគេ​ទាំងអស់គ្នា ព្រមទាំង​ប្រពន្ធ និង​កូន​ៗ បាន​ជូនដំណើរ​យើង​រហូតដល់​ខាងក្រៅ​ទីក្រុង​។ ក្រោយពី​លុតជង្គង់​អធិស្ឋាន​នៅ​មាត់សមុទ្រ យើង​ក៏​លា​គ្នាទៅវិញទៅមក ហើយ​ចុះ​សំពៅ រីឯ​អ្នកទាំងនោះ​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ​។ នៅពេល​បញ្ចប់​ដំណើរតាមសមុទ្រ​ពី​ទីរ៉ុស យើង​ក៏​ទៅដល់​ផ្ទលេមេ ហើយ​សួរសុខទុក្ខ​បងប្អូន រួច​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។ នៅ​ថ្ងៃបន្ទាប់ យើង ​ចេញដំណើរ​ទៅដល់​សេសារា​។ យើង​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ភីលីព​អ្នកផ្សាយដំណឹងល្អ ជា​ម្នាក់​ក្នុង​អ្នកជំនួយ ​ប្រាំពីរ​នាក់ ហើយ​ស្នាក់នៅ​ជាមួយ​គាត់​។ គាត់​មាន​កូនស្រី​ព្រហ្មចារី​បួន​នាក់​ដែល​ថ្លែងព្រះបន្ទូល​។ ខណៈដែល​យើង​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ មាន​ព្យាការី​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ចុះមក​ពី​យូឌា​។ គាត់​មកឯ​យើង ហើយ​យក​ខ្សែក្រវាត់​របស់​ប៉ូល ចង​ដៃ​ចង​ជើង​ខ្លួន រួច​និយាយថា​៖ “​ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូល​ដូច្នេះ​: ‘​ពួកយូដា​នៅ​យេរូសាឡិម នឹង​ចាប់ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​សាសន៍ដទៃ​’​”​។ កាល​បាន​ឮ​ពាក្យ​ទាំងនេះ ទាំង​យើង និង​អ្នកស្រុក​នោះ​ក៏​អង្វរ​ប៉ូល​កុំឲ្យ​ឡើងទៅ​យេរូសាឡិម​។ ពេលនោះ ប៉ូល​តបថា​៖ “​អ្នករាល់គ្នា​យំ និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ធ្វើ​អី​? ដ្បិត​ខ្ញុំ​បាន​ត្រៀមជាស្រេច​ហើយ មិនគ្រាន់តែ​ឲ្យ​គេ​ចាប់ចង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ត្រៀម​ស្លាប់​នៅ​យេរូសាឡិម​ទៀតផង ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​”​។ ដោយ​ប៉ូល​មិន​យល់ព្រម យើង​ក៏​ស្ងៀម​ទៅ ហើយ​និយាយថា​៖ “​សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ”​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក យើង​រៀបចំធ្វើដំណើរ ហើយ​ឡើងទៅ​យេរូសាឡិម​។ មាន​សិស្ស​ខ្លះ​ពី​សេសារា​បាន​រួមដំណើរ​ជាមួយ​យើង​ដែរ ទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ជាមួយ​អ្នកស៊ីពរ៍​ម្នាក់​ឈ្មោះ​ម្ន៉ាសុន ដែល​ជា​សិស្ស​ដំបូង​។ នៅពេល​យើង​ទៅដល់​យេរូសាឡិម បងប្អូន​បាន​ទទួលស្វាគមន៍​យើង​យ៉ាងរីករាយ​។ នៅ​ថ្ងៃបន្ទាប់ ប៉ូល​បាន​ចូលទៅ​ជួប​យ៉ាកុប​ជាមួយ​យើង ហើយ​ពួក​ចាស់ទុំ​ទាំងអស់​ក៏​មក​ជួបជុំគ្នានៅទីនោះ​ដែរ។ ក្រោយពី​ជម្រាបសួរ​អ្នកទាំងនោះ​ហើយ ប៉ូល​ក៏​រៀបរាប់ប្រាប់​ការ​នីមួយៗ​ដែល​ព្រះ​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ តាមរយៈ​ការបម្រើ​របស់​គាត់។ កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “​ប៉ូល ​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។ ប៉ុន្តែ​ពួកគេ​បាន​ឮ​អំពី​អ្នក​ថា អ្នក​កំពុង​បង្រៀន​ជនជាតិយូដា​ទាំងអស់​ដែល​នៅក្នុងចំណោម​សាសន៍ដទៃ ឲ្យ​បោះបង់ចោល​ម៉ូសេ ដោយ​ប្រាប់​ពួកគេ​មិន​ឲ្យ​ធ្វើពិធីកាត់ស្បែក​ដល់​កូន​ៗ ឬ​ដើរតាម​ទំនៀមទម្លាប់​ឡើយ​។ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? ពួកគេ​មុខជា​ឮ​ថា អ្នក​បាន​មក​ដល់​មិនខាន ​។ ដោយហេតុនេះ ចូរ​អ្នក​ធ្វើ​ការនេះ​ដែល​យើង​ប្រាប់​ចុះ គឺ​យើង​មាន​បុរស​បួន​នាក់​ដែល​នៅ​ជាប់បំណន់​; ចូរ​អ្នក​យក​អ្នកទាំងនេះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ ព្រមទាំង​ចេញប្រាក់​ឲ្យ​ពួកគេ​ដើម្បី​កោរសក់​ផង​។ ធ្វើដូច្នេះ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្វីដែល​ពួកគេ​បាន​ឮ​អំពី​អ្នក នោះ​មិន​ពិត​ទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់​ក៏​ដើរ​ត្រឹមត្រូវ ដោយ​កាន់តាម​ក្រឹត្យវិន័យ​ដែរ​។ ចំពោះ​សាសន៍ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​ផ្ញើសំបុត្រ​ហើយ ដោយ​សម្រេច​ថា ពួកគេ​ត្រូវ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ ​”។ ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ប៉ូល​ក៏​យក​អ្នកទាំងនោះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ រួច​ចូលទៅ​ក្នុង​ព្រះវិហារ បញ្ជាក់​ពេល​បញ្ចប់​នៃ​ថ្ងៃ​ជម្រះកាយ គឺរយៈពេល​រហូតដល់​ត្រូវ​ថ្វាយ​តង្វាយ សម្រាប់​ពួកគេ​ម្នាក់ៗ​។ លុះ​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ មាន​ជនជាតិយូដា​ដែល​មកពី​អាស៊ី​បាន​ឃើញ​ប៉ូល​នៅក្នុង​ព្រះវិហារ ក៏​ពន្យុះ​ហ្វូងមនុស្ស​ទាំងអស់ ហើយ​លូក​ដៃ​ចាប់​គាត់ ទាំង​ស្រែកឡើងថា​៖ “​អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ! មក​ជួយ​គ្នា​! ជននេះ​ហើយ ជា​ម្នាក់​ដែល​បង្រៀន​ទាស់នឹង​ប្រជាជន ក្រឹត្យវិន័យ និង​កន្លែង​នេះ ដល់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​។ លើសពីនេះទៅទៀត វា​បាន​នាំ​ជនជាតិក្រិក​ចូលមក​ក្នុង​ព្រះវិហារ ហើយ​ធ្វើឲ្យ​ទីវិសុទ្ធ​នេះ​សៅហ្មង​”​។ តាមពិត ពួកគេ​បាន​ឃើញ​ទ្រភីម​អ្នកអេភេសូរ នៅ​ទីក្រុង​ជាមួយ​ប៉ូល ដូច្នេះ​ពួកគេ​ស្មាន​ថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​។ ពេលនោះ ទីក្រុង​ទាំងមូល​ជ្រួលច្របល់ ហើយ​ប្រជាជន​ក៏​រត់មកចោមរោម ពួកគេ​ចាប់​ប៉ូល​អូស​ចេញទៅ​ខាងក្រៅ​ព្រះវិហារ រួច​ទ្វារ​ក៏​បាន​បិទ​ភ្លាម។ ខណៈដែល​ពួកគេ​បម្រុងនឹង​សម្លាប់​ប៉ូល មាន​ដំណឹង​ទៅដល់​មេបញ្ជាការ​នៃ​កងទាហាន​ថា យេរូសាឡិម​ទាំងមូល​កំពុង​ច្របូកច្របល់​។ មេបញ្ជាការ​ក៏​យក​ពួក​ទាហាន និង​ពួក​មេទាហានលើមួយរយនាក់ រត់ចុះទៅរក​ពួកគេ​ភ្លាម​។ នៅពេល​ឃើញ​មេបញ្ជាការ និង​ពួក​ទាហាន ពួកគេ​ក៏​ឈប់​វាយ​ប៉ូល​។ ពេលនោះ មេបញ្ជាការ​ចូលទៅជិត ហើយ​ចាប់​ប៉ូល ព្រមទាំង​បញ្ជា​ឲ្យ​ចង​គាត់​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សាកសួរថា​ប៉ូល​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​។ ប៉ុន្តែ​ក្នុងចំណោម​ហ្វូងមនុស្ស មាន​អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ​។ ដោយ​មិនអាច​ដឹង​អ្វី​ច្បាស់លាស់​បាន​ព្រោះតែ​ភាពវឹកវរ មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ទៅ​ក្នុង​បន្ទាយ​។ លុះ​ទៅដល់​កាំជណ្ដើរ ប៉ូល​ត្រូវ​ពួក​ទាហាន​លើកសែង ដោយសារតែ​អំពើហិង្សា​របស់​ហ្វូងមនុស្ស​។ ដ្បិត​មាន​ហ្វូងមនុស្ស​មកតាម ទាំង​ស្រែកថា​៖ “​កម្ចាត់​វា​ទៅ​!​”​។ ខណៈដែល​ពួកទាហាន​រៀបនឹង​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ គាត់​និយាយ​នឹង​មេបញ្ជាការ​ថា​៖ “​តើ​ខ្ញុំ​អាច​និយាយ​រឿងមួយ​នឹង​លោក​បាន​ឬទេ​?​”​។ មេបញ្ជាការ​ក៏​តបថា​៖ “​អ្នក​ចេះ​ភាសាក្រិក​ដែរឬ​? បើដូច្នេះ តើ​អ្នក​មិនមែន​ជា​ជនជាតិអេហ្ស៊ីប​ដែល​ពីមុន​បាន​ធ្វើកុបកម្ម ហើយ​នាំ​អ្នកធ្វើឃាត​បួនពាន់​នាក់​ចេញ​ទៅ​ទីរហោស្ថាន​ទេ​ឬ?”​។ ប៉ូល​ឆ្លើយថា​៖ “​ខ្ញុំ​ជា​ជនជាតិយូដា ជា​អ្នកតើសុស​ក្នុង​គីលីគា មិនមែន​ជា​ពលរដ្ឋ​ទីក្រុង​តូចតាច​ទេ​។ ខ្ញុំ​អង្វរ​លោក សូម​អនុញ្ញាតឲ្យ​ខ្ញុំ​និយាយ​នឹង​ប្រជាជន​នេះ​ផង”​។ មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖ “​អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ ឥឡូវនេះ​សូម​ស្ដាប់​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ទៅកាន់​អ្នករាល់គ្នា​សិន​!​”​។ នៅពេល​ប្រជាជន​បាន​ឮ​ប៉ូល​និយាយ​ជា​ភាសា​ហេព្រើរ ពួកគេ​រឹតតែ​ស្ងៀមស្ងាត់​ថែមទៀត​។ នោះ​ប៉ូល​និយាយ​បន្ត​ថា៖ “​ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។ ខ្ញុំ​បាន​បៀតបៀន​មាគ៌ា​នេះ ដោយ​ចង​ទាំង​ប្រុស​ទាំង​ស្រី​ដាក់គុក រហូតដល់​ស្លាប់ ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។ “​ខណៈដែល​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅជិតដល់​ដាម៉ាស់ មានកើតឡើងដូច្នេះ​: ប្រហែលជា​ថ្ងៃត្រង់ ស្រាប់តែ​មាន​ពន្លឺ​យ៉ាងខ្លាំង​ពី​លើមេឃ​ចាំងមក​ជុំវិញ​ខ្ញុំ​។ ខ្ញុំ​ក៏​ដួល​ទៅលើ​ដី ហើយ​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំ​ថា​: ‘​សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​?’ ​។ “​ខ្ញុំ​ក៏​តបថា​: ‘​ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?​’​។ “​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘​យើង​គឺ​យេស៊ូវ​អ្នកណាសារ៉ែត ដែល​អ្នក​កំពុង​បៀតបៀន​’ ​។ រីឯ​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ​មែន ប៉ុន្តែ​មិន​បាន​ឮ​សំឡេង​ដែល​និយាយ​នឹង​ខ្ញុំ​នោះ​ទេ​។ “​ខ្ញុំ​និយាយថា​: ‘​ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូចម្ដេច​?​’​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘​ចូរ​ក្រោកឡើង ចូលទៅ​ដាម៉ាស់​ចុះ ហើយនៅទីនោះ គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីៗ​ទាំងអស់​ដែល​បាន​កំណត់​ឲ្យ​អ្នក​ធ្វើ​’ ​។ “​ដោយ​ខ្ញុំ​មើល​មិន​ឃើញ​ព្រោះតែ​រស្មីរុងរឿង​នៃ​ពន្លឺ​នោះ ខ្ញុំ​ក៏​ត្រូវ​អ្នក​ដែល​នៅជាមួយ​ខ្ញុំ ដឹកដៃ​ចូលទៅ​ដាម៉ាស់​។ មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​មានជំនឿស៊ប់​ស្របតាម​ក្រឹត្យវិន័យ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​ជនជាតិយូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ​។ គាត់​បាន​មករក​ខ្ញុំ ហើយ​ឈរនៅក្បែរ​ខ្ញុំ ទាំង​និយាយថា​: ‘​សូល​ជា​បងប្អូន​អើយ ចូរឲ្យ​អ្នក​បាន​មើលឃើញវិញ​ចុះ​!​’ នៅ​វេលានោះឯង ខ្ញុំក៏​ងើបភ្នែកឡើងឃើញ​គាត់​។ គាត់​និយាយ​ទៀត​ថា​: ‘​ព្រះ​នៃ​ដូនតា​របស់យើង​បាន​ជ្រើសរើស​អ្នក​ឲ្យ​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ឲ្យ​ឃើញ​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ព្រមទាំង​ឲ្យ​ឮ​ព្រះសូរសៀង​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផង ដ្បិត​អ្នក​នឹង​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​មនុស្ស​ទាំងអស់ អំពី​អ្វីដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​។ ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!​’​។ “​ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី ឃើញ​ព្រះអម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​: ‘​ចូរ​ប្រញាប់​ចាកចេញ​ពី​យេរូសាឡិម​ភ្លាម ពីព្រោះ​គេ​នឹង​មិន​ទទួលយក​ពាក្យបន្ទាល់​របស់អ្នក​អំពី​យើង​ទេ​’ ​។ “​ខ្ញុំ​ទូលថា​: ‘​ព្រះអម្ចាស់​អើយ អ្នកទាំងនោះ​ដឹង​ហើយ​ថា ទូលបង្គំ​តែងតែ​ចាប់​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ដាក់គុក ព្រមទាំង​វាយ​ពួកគេ​នៅតាម​សាលាប្រជុំ​ផង​។ កាល​គេ​បាន​បង្ហូរ​ឈាម​ស្ទេផាន​ដែល​ជា​សាក្សី​របស់ព្រះអង្គ ទូលបង្គំផ្ទាល់​ក៏​ឈរនៅទីនោះ​ដែរ ដោយ​យល់ស្រប ថែមទាំង​យាម​អាវវែង​របស់​ពួក​អ្នក​ដែល​សម្លាប់​គាត់​ទៀតផង​’​។ “​ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘​ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ​’ ​”​។ ពួកគេ​ស្ដាប់​ប៉ូល​ដល់ត្រឹម​ពាក្យ​នេះ ក៏​ស្រែកឡើង​ថា​៖ “​កម្ចាត់​មនុស្ស​បែបនេះ​ចេញពី​ផែនដី​ទៅ! មិន​គួរឲ្យ​វា​នៅរស់​ទេ​!​”​។ ពួកគេ​ស្រែកឡើង ទាំង​គ្រវែង​អាវវែង​របស់ខ្លួន​ចោល ហើយ​បាច​ធូលី​ទៅ​ក្នុង​ខ្យល់​។ មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​ឲ្យ​សួរចម្លើយ​គាត់​ដោយ​វាយនឹងខ្សែតី ដើម្បីឲ្យ​ដឹង​មូលហេតុ​ដែល​ពួកគេ​ស្រែក​ដាក់​គាត់​ដូច្នេះ​។ ប៉ុន្តែ​នៅពេល​ពួកគេ​បាន​ចងសន្ធឹង​ប៉ូល​នឹង​ខ្សែស្បែក គាត់​ក៏​និយាយ​នឹង​មេទាហានលើមួយរយនាក់ ដែល​ឈរ​នៅទីនោះ​ថា​៖ “​តើ​ការ​ដែល​ពួកលោក​វាយ​មនុស្ស​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង​នឹងខ្សែតី​ដោយមិនបានកាត់ក្ដី ត្រូវច្បាប់​ឬទេ​?​”​។ នៅពេល​ឮ​ដូច្នេះ មេទាហានលើមួយរយនាក់​ក៏​ចូលទៅ​រាយការណ៍​ដល់​មេបញ្ជាការ​ថា​៖ “​តើ​លោក​បម្រុងនឹង​ធ្វើ​អ្វី​? ដ្បិត​អ្នក​នេះ​មាន​សញ្ជាតិរ៉ូម៉ាំង​!​”​។ មេបញ្ជាការ​ក៏​ចូលមកជិត សួរ​ប៉ូល​ថា​៖ “​ចូរ​ប្រាប់​ខ្ញុំ​មក៍! តើ​អ្នក​មាន​សញ្ជាតិរ៉ូម៉ាំង​ឬ​?​”​។ ប៉ូល​ឆ្លើយថា​៖ “​បាទ ខ្ញុំ​មាន​”​។ មេបញ្ជាការ​និយាយថា​៖ “​ខ្ញុំ​បាន​ទិញ​សញ្ជាតិ​នេះ​ដោយ​ចំនួនប្រាក់​ជាច្រើន​”​។ ប៉ូល​និយាយថា​៖ “​ខ្ញុំ​មាន​សញ្ជាតិ​នេះ​តាំងពីកំណើត​មកម្ល៉េះ​”​។ ពេលនោះ ពួក​អ្នក​ដែល​បម្រុងនឹង​សួរចម្លើយ​គាត់ ក៏​ដកខ្លួនចេញ​ភ្លាម​។ មេបញ្ជាការ​ក៏​ភ័យខ្លាច ដោយ​ដឹង​ថា​ប៉ូល​មាន​សញ្ជាតិរ៉ូម៉ាំង និង​ដឹង​ថា​ខ្លួន​បាន​ចាប់ចង​គាត់​។ នៅ​ថ្ងៃបន្ទាប់ ដោយ​មេបញ្ជាការ​ចង់​ដឹង​យ៉ាងច្បាស់លាស់​នូវ​មូលហេតុ​ដែល​ប៉ូល​ត្រូវ​ពួក​ជនជាតិយូដា​ចោទប្រកាន់ ដូច្នេះ​លោក​ក៏​ស្រាយ​ប៉ូល ហើយ​បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​មកជួបជុំគ្នា រួច​នាំ​ប៉ូល​មក​ឲ្យឈរ​នៅមុខ​ពួកគេ​។ ប៉ូល​សម្លឹងមើល​ទៅ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “​បងប្អូន​អើយ រហូតមកដល់​ថ្ងៃ​នេះ ខ្ញុំ​បាន​រស់នៅ​ដោយ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ទាំងស្រុង​នៅចំពោះ​ព្រះ​”​។ ពេលនោះ មហាបូជាចារ្យ​អាណានាស បញ្ជា​ពួក​អ្នក​ដែល​ឈរនៅក្បែរ​ប៉ូល​ឲ្យ​ទះ​មាត់​គាត់​។ ប៉ូល​ក៏​និយាយ​នឹង​លោក​ថា​៖ “​កំពែង​ដែល​លាបកំបោរស​អើយ ព្រះ​នឹង​វាយ​អ្នក​វិញ​! អ្នក​អង្គុយ​កាត់ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ ប៉ុន្តែ​បែរជា​បញ្ជា​ឲ្យ​ទះ​ខ្ញុំ ខុសនឹងក្រឹត្យវិន័យ​ដូច្នេះ​ឬ​?​”​។ ពួក​អ្នក​ដែល​ឈរនៅទីនោះ​និយាយថា​៖ “​តើ​អ្នក​ហ៊ាន​ជេរប្រមាថ​មហាបូជាចារ្យ​របស់​ព្រះ​ឬ​?​”​។ ប៉ូល​ក៏​តបថា​៖ “​បងប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហាបូជាចារ្យ​ទេ​។ ពិតមែនហើយ មាន​សរសេរ​ទុកមក​ថា​: ‘​អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ចំពោះ​មេគ្រប់គ្រង​នៃ​ប្រជាជន​របស់អ្នក​ឡើយ​’ ​”​។ នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “​បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!​”។ កាល​គាត់​និយាយ​ដូច្នេះ ក៏​មាន​ការប្រកែក​កើតឡើង​រវាង​ពួកផារិស៊ី និង​ពួកសាឌូស៊ី ហើយ​អង្គប្រជុំ​ក៏​បាក់បែកគ្នា​។ ដ្បិត​ពួកសាឌូស៊ី​និយាយថា គ្មាន​ការរស់ឡើងវិញ ហើយក៏គ្មាន​ទូតសួគ៌ ឬ​វិញ្ញាណ​ឡើយ រីឯ​ពួកផារិស៊ី​ទទួលស្គាល់​ទាំងអស់​។ ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “​យើង​ឃើញថា គ្មាន​កំហុស ​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​? ​”​។ ដោយ​មាន​ការប្រកែក​កាន់តែខ្លាំងឡើង មេបញ្ជាការ​ខ្លាច​ក្រែង​ប៉ូល​នឹង​ត្រូវ​ពួកគេ​ហែកជាបំណែក លោក​ក៏​បញ្ជា​ពួក​ទាហាន​ឲ្យ​ចុះទៅ​យក​ប៉ូល​ចេញ​ពី​កណ្ដាល​ពួកគេ ហើយ​នាំទៅ​បន្ទាយ​វិញ​។ នៅ​យប់នោះ ព្រះអម្ចាស់​យាង​មកឈរនៅក្បែរ​ប៉ូល ហើយ​មានបន្ទូលថា​៖ “ ចូរ​ក្លាហានឡើង​! ដូចដែល​អ្នក​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​យើង​នៅ​យេរូសាឡិម​យ៉ាងណា អ្នក​ត្រូវតែ​ធ្វើបន្ទាល់​នៅ​រ៉ូម​យ៉ាងនោះ​ដែរ​”។ លុះ​ភ្លឺឡើង ពួកយូដា​រៀប​ផែនការសម្ងាត់ ទាំង​នាំគ្នា​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។ អ្នក​ដែល​រៀប​ផែនការសម្ងាត់​នេះ មាន​ច្រើនជាង​សែសិប​នាក់​។ អ្នកទាំងនោះ​បាន​ទៅជួប​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ ហើយ​និយាយថា​៖ “​យើងខ្ញុំ​បាន​ស្បថ​ថា មិន​ហូប​អ្វីឡើយ រហូតទាល់តែ​យើងខ្ញុំ​បាន​សម្លាប់​ប៉ូល​។ ដូច្នេះ ឥឡូវនេះ សូម​អស់លោក​ជាមួយនឹង​ក្រុមប្រឹក្សា ស្នើ​មេបញ្ជាការ​ឲ្យ​នាំ​វា​ចុះមក​ជួប​អស់លោក ដោយ​ធ្វើដូចជា​អស់លោក​ចង់​ពិនិត្យពិច័យមើល​ឲ្យ​រឹតតែច្បាស់ថែមទៀត រីឯ​យើងខ្ញុំ​នឹង​ត្រៀមជាស្រេច​ដើម្បី​សម្លាប់​វា មុន​នឹង​វា​មកដល់​”​។ ប៉ុន្តែ​ក្មួយប្រុស​របស់​ប៉ូល​បាន​ឮ​អំពី​ការពួនស្ទាក់​នេះ គាត់​ក៏​មក ហើយ​ចូលទៅ​បន្ទាយ​ប្រាប់​ប៉ូល​។ ប៉ូល​ក៏​ហៅ​មេទាហានលើមួយរយនាក់​ម្នាក់​មក​ប្រាប់ថា​៖ “​សូម​នាំ​យុវជន​នេះ​ទៅ​ជួប​មេបញ្ជាការ​ផង ដ្បិត​គាត់​មាន​រឿងមួយ​រាយការណ៍​ដល់​លោក”​។ ដូច្នេះ មេទាហាននោះ​ក៏​នាំ​គាត់​ទៅ​ជួប​មេបញ្ជាការ ហើយ​និយាយថា​៖ “​ប៉ូល​ដែល​ជា​អ្នកទោស បាន​ហៅ​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក ពីព្រោះ​គាត់​មាន​រឿងមួយ​ជម្រាប​លោក”​។ មេបញ្ជាការ​បាន​ដឹក​ដៃ​យុវជននោះ ចេញទៅ​ដោយឡែក ហើយ​សួរថា​៖ “​តើ​មាន​រឿង​អ្វី​ដែល​ត្រូវ​ប្រាប់​ខ្ញុំ​?​”​។ គាត់​និយាយ​ថា​៖ “​ពួកយូដា​បាន​ព្រមព្រៀងគ្នា​នឹង​សុំ​លោក​ឲ្យ​នាំ​ប៉ូល​ចុះទៅ​ជួប​ក្រុមប្រឹក្សា​នៅ​ថ្ងៃស្អែក ដោយ​ធ្វើដូចជា​ចង់​សាកសួរ​អំពី​រឿង​គាត់​ឲ្យ​រឹតតែច្បាស់ថែមទៀត​។ ដូច្នេះ សូម​លោក​កុំ​ព្រមតាម​ពួកគេ​ឡើយ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ពីចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​គាត់​។ អ្នកទាំងនោះ​បាន​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។ ឥឡូវនេះ ពួកគេ​បាន​ត្រៀមជាស្រេច ហើយ​កំពុង​រង់ចាំ​ការយល់ព្រម​ពី​លោក​”​។ ពេលនោះ មេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ទៅវិញ ទាំង​បង្គាប់​ថា៖ “​កុំ​ប្រាប់​អ្នកណា​ថា អ្នក​បាន​រាយការណ៍​ការនេះ​ដល់​ខ្ញុំ​ឡើយ​”​។ បន្ទាប់មក មេបញ្ជាការ​ហៅ​មេទាហានលើមួយរយនាក់​ពីរ​នាក់​មក និយាយថា​៖ “​ចូរ​រៀបចំ​ពលថ្មើរជើង​ពីររយ​នាក់ ពលសេះ​ចិតសិប​នាក់ និង​ពលលំពែង​ពីររយ​នាក់ ដើម្បីឲ្យ​ចេញដំណើរ​ទៅ​សេសារា នៅ​ម៉ោងប្រាំបួន​យប់ ​នេះ​។ ចូរ​រៀបចំ​សត្វជំនិះ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ដែរ ហើយ​នាំ​គាត់​ទៅ​រក​អភិបាល​ភេលីច​ដោយសុវត្ថិភាព​”​។ លោក​បាន​សរសេរ​សំបុត្រ​មួយ មាន​សេចក្ដី​ដូចតទៅ​៖ “​ខ្ញុំបាទ​ក្លូឌាស​លូស៊ា សូមគោរពជូន ឯកឧត្ដម​ភេលីច ជា​អភិបាល​។ បុរស​នេះ​ត្រូវ​ពួក​ជនជាតិយូដា​ចាប់ ហើយ​រៀបនឹង​ត្រូវ​ពួកគេ​សម្លាប់ បានជា​ខ្ញុំបាទ​នាំ​ទាហាន​មក​សង្គ្រោះ​គាត់ ដោយ​ដឹង​ថា​គាត់​មាន​សញ្ជាតិរ៉ូម៉ាំង​។ ខ្ញុំបាទ​បាន​នាំ​គាត់​ចុះទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ​ដែរ ដោយ​ចង់​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​ប្ដឹង​គាត់​។ ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។ ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក ​”​។ ដូច្នេះ ពួក​ទាហាន​ក៏​យក​ប៉ូល​ទៅ​តាម​ពាក្យ​ដែល​បាន​បញ្ជា​ដល់​ពួកគេ ហើយ​នាំ​គាត់​ទៅ​អាន់ទីប៉ាទ្រីស​ទាំងយប់​។ នៅ​ថ្ងៃបន្ទាប់ ពួកពលថ្មើរជើង​ត្រឡប់ទៅ​បន្ទាយ​វិញ ដោយ​ឲ្យ​ពលសេះ​បន្តដំណើរ​ជាមួយ​ប៉ូល​។ នៅពេល​ចូលទៅ​សេសារា ពួកពលសេះ​ក៏​ប្រគល់​សំបុត្រ​ដល់​អភិបាល ព្រមទាំង​ប្រគល់​ប៉ូល​ដល់​លោក​ផង​។ បន្ទាប់ពី​អាន​សំបុត្រ អភិបាល ​ក៏​សួរថា​ប៉ូល​មក​ពី​ខេត្ត​ណា​។ លុះ​ជ្រាប​ថា​មកពី​គីលីគា លោក​ក៏​មានប្រសាសន៍ថា​៖ “​ខ្ញុំ​នឹង​បើកសវនាការ​អំពី​រឿង​អ្នក កាលណា​ពួក​ដើមចោទ​របស់អ្នក​មក​ដល់​”​។ លោក​បាន​បញ្ជា​ឲ្យ​យាម​ប៉ូល​នៅក្នុង​វិមាន​របស់​ហេរ៉ូឌ៕ ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។ នៅពេល​គេ​ហៅ​ប៉ូល​មក ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​គាត់ ដោយ​និយាយថា​៖ “​ឯកឧត្ដម​ភេលីច​អើយ‍! យើងខ្ញុំ​មាន​សេចក្ដីសុខសាន្ត​យ៉ាងច្រើន ដោយសារតែ​ការកែទម្រង់​ផ្សេងៗ​របស់លោក ដែល​លោក​កំពុង​ធ្វើ​ដល់​ប្រជាជន​នេះ ដោយ​គំនិតគិតទុកជាមុន​របស់លោក​; យើងខ្ញុំ​សូម​ទទួលស្គាល់​ការនេះ ក្នុង​គ្រប់វិស័យ និង​នៅ​គ្រប់ទីកន្លែង ដោយ​ដឹងគុណ​បំផុត​។ ប៉ុន្តែ​ដើម្បីកុំឲ្យ​រំខាន​លោក​យូរទៀត សូម​លោក​មេត្តា​ស្ដាប់​យើងខ្ញុំ​ត្រួសៗ ដោយ​ក្ដីអនុគ្រោះ​ផង​។ យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។ វា​ថែមទាំង​ប៉ុនប៉ង​ធ្វើឲ្យ​ព្រះវិហារ​សៅហ្មង​ទៀតផង ដូច្នេះ​យើងខ្ញុំ​បាន​ចាប់​វា​។ យើងខ្ញុំ​ចង់​កាត់ទោស​វា​តាម​ក្រឹត្យវិន័យ​របស់យើងខ្ញុំ ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។ ប្រសិនបើ​ខ្លួនលោកផ្ទាល់​បាន​សាកសួរ​វា​អំពី​ការ​ទាំងអស់​នេះ នោះ​លោក​នឹង​អាច​ជ្រាប​អ្វីដែល​យើងខ្ញុំ​កំពុង​ចោទប្រកាន់​វា​”​។ រីឯ​ពួកយូដា​ក៏​គាំទ្រ​ដែរ ដោយ​បញ្ជាក់ថា ការទាំងនេះ​ពិតជា​ដូច្នេះ​មែន​។ ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “​ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។ លោក​អាច​ជ្រាប​បាន​ថា មិនទាន់​លើស​ដប់ពីរ​ថ្ងៃ​ទេ តាំងពី​ខ្ញុំ​បាន​ឡើងទៅ​ថ្វាយបង្គំ​នៅ​យេរូសាឡិម ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ប្រកែក​នឹង​អ្នកណា ឬ​ញុះញង់​ហ្វូងមនុស្ស​ឡើយ ទោះជា​នៅក្នុង​ព្រះវិហារ​ក្ដី នៅក្នុង​សាលាប្រជុំ​ក្ដី ឬ​នៅក្នុង​ទីក្រុង​ក្ដី​។ ពួកគេ​ក៏មិនអាច​បញ្ជាក់ភស្តុតាង​ដល់​លោក អំពី​ការដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​ឥឡូវនេះ​បានដែរ​។ យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី ដោយ​មាន​សេចក្ដីសង្ឃឹម​លើ​ព្រះ ដែល​ខ្លួន​អ្នកទាំងនេះ​ផ្ទាល់​ក៏​ទន្ទឹងរង់ចាំ​ដែរ គឺថា​នឹង​មាន​ការរស់ឡើងវិញ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​។ ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។ ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។ ពេល​ខ្ញុំ​កំពុង​ថ្វាយតង្វាយនោះឯង ដែល​ពួកគេ​ឃើញ​ខ្ញុំ​បាន​ទទួលពិធីជម្រះកាយ​នៅក្នុង​ព្រះវិហារ​ហើយ គឺ​ពេលនោះ​គ្មាន​ហ្វូងមនុស្ស ហើយក៏គ្មាន​ចលាចល​ដែរ​។ ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​មកពី​អាស៊ី​——​ប្រសិនបើ​ពួកគេ​មាន​អ្វី​ទាស់នឹង​ខ្ញុំ ពួកគេ​គួរតែ​មកដល់ទីនេះ ហើយ​ចោទប្រកាន់​ខ្ញុំ​នៅមុខ​លោក​។ ឬមួយក៏​ឲ្យ​អ្នកទាំងនេះ​ផ្ទាល់ និយាយ​អំពី​បទល្មើស​ដែល​ពួកគេ​បាន​ឃើញ កាល​ខ្ញុំ​ឈរ​នៅមុខ​ក្រុមប្រឹក្សា​ចុះ​—— ឬ​អំពី​ពាក្យ​មួយ​នេះ​ដែល​ខ្ញុំ​បាន​ស្រែក កាល​ខ្ញុំ​ឈរ​នៅកណ្ដាលចំណោម​ពួកគេ ថា​: ‘​ថ្ងៃនេះ ខ្ញុំ​កំពុង​ត្រូវ​អ្នករាល់គ្នា​កាត់ក្ដី​អំពី​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!​’​”​។ ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “​កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក​”​។ លោក​ក៏​បញ្ជា​មេទាហានលើមួយរយនាក់​ឲ្យ​យាម​ប៉ូល ប៉ុន្តែ​ឲ្យ​មាន​សេរីភាព​ខ្លះ គឺ​មិន​ឲ្យ​ហាមឃាត់​មិត្តភក្ដិ​ណាម្នាក់​របស់គាត់​មិនឲ្យ​បម្រើ​គាត់ ​ឡើយ។ ប៉ុន្មានថ្ងៃ​ក្រោយមក ភេលីច​បាន​មក​ជាមួយ​ទ្រូស៊ីល​ប្រពន្ធ​របស់លោក ដែល​ជា​ជនជាតិយូដា​។ លោក​ក៏​ហៅ​ប៉ូល​មក ហើយ​ស្ដាប់​គាត់​និយាយ​អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ ​។ ប៉ុន្តែ​នៅពេល​ប៉ូល​ជជែកវែកញែក​អំពី​សេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និង​ការជំនុំជម្រះ​ដែល​រៀបនឹងមក ភេលីច​ក៏​ភ័យខ្លាច ហើយ​មានប្រសាសន៍ថា​៖ “​ឥឡូវនេះ ចូរ​ត្រឡប់ទៅវិញ​ចុះ​។ កាលណា​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត​”។ ក្នុងពេលជាមួយគ្នា លោក​ក៏​សង្ឃឹម​ដែរ​ថា ប៉ូល​នឹង​ឲ្យ​ប្រាក់​ដល់​លោក ដូច្នេះ​លោក​ហៅ​ប៉ូល​មក​សន្ទនា​ជាមួយ​ជាញឹកញាប់​។ ពីរឆ្នាំ​ក្រោយមក ព័រគាស​ភេស្ទុស​បាន​ជំនួសតំណែង​ភេលីច​។ ភេលីច​ចង់​បំពេញចិត្ត​ពួកយូដា ក៏​ទុកឲ្យ​ប៉ូល​នៅ​ជាប់គុក​៕ បី​ថ្ងៃ​ក្រោយពី​ភេស្ទុស​មក​ដល់​ខេត្ត​នោះ លោក​បាន​ឡើង​ពី​សេសារា​ទៅ​យេរូសាឡិម​។ ពួក​នាយកបូជាចារ្យ និង​ពួក​មេដឹកនាំ​របស់​ជនជាតិយូដា​ក៏​ប្ដឹង​ទៅ​លោក​ទាស់នឹង​ប៉ូល ព្រមទាំង​អង្វរ​សុំ ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។ យ៉ាងណាមិញ ភេស្ទុស​តបថា​៖ “​ប៉ូល​ជាប់ឃុំឃាំង​នៅ​សេសារា រីឯ​ខ្លួនខ្ញុំផ្ទាល់​ក៏​បម្រុងនឹង​ត្រឡប់ទៅវិញ​ក្នុងពេលឆាប់ៗ​ដែរ​”​។ លោក​មានប្រសាសន៍​ទៀត​ថា​៖ “​ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ​”។ លោក​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើសពី​ប្រាំបី ឬ​ដប់​ថ្ងៃ រួច​ចុះ​ទៅ​សេសារា​។ នៅ​ថ្ងៃបន្ទាប់ លោក​ក៏​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។ នៅពេល​ប៉ូល ​មក​ដល់ ពួកយូដា​ដែល​ចុះមក​ពី​យេរូសាឡិម​ក៏​ឈរព័ទ្ធជុំវិញ​គាត់ ហើយ​ចោទប្រកាន់​គាត់​ដោយ​ពាក្យបណ្ដឹង​ធ្ងន់ៗ​ជាច្រើន ដែល​ពួកគេ​មិន​អាច​បញ្ជាក់ភស្តុតាង​បាន​។ ប៉ូល​ឆ្លើយការពារខ្លួន​ថា​៖ “​ខ្ញុំ​មិន​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ក្រឹត្យវិន័យ​របស់​ជនជាតិយូដា ទាស់នឹង​ព្រះវិហារ ឬ​ទាស់នឹង​សេសារ​ឡើយ​”។ ប៉ុន្តែ​ភេស្ទុស​ចង់​បំពេញចិត្ត​ពួកយូដា ក៏​តប​នឹង​ប៉ូល​ថា​៖ “​តើ​អ្នក​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ឲ្យ​ខ្ញុំ​កាត់ក្ដី​អំពី​រឿងទាំងនេះ​នៅ​ទីនោះ​ឬទេ​?​”​។ ប៉ូល​ឆ្លើយថា​៖ “​ខ្ញុំ​កំពុង​ឈរ​នៅមុខ​ទីកាត់ក្ដី​របស់​សេសារ ជា​កន្លែងដែល​គួរ​កាត់ក្ដី​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ធ្វើខុស​អ្វី​នឹង​ជនជាតិយូដា​ទេ ដូចដែល​លោក​ជ្រាប​ច្បាស់​ហើយ​។ ដោយហេតុនេះ ប្រសិនបើ​ខ្ញុំ​បាន​ធ្វើខុស ឬ​ប្រព្រឹត្ត​អ្វី​សមតែ​ស្លាប់ នោះ​ខ្ញុំ​មិន​ប្រកែក​នឹង​ស្លាប់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្វីដែល​អ្នកទាំងនេះ​កំពុង​ចោទប្រកាន់​ខ្ញុំ​មិនពិត​វិញ នោះ​គ្មានអ្នកណា​អាច​ប្រគល់​ខ្ញុំ​ទៅ​ពួកគេ​បាន​ឡើយ​។ ខ្ញុំ​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​”។ ក្រោយពី​ពិគ្រោះជាមួយ​ក្រុមប្រឹក្សា ភេស្ទុស​តបថា​៖ “​អ្នក​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​ហើយ ដូច្នេះ​អ្នក​នឹង​ទៅ​ជួប​សេសារ​!​”​។ លុះ​ប៉ុន្មានថ្ងៃ​ក្រោយមក ព្រះបាទ​អ័គ្រីប៉ា និង​បេរេនីស​យាង​មក​ដល់​សេសារា ដើម្បី​សួរសុខទុក្ខ​ភេស្ទុស​។ ដោយសារ​ពីរនាក់នោះ​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ ភេស្ទុស​ក៏​រៀបរាប់​ទូល​ស្ដេច​អំពី​រឿង​ទាក់ទងនឹង​ប៉ូល​ថា​៖ “​មាន​បុរស​ម្នាក់​ដែល​ភេលីច​ទុកឲ្យនៅ​ជា​អ្នកទោស​។ ពេល​ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​បាន​ប្ដឹង​អំពី​បុរសនេះ ដោយ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​គាត់ ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។ ដូច្នេះ កាល​ពួកគេ​មកជួបជុំគ្នា​នៅ​ទីនេះ ខ្ញុំព្រះបាទ​មិន​បាន​ពន្យារពេល​ឡើយ គឺ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំព្រះបាទ​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​បុរស​នោះ​មក​។ ពេល​ពួក​ដើមចោទ​ឈរឡើង ពួកគេ​គ្មាន​ពាក្យបណ្ដឹង​ទាស់នឹង​អ្នកនោះ​អំពី​ការ​អាក្រក់ ​ណាមួយ​ដែល​ខ្ញុំព្រះបាទ​នឹកស្មាន​នោះ​ឡើយ គឺ​មាន​តែ​បញ្ហា​ខ្លះ​ៗ​ជាមួយ​គាត់​អំពី​សាសនា​របស់ពួកគេផ្ទាល់ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ដែល​ស្លាប់​ទៅហើយ ប៉ុន្តែ​ប៉ូល​អះអាងថា​នៅរស់​។ ដោយព្រោះ​ខ្ញុំព្រះបាទ​វល់គំនិត​អំពី​បញ្ហា​ទាំងនេះ ខ្ញុំព្រះបាទ​ក៏​សួរ​គាត់ ក្រែងលោ​គាត់​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ទទួល​ការ​កាត់ក្ដី​នៅទីនោះ អំពី​ការទាំងនេះ​។ ប៉ុន្តែ​ប៉ូល​ស្នើ​ឲ្យ​ឃុំ​គាត់​ដើម្បីឲ្យ​ព្រះចៅអធិរាជ​កាត់ក្ដី ដូច្នេះ​ខ្ញុំព្រះបាទ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូតដល់​ពេល​ខ្ញុំព្រះបាទ​បញ្ជូន​គាត់​ទៅ​សេសារ​”។ ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “​ខ្លួនខ្ញុំផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ​”​។ ភេស្ទុស​ទូលថា​៖ “​ព្រះករុណា​នឹង​បាន​ស្ដាប់​គាត់ នៅ​ថ្ងៃស្អែក​”។ នៅ​ថ្ងៃបន្ទាប់ អ័គ្រីប៉ា និង​បេរេនីស​បាន​យាង​មក​យ៉ាងអធិកអធម ហើយ​ចូលទៅ​ក្នុង​សាលសវនាការ​ជាមួយ​ពួក​មេបញ្ជាការ និង​ពួក​អ្នកមានឋានៈខ្ពស់​នៃ​ទីក្រុង​នោះ។ បន្ទាប់មក ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។ ភេស្ទុស​មានប្រសាសន៍ថា​៖ “​ព្រះបាទ​អ័គ្រីប៉ា និង​អស់លោក​ដែល​មានវត្តមាន​ជាមួយ​យើងខ្ញុំ​អើយ សូម​មើល​បុរសនេះ​ដែល​ប្រជាជន​យូដា​ទាំងអស់​បាន​ប្ដឹង​មក​ខ្ញុំ ទាំង​នៅ​យេរូសាឡិម និង​នៅ​ទីនេះ​ផង ដោយ​ស្រែកថា​មិន​ត្រូវ​ឲ្យ​គាត់​រស់នៅ​តទៅទៀត​ទេ​។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។ ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។ ដ្បិត​ខ្ញុំ​យល់ឃើញថា​មិនសមទេ ដែល​បញ្ជូន​អ្នកទោស​ទៅ​ដោយ​មិន​បញ្ជាក់​បណ្ដឹង​អំពី​គាត់​”៕ ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “​អ្នក​មានសិទ្ធិ​និយាយ​អំពី​ខ្លួនឯង​បាន​”​។ ប៉ូល​ក៏​លាត​ដៃ ហើយ​ចាប់ផ្ដើម​ឆ្លើយការពារខ្លួន​ថា​៖ “​ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​ចាត់ទុក​ខ្លួនឯង​ថា​មានភ័ព្វសំណាង ដែល​អាច​ឆ្លើយការពារខ្លួន​នៅមុខ​ព្រះករុណា​នៅ​ថ្ងៃនេះ ទាក់ទងនឹង​ការ​ទាំងអស់​ដែល​ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​នោះ ជាពិសេស ដោយសារ​ព្រះករុណា​ជា​អ្នកជំនាញ​ខាង​ទំនៀមទម្លាប់ និង​បញ្ហា​ទាំងអស់​របស់​ជនជាតិយូដា​។ ដូច្នេះ ខ្ញុំព្រះបាទ​សូមអង្វរ​ឲ្យ​ព្រះករុណា​សណ្ដាប់​ខ្ញុំព្រះបាទ​ដោយអនុគ្រោះ​ផង​។ “​ពិតណាស់ហើយ ជនជាតិយូដា​ទាំងអស់​ស្គាល់​របៀបរស់នៅ​របស់ខ្ញុំព្រះបាទ​តាំងពី​យុវវ័យ​មកម្ល៉េះ គឺ​របៀបដែល​ខ្ញុំព្រះបាទ​នៅ​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម​កាលពីដំបូង​។ ពួកគេ​ស្គាល់​ខ្ញុំព្រះបាទ​តាំងពីយូរមកហើយ ហើយ​ពួកគេ​អាច​ធ្វើបន្ទាល់​បាន ប្រសិនបើ​ចង់ ថា​ខ្ញុំព្រះបាទ​បាន​រស់នៅ​ជា​ពួកផារិស៊ី​ស្របតាម​និកាយ​ដ៏តឹងរ៉ឹងបំផុត​នៃ​សាសនា​របស់យើង​។ ឥឡូវនេះ ខ្ញុំព្រះបាទ​កំពុង​ឈរ​ទទួល​ការ​កាត់ក្ដី​ដោយសារតែ​សេចក្ដីសង្ឃឹម​ចំពោះ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​តាំង​នឹង​ដូនតា​របស់យើង គឺ​សេចក្ដីសន្យា​ដែល​កុលសម្ព័ន្ធទាំងដប់ពីរ​របស់យើង​បាន​បម្រើ​ព្រះ​យ៉ាងអស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​។ ព្រះរាជា ​អើយ ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​អំពី​សេចក្ដីសង្ឃឹម​នេះ​ឯង​។ ហេតុអ្វីបានជា​អស់លោក​យល់ឃើញ​ថា ការ​ដែល​ព្រះ​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​នោះ ជា​ការ​មិនគួរឲ្យជឿ​ដូច្នេះ​? ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ហើយ​ខ្ញុំព្រះបាទ​បាន​ធ្វើ​ការនេះ​នៅ​យេរូសាឡិម​។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទ​បាន​ឃុំឃាំង​វិសុទ្ធជន​ជាច្រើន​ក្នុង​គុក ដោយ​ទទួល​សិទ្ធិអំណាច​ពី​ពួក​នាយកបូជាចារ្យ ថែមទាំង​បោះឆ្នោតគាំទ្រ​ទៀតផង ពេល​ពួកគេ​ត្រូវ​សម្លាប់​។ នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។ “​នៅគ្រានោះ ខ្ញុំព្រះបាទ​បាន​ធ្វើដំណើរ​ទៅ​ដាម៉ាស់ ដោយ​ទទួល​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​នាយកបូជាចារ្យ​។ ព្រះរាជា​អើយ នៅពេល​ថ្ងៃត្រង់ កាល​កំពុង​ធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទ​ឃើញ​ពន្លឺ​មួយ​ពីលើមេឃ​ដែល​ភ្លឺ​ជាង​ព្រះអាទិត្យ ចាំងជុំវិញ​ខ្ញុំព្រះបាទ និង​ពួក​អ្នក​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំព្រះបាទ​។ ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​: ‘​សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ​’​។ “​ខ្ញុំព្រះបាទ​ទូលថា​: ‘​ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?​’​។ “​ព្រះអម្ចាស់ ​មានបន្ទូលថា​: ‘​យើង​គឺ​យេស៊ូវ ដែល​អ្នក​កំពុង​បៀតបៀន​។ ចូរ​ក្រោកឡើង ហើយ​ឈរ​ដោយ​ជើង​អ្នក​ចុះ​! ដ្បិត​យើង​បាន​លេចមក​ដល់​អ្នក​ដើម្បី​ការនេះ គឺ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ការ​ដែល​អ្នក​បាន​ឃើញ​យើង ព្រមទាំង​អំពី​អ្វីដែល​យើង​នឹង​សម្ដែង​ដល់​អ្នក​។ យើង​នឹង​រំដោះ​អ្នក​ចេញពី​ប្រជាជន​អ៊ីស្រាអែល ​ និង​ពី​សាសន៍ដទៃ​។ ​ យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​រក​ពួកគេ ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង​’​។ “​ដូច្នេះ ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​មិន​បាន​ជំទាស់​នឹង​និមិត្ត​នៃស្ថានសួគ៌​នេះ​ទេ​។ មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។ ដោយសារតែ​ការទាំងនេះ ពួកយូដា​បាន​ចាប់​ខ្ញុំព្រះបាទ ពេល​ខ្ញុំព្រះបាទ​នៅ​ក្នុង​ព្រះវិហារ ហើយ​ព្យាយាម​សម្លាប់​ខ្ញុំព្រះបាទ​។ យ៉ាងណាមិញ ដោយ​ទទួល​ការជួយ​ពី​ព្រះ ខ្ញុំព្រះបាទ​បាន​ឈរ​ធ្វើបន្ទាល់ ដល់​អ្នកតូច​ផង ដល់​អ្នកធំ​ផង រហូតដល់​ថ្ងៃ​នេះ​។ ខ្ញុំព្រះបាទ​មិន​និយាយ​អ្វី ក្រៅពី​សេចក្ដី​ដែល​បណ្ដា​ព្យាការី និង​ម៉ូសេ​បាន​ថ្លែងថា​នឹង​កើតឡើង​នោះ​ទេ គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង​”។ ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!​”​។ ប៉ូល ​តបថា​៖ “​ឯកឧត្ដម​ភេស្ទុស​អើយ ខ្ញុំ​មិន​ឆ្កួត​ទេ​។ ផ្ទុយទៅវិញ ខ្ញុំ​កំពុង​និយាយ​ពាក្យ​ពិត និង​សមហេតុផល​ទេតើ​។ ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។ ព្រះបាទ​អ័គ្រីប៉ា​អើយ តើ​ព្រះករុណា​ជឿ​បណ្ដា​ព្យាការី​ឬទេ​? ខ្ញុំព្រះបាទ​ដឹង​ថា​ព្រះករុណា​ជឿ​ហើយ​”។ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “​អ្នក​ចង់​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើជា​គ្រីស្ទាន ដោយ​ពាក្យ​តែបន្តិច​ឬ​?​”​។ ប៉ូល​ទូលថា​៖ “​ទោះបីជា​ពាក្យ​បន្តិច ឬ​ច្រើន​ក៏ដោយ ក៏​ខ្ញុំព្រះបាទ​សូម​អធិស្ឋាន​ទៅ​ព្រះ មិនគ្រាន់តែ​សម្រាប់​ព្រះករុណា​ប៉ុណ្ណោះទេ គឺ​សម្រាប់​អស់អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំព្រះបាទ​នៅ​ថ្ងៃនេះ ឲ្យ​បាន​ដូចជា​ខ្ញុំព្រះបាទ​ដែរ ប៉ុន្តែ​កុំឲ្យ​ជាប់ច្រវាក់​ទាំងនេះ​!​”។ បន្ទាប់មក ទាំង​ស្ដេច អភិបាល និង​បេរេនីស ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយជាមួយ​ពួកគេ​ក៏​ក្រោកឡើង​។ លុះ​ចេញទៅ​ខាងក្រៅ ពួកគេ​និយាយ​គ្នា​ថា​៖ “​បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​”។ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “​បុរស​នេះ​អាច​ដោះលែង​បាន ប្រសិនបើ​មិន​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​”៕ នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។ មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។ នៅ​ថ្ងៃ​បន្ទាប់ យើង​ចូលចត​នៅ​ស៊ីដូន​។ យូលាស​បាន​ប្រព្រឹត្ត​ដល់​ប៉ូល​ដោយសប្បុរស គឺ​លោក​បាន​អនុញ្ញាតឲ្យ​ប៉ូល​ទៅ​ជួប​មិត្តភក្ដិ ដើម្បី​បាន​ការទទួលយ៉ាងកក់ក្ដៅ​ពីពួកគេ​។ ពីទីនោះ យើង​ចេញសំពៅ ហើយ​សសៀរតាម​ស៊ីពរ៍ ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ក្រោយពី​ធ្វើដំណើរឆ្លងកាត់​សមុទ្រល្វឹងល្វើយ​តាមបណ្ដោយ​គីលីគា និង​ប៉ាមភីលា យើង​ក៏​ចូលចត​នៅ​មីរ៉ា​ក្នុង​លូគា​។ នៅទីនោះ មេទាហានលើមួយរយនាក់​រកបាន​សំពៅ​មួយ​ពី​អ័លេក្សានទ្រា ដែល​កំពុង​ធ្វើដំណើរ​ទៅ​អ៊ីតាលី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅនោះ​។ បន្ទាប់មក យើង​ធ្វើដំណើរយឺតៗ​ជាច្រើន​ថ្ងៃ ហើយ​មកដល់​តាមបណ្ដោយ​គ្នីដូស​ទាំងពិបាក​។ ដោយសារ​ខ្យល់​មិន​ព្រមឲ្យ​យើង​ទៅមុខបាន យើង​ក៏​សសៀរតាម​ក្រែត​ទល់មុខនឹង​សាលម៉ូនេ​។ ក្រោយពី​ធ្វើដំណើរសសៀរ​កោះនោះ​ទាំងពិបាក យើង​ក៏​មកដល់​កន្លែង​មួយ​ដែល​ហៅថា “​កំពង់ផែ​ល្អ​” ដែល​មាន​ទីក្រុង​ឡាសេ​នៅ​ជិត​។ ដោយព្រោះ​ច្រើន​ថ្ងៃ​បាន​កន្លងផុតទៅ ហើយ​ការធ្វើដំណើរតាមសមុទ្រ​ស្ថិតក្នុងភាពគ្រោះថ្នាក់ ដ្បិត​បុណ្យតមអាហារ ​ក៏​កន្លងផុតទៅ​ហើយ ដូច្នេះ​ប៉ូល​ក្រើនរំលឹក​ទាំងអស់គ្នា ថា​៖ “​អ្នករាល់គ្នា​អើយ ខ្ញុំ​យល់ឃើញ​ថា ដំណើរតាមសមុទ្រ​ខាងមុខ​នេះ នឹង​មាន​គ្រោះថ្នាក់ និង​ការខាតបង់​ជាច្រើន មិនគ្រាន់តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ជីវិត​របស់យើង​ទៀតផង​”​។ ប៉ុន្តែ​មេទាហានលើមួយរយនាក់​ទុកចិត្ត​នាយនាវា និង​ម្ចាស់សំពៅ​ជាជាង​អ្វី​ដែល​ប៉ូល​និយាយ ណាមួយ​កំពង់ផែ​នេះ​មិនស្រួល​សម្រាប់​ការចាំឲ្យផុតរដូវរងា ដូច្នេះ​ពួកគេ​ភាគច្រើន​ចេញយោបល់​ឲ្យ​ចេញសំពៅ​ពីទីនោះ ក្រែងលោ​អាច​ទៅដល់​ហ្វេនីច​បាន ដើម្បី​ចាំឲ្យផុតរដូវរងា​។ ហ្វេនីច​ជា​កំពង់ផែ​មួយ​នៅ​ក្រែត ដែល​បែរមុខ​ទៅ​ទិសខាងត្បូងឆៀងខាងលិច និង​ទិសខាងជើងឆៀងខាងលិច​។ ពេលនោះ ខ្យល់ទិសខាងត្បូង​បក់រំភើយៗ​មក នោះ​ពួកគេ​គិតថា​បាន​សម្រេច​តាម​បំណង​ហើយ ក៏​លើក​យុថ្កា ធ្វើដំណើរសសៀរ​ក្បែរ​ឆ្នេរ​ក្រែត​។ ប៉ុន្តែ​ក្រោយមកមិនយូរប៉ុន្មាន មាន​ខ្យល់ព្យុះ​ដែល​គេ​ហៅថា “​ខ្យល់ឦសាន​” បាន​បក់បោក​ពី​កោះនោះ​មក​។ ដោយសារ​សំពៅ​ជាប់​ក្នុងខ្យល់ព្យុះនោះ ហើយ​មិនអាច​បើកបញ្ច្រាស​ខ្យល់​បាន យើង​ក៏​បណ្ដោយឲ្យ​សំពៅ​រសាត់តាមខ្យល់​ទៅ​។ នៅពេល​សសៀរពីក្រោយ​កោះតូច​មួយ​ដែល​ហៅថា​ក្លូដេ ទើប​យើង​គ្រប់គ្រង​សំប៉ាន​បាន​ទាំងពិបាក​។ ក្រោយពី​លើក​សំប៉ាន​ហើយ គេ​យក​ខ្សែពួរ​ចងព័ទ្ធ​សំពៅ​។ ដោយសារ​គេ​ខ្លាច ក្រែងលោ​កឿង​នឹង​ពំនូកខ្សាច់​សៀរទីស ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ ទុកឲ្យ​សំពៅ​រសាត់តាមខ្យល់​។ យើង​នៅតែ​ត្រូវ​ព្យុះ​បក់បោក​យ៉ាងខ្លាំង ដូច្នេះ​នៅ​ថ្ងៃ​បន្ទាប់ គេ​ក៏​ចាប់ផ្ដើម​បោះទំនិញចោលក្នុងសមុទ្រ​។ នៅ​ថ្ងៃ​ទីបី គេ​ក៏​បោះ​ឧបករណ៍​សំពៅ​ចោល​ដោយផ្ទាល់ដៃ​។ កាល​មិន​ឃើញ​ព្រះអាទិត្យ ឬ​ផ្កាយ​អស់រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​ខ្យល់ព្យុះ​ដ៏ខ្លាំង​នៅតែ​បក់គំហុក នៅទីបំផុត​សេចក្ដីសង្ឃឹម​ទាំងអស់​ដែល​យើង​នឹង​រួចជីវិត ក៏​រលាយបាត់ទៅ​។ ក្រោយពី​ទាំងអស់គ្នា​មិនបានហូបអាហារ​អស់រយៈពេល​យ៉ាងយូរ ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​និយាយថា​៖ “‍ឱ អ្នករាល់គ្នា​អើយ! អ្នករាល់គ្នា​គួរតែ​បាន​ស្ដាប់តាម​ខ្ញុំ ហើយ​មិន​ចេញសំពៅ​ពី​ក្រែត នោះ​បងប្អូន​មិន​ជួប​គ្រោះថ្នាក់ និង​ការខាតបង់​បែបនេះ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូម​ក្រើនរំលឹក​អ្នករាល់គ្នា​ឲ្យ​មានទឹកចិត្តឡើង ពីព្រោះ​គ្មាន​ការបាត់បង់​ជីវិត​ក្នុងចំណោម​អ្នករាល់គ្នា​ទេ មានតែ​សំពៅ​ប៉ុណ្ណោះ​ដែលនឹងបាត់បង់​។ ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​និយាយថា​: ‘​កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ​’​។ ដូច្នេះ អ្នករាល់គ្នា​អើយ ចូរ​មានទឹកចិត្តឡើង ដ្បិត​ខ្ញុំ​ជឿ​ព្រះ​ថា​នឹង​កើតមាន​ដូច្នោះ ដូចដែល​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ហើយ​។ យ៉ាងណាមិញ យើង​ត្រូវតែ​កឿង​លើ​កោះ​ណាមួយ​”។ លុះដល់​យប់​ទីដប់បួន នៅពេល​យើង​នៅតែ​រសាត់អណ្ដែត​លើ​សមុទ្រអាឌ្រា ប្រហែលជា​កណ្ដាលអធ្រាត្រ ពួក​អ្នកដើរសំពៅ​ស្មានថា​ជិតដល់​ដីគោក​ណាមួយ ក៏​ស្ទង់ជម្រៅទឹក​មើល៍ ហើយ​ឃើញថា​មាន​សាមសិបប្រាំពីរម៉ែត្រ ​; លុះ​ទៅមុខ​បន្តិច​ទៀត ពួកគេ​ក៏​ស្ទង់​ម្ដងទៀត ហើយ​ឃើញថា​មាន​ម្ភៃប្រាំពីរម៉ែត្រ ​។ ដោយ​ខ្លាច​ក្រែងលោ​កឿង​លើ​កន្លែង​ថ្ម​ណាមួយ ពួកគេ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្សៃសំពៅ ទាំង​ទន្ទឹងរង់ចាំ​ឲ្យ​ភ្លឺឡើង​។ ពេលនោះ ពួក​អ្នកដើរសំពៅ​ចង់​រត់ចោល​សំពៅ ក៏​ទម្លាក់​សំប៉ាន​ចុះ​ទៅក្នុង​សមុទ្រ ធ្វើពុត​ដូចជា​បម្រុងនឹង​ទម្លាក់​យុថ្កា​ពី​ក្បាលសំពៅ​។ ប៉ូល​ប្រាប់​មេទាហានលើមួយរយនាក់ និង​ពួក​ទាហាន​ថា​៖ “​ប្រសិនបើ​អ្នកទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អស់លោក​មិនអាច​រួចជីវិត​បានឡើយ​”។ ដូច្នេះ ពួក​ទាហាន​ក៏​កាត់​ខ្សែ​សំប៉ាន​ចោល ឲ្យ​វា​ធ្លាក់ទៅបាត់​។ ពេលជិតភ្លឺ ប៉ូល​ជំរុញ​ទាំងអស់គ្នា​ឲ្យ​ហូបអាហារ ដោយ​និយាយថា​៖ “​ថ្ងៃនេះ​ជា​ថ្ងៃ​ទីដប់បួន​ហើយ ដែល​អ្នករាល់គ្នា​រង់ចាំ​រហូត​ដោយអត់អាហារ មិន​បាន​ហូប​អ្វីសោះ​។ ដូច្នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ហូបអាហារ​ទៅ ពីព្រោះ​ការនេះ​ជា​ប្រយោជន៍ឲ្យ​អ្នករាល់គ្នា​រួចជីវិត​។ ជាការពិត គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា នឹង​បាត់​សក់​សូម្បីតែ​មួយ​សរសៃ​ពី​ក្បាល​ឡើយ ​”​។ កាល​និយាយ​ដូច្នេះ​ហើយ ប៉ូល​ក៏​យក​នំប៉័ង អរព្រះគុណ​ដល់​ព្រះ​នៅមុខ​ទាំងអស់គ្នា រួច​កាច់​នំប៉័ងនោះ ហើយ​ចាប់ផ្ដើម​ហូប​។ នោះ​ទាំងអស់គ្នា​ក៏​មានទឹកចិត្តឡើង ហើយ​ពួកគេ​បាន​ហូប​អាហារ​ដែរ​។ នៅក្នុង​សំពៅ មាន​មនុស្ស ​ទាំងអស់​ពីររយ​ចិតសិប​ប្រាំមួយ​នាក់​។ បន្ទាប់ពី​បាន​ហូប​អាហារ​ឆ្អែត​ហើយ ពួកគេ​ក៏​សម្រាល​សំពៅ ដោយ​បោះ​ស្រូវ​ចោល​ទៅក្នុង​សមុទ្រ​។ លុះ​ព្រលឹមឡើង ពួកគេ​មើល​មិន​ស្គាល់​ស្រុក​នោះ​ទេ ប៉ុន្តែ​ពួកគេ​ឃើញ​ឆកសមុទ្រ​មួយ​ដែល​មាន​ឆ្នេរ ពួកគេ​ក៏​សម្រេចចិត្ត​ចូល​សំពៅ​ទៅបង្កឿង​នៅ​ទីនោះ ប្រសិនបើ​អាច​។ ដូច្នេះ ពួកគេ​កាត់​យុថ្កា​ទុកចោល​នៅក្នុង​សមុទ្រ ព្រមទាំង​ស្រាយ​ខ្សែ​ចង្កូត​ចេញ ហើយ​លើក​ក្ដោង​ឲ្យ​ត្រូវខ្យល់ តម្រង់ទៅ​រក​ឆ្នេរ​នោះ​។ ប៉ុន្តែ​ពួកគេ​ជួបប្រទះ​នឹង​កន្លែង​ខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យ​សំពៅ​កឿង ហើយ​ក្បាលសំពៅ​ជាប់​នៅនឹងថ្កល់ រីឯ​កន្សៃសំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំបែក​។ ពេលនោះ ពួក​ទាហាន​មាន​គម្រោង​សម្លាប់​ពួក​អ្នកទោស ក្រែងលោ​មាន​អ្នកណា​ម្នាក់​ហែល​គេចខ្លួន​។ ប៉ុន្តែ​មេទាហានលើមួយរយនាក់​ចង់​ជួយ​ប៉ូល​ឲ្យរួច ក៏​ឃាត់​ពួកគេ​មិនឲ្យ​ធ្វើតាម​គម្រោង​នេះ ទាំង​បញ្ជា​ឲ្យ​ពួក​អ្នក​ដែល​ចេះ​ហែល​លោតចុះ ឡើងទៅ​លើ​គោក​មុន រីឯ​អ្នក​ឯទៀត​វិញ ឲ្យ​តោង ​លើ​បន្ទះក្ដារ ឬ​តោង​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​។ ដូច្នេះ ទាំងអស់គ្នា​បាន​គេចរួច​ដល់​ដី​គោក​យ៉ាងនេះឯង​៕ ក្រោយពី​រួចជីវិត ទើប​យើង​ដឹង​ថា​កោះ​នោះ​ឈ្មោះ​ម៉ាល់ត៍​។ អ្នកស្រុក​នោះ​បាន​បង្ហាញ​ចិត្តសប្បុរស​មិន​ធម្មតា​ដល់​យើង​។ ដោយសារ​ធ្លាក់​ភ្លៀង និង​រងា​ផង ពួកគេ​ក៏​បង្កាត់​ភ្លើង​ទទួល​យើង​ទាំងអស់គ្នា​។ នៅពេល​ប៉ូល​ប្រមូល​មែកគុម្ពោត​មួយ​កង ហើយ​ដាក់​លើ​ភ្នក់ភ្លើង មាន​ពស់វែក​មួយ​ចេញមក​ដោយសារតែ​កម្ដៅ ចឹក​ដៃ​គាត់​ជាប់ ​។ កាល​អ្នកស្រុក​នោះ​ឃើញ​ពស់​កំពុង​សំយុងចុះ​ពី​ដៃ​របស់​គាត់ ពួកគេ​និយាយ​គ្នា​ថា​៖ “​អ្នក​នេះ​ប្រាកដជា​ឃាតករ​មែនហើយ ទោះបីជា​វា​គេចរួច​ពី​សមុទ្រ​ក៏ដោយ ក៏​ព្រះម៉ែនៃសេចក្ដីយុត្តិធម៌​មិន​ទុកឲ្យ​វា​នៅរស់​ដែរ​”​។ ក៏ប៉ុន្តែ​ប៉ូល​រលាស់​ពស់​នោះ​ទៅក្នុង​ភ្លើង ដោយ​មិន​រងទុក្ខ​អន្តរាយ​អ្វីឡើយ​។ ពួកគេ​ស្មានថា​គាត់​រៀបនឹង​ហើមឡើង ឬ​ដួល​ស្លាប់​ភ្លាម ប៉ុន្តែ​ពេល​ពួកគេ​រង់ចាំ​យូរ ហើយ​ឃើញថា​គ្មានអ្វី​ប្លែក​កើតឡើង​ដល់​គាត់​សោះ ពួកគេ​ក៏​ដូរគំនិត ហើយ​ពោលថា​គាត់​ជា​ព្រះ​វិញ​។ នៅ​ជិត​កន្លែង​នោះ មាន​ដី​របស់​មេគ្រប់គ្រង​កោះ​នោះ​ឈ្មោះ​ពូព្លាស​។ លោក​បាន​ទទួល​យើង​ឲ្យស្នាក់នៅ​យ៉ាងរាក់ទាក់​រយៈពេល​បី​ថ្ងៃ​។ ពេលនោះ ឪពុក​របស់​ពូព្លាស​កំពុង​ដេក ទាំង​រងទុក្ខ​ដោយ​គ្រុន និង​រាកមួល​។ ប៉ូល​ចូលទៅ​ជួប​គាត់ ហើយ​ប្រោស​គាត់​ឲ្យជា ដោយ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​។ ក្រោយពី​ការនេះ​បាន​កើតឡើង អ្នក​ឯទៀត​នៅ​កោះ​នោះ​ដែល​មានជំងឺ​ក៏​ចូលមក​ដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​ប្រោសឲ្យជា​។ ពួកគេ​គោរព​យើង​យ៉ាងខ្លាំង ហើយ​នៅពេល​យើង​ចេញសំពៅ ពួកគេ​បាន​ជួយឧបត្ថម្ភ​អ្វីៗ​ដែល​យើង​ត្រូវការ​។ បី​ខែ​ក្រោយមក យើង​បាន​ចេញដំណើរ​តាម​សំពៅ​មួយ​ពី​អ័លេក្សានទ្រា​ដែល​ចាំឲ្យផុតរដូវរងា​នៅ​កោះ​នោះ​។ សំពៅនោះ​មាន​រូបចម្លាក់​ព្រះជាបងប្អូនភ្លោះ​។ ពេល​ចូលចត​នៅ​ស៊ីរ៉ាគូស យើង​ស្នាក់នៅ​ទីនោះ​បី​ថ្ងៃ ហើយ​ចេញ​ពីទីនោះ​វាង​ទៅដល់​រេគាម​។ មួយ​ថ្ងៃ​ក្រោយមក មាន​ខ្យល់ទិសខាងត្បូង​បក់មក ហើយ​នៅថ្ងៃទីពីរ យើង​មកដល់​ពូទីយ៉ូលី​។ នៅទីនោះ យើង​ជួប​ពួក​បងប្អូន ហើយ​ពួកគេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ​ប្រាំពីរ​ថ្ងៃ​។ គឺ​ដូច្នោះឯង ដែល​យើង​ទៅដល់​រ៉ូម​។ នៅពេល​ឮ​ដំណឹង​អំពី​យើង ពួក​បងប្អូន​ក៏​ចេញ​ពីទីនោះ​មក​រហូតដល់​ផ្សារ​អាប់ពីយូស និង​ផ្ទះសំណាក់​បី ដើម្បី​ទទួល​យើង​។ កាល​ឃើញ​ពួកគេ ប៉ូល​ក៏​អរព្រះគុណ​ដល់​ព្រះ ហើយ​មាន​ចិត្តក្លាហាន​ឡើង​។ ក្រោយពី​យើង​ចូលទៅ​រ៉ូម គេ​បាន​អនុញ្ញាតឲ្យ​ប៉ូល​ស្នាក់នៅ​ម្នាក់ឯង ដោយមាន​ទាហាន​ម្នាក់​យាម​គាត់​។ បី​ថ្ងៃ​ក្រោយមក ប៉ូល ​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “​បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។ នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។ ប៉ុន្តែ​ដោយសារ​ពួកយូដា​ចេះតែ​ប្រកែក ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​។ នេះ​មិនមែន​ថា​ខ្ញុំ​មាន​អ្វី​ចោទប្រកាន់​ជនរួមជាតិ​របស់ខ្ញុំ​ទេ​។ ហេតុនេះហើយបានជា​ខ្ញុំ​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​មក​ជួប និង​សន្ទនា ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារតែ​សេចក្ដីសង្ឃឹម​នៃ​អ៊ីស្រាអែល​”​។ ពួកគេ​ក៏​និយាយ​នឹង​ប៉ូល​ថា​៖ “​យើង​មិន​បាន​ទទួល​សំបុត្រ​ពី​យូឌា ស្ដីអំពី​លោក​ឡើយ ហើយក៏គ្មាន​អ្នកណា​ក្នុង​បងប្អូនរួមជាតិ​មក​រាយការណ៍ ឬ​និយាយ​អ្វី​អាក្រក់​អំពី​លោក​ដែរ​។ ប៉ុន្តែ​យើង​គិតថាគួរ​ស្ដាប់​គំនិត​របស់​លោក​ពី​លោក ដ្បិត​យើង​ដឹងច្បាស់​ថា នៅ​គ្រប់ទីកន្លែង គេ​និយាយប្រឆាំង​នឹង​និកាយ​នេះ​មែន​”​។ ដូច្នេះ ពួកគេ​បាន​កំណត់​ថ្ងៃ​ជួប​ប៉ូល នោះ​មាន​មនុស្ស​ច្រើនជាងមុន​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​ស្នាក់នៅ​។ គាត់​ក៏​ពន្យល់​ដល់​ពួកគេ​តាំងពី​ព្រលឹម​រហូតដល់​ល្ងាច ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​អាណាចក្រ​របស់​ព្រះ ព្រមទាំង​បញ្ចុះបញ្ចូល​ពួកគេ​អំពី​ព្រះយេស៊ូវ ដោយអាង​លើ​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​គម្ពីរ​ព្យាការី​។ មាន​អ្នកខ្លះ​ទទួលជឿ​ដោយសារ​អ្វី​ដែល​គាត់​និយាយ ប៉ុន្តែ​អ្នកខ្លះទៀត​នៅតែ​មិនជឿ​។ នៅពេល​ពួកគេ​កំពុង​រំសាយ ទាំង​ខ្វែងគំនិត​គ្នា ប៉ូល​ក៏​និយាយ​មួយ​ពាក្យ​ទៀត​ថា​៖ “​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែង​ដល់​ដូនតា​របស់អ្នករាល់គ្នា តាមរយៈ​ព្យាការី​អេសាយ​ត្រូវ​ហើយ ថា​: ‘​ចូរ​ទៅរក​ជនជាតិ​នេះ ហើយ​និយាយថា​: អ្នករាល់គ្នា​នឹង​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់​សោះឡើយ​; អ្នករាល់គ្នា​នឹង​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក​សោះឡើយ​; ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា​’​។ ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹងច្បាស់​ថា សេចក្ដីសង្គ្រោះ​នេះ​របស់​ព្រះ បាន​ប្រទាន​ដល់​សាសន៍ដទៃ​វិញ ហើយ​ពួកគេ​នឹង​ស្ដាប់​!​”​។ ពេល​គាត់​និយាយ​សេចក្ដីទាំងនេះ​ហើយ ពួក​ជនជាតិយូដា​ក៏​ចាកចេញទៅ ទាំង​ជជែក​គ្នា​យ៉ាងខ្លាំង​។ រីឯ​ប៉ូល​បាន​ស្នាក់នៅ​ផ្ទះជួល​របស់គាត់​ពេញ​ពីរឆ្នាំ ហើយ​ទទួល​អស់អ្នក​ដែល​មក​ជួប​គាត់​។ គាត់​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​បង្រៀន​សេចក្ដី​ដែល​ទាក់ទងនឹង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដោយ​បើកចំហ គ្មានការហាមឃាត់​ឡើយ​៕​៚ ពី​ខ្ញុំ ប៉ូល បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក ទាំង​ត្រូវបាន​ញែកចេញ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ ដំណឹងល្អនេះ​ជា​អ្វីដែល​ព្រះអង្គ​បាន​សន្យាទុកមុន តាមរយៈ​បណ្ដា​ព្យាការី​របស់​ព្រះអង្គ នៅក្នុង​ព្រះគម្ពីរ​ដ៏វិសុទ្ធ អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ ហើយ​បើគិតតាម​ព្រះវិញ្ញាណ​នៃ​សេចក្ដីវិសុទ្ធ ព្រះអង្គ​ត្រូវបាន​តែងតាំង​ជា​ព្រះបុត្រារបស់ព្រះ​ក្នុង​ព្រះចេស្ដា ដោយ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ យើង​បាន​ទទួល​ព្រះគុណ និង​មុខងារជាសាវ័ក តាមរយៈ​ព្រះអង្គ ដើម្បីឲ្យ​មាន​ការស្ដាប់បង្គាប់​ដែលមកពី​ជំនឿ ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់ ដើម្បី​ព្រះនាម​របស់​ព្រះអង្គ​។ ក្នុងចំណោម​ប្រជាជាតិទាំងនោះ ក៏​មាន​អ្នករាល់គ្នា​ដែរ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ​ឲ្យទៅជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ជាបឋម ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ អំពី​អ្នក​ទាំងអស់គ្នា ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ត្រូវបាន​ប្រកាស​នៅ​ទូទាំង​ពិភពលោក​។ ជាការពិត ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់ខ្ញុំ ក្នុង​ការប្រកាស​ដំណឹងល្អ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ គឺជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹកចាំ​អំពី​អ្នករាល់គ្នា​ឥតឈប់ឈរ​យ៉ាងណា ទាំង​ទូល​អង្វរ​ជានិច្ច​នៅក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ថា ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ខ្ញុំ​គង់តែ​មករក​អ្នករាល់គ្នា​ក្នុងថ្ងៃណាមួយ​ដោយជោគជ័យ​។ ដ្បិត​ខ្ញុំ​ចង់​ជួប​អ្នករាល់គ្នា​ខ្លាំងណាស់ ដើម្បី​បាន​ចែក​អំណោយទាន​ខាងវិញ្ញាណ​ខ្លះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រឹងមាំ ពោលគឺ ដើម្បីឲ្យ​យើង​បាន​លើកទឹកចិត្តគ្នាទៅវិញទៅមក​ពេល​នៅជាមួយ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់​ម្នាក់ៗ ទាំង​ខ្ញុំ និង​អ្នករាល់គ្នា​។ បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។ ខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ ​ទាំង​ជនជាតិក្រិក និង​ជនជាតិដែលគ្មានអារ្យធម៌ ទាំង​មនុស្ស​មានប្រាជ្ញា និង​មនុស្ស​ល្ងង់ខ្លៅ​។ ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។ ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ ​។ ដ្បិត​សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​ដំណឹងល្អនេះ ដោយ​ចាប់ផ្ដើមពី​ជំនឿ​ទៅក្នុង​ជំនឿ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​”។ ជាការពិត ព្រះពិរោធ​របស់​ព្រះ​កំពុង​ត្រូវបាន​សម្ដែង​ចេញពី​លើមេឃ ទាស់នឹង​គ្រប់ទាំង​ការមិនគោរពព្រះ និង​សេចក្ដីទុច្ចរិត របស់​មនុស្ស​ដែល​បង្អាក់​សេចក្ដីពិត​ដោយ​សេចក្ដីទុច្ចរិត ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​អំពី​ព្រះ​បាន នោះ​ជាក់ច្បាស់​ដល់​ពួកគេ​ហើយ ពីព្រោះ​ព្រះ​បាន​សម្ដែង​ដល់​ពួកគេ​។ ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។ ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។ ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ រហូតដល់​ជំនួស​សិរីរុងរឿង​នៃ​ព្រះ​ដ៏អមតៈ ដោយ​រូបសំណាក​ដែល​ប្រដូចនឹង​មនុស្ស បក្សាបក្សី សត្វជើងបួន និង​សត្វលូនវារ ដែលរមែងតែងតែស្លាប់​។ ដោយហេតុនេះ ព្រះ​បាន​ប្រគល់​ពួកគេ​ទៅ​ភាពស្មោកគ្រោក តាម​តណ្ហា​នៃ​ចិត្ត​របស់​ពួកគេ ធ្វើឲ្យ​ពួកគេ​បន្ថោក​រូបកាយ​របស់​ខ្លួនពួកគេ​ទៅវិញទៅមក​។ ពួកគេ​បាន​ជំនួស​សេចក្ដីពិត​របស់​ព្រះ ដោយ​សេចក្ដីកុហក ហើយ​ថ្វាយបង្គំ និង​បម្រើ​អ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាង​ព្រះអង្គ​ដែល​និម្មិតបង្កើត​។ ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត​! អាម៉ែន​។ ហេតុនេះហើយបានជា​ព្រះ​ប្រគល់​ពួកគេ​ទៅក្នុង​តណ្ហា​ថោកទាប ហើយ​សូម្បីតែ​ស្រី‍ៗ​របស់​ពួកគេ​ក៏​ប្ដូរ​ទំនាក់ទំនង​តាមធម្មជាតិ ទៅនឹង​ទំនាក់ទំនង​ដែល​ខុសធម្មជាតិ​វិញ រីឯ​ប្រុស​ៗ​ក៏​ដូចគ្នាដែរ ពួកគេ​បាន​បោះបង់ចោល​ទំនាក់ទំនង​តាមធម្មជាតិ​ជាមួយ​មនុស្សស្រី ហើយ​ពុះកញ្ជ្រោល​ក្នុង​តណ្ហា​នឹង​គ្នាទៅវិញទៅមក គឺ​ប្រុស​ប្រព្រឹត្ត​អំពើគួរឲ្យអាម៉ាស់​ជាមួយនឹង​ប្រុស ហើយក៏​ទទួល​ទោស​ដែល​សម​នឹង​កំហុស​របស់​ពួកគេ​មកលើ​ខ្លួន​។ ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។ ពួកគេ​ពោរពេញ​ទៅដោយ​សេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និង​សេចក្ដីព្យាបាទ​គ្រប់យ៉ាង​។ ពួកគេ​ពេញ​ដោយ​ការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និង​ការព្យាបាទ​។ ពួកគេជា​មនុស្ស​និយាយដើមគេ មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើត​អំពើ​អាក្រក់ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​ល្ងីល្ងើ មនុស្ស​មិនស្មោះត្រង់ មនុស្ស​គ្មានមនោសញ្ចេតនា និង​មនុស្ស​គ្មានមេត្តា​។ ទោះបីជា​ពួកគេ​ស្គាល់​បទបញ្ញត្តិ​របស់​ព្រះ​ដែល​ថា អ្នក​ដែល​ប្រព្រឹត្ត​បែបនេះ សមតែ​ស្លាប់​ក៏ដោយ ក៏​ពួកគេ​មិនគ្រាន់តែ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​យល់ស្រប​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើទាំងនេះ​ទៀតផង​៕ ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។ មួយវិញទៀត យើង​ដឹង​ហើយ​ថា ការជំនុំជម្រះ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ គឺ​ស្របតាម​សេចក្ដីពិត​។ ឱ មនុស្ស​អើយ! អ្នក​វិនិច្ឆ័យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ ប៉ុន្តែ​ខ្លួនឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ តើ​អ្នក​គិត​ថា​អ្នក​នឹង​រួចខ្លួន​ពី​ការជំនុំជម្រះ​របស់​ព្រះ​ឬ​? ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​? ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។ ព្រះ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់​គេ​រៀងៗខ្លួន​។ ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។ ទុក្ខវេទនា និង​ការលំបាក​នឹងមាន​ដល់​អស់ទាំង​ព្រលឹង​របស់​មនុស្ស​ដែល​ប្រព្រឹត្តការអាក្រក់ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ រីឯ​សិរីរុងរឿង កិត្តិយស និង​សេចក្ដីសុខសាន្ត​នឹងមាន​ដល់​អស់អ្នក​ដែល​ប្រព្រឹត្តការល្អ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ ​។ ដ្បិត​ចំពោះ​ព្រះ គ្មាន​ការលំអៀង​ឡើយ​។ អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​ដោយ​គ្មានក្រឹត្យវិន័យ នោះ​នឹង​វិនាស​ដោយ​គ្មានក្រឹត្យវិន័យ រីឯ​អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​នៅក្រោម​ក្រឹត្យវិន័យ ក៏​នឹង​ត្រូវបាន​ជំនុំជម្រះ​តាម​ក្រឹត្យវិន័យ​។ ដ្បិត​មិនមែន​អ្នកស្ដាប់​ក្រឹត្យវិន័យ​ទេ ដែល​សុចរិត​នៅចំពោះ​ព្រះ គឺ​អ្នកធ្វើតាម​ក្រឹត្យវិន័យ​វិញ ដែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​។ តាមពិត កាលណា​សាសន៍ដទៃ​ដែល​គ្មាន​ក្រឹត្យវិន័យ ប្រព្រឹត្តតាម​សេចក្ដី​ក្នុង​ក្រឹត្យវិន័យ​ដោយ​សភាវគតិ នោះ​ពួកគេ​ជា​ក្រឹត្យវិន័យ​ដល់​ខ្លួនឯង​ហើយ ទោះបីជា​ពួកគេ​គ្មាន​ក្រឹត្យវិន័យ​ក៏ដោយ​។ ពួកគេ​កំពុង​អនុវត្តឲ្យឃើញ​នូវ​ការទាមទារ​របស់​ក្រឹត្យវិន័យ ​ដែល​មាន​ចារឹក​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​សតិសម្បជញ្ញៈ​របស់​ពួកគេ​ក៏​ធ្វើបន្ទាល់ជាមួយ​ដែរ​។ គំនិត​ក្នុង​ខ្លួនគេ​ក៏​ចោទ​គ្នាទៅវិញទៅមក ថែមទាំង​ដោះសា​ទៀតផង​។ តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ប្រសិនបើ​អ្នក​អះអាងថា ​អ្នក​ជា​ជនជាតិយូដា ហើយ​ពឹងផ្អែក​លើ​ក្រឹត្យវិន័យ និង​អួត​អំពី​ព្រះ ព្រមទាំង​ស្គាល់​បំណង​ព្រះហឫទ័យ ហើយ​ដឹងខុសដឹងត្រូវ​ដោយ​ទទួលការអប់រំ​ពី​ក្រឹត្យវិន័យ ហើយ​ជឿជាក់​ថា​ខ្លួនឯង​ជា​អ្នកនាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក ជា​ពន្លឺ​ដល់​អ្នក​ដែល​នៅក្នុង​សេចក្ដីងងឹត ជា​អ្នកអប់រំ​មនុស្ស​ល្ងង់ ជា​គ្រូបង្រៀន​របស់​កូនក្មេង មាន​បែបផែន​នៃ​ចំណេះដឹង និង​បែបផែន​នៃ​សេចក្ដីពិត​ក្នុង​ក្រឹត្យវិន័យ ចុះ​ខ្លួនអ្នក​ដែល​បង្រៀន​អ្នក​ដទៃ តើ​មិន​បង្រៀន​ខ្លួនឯង​ទេ​ឬ​? អ្នក​ដែល​ប្រកាស​កុំឲ្យ​លួច តើ​ខ្លួនអ្នក​លួច​ដែរឬ​? អ្នក​ដែល​និយាយថា កុំ​ផិតក្បត់ តើ​ខ្លួនអ្នក​ផិតក្បត់​ដែរឬ​? អ្នក​ដែល​ស្អប់ខ្ពើម​រូបបដិមាករ តើ​ខ្លួនអ្នក​ប្លន់វិហារ​ឬ​? អ្នកដែល​អួត​អំពី​ក្រឹត្យវិន័យ តើ​ខ្លួនអ្នក​បង្អាប់បង្អោន​ព្រះ ដោយ​ការល្មើស​ក្រឹត្យវិន័យ​ឬ​? ជាការពិត “​ព្រះនាម​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ក្នុងចំណោម​សាសន៍ដទៃ ដោយសារតែ​អ្នករាល់គ្នា​” ដូចដែល​មាន​សរសេរ​ទុកមក​។ ការកាត់ស្បែក​មានប្រយោជន៍​មែន ប្រសិនបើ​អ្នក​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ នោះ​ការកាត់ស្បែក​របស់អ្នក​ក៏​ត្រឡប់ជា​ការមិនបានកាត់ស្បែក​ទៅវិញ​។ ដូច្នេះ ប្រសិនបើ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​បាន​កាន់តាម​បទបញ្ញត្តិ​នៃ​ក្រឹត្យវិន័យ​ទៅហើយ តើ​ការមិនបានកាត់ស្បែក​របស់​អ្នកនោះ​មិន​ត្រូវបាន​រាប់​ជា​ការកាត់ស្បែក​វិញ​ទេ​ឬ​? ហើយ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ខាង​រូបកាយ ដែល​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ នឹង​ជំនុំជម្រះ​ខ្លួនអ្នក​ដែល​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ ទោះបីជាអ្នកមាន​ទាំង​គម្ពីរវិន័យ និង​ពិធីកាត់ស្បែក​ក៏ដោយ​។ តាមពិត មនុស្ស​ដែល​ជា​ជនជាតិយូដា​តែផ្នែកខាងក្រៅ មិនមែន​ជា​ជនជាតិយូដា​ទេ ហើយ​ការកាត់ស្បែក​លើ​រូបកាយ​ខាងក្រៅ ក៏មិនមែន​ជា​ការកាត់ស្បែក​ដែរ​។ ផ្ទុយទៅវិញ មនុស្ស​ដែល​ជា​ជនជាតិយូដា​ផ្នែកខាងក្នុង ទើបជា​ជនជាតិយូដា​ពិតប្រាកដ ហើយ​ការកាត់ស្បែក​នៅក្នុង​ចិត្ត គឺ​ការកាត់ស្បែក​តាម​វិញ្ញាណ មិនមែន​តាម​គម្ពីរវិន័យ ទើបជា​ការកាត់ស្បែក​ពិតប្រាកដ​។ មនុស្សបែបនេះ​ទទួល​ការសរសើរ មិនមែន​ពី​មនុស្ស​ទេ គឺ​ពី​ព្រះ​វិញ​៕ បើដូច្នេះ តើ​ជនជាតិយូដា​មាន​អ្វី​ពិសេសជាង​? ឬ​ការកាត់ស្បែក​មាន​ប្រយោជន៍​អ្វី​? មាន​ច្រើន​ទេតើ ក្នុង​គ្រប់ជំពូក​។ ដ្បិត​មុនដំបូង ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​មែន​។ ចុះ​តើ​ជា​អ្វីទៅ បើ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​មិនជឿ​? តើ​ភាពឥតជំនឿ​របស់​ពួកគេ នឹង​ធ្វើឲ្យ​ភាពស្មោះត្រង់​របស់​ព្រះ​ទៅជាមោឃៈ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ទោះបី​មនុស្ស​គ្រប់គ្នា​ជា​អ្នកភូតភរ​ក៏ដោយ ក៏​ព្រះ​នៅតែ​ពិតត្រង់​ដែរ​។ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​បញ្ជាក់ថាសុចរិត នៅពេល​ព្រះអង្គ​មានបន្ទូល ហើយ​មានជ័យជម្នះ នៅពេល​គេ​ជំនុំជម្រះ​ព្រះអង្គ​”។ ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​? ប៉ុន្តែ​ប្រសិនបើ​សេចក្ដីពិត​របស់​ព្រះ​ចម្រើនឡើង​ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះអង្គ ដោយសារតែ​ការភូតភរ​របស់ខ្ញុំ ចុះម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវបាន​ផ្ដន្ទាទោស​ដូចជា​មនុស្សបាប​? ដូច្នេះ ម្ដេចក៏​មិន​និយាយថា​: ‘​យើង​នាំគ្នា​ប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យ​កើតមាន​ការល្អ​’ ដូចដែល​អ្នកខ្លះ​និយាយ​មួលបង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ​? អ្នកទាំងនោះ​សមតែ​ទទួល​ការផ្ដន្ទាទោស​។ ចុះ​ម្ដេចទៅ​? តើ​ជនជាតិយូដាយើង​ល្អជាង​ឬ​? មិនមែន​ទាល់តែសោះ​! យើង​បាន​បញ្ជាក់ហើយ​ថា ទាំង​ជនជាតិយូដា និង​សាសន៍ដទៃ ​សុទ្ធតែ​ស្ថិតនៅ​ក្រោម​បាប ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​គ្មាន​មនុស្ស​សុចរិត​ឡើយ សូម្បីតែ​ម្នាក់​ក៏គ្មានផង​។ គ្មាន​អ្នកណា​ដែល​យល់ គ្មាន​អ្នកណា​ដែល​ស្វែងរក​ព្រះ​។ មនុស្ស​គ្រប់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាឥតប្រយោជន៍​ដូចៗគ្នា​; គ្មាន​អ្នកណា​សប្បុរស​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​។ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​តែងតែ​បោកបញ្ឆោត​ដោយ​អណ្ដាត បបូរមាត់​ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក មាត់​ពួកគេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា និង​ជាតិល្វីង ជើង​ពួកគេ​រហ័ស​នឹង​បង្ហូរ​ឈាម ផ្លូវ​របស់​ពួកគេ​មាន​តែ​សេចក្ដីហិនវិនាស និង​សេចក្ដីវេទនា​; ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព ឡើយ​។ គ្មាន​ការកោតខ្លាច​ព្រះ​សោះ នៅចំពោះ​ភ្នែក​ពួកគេ ”​។ យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។ ដ្បិត​គ្មាន​មនុស្សណាម្នាក់ ​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ ផ្ទុយទៅវិញ មាន​តែ​ការដឹងខ្លួន​នូវ​បាប តាមរយៈ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវនេះ សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​ដោយឡែកពី​ក្រឹត្យវិន័យ​ហើយ ព្រមទាំង​ត្រូវបាន​ធ្វើបន្ទាល់​ដោយ​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផង គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប ហើយ​ខ្វះមិនដល់​សិរីរុងរឿង​របស់​ព្រះ ប៉ុន្តែ​ពួកគេ​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ឥតគិតថ្លៃ ដោយ​ព្រះគុណ​របស់​ព្រះ និង​តាមរយៈ​សេចក្ដីប្រោសលោះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ព្រះ​បាន​កំណត់​ព្រះយេស៊ូវនេះ​ទុកមុន​ជា​យញ្ញបូជាលួងព្រះហឫទ័យ តាមរយៈ​ជំនឿ​លើ​ព្រះលោហិត​របស់​ព្រះយេស៊ូវ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​; ដ្បិត​ព្រះ​មិនប្រកាន់​បាប​ដែល​បាន​ប្រព្រឹត្តពីមុន​មក ដោយ​សេចក្ដីអនុគ្រោះ​របស់​ព្រះអង្គ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​នៅ​គ្រានេះ និង​ដើម្បី​សម្ដែងថា​អង្គទ្រង់​សុចរិតយុត្តិធម៌ ព្រមទាំង​បញ្ជាក់ថា​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ សុចរិត​ផងដែរ​។ ដោយហេតុនេះ តើ​ការអួតអាង​នៅ​ឯណា​? វា​ត្រូវបាន​ដកចេញ​ហើយ​។ តើ​ដោយ​ច្បាប់​អ្វី​? ដោយ​ច្បាប់​នៃ​ការប្រព្រឹត្ត​ឬ​? ទេ​! គឺ​ដោយ​ច្បាប់​នៃ​ជំនឿ​វិញ​។ ពោលគឺ យើង​យល់ឃើញថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ គឺ​ដោយឡែកពី​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ​។ តើ​ព្រះ​ជា​ព្រះ​របស់​ជនជាតិយូដា​តែប៉ុណ្ណោះ​ឬ​? តើ​មិនមែន​ជា​ព្រះ​របស់​សាសន៍ដទៃ​ដែរ​ទេ​ឬ​? ត្រូវហើយ ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍ដទៃ​ដែរ ពីព្រោះ​ព្រះ​ជា​ព្រះ​តែមួយអង្គគត់​។ ព្រះអង្គ​នឹង​រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ ហើយក៏​រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ​ដែរ​។ បើដូច្នេះ តើ​យើង​ធ្វើឲ្យ​ក្រឹត្យវិន័យ​ទៅជាមោឃៈ​ដោយ​ជំនឿ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ យើង​លើកស្ទួយ​ក្រឹត្យវិន័យ​ទេ​៕ បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​? ជាការពិត ប្រសិនបើ​អ័ប្រាហាំ​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត នោះ​លោក​មាន​អ្វីនឹង​អួតអាង ប៉ុន្តែ​នៅចំពោះ​ព្រះ លោក​គ្មាន​អ្វី​អួតអាង​ទេ​។ តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “​អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់​”​។ ចំពោះ​អ្នក​ដែល​ធ្វើការ ថ្លៃឈ្នួល​មិន​រាប់​ជា​គុណ​ទេ គឺ​ជា​អ្វីដែលត្រូវទទួល រីឯ​ចំពោះ​អ្នក​ដែល​មិន​ធ្វើការ តែ​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​រាប់​មនុស្ស​មិនគោរពព្រះ​ជាសុចរិត នោះ​ជំនឿ​របស់​អ្នកនោះ​បាន​រាប់​ជា​សេចក្ដីសុចរិត​វិញ​។ ដូចដែល​ដាវីឌ​បាន​ថ្លែង​ដែរ អំពី​ភាពមានពរ​របស់​អ្នក​ដែល​ព្រះ​រាប់ជា​សុចរិត​ដោយឡែកពី​ការប្រព្រឹត្ត ថា​៖ “​មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការឥតច្បាប់​របស់ខ្លួន ហើយ​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​។ មានពរ​ហើយ អ្នក​ដែល​ព្រះអម្ចាស់​មិន​រាប់ថា​មាន​បាប​”។ បើដូច្នេះ តើ​ភាពមានពរ​គឺ​សម្រាប់​តែ​អ្នកដែលទទួលពិធីកាត់ស្បែក ឬ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ដែរ​? យើង​និយាយថា​៖ “​ជំនឿ​របស់​អ័ប្រាហាំ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់​” ចុះ​លោក​ត្រូវបាន​រាប់ជា​សុចរិត​យ៉ាងដូចម្ដេច​? ក្រោយពី​ទទួលពិធីកាត់ស្បែក ឬ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​? មិនមែន​ក្រោយពី​ទទួលពិធីកាត់ស្បែក​ទេ គឺ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​វិញ​។ ហើយ​លោក​បាន​ទទួល​សញ្ញា​នៃ​ពិធីកាត់ស្បែក ជា​ត្រា​បញ្ជាក់ថា​កាល​លោក​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ លោក​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ហើយ ដើម្បីឲ្យ​លោក​ទៅជា​ឪពុក​របស់​អស់អ្នក​ដែល​ជឿ​ដោយ​មិនបានទទួលពិធីកាត់ស្បែក និង​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​រាប់ជា​សុចរិត​ដែរ​; ព្រមទាំង​ទៅជា​ឪពុក​របស់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ ហើយ​មិនគ្រាន់តែ​អ្នកដែលទទួលពិធីកាត់ស្បែក​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ទៅជា​ឪពុក​ដល់​អ្នក​ដែល​ដើរតាម​លម្អាន​នៃ​ជំនឿ​របស់​អ័ប្រាហាំដូនតា​របស់យើង​ទៀតផង ជាជំនឿដែលលោកមាន កាល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​។ ជាការពិត សេចក្ដីសន្យា​ដល់​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​លោក ដែល​ថា​លោក​នឹង​ទទួល​ពិភពលោក​ជាមរតក​នោះ មិន​បានប្រទានមក​តាមរយៈ​ក្រឹត្យវិន័យ​ទេ គឺ​តាមរយៈ​សេចក្ដីសុចរិត​ដែលមកពី​ជំនឿ​វិញ​។ នេះគឺដោយសារ បើ​ពួក​អ្នក​ដែល​អាងលើ​ក្រឹត្យវិន័យ​ជា​អ្នកទទួលមរតក នោះ​ធ្វើឲ្យ​ជំនឿ​ទៅជាឥតប្រយោជន៍ ហើយ​សេចក្ដីសន្យា​ក៏​ទៅជាមោឃៈ​ដែរ​។ ដ្បិត​ក្រឹត្យវិន័យ​នាំឲ្យមាន​ព្រះពិរោធ ដូច្នេះ​កន្លែងណាដែល​គ្មាន​ក្រឹត្យវិន័យ កន្លែងនោះ​ក៏គ្មាន​ការល្មើស​ដែរ​។ នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​”​។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។ នៅពេល​គ្មាន​សង្ឃឹម អ័ប្រាហាំ​នៅតែ​ជឿ​ទាំង​សង្ឃឹម ដូច្នេះ​លោក​បានជា ឪពុក​របស់​ប្រជាជាតិ​ជាច្រើន ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុកមក​ថា​: “​ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ​”។ ទោះបីជា​លោក​ពិចារណា​អំពី​រូបកាយ​របស់​ខ្លួន​ដែល​ដូចជា ​ស្លាប់​ហើយ ដោយ​លោក​មាន​អាយុ​ប្រមាណ​មួយរយឆ្នាំ និង​ទោះបីជា​លោក​ពិចារណា​អំពី​ផ្ទៃ​របស់​សារ៉ា​ដែល​ស្លាប់​ក៏ដោយ ក៏​លោក​មិន​បាន​ចុះខ្សោយ​នៅក្នុង​ជំនឿ​ឡើយ​។ លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្ដីសន្យា​របស់​ព្រះ ដោយ​ភាពឥតជំនឿ​ឡើយ ផ្ទុយទៅវិញ លោក​បាន​ទទួលកម្លាំង​ដោយសារតែ​ជំនឿ ទាំង​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ជឿអស់ពីចិត្ត​ថា ព្រះ​អាច​ធ្វើ​អ្វីដែល​ព្រះអង្គ​បាន​សន្យា​។ ដោយហេតុនេះ ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​លោក​។ យ៉ាងណាមិញ ការដែល “​ត្រូវបាន​រាប់​ជាសេចក្ដីសុចរិត​ដល់​គាត់​” មិនមែន​សរសេរ​ទុកមក​សម្រាប់​តែ​លោក​ប៉ុណ្ណោះទេ គឺ​សម្រាប់​យើង​ដែរ​។ យើង​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នឹង​ត្រូវបាន​រាប់ជា​សុចរិត​។ ព្រះអម្ចាស់យេស៊ូវ​ត្រូវបាន​ប្រគល់​ទៅ ដោយសារតែ​ការបំពាន​របស់យើង​; ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​៕ ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។ មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ក៏​អួត​អំពី​ទុក្ខវេទនា ដោយ​ដឹង​ថា ទុក្ខវេទនា​នាំឲ្យមាន​ការស៊ូទ្រាំ ការស៊ូទ្រាំ​នាំឲ្យមាន​អត្តចរិតដែលត្រូវបានពិសោធ ហើយ​អត្តចរិតដែលត្រូវបានពិសោធ​នាំឲ្យមាន​សេចក្ដីសង្ឃឹម ហើយ​សេចក្ដីសង្ឃឹម​មិន​នាំឲ្យខកចិត្ត​ឡើយ ពីព្រោះ​សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​ចាក់បង្ហូរ​ក្នុង​ចិត្ត​របស់យើង តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​បាន​ប្រទាន​មក​យើង​។ ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។ កម្រមាន​អ្នកណា​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់​; បើ​ជំនួស​មនុស្ស​ល្អ ក៏​ប្រហែលជា​មាន​អ្នកខ្លះ​ហ៊ាន​ស្លាប់​ដែរ​; ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។ ដូច្នេះ​ឥឡូវនេះ ដោយសារ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ទៅហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ពី​ព្រះពិរោធ​របស់ព្រះ តាមរយៈ​ព្រះអង្គ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​! ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​! មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។ ដូច្នេះ ដូចដែល​បាប​បាន​ចូលមក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្ដីស្លាប់​ចូលមក​តាមរយៈ​បាប​យ៉ាងណា សេចក្ដីស្លាប់​ក៏​ឆ្លងរាលដាល​ដល់​មនុស្ស​ទាំងអស់​យ៉ាងនោះដែរ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប​។ ពោលគឺ បាប​មាន​នៅក្នុង​ពិភពលោក​មុន​ក្រឹត្យវិន័យ​រួចទៅហើយ ប៉ុន្តែ​កាល​គ្មាន​ក្រឹត្យវិន័យ​នៅឡើយ បាប​មិន​ត្រូវបាន​រាប់ជា​បាប​ទេ​។ យ៉ាងណាមិញ តាំងពី​អ័ដាម​រហូតដល់​ម៉ូសេ សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​លើ​សូម្បីតែ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្តបាប​ដូច​ការល្មើស​របស់​អ័ដាម​។ អ័ដាមនេះហើយ ជា​និមិត្តរូប​អំពី​ព្រះអង្គ​ដែល​ត្រូវយាងមក​។ ប៉ុន្តែ​អំណោយទាន​មិន​ដូច​ការបំពាន​ទេ​។ ជាការពិត ប្រសិនបើ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​ទៅហើយ ចុះទម្រាំ​ព្រះគុណ​របស់​ព្រះ និង​អំណោយទាន​នៃ​ព្រះគុណ​ពី​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តើ​មានសម្បូរហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើសពីនេះ​អម្បាលម៉ានទៅទៀត​! មួយវិញទៀត អំណោយទាន​មិន​ដូច​លទ្ធផល ​ដែលមក​តាមរយៈ​ការប្រព្រឹត្តបាប​របស់​មនុស្ស​ម្នាក់​ទេ ដ្បិត​ការជំនុំជម្រះ​ដែល​មកពី​ការបំពាន​មួយ នាំមកនូវ​ការផ្ដន្ទាទោស រីឯ​អំណោយទាន​ដែល​មកពី​ការបំពាន​ជាច្រើន​វិញ នាំមកនូវ​ការរាប់ជាសុចរិត​។ ជាការពិត ប្រសិនបើ​សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​តាមរយៈ​មនុស្ស​ម្នាក់ ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​នោះ​ទៅហើយ ចុះ​អ្នក​ដែល​ទទួល​ព្រះគុណ និង​អំណោយទាន​នៃ​សេចក្ដីសុចរិត​យ៉ាងសម្បូរហូរហៀរ​វិញ តើ​គេ​នឹង​គ្រងរាជ្យ​នៅក្នុង​ជីវិត​តាមរយៈ​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​! ដូច្នេះ ដូចដែល​ការផ្ដន្ទាទោស​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​ការបំពាន​មួយ​យ៉ាងណា ការរាប់ជាសុចរិត​នៃ​ជីវិត​ក៏​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​អំពើសុចរិត​មួយ​យ៉ាងនោះ​ដែរ​។ ពោលគឺ ដូចដែល​មនុស្ស​ជាច្រើន​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្សបាប តាមរយៈ​ការមិនស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងណា មនុស្ស​ជាច្រើន​ក៏​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្ស​សុចរិត តាមរយៈ​ការស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងនោះ​ដែរ​។ ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕ បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​យើង​គួរ​បន្ត​ក្នុង​បាប​ទៀត ដើម្បីឲ្យ​ព្រះគុណ​បាន​កើនឡើង​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យើង​ដែល​ស្លាប់​ចំពោះ​បាប​ហើយ តើ​យើង​នៅតែ​រស់នៅ​ក្នុង​បាប​ទៀត​ដូចម្ដេចកើត​? ឬមួយក៏​អ្នករាល់គ្នា​មិនយល់​ថា អស់អ្នកណាដែល​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ គឺ​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ការសុគត​របស់​ព្រះអង្គ​ដែរ​ទេឬ​? ដូច្នេះ យើង​ត្រូវបាន​បញ្ចុះជាមួយ​ព្រះអង្គ​ទៅក្នុង​សេចក្ដីស្លាប់ តាមរយៈ​ពិធីជ្រមុជទឹក ដើម្បីឲ្យ​យើង​បាន​ដើរ​ក្នុង​ភាពថ្មី​នៃ​ជីវិត ដូចដែល​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ តាមរយៈ​សិរីរុងរឿង​របស់​ព្រះ​បិតា​យ៉ាងនោះ​ដែរ​។ ពោលគឺ ប្រសិនបើ​យើង​បាន​រួមជាមួយ​ព្រះគ្រីស្ទ​ដោយ​មាន​ភាពដូចគ្នា​ក្នុង​ការសុគត​របស់​ព្រះអង្គ យើង​ពិតជា​នឹង​រួមជាមួយ​ព្រះអង្គ​ក្នុង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​ដែរ​។ យើង​ដឹង​ការនេះ​ថា បុគ្គល ​ចាស់​របស់យើង​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ ដើម្បីឲ្យ​រូបកាយ​នៃ​បាប​បាន​សាបសូន្យ និង​ដើម្បី​កុំឲ្យ​យើង​បម្រើ​បាប​ទៀត​។ ដ្បិត​អ្នក​ដែល​ស្លាប់ ត្រូវបាន​រំដោះ​ពី​បាប​ហើយ​។ ដូច្នេះ ប្រសិនបើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​។ យើង​ដឹង​ហើយ​ថា ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ព្រះអង្គ​មិន​សុគត​ទៀតឡើយ ហើយ​សេចក្ដីស្លាប់​ក៏​លែង​គ្រប់គ្រង​លើ​ព្រះអង្គ​ទៀត​ដែរ​។ ដ្បិត​ការដែល​ព្រះអង្គ​បាន​សុគត គឺ​សុគត​ម្ដងជាសម្រេច​ចំពោះ​បាប ប៉ុន្តែ​ការដែល​ព្រះអង្គ​មានព្រះជន្មរស់ គឺ​មានព្រះជន្មរស់​ចំពោះ​ព្រះ​។ ដូចគ្នាដែរ អ្នករាល់គ្នា​ក៏​ត្រូវ​ចាត់ទុក​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​ព្រះ នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ​។ ដូច្នេះ កុំឲ្យ​បាប​គ្រងរាជ្យ​លើ​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ ដើម្បី​ស្ដាប់បង្គាប់​តណ្ហា​របស់​វា​ឡើយ ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។ ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។ ចុះ​ម្ដេចទៅ​? ដោយសារ​យើង​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ តើ​ឲ្យ​យើង​ប្រព្រឹត្តបាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។ សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ពីដើម​អ្នករាល់គ្នា​ធ្លាប់​ជា​ទាសករ​របស់​បាប ប៉ុន្តែ​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​អស់ពី​ចិត្ត​ចំពោះ​ក្បួន​នៃ​សេចក្ដីបង្រៀន​ដែល​ត្រូវបាន​ប្រគល់​មក​អ្នករាល់គ្នា ហើយ​ដោយ​ត្រូវបាន​រំដោះ​ពី​បាប អ្នករាល់គ្នា​បានជាទាសករ​របស់​សេចក្ដីសុចរិត​ហើយ​។ ខ្ញុំ​កំពុង​និយាយ​តាម​បែបមនុស្ស ដោយសារតែ​ភាពខ្សោយ​នៃ​សាច់ឈាម​របស់អ្នករាល់គ្នា​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​ធ្លាប់​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​ការស្មោកគ្រោក និង​ការឥតច្បាប់​ដែល​នាំទៅរក​ការឥតច្បាប់​យ៉ាងណា ឥឡូវនេះ ចូរ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​សេចក្ដីសុចរិត​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ​យ៉ាងនោះដែរ​។ កន្លងមក កាល​អ្នករាល់គ្នា​ជា​ទាសករ​របស់​បាប អ្នករាល់គ្នា​មិននៅក្រោមអំណាច​សេចក្ដីសុចរិត​ទេ​។ ចុះ​កាលនោះ តើ​អ្នករាល់គ្នា​បាន​ផល​អ្វី​ពី​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ​? ដ្បិត​លទ្ធផលចុងក្រោយ​នៃ​អំពើ​ទាំងនោះ គឺ​សេចក្ដីស្លាប់​។ ប៉ុន្តែ​ឥឡូវនេះ ដោយ​អ្នករាល់គ្នា​ត្រូវបាន​រំដោះ​ពី​បាប ហើយ​បានជាទាសករ​របស់​ព្រះ ដូច្នេះ​អ្នករាល់គ្នា​បាន​ផល​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ ហើយ​លទ្ធផលចុងក្រោយ​នៃការនេះ គឺ​ជីវិតអស់កល្បជានិច្ច​។ ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕ បងប្អូន​អើយ ឥឡូវនេះ ខ្ញុំ​កំពុង​និយាយ​នឹង​អ្នក​ដែល​ស្គាល់​ក្រឹត្យវិន័យ​ថា​: តើ​អ្នករាល់គ្នា​មិនដឹង​ទេឬ ថា​ក្រឹត្យវិន័យ​គ្រប់គ្រង​លើ​មនុស្ស​ក្នុង​ពេល​ដែល​គេ​នៅរស់​ប៉ុណ្ណោះ​? ជាឧទាហរណ៍ ស្ត្រី​ដែល​មានប្ដី ជាប់ចំណង​នឹង​ប្ដី​តាម​ក្រឹត្យវិន័យ កាល​ប្ដី​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ​ដែលទាក់ទងនឹង​ប្ដី​។ ដូច្នេះ ប្រសិនបើ​នាង​ទៅយក​បុរស​ម្នាក់ទៀត​នៅពេល​ដែល​ប្ដី​នៅរស់ គេ​នឹង​ហៅ​នាង​ថា ស្ត្រី​ផិតក្បត់​; ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ ហើយ​ទោះបីជា​នាង​ទៅយក​បុរស​ម្នាក់ទៀត ក៏​នាង​មិនមែន​ជា​ស្ត្រី​ផិតក្បត់​ដែរ​។ បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។ ដ្បិត​កាល​យើង​រស់នៅ​ខាងសាច់ឈាម តណ្ហា​នៃ​បាប​ដែល​កើតមាន​តាមរយៈ​ក្រឹត្យវិន័យ តែងតែ​ចេញឥទ្ធិពល​នៅក្នុង​អវយវៈ​របស់យើង ធ្វើឲ្យ​បង្កើតផល​ដល់​សេចក្ដីស្លាប់​។ ប៉ុន្តែ​ឥឡូវនេះ យើង​រួច​ពី​ក្រឹត្យវិន័យ​ហើយ ដោយ​បាន​ស្លាប់​ចំពោះ​អ្វីដែល​ឃុំឃាំង​យើង ធ្វើឲ្យ​យើង​បាន​បម្រើ​តាម​ភាពថ្មី​នៃ​ព្រះវិញ្ញាណ គឺ​មិនមែន​ភាពចាស់​នៃ​គម្ពីរវិន័យ​ទេ​។ បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ក្រឹត្យវិន័យ​ជា​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យ៉ាងណាមិញ ប្រសិនបើ​មិនមែន​តាមរយៈ​ក្រឹត្យវិន័យ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ​។ ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​មិន​បាន​ចែងថា “​កុំ​លោភលន់​” នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដីលោភលន់​ដែរ​។ ប៉ុន្តែ​បាប​បាន​ឆ្លៀតឱកាស​តាមរយៈ​បទបញ្ជា ហើយ​បង្កើត​សេចក្ដីលោភលន់​គ្រប់បែបយ៉ាង​នៅក្នុង​ខ្ញុំ​។ ជាការពិត បើគ្មាន​ក្រឹត្យវិន័យ បាប​ក៏​ស្លាប់​ដែរ​។ ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង រីឯ​ខ្ញុំ​ក៏​ស្លាប់​។ ដូច្នេះ ខ្ញុំ​ឃើញថា បទបញ្ជា​ដែល​ត្រូវ​នាំមកនូវ​ជីវិត បែរជា​នាំមកនូវ​សេចក្ដីស្លាប់​ទៅវិញ​។ តាមពិត បាប​បាន​ឆ្លៀតឱកាស​បោកបញ្ឆោត​ខ្ញុំ​តាមរយៈ​បទបញ្ជា ព្រមទាំង​សម្លាប់​ខ្ញុំ​តាមរយៈ​បទបញ្ជានោះ​។ ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។ បើដូច្នេះ តើ​អ្វី​ដែល​ល្អ​បាន​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! គឺ​បាប​វិញ​ទេតើ ដែល​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ​តាមរយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បីឲ្យ​ឃើញថា​បាប​ជា​បាប ហើយ​តាមរយៈ​បទបញ្ជា​ធ្វើឲ្យ​បាប​ទៅជា​អាក្រក់​ហួសប្រមាណ​ទៅទៀត​។ ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។ ជាការពិត ខ្ញុំ​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ​។ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ បែរជា​ធ្វើ​អ្វីដែល​ខ្ញុំ​ស្អប់​ទៅវិញ​។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់ស្រប​ថា ក្រឹត្យវិន័យ​ល្អ​មែន​។ ប៉ុន្តែ​ឥឡូវនេះ មិនមែន​ខ្ញុំ​ទៀតទេ ដែល​ធ្វើ​ការនោះ គឺ​បាប​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​វិញ​ទេតើ​។ ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នៅក្នុង​ខ្ញុំ គឺ​នៅក្នុង​សាច់ឈាម​របស់ខ្ញុំ គ្មាន​អ្វីល្អ​ឡើយ ពីព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ ប៉ុន្តែ​ធ្វើ​មិន​បាន​សោះ​។ ដោយហេតុនេះ ខ្ញុំ​មិន​ធ្វើ​ការល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ បែរជា​ធ្វើ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅវិញ​។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​ធ្វើ​ការនោះ គឺ​បាប​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​វិញ​ទេតើ​។ ហេតុនេះ ខ្ញុំ​រកឃើញ​គោលការណ៍​មួយ គឺ​កាលណា​ខ្ញុំ​ចង់​ធ្វើ​ល្អ ការ​អាក្រក់​ក៏​នៅជាមួយ​ខ្ញុំ​ដែរ​។ ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ផ្សេងទៀត​នៅក្នុង​អវយវៈ​របស់ខ្ញុំ ដែល​តែងតែ​តយុទ្ធ​នឹង​គោលការណ៍​នៃ​គំនិត​របស់ខ្ញុំ ហើយ​ចាប់​ខ្ញុំ​ជាឈ្លើយសឹក​ទៅក្រោម​គោលការណ៍​នៃ​បាប​ដែល​ស្ថិតនៅ​ក្នុង​អវយវៈ​របស់ខ្ញុំ​។ ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់​! តើ​នរណា​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​រូបកាយ​នៃ​សេចក្ដីស្លាប់​នេះ​បាន​? ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​! ដោយហេតុនេះ ខ្លួនខ្ញុំ​បម្រើ​គោលការណ៍​របស់​ព្រះ​ក្នុង​គំនិត ប៉ុន្តែ​ក្នុង​សាច់ឈាម ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប​វិញ​៕ ដូច្នេះ​ឥឡូវនេះ គ្មាន​ការផ្ដន្ទាទោស​ដល់​អ្នក​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ ​។ ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក ​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។ ព្រះទ្រង់ធ្វើ ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើមិនកើត​ដោយសារ​វា​ចុះខ្សោយ​ព្រោះ​សាច់ឈាម គឺ​ព្រះ​បាន​កាត់ទោស​បាប​នៅក្នុង​រូបសាច់ ដោយ​ចាត់​ព្រះបុត្រា​របស់​អង្គទ្រង់​ឲ្យមក​ក្នុង​សណ្ឋានដូចជា​រូបសាច់​នៃ​បាប ដើម្បី​បូជា​សម្រាប់​បាប ដើម្បីឲ្យ​សេចក្ដីតម្រូវដ៏សុចរិត​នៃ​ក្រឹត្យវិន័យ ត្រូវបាន​បំពេញ​នៅក្នុង​យើង​ដែល​មិន​ដើរ​តាមសាច់ឈាម គឺ​ដើរ​តាម​ព្រះវិញ្ញាណ​វិញ​។ ជាការពិត អ្នក​ដែល​ដើរតាម​សាច់ឈាម គិត​អ្វីៗ​ខាងសាច់ឈាម រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះវិញ្ញាណ គិត​អ្វីៗ​ខាង​វិញ្ញាណ​។ គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។ ដ្បិត​គំនិត​ខាងសាច់ឈាម​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ ពីព្រោះ​វា​មិន​ចុះចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ ហើយ​តាមពិត​វា​ក៏មិន​អាច​ចុះចូល​បាន​ផង​។ ដូច្នេះ អ្នក​ដែល​នៅ​ខាងសាច់ឈាម មិនអាច​បំពេញព្រះហឫទ័យ​ព្រះ​បានឡើយ​។ យ៉ាងណាមិញ អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​។ ប្រសិនបើ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ទេ អ្នកនោះ​មិនមែន​ជា​របស់​ព្រះអង្គ​ឡើយ​។ ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។ បងប្អូន​អើយ ដោយហេតុនេះ យើង​ជា​កូនបំណុល ប៉ុន្តែ​មិនមែន​ជា​កូនបំណុល​របស់​សាច់ឈាម ដើម្បី​រស់​តាមសាច់ឈាម​នោះ​ទេ ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។ ជាការពិត អស់អ្នកណាដែល​ត្រូវ​ព្រះវិញ្ញាណ​របស់​ព្រះ​ដឹកនាំ អ្នកទាំងនោះ​ជា​កូនរបស់ព្រះ​។ ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “​អ័ប្បា​! ព្រះ​បិតា​អើយ​!​”​។ ព្រះវិញ្ញាណ​ផ្ទាល់​ក៏​ធ្វើបន្ទាល់ជាមួយ​វិញ្ញាណ​របស់យើង​ដែរ​ថា យើង​ជា​កូន​របស់​ព្រះ​។ ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។ ជាការពិត ខ្ញុំ​យល់ឃើញ​ថា ទុក្ខលំបាក​នៅបច្ចុប្បន្ននេះ​មិនអាចប្រៀបផ្ទឹម​នឹង​សិរីរុងរឿង​ដែល​រៀបនឹង​បើកសម្ដែង​ដល់​យើង​បានឡើយ​។ របស់សព្វសារពើដែលត្រូវបានបង្កើត​កំពុង​ទន្ទឹងរង់ចាំ​ដោយ​សង្ឃឹមទុក ចំពោះការ​ដែល​កូនៗរបស់ព្រះ​ត្រូវបាន​សម្ដែងឲ្យឃើញ ដ្បិត​របស់សព្វសារពើដែលត្រូវបានបង្កើត បាន​ចុះចូល​នឹង​ភាពឥតខ្លឹមសារ មិនមែន​ដោយ​ស្ម័គ្រចិត្ត​ទេ គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ធ្វើឲ្យ​វា​ចុះចូល​វិញ ដោយ​សង្ឃឹម ថា​របស់សព្វសារពើដែលត្រូវបានបង្កើត​នោះឯង ក៏​នឹង​បាន​រំដោះ​ចេញពី​ភាពជាទាសករ​នៃ​ការសាបសូន្យ ចូល​ទៅក្នុង​សេរីភាព​នៃ​សិរីរុងរឿង​របស់​កូន​ៗ​ព្រះ​ដែរ​។ យើង​ដឹង​ហើយ​ថា រហូតមកដល់​ឥឡូវនេះ របស់សព្វសារពើ​ទាំងអស់​ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និង​ឈឺពោះឆ្លងទន្លេជាមួយគ្នា​។ មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សេចក្ដីសង្ឃឹម​នេះ​ឯង​។ យ៉ាងណាមិញ សេចក្ដីសង្ឃឹម​ដែល​មើលឃើញ មិនមែន​ជា​សេចក្ដីសង្ឃឹម​ទេ​។ តើ​មាន​នរណា​សង្ឃឹម​លើ​អ្វីដែល​មើលឃើញ​? ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​លើ​អ្វីដែល​យើង​មើលមិនឃើញ នោះ​យើង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ មួយវិញទៀត ព្រះវិញ្ញាណ​ក៏​ជួយ​ភាពខ្សោយ​របស់យើង​ដូចគ្នាដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូចម្ដេច​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​ផ្ទាល់​ទូលអង្វរជំនួស​យើង ដោយ​សំឡេងថ្ងូរ​ដែល​រកពាក្យថ្លែងពុំបាន​។ រីឯ​ព្រះអង្គ​ដែល​ស្ទង់មើល​ចិត្ត ព្រះអង្គ​ទ្រង់​ជ្រាប​គំនិត​របស់​ព្រះវិញ្ញាណ​ស្រាប់ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​វិសុទ្ធជន​ស្របតាម​ព្រះហឫទ័យ​របស់​ព្រះ​។ យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។ ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​; ហើយ​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​កំណត់ទុកមុន ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​អ្នកទាំងនោះ​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ត្រាស់ហៅ ព្រះអង្គ​ក៏​បាន​រាប់​អ្នកទាំងនោះ​ជាសុចរិត​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​រាប់ជាសុចរិត ព្រះអង្គ​ក៏​បាន​ប្រទានសិរីរុងរឿង​ដល់​អ្នកទាំងនោះ​ដែរ​។ បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​? ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​? តើ​នរណា​អាច​ចោទប្រកាន់​ទាស់នឹង​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ​បាន​? ដ្បិត​គឺ​ព្រះ​ទេតើ ដែល​រាប់​ពួកគេ​ជាសុចរិត​! តើ​នរណា​អាច​ផ្ដន្ទាទោស​បាន​? ដ្បិត​គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ទេតើ ដែល​សុគត ហើយ​លើសពីនេះទៅទៀត ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ព្រមទាំង​គង់នៅ​ខាងស្ដាំ​ព្រះ ទូលអង្វរ​ជំនួស​យើង​ផង​! តើ​នរណា​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ​បាន​? តើ​ជា​ទុក្ខវេទនា ឬ​ការលំបាក ឬ​ការបៀតបៀន ឬ​ការអត់ឃ្លាន ឬ​ភាពអាក្រាត ឬ​គ្រោះថ្នាក់ ឬ​ដាវ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ដោយសារតែ​ព្រះអង្គ យើង​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើង​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់​”។ ប៉ុន្តែ​ក្នុង​ការ​ទាំងអស់​នេះ យើង​លើសជាងអ្នកមានជ័យជម្នះ​ទៅទៀត ដោយនូវ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​។ ជាការពិត ខ្ញុំ​ជឿជាក់​ថា ទោះជា​សេចក្ដីស្លាប់​ក្ដី ជីវិត​ក្ដី ទូតសួគ៌​ក្ដី មេគ្រប់គ្រង​ក្ដី អ្វីៗ​នា​បច្ចុប្បន្នកាល​ក្ដី អ្វីៗ​នា​អនាគតកាល​ក្ដី អំណាច​នានា​ក្ដី កម្ពស់​ក្ដី ជម្រៅ​ក្ដី ឬ​របស់​ណាមួយ​ផ្សេងទៀត​ដែលត្រូវបានបង្កើត​ក្ដី ក៏មិន​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់របស់ព្រះ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​បាន​ឡើយ​៕ ខ្ញុំ​និយាយ​សេចក្ដីពិត​ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​មិន​ភូតភរ​ទេ សតិសម្បជញ្ញៈ​របស់ខ្ញុំ​ក៏​ធ្វើបន្ទាល់ជាមួយ​ខ្ញុំ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែរ ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។ ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​; ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​! យ៉ាងណាមិញ មិនមែន​ថា​ព្រះបន្ទូល​របស់​ព្រះ​ទៅជាឥតប្រយោជន៍​ឡើយ ដ្បិត​មិនមែន​អស់អ្នក​ដែល​កើតពី​អ៊ីស្រាអែល ជា​ជនជាតិអ៊ីស្រាអែល​នោះ​ទេ ហើយ​ពួកគេ​ក៏មិនមែន​សុទ្ធតែ​ជា​កូន ដោយសារ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ដែរ ផ្ទុយទៅវិញ “​អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក​”​។ នេះមានន័យថា មិនមែន​កូន​ៗ​ខាងសាច់ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ ផ្ទុយទៅវិញ គឺ​កូន​នៃ​សេចក្ដីសន្យា​ទេ ដែល​ត្រូវ​រាប់​ជា​ពូជពង្ស​។ ដ្បិត​ព្រះបន្ទូល​នៃ​សេចក្ដីសន្យា គឺ​ដូចតទៅ​: “​ឆ្នាំក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់​”​។ មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកា​ក៏​មានផ្ទៃពោះ​ជាមួយ​បុរស​ម្នាក់​ដូច្នោះដែរ គឺ​អ៊ីសាក​ដូនតា​របស់យើង​។ ជាការពិត កាល​កូនទាំងពីរ ​មិនទាន់​កើត​នៅឡើយ ហើយក៏មិនទាន់​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់ (​ដើម្បីឲ្យ​គោលបំណង​របស់​ព្រះ​ដែល​ស្របតាម​ការជ្រើសតាំង បាន​នៅស្ថិតស្ថេរ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ត្រាស់ហៅ​វិញ​) ព្រះ ​មានបន្ទូល​នឹង​រេបិកា​ថា​៖ “​កូនច្បង​នឹង​បម្រើ​កូនប្អូន​” ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​យើង​បាន​ស្រឡាញ់​យ៉ាកុប ប៉ុន្តែ​ស្អប់​អេសាវ​”​។ បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ព្រះ​អយុត្តិធម៌​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ព្រះ​មានបន្ទូល​នឹង​ម៉ូសេ​ថា​៖ “​យើង​នឹង​មេត្តាករុណា​ដល់​អ្នកណាដែល​យើង​មេត្តាករុណា​; យើង​នឹង​អាណិតអាសូរ​ដល់​អ្នកណាដែល​យើង​អាណិតអាសូរ​”។ ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង ​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។ ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “​យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក​”។ ពោលគឺ ព្រះ​ចង់​មេត្តាករុណា​ដល់​អ្នកណា ក៏​មេត្តាករុណា​ដល់​អ្នកនោះ ហើយ​ព្រះអង្គ​ចង់​ធ្វើឲ្យ​អ្នកណា​មានចិត្តរឹងរូស ក៏​ធ្វើឲ្យ​អ្នកនោះ​មានចិត្តរឹងរូស​ដែរ​។ ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា​៖ “​ចុះ​ហេតុអ្វីបានជា​ព្រះ​នៅតែ​ចាប់កំហុស​ទៀត​? ព្រោះថា តើ​នរណា​អាច​ប្រឆាំង​នឹង​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​?​”​។ ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “​ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?​” ទេ មែនទេ​? ឬមួយក៏​ជាងស្មូន​គ្មាន​សិទ្ធិ​លើ​ដីឥដ្ឋ ដើម្បី​ធ្វើ​ភាជនៈ​ពី​ដុំ​ដីឥដ្ឋ​ដដែល គឺ​មួយ​សម្រាប់​ការថ្លៃថ្នូរ មួយ​សម្រាប់​ការមិនថ្លៃថ្នូរ​នោះ​ទេ​ឬ​? ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​! មួយវិញទៀត ចុះបើ​ការនេះ​គឺ​ដើម្បី​បើកឲ្យស្គាល់​នូវ​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ចំពោះ​ភាជនៈ​នៃ​សេចក្ដីមេត្តា​នោះ​ដែល​ព្រះអង្គ​បាន​រៀបចំទុកមុន​សម្រាប់​សិរីរុងរឿង​ទៅហើយ តើយ៉ាងណាទៅ​! ភាជនៈទាំងនោះ​រួមមានទាំង​យើង​ដែរ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ មិនគ្រាន់តែ​ពី​ជនជាតិយូដា​ប៉ុណ្ណោះទេ គឺថែមទាំង​ពី​សាសន៍ដទៃ​ទៀតផង​។ ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅក្នុង​គម្ពីរ​ហូសេ​ថា​: “​យើង​នឹង​ហៅ​អ្នក​ដែល​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ថា ‘​ប្រជារាស្ត្រ​របស់យើង​’ ហើយ​ហៅ​អ្នក​ដែល​មិន​ត្រូវបាន​ស្រឡាញ់​ថា ‘​ជាទីស្រឡាញ់​’​។ ត្រង់​កន្លែង​ដែល​បាន​ប្រាប់​ទៅ​ពួកគេ​ថា​: ‘​អ្នករាល់គ្នា​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ទេ​’ នៅ​កន្លែងនោះ​ឯង ពួកគេ​នឹង​ត្រូវបាន​ហៅថា ‘​កូន​ៗ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់​’ ”​។ រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​: “​ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។ ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ព្រះបន្ទូល​សម្រេច​នៅលើ​ផែនដី​នេះ យ៉ាង​ហ្មត់ចត់ និង​ឆាប់រហ័ស​”​។ មួយវិញទៀត ដូចដែល​អេសាយ​បាន​ថ្លែងទុកមុនថា​: “​ប្រសិនបើ​ព្រះអម្ចាស់​នៃ​ពលបរិវារ​មិន​បាន​បន្សល់​ពូជ​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​”។ បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? សាសន៍ដទៃ​ដែល​មិន​បាន​ស្វែងរក​សេចក្ដីសុចរិត ទទួលបាន​សេចក្ដីសុចរិត គឺ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ រីឯ​អ៊ីស្រាអែល​វិញ គេ​ដេញតាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិត ប៉ុន្តែ​មិន​បាន​ដល់​ក្រឹត្យវិន័យ ​នោះ​ឡើយ​។ ហេតុអ្វីបានជា​ដូច្នេះ​? ពីព្រោះ​ពួកគេ​មិន​បានដេញតាម​ដោយ​ជំនឿ​ទេ គឺ​ដេញតាម ហាក់ដូចជា​ដោយ​ការប្រព្រឹត្ត ​ទៅវិញ​។ ពួកគេ​បាន​ជំពប់ដួល​នឹង “​ថ្ម​នៃ​ការជំពប់​” ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ​” ៕ បងប្អូន​អើយ បំណង​ចិត្ត​របស់ខ្ញុំ និង​សេចក្ដីអធិស្ឋាន​ទៅ​ព្រះ​សម្រាប់​ជនជាតិអ៊ីស្រាអែល គឺ​ឲ្យ​ពួកគេបាន​សង្គ្រោះ​។ ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​មាន​ចិត្តឆេះឆួល​ចំពោះ​ព្រះ​មែន ប៉ុន្តែ​មិនមែន​ដោយ​ការយល់ដឹងត្រឹមត្រូវ​ទេ​។ ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។ ជាការពិត ព្រះ​គ្រីស្ទ​ជា​ចុងបញ្ចប់​នៃ​ក្រឹត្យវិន័យ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿ​ត្រូវបាន​រាប់ជាសុចរិត​។ ម៉ូសេ​បាន​សរសេរ​អំពី​សេចក្ដីសុចរិត​ដែល​មកពី​ក្រឹត្យវិន័យ​ថា​: “​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីទាំងនេះ នឹង​រស់​ដោយ​សេចក្ដីទាំងនេះ​”​។ រីឯ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ មាន​ចែង​ដូច្នេះ​: “​កុំ​និយាយ​ក្នុង​ចិត្ត​របស់អ្នក​ថា តើ​នរណា​នឹង​ឡើងទៅ​លើមេឃ​?​” នេះមានន័យថា ឲ្យ​នាំ​ព្រះ​គ្រីស្ទ​ចុះមក​; “​ហើយក៏​កុំនិយាយថា តើ​នរណា​នឹង​ចុះទៅ​ក្នុង​រណ្ដៅគ្មានបាត​? ​” នេះមានន័យថា ឲ្យ​នាំ​ព្រះ​គ្រីស្ទ​ឡើង​ពីចំណោម​មនុស្សស្លាប់​។ ចុះ​មាន​ចែង​ដូចម្ដេច​? គឺ​ចែងថា​: “​ព្រះបន្ទូល​នៅ​ជិត​អ្នក គឺ​ក្នុង​មាត់​របស់អ្នក និង​ក្នុង​ចិត្ត​របស់អ្នក​” នោះគឺ​ព្រះបន្ទូល​នៃ​ជំនឿ​ដែល​យើង​ប្រកាស​។ ដ្បិត​ប្រសិនបើ​អ្នក​សារភាព​ដោយ​មាត់​របស់អ្នក​ថា​ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​។ ពោលគឺ ជឿ​ដោយ​ចិត្ត ធ្វើឲ្យ​មនុស្សត្រូវបាន​រាប់ជាសុចរិត ហើយ​សារភាព​ដោយ​មាត់ ធ្វើឲ្យ​មនុស្សបាន​សង្គ្រោះ ដ្បិត​ព្រះគម្ពីរ​ចែងថា​: “​អស់អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ”។ គ្មាន​ភាពខុសគ្នា​រវាង​ជនជាតិយូដា និង​សាសន៍ដទៃ ​ឡើយ ពីព្រោះ​ព្រះអម្ចាស់​តែមួយ​ដែល​ជា​ព្រះអម្ចាស់​នៃ​មនុស្ស​គ្រប់គ្នា ប្រទានយ៉ាងបរិបូរ​ដល់​អស់អ្នក​ដែល​ហៅរក​ព្រះអង្គ​។ ពិតមែនហើយ “​អស់អ្នកណាដែល​ហៅរក​ព្រះនាម​របស់​ព្រះអម្ចាស់ នឹង​បាន​សង្គ្រោះ​”​។ បើដូច្នេះ តើ​គេ​អាច​ហៅរក​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ជឿលើ​នោះ​? តើ​គេ​អាច​ជឿ​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ឮ​សោះ​? តើ​គេ​អាច​ឮ​យ៉ាងដូចម្ដេច បើគ្មាន​អ្នកណា​ប្រកាស​? តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ជើង​របស់ អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!​”​។ ប៉ុន្តែ​មនុស្ស​ទាំងអស់​មិន​បាន​ស្ដាប់បង្គាប់​ដំណឹងល្អ​ទេ ដូចដែល​អេសាយ​បាន​ថ្លែងថា​: “​ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​?​”​។ ដូច្នេះ ជំនឿ​មកពី​ការឮ ហើយ​ការឮ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ​។ ក៏ប៉ុន្តែ​ខ្ញុំ​សូម​សួរថា ពួកគេ​មិនដែល​ឮ​ទេ មែនទេ​? ពួកគេ​ប្រាកដជា​ឮ ដ្បិត “​សំឡេង​របស់​គេ​ចេញទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យ​របស់​គេ​ក៏​ចេញទៅ​ដល់​ចុងបំផុត​នៃ​ពិភពលោក​”។ ខ្ញុំ​សូម​សួរ​ទៀត​ថា​៖ “​ជនជាតិអ៊ីស្រាអែល​មិន​បាន​យល់​ទេ មែនទេ​?​”​។ មុនដំបូង ម៉ូសេ​បាន​ថ្លែងថា​: “​យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ច្រណែន ដោយ​ពួក​អ្នកដែល​មិនមែន​ជា​ប្រជាជាតិ​មួយ​; យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ខឹង ដោយ​ជនជាតិ​មួយ​ដែល​ល្ងីល្ងើ​”។ ក្រោយមក អេសាយ​ក៏​ហ៊ាន​ថ្លែង​ដែរ​ថា​: “​យើង​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ដែល​មិន​បាន​ស្វែងរក​យើង​; យើង​បាន​សម្ដែង​ខ្លួនយើង​ដល់​អ្នក​ដែល​មិន​បាន​សួររក​យើង​”។ រីឯ​អំពី​អ៊ីស្រាអែល​វិញ លោក​ថ្លែងថា​: “​យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅ​រក​ប្រជារាស្ត្រ​ដែល​មិនស្ដាប់បង្គាប់ និង​ប្រកែកជំទាស់​” ​៕ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។ ព្រះ​មិន​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​ស្គាល់ជាមុន​នោះ​ទេ​។ ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​អ្វីដែល​ព្រះគម្ពីរ​បាន​ចែង​ស្ដីអំពី​អេលីយ៉ា គឺ​របៀបដែល​លោក​ទូល​ព្រះ​ទាស់នឹង​ជនជាតិអ៊ីស្រាអែល​ឬ​? “​ព្រះអម្ចាស់​អើយ​! គេ​បាន​សម្លាប់​បណ្ដា​ព្យាការី​របស់ព្រះអង្គ ហើយ​រំលំ​អាសនា​របស់ព្រះអង្គ​ចោល មាន​សល់​តែ​ទូលបង្គំ​ម្នាក់ប៉ុណ្ណោះ ហើយ​គេ​ចង់យក​ជីវិត​ទូលបង្គំ​ទៀត​!​”​។ ប៉ុន្តែ តើ​ចម្លើយរបស់ព្រះ​ដល់​គាត់ មាន​ដូចម្ដេច​? “​យើង​បាន​បម្រុងទុក​មនុស្ស​ប្រាំពីរពាន់​នាក់​សម្រាប់​ខ្លួនយើង ជា​អ្នកដែល​មិន​បាន​លុតជង្គង់​នៅមុខ​ព្រះ​បាល​”។ ដូចគ្នាដែរ នៅ​សព្វថ្ងៃនេះ​ក៏​មាន​អ្នកដែលនៅសល់ ដែលបាន​ជ្រើសតាំង​ដោយ​ព្រះគុណ​។ ដូច្នេះ ប្រសិនបើ​បានជ្រើសតាំង​ដោយ​ព្រះគុណ នោះ​មិនមែន​ដោយ​អាង​ការប្រព្រឹត្ត​ទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណ​ក៏​លែង​ជា​ព្រះគុណ​ទៀត​ហើយ។ ចុះ​ម្ដេចទៅ​? អ្វីដែល​ជនជាតិអ៊ីស្រាអែល​ខំស្វែងរក​នោះ ពួកគេ​រក​មិន​បាន​ឡើយ ប៉ុន្តែ​អ្នកដែលត្រូវបានជ្រើសតាំង​វិញ ដែល​រកបាន រីឯ​អ្នក​ឯទៀត​ក៏​ត្រូវ​ធ្វើឲ្យរឹងរូស ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​វិញ្ញាណ​នៃ​ការលង់លក់ ភ្នែក​ដែល​មើលមិនឃើញ និង​ត្រចៀក​ដែល​ស្ដាប់មិនឮ រហូតដល់​សព្វថ្ងៃ​”។ រីឯ​ដាវីឌ​ក៏​ថ្លែងថា​: “​សូមឲ្យ​ពិធីជប់លៀង​របស់​ពួកគេ​ក្លាយជា​អន្ទាក់ ជា​សំណាញ់ ជា​ហេតុបណ្ដាលឲ្យជំពប់ដួល និង​ជា​ការតបសង​ដល់​ពួកគេ​។ សូមឲ្យ​ភ្នែក​របស់​ពួកគេ​ទៅជាងងឹត​មើលមិនឃើញ សូមឲ្យ​ខ្នង​របស់​ពួកគេ​កោង​ជារៀងរហូត​”​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ជនជាតិអ៊ីស្រាអែល​បាន​ជំពប់​ដើម្បី​ដួល​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ ដោយ​ការបំពាន​របស់​ពួកគេ សេចក្ដីសង្គ្រោះ​បានមក​ដល់​សាសន៍ដទៃ ដើម្បី​ធ្វើឲ្យ​ជនជាតិអ៊ីស្រាអែល​ច្រណែន​។ ប្រសិនបើ​ការបំពាន​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​មនុស្សលោក ហើយ​ការបរាជ័យ​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​សាសន៍ដទៃ​ទៅហើយ ចុះ​ការគ្រប់ចំនួន​របស់​ពួកគេ តើ​នឹង​លើសជាង​អម្បាលម៉ាន​ទៅទៀត​! ឥឡូវនេះ ខ្ញុំ​សូម​និយាយ​នឹង​អ្នករាល់គ្នា​ដែលជា​សាសន៍ដទៃ​ថា ដោយព្រោះ​ខ្ញុំ​ជា​សាវ័ក​ដល់​សាសន៍ដទៃ​មែន បានជា​ខ្ញុំ​លើកតម្កើង​ការងារបម្រើ​របស់ខ្ញុំ ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ ​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។ ជាការពិត ប្រសិនបើការដែល​ពួកគេ​ត្រូវបានបោះបង់ចោល ជា​ការផ្សះផ្សា​ដល់​មនុស្សលោក ចុះ​ការដែល​ពួកគេ​ត្រូវបានទទួល​ជា​អ្វីទៅ បើ​មិនមែន​ជា​ការមានជីវិតឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ទេ​នោះ​? ប្រសិនបើ​ផលដំបូង​នៃស្រូវ​បាន​វិសុទ្ធ នោះ​ដុំម្សៅទាំងមូល​ក៏​វិសុទ្ធ​ដែរ ហើយ​ប្រសិនបើ​ឫស​បាន​វិសុទ្ធ នោះ​មែក​ក៏​វិសុទ្ធ​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក នោះ​កុំ​អួតខ្លួន​លើ​មែក​ទាំងនោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​អ្នក​អួត ក៏​ត្រូវចាំថា មិនមែន​ជា​អ្នក​ទេ​ដែល​ទ្រ​ឫស គឺ​ឫស​វិញ​ទេ​ដែល​ទ្រ​អ្នក​។ ដូច្នេះ អ្នក​អាច​ពោលថា​៖ “​មែក​ទាំងនោះ​ត្រូវបាន​កាច់ចេញ ដើម្បីឲ្យ​ខ្ញុំ​ត្រូវបាន​បំបៅ​”​។ ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ ដ្បិត​ប្រសិនបើ​ព្រះ​មិន​បាន​សំចៃទុក​មែក​ពីកំណើត​ទៅហើយ នោះ​ក្រែងលោ​ព្រះអង្គ​មិន​សំចៃទុក​អ្នក​ដែរ​។ ដូច្នេះ ចូរ​ពិចារណា​អំពី​សេចក្ដីសប្បុរស និង​សេចក្ដីតឹងរ៉ឹង​របស់​ព្រះ​ចុះ គឺ​ព្រះអង្គ​មាន​សេចក្ដីតឹងរ៉ឹង​ចំពោះ​អស់អ្នក​ដែល​ដួល ប៉ុន្តែ​ព្រះអង្គ​មាន​សេចក្ដីសប្បុរស​នៃ​ព្រះ​ចំពោះ​អ្នក ដរាបណា​អ្នក​បាន​បន្ត​នៅក្នុង​សេចក្ដីសប្បុរស​នោះ​; បើមិនដូច្នោះទេ អ្នក​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។ រីឯ​មែកឈើទាំងនោះដែលត្រូវបានកាត់ចេញ ​ក៏ដូច្នោះដែរ ប្រសិនបើ​ពួកគេ​លែង​បន្ត​នៅក្នុង​ភាពឥតជំនឿ​របស់ពួកគេ​ទៀត នោះ​ពួកគេ​នឹង​ត្រូវបាន​បំបៅ​វិញ ដ្បិត​ព្រះ​អាច​បំបៅ​ពួកគេ​សាជាថ្មី​បាន​។ ជាការពិត ប្រសិនបើ​អ្នក​ត្រូវបាន​កាត់ចេញ​ពី​ដើមអូលីវព្រៃ​ពីធម្មជាតិ ហើយ​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវស្រុក​ដោយ​ខុសធម្មជាតិ​ទៅហើយ ចុះ​មែក ​ពីកំណើត​ទាំងនោះ តើ​នឹង​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវ​របស់ខ្លួន​វិញ​ស្រួលជាង​អម្បាលម៉ាន​ទៅទៀត​! បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន នោះ​ទើប​អ៊ីស្រាអែល​ទាំងមូល​នឹង​បាន​សង្គ្រោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ព្រះរំដោះ​នឹង​យាង​មក​ពី​ស៊ីយ៉ូន ព្រះអង្គ​នឹង​ដកយក​ការមិនគោរពព្រះ​ចេញ​ពី​យ៉ាកុប​។ នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់​យើង​ជាមួយ​ពួកគេ នៅពេល​យើង​ដកយក​បាប​របស់​ពួកគេ​ចេញ​”​។ បើគិតតាម​ដំណឹងល្អ ពួកគេ​ពិតជា​ខ្មាំងសត្រូវ​របស់ព្រះ ដោយសារតែ​អ្នករាល់គ្នា ប៉ុន្តែ​បើគិតតាម​ការជ្រើសតាំង ពួកគេ​ពិតជា​អ្នក​ដ៏ជាទីស្រឡាញ់ ដោយសារតែ​ពួក​ដូនតា ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។ ដូចដែល​ពីមុន​អ្នករាល់គ្នា​មិនព្រមជឿ​ព្រះ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ដោយសារតែ​ការមិនស្ដាប់បង្គាប់​របស់​អ្នកទាំងនោះ​យ៉ាងណា សព្វថ្ងៃនេះ​ពួកគេ​ក៏​មិនព្រមជឿ ដើម្បីឲ្យ​ពួកគេ​បាន​ទទួលសេចក្ដីមេត្តា​នៅឥឡូវនេះ ដោយសារតែ​សេចក្ដីមេត្តា​ដល់​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ដ្បិត​ព្រះ​បាន​បង្ខាំង​មនុស្ស​ទាំងអស់​ក្នុង​ការមិនស្ដាប់បង្គាប់ ដើម្បីឲ្យ​ព្រះអង្គ​បាន​មេត្តាករុណា​ដល់​មនុស្ស​គ្រប់គ្នា​។ ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​! “​តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​? តើ​នរណា​បាន​ធ្វើជា​ទីប្រឹក្សា​របស់​ព្រះអង្គ​? ឬ​តើ​នរណា​បាន​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន ដើម្បីឲ្យ​ខ្លួន​ត្រូវបាន​តបស្នង​វិញ​? ”​។ ដ្បិត​អ្វីៗ​ទាំងអស់​មកពី​ព្រះអង្គ តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន៕ ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ ​សម្រាប់​អ្នករាល់គ្នា​។ កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។ ខ្ញុំ​សូម​ប្រាប់​ម្នាក់ៗ​ក្នុង​អ្នករាល់គ្នា ដោយ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ​ថា កុំ​គិតពីខ្លួនឯងឲ្យខ្ពស់​លើសជាង​អ្វីដែល​គួរ​គិត​ឡើយ ផ្ទុយទៅវិញ ចូរ​គិត​ដោយ​គំនិតមធ្យ័ត តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​ម្នាក់ៗ​។ ដូចដែល​យើង​មាន​អវយវៈ​ជាច្រើន​នៅក្នុង​រូបកាយ​មួយ ហើយ​អវយវៈ​នីមួយៗ​មាន​តួនាទី​ខុសៗគ្នា​យ៉ាងណា យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​មួយ​នៅក្នុង​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​នឹងគ្នា​យ៉ាងនោះដែរ​។ យើង​មាន​អំណោយទាន​ផ្សេងពីគ្នា តាម​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​: បើសិនជា​ការថ្លែងព្រះបន្ទូល ក៏​ចូរ​ថ្លែងព្រះបន្ទូល​តាម​ខ្នាត​នៃ​ជំនឿ​; បើសិនជា​ការបម្រើ ក៏ចូរ​បម្រើ​; បើសិនជា​អ្នក​បង្រៀន ក៏ចូរ​បង្រៀន​; បើសិនជា​អ្នក​ជំរុញទឹកចិត្ត ក៏​ចូរ​ជំរុញទឹកចិត្ត​; អ្នក​ដែល​ចែកទាន ក៏ចូរធ្វើ​ដោយ​ចិត្តទូលាយ​; អ្នក​ដែល​នាំមុខ ក៏ចូរធ្វើ​ដោយ​ចិត្តខ្នះខ្នែង​; អ្នក​ដែល​មេត្តា ក៏ចូរធ្វើ​ដោយ​ចិត្តរីករាយ​ចុះ​។ សេចក្ដីស្រឡាញ់​ត្រូវតែ​ឥតពុតត្បុត​។ ចូរ​ស្អប់ខ្ពើម​អ្វី​ដែល​អាក្រក់ ចូរ​កាន់ខ្ជាប់​អ្វី​ដែល​ល្អ​។ ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក ដោយ​សេចក្ដីស្រឡាញ់ជាបងប្អូន ហើយ​ចូរ​នាំមុខ​ក្នុង​ការគោរព​គ្នាទៅវិញទៅមក​។ ចូរ​មាន​ចិត្តខ្នះខ្នែង កុំ​ខ្ជិលច្រអូស​ឡើយ ចូរ​ឆេះឆួល​ក្នុង​វិញ្ញាណ ហើយ​បម្រើ​ព្រះអម្ចាស់​។ ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។ ចូរ​រួមចំណែកផ្គត់ផ្គង់​តម្រូវការ​របស់​វិសុទ្ធជន ទាំង​ខិតខំ​ទទួលភ្ញៀវដោយរាក់ទាក់​។ ចូរ​ឲ្យពរ​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា ចូរ​ឲ្យពរ​ចុះ កុំ​ប្រទេចផ្ដាសា​ឡើយ​។ ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំសោក​ជាមួយ​អ្នក​ដែល​យំសោក​។ ចូរ​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក​; កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​សេពគប់​ជាមួយ​មនុស្ស​តូចទាប​; កុំ​គិតថា​ខ្លួនឯង​មានប្រាជ្ញា​ឡើយ​។ កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​; ចូរ​គិតគូរ​ធ្វើ​ការល្អ​នៅចំពោះ​មនុស្ស​ទាំងអស់​។ ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ​”​។ ផ្ទុយទៅវិញ “​ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​; ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​; ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ​”​។ កុំឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ផ្ទុយទៅវិញ ចូរ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​៕ មនុស្ស ​គ្រប់គ្នា​ត្រូវតែ​ចុះចូល​នឹង​រដ្ឋអំណាច ដ្បិត​គ្មាន​អំណាច​ណា​ដែល​មិន​បាន​មកពី​ព្រះ​ឡើយ គឺ​អំណាច​ទាំងអស់​ដែល​មាន សុទ្ធតែ​ត្រូវបាន​កំណត់ឲ្យមាន​ដោយ​ព្រះ​។ ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋអំណាច គឺ​តតាំង​នឹង​អ្វី​ដែល​ព្រះ​បាន​តាំងឡើង ហើយ​អ្នក​ដែល​តតាំង អ្នកនោះ​នាំ​ទោស​ដាក់​ខ្លួន​។ ជាការពិត មេគ្រប់គ្រង​មិនមែន​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើល្អ​ទេ គឺ​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើ​អាក្រក់​វិញ​។ តើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋអំណាច​ឬ​? ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​នឹង​ទទួល​ការសរសើរ​ពី​រដ្ឋអំណាច ដ្បិត​លោក​ជា​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ការ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​កាន់​ដាវ​មិនមែន​ឥតប្រយោជន៍​ឡើយ​។ លោក​ជា​អ្នកបម្រើ​របស់​ព្រះ ជា​អ្នកសងសឹក ដើម្បី​នាំ​ព្រះពិរោធ​មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់។ ដូច្នេះ អ្នក​ត្រូវតែ​ចុះចូល មិនគ្រាន់តែ​ដោយព្រោះ​ព្រះពិរោធ​ប៉ុណ្ណោះទេ គឺ​ដោយព្រោះ​សតិសម្បជញ្ញៈ​ដែរ​។ តាមពិត នេះជាហេតុដែល​អ្នករាល់គ្នា​បង់ពន្ធ​ដែរ ដ្បិត​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ ដែល​តែងតែ​ផ្ដោត​ទៅលើ​ការងារ​នេះ​ឯង​។ ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។ កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។ ដ្បិត​បទបញ្ជាដែលថា​: “ កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច ​ កុំ​លោភលន់​” ព្រមទាំង​បទបញ្ជា​ឯទៀតៗ ក៏​សរុប​មក​ក្នុង​ពាក្យ​នេះ​ថា​: “​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​” ។ សេចក្ដីស្រឡាញ់​មិន​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​អ្នកជិតខាង​ឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់​ជា​ការបំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​។ មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា ​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។ យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។ ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។ ផ្ទុយទៅវិញ ចូរ​បំពាក់ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​កុំ​ធ្វើ​គម្រោង​តាម​តណ្ហា​សាច់ឈាម​ឡើយ៕ ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ ដោយ​ចៀសវាង​ពី​ការប្រកែក​អំពី​រឿងចម្រូងចម្រាស ​។ ទោះបីជា​មាន​ម្នាក់​ជឿ​ថា​ហូប​អ្វី​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ខ្សោយ​ហូប​តែ​បន្លែ​ប៉ុណ្ណោះ​។ កុំឲ្យ​អ្នក​ដែល​ហូប មើលងាយ​អ្នក​ដែល​មិន​ហូប​ឡើយ ហើយក៏​កុំឲ្យ​អ្នក​ដែល​មិន​ហូប វិនិច្ឆ័យ​អ្នក​ដែល​ហូប​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នកនោះ​ហើយ​។ តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​វិនិច្ឆ័យ​អ្នកបម្រើ​របស់​អ្នកដទៃ​? អ្នកបម្រើនោះ​ឈរ​ក្ដី ដួល​ក្ដី ក៏​ស្រេចលើ​ចៅហ្វាយ​របស់គាត់​ទេ​; ក៏ប៉ុន្តែ​គាត់​នឹង​ឈរមាំ ពីព្រោះ​ព្រះអម្ចាស់ ​អាច​ឲ្យ​គាត់​ឈរមាំ​បាន​។ ទោះបីជា​មាន​ម្នាក់​យល់ឃើញថា​ថ្ងៃ​មួយ​សំខាន់ជាង​ថ្ងៃ​មួយទៀត ក៏ប៉ុន្តែ​មាន​ម្នាក់ទៀត​យល់ឃើញថា​ថ្ងៃ​ទាំងអស់​គឺដូចគ្នា​។ ចូរឲ្យ​ម្នាក់ៗ​ជឿអស់ពីចិត្ត​លើ​គំនិត​របស់ខ្លួនឯង​ចុះ​។ អ្នក​ដែល​ប្រកាន់​ថ្ងៃ ក៏​ប្រកាន់​ដើម្បី​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ហូប ក៏​ហូប​ដើម្បី​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​អរព្រះគុណ​ដល់​ព្រះ​។ អ្នក​ដែល​មិន​ហូប ក៏​មិន​ហូប​ដើម្បី​ព្រះអម្ចាស់ ព្រមទាំង​អរព្រះគុណ​ដល់​ព្រះ​ផង​។ ក្នុងចំណោម​យើង គ្មានអ្នកណា​រស់​ដើម្បី​ខ្លួនឯង​ទេ ហើយក៏​គ្មានអ្នកណា​ស្លាប់​ដើម្បី​ខ្លួនឯង​ដែរ​។ ពោលគឺ ប្រសិនបើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះអម្ចាស់ ហើយ​ប្រសិនបើ​យើង​ស្លាប់ យើង​ក៏​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ដែរ​។ ដូច្នេះ ទោះបីជា​យើង​រស់​ក្ដី ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះអម្ចាស់​។ ព្រះ​គ្រីស្ទ​បាន​សុគត ហើយ​រស់ឡើងវិញ​ដើម្បី​ការនេះ​ឯង គឺ​ដើម្បី​ធ្វើជាព្រះអម្ចាស់​លើ​ទាំង​មនុស្សស្លាប់ និង​មនុស្ស​រស់​ផង​។ រីឯ​អ្នក​វិញ ម្ដេចក៏​អ្នក​វិនិច្ឆ័យ​បងប្អូន​របស់អ្នក​? ឬ​ម្ដេចក៏​អ្នក​មើលងាយ​បងប្អូន​របស់អ្នក​? ជាការពិត យើង​ទាំងអស់គ្នា​នឹង​ឈរនៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​ព្រះអម្ចាស់​មានបន្ទូលថា ដូចដែល​យើង​រស់នៅ ពិតប្រាកដជា​គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​សារភាព​ដល់​ព្រះ​”​។ ដោយហេតុនេះ យើង​ម្នាក់ៗ​ត្រូវ​រៀបរាប់ទូល​ព្រះ​អំពី​ខ្លួនឯង​។ ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។ ខ្ញុំ​ដឹង និង​បាន​ជឿជាក់​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា គ្មានអ្វី​មិនបរិសុទ្ធ​ដោយ​ឯកឯង​ឡើយ គឺ​ទាល់តែ​មាន​គេ​ចាត់ទុក​អ្វីមួយ​ថា​មិនបរិសុទ្ធ ទើប​មិនបរិសុទ្ធ​សម្រាប់​អ្នកនោះ​។ ប្រសិនបើ​បងប្អូន​របស់អ្នក​ត្រូវ​ពិបាកចិត្ត​ព្រោះតែ​អាហារ នោះ​អ្នក​លែង​ដើរ​ដោយ​សេចក្ដីស្រឡាញ់​ទៀត​ហើយ​។ កុំ​បំផ្លាញ​អ្នកដែល​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​នោះ ដោយ​អាហារ​របស់អ្នក​ឡើយ​។ ដូច្នេះ កុំឲ្យ​ការល្អ​របស់អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។ ជាការពិត អ្នក​ដែល​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ជាទីគោរពរាប់អាន​ដល់​មនុស្ស​។ ដោយហេតុនេះ ចូរឲ្យ​យើង​ស្វែងរក​អ្វីៗ​ដែល​នាំឲ្យមាន​សេចក្ដីសុខសាន្ត និង​អ្វីៗ​ដែល​នាំឲ្យមាន​ការស្អាងទឹកចិត្ត​ដល់​គ្នាទៅវិញទៅមក​។ កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះ​ដោយសារតែ​អាហារ​ឡើយ​។ អ្វីៗ​ទាំងអស់​សុទ្ធតែ​បរិសុទ្ធ​មែន ប៉ុន្តែ​បើ​មាន​អ្នកណា​ធ្វើឲ្យគេជំពប់ដួល​ដោយ​ការ​ហូប ការនោះ​ជា​ការ​អាក្រក់​ហើយ​។ ជា​ការល្អ​ណាស់​ដែល​មិន​ហូប​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វីដែល​ធ្វើឲ្យ​បងប្អូន​របស់អ្នក​ជំពប់ដួល ​។ ជំនឿ​ដែល​អ្នក​មាន ចូរ​រក្សាទុក​នៅចំពោះ​ព្រះ​ដោយ​ខ្លួនឯង​ចុះ​។ មានពរ​ហើយ អ្នក​ដែល​មិន​ផ្ដន្ទាទោស​ខ្លួនឯង​ចំពោះ​អ្វីដែល​ខ្លួន​យល់ឃើញថាត្រឹមត្រូវ​។ ប៉ុន្តែ ប្រសិនបើ​អ្នក​ដែល​សង្ស័យ​បាន​ហូប អ្នកនោះ​ត្រូវបាន​ផ្ដន្ទាទោស​ហើយ ពីព្រោះ​ការនោះ​មិន​បាន​ចេញពី​ជំនឿ​ទេ​។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​មិន​ចេញពី​ជំនឿ គឺជា​បាប​៕ យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។ ត្រូវ​ឲ្យ​យើង​ម្នាក់ៗ​បំពេញចិត្ត​អ្នកជិតខាង​ឲ្យ​បាន​ប្រយោជន៍​ដល់គេ ដើម្បី​ជា​ការស្អាងទឹកចិត្ត​។ ដ្បិត​សូម្បីតែ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​បំពេញព្រះទ័យ​អង្គទ្រង់​ដែរ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ពាក្យត្មះតិះដៀល​របស់​អ្នក​ដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ​”​។ ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។ ដូច្នេះ សូមឲ្យ​ព្រះ​នៃ​ការអត់ធ្មត់ និង​ការកម្សាន្តចិត្ត ប្រទាន​ឲ្យ​អ្នករាល់គ្នា​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក ស្របតាម​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បីឲ្យ​អ្នករាល់គ្នា​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដោយមានចិត្តតែមួយ និង​ដោយ​សំឡេង​តែមួយ​។ ដោយហេតុនេះ ចូរ​ទទួល​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​គ្រីស្ទ​បាន​ទទួល​អ្នករាល់គ្នា ​ដែរ ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។ ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត ព្រមទាំង​ដើម្បីឲ្យ​សាសន៍ដទៃ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​សេចក្ដីមេត្តា​របស់ព្រះអង្គ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ហេតុនេះហើយបានជា​ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​”។ មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា​: “​សាសន៍ដទៃ​អើយ ចូរ​អរសប្បាយ​ជាមួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចុះ​!​”​។ ហើយ​មាន​ចែង​ទៀត​ថា​: “​សាសន៍ដទៃ​ទាំងអស់​អើយ ចូរ​សរសើរតម្កើង​ព្រះអម្ចាស់​! ប្រជាជាតិ​ទាំងអស់​អើយ ចូរ​សរសើរ​ព្រះអង្គ​!​”​។ មួយវិញទៀត អេសាយ​ក៏​បាន​ថ្លែងថា​: “​នឹង​មាន​ឫស​របស់​អ៊ីសាយ ជា​ព្រះអង្គ​ដែល​ក្រោកឡើង​គ្រប់គ្រង​សាសន៍ដទៃ​; ពួក​សាសន៍ដទៃ​នឹង​សង្ឃឹម​លើ​ព្រះអង្គ​”។ សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ បងប្អូន​របស់ខ្ញុំ​អើយ​! ខ្លួនខ្ញុំ​ក៏​ជឿជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដីល្អ ទាំង​ពោរពេញ​ទៅដោយ​ចំណេះដឹង​គ្រប់យ៉ាង ថែមទាំង​អាច​ទូន្មាន​គ្នាទៅវិញទៅមក​បាន​ទៀតផង​។ យ៉ាងណាមិញ ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយភាពក្លាហាន​ត្រង់​ចំណុចខ្លះ ដើម្បី​រំលឹក​អ្នករាល់គ្នា​ដោយសារតែ​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។ ដូច្នេះ ខ្ញុំ​មាន​មោទនភាព​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ចំពោះ​កិច្ចការ​ដែល​ខ្ញុំធ្វើ​ដើម្បី​ព្រះ​។ ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ក្រៅពី​អ្វីៗដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ ដើម្បីឲ្យ​សាសន៍ដទៃ​ស្ដាប់បង្គាប់ គឺ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​តាមរយៈ​ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់ខ្ញុំ ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។ ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​អ្នកដែល​មិន​បាន​ទទួលដំណឹង​អំពី​ព្រះអង្គ នឹង​ឃើញ​; អ្នកដែល​មិន​បាន​ឮ នឹង​យល់​”​។ នេះជាហេតុដែល​ខ្ញុំ​ត្រូវបាន​រារាំង​ជាច្រើនដង មិនឲ្យ​មករក​អ្នករាល់គ្នា​។ ប៉ុន្តែ​ឥឡូវនេះ គ្មាន​កន្លែង​ក្នុង​តំបន់​ទាំងនេះ​ឲ្យខ្ញុំផ្សព្វផ្សាយ ​ទៀតឡើយ ម្យ៉ាងទៀត ខ្ញុំ​ប្រាថ្នាចង់​មករក​អ្នករាល់គ្នា​ជាយូរ​ឆ្នាំ​មកហើយ​។ ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដើម្បី​បម្រើ​វិសុទ្ធជន​។ ដ្បិត​អ្នកជឿ ​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។ ពួកគេ​ពេញចិត្ត​នឹង​ធ្វើដូច្នេះ​មែន ហើយ​តាមពិត​ពួកគេ​ជា​កូនបំណុល​របស់​អ្នកទាំងនោះ ដ្បិត​ប្រសិនបើ​សាសន៍ដទៃ​បាន​ទទួលចំណែក​ខាងវិញ្ញាណ​ពី​ជនជាតិយូដា​ទៅហើយ នោះ​ពួកគេ​ក៏​គួរតែ​បម្រើ​ជនជាតិយូដា​ដោយ​របស់របរខាងលោកីយ៍ ​ដែរ​។ ដូច្នេះ បន្ទាប់ពី​ខ្ញុំ​បាន​បំពេញ​ការនេះ គឺ​បាន​ប្រគល់​ជំនួយ ​នេះ​ដល់​ពួកគេ​ដោយសុវត្ថិភាព​ហើយ ខ្ញុំ​ក៏​នឹង​ទៅ​អេស្ប៉ាញ​ដោយឆ្លងកាត់​កន្លែង​អ្នករាល់គ្នា​។ ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មករក​អ្នករាល់គ្នា ខ្ញុំ​នឹង​មាន​ព្រះពរ​ដ៏ពេញលេញ ​របស់​ព្រះ​គ្រីស្ទ​មក​ជាមួយ​ដែរ​។ បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា ដោយនូវ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ដោយ​សេចក្ដីស្រឡាញ់​របស់ព្រះវិញ្ញាណ ឲ្យ​ខំប្រឹងជាមួយ​ខ្ញុំ​ក្នុង​ការអធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ គឺឲ្យ​បាន​ស្រោចស្រង់​ពី​ពួក​អ្នក​មិនព្រមជឿ​នៅ​យូឌា និង​ឲ្យ​ការងារបម្រើ​របស់ខ្ញុំ​សម្រាប់​យេរូសាឡិម បានជា​ទីពេញចិត្ត​ដល់​វិសុទ្ធជន ដើម្បីឲ្យ​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា​ដោយ​អំណរ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ទាំង​បាន​ស្រស់ស្រាយឡើងវិញ​ជាមួយ​អ្នករាល់គ្នា​ផង​។ សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន៕ ខ្ញុំ​សូម​លើកសរសើរ​ភីបេ​បងប្អូន​របស់យើង​ដល់​អ្នករាល់គ្នា នាង​ជា​អ្នកជំនួយ​ដល់​ក្រុមជំនុំ​នៅ​កេងគ្រា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​តាមបែបសមគួរ​នឹង​វិសុទ្ធជន ហើយ​ជួយ​នាង​ក្នុង​ការ​អ្វីក៏ដោយដែល​នាង​ត្រូវការ​ពី​អ្នករាល់គ្នា ពីព្រោះ​នាង​ជា​អ្នកផ្គត់ផ្គង់​មនុស្ស​ជាច្រើន រួមទាំង​ខ្លួនខ្ញុំ​ផង​។ សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា​អ្នករួមការងារ​ជាមួយខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង​។ ពួកគាត់​បាន​ប្រថុយជីវិត ​របស់​ខ្លួន​ជំនួស​ជីវិត​របស់ខ្ញុំ​។ មិនត្រឹមតែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះទេ ដែល​អរគុណ​ពួកគាត់ គឺទាំង​ក្រុមជំនុំ​ទាំងអស់​របស់​សាសន៍ដទៃ​ក៏​អរគុណ​ពួកគាត់​ដែរ។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមជំនុំ​នៅ​ផ្ទះ​របស់​ពួកគាត់​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អេប៉ាយនេត​ជាទីស្រឡាញ់​របស់ខ្ញុំ ដែល​ជា​ផលដំបូង​នៅ​អាស៊ី​សម្រាប់​ព្រះ​គ្រីស្ទ​។ សូម​ជួយ​សួរសុខទុក្ខ​ម៉ារា ដែល​បាន​ធ្វើការនឿយហត់​យ៉ាងច្រើន​ដើម្បី​អ្នករាល់គ្នា ​។ សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។ សូម​ជួយ​សួរសុខទុក្ខ​អាំភ្លាស​ជាទីស្រឡាញ់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់។ សូម​ជួយ​សួរសុខទុក្ខ​អើបាន់​អ្នករួមការងារ​ជាមួយយើង​ក្នុង​ព្រះ​គ្រីស្ទ និង​ស្តាឃីស​ជាទីស្រឡាញ់​របស់ខ្ញុំ​។ សូម​ជួយ​សួរសុខទុក្ខ​អ័ពេលេស​ជាទីគោរពរាប់អាន​ក្នុង​ព្រះ​គ្រីស្ទ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​អើរិស្តូប៊ូល​។ សូម​ជួយ​សួរសុខទុក្ខ​ហេរ៉ូឌាន​បងប្អូនរួមជាតិ​របស់ខ្ញុំ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​ណើគីស ដែល​នៅ​ក្នុង​ព្រះអម្ចាស់។ សូម​ជួយ​សួរសុខទុក្ខ​ទ្រីភេន និង​ទ្រីផូស ដែល​ធ្វើការនឿយហត់​ក្នុង​ព្រះអម្ចាស់​។ សូម​ជួយ​សួរសុខទុក្ខ​ពើស៊ីស​ជាទីស្រឡាញ់ ដែល​បាន​ធ្វើការនឿយហត់​យ៉ាងច្រើន​ក្នុង​ព្រះអម្ចាស់។ សូម​ជួយ​សួរសុខទុក្ខ​រូភូស ដែល​ត្រូវបានជ្រើសរើស​ក្នុង​ព្រះអម្ចាស់ និង​ម្ដាយ​របស់​គាត់ ដែលជា​ម្ដាយ​របស់ខ្ញុំ​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និង​បងប្អូន​ដែល​នៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​ភីឡូឡូក និង​យូលាស នេរើស និង​ប្អូនស្រី ​របស់​គាត់ ព្រមទាំង​អូលីមប៉ាស និង​វិសុទ្ធជន​ទាំងអស់​ដែល​នៅ​ជាមួយ​ពួកគាត់​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ក្រុមជំនុំ​ទាំងអស់​របស់​ព្រះ​គ្រីស្ទ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។ ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។ ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​មនុស្ស​ទាំងអស់​ហើយ ដូច្នេះ​ខ្ញុំ​អរសប្បាយ​នឹង​អ្នករាល់គ្នា​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​មានប្រាជ្ញា​ខាង​ការល្អ ហើយ​អត់ចេះ​ខាង​ការ​អាក្រក់​។ ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​! ធីម៉ូថេ​អ្នករួមការងារ​ជាមួយខ្ញុំ និង​លូគាស យ៉ាសុន និង​សូសិប៉ាត្រុស​បងប្អូនរួមជាតិ​របស់ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ ខ្ញុំ ទើទាស ដែល​សរសេរ​សំបុត្រ​នេះ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ដែរ។ កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន។ រីឯ​ព្រះ​ដែល​អាច​ពង្រឹង​អ្នករាល់គ្នា​ដោយ​ដំណឹងល្អ​របស់ខ្ញុំ និង​ដោយ​ការប្រកាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដោយ​ការបើកសម្ដែង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពី​យូរលង់​មកម្ល៉េះ ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​—— សូមឲ្យ​ព្រះ​តែមួយអង្គ​គត់​ដ៏មានប្រាជ្ញា មាន​សិរីរុងរឿង​ជារៀងរហូត តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​! អាម៉ែន​៕​៚ ពី​ខ្ញុំ ប៉ូល ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យរបស់​ព្រះ និង​ពី​សូស្ថេន​ជា​បងប្អូន ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន​ជាមួយ​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង នៅ​គ្រប់​ទីកន្លែង​។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​ពួកគេ ហើយក៏​ជា​ព្រះអម្ចាស់​របស់យើង​ដែរ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ខ្ញុំ​តែងតែ​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ អំពី​អ្នករាល់គ្នា ចំពោះ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់​ដោយនូវ​ព្រះអង្គ គឺ​ក្នុង​គ្រប់ទាំង​ពាក្យសម្ដី និង​ចំណេះដឹង​ទាំងអស់ ដូចដែល​ទីបន្ទាល់​ស្ដីអំពី​ព្រះ​គ្រីស្ទ ត្រូវបាន​បញ្ជាក់​ក្នុងចំណោម​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ខ្វះ​អំណោយទាន​ណាមួយ​ឡើយ ក្នុងពេលដែល​អ្នករាល់គ្នា​ទន្ទឹងរង់ចាំ​ការសម្ដែងឲ្យឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នករាល់គ្នា​រហូតដល់​ទីបញ្ចប់ ឲ្យ​ឥតមានកន្លែងបន្ទោសបាន នៅក្នុង​ថ្ងៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​ព្រះអម្ចាស់​នៃយើង​។ ព្រះ​ទ្រង់​ស្មោះត្រង់ ហើយ​អ្នករាល់គ្នា​ត្រូវ​ព្រះអង្គ​ត្រាស់ហៅ​ឲ្យចូល​ក្នុង​ការប្រកបគ្នា​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ឲ្យ​អ្នក​ទាំងអស់គ្នា​យល់ស្របគ្នាទៅវិញទៅមក ហើយ​កុំឲ្យ​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ឲ្យ​អ្នករាល់គ្នា​សាមគ្គីគ្នា​ដោយ​មាន​គំនិត​តែមួយ និង​បំណង​តែមួយ​។ បងប្អូន​របស់ខ្ញុំ​អើយ តាមពិត​អ្នកផ្ទះ​របស់​ខ្លូអេ​បាន​ប្រាប់ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នករាល់គ្នា​ថា មាន​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា​។ ខ្ញុំ​និយាយ​ដូច្នេះ ដោយព្រោះ​ម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​អះអាងថា​៖ “​ខ្ញុំ​កាន់ខាង​ប៉ូល​” “​ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស​” “​ខ្ញុំ​កាន់ខាង​កេផាស​” “​ខ្ញុំ​កាន់ខាង​ព្រះ​គ្រីស្ទ”​។ តើ​ព្រះ​គ្រីស្ទ​ត្រូវបាន​បែងចែក​ឬ​? តើ​ប៉ូល​ត្រូវគេ​ឆ្កាង​សម្រាប់​អ្នករាល់គ្នា​ឬ​? ឬមួយក៏​អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​នាម​របស់​ប៉ូល​? ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំ​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​អ្នកណាម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា លើកលែងតែ​គ្រីសប៉ុស និង​កៃយុស​ប៉ុណ្ណោះ ដើម្បីកុំឲ្យ​មាន​អ្នកណា​និយាយ​ថា អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​នាម​របស់ខ្ញុំ​។ តាមពិត ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ក្រុមគ្រួសារ​របស់​ស្ទេផាណាស​ដែរ​។ ក្រៅពីនេះ ខ្ញុំ​មិន​ចាំ​ទេ ថា​តើ​ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​អ្នកណា​ផ្សេងទៀត​ឬយ៉ាងណា​។ ដ្បិត​ព្រះ​គ្រីស្ទ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មិនមែន​ដើម្បី​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ដើម្បី​ផ្សាយដំណឹងល្អ​វិញ ប៉ុន្តែ​មិនមែន​ដោយ​ប្រាជ្ញា​ខាង​ពាក្យសម្ដី​ឡើយ ក្រែងលោ​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទៅជាឥតប្រយោជន៍​។ ជាការពិត ដំណឹង​នៃ​ឈើឆ្កាង​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​ពួក​អ្នក​ដែល​កំពុង​វិនាស ប៉ុន្តែ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​យើង​ដែល​ត្រូវបាន​សង្គ្រោះ​។ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា ហើយ​បោះបង់ចោល​បញ្ញា​របស់​មនុស្ស​ឈ្លាសវៃ​”​។ តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​? ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។ ជនជាតិយូដា​ទាមទារ​ទីសម្គាល់ ហើយ​ជនជាតិក្រិក​ស្វែងរក​ប្រាជ្ញា រីឯ​យើង​វិញ យើង​ប្រកាស​ព្រះ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង​——​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ជនជាតិយូដា ហើយ​ជា​សេចក្ដីល្ងង់ខ្លៅ​ដល់​សាសន៍ដទៃ ​; ប៉ុន្តែ​ចំពោះ​ពួកអ្នក​ដែល​ត្រូវបានត្រាស់ហៅ គឺ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក ព្រះ​គ្រីស្ទ​ជា​ព្រះចេស្ដា​របស់​ព្រះ និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​។ ដ្បិត​សេចក្ដីល្ងង់ខ្លៅ​របស់​ព្រះ មានប្រាជ្ញា​ជាង​មនុស្ស ហើយ​ភាពខ្សោយ​របស់​ព្រះ​ក៏​មានកម្លាំង​ជាង​មនុស្ស​ដែរ​។ បងប្អូន​អើយ ចូរ​ពិចារណា​អំពី​ការត្រាស់ហៅ​របស់អ្នករាល់គ្នា​មើល៍ គឺ​បើ​គិត​តាមសាច់ឈាម មិនសូវ​មាន​អ្នកប្រាជ្ញ មិនសូវ​មាន​អ្នក​មានអំណាច ហើយក៏​មិនសូវ​មាន​មនុស្ស​ត្រកូលខ្ពស់​ដែរ​។ ផ្ទុយទៅវិញ ព្រះ​បាន​ជ្រើសរើស​មនុស្ស​ល្ងង់​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​អាម៉ាស់មុខ​; ព្រះ​បាន​ជ្រើសរើស​មនុស្ស​ខ្សោយ​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​ខ្លាំងពូកែ​អាម៉ាស់មុខ​; ព្រះ​បាន​ជ្រើសរើស​អ្វី​ដែល​ទាបថោក និង​អ្វី​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ពិភពលោក គឺ​អ្វី​ដែល​ត្រូវបានរាប់ថា​គ្មាន ដើម្បី​បំបាត់​អ្វី​ដែល​សំខាន់ ដើម្បីកុំឲ្យ​អ្នកណាម្នាក់ ​អួតខ្លួន​នៅចំពោះ​ព្រះ​ឡើយ​។ ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ ដើម្បីឲ្យ​បាន​ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់​” ​៕ បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង ​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា ទាំង​ស្ថិតក្នុង​ភាពខ្សោយ ការភិតភ័យ និង​ការញ័ររន្ធត់​យ៉ាងខ្លាំង ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា ​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នករាល់គ្នា​ពឹងផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ព្រះ​វិញ។ យ៉ាងណាមិញ នៅក្នុងចំណោម​មនុស្ស​ពេញវ័យ យើង​ថ្លែង​ប្រាជ្ញា ប៉ុន្តែ​មិនមែន​ប្រាជ្ញា​របស់​សម័យ​នេះ​ទេ ហើយក៏មិនមែន​ប្រាជ្ញា​របស់​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​ដែល​រមែងតែងតែ​សាបសូន្យ​នោះ​ដែរ គឺ​យើង​ថ្លែង​ព្រះប្រាជ្ញាញាណ ដែល​ត្រូវបាន​លាក់ទុក​ក្នុង​អាថ៌កំបាំង ជា​ព្រះប្រាជ្ញាញាណ​ដែល​ព្រះ​បាន​កំណត់ទុកមុន​តាំងពីមុន​ពិភពលោក ដើម្បី​ជា​សិរីរុងរឿង​របស់យើង​។ គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។ យ៉ាងណាមិញ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​អ្វីដែល​ភ្នែក​មិនដែល​ឃើញ និង​ត្រចៀក​មិនដែល​ឮ ហើយ​មិនដែល​ផុសឡើង​ក្នុង​ចិត្ត​មនុស្ស នោះ​ជា​អ្វីដែល​ព្រះ​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ”​។ ប៉ុន្តែ​ព្រះ​បាន​បើកសម្ដែង​សេចក្ដីទាំងនោះ​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ហើយ ដ្បិត​ព្រះវិញ្ញាណ​តែងតែ​ស្ទង់មើល​អ្វីៗ​ទាំងអស់ សូម្បីតែ​សេចក្ដីជ្រាលជ្រៅ​របស់​ព្រះ​។ តើ​នរណា​ស្គាល់​គំនិត​របស់​មនុស្ស ក្រៅពី​វិញ្ញាណ​របស់​អ្នក​នោះ ដែល​នៅក្នុង​ខ្លួនអ្នកនោះ​? ដូចគ្នាដែរ គ្មានអ្នកណា​ស្គាល់​គំនិត​របស់​ព្រះ​ឡើយ លើកលែងតែ​ព្រះវិញ្ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​។ ឥឡូវនេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​ពិភពលោក​ទេ គឺ​បាន​ទទួល​ព្រះវិញ្ញាណ​ពី​ព្រះ​វិញ ដើម្បីឲ្យ​យើង​បាន​ស្គាល់​អ្វីៗ​ដែល​ព្រះ​ប្រទាន​មក​យើង ហើយ​យើង​ក៏​ថ្លែង​សេចក្ដីទាំងនោះ​ដែរ មិនមែន​ដោយ​ពាក្យសម្ដី​ដែល​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ គឺ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​វិញ ព្រមទាំង​ប្រៀបធៀប​សេចក្ដី​ខាងវិញ្ញាណ​ជាមួយ​សេចក្ដី​ខាងវិញ្ញាណ​ផង​។ យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។ រីឯ​មនុស្ស​ខាងវិញ្ញាណ​វិញ វិនិច្ឆ័យ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​មិន​ត្រូវ​អ្នកណា​វិនិច្ឆ័យ​ឡើយ​។ “​តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់? តើ​នរណា​នឹង​បង្រៀន​ព្រះអង្គ​?​”​។ ប៉ុន្តែ​យើង​មាន​គំនិត​របស់​ព្រះ​គ្រីស្ទ​៕ បងប្អូន​អើយ ខ្ញុំ​មិនអាច​និយាយ​នឹង​អ្នករាល់គ្នា ដូច​និយាយ​នឹង​មនុស្ស​ខាងវិញ្ញាណ​បានឡើយ ប៉ុន្តែ​ដូច​មនុស្ស​ខាងសាច់ឈាម​វិញ គឺ​ដូច​និយាយ​នឹង​កូនក្មេង​នៅក្នុង​ព្រះ​គ្រីស្ទ​។ ខ្ញុំ​បាន​ឲ្យអាហារ​ដល់​អ្នករាល់គ្នា​ជា​ទឹកដោះ មិនមែន​ជា​អាហាររឹង​ទេ ដោយសារ​អ្នករាល់គ្នា​មិនទាន់​អាច​ទទួល​បាន ហើយ​ឥឡូវនេះ​ក៏​នៅតែ​មិន​អាច​ដែរ ពីព្រោះ​អ្នករាល់គ្នា​នៅតែ​នៅ​ខាងសាច់ឈាម​នៅឡើយ​។ ដ្បិត​ប្រសិនបើ​មាន​ការឈ្នានីស និង​ការឈ្លោះប្រកែក ​ក្នុងចំណោម​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ហើយ​ដើរតាម​របៀប​មនុស្ស​ទេ​ឬ​? ដ្បិត​កាល​ម្នាក់​និយាយថា​៖ “​ខ្ញុំ​កាន់ខាង​ប៉ូល​” ហើយ​ម្នាក់ទៀត​ថា​៖ “​ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស​” នោះ​តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ​ទេ​ឬ​? ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ដាំ អ័ប៉ុឡូស​បាន​ស្រោចទឹក ប៉ុន្តែ​ព្រះ​បាន​ធ្វើឲ្យដុះឡើង​។ ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។ រីឯ​អ្នកដាំ និង​អ្នកស្រោចទឹក​គឺ​ដូចគ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ពលកម្ម​របស់ខ្លួន​។ ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។ ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​មេជាងសំណង់​ដែល​មានប្រាជ្ញា ស្របតាម​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ក្រោយមក​មាន​ម្នាក់ទៀត​សាងសង់ពីលើ​; ប៉ុន្តែ​ចូរឲ្យ​ម្នាក់ៗ​ប្រុងប្រយ័ត្ន​នឹង​របៀប​ដែល​សាងសង់ពីលើ​នោះ​ចុះ ដ្បិត​គ្មានអ្នកណា​អាច​ចាក់​គ្រឹះ​ផ្សេងទៀត​បាន​ឡើយ ក្រៅពី​គ្រឹះ​ដែល​ចាក់​រួចហើយ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ។ ប្រសិនបើ​អ្នកណា​សាងសង់ពីលើ​គ្រឹះ​នោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ ឈើ ចំបើង ឬ​ស្បូវ នោះ​កិច្ចការ​របស់​ម្នាក់ៗ​នឹង​ជាក់ច្បាស់ ដ្បិត​ថ្ងៃ​នោះ ​នឹង​ធ្វើឲ្យច្បាស់ គឺ​សម្ដែងឲ្យឃើញ​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ពិសោធ​កិច្ចការ​របស់​ម្នាក់ៗ​ថា​ជា​យ៉ាងណា​។ ប្រសិនបើ​កិច្ចការ​របស់​អ្នកណា​ដែល​សាងសង់ពីលើ​នោះ​នៅស្ថិតស្ថេរ អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​; ប្រសិនបើ​កិច្ចការ​របស់​អ្នកណា​ត្រូវ​ឆេះអស់ អ្នកនោះ​នឹង​ខាតបង់ រីឯ​ខ្លួនអ្នកនោះ​នឹង​បាន​សង្គ្រោះ ប៉ុន្តែ​នឹង​បាន​ដូចជា​ឆ្លងកាត់​ភ្លើងដែរ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​? ប្រសិនបើ​អ្នកណា​បំផ្លាញ​ព្រះវិហារ​របស់​ព្រះ ព្រះ​នឹង​បំផ្លាញ​អ្នកនោះ ដ្បិត​ព្រះវិហារ​របស់​ព្រះ​គឺ​វិសុទ្ធ ហើយ​អ្នករាល់គ្នា​នេះឯង​ជា​ព្រះវិហារនោះ​។ កុំឲ្យអ្នកណា​បោកបញ្ឆោត​ខ្លួនឯង​ឡើយ​! ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​គិតថា ខ្លួនឯង​មានប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ចូរឲ្យ​អ្នកនោះ​ត្រឡប់ជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​គាត់​បានជា​មនុស្ស​មានប្រាជ្ញា​វិញ ដ្បិត​ប្រាជ្ញា​របស់​ពិភពលោកនេះ​ជា​សេចក្ដីល្ងង់ខ្លៅ​នៅចំពោះ​ព្រះ​។ ជាការពិត មាន​សរសេរ​ទុកមក​ថា​: “​ព្រះអង្គ​ចាប់​មនុស្ស​មានប្រាជ្ញា​ដោយ​ល្បិចកល​របស់​ខ្លួនពួកគេ​” ហើយ​មាន​សរសេរ​ទៀត​ថា​: “​ព្រះអម្ចាស់​ទ្រង់​ជ្រាប​គំនិត​របស់​មនុស្ស​មានប្រាជ្ញា ថា​ជា​ការ​ឥតខ្លឹមសារ​” ។ ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា មិនថា​ជា​ប៉ូល​ក្ដី អ័ប៉ុឡូស​ក្ដី កេផាស​ក្ដី ពិភពលោក​ក្ដី ជីវិត​ក្ដី សេចក្ដីស្លាប់​ក្ដី អ្វីៗ​នា​បច្ចុប្បន្នកាល​ក្ដី ឬ​អ្វីៗ​នា​អនាគតកាល​ក្ដី អ្វីៗ​ទាំងអស់​សុទ្ធតែ​ជា​របស់អ្នករាល់គ្នា រីឯ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គ្រីស្ទ​ជា​របស់​ព្រះ៕ ដូច្នេះ មនុស្ស​ត្រូវ​ចាត់ទុក​យើង​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ និង​ជា​មេការ​នៃ​អាថ៌កំបាំង​របស់​ព្រះ​។ ក្នុងករណីនេះ តម្រូវ​ឲ្យ​មេការ​ជា​មនុស្ស​ស្មោះត្រង់​។ រីឯ​សម្រាប់​ខ្ញុំ ការ​ដែល​ត្រូវ​អ្នករាល់គ្នា ឬ​សាលាក្ដី​របស់​មនុស្ស​វិនិច្ឆ័យ ជា​រឿង​តូចបំផុត​ទេ​។ តាមពិត សូម្បីតែ​ខ្លួនខ្ញុំ​ក៏​ខ្ញុំ​មិន​វិនិច្ឆ័យ​ដែរ​។ ខ្ញុំ​យល់ឃើញថា ខ្ញុំ​គ្មានអ្វី​ប្រឆាំងនឹង​សតិសម្បជញ្ញៈ​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រាប់ជាសុចរិត​មិនមែន​ដោយសារតែការនេះ​ទេ គឺ​ព្រះអម្ចាស់​ជា​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​ទេតើ​។ ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។ បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “​កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ​” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។ តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​? អ្នករាល់គ្នា​បាន​ស្កប់ស្កល់​ហើយ អ្នករាល់គ្នា​មានស្ដុកស្ដម្ភ​ហើយ អ្នករាល់គ្នា​បាន​សោយរាជ្យ​ដោយគ្មាន​យើង​ហើយ​! ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​សោយរាជ្យ​ណាស់ ដើម្បីឲ្យ​យើង​បាន​សោយរាជ្យជាមួយ​អ្នករាល់គ្នា​ដែរ​! តាមពិត ខ្ញុំ​យល់ឃើញថា ព្រះ​បាន​ដាក់​យើង​ដែលជា​សាវ័ក​នៅ​ក្រោយក្បួន​ឲ្យគេឃើញ ដូចជា​អ្នកទោសប្រហារជីវិត ពីព្រោះ​យើង​បាន​ក្លាយជា​ទិដ្ឋភាព​ដល់​សាកលលោក គឺ​ទាំង​ទូតសួគ៌ និង​មនុស្ស​ផង​។ យើង​ជា​មនុស្ស​ល្ងង់​ព្រោះតែ​ព្រះ​គ្រីស្ទ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ព្រះ​គ្រីស្ទ​; យើង​ជា​មនុស្ស​ខ្សោយ រីឯ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្លាំងពូកែ​; អ្នករាល់គ្នា​ជា​មនុស្ស​មានកិត្តិយស រីឯ​យើង​ជា​មនុស្ស​អាប់ឱនកិត្តិយស​។ រហូតដល់​ពេលនេះ យើង​ទាំង​ឃ្លាន ទាំង​ស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេ​វាយ ហើយ​គ្មានជម្រក ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​; កាលណា​ត្រូវគេ​មួលបង្កាច់ យើង​ក៏​អង្វរ​។ រហូតមកដល់​ឥឡូវនេះ យើង​បាន​ដូចជា​សំរាម​របស់​ពិភពលោក និង​បាន​ដូចជា​កាកសំណល់​របស់​មនុស្ស​ទាំងអស់​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​ទេ គឺ​ដើម្បី​ទូន្មាន​អ្នករាល់គ្នា​ដូចជា​កូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​។ តាមពិត ទោះបីជា​អ្នករាល់គ្នា​មាន​អ្នកបង្រៀន ​រាប់ម៉ឺន​នាក់​ក្នុង​ព្រះ​គ្រីស្ទ​ក៏ដោយ ក៏​គ្មាន​ឪពុក​ច្រើន​ទេ ដ្បិត​ខ្ញុំ​បាន​ផ្ដល់កំណើត​ដល់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​តាមរយៈ​ដំណឹងល្អ​។ ដូច្នេះ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើជា​អ្នកយកតម្រាប់​តាម​ខ្ញុំ​។ នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។ មាន​អ្នកខ្លះ​មានឫកធំ ដោយស្មានថា​ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។ ដ្បិត​អាណាចក្រ​របស់​ព្រះ មិន​ស្ថិតលើ​ពាក្យសម្ដី​ទេ គឺ​ស្ថិតលើ​អំណាច​វិញ។ តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​? មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។ ប៉ុណ្ណឹងហើយ អ្នករាល់គ្នា​នៅតែ​អួតបំប៉ោង​ទៀត​! តើ​អ្នករាល់គ្នា​មិន​គួរ​កាន់ទុក្ខ​វិញ ហើយ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ចេញ​ពី​ចំណោម​អ្នករាល់គ្នា​ទេ​ឬ​? ជាការពិត ទោះបីជា​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា​ខាង​រូបកាយ​ក៏ដោយ‍ ក៏​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ហើយ​ខ្ញុំ​បាន​កាត់ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បែបនេះ​រួចហើយ ហាក់ដូចជា​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ដែរ​។ នៅពេល​អ្នករាល់គ្នា​ជួបជុំគ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​នៅ​ជាមួយ​ដែរ ត្រូវ​ប្រគល់​មនុស្ស​បែបនេះ​ទៅ​សាតាំង ដោយនូវ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ឲ្យ​សាច់ឈាម​អ្នកនោះ​ត្រូវ​បំផ្លាញ ដើម្បីឲ្យ​វិញ្ញាណ​របស់អ្នកនោះ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ​។ ការអួតអាង​របស់អ្នករាល់គ្នា​មិន​ល្អ​ទេ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា មេម្សៅ​តែបន្តិច​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ទេ​ឬ​? ចូរ​អ្នករាល់គ្នា​សម្អាត​មេម្សៅ​ចាស់​ចេញ ដើម្បី​បានជា​ដុំម្សៅ​ថ្មី ដ្បិត​អ្នករាល់គ្នា​ជា​ម្សៅឥតមេ​។ ជាការពិត ព្រះ​គ្រីស្ទ​ដែលជាកូនចៀមនៃ​បុណ្យរំលង​របស់យើង ត្រូវបាន​ថ្វាយជាយញ្ញបូជា ​ហើយ​។ ដូច្នេះ ចូរឲ្យ​យើង​ធ្វើពិធីបុណ្យ មិនមែន​ដោយ​មេម្សៅ​ចាស់ ឬ​ដោយ​មេម្សៅ​នៃ​គំនិតព្យាបាទ និង​សេចក្ដីអាក្រក់​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើពិធីបុណ្យ​ដោយ​នំប៉័ងឥតមេ​នៃ​សេចក្ដីបរិសុទ្ធ និង​សេចក្ដីពិត​។ ខ្ញុំ​ធ្លាប់​សរសេរ​មក​អ្នករាល់គ្នា​ក្នុង​សំបុត្រ​ថា កុំឲ្យ​សេពគប់ជាមួយ​មនុស្សអសីលធម៌ខាងផ្លូវភេទ​ឡើយ​។ ខ្ញុំ​មិនមែន​សំដៅលើ​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សឆបោក ឬ​មនុស្សថ្វាយបង្គំរូបបដិមាករ ទូទៅ​ក្នុង​ពិភពលោកនេះ​ទេ បើដូច្នោះមែន អ្នករាល់គ្នា​មានតែ​ចេញ​ពី​ពិភពលោកនេះ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា កុំឲ្យ​សេពគប់ជាមួយ​អ្នកណាក៏ដោយដែល​មានឈ្មោះ​ជា​បងប្អូន ដែល​ជា​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬ​មនុស្សឆបោក​ឡើយ ហើយក៏កុំ​ឲ្យ​ហូបជាមួយ​មនុស្ស​បែបនេះ​ដែរ​។ ដ្បិត​ខ្ញុំ​មាន​អ្វី​ពាក់ព័ន្ធនឹង​ការ​កាត់ទោស​អ្នក​ខាងក្រៅ​? តើ​មិនមែន​អ្នក​ខាងក្នុង​ទេ​ឬ ដែល​អ្នករាល់គ្នា​ត្រូវ​កាត់ទោស​? ចំណែកឯ​អ្នក​ខាងក្រៅ​វិញ ព្រះ​នឹង​ជំនុំជម្រះ​ពួកគេ ដូច្នេះ “​ចូរ​ដក​មនុស្ស​អាក្រក់​នោះ​ចេញ​ពីចំណោម​អ្នករាល់គ្នា​ទៅ​” ​៕ ក្នុងចំណោម​អ្នករាល់គ្នា កាលណា​មាន​បញ្ហា​ជាមួយ​អ្នកឯទៀត តើ​មាន​អ្នកខ្លះ​ហ៊ាន​ប្ដឹង​នៅចំពោះ​មនុស្ស​ទុច្ចរិត គឺ​មិន​ប្ដឹង​នៅចំពោះ​វិសុទ្ធជន​ឬ​? ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា​វិសុទ្ធជន​នឹង​ជំនុំជម្រះ​ពិភពលោក​ទេ​ឬ​? ដូច្នេះ ប្រសិនបើ​ពិភពលោក​នឹង​ត្រូវ​អ្នករាល់គ្នា​ជំនុំជម្រះ​ទៅហើយ តើ​អ្នករាល់គ្នា​គ្មានសមត្ថភាព​វិនិច្ឆ័យ​រឿង​តូចបំផុត​ទេឬ​? តើ​អ្នករាល់គ្នា​មិន​ដឹង​ថា យើង​នឹង​ជំនុំជម្រះ​បណ្ដា​ទូតសួគ៌​ទេ​ឬ​? ដូច្នេះ រឿង​ក្នុង​ជីវិតនេះ​មិនចាំបាច់និយាយទេ​! ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​ក្នុង​ជីវិតនេះ​មែន តើ​អ្នករាល់គ្នា​ឲ្យ​អ្នក​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ក្រុមជំនុំ​មកកាត់ក្ដី​ឬ​? ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។ ក្នុងចំណោម​អ្នករាល់គ្នា គ្មានអ្នកណា​ម្នាក់​ដែល​មានប្រាជ្ញា អាច​ដោះស្រាយ​រវាង​បងប្អូន​របស់​ខ្លួន​បាន​ទេ​ឬ​? ផ្ទុយទៅវិញ បងប្អូន​ប្ដឹងផ្ដល់​នឹង​បងប្អូន ហើយ​ធ្វើ​ដូច្នេះ​នៅចំពោះ​អ្នក​មិនជឿ​ថែមទៀត​! ដូច្នេះ ការដែល​អ្នករាល់គ្នា​ប្ដឹងផ្ដល់​គ្នា​នោះ ជា​ការបរាជ័យ​ទាំងស្រុង​សម្រាប់​អ្នករាល់គ្នា​រួចទៅហើយ​។ ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការអយុត្តិធម៌​នោះ​វិញ​? ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការកេងបន្លំ​វិញ​? ផ្ទុយទៅវិញ អ្នករាល់គ្នា​ប្រព្រឹត្តអំពើអយុត្តិធម៌ និង​កេងបន្លំ គឺ​ប្រព្រឹត្ត​បែបនេះ​ចំពោះ​បងប្អូន​ទៀតផង​! ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា មនុស្ស​ទុច្ចរិត​នឹង​មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ទេ​ឬ​? កុំ​ចាញ់បោក​ឡើយ​! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។ អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។ “​មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “​មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​” ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វីមួយ​គ្រប់គ្រង​លើ​ខ្ញុំ​ឡើយ​។ “​អាហារ​សម្រាប់​ក្រពះ ហើយ​ក្រពះ​សម្រាប់​អាហារ​” ក៏ប៉ុន្តែ​ព្រះ​នឹង​បំផ្លាញ​ទាំងពីរ​។ រូបកាយ​មិនមែន​សម្រាប់​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ​។ ព្រះ​បាន​លើក​ព្រះអម្ចាស់​ឲ្យរស់ឡើងវិញ ហើយ​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ដែរ ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? ដោយហេតុនេះ តើ​ខ្ញុំ​អាច​យក​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទៅ​ធ្វើជា​អវយវៈ​របស់​ស្ត្រីពេស្យា​បាន​ទេ​? មិនបានជាដាច់ខាត​! ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា អ្នក​ដែល​រួម​ជាមួយ​ស្ត្រីពេស្យា នឹង​បានជា​រូបកាយ​មួយ​ជាមួយ​ស្ត្រីនោះ​? ដ្បិត​មាន​ចែងថា​: “​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ​”​។ រីឯ​អ្នក​ដែល​រួម​ជាមួយ​ព្រះអម្ចាស់ នឹង​បានជា​វិញ្ញាណ​មួយ​។ ចូរ​អ្នករាល់គ្នា​គេចឲ្យផុត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទៅ​! “​អស់ទាំង​បាប​ដែល​មនុស្ស​ប្រព្រឹត្ត គឺ​នៅ​ខាងក្រៅ​រូបកាយ​” ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​រូបកាយ​របស់ខ្លួន​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណនេះ​ពី​ព្រះ​។ អ្នករាល់គ្នា​មិនមែន​ជា​របស់​ខ្លួនឯង​ទេ ពីព្រោះ​អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ​។ ដូច្នេះ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​រូបកាយ​របស់អ្នករាល់គ្នា​ចុះ ​៕ ចំពោះ​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​សរសេរ​មក ​នោះ អ្នករាល់គ្នា​បាន​សរសេរ​ថា​៖​ “​ជា​ការល្អ​ដែល​មនុស្សប្រុស​មិន​ប៉ះពាល់​មនុស្សស្រី ​”​។ ប៉ុន្តែ​ដើម្បី​ចៀសវាង ​ពី​អំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​របស់​ខ្លួន ហើយ​មនុស្សស្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​របស់ខ្លួន​ដែរ​។ ប្ដី​ត្រូវ​បំពេញ​កាតព្វកិច្ច​ចំពោះ​ប្រពន្ធ ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ចំពោះ​ប្ដី​ដែរ​។ ប្រពន្ធ​គ្មានសិទ្ធិ​លើ​រូបកាយ​របស់ខ្លួន​ទេ គឺ​ប្ដី​វិញ​ដែលមាន​; ដូចគ្នាដែរ ប្ដី​ក៏​គ្មានសិទ្ធិ​លើ​រូបកាយ​របស់ខ្លួន គឺ​ប្រពន្ធ​វិញ​ដែលមាន​។ កុំ​បង្អត់​គ្នា​ឡើយ លើកលែងតែ​មាន​ការ​ព្រមព្រៀងគ្នា​ទុកពេល​មួយរយៈ ដើម្បី​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន រួច​ត្រូវ​នៅ​ជាមួយគ្នា​វិញ ក្រែងលោ​សាតាំង​ល្បួង​អ្នករាល់គ្នា ដោយ​ឆ្លៀតឱកាស​លើ​ភាពមិនចេះគ្រប់គ្រងចិត្ត​របស់អ្នករាល់គ្នា​។ យ៉ាងណាមិញ ខ្ញុំ​និយាយ​សេចក្ដីនេះ​ទុកជា​ការយល់ស្រប មិនមែន​ជា​ការបញ្ជា​ទេ​។ តាមពិត ខ្ញុំ​ចង់ឲ្យ​មនុស្ស​ទាំងអស់​បាន​ដូចជា​ខ្ញុំ​ដែរ ក៏ប៉ុន្តែ​ម្នាក់ៗ​មាន​អំណោយទាន​រៀងៗខ្លួន​មកពី​ព្រះ គឺ​ម្នាក់​មាន​យ៉ាងនេះ ម្នាក់ទៀត​មាន​យ៉ាងនោះ​។ ខ្ញុំ​សូម​ប្រាប់​ពួក​អ្នកគ្មានប្រពន្ធ និង​ពួក​ស្ត្រី​មេម៉ាយ​ថា ប្រសិនបើ​ពួកគេ​នៅដដែល​ដូច​ខ្ញុំ នោះ​ជា​ការល្អ​សម្រាប់​ពួកគេ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​គ្រប់គ្រងចិត្ត​មិន​បាន ក៏​ចូរ​រៀបការ​ចុះ ដ្បិត​ដែល​រៀបការ​ប្រសើរជាង​មានភាពរោលរាល​។ រីឯ​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ ខ្ញុំ​សូម​បង្គាប់​ដែរ (​តាមពិត មិនមែន​ខ្ញុំ​ទេ​ដែល​បង្គាប់ គឺ​ព្រះអម្ចាស់​វិញ​) ថា កុំឲ្យ​ប្រពន្ធ​ចាកចោល​ប្ដី​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​នាង​ចាកចោល​ប្ដី​មែន នោះ​នាង​ត្រូវ​នៅដដែល​ដោយ​ឥតយកប្ដី ឬមួយក៏​ត្រូវ​ផ្សះផ្សា​នឹង​ប្ដី​វិញ​។ រីឯ​ប្ដី​ក៏​កុំឲ្យ​លែង​ប្រពន្ធ​ដែរ​។ ចំពោះ​អ្នក​ឯទៀត (​នេះ​មិនមែន​មកពី​ព្រះអម្ចាស់​ទេ​) ខ្ញុំ​សូម​ប្រាប់ថា ប្រសិនបើ​បងប្អូន​ណាម្នាក់​មាន​ប្រពន្ធ​ជា​អ្នក​មិនជឿ ហើយ​នាង​យល់ស្រប​នឹង​រស់នៅ​ជាមួយ​ខ្លួន នោះ​កុំ​លែង​នាង​ឡើយ​; ដូចគ្នាដែរ ប្រសិនបើ​ស្ត្រី​ណាម្នាក់​មាន​ប្ដី​ជា​អ្នក​មិនជឿ ហើយ​គាត់​យល់ស្រប​នឹង​រស់នៅ​ជាមួយ​នាង នោះ​កុំ​លែង​ប្ដី ​ឡើយ ដ្បិត​ប្ដី​ដែល​មិនជឿ ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្រពន្ធ​ហើយ ហើយ​ប្រពន្ធ​ដែល​មិនជឿ​ក៏​ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្ដី​ដែរ​។ បើមិនដូច្នោះទេ កូន​ៗ​របស់អ្នករាល់គ្នា​ក៏​សៅហ្មង​ដែរ ប៉ុន្តែ​តាមពិត​ពួកគេ​បានជា​វិសុទ្ធ​ហើយ​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​មិនជឿ​ចង់​ចាកចោល​ទៅ នោះ​ចូរឲ្យ​អ្នកនោះ​ចាកចោល​ទៅចុះ​។ បងប្អូនប្រុស ឬ​បងប្អូនស្រី មិន​ត្រូវ​ជាប់ចំណង​នឹង​រឿង​បែបនេះ​ឡើយ ដ្បិត​ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា ​ឲ្យមក​ក្នុង​សេចក្ដីសុខសាន្ត​។ តាមពិត ស្ត្រីជាប្រពន្ធ​អើយ តើ​នាង​ដឹង​ដូចម្ដេច​ថា នាង​អាច​សង្គ្រោះ​ប្ដី​បាន​? រីឯ​បុរសជាប្ដី​អើយ តើ​អ្នក​ដឹង​ដូចម្ដេច​ថា អ្នក​អាច​សង្គ្រោះ​ប្រពន្ធ​បាន​? យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់ ​បាន​បែងចែក និង​តាមដែល​ព្រះ ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។ តើ​អ្នកណា​ត្រូវបាន​ត្រាស់ហៅ​ក្រោយពី​ទទួលពិធីកាត់ស្បែក​រួចហើយ​? កុំឲ្យ​អ្នកនោះ​លុបបំបាត់ស្នាមកាត់ស្បែក​នោះ​ឡើយ​។ តើ​អ្នកណា​ត្រូវបាន​ត្រាស់ហៅ​ដោយ​មិនបានទទួលពិធីកាត់ស្បែក​? កុំឲ្យ​អ្នកនោះ​ទទួលពិធីកាត់ស្បែក​ឡើយ​។ ការទទួលពិធីកាត់ស្បែក​មិនសំខាន់​ទេ ហើយ​ការមិនទទួលពិធីកាត់ស្បែក​ក៏​មិនសំខាន់​ដែរ ផ្ទុយទៅវិញ ការកាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​ទេតើ ដែលសំខាន់​។ ចូរឲ្យ​ម្នាក់ៗ​ស្ថិតនៅ​ក្នុង​សភាព​ដែល​ខ្លួន​ត្រូវបាន​ត្រាស់ហៅ​នោះ​ចុះ​។ តើ​អ្នក​ត្រូវបាន​ត្រាស់ហៅ​នៅពេលអ្នកជា​ទាសករ​ឬ​? កុំឲ្យ​អ្នក​ខ្វល់​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ត្រឡប់ជា​មនុស្សមានសេរីភាព​បាន ចូរ​ធ្វើ​ដូច្នោះ ប្រសើរជាង​។ ជាការពិត ទាសករ​ដែល​ត្រូវបាន​ត្រាស់ហៅ​នៅក្នុង​ព្រះអម្ចាស់ ជា​មនុស្សមានសេរីភាព​របស់​ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាព​ដែល​ត្រូវបាន​ត្រាស់ហៅ ជា​ទាសករ​របស់​ព្រះ​គ្រីស្ទ​។ អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ ដូច្នេះ​កុំ​ធ្វើជា​ទាសករ​របស់​មនុស្ស​ឡើយ​។ បងប្អូន​អើយ ចូរឲ្យ​ម្នាក់ៗ​ស្ថិតនៅ​ជាមួយ​ព្រះ ក្នុង​ភាព​យ៉ាងណាក៏ដោយ​ដែល​ខ្លួន​ត្រូវបាន​ត្រាស់ហៅ​នោះ​ចុះ​។ ចំពោះ​ស្ត្រីព្រហ្មចារី ខ្ញុំ​គ្មាន​បទបញ្ជា​ពី​ព្រះអម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ ក្នុងនាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារតែ​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​: ដោយសារតែ​ទុក្ខលំបាក​ដែល​មាននៅ​សព្វថ្ងៃនេះ ខ្ញុំ​គិតថា ជា​ការល្អ​ដែល​មនុស្ស​រក្សា​សភាព​ដែលខ្លួនមាន​។ តើ​អ្នក​ជាប់ចំណង​នឹង​ប្រពន្ធ​ឬ​? កុំឲ្យ​រក​ផ្ដាច់ចំណង​ពីនាង​ឡើយ​។ តើ​អ្នក​មិនជាប់ចំណង​នឹង​ប្រពន្ធ ​ឬ​? កុំឲ្យ​រក​ប្រពន្ធ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​អ្នក​រៀបការ ក៏​មិនមែន​ប្រព្រឹត្តបាប​ទេ ហើយ​ទោះបីជា​ស្ត្រីព្រហ្មចារី​រៀបការ ក៏​មិនមែន​ថា​ប្រព្រឹត្តបាប​ដែរ​។ យ៉ាងណាមិញ អ្នកដែលរៀបការ​នឹង​ជួប​ទុក្ខវេទនា​ក្នុង​ជីវិត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀសផុត​ពី​ការនេះ​។ បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា ពេលវេលា​ត្រូវបាន​បង្រួញឲ្យខ្លី​ហើយ​! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នក​ដែល​មាន​ប្រពន្ធ ត្រូវ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​; អ្នក​ដែល​យំសោក ត្រូវ​នៅ​ដូចជា​មិន​យំសោក​; អ្នក​ដែល​អរសប្បាយ ត្រូវ​នៅ​ដូចជា​មិន​អរសប្បាយ​; អ្នក​ដែល​ទិញ ត្រូវ​នៅ​ដូចជា​គ្មាន​កម្មសិទ្ធិ​; ហើយ​អ្នក​ដែល​ប្រើប្រាស់​ពិភពលោកនេះ ក៏​ត្រូវ​នៅ​ដូចជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ទ្រង់ទ្រាយ​នៃ​ពិភពលោកនេះ​កំពុង​ផុតទៅ​។ ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​បាន​រួចពីកង្វល់​។ អ្នកគ្មានប្រពន្ធ​ខ្វល់ខ្វាយ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ព្រះហឫទ័យ​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​រៀបការ​វិញ ខ្វល់ខ្វាយ​នឹង​កិច្ចការ​ខាង​លោកីយ៍ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ចិត្ត​ប្រពន្ធ ដូច្នេះ​អ្នកនោះ​ត្រូវបាន​បង្វែរអារម្មណ៍​។ ស្ត្រី​គ្មានប្ដី និង​ស្ត្រីព្រហ្មចារី ខ្វល់ខ្វាយ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​បាន​វិសុទ្ធ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ រីឯ​ស្ត្រី​ដែល​រៀបការ​វិញ ខ្វល់ខ្វាយ​នឹង​កិច្ចការ​ខាង​លោកីយ៍ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ចិត្ត​ប្ដី​។ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នករាល់គ្នា​ផ្ទាល់ មិនមែន​ដើម្បី​រារាំង​អ្នករាល់គ្នា​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នាប្រព្រឹត្តដោយ​គប្បី ហើយ​ផ្ដោតតែលើការបម្រើ​ព្រះអម្ចាស់​ដោយ​គ្មានការបង្វែរអារម្មណ៍​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ម្នាក់​គិតថា​ខ្លួន​ប្រព្រឹត្តមិនគប្បី​ចំពោះ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន ហើយ​បើ​នាង​ជិត​ហួសវ័យ ហើយ​បើ​មានតែ​ធ្វើ​ដូច្នោះ នោះ​ចូរឲ្យ​គាត់​ធ្វើ​តាម​ដែល​ប្រាថ្នា​ចុះ គឺ​ឲ្យ​អ្នកទាំងពីរ​រៀបការ​ទៅ គាត់​មិនមែន​ប្រព្រឹត្តបាប​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ឈរ​មាំ​ក្នុង​ចិត្ត​របស់​ខ្លួន ទាំង​គ្មាន​សេចក្ដីបង្ខំ ហើយ​បើ​អាចគ្រប់គ្រង​លើ​បំណង​របស់ខ្លួនឯង​បាន ព្រមទាំង​បាន​សម្រេច​ក្នុង​ចិត្ត​របស់ខ្លួន​ថា​នឹង​ទុក​នាង​ជា​ស្ត្រីព្រហ្មចារី នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ​។ ដូច្នេះ អ្នក​ដែល​ឲ្យ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន​រៀបការ ធ្វើ​បាន​ល្អ​ហើយ រីឯ​អ្នក​ដែល​មិន​ឲ្យរៀបការ ធ្វើ​បាន​ល្អជាង​។ ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់ ​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។ ក៏ប៉ុន្តែ​តាម​យោបល់​របស់ខ្ញុំ នាង​បានសុខ​ជាង ប្រសិនបើ​នាង​នៅដដែល​។ ខ្ញុំ​គិតថា ខ្ញុំក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​ដែរ​៕ ចំពោះ​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “​យើង​ទាំងអស់គ្នា​មាន​ចំណេះដឹង​”​។ ចំណេះដឹង​ធ្វើឲ្យមានឫកធំ រីឯ​សេចក្ដីស្រឡាញ់​ស្អាងទឹកចិត្ត​វិញ​។ ប្រសិនបើ​អ្នកណា​គិតថា​ខ្លួន​ចេះដឹង​អ្វីមួយ អ្នកនោះ​មិនទាន់​ចេះដឹង​តាមដែល​គាត់​គួរ​ចេះដឹង​នៅឡើយទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ស្រឡាញ់​ព្រះ អ្នកនោះ​ត្រូវ​ព្រះ​ស្គាល់​ហើយ​។ ដូច្នេះ ចំពោះ​ការហូប​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “​រូបបដិមាករ​នៅក្នុង​ពិភពលោក មិនមែនជាអ្វីទេ​” ហើយក៏​ដឹង​ដែរ​ថា “​ក្រៅពី​ព្រះ​តែមួយអង្គគត់ គ្មាន​ព្រះ​ណា​ទៀត​ឡើយ​”​។ ដ្បិត​ទោះបីជា​មាន​អ្វីៗដែល​គេ​ហៅថា​ព្រះ ទាំង​នៅ​លើមេឃ និង​នៅលើ​ផែនដី​ក៏ដោយ ហើយ​មើលទៅ​ដូចជា​មាន “​ព្រះ​” ច្រើន មាន “​ព្រះអម្ចាស់​” ច្រើន​មែន ក៏ប៉ុន្តែ​សម្រាប់​យើង យើង​មាន​ព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗ​សព្វសារពើ​មកពី​ព្រះអង្គ ហើយ​យើង​ក៏​មាននៅ​ដើម្បី​ព្រះអង្គ​; យើង​មាន​ព្រះអម្ចាស់​តែមួយអង្គគត់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ អ្វីៗ​សព្វសារពើ​មាននៅ​តាមរយៈ​ព្រះអង្គ ហើយ​យើង​ក៏​មាននៅ​តាមរយៈ​ព្រះអង្គ​ដែរ​។ យ៉ាងណាមិញ មិនមែន​មនុស្ស​ទាំងអស់​មាន​ចំណេះដឹង​នេះ​ទេ​។ ដ្បិត​អ្នកខ្លះ​ស៊ាំ​នឹង​រូបបដិមាករ​រហូតមកដល់​ពេលនេះ បានជា​នៅពេល​ពួកគេ​ហូប​អាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈ​របស់​ពួកគេ​ដែល​នៅ​ខ្សោយ​ក៏​ត្រូវបាន​ធ្វើឲ្យសៅហ្មង​។ តាមពិត អាហារ​មិន​អាច​ធ្វើឲ្យ​យើង​ខិតចូលជិត​ព្រះ​បាន​ទេ​។ ប្រសិនបើ​យើង​មិន​ហូប​ក៏មិន​ខាត​អ្វី ហើយ​ប្រសិនបើ​យើង​ហូប​ក៏មិន​ចំណេញ​អ្វីដែរ​។ ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន កុំឲ្យ​សិទ្ធិ​នេះ​របស់អ្នករាល់គ្នា បែរជា​ការជំពប់ដួល​ដល់​អ្នក​ខ្សោយ​ដោយប្រការណាមួយ​ឡើយ​។ ព្រោះថា​ប្រសិនបើ​មាន​គេ​ឃើញ​អ្នក ដែល​ជា​អ្នក​មាន​ចំណេះដឹង កំពុង​អង្គុយហូប​នៅក្នុង​វិហាររបស់រូបបដិមាករ តើ​សតិសម្បជញ្ញៈ​ដ៏ខ្សោយ​របស់​អ្នកនោះ មិន​ជំរុញ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ដែរ​ទេ​ឬ​? ដូច្នេះ អ្នក​ខ្សោយ​ដែល​ជា​បងប្អូន​ដែល​ព្រះ​គ្រីស្ទ​បាន​សុគត​ដើម្បី​គាត់នោះ ក៏​ត្រូវ​វិនាស​ដោយសារតែ​ចំណេះដឹង​របស់អ្នក​។ កាលណា​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ទាស់នឹង​បងប្អូន ហើយ​ធ្វើឲ្យ​សតិសម្បជញ្ញៈ​ដ៏​ខ្សោយ​របស់​ពួកគេ​ត្រូវរបួស​បែបនេះ អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​គ្រីស្ទ​។ ដូច្នេះ ប្រសិនបើ​អាហារ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល នោះ​ខ្ញុំ​នឹង​មិន​ហូប​សាច់ ​ជាដាច់ខាត គឺ​ជារៀងរហូត ដើម្បីកុំឲ្យ​ខ្ញុំ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល​ឡើយ​៕ តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ​? តើ​ខ្ញុំ​មិនមែន​ជា​សាវ័ក​ទេ​ឬ​? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិនមែន​ជា​ស្នាដៃ​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​? ថ្វីត្បិតតែ​ខ្ញុំ​មិនមែន​ជា​សាវ័ក​សម្រាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ ខ្ញុំ​ជា​សាវ័ក​សម្រាប់​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​ត្រា​នៃ​មុខងារជាសាវ័ក​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​។ នេះ​ជា​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ដល់​ពួក​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​: តើ​យើង​គ្មាន​សិទ្ធិ​ហូប និង​ផឹក​ទេ​ឬ​? តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​? ឬមួយក៏​មាន​តែ​ខ្ញុំ និង​បារណាបាស​ប៉ុណ្ណោះ​ឬ ដែល​គ្មាន​សិទ្ធិ​ឈប់​ធ្វើការ​? តើ​ដែលមាន​អ្នកណា​ធ្វើជាទាហាន​ដោយ​ចំណាយថវិកា​ផ្ទាល់ខ្លួន​ឬ​? តើ​មាន​អ្នកណា​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​មិន​ហូប​ផ្លែ​វា​? តើ​មាន​អ្នកណា​ឃ្វាល​ហ្វូង​ចៀម ហើយ​មិន​ផឹក​ទឹកដោះ​ពី​ហ្វូង​នោះ​? តើ​ខ្ញុំ​កំពុង​និយាយ​សេចក្ដីទាំងនេះ​តាមរបៀប​មនុស្ស​ឬ​? តើ​ក្រឹត្យវិន័យ​ក៏​មិន​បាន​ចែង​សេចក្ដីទាំងនេះ​ដែរ​ទេ​ឬ​? ដ្បិត​នៅក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ មាន​សរសេរ​ទុកមក​ថា​: “​កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ​” តើ​ព្រះ​ខ្វល់​ព្រះហឫទ័យ​រឿង​គោ​ឬ​? ឬមួយក៏​ព្រះអង្គ​មានបន្ទូល​ដូច្នេះ តាមពិត​សម្រាប់​យើង​? មែនហើយ មាន​សរសេរ​ទុកមក​ដូច្នេះ គឺ​សម្រាប់​យើង​ទេតើ​! ដ្បិត​អ្នក​ភ្ជួរ​គួរតែ​ភ្ជួរ​ដោយ​សង្ឃឹម ហើយ​អ្នក​បោកស្រូវ​ក៏​គួរតែ​បោកស្រូវ​ដោយ​សង្ឃឹម​នឹង​ទទួលចំណែក​ដែរ​។ ដោយព្រោះ​យើង​បាន​សាបព្រោះ​គ្រាប់ពូជ​ខាងវិញ្ញាណ​ក្នុងចំណោម​អ្នករាល់គ្នា តើ​ហួសហេតុពេក​ឬ បើ​យើង​ច្រូត​របស់របរខាងលោកីយ៍​ពី​អ្នករាល់គ្នា​? ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​ធ្វើការ​ខាងព្រះវិហារ ហូប​ចំណីអាហារ​ពី​ព្រះវិហារ ហើយ​អ្នក​ដែល​ចាំបម្រើ​នៅ​អាសនា ក៏​ទទួលចំណែក​ពី​អាសនា​ដែរ​? ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​ឡើយ​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​គេ​ប្រព្រឹត្ត​ដូច្នោះ​ដល់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​សុខចិត្ត​ស្លាប់​វិញ ប្រសើរ​ជាង​មាន​អ្នកណា​ម្នាក់​ដកយក​មោទនភាព​របស់ខ្ញុំ​។ ជាការពិត ប្រសិនបើ​ខ្ញុំ​ផ្សាយដំណឹងល្អ នោះ​មិនមែន​ជា​មោទនភាព​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ការផ្សាយដំណឹងល្អ​ជា​កាតព្វកិច្ច​ដែល​ត្រូវបាន​ផ្ទុក​លើ​ខ្ញុំ​។ វេទនា​ដល់​ខ្ញុំ​ហើយ ប្រសិនបើ​ខ្ញុំ​មិន​ផ្សាយដំណឹងល្អ​! ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការនោះ​ដោយ​ស្ម័គ្រចិត្ត នោះ​ខ្ញុំ​ក៏​ទទួល​រង្វាន់ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនស្ម័គ្រចិត្ត ក៏​វា​នៅតែ​ជា​តួនាទី​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ខ្ញុំ​។ ចុះ​រង្វាន់​របស់ខ្ញុំ​ជា​អ្វី​? រង្វាន់​របស់ខ្ញុំ​គឺ ការ​ដែល​ខ្ញុំ​ជូន​ដំណឹងល្អ ​ដោយ​ឥតគិតថ្លៃ​កាលណា​ខ្ញុំ​ផ្សព្វផ្សាយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ​ក្នុង​ដំណឹងល្អ​ឡើយ​។ ខ្ញុំ​មាន​សេរីភាព​មិនជាប់ចំណង​អ្នកណា​មែន ប៉ុន្តែ​ខ្លួនខ្ញុំផ្ទាល់​បាន​ធ្វើជាទាសករ​ដល់​មនុស្ស​ទាំងអស់ ដើម្បី​ឈ្នះបាន​គេ​មកវិញ​កាន់តែច្រើន​។ ចំពោះ​ជនជាតិយូដា ខ្ញុំ​ត្រឡប់​ដូចជា​ជនជាតិយូដា ដើម្បី​ឈ្នះបាន​ជនជាតិយូដា​មកវិញ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ទោះបីជា​ខ្លួនខ្ញុំ​មិន​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​ក៏ដោយ ក៏​ខ្ញុំ​ត្រឡប់​ដូចជា​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​មកវិញ​; ចំពោះ​អ្នក​ដែល​គ្មានក្រឹត្យវិន័យ ខ្ញុំ​ត្រឡប់​ដូចជា​គ្មានក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​គ្មានក្រឹត្យវិន័យ​មកវិញ​——​តាមពិត ខ្ញុំ​មិនមែន​គ្មានក្រឹត្យវិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​ស្ថិតនៅក្រោមក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ​វិញ​។ ចំពោះ​អ្នក​ខ្សោយ ខ្ញុំ​ត្រឡប់ជា​អ្នក​ខ្សោយ ដើម្បី​ឈ្នះបាន​អ្នក​ខ្សោយ​មកវិញ​។ ចំពោះ​មនុស្ស​គ្រប់ប្រភេទ ខ្ញុំ​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំងអស់ ដើម្បី​ឲ្យបាន​សង្គ្រោះ​អ្នកខ្លះ​។ ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​ដំណឹងល្អ ដើម្បី​បាន​រួមចំណែក​ក្នុង​ដំណឹងល្អ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។ អស់អ្នក​ដែល​ប្រកួតកីឡា គ្រប់គ្រងចិត្ត​ក្នុង​រឿង​គ្រប់ជំពូក​; យ៉ាងណាមិញ គេ​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលរមែងតែងតែសាបសូន្យ រីឯ​យើង​វិញ យើង​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលមិនចេះសាបសូន្យ​។ ដូច្នេះ ខ្ញុំ​រត់​យ៉ាងដូច្នោះ​ដែរ គឺ​មិនមែន​រត់​ដូចជា​គ្មានគោលដៅ​ទេ​; ខ្ញុំ​ប្រដាល់​យ៉ាងដូច្នោះ​ដែរ គឺ​មិនមែន​ដូចជា​ដាល់​ខ្យល់​ទេ​; ផ្ទុយទៅវិញ ខ្ញុំ​វាយប្រដៅ​រូបកាយ​របស់ខ្ញុំ ហើយ​បង្ខំឲ្យចុះចូល ក្រែងលោ​ក្រោយពី​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ដល់​អ្នកដទៃ​ហើយ ខ្លួនខ្ញុំ​ត្រូវបាន​ដកសិទ្ធិ​ទៅវិញ​៕ បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ដូនតា​របស់យើង​សុទ្ធតែ​នៅ​ក្រោម​ពពក ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​ដើរឆ្លងកាត់​សមុទ្រ ព្រមទាំង​បាន​ទទួលពិធីជ្រមុជទឹក​ទាំងអស់គ្នា​ដោយនូវ​ម៉ូសេ ក្នុង​ពពក និង​សមុទ្រ​។ ពួកគាត់​ទាំងអស់គ្នា​បាន​ហូប​អាហារ​ខាងវិញ្ញាណ​ដូចគ្នា ហើយ​បាន​ផឹក​គ្រឿងផឹក​ខាងវិញ្ញាណ​ដូចគ្នា ដ្បិត​ពួកគាត់​បាន​ផឹក​ពី​ថ្មដា​ខាងវិញ្ញាណ​ដែល​មកតាម​ពួកគាត់ ហើយ​ថ្មដា​នោះ​គឺ​ព្រះ​គ្រីស្ទ​។ ប៉ុន្តែ​ព្រះ​មិន​បាន​សព្វព្រះហឫទ័យ​នឹង​មនុស្ស​ភាគច្រើន​ក្នុង​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ក៏​ដួលស្លាប់​នៅ​ទីរហោស្ថាន​។ ការទាំងនេះ​បាន​កើតឡើង​ជា​មេរៀន​ដល់​យើង ដើម្បីកុំឲ្យ​យើង​ទៅជា​មនុស្សមានតណ្ហា​អាក្រក់ ដូចដែល​ពួកគាត់​មានតណ្ហា​ឡើយ​។ កុំឲ្យ​អ្នករាល់គ្នា​ទៅជា​មនុស្សថ្វាយបង្គំរូបបដិមាករ ដូច​អ្នកខ្លះ​ក្នុង​ពួកគាត់​ឡើយ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​ប្រជាជន​បាន​អង្គុយ​ស៊ីផឹក រួច​ក្រោកឡើង​លេងសប្បាយ​” ​។ កុំឲ្យ​យើង​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ប្រព្រឹត្ត​ឡើយ ជាលទ្ធផល មាន​មនុស្ស​ពីរម៉ឺនបីពាន់​នាក់​ដួលស្លាប់ ក្នុង​មួយ​ថ្ងៃ​។ កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។ កុំឲ្យ​យើង​រអ៊ូរទាំ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​រអ៊ូរទាំ​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​មេបំផ្លាញ​សម្លាប់​។ ការទាំងនេះ​បាន​កើតឡើង​ដល់​ពួកគាត់​ដើម្បីជា​មេរៀន ព្រមទាំង​មាន​សរសេរ​ទុកមក​ដើម្បី​ជា​សេចក្ដីទូន្មាន​ដល់​យើង​ដែល​ប្រឈមមុខ​នឹង​ទីបញ្ចប់​នៃ​ពិភពលោក​។ ដូច្នេះ ចូរឲ្យ​អ្នក​ដែល​គិតថា​ខ្លួនឯង​ឈរមាំ ប្រុងប្រយ័ត្ន​កុំឲ្យ​ដួល​ឡើយ​។ គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​គេចឲ្យផុត​ពី​ការថ្វាយបង្គំរូបបដិមាករ​។ ខ្ញុំ​និយាយ​នឹង​អ្នករាល់គ្នា ដូចជា​និយាយ​ទៅកាន់​មនុស្ស​មានប្រាជ្ញា ដូច្នេះ​ចូរ​ពិចារណា​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​ខ្ញុំ​និយាយ​ចុះ​។ ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? នំប៉័ង​ដែល​យើង​កាច់ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។ ចូរ​មើល​ជនជាតិអ៊ីស្រាអែល​ខាងសាច់ឈាម​មើល៍ តើ​អ្នក​ដែល​ហូប​យញ្ញបូជា មិនមែន​ជា​អ្នកមានចំណែក​ពី​អាសនា​ទេ​ឬ​? ដូច្នេះ តើ​ខ្ញុំ​ចង់​និយាយ​អ្វី​? ចង់​និយាយ​ថា​អាហារដែលសែនដល់រូបបដិមាករ​មាន​អ្វី​សំខាន់​ឬ​? ឬមួយក៏​ចង់​និយាយ​ថា​រូបបដិមាករ​មាន​អ្វី​សំខាន់​? ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយ​ថា អ្វីដែល​គេ​ថ្វាយជាយញ្ញបូជា​នោះ គេ​ថ្វាយ​ដល់​អារក្ស មិនមែន​ដល់​ព្រះ​ទេ ហើយ​ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ជាមួយ​ពួក​អារក្ស​ឡើយ​។ អ្នករាល់គ្នា​មិនអាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង ផឹក​ពី​ពែង​របស់​អារក្ស​ផង​បានទេ ហើយក៏​មិនអាច​ទទួលចំណែក​ពី​តុ​អាហារ​របស់​ព្រះអម្ចាស់​ផង ទទួលចំណែក​ពី​តុ​អាហារ​របស់​អារក្ស​ផង​បាន​ដែរ​។ ឬមួយក៏​យើង​ចង់​ធ្វើឲ្យ​ព្រះអម្ចាស់​ច្រណែន​? តើ​យើង​ខ្លាំង​ជាង​ព្រះអង្គ​ឬ​? “​មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់​” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “​មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់​” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​ស្អាងទឹកចិត្ត​ទេ​។ កុំឲ្យអ្នកណា​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នកដទៃ​។ ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​មាន​លក់​នៅតាម​ផ្សារ​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ ដ្បិត “​ផែនដី និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ជា​របស់​ព្រះអម្ចាស់​”​។ ប្រសិនបើ​មាន​អ្នក​មិនជឿ​អញ្ជើញ​អ្នករាល់គ្នា​ទៅហូបអាហារ ហើយ​អ្នករាល់គ្នា​ព្រម​ទៅ ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​៖ “​នេះ​ជា​អាហារដែលសែនដល់រូបបដិមាករ​” នោះ​កុំ​ហូប​ឡើយ ដោយយល់ដល់​អ្នក​ដែល​ប្រាប់​នោះ និង​ដោយយល់ដល់​សតិសម្បជញ្ញៈ ​។ ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅលើ​សតិសម្បជញ្ញៈ​របស់​ខ្លួនអ្នក​ទេ គឺ​សតិសម្បជញ្ញៈ​របស់​អ្នកនោះ​វិញ ដ្បិត​ហេតុអ្វីបានជា​សេរីភាព​របស់ខ្ញុំ​ត្រូវ​សតិសម្បជញ្ញៈ​របស់​អ្នកដទៃ​វិនិច្ឆ័យ​? ប្រសិនបើ​ខ្ញុំ​ទទួល​ដោយ​អរព្រះគុណ ហេតុអ្វីបានជា​ខ្ញុំ​ត្រូវគេ​មួលបង្កាច់​អំពី​អ្វីដែល​ខ្ញុំ​អរព្រះគុណ​ហើយនោះ​? ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។ កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ ដូចដែល​ខ្ញុំ​បំពេញចិត្ត​មនុស្ស​ទាំងអស់​ក្នុង​គ្រប់ការទាំងអស់​ដែរ ដោយ​មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បីឲ្យ​ពួកគេ​បាន​សង្គ្រោះ​។ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ខ្ញុំ ដូចដែល​ខ្ញុំ​យកតម្រាប់​តាម​ព្រះ​គ្រីស្ទ​ចុះ​។ ​ខ្ញុំ​សូម​សរសើរ​អ្នករាល់គ្នា ដោយព្រោះ​អ្នករាល់គ្នា​នឹកចាំ​អំពី​ខ្ញុំ​ក្នុង​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់ តាមដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​។ ក៏ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​ក្បាល​របស់​មនុស្សប្រុស​គ្រប់រូប ហើយ​មនុស្សប្រុស​ជា​ក្បាល​របស់​មនុស្សស្រី រីឯ​ព្រះ​ជា​ព្រះសិរ​របស់​ព្រះ​គ្រីស្ទ​។ អស់ទាំង​មនុស្សប្រុស​ដែល​អធិស្ឋាន ឬ​ថ្លែងព្រះបន្ទូល ដោយ​មាន​អ្វី​គ្រប​លើ​ក្បាល ធ្វើឲ្យ​ក្បាល​របស់​ខ្លួន​អាប់យស​; អស់ទាំង​មនុស្សស្រី​ដែល​អធិស្ឋាន ឬ​ថ្លែងព្រះបន្ទូល ដោយ​មិនទទូរ​ក្បាល ធ្វើឲ្យ​ក្បាល​របស់​ខ្លួន​អាប់យស ដ្បិត​ការធ្វើដូច្នេះ ដូចគ្នាទាំងស្រុង​នឹង​ការ​កោរសក់​។ ប្រសិនបើ​មនុស្សស្រី​មិន​ទទូរ​ទេ នោះ​ចូរឲ្យ​នាង​កាត់សក់​ទៅ ប៉ុន្តែ​ប្រសិនបើ​ការ​កាត់សក់ ឬ​កោរសក់ ជា​ការ​គួរឲ្យខ្មាស​សម្រាប់​មនុស្សស្រី នោះ​ចូរឲ្យ​នាង​ទទូរ​ចុះ​។ តាំងពីដើមមក មនុស្សប្រុស​មិន​គួរ​ទទូរ​ក្បាល​ទេ ពីព្រោះ​មនុស្សប្រុស​ជា​រូបតំណាង និង​ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​មនុស្សស្រី​ជា​សិរីរុងរឿង​របស់​មនុស្សប្រុស​។ ដ្បិត​មិនមែន​មនុស្សប្រុស​ទេ ដែល​ត្រូវបាននិម្មិត​ចេញពី​មនុស្សស្រី គឺ​មនុស្សស្រី​វិញ ដែល​ត្រូវបាននិម្មិត​ចេញពី​មនុស្សប្រុស ហើយ​មិនមែន​មនុស្សប្រុស​ទេ ដែល​ត្រូវបាន​និម្មិតបង្កើត​សម្រាប់​មនុស្សស្រី គឺ​មនុស្សស្រី​វិញ ដែល​ត្រូវបាន​និម្មិតបង្កើត​សម្រាប់​មនុស្សប្រុស​។ នេះជាហេតុដែល​មនុស្សស្រី​ត្រូវតែ​មាន​សញ្ញា​នៃ​អំណាច​លើ​ក្បាល​នាង ដោយយល់ដល់​បណ្ដា​ទូតសួគ៌​។ យ៉ាងណាមិញ នៅក្នុង​ព្រះអម្ចាស់ បើគ្មាន​មនុស្សប្រុស ក៏គ្មាន​មនុស្សស្រី ហើយ​បើគ្មាន​មនុស្សស្រី ក៏គ្មាន​មនុស្សប្រុស​ដែរ​។ ដ្បិត​ដូចដែល​មនុស្សស្រី​ត្រូវបាននិម្មិត​ចេញពី​មនុស្សប្រុស​យ៉ាងណា មនុស្សប្រុស​ក៏​កើតមក​តាមរយៈ​មនុស្សស្រី​យ៉ាងនោះ​ដែរ ហើយ​អ្វីៗ​ទាំងអស់​ចេញមកពី​ព្រះ​។ ចូរ​អ្នករាល់គ្នា​ពិចារណា​ដោយ​ខ្លួនឯង​ចុះ ថា​ការដែល​មនុស្សស្រី​អធិស្ឋាន​ទៅ​ព្រះ​ទាំង​មិនទទូរ តើ​ជា​ការ​សមគួរ​ឬយ៉ាងណា​? សូម្បីតែ​ធម្មជាតិ​ផ្ទាល់​ក៏​បង្រៀន​អ្នករាល់គ្នា​ដែរ​ថា ប្រសិនបើ​មនុស្សប្រុស​ទុកសក់វែង នោះ​ជា​ការអាម៉ាស់មុខ​ដល់​ខ្លួន​។ ផ្ទុយទៅវិញ ប្រសិនបើ​មនុស្សស្រី​ទុកសក់វែង នោះ​ជា​សិរីរុងរឿង​ដល់​នាង ពីព្រោះ​សក់វែង​បាន​ប្រទាន​មក​មនុស្សស្រី​ដើម្បី​ទទូរក្បាល​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ចង់​ឈ្លោះប្រកែក​អំពីរឿងនេះ ក៏​យើង​គ្មាន​ទំនៀមទម្លាប់​ផ្សេងទៀត​ទេ ហើយ​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះ​ក៏គ្មានដែរ​។ ខ្ញុំ​មិន​សរសើរ​អ្នករាល់គ្នា​ទេ នៅពេល​បង្គាប់​សេចក្ដី​ខាងក្រោមនេះ ពីព្រោះ​ការ​ជួបជុំគ្នា​របស់អ្នករាល់គ្នា មិនមែន​ដើម្បីឲ្យ​ប្រសើរឡើង​ទេ គឺ​បែរជា​អាក្រក់ជាង​ទៅវិញ​។ ដ្បិត​ជាដំបូង ខ្ញុំ​បាន​ឮ​ថា កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា​ជា​ក្រុមជំនុំ មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា ហើយ​ខ្ញុំ​ក៏​ជឿ​ត្រឹមកម្រិតណាមួយ​ដែរ​។ ជាការពិត ត្រូវតែ​មាន​ការបែក​ជា​បក្សពួក​ក្នុងចំណោម​អ្នករាល់គ្នា ដើម្បីឲ្យ​ជាក់ច្បាស់​ថា​អ្នកណា​ពិត ក្នុងចំណោម​អ្នករាល់គ្នា​។ ទោះបីជាយ៉ាងណាក៏ដោយ ពេល​អ្នករាល់គ្នា​មកជួបជុំ​ជាមួយគ្នា នោះ​មិនមែន​ដើម្បី​ហូប​ពិធីលៀងព្រះអម្ចាស់​ទេ ដ្បិត​ពេល​ហូប ម្នាក់ៗ​ចាប់យក​អាហារ​របស់ខ្លួន​មុន រហូតដល់​មាន​អ្នកខ្លះ​នៅ​ឃ្លាន ហើយ​អ្នកខ្លះ​ស្រវឹង​។ តើ​អ្នករាល់គ្នា​គ្មាន​ផ្ទះ​ដើម្បី​ហូប និង​ផឹក​ទេ​ឬ​? ឬមួយក៏​អ្នករាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះ ហើយ​ធ្វើឲ្យ​អ្នក​ដែល​គ្មានអ្វីសោះ​អាប់យស​? តើ​ខ្ញុំ​ត្រូវ​និយាយ​ដូចម្ដេច​នឹង​អ្នករាល់គ្នា​? តើ​ឲ្យ​សរសើរ​អ្នករាល់គ្នា​ឬ​? ចំពោះ​រឿងនេះ ខ្ញុំ​មិន​សរសើរ​អ្នករាល់គ្នា​ទេ​។ ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់ គឺថា​នៅ​យប់​ដែល​ត្រូវគេ​ក្បត់ ព្រះអម្ចាស់​យេស៊ូវ​បាន​យក​នំប៉័ង ហើយ​នៅពេល​អរព្រះគុណ ព្រះអង្គ​ក៏​កាច់​នំប៉័ង រួច​មានបន្ទូលថា​៖ “ នេះ​ជា​រូបកាយ​របស់ខ្ញុំ សម្រាប់​អ្នករាល់គ្នា​។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ​”​។ ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖ “​ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់ខ្ញុំ​។ រាល់ពេល​ដែល​អ្នករាល់គ្នា​ផឹក​ពីពែងនេះ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ​”​។ ដូច្នេះ រាល់ពេល​ដែល​អ្នករាល់គ្នា​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ គឺ​អ្នករាល់គ្នា​ប្រកាស​ពី​ការសុគត​របស់​ព្រះអម្ចាស់ រហូតដល់​ព្រះអង្គ​យាង​មកវិញ​។ ដោយហេតុនេះ អ្នកណាក៏ដោយដែល​ហូប​នំប៉័ង ឬ​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ដោយ​មិនគប្បី អ្នកនោះ​នឹង​មាន​ទោស​ចំពោះ​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់​។ ដូច្នេះ ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ខ្លួនឯង​សិន រួច​សឹម​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ​ចុះ​។ ដ្បិត​អ្នក​ដែល​ហូប និង​ផឹក​ដោយ​មិន​ឲ្យតម្លៃ​ដល់​ព្រះកាយ​របស់ព្រះអម្ចាស់ អ្នកនោះ​នាំ​ទោស​ដាក់​ខ្លួន​តាមរយៈ​ការ​ហូប និង​ផឹក​នោះ​។ នេះជាហេតុដែល​មាន​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ្នករាល់គ្នា ទៅជា​ខ្សោយ និង​ឈឺ ហើយ​មាន​ច្រើន​នាក់​ដេកលក់​ទៅហើយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ពិនិត្យពិច័យ​ខ្លួនឯង នោះ​យើង​នឹង​មិន​ត្រូវបាន​ដាក់ទោស​ទេ​; ទោះបីជា​យើង​ត្រូវបាន​ដាក់ទោស​ក៏ដោយ ក៏​តាមពិត​យើង​ត្រូវ​ព្រះអម្ចាស់​ប្រៀនប្រដៅ ដើម្បីកុំឲ្យ​យើង​ត្រូវបាន​ផ្ដន្ទាទោស​ជាមួយ​ពិភពលោក​ឡើយ​។ ដូច្នេះ បងប្អូន​របស់ខ្ញុំ​អើយ នៅពេល​មកជួបជុំគ្នា​ដើម្បី​ហូប ត្រូវ​ចេះ​ចាំ​គ្នា​។ ប្រសិនបើ​មាន​អ្នកណា​ឃ្លាន ឲ្យ​អ្នកនោះ​ហូប​នៅ​ផ្ទះ​ចុះ ដើម្បីកុំឲ្យ​នាំមកនូវ​ការកាត់ទោស នៅពេល​អ្នករាល់គ្នា​មកជួបជុំគ្នា​។ រីឯ​ចំពោះ​រឿង​ឯទៀត​ៗ ខ្ញុំ​នឹង​សម្រេច កាលណា​ខ្ញុំ​មក​ដល់​៕ បងប្អូន​អើយ ចំពោះ​សេចក្ដី​ខាងវិញ្ញាណ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​នោះ​ឡើយ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា កាល​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​នៅឡើយ អ្នករាល់គ្នា​តែងតែ​ត្រូវគេ​នាំទៅ​រក​រូបបដិមាករ​ដែល​មិនចេះនិយាយ មិនថា​ត្រូវបាន​នាំទៅ​ដោយ​របៀបយ៉ាងណាក៏ដោយ​។ ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា គ្មានអ្នកណា​ដែល​និយាយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ អាច​និយាយថា​៖ “​សូមឲ្យ​ព្រះយេស៊ូវ​ត្រូវ​បណ្ដាសា​” បាន​ឡើយ ហើយក៏​គ្មានអ្នកណា​អាច​និយាយថា​៖ “​ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់​” បាន​ដែរ ប្រសិនបើ​មិនមែន​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ អំណោយទាន​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះវិញ្ញាណ​គឺ​តែមួយ​; ការងារបម្រើ​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះអម្ចាស់​គឺ​តែមួយ​; សកម្មភាព​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះ​ដែល​ធ្វើសកម្មភាព​គ្រប់យ៉ាង​ក្នុង​មនុស្ស​ទាំងអស់ គឺ​តែមួយ​។ យ៉ាងណាមិញ ព្រះវិញ្ញាណ​ត្រូវបាន​សម្ដែង​ក្នុង​ម្នាក់ៗ ដើម្បី​ជាប្រយោជន៍ គឺ​: ពាក្យសម្ដី​ប្រកបដោយ​ប្រាជ្ញា​បាន​ប្រទាន​ដល់​ម្នាក់ តាមរយៈ​ព្រះវិញ្ញាណ ហើយ​ពាក្យសម្ដី​ប្រកបដោយ​ចំណេះដឹង​បាន​ប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល​; ជំនឿ​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល ហើយ​អំណោយទាន​នៃ​ការប្រោសឲ្យជា​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​តែមួយ​; សកម្មភាព​នៃ​ព្រះចេស្ដា​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ ​ការថ្លែងព្រះបន្ទូល​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការពិសោធ​វិញ្ញាណ​បានប្រទាន​ដល់​ម្នាក់ទៀត ភាសាដទៃ ​ផ្សេងៗ​បានប្រទាន​ដល់​ម្នាក់ទៀត ហើយ​អំណោយទាននៃ​ការបកប្រែ​ភាសាដទៃ​បានប្រទាន​ដល់​ម្នាក់ទៀត​។ ទោះបីជាយ៉ាងណាក៏ដោយ គឺ​ព្រះវិញ្ញាណ​តែមួយ​ដដែល​នោះ​ឯង ដែល​ធ្វើសកម្មភាព​ទាំងអស់​នេះ ទាំង​ចែក​ដល់​ម្នាក់ៗ​រៀងៗខ្លួន តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។ ជាការពិត ដូចដែល​រូបកាយ​មាន​តែមួយ ប៉ុន្តែ​អវយវៈ​មាន​ច្រើន គឺ​ទោះបីជា​អវយវៈ​ទាំងអស់​របស់​រូបកាយ ​មាន​ច្រើន​ក៏ដោយ ក៏​គង់តែ​ជា​រូបកាយ​មួយ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​យ៉ាងនោះ​ដែរ ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​រូបកាយ​តែមួយ​ដោយ​ព្រះវិញ្ញាណ​តែមួយ​——​មិនថា​ជនជាតិយូដា​ក្ដី សាសន៍ដទៃ ​ក្ដី ទាសករ​ក្ដី មនុស្សមានសេរីភាព​ក្ដី គឺ​យើង​គ្រប់គ្នា​បាន​ប្រទានឲ្យផឹក​ពី​ព្រះវិញ្ញាណ​តែមួយ​។ ដូច្នេះ រូបកាយ​មួយ​មិនមែន​មាន​អវយវៈ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​មាន​អវយវៈ​ច្រើន​។ ប្រសិនបើ​ជើង​និយាយថា​៖ “​ខ្ញុំ​មិនមែន​ជារបស់​រូបកាយ​ទេ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​ដៃ​” តើ​វា​មិនមែន​ជារបស់​រូបកាយ ដោយ​ហេតុផល​នេះ​ឬ​? ប្រសិនបើ​ត្រចៀក​និយាយថា​៖ “​ខ្ញុំ​មិនមែន​ជារបស់​រូបកាយ​ទេ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​ភ្នែក​” តើ​វា​មិនមែន​ជារបស់​រូបកាយ ដោយ​ហេតុផល​នេះ​ឬ​? ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់ណា​? ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ត្រចៀក តើ​នឹង​ដឹងក្លិន​នៅ​ត្រង់ណា​? ប៉ុន្តែ​តាមពិត ព្រះ​បាន​ដាក់​អវយវៈ​នីមួយៗ​នៅក្នុង​រូបកាយ តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។ ប្រសិនបើ​ទាំងអស់​សុទ្ធតែ​ជា​អវយវៈ​តែមួយ តើ​រូបកាយ​នៅ​ឯណា​? ប៉ុន្តែ​ឥឡូវនេះ ទោះបីជា​អវយវៈ​មាន​ច្រើន​ក៏ដោយ ក៏​រូបកាយ​មាន​តែមួយ​ទេ​។ ដូច្នេះ ភ្នែក​មិនអាច​និយាយ​នឹង​ដៃ​ថា​៖ “​ខ្ញុំ​មិន​ត្រូវការ​ឯង​!​” បានទេ ហើយ​ក្បាល​ក៏មិន​អាច​និយាយ​នឹង​ជើង​ថា​៖ “​ខ្ញុំ​មិន​ត្រូវការ​ឯង​!​” បាន​ដែរ​។ ផ្ទុយទៅវិញ អវយវៈ​ក្នុង​រូបកាយ​ដែល​មើលទៅដូចជា​ខ្សោយ គឺ​ចាំបាច់​ជាងគេ ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត រីឯ​អវយវៈ​របស់យើង​ដែល​សមរម្យ យើង​មិន​ចាំបាច់​បន្ថែមអ្វី ​ទេ​។ យ៉ាងណាមិញ ព្រះ​បាន​ផ្គុំ​រូបកាយ ដោយ​ប្រទាន​ភាពថ្លៃថ្នូរ​ឲ្យ​រឹតតែច្រើន​ដល់​អវយវៈ​ដែល​ខ្វះខាត ដើម្បីកុំឲ្យ​មាន​ការបាក់បែកគ្នា​នៅក្នុង​រូបកាយ គឺ​ឲ្យ​អវយវៈ​ទាំងប៉ុន្មាន​មានការយកចិត្តទុកដាក់​ដូចគ្នា ចំពោះ​គ្នាទៅវិញទៅមក​។ ប្រសិនបើ​អវយវៈ​ណាមួយ​រងទុក្ខ អវយវៈ​ទាំងអស់​ក៏​រងទុក្ខជាមួយ​ដែរ​; ប្រសិនបើ​អវយវៈ​ណាមួយ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង អវយវៈ​ទាំងអស់​ក៏​អបអរជាមួយ​ដែរ​។ អ្នករាល់គ្នា​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​របស់រូបកាយនោះ​។ ក្នុង​ក្រុមជំនុំ ព្រះ​បាន​តែងតាំង​អ្នកខ្លះ ជាដំបូង​គឺ​សាវ័ក ទីពីរ​គឺ​អ្នកថ្លែងព្រះបន្ទូល ទីបី​គឺ​គ្រូបង្រៀន បន្ទាប់មក​គឺ​ការអស្ចារ្យ បន្ទាប់មកទៀត​គឺ​អំណោយទាន​នៃ​ការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និង​ភាសាដទៃ​ផ្សេងៗ​។ តើ​ទាំងអស់គ្នា​ជា​សាវ័ក​ឬ​? តើ​ទាំងអស់គ្នា​ជា​អ្នកថ្លែងព្រះបន្ទូល​ឬ​? តើ​ទាំងអស់គ្នា​ជា​គ្រូបង្រៀន​ឬ​? តើ​ទាំងអស់គ្នា​ធ្វើ​ការអស្ចារ្យ​ឬ​? តើ​ទាំងអស់គ្នា​មាន​អំណោយទាន​នៃ​ការប្រោសឲ្យជា​ឬ​? តើ​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ឬ​? តើ​ទាំងអស់គ្នា​បកប្រែ​ភាសាដទៃ​ឬ​? ចូរ​ប្រាថ្នាចង់បាន​អំណោយទាន​ដែល​ប្រសើរជាង​ចុះ​; ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​មាគ៌ា​ដ៏វិសេសជាង​ទៅទៀត​។ ប្រសិនបើ​ខ្ញុំ​ចេះ​និយាយ​ភាសាដទៃ ​របស់​មនុស្ស និង​ភាសាដទៃ​របស់​ទូតសួគ៌ ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់ជា​គង​ដែល​ឮទ្រហឹងអឺងកង ឬ​ឆាប​ដែល​ឮឆុងឆាំង​។ ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន ​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។ ទោះបីជា​ខ្ញុំ​ចែក​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​មាន​ដល់គេ ហើយ​ប្រគល់​រូបកាយ​របស់ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានប្រយោជន៍​អ្វីសោះ​។ សេចក្ដីស្រឡាញ់​តែងតែ​អត់ធ្មត់ និង​សប្បុរស​; សេចក្ដីស្រឡាញ់​មិន​ច្រណែន​; សេចក្ដីស្រឡាញ់​មិន​អួតបំប៉ោង ហើយ​មិន​មានឫកធំ​; ក៏​មិន​ឈ្លើយ មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួន មិន​ឆាប់ខឹង មិន​ប្រកាន់ទោស​គេ ហើយ​មិន​អរសប្បាយ​នឹង​សេចក្ដីទុច្ចរិត គឺ​អរសប្បាយ​នឹង​សេចក្ដីពិត​វិញ​; សេចក្ដីស្រឡាញ់​ទ្រាំទ្រ​នឹង​ការ​ទាំងអស់ ជឿ​លើ​ការ​ទាំងអស់ សង្ឃឹម​លើ​ការ​ទាំងអស់ ហើយ​ស៊ូទ្រាំ​នឹង​ការ​ទាំងអស់​។ សេចក្ដីស្រឡាញ់​មិន​សាបសូន្យ​ឡើយ​។ រីឯ​ការថ្លែងព្រះបន្ទូល​នឹង​ផុតទៅ ភាសាដទៃ​នឹង​ចប់ ហើយ​ចំណេះដឹង​នឹង​សាបសូន្យ ដ្បិត​យើង​ចេះដឹង​តែមួយផ្នែក ហើយ​ថ្លែងព្រះបន្ទូល​តែមួយផ្នែក​ប៉ុណ្ណោះ​; ប៉ុន្តែ​កាលណា​សេចក្ដីគ្រប់លក្ខណ៍​មក​ដល់ សេចក្ដី​ដែល​មិនពេញខ្នាត នឹង​ត្រូវ​សាបសូន្យ​ទៅ​។ កាល​ខ្ញុំ​នៅ​ជា​កូនក្មេង​នៅឡើយ ខ្ញុំ​និយាយ​ដូច​កូនក្មេង គិត​ដូច​កូនក្មេង ហើយ​យល់ឃើញ​ដូច​កូនក្មេង លុះ​ខ្ញុំ​បានពេញវ័យ ខ្ញុំ​ក៏​លះបង់​ការ​របស់​កូនក្មេង​ចោល​។ ឥឡូវនេះ យើង​ឃើញ​ព្រឹលៗ​ដូចជាមើល​ក្នុង​កញ្ចក់ ប៉ុន្តែ​គ្រានោះ យើង​នឹង​ឃើញ​មុខទល់នឹងមុខ​; ឥឡូវនេះ ខ្ញុំ​ស្គាល់​តែមួយផ្នែក ប៉ុន្តែ​គ្រានោះ ខ្ញុំ​នឹង​ស្គាល់ច្បាស់ ដូចដែល​ខ្ញុំ​ត្រូវបាន​ស្គាល់ច្បាស់​ដែរ​។ ដូច្នេះ​ឥឡូវនេះ មាន​សេចក្ដី​បី​យ៉ាង​ដែល​នៅស្ថិតស្ថេរ គឺ​ជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីស្រឡាញ់ ប៉ុន្តែ​ក្នុងចំណោម​សេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់​ប្រសើរជាង​គេ​៕ ចូរ​ស្វែងរក​សេចក្ដីស្រឡាញ់ ហើយ​ប្រាថ្នាចង់បាន​អំណោយទាន​ខាងវិញ្ញាណ​ចុះ ជាពិសេស​ការ​ថ្លែងព្រះបន្ទូល​។ ជាការពិត អ្នក​ដែល​និយាយ​ភាសាដទៃ មិនមែន​និយាយ​ទៅកាន់​មនុស្ស​ទេ គឺ​និយាយ​ទៅកាន់​ព្រះ​វិញ ដ្បិត​គ្មានអ្នកណា​ស្ដាប់យល់​ឡើយ​; តាមពិត អ្នកនោះ​និយាយ​អាថ៌កំបាំង​ក្នុង​វិញ្ញាណ​ទេ​។ ផ្ទុយទៅវិញ អ្នក​ដែល​ថ្លែងព្រះបន្ទូល និយាយ​ទៅកាន់​មនុស្ស ដើម្បី​ស្អាងទឹកចិត្ត លើកទឹកចិត្ត និង​កម្សាន្តចិត្ត​។ អ្នក​ដែល​និយាយ​ភាសាដទៃ ស្អាងទឹកចិត្ត​ខ្លួនឯង រីឯ​អ្នក​ដែល​ថ្លែងព្រះបន្ទូល​វិញ ស្អាងទឹកចិត្ត​ក្រុមជំនុំ​។ ខ្ញុំ​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ដែរ ក៏ប៉ុន្តែ​ចង់ឲ្យ​ថ្លែងព្រះបន្ទូល​ជាជាង ដ្បិត​អ្នក​ដែល​ថ្លែងព្រះបន្ទូល ប្រសើរជាង​អ្នក​ដែល​និយាយ​ភាសាដទៃ លើកលែងតែ​អ្នកនោះ​ចេះ​បកប្រែ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ទទួល​ការស្អាងទឹកចិត្ត​។ ដូច្នេះ បងប្អូន​អើយ ឥឡូវនេះ​ប្រសិនបើ​ខ្ញុំ​មករក​អ្នករាល់គ្នា ហើយ​និយាយ​ភាសាដទៃ តើ​ខ្ញុំ​នឹង​ផ្ដល់ប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ដោយ​ការបើកសម្ដែង ដោយ​ចំណេះដឹង ដោយ​ការថ្លែងព្រះបន្ទូល ឬ​ដោយ​ការបង្រៀន​? សូម្បីតែ​របស់​គ្មានជីវិត​ដែល​បញ្ចេញ​សំឡេង ដូចជា​ខ្លុយ ឬ​ពិណ ប្រសិនបើ​វា​មិន​បញ្ចេញ​សំឡេង​ខុសពីគ្នា តើ​នឹង​ដឹង​យ៉ាងដូចម្ដេច​ថា កំពុង​ផ្លុំ ឬ​លេង​អ្វី​? ជាការពិត ប្រសិនបើ​ត្រែ​បញ្ចេញ​សំឡេង​មិនច្បាស់ តើ​អ្នកណា​នឹង​ត្រៀមខ្លួន​ទៅ​ច្បាំង​? ដូចគ្នាដែរ ប្រសិនបើ​អ្នករាល់គ្នា​ប្រើ​អណ្ដាត​ពោល​ពាក្យ​ដែល​មិន​អាចយល់បាន តើ​នឹង​យល់​យ៉ាងដូចម្ដេច​ថា​និយាយ​អ្វី​? ដូច្នេះ អ្នករាល់គ្នា​កំពុង​និយាយ​ទៅកាន់​ខ្យល់​។ ក្នុង​ពិភពលោក ប្រហែលជា​មាន​ភាសា​ផ្សេងៗ​ជាច្រើន ប៉ុន្តែ​គ្មាន​ភាសា​ណាមួយ​ដែល​គ្មានន័យ​ឡើយ​។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​មិន​យល់​ន័យ​របស់​ភាសា​នោះ ខ្ញុំ​ជា​ជនបរទេស​ចំពោះ​អ្នក​ដែល​និយាយ​នោះ ហើយ​អ្នក​ដែល​និយាយ​នោះ​ក៏​ជា​ជនបរទេស​ចំពោះ​ខ្ញុំ​ដែរ​។ អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។ ដូច្នេះ ចូរឲ្យ​អ្នក​ដែល​និយាយ​ភាសាដទៃ​អធិស្ឋាន ដើម្បីឲ្យ​ចេះ​បកប្រែ​ដែរ​។ ដ្បិត​ប្រសិនបើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសាដទៃ វិញ្ញាណ​របស់ខ្ញុំ​ក៏​អធិស្ឋាន​មែន ប៉ុន្តែ​គំនិត​របស់ខ្ញុំ​មិនបង្កើតផល​អ្វីឡើយ​។ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយ​ក៏​នឹង​អធិស្ឋាន​ដោយ​គំនិត​ដែរ​; ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ដោយ​វិញ្ញាណ ហើយ​ក៏​នឹង​ច្រៀងសរសើរតម្កើង​ដោយ​គំនិត​ដែរ​។ បើមិនដូច្នោះទេ ប្រសិនបើ​អ្នករាល់គ្នា​អរព្រះគុណ​ដោយ​វិញ្ញាណ តើ​អ្នក​ដែល​នៅ​ទី​នោះ​ដែល​មិនយល់ អាច​និយាយថា “​អាម៉ែន​” ចំពោះ​ការអរព្រះគុណ​របស់អ្នក​យ៉ាងដូចម្ដេច​បាន​? ព្រោះថា​គាត់​មិន​យល់​អ្វីដែល​អ្នក​និយាយ​ផង​! ដ្បិត​ការ​ដែល​អ្នក​អរព្រះគុណ​ព្រះ ល្អ​មែន​ហើយ ប៉ុន្តែ​អ្នកដទៃ​មិន​ត្រូវបាន​ស្អាងទឹកចិត្ត​ទេ​។ ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំ​ចេះ​និយាយ​ភាសាដទៃ​ច្រើនជាង​អ្នក​ទាំងអស់គ្នា ប៉ុន្តែ​នៅក្នុង​ក្រុមជំនុំ ខ្ញុំ​សុខចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់ខ្ញុំ ដើម្បី​បង្រៀន​អ្នកដទៃ ជាជាង​និយាយ​មួយម៉ឺន​ម៉ាត់​ជា​ភាសាដទៃ​។ បងប្អូន​អើយ កុំ​ធ្វើជា​កូនក្មេង​ក្នុង​ការយល់ដឹង​ឡើយ គឺ​ក្នុង​ការអាក្រក់ ចូរ​ធ្វើជាកូនក្មេង ហើយ​ក្នុង​ការយល់ដឹង ចូរ​ធ្វើជា​មនុស្ស​ពេញវ័យ​ចុះ​។ នៅក្នុង​ក្រឹត្យវិន័យ មាន​សរសេរ​ទុកមក​ថា​: “​ព្រះអម្ចាស់​មានបន្ទូលថា​: ‘​យើង​នឹង​និយាយ​ទៅកាន់​ប្រជាជន​នេះ​ដោយ​ភាសាបរទេស និង​ដោយ​បបូរមាត់​របស់​អ្នកដទៃ ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​ពួកគេ​មិន​ស្ដាប់​យើង​ដែរ’​”​។ ដូច្នេះ ភាសាដទៃ​មិនមែន​ជា​ទីសម្គាល់​សម្រាប់​អ្នកជឿ​ទេ គឺ​សម្រាប់​អ្នកមិនជឿ​វិញ រីឯ​ការថ្លែងព្រះបន្ទូល ​មិនមែន​ជា​ទីសម្គាល់​សម្រាប់​អ្នកមិនជឿ​ទេ គឺ​សម្រាប់​អ្នកជឿ​វិញ​។ ដូច្នេះ ប្រសិនបើ​ក្រុមជំនុំ​ទាំងមូល​មកជួបជុំ​ជាមួយគ្នា ហើយ​ទាំងអស់គ្នា​កំពុង​និយាយ​ភាសាដទៃ រួច​មាន​អ្នក​មិនយល់ ឬ​អ្នក​មិនជឿ​ចូលមក តើ​ពួកគេ​នឹង​មិន​និយាយ​ថា​អ្នករាល់គ្នា​ឆ្កួត​ទេ​ឬ​? ផ្ទុយទៅវិញ ប្រសិនបើ​ទាំងអស់គ្នា​កំពុង​ថ្លែងព្រះបន្ទូល រួច​មាន​អ្នក​មិនជឿ ឬ​អ្នក​មិនយល់​ចូលមក នោះ​គាត់​នឹង​ត្រូវ​ទាំងអស់គ្នា​ធ្វើឲ្យដឹងកំហុស និង​ត្រូវ​ទាំងអស់គ្នា​វិនិច្ឆ័យ ហើយ​ការសម្ងាត់​ក្នុង​ចិត្ត​គាត់​ក៏​ជាក់ច្បាស់ ដូច្នេះ គាត់​នឹង​ថ្វាយបង្គំ​ព្រះ​ដោយ​ក្រាប​មុខ​ដល់ដី រួច​ប្រកាស​ថា​៖ “​ព្រះ ពិតជា​គង់នៅ​ក្នុងចំណោម​អ្នករាល់គ្នា​មែន​!​”​។ បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។ ប្រសិនបើ​អ្នកណា​និយាយ​ភាសាដទៃ ត្រូវ​និយាយ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឬ​យ៉ាងច្រើនបំផុត​បី​នាក់ ហើយ​ឲ្យ​និយាយ​ម្នាក់ម្ដងៗ រួច​ឲ្យ​ម្នាក់​បកប្រែ​។ ប្រសិនបើ​គ្មាន​អ្នកបកប្រែ អ្នកនោះ​ត្រូវ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ហើយ​និយាយ​ទៅកាន់​ខ្លួនឯង និង​ព្រះ​។ ចូរឲ្យ​អ្នកថ្លែងព្រះបន្ទូល ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នកឯទៀត​ពិចារណា​។ ប្រសិនបើ​មានសេចក្ដីអ្វីមួយ​ត្រូវបាន​បើកសម្ដែង​ដល់​អ្នកផ្សេង​ដែល​នៅ​អង្គុយ ចូរឲ្យ​អ្នក​និយាយ​មុន​ស្ងៀមស្ងាត់​ទៅ​។ ដ្បិត​អ្នក​ទាំងអស់គ្នា​អាច​ថ្លែងព្រះបន្ទូល​បាន​ម្នាក់ម្ដងៗ ដើម្បីឲ្យ​ទាំងអស់គ្នា​បាន​រៀន និង​ទទួល​ការ​លើកទឹកចិត្ត​។ វិញ្ញាណ​របស់​ព្យាការី តែងតែ​ចុះចូល​នឹង​ព្យាការី ដ្បិត​ព្រះ​មិនមែន​ជា​ព្រះ​នៃ​ភាពច្របូកច្របល់​ទេ គឺ​ជា​ព្រះ​នៃ​សន្តិភាព​វិញ​។ ដូច​ក្នុង​ក្រុមជំនុំ​ទាំងអស់​របស់​វិសុទ្ធជន មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។ ប្រសិនបើ​ពួកនាង​ចង់​រៀន​ពី​អ្វីមួយ ចូរ​សួរ​ប្ដី​របស់ខ្លួន​នៅ​ផ្ទះ​ចុះ ដ្បិត​ការ​ដែល​មនុស្សស្រី​និយាយ​នៅក្នុង​ក្រុមជំនុំ ជា​ការ​គួរឲ្យខ្មាស​ហើយ​។ តើ​ព្រះបន្ទូល​របស់​ព្រះ​ចេញមក​ពី​អ្នករាល់គ្នា​ឬ​? តើ​ព្រះបន្ទូល​បាន​ទៅដល់​តែ​អ្នករាល់គ្នា​ប៉ុណ្ណោះ​ឬ​? ប្រសិនបើ​អ្នកណា​គិតថា ខ្លួនឯង​ជា​អ្នកថ្លែងព្រះបន្ទូល ឬ​ជា​មនុស្ស​ខាងវិញ្ញាណ អ្នកនោះ​ត្រូវ​ទទួលស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ជា​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នកណា​មិនទទួលស្គាល់​សេចក្ដីនេះទេ អ្នកនោះ​ក៏​មិន​ត្រូវបាន​ទទួលស្គាល់​ដែរ​។ បងប្អូន​របស់ខ្ញុំ​អើយ ដូច្នេះ ចូរ​ប្រាថ្នាចង់បាន​ការ​ថ្លែងព្រះបន្ទូល ហើយ​កុំ​ហាម​ការនិយាយ​ភាសាដទៃ​ឡើយ​។ យ៉ាងណាមិញ ការ​ទាំងអស់​ត្រូវតែ​ធ្វើ​យ៉ាងត្រឹមត្រូវ និង​ដោយ​មាន​សណ្ដាប់ធ្នាប់​៕ បងប្អូន​អើយ ឥឡូវនេះ​ខ្ញុំ​ចង់​បញ្ជាក់​ដល់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា គឺ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល ព្រមទាំង​ឈរមាំ​តាមរយៈ​ដំណឹងល្អនោះ​។ ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយសារតែ​ដំណឹងល្អនោះ លើកលែងតែ​អ្នករាល់គ្នា​បាន​ជឿ​ដោយ​គ្មានហេតុផល​។ ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ ហើយ​ត្រូវគេ​បញ្ចុះ រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ស្របតាម​ព្រះគម្ពីរ ព្រមទាំង​លេចមក​ដល់​កេផាស ហើយ​បន្ទាប់មក​បាន​លេចមក​ដល់​សាវ័ក ​ទាំង​ដប់ពីរ​នាក់ ក្រោយមក ព្រះអង្គ​បាន​លេចមក​ដល់​បងប្អូន​ជាង​ប្រាំរយ​នាក់​ក្នុងពេលតែមួយ ក្នុងចំណោម​បងប្អូនទាំងនោះ ភាគច្រើន​នៅរស់​រហូតមកដល់​ពេលនេះ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ដេកលក់​ទៅហើយ​; ក្រោយមកទៀត ព្រះអង្គ​បាន​លេចមក​ដល់​យ៉ាកុប រួច​លេចមក​ដល់​សាវ័ក​ទាំងអស់​ដែរ នៅទីបំផុត ព្រះអង្គ​បាន​លេចមក​ដល់​ខ្ញុំ ដែល​ដូចជា​កូនកើតមិនគ្រប់ខែ​នេះ​ដែរ​។ ជាការពិត ខ្ញុំ​ជា​អ្នក​តូចជាងគេ​ក្នុងចំណោម​ពួក​សាវ័ក ហើយ​មិន​ស័ក្ដិសម​នឹង​ត្រូវគេ​ហៅថា​សាវ័ក​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​។ ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។ ដូច្នេះ ទោះបីជា​ខ្ញុំ​ក្ដី អ្នកទាំងនោះ​ក្ដី យើង​ប្រកាស​ដំណឹងល្អ​យ៉ាងដូច្នោះ ហើយ​អ្នករាល់គ្នា​ក៏​បាន​ជឿ​យ៉ាងដូច្នោះ​ដែរ​។ ប្រសិនបើ​ព្រះ​គ្រីស្ទ​ត្រូវគេ​ប្រកាស​ថា ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ម្ដេចក៏​មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ដូច្នេះ​? ប្រសិនបើ​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​មែន ព្រះ​គ្រីស្ទ​ក៏មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ដែរ​។ ហើយ​ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ​ការប្រកាស​របស់យើង​ក៏​ឥតប្រយោជន៍ ហើយ​ជំនឿ​របស់អ្នករាល់គ្នា​ក៏​ឥតប្រយោជន៍​ដែរ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ យើង​នឹង​ត្រូវគេ​ចាត់ទុកថា​ជា​សាក្សីភូតភរ​អំពី​ព្រះ ដ្បិត​ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ព្រះអង្គ​ក៏​មិន​បាន​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ដែរ ប៉ុន្តែ​យើង​បាន​ធ្វើបន្ទាល់​អំពី​ព្រះ​ថា​ព្រះអង្គ​បាន​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​។ ពោលគឺ ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ព្រះ​គ្រីស្ទ​ក៏មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ដែរ​។ ហើយ​ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ជំនឿ​របស់អ្នករាល់គ្នា​ក៏​ឥតខ្លឹមសារ ថែមទាំង​អ្នករាល់គ្នា​ក៏​នៅតែ​ស្ថិតនៅ​ក្នុង​បាប​របស់អ្នករាល់គ្នា​ដដែល​; ដូច្នេះ អ្នក​ដែល​ដេកលក់​ក្នុង​ព្រះ​គ្រីស្ទ ក៏​វិនាស​ហើយ​ដែរ​។ ប្រសិនបើ​យើង​យក​ព្រះ​គ្រីស្ទ​ជាទីសង្ឃឹម​បានតែ​នៅក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​គួរឲ្យអាណិត​ជាងគេ​ក្នុងចំណោម​មនុស្ស​ទាំងអស់​។ ប៉ុន្តែ​ឥឡូវនេះ ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ជា​ផលដំបូង​នៃ​អ្នក​ដែល​បាន​ដេកលក់​។ ដ្បិត​ដោយសារ​សេចក្ដីស្លាប់​បានចូលមក​តាមរយៈ​មនុស្ស​ម្នាក់ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ក៏​ចូលមក​តាមរយៈ​មនុស្ស​ម្នាក់​ដែរ​។ ជាការពិត ដូចដែល​មនុស្ស​ទាំងអស់​ស្លាប់​ក្នុង​អ័ដាម​យ៉ាងណា មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​ប្រោសឲ្យរស់ឡើងវិញ​ក្នុង​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ ប៉ុន្តែ​ម្នាក់ៗ​នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាម​លំដាប់​រៀងៗខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផលដំបូង បន្ទាប់មក​គឺ​មនុស្ស​របស់​ព្រះ​គ្រីស្ទ នៅពេល​ព្រះអង្គ​យាងមកវិញ បន្ទាប់មកទៀត ជា​ទីបញ្ចប់​។ ពេលនោះ ព្រះអង្គ​ប្រគល់​អាណាចក្រ​ដល់​ព្រះដែលជាព្រះបិតា ក្រោយពី​បំផ្លាញ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច និង​ឫទ្ធិអំណាច ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។ ខ្មាំងសត្រូវ​ចុងក្រោយ​ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្ដីស្លាប់ ដ្បិត “​ព្រះ ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ ​”។ ក៏ប៉ុន្តែ​នៅពេល​មាន​ចែង​ថា “​អ្វីៗ​ទាំងអស់​” ត្រូវបាន​ធ្វើឲ្យចុះចូល នោះ​ច្បាស់​ហើយ​ថា មិនមែនរួមបញ្ចូល​ទាំង​ព្រះអង្គ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ​។ កាលណា​អ្វីៗ​ទាំងអស់​ត្រូវបាន​ធ្វើឲ្យចុះចូល​នៅក្រោម​ព្រះអង្គ​ហើយ នោះ​ព្រះបុត្រា​ផ្ទាល់​នឹង​ចុះចូល​នៅក្រោម​ព្រះ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះអង្គ​ដែរ ដើម្បីឲ្យ​ព្រះ​បាន​ធ្វើជា​អ្វីៗ​ទាំងអស់​លើ​គ្រប់ការទាំងអស់​។ បើមិនដូច្នោះទេ តើ​ពួក​ដែល​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់ នឹង​ធ្វើ​ដូចម្ដេច​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ទេ ហេតុអ្វីបានជា​ពួកគេ​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់ ​ដូច្នេះ​? រីឯ​យើង​វិញ ហេតុអ្វីបានជា​យើង​ស្ថិតក្នុងភាពគ្រោះថ្នាក់​គ្រប់​ពេលវេលា​ដូច្នេះ​? បងប្អូន​អើយ ខ្ញុំ​សូម​បញ្ជាក់ដោយនូវ​មោទនភាព​ចំពោះ​អ្នករាល់គ្នា​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ថា ខ្ញុំ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​! ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ “​ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ​”​។ កុំ​ចាញ់បោក​ឡើយ​! “​មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ​”​។ ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។ ប៉ុន្តែ​នឹង​មាន​អ្នកខ្លះ​សួរថា​៖ “​តើ​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​យ៉ាងដូចម្ដេច​? តើ​ពួកគេ​នឹង​មក​ដោយ​រូបកាយ​បែបណា​?​”​។ មនុស្ស​ល្ងីល្ងើ​អើយ​! អ្វីដែល​អ្នក​ព្រោះ មិន​ទទួលជីវិត​ទេ លុះត្រាតែ​វា​ងាប់ ហើយ​អ្វីដែល​អ្នក​បាន​ព្រោះ​នោះ មិនមែន​ជា​រូបរាង​ដែល​ត្រូវ​ដុះឡើង​នោះ​ទេ គឺ​ជា​គ្រាប់​ទទេ​ប៉ុណ្ណោះ ដូចជា​គ្រាប់​ស្រូវសាលី ឬ​គ្រាប់​អ្វី​ផ្សេងទៀត​។ ប៉ុន្តែ​ព្រះ​ប្រទាន​ឲ្យ​វា​មាន​រូបរាង​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​ឲ្យ​គ្រាប់​នីមួយៗ​មាន​រូបរាង​របស់វាផ្ទាល់​។ គ្រប់ទាំង​សាច់​ក៏​មិន​ដូចគ្នា​ដែរ មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​មាន​សាច់​ម្យ៉ាង បក្សាបក្សី​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​ក៏​មាន​សាច់​ម្យ៉ាង​ដែរ​។ មាន​រូបកាយ​នៃស្ថានសួគ៌ និង​រូបកាយ​នៃផែនដី ប៉ុន្តែ​សិរីរុងរឿង​នៃស្ថានសួគ៌​គឺ​ម្យ៉ាង ហើយ​សិរីរុងរឿង​នៃផែនដី​ក៏​ម្យ៉ាង​ដែរ​។ រស្មី​ព្រះអាទិត្យ​គឺ​ម្យ៉ាង រស្មី​ព្រះចន្ទ​ក៏​ម្យ៉ាង រស្មី​ផ្កាយ​ក៏​ម្យ៉ាង ហើយ​សូម្បីតែ​រស្មី​ផ្កាយ​មួយ ក៏​ខុសពី​ផ្កាយ​មួយ​ទៀត​ដែរ​។ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវបាន​សាបព្រោះ​ក្នុង​ភាពដែលតែងតែសាបសូន្យ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​ភាពដែលមិនចេះសាបសូន្យ​; ត្រូវបាន​សាបព្រោះ​ក្នុង​ភាពអាប់យស ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​សិរីរុងរឿង​; ត្រូវបាន​សាបព្រោះ​ក្នុង​ភាពខ្សោយ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ទាំង​ប្រកបដោយ​អំណាច​; ត្រូវបាន​សាបព្រោះ​ជា​រូបកាយ​ខាងសាច់ឈាម ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ជា​រូបកាយ​ខាងវិញ្ញាណ​។ ប្រសិនបើ​មាន​រូបកាយ​ខាងសាច់ឈាម ក៏​មាន​រូបកាយ​ខាងវិញ្ញាណ​ដែរ​។ មាន​សរសេរ​ទុកមក​ដូច្នេះ​ដែរ​ថា​: “​អ័ដាម​មនុស្ស​ដំបូង បានជា ​អ្នក​មានជីវិត ​” រីឯ​អ័ដាម​ចុងក្រោយ បានជា​វិញ្ញាណ​ផ្ដល់ជីវិត​។ យ៉ាងណាមិញ មិនមែន​រូបកាយ​ខាងវិញ្ញាណ​ទេ ដែល​មក​មុន គឺ​រូបកាយ​ខាងសាច់ឈាម​វិញ​; លុះក្រោយមក ទើប​មាន​រូបកាយ​ខាងវិញ្ញាណ​។ មនុស្ស​ទីមួយ​មកពី​ផែនដី គឺជា​របស់ធូលីដី ​; មនុស្ស​ទីពីរ ​មកពី​ស្ថានសួគ៌​។ ដូចដែល​មនុស្សម្នាក់​នៃធូលីដី ​ជា​យ៉ាងណា អស់អ្នក​នៃធូលីដី​ក៏​ជា​យ៉ាងនោះ​ដែរ​; ដូចដែល​មនុស្សម្នាក់​នៃស្ថានសួគ៌​ជា​យ៉ាងណា អស់អ្នក​នៃស្ថានសួគ៌​ក៏​ជា​យ៉ាងនោះ​ដែរ​។ ដូចដែល​យើង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃធូលីដី ​យ៉ាងណា យើង​ក៏​នឹង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃស្ថានសួគ៌​យ៉ាងនោះ​ដែរ​។ បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា សាច់​និង​ឈាម មិនអាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បានឡើយ ហើយ​អ្វីដែលតែងតែសាបសូន្យ ក៏មិន​អាច​ទទួល​អ្វីដែលមិនចេះសាបសូន្យ​ជាមរតក​បាន​ដែរ​។ មើល៍! ខ្ញុំ​សូម​ប្រាប់​អាថ៌កំបាំង​មួយ​ដល់​អ្នករាល់គ្នា គឺថា យើង​ទាំងអស់គ្នា​នឹង​មិន​ដេកលក់​ទេ គឺ​យើង​ទាំងអស់គ្នា​នឹង​ត្រូវបាន​ផ្លាស់ប្រែ​វិញ ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​; ដ្បិត​ភាពដែលរមែងតែងតែសាបសូន្យ​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់​។ កាលណា​ភាពដែលរមែងតែងតែសាបសូន្យ​នេះ បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់ ពេលនោះ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នឹង​បាន​សម្រេច ដែលថា​: “​សេចក្ដីស្លាប់​ត្រូវ​ជ័យជម្នះ​លេប​បាត់ហើយ​!​” ។ “​សេចក្ដីស្លាប់​អើយ​! តើ​ជ័យជម្នះ របស់ឯង​នៅ​ឯណា​? សេចក្ដីស្លាប់​អើយ​! តើ​ទ្រនិច​របស់ឯង​នៅ​ឯណា​? ”​។ ទ្រនិច​នៃ​សេចក្ដីស្លាប់ គឺ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យវិន័យ​។ ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​ជ័យជម្នះ​ដល់​យើង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​! បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕ ចំពោះ​ការប្រមូលតង្វាយ​សម្រាប់​វិសុទ្ធជន ដូចដែល​ខ្ញុំ​បាន​បង្គាប់​ក្រុមជំនុំ​ទាំងប៉ុន្មាន​នៅ​កាឡាទី​យ៉ាងណា ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ដែរ​។ រាល់ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទុកដោយឡែក​ពី​អ្វី​ដែល​ខ្លួនឯង​បាន​សន្សំ តាមដែល​បាន​ចំណេញ ដើម្បីកុំឲ្យ​មាន​ការប្រមូលតង្វាយ​នៅពេល​ខ្ញុំ​មក​ដល់​ឡើយ​។ កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នកណាដែល​អ្នករាល់គ្នា​ជ្រើសរើស ឲ្យ​យក​អំណោយ​របស់អ្នករាល់គ្នា​ទៅ​យេរូសាឡិម ទាំង​កាន់​សំបុត្រ​ទៅ​ជាមួយ​ផង​។ ប៉ុន្តែ​ប្រសិនបើ​គួរឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ទៅ​ជាមួយ​ខ្ញុំ​។ កាលណា​ខ្ញុំ​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន​ដែរ ហើយ​ប្រហែលជា​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា ឬ​អាច​នៅរហូតដល់ផុតរដូវរងា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជូនដំណើរ​ខ្ញុំ​ទៅ​កន្លែងណាដែល​ខ្ញុំ​ត្រូវ​ទៅ​។ តាមពិត ខ្ញុំ​មិន​ចង់​ជួប​អ្នករាល់គ្នា​ឥឡូវនេះ ដោយ​គ្រាន់តែ​ឆ្លងកាត់​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​មួយរយៈ ប្រសិនបើ​ព្រះអម្ចាស់​អនុញ្ញាតឲ្យ​។ ប៉ុន្តែ​ខ្ញុំ​នឹង​ស្នាក់នៅ​អេភេសូរ រហូតដល់​បុណ្យថ្ងៃទីហាសិប ដ្បិត​មាន​ទ្វារ​ដ៏ធំ​សម្រាប់​ការងារ ​ដែលមានប្រសិទ្ធភាព បាន​បើកចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​អ្នក​ប្រឆាំង​ច្រើន​ដែរ​។ ប្រសិនបើ​ធីម៉ូថេ​មក​ដល់ សូម​យកចិត្តទុកដាក់​ឲ្យ​គាត់​បាន​នៅ​ដោយ​ឥតភ័យខ្លាច​ជាមួយ​អ្នករាល់គ្នា ដ្បិត​គាត់​ក៏​ធ្វើ​ការងារ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំដែរ​។ ដូច្នេះ កុំឲ្យអ្នកណា​មើលងាយ​គាត់​ឡើយ​។ ផ្ទុយទៅវិញ សូម​ជូនដំណើរ​គាត់​ដោយ​សុខសាន្ត​ចុះ ដើម្បីឲ្យ​គាត់​បាន​មកដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ជាមួយ​បងប្អូន​ឯទៀត ​។ ចំពោះ​អ័ប៉ុឡូស​ដែលជា​បងប្អូន ខ្ញុំ​បាន​ជំរុញ​គាត់​ជាច្រើនដង​ឲ្យ​មករក​អ្នករាល់គ្នា​ជាមួយ​បងប្អូន​ឯទៀត​ៗ ប៉ុន្តែ​គាត់​ពិតជា​មិន​ចង់​មក​ឥឡូវនេះ​ទេ គាត់​នឹង​មក​កាលណា​គាត់​មានឱកាស​។ ចូរ​ប្រុងស្មារតី ចូរ​ឈរឲ្យមាំមួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយ​ចូរ​មានកម្លាំងមាំមួនឡើង​; គ្រប់ការទាំងអស់​ដែល​អ្នករាល់គ្នា​ធ្វើ ចូរ​ធ្វើ​ដោយ​សេចក្ដីស្រឡាញ់​។ បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នកផ្ទះ​របស់​ស្ទេផាណាស ជា​ផលដំបូង​នៅ​អាខៃ ហើយ​ពួកគេ​បាន​ថ្វាយ​ខ្លួន​ក្នុង​ការបម្រើ​វិសុទ្ធជន​។ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា ឲ្យ​ចុះចូល​នឹង​មនុស្ស​បែបនេះ ហើយនឹង​អស់អ្នក​ដែល​រួមការងារ និង​ការនឿយហត់​ជាមួយពួកគេ​ដែរ​។ ខ្ញុំ​អរសប្បាយ​នឹង​ការមកដល់​របស់​ស្ទេផាណាស ភ័រទូណាតុស និង​អ័ខៃកុស ពីព្រោះ​អ្នកទាំងនោះ​បាន​បំពេញ​ជំនួស​អវត្តមាន ​របស់អ្នករាល់គ្នា ហើយ​បាន​ធ្វើឲ្យ​វិញ្ញាណ​របស់ខ្ញុំ និង​វិញ្ញាណ​របស់អ្នករាល់គ្នា​ស្រស់ស្រាយឡើងវិញ ដូច្នេះ​ចូរ​រាប់អាន​មនុស្ស​បែបនេះ​ចុះ​។ ក្រុមជំនុំ​ទាំងប៉ុន្មាន​នៅ​អាស៊ី ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អ័គីឡា និង​ព្រីស៊ីឡា ព្រមទាំង​ក្រុមជំនុំ​ក្នុង​ផ្ទះ​របស់​ពួកគាត់ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​យ៉ាងអស់ពីចិត្ត ក្នុង​ព្រះអម្ចាស់​។ បងប្អូន​ទាំងអស់​ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ខ្ញុំ ប៉ូល សូម​សរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់​។ ប្រសិនបើ​អ្នកណា​ម្នាក់​មិន​ស្រឡាញ់​ព្រះអម្ចាស់ សូមឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។ សូមព្រះអម្ចាស់យាងមកវិញ​! សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​! សូមឲ្យ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស និង​វិសុទ្ធជន​ទាំងអស់​ដែល​នៅ​ទូទាំង​អាខៃ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ជា​ព្រះ​បិតា​នៃ​សេចក្ដីមេត្តាករុណា និង​ជា​ព្រះ​នៃ​ការកម្សាន្តចិត្ត​គ្រប់បែបយ៉ាង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! គឺ​ព្រះអង្គ​ហើយ ដែល​តែងតែ​កម្សាន្តចិត្ត​យើង​ក្នុង​អស់ទាំង​ទុក្ខវេទនា​របស់យើង ដើម្បីឲ្យ​យើង​អាច​កម្សាន្តចិត្ត​អ្នក​ដែល​នៅក្នុង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​បាន​ដែរ ដោយ​ការកម្សាន្តចិត្ត​ដែល​ខ្លួនយើងផ្ទាល់​ទទួល​ពី​ព្រះ ដ្បិត​ដូចដែល​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ​កើនឡើង​ដល់​យើង​យ៉ាងណា ការកម្សាន្តចិត្ត​របស់យើង​ក៏​កើនឡើង​តាមរយៈ​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ​។ ប្រសិនបើ​យើង​រងទុក្ខ នោះគឺ​ដើម្បី​ជា​ការកម្សាន្តចិត្ត និង​ជា​ការសង្គ្រោះ​ដល់​អ្នករាល់គ្នា​; ប្រសិនបើ​យើង​ទទួល​ការ​កម្សាន្តចិត្ត នោះគឺ​ដើម្បី​ជា​ការកម្សាន្តចិត្ត ​ដល់​អ្នករាល់គ្នា ហើយ​ការកម្សាន្តចិត្តនេះ​ចេញឥទ្ធិពល នៅពេល​អ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខលំបាក ជា​ទុក្ខលំបាក​ដូច​ដែល​យើង​កំពុង​រងទុក្ខ​នោះ​ដែរ​។ សេចក្ដីសង្ឃឹម​របស់យើង​ចំពោះ​អ្នករាល់គ្នា មិនរង្គើឡើយ ដោយ​យើង​ដឹង​ហើយ​ថា ដូចដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​ជាមួយយើង​យ៉ាងណា អ្នករាល់គ្នា​ក៏​មានចំណែក​ក្នុង​ការកម្សាន្តចិត្ត​ជាមួយយើង​យ៉ាងនោះ​ដែរ​។ បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ទុក្ខវេទនា​របស់យើង​ដែល​កើតឡើង​នៅ​អាស៊ី​ទេ គឺ​យើង​រងសម្ពាធ​ហួសប្រមាណ លើសពី​កម្លាំង​របស់យើង រហូតដល់​យើង​អស់សង្ឃឹម​ថា​នឹង​បាន​រស់​ទៀតផង​។ ជាការពិត យើង​មានអារម្មណ៍ដូចជា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ខ្លួន​។ នេះគឺ​ដើម្បីកុំឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួនឯង​ឡើយ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះ​ដែល​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​។ ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។ អ្នករាល់គ្នា​ក៏​អាច​ចូលរួមជួយ​យើង​បាន​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ដោយព្រោះ​យើង ចំពោះ​ព្រះគុណ​ដែល​ប្រទាន​មក​យើង តាមរយៈ​ការអធិស្ឋាន​របស់​មនុស្ស​ជាច្រើន​។ នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។ តាមពិត យើង​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ជា​អ្វី​ផ្សេង ក្រៅពី​អ្វីដែល​អ្នករាល់គ្នា​អាច​អាន និង​យល់​បាន​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​យល់ច្បាស់​ទាំងស្រុង ដូចដែល​អ្នករាល់គ្នា​បាន​យល់​ពី​យើង​ខ្លះៗ​ថា នៅ​ថ្ងៃ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង យើង​ជា​មោទនភាព​របស់អ្នករាល់គ្នា ដូចដែល​អ្នករាល់គ្នា​ជា​មោទនភាព​របស់យើង​ដែរ​។ ដោយ​មាន​ទំនុកចិត្ត​នេះ ខ្ញុំ​តែងតែ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជាមុន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​គុណប្រយោជន៍​ជាលើកទីពីរ គឺ​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​អ្នករាល់គ្នា​ទៅ​ម៉ាសេដូន ហើយ​ត្រឡប់​ពី​ម៉ាសេដូន​មករក​អ្នករាល់គ្នា​វិញ រួច​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ទៅ​យូឌា​។ ពេល​ខ្ញុំ​មានបំណង​ដូច្នេះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ធ្វេសប្រហែស​ឬ​? ‍ឬមួយក៏​អ្វីដែល​ខ្ញុំ​សម្រេច ខ្ញុំ​សម្រេច​តាមសាច់ឈាម បានជា​សម្រាប់​ខ្ញុំ “​មែនៗ​” គឺ “​ទេៗ​” ដែរ​? ព្រះ​ទ្រង់​ស្មោះត្រង់ ពាក្យសម្ដី​របស់យើង​ចំពោះ​អ្នករាល់គ្នា​មិនមែន​ជា “​មែន​” ផង “​ទេ​” ផង​នោះ​ទេ​។ ជាការពិត ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ដែល​ត្រូវបាន​ប្រកាស​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​យើង គឺ​តាមរយៈ​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ ព្រះអង្គ​មិនមែន “​មែន​” ផង “​ទេ​” ផង​នោះ​ទេ ‍គឺ​នៅក្នុង​ព្រះអង្គ​មានតែ “​មែន​”​។ ដ្បិត​សេចក្ដីសន្យា​ទាំងអស់​របស់​ព្រះ គឺជា “​មែន​” នៅក្នុង​ព្រះគ្រីស្ទ ហេតុនេះហើយបានជា​យើង​ពោលថា “​អាម៉ែន​” ដល់​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ដើម្បីជា​សិរីរុងរឿង​ដល់ព្រះអង្គ​។ ពោលគឺ ព្រះអង្គ​ដែល​តាំង​យើង​ជាមួយ​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ ព្រមទាំង​ចាក់ប្រេងអភិសេក​លើ​យើង គឺជា​ព្រះ​។ ព្រះអង្គ​បាន​បោះត្រា​លើ​យើង ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុកជា​ថ្លៃកក់​។ ខ្ញុំ​សូម​ព្រះ​ធ្វើជា​សាក្សី​ឲ្យ​ព្រលឹង​របស់ខ្ញុំ​ថា ដែល​ខ្ញុំ​មិនទាន់​មក​កូរិនថូស គឺដើម្បី​ត្រាប្រណី​ដល់​អ្នករាល់គ្នា​។ នេះ​មិនមែន​ថា យើង​ត្រួតត្រា​លើ​ជំនឿ​របស់អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ យើង​ជា​អ្នករួមការងារ ដើម្បីជា​អំណរ​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ឈរមាំ​ដោយសារតែ​ជំនឿ​។ ដូច្នេះ ខ្ញុំ​បាន​សម្រេចចិត្ត​ក្នុង​ការនេះ​ដោយ​ខ្លួនខ្ញុំ​ថា ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា​ដោយ​នាំ​ទុក្ខព្រួយ​មក​ទៀត​ឡើយ​។ ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ចុះ​តើ​អ្នកណា​នឹង​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ក្រៅពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើឲ្យព្រួយចិត្ត​នោះ​? ខ្ញុំ​បាន​សរសេរ​សេចក្ដីនេះ ដើម្បី​កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ព្រួយចិត្ត​ដោយសារតែ​អ្នកដែល​គួរតែ​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ពីព្រោះ​ខ្ញុំ​ជឿជាក់​លើ​អ្នក​ទាំងអស់គ្នា​ថា អំណរ​របស់ខ្ញុំ គឺជា​អំណរ​របស់អ្នក​ទាំងអស់គ្នា​ដែរ​។ ដ្បិត​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ទាំង​ទឹកភ្នែក​ជាច្រើន គឺ​សរសេរ​ដោយ​ចេញពី​ទុក្ខវេទនា​ដ៏ធំ និង​ការឈឺចាប់​នៃ​ចិត្ត ហើយ​មិនមែន​ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ​មាន​ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។ ប្រសិនបើ​មាន​អ្នកណា​បាន​បង្កការព្រួយចិត្ត អ្នកនោះ​មិន​បាន​ធ្វើឲ្យ​ខ្ញុំ​ព្រួយចិត្ត​ទេ គឺ​បាន​ធ្វើឲ្យ​អ្នក​ទាំងអស់គ្នា​ព្រួយចិត្ត​វិញ ត្រឹមកម្រិតណាមួយ​——​ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យ​និយាយធ្ងន់ពេក​។ ទោស​នោះ​ដែល​អ្នករាល់គ្នា​ភាគច្រើន​បានដាក់​លើ​មនុស្ស​បែបនោះ ល្មម​ហើយ​។ ដូច្នេះ ស៊ូឲ្យ​អ្នករាល់គ្នា​លើកលែងទោស ហើយ​សម្រាលទុក្ខ​អ្នកនោះ​វិញ ក្រែងលោ​គាត់​ត្រូវ​ទុក្ខព្រួយ​ដ៏ហួសប្រមាណ​លេប​បាត់ទៅ​។ ដោយហេតុនេះ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បញ្ជាក់​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ដល់​គាត់​។ តាមពិត ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយសារតែការនេះ​ឯង គឺ​ដើម្បី​បាន​ដឹង​ពី​អត្តចរិតដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា ថា​តើ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ក្នុង​គ្រប់ការទាំងអស់​ឬយ៉ាងណា​។ អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​លើកលែងទោស​អំពី​រឿង​អ្វីមួយ ខ្ញុំក៏​លើកលែងទោស​ឲ្យ​អ្នកនោះ​ដែរ​។ ជាការពិត ប្រសិនបើ​ខ្ញុំ​បាន​លើកលែងទោស​អំពី​រឿង​អ្វីមួយ អ្វីដែល​ខ្ញុំ​លើកលែងទោស​នោះ គឺ​ខ្ញុំ​លើកលែងទោស​នៅចំពោះ​ព្រះភក្ត្រ​ព្រះ​គ្រីស្ទ​ហើយ ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីកុំឲ្យ​យើង​ត្រូវ​សាតាំង​ឆ្លៀតឱកាស​ឡើយ ដ្បិត​មិនមែន​ថា​យើង​មិនស្គាល់​ល្បិច​របស់​វា​ទេ​។ កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ ក៏​ខ្ញុំ​មិន​បាន​ស្ងប់​ក្នុង​វិញ្ញាណ​របស់ខ្ញុំ​សោះ ពីព្រោះ​ខ្ញុំ​រកមិនឃើញ​ទីតុស​បងប្អូន​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ក៏​លា​បងប្អូននៅទីនោះ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។ ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ​! ព្រះអង្គ​តែងតែ​នាំ​យើង​ឲ្យមានជ័យជម្នះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​សាយ​ក្លិនក្រអូប​នៃ​ចំណេះដឹង​អំពី​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង​។ ដ្បិត​យើង​ជា​ក្លិនពិដោរ​របស់​ព្រះ​គ្រីស្ទ​ដល់​ព្រះ ក្នុងចំណោម​អ្នក​ដែល​កំពុង​បាន​សង្គ្រោះ និង​ក្នុងចំណោម​អ្នក​ដែល​កំពុង​វិនាស​; ចំពោះ​អ្នកដែលកំពុងវិនាស យើង​ជា​ក្លិន​នៃ​សេចក្ដីស្លាប់​ដែល​នាំទៅ​សេចក្ដីស្លាប់ រីឯ​ចំពោះ​អ្នកដែលកំពុងបានសង្គ្រោះ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំទៅ​ជីវិត​។ តើ​នរណា​ស័ក្ដិសម​នឹង​ការងារ​ទាំងនេះ​? ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕ តើ​យើង​ចាប់ផ្ដើម​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ឬ​? ឬមួយក៏​យើង​ត្រូវការ​លិខិត​ណែនាំ​ជូន​អ្នករាល់គ្នា ឬ​សុំ​ពី​អ្នករាល់គ្នា ដូច​អ្នកខ្លះ​ត្រូវការ​? អ្នករាល់គ្នា​ហ្នឹងហើយ ជា​លិខិត​របស់យើង ដែល​ត្រូវបាន​កត់ទុក​ក្នុង​ចិត្ត​របស់យើង ហើយ​ត្រូវ​មនុស្ស​ទាំងអស់​ស្គាល់ និង​អាន រួច​ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ថា អ្នករាល់គ្នា​ជា​លិខិត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ប្រគល់មក​តាមរយៈ​យើង​។ លិខិតនេះ​មិនមែន​កត់ទុក​ដោយ​ទឹកខ្មៅ​ទេ គឺ​កត់ទុក​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយក៏​មិនមែន​កត់ទុក​លើ​បន្ទះ​ថ្ម​ដែរ គឺ​កត់ទុក​លើ​បន្ទះ​ដួងចិត្ត​របស់មនុស្ស​វិញ​។ យើង​មាន​ទំនុកចិត្ត​បែបនេះ​ចំពោះ​ព្រះ តាមរយៈ​ព្រះ​គ្រីស្ទ​។ នេះ​មិនមែន​ថា​យើង​ទុកចិត្ត​លើ​សមត្ថភាព​ដែល​ខ្លួន​មាន ដែល​ចាត់ទុក​ដូចជា​មាន​អ្វីមួយ​ចេញពី​ខ្លួនយើង​ឡើយ ផ្ទុយទៅវិញ សមត្ថភាព​របស់យើង​មកពី​ព្រះ​។ ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។ ប្រសិនបើ​ការងារបម្រើ​ខាង​សេចក្ដីស្លាប់ ដែល​ត្រូវបាន​ឆ្លាក់​ជា​អក្សរ​លើ​បន្ទះថ្ម បាន​ប្រកបដោយ​សិរីរុងរឿង រហូតដល់​កូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹងមើល​មុខ​ម៉ូសេ​បាន ដោយសារតែ​រស្មីរុងរឿង​ពី​មុខ​របស់​លោក​ដែល​រមែងតែងតែ​សាបសូន្យ​យ៉ាងដូច្នោះទៅហើយ ចុះម្ដេចក៏​ការងារបម្រើ​ខាង​ព្រះវិញ្ញាណ​នឹង​មិន​ប្រកបដោយ​សិរីរុងរឿង​លើសពីនេះទៅទៀត​? ដ្បិត​ប្រសិនបើ​ការងារបម្រើ​ខាង​ការផ្ដន្ទាទោស ប្រកបដោយ​សិរីរុងរឿង​យ៉ាងដូច្នេះ​ទៅហើយ តើ​ការងារបម្រើ​ខាង​សេចក្ដីសុចរិត​នឹង​ប្រកបដោយ​សិរីរុងរឿង​យ៉ាង​សម្បូរហូរហៀរ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​! តាមពិត​ក្នុង​ករណី​នេះ អ្វី​ដែល​បាន​ប្រកបដោយសិរីរុងរឿង​តាំងពីដើម ក៏​លែងមានសិរីរុងរឿង ដោយសារតែ​សិរីរុងរឿង​ដ៏​ប្រសើរហួសវិស័យ​។ ដូច្នេះ ប្រសិនបើ​អ្វី​ដែល​រមែងតែងតែ​សាបសូន្យ​បាន​ប្រកបដោយ​សិរីរុងរឿង​ទៅហើយ ចុះទម្រាំ​អ្វី​ដែល​នៅគង់វង្ស តើនឹង​ប្រកបដោយ​សិរីរុងរឿង​ជាយ៉ាងណាទៅ​! ដោយ​មាន​សេចក្ដីសង្ឃឹម​បែបនេះ យើង​ក៏​ប្រព្រឹត្ត​ដោយ​ភាពក្លាហាន​យ៉ាងខ្លាំង គឺ​មិនមែន​ដូច​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ​របស់​ខ្លួន ដើម្បីកុំឲ្យ​កូនចៅ​អ៊ីស្រាអែល​សម្លឹងមើល​ទីបញ្ចប់​នៃសិរីរុងរឿង​ដែល​កំពុង​សាបសូន្យ​ទៅ​នោះ​ឡើយ​។ ប៉ុន្តែ​ចិត្តគំនិត​របស់​ពួកគេ‍ត្រូវបាន​ធ្វើឲ្យរឹងរូស​។ ជាការពិត កាលណា​ពួកគេ​អាន​សម្ពន្ធមេត្រី​ចាស់ ស្បៃ​ដដែល​នោះ​នៅតែ​មិន​ទាន់​ដោះចេញ​នៅឡើយ រហូតមកដល់​សព្វថ្ងៃ ដ្បិត​មានតែ ​តាមរយៈ​ព្រះ​គ្រីស្ទ​ទេ ដែល​ស្បៃនោះ​ត្រូវបាន​បំផ្លាញ​។ ពិតមែនហើយ កាលណា​គេ​អាន​គម្ពីរ​ម៉ូសេ នោះ​មាន​ស្បៃ​គ្រប​ពីលើ​ចិត្ត​របស់​ពួកគេ រហូតមកដល់​សព្វថ្ងៃ​។ ប៉ុន្តែ​កាលណា​ពួកគេ​បែរមក​រក​ព្រះអម្ចាស់​វិញ ស្បៃ​នោះ​ក៏​ត្រូវបាន​ដោះចេញ​។ រីឯ​ព្រះអម្ចាស់​ជា​វិញ្ញាណ ហើយ​កន្លែងណាដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅ កន្លែងនោះ​មាន​សេរីភាព​។ ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕ ហេតុនេះហើយបានជា​យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដោយ​បាន​ទទួល​ការងារបម្រើ​នេះ ដូចដែល​យើង​បាន​ទទួលសេចក្ដីមេត្តា​ដែរ​។ ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។ ប៉ុន្តែ​ប្រសិនបើ​ដំណឹងល្អ​របស់យើង​ត្រូវបាន​គ្របបាំង​មែន ក៏​វា​ត្រូវបាន​គ្របបាំង​ចំពោះ​អ្នក​ដែល​កំពុង​វិនាស ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។ ជាការពិត យើង​ប្រកាស​មិនមែន​អំពី​ខ្លួនយើង​ទេ គឺ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​ខ្លួនយើង​ជា​បាវបម្រើ​របស់អ្នករាល់គ្នា ដោយសារតែ​ព្រះយេស៊ូវ​។ ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “​ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត​” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ យ៉ាងណាមិញ យើង​មាន​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់ថា​ព្រះចេស្ដា​ដ៏ប្រសើរហួសវិស័យ​នេះ​ជា​របស់​ព្រះ គឺ​មិនមែន​ចេញពី​យើង​ទេ​។ យើង​រងទុក្ខ​គ្រប់បែបយ៉ាង ប៉ុន្តែ​មិន​ទាល់ច្រក​ទេ​; យើង​វល់គំនិត ប៉ុន្តែ​មិន​អស់សង្ឃឹម​ទេ​; យើង​ត្រូវគេ​បៀតបៀន ប៉ុន្តែ​យើង​មិន​ត្រូវបាន​បោះបង់ចោល​ទេ​; យើង​ត្រូវគេ​វាយឲ្យដួល ប៉ុន្តែ​មិន​វិនាស​ទេ​។ យើង​តែងតែ​ផ្ទុក​ការសុគត​របស់​ព្រះយេស៊ូវ​នៅក្នុង​រូបកាយ​ជានិច្ច ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែរ​។ ពិតមែនហើយ យើង​ដែល​នៅរស់ តែងតែ​ត្រូវគេ​ប្រគល់​ទៅ​សេចក្ដីស្លាប់​ជានិច្ច​ដោយសារតែ​ព្រះយេស៊ូវ ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែលរមែងតែងតែស្លាប់​។ ដូច្នេះ សេចក្ដីស្លាប់​កំពុង​ចេញឥទ្ធិពល​នៅក្នុង​យើង រីឯ​អ្នករាល់គ្នា​វិញ ជីវិត​កំពុង​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​។ ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូចគ្នា ស្របតាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​: “​ខ្ញុំ​បាន​ជឿ បានជា​ខ្ញុំ​និយាយ” ដូច្នេះ​យើង​ក៏​ជឿ បានជា​យើង​និយាយ​ដែរ ពីព្រោះ​យើង​ដឹង​ថា ព្រះអង្គ​ដែល​លើក​ព្រះអម្ចាស់​យេស៊ូវ​ឲ្យរស់ឡើងវិញ ក៏​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ជាមួយ ​ព្រះយេស៊ូវ​ដែរ ព្រមទាំង​នាំ​យើង​ឲ្យឈរ​ជាមួយ​អ្នករាល់គ្នា នៅចំពោះ​ព្រះអង្គ​។ ពិតមែនហើយ អ្វីៗ​ទាំងអស់​គឺ​សម្រាប់​អ្នករាល់គ្នា ដើម្បី​នៅពេល​ព្រះគុណ​ចម្រើនឡើង​ដល់​មនុស្ស​កាន់តែច្រើន ការអរព្រះគុណ​ក៏​កើនឡើង ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។ ដោយហេតុនេះ យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដ្បិត​ទោះបីជា​បុគ្គល​ខាងក្រៅ​របស់យើង​កំពុង​សាបសូន្យ​ទៅ​ក៏ដោយ ក៏​បុគ្គល​ខាងក្នុង​របស់យើង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ​។ ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។ យើង​មិន​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលឃើញ​នោះ​ទេ គឺ​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលមិនឃើញ​វិញ ពីព្រោះ​អ្វីៗ​ដែល​មើលឃើញ​នៅបានតែមួយរយៈ រីឯ​អ្វីៗ​ដែល​មើលមិនឃើញ នៅស្ថិតស្ថេរ​អស់កល្បជានិច្ច​៕ យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។ តាមពិត យើង​តែងតែ​ថ្ងូរ​នៅក្នុង​លំនៅ​នេះ ដោយ​ចង់​ស្លៀកពាក់​លំនៅ​របស់យើង​ពី​ស្ថានសួគ៌​យ៉ាងខ្លាំង​។ ប្រសិនបើ​យើង​ពិតជា​ស្លៀកពាក់​មែន នោះ​យើង​មិន​ត្រូវគេ​ឃើញថា​អាក្រាត​ទេ ​។ ដ្បិត​ពេល​យើង​នៅ​ក្នុង​រោង​នេះ យើង​ថ្ងូរ​ដោយ​រងសម្ពាធ មិនមែន​ដោយសារ​យើង​ចង់​ដោះចេញ​ទេ គឺ​ដោយសារ​ចង់​ស្លៀកពាក់​វិញ ដើម្បីឲ្យ​អ្វី​ដែលរមែងតែងតែស្លាប់​ត្រូវ​ជីវិត​លេប​បាត់ទៅ​។ អ្នក​ដែល​រៀបចំ​យើង​សម្រាប់​ការនេះ​គឺ​ព្រះ​; ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ជា​ថ្លៃកក់​ដល់​យើង​។ ដោយហេតុនេះ យើង​ក្លាហាន​ជានិច្ច ទាំង​ដឹង​ថា​ពេល​យើង​ស្ថិតនៅ​ក្នុង​រូបកាយ​នេះ យើង​នៅឆ្ងាយ​ពី​ព្រះអម្ចាស់​—— ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​ការមើលឃើញ​ទេ​—— ដូច្នេះ យើង​ក្លាហាន ហើយ​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​រូបកាយ​នេះ​ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរជាង​។ ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។ ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។ យើង​មិនមែន​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ទេ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នករាល់គ្នា​អួត​អំពី​យើង​វិញ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​តប​នឹង​ពួក​អ្នក​ដែល​អួត​ពី​សំបកក្រៅ មិនមែន​ពី​ក្នុង​ចិត្ត ដ្បិត​ប្រសិនបើ​យើង​វង្វេងស្មារតី នោះគឺ​ដើម្បី​ព្រះ ‍ហើយ​ប្រសិនបើ​យើង​ដឹងស្មារតី នោះគឺ​ដើម្បី​អ្នករាល់គ្នា​។ ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់ ​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​; ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់ ដើម្បីកុំឲ្យ​អ្នក​ដែល​នៅរស់ បាន​រស់​សម្រាប់​ខ្លួនឯង​ទៀតឡើយ គឺ​ឲ្យ​រស់​សម្រាប់​ព្រះអង្គ​ដែល​សុគត និង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​សម្រាប់​ពួកគេ​។ ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើង​មិន​រាប់​អ្នកណា​តាម​របៀប​សាច់ឈាម​ឡើយ​។ ទោះបីជា​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រីស្ទ​តាម​របៀប​សាច់ឈាម​ក៏ដោយ ក៏​ឥឡូវនេះ យើង​លែង​ស្គាល់​ព្រះអង្គ​តាមរបៀបនេះ​ទៀត​ហើយ​។ ដោយហេតុនេះ ប្រសិនបើ​អ្នកណា​នៅក្នុង​ព្រះ​គ្រីស្ទ អ្នកនោះ​ជា​អ្វីដែលត្រូវបាននិម្មិតបង្កើត​ជា​ថ្មី​; អ្វីៗ​ដែល​ចាស់​បាន​ផុតទៅ​ហើយ មើល៍! អ្វីៗ​ដែល​ថ្មី​បាន​មកដល់ ​។ ការ​ទាំងអស់​នេះ​បាន​ចេញពី​ព្រះ​ដែល​ផ្សះផ្សា​យើង​នឹង​អង្គទ្រង់​តាមរយៈ​ព្រះ​គ្រីស្ទ ព្រមទាំង​ប្រទាន​ការងារបម្រើ​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​។ នេះមានន័យថា ព្រះ​កំពុង​ផ្សះផ្សា​មនុស្សលោក​នឹង​អង្គទ្រង់​នៅក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​ប្រកាន់ទោស​ពួកគេ​អំពី​ការបំពាន​របស់​ពួកគេ ថែមទាំង​ផ្ទុកផ្ដាក់​ព្រះបន្ទូល​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​ទៀតផង​។ ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “​ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!​”​។ ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕ យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។ ដ្បិត​ព្រះអង្គ​មានបន្ទូលថា​៖ “​ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ស្ដាប់​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​”។ មើល៍! ឥឡូវនេះ​ជា​វេលា​នៃ​ការសន្ដោស​; មើល៍! ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​។ យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស ផ្ទុយទៅវិញ យើង​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ថា​ជា​អ្នកបម្រើ​របស់​ព្រះ ក្នុង​គ្រប់ការទាំងអស់​: គឺ​ក្នុង​ការស៊ូទ្រាំ​យ៉ាងខ្លាំង ក្នុង​ទុក្ខវេទនា ការលំបាក និង​ការឈឺចាប់​; ក្នុង​ការវាយ ការឃុំឃាំង និង​ចលាចល​; ក្នុង​ការនឿយហត់ ការអត់ងងុយ និង​ការអត់អាហារ​; ក្នុង​ភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និង​ចិត្តសប្បុរស​; ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​សេចក្ដីស្រឡាញ់​ដែល​ឥតពុតត្បុត​; ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត និង​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​គ្រឿងសឹក​នៃ​សេចក្ដីសុចរិត ដែល​នៅ​ដៃស្ដាំ និង​ដៃឆ្វេង​; តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​; ហាក់ដូចជា​គ្មានអ្នកណាស្គាល់ ប៉ុន្តែ​ត្រូវគេ​ស្គាល់ច្បាស់​; ហាក់ដូចជា​ជិត​ស្លាប់ ប៉ុន្តែ​មើល៍! យើង​នៅរស់​; ហាក់ដូចជា​រងទណ្ឌកម្ម ប៉ុន្តែ​មិន​ត្រូវបាន​សម្លាប់​; ហាក់ដូចជា​ព្រួយចិត្ត ប៉ុន្តែ​អរសប្បាយ​ជានិច្ច​; ហាក់ដូចជា​ក្រីក្រ ប៉ុន្តែ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានបរិបូរ​; ហាក់ដូចជា​គ្មានអ្វីសោះ ប៉ុន្តែ​មាន​គ្រប់ទាំងអស់​។ អ្នកកូរិនថូស​អើយ មាត់​របស់យើង​និយាយត្រង់​ចំពោះ​អ្នករាល់គ្នា ហើយ​ចិត្ត​របស់យើង​ក៏​បើកទូលាយ​ដែរ​។ មិនមែន​យើង​ទេ ដែល​ចង្អៀតចង្អល់​ចំពោះ​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​វិញ​ទេតើ ដែល​ចង្អៀតចង្អល់​ក្នុង​ដួងចិត្ត​របស់ខ្លួន​។ ជា​ការតបស្នង ចូរ​អ្នករាល់គ្នា​បើក​ចិត្ត​ឲ្យទូលាយ​ដែរ​ចុះ​! ខ្ញុំ​សូម​និយាយ​ដូច្នេះ ដូចជា​និយាយ​នឹង​កូន​។ កុំ​ទឹមនឹមស្រៀក​ជាមួយ​អ្នក​មិនជឿ​ឡើយ​។ តើ​មាន​ការរួមចំណែក​អ្វី​រវាង​សេចក្ដីសុចរិត និង​ការឥតច្បាប់​? ឬ​មាន​ការប្រកបគ្នា​អ្វី​រវាង​ពន្លឺ និង​សេចក្ដីងងឹត​? តើ​មាន​ការស្របគ្នា​អ្វី​រវាង​ព្រះ​គ្រីស្ទ និង​បេលាល ​? តើ​មាន​ទំនាក់ទំនង​អ្វី​រវាង​អ្នកជឿ និង​អ្នក​មិនជឿ​? តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង ​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​”​។ “​ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា​”​។ “​យើង​នឹង​ធ្វើជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើជា​កូនប្រុស​កូនស្រី​របស់យើង​។ ព្រះអម្ចាស់​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល​ដូច្នេះ​” ៕ អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។ សូម​អ្នករាល់គ្នា​បើកចិត្តទទួល​យើង​ផង​។ យើង​មិនដែល​ធ្វើខុស​ចំពោះ​អ្នកណា មិនដែល​បំផ្លាញ​អ្នកណា ហើយក៏​មិនដែល​ឆ្លៀតឱកាស​លើ​អ្នកណា​ដែរ​។ ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការផ្ដន្ទាទោស​ទេ ដ្បិត​ខ្ញុំ​បាន​និយាយទុកមុន​ហើយ​ថា អ្នករាល់គ្នា​នៅ​ក្នុង​ចិត្ត​របស់យើង ដើម្បី​បាន​ស្លាប់រស់ជាមួយគ្នា​។ ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។ ជាការពិត ពេល​យើង​មកដល់​ម៉ាសេដូន រូបកាយ​របស់យើង​គ្មាន​ភាពធូរស្បើយ​សោះ គឺ​យើង​រងទុក្ខ​គ្រប់បែបយ៉ាង មាន​ការប្រយុទ្ធ​នៅ​ខាងក្រៅ មាន​ការភិតភ័យ​នៅ​ខាងក្នុង​។ ប៉ុន្តែ​ព្រះ​ដែល​តែងតែ​កម្សាន្តចិត្ត​មនុស្ស​តូចទាប បាន​កម្សាន្តចិត្ត​យើង​ដោយ​ការមកដល់​របស់​ទីតុស មិនគ្រាន់តែ​ដោយ​ការមកដល់​របស់​គាត់​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ដោយ​ការកម្សាន្តចិត្ត​ដែល​គាត់​ទទួល​ពី​អ្នករាល់គ្នា​ដែរ នៅពេល​គាត់​បាន​ប្រាប់​យើង​អំពី​ការនឹករលឹក​របស់អ្នករាល់គ្នា អំពី​ទុក្ខព្រួយ​របស់អ្នករាល់គ្នា និង​អំពី​ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​កាន់តែខ្លាំងឡើង​។ ទោះបីជា​ខ្ញុំ​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ដោយ​សំបុត្រ​នោះ​ក៏ដោយ ក៏​ខ្ញុំ​មិន​ស្ដាយក្រោយ​ដែរ​; ហើយ​ទោះបីជា​ខ្ញុំ​បាន​ស្ដាយក្រោយ ដោយ​ឃើញ​ថា​សំបុត្រ​នោះ​បាន​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត សូម្បីតែ​មួយរយៈ​ក៏ដោយ ក៏​ឥឡូវនេះ​ខ្ញុំ​អរសប្បាយ មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​រហូតដល់​ការកែប្រែចិត្ត​វិញ​។ ដ្បិត​អ្នករាល់គ្នា​បាន​ព្រួយចិត្ត​ស្របតាម​ព្រះ ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ខាតបង់​អ្វី​ដោយសារតែ​យើង​ឡើយ​។ ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។ ដ្បិត​មើល៍! ការ​ដែល​អ្នករាល់គ្នា​ព្រួយចិត្ត​ស្របតាម​ព្រះ​ដូច្នេះ​ឯង បាន​បង្កើត​ចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និង​ការដាក់ទោស​ក្នុង​អ្នករាល់គ្នា​ដល់ម្ល៉េះ​! ក្នុង​គ្រប់ជំពូក អ្នករាល់គ្នា​បាន​បញ្ជាក់​ថា​ខ្លួនឯង​បរិសុទ្ធ​ចំពោះ​រឿង​នេះ​។ ដូច្នេះ ទោះបីជា​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ក៏ដោយ ក៏​មិនមែន​ដើម្បី​អ្នក​ដែល​ធ្វើខុស ឬ​ដើម្បី​អ្នក​ដែល​រងការអយុត្តិធម៌​នោះ​ទេ គឺ​ដើម្បីឲ្យ​ចិត្តខ្នះខ្នែង​របស់អ្នករាល់គ្នា​ចំពោះ​យើង ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ដល់​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​។ ហេតុនេះហើយបានជា​យើង​ទទួល​ការ​កម្សាន្តចិត្ត​។ លើសពី​ការកម្សាន្តចិត្ត​នេះ យើង​បាន​អរសប្បាយ​កាន់តែខ្លាំងឡើង​ថែមទៀត ចំពោះ​អំណរ​របស់​ទីតុស ដ្បិត​អ្នក​ទាំងអស់គ្នា​ធ្វើឲ្យ​វិញ្ញាណ​របស់​គាត់​ស្រស់ស្រាយឡើងវិញ​។ ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។ រីឯ​ចិត្តស្រឡាញ់​របស់​គាត់​ចំពោះ​អ្នករាល់គ្នា​មាន​កាន់តែខ្លាំងឡើង ដោយ​គាត់​នឹកចាំ​អំពី​ការស្ដាប់បង្គាប់​របស់អ្នក​ទាំងអស់គ្នា និង​របៀបដែល​អ្នករាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្តកោតខ្លាច និង​ការញ័ររន្ធត់​។ ខ្ញុំ​អរសប្បាយ ដែល​ខ្ញុំ​មានទំនុកចិត្ត​លើ​អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់​៕ បងប្អូន​អើយ យើង​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ម៉ាសេដូន គឺថា ក្នុង​ការពិសោធ​យ៉ាងខ្លាំង​នៃ​ទុក្ខវេទនា នោះ​អំណរ​ដ៏សម្បូរហូរហៀរ និង​ភាពក្រីក្រ​ក្រៃលែង​របស់​ពួកគេ បាន​ហូរចេញ​ទៅជា​ភាពបរិបូរ​នៃ​ចិត្តទូលាយ​របស់​ពួកគេ​។ ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​បាន​ស្ម័គ្រចិត្ត​តាម​សមត្ថភាព​របស់ខ្លួន រហូតដល់​លើស​ពី​សមត្ថភាព​របស់ខ្លួន​ទៅទៀត ទាំង​សូម​យើង​ដោយ​ពាក្យទទូចអង្វរ​យ៉ាងខ្លាំង​នូវ​ឯកសិទ្ធិ​រួមចំណែក​ក្នុង​ការងារបម្រើ​ដល់​វិសុទ្ធជន​។ ពួកគេធ្វើដូច្នេះ លើសពីការរំពឹងទុក​របស់យើង គឺ​មុនដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់ ហើយ​បន្ទាប់មក​ដល់​យើង តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។ ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ សូម​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ក្នុង​ការងារសប្បុរសធម៌​នេះ ដូចដែល​អ្នករាល់គ្នា​កំពុង​ចម្រើនឡើង​ក្នុង​គ្រប់ការទាំងអស់​ដែរ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែង​គ្រប់ជំពូក និង​ក្នុង​សេចក្ដីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​យើង ​។ ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការបញ្ជា​ទេ គឺ​ខ្ញុំ​កំពុង​ពិសោធមើល​សេចក្ដីស្រឡាញ់​ដ៏ពិតត្រង់​របស់អ្នករាល់គ្នា​ដោយ​ចិត្តខ្នះខ្នែង​របស់​អ្នកដទៃ​។ ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ក្នុង​រឿងនេះ ដោយព្រោះ​ការនេះ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា​។ តាំងពី​ឆ្នាំមុន អ្នករាល់គ្នា​មិនគ្រាន់តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​មានចិត្ត​ទៀតផង ដូច្នេះ​ឥឡូវនេះ ចូរ​បង្ហើយ​ការ​នេះ​ចុះ​។ ដូចដែល​អ្នករាល់គ្នា​មាន​ចិត្តសង្វាត​ចង់​ធ្វើ​យ៉ាងណា ចូរឲ្យ​បង្ហើយ​យ៉ាងនោះ តាម​អ្វី​ដែល​អ្នករាល់គ្នា​មាន​ចុះ​។ ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។ នេះ​មិនមែន​ដើម្បីឲ្យ​អ្នកឯទៀត​ធូរស្បើយ ហើយ​ឲ្យ​អ្នករាល់គ្នា​វេទនា​ទេ គឺ​ដើម្បីឲ្យ​ស្មើគ្នា​វិញ​។ នៅ​សព្វថ្ងៃនេះ ភាពបរិបូរ​របស់អ្នករាល់គ្នា​អាចបំពេញ​ភាពខ្វះខាត​របស់​អ្នកទាំងនោះ ដើម្បី​នៅថ្ងៃក្រោយ ភាពបរិបូរ​របស់​អ្នកទាំងនោះ​បានបំពេញ​ភាពខ្វះខាត​របស់អ្នករាល់គ្នា​វិញ ធ្វើ​ដូច្នោះ​ទើប​ស្មើគ្នា​។ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​អ្នក​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​សល់ អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​ខ្វះ​ដែរ​”។ ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​សេចក្ដីខ្នះខ្នែង​មក​ក្នុង​ចិត្ត​របស់​ទីតុស ជា​សេចក្ដីខ្នះខ្នែង​ដូចគ្នា​ដែលខ្ញុំមាន​ចំពោះ​អ្នករាល់គ្នា​។ ដ្បិត​គាត់​បាន​ទទួលយក​ការជំរុញទឹកចិត្ត​របស់យើង ក៏​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយ​ចេញដំណើរទៅ​រក​អ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ត​។ យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​ដែរ​។ បងប្អូនម្នាក់នោះ​ត្រូវ​ក្រុមជំនុំ​ទាំងអស់​សរសើរ​អំពី​ការប្រកាស​ដំណឹងល្អ​។ មិនគ្រាន់តែប៉ុណ្ណោះទេ គាត់​ត្រូវ​ក្រុមជំនុំ​ទាំងឡាយ​ជ្រើសរើស​ឲ្យ​រួមដំណើរ​ជាមួយយើង​ក្នុង​ការងារសប្បុរសធម៌​នេះ​ដែល​យើង​កំពុង​បម្រើ ដើម្បី​ជា​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ ​ចិត្តសង្វាត​របស់យើង​។ យើង​ប្រយ័ត្នប្រយែង​ដូច្នេះ ដើម្បីកុំឲ្យ​អ្នកណា​រិះគន់​យើង​អំពី​អំណោយដ៏បរិបូរ​ដែល​យើង​កំពុង​ចាត់ចែង​នេះ​ឡើយ ដ្បិត​យើង​គិតគូរ​ធ្វើ​ត្រឹមត្រូវ មិនគ្រាន់តែ​នៅចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះទេ គឺ​នៅចំពោះ​មនុស្ស​ដែរ​។ យើង​បាន​ចាត់​បងប្អូន​របស់យើង​ម្នាក់​ទៀត​ឲ្យទៅ​ជាមួយ​ពួកគេ​។ យើង​បាន​ពិសោធ​គាត់​ជាញឹកញាប់​ក្នុង​ការ​ជាច្រើន ហើយឃើញថា​គាត់​មាន​ចិត្តខ្នះខ្នែង ឥឡូវនេះ​គាត់​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង​ជាងមុនទៅទៀត ដោយសារ​គាត់មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ចំពោះ​ទីតុស គាត់ជា​ដៃគូ​របស់ខ្ញុំ ហើយ​សម្រាប់​អ្នករាល់គ្នា​គាត់ជា​អ្នករួមការងារ រីឯ​បងប្អូន​ពីរនាក់​នោះ ​ជា​អ្នកនាំសារ​របស់​ក្រុមជំនុំ និងជា​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​។ ដូច្នេះ ចូរ​បង្ហាញ​ដល់​ពួកគេ​នៅ​ចំពោះ​ក្រុមជំនុំ នូវ​ភស្តុតាង​នៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា និង​មោទនភាព​របស់យើង​អំពី​អ្នករាល់គ្នា​៕ ចំពោះ​ការងារបម្រើ​ដល់​វិសុទ្ធជន នោះ​មិនចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ចិត្តសង្វាត​របស់អ្នករាល់គ្នា​ហើយ​។ ដូច្នេះ ខ្ញុំ​បាន​អួត​អំពី​អ្នករាល់គ្នា​ប្រាប់​ពួក​អ្នកម៉ាសេដូន​ថា​៖ “​អាខៃ​បាន​រៀបចំ​តាំងពី​ឆ្នាំមុន​ម៉្លេះ​”​។ ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​បាន​ជំរុញ​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ពួកគេ​។ យ៉ាងណាមិញ ខ្ញុំ​បាន​ចាត់​បងប្អូន​ឲ្យទៅ ដើម្បីកុំឲ្យ​អំនួត​របស់យើង​អំពី​អ្នករាល់គ្នា ទៅជាឥតប្រយោជន៍​ក្នុង​រឿង​នេះ​ឡើយ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀបចំ​ជាស្រេច ដូចដែល​ខ្ញុំ​បាន​និយាយ​មែន ក្រែងលោ​ប្រសិនបើ​មាន​អ្នកម៉ាសេដូន​ខ្លះ​មក​ជាមួយ​ខ្ញុំ ហើយ​ឃើញថា​អ្នករាល់គ្នា​មិនទាន់រៀបចំ នោះ​មិនត្រឹមតែ​អ្នករាល់គ្នា​ទេ សូម្បីតែ​យើង​ក៏​អាម៉ាស់មុខ​ដែរ ដោយសារ​បាន​ទុកចិត្ត​ដូច្នេះ​។ ដោយហេតុនេះ ខ្ញុំ​យល់ឃើញថា​ត្រូវតែ​ជំរុញ​បងប្អូន​ឲ្យ​មករក​អ្នករាល់គ្នា​ជាមុន ហើយ​រៀបចំទុកមុន​នូវ​អំណោយ​ដែល​អ្នករាល់គ្នា​បាន​សន្យាតាំងពីមុនមក ដើម្បីឲ្យ​វា​ត្រូវបាន​រៀបចំជាស្រេច ទុកជា​អំណោយ មិនមែន​ជា​ការជំរិត​ទេ​។ សូមចងចាំ​ការនេះ​ដែលថា អ្នក​ដែល​សាបព្រោះ​ដោយកំណាញ់ អ្នកនោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ដែល​សាបព្រោះ​ដោយ​សទ្ធា អ្នកនោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​។ ម្នាក់ៗ​ត្រូវ​ឲ្យ ដូចដែល​បាន​សម្រេច​ក្នុង​ចិត្ត​ហើយ មិនមែន​ដោយ​ស្ដាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​អ្នកដែលឲ្យ​ដោយចិត្តរីករាយ​។ ព្រះ​អាច​ធ្វើឲ្យ​ព្រះគុណ​គ្រប់យ៉ាង​បាន​សម្បូរហូរហៀរ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានសម្បូរហូរហៀរ​ដោយ​ការល្អ​គ្រប់យ៉ាង ទាំង​មាន​គ្រប់គ្រាន់​ទាំងអស់​ក្នុង​គ្រប់ជំពូក​ជានិច្ច ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “​អ្នកនោះ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នកក្រីក្រ​; សេចក្ដីសុចរិត​របស់​គាត់​នៅស្ថិតស្ថេរ​ជារៀងរហូត​”​។ ព្រះអង្គ​ដែល​ផ្គត់ផ្គង់​គ្រាប់ពូជ​ដល់​អ្នកសាបព្រោះ និង​ផ្គត់ផ្គង់​អាហារ ​សម្រាប់​ហូប ព្រះអង្គ​នឹង​ផ្គត់ផ្គង់ ហើយ​ធ្វើឲ្យ​គ្រាប់ពូជ​របស់អ្នករាល់គ្នា​កើនឡើង ព្រមទាំង​ចម្រើន​ផល​នៃ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា​ផង​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់ រហូតដល់​មាន​ចិត្តទូលាយ​ក្នុង​ការ​ទាំងអស់ ដែល​នាំឲ្យមាន​ការអរព្រះគុណ​ដល់​ព្រះ​តាមរយៈ​យើង​។ ដ្បិត​ការងារ​នៃ​ការបម្រើ​នេះ មិនគ្រាន់តែ​បំពេញ​ភាពខ្វះខាត​របស់​វិសុទ្ធជន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ចម្រើនឡើង​តាមរយៈ​ការអរព្រះគុណ​ជាច្រើន​ដល់​ព្រះ​ទៀតផង​។ ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​; ហើយ​ពួកគេ​នឹករលឹក​អ្នករាល់គ្នា ទាំង​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា ដោយព្រោះ​ព្រះគុណ​ដ៏​ប្រសើរហួសវិស័យ​របស់​ព្រះ ស្ថិត​នៅលើ​អ្នករាល់គ្នា​។ សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយទាន​ដែល​រកពាក្យថ្លែងពុំបាន​របស់​ព្រះអង្គ​!​៕ ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ថា កុំឲ្យ​ខ្ញុំ​បង្ហាញភាពក្លាហាន​នៅពេល​ខ្ញុំ​មកដល់ ដោយ​ទំនុកចិត្ត​ដែល​ខ្ញុំ​ចង់​តទល់​នឹង​អ្នកខ្លះ​ដែល​ចាត់ទុក​យើង​ថា​យើង​ដើរ​តាមសាច់ឈាម​។ ទោះបីជា​យើង​រស់នៅ​ក្នុង​សាច់ឈាម​ក៏ដោយ ក៏​យើង​មិនមែន​តយុទ្ធ​តាមសាច់ឈាម​ឡើយ ដ្បិត​គ្រឿងសឹក​នៃ​សង្គ្រាម​របស់យើង​មិនមែន​ខាងសាច់ឈាម​ទេ គឺ​មានឫទ្ធានុភាព​របស់​ព្រះ សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ បំផ្លាញ​ហេតុផល​ផ្សេងៗ និង​បំផ្លាញ​អស់ទាំង​អំនួត​ដែល​លើកខ្លួនឡើង​ទាស់នឹង​ចំណេះដឹង​របស់​ព្រះ ហើយ​ចាប់​គ្រប់ទាំង​គំនិត​ជាឈ្លើយសឹក​ដើម្បីឲ្យ​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ ព្រមទាំង​ប្រុងប្រៀប​នឹង​ដាក់ទោស​ការមិនស្ដាប់បង្គាប់​គ្រប់យ៉ាង កាលណា​ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។ អ្នករាល់គ្នា​មើល​តែ​អ្វីៗ​តាម​សំបកក្រៅ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកណា​ជឿជាក់​ថា​ខ្លួនឯង​ជា​របស់​ព្រះ​គ្រីស្ទ ចូរឲ្យ​អ្នកនោះ​ពិចារណា​ការនេះ​ម្ដងទៀត​ដោយ​ខ្លួនឯង​ថា ដូចដែល​អ្នកនោះ​ជា​របស់​ព្រះ​គ្រីស្ទ​យ៉ាងណា យើង​ក៏​យ៉ាងនោះ​ដែរ​។ ខ្ញុំ​នឹង​មិន​អៀនខ្មាស​ឡើយ ទោះបីជា​ខ្ញុំ​បាន​អួត​ជ្រុល​បន្តិច​អំពី​សិទ្ធិអំណាច​របស់យើង ដែល​ព្រះអម្ចាស់​បាន​ប្រទានមក​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​អ្នករាល់គ្នា​ទេ ដើម្បីកុំឲ្យ​មើលទៅ​ដូចជា​ខ្ញុំ​បំភ័យ​អ្នករាល់គ្នា​តាមរយៈ​សំបុត្រ​។ ដ្បិត​មាន​គេ​និយាយថា​៖ “​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ​”​។ មនុស្សបែបនេះ​ត្រូវ​ពិចារណា​ការនេះ​ថា យើង​ជា​យ៉ាងណា​តាមរយៈ​ពាក្យសម្ដី​ក្នុង​សំបុត្រ ពេល​យើង​មិននៅជាមួយ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាងនោះ ពេល​យើង​នៅជាមួយ​ដែរ​។ តាមពិត យើង​មិន​ហ៊ាន​រាប់បញ្ចូល ‍ឬ​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​អ្នកខ្លះ​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​នោះ​ឡើយ​។ ប៉ុន្តែ​នៅពេល​អ្នកទាំងនោះ​វាស់​ខ្លួន​នឹង​គ្នាឯង ហើយ​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​គ្នាឯង នោះ​ពួកគេ​គ្មានការយល់ដឹងសោះ​។ រីឯ​យើង​វិញ យើង​នឹង​មិន​អួត​ហួសកម្រិត​ឡើយ គឺ​អួត​តាម​កម្រិត​នៃ​ដែនកំណត់​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង ជា​កម្រិត​ដែល​មក​រហូតដល់​អ្នករាល់គ្នា​ដែរ​។ ពិតមែនហើយ យើង​មិន​លូករំលងហួសខ្នាត ហាក់ដូចជា​មិន​បាន​មកដល់​អ្នករាល់គ្នា​ឡើយ ដ្បិត​យើង​បាន​មក‍រហូតដល់​អ្នករាល់គ្នា ដោយ​នាំ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​មក​ជាមួយ​។ យើង​មិន​អួត​ហួសកម្រិត​អំពី​ការនឿយហត់​របស់​អ្នកដទៃ​ឡើយ​។ យើង​គ្រាន់តែ​សង្ឃឹមថា ពេល​ជំនឿ​របស់អ្នករាល់គ្នា​ចម្រើនឡើង ដែនកំណត់​របស់យើង​នឹង​ត្រូវបាន​ពង្រីក​យ៉ាងទូលំទូលាយ​នៅក្នុងចំណោម​អ្នករាល់គ្នា ដើម្បី​ផ្សាយដំណឹងល្អ​រហូតដល់​តំបន់​ខាងនាយ​របស់អ្នករាល់គ្នា​។ នេះ​មិនមែន​ដើម្បី​អួត​អំពី​អ្វី​ដែល​បាន​រៀបចំជាស្រេច នៅក្នុង​ដែនកំណត់​របស់​អ្នកដទៃ​ឡើយ​។ យ៉ាងណាមិញ “​អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់​” ដ្បិត​មិនមែន​អ្នក​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ទេ ដែល​ជា​ទីគោរពរាប់អាន គឺ​អ្នកដែល​ព្រះអម្ចាស់​ណែនាំឲ្យទទួលយក​នោះ​វិញ​៕ ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​ភាពឆោតល្ងង់​បន្តិចបន្តួច​របស់ខ្ញុំ​! តាមពិត អ្នករាល់គ្នា​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់ហើយ​។ ខ្ញុំ​ប្រច័ណ្ឌ​អ្នករាល់គ្នា​ដោយ​សេចក្ដីប្រច័ណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ឲ្យ​អ្នករាល់គ្នា​នឹង​ប្ដី​តែមួយគត់ គឺ​ទុកជា​ស្ត្រីព្រហ្មចារី​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ​។ ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។ ជាការពិត ប្រសិនបើ​មាន​អ្នកណា​មក​ប្រកាស​ព្រះយេស៊ូវ​មួយ​ផ្សេងទៀត ក្រៅពី​ព្រះយេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬមួយក៏​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេងទៀត ក្រៅពី​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួល‍ ឬ​ដំណឹងល្អ​ផ្សេងទៀត ក្រៅពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ទ្រាំ​អីក៏បានល្អម្ល៉េះ​! ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិន​ចាញ់​ពួក “​មហា​សាវ័ក ​” ទាំងនោះ ក្នុង​រឿង​អ្វីមួយឡើយ​។ ទោះបីជា​ខ្ញុំ​មិនពូកែ​ខាង​ពាក្យសម្ដី​ក៏ដោយ ក៏​មិន​ដូច្នោះ​ខាង​ចំណេះដឹង​ឡើយ​។ តាមពិត យើង​បាន​បញ្ជាក់​ការនេះ​ឲ្យច្បាស់​ដល់​អ្នករាល់គ្នា ដោយ​គ្រប់របៀប​ក្នុង​គ្រប់ការទាំងអស់​។ ឬមួយក៏​ការ​ដែល​ខ្ញុំ​បន្ទាបខ្លួន​ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​លើកតម្កើង ដោយ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឥតគិតថ្លៃ នោះ​ខ្ញុំ​បាន​ប្រព្រឹត្តបាប​ឬ​? ខ្ញុំ​បាន “​ប្លន់​” ក្រុមជំនុំ​ឯទៀតៗ ដោយ​យក​ប្រាក់ឈ្នួល​របស់ពួកគេ ដើម្បី​បម្រើ​អ្នករាល់គ្នា​។ កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។ ដូចដែល​សេចក្ដីពិត​របស់​ព្រះ​គ្រីស្ទ​ស្ថិតនៅ​ក្នុង​ខ្ញុំ មោទនភាព​របស់ខ្ញុំ​នេះ នឹង​មិន​ត្រូវបាន​បញ្ឈប់​នៅ​តំបន់​អាខៃ​ឡើយ​។ ហេតុអ្វីបានជា​ដូច្នេះ​? មកពី​ខ្ញុំ​មិន​ស្រឡាញ់​អ្នករាល់គ្នា​ឬ​? ព្រះ​ទ្រង់​ជ្រាប​ហើយ​! អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើ​បន្តទៀត ដើម្បី​បំផ្លាញ​ឱកាស​របស់​ពួក​អ្នក​ដែល​រក​ឱកាស​ឲ្យ​ត្រូវគេ​ទទួលស្គាល់​ដូច​យើង​ដែរ ក្នុង​អ្វីដែល​ពួកគេ​អួត​នោះ ដ្បិត​មនុស្ស​បែបនេះ​ជា​សាវ័កក្លែងក្លាយ ជា​អ្នកធ្វើការ​ពេញដោយការបោកបញ្ឆោត​ដែល​បន្លំខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​។ ប៉ុន្តែ​កុំ​ឆ្ងល់​ឡើយ ដ្បិត​សូម្បីតែ​សាតាំង​ក៏​បន្លំខ្លួន​ជា​ទូតសួគ៌​នៃ​ពន្លឺ​ដែរ ដូច្នេះ ប្រសិនបើ​អ្នកបម្រើ​របស់​វា​បាន​បន្លំខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដីសុចរិត ក៏​គ្មានអ្វីចម្លែកឡើយ​។ ចុងបញ្ចប់​របស់​អ្នកទាំងនោះ នឹង​បាន​ស្របតាម​ការប្រព្រឹត្ត​របស់​ខ្លួន​។ ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា កុំឲ្យអ្នកណា​ចាត់ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ល្ងង់​ឡើយ​! ប៉ុន្តែ​បើ​ដូច្នោះមែន យ៉ាងហោចណាស់​ក៏​សូម​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​អួតខ្លួន​បន្តិច​ដែរ​។ អ្វីដែល​ខ្ញុំ​និយាយ​នេះ មិនមែន​និយាយ​ស្របតាម​ព្រះអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូចជា​តាម​ភាពឆោតល្ងង់​វិញ ក្នុង​ការអួតអាង​អំពី​ទំនុកចិត្ត​នេះ​។ ដោយព្រោះ​មាន​មនុស្ស​ជាច្រើន​អួតខ្លួន​តាមសាច់ឈាម ខ្ញុំក៏​សូម​អួត​ដែរ ដ្បិត​អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា អាច​ទ្រាំ​នឹង​មនុស្ស​ល្ងង់​ដោយអំណរ​! ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។ ខ្ញុំ​និយាយ​ដោយ​អាម៉ាស់មុខ​ថា យើង​ខ្សោយ​ពេក​! ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ហ៊ាន​អួត​អំពី​អ្វីមួយ ខ្ញុំ​សូម​និយាយ​ដោយ​ភាពឆោតល្ងង់​ថា ខ្ញុំក៏​ហ៊ាន​ដែរ​! តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។ ខ្ញុំ​បាន​រង “​សែសិប​រំពាត់​ខ្វះ​មួយ​” ពី​ពួកយូដា ចំនួន​ប្រាំដង ត្រូវគេ​វាយនឹងដំបង​បីដង ត្រូវគេ​គប់ដុំថ្មសម្លាប់​ម្ដង លិចសំពៅ​បីដង អណ្ដែត​នៅក្នុង​មហាសមុទ្រ​មួយថ្ងៃមួយយប់​; ក្នុង​ការធ្វើដំណើរ​ជាញឹកញាប់ ខ្ញុំ​រង​គ្រោះថ្នាក់​ពី​ទន្លេ គ្រោះថ្នាក់​ពី​ចោរប្លន់ គ្រោះថ្នាក់​ពី​ជនរួមជាតិ គ្រោះថ្នាក់​ពី​សាសន៍ដទៃ គ្រោះថ្នាក់​ក្នុង​ទីក្រុង គ្រោះថ្នាក់​ក្នុង​ទីរហោស្ថាន គ្រោះថ្នាក់​ក្នុង​សមុទ្រ និង​គ្រោះថ្នាក់​ពី​បងប្អូនក្លែងក្លាយ​; ខ្ញុំ​ធ្វើការ​នឿយហត់​ទាំង​លំបាក អត់ងងុយ​ជាញឹកញាប់ ទាំង​ស្រេក​ទាំង​ឃ្លាន អត់អាហារ​ជាញឹកញាប់ រង​ភាពរងា និង​ភាពអាក្រាត​។ ក្រៅពី​បញ្ហា​ខាងក្រៅ​ទាំងនេះ មាន​សម្ពាធ​លើ​រូបខ្ញុំ​ជា​រៀងរាល់ថ្ងៃ គឺ​កង្វល់​ចំពោះ​ក្រុមជំនុំ​ទាំងអស់​។ តើ​អ្នកណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ​? តើ​អ្នកណា​ជំពប់ដួល ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​? ប្រសិនបើ​ត្រូវតែ​អួត ខ្ញុំ​សូម​អួត​ពី​ភាពខ្សោយ​របស់ខ្ញុំ​វិញ​។ ព្រះដែលជាព្រះបិតា​របស់​ព្រះអម្ចាស់​យេស៊ូវ ជា​ព្រះ​ដែល​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត ព្រះអង្គ​ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​ភូតភរ​ទេ​។ នៅ​ដាម៉ាស់ អភិបាល​របស់​ស្ដេច​អើរេតាស បាន​ចាំយាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវគេ​សម្រូតចុះ​ក្នុង​កញ្ឆេ​តាម​បង្អួច​នៅ​កំពែងក្រុង ហើយ​បាន​គេចផុត​ពី​កណ្ដាប់ដៃ​របស់​គាត់​៕ ខ្ញុំ​ត្រូវតែ​អួត​។ ទោះបីជា​គ្មានប្រយោជន៍​ក៏ដោយ ក៏​ខ្ញុំ​សូម​បន្តនិយាយ​អំពី​និមិត្ត និង​ការបើកសម្ដែង​ពី​ព្រះអម្ចាស់​។ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ គាត់​ត្រូវបាន​ឆក់យក​ទៅ​ស្ថានសួគ៌​ទីបី​កាលពី​ដប់បួន​ឆ្នាំមុន​។ គាត់​នៅក្នុង​រូបកាយ ឬ​នៅ​ក្រៅ​រូបកាយ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​។ យ៉ាងណាមិញ ខ្ញុំ​ដឹង​ថា បុរស​នោះ (​គាត់​នៅក្នុង​រូបកាយ ឬ​នៅ​ក្រៅ​រូបកាយ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​) គាត់​ត្រូវបាន​ឆក់យក​ទៅ​ស្ថានបរមសុខ ហើយ​បាន​ឮ​ពាក្យ​ដែល​រកថ្លែងមិនបាន ដែល​មិន​អនុញ្ញាតឲ្យ​មនុស្ស​និយាយ​ឡើយ​។ ខ្ញុំ​នឹង​អួត​ជំនួស​មនុស្សបែបនេះ រីឯ​សម្រាប់​ខ្លួនខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើកលែងតែ​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ប៉ុណ្ណោះ​។ តាមពិត ទោះបីជា​ខ្ញុំ​ចង់​អួត​ក៏ដោយ ក៏​ខ្ញុំ​មិនមែន​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​សេចក្ដីពិត​។ ប៉ុន្តែ​ខ្ញុំ​សូម​ទប់​មិនអួត ក្រែងលោ​មាន​អ្នកណា​ចាត់ទុក​ខ្ញុំ​លើសជាង​អ្វីដែល​ខ្លួនគេ​បាន​ឃើញ​ក្នុង​ខ្ញុំ ឬ​បាន​ឮ​ពី​ខ្ញុំ​។ ហើយ​ក្រែងលោ​ខ្ញុំ​លើកតម្កើងខ្លួន ដោយព្រោះ​ការបើកសម្ដែង​នោះ​អស្ចារ្យពន់ពេក បានជា​មាន​បន្លា​មួយ​ប្រទានមក​ក្នុង​រូបកាយ​ខ្ញុំ ជា​ទូត​របស់​សាតាំង​ដែល​វាយ​ខ្ញុំ ដើម្បីកុំឲ្យ​ខ្ញុំ​លើកតម្កើងខ្លួន​ឡើយ​។ ចំពោះ​ការនេះ ខ្ញុំ​បាន​ទូល​អង្វរ​ព្រះអម្ចាស់​បីដង ឲ្យ​បន្លានោះ​ថយចេញ​ពី​ខ្ញុំ ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “​គុណ​របស់យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់យើង បានគ្រប់លក្ខណៈ​នៅក្នុង​ភាពខ្សោយ​”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំ​នឹង​អួត​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យ​ព្រះចេស្ដា​របស់​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​លើ​ខ្ញុំ​។ ដោយហេតុនេះ ខ្ញុំ​ពេញចិត្ត​នឹង​ភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និង​ការឈឺចាប់ ដោយព្រោះ​ព្រះ​គ្រីស្ទ​។ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ ពេលនោះ​ហើយ ដែល​ខ្ញុំ​រឹងមាំ​។ ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ល្ងង់ គឺ​អ្នករាល់គ្នា​បាន​បង្ខំ​ខ្ញុំ​។ តាមពិត ខ្ញុំ​គួរតែ​ត្រូវ​អ្នករាល់គ្នា​ណែនាំឲ្យ​គេ​ទទួលយក ពីព្រោះ​ខ្ញុំ​គ្មានអ្វី​ចាញ់​ពួក “​មហា​សាវ័ក​” ទាំងនោះ​ទេ ទោះបីជា​ខ្ញុំ​គ្មានតម្លៃ​ក៏ដោយ​។ សញ្ញាសម្គាល់​ដែលបញ្ជាក់ថាខ្ញុំជា​សាវ័ក ប្រាកដជា​ត្រូវបាន​សម្ដែង​នៅក្នុងចំណោម​អ្នករាល់គ្នា តាមរយៈ​ការអត់ធ្មត់​បំផុត ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​។ ក្រៅពី​ការដែល​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​ធ្វើឲ្យ​អ្នករាល់គ្នា​អន់​ជាង​ក្រុមជំនុំ​ឯទៀត​ៗ​? សូម​អត់ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ការអយុត្តិធម៌​នេះ​ផង​! មើល៍! នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​បាន​រៀបចំខ្លួន​ដើម្បី​មករក​អ្នករាល់គ្នា ហើយ​ខ្ញុំ​នឹង​មិន​ធ្វើជាបន្ទុក​ដល់អ្នករាល់គ្នា​ទេ ពីព្រោះ​ខ្ញុំ​មិន​ប្រាថ្នាចង់បាន​អ្វី​ពី​អ្នករាល់គ្នា​ឡើយ គឺ​ប្រាថ្នាចង់បាន​អ្នករាល់គ្នា​វិញ​។ ដ្បិត​មិនមែន​កូន‍ៗ​ទេ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​ឪពុកម្ដាយ គឺ​ឪពុកម្ដាយ​វិញ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​កូន​ៗ​។ ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​? ទោះបីជាដូច្នោះក៏ដោយ ក៏​ខ្ញុំ​មិនមែន​ជាបន្ទុក​ដល់​អ្នករាល់គ្នា​ទេ​។ តើ​ខ្ញុំ​ជា​មនុស្ស​មានល្បិច ដែល​ចាប់​អ្នករាល់គ្នា​ដោយ​ឧបាយកល​ឬ​? តើ​ខ្ញុំ​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​ចាត់ឲ្យមក​រក​អ្នករាល់គ្នា​ឬ​? ខ្ញុំ​បាន​ជំរុញ​ទីតុស ទាំង​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​។ ទីតុស​មិន​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​ទេ មែនទេ​? តើ​យើង​មិន​បាន​ដើរ​ដោយ​វិញ្ញាណ​តែមួយ​ទេ​ឬ​? តើ​យើង​មិន​បាន​ដើរ​ក្នុង​ជំហាន​តែមួយ​ទេ​ឬ​? តើ​អ្នករាល់គ្នា​នឹកស្មាន​រហូតមក​ថា យើង​កំពុង​ដោះសា​នឹង​អ្នករាល់គ្នា​ឬ​? យើង​បាន​និយាយ​ក្នុង​ព្រះ​គ្រីស្ទ នៅចំពោះ​ព្រះ​ទេតើ​! អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ សេចក្ដី​ទាំងអស់​នេះ គឺ​ដើម្បី​ស្អាងទឹកចិត្ត​អ្នករាល់គ្នា​ទេ​។ តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។ ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕ នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។ “​ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់​”​។ ខ្ញុំ​បាន​ដាស់តឿនទុកមុន​ដល់​អ្នក​ដែល​ប្រព្រឹត្តបាប​ពីមុន និង​ដល់​អ្នក​ឯទៀត​ទាំងអស់ ហើយ​ក្នុងពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដែរ ដូចដែល​ខ្ញុំ​បាន​ដាស់តឿន​អ្នករាល់គ្នា កាល​ខ្ញុំ​នៅជាមួយ​ជាលើកទីពីរ ថា​ប្រសិនបើ​ខ្ញុំ​បាន​មកដល់​ម្ដងទៀត ខ្ញុំ​នឹង​មិន​ត្រាប្រណី​ឡើយ ពីព្រោះ​អ្នករាល់គ្នា​កំពុង​រក​ភស្តុតាង​ដែលបញ្ជាក់ថា​ព្រះ​គ្រីស្ទ​កំពុង​មានបន្ទូល​តាមរយៈ​ខ្ញុំ​។ ព្រះអង្គ​មិន​ទន់ខ្សោយ​ចំពោះ​អ្នករាល់គ្នា​ទេ ផ្ទុយទៅវិញ ព្រះអង្គ​មានព្រះចេស្ដា​ក្នុងចំណោម​អ្នករាល់គ្នា​។ ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ ចូរ​ពិចារណា​ខ្លួនឯង​មើល៍ ថា​តើ​អ្នករាល់គ្នា​ស្ថិត​ក្នុង​ជំនឿ​ឬយ៉ាងណា​។ ចូរ​ពិសោធ​ខ្លួនឯង​មើល៍​ចុះ​។ ឬមួយក៏​ខ្លួនអ្នករាល់គ្នាផ្ទាល់​មិន​យល់ឃើញ​ទេ​ឬ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា​? លើកលែងតែ​អ្នករាល់គ្នា​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​ឃើញ​ថា យើង​មិនមែន​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ឡើយ​។ យើង​អធិស្ឋាន​ទៅ​ព្រះ កុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​ការ​អាក្រក់​អ្វីមួយ​ឡើយ​។ នេះ​មិនមែន​ដើម្បីឲ្យ​មើលទៅ​ដូចជា​យើង​បាន​ជាប់ការពិសោធ​នោះ​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការល្អ ទោះបី​មើលទៅ​ដូចជា​យើង​ធ្លាក់ចេញពីការពិសោធ​ក៏ដោយ​។ ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់នឹង​សេចក្ដីពិត​បាន​ឡើយ គឺ​អាច​ធ្វើ​អ្វី​បាន​សម្រាប់​តែ​សេចក្ដីពិត​ប៉ុណ្ណោះ​។ ជាការពិត យើង​អរសប្បាយ កាលណា​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​; យើង​អធិស្ឋាន​សូម​សេចក្ដីនេះ​ទៀត គឺឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​។ ហេតុនេះហើយបានជា​ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​ពេល​ខ្ញុំ​មិននៅជាមួយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា​យ៉ាងតឹងរ៉ឹង​នៅពេល​ខ្ញុំ​មកដល់ ដោយ​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​ទេ​។ ជាទីបញ្ចប់ បងប្អូន​អើយ ចូរ​អ្នករាល់គ្នា​អរសប្បាយ​! ចូរ​ឲ្យបានគ្រប់លក្ខណ៍ ចូរ​ទទួល​ការ​កម្សាន្តចិត្ត ចូរ​មានចិត្តតែមួយ ចូរ​នៅសុខ​ជាមួយគ្នា នោះ​ព្រះ​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ វិសុទ្ធជន​ទាំងអស់គ្នា​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​សេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំង​ការប្រកបគ្នា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល សាវ័ក​ដែល​មិនមែន​មកពី​មនុស្ស ឬ​តាមរយៈ​មនុស្ស គឺ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះដែលជាព្រះបិតា​ដែល​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ ពី​ខ្ញុំ និង​បងប្អូន​ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ជូនចំពោះ​ក្រុមជំនុំ​នៅ​កាឡាទី​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ព្រះគ្រីស្ទ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​បាប​របស់យើង ដើម្បី​រំដោះ​យើង​ពី​លោកីយ៍​ដ៏អាក្រក់​នា​បច្ចុប្បន្ននេះ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះដែលជាព្រះបិតា​របស់យើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ ខ្ញុំ​ភ្ញាក់ផ្អើល ដែល​អ្នករាល់គ្នា​បែរចេញ​ឆាប់​យ៉ាងនេះ ពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ក្នុង​ព្រះគុណ​របស់​ព្រះ​គ្រីស្ទ ហើយ​ទៅតាម​ដំណឹងល្អ​ផ្សេងទៀត​វិញ​។ តាមពិត វា​មិនមែន​ជា​ដំណឹងល្អ​ផ្សេងទៀត​ទេ គឺ​គ្រាន់តែ​មាន​អ្នកខ្លះ​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ហើយ​ចង់​បំប្លែង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីជា​យើង​ក្ដី ឬ​ទូតសួគ៌​ពី​ស្ថានសួគ៌​ក្ដី ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​យើង​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។ ដូចដែល​យើង​បាន​និយាយទុកមុន ឥឡូវនេះ​ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា ប្រសិនបើ​អ្នកណា​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។ ឥឡូវនេះ តើ​ខ្ញុំ​រកការទុកចិត្ត​ពី​មនុស្ស ឬ​ពី​ព្រះ​? តើ​ខ្ញុំ​កំពុង​ព្យាយាម​បំពេញចិត្ត​មនុស្ស​ឬ​? ប្រសិនបើ​ខ្ញុំ​នៅតែ​ព្យាយាម​បំពេញចិត្ត​មនុស្ស នោះ​ខ្ញុំ​មិនមែន​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ដំណឹងល្អ​ដែល​ខ្ញុំ​ផ្សព្វផ្សាយ​នេះ គឺ​មិនមែន​ចេញពី​មនុស្ស​ទេ ពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹងល្អនេះ​ពី​មនុស្ស​ឡើយ ហើយក៏មិន​ត្រូវគេ​បង្រៀន​ដែរ គឺ​បាន​ទទួល​ដំណឹងល្អនេះ​តាមរយៈ​ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។ អ្នករាល់គ្នា​បាន​ឮ​ហើយ អំពី​កិរិយា​របស់ខ្ញុំ​កាល​ខ្ញុំ​នៅក្នុង​សាសនាយូដា ថា​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​យ៉ាងកាចសាហាវ ថែមទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀតផង​។ ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។ យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស ​ឡើយ ហើយក៏មិន​បាន​ឡើង​ទៅ​យេរូសាឡិម ទៅ​ជួប​ពួក​អ្នក​ដែល​ជា​សាវ័ក​មុន​ខ្ញុំ​ដែរ ផ្ទុយទៅវិញ ខ្ញុំ​បាន​ចេញទៅ​អារ៉ាប៊ី រួច​ត្រឡប់មក​ដាម៉ាស់​វិញ​។ លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ខ្ញុំ​មិន​ភូតភរ​ទេ មើល៍! នៅចំពោះ​ព្រះ​ហើយ​។ បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។ កាលនោះ ក្រុមជំនុំ​ក្នុង​ព្រះ​គ្រីស្ទ​នៅ​យូឌា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ ពួកគេ​គ្រាន់តែ​ឮ​ថា​៖ “​ម្នាក់​ដែល​បៀតបៀន​យើង​ពីមុន ឥឡូវនេះ​ផ្សព្វផ្សាយ​អំពី​ជំនឿ​ដែល​គាត់​ព្យាយាម​បំផ្លាញ​កាលពីដើម​នោះ​វិញ​” ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​ខ្ញុំ​៕ លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។ ខ្ញុំ​បាន​ឡើងទៅ​ស្របតាម​ការបើកសម្ដែង ហើយ​រៀបរាប់​ដល់​ពួកគេ​នូវ​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ក្នុងចំណោម​សាសន៍ដទៃ​។ រីឯ​ដល់​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ ខ្ញុំ​បាន​រៀបរាប់​ដោយឡែក ក្រែងលោ​ការដែល​ខ្ញុំ​កំពុង​រត់ ‍ឬ​បាន​រត់​រួចហើយ​នោះ នឹង​ទៅជា​ឥតប្រយោជន៍​វិញ​។ យ៉ាងណាមិញ សូម្បីតែ​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏មិន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលពិធីកាត់ស្បែក​ដែរ ទោះបី​គាត់​ជា​ជនជាតិក្រិក​ក៏ដោយ​។ តាមពិត មានរឿងនេះ ដោយសារតែ​បងប្អូនក្លែងក្លាយ​ដែល​លួចចូលមក ពួកគេ​ចូលមក​ស៊ើបការណ៍​ពី​សេរីភាព​របស់យើង​ដែល​យើង​មាន​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ធ្វើឲ្យ​យើង​ទៅជាទាសករ​។ យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។ រីឯ​ចំពោះ​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ (​ទោះបីជា​ពីមុន ពួកគេ​ជា​អ្វី​ក៏ដោយ ក៏​មិន​សំខាន់​អ្វី​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ព្រះ​មិន​រើសមុខ​អ្នកណា​ឡើយ​) គឺ​ពួក​អ្នកទាំងនោះ​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ មិន​បាន​បន្ថែម​អ្វី​ផ្សេងទៀត​ដល់​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ពួកគេ​ឃើញ​ថា ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែល​ពេត្រុស​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ ដ្បិត​ព្រះអង្គ​ដែល​ធ្វើការ​ក្នុង​ពេត្រុស តាមរយៈ​មុខងារជាសាវ័ក​របស់គាត់​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ក៏​បាន​ធ្វើការ​សម្រាប់​សាសន៍ដទៃ ក្នុង​ខ្ញុំ​ដែរ​។ នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។ ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​អំពី​អ្នកក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខំប្រឹង​ធ្វើ​ដែរ​។ ប៉ុន្តែ​កាល​កេផាស​បាន​មក​ដល់​អាន់ទីយ៉ូក ខ្ញុំ​បាន​ជំទាស់​នឹង​គាត់​ចំពោះ​មុខ​គាត់ ពីព្រោះ​គាត់​មានការដែលគួរឲ្យបន្ទោស​។ ដ្បិត​មុនពេល​មាន​អ្នកខ្លះ​បាន​មក​ពី​យ៉ាកុប គាត់​តែងតែ​ហូប​ជាមួយ​សាសន៍ដទៃ ប៉ុន្តែ​នៅពេល​អ្នកទាំងនោះ​បាន​មក​ដល់ គាត់​ក៏​ដកខ្លួនថយ ហើយ​ញែក​ខ្លួន​ចេញ ដោយ​ខ្លាច​ពួកកាត់ស្បែក​។ ជនជាតិយូដា​ឯទៀត​ក៏​ធ្វើពុតជាមួយ​គាត់​ដែរ រហូតដល់​សូម្បីតែ​បារណាបាស​ក៏​ត្រូវបាន​អូសទាញ​ទៅក្នុង​ពុតត្បុត​របស់​ពួកគេ​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​ថា ពួកគេ​មិន​បាន​ដើរត្រង់​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ ខ្ញុំ​ក៏​សួរ​កេផាស ​នៅមុខ​ទាំងអស់គ្នា​ថា​៖ “​ប្រសិនបើ​លោក ដែល​ជា​ជនជាតិយូដា បែរជា​រស់នៅ​ដូចសាសន៍ដទៃ ហើយ​មិន​រស់នៅ​ដូចជនជាតិយូដា​ទេ តើ​លោក​នឹង​បង្ខំ​សាសន៍ដទៃ​ឲ្យ​រស់នៅដូចជនជាតិយូដា​ដូចម្ដេចកើត​?​”​។ យើង​ជា​ជនជាតិយូដា​ពីកំណើត គឺ​មិនមែន​ជា “​មនុស្សបាប​ពីចំណោម​សាសន៍ដទៃ​” ទេ ប៉ុន្តែ​យើង​ដឹង​ថា មនុស្ស​មិន​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ គឺ​តាមរយៈ​ជំនឿ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។ ហេតុនេះហើយបានជា​យើង​ជឿលើ​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ គឺ​មិនមែន​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ ដ្បិត​គ្មាន​អ្នកណាម្នាក់ ​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ព្យាយាម​ឲ្យ​បាន​រាប់ជាសុចរិត​ក្នុង​ព្រះ​គ្រីស្ទ ហើយ​បែរជា​ឃើញថា​ខ្លួនយើង​ក៏​ជា​មនុស្សបាប​ដែរ នោះ​តើ​ព្រះ​គ្រីស្ទ​ទៅជា​អ្នកបម្រើ​របស់​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ខ្ញុំ​សាងសង់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​បាន​កម្ទេច​ចោល នោះ​ខ្ញុំ​បាន​បញ្ជាក់​ថា​ខ្លួនខ្ញុំ​ជា​មនុស្សបំពានក្រឹត្យវិន័យ​ហើយ​។ ជាការពិត ខ្ញុំ​បាន​ស្លាប់​ខាង​ក្រឹត្យវិន័យ​ដោយសារតែ​ក្រឹត្យវិន័យ ដើម្បីឲ្យ​ខ្ញុំ​បាន​រស់​ខាង​ព្រះ​វិញ​។ ខ្ញុំ​ត្រូវបាន​ឆ្កាងជាមួយ​ព្រះ​គ្រីស្ទ​ហើយ ដូច្នេះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​នៅរស់ គឺ​ព្រះ​គ្រីស្ទ​វិញ ដែល​នៅរស់​ក្នុង​ខ្ញុំ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​នៅសព្វថ្ងៃនេះ ខ្ញុំ​រស់​ដោយសារតែ​ជំនឿ​លើ​ព្រះបុត្រារបស់ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ ព្រមទាំង​ប្រគល់​អង្គទ្រង់​ជំនួស​ខ្ញុំ​។ ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕ ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា ​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​? ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ពី​អ្នករាល់គ្នា​អំពី​ការនេះ​ប៉ុណ្ណោះ​ថា តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​? ម្ដេចក៏​អ្នករាល់គ្នា​ល្ងង់ខ្លៅ​ម្ល៉េះ​? អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​បង្ហើយ​ដោយ​សាច់ឈាម​ឬ​? តើ​អ្នករាល់គ្នា​បាន​រងទុក្ខ​ជាច្រើន​ដោយ​ឥតប្រយោជន៍​ឬ‍? បើ​ពិតជា​ឥតប្រយោជន៍​មែន​នោះ​។ ចុះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដល់​អ្នករាល់គ្នា ព្រមទាំង​ធ្វើ​ការអស្ចារ្យ​ក្នុងចំណោម​អ្នករាល់គ្នា ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ‍ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​? ដូចដែល “​អ័ប្រាហាំ បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់ ​” ដូច្នេះ ចូរ​ដឹង​ថា អ្នក​ដែល​មាន​ជំនឿ គឺ​អ្នកទាំងនោះ​ហើយ ជា​កូនចៅ​របស់​អ័ប្រាហាំ​។ ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​: “​ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក​” ។ ដោយហេតុនេះ អ្នក​ដែល​មាន​ជំនឿ​ក៏​ទទួលព្រះពរ​ជាមួយ​អ័ប្រាហាំ​ដែលជា​មនុស្សនៃជំនឿ​។ អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ​” ។ ដូច្នេះ ច្បាស់​ហើយ​ថា គ្មានអ្នកណា​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ​ដោយ​ក្រឹត្យវិន័យ​ឡើយ ពីព្រោះ “​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​” ។ រីឯ​ក្រឹត្យវិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ ផ្ទុយទៅវិញ “​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ នឹង​រស់​ដោយ​សេចក្ដីទាំងនោះ​” ។ ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ​” ។ នេះគឺ​ដើម្បីឲ្យ​ព្រះពរ​ដល់​អ័ប្រាហាំ​បាន​មក​ដល់​សាសន៍ដទៃ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ធ្វើឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​សេចក្ដីសន្យា តាមរយៈ​ជំនឿ​។ បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា សូម្បីតែ​កិច្ចសន្យា​របស់​មនុស្ស កាល​ព្រមព្រៀងគ្នា​ហើយ ក៏​គ្មានអ្នកណា​បោះបង់ចោល ឬ​បន្ថែម​អ្វី​ឡើយ​។ រីឯ​សេចក្ដីសន្យា​របស់ព្រះ ត្រូវបាន​សន្យា​ដល់​អ័ប្រាហាំ និង​ពូជពង្ស​ម្នាក់​របស់​លោក​។ ព្រះអង្គ​មិន​បាន​មានបន្ទូលថា​៖ “​ដល់​ពូជពង្ស​ទាំងឡាយ​” ហាក់ដូចជា​សំដៅលើ​មនុស្ស​ជាច្រើន​នោះ​ទេ គឺ​មានបន្ទូលថា​៖ “​ដល់​ពូជពង្ស​ម្នាក់​របស់អ្នក​” ហាក់ដូចជា​សំដៅលើ​ម្នាក់​ប៉ុណ្ណោះ ពោលគឺ​ព្រះ​គ្រីស្ទ​។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យវិន័យ​ដែល​មកដល់​បួនរយសាមសិប​ឆ្នាំក្រោយ មិន​អាច​ធ្វើឲ្យ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំងទុកមុន ​ទៅជាមោឃៈ ហើយ​ឲ្យ​សេចក្ដីសន្យា​នោះ​ទៅជាឥតប្រយោជន៍​បាន​ឡើយ​។ ដ្បិត​ប្រសិនបើ​មរតក​បាន​មក​ដោយ​អាង​ក្រឹត្យវិន័យ នោះ​មិនមែន​ដោយ​អាង​សេចក្ដីសន្យា​ទៀតទេ ប៉ុន្តែ​ព្រះ​បាន​ប្រទាន​មរតកនោះ ​ដល់​អ័ប្រាហាំ​តាម​សេចក្ដីសន្យា​។ បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។ យ៉ាងណាមិញ អ្នកកណ្ដាល​មិនមែន​សម្រាប់​តែ​ភាគី​ម្ខាង​ទេ ប៉ុន្តែ​ព្រះ​មាន​តែមួយអង្គគត់​។ បើដូច្នេះ តើ​ក្រឹត្យវិន័យ​ផ្ទុយនឹង​សេចក្ដីសន្យា​របស់​ព្រះ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​ដែល​ប្រទានមក​អាច​ផ្ដល់ជីវិត​បាន នោះ​សេចក្ដីសុចរិត​ពិតជា​នឹង​មក​ដោយសារតែ​ក្រឹត្យវិន័យ​មែន​។ ផ្ទុយទៅវិញ ព្រះគម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំងអស់ ​ឲ្យនៅ​ក្រោម​បាប ដើម្បីឲ្យ​សេចក្ដីសន្យា​នោះ​បាន​ប្រទានមក​ដល់​អ្នក​ដែល​ជឿ ដោយសារតែ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​។ មុនពេល​ជំនឿ​នេះ​បាន​មក​ដល់ យើង​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំយាម​របស់​ក្រឹត្យវិន័យ ទាំង​ត្រូវបាន​បង្ខាំង រហូតដល់​ជំនឿដែល​រៀបនឹងមកដល់​ត្រូវបាន​បើកសម្ដែង​។ ដូច្នេះ ក្រឹត្យវិន័យ​ជា​អ្នកបង្រៀន ​យើង រហូតដល់​ព្រះ​គ្រីស្ទ​បាន​យាងមក ដើម្បីឲ្យ​យើង‍ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​។ ប៉ុន្តែ​ឥឡូវនេះ ជំនឿ​នោះ​បាន​មក​ដល់​ហើយ ដូច្នេះ​យើង​មិន​ស្ថិតនៅ​ក្រោម​អ្នកបង្រៀន ​ទៀតទេ ដ្បិត​អ្នករាល់គ្នា​សុទ្ធតែ​ជា​កូនរបស់ព្រះ ដោយសារតែ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ជាការពិត អស់អ្នកដែល​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ព្រះ​គ្រីស្ទ បាន​បំពាក់ខ្លួន​ដោយ​ព្រះ​គ្រីស្ទ​ហើយ​។ គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។ ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ដរាបណា​អ្នកទទួលមរតក​នៅ​ក្មេង ទោះបី​គាត់​ជា​ម្ចាស់​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ក៏ដោយ ក៏​គាត់​មិន​ខុសពី​ទាសករ​ទេ គឺ​គាត់​នៅ​ក្រោម​អ្នកមើលថែ និង​អ្នកគ្រប់គ្រង រហូតដល់​ពេលវេលាដែល​ឪពុក​បាន​កំណត់ទុកមុន​។ យើង​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង យើង​បាន​ជាប់ជាទាសករ​នៅ​ក្រោម​គោលការណ៍បឋម​ខាង​លោកីយ៍​។ ប៉ុន្តែ​នៅពេល​ការបំពេញ​នៃ​ពេលកំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ប្រសូត​ចេញពី​ស្ត្រី គឺឲ្យ​ប្រសូត​នៅ​ក្រោម​ក្រឹត្យវិន័យ ដើម្បី​ប្រោសលោះ​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យវិន័យ ហើយ​ឲ្យ​យើង​ទទួល​ឋានៈជាកូន​។ ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “​អ័ប្បា​! ព្រះ​បិតា​អើយ!​” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា ​។ ដូច្នេះ អ្នករាល់គ្នា​មិនមែន​ជា​ទាសករ​ទៀតទេ គឺ​ជា​កូន​វិញ​; ហើយ​ប្រសិនបើ​អ្នក​រាល់គ្នា​ជា​កូន នោះ​អ្នករាល់គ្នា​ជា​អ្នកទទួលមរតក​ដោយសារតែ​ព្រះ​ដែរ ​។ ពីមុន កាល​អ្នករាល់គ្នា​មិនទាន់​ស្គាល់​ព្រះ អ្នករាល់គ្នា​បាន​ធ្វើជាទាសករ​ដល់​របស់​ដែល​មិនមែន​ជា​ព្រះ​តាំងពីដើមមក ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​? អ្នករាល់គ្នា​ប្រកាន់យក​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​! ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។ បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំក៏​បាន​ដូច​អ្នករាល់គ្នា​ដែរ​។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ឡើយ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា កាលពីដើម ខ្ញុំ​បាន​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ព្រោះតែ​ជំងឺ​ក្នុង​រូបកាយ ហើយ​ទោះបីជា​មាន​ការសាកល្បង​ចំពោះ​អ្នករាល់គ្នា ​ដោយសារតែ​ស្ថានភាពខាងរូបកាយ​របស់ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយ ឬ​ស្អប់ខ្ពើម​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូចជា​ទទួល​ទូតសួគ៌​របស់​ព្រះ ‍គឺ​ដូចជា​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​។ ចុះ​ភាពមានពរ​របស់អ្នករាល់គ្នា​នៅ​ឯណា ​? ដ្បិត​ខ្ញុំ​ធ្វើបន្ទាល់​អំពី​អ្នករាល់គ្នា​ថា ប្រសិនបើ​អាច ម្ល៉េះសម​អ្នករាល់គ្នា​បាន​ខ្វេះ​ភ្នែក​របស់អ្នករាល់គ្នា​ចេញ ហើយ​ឲ្យ​ខ្ញុំ​! ដោយសារ​ខ្ញុំ​ប្រាប់សេចក្ដីពិត​ដល់​អ្នករាល់គ្នា ធ្វើឲ្យ​ខ្ញុំ​ក្លាយជា​សត្រូវ​របស់អ្នករាល់គ្នា​ឬ? អ្នកទាំងនោះ ​យកចិត្តទុកដាក់​នឹង​អ្នករាល់គ្នា មិនមែន​ដោយបំណងល្អ​ទេ គឺ​ដោយ​ចង់​បំបែក​អ្នករាល់គ្នា​ចេញ ដើម្បីឲ្យ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពួកគេ​វិញ​។ ជា​ការល្អ​ហើយ ដែល​យកចិត្តទុកដាក់​ចំពោះ​ការល្អ​ជានិច្ច គឺ​មិនគ្រាន់តែ​ពេល​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ប៉ុណ្ណោះទេ​។ កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​កំពុង​ឈឺពោះឆ្លងទន្លេ​ម្ដងទៀត​ដើម្បី​អ្នករាល់គ្នា រហូតទាល់តែ​ព្រះ​គ្រីស្ទ​មានរូបរាងឡើង​ក្នុង​អ្នករាល់គ្នា​! ខ្ញុំ​ចង់​នៅជាមួយ​អ្នករាល់គ្នា​ពេល​ឥឡូវនេះ ហើយ​ផ្លាស់ប្ដូរ​របៀបនិយាយ​របស់ខ្ញុំ ដ្បិត​ខ្ញុំ​វល់គំនិត​អំពី​អ្នករាល់គ្នា​។ អ្នក​ដែល​ចង់​នៅក្រោម​ក្រឹត្យវិន័យ​អើយ ចូរ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នករាល់គ្នា​មិន​បាន​ឮ​អ្វី​ដែល​ក្រឹត្យវិន័យ​ចែងមក​ទេ​ឬ​? ដ្បិត​មាន​សរសេរ​ទុកមក​ថា អ័ប្រាហាំ​មាន​កូនប្រុស​ពីរ​នាក់ ម្នាក់​ពី​ស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀត​ពី​ស្ត្រីដែលមានសេរីភាព ​។ កូន​ពី​ស្ត្រីដែលជាបាវបម្រើ​បាន​កើតមក​តាមសាច់ឈាម រីឯ​កូន​ពី​ស្ត្រីដែលមានសេរីភាព​បាន​កើតមក​តាម​សេចក្ដីសន្យា​។ សេចក្ដីទាំងនេះ​ចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះ​ជា​សម្ពន្ធមេត្រី​ពីរ​។ មួយ​មកពី​ភ្នំ​ស៊ីណាយ ទាំង​បង្កើត​កូន​សម្រាប់​ភាពជាទាសករ​; នោះ​គឺ​ហាការ​។ ហាការ​នេះ គឺ​ភ្នំ​ស៊ីណាយ​នៅ​អារ៉ាប៊ី ហើយ​ត្រូវជា​យេរូសាឡិម​នៅសព្វថ្ងៃនេះ ដ្បិត​យេរូសាឡិម ​នៅ​ធ្វើជាទាសករ​ជាមួយ​កូនចៅ​របស់​នាង​។ រីឯ​យេរូសាឡិម​ដែល​នៅ​ស្ថានលើ​គឺ​ស្ត្រីដែលមានសេរីភាព ដែល​ជា​ម្ដាយ​របស់យើង ​។ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​ស្ត្រី​អារ​ដែល​មិន​សម្រាល​កូន​អើយ ចូរ​អរសប្បាយ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​បន្លឺសំឡេង ហើយ​ស្រែកឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រី​ដែលគ្មានប្ដី មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅទៀត​”​។ បងប្អូន​អើយ ចំណែកឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា ​ជា​កូន​នៃ​សេចក្ដីសន្យា​ដូច​អ៊ីសាក​ដែរ​។ ប៉ុន្តែ​ដូចដែល​កាលនោះ កូន​ដែល​កើតមក​តាមសាច់ឈាម ​បាន​បៀតបៀន​កូន​ដែល​កើតមក​តាម​ព្រះវិញ្ញាណ ​យ៉ាងណា ឥឡូវនេះ​ក៏​មាន​យ៉ាងនោះ​ដែរ​។ យ៉ាងណាមិញ តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “​ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់​នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ មិន​ត្រូវ​ទទួលមរតក​ជាមួយ​កូន​របស់​ស្ត្រីដែលមានសេរីភាព​ទាល់តែសោះ​”​។ ដូច្នេះ បងប្អូន​អើយ យើង​មិនមែន​ជា​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រីដែលមានសេរីភាព​វិញ​៕ ព្រះ​គ្រីស្ទ​បាន​រំដោះ​យើង ដើម្បីឲ្យ​យើង​មាន​សេរីភាព​។ ដូច្នេះ ចូរ​ឈរឲ្យមាំមួន ហើយ​កុំឲ្យ​ជាប់​នឹម​នៃ​ភាពជាទាសករ​ទៀត​ឡើយ​។ មើល៍! ខ្ញុំ ប៉ូល សូម​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក នោះ​ព្រះ​គ្រីស្ទ​គ្មានប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា​ហើយ​។ ខ្ញុំ​សូម​ធ្វើបន្ទាល់​ម្ដងទៀត​ដល់​មនុស្ស​ទាំងអស់​ដែល​ទទួលពិធីកាត់ស្បែក​ថា អ្នកនោះ​មាន​កាតព្វកិច្ច​នឹង​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទាំងមូល ​។ អ្នករាល់គ្នា​ដែល​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ក្រឹត្យវិន័យ បាន​បែកចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​ធ្លាក់ចេញ​ពី​ព្រះគុណ​ហើយ​។ ជាការពិត យើង​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសុចរិត តាមរយៈ​ព្រះវិញ្ញាណ និង​ដោយ​ជំនឿ​។ ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។ អ្នករាល់គ្នា​បាន​រត់​យ៉ាងល្អ តើ​នរណា​បាន​រារាំង​អ្នករាល់គ្នា​មិន​ឲ្យ​ស្ដាប់បង្គាប់​សេចក្ដីពិត​? ការបញ្ចុះបញ្ចូល​បែប​នេះ មិនមែន​មកពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទេ​។ មេម្សៅ​តែបន្តិច​ក៏​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ដែរ​។ ខ្ញុំ​ទុកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ថា អ្នករាល់គ្នា​នឹង​គ្មាន​គំនិត​អ្វី​ផ្សេងទៀត​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ពួកគេ​នឹង​ទទួល​ទោស ទោះបីជាអ្នកណាក៏ដោយ​។ បងប្អូន​អើយ ប្រសិនបើ​ខ្ញុំ​នៅតែ​ប្រកាស​ពី​ពិធីកាត់ស្បែក ម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវគេ​បៀតបៀន​ទៀត​? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួល​ពី​ឈើឆ្កាង​លែងមាន​ហើយ​។ ខ្ញុំ​ចង់ឲ្យ​ពួក​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​ជ្រួលច្របល់ ក្រៀវ​ខ្លួនឯង​ទៅ​! បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់ ពីព្រោះ​ក្រឹត្យវិន័យ​ទាំងមូល​ត្រូវបាន​បំពេញ​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ ដែលថា​: “​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​” ។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រខាំ​គ្នា ហើយ​ត្របាក់​គ្នា​ដូច្នេះ ចូរ​ប្រយ័ត្ន​ទៅ​! ក្រែងលោ​អ្នករាល់គ្នា​បាន​បំផ្លាញ​គ្នាទៅវិញទៅមក​។ ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។ ដ្បិត​សាច់ឈាម​តែងតែ​ចង់​ទាស់នឹង​ព្រះវិញ្ញាណ ហើយ​ព្រះវិញ្ញាណ​ក៏​ចង់​ទាស់នឹង​សាច់ឈាម​ដែរ ពីព្រោះ​ទាំងពីរនេះ​ប្រឆាំង​គ្នាទៅវិញទៅមក ធ្វើឲ្យ​អ្នករាល់គ្នា​មិន​អាច​ធ្វើ​អ្វីៗដែល​អ្នករាល់គ្នា​ចង់​ធ្វើ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ត្រូវ​ព្រះវិញ្ញាណ​ដឹកនាំ នោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ​។ កិច្ចការ​ខាងសាច់ឈាម នោះ​ជាក់ច្បាស់​ហើយ គឺ​មាន​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។ រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ សេចក្ដីសុភាពរាបសា និង​ការគ្រប់គ្រងចិត្ត​។ គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់នឹង​សេចក្ដី​ទាំងនេះ​ឡើយ​។ អ្នក​ដែល​ជា​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់ឈាម​ជាមួយ​តណ្ហា និង​ចំណង់​របស់វា ​រួចហើយ​។ ប្រសិនបើ​យើង​រស់​ដោយ​ព្រះវិញ្ញាណ យើង​ក៏​ត្រូវ​ដើរ​ដោយ​ព្រះវិញ្ញាណ​ដែរ​។ យើង​មិន​ត្រូវ​ចង់បានកិត្តិយសឥតប្រយោជន៍ ដោយ​រករឿង​គ្នា និង​ឈ្នានីស​គ្នា​ឡើយ​៕ បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។ ចូរ​រែកពុន​បន្ទុក​របស់​គ្នាទៅវិញទៅមក យ៉ាងនោះ​ទើប​អ្នករាល់គ្នា​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ​ឲ្យសម្រេច​។ ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្វីមួយ នៅពេល​មិនមែនជាអ្វីសោះ អ្នកនោះ​កំពុង​បញ្ឆោត​ខ្លួនឯង​ហើយ​។ ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ការប្រព្រឹត្ត​របស់​ខ្លួន នោះ​គ្រប់គ្នា​នឹង​មាន​ទីអួត​ចំពោះ​តែ​ខ្លួនឯង​ប៉ុណ្ណោះ គឺ​មិន​អាច​អួត​ចំពោះ​អ្នកដទៃ​បាន​ទេ ដ្បិត​ម្នាក់ៗ​ត្រូវ​រែកពុន​បន្ទុក​របស់ខ្លួន​។ អ្នក​ដែល​ទទួលការអប់រំ​ខាង​ព្រះបន្ទូល ត្រូវ​ចែក​របស់​ល្អ​ទាំងអស់​ដល់​អ្នក​ដែល​អប់រំ​នោះ​។ កុំ​ចាញ់បោក​ឡើយ​! មិន​អាច​ចំអក​ព្រះ​បាន​ទេ​។ ជាការពិត អ្វីក៏ដោយដែល​មនុស្ស​សាបព្រោះ គេ​នឹង​ច្រូត​បាន​ការនោះ​ឯង​។ ដ្បិត​អ្នក​ដែល​សាបព្រោះ​តាម​សាច់ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​ការសាបសូន្យ​ពី​សាច់ឈាម រីឯ​អ្នក​ដែល​សាបព្រោះ​តាម​ព្រះវិញ្ញាណ នឹង​ច្រូត​បាន​ជីវិតអស់កល្បជានិច្ច​ពី​ព្រះវិញ្ញាណ​។ កុំឲ្យ​យើង​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ដ្បិត​យើង​នឹង​ច្រូត​បានផល​នៅ​ពេលកំណត់ ប្រសិនបើ​យើង​មិន​បោះបង់ចោល​។ ដោយហេតុនេះ នៅពេល​មាន​ឱកាស យើង​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​ក្រុមគ្រួសារ​នៃ​ជំនឿ​។ មើល៍! អក្សរ​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ដោយ​ដៃខ្ញុំផ្ទាល់​នេះ ធំយ៉ាងណា​! អ្នកដែល​ចង់​សម្ញែងខ្លួន​ខាង​សាច់ឈាម គឺ​អ្នកទាំងនោះ​ហើយ ដែល​បង្ខំ​អ្នករាល់គ្នា​ឲ្យ​ទទួលពិធីកាត់ស្បែក ដើម្បី​ចៀសវាង​ពី​ការ​បៀតបៀន​ដោយសារតែ​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។ ជាការពិត សូម្បីតែ​អ្នក​ដែល​ទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់​ក៏មិន​កាន់តាម​ក្រឹត្យវិន័យ​ផង ប៉ុន្តែ​ពួកគេ​ចង់ឲ្យ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក ដើម្បីឲ្យ​ពួកគេ​បាន​អួត​អំពី​សាច់ឈាម​របស់អ្នករាល់គ្នា​។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ជាដាច់ខាត ក្រៅពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ប៉ុណ្ណោះ​។ ដោយសារតែ​ឈើឆ្កាងនេះ ពិភពលោក​ត្រូវបាន​ឆ្កាង​ចំពោះ​ខ្ញុំ ហើយខ្ញុំក៏​ត្រូវបាន​ឆ្កាង​ចំពោះ​ពិភពលោក​ដែរ​។ ដ្បិត ​ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ការត្រូវបានបង្កើត​ជា​ថ្មី​វិញ ដែល​សំខាន់ ​។ សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីមេត្តា មាន​ដល់​អស់អ្នកដែល​ដើរតាម​គោលការណ៍​នេះ ព្រមទាំង​ដល់​អ៊ីស្រាអែល​របស់​ព្រះ​ផង​! ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។ បងប្អូន​អើយ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​! អាម៉ែន​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌ ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់ ព្រះអង្គ​បាន​កំណត់ទុកមុន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​យើង​មាន​ឋានៈជាកូន ស្របតាម​ចេតនាល្អ​នៃ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ សម្រាប់​អង្គទ្រង់ផ្ទាល់ និង​សម្រាប់​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រោសប្រទាន​មក​យើង​ក្នុង​ព្រះបុត្រាដ៏ជាទីស្រឡាញ់​។ នៅក្នុង​ព្រះអង្គ យើង​មាន​ការប្រោសលោះ គឺ​ការលើកលែងទោស​ការបំពាន ដោយ​ព្រះលោហិត​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​ប្រទានមកយ៉ាងសម្បូរហូរហៀរ​ដល់​យើង ដោយ​អស់ទាំង​ព្រះប្រាជ្ញាញាណ និង​ការយល់ដឹង​។ ព្រះអង្គ​បាន​បើកឲ្យ​យើង​ស្គាល់​អាថ៌កំបាំង​នៃ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ស្របតាម​ចេតនាល្អ​របស់​ព្រះអង្គ​ដែល​កំណត់ទុកមុន​ក្នុង​ព្រះគ្រីស្ទ ដើម្បី​បង្រួបបង្រួម​អ្វីៗ​ទាំងអស់​មកក្នុង​ព្រះ​គ្រីស្ទ ទាំង​អ្វីៗ​នៅលើ​មេឃ និង​អ្វីៗ​នៅលើ​ផែនដី កាលណា​ពេលកំណត់​នៃ​ការបំពេញ​គម្រោង​នោះ​បាន​មកដល់​។ នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់ ដើម្បីឲ្យ​យើង​ដែល​សង្ឃឹមជាមុន​លើ​ព្រះ​គ្រីស្ទ នាំមក​នូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។ នៅក្នុង​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ឮ​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែរ ជា​ដំណឹងល្អ​ដែល​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា ហើយ​នៅពេល​ជឿ​លើ​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​នៃ​សេចក្ដីសន្យា​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​ថ្លៃកក់​សម្រាប់​មរតក​របស់យើង រហូតដល់​ការប្រោសលោះ​របស់​អ្នកដែលជាកម្មសិទ្ធិ​របស់ព្រះអង្គ ដើម្បី​នាំមកនូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។ ដោយហេតុនេះ កាល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ និង​អំពី​សេចក្ដីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​វិសុទ្ធជន​ទាំងអស់ ខ្ញុំ​ក៏​អរព្រះគុណ​អំពី​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​នឹកចាំ​អំពី​អ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់ ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត ​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី ព្រមទាំង​ឲ្យ​ដឹងថា ភាពធំធេង​ហួសវិស័យ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​ចំពោះ​យើង​ដែល​ជឿ ស្របតាម​កិច្ចការ​ដ៏មានព្រះចេស្ដា​ខ្លាំងពូកែ​របស់​ព្រះអង្គ​ជា​អ្វី​ផងដែរ​។ ដោយ​ព្រះចេស្ដានេះ ព្រះ​បាន​ធ្វើសកម្មភាព​ក្នុង​ព្រះ​គ្រីស្ទ ដោយ​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះអង្គ​នៅ​លើមេឃ ខ្ពស់លើ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និង​អស់ទាំង​នាម​ដែល​ត្រូវបាន​តាំងឡើង មិនគ្រាន់តែ​នៅ​លោកបច្ចុប្បន្ន​ប៉ុណ្ណោះទេ គឺ​នៅ​លោក​ខាងមុខ​ដែរ​។ ព្រះ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ ព្រមទាំង​ប្រទានឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​ក្បាល​លើ​អ្វីៗ​ទាំងអស់​សម្រាប់​ក្រុមជំនុំ​។ ក្រុមជំនុំ​ជា​ព្រះកាយ​របស់​ព្រះអង្គ ជា​ភាពពេញលេញ​របស់​ព្រះអង្គ​ដែល​បំពេញ​អ្វីៗ​ទាំងអស់​ដោយ​អ្វីៗ​ទាំងអស់​៕ អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​បាប​របស់អ្នករាល់គ្នា​។ ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។ ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។ ប៉ុន្តែ​ដោយព្រោះ​សេចក្ដីស្រឡាញ់​យ៉ាងខ្លាំង​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​យើង ព្រះ​ដែល​ប្រកបដោយ​សេចក្ដីមេត្តា​ដ៏បរិបូរ បាន​ប្រោស​យើង​ឲ្យរស់ជាមួយ​ព្រះ​គ្រីស្ទ ទោះបី​នៅពេល​យើង​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន​ក៏ដោយ ដូច្នេះ​អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ​ហើយ​! ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​លើក​យើង​ឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ ព្រមទាំង​ឲ្យ​យើង​អង្គុយជាមួយ​ព្រះអង្គ​នៅ​លើមេឃ​ផង ដើម្បី​ព្រះអង្គ​បាន​សម្ដែង​ភាពបរិបូរ​នៃ​ព្រះគុណ​ដ៏​ហួសវិស័យ​របស់​ព្រះអង្គ ដោយ​សេចក្ដីសប្បុរស​ចំពោះ​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នៅ​សម័យ​ដែល​នឹង​មកដល់​។ ជាការពិត អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ តាមរយៈ​ជំនឿ ហើយ​សេចក្ដីនេះ​មិន​បាន​ចេញពី​អ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ ក៏​មិន​បាន​មកពី​ការប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួតខ្លួន​ឡើយ​។ ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។ ដូច្នេះ ចូរ​អ្នករាល់គ្នា​ចាំ​ថា ពីមុន​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​ខាង​សាច់ឈាម ដែល​ត្រូវបាន​ហៅថា “​ពួកមិនបានកាត់ស្បែក​” ដោយ​ពួក​ដែល​អះអាងថា​ខ្លួនឯងជា “​ពួកកាត់ស្បែក​” ដែលជា​ការកាត់ស្បែក​ខាង​សាច់ឈាម​ដែលធ្វើដោយដៃមនុស្ស​។ កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។ ប៉ុន្តែ​អ្នករាល់គ្នា​ដែល​ពីមុន​នៅ​ឆ្ងាយ ឥឡូវនេះ​ត្រូវបាន​នាំមក​ជិត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​។ ដ្បិត​ខ្លួនព្រះអង្គផ្ទាល់​ជា​សន្តិភាព​របស់យើង ដែល​បាន​ធ្វើឲ្យ​ទាំងពីរ​រួមគ្នាតែមួយ ហើយ​កម្ទេច​កំពែង​ដែលជា​របង​នៃ​ភាពជាសត្រូវ​ចោល​។ ដោយ​រូបកាយ​របស់​អង្គទ្រង់ ព្រះអង្គ​បាន​បំផ្លាញ​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ដែល​មាន​ក្នុង​បទបញ្ញត្តិ ដើម្បីឲ្យ​ព្រះអង្គ​បាន​និម្មិតបង្កើត​ក្នុង​អង្គទ្រង់​នូវ​មនុស្ស​ថ្មី​ម្នាក់​ជំនួស​ទាំង​ពីរ​នោះ ទាំង​បង្កើត​សន្តិភាព ហើយ​ដើម្បីឲ្យ​ព្រះអង្គ​បាន​ផ្សះផ្សា​ទាំងពីរ​នឹង​ព្រះ ក្នុង​រូបកាយ​មួយ​តាមរយៈ​ឈើឆ្កាង​។ តាមរយៈ​ឈើឆ្កាងនេះឯង ព្រះអង្គ​បាន​សម្លាប់​ភាពជាសត្រូវ​។ កាល​យាង​មក ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សន្តិភាព​ដល់​អ្នករាល់គ្នា​ដែល​នៅ​ឆ្ងាយ ព្រមទាំង​ប្រកាស​ដល់​អ្នក​ដែល​នៅ​ជិត​ផង​។ ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។ ដោយហេតុនេះ អ្នករាល់គ្នា​មិនមែន​ជា​ជនបរទេស ឬ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ទៀតទេ គឺ​ជា​ជនរួមជាតិ​ជាមួយ​វិសុទ្ធជន និង​ជា​ក្រុមគ្រួសារ​របស់​ព្រះ​វិញ ដែល​ត្រូវបាន​សាងសង់​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ព្យាការី ដោយ​មាន​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​ជា​ថ្មគ្រឹះ​។ នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ អគារ​ទាំងមូល​ត្រូវបាន​ផ្គុំឡើង ហើយ​ចម្រើនឡើង​ទៅជា​ព្រះវិហារ​ដ៏វិសុទ្ធ​ក្នុង​ព្រះអម្ចាស់​; នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​សាងសង់ជាមួយគ្នា ទៅជា​ដំណាក់​របស់​ព្រះ​ក្នុង​ព្រះវិញ្ញាណ​ដែរ​៕ ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។ អ្នករាល់គ្នា​ពិតជា​បាន‍ឮ​អំពី​តួនាទី​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា គឺថា​មាន​អាថ៌កំបាំង​ត្រូវបាន​សម្ដែង​ដល់​ខ្ញុំ តាមរយៈ​ការបើកសម្ដែង ដូចដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​កាលពីមុន​។ ពេល​អ្នករាល់គ្នា​អាន​សេចក្ដីនោះ អ្នករាល់គ្នា​អាច​យល់​ពី​ការយល់ដឹង​របស់ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​បាន​។ អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។ អាថ៌កំបាំងនេះ​គឺ សាសន៍ដទៃ​នឹង​បានជា​អ្នករួមទទួលមរតក ជា​អ្នក​រួមក្នុងរូបកាយតែមួយ និង​ជា​អ្នករួមចំណែក​ក្នុង​សេចក្ដីសន្យា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាមរយៈ​ដំណឹងល្អ​។ ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ដំណឹងល្អនេះ​ស្របតាម​អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​តាមរយៈ​កិច្ចការ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ និង​ដើម្បី​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា គម្រោង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពីបុរាណមក ក្នុង​ព្រះ​ដែល​និម្មិតបង្កើត​អ្វីៗ​ទាំងអស់ ជា​អ្វី ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។ ការទាំងនេះ​គឺ​ស្របតាម​បំណង​ព្រះហឫទ័យ​ដ៏អស់កល្ប ដែល​ព្រះអង្គ​បាន​ធ្វើឲ្យសម្រេច​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​។ នៅក្នុង​ព្រះគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ផ្លូវចូល​ទៅឯ​ព្រះ ដោយ​ភាពក្លាហាន ទាំង​ទុកចិត្ត​។ ដូច្នេះ ខ្ញុំ​សុំ​អ្នករាល់គ្នា ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ទុក្ខវេទនា​របស់ខ្ញុំ​ដើម្បី​អ្នករាល់គ្នា​ឡើយ ដ្បិត​ទុក្ខវេទនានេះ​ជា​សិរីរុងរឿង​របស់អ្នករាល់គ្នា​។ ហេតុនេះហើយបានជា​ខ្ញុំ​លុតជង្គង់​នៅចំពោះ​ព្រះ​បិតា ដែល​ពូជអម្បូរ​ទាំងអស់​នៅ​លើមេឃ និង​នៅលើ​ផែនដី បាន​ទទួលឈ្មោះ​ពី​ព្រះអង្គ​—— ដើម្បីឲ្យ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មាំមួន​ក្នុង​បុគ្គល​ខាងក្នុង​ដោយ​ព្រះចេស្ដា តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ និង​ឲ្យ​ព្រះ​គ្រីស្ទ​គង់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​តាមរយៈ​ជំនឿ ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចាក់ឫស និង​ចាក់គ្រឹះរឹងមាំ​ក្នុង​សេចក្ដីស្រឡាញ់ ដើម្បីឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​យល់​ជាមួយនឹង​វិសុទ្ធជន​ទាំងអស់ ថា​សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ​មាន​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​ប៉ុនណា ហើយ​ឲ្យ​ស្គាល់​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដែល​ហួសវិស័យ​លើសពី​ចំណេះដឹង​របស់មនុស្ស ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​គ្រប់ទាំង​ភាពពេញលេញ​របស់​ព្រះ​។ ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​—— សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​នៅក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ រហូតដល់​គ្រប់​ជំនាន់​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​៕ ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ គឺ​ដោយ​ការបន្ទាបខ្លួន និង​សេចក្ដីសុភាពរាបសា​ទាំងស្រុង ដោយ​ការអត់ធ្មត់ ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក​ក្នុង​សេចក្ដីស្រឡាញ់ ហើយ​ឲ្យ​ខំប្រឹង​រក្សា​ភាពរួមគ្នាតែមួយ​នៃ​ព្រះវិញ្ញាណ ដោយ​ចំណង​នៃ​សន្តិភាព​។ រូបកាយ​មាន​តែមួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែមួយ ដូចដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​សេចក្ដីសង្ឃឹម​តែមួយ កាល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​នោះ​ដែរ​; ព្រះអម្ចាស់​មាន​តែមួយ ជំនឿ​មាន​តែមួយ ពិធីជ្រមុជទឹក​មាន​តែមួយ ព្រះ​មាន​តែមួយ​——​ជា​ព្រះ​បិតា​នៃ​អ្វីៗ​ទាំងអស់ ដែល​គង់​នៅលើ​អ្វីៗ​ទាំងអស់ តាមរយៈ​អ្វីៗ​ទាំងអស់ និង​ក្នុង​អ្វីៗ​ទាំងអស់​។ យ៉ាងណាមិញ ព្រះគុណ​បាន​ប្រទានមក​យើង​ម្នាក់ៗ ស្របតាម​ខ្នាត​នៃ​អំណោយទាន​របស់​ព្រះ​គ្រីស្ទ​។ ដូច្នេះ មាន​ចែង​ទុកមក​ថា‍​: “​កាល​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​ចាប់​ពួកឈ្លើយសឹក​នាំទៅ ហើយ​ប្រទាន​អំណោយ​ដល់​មនុស្ស​”​។ ចុះ​ពាក្យ “​ព្រះអង្គ​យាង​ឡើងទៅ​” តើ​មានន័យ​ដូចម្ដេច​? មិនមែន​មានន័យ​ថា​ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាបជាង​នៃ​ផែនដី ​ទេឬ​? ព្រះអង្គ​ដែល​យាង​ចុះមក ជា​ព្រះអង្គ​តែ​មួយ​ដែល​យាង​ឡើងទៅ​ខ្ពស់លើ​អស់ទាំង​មេឃ ដើម្បីឲ្យ​ព្រះអង្គ​បាន​បំពេញ​អ្វីៗ​ទាំងអស់​។ ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន ដើម្បី​ត្រៀម​វិសុទ្ធជន​ឲ្យពេញលេញ​ក្នុង​ការងារ​នៃ​ការបម្រើ សម្រាប់​ស្អាង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។ ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។ ផ្ទុយទៅវិញ ចូរ​និយាយសេចក្ដីពិត​ដោយ​សេចក្ដីស្រឡាញ់ ទាំង​ចម្រើនឡើង​ក្នុង​គ្រប់ការទាំងអស់​ឆ្ពោះទៅកាន់​ព្រះអង្គ​ដែល​ជា​ក្បាល គឺ​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ព្រះអង្គ រូបកាយ​ទាំងមូល​ដែល​ផ្គុំឡើង និង​ភ្ជាប់គ្នា​ដោយ​សន្លាក់​នីមួយៗ​ដែល​ទ្រទ្រង់ ត្រូវបាន​ធ្វើឲ្យ​ចម្រើនឡើង​រហូតដល់​ស្អាង​ខ្លួន​ក្នុង​សេចក្ដីស្រឡាញ់ ដោយ​ផ្នែក​នីមួយៗ​បំពេញតួនាទី​យ៉ាងសមគួរ​។ ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។ ចិត្តគំនិត​របស់​ពួកគេ​ត្រូវបាន​ធ្វើឲ្យងងឹតសូន្យ ទាំង​ត្រូវបាន​បំបែកចេញ​ពី​ជីវិត​ដែលមកពី​ព្រះ ដោយសារតែ​ភាពអវិជ្ជា​ដែល​មាន​នៅក្នុង​ពួកគេ មកពី​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ​។ ពួកគេ​លែងដឹងខុសត្រូវ ហើយ​បណ្ដោយ​ខ្លួន​តាម​ការល្មោភកាម ដើម្បី​ប្រព្រឹត្ត​អំពើស្មោកគ្រោក​គ្រប់យ៉ាង​ដោយ​លោភលន់​។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​បាន​រៀន​អំពី​ព្រះ​គ្រីស្ទ​យ៉ាងដូច្នោះ​ទេ ប្រសិនបើ​អ្នករាល់គ្នា​ពិតជា​ឮ​អំពី​ព្រះអង្គ​មែន ហើយ​បាន​រៀន​ក្នុង​ព្រះអង្គ ស្របតាម​សេចក្ដីពិត​ដែល​ស្ថិតនៅ​ក្នុង​ព្រះយេស៊ូវ គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ត្រូវបាន​កែប្រែជាថ្មី​ក្នុង​ចិត្ត​គំនិត​របស់អ្នករាល់គ្នា ព្រមទាំង​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​ត្រូវបាន​និម្មិតបង្កើត​ឲ្យមានលក្ខណៈ​ដូច​ព្រះ ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីវិសុទ្ធ​នៃ​សេចក្ដីពិត​។ ដូច្នេះ ដោយព្រោះ​អ្នករាល់គ្នា​បាន​ដោះ​សេចក្ដីកុហក​ចេញ​ហើយ ចូរឲ្យ​ម្នាក់ៗ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នាទៅវិញទៅមក​។ ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប កុំឲ្យ​កំហឹង​របស់អ្នករាល់គ្នា​នៅ​រហូតដល់​ថ្ងៃលិច ហើយ​កុំ​ផ្ដល់​ឱកាស​ដល់​មារ​ឡើយ​។ អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។ កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។ កុំ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​ព្រួយព្រះទ័យ​ឡើយ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណ​ទុកសម្រាប់​ថ្ងៃ​នៃ​ការប្រោសលោះ ​។ ចូរ​ដកយក​អស់ទាំង​ជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និង​ការមួលបង្កាច់ ព្រមទាំង​គំនិតព្យាបាទ​គ្រប់បែបយ៉ាង​ចេញពី​អ្នករាល់គ្នា​។ ចូរ​មាន​ចិត្តសប្បុរស​ចំពោះ​គ្នាទៅវិញទៅមក ទាំង​មេត្តាករុណា ហើយ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា ​នៅក្នុង​ព្រះ​គ្រីស្ទ​ដែរ​៕ ដូច្នេះ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ព្រះ ឲ្យសមជា​កូន​ដ៏ជាទីស្រឡាញ់ ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។ ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។ ពាក្យចំអេសចំអាស សម្ដីលេលា ឬ​ពាក្យលេងសើចថោកទាប​ក៏​មិន​គប្បី​ដែរ​។ ផ្ទុយទៅវិញ ចូរពោល​ពាក្យអរព្រះគុណ​ចុះ​។ អ្នករាល់គ្នា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​សេចក្ដីនេះ​ថា អស់ទាំង​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​មនុស្ស​ស្មោកគ្រោក ឬ​មនុស្សលោភលន់ (​គឺ​មនុស្សថ្វាយបង្គំរូបបដិមាករ​) នឹង​ទទួល​មរតក​នៅក្នុង​អាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​មិន​បាន​ឡើយ​។ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។ ដូច្នេះ កុំឲ្យ​មានចំណែក​ជាមួយ​ពួកគេ​ឡើយ​។ ពីមុន អ្នករាល់គ្នា​ជា​សេចក្ដីងងឹត ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ពន្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ឲ្យ​ដូចជា​កូន​នៃ​ពន្លឺ (​ដ្បិត​ផលផ្លែ​របស់​ពន្លឺ ​មាន​នៅក្នុង​គ្រប់ទាំង​សេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីពិត​) ទាំង​ពិចារណា​ថា​អ្វី​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​ចុះ​។ កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។ ប៉ុន្តែ​នៅពេល​ត្រូវបាន​លាតត្រដាង​ដោយ​ពន្លឺ អ្វីៗ​ទាំងអស់​នឹង​ត្រូវបាន​ធ្វើឲ្យមើលឃើញ ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “​អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!​”​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ ទាំង​ឆក់​ឱកាស ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់​។ ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។ កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។ ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។ ចូរ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះដែលជាព្រះបិតា អំពី​គ្រប់ការទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ ចូរ​ចុះចូល​នឹង​គ្នាទៅវិញទៅមក​ដោយ​ការកោតខ្លាច​ដល់​ព្រះ​គ្រីស្ទ ​។ ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​ជា​ក្បាល​របស់​ក្រុមជំនុំ ដែល​អង្គទ្រង់​ជា​ព្រះសង្គ្រោះ​នៃ​រូបកាយ​នោះ​ដែរ​។ ដូច្នេះ ដូចដែល​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​យ៉ាងណា ប្រពន្ធ​ក៏​ត្រូវ​ចុះចូល​នឹង​ប្ដី ​ក្នុង​គ្រប់ការទាំងអស់​យ៉ាងនោះដែរ​។ ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​ក្រុមជំនុំ​ដែរ ដើម្បី​ញែក​ក្រុមជំនុំ​ជាវិសុទ្ធ ដោយ​បាន​ជម្រះ​តាមរយៈ​ការលាង​នឹង​ទឹក ក្នុង​ព្រះបន្ទូល ដើម្បីឲ្យ​ព្រះអង្គ​បាន​រៀបចំ​ក្រុមជំនុំ​មួយ​ដ៏ល្អរុងរឿង​សម្រាប់​អង្គទ្រង់ ដែល​គ្មាន​ស្នាមគគ្រក់ ជ្រីវជ្រួញ ឬ​អ្វីមួយ​ដូច​យ៉ាងនោះ​ឡើយ គឺ​ឲ្យ​បាន​វិសុទ្ធ និង​ឥតសៅហ្មង​វិញ​។ ដូច្នេះ ប្ដី​ត្រូវតែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​រូបកាយ​ខ្លួនឯង​ដែរ​។ អ្នក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន គឺ​ស្រឡាញ់​ខ្លួនឯង ដ្បិត​មិនដែលមានអ្នកណា​ស្អប់​រូបកាយ​ខ្លួនឯង​ទេ ផ្ទុយទៅវិញ គេ​ចិញ្ចឹម ហើយ​ថ្នាក់ថ្នម​វា ដូចដែល​ព្រះ​គ្រីស្ទ ​ទ្រង់​ធ្វើ​ដល់​ក្រុមជំនុំ​ដែរ ពីព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ ​។ “​ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ​”​។ អាថ៌កំបាំង​នេះ​ជ្រាលជ្រៅ​ណាស់ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ សំដៅលើ​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​ប៉ុណ្ណោះ​។ ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕ ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ការ​ត្រឹមត្រូវ​។ “​ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក​” នេះ​ជា​សេចក្ដីបង្គាប់​ទីមួយ ​ដែល​មាន​សេចក្ដីសន្យា​ជាប់មកជាមួយ​ផង គឺ “​ដើម្បីឲ្យ​អ្នក​បាន​សុខ ហើយ​មាន​អាយុវែង​នៅលើ​ផែនដី​”​។ ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ផ្ទុយទៅវិញ ចូរ​អប់រំ​ពួកវា​ដោយ​ការប្រៀនប្រដៅ និង​ការទូន្មាន​របស់​ព្រះអម្ចាស់​។ បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី ​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់​ក្នុង​សេចក្ដីស្មោះត្រង់​នៃ​ចិត្ត ដូចជា​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ​។ កុំ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ឡើយ ផ្ទុយទៅវិញ ចូរបម្រើ​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​យ៉ាង​អស់ពី​ចិត្ត​ចុះ​។ ចូរ​បម្រើ​ដោយ​ចិត្តរីករាយ​ដូច​បម្រើ​ព្រះអម្ចាស់ មិនមែន​ដូច​បម្រើ​មនុស្ស​ឡើយ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ការល្អ​អ្វីក៏ដោយដែល​ម្នាក់ៗ​ធ្វើ គេ​នឹង​ទទួល​ការនោះ​វិញ​ពី​ព្រះអម្ចាស់ ទោះបីជា​ទាសករ ឬ​មនុស្សមានសេរីភាព​ក៏ដោយ​។ ចៅហ្វាយ​រាល់គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​។ ត្រូវ​ឈប់​គំរាមកំហែង ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ទាំង​ពួកគេ ទាំង​អ្នករាល់គ្នា​មាន​ចៅហ្វាយ​ដែល​គង់នៅ​ស្ថានសួគ៌ ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។ ជាទីបញ្ចប់ ចូរ​មានកម្លាំងឡើង​ក្នុង​ព្រះអម្ចាស់ និង​ក្នុង​ព្រះចេស្ដា​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ​។ ចូរ​ពាក់​ឈុតគ្រឿងសឹកពេញលេញ​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ឈរ​ទាស់នឹង​កលល្បិច​របស់​មារ​បាន ដ្បិត​ការតយុទ្ធ​របស់​យើង​មិនមែន​ទាស់នឹង​ឈាម ‍ឬ​សាច់​ទេ គឺ​ទាស់នឹង​អំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍​ដ៏ងងឹត​នេះ និង​កងកម្លាំងខាងវិញ្ញាណ​នៃ​សេចក្ដីអាក្រក់​នៅ​លើមេឃ​។ ដោយហេតុនេះ ចូរ​យក​ឈុតគ្រឿងសឹកពេញលេញ​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​តតាំង​ក្នុង​ថ្ងៃ​ដ៏អាក្រក់​បាន ហើយ​ឲ្យ​អ្នករាល់គ្នា​នៅតែ​ឈរមាំ ក្រោយពី​បាន​ធ្វើ​អ្វីៗ​ទាំងអស់​។ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរមាំ​។ ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ដោយ​សេចក្ដីពិត ហើយ​ពាក់​ក្រោះការពារទ្រូង​នៃ​សេចក្ដីសុចរិតយុត្តិធម៌​; ចូរ​យក​សេចក្ដីប្រុងប្រៀប​របស់​ដំណឹងល្អ​នៃ​សន្តិភាព ពាក់ជាស្បែកជើង​; ក្នុង​គ្រប់​ស្ថានភាព ចូរ​យក​ខែល​នៃ​ជំនឿ ដោយ​ខែលនោះ​អ្នករាល់គ្នា​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំងអស់​របស់​មេអាក្រក់​បាន​; ចូរ​ទទួលយក​មួកសឹក​នៃ​សេចក្ដីសង្គ្រោះ និង​ដាវ​នៃ​ព្រះវិញ្ញាណ ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ​។ ចូរ​អធិស្ឋាន​គ្រប់ពេលវេលា​ក្នុង​ព្រះវិញ្ញាណ ដោយ​សេចក្ដីអធិស្ឋាន និង​ដោយ​សេចក្ដីទូលអង្វរ​គ្រប់បែបយ៉ាង ហើយ​ចូរ​ប្រុងស្មារតី​ក្នុង​ការនេះ​ដោយ​សេចក្ដីខ្ជាប់ខ្ជួន​បំផុត និង​ដោយ​សេចក្ដីទូលអង្វរ​សម្រាប់​វិសុទ្ធជន​ទាំងអស់ ព្រមទាំង​សម្រាប់​ខ្ញុំ​ដែរ ដើម្បីឲ្យ​មាន​ពាក្យសម្ដី​ប្រទាន​មក​ខ្ញុំ​នៅពេល​ខ្ញុំ​បើក​មាត់​និយាយ ធ្វើឲ្យខ្ញុំ​បាន​ប្រកាស​អាថ៌កំបាំង​នៃ​ដំណឹងល្អ​ដោយ​ភាពក្លាហាន​។ ខ្ញុំ​ជារាជទូត​ដែល​ជាប់​ច្រវាក់​ដោយសារតែ​ដំណឹងល្អនេះ​។ សូម​អធិស្ឋាន ​ឲ្យ​ខ្ញុំ​មានភាពក្លាហាន​ក្នុង​ការប្រកាសដំណឹងល្អនេះ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។ ទីឃីកុស​បងប្អូន​ជាទីស្រឡាញ់ ហើយ​ជា​អ្នកបម្រើ ​ស្មោះត្រង់​ក្នុង​ព្រះអម្ចាស់ គាត់​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​អ្វីៗ​ទាំងអស់ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង​អំពី​ខ្ញុំ និង​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យមក​រក​អ្នករាល់គ្នា​សម្រាប់​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​យើង និង​ដើម្បី​លើកទឹកចិត្ត​អ្នករាល់គ្នា​។ សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់​ដែលជាប់ជាមួយ​ជំនឿ ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​បងប្អូន​! សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អស់អ្នក​ដែល​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ដោយ​សេចក្ដីស្រឡាញ់​ដែលមិនចេះសាបសូន្យ ​៕​៚ ពី​ខ្ញុំ ប៉ូល និង​ធីម៉ូថេ បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​នៅ​ភីលីព ព្រមទាំង​អ្នកមើលខុសត្រូវ និង​អ្នកជំនួយ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ រាល់ពេល​ដែល​ខ្ញុំ​នឹកចាំ​អំពី​អ្នករាល់គ្នា​។ រាល់ពេល​ដែល​ខ្ញុំ​អធិស្ឋាន​សម្រាប់​អ្នក​ទាំងអស់គ្នា ខ្ញុំ​តែងតែ​អធិស្ឋាន​ដោយ​អំណរ ដោយព្រោះ​អ្នករាល់គ្នា​រួមចំណែក​ក្នុង​ដំណឹងល្អ តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​ឥឡូវនេះ​។ ខ្ញុំ​ជឿជាក់​លើ​សេចក្ដីនេះ​ថា ព្រះអង្គ​ដែល​បាន​ចាប់ផ្ដើម​កិច្ចការល្អ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​នឹង​បង្ហើយ​ការនោះ​ត្រឹម​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ​។ ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។ ជាការពិត ព្រះ​ជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹករលឹក​អ្នក​ទាំងអស់គ្នា​ខ្លាំង​យ៉ាងណា ដោយ​ព្រះហឫទ័យសន្ដោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក ដើម្បីឲ្យ​អ្នករាល់គ្នា​ចេះ​សម្គាល់​អ្វី​ដែល​សំខាន់ជាង ធ្វើឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ និង​ឥតបន្ទោសបាន​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្វី​ដែល​កើតឡើង​ដល់​ខ្ញុំ​បាន​ត្រឡប់ជា​ការចម្រើនឡើង​ដល់​ដំណឹងល្អ​វិញ រហូតដល់​ជាក់ច្បាស់​ក្នុង​កងរក្សាព្រះចៅអធិរាជ ​ទាំងមូល និង​អ្នក​ឯទៀត​ទាំងអស់ ថា​ខ្ញុំ​ជាប់ឃុំឃាំង​ដោយព្រោះ​ព្រះ​គ្រីស្ទ ថែមទាំង​មាន​បងប្អូន​ភាគច្រើន​បាន​ជឿទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយសារតែ​ការជាប់ឃុំឃាំង​របស់ខ្ញុំ ហើយ​ប្រកាស​ព្រះបន្ទូល​កាន់តែ​ក្លាហាន​ឡើង​ឥតភ័យខ្លាច​។ មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តឈ្នានីស និង​ការឈ្លោះប្រកែក​មែន ហើយក៏​មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​បំណងល្អ​ដែរ​។ ពួកទីពីរ​ប្រកាស​ដោយ​សេចក្ដីស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​ត្រូវបាន​តាំងឡើង​ដើម្បី​ឆ្លើយការពារ​ដំណឹងល្អ រីឯ​ពួកទីមួយ​វិញ គេ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តទាស់ទែង មិនមែន​ដោយ​ស្មោះត្រង់​ទេ ទាំង​ចង់​បន្ថែម​ទុក្ខវេទនា​ដល់​ការជាប់ឃុំឃាំង​របស់ខ្ញុំ ​ទៀតផង​។ ចុះ​ម្ដេចទៅ​? មិនថា​ដោយ​របៀបណា​ទេ គឺ​ទោះបីជា​ដោយ​ការធ្វើពុត ឬ​ដោយ​ចិត្តស្មោះត្រង់​ក៏ដោយ ឲ្យតែ​គេ​ប្រកាស​ព្រះ​គ្រីស្ទ នោះ​ខ្ញុំ​ក៏​អរសប្បាយ​នឹង​ការនេះ​ហើយ​។ មែនហើយ ខ្ញុំ​នឹង​អរសប្បាយ‍ទៅទៀត ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា​ការនេះ​នឹង​ទៅជា​ការរួចជីវិត​សម្រាប់​ខ្ញុំ តាមរយៈ​ការអធិស្ឋាន​របស់អ្នករាល់គ្នា និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ បំណងចិត្ត និង​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​គឺថា កុំឲ្យ​ខ្ញុំ​មានអ្វី​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ សូមឲ្យ​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកតម្កើង​ក្នុង​រូបកាយ​របស់ខ្ញុំ ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​នៅឥឡូវនេះ​ដូច​សព្វដង ទោះបីជា​តាមរយៈ​ការរស់ ឬ​ការស្លាប់​ក៏ដោយ​។ ដ្បិត​សម្រាប់​ខ្ញុំ ការ​រស់​គឺ​ព្រះ​គ្រីស្ទ ហើយ​ការ​ស្លាប់​គឺ​ចំណេញ​។ ប៉ុន្តែ​ប្រសិនបើ​ឲ្យ​ខ្ញុំ​រស់​ក្នុង​សាច់ឈាម នោះ​គឺ​ការងារ​សម្បូរផលផ្លែ​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា​ទេ​។ ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ដែល​ខ្ញុំ​បន្ត​នៅក្នុង​សាច់ឈាម​នេះ ចាំបាច់​ជាង​សម្រាប់​អ្នករាល់គ្នា​។ ដោយ​ជឿជាក់​លើ​ការនេះ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​នៅរស់ ហើយ​បន្តនៅជាមួយ​អ្នកទាំងអស់គ្នា ដើម្បី​ការចម្រើនឡើង​របស់អ្នករាល់គ្នា និង​អំណរ​នៃ​ជំនឿ ដើម្បីឲ្យ​មោទនភាព​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ បាន​កើនឡើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយសារ​ខ្ញុំ​មក​រក​អ្នករាល់គ្នា​ម្ដងទៀត​។ គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ ហើយ​មិន​តក់ស្លុត​ក្នុង​ការ​អ្វីមួយ​ពី​អ្នក​ប្រឆាំង​ឡើយ​។ នេះ​ជា​សញ្ញា​នៃ​ការវិនាស​ដល់​ពួកគេ រីឯ​ដល់​អ្នករាល់គ្នា​វិញ ជា​សេចក្ដីសង្គ្រោះ ‍ហើយ​ការនេះ​បាន​ចេញពី​ព្រះ​។ ដ្បិត​ការនេះ​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះ​គ្រីស្ទ គឺ​មិនគ្រាន់តែ​ឲ្យ​ជឿលើ​ព្រះអង្គ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ឲ្យ​រងទុក្ខ​ដើម្បី​ព្រះអង្គ​ទៀតផង ទាំង​ជួប​ការតយុទ្ធ​ដូច​ដែល​អ្នករាល់គ្នា​បាន​ឃើញ​ខ្ញុំ​ជួប ហើយ​ឥឡូវនេះ​ឮ​ថា​ខ្ញុំ​នៅតែ​ជួប​ដែរ​៕ ដូច្នេះ ប្រសិនបើ​មាន​ការលើកទឹកចិត្ត​ណាមួយ​ក្នុង​ព្រះ​គ្រីស្ទ មាន​ការកម្សាន្តចិត្ត​ណាមួយ​នៃ​សេចក្ដីស្រឡាញ់ មាន​ការប្រកបគ្នា​ណាមួយ​របស់​ព្រះវិញ្ញាណ ឬ​មាន​ចិត្តស្រឡាញ់ និង​សេចក្ដីមេត្តាករុណា​ណាមួយ នោះ​ចូរ​អ្នករាល់គ្នា​មានចិត្តតែមួយ ដោយ​មាន​សេចក្ដីស្រឡាញ់​តែមួយ វិញ្ញាណតែមួយ និង​គំនិត​តែមួយ ដើម្បី​បំពេញ​អំណរ​របស់ខ្ញុំ​។ កុំ​ធ្វើ​អ្វី​ដោយ​ចិត្តទាស់ទែង ឬ​ដោយ​ចិត្តចង់បានកិត្តិយសឥតប្រយោជន៍​ឡើយ ផ្ទុយទៅវិញ ចូរ​ចាត់ទុក​អ្នកដទៃ​ថា​ប្រសើរជាង​ខ្លួន ដោយ​បន្ទាបខ្លួន​ចុះ​។ កុំឲ្យ​ម្នាក់ៗ​ផ្ដោតចិត្ត​លើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គឺ​ឲ្យ​ម្នាក់ៗ​ផ្ដោតចិត្ត​លើ​ប្រយោជន៍​សម្រាប់​អ្នកដទៃ​វិញ​។ ចូរឲ្យ​មានគំនិត​ដូច្នេះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដ្បិត​នេះ​ជា​គំនិត​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែរ​។ ទោះបីជា​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏ដោយ ក៏​ព្រះអង្គ​មិន​បាន​ចាត់ទុកថា​ភាព​ស្មើ​នឹង​ព្រះ​ជា​អ្វីដែលត្រូវកាន់ជាប់រហូត​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​បាន​ធ្វើឲ្យ​អង្គទ្រង់​ទៅជាឥតតម្លៃ ដោយ​យក​សណ្ឋាន​ជា​បាវបម្រើ ហើយ​ប្រសូត​ក្នុង​សណ្ឋានដូច​មនុស្ស គឺ​ក្នុង​រូបរាង​ដែល​មើលទៅ​ដូច​មនុស្ស​។ ព្រះអង្គ​បាន​បន្ទាប​អង្គទ្រង់​ដោយ​ស្ដាប់បង្គាប់​រហូតដល់​មរណភាព គឺ​សូម្បីតែ​មរណភាព​នៅលើ​ឈើឆ្កាង​‍! ហេតុនេះហើយបានជា​ព្រះ​លើកតម្កើង​ព្រះអង្គ ហើយ​ប្រទាន​ព្រះនាម​លើ​អស់ទាំង​នាម​ដល់​ព្រះអង្គ ដើម្បីឲ្យ​គ្រប់ទាំង​ជង្គង់​នៅ​លើមេឃ នៅលើផែនដី និង​នៅក្រោមផែនដី លុតចុះ​ដោយសារតែ​ព្រះនាម​ព្រះយេស៊ូវ ហើយ​គ្រប់ទាំង​អណ្ដាត​សារភាព​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់ ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​បន្ត​អនុវត្ត​សេចក្ដីសង្គ្រោះ​របស់​អ្នករាល់គ្នា​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់ ដូចដែល​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​រហូតមក មិនគ្រាន់តែ​នៅពេល​ដែល​ខ្ញុំ​នៅជាមួយ​ប៉ុណ្ណោះទេ គឺ​នៅពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ ក៏​ចូរ​ខំប្រឹង​ស្ដាប់បង្គាប់​កាន់តែខ្លាំងឡើង​ចុះ ដ្បិត​គឺ​ព្រះ ដែល​ធ្វើសកម្មភាព​ក្នុង​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ទាំង​មានបំណង និង​ទាំង​ប្រព្រឹត្ត​តាម​បំណងព្រះហឫទ័យល្អ​របស់​ព្រះអង្គ​។ ចូរ​ធ្វើ​គ្រប់ការទាំងអស់​ដោយគ្មាន​ការរអ៊ូរទាំ ឬ​ការប្រកែក ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។ ចូរ​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ជីវិត ដើម្បីឲ្យ​ខ្ញុំ​មាន​មោទនភាព​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​មិន​បាន​រត់​ដោយឥតប្រយោជន៍ ឬ​ធ្វើការនឿយហត់​ដោយឥតប្រយោជន៍​ឡើយ​។ ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ត្រូវបាន​ច្រូចចេញជាតង្វាយច្រូច លើ​យញ្ញបូជា​និង​ការបម្រើ នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក៏ដោយ ក៏​ខ្ញុំ​អរសប្បាយ ហើយ​អបអរជាមួយ​អ្នកទាំងអស់គ្នា​ដែរ​។ ដូចគ្នា​ដែរ ចូរ​អ្នករាល់គ្នា​អរសប្បាយ ហើយ​អបអរជាមួយ​ខ្ញុំ​ចុះ​។ ខ្ញុំ​សង្ឃឹម​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា​នឹង​ចាត់​ធីម៉ូថេ​ឲ្យមក​រក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ដើម្បី​ឲ្យ​ខ្ញុំ​បាន​សប្បាយចិត្តឡើង​ដែរ ពេល​ទទួលដំណឹង​អំពី​អ្នករាល់គ្នា​។ ជាការពិត ខ្ញុំ​គ្មានអ្នកណាទៀត​ដែល​មានចិត្តតែមួយ ដែល​នឹង​យកចិត្តទុកដាក់​ចំពោះ​អ្នករាល់គ្នា​ពិតប្រាកដ​ឡើយ ដ្បិត​មនុស្ស​ទាំងអស់​តែងតែ​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន មិនមែន​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​។ ប៉ុន្តែ​អ្នករាល់គ្នា​ស្គាល់​អត្តចរិតដែលត្រូវបានពិសោធ​របស់​ធីម៉ូថេ​ហើយ ថា​គាត់​បាន​បម្រើ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ដូចជា​កូន​បម្រើ​ឪពុក​។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​ឲ្យមក​ភ្លាម កាលណា​ខ្ញុំ​ដឹង​ថានឹងទៅជាយ៉ាងណា ​ចំពោះ​ខ្ញុំ​។ យ៉ាងណាមិញ ខ្ញុំ​ជឿជាក់​នៅក្នុង​ព្រះអម្ចាស់​ថា ខ្លួនខ្ញុំ​ក៏​នឹង​មក​ក្នុងពេលឆាប់ៗ​ដែរ​។ ខ្ញុំ​យល់ឃើញថា ត្រូវតែ​ចាត់​អេប៉ាប្រូឌីត​ឲ្យមក​រក​អ្នករាល់គ្នា គាត់​ជា​បងប្អូន ជា​អ្នករួមការងារ និង​ជា​អ្នករួមប្រយុទ្ធ​ជាមួយខ្ញុំ ទាំង​ជា​អ្នកនាំសារ​របស់អ្នករាល់គ្នា និង​ជា​អ្នកផ្គត់ផ្គង់​តម្រូវការ​របស់ខ្ញុំ​។ ព្រោះថា​គាត់​នឹករលឹក​អ្នក​ទាំងអស់គ្នា ព្រមទាំង​ពិបាកចិត្តយ៉ាងខ្លាំង​ដោយព្រោះ​អ្នករាល់គ្នា​បាន​ឮ​ថា​គាត់​ឈឺ​។ ជាការពិត គាត់​បាន​ឈឺ​ស្ទើរតែ​ស្លាប់ ប៉ុន្តែ​ព្រះ​ទ្រង់​មេត្តាករុណា​ដល់​គាត់ ហើយ​មិនគ្រាន់តែ​ដល់​គាត់​ប៉ុណ្ណោះទេ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បីកុំឲ្យ​ខ្ញុំ​មាន​ទុក្ខព្រួយ​ថែមលើ​ទុក្ខព្រួយ​ឡើយ​។ ដូច្នេះ ខ្ញុំ​ខ្នះខ្នែងកាន់តែខ្លាំង​នឹង​ចាត់​គាត់​ឲ្យមក ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​អរសប្បាយ​នៅពេល​ជួប​គាត់​ម្ដងទៀត ហើយ​ឲ្យ​ខ្ញុំ​បាន​ឈប់ព្រួយចិត្ត​ដែរ​។ ដោយហេតុនេះ សូម​ទទួល​គាត់​ក្នុង​ព្រះអម្ចាស់​ដោយ​គ្រប់ទាំង​អំណរ ហើយ​ឲ្យតម្លៃ​មនុស្ស​បែបនេះ​ចុះ ដ្បិត​គាត់​ស្ទើរតែនឹងស្លាប់​ដោយសារតែ​កិច្ចការ​របស់​ព្រះ​គ្រីស្ទ ដោយ​បាន​ប្រថុយជីវិត ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុង​ការបម្រើ​របស់អ្នករាល់គ្នា​ដល់​ខ្ញុំ​៕ មួយវិញទៀត បងប្អូន​របស់ខ្ញុំ​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ​។ ការ​ដែល​សរសេរ​សេចក្ដី​ដដែល​នេះ​មក​អ្នករាល់គ្នា មិន​ធុញទ្រាន់​សម្រាប់​ខ្ញុំ​ទេ ហើយ​ជា​ការ​ការពារ​ដល់​អ្នករាល់គ្នា​។ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នកប្រព្រឹត្តការអាក្រក់ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួកកាត់ស្បែកតែខាងក្រៅ​។ ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។ តាមពិត ខ្ញុំ​ក៏​មាន​ទំនុកចិត្ត​លើ​សាច់ឈាម​ដែរ​។ ប្រសិនបើ​មាន​អ្នកណា​ផ្សេងទៀត​គិតថា​ខ្លួន​អាច​ពឹងផ្អែក​លើ​សាច់ឈាម​បាន ខ្ញុំ​លើសជាង​អ្នកនោះ​ទៅទៀត​។ ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​; ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។ យ៉ាងណាមិញ អ្វីៗដែល​ពីមុន​ជា​ចំណេញ​ដល់​ខ្ញុំ​នោះ ឥឡូវនេះ​ខ្ញុំ​បាន​ចាត់ទុកថា​ជា​ការខាតបង់​វិញ ដោយសារតែ​ព្រះ​គ្រីស្ទ​។ លើសពីនេះទៅទៀត ខ្ញុំ​បាន​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​ការខាតបង់ ដោយព្រោះ​ការស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃខ្ញុំ មានតម្លៃបំផុត​។ ដោយសារតែ​ព្រះគ្រីស្ទ ខ្ញុំ​បាន​ខាតបង់​អ្វីៗ​ទាំងអស់ ព្រមទាំង​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​លាមក ដើម្បីឲ្យ​ខ្ញុំ​ចំណេញបាន​ព្រះ​គ្រីស្ទ និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។ ខ្ញុំ​ចង់​ស្គាល់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ ព្រមទាំង​ការរួមចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះអង្គ ដោយ​ត្រឡប់ដូចជា​ព្រះអង្គ​ក្នុង​ការសុគត​របស់​ព្រះអង្គ ដើម្បីឲ្យ​ខ្ញុំ​ទទួលបាន​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយប្រការណាមួយ​។ នេះ​មិនមែន​ថា ខ្ញុំ​បាន​ទទួល​ហើយ ឬ​បានគ្រប់លក្ខណ៍​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ប្រឹងជម្នះ​ចាប់ឲ្យបាន​ដោយប្រការណាមួយ ដ្បិត​ខ្ញុំ​ត្រូវ​ព្រះ​គ្រីស្ទ​យេស៊ូវ​ចាប់​ដើម្បីការនេះ​ឯង​។ បងប្អូន​អើយ ខ្ញុំ​មិន​ចាត់ទុកថា​ខ្លួនខ្ញុំ​ចាប់បាន​ហើយ​នោះ​ទេ ប៉ុន្តែ​មាន​ការ​មួយ​ដែលខ្ញុំធ្វើ គឺ​ខ្ញុំ​បំភ្លេច​អ្វីៗ​ដែល​នៅ​ខាងក្រោយ ហើយ​ឈោងទៅរក​អ្វីៗ​ដែល​នៅខាងមុខ ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល ​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ដូច្នេះ ចូរឲ្យ​យើង​ទាំងអស់គ្នាដែល​ពេញវ័យ ​ហើយ គិត​បែបនេះ​ចុះ​។ ប្រសិនបើ​អ្នករាល់គ្នា​មានគំនិត​អ្វី​ផ្សេង ព្រះ​នឹង​បើកសម្ដែង​ការនោះ​ដល់​អ្នករាល់គ្នា​ដែរ​។ យ៉ាងណាមិញ យើង​ដល់​ត្រឹមណា ឲ្យ​យើង​ដើរតាម​ដែនកំណត់ ​នោះ ​ចុះ​។ បងប្អូន​អើយ ចូរ​ចូលរួមត្រាប់តាម​ខ្ញុំ ព្រមទាំង​សង្កេតមើល​ពួក​អ្នក​ដែល​ដើរ​ដូច្នេះ ស្របតាម​គំរូ​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​យើង​។ តាមពិត​មាន​មនុស្ស​ជាច្រើន ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា​មកហើយ ហើយ​ឥឡូវនេះ​ខ្ញុំ​សូម​ប្រាប់​ម្ដងទៀត​ទាំងទឹកភ្នែក​ថា គេ​រស់នៅ​ជា​ខ្មាំងសត្រូវ​នឹង​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទេ​។ ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។ រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។ ព្រះអង្គ​នឹង​បំផ្លាស់បំប្រែ​រូបកាយ​តូចទាប​របស់យើង​នេះ ឲ្យ​បាន​ដូច​ព្រះកាយ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឫទ្ធានុភាព​ដែល​អាច​ទាំង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ​៕ ដូច្នេះ បងប្អូន​ដ៏ជាទីស្រឡាញ់ និង​ជាទីនឹករលឹក​របស់ខ្ញុំ ដែលជា​អំណរ និង​ជា​មកុដ​របស់ខ្ញុំ​អើយ​! ចូរ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​ឈរឲ្យមាំមួន​ដូច្នេះ​ក្នុង​ព្រះអម្ចាស់​! ខ្ញុំ​សូមអង្វរ​អ៊ើរ៉ូឌា ហើយ​សូមអង្វរ​ស៊ុនទីច​ដែរ ឲ្យ​មានចិត្តតែមួយ​ក្នុង​ព្រះអម្ចាស់​។ មែនហើយ គូកន ​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​! ចូរឲ្យ​ចិត្តសប្បុរស​របស់អ្នករាល់គ្នា​ត្រូវបាន​ដឹង​ដល់​មនុស្ស​ទាំងអស់​ចុះ​។ ព្រះអម្ចាស់​ជិត​យាង​មកដល់​ហើយ​! កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។ ធ្វើដូច្នេះ សេចក្ដីសុខសាន្ត​របស់​ព្រះ​ដែល​ហួស​អស់ទាំង​គំនិត នឹង​ការពារ​ចិត្ត និង​គំនិត​របស់អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ជាទីបញ្ចប់ បងប្អូន​អើយ អ្វីៗដែល​ពិត អ្វីៗដែល​គួរគោរព អ្វីៗដែល​សុចរិត អ្វីៗដែល​បរិសុទ្ធ អ្វីៗដែល​គួរស្រឡាញ់ អ្វីៗដែល​មានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើ​មាន​គុណធម៌​ណាមួយ ‍ឬ​សេចក្ដីគួរសរសើរ​ណាមួយ ចូរឲ្យ​គិត​អំពី​សេចក្ដីទាំងនោះ​ចុះ​។ អ្វីដែល​អ្នករាល់គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​បាន​ឃើញ​ក្នុង​ខ្ញុំ ចូរ​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ​ចុះ នោះ​ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។ ខ្ញុំ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​យ៉ាងខ្លាំង ដែល​នៅទីបំផុត អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​សាជាថ្មីឡើងវិញ​នៅ​ឥឡូវនេះ​។ អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​មែន គ្រាន់តែ​មិនមានឱកាស​បង្ហាញ ​ប៉ុណ្ណោះ​។ ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ដោយ​ខ្ញុំ​ខ្វះខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀនឲ្យចេះ​ស្កប់ចិត្ត​ក្នុង​គ្រប់កាលៈទេសៈ​។ ខ្ញុំ​ស្គាល់​ភាព​ទ័លក្រ​ជាយ៉ាងណា ហើយក៏​ស្គាល់​ភាព​ស្ដុកស្ដម្ភ​ជាយ៉ាងណា​ដែរ​។ ក្នុង​គ្រប់ការទាំងអស់ និង​គ្រប់កាលៈទេសៈ ខ្ញុំ​ស្គាល់អាថ៌កំបាំង​នៃការរស់នៅ ទាំង​ស្កប់ស្កល់ ទាំង​អត់ឃ្លាន ទាំង​សម្បូរហូរហៀរ ទាំង​ខ្វះខាត​។ ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ដែល​ចូលរួម​ក្នុង​ទុក្ខវេទនា​របស់ខ្ញុំ​។ អ្នកភីលីព​អើយ អ្នករាល់គ្នា​ក៏​ដឹង​ហើយ​ថា តាំងពី​ការចាប់ផ្ដើម​នៃ​ដំណឹងល្អ កាល​ខ្ញុំ​ចាកចេញ​ពី​ម៉ាសេដូន គ្មាន​ក្រុមជំនុំ​ណាមួយ​រួមចំណែកផ្គត់ផ្គង់​ខ្ញុំ​ក្នុង​ការឲ្យ និង​ការទទួល​ឡើយ ក្រៅពី​អ្នករាល់គ្នា​ប៉ុណ្ណោះ​។ សូម្បីតែ​ពេល​ខ្ញុំ​នៅ​ថែស្សាឡូនីច ក៏​អ្នករាល់គ្នា​បាន​ផ្ញើ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវការ​មក​ម្ដងហើយម្ដងទៀត​។ មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ ព្រះ​របស់ខ្ញុំ​នឹង​បំពេញ​គ្រប់ទាំង​តម្រូវការ​របស់អ្នករាល់គ្នា ស្របតាម​ភាពបរិបូរ​របស់​ព្រះអង្គ​ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​របស់យើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ សូម​ជួយ​សួរសុខទុក្ខ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ បងប្អូន​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា ​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​វិសុទ្ធជន​ដែលជា​បងប្អូន​ស្មោះត្រង់​ក្នុង​ព្រះ​គ្រីស្ទ ដែល​នៅ​កូឡុស​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា ​របស់យើង មាន​ដល់​អ្នករាល់គ្នា​! នៅពេល​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា យើង​តែងតែ​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដោយ​បាន​ឮ​អំពី​ជំនឿ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​អំពី​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​វិសុទ្ធជន​ទាំងអស់​—— ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ ដែល​មក​ដល់​អ្នករាល់គ្នា​។ នៅក្នុង​ពិភពលោក​ទាំងមូល ដំណឹងល្អនេះ​កំពុង​បង្កើតផល ព្រមទាំង​ចម្រើនឡើង ដូច​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ តាំងពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ឮ ហើយ​យល់​ព្រះគុណ​របស់​ព្រះ​ក្នុង​សេចក្ដីពិត តាមដែល​អ្នករាល់គ្នា​បាន​រៀន​ពី​អេប៉ាប្រាស​អ្នកបម្រើរួមការងារ​ដ៏ជាទីស្រឡាញ់​ជាមួយយើង​។ គាត់​ជា​អ្នកបម្រើ ​ស្មោះត្រង់​របស់​ព្រះ​គ្រីស្ទ​សម្រាប់​អ្នករាល់គ្នា ហើយ​គាត់​បាន​ប្រាប់ឲ្យ​យើង​ដឹង​អំពី​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ក្នុង​ព្រះវិញ្ញាណ​ដែរ​។ ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ ដើម្បីឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះអម្ចាស់ ទាំង​បំពេញព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់ជំពូក ហើយ​បង្កើតផល​ក្នុង​គ្រប់ទាំង​ការល្អ ព្រមទាំង​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ​។ សូមឲ្យ​អ្នករាល់គ្នា​មានកម្លាំងឡើង​ដោយ​អំណាច​គ្រប់ជំពូក ស្របតាម​ព្រះចេស្ដា​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នាមាន​ការស៊ូទ្រាំ និង​ការអត់ធ្មត់​គ្រប់យ៉ាង ទាំង​អរព្រះគុណ​ដោយ​អំណរ​ដល់​ព្រះ​បិតា​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា ​មានសមត្ថភាព​រួមចំណែក​ក្នុង​មរតក​របស់​វិសុទ្ធជន នៅក្នុង​ពន្លឺ​។ ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​អាណាចក្រ​របស់​ព្រះបុត្រាដ៏ជាទីស្រឡាញ់​របស់​ព្រះអង្គ​។ នៅក្នុង​ព្រះបុត្រា យើង​មាន​ការប្រោសលោះ និង​ការលើកលែងទោស​បាប ​។ ព្រះបុត្រា​ជា​រូបតំណាង​របស់​ព្រះ​ដែល​យើង​មើលមិនឃើញ ជា​កូនច្បង​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត ដ្បិត​របស់​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​ដោយ​ព្រះអង្គ គឺអ្វីៗដែល​នៅ​លើមេឃ និង​នៅលើ​ផែនដី អ្វីៗ​ដែល​យើង​មើលឃើញ និង​មើលមិនឃើញ ទោះបីជា​រាជ្យបល្ល័ង្ក ‍ឬ​រាជ្យអំណាច អំណាចគ្រប់គ្រង ឬ​សិទ្ធិអំណាច​ក៏ដោយ គឺ​អ្វីៗ​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​។ ព្រះអង្គ​គង់នៅ​មុន​របស់​សព្វសារពើ ហើយ​របស់​សព្វសារពើ​មាននៅ​ដោយសារតែ​ព្រះអង្គ​។ ព្រះអង្គ​ជា​ក្បាល​របស់​រូបកាយ ដែល​ជា​ក្រុមជំនុំ ព្រះអង្គ​ជា​ដើមដំបូង ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ដើម្បីឲ្យ​ព្រះអង្គ​បានជា​ទីមួយ​ក្នុងចំណោម​របស់​សព្វសារពើ ដ្បិត​ព្រះ ​សព្វព្រះហឫទ័យ ឲ្យ​គ្រប់ទាំង​ភាពពេញលេញ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា ហើយ​ដោយ​បង្កើតសន្តិភាព​តាមរយៈ​ព្រះលោហិត​ពី​ឈើឆ្កាង​របស់​ព្រះបុត្រា ព្រះ​បាន​ផ្សះផ្សា​របស់​សព្វសារពើ​នឹង​អង្គទ្រង់​តាមរយៈ​ព្រះបុត្រា ទាំង​អ្វីៗ​នៅលើ​ផែនដី ‍និង​អ្វីៗ​នៅ​លើមេឃ​។ ពីមុន អ្នករាល់គ្នា​ត្រូវបាន​បំបែកចេញ​ពីព្រះ ហើយ​ជា​ខ្មាំងសត្រូវ​ក្នុង​គំនិត ដោយសារតែ​អំពើ​អាក្រក់ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ផ្សះផ្សា​អ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈ​ការសុគត​របស់ព្រះគ្រីស្ទ គឺ​ក្នុង​ព្រះកាយ​ខាងសាច់ឈាម​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នករាល់គ្នា​ឲ្យឈរ​នៅចំពោះ​ព្រះអង្គ ទាំង​វិសុទ្ធ ឥតសៅហ្មង និង​ឥតមានកន្លែងបន្ទោសបាន ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់ ​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ ​ដំណឹងល្អនេះ​ដែរ​។ ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។ ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ ​របស់​ក្រុមជំនុំនេះ ស្របតាម​តួនាទី ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​បំពេញ​ការផ្សាយ ​ព្រះបន្ទូល​របស់​ព្រះ​ឲ្យសម្រេច​។ ព្រះបន្ទូលនេះ ជា​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​ក្នុងអស់ទាំងជំនាន់ដ៏យូរលង់មកហើយ ប៉ុន្តែ​ឥឡូវនេះ ត្រូវបាន​សម្ដែង​ដល់​វិសុទ្ធជន​របស់​ព្រះអង្គ​ហើយ​។ ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​ពួកវិសុទ្ធជន​ដឹង​ក្នុងចំណោម​សាសន៍ដទៃ​ថា ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​អាថ៌កំបាំង​នោះ​ជា​យ៉ាងណា​; អាថ៌កំបាំងនោះ​គឺ​ព្រះ​គ្រីស្ទ​ដែលគង់នៅ​ក្នុង​អ្នករាល់គ្នា ជា​សេចក្ដីសង្ឃឹម​នៃ​សិរីរុងរឿង​! យើង​ប្រកាស​ព្រះគ្រីស្ទ ដោយ​ទូន្មាន​មនុស្ស​ទាំងអស់ ហើយ​បង្រៀន​មនុស្ស​ទាំងអស់​ដោយ​អស់ទាំង​ប្រាជ្ញា ដើម្បីឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំងអស់​ដល់ព្រះ ជា​មនុស្ស​ពេញវ័យ ​ក្នុង​ព្រះ​គ្រីស្ទ ​។ សម្រាប់​ការនេះ ខ្ញុំ​ធ្វើការនឿយហត់ ទាំង​តស៊ូ ស្របតាម​ឫទ្ធានុភាព​របស់​ព្រះអង្គ ដែល​កំពុង​ចេញឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ខ្ញុំ​។ ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំងយ៉ាងណា​ដើម្បី​អ្នករាល់គ្នា និង​អ្នក​ដែល​នៅ​ឡៅឌីសេ ព្រមទាំង​អស់អ្នកដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់ ដើម្បីឲ្យ​ចិត្ត​របស់​អ្នកទាំងនោះ​បាន​ទទួល​ការ​កម្សាន្ត ទាំង​ភ្ជាប់គ្នា​ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​អស់ទាំង​ភាពបរិបូរ​នៃ​ការជឿអស់ពីចិត្ត​ដែលមកពី​ការយល់ដឹង រហូតដល់​ការយល់ដឹងត្រឹមត្រូវ​អំពី​អាថ៌កំបាំង​របស់​ព្រះ គឺ​ព្រះ​គ្រីស្ទ ​។ នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យអ្នកណា​អាច​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យលួងលោម​ឡើយ​។ ដ្បិត​ទោះបីជា​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា​ខាងសាច់ឈាម​ក៏ដោយ ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ព្រមទាំង​អរសប្បាយ​ដែល​ឃើញ​សណ្ដាប់ធ្នាប់ និង​ភាពមាំមួន​នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។ ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។ ដ្បិត​នៅក្នុង​ព្រះគ្រីស្ទ គ្រប់ទាំង​ភាពពេញលេញ​នៃ​លក្ខណៈជាព្រះ ស្ថិតនៅ​ជាសណ្ឋានរូបកាយ ហើយ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ក្នុង​ព្រះអង្គ​ដែល​ជា​មេដឹកនាំ ​លើ​អស់ទាំង​អំណាចគ្រប់គ្រង និង​សិទ្ធិអំណាច​។ នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។ ដោយ​អ្នករាល់គ្នា​ត្រូវបាន​បញ្ចុះជាមួយ​ព្រះគ្រីស្ទ​ក្នុង​ពិធីជ្រមុជទឹក អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ​ដែរ តាមរយៈ​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង ​ចំពោះ​ការបំពាន​ទាំងអស់ ដោយ​លុបចោល​កំណត់ត្រាបំណុល​ដែល​ទាស់នឹង​យើង ក្នុង​បទបញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង​។ ព្រះ​បាន​ដក​វា​ចេញ ដោយ​យកទៅ​បោះដែកគោលភ្ជាប់​នឹង​ឈើឆ្កាង​។ ដោយ​ដកហូត​មេគ្រប់គ្រង និង​មេអំណាច​ចេញ ព្រះ​បាន​ធ្វើឲ្យ​ពួកគេ​អាម៉ាស់មុខ​ជា​សាធារណៈ គឺ​ព្រះអង្គ​មានជ័យជម្នះ​លើ​ពួកគេ​តាមរយៈ​ព្រះគ្រីស្ទ​។ ដូច្នេះ កុំឲ្យអ្នកណា​រិះគន់​អ្នករាល់គ្នា​អំពី​ការហូប ការផឹក ឬ​ក្នុង​រឿង​ពិធីបុណ្យ ថ្ងៃចូលខែ ឬ​ថ្ងៃសប្ប័ទ​ឡើយ​។ ការទាំងនេះ​ជា​ស្រមោល​នៃ​អ្វី​ដែល​រៀបនឹងមក ប៉ុន្តែ​រូបពិត​គឺជា​ព្រះ​គ្រីស្ទ​។ កុំឲ្យអ្នកណា​បញ្ឆោតយករង្វាន់​របស់​អ្នករាល់គ្នា​ឡើយ ដោយ​ចេះតែចូលចិត្ត​បន្ទាបខ្លួន ហើយ​ថ្វាយបង្គំ​ទូតសួគ៌ ទាំង​ចូលជ្រៅ​ក្នុងការស្រមើស្រមៃ ​ដែល​ខ្លួន​បាន​ឃើញ ក៏​អួតបំប៉ោង​ក្នុង​គំនិត​ខាងសាច់ឈាម​របស់​ខ្លួន​ដោយ​គ្មានហេតុផល ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា ​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។ ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ ឲ្យរួចពី​គោលការណ៍បឋម​របស់​ពិភពលោក​មែន ចុះម្ដេចក៏​អ្នករាល់គ្នា​ចុះចូលនឹងបទបញ្ញត្តិ​ដែលថា​: “​កុំ​ប៉ះ កុំ​ភ្លក់ កុំ​ពាល់​” ហាក់ដូចជា​រស់នៅ​ក្នុង​លោកីយ៍​ដូច្នេះ​? សេចក្ដីទាំងនេះ ដែល​ចេញមកពី​បទបញ្ញត្តិ និង​គោលលទ្ធិ​របស់​មនុស្ស សុទ្ធតែ​តម្រូវឲ្យ​សាបសូន្យ​ដោយ​ការប្រើប្រាស់​។ សេចក្ដីទាំងនេះ មើលទៅ​ដូចជា​មាន​ប្រាជ្ញា​តាមខាងក្រៅ ដោយ​សាសនាដែលបង្កើតដោយខ្លួនឯង ការចេះតែបន្ទាបខ្លួន និង​ការធ្វើបាប​រូបកាយ ប៉ុន្តែ​គ្មាន​តម្លៃ​អ្វី​តទល់នឹង​ការបំពេញចំណង់​របស់​សាច់ឈាម‍ឡើយ​៕ ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។ ចូរ​គិត​អំពី​អ្វីៗ​នៅ​ស្ថានលើ មិនមែន​អំពី​អ្វីៗ​នៅ​ផែនដី​ទេ​។ ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់អ្នករាល់គ្នា​ត្រូវបាន​លាក់ទុក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​។ កាលណា​ព្រះ​គ្រីស្ទ​ដែលជា​ជីវិត​របស់អ្នករាល់គ្នា ​បាន​លេចមក ពេលនោះ​អ្នករាល់គ្នា​ក៏​នឹង​លេចមក​ជាមួយ​ព្រះអង្គ​ក្នុង​សិរីរុងរឿង​ដែរ​។ ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។ ដោយសារតែ​សេចក្ដីទាំងនេះឯង ដែល​ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ ​។ ពីមុន អ្នករាល់គ្នា​ក៏​ដើរ​ក្នុង​សេចក្ដីទាំងនោះ​ដែរ កាល​អ្នករាល់គ្នា​រស់នៅ​ក្នុង​សេចក្ដី​ទាំងនោះ​។ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវ​ដោះ​សេចក្ដី​ទាំងអស់​នោះ​ចេញ គឺ​កំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និង​ពាក្យស្មោកគ្រោក​ពី​មាត់​របស់អ្នករាល់គ្នា​។ កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។ ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។ ដោយហេតុនេះ ក្នុងនាមជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​របស់​ព្រះ ជា​អ្នក​ដ៏វិសុទ្ធ និង​ជាទីស្រឡាញ់ ចូរ​បំពាក់ខ្លួន​ដោយ​ដួងចិត្ត​នៃ​សេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និង​សេចក្ដីអត់ធ្មត់ ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់ ​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។ នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។ សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។ ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។ ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ឲ្យ​គប្បី​ក្នុង​ព្រះអម្ចាស់​ចុះ​។ ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ហើយ​កុំឲ្យ​កាច​នឹង​នាង​ឡើយ​។ ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​។ ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ក្រែងលោ​ពួកវា​បាក់ទឹកចិត្ត​។ បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី ​ក្នុង​គ្រប់ការទាំងអស់ មិនមែន​ដោយ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ព្រះអម្ចាស់ ​។ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ ចូរ​ធ្វើ​អស់ពី​ចិត្ត ដូចជា​ធ្វើ​សម្រាប់​ព្រះអម្ចាស់ មិនមែន​សម្រាប់​មនុស្ស​ទេ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​នឹង​ទទួល​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​។ អ្នករាល់គ្នា​ត្រូវ​បម្រើ​ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​។ ជាការពិត អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌​ទទួលមកវិញ តាម​អំពើអយុត្តិធម៌ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។ ចៅហ្វាយ​រាល់គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ​។ ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន ទាំង​ប្រុងស្មារតី​ក្នុង​ការអធិស្ឋាន​ដោយ​ការអរព្រះគុណ​ចុះ​។ ក្នុងពេលជាមួយគ្នា សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះ​បាន​បើក​ទ្វារ​នៃ​ព្រះបន្ទូល​ដល់​យើង ឲ្យ​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ការនេះឯង ដែល​ខ្ញុំ​ជាប់ចំណង​។ សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​បញ្ជាក់​អាថ៌កំបាំងនោះ​ឲ្យច្បាស់ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស ​ផង​។ ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។ ទីឃីកុស​បងប្អូន​ដ៏ជាទីស្រឡាញ់ ជា​អ្នកបម្រើ​ស្មោះត្រង់ និង​ជា​អ្នកបម្រើរួមការងារ​ក្នុង​ព្រះអម្ចាស់ នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​គ្រប់ការទាំងអស់​អំពី​ខ្ញុំ​។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យមក​រក​អ្នករាល់គ្នា​ដើម្បី​ការនេះ​ឯង គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​យើង និង​ដើម្បីឲ្យ​គាត់​លើកទឹកចិត្ត​អ្នករាល់គ្នា​។ គាត់នឹងមក​ជាមួយ​អូនេស៊ីម​បងប្អូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់ ដែល​ជា​ម្នាក់​ពីចំណោម​អ្នករាល់គ្នា​។ ពួកគាត់​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​គ្រប់ការទាំងអស់​ដែល​កើតឡើង​នៅ​ទីនេះ​។ អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។ យេស៊ុស​ដែល​ហៅថា​យូស្ទុស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា​ដែរ​។ ក្នុងចំណោម​ពួកកាត់ស្បែក មាន​តែ​អ្នកទាំងនេះ​ប៉ុណ្ណោះ​ដែល​ជា​អ្នករួមការងារ​ដើម្បី​អាណាចក្រ​របស់​ព្រះ ពួកគាត់​ជា​ទីកម្សាន្តចិត្ត​ដល់​ខ្ញុំ​។ អេប៉ាប្រាស​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែលជាម្នាក់​ពីចំណោម​អ្នករាល់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ គាត់​តែងតែ​តស៊ូ​ដើម្បី​អ្នករាល់គ្នា​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ឈរមាំ​ដោយ​គ្រប់លក្ខណ៍ ហើយ​ជឿអស់ពីចិត្ត​លើ ​បំណង​ព្រះហឫទ័យ​របស់​ព្រះ​គ្រប់ជំពូក​។ តាមពិត ខ្ញុំ​អាច​ធ្វើបន្ទាល់​អំពី​គាត់​បាន​ថា គាត់​ធ្វើការនឿយហត់ ​យ៉ាងខ្លាំង​ដើម្បី​អ្នករាល់គ្នា និង​ដើម្បី​អ្នក​ដែល​នៅ​ឡៅឌីសេ និង​ហេរ៉ាប៉ូលី​។ លូកា​គ្រូពេទ្យ​ដ៏ជាទីស្រឡាញ់ និង​ដេម៉ាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​នៅ​ឡៅឌីសេ សូម​ជួយ​សួរសុខទុក្ខ​នីមផាស និង​ក្រុមជំនុំ​នៅ​ផ្ទះ​នាង ​ផង​។ ក្រោយពី​អាន​សំបុត្រ​នេះ​ក្នុងចំណោម​អ្នករាល់គ្នា​រួចហើយ សូម​ឲ្យ​ក្រុមជំនុំ​នៅ​ឡៅឌីសេ​អាន​ផង ហើយ​សំបុត្រ​ដែល​មកពី​ឡៅឌីសេ ក៏​អ្នករាល់គ្នា​ត្រូវ​អាន​ដែរ​។ សូម​ប្រាប់​អើឃីព​ថា​: “​ចូរ​យកចិត្តទុកដាក់​ចំពោះ​ការងារបម្រើ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះអម្ចាស់ ដើម្បី​បំពេញ​ការងារនោះ​ឲ្យសម្រេច​”​។ ខ្ញុំ ប៉ូល សូម​សរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់​។ សូម​នឹកចាំ​អំពី​ការជាប់ឃុំឃាំង​របស់ខ្ញុំ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ ជូនចំពោះ​ក្រុមជំនុំ​អ្នកថែស្សាឡូនីច ដែល​នៅក្នុង​ព្រះដែលជាព្រះបិតា និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត មាន​ដល់​អ្នករាល់គ្នា​! យើង​តែងតែ​អរព្រះគុណ​ដល់​ព្រះ​អំពី​អ្នក​ទាំងអស់គ្នា ទាំង​នឹកចាំ​អំពីអ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់យើង ដោយ​នឹកចាំ​ឥតឈប់ឈរ​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង អំពី​កិច្ចការ​នៃ​ជំនឿ​របស់អ្នករាល់គ្នា និង​ការនឿយហត់​នៃ​សេចក្ដីស្រឡាញ់ ព្រមទាំង​ការស៊ូទ្រាំ​នៃ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ជ្រើសតាំង ពីព្រោះ​ដំណឹងល្អ​របស់យើង​បាន​មក​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះទេ គឺ​ដោយ​ព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ការជឿអស់ពីចិត្ត​យ៉ាងពេញលេញ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ជា​យ៉ាងណា​ក្នុងចំណោម​អ្នករាល់គ្នា ដោយយល់ដល់​អ្នករាល់គ្នា​។ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​យើង និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង​។ ដូច្នេះ អ្នករាល់គ្នា​បាន​ក្លាយជា​គំរូ​ដល់​អស់អ្នក​ដែល​ជឿ នៅ​ម៉ាសេដូន និង​អាខៃ​។ ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ចេញពី​អ្នករាល់គ្នា មិនគ្រាន់តែ​ក្នុង​ម៉ាសេដូន និង​អាខៃ​ប៉ុណ្ណោះទេ គឺ​នៅ​គ្រប់​ទីកន្លែង​ដែល​ជំនឿ​របស់អ្នករាល់គ្នា​លើ​ព្រះ​បាន​ផ្សាយចេញ រហូតដល់​យើង​មិនចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ​។ តាមពិត ពួកគេផ្ទាល់​បាន​រៀបរាប់ប្រាប់​អំពី​របៀបដែល​យើង​ចូលទៅ​ដល់​អ្នករាល់គ្នា និង​របៀប​ដែល​អ្នករាល់គ្នា​បែរ​ចេញពី​រូបបដិមាករ​មក​រក​ព្រះ​វិញ ដើម្បី​បម្រើ​ព្រះ​ពិត​ដ៏​មានព្រះជន្មរស់ និង​ដើម្បី​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ​យាងមក​ពី​ស្ថានសួគ៌ ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ គឺ​ព្រះយេស៊ូវ​ដែល​ស្រោចស្រង់​យើង​ពី​ព្រះពិរោធ​ដែល​រៀបនឹង​មក​៕ បងប្អូន​អើយ ខ្លួនអ្នករាល់គ្នាផ្ទាល់​ដឹង​ហើយ​ថា ការ​ដែល​យើង​ចូលទៅ​ដល់​អ្នករាល់គ្នា មិនមែន​ឥតប្រយោជន៍​ទេ ផ្ទុយទៅវិញ យើង​មានភាពក្លាហាន​ក្នុង​ព្រះ​នៃយើង ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ក្នុង​ការតយុទ្ធ​យ៉ាងខ្លាំង ដោយ​បាន​រងទុក្ខ និង​ត្រូវគេ​បង្អាប់បង្អោន​ជាស្រេច​នៅ​ភីលីព ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។ ដ្បិត​ការជំរុញទឹកចិត្ត​របស់យើង មិនមែន​ចេញមកពី​ការបោកប្រាស់ ឬ​ការស្មោកគ្រោក ឬ​ឧបាយកល​ឡើយ ផ្ទុយទៅវិញ ដូចដែល​យើង​ត្រូវ​ព្រះ​ពិសោធ ដើម្បី​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​យ៉ាងណា យើង​ក៏​ប្រកាស​យ៉ាងនោះដែរ មិនមែន​ដើម្បី​បំពេញចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​បំពេញព្រះហឫទ័យ​ព្រះ​វិញ ដែល​ពិសោធ​ចិត្ត​របស់យើង​។ ជាការពិត យើង​មិនដែល​ប្រើ​ពាក្យ​បញ្ជោរ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ ហើយក៏មិនដែល​ធ្វើពុត​ដោយ​ចិត្តលោភលន់​ឡើយ​——​ព្រះ​ជា​សាក្សី​អំពីការនេះ​។ យើង​មិន​ស្វែងរក​សិរីរុងរឿង​ពី​មនុស្ស​ទេ ទោះបីជា​ពី​អ្នករាល់គ្នា ឬ​ពី​អ្នកផ្សេងទៀត​ក៏ដោយ​។ ថ្វីត្បិតតែ​យើង​អាច​ដាក់​បន្ទុក​លើ​អ្នករាល់គ្នា​បាន ក្នុងនាមជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​ក៏ដោយ ប៉ុន្តែ​យើង​បាន​សុភាពរាបសា​ក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ម្ដាយបំបៅកូន ថ្នាក់ថ្នម​កូន​របស់​ខ្លួន​។ ដូច្នេះ ដោយ​យើង​ស្រឡាញ់​អ្នករាល់គ្នា​ខ្លាំងដល់ម្ល៉េះ បានជា​យើង​ពេញចិត្ត​នឹង​ចែកចាយ​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដំណឹងល្អ​របស់​ព្រះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ជីវិត ​របស់​ខ្លួនយើង​ទៀតផង ពីព្រោះ​អ្នករាល់គ្នា​បាន​ក្លាយជា​ទីស្រឡាញ់​ដល់​យើង​។ ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​នឹកចាំ​អំពី​ការនឿយហត់ និង​ការលំបាក​របស់យើង គឺ​យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ខណៈដែល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។ អ្នករាល់គ្នា និង​ព្រះ​ជា​សាក្សី​អំពីការនេះ គឺអំពី​របៀបដែល​យើង​បាន​ប្រព្រឹត្ត​យ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និង​ឥតកំហុស ចំពោះ​អ្នករាល់គ្នា​ដែល​ជឿ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើងបានប្រព្រឹត្ត​បែបនេះ​ចំពោះ​អ្នករាល់គ្នា​ម្នាក់ៗ ដូចជា​ឪពុក​ប្រព្រឹត្តចំពោះ​កូន​របស់​ខ្លួន​ដែរ​។ យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។ នេះជាហេតុដែល​យើង​ក៏​អរព្រះគុណ​ដល់​ព្រះ​ឥតឈប់ឈរ​ដែរ ដោយព្រោះ​កាល​អ្នករាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ដែលអ្នករាល់គ្នា​ឮ​ពី​យើង អ្នករាល់គ្នា​បាន​ទទួលយក​មិនមែន​ទុកដូចជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​ទុកដូចជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​តាមពិត​ជា​ព្រះបន្ទូល​របស់​ព្រះ​មែន ដែល​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ​។ ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​ក្រុមជំនុំ​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​នៅ​យូឌា ពីព្រោះ​អ្នករាល់គ្នា​បាន​រងទុក្ខ​ដូចគ្នា​ពី​ជនរួមជាតិ​របស់អ្នករាល់គ្នា ដូចដែល​ក្រុមជំនុំនៅយូឌា​បាន​រងទុក្ខ​ពី​ពួក​ជនជាតិយូដា​ដែរ​។ ពួកជនជាតិយូដា​បាន​សម្លាប់​ទាំង​ព្រះអម្ចាស់​យេស៊ូវ និង​បណ្ដា​ព្យាការី ហើយ​បាន​បៀតបៀន​យើង​ដែរ ព្រមទាំង​ធ្វើឲ្យ​ព្រះ​មិនសព្វព្រះហឫទ័យ ហើយក៏​ប្រឆាំងនឹង​មនុស្ស​ទាំងអស់ ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​! បងប្អូន​អើយ ដោយ​យើង​បាន​ឃ្លាតឆ្ងាយ​ពី​អ្នករាល់គ្នា​អស់មួយរយៈ គឺ​ឃ្លាត​តែ​រូបកាយ មិនមែន​ចិត្ត​ទេ នោះ​យើង​កាន់តែ​ខំប្រឹង​ឲ្យ​បាន​ជួប​មុខ​អ្នករាល់គ្នា​ដោយ​ចំណង់​យ៉ាងខ្លាំង ដូច្នេះ​យើង​ចង់​មកជួប​អ្នករាល់គ្នា​។ ជាពិសេស ខ្ញុំ ប៉ូល ចង់​មក​ម្ដងហើយម្ដងទៀត ប៉ុន្តែ​សាតាំង​បាន​រារាំង​យើង​។ ដ្បិត​តើ​នរណា​ជា​ទីសង្ឃឹម ជា​អំណរ និង​ជា​មកុដ​នៃ​មោទនភាព​របស់យើង​នៅចំពោះ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នៅពេល​ព្រះអង្គ​យាងមកវិញ​? តើ​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ឬ​? ពិតមែនហើយ អ្នករាល់គ្នា​ជា​សិរីរុងរឿង និង​ជា​អំណរ​របស់យើង​៕ ដូច្នេះ ដោយ​មិន​អាច​ទ្រាំ​តទៅទៀត​បាន យើង​ក៏​សម្រេចចិត្ត​ស្នាក់នៅ​អាថែន​តែគ្នាយើង ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា ដើម្បី​កុំឲ្យអ្នកណា​ម្នាក់​ត្រូវបាន​ធ្វើឲ្យរង្គើ​ដោយសារតែ​ទុក្ខវេទនា​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្លួនអ្នករាល់គ្នាផ្ទាល់​ក៏​ដឹង​ហើយ​ថា យើង​ត្រូវបាន​តម្រូវ​សម្រាប់​ទុក្ខវេទនាទាំងនេះឯង​។ ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន​ថា​យើង​រៀបនឹង​រងទុក្ខ ហើយ​ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ ការនោះ​បាន​កើតឡើង​មែន​។ ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។ ប៉ុន្តែ​ឥឡូវនេះ ធីម៉ូថេ​បាន​ចេញពី​អ្នករាល់គ្នា​មក​ដល់​យើង​វិញ​ហើយ ព្រមទាំង​នាំដំណឹងដ៏ល្អ​ដល់​យើង អំពី​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ទៀតផង ហើយ​ប្រាប់យើង​ថា​អ្នករាល់គ្នា​មាន​អនុស្សាវរីយ៍​ល្អ​អំពី​យើង​ជានិច្ច ទាំង​ចង់​ជួប​យើង​យ៉ាងខ្លាំង ដូចដែល​យើង​ចង់​ជួប​អ្នករាល់គ្នា​ដែរ​។ បងប្អូន​អើយ ហេតុនេះហើយបានជា ក្នុង​អស់ទាំង​ការលំបាក និង​ទុក្ខវេទនា​របស់យើង យើង​ទទួល​ការ​កម្សាន្តចិត្ត​ដោយសារតែ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់អ្នករាល់គ្នា ដ្បិត​ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ឈរមាំ​ក្នុង​ព្រះអម្ចាស់ នោះ​យើង​ក៏​មានជីវិត​ស្រស់ស្រាយឡើងវិញ ​។ តើ​យើង​អាច​តបស្នង​ដោយ​ការអរព្រះគុណ​បែបណា​ដល់​ព្រះ​អំពី​អ្នករាល់គ្នា សម្រាប់​អស់ទាំង​អំណរ​ដែល​យើង​បាន​អរសប្បាយ​ដោយព្រោះ​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​នៃយើង​? យើង​អធិស្ឋាន​អស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ឲ្យបាន​ជួប​មុខ​អ្នករាល់គ្នា ហើយ​ឲ្យបាន​បំពេញ​ភាពខ្វះខាត​ខាង​ជំនឿ​របស់អ្នករាល់គ្នា​។ សូមឲ្យ​ព្រះដែលជាព្រះបិតា​របស់យើង គឺ​ព្រះអង្គផ្ទាល់ និង​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នាំ​ផ្លូវ​យើង​ឲ្យមក​ជួប​អ្នករាល់គ្នា​។ សូមឲ្យ​ព្រះអម្ចាស់​បង្កើន និង​ប្រទានយ៉ាងសម្បូរហូរហៀរ​ដល់​អ្នករាល់គ្នា​នូវ​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក និង​ចំពោះ​មនុស្ស​ទាំងអស់ ដូចដែល​យើង​មាន​សេចក្ដីស្រឡាញ់​ចំពោះ​អ្នករាល់គ្នា​ដែរ ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន ​៕ ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ពីព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រគល់​ពាក្យបញ្ជា​យ៉ាងណា​ដល់​អ្នករាល់គ្នា តាមរយៈ​ព្រះអម្ចាស់​យេស៊ូវ​។ ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ ដើម្បីឲ្យ​អ្នករាល់គ្នា​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ ដើម្បីឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ចេះ​រក្សា​រូបកាយ​របស់​ខ្លួន ក្នុង​ភាពវិសុទ្ធ និង​ភាពថ្លៃថ្នូរ មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។ កុំ​បំពាន ឬ​ឆ្លៀតឱកាស​លើ​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​ជា​អ្នកសងសឹក​ចំពោះ​ការ​ទាំងអស់​នេះ ដូចដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន និង​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​រួចហើយ​។ ជាការពិត ព្រះ​មិនមែន​ត្រាស់ហៅ​យើង​មកក្នុង​ភាពស្មោកគ្រោក​ទេ គឺ​មកក្នុង​ភាពវិសុទ្ធ​វិញ​។ ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា ​។ រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។ ពិតមែនហើយ អ្នករាល់គ្នា​កំពុង​ធ្វើ​ដូច្នេះ​ដល់​បងប្អូន​ទាំងអស់​នៅ​ម៉ាសេដូន​ទាំងមូល​។ ក៏ប៉ុន្តែ​បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើ​ដូច្នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរ​យ៉ាងត្រឹមត្រូវ​នៅចំពោះ​អ្នកក្រៅ ហើយ​មិន​ពឹងផ្អែកលើ​អ្នកណាឡើយ​។ បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។ ដ្បិត​ដោយព្រោះ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ហើយ​មានព្រះជន្ម​រស់ឡើងវិញ ដូច្នេះ​យើង​ក៏​ជឿ​ដែរ​ថា ព្រះ​នឹង​នាំ​ពួក​អ្នក​ដែល​បាន​ដេកលក់​ក្នុង​ព្រះយេស៊ូវ​មក ឲ្យ​នៅ​ជាមួយ​ព្រះយេស៊ូវ​។ ពិតមែនហើយ យើង​សូម​ប្រាប់​ការនេះ​ដល់​អ្នករាល់គ្នា ស្របតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​នៅរស់ ដែល​នៅសល់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់ យើង​នឹង​មិន​ឆ្លងហួសទៅមុន​ពួក​អ្នក​ដែល​បាន​ដេកលក់​នោះ​ឡើយ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន បន្ទាប់មក យើង​ដែល​នៅរស់ ដែល​នៅសល់ នឹង​ត្រូវបាន​លើកឡើង​ទៅក្នុង​ពពក​ជាមួយ​អ្នកទាំងនោះ ដើម្បី​ជួប​ព្រះអម្ចាស់​នៅលើ​អាកាស​។ ដូច្នេះ យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​ជារៀងរហូត​។ ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕ បងប្អូន​អើយ ចំពោះ​ពេលវេលា និង​ពេលកំណត់​នោះ អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ​។ ដ្បិត​អ្នករាល់គ្នា​ផ្ទាល់​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះអម្ចាស់ ​នឹង​មកដល់ ដូចជា​ចោរ​មក​នៅ​ពេលយប់​។ កាលណា​គេ​និយាយថា “​មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ​” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។ យ៉ាងណាមិញ បងប្អូន​អើយ អ្នករាល់គ្នា​មិន​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ដែល​បណ្ដាលឲ្យ​ថ្ងៃ​នោះ​បាន​ចាប់​អ្នករាល់គ្នា ដូចជា​ចោរ​ចាប់​អ្នករាល់គ្នា​នោះ​ឡើយ ពីព្រោះ​អ្នករាល់គ្នា​សុទ្ធតែ​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ​។ យើង​មិនមែន​ជារបស់​យប់ ឬ​របស់​សេចក្ដីងងឹត​ទេ​។ ដោយហេតុនេះ កុំឲ្យ​យើង​ដេកលក់​ដូច​អ្នក​ដទៃ​ឡើយ ផ្ទុយទៅវិញ ឲ្យ​យើង​ប្រុងស្មារតី ហើយ​មានគំនិតមធ្យ័ត​ចុះ​។ ដ្បិត​អ្នក​ដែល​ដេកលក់ ដេកលក់​នៅ​ពេលយប់ ហើយ​អ្នក​ដែល​ស្រវឹង ក៏​ស្រវឹង​នៅ​ពេលយប់​ដែរ​។ រីឯ​យើង​វិញ ដោយ​យើង​ជារបស់​ថ្ងៃ ចូរឲ្យ​យើង​មានគំនិតមធ្យ័ត ទាំង​ពាក់​ជំនឿ និង​សេចក្ដីស្រឡាញ់​ជា​ក្រោះការពារទ្រូង ហើយ​ពាក់​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​។ ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​ព្រះពិរោធ​ទេ គឺ​តម្រូវ​ឲ្យ​ទទួលបាន​សេចក្ដីសង្គ្រោះ​វិញ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង ដើម្បីឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះអង្គ ទោះបីជា​យើង​ដឹងខ្លួន​ក្ដី ដេកលក់​ក្ដី​។ ដូច្នេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក ហើយ​ស្អាងទឹកចិត្ត​គ្នាទៅវិញទៅមក ដូចដែល​អ្នករាល់គ្នា​កំពុង​ធ្វើ​។ បងប្អូន​អើយ យើង​សូម​អង្វរ​អ្នករាល់គ្នា​ឲ្យ​ទទួលស្គាល់​អ្នក​ដែល​ធ្វើការនឿយហត់​ក្នុងចំណោម​អ្នករាល់គ្នា ហើយ​នាំមុខ​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់ ព្រមទាំង​ទូន្មាន​អ្នករាល់គ្នា ក៏​សូម​ឲ្យតម្លៃ​អ្នកទាំងនោះ​ខ្ពស់បំផុត​ដោយ​សេចក្ដីស្រឡាញ់ ព្រោះតែ​ការងារ​របស់​ពួកគេ​ផង​។ ចូរ​នៅសុខ​ជាមួយគ្នា​ចុះ​។ បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។ ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។ ចូរ​អរសប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥតឈប់ឈរ ចូរ​អរព្រះគុណ​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​សម្រាប់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ កុំ​ពន្លត់​ព្រះវិញ្ញាណ កុំ​មើលងាយ​ការថ្លែងព្រះបន្ទូល ផ្ទុយទៅវិញ ចូរ​ពិចារណា​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ការល្អ ព្រមទាំង​ចៀសវាង​ពី​ការ​អាក្រក់​គ្រប់​ទ្រង់ទ្រាយ​ផង​។ សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ​ទាំងស្រុង ព្រមទាំង​រក្សា​វិញ្ញាណ ព្រលឹង និង​រូបកាយ​របស់អ្នករាល់គ្នា​ទាំងមូល​ឲ្យ​ឥតកំហុស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​។ ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ធ្វើឲ្យ​ការនេះ​សម្រេច​មិនខាន​។ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង​។ សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​ទាំងអស់​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ខ្ញុំ​បញ្ជា​អ្នករាល់គ្នា​ដោយនូវ​ព្រះអម្ចាស់​ថា ត្រូវ​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន ​ទាំងអស់គ្នា​ស្ដាប់​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ ជូនចំពោះ​ក្រុមជំនុំ​អ្នកថែស្សាឡូនីច ដែល​នៅក្នុង​ព្រះដែលជាព្រះបិតា​របស់យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! បងប្អូន​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ដ្បិត​ដែលធ្វើដូច្នេះ​ជា​ការ​ស័ក្ដិសម ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ចម្រើនឡើងយ៉ាងខ្លាំង ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ចំពោះ​គ្នាទៅវិញទៅមក ក៏​កំពុង​ចម្រើនឡើង​ដែរ​។ ដូច្នេះ ខ្លួន​យើង​ផ្ទាល់​អួត​អំពី​អ្នករាល់គ្នា​នៅក្នុង​បណ្ដា​ក្រុមជំនុំ​របស់​ព្រះ ដោយព្រោះ​ការស៊ូទ្រាំ និង​ជំនឿ​របស់អ្នករាល់គ្នា ក្នុង​ការបៀតបៀន​គ្រប់បែបយ៉ាង និង​ទុក្ខវេទនា​ដែល​អ្នករាល់គ្នា‍​កំពុង​ស៊ូទ្រាំ​។ ការទាំងអស់នេះ​ជា​ភស្តុតាង​នៃ​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​អាណាចក្រ​របស់​ព្រះ ដែល​អ្នករាល់គ្នា​ក៏​កំពុង​រងទុក្ខ​សម្រាប់​អាណាចក្រនេះឯង​។ ដ្បិត​ជា​សេចក្ដីសុចរិតយុត្តិធម៌​សម្រាប់​ព្រះ ដែល​សង​ទុក្ខវេទនា​ដល់​ពួក​ដែល​ធ្វើទុក្ខ​អ្នករាល់គ្នា ហើយ​សង​សេចក្ដីសម្រាក​ដល់​អ្នករាល់គ្នា​ដែល​រងទុក្ខ និង​ដល់​យើង​ដែរ នៅពេល​ព្រះអម្ចាស់​យេស៊ូវ​ត្រូវបាន​សម្ដែងឲ្យឃើញ​ពី​លើមេឃ ជាមួយ​បណ្ដា​ទូតសួគ៌​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។ ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ នៅ​ថ្ងៃ​នោះ​ដែល​ព្រះអង្គ​យាង​មក​ដើម្បី​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ពី​វិសុទ្ធជន​របស់​ព្រះអង្គ និង​ដើម្បី​ត្រូវបាន​ស្ងើច​ពី​អស់អ្នក​ដែល​ជឿ​——​ដ្បិត​ទីបន្ទាល់​របស់យើង​ដល់​អ្នករាល់គ្នា​ត្រូវបាន​ជឿ​ហើយ​។ ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា ដើម្បីឲ្យ​ព្រះនាម​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ដោយសារតែ​អ្នករាល់គ្នា ហើយ​ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ដែរ ស្របតាម​ព្រះគុណ​របស់​ព្រះ​នៃយើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​៕ បងប្អូន​អើយ ចំពោះ​ការយាងមកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ការដែល​យើង​ជួបជុំគ្នា​នៅចំពោះ​ព្រះអង្គ នោះ​យើង​សូម​អង្វរ​អ្នករាល់គ្នា កុំឲ្យ​រំជួលចិត្ត​ភ្លាម ឬ​ភ័យស្លន់ស្លោ​ឡើយ មិនថា​ដោយសារតែ​វិញ្ញាណ​ក្ដី ដោយសារតែ​ពាក្យសម្ដី​ក្ដី ឬ​ដោយសារតែ​សំបុត្រ​ទំនងជា​មកពី​យើង​ក្ដី ដែល​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់ ​បាន​មកដល់​ហើយ​។ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​របៀប​ណាមួយ​ឡើយ ដ្បិត​ថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែ​ការបោះបង់ជំនឿ​មកដល់​ជាមុនសិន ហើយ​មនុស្ស​នៃ​ការឥតច្បាប់ គឺ​កូននៃសេចក្ដីវិនាស​បាន​លេចមក​។ វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។ តើ​អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​ថា កាល​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ​? អ្នករាល់គ្នា​ស្គាល់​អ្វី​ដែល​រារាំង​វា​នៅឥឡូវនេះ​ដែរ ដើម្បីឲ្យ​វា​លេចមក​ក្នុង​ពេលកំណត់​របស់​វា​។ តាមពិត អាថ៌កំបាំង​នៃ​ការឥតច្បាប់​កំពុង​ធ្វើសកម្មភាព​ហើយ គ្រាន់តែថា​ឥឡូវនេះ មាន​អ្នក​ដែល​រារាំង​វា រហូតទាល់តែ​អ្នកនោះ​ត្រូវបាន​ដកចេញ​។ បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់ ​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។ ការមកដល់​របស់​មនុស្សនៃការឥតច្បាប់ គឺ​ស្របតាម​កិច្ចការ​របស់​សាតាំង ដោយ​ប្រើ​អស់ទាំង​មហិទ្ធិឫទ្ធិ ទីសម្គាល់ ការអស្ចារ្យ​នៃ​ការបោកប្រាស់ និង​ដោយ​ការបោកបញ្ឆោត​គ្រប់យ៉ាង​នៃ​សេចក្ដីទុច្ចរិត ចំពោះ​អ្នក​ដែល​ត្រូវ​វិនាស ពីព្រោះ​ពួកគេ​មិន​ទទួលយក​សេចក្ដីស្រឡាញ់​នៃ​សេចក្ដីពិត ដែល​អាច​ធ្វើឲ្យ​ពួកគេ​បាន​សង្គ្រោះ​។ ហេតុនេះហើយបានជា​ព្រះ​ផ្ដល់​ការបោកប្រាស់​យ៉ាងខ្លាំង​ដល់​ពួកគេ ធ្វើឲ្យ​ពួកគេ​ជឿ​សេចក្ដីកុហក ដើម្បីឲ្យ​អស់អ្នក​ដែល​មិន​ជឿ​សេចក្ដីពិត តែ​ចូលចិត្ត​សេចក្ដីទុច្ចរិត​វិញ ត្រូវបាន​ផ្ដន្ទាទោស​។ បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ពីព្រោះ​ព្រះ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ជា​ផលដំបូង​សម្រាប់​សេចក្ដីសង្គ្រោះ តាមរយៈ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ និង​តាមរយៈ​ជំនឿ​លើ​សេចក្ដីពិត​។ ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​សម្រាប់​ការនេះឯង តាមរយៈ​ដំណឹងល្អ​របស់យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទទួលបាន​សិរីរុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បងប្អូន​អើយ ដោយហេតុនេះ ចូរ​ឈរឲ្យមាំមួន ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ដែល​យើង​បាន​បង្រៀន​អ្នករាល់គ្នា​ចុះ ទោះបីជា​ដោយ​ពាក្យសម្ដី ឬ​ដោយ​សំបុត្រ​របស់យើង​ក្ដី​។ ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់ កម្សាន្ត​ចិត្ត​អ្នករាល់គ្នា ព្រមទាំង​ពង្រឹង​អ្នករាល់គ្នា​ក្នុង​គ្រប់ទាំង​កិច្ចការ​ដ៏ល្អ និង​ពាក្យសម្ដី​ដ៏ល្អ​៕ ជាទីបញ្ចប់ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយចេញយ៉ាងឆាប់រហ័ស ហើយ​ត្រូវបាន​លើកតម្កើងសិរីរុងរឿង ដូចដែល​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ ហើយ​ដើម្បីឲ្យ​យើង​បាន​ស្រោចស្រង់​ពី​មនុស្ស​ពាល និង​អាក្រក់ ដ្បិត​មិនមែន​មនុស្ស​ទាំងអស់​មាន​ជំនឿ​ទេ​។ យ៉ាងណាមិញ ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ព្រមទាំង​រក្សា​អ្នករាល់គ្នា​ពី​មេអាក្រក់​។ យើង​ជឿជាក់​ក្នុង​ព្រះអម្ចាស់​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តតាម ហើយក៏​នឹង​បន្ត​ប្រព្រឹត្តតាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​។ សូមឲ្យ​ព្រះអម្ចាស់​នាំ​ចិត្ត​របស់អ្នករាល់គ្នា​ទៅ​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះ​គ្រីស្ទ​។ បងប្អូន​អើយ ឥឡូវនេះ យើង​សូម​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ឲ្យ​អ្នករាល់គ្នា​ចៀសចេញ​ពី​អស់ទាំង​បងប្អូន​ដែល​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​រស់នៅ​មិន​ស្របតាម​ទំនៀមទម្លាប់​ដែល​ពួកគេ​បាន​ទទួល​ពី​យើង​។ តាមពិត ខ្លួនអ្នករាល់គ្នា​ដឹង​ហើយ​ថា ត្រូវតែ​ត្រាប់តាម​យើង​យ៉ាងដូចម្ដេច ដ្បិត​កាល​នៅជាមួយ​អ្នករាល់គ្នា យើង​មិនដែល​រស់នៅដោយគ្មានរបៀបវិន័យ​ទេ ហើយក៏មិនដែល​ហូប​អាហារ ​របស់​អ្នកណា​ដោយ​ឥតបង់ថ្លៃ​ដែរ ផ្ទុយទៅវិញ យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ដោយ​ការនឿយហត់ និង​ការលំបាក ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។ នេះ​មិនមែន​ថា យើង​គ្មាន​សិទ្ធិ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើដូច្នេះ ដើម្បី​ផ្ដល់​គំរូ​ដល់​អ្នករាល់គ្នា​ដោយ​ខ្លួនឯងផ្ទាល់ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រាប់តាម​យើង​។ ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ថា ប្រសិនបើ​អ្នកណា​មិន​ព្រម​ធ្វើការ ក៏កុំឲ្យ​អ្នកនោះ​ហូប​ឡើយ​។ ដ្បិត​យើង​បាន​ឮ​ថា មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​មិន​ធ្វើការ​អ្វីសោះ តែ​ជ្រៀតជ្រែករឿងអ្នកដទៃ​វិញ​។ ដូច្នេះ យើង​សូម​បង្គាប់ និង​ជំរុញទឹកចិត្ត​មនុស្ស​បែបនេះ ក្នុង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចិញ្ចឹម​ខ្លួន​ទៅ ​។ រីឯ​អ្នករាល់គ្នា​វិញ បងប្អូន​អើយ កុំឲ្យ​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើល្អ​ឡើយ​។ ប្រសិនបើ​មាន​អ្នកណា​មិន​ស្ដាប់បង្គាប់​ពាក្យ​របស់យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នកនោះ ហើយ​កុំឲ្យ​សេពគប់ជាមួយ​អ្នកនោះ​ឡើយ ដើម្បីឲ្យ​អ្នកនោះ​អៀនខ្មាស​។ ក៏ប៉ុន្តែ​កុំ​ចាត់ទុក​អ្នកនោះ​ជា​សត្រូវ​ឡើយ ផ្ទុយទៅវិញ ចូរ​ទូន្មាន​គាត់​ដូចជា​បងប្អូន​ចុះ​។ សូមឲ្យ​ព្រះអម្ចាស់​នៃ​សេចក្ដីសុខសាន្ត គឺ​អង្គទ្រង់ផ្ទាល់ ប្រទាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​ជានិច្ច ក្នុង​គ្រប់ជំពូក​! សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ខ្ញុំ ប៉ូល សូមសរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់ ដែល​ជា​សញ្ញាសម្គាល់​ក្នុង​សំបុត្រ​ទាំងអស់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ស្របតាម​បទបញ្ជា​របស់​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង និង​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ​ដែលជា​សេចក្ដីសង្ឃឹម​របស់យើង ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ពិតប្រាកដ​របស់ខ្ញុំ ​ខាង​ជំនឿ​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​! ដូចដែល​ខ្ញុំ​បាន​ជំរុញ​អ្នក កាល​ខ្ញុំ​ចេញដំណើរ​ទៅ​ម៉ាសេដូន សូមអ្នក​ស្នាក់​នៅ​អេភេសូរ ដើម្បី​បាន​បង្គាប់​អ្នកខ្លះ កុំឲ្យ​បង្រៀនគោលលទ្ធិផ្សេង កុំឲ្យ​ផ្ដោតចិត្ត​លើ​ទេវកថា និង​វង្សត្រកូល​ដែល​មិនចេះចប់មិនចេះហើយ ដែល​រឿងទាំងនេះ​បង្ក​ភាពចម្រូងចម្រាស​ជាជាង​ចម្រើន​កិច្ចការ​របស់​ព្រះ ដែល​ធ្វើ​ដោយ​ជំនឿ​។ គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។ មាន​អ្នកខ្លះ​បាន​ជ្រួសចេញ​ពី​សេចក្ដីទាំងនេះ ហើយ​បែរ​ទៅរក​ពាក្យសម្ដីឥតខ្លឹមសារ ទាំង​ចង់​ធ្វើជា​គ្រូវិន័យ ប៉ុន្តែ​មិន​យល់​ទាំង​អ្វីដែល​ខ្លួន​និយាយ និង​អ្វីដែល​ខ្លួន​អះអាង​នោះ​ផង​។ រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យវិន័យ​ល្អ​មែន ប្រសិនបើ​គេ​ប្រើ​បាន​ត្រឹមត្រូវ ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។ សេចក្ដីបង្រៀននេះ ស្របតាម​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏មានពរ ជា​ដំណឹងល្អ​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​។ ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ចាត់ទុក​ខ្ញុំ​ថា​ស្មោះត្រង់ ដោយ​តែងតាំង​ខ្ញុំ​មកក្នុង​ការងារបម្រើ​នេះ​។ ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ ហើយ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃយើង បាន​កើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹង​ជំនឿ និង​សេចក្ដីស្រឡាញ់ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប​” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។ យ៉ាងណាមិញ នេះជាហេតុដែល​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា គឺ​ដើម្បីឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​សម្ដែង​ការអត់ធ្មត់​ដ៏ពេញលេញ​ក្នុង​ខ្ញុំ​ដែលជា​មេ​នៃមនុស្សបាប ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រៀបនឹង​ជឿទុកចិត្តលើ​ព្រះអង្គ​ដើម្បី​បាន​ជីវិតអស់កល្បជានិច្ច​។ សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ ធីម៉ូថេ កូន​ខ្ញុំ ​អើយ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​សេចក្ដីបង្គាប់​នេះ​នឹង​អ្នក ស្របតាម​ពាក្យព្យាករ​ដែល​ត្រូវបាន​ថ្លែងទុក​អំពី​អ្នក ដើម្បីឲ្យ​អ្នក​បាន​តយុទ្ធ​ដោយ​សេចក្ដីទាំងនោះ ក្នុង​ចម្បាំង​ដ៏ល្អ ទាំង​កាន់ខ្ជាប់​នូវ​ជំនឿ និង​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ផង​។ មាន​អ្នកខ្លះ​បោះបង់ចោល​សេចក្ដីទាំងនេះ បណ្ដាលឲ្យ​លិចសំពៅ​នៃ​ជំនឿ​។ ក្នុងចំណោម​អ្នកទាំងនោះ មាន​ហ៊ីមេនាស និង​អ័លេក្សានត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​សាតាំង ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ប្រៀនប្រដៅ កុំឲ្យ​និយាយប្រមាថព្រះ​ឡើយ​៕ ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់ សម្រាប់​ស្ដេច និង​សម្រាប់​អស់អ្នក​ដែល​មាន​តំណែងខ្ពស់ ដើម្បីឲ្យ​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏សុខសាន្ត និង​ស្ងប់ស្ងាត់ ដោយ​ការគោរពព្រះ និង​សេចក្ដីថ្លៃថ្នូរ​គ្រប់ជំពូក​។ នេះ​ជា​ការល្អ ហើយ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង​។ ព្រះអង្គ​មានបំណង​ឲ្យ​មនុស្ស​ទាំងអស់​បាន​សង្គ្រោះ ហើយ​មក​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។ ជាការពិត​មាន​ព្រះ​តែមួយអង្គគត់ មាន​អ្នកកណ្ដាល​តែមួយគត់​រវាង​ព្រះ និង​មនុស្ស គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​មនុស្ស​; ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជា​ថ្លៃលោះ​ជំនួស​មនុស្ស​ទាំងអស់ ការនេះ​ជា​ទីបន្ទាល់​ដែលផ្ដល់មក​ក្នុង​ពេលកំណត់​។ សម្រាប់​ទីបន្ទាល់នេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស និង​ជា​សាវ័ក ជា​គ្រូបង្រៀន​របស់​សាសន៍ដទៃ អំពី​ជំនឿ និង​សេចក្ដីពិត​។ ខ្ញុំ​និយាយ​សេចក្ដីពិត ខ្ញុំ​មិន​ភូតភរ​ទេ​។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។ ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ គឺ​ដោយ​ការធ្វើល្អ​វិញ ដែល​សមគួរ​នឹង​ស្ត្រី​ដែល​ថា​ខ្លួនឯង​គោរពព្រះ​។ ត្រូវ​ឲ្យ​ស្រី​ៗ​រៀន​យ៉ាងស្ងៀមស្ងាត់ ដោយ​ចុះចូល​ទាំងស្រុង​។ ខ្ញុំ​មិន​អនុញ្ញាតឲ្យ​មនុស្សស្រី​បង្រៀន ឬ​ប្រើអំណាច​លើ​មនុស្សប្រុស​ឡើយ គឺ​ឲ្យ​នៅ​ស្ងៀមស្ងាត់​វិញ ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​ជាមុន រួចមក​អេវ៉ា ហើយ​អ័ដាម​មិន​បាន​ចាញ់បោក​ទេ គឺ​ស្ត្រី​វិញ ដែល​ចាញ់បោក ហើយ​ធ្លាក់​ទៅក្នុង​ការល្មើស​។ យ៉ាងណាមិញ មនុស្សស្រី​នឹង​ត្រូវបាន​រក្សា ​តាមរយៈ ​ការបង្កើតកូន ប្រសិនបើ​នាង​ស្ថិតនៅ​ក្នុង​ជំនឿ សេចក្ដីស្រឡាញ់ និង​ភាពវិសុទ្ធ ដោយ​ការគ្រប់គ្រងចិត្ត​៕ ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: “​ប្រសិនបើ​អ្នកណា​ប្រាថ្នាចង់បាន​មុខងារជាអ្នកមើលខុសត្រូវ អ្នកនោះ​ចង់បាន​មុខងារ​ដ៏ប្រសើរ​ហើយ​”​។ ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន មិន​ប្រមឹក និង​មិន​ចំណូលហិង្សា គឺ​មាន​ចិត្តសប្បុរស មិនចេះឈ្លោះប្រកែក មិនស្រឡាញ់លុយ ជា​អ្នក​ដែល​គ្រប់គ្រង​ផ្ទះ​របស់ខ្លួន​បាន​ល្អ ទាំង​ឲ្យ​កូន‍ៗ​ចុះចូល​ដោយ​កិរិយាថ្លៃថ្នូរ​ទាំងស្រុង​។ ប្រសិនបើ​មនុស្សម្នាក់​មិន​ចេះ​គ្រប់គ្រង​ផ្ទះ​របស់ខ្លួនឯង តើ​អ្នកនោះ​នឹង​មើលថែ​ក្រុមជំនុំ​របស់​ព្រះ​ដូចម្ដេចកើត​? មិន​ត្រូវ​ឲ្យ​អ្នកជឿថ្មី​ធ្វើជាអ្នកមើលខុសត្រូវ​ឡើយ ក្រែងលោ​គាត់​កើតមានចិត្តធំ ហើយ​ធ្លាក់​ទៅក្នុង​ទោស​របស់​មារ​វិញ​។ មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ​ពី​អ្នក​ខាងក្រៅ​ដែរ ដើម្បីកុំឲ្យ​គាត់​ធ្លាក់​ទៅក្នុង​ការត្មះតិះដៀល និង​ក្នុង​អន្ទាក់​របស់​មារ​។ រីឯ‍អ្នកជំនួយ ​ក៏​ដូចគ្នាដែរ ត្រូវតែជា​មនុស្ស​គួរឲ្យគោរព មិនមែន​ជា​មនុស្ស​និយាយសម្ដីពីរ មិន​ប្រមឹក ‍មិន​លោភចង់បានកម្រៃទុច្ចរិត ទាំង​កាន់ខ្ជាប់​នូវ​អាថ៌កំបាំង​នៃ​ជំនឿ​ដោយ​សតិសម្បជញ្ញៈ​បរិសុទ្ធ​។ ត្រូវ​ពិសោធ​អ្នកទាំងនោះ​ជាមុនសិន ថា​ជា​មនុស្ស​ឥតមានកន្លែងបន្ទោសបាន​ឬយ៉ាងណា រួចសឹម​ឲ្យ​ពួកគេ​ធ្វើជាអ្នកជំនួយ​។ ដូចគ្នាដែរ ប្រពន្ធ​របស់ពួកគេ​ត្រូវតែជា​មនុស្ស​គួរឲ្យគោរព គឺ​មិន​ចោទប្រកាន់ដោយព្យាបាទ ហើយ​មានគំនិតមធ្យ័ត និង​ស្មោះត្រង់​ក្នុង​គ្រប់ការទាំងអស់​។ អ្នកជំនួយ​ត្រូវតែ​ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ គ្រប់គ្រង​កូន‍ៗ និង​ផ្ទះ​របស់ខ្លួន​បាន​ល្អ​។ ដ្បិត​អ្នក​ដែល​ធ្វើជាអ្នកជំនួយ​បាន​ល្អ នឹង​ទទួលបាន ​ចំណាត់ថ្នាក់​ល្អ​សម្រាប់​ខ្លួន ព្រមទាំង​បាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ជំនឿ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នក ទាំង​សង្ឃឹម​នឹង​បាន​មកជួប​អ្នក​ក្នុងពេលឆាប់ៗ ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ក្រមកដល់​ក៏ដោយ ក៏​អ្នក​ដឹង​ហើយ នូវ​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​សសរទ្រូង និង​ជា​គ្រឹះ​នៃ​សេចក្ដីពិត​។ ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕ យ៉ាងណាមិញ ព្រះវិញ្ញាណ​មានបន្ទូល​យ៉ាងច្បាស់​ថា នៅ​គ្រាចុងបញ្ចប់​នឹង​មាន​អ្នកខ្លះ​ដកខ្លួនចេញ​ពី​ជំនឿ ដោយ​ស្ដាប់តាម​វិញ្ញាណ​បោកប្រាស់ និង​សេចក្ដីបង្រៀន​របស់​ពួក​អារក្ស ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។ ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ ពីព្រោះ​របស់ទាំងនោះ​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះបន្ទូល​របស់​ព្រះ និង​ដោយ​ពាក្យទូលអង្វរជំនួស​។ ប្រសិនបើ​អ្នក​ចង្អុលបង្ហាញ​សេចក្ដីទាំងនេះ​ដល់​បងប្អូន នោះ​អ្នក​នឹង​បានជា​អ្នកបម្រើ ​ដ៏ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ និង​សេចក្ដីបង្រៀន​ដ៏ប្រសើរ​ដែល​អ្នក​បាន​កាន់តាម​រហូតមក​។ កុំឲ្យពាក់ព័ន្ធ​នឹង​ទេវកថា​ដែលប្រមាថព្រះ របស់យាយចាស់ៗ​ឡើយ ផ្ទុយទៅវិញ ចូរ​បង្វឹក​ខ្លួន​ដើម្បី​ការគោរពព្រះ ដ្បិត ការបង្វឹក​ខ្លួនប្រាណ​មានប្រយោជន៍​ខ្លះ​ដែរ ប៉ុន្តែ​ការគោរពព្រះ​មានប្រយោជន៍​ក្នុង​គ្រប់ជំពូក ទាំង​មាន​សេចក្ដីសន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ននេះ និង​ជីវិត​ដែល​រៀបនឹងមក​។ ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង​។ នេះជាហេតុដែល​យើង​ធ្វើការនឿយហត់ ទាំង​តស៊ូ ពីព្រោះ​យើង​បាន​សង្ឃឹម​លើ​ព្រះ​ដ៏​មានព្រះជន្មរស់ ដែល​ជា​ព្រះសង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ជាពិសេស​អ្នកជឿ​។ ចូរ​បង្គាប់ និង​បង្រៀន​សេចក្ដីទាំងនេះ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។ ចូរ​ផ្ដោតចិត្ត​លើ​ការអាន​គម្ពីរ ​ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និង​ការបង្រៀន រហូតដល់​ខ្ញុំ​បាន​មកដល់​។ កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។ ចូរ​រិះគិត ​អំពី​សេចក្ដីទាំងនេះ ហើយ​ផ្ដាច់ខ្លួន​ទៅក្នុង​សេចក្ដី​ទាំងនេះ ដើម្បីឲ្យ​ការចម្រើនឡើង​របស់អ្នក​បាន​ជាក់ច្បាស់​ដល់​ទាំងអស់គ្នា​។ ចូរ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនអ្នក និង​សេចក្ដីបង្រៀន​របស់អ្នក ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីទាំងនេះ ដ្បិត​ដែល​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួនអ្នក និង​អ្នក​ដែល​ស្ដាប់តាម​អ្នក​ផង​៕ កុំ​ស្ដីបន្ទោស​បុរសចំណាស់​ឡើយ ផ្ទុយទៅវិញ ចូរ​អង្វរ​គាត់​ទុកដូចជា​ឪពុក​។ ចំពោះ​បុរស​ក្មេង ចូរចាត់ទុកពួកគេ​ដូចជា​ប្អូនប្រុស ស្ត្រីចំណាស់​ទុកដូចជា​ម្ដាយ ហើយ​ស្ត្រី​ក្មេង​ទុកដូចជា​ប្អូនស្រី​ដោយ​សេចក្ដីបរិសុទ្ធ​ទាំងស្រុង​។ ចូរ​គោរព​ស្ត្រីមេម៉ាយ ដែល​ពិតជា​មេម៉ាយ​មែន​។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រីមេម៉ាយ​ណាម្នាក់​មាន​កូន ‍ឬ​ចៅ នោះ​ចូរឲ្យ​ពួកគេ​រៀនឲ្យចេះ​បង្ហាញភាពកតញ្ញូ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ជាមុនសិន ព្រមទាំង​សងគុណ​ដល់​ឪពុកម្ដាយ​ផង ដ្បិត​ការនេះ ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​។ ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ រីឯ​ស្ត្រីមេម៉ាយ​ដែល​រស់នៅតាមអំពើចិត្ត ទោះបីជា​នៅរស់​ក៏ដោយ ក៏​ដូចជា​ស្លាប់​ហើយ​។ ចូរ​បង្គាប់​សេចក្ដីទាំងនេះ​ដែរ ដើម្បីឲ្យ​ពួកគេ​ទៅជា​ឥតកន្លែងបន្ទោសបាន​។ ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។ ស្ត្រីមេម៉ាយ​ដែល​រាប់ចូលក្នុងបញ្ជី ត្រូវ​មាន​អាយុ​មិន​តិចជាង​ហុកសិប​ឆ្នាំ ជា​ប្រពន្ធ​របស់​ប្ដី​តែម្នាក់ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។ ចំពោះ​ស្ត្រីមេម៉ាយ​វ័យក្មេង​វិញ ត្រូវ​បដិសេធ​កុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ ​។ ដ្បិត​កាលណា​ពួកនាង​បែរចេញពី​ព្រះ​គ្រីស្ទ​ដោយមានចិត្តស្រើបស្រាល ពួកនាង​ក៏​ចង់​រៀបការ​។ ដូច្នេះ ពួកនាង​ត្រូវបានផ្ដន្ទាទោស ពីព្រោះ​ពួកនាង​បាន​បោះបង់ចោល​ពាក្យសម្បថ ​ដើម​របស់ខ្លួន​។ លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។ ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។ ដ្បិត​មាន​អ្នកខ្លះ​បាន​បែរ​ទៅតាម​សាតាំង​ហើយ​។ ប្រសិនបើ​ស្ត្រី​ជា​អ្នកជឿ ​ណាម្នាក់​មាន​សាច់ញាតិជា ​ស្ត្រីមេម៉ាយ ស្ត្រីនោះ​ត្រូវ​ជួយ​ស្ត្រីមេម៉ាយទាំងនោះ កុំ​ដាក់បន្ទុក​លើ​ក្រុមជំនុំ​ឡើយ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ជួយ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​។ ចំពោះ​ចាស់ទុំ​ដែល​គ្រប់គ្រង​បាន​ល្អ ត្រូវ​រាប់​អ្នកនោះ​ថាស័ក្ដិសម​នឹង​កិត្តិយស​ទ្វេដង ជាពិសេស​ចាស់ទុំ​ដែល​ធ្វើការនឿយហត់​ក្នុង​ការប្រកាសព្រះបន្ទូល និង​ការបង្រៀន​។ ជាការពិត ព្រះគម្ពីរ​ចែងថា​: “​កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ​” ហើយ​ថា​: “​អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន​”។ កុំ​ទទួលយក​ពាក្យចោទប្រកាន់​ទាស់នឹង​ចាស់ទុំ​ឡើយ លើកលែងតែ​មាន​សាក្សី​ពីរ ឬ​បី​នាក់​។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​បណ្ដា​ទូតសួគ៌​ដែល​ត្រូវបានជ្រើសតាំង​ថា អ្នក​ត្រូវ​កាន់តាម​សេចក្ដីទាំងនេះ​ដោយគ្មាន​ការរើសមុខ ទាំង​មិន​ធ្វើ​អ្វី​ដោយ​ភាពលំអៀង​ឡើយ​។ កុំ​ដាក់​ដៃ​លើ​អ្នកណា​ជាប្រញាប់​ឡើយ ហើយក៏កុំឲ្យ​មានចំណែក​ក្នុង​បាប​របស់​អ្នកដទៃ​ដែរ​។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​។ កុំ​ផឹក​តែ​ទឹក​ទៀតឡើយ តែ​ចូរ​ផឹក​ស្រាទំពាំងបាយជូរ​បន្តិច​សម្រាប់​ក្រពះ និង​សម្រាប់​ជំងឺ​របស់អ្នក​ដែលមាន​ជាញឹកញាប់​។ បាប​របស់​អ្នកខ្លះ​ជាក់ច្បាស់ ដែល​នាំមុខ​គេ​ទៅ​ការជំនុំជម្រះ រីឯ​បាប​របស់​អ្នកខ្លះទៀត​លេចមកនៅពេលក្រោយ​។ អំពើល្អ​ក៏​ជាក់ច្បាស់​ដូចគ្នាដែរ ហើយ​អំពើ​ណា​ដែល​មិនជាក់ច្បាស់ ក៏​មិនអាច​លាក់បាំង​បានឡើយ​៕ អស់អ្នកដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ ត្រូវ​ចាត់ទុក​ចៅហ្វាយ​របស់ខ្លួន​ថា​ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​គ្រប់យ៉ាង ដើម្បីកុំឲ្យ​ព្រះនាម​របស់​ព្រះ និង​សេចក្ដីបង្រៀន ត្រូវបាន​ប្រមាថ​ឡើយ​។ អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។ ប្រសិនបើ​មាន​អ្នកណា​បង្រៀនគោលលទ្ធិផ្សេង ហើយ​មិន​យល់ស្រប​នឹង​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​មិន​យល់ស្រប​នឹង​សេចក្ដីបង្រៀន​នៃ​ការគោរពព្រះ​ទេ អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់ និង​ជម្លោះដែលមិនចេះចប់​របស់​មនុស្ស​ដែល​មាន​គំនិត​ខូចសីលធម៌ និង​បាត់បង់​សេចក្ដីពិត ដែល​ពួកគេ​ចាត់ទុកថា ការគោរពព្រះ​ជា​មធ្យោបាយរកកម្រៃ​។ តាមពិត ការគោរពព្រះ​ដោយ​ចិត្តស្កប់ស្កល់ ជា​ការបានកម្រៃ​ដ៏ធំ​។ ជាការពិត យើង​មិន​បាន​យក​អ្វី​ចូលមក​ក្នុង​ពិភពលោកនេះ​ទេ ហើយក៏ ​មិន​អាច​យក​អ្វី​ចេញ​បាន​ដែរ​។ ប៉ុន្តែ​បើ​មាន​អាហារ និង​សម្លៀកបំពាក់ យើង​ក៏​ស្កប់ចិត្ត​នឹង​របស់​ទាំងនេះ​។ រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។ ដ្បិត​ការស្រឡាញ់លុយ​ជា​ឫសគល់​នៃ​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ អ្នកខ្លះ​លោភចង់បាន​លុយ ក៏​បាន​វង្វេង​ចេញពី​ជំនឿ ហើយ​ចាក់ទម្លុះ​ខ្លួនឯង​ដោយ​ការឈឺចុកចាប់​ជាច្រើន​។ រីឯ​អ្នក​វិញ ‍ឱ មនុស្ស​របស់​ព្រះ​អើយ! ចូរ​គេចឲ្យផុត​ពី​សេចក្ដីទាំងនេះ​ទៅ​! ចូរ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និង​សេចក្ដីសុភាពរាបសា​។ ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។ នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា ចូរ​កាន់តាម​សេចក្ដីបង្គាប់​ឲ្យបាន​ឥតសៅហ្មង និង​ឥតកន្លែងបន្ទោសបាន រហូតដល់​ការលេចមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ព្រះ​នឹង​បង្ហាញឲ្យឃើញ ក្នុង​ពេលកំណត់​។ ព្រះអង្គ​ជា​ព្រះអង្គ​ដ៏មានពរ ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏មានព្រះចេស្ដា ជា​ស្ដេច​លើអស់ទាំងស្ដេច ជា​ព្រះអម្ចាស់​លើអស់ទាំងព្រះអម្ចាស់ ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។ ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។ ចូរបង្គាប់ពួកគេ​ឲ្យ​ធ្វើល្អ ឲ្យ​មានស្ដុកស្ដម្ភ​ខាងឯ​ការប្រព្រឹត្ត​ល្អ មាន​ចិត្តទូលាយ និង​មាន​ចិត្តចែករំលែក ធ្វើដូច្នេះ គេ​នឹង​ប្រមូលទុក​សម្រាប់​ខ្លួនឯង​នូវ​គ្រឹះ​ដ៏ល្អ​សម្រាប់​អនាគត ដើម្បីឲ្យ​បាន​ចាប់​ជីវិត​ដ៏ពិតប្រាកដ ​។ ឱ ធីម៉ូថេ​អើយ! ចូរ​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹងអ្នក ទាំង​ចៀសវាង​ពាក្យប៉ប៉ាច់ប៉ប៉ោច​ដែលប្រមាថព្រះ និង​ពាក្យទទឹងទទែង​ដែល​គេ​ហៅខុស​ថា “​ចំណេះដឹង​”​។ មាន​អ្នកខ្លះ​អាង “​ចំណេះដឹង​” នេះ ក៏​ជ្រួសចេញ​ពី​ជំនឿ​។ សូមឲ្យ​ព្រះគុណ ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ស្របតាម​សេចក្ដីសន្យា​នៃ​ជីវិត​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ជាទីស្រឡាញ់​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​! ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​បម្រើ​តពី​ដូនតា​របស់ខ្ញុំ​ដោយ​សតិសម្បជញ្ញៈ​បរិសុទ្ធ ដោយ​ខ្ញុំ​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​។ ពេល​នឹកឃើញ​ទឹកភ្នែក​របស់អ្នក ខ្ញុំ​ក៏​ចង់​ជួប​អ្នក​យ៉ាងខ្លាំង ដើម្បីឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ​។ ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។ ហេតុនេះហើយបានជា​ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​អុជ​ភ្លើង​នៃ​អំណោយទាន​របស់​ព្រះ​ឲ្យឆេះឡើងវិញ​។ អំណោយទាននេះ​មាន​នៅក្នុង​អ្នក​តាមរយៈ​ការដាក់​ដៃ​របស់ខ្ញុំ​។ ជាការពិត ព្រះ​មិន​បាន​ប្រទាន​វិញ្ញាណ​នៃ​ភាពកំសាក​ដល់​យើង​ទេ គឺ​បាន​ប្រទាន​វិញ្ញាណ​នៃ​ព្រះចេស្ដា សេចក្ដីស្រឡាញ់ និង​ការគ្រប់គ្រងចិត្ត​វិញ​។ ដូច្នេះ កុំ​អៀនខ្មាស​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះអម្ចាស់​នៃយើង​ឡើយ ហើយក៏កុំ​អៀនខ្មាស​អំពី​ខ្ញុំ​ដែល​ជា​អ្នកទោស​របស់​ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ចូរ​រួមចំណែកក្នុងទុក្ខលំបាក​សម្រាប់​ដំណឹងល្អ​ដោយ​ព្រះចេស្ដា​របស់​ព្រះ​។ ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ រីឯ​ឥឡូវនេះ ត្រូវបាន​សម្ដែង​តាមរយៈ​ការលេចមក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង ដែល​បំផ្លាញ​សេចក្ដីស្លាប់ ហើយ​បង្ហាញឲ្យឃើញច្បាស់​នូវ​ជីវិត និង​អមតភាព តាមរយៈ​ដំណឹងល្អ​។ សម្រាប់​ដំណឹងល្អនេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស ជា​សាវ័ក និង​ជា​គ្រូបង្រៀន ​។ ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ ​បាន​។ ចូរ​កាន់ខ្ជាប់​នូវ​គំរូ​នៃ​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដីស្រឡាញ់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ចូរ​រក្សា​បញ្ញើ​ដ៏ល្អ តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិតនៅ​ក្នុង​យើង​។ អ្នក​ដឹង​ការនេះ​ហើយ​ថា អស់អ្នក​ដែល​នៅ​អាស៊ី​បាន​បោះបង់​ខ្ញុំ​ចោល ក្នុងចំណោម​ពួកគេ​មាន ភីកេឡុស និង​ហ៊ើម៉ូគេន​។ សូមឲ្យ​ព្រះអម្ចាស់​ប្រទាន​សេចក្ដីមេត្តា​ដល់​ក្រុមគ្រួសារ​របស់​អូនេស៊ិភ័រ ដ្បិត​គាត់​បាន​ធ្វើឲ្យ​ខ្ញុំ​ផុសផុល​ជាច្រើនលើកច្រើនសា ហើយ​មិន​បាន​អៀនខ្មាស​អំពី​ច្រវាក់​របស់ខ្ញុំ​ទេ ផ្ទុយទៅវិញ កាល​មកដល់​រ៉ូម គាត់​ខំប្រឹង​តាមរក​ខ្ញុំ រហូតទាល់តែ​បាន​រកឃើញ​។ សូមឲ្យ​ព្រះអម្ចាស់​ប្រទានឲ្យ​គាត់​រកបាន​សេចក្ដីមេត្តា​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នោះ​! អ្នក​ក៏​ដឹង​ច្បាស់​ដែរ​ថា នៅ​អេភេសូរ គាត់​បាន​បម្រើ​យ៉ាងណា​៕ ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ហើយ​អ្វីដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅមុខ​សាក្សី​ជាច្រើន​នោះ ចូរ​ផ្ទុកផ្ដាក់​នឹង​មនុស្ស​ស្មោះត្រង់​ដែល​មានសមត្ថភាព​បង្រៀន​អ្នក​ផ្សេងទៀត​ដែរ​។ ចូរ​រួមចំណែកក្នុងទុក្ខលំបាក​ក្នុងនាមជា​ទាហាន​ដ៏ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ​។ គ្មាន​ទាហាន​ណា​ដែល​ជាប់ជំពាក់​ក្នុង​រឿង​ជីវភាពរស់នៅ​ឡើយ ពីព្រោះ​គេ​ចង់​បំពេញចិត្ត​អ្នក​ដែល​កេណ្ឌ​ខ្លួន​។ មួយវិញទៀត ប្រសិនបើ​អ្នកណា​ចូលរួមប្រកួតកីឡា គេ​មិន​អាច​ទទួលមកុដ​ឡើយ លុះត្រាតែ​គេ​ប្រកួត​ស្របតាមច្បាប់​។ កសិករ​ដែល​ធ្វើការនឿយហត់ គួរតែ​ទទួលចំណែក​ភោគផល​មុនគេ​។ ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ការយល់ដឹង​ដល់​អ្នក​ក្នុង​គ្រប់ការទាំងអស់​។ ចូរ​នឹកចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដែល​ជា​ពូជពង្ស​របស់​ដាវីឌ ស្របតាម​ដំណឹងល្អ​របស់ខ្ញុំ​។ សម្រាប់​ដំណឹងល្អនេះឯង ដែល​ខ្ញុំ​រងទុក្ខលំបាក រហូតដល់​ជាប់ច្រវាក់​ដូច​ឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូល​របស់​ព្រះ​មិន​បាន​ជាប់ចំណង​ទេ។ ដោយហេតុនេះ ខ្ញុំ​ស៊ូទ្រាំ​នឹង​គ្រប់ការទាំងអស់​ដោយយល់ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជាមួយនឹង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​។ ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: ប្រសិនបើ​យើង​ស្លាប់ជាមួយ​ព្រះគ្រីស្ទ យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​ស៊ូទ្រាំ យើង​ក៏​នឹង​គ្រងរាជ្យជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​បដិសេធ​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​យើង​ដែរ​។ ប្រសិនបើ​យើង​មិនស្មោះត្រង់ ក៏​ព្រះអង្គ​នៅ​ស្មោះត្រង់​ដដែល ដ្បិត​ព្រះអង្គ​មិនអាច​បដិសេធ​អង្គទ្រង់​បានឡើយ​។ ចូរ​រំលឹក​គេអំពី​សេចក្ដីទាំងនេះ ហើយ​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ កុំឲ្យ​ឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះ​ធ្វើដូច្នេះ​គ្មាន​ប្រយោជន៍​អ្វីឡើយ គឺ​បានតែ​បង្ខូច​អ្នក​ស្ដាប់​ប៉ុណ្ណោះ​។ ចូរ​ខំប្រឹង​បង្ហាញ​ខ្លួនអ្នក​ដល់​ព្រះ ថា​ជា​មនុស្ស​ដែល​ជាប់ការពិសោធ ជា​អ្នកធ្វើការ​ដែល​គ្មានអ្វីត្រូវអៀនខ្មាស ដែល​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។ ចូរ​ចៀសវាង​ពាក្យប៉ប៉ាច់ប៉ប៉ោច​ដែលប្រមាថព្រះ ដ្បិត​អ្នកដែលនិយាយដូច្នេះ នឹង​ចម្រើនឡើង​ក្នុង​ការមិនគោរពព្រះ កាន់តែច្រើន​ឡើង ហើយ​ពាក្យសម្ដី​របស់​ពួកគេ​នឹង​រាលដាល​ដូចជា​ដំបៅរលួយ​។ ក្នុង​អ្នកទាំងនោះ មាន​ហ៊ីមេនាស និង​ភីលេត ដែល​ជ្រួសចេញ​ពី​សេចក្ដីពិត ដោយ​អះអាងថា​ការរស់ឡើងវិញ​បាន​កើតឡើង​រួចហើយ ហើយ​ពួកគេ​កំពុង​ផ្ដួលរំលំ​ជំនឿ​របស់​អ្នកខ្លះ​។ យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “​ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់​” ហើយ​ថា​: “​អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ​”​។ នៅក្នុង​ផ្ទះ​ដ៏ធំ មិនមែន​មាន​តែ​ភាជនៈ​មាស និង​ប្រាក់​ប៉ុណ្ណោះទេ គឺ​មាន​ភាជនៈ​ឈើ និង​ដី​ដែរ ខ្លះ​សម្រាប់​ការថ្លៃថ្នូរ រីឯ​ខ្លះទៀត​សម្រាប់​ការមិនថ្លៃថ្នូរ​។ ដូច្នេះ ប្រសិនបើ​អ្នកណា​បាន​ជម្រះ​ខ្លួន​ពី​សេចក្ដីទាំងនោះ អ្នកនោះ​នឹង​បានជា​ភាជនៈ​សម្រាប់​ការថ្លៃថ្នូរ ដែល​ត្រូវបាន​ញែកជាវិសុទ្ធ ហើយ​មានប្រយោជន៍​ដល់​ចៅហ្វាយ ព្រមទាំង​ត្រូវបាន​រៀបចំ​ជាស្រេច​សម្រាប់​ការល្អ​គ្រប់យ៉ាង​។ ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។ កុំឲ្យពាក់ព័ន្ធ​នឹង​ការដេញដោលគ្នា​ដ៏ល្ងង់ខ្លៅ និង​លេលា​ឡើយ ដ្បិត​អ្នក​ដឹង​ហើយ​ថា សេចក្ដីទាំងនោះ​បង្កឲ្យមាន​ជម្លោះ​។ បាវបម្រើ​របស់​ព្រះអម្ចាស់​មិន​ត្រូវ​ឈ្លោះគ្នា​ឡើយ ផ្ទុយទៅវិញ ត្រូវ​មានចិត្តល្អ​ដល់​មនុស្ស​ទាំងអស់ ត្រូវ​ចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់ ទាំង​ប្រៀនប្រដៅ​អ្នក​ដែល​ប្រឆាំង ដោយ​សុភាពរាបសា ក្រែងលោ​ព្រះ​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​ការកែប្រែចិត្ត​ដែល​នាំទៅដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។ ធ្វើដូច្នេះ អ្នកទាំងនោះ​ដែល​ត្រូវ​មារ​ចាប់ចង​ឲ្យ​ទៅតាម​បំណង​របស់​វា ក៏​អាច​ភ្ញាក់ខ្លួន​ចេញពី​អន្ទាក់​របស់​មារ​បាន​៕ ចូរ​អ្នក​ដឹង​ការនេះ​ថា នៅ​ថ្ងៃចុងបញ្ចប់ នឹង​មាន​គ្រា​លំបាក​មកដល់​។ ដ្បិត​មនុស្ស​នឹង​ទៅជា​អ្នក​ស្រឡាញ់ខ្លួនឯង អ្នក​ស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​អកតញ្ញូ មនុស្ស​មិនវិសុទ្ធ មនុស្ស​គ្មានមនោសញ្ចេតនា មនុស្ស​គ្មានអធ្យាស្រ័យ មនុស្ស​ចោទប្រកាន់ដោយព្យាបាទ មនុស្ស​មិនចេះគ្រប់គ្រងចិត្ត មនុស្ស​ឃោរឃៅ មនុស្ស​មិនស្រឡាញ់ការល្អ មនុស្សក្បត់ មនុស្ស​តក់ក្រហល់ មនុស្ស​មានចិត្តធំ មនុស្ស​ស្រឡាញ់ការសប្បាយ​ជាជាង​ស្រឡាញ់ព្រះ មាន​បែបផែន​នៃ​ការគោរពព្រះ ប៉ុន្តែ​បដិសេធ​អំណាច​នៃ​ការគោរពព្រះ​វិញ​។ ដូច្នេះ ចូរ​ចៀសវាង​ពី​មនុស្ស​បែបនេះ​ចុះ​។ ដ្បិត​ក្នុងចំណោម​ពួកគេ មាន​អ្នក​ដែល​លបចូល​ទៅក្នុង​ផ្ទះ​នានា ហើយ​ទាក់យក​ស្ត្រីល្ងង់ខ្លៅ​ដែល​ពេញ​ដោយ​បាប ដែល​ត្រូវបាន​នាំទៅតាម​តណ្ហា​ផ្សេងៗ​។ ពួកគេ​តែងតែ​រៀន​ជានិច្ច ប៉ុន្តែ​មិន​អាច​ទៅ​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​បាន​ឡើយ​។ ដូចដែល​យ៉ានេស និង​យ៉ាមប្រេស​បាន​តតាំង​នឹង​ម៉ូសេ​យ៉ាងណា អ្នកទាំងនោះ​ក៏​តែងតែ​តតាំង​នឹង​សេចក្ដីពិត​យ៉ាងនោះដែរ​។ ពួកគេជា​មនុស្ស​ដែល​មាន​គំនិត​ខូច ហើយ​ធ្លាក់ចេញពីការពិសោធ​ខាងឯ​ជំនឿ​។ ប៉ុន្តែ​ពួកគេ​មិន​អាច​ទៅមុខបានឆ្ងាយ​ឡើយ ដ្បិត​ភាពលេលា​របស់​ពួកគេ​នឹង​ត្រូវបាន​លាតត្រដាង​ដល់​មនុស្ស​ទាំងអស់ ដូចដែល​បាន​កើតឡើង​ដល់​អ្នកទាំងពីរនោះ​ដែរ​។ រីឯ​អ្នក​វិញ អ្នក​បាន​ដើរតាម​សេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និង​ការស៊ូទ្រាំ​របស់ខ្ញុំ ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។ ជាការពិត អស់អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរពព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នឹង​ត្រូវបាន​បៀតបៀន​ដែរ រីឯ​មនុស្ស​អាក្រក់ និង​មនុស្សបោកប្រាស់​នឹង​បាន​កាន់តែអាក្រក់ទៅៗ ទាំង​បោក​គេ និង​ចាញ់បោក​ផង​។ រីឯ​អ្នក​វិញ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​បាន​ជឿជាក់ ពីព្រោះ​អ្នក​ដឹង​ថា​ខ្លួនអ្នក​បាន​រៀន​ពី​អ្នកណា ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។ ព្រះគម្ពីរ​ទាំងមូល គឺ​សុទ្ធតែ​ការបើកសម្ដែងពីព្រះ ហើយ​មានប្រយោជន៍​សម្រាប់​ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និង​ការបង្ហាត់​ក្នុង​សេចក្ដីសុចរិត ដើម្បីឲ្យ​មនុស្ស​របស់​ព្រះ​បាន​គ្រប់លក្ខណ៍ ទាំង​ត្រៀមបានពេញលេញ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕ នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ ​ដែល​រៀបនឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់ ហើយ​ដោយអាង​ការលេចមក​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់អ្នកថា ចូរ​ប្រកាស​ព្រះបន្ទូល ចូរ​ពុះពារ ទោះបីជា​ត្រូវពេល ឬ​ខុសពេល​; ចូរ‍​ទូន្មាន ស្ដីប្រដៅ និង​លើកទឹកចិត្ត ដោយ​អស់ទាំង​ការអត់ធ្មត់ និង​ការបង្រៀន ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​គេ​នឹង​មិន​ទ្រាំ​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​ឡើយ ផ្ទុយទៅវិញ គេ​នឹង‍​មាន​ត្រចៀក​រមាស់ ហើយ​ប្រមូល​សម្រាប់​ខ្លួនឯង​នូវ​គ្រូ​ជាច្រើន​ដែល​ស្របនឹង​សេចក្ដីប៉ងប្រាថ្នា​របស់គេ​។ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដីពិត ហើយ​បែរទៅ​រក​ទេវកថា​វិញ​។ រីឯ​អ្នក​វិញ ចូរ​មានគំនិតមធ្យ័ត​ក្នុង​គ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើ​ការ​ជា​អ្នកផ្សាយដំណឹងល្អ និង​បំពេញ​ការងារបម្រើ​របស់អ្នក​ចុះ​។ ជាការពិត ខ្ញុំ​កំពុងតែ​ត្រូវបាន​ច្រូចចេញជាតង្វាយច្រូច​រួចជាស្រេចហើយ ហើយ​ពេលកំណត់​នៃ​ការចាកចេញ​របស់ខ្ញុំ​បាន​មកដល់​ហើយ​។ ខ្ញុំ​បាន​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​ហើយ ខ្ញុំ​បាន​បញ្ចប់​ការរត់ប្រណាំង​ហើយ ខ្ញុំ​បាន​រក្សា​ជំនឿ​ជាប់​ដដែល​។ ចាប់ពីឥឡូវនេះទៅ មាន​មកុដ​នៃ​សេចក្ដីសុចរិត​បម្រុងទុក​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌​នឹង​ប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​; មិនគ្រាន់តែ​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ប្រទាន​ដល់​អស់អ្នក​ដែល​ស្រឡាញ់​ការលេចមក​របស់​ព្រះអង្គ​ដែរ​។ សូម​ព្យាយាម​មករក​ខ្ញុំ​ជាប្រញាប់ ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា មាន​តែ​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​ខ្ញុំ​។ សូម​យក​ម៉ាកុស ហើយ​នាំ​គាត់​មក​ជាមួយ​អ្នក​ផង ដ្បិត​គាត់​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ក្នុង​ការងារបម្រើ​។ រីឯ​ទីឃីកុស​វិញ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យទៅ​អេភេសូរ​។ ពេល​អ្នក​មក សូម​យក​អាវវែង​ដែល​ខ្ញុំ​ទុកចោល​នៅ​ទ្រអាស​នៅ​ជាមួយ​ការប៉ុស ព្រមទាំង​ក្រាំង​មក​ជាមួយ​ផង ជាពិសេស​ក្រាំងស្បែក​។ អ័លេក្សានត្រុស​ជាងទង់ដែង​ធ្វើបាប​ខ្ញុំ​យ៉ាងច្រើន​; ព្រះអម្ចាស់​នឹង​តបសង​គាត់​តាម​អំពើ​របស់​គាត់​។ ចូរ​អ្នក​ប្រយ័ត្ន​នឹង​គាត់​ដែរ​ចុះ ដ្បិត​គាត់​បាន​ជំទាស់​នឹង​សេចក្ដីប្រកាស​របស់យើង​យ៉ាងខ្លាំង​។ ពេល​ខ្ញុំ​ឆ្លើយការពារខ្លួន​លើក​ដំបូង គ្មានអ្នកណា​មកគាំទ្រ​ខ្ញុំ​ទេ គឺ​ទាំងអស់គ្នា​បាន​បោះបង់​ខ្ញុំ​ចោល​; សូម​កុំឲ្យ​ពួកគេ​ត្រូវបាន​ប្រកាន់ទោស​អំពីរឿងនេះ​ឡើយ​។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដើម្បីឲ្យ​ការប្រកាស​ត្រូវបាន​បំពេញ​តាមរយៈ​ខ្ញុំ និង​ដើម្បីឲ្យ​អស់ទាំង​សាសន៍ដទៃ​បាន​ឮ ហើយ​ខ្ញុំ​ត្រូវបាន​ស្រោចស្រង់​ពី​មាត់​សិង្ហ​។ ព្រះអម្ចាស់​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​នឹង​សង្គ្រោះ​ខ្ញុំ​ទៅក្នុង​អាណាចក្រ​នៃមេឃ​របស់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា ព្រមទាំង​ក្រុមគ្រួសារ​របស់​អូនេស៊ិភ័រ​ផង​។ អេរ៉ាស្ទុស​នៅ​កូរិនថូស​ដដែល រីឯ​ទ្រភីម ខ្ញុំ​បាន​ទុក​គាត់​ឲ្យ​នៅ​មីលេត ពីព្រោះ​គាត់​ឈឺ​។ សូម​ព្យាយាម​មក​ឲ្យ​ដល់​មុន​រដូវរងា​។ អ៊ើប៊ូឡុស ពូដេន លីណុស និង​ក្លូឌា ព្រមទាំង​បងប្អូន​ទាំងអស់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នក​។ សូមឲ្យ​ព្រះអម្ចាស់ ​គង់នៅ​ជាមួយ​វិញ្ញាណ​របស់អ្នក​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​បាវបម្រើ​របស់​ព្រះ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយយល់ដល់​ជំនឿ​នៃ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ និង​ចំណេះដឹង​នៃ​សេចក្ដីពិត​ដែល​ស្របនឹង​ការគោរពព្រះ ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។ នៅ​ពេលកំណត់ ព្រះ​បាន​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអង្គ តាមរយៈ​ការប្រកាស​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​តាម​បញ្ជា​របស់​ព្រះ ជា​ព្រះសង្គ្រោះ​នៃយើង​។ ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​! នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។ ប្រសិនបើ​មាន​អ្នកណា​ឥតមានកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ មាន​កូន​ជា​អ្នកជឿ​ដែល​គ្មាន​ការចោទប្រកាន់​អំពី​អបាយមុខ ឬ​ការ​មិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ ​។ ដ្បិត​អ្នកមើលខុសត្រូវ ត្រូវតែ​ឥតមានកន្លែងបន្ទោសបាន​ក្នុងនាមជា​មេការ​របស់​ព្រះ គឺ​មិន​អាត្មានិយម មិន​ឆាប់ខឹង មិន​ប្រមឹក មិន​ចំណូលហិង្សា ហើយ​មិន​លោភចង់បានកម្រៃទុច្ចរិត​ឡើយ ផ្ទុយទៅវិញ ចេះរាក់ទាក់ ស្រឡាញ់ការល្អ ចេះគ្រប់គ្រងចិត្ត យុត្តិធម៌ វិសុទ្ធ មធ្យ័ត ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីបង្រៀន​នៃ​ព្រះបន្ទូល​ដ៏ពិត ដើម្បីឲ្យ​គាត់​អាច​លើកទឹកចិត្ត​ដោយ​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​បាន ព្រមទាំង​ធ្វើឲ្យ​អ្នក​ដែល​ប្រឆាំង​ដឹងកំហុស​ផង​។ ដ្បិត​ពិតជា​មាន​មនុស្ស​មិនស្ដាប់បង្គាប់​ជាច្រើន គឺ​អ្នកនិយាយឥតខ្លឹមសារ និង​អ្នកបោកបញ្ឆោត ជាពិសេស​ពីចំណោម​ពួកកាត់ស្បែក​; ត្រូវតែ​បិទមាត់​អ្នកទាំងនោះ​។ ពួកគេ​ផ្ដួលរំលំ​ក្រុមគ្រួសារ​ទាំងមូល ដោយ​បង្រៀន​អ្វីដែល​ពួកគេ​មិន​ត្រូវ​បង្រៀន ដើម្បីបាន​កម្រៃទុច្ចរិត​។ មាន​ម្នាក់​ក្នុងចំណោម​ជនជាតិក្រែត ជា​ព្យាការី​របស់ពួកគេផ្ទាល់ បាន​និយាយថា​: “​ជនជាតិក្រែត​សុទ្ធតែ​ជា​អ្នកភូតភរ ជា​សត្វតិរច្ឆាន​ដ៏អាក្រក់ ជា​មនុស្សល្មោភស៊ី​ដ៏ខ្ជិលច្រអូស​”​។ ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ ទាំង​មិន​ស្ដាប់តាម​ទេវកថា​របស់ជនជាតិយូដា ឬ​សេចក្ដីបង្គាប់​របស់​មនុស្ស​ដែល​បោះបង់​សេចក្ដីពិត​ចោល​នោះ​ឡើយ​។ សម្រាប់​មនុស្ស​បរិសុទ្ធ អ្វីៗ​ទាំងអស់​សុទ្ធតែ​បរិសុទ្ធ រីឯ​សម្រាប់​មនុស្ស​សៅហ្មង និង​អ្នក​មិនជឿ​វិញ គ្មានអ្វី​បរិសុទ្ធ​ឡើយ គឺ​ទាំង​គំនិត ទាំង​សតិសម្បជញ្ញៈ​របស់​ពួកគេ សុទ្ធតែ​សៅហ្មង​។ ពួកគេ​អះអាងថា​ស្គាល់​ព្រះ ប៉ុន្តែ​ពួកគេ​បដិសេធ​ព្រះអង្គ​តាមរយៈ​ការប្រព្រឹត្ត​។ ពួកគេ​ជា​មនុស្ស​គួរឲ្យស្អប់ខ្ពើម ជា​មនុស្ស​មិនស្ដាប់បង្គាប់ ហើយ​ធ្លាក់ចេញពីការពិសោធ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕ រីឯ​អ្នក​វិញ ចូរ​និយាយ​អ្វីដែល​សមគួរ​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ គឺ​: បុរសចំណាស់​ត្រូវ​មានគំនិតមធ្យ័ត គួរឲ្យគោរព ចេះគ្រប់គ្រងចិត្ត ហើយ​មានសុខភាពល្អ​ក្នុង​ជំនឿ ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​ការស៊ូទ្រាំ​។ ដូចគ្នាដែរ ស្ត្រីចំណាស់​ត្រូវ​មាន​ចរិយា​សមជាមនុស្សវិសុទ្ធ មិន​ចោទប្រកាន់ដោយព្យាបាទ មិន​ធ្វើជាទាសករ​របស់​ស្រា​ដ៏ហូរហៀរ គឺ​ត្រូវ​ធ្វើជាគ្រូបង្រៀនការល្អ​វិញ ដើម្បីឲ្យ​គាត់​អាច​អប់រំ​ស្ត្រី​ក្មេង​ឲ្យ​ស្រឡាញ់ប្ដី ស្រឡាញ់កូន ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដើម្បីកុំឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ឡើយ​។ ដូចគ្នាដែរ ចូរ​ជំរុញទឹកចិត្ត​បុរស​ក្មេង​ឲ្យ​ចេះគ្រប់គ្រងចិត្ត​។ ខ្លួនអ្នក​ត្រូវ​បង្ហាញ​គំរូ​ក្នុង​កិច្ចការ​ដ៏ប្រសើរ​គ្រប់យ៉ាង ហើយ​ក្នុង​ការបង្រៀន ត្រូវ​បង្ហាញ​ភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ និង​ពាក្យសម្ដី​ដ៏ត្រឹមត្រូវ​ដែល​ឥតកន្លែងបន្ទោសបាន ដើម្បីឲ្យ​អ្នក​ដែល​ប្រឆាំង​បាន​អៀនខ្មាស ដោយ​គ្មានអ្វី​អាច​និយាយ​អាក្រក់​អំពី​យើង ​ឡើយ​។ បាវបម្រើ​ត្រូវ​ចុះចូល​នឹង​ចៅហ្វាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ត្រូវ​បំពេញចិត្ត​គាត់ កុំ​ប្រកែកជំទាស់ ឬ​លួចបន្លំ​ឡើយ ផ្ទុយទៅវិញ ត្រូវ​សម្ដែង​ភាពស្មោះត្រង់​ដ៏ល្អ​ក្នុង​គ្រប់ជំពូក ដើម្បី​បាន​តុបតែង​សេចក្ដីបង្រៀន​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃយើង​ក្នុង​គ្រប់ការទាំងអស់​។ តាមពិត ព្រះគុណ​របស់​ព្រះ​ដែល​សង្គ្រោះ​មនុស្ស​គ្រប់គ្នា បាន​លេចមក​ហើយ​។ ព្រះគុណនេះ​បង្ហាត់បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និង​ដោយ​គោរពព្រះ ទាំង​បដិសេធ​ការមិនគោរពព្រះ និង​តណ្ហា​ខាងលោកីយ៍ ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។ ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។ ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕ ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។ តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។ ប៉ុន្តែ​នៅពេល​សេចក្ដីសប្បុរស និង​សេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ​របស់​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃយើង​បាន​លេចមក ព្រះអង្គ​បាន​សង្គ្រោះ​យើង មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​តាមរយៈ​សេចក្ដីសុចរិត​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ គឺ​ដោយសារតែ​សេចក្ដីមេត្តា​របស់​ព្រះអង្គ​វិញ តាមរយៈ​ការលាងសម្អាត​នៃ​ការកើតជាថ្មី និង​ការកែប្រែជាថ្មី​ដែលមកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ ព្រះ​បាន​ចាក់បង្ហូរ​ព្រះវិញ្ញាណ​លើ​យើង​យ៉ាងសម្បូរហូរហៀរ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។ ចូរ​ចៀសវាង​ពី​ការដេញដោលគ្នា​ដ៏ល្ងង់ខ្លៅ រឿង​វង្សត្រកូល ការឈ្លោះប្រកែក និង​ជម្លោះ​អំពីក្រឹត្យវិន័យ ដ្បិត​ការទាំងនោះ​សុទ្ធតែ​ឥតប្រយោជន៍ និង​ឥតខ្លឹមសារ​។ ចំពោះ​មនុស្ស​បង្កើតការបាក់បែក ក្រោយពី​ទូន្មាន​ម្ដង ‍ឬ​ពីរដង​ហើយ ក៏​កុំឲ្យពាក់ព័ន្ធ​នឹងពួកគេទៀត​ឡើយ ដ្បិត​អ្នក​ដឹង​ថា មនុស្សបែបនេះ​បាន​ខូចសីលធម៌ និង​ប្រព្រឹត្តបាប ទាំង​ផ្ដន្ទាទោសខ្លួនឯង​ផង​។ កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។ សូម​ខំ​ជួយ​សេណាស​អ្នកច្បាប់ និង​អ័ប៉ុឡូស​ឲ្យបន្តដំណើរ កុំឲ្យ​ពួកគេ​ខ្វះ​អ្វីឡើយ​។ គ្នា​របស់យើង​ក៏​ត្រូវ​រៀនឲ្យចេះ​ផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​ដើម្បី​បំពេញ​តម្រូវការ​ដែល​ចាំបាច់ ដើម្បីកុំឲ្យ​ពួកគេ​ទៅជា​មនុស្ស​មិនបង្កើតផល​ឡើយ​។ ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នក‍។ សូម​ជួយ​សួរសុខទុក្ខ​អ្នក​ដែល​ស្រឡាញ់​យើង​ក្នុង​ជំនឿ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ​៕​៚ ពី​ខ្ញុំ ប៉ូល ដែលជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ភីលេម៉ូន​ជាទីស្រឡាញ់ និង​ជា​អ្នករួមការងារ​ជាមួយយើង ហើយ​ជូនចំពោះ​អាប់ភា​បងប្អូនស្រី ​របស់យើង និង​អើឃីព​អ្នករួមប្រយុទ្ធ​ជាមួយយើង ព្រមទាំង​ជូនចំពោះ​ក្រុមជំនុំ​ដែល​នៅ​ផ្ទះ​របស់អ្នក​ដែរ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​! ខ្ញុំ​តែងតែ​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ ទាំង​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ ដោយ​បាន​ឮ​អំពី​សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់អ្នក ដែល​អ្នក​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូវ និង​ចំពោះ​វិសុទ្ធជន​ទាំងអស់​។ ខ្ញុំអធិស្ឋាន​ឲ្យ​ការប្រកបគ្នា ​នៃ​ជំនឿ​របស់អ្នក​មាន​ប្រសិទ្ធភាព តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​អស់ទាំង​សេចក្ដី​ល្អ​ដែល​នៅក្នុងចំណោម​យើង ​សម្រាប់​ព្រះ​គ្រីស្ទ ​។ ជាការពិត ខ្ញុំ​មាន​អំណរ និង​ការកម្សាន្តចិត្ត​យ៉ាងខ្លាំង ដោយសារតែ​សេចក្ដីស្រឡាញ់​របស់អ្នក ដ្បិត​ប្អូន​អើយ ដួងចិត្ត​របស់​វិសុទ្ធជន​ត្រូវបាន​ធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈ​អ្នក​។ ដោយហេតុនេះ ទោះបីជា​ខ្ញុំ​មាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ព្រះ​គ្រីស្ទ គឺ​អាច​បញ្ជា​អ្នក​នូវ​អ្វី​ដែល​គប្បី​ក៏ដោយ ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​—— ខ្ញុំ​សូមអង្វរ​អ្នក​អំពី​កូន​របស់ខ្ញុំ គឺ​អូនេស៊ីម ដែល​ខ្ញុំ​បាន​បង្កើត ​នៅពេល​ជាប់ឃុំឃាំង​។ ពីមុន គាត់​គ្មានប្រយោជន៍​ដល់​អ្នក​ទេ ប៉ុន្តែ​ឥឡូវនេះ គាត់​មានប្រយោជន៍​ដល់​អ្នក​ផង ដល់​ខ្ញុំ​ផង​។ ខ្ញុំ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រក​អ្នក​វិញ គាត់​គឺជា​ដួងចិត្ត​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ ដើម្បីឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុងពេល​ដែល​ខ្ញុំ​ជាប់ឃុំឃាំង​ដើម្បី​ដំណឹងល្អ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយគ្មាន​ការយល់ព្រម​ពីអ្នក ដើម្បីកុំឲ្យ​ការល្អ​របស់អ្នក​ដូចជា​មកពី​ការបង្ខំ​ឡើយ គឺ​ឲ្យ​មកពី​ការស្ម័គ្រចិត្ត​វិញ​។ តាមពិត ប្រហែល​នេះជាហេតុដែល​គាត់​បាន​ចាកចេញ​ពីអ្នក​មួយរយៈ ដើម្បីឲ្យ​អ្នក​បាន​ទទួល​គាត់​មកវិញ​អស់កល្បជានិច្ច មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​! ដូច្នេះ ប្រសិនបើ​អ្នក​ចាត់ទុក​ខ្ញុំ​ជា​ដៃគូ សូម​ទទួល​គាត់​ដូចជា​ទទួល​ខ្ញុំ​ដែរ​។ ប្រសិនបើ​គាត់​បាន​ធ្វើ​អ្វី​មិនស្មោះត្រង់​ចំពោះ​អ្នក ឬ​ជំពាក់​អ្វីដល់អ្នក សូម​គិតលើ​ខ្ញុំ​វិញ​ចុះ​។ ខ្ញុំ ប៉ូល សូម​សរសេរ​ដោយ​ដៃខ្ញុំផ្ទាល់​ថា ខ្ញុំ​នឹង​សងវិញ​——​ខ្ញុំ​មិនបាច់រំលើក​ថា​អ្នក​ក៏​ជំពាក់​ខ្ញុំ​ដែរ សូម្បីតែ​ខ្លួនអ្នកផ្ទាល់​‍! មែនហើយ ប្អូន​អើយ‍​! សូម​ធ្វើឲ្យ​ខ្ញុំ​មានអំណរ​ពីអ្នក ក្នុង​ព្រះអម្ចាស់​ផង សូម​ធ្វើឲ្យ​ដួងចិត្ត​របស់ខ្ញុំ​ស្រស់ស្រាយឡើងវិញ​ក្នុង​ព្រះ​គ្រីស្ទ ​ផង​។ ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់​ថា​អ្នក​នឹង​ស្ដាប់តាម ទាំង​ដឹង​ដែរ​ថា អ្នក​នឹង​ធ្វើ​លើសពី​អ្វីដែល​ខ្ញុំ​សុំ​ទៅទៀត​។ ក្នុងពេលជាមួយគ្នា សូម​រៀបចំ​កន្លែងស្នាក់នៅ​សម្រាប់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ត្រូវបាន​ប្រទានឲ្យ​មកជួប​អ្នករាល់គ្នា ដោយព្រោះតែ​ការអធិស្ឋាន​របស់អ្នករាល់គ្នា​។ អេប៉ាប្រាស​អ្នកជាប់គុកជាមួយ​ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ផ្ដាំ​សួរសុខទុក្ខ​អ្នក​។ ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​! ​៕​៚ ជាយូរមកហើយ ព្រះ​បាន​មានបន្ទូល​នឹង​ពួក​ដូនតា​តាមរយៈ​បណ្ដា​ព្យាការី ក្នុងពេលខុសៗគ្នា និង​ដោយរបៀបខុសៗគ្នា ប៉ុន្តែ​នៅ​គ្រា​ចុងបញ្ចប់​នេះ ព្រះអង្គ​មានបន្ទូល​នឹង​យើង​តាមរយៈ​ព្រះបុត្រា​ដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នកទទួល​របស់​សព្វសារពើ​ជាមរតក ហើយ​បាន​បង្កើត​សាកលលោក តាមរយៈ​ព្រះបុត្រានេះ​ដែរ​។ ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។ ព្រះអង្គ​បាន​ប្រសើរជាង​បណ្ដា​ទូតសួគ៌​ឆ្ងាយណាស់ ដោយព្រោះ​ព្រះអង្គ​បាន​ទទួល​នាម​មួយ​ដែល​មានតម្លៃលើសជាង​នាមរបស់បណ្ដាទូតសួគ៌​ជាមរតក​។ កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “​អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក​” ឬ​ថា​: “​យើង​នឹង​ធ្វើជា​បិតា​របស់​អ្នកនេះ ហើយ​អ្នកនេះ​នឹង​ធ្វើជា​បុត្រ​របស់យើង​” ​? យ៉ាងណាមិញ នៅពេល​ព្រះអង្គ​នាំ​បុត្រច្បង​ចូលមក​ក្នុង​ពិភពលោកនេះ​ម្ដងទៀត ព្រះអង្គ​មានបន្ទូលថា​: “ ចូរឲ្យ​អស់ទាំង​ទូតសួគ៌​របស់​ព្រះ ថ្វាយបង្គំ​ព្រះបុត្រា​” ​។ អំពី​បណ្ដា​ទូតសួគ៌ ព្រះអង្គ​មានបន្ទូល​មែន​ថា​: “ ព្រះ​ទ្រង់​ធ្វើឲ្យ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៅជា​ខ្យល់ ហើយ​ធ្វើឲ្យ​អ្នកបម្រើ​របស់​ព្រះអង្គ​ទៅជា​ភ្លើងសន្ធោសន្ធៅ​” រីឯ​អំពី​ព្រះបុត្រា​វិញ ព្រះអង្គ​មានបន្ទូលថា​: “ ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​។ ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ​” ។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​: “ ព្រះអម្ចាស់​អើយ នៅ​ដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។ ផ្ទៃមេឃ និងផែនដី នឹង​សាបសូន្យ​ទៅ ប៉ុន្តែ​ព្រះអង្គ​នៅស្ថិតស្ថេរ​ជានិច្ច ​; ទាំង​ផ្ទៃមេឃ ទាំង​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់​។ ព្រះអង្គ​នឹង​មូរ​ផ្ទៃមេឃ និងផែនដី​ដូច​អាវវែង ផ្ទៃមេឃ និងផែនដី​នឹង​ត្រូវបាន​ប្ដូរ​ដូច​សម្លៀកបំពាក់ ‍ដែរ​; ប៉ុន្តែ​ព្រះអង្គ​នៅដដែល ព្រះជន្មាយុ​របស់ព្រះអង្គ​មិន​ចេះ​អស់​ឡើយ​” ។ កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “​ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក​”? តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕ ដោយហេតុនេះ យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំងឡើង​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែងលោ​យើង​ត្រូវបាន​ធ្វើឲ្យរសាត់បាត់ទៅ​។ ដ្បិត​ប្រសិនបើ​ព្រះបន្ទូល​ដែល​ត្រូវបាន​ប្រកាស​តាមរយៈ​បណ្ដា​ទូតសួគ៌​បាន​ប្រាកដប្រជា ហើយ​គ្រប់ទាំង​ការល្មើស និង​ការមិនស្ដាប់បង្គាប់​បាន​ទទួល​ការតបសង​ដែលត្រូវទទួល​ទៅហើយ តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។ ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ ជាការពិត ព្រះអង្គ​មិន​បាន​ធ្វើឲ្យ “​លោក​ខាងមុខ​” ដែល​យើង​កំពុង​និយាយ​នេះ ចុះចូល​នឹង​បណ្ដា​ទូតសួគ៌​ឡើយ ប៉ុន្តែ​មាន​គេ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​នៅកន្លែងមួយ​ក្នុងគម្ពីរ ​ថា​: “ តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​? ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ​; ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​កិត្តិយស បំពាក់ជាមកុដ​លើ​គេ​; ព្រះអង្គ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នៅក្រោម​ជើង​គេ​”។ ដោយព្រោះ ព្រះ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នឹង​គេ​ហើយ ដូច្នេះ​គ្មានអ្វី​មិនចុះចូល​នឹង​គេ​នៅសល់​ឡើយ ក៏ប៉ុន្តែ​សព្វថ្ងៃនេះ យើង​មិនទាន់​ឃើញ របស់​សព្វសារពើ​ចុះចូល​នឹង​គេ ​នៅឡើយទេ​។ យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែល ត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។ ការ​បំពេញមុខងារ​ជា​ស្ថាបនិក​នៃ​សេចក្ដីសង្គ្រោះ ដោយ​នាំ​កូន​ជាច្រើន​មករក​សិរីរុងរឿង​តាមរយៈ​ទុក្ខលំបាក ជា​ការ​សមគួរ​សម្រាប់​ព្រះអង្គ​ដែល​របស់​សព្វសារពើ​មាននៅ​សម្រាប់​ព្រះអង្គ និង​ដោយសារតែ​ព្រះអង្គ​។ ដ្បិត​ទាំង​អ្នក​ដែល​ញែកជាវិសុទ្ធ និង​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ សុទ្ធតែ​មកពី​ព្រះអង្គ​តែមួយ​។ ហេតុនេះហើយបានជា​ព្រះអង្គ​មិន​អៀនខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន ទាំង​មានបន្ទូលថា​: “ ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ នៅ​កណ្ដាលចំណោម​អង្គប្រជុំ​”​។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​: “​ខ្ញុំ​នឹង​ទុកចិត្ត​លើ​ព្រះអង្គ​” ហើយ​ថា​: “​មើល៍! ខ្ញុំ និង​កូន‍ៗ ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ​!​”​។ ដូច្នេះ ដោយព្រោះ​កូន‍ៗ​មានចំណែក​ក្នុង​សាច់ និង​ឈាម ព្រះអង្គ​ក៏​ទទួលចំណែក​ក្នុង​សាច់ និងឈាម​ដូចគ្នា​ដែរ ដើម្បី​តាមរយៈ​ការសុគត ព្រះអង្គ​អាច​បំផ្លាញ​អ្នក​ដែល​កាន់​អំណាច​នៃ​សេចក្ដីស្លាប់ (​នោះគឺ​មារ​) ព្រមទាំង​អាច​រំដោះ​អស់អ្នកដែល​ជាប់​ក្នុង​ភាពជាទាសករ​អស់មួយជីវិត​ដោយ​ការភ័យខ្លាច​សេចក្ដីស្លាប់​។ ពិតមែនហើយ ព្រះអង្គ​មិន​ជួយ​ទូតសួគ៌​ទេ គឺ​ជួយ​ពូជពង្ស​របស់​អ័ប្រាហាំ​វិញ​។ ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ ​សម្រាប់​បាប​របស់​ប្រជាជន​។ ដោយសារ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​ក្នុង​ការ​ល្បងល ដូច្នេះ​ព្រះអង្គ​អាច​ជួយ​អ្នក​ដែល​ត្រូវបាន​ល្បងល​ដែរ​៕ ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ ​របស់យើង គឺ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ស្មោះត្រង់​ចំពោះ​ព្រះ​ដែល​បាន​តែងតាំង​ព្រះអង្គ ដូចដែល​ម៉ូសេ​បាន​ស្មោះត្រង់​ក្នុង​ដំណាក់​ទាំងមូល​របស់​ព្រះ​ដែរ​។ ជាការពិត ព្រះយេស៊ូវ​ត្រូវបាន​រាប់ថាស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​លើស​ជាង​ម៉ូសេ​ទៅទៀត ដូចដែល​អ្នកសង់ផ្ទះ​មាន​កិត្តិយស​លើសជាង​ផ្ទះ​នោះ​ដែរ ដ្បិត​គ្រប់ទាំង​ផ្ទះ​តែងតែ​មាន​អ្នកណា​ម្នាក់​សាងសង់ឡើង រីឯ​អ្នក​ដែល​សាងសង់​របស់​សព្វសារពើ គឺ​ព្រះ​។ ម៉ូសេ​បាន​ស្មោះត្រង់​ក្នុង​ដំណាក់​ទាំងមូល​របស់​ព្រះ​ក្នុងនាមជា​អ្នកបម្រើ ដើម្បី​ជា​ទីបន្ទាល់​ចំពោះ​សេចក្ដី​ដែល​រៀបនឹង​ត្រូវបាន​ថ្លែង រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង ​។ ដោយហេតុនេះ ដូចដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​: “​ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ នៅ​ថ្ងៃ​នៃ​ការសាកល្បង​នៅ​ទីរហោស្ថាន​នោះ​ឡើយ ​។ នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ហើយ​បាន​ឃើញ​កិច្ចការ​របស់យើង​អស់រយៈពេល​សែសិប​ឆ្នាំ​។ ដូច្នេះ យើង​បាន​ខឹង​នឹង​ជំនាន់​នោះ ហើយ​ពោលថា​: ‘​ចិត្ត​ពួកគេ​តែងតែ​វង្វេង​ជានិច្ច ពួកគេ​មិន​ស្គាល់​មាគ៌ា​របស់យើង​សោះ​’ នោះ​យើង​បាន​ស្បថ​ដោយ​កំហឹង​របស់យើង​ថា​: ‘​ពួកគេ​នឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់យើង​មិន​បាន​ឡើយ​’​”​។ បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។ ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ ដរាបណា​ដែល​នៅតែ​ហៅថា “​ថ្ងៃនេះ​” ដើម្បីកុំឲ្យ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​មានចិត្តរឹងរូស​ដោយសារតែ​ការបោកបញ្ឆោត​របស់​បាប​ឡើយ ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។ ដូចដែល​មាន​ចែង​ទុកមក​ថា​: “​ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ​នោះ​ឡើយ​”​។ តើ​នរណា​បាន​ឮ ហើយ​បាន​បះបោរ​? មិនមែន​ជា​អស់អ្នក​ដែល​ត្រូវ​ម៉ូសេ​នាំចេញ​ពី​អេហ្ស៊ីប​ទេ​ឬ​? តើ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​នរណា​អស់រយៈពេល​សែសិប​ឆ្នាំ​? មិនមែន​ជា​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្តបាប ដែល​សាកសព​ពួកគេ​បាន​ដួល​នៅ​ទីរហោស្ថាន​ទេ​ឬ​? តើ​ព្រះអង្គ​បាន​ស្បថ​នឹង​នរណា​ថា មិន​ឲ្យ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះអង្គ​? មិនមែន​ជា​អ្នក​ដែល​មិនព្រមជឿ​ទេ​ឬ​? ដូច្នេះ យើង​ឃើញ​ថា ពួកគេ​មិនអាច​ចូលទៅ​បាន ដោយសារតែ​ភាពឥតជំនឿ​៕ ដូច្នេះ ដរាបណាដែល​សេចក្ដីសន្យា​អំពី​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះ ​នៅមាន​នៅឡើយ ចូរឲ្យ​យើងរាល់គ្នា ​ភ័យខ្លាច ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មើលទៅដូចជា​ឈោងទៅមិនដល់​។ ដ្បិត​យើង​ក៏​ឮដំណឹងល្អ​ដូច​ពួកគេដែរ ប៉ុន្តែ​ព្រះបន្ទូល​ដែល​ពួកគេ​ឮ​នោះ​មិន​បាន​មានប្រយោជន៍​ដល់​ពួកគេ​ទេ ដោយព្រោះ​ព្រះបន្ទូលនោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ​ក្នុង​អ្នក​ដែល​ស្ដាប់​ទាំងនោះ​ឡើយ​។ រីឯ​យើង​ដែល​ជឿ​នឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នោះ ដូចដែល​ព្រះ​មានបន្ទូលថា​: “​នោះ​យើង​បាន​ស្បថ​ដោយ​កំហឹង​របស់យើង​ថា​: ‘​ពួកគេ​នឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់យើង​មិនបានឡើយ​’​” ទោះបីជា​កិច្ចការ​របស់ព្រះអង្គ​បាន​សម្រេច​រួចហើយ តាំងពី​កំណើត​នៃ​ពិភពលោក​ក៏ដោយ​។ ដ្បិត​ចំពោះ​ថ្ងៃ​ទីប្រាំពីរ ព្រះអង្គ​មានបន្ទូល​នៅកន្លែងមួយ​ក្នុងគម្ពីរ​យ៉ាងដូច្នេះ​ថា​: “​នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះអង្គ​” ហើយ​នៅ​កន្លែង​នេះ​ទៀត ព្រះអង្គមានបន្ទូលថា​: “​ពួកគេ​នឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់យើង​មិនបានឡើយ​”​។ ដូច្នេះ ដោយព្រោះ​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នៅតែ​មានទុក​សម្រាប់​អ្នកខ្លះ​នៅឡើយ​——​ប៉ុន្តែ​ពួក​អ្នក​ដែល‍ឮដំណឹងល្អ​ពីមុន មិន​បាន​ចូលទៅ​ទេ ដោយសារតែ​ការមិនស្ដាប់បង្គាប់​—— នោះ​ព្រះ​ក៏​កំណត់​ថ្ងៃ​មួយទៀត​ថា “​ថ្ងៃនេះ​” ក្រោយពី​រយៈពេល​យ៉ាងយូរ ដោយ​មានបន្ទូល​តាមរយៈ​ដាវីឌ ដូចដែល​មាន​ថ្លែងទុកមុន​ថា ​: “​ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ឡើយ​”​។ ដ្បិត​ប្រសិនបើ​យ៉ូស្វេ​បាន​ឲ្យ​ពួកគេ​សម្រាក ព្រះអង្គ​មុខជា​មិន​មានបន្ទូល​អំពី​ថ្ងៃ​ផ្សេងទៀត​នៅពេលក្រោយ​ទេ​។ ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទ​នៅតែ​មានទុក​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះ​នៅឡើយ​។ ជាការពិត អ្នក​ដែល​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះ ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ដែរ ដូចដែល​ព្រះ​បាន​សម្រាក​ពី​កិច្ចការ​របស់ព្រះអង្គ​។ ដោយហេតុនេះ ចូរឲ្យ​យើង​ខំប្រឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នោះ ដើម្បីកុំឲ្យ​អ្នកណា​ដួល​តាម​គំរូ​នៃ​ការមិនស្ដាប់បង្គាប់​ដូច​ពួកគេ​ឡើយ​។ ព្រះបន្ទូល​របស់​ព្រះ​មានជីវិតរស់ មានប្រសិទ្ធភាព ហើយ​មុត​ជាង​អស់ទាំង​ដាវ​មុខពីរ ទាំង​ចាក់ទម្លុះ​រហូតដល់​ទីខណ្ឌចែក​នៃ​ព្រលឹង និង​វិញ្ញាណ រហូតដល់​ទីខណ្ឌចែក​នៃ​សន្លាក់ និង​ខួរឆ្អឹង ព្រមទាំង​វិនិច្ឆ័យ​គំនិត និង​បំណង​នៃ​ចិត្ត​ផង​។ គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។ ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ ដ្បិត​មហាបូជាចារ្យ​ដែល​យើង​មាន មិនមែន​មិន​ចេះ​អាណិតអាសូរ​ដល់​ភាពខ្សោយ​របស់យើង​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​ត្រូវបាន​ល្បងល​ក្នុង​គ្រប់ជំពូក​ដូច​យើង​ដែរ ប៉ុន្តែព្រះអង្គ​មិន​បានប្រព្រឹត្ត​បាប​ឡើយ​។ ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕ អស់ទាំង​មហាបូជាចារ្យ​ដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​មនុស្ស គឺ​ត្រូវបាន​តែងតាំង​ជំនួស​មនុស្ស​ឲ្យធ្វើ​អ្វីៗ​ខាងឯ​ព្រះ ដើម្បី​ថ្វាយ​តង្វាយ និង​យញ្ញបូជា​សម្រាប់​បាប​។ លោក​អាច​ប្រាស្រ័យទាក់ទង​នឹង​អ្នក​ដែល​លេលា និង​វង្វេង ពីព្រោះ​ខ្លួនលោក​ក៏​មាន​ភាពខ្សោយ​ដែរ ហើយ​ដោយព្រោះហេតុនេះ លោក​ត្រូវតែ​ថ្វាយ​យញ្ញបូជា​សម្រាប់​បាប​ដើម្បី​ខ្លួនឯង ដូចដែល​លោក​ថ្វាយ​ដើម្បី​ប្រជាជន​យ៉ាងនោះ​ដែរ​។ គ្មានអ្នកណា​អាច​យក​ងារដ៏ប្រសើរ​នេះ​ឲ្យ​ខ្លួនឯង​បាន​ឡើយ គឺ​មានតែ​ត្រូវ​ព្រះ​ត្រាស់ហៅ​ដូច​អើរ៉ុន​ប៉ុណ្ណោះ​។ ដូចគ្នាដែរ ព្រះ​គ្រីស្ទ​ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អង្គទ្រង់​ដោយ​ធ្វើជា​មហាបូជាចារ្យ​ឡើយ ផ្ទុយទៅវិញ គឺ​ព្រះ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​: “​អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក​” ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។ ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅ​កន្លែង​មួយទៀត​ថា​: “​អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​”​។ នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។ ទោះបី​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏ដោយ ក៏​ព្រះអង្គ​បាន​រៀនឲ្យចេះ​ស្ដាប់បង្គាប់​តាមរយៈ​អ្វីដែល​ព្រះអង្គ​បាន​រងទុក្ខ​។ នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ ព្រមទាំង​ត្រូវ​ព្រះ​ហៅថា​ជា​មហាបូជាចារ្យ “​ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​”​។ ចំពោះ​ការនេះ យើង​មាន​ពាក្យ​ជាច្រើន​ដែល​ត្រូវ​និយាយ ប៉ុន្តែ​យើង​ពិបាកពន្យល់ ពីព្រោះ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ស្ដាប់​។ តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។ ដ្បិត​អស់អ្នក​ដែល​ផឹក​ទឹកដោះ គឺ​មិនប្រសប់​ខាង​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​ទេ ពីព្រោះ​អ្នកនោះ​ជា​កូនក្មេង រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕ ដូច្នេះ ចូរឲ្យ​យើង​ចាកចេញ​ពី​គោលការណ៍បឋម​របស់​ព្រះ​គ្រីស្ទ ហើយ​ឈាន​ទៅរក​ភាពពេញវ័យ គឺ​មិនមែន​ចាក់​គ្រឹះ​សាជាថ្មី​នៃ​ការកែប្រែចិត្ត​ពី​អំពើ​ដែលនាំឲ្យស្លាប់ ជំនឿ​លើ​ព្រះ សេចក្ដីបង្រៀន​អំពី​ពិធីលាងសម្អាត ការដាក់​ដៃ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ និង​ការជំនុំជម្រះ​ដ៏អស់កល្បជានិច្ច​នោះឡើយ​។ យើង​នឹង​ធ្វើ​ដូច្នេះ ប្រសិនបើ​ព្រះ​អនុញ្ញាត​។ ជាការពិត ចំពោះ​ពួក​ដែល​ត្រូវបាន​បំភ្លឺ​ម្ដង ដែល​បាន​ភ្លក់​អំណោយទាន​នៃស្ថានសួគ៌ ហើយ​មានចំណែក​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំង​បាន​ភ្លក់​សេចក្ដីល្អ​នៃ​ព្រះបន្ទូល​របស់​ព្រះ និង​ព្រះចេស្ដា​នៃ​លោកខាងមុខ ប៉ុន្តែ​ធ្លាក់ចេញ​ទៅវិញ នោះ​មិនកើត​ទេ​ដែល​ស្ដារ​អ្នកទាំងនោះ​ឡើងវិញ​ម្ដងទៀត​រហូតដល់​ការកែប្រែចិត្ត ដ្បិត​ពួកគេ​បាន​ឆ្កាង​ព្រះបុត្រារបស់ព្រះ​ម្ដងទៀត​ដោយ​ខ្លួនគេផ្ទាល់ ព្រមទាំង​ធ្វើឲ្យ​ព្រះអង្គ​អាម៉ាស់មុខជាសាធារណៈ​ផង​។ ដ្បិត​ដី​ណា​ដែល​បាន​ស្រូប​ទឹកភ្លៀង​ដែល​ធ្លាក់មក​លើ​វា​ជាញឹកញាប់ ហើយ​បង្កើត​ដំណាំ​ដ៏មានប្រយោជន៍​សម្រាប់​អ្នកដែល​ភ្ជួររាស់ ដីនោះ​មាន​ព្រះពរ​ពី​ព្រះ ប៉ុន្តែ​ប្រសិនបើ​ដីនោះ​បង្កើត​តែ​គុម្ពបន្លា និង​ដើមបន្លា​វិញ វាក៏​គ្មានប្រយោជន៍អ្វីឡើយ ហើយ​រៀបនឹង​ត្រូវ​បណ្ដាសា​។ នៅទីបំផុត វា​នឹងត្រូវបាន​ដុតចោល​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ទោះបីជា​យើង​និយាយ​បែបនេះ​ក៏ដោយ ក៏​យើង​ជឿជាក់​អំពី​សេចក្ដី​ល្អជាង​សម្រាប់​អ្នករាល់គ្នា គឺ​សេចក្ដីដែល​ទាក់ទង​នឹង​សេចក្ដីសង្គ្រោះ ដ្បិត​ព្រះ​មិនមែន​អយុត្តិធម៌ រហូតដល់​ភ្លេច​កិច្ចការ​របស់អ្នករាល់គ្នា និង​សេចក្ដីស្រឡាញ់ ​ដែល​អ្នករាល់គ្នា​បាន​សម្ដែង​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ដោយ​បាន​បម្រើ​វិសុទ្ធជន ហើយ​ឥឡូវនេះ​ក៏​នៅតែ​បម្រើ‍​ដែរ​នោះ​ទេ​។ យើង​ប្រាថ្នាចង់​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បង្ហាញ​ចិត្តខ្នះខ្នែង​ដូចគ្នា ដោយ​ការជឿអស់ពីចិត្ត​ចំពោះ​សេចក្ដីសង្ឃឹម រហូតដល់​ទីបញ្ចប់ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។ កាល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​អាង​អង្គទ្រង់ ពីព្រោះ​គ្មានអ្នកណា​ធំជាង​ដែល​ព្រះអង្គ​អាច​ស្បថ​ដោយអាងអ្នកនោះ​បាន​ឡើយ​។ ព្រះអង្គ​ស្បថដោយ​មានបន្ទូលថា​: “ យើង​ប្រាកដជា​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ យើង​នឹង​បង្កើន​ចំនួនពូជ អ្នក​ឲ្យច្រើនឡើង ​”​។ ដូច្នេះ អ័ប្រាហាំ​បាន​រង់ចាំយ៉ាងអត់ធ្មត់ ក៏​ទទួលបាន​សេចក្ដីសន្យា​នោះ​។ ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។ ហេតុនេះហើយបានជា​ព្រះ​បញ្ជាក់​ដោយ​ពាក្យសម្បថ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​យ៉ាងខ្លាំង​នឹង​បង្ហាញ​ដល់​ពួក​អ្នកទទួលមរតក​នៃ​សេចក្ដីសន្យា នូវ​គម្រោង​ដែល​ឥតប្រែប្រួល​របស់​ព្រះអង្គ ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។ សេចក្ដីសង្ឃឹម​ដែល​យើង​មាន​នេះ ដូចជា​យុថ្កា​នៃ​ព្រលឹង ដែល​ប្រាកដប្រជា និង​មាំមួន ព្រមទាំង​ចូលទៅ​ខាងក្នុង​វាំងនន ជា​កន្លែងដែល​ព្រះយេស៊ូវ​ជា​អ្នកនាំមុខ​បាន​យាង​ចូលទៅ​ជំនួស​យើង ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​ដោយ​បាន​ត្រឡប់ជា​មហាបូជាចារ្យ​ជារៀងរហូត​៕ ម៉ិលគីស្សាដែក​នេះ ជា​ស្ដេច​នៃ​សាឡិម ជា​បូជាចារ្យ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ទ្រង់​បាន​ទទួល​អ័ប្រាហាំ​ដែល​កំពុង​ធ្វើដំណើរ​ត្រឡប់មក​ពី​វាយកម្ទេច​ពួក​ស្ដេច​នានា ហើយ​ឲ្យពរ​លោក នោះ​អ័ប្រាហាំ​ក៏​យក​មួយភាគដប់ ពី​របស់​ទាំងអស់​ដែលលោកវាយយកបាន ថ្វាយ ​ម៉ិលគីស្សាដែក​ដែរ​។ ឈ្មោះ “​ម៉ិលគីស្សាដែក​” ទីមួយ​មានអត្ថន័យប្រែថា “​ស្ដេច​នៃ​សេចក្ដីសុចរិតយុត្តិធម៌​” ទីពីរ​គឺ “​ស្ដេច​នៃ​សាឡិម​” ដែរ ដែល​មានន័យថា “​ស្ដេច​នៃ​សន្តិភាព​”​។ ទ្រង់​គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មាន​ថ្ងៃ​ចាប់កំណើត ឬ​ថ្ងៃ​ចុងបញ្ចប់​នៃ​ជីវិត​ដែរ ទ្រង់​ដូចជា​ព្រះបុត្រារបស់ព្រះ គឺ​នៅបន្ត​ជា​បូជាចារ្យ​ជារៀងរហូត​។ ចូរ​ពិចារណា​មើល៍​! តើ​ទ្រង់​ធំយ៉ាងណា បានជា​អ័ប្រាហាំ​ជា​បុព្វបុរស​យក​មួយភាគដប់ ពី​ជ័យភណ្ឌ​ថ្វាយ​ដល់ទ្រង់​។ រីឯ​កូនចៅ​របស់​លេវី​ដែល​ទទួល​មុខងារជាបូជាចារ្យ បាន​ទទួលបញ្ជា​ឲ្យ​យកតង្វាយមួយភាគដប់ ពី​ប្រជាជន ស្របតាម​ក្រឹត្យវិន័យ គឺ​ពី​បងប្អូនរួមជាតិ​របស់​ខ្លួន ទោះបីជា​ខ្លួនឯង​ក៏​មក​ពី​ពូជពង្ស ​របស់​អ័ប្រាហាំ​ក៏ដោយ​។ យ៉ាងណាមិញ ទ្រង់​នេះ​ដែល​មិន​ជាប់សាច់ឈាម​ជាមួយ​កូនចៅរបស់លេវី បាន​ទទួលតង្វាយមួយភាគដប់ ពី​អ័ប្រាហាំ ព្រមទាំង​បាន​ឲ្យពរ​លោក​ដែល​មាន​សេចក្ដីសន្យា​។ តាមពិត វា​ជាការប្រកែកមិនបាន​ដែលថា អ្នក​ដែល​តូចជាង តែងតែ​ទទួលពរ​ពី​អ្នក​ដែល​ធំជាង​។ ក្នុងករណីនេះ មនុស្ស​ដែល​រមែងតែងតែ​ស្លាប់​ជា​អ្នក​យក​តង្វាយមួយភាគដប់ រីឯ​ក្នុងករណីនោះ​វិញ ទ្រង់​ត្រូវបាន​ធ្វើបន្ទាល់​ថា​មានព្រះជន្មរស់​។ អាចនិយាយបានថា សូម្បីតែ​លេវី​ដែលជា​អ្នក​យក​តង្វាយមួយភាគដប់ ក៏​ថ្វាយតង្វាយមួយភាគដប់​តាមរយៈ​អ័ប្រាហាំ​ដែរ ដ្បិត​កាល​ម៉ិលគីស្សាដែក​បាន​ទទួល​អ័ប្រាហាំ ‍លេវី​នៅតែ​នៅ​ក្នុង​រូបកាយ ​របស់​ដូនតា​គាត់​នៅឡើយ​។ ដោយហេតុនេះ ប្រសិនបើ​អាច​ដល់​ភាពគ្រប់លក្ខណ៍​បាន តាមរយៈ​មុខងារជាបូជាចារ្យ​ខាងពួកលេវី​មែន​——​ដ្បិត​នៅក្រោម​មុខងារនេះឯង ដែល​ប្រជាជន​បាន​ទទួលក្រឹត្យវិន័យ​——​ចុះ​នៅតែ​មាន​តម្រូវការ​អ្វី​ឲ្យ​បូជាចារ្យ​មួយទៀត​លេចឡើង​ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក គឺ​មិនមែន​ហៅថា​បូជាចារ្យ​ក្នុង​លំដាប់ថ្នាក់​របស់​អើរ៉ុន​វិញ​? ដ្បិត​កាលណា​មុខងារជាបូជាចារ្យ​ត្រូវបាន​ផ្លាស់ប្ដូរ នោះក៏​ត្រូវតែ​មាន​ការផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​ដែរ​។ តាមពិត ព្រះអង្គ​ដែល​សេចក្ដីទាំងនេះ​ត្រូវបាន​ថ្លែងមក​នោះ មកពី​កុលសម្ព័ន្ធ​ផ្សេងទៀត ដែល​គ្មានអ្នកណា​ពី​កុលសម្ព័ន្ធនោះ​ធ្លាប់​ធ្វើការបម្រើ​នៅ​អាសនា​ឡើយ​។ ពោលគឺ ជា​ការ​ជាក់ច្បាស់​ដែល​ព្រះអម្ចាស់​របស់យើង​បាន​លេចឡើង​ពី​កុលសម្ព័ន្ធ ​យូដា ជាកុលសម្ព័ន្ធ​ដែល​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទងនឹង​បូជាចារ្យ ​ឡើយ​។ ការនេះ​រឹតតែ​ច្បាស់​ទៅទៀត ប្រសិនបើ​មាន​បូជាចារ្យ​ម្នាក់​ផ្សេងទៀត​លេចឡើង​ក្នុង​ដំណូច​ដូច​ម៉ិលគីស្សាដែក ដោយ​ធ្វើជា​បូជាចារ្យ​មិនមែន​ស្របតាម​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ខាងសាច់ឈាម​នោះ​ទេ គឺ​ស្របតាម​អំណាច​នៃ​ជីវិត​ដែលមិនអាចបំផ្លាញបាន ដ្បិត​ព្រះអង្គ​ត្រូវបាន​ធ្វើបន្ទាល់​ថា​: “ អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​”​។ មួយវិញទៀត បទបញ្ជា​ពីមុន​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ពីព្រោះ​វា​ខ្សោយ ហើយ​ឥតប្រយោជន៍ ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។ ការនេះគឺ​មិនមែន​ដោយគ្មាន​ការស្បថធានា​ពីព្រះ ​ឡើយ​។ តាមពិត អ្នក​ដែល​ធ្វើជា​បូជាចារ្យ គ្មាន​ការស្បថធានា​មែន រីឯ​ព្រះយេស៊ូវ ​វិញ បានធ្វើជាបូជាចារ្យ​ដោយមាន​ការស្បថធានា​ពី​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​: “​ព្រះអម្ចាស់​បាន​ស្បថ ហើយ​មិន​ស្ដាយក្រោយ​ទេ គឺ ‘​អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ’​”​។ ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។ មាន​មនុស្ស​ជាច្រើន​ធ្វើជា​បូជាចារ្យ​តៗគ្នា ពីព្រោះ​សេចក្ដីស្លាប់​បាន​រារាំង​មិនឲ្យ​បន្ត​ធ្វើជាបូជាចារ្យឡើយ ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។ ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។ មហាបូជាចារ្យ​បែបនេះ​ហើយ ដែល​ស័ក្ដិសម​សម្រាប់​យើង គឺ​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែល​ញែកចេញ​ពី​មនុស្សបាប ហើយ​ត្រឡប់ជា​ខ្ពស់​ជាង​មេឃ​ទៅទៀត​។ ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀងរាល់ថ្ងៃ​ដូច​មហាបូជាចារ្យ​ឯទៀត​ដែល​ត្រូវថ្វាយយញ្ញបូជា​សម្រាប់​បាប​របស់ខ្លួន​ជាមុន រួចមក​ទើបថ្វាយយញ្ញបូជាសម្រាប់បាប​របស់​ប្រជាជន​វិញ​នោះ​ទេ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការនេះ​ម្ដងជាសម្រេច កាល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​។ ក្រឹត្យវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាពខ្សោយ​ជា​មហាបូជាចារ្យ ប៉ុន្តែ​ព្រះបន្ទូល​នៃ​សម្បថធានា​ដែល​មកក្រោយ​ក្រឹត្យវិន័យ តែងតាំង​ព្រះបុត្រា​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ជារៀងរហូត​៕ ចំណុចសំខាន់​នៃ​សេចក្ដី​ដែល​យើង​បាន​រៀបរាប់​នេះគឺ យើង​មាន​មហាបូជាចារ្យ​បែបនេះ​ដែល​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានសួគ៌ ជា​អ្នកបម្រើការងារ​ក្នុង​ទីវិសុទ្ធ និង​ក្នុង​ព្រះពន្លា​ពិត​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិនមែន​មនុស្ស​ដំឡើង​ទេ​។ មហាបូជាចារ្យ‍គ្រប់រូប​ត្រូវបាន​តែងតាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញបូជា ដូច្នេះ​ព្រះអង្គនេះ​ក៏​ត្រូវតែ​មាន​អ្វីមួយ​ថ្វាយ​ដែរ។ ដោយហេតុនេះ ប្រសិនបើ​ព្រះអង្គ​គង់នៅ​ផែនដី ព្រះអង្គ​នឹង​មិន​អាច​ធ្វើជា​បូជាចារ្យ​បាន​ឡើយ ដោយសារ​មាន​ពួកបូជាចារ្យ ​ដែល​ថ្វាយ​តង្វាយ​ស្របតាម​ក្រឹត្យវិន័យ​ស្រាប់ហើយ​។ អ្វីដែល​ពួកបូជាចារ្យទាំងនោះ​បម្រើ ជា​និមិត្តរូប និង​ជា​ស្រមោល​នៃស្ថានសួគ៌ ដូចដែល​នៅពេល​រៀបនឹង​បង្ហើយ​ការសង់​ព្រះពន្លា ម៉ូសេ​ត្រូវព្រះដាស់តឿន​ថា​: “​ត្រូវប្រាកដថា អ្នក​នឹង​ធ្វើ​សព្វគ្រប់ទាំងអស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅលើ​ភ្នំ​”​។ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ទទួល​ការងារបម្រើ​ដ៏ថ្លៃថ្នូរជាង ដោយព្រោះ​ព្រះអង្គ​ជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែល​បាន​តាំងឡើង​នៅលើ​សេចក្ដីសន្យា​ដ៏ប្រសើរជាង​។ ជាការពិត ប្រសិនបើ​សម្ពន្ធមេត្រី ​ទីមួយ​ឥតកន្លែងបន្ទោសបាន នោះ​មិនចាំបាច់​រក​សម្ពន្ធមេត្រី​ទីពីរ​ទេ ដ្បិត​ព្រះ ​បាន​ចាប់កំហុស​ពួកគេ​ដោយ​មានបន្ទូលថា​: “​ព្រះអម្ចាស់​មានបន្ទូលថា មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​យើង​នឹង​តាំង​សម្ពន្ធមេត្រី​ថ្មី ជាមួយ​ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​។ សម្ពន្ធមេត្រីនេះ ​ មិន​ដូច​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ នៅ​គ្រា​ដែល​យើង​បាន​ដឹក​ដៃ​ដូនតាទាំងនោះ នាំចេញ​ពី​ដែនដី​អេហ្ស៊ីប​នោះ​ទេ​។ ដោយព្រោះ​ពួកគេ​មិន​បាន​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង នោះយើងក៏​ធ្វើព្រងើយ​នឹង​ពួកគេ​ដែរ​——​នេះជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ​។ ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។ ពួកគេ​ម្នាក់ៗ​មិន​ចាំបាច់​បង្រៀន​ជនរួមជាតិ ​ និង​បងប្អូន​រៀងៗខ្លួន​សោះឡើយ​ថា​: ‘​ចូរ​ស្គាល់​ព្រះអម្ចាស់​’ ដោយព្រោះ​ពួកគេ​ទាំងអស់គ្នា​នឹង​ស្គាល់​យើង តាំងពី​អ្នកតូច រហូតដល់​អ្នកធំ និង​ដោយព្រោះ​យើង​នឹង​ប្រោសប្រណី​ដល់​សេចក្ដីទុច្ចរិត​របស់​ពួកគេ ហើយ​យើង​នឹង​មិន​នឹកចាំ​បាប របស់​ពួកគេ​ទៀត​ជាដាច់ខាត​”​។ ដោយ​ព្រះ ​មានបន្ទូលថា “​សម្ពន្ធមេត្រី ថ្មី​” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕ ដោយហេតុនេះ សម្ពន្ធមេត្រី ​ទីមួយ មាន​ទាំង​បទបញ្ជា​នៃ​ការបម្រើ និង​ទីវិសុទ្ធ​ខាងផែនដី​ដែរ​។ ដ្បិត​ព្រះពន្លា​ត្រូវបាន​ដំឡើង ហើយ​នៅ​ផ្នែក​ទីមួយ​ដែល​ហៅថា​ទីវិសុទ្ធ មាន​ជើងចង្កៀង តុ និង​នំប៉័ងតាំងថ្វាយ​; នៅ​ខាងក្រោយ​វាំងនន​ទីពីរ​នៃ​ព្រះពន្លា មាន​ផ្នែក​ដែល​ហៅថា​ទីវិសុទ្ធបំផុត មាន​អាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និង​ហិប​នៃ​សម្ពន្ធមេត្រី​ដែល​ស្រោប​មាស​ជុំវិញទាំងអស់​; ក្នុង​ហិបនោះ មាន​ក្រឡ​មាស​មួយ​ដាក់​ម៉ាណា ព្រមទាំង​មាន​ឈើច្រត់​របស់​អើរ៉ុន​ដែល​ចេញពន្លក និង​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​; នៅលើ​ហិបនៃសម្ពន្ធមេត្រី មាន​ចេរ៉ូប៊ីន​នៃ​សិរីរុងរឿង​បាំងពីលើ​ទីសណ្ដោសប្រោស​។ យ៉ាងណាក៏ដោយ យើង​មិន​អាច​រៀបរាប់​ល្អិតល្អន់​អំពី​រឿងទាំងនេះ នៅឥឡូវនេះ​បាន​ទេ​។ នៅពេល​របស់​ទាំងនេះ​ត្រូវបាន​រៀបចំ​ដូច្នេះ ពួក​បូជាចារ្យ​ក៏​តែងតែ​ចូលទៅ​ក្នុង​ផ្នែក​ទីមួយ​នៃ​ព្រះពន្លា ដើម្បី​បំពេញ​ការងារបម្រើ​។ រីឯ​ផ្នែក​ទីពីរ​វិញ មាន​តែ​មហាបូជាចារ្យ​ប៉ុណ្ណោះ​ដែលអាច​ចូលទៅ​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង គឺ​មិនមែន​ដោយគ្មាន​ឈាម​ទេ​; ឈាមនោះ​ថ្វាយ​សម្រាប់​ខ្លួនលោក និង​សម្រាប់​បាបដែល​ប្រជាជន​បាន​ប្រព្រឹត្តដោយគ្មានចេតនា​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​បញ្ជាក់​ការនេះ​ថា ផ្លូវ​ចូលទៅក្នុង​ទីវិសុទ្ធបំផុត​មិនទាន់​ត្រូវបាន​សម្ដែង ដរាបណា​ព្រះពន្លា​ទីមួយ​នៅតែ​នៅស្ថិតស្ថេរ​នៅឡើយ​។ ព្រះពន្លានេះ​ជា​និមិត្តរូប​សម្រាប់​សម័យ​បច្ចុប្បន្ននេះ ដែល​បញ្ជាក់ថា​តង្វាយ និង​យញ្ញបូជា​ដែល​ត្រូវបាន​ថ្វាយ​ជានិច្ច មិនអាច​ធ្វើឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​ថ្វាយបង្គំ​គ្រប់លក្ខណ៍​បានឡើយ ពីព្រោះរបស់ទាំងនោះ​ទាក់ទងនឹង​អាហារ គ្រឿងផឹក និង​ពិធីលាងសម្អាត​ផ្សេងៗ​តែប៉ុណ្ណោះ ជា​បទបញ្ជា​ខាងសាច់ឈាម​ដែល​គេ​អនុវត្ត រហូតដល់​ពេល​នៃ​ការកែទម្រង់​។ យ៉ាងណាមិញ ព្រះ​គ្រីស្ទ​បាន​យាង​មក ធ្វើជា​មហាបូជាចារ្យ​នៃ‍សេចក្ដី​ល្អ​ដែល​មកដល់​ហើយ តាមរយៈ​ព្រះពន្លា​ដ៏ប្រសើរជាង និង​គ្រប់លក្ខណ៍​ជាង ដែល​មិនមែន​ធ្វើដោយដៃមនុស្ស​ទេ ពោលគឺ​ខុសពី​ពិភពលោក​នេះ​ដែលត្រូវបានបង្កើត​។ ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ម្ដងជាសម្រេច ទាំង​ធ្វើឲ្យសម្រេច​នូវ​ការប្រោសលោះ​ដ៏អស់កល្បជានិច្ច មិនមែន​ដោយ​ឈាម​ពពែ ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​ព្រះលោហិត​របស់អង្គទ្រង់ផ្ទាល់​។ ជាការពិត ប្រសិនបើ​ការ​ប្រោះ​ឈាម​របស់​ពពែ គោឈ្មោល និង​ផេះ​គោក្រមុំ លើ​មនុស្ស​សៅហ្មង អាច​ញែក​គេ​ជាវិសុទ្ធ​ឲ្យមាន​ភាពបរិសុទ្ធ​ខាងសាច់ឈាម​បានទៅហើយ ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា ​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​! ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។ ដ្បិត​ទីណាដែល​មាន​បណ្ដាំមរតក ទីនោះ​ត្រូវតែ​មានការបញ្ជាក់​ថា​អ្នក​ដែល​ធ្វើបណ្ដាំ​នោះ​បាន​ស្លាប់​ហើយ​។ ជាការពិត បណ្ដាំមរតក ​យកជាការបាន​ពេលណាដែលគេ​ស្លាប់ ពីព្រោះ​ដរាបណា​អ្នក​ធ្វើបណ្ដាំ​នៅរស់ ពាក្យបណ្ដាំនោះ​គ្មាន​សុពលភាព​ឡើយ​។ ដូច្នេះ សូម្បីតែ​សម្ពន្ធមេត្រី​ទីមួយ​ក៏មិន​អាច​យកជាការបាន​ដោយគ្មាន​ឈាម​ដែរ​។ ពោលគឺ កាល​អស់ទាំង​បទបញ្ជា​ត្រូវបាន​ប្រកាស​ដោយ​ម៉ូសេ​ដល់​ប្រជាជន​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ លោក​បាន​យក​ឈាម​កូនគោ និង​ឈាម​ពពែ ព្រមទាំង​ទឹក រោមចៀម​ពណ៌ក្រហមឆ្អៅ និង​មែកហ៊ីសុប ហើយ​ប្រោះ​លើ​ទាំង​ក្រាំង​នោះ​ផ្ទាល់ ទាំង​លើ​ប្រជាជន​ទាំងអស់ ដោយ​និយាយថា‍៖ “​នេះ​ជា​ឈាម​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​បង្គាប់​ដល់​អ្នករាល់គ្នា​”។ បន្ទាប់មក លោក​បាន​ប្រោះ​ឈាម​លើ​ព្រះពន្លា និង​ភាជនៈ​ទាំងអស់​សម្រាប់​ការបម្រើ ដោយរបៀប‍ដូចគ្នា​។ តាម​ក្រឹត្យវិន័យ អ្វីៗ​ស្ទើរតែ​ទាំងអស់​ជម្រះ​ដោយ​ឈាម​បាន ហើយ​បើគ្មាន​ការបង្ហូរឈាម ក៏​គ្មាន​ការលើកលែងទោស​ដែរ​។ ដូច្នេះ ត្រូវតែ​ជម្រះ​និមិត្តរូប​អំពី​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​ដោយ​យញ្ញបូជា ​ទាំងនេះ រីឯ​អ្វីៗ​នៃស្ថានសួគ៌​ផ្ទាល់ ត្រូវតែជម្រះ​ដោយ​យញ្ញបូជា​ដ៏ប្រសើរ​ជាង​នេះ​ទៅទៀត​។ ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។ ព្រះអង្គ​មិនមែន​ថ្វាយ​អង្គទ្រង់​ជាច្រើនលើកច្រើនសា ដូចដែល​មហាបូជាចារ្យ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ជារៀងរាល់ឆ្នាំ ដោយ​យក​ឈាម​ដែលមិនមែនជារបស់ខ្លួន​នោះ​ទេ បើមិនដូច្នោះទេ ព្រះអង្គ​ត្រូវតែ​រងទុក្ខ​ជាច្រើនលើកច្រើនសា តាំងពី​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ​។ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​លេចមក​តែម្ដងគត់​នៅ​គ្រាចុងបញ្ចប់ ដើម្បី​ដកយក​បាប​ចេញ​តាមរយៈ​យញ្ញបូជា គឺ​អង្គទ្រង់​។ ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕ ដោយព្រោះ​ក្រឹត្យវិន័យ​ជា​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​រៀបនឹងមក គឺ​មិនមែន​ជា​រូប​ពិត​នៃ​សេចក្ដី​ទាំងនោះ​ទេ យញ្ញបូជា​ដដែល​ៗ​ដែល​គេ​ថ្វាយ​ឥតឈប់ឈរ​ជារៀងរាល់ឆ្នាំ​នោះ មិន​អាច​ធ្វើឲ្យ​អ្នក​ដែល​ចូលមកជិត​គ្រប់លក្ខណ៍​បាន​ឡើយ​។ បើមិនដូច្នោះទេ តើ​ពួកគេ​មិន​ឈប់​ថ្វាយ​យញ្ញបូជា​ទេ​ឬ​? ដ្បិត​អ្នក​ដែល​ថ្វាយបង្គំ​ត្រូវបាន​ជម្រះ​ម្ដង​ហើយ គឺ​លែង​មាន​ការដឹងខ្លួន​អំពី​បាប​ទៀត​ហើយ​។ ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះ​ធ្វើឲ្យនឹកឃើញ​អំពី​បាប​ជារៀងរាល់ឆ្នាំ ដ្បិត​ឈាម​គោឈ្មោល និង​ឈាម​ពពែ មិនអាច​ដកយក​បាប​ចេញ​បាន​ឡើយ​។ ដូច្នេះ កាល​ព្រះគ្រីស្ទ​យាង​ចូលមក​ក្នុង​ពិភពលោក ព្រះអង្គ​មានបន្ទូលថា​‍: “​ព្រះអង្គ​មិន​ចង់បាន​យញ្ញបូជា និង​តង្វាយ​ទេ គឺ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ទូលបង្គំ​វិញ​។ ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​តង្វាយដុត ‍និង​តង្វាយលោះបាប​ទេ ដូច្នេះ ទូលបង្គំ​ទូលថា​: ‘​មើល៍! ទូលបង្គំ​មកដល់​ហើយ​! នៅក្នុង​ក្រាំង​គម្ពីរ​មាន​សរសេរ​ទុកមក​អំពី​ទូលបង្គំ​ហើយ​។ ឱ​ព្រះ​អើយ​! ទូលបង្គំមក​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!​’​”​។ ក្នុង​ឃ្លា​ខាងលើ ព្រះអង្គ​មានបន្ទូល​ថា ព្រះអង្គ​មិន​ចង់បាន ហើយមិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា តង្វាយ តង្វាយដុត និង​តង្វាយលោះបាប​នោះ​ទេ ទោះបីជា​យញ្ញបូជាទាំងនោះ​ត្រូវបាន​ថ្វាយ​ស្របតាម​ក្រឹត្យវិន័យ​ក៏ដោយ​។ បន្ទាប់មក ព្រះអង្គ​មានបន្ទូល​ទៀត​ថា​: “​មើល៍! ​ ទូលបង្គំ​មក​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​!​”​។ ព្រះ​បាន​លុបបំបាត់​របៀប​ដំបូង ដើម្បី​តាំងឡើង​នូវ​របៀប​ក្រោយ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​នេះឯង ដែល​យើង​ត្រូវបាន​ញែកជាវិសុទ្ធ​ម្ដងជាសម្រេច តាមរយៈ​តង្វាយ​នៃ​ព្រះកាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ អស់ទាំង​បូជាចារ្យ​ឈរ​បំពេញ​មុខងារ​ជា​រៀងរាល់ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែល​ៗ​ជាច្រើនលើកច្រើនសា ប៉ុន្តែ​យញ្ញបូជាទាំងនោះ​មិន​អាច​ដកយក​បាប​ចេញ​បាន​ឡើយ រីឯ​ព្រះអង្គនេះ​វិញ ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​ដ៏អស់កល្បជានិច្ច​មួយ​សម្រាប់​បាប ក៏​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ ហើយ​តាំងពីពេលនោះមក ព្រះអង្គ​ក៏​រង់ចាំ​រហូតដល់​ពួក​ខ្មាំងសត្រូវ​របស់​ព្រះអង្គ ត្រូវបាន​ធ្វើឲ្យទៅជា​កំណល់​ព្រះបាទា​របស់​ព្រះអង្គ​។ ជាការពិត ព្រះអង្គ​បាន​ធ្វើឲ្យ​ពួក​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​គ្រប់លក្ខណ៍​ជារៀងរហូត ដោយ​តង្វាយ​តែ​មួយ​គត់​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​ធ្វើបន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយពី​ព្រះអង្គ​មានបន្ទូល ​ដូច្នេះ​ថា​: “​ព្រះអម្ចាស់​មានបន្ទូលថា​: ‘​ក្រោយពី​គ្រានោះ យើង​នឹង​តាំង​សម្ពន្ធមេត្រី​នេះ​ជាមួយ​ពួកគេ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ចារឹក​ក្រឹត្យវិន័យនោះ​ក្នុង​គំនិត​របស់​ពួកគេ​’​” ព្រះអង្គ​ក៏​មានបន្ទូលទៀតថា​: “​យើង​នឹង​មិន​នឹកចាំ​បាប​របស់​ពួកគេ និង​ការឥតច្បាប់​របស់​ពួកគេ​ទៀត​ជាដាច់ខាត​” ដូច្នេះ ទីណាដែល​មាន​ការលើកលែងទោស​បាបទាំងនេះ ទីនោះ​លែង​មាន​តង្វាយ​សម្រាប់​បាប​ទៀត​ហើយ​។ ដោយហេតុនេះ បងប្អូន​អើយ យើង​មាន​ភាពក្លាហាន​នឹង​ចូលទៅ​ក្នុង​ទីវិសុទ្ធបំផុត ដោយសារតែ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​។ ព្រះអង្គ​បាន​បើក​ផ្លូវ​ថ្មី​ដ៏​រស់​មួយ​សម្រាប់​យើង​តាមរយៈ​វាំងនន​ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​។ ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ ហើយ​ដោយ​ចិត្ត​របស់យើង​ត្រូវបាន​ប្រោះ​សម្អាត​ដោយឈាម ពី​សតិសម្បជញ្ញៈ​សៅហ្មង ព្រមទាំង​រូបកាយ​ត្រូវបាន​លាង​ដោយ​ទឹក​បរិសុទ្ធ ដូច្នេះ​ចូរឲ្យ​យើង​ចូលទៅជិត​ដោយ​ចិត្ត​ពិតត្រង់ និង​ដោយ​ជំនឿ​ដែល​ជឿអស់ពីចិត្ត​។ ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។ ចូរឲ្យ​យើង​យកចិត្តទុកដាក់​នឹង​គ្នាទៅវិញទៅមក ដើម្បី​ជំរុញទឹកចិត្ត​ឲ្យចេះ​ស្រឡាញ់ និង​ប្រព្រឹត្ត​ការល្អ​។ កុំ​បោះបង់ចោល​ការជួបជុំ​របស់​យើង ដូចដែល​អ្នកខ្លះ​មាន​ទម្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​។ ដោយ​អ្នករាល់គ្នា​ឃើញថា​ថ្ងៃ​នោះ ​ជិតមកដល់​ហើយ នោះ​ចូរធ្វើ​ដូច្នេះ​កាន់តែខ្លាំងឡើង​ចុះ​។ ជាការពិត ក្រោយពី​ទទួល​ចំណេះដឹង​នៃ‍សេចក្ដីពិត​ហើយ ប្រសិនបើ​យើង​បន្ត​ប្រព្រឹត្តបាប​ដោយចេតនា នោះ​លែង​មាន​យញ្ញបូជា​សម្រាប់​បាប​នៅសល់​ទៀតឡើយ គឺ​មានតែ​ការរំពឹង​ដ៏គួរឲ្យភ័យខ្លាច​អំពី​ការជំនុំជម្រះ និង​ភ្លើង​នៃ​ព្រះពិរោធ​ដែល​រៀបនឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ ដែលនៅសល់​។ អ្នកណា​ដែល​បដិសេធ​ក្រឹត្យវិន័យ​របស់​ម៉ូសេ នឹង​ស្លាប់​ដោយឥតត្រាប្រណី ដោយយោងតាម​ពាក្យបន្ទាល់​របស់​សាក្សី​ពីរ ឬ​បី​នាក់​។ ចុះ​អ្នករាល់គ្នា​គិតថា អ្នក​ដែល​ជាន់ឈ្លី​ព្រះបុត្រារបស់ព្រះ ហើយ​ចាត់ទុក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ខ្លួន​ត្រូវបាន​ញែកជាវិសុទ្ធ​នោះ​ថា​មិនបរិសុទ្ធ ថែមទាំង​បង្អាប់បង្អោន​ព្រះវិញ្ញាណ​នៃ​ព្រះគុណ តើ​អ្នកនោះ​សមតែ​ទទួល​ទោស​ធ្ងន់ជាង​ជា​យ៉ាងណាទៅ​! ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ដែល​មានបន្ទូលថា​: “​ការដាក់ទោសសងសឹក​ជារបស់​យើង យើង​នឹង​តបសង​វិញ ” ហើយ​ព្រះអង្គមានបន្ទូល​ទៀត​ថា​: “​ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​”​។ ការ​ធ្លាក់​ទៅក្នុង​កណ្ដាប់ព្រះហស្ត​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​ការ​គួរឲ្យភ័យខ្លាច​ណាស់​។ រីឯ​អ្នករាល់គ្នា​វិញ ចូរ​នឹកចាំ​អំពី​គ្រា​ដំបូង គឺក្រោយពី​ត្រូវបាន​បំភ្លឺ អ្នករាល់គ្នា​បាន​ស៊ូទ្រាំ​នឹង​ការតយុទ្ធ​នៃ​ទុក្ខលំបាក​ជាច្រើន ជួនកាល​ត្រូវគេ​ត្មះតិះដៀល និង​ធ្វើទុក្ខ​ជាសាធារណៈ ជួនកាល​បាន​ក្លាយជា​ដៃគូ​ជាមួយ​អ្នក​ដែល​រងអំពើ​ដូច្នោះដែរ​។ ពិតមែនហើយ អ្នករាល់គ្នា​មិនគ្រាន់តែ​អាណិតអាសូរ​អ្នកដែលជាប់ឃុំឃាំង ​ប៉ុណ្ណោះ​ទេ គឺថែមទាំង​សុខចិត្តឲ្យ​គេ​រឹបអូស​អ្វីៗដែល​ខ្លួន​មាន​ដោយ​អំណរ ដោយ​ដឹង​ថា​អ្នករាល់គ្នា​មាន​ទ្រព្យសម្បត្តិ​ដ៏ប្រសើរជាង​នៅស្ថានសួគ៌ ហើយ​នៅគង់វង្ស​ទៀតផង​។ ដូច្នេះ កុំ​បោះបង់ចោល​ការជឿជាក់​របស់អ្នករាល់គ្នា​ឡើយ ការជឿជាក់នោះ​នាំមក​នូវ​រង្វាន់​ដ៏ធំ​។ តាមពិត អ្នករាល់គ្នា​ត្រូវតែ​មាន​ចិត្តស៊ូទ្រាំ ដើម្បី​បាន​ទទួល​សេចក្ដីសន្យា​ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។ ជាការពិត នៅតែ​បន្តិចទៀត “​ព្រះអង្គ​ដែល​ត្រូវ​យាង​មក នឹង​យាង​មកដល់ ព្រះអង្គ​នឹង​មិន​បង្អង់​ឡើយ​។ រីឯ​មនុស្ស​សុចរិត​របស់យើង​នឹង​រស់​ដោយ​ជំនឿ ហើយ​ប្រសិនបើ​អ្នកនោះ​ដកខ្លួនថយ ព្រលឹង​របស់យើង​មិន​ពេញចិត្ត​នឹង​គាត់​ឡើយ​”​។ ប៉ុន្តែ​យើង​មិនមែន​ជា​មនុស្សដែលដកខ្លួនថយ ហើយ​វិនាស​នោះ​ទេ គឺ​យើងជាមនុស្សដែលមាន​ជំនឿ ហើយ​រក្សា​ព្រលឹង ​របស់ខ្លួន​វិញ​៕ ជំនឿ​គឺជា​ការទុកចិត្ត​លើ​អ្វីដែល​បាន​សង្ឃឹម និង​ជា​ការជឿជាក់​លើ​អ្វីដែល​មើលមិនឃើញ​។ ដោយសារតែ​ជំនឿនេះ មនុស្ស​ចាស់បុរាណ​ត្រូវបាន​ទទួលស្គាល់​។ ដោយសារតែ​ជំនឿ យើង​យល់​ថា​សាកលលោក​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះ ដូច្នេះ​យើង​យល់​ថា​អ្វីៗ​ដែល​មើលឃើញ មិនមែន​កើតមក​ពី​អ្វីៗ​ដែល​មើលឃើញ​នោះ​ទេ​។ ដោយសារតែ​ជំនឿ អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ជា​យញ្ញបូជា​ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​កាអ៊ីន ហើយ​ដោយសារតែ​ជំនឿនោះឯង លោក​ត្រូវបាន​ទទួលស្គាល់​ថា​ជា​មនុស្ស​សុចរិត ដោយព្រោះ​ព្រះ​ទទួលស្គាល់​តង្វាយ​របស់​លោក​។ ទោះបីជា​លោក​បាន​ស្លាប់​ហើយ​ក៏ដោយ ក៏​លោក​នៅតែ​និយាយ​នៅឡើយ តាមរយៈ​ជំនឿ​។ ដោយសារតែ​ជំនឿ ហេណុក​ត្រូវបាន​ទទួលឡើង ដើម្បី​កុំឲ្យ​ជួប​សេចក្ដីស្លាប់​ឡើយ ហើយ គេ​រក​លោក​មិនឃើញ ពីព្រោះ​ព្រះ​បាន​ទទួលយក​លោក​។ ជាការពិត មុនពេល​លោកត្រូវបាន​ទទួលឡើង​ទៅ លោក​ត្រូវ‍បាន​ទទួលស្គាល់​ថា​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ បើគ្មាន​ជំនឿ នោះ​មិនអាច​គាប់ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ដែល​ចូលទៅជិត​ព្រះ ត្រូវតែ​ជឿ​ថា​ព្រះ​មាននៅ​មែន ព្រមទាំង​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទានរង្វាន់​ដល់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ​។ ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។ ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។ ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ ដ្បិត​លោក​បាន​រង់ចាំ​ទីក្រុង​មួយ​ដែល​មាន​គ្រឹះ ដែល​ព្រះ​ជា​អ្នកគូរប្លង់ និង​ជា​អ្នកសាងសង់​។ ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។ ដូច្នេះ ពី​មនុស្ស​ម្នាក់​ដែល​ហាក់ដូចជា​ស្លាប់​ហើយ មាន​មនុស្សជាច្រើន​កើតមក ដែល​ច្រើនសន្ធឹក​ដូច​ផ្កាយ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់មិនអស់​។ អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។ ជាការពិត អ្នក​ដែល​និយាយ​ដូច្នេះ​បញ្ជាក់​ថា គេ​កំពុងតែ​ខំស្វែងរក​ស្រុកកំណើត​មួយ​។ ប្រសិនបើ​ពួកគេ​បាន​នឹក​ស្រុក​ដែល​ខ្លួន​ចាកចេញមក ម្ល៉េះសម​ពួកគេ​មាន​ឱកាស​ត្រឡប់ទៅវិញ​បាន ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។ ដោយសារតែ​ជំនឿ អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក កាល​លោក​ត្រូវបាន​ល្បងល គឺ​លោកនេះ​ដែល​ទទួល​សេចក្ដីសន្យា បម្រុងនឹង​ថ្វាយ​កូនប្រុស​តែមួយ​របស់លោក​។ ចំពោះ​កូននោះ មាន​ចែង​ទុកមក​ថា​: “​អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក​”។ លោក​យល់ឃើញ​ថា ព្រះ​អាច​លើក​មនុស្ស​ឲ្យរស់ឡើងវិញ​បាន សូម្បីតែ​ពីចំណោម​មនុស្សស្លាប់​។ ដូច្នេះ បើ​និយាយក្នុងន័យធៀប លោក​បាន​ទទួល​អ៊ីសាក​មកវិញ​។ ដូចគ្នាដែរ ដោយសារតែ​ជំនឿ អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប និង​អេសាវ ទាក់ទងនឹង​អនាគត​។ ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយ ថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន ។ ដោយសារតែ​ជំនឿ យ៉ូសែប​បាន​លើកឡើង​អំពី​ការគេចចេញ​របស់​កូនចៅ​អ៊ីស្រាអែល កាល​លោក​ជិត​ស្លាប់ ក៏​បង្គាប់​ពួកគេ​អំពី​ឆ្អឹង​របស់​លោក​។ ដោយសារតែ​ជំនឿ កាល​ម៉ូសេ​កើតមក លោក​ត្រូវ​ឪពុកម្ដាយ​លាក់ទុក​បីខែ ពីព្រោះ​ពួកគាត់​ឃើញថា​កូន​នោះ​ស្អាត ហើយ​ពួកគាត់​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ​។ ដោយសារតែ​ជំនឿ ម៉ូសេ​មិនព្រម​ឲ្យ​គេ​ហៅថា​កូន​របស់​បុត្រី​ផារ៉ោន កាល​លោក​ពេញវ័យ​ហើយ​។ លោក​បាន​ជ្រើសរើស​រងទុក្ខជាមួយ​ប្រជារាស្ត្រ​របស់​ព្រះ ជាជាង​មាន​ការសប្បាយ​ខាង​បាប​ដែល​នៅបានតែមួយរយៈ​។ លោក​ចាត់ទុកថា ការត្រូវត្មះតិះដៀល​ដើម្បី​ព្រះ​គ្រីស្ទ ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរជាង​រតនសម្បត្តិ​នៅ​អេហ្ស៊ីប ដ្បិត​លោក​បាន​សម្លឹងមើល​ទៅ​រង្វាន់​នៅអនាគត​។ ដោយសារតែ​ជំនឿ លោក​មិន​ខ្លាច​សេចក្ដីក្រេវក្រោធ​របស់​ស្ដេច ក៏​ចាកចេញ​ពី​អេហ្ស៊ីប​។ លោក​បាន​ស៊ូទ្រាំ​ហាក់ដូចជា​ឃើញ​ព្រះអង្គ​ដែល​មនុស្ស​មើលមិនឃើញ​។ ដោយសារតែ​ជំនឿ លោក​ធ្វើ​ពិធី​បុណ្យរំលង ហើយ​ប្រោះ​ឈាម ដើម្បីកុំឲ្យ​មេបំផ្លាញ​កូនច្បង​បាន​ប៉ះ​ជនជាតិអ៊ីស្រាអែល ​ឡើយ​។ ដោយសារតែ​ជំនឿ ពួកគេ​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ឆ្លងកាត់​លើ​ដីគោក រីឯ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​សាកល្បង ក៏​ត្រូវ​សមុទ្រ​លេប​បាត់ទៅ​។ ដោយសារតែ​ជំនឿ កំពែងក្រុង​យេរីខូរ​បាន​រលំ ដោយ​ត្រូវបាន​ឡោមព័ទ្ធ​ប្រាំពីរ​ថ្ងៃ​។ ដោយសារតែ​ជំនឿ រ៉ាហាប​ស្ត្រីពេស្យា​មិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែល​មិនព្រមជឿ ពីព្រោះ​នាង​បាន​ទទួល​ពួក​អ្នកស៊ើបការណ៍​ដោយ​មេត្រីភាព​។ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត​? ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់ប្រាប់​អំពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និង​បណ្ដា​ព្យាការី​ទេ​។ ដោយសារតែ​ជំនឿ អ្នកទាំងនេះ​បាន​ច្បាំងដណ្ដើមយក​អាណាចក្រ​នានា ធ្វើឲ្យគេអនុវត្តតាម​សេចក្ដីសុចរិតយុត្តិធម៌ ទទួលបាន​សេចក្ដីសន្យា បិទ​មាត់​សិង្ហ ពន្លត់​អំណាច​ភ្លើង រួចផុត​ពី​មុខដាវ ទទួលកម្លាំង​ឲ្យ​ចេញពី​ភាពខ្សោយ បាន​ខ្លាំងពូកែ​ក្នុង​សង្គ្រាម ហើយ​បំបាក់​ទ័ព​បរទេស​។ មាន​ស្ត្រី‍​ខ្លះ​ទទួលបាន​មនុស្សស្លាប់​របស់​ខ្លួន​មកវិញ តាមរយៈ​ការរស់ឡើងវិញ​ទៀតផង​។ រីឯ​អ្នកខ្លះទៀត​បាន​រងទារុណកម្ម ទាំង​មិន​ព្រមទទួល​ការដោះលែង ដើម្បី​ទទួលបាន​ការរស់ឡើងវិញ​ដ៏ប្រសើរជាង​; អ្នក​ខ្លះទៀត​ទទួល​ការសាកល្បង​ដោយ​ការចំអកឡកឡឺយ និង​ការវាយនឹងខ្សែតី​; ខ្លះ​ទៀត​រង​ការជាប់ឃុំឃាំង និង​ការជាប់គុក​; ពួកគេ​ត្រូវគេ​គប់ដុំថ្មសម្លាប់ ត្រូវគេ​អារផ្ដាច់ជាពីរ ត្រូវគេ​សម្លាប់​ដោយ​មុខដាវ ដើរសាត់អណ្ដែត​ដោយ​ស្លៀកពាក់​ស្បែកចៀម និង​ស្បែក​ពពែ រងការខ្វះខាត ត្រូវគេ​សង្កត់សង្កិន និង​ត្រូវគេ​ធ្វើបាប​។ ពិភពលោក​មិន​ស័ក្ដិសម​នឹង​ពួកគេ​ទេ‍។ ពួកគេ​ដើរសាត់អណ្ដែត​តាម​ទីរហោស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ដី​។ អ្នកទាំងនេះ​សុទ្ធតែ​ត្រូវបាន​ទទួលស្គាល់​ដោយសារតែ​ជំនឿ ប៉ុន្តែ​មិន​បាន​ទទួល​អ្វីដែលត្រូវបានសន្យា​នោះ​ឡើយ ដោយព្រោះ​ព្រះ​បាន​រៀបចំ​អ្វីដែល​ប្រសើរជាង​សម្រាប់​យើង ដើម្បីកុំឲ្យ​ពួកគេ​បានគ្រប់លក្ខណ៍​ដោយគ្មាន​យើង​ឡើយ​៕ ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។ តាមពិត អ្នករាល់គ្នា​ត្រូវ​សញ្ជឹងគិត​អំពី​ព្រះអង្គ​ដែល​ស៊ូទ្រាំ​នឹង​ការទាស់ទែង​ដល់ម្ល៉េះ​ពី​មនុស្សបាប​ដែល​ទាស់នឹង​អង្គទ្រង់ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​នឿយហត់ និង​អស់កម្លាំង​ក្នុង​ចិត្ត ​ឡើយ​។ អ្នករាល់គ្នា​មិនទាន់​តយុទ្ធ​ប្រឆាំង​នឹង​បាប រហូតដល់​ហូរ​ឈាម​នៅឡើយទេ​។ តើ​អ្នករាល់គ្នា​ភ្លេច​ហើយ​ឬ ពាក្យលើកទឹកចិត្ត​ដែល​ទូន្មាន​ដល់​អ្នករាល់គ្នា ដូច​ទូន្មាន​កូន​? ដែលថា​: “​កូន​របស់ខ្ញុំ​អើយ កុំ​មើលងាយ​ការប្រៀនប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ ហើយក៏កុំ​ធ្លាក់ទឹកចិត្ត​នៅពេល​ត្រូវ​ព្រះអង្គ​ស្ដីបន្ទោស​ដែរ​។ ដ្បិត​ព្រះអម្ចាស់​ប្រៀនប្រដៅ​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ ព្រះអង្គ​វាយប្រដៅ​អស់ទាំង​កូន​ដែល​ព្រះអង្គ​ទទួលយក​”​។ អ្នករាល់គ្នា​ត្រូវតែ​ស៊ូទ្រាំ​នឹង​ការប្រៀនប្រដៅ ដ្បិត​ព្រះ​កំពុង​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​កូន​។ តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​ប្រៀនប្រដៅ​? ប្រសិនបើ​អ្នករាល់គ្នា​មិនដែលទទួល​ការប្រៀនប្រដៅ​ដែល​មនុស្ស​គ្រប់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ជា​កូន​ឥតខាន់ស្លា ហើយ​មិនមែន​ជា​កូន​ពិត​ទេ​។ មួយវិញទៀត យើង​មាន​ឪពុក​ខាងសាច់ឈាម​ដែលជា​អ្នកប្រៀនប្រដៅ​យើង ហើយ​យើង​នៅតែ​គោរព​គាត់ ចុះ​ព្រះ​បិតា​ខាង​វិញ្ញាណ​វិញ តើ​យើង​មិន​ត្រូវ​ចុះចូល​នឹងព្រះអង្គ​ឲ្យ​រឹតតែខ្លាំង​ទៅទៀត ហើយ​រស់​ទេ‍​ឬ‍​? ឪពុកខាងសាច់ឈាម​ប្រៀនប្រដៅ​យើង​តែ​មួយរយៈ​ប៉ុណ្ណោះ តាមដែល​គាត់​យល់ឃើញថា​ល្អ រីឯ​ព្រះបិតាខាងវិញ្ញាណ​វិញ ព្រះអង្គ​ប្រៀនប្រដៅ​យើង​ដើម្បី​ជាប្រយោជន៍ គឺ​ដើម្បីឲ្យ​យើង​បាន​ទទួលចំណែក​ក្នុង​សេចក្ដីវិសុទ្ធ​របស់​ព្រះអង្គ​។ យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។ ដោយហេតុនេះ ចូរ​តម្រង់​ដៃ​ដែល​រួយ និង​ជង្គង់​ដែល​ទន់​ឲ្យត្រង់ឡើងវិញ​ចុះ​! ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។ ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។ ចូរ​ប្រយ័ត្នប្រយែង កុំឲ្យ​អ្នកណា​ខ្វះមិនដល់​ព្រះគុណ​របស់​ព្រះ​ឡើយ ក៏​កុំឲ្យ​ឫស​នៃ​ជាតិល្វីង​ណា​ដុះ​ឡើង ហើយ​ធ្វើទុក្ខ​គេ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​សៅហ្មង ដោយសារតែ​ការនេះ ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្រោយមក គាត់​ចង់​ទទួល​ពរ​ជាមរតក ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ ហើយ​ទោះបីជា​គាត់​បាន​ស្វែងរក​ពរនោះ​ទាំង​ទឹកភ្នែក​ក៏ដោយ ក៏​រក​ឱកាស​កែប្រែចិត្ត​មិន​បាន​ដែរ​។ អ្នករាល់គ្នា​មិនមែន​ចូលមក‍ដល់ភ្នំ​ដែល​អាច​ពាល់​បាន ដែល​មាន​ភ្លើង​ឆេះ ‍ដែលមាន​ភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ សំឡេង​ត្រែ និង​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះទេ​——​ពួក​អ្នក​ដែល​ឮ​ព្រះសូរសៀងនោះ បាន​សុំ​កុំឲ្យ​មាន​ព្រះបន្ទូល​ដល់​ពួកគេ​ទៀត ដ្បិត​ពួកគេ​ទ្រាំ​នឹង​សេចក្ដី​ដែល​ត្រូវបាន​បង្គាប់​មក​មិនបានទេ ដែលថា​: “​សូម្បីតែ​សត្វព្រៃ​ដែល​ប៉ះ​ភ្នំ​នេះ ក៏​ត្រូវ​គប់ដុំថ្មសម្លាប់ ដែរ​”​។ ទិដ្ឋភាព​នោះ​គួរឲ្យភ័យខ្លាច​មែន បានជា​ម៉ូសេ​និយាយថា​: “​ខ្ញុំ​ញ័ររន្ធត់ ដោយ​ភ័យខ្លាច​យ៉ាងខ្លាំង​”​។ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់ បានមក​ដល់​ក្រុមជំនុំ​នៃ​បណ្ដា​កូនច្បង​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ស្ថានសួគ៌ បានមក​ដល់​ព្រះ​ដែលជា​ចៅក្រម​នៃ​មនុស្ស​ទាំងអស់ បានមក​ដល់​វិញ្ញាណ​របស់​បណ្ដា​មនុស្ស​សុចរិត​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍ បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។ ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​! កាលនោះ ព្រះសូរសៀង​ព្រះអង្គ​បាន​ធ្វើឲ្យ​ផែនដី​រញ្ជួយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​សន្យា​ថា​‍: “​យើង​នឹង​ធ្វើឲ្យរញ្ជួយ​ម្ដងទៀត មិនគ្រាន់តែ​ផែនដី​ប៉ុណ្ណោះទេ គឺ​ទាំង​ផ្ទៃមេឃ​ដែរ​”​។ ពាក្យ “​ម្ដងទៀត​” បញ្ជាក់​អំពី​ការរើចេញ​របស់​អ្វីៗ​ដែល​ត្រូវបាន​ធ្វើឲ្យរញ្ជួយ នោះ​គឺ​អ្វីៗដែល​ត្រូវបាន​បង្កើត​មក ដើម្បីឲ្យ​អ្វីៗ​ដែល​មិនចេះរញ្ជួយ​បាន​នៅសល់​។ ដូច្នេះ ដោយ​យើង​បាន​ទទួល​អាណាចក្រ​ដែល​មិនចេះរញ្ជួយ ចូរឲ្យ​យើង​មាន​ចិត្តដឹងគុណ ដែល​តាមរយៈ​ចិត្តដឹងគុណនេះ យើង​អាច​បម្រើ​ព្រះ​ឲ្យ​គាប់ព្រះហឫទ័យ​ព្រះអង្គ ដោយ​ជំនឿស៊ប់ និង​ការកោតខ្លាច​។ ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕ ចូរឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ជានិច្ច​។ កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។ ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។ ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។ ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍: “​យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត​”។ ដូច្នេះ យើង​អាច​និយាយ​ដោយក្លាហាន​ថា​: “​ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?​”​។ ចូរ​នឹកចាំ​អំពី​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​; ចូរ​សង្កេតមើល​លទ្ធផល​នៃ​របៀបរស់នៅ​របស់​អ្នកទាំងនោះ ទាំង​ត្រាប់តាម​ជំនឿ​របស់​ពួកគាត់​ចុះ​។ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។ កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។ យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។ ជាការពិត ឈាម​របស់​សត្វ​សម្រាប់​លោះ​បាប ត្រូវ​មហាបូជាចារ្យ​យកមក​ក្នុង​ទីវិសុទ្ធ ហើយ​ខ្លួន​របស់​សត្វទាំងនោះ​ត្រូវបាន​ដុតចោល​នៅ​ខាងក្រៅ​ជំរំ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។ ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។ ដ្បិត​នៅ​ទីនេះ យើង​គ្មាន​ទីក្រុង​ដែល​នៅគង់វង្ស​ទេ ប៉ុន្តែ​យើង​កំពុងតែ​ខំស្វែងរក​ទីក្រុង​ដែល​រៀបនឹងមក​។ ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។ កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។ ចូរ​ស្ដាប់បង្គាប់​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ហើយ​ចុះចូល​នឹងពួកគាត់ ដ្បិត​អ្នកទាំងនោះ​តែងតែ​ប្រុងស្មារតី​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា ក្នុងនាមជា​អ្នក​រៀបរាប់ទូល​ជំនួស​អ្នករាល់គ្នា​។ ចូរ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ការនេះ​ដោយ​អំណរ ហើយ​កុំ​ធ្វើឲ្យ​ពួកគាត់​ថ្ងូរ​ឡើយ ដ្បិត​បើ​ធ្វើឲ្យពួកគាត់ថ្ងូរ នោះជា​ការខាតបង់ប្រយោជន៍​ដល់​អ្នករាល់គ្នា​។ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដ្បិត​យើង​ជឿជាក់​ថា យើង​មាន​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ទាំង​ប្រាថ្នាចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់ការទាំងអស់​។ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​អធិស្ឋាន ជាពិសេស​ដើម្បីឲ្យ​ខ្ញុំ​បាន​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។ សូម​ដឹង​ថា ធីម៉ូថេ​បងប្អូន​របស់យើង​ត្រូវបាន​ដោះលែង​ហើយ​។ ប្រសិនបើ​គាត់​អាច​មកដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​គាត់​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អ្នកដឹកនាំ​ទាំងអស់​របស់អ្នករាល់គ្នា និង​វិសុទ្ធជន​ទាំងអស់គ្នា​ផង​។ ពួកបងប្អូន​ដែល​មកពី​អ៊ីតាលី ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! ​៕​៚ ពី​ខ្ញុំ យ៉ាកុប ដែលជា​បាវបម្រើ​របស់​ព្រះ និង​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាបសួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។ បងប្អូន​របស់ខ្ញុំ​អើយ កាលណា​អ្នករាល់គ្នា​ជួបប្រទះ​នឹង​ការសាកល្បង​ផ្សេងៗ ចូរ​ចាត់ទុកថា​ជា​អំណរ​ដ៏ប្រសើរបំផុត ដោយ​ដឹង​ថា ការពិសោធ​ជំនឿ​របស់អ្នករាល់គ្នា​បង្កើត​ការអត់ធ្មត់​។ ក៏ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវឲ្យ​ការអត់ធ្មត់​បង្កើត​ប្រសិទ្ធភាព​គ្រប់លក្ខណ៍ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ពេញវ័យ និង​គ្រប់លក្ខណ៍ ទាំង​មិន​ខ្វះ​ក្នុង​អ្វីមួយឡើយ​។ ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។ យ៉ាងណាមិញ អ្នកនោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ គឺ​ឥត​សង្ស័យ​អ្វីឡើយ ដ្បិត​អ្នក​ដែល​សង្ស័យ ប្រៀបដូចជា​រលក​សមុទ្រ​ដែល​ត្រូវខ្យល់បក់បោក ហើយ​រំជួលចុះឡើង​។ កុំឲ្យ​មនុស្ស​បែបនេះ​គិត​ថា​ខ្លួន​នឹង​ទទួលបាន​អ្វីមួយ​ពី​ព្រះអម្ចាស់​ឡើយ ពីព្រោះគាត់ជា​មនុស្ស​មានចិត្តពីរ ដែលមិនទៀងទាត់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​ខ្លួន​។ ចូរឲ្យ​បងប្អូន​ដែល​តូចទាប មានមោទនភាព​ក្នុង​ការដែល​ខ្លួន​ត្រូវបានលើកតម្កើង រីឯ​អ្នកមាន​វិញ ត្រូវមានមោទនភាព​ក្នុង​ការដែល​ខ្លួន​ត្រូវបានបន្ទាបចុះ ដ្បិត​គេ​នឹង​ផុតទៅ​ដូច​ផ្កា​ស្មៅ​។ កាលណា​ថ្ងៃរះឡើង​ទាំងមាន​ចំហាយក្ដៅ វា​ក៏​ធ្វើឲ្យ​ស្មៅ​ក្រៀមស្វិត ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ រីឯ​សម្រស់​នៃ​រូបរាង​វា​ក៏​បាត់បង់​ទៅ​។ អ្នកមាន​ក៏​ដូច្នោះ​ដែរ គេ​នឹង​រលាយបាត់​ក្នុង​ដំណើរ​របស់​ខ្លួន​។ មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់ ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។ ពេល​ត្រូវបាន​ល្បួង កុំឲ្យអ្នកណា​និយាយថា​៖ “​ខ្ញុំ​ត្រូវ​ព្រះ​ល្បួង​” ឡើយ ដ្បិត​ព្រះ​មិនចេះធ្លាក់ទៅក្នុងការល្បួង​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះអង្គផ្ទាល់​ក៏​មិន​ល្បួង​អ្នកណាម្នាក់​ដែរ។ ប៉ុន្តែ​ម្នាក់ៗ​ត្រូវបាន​ល្បួង នៅពេល​ត្រូវ​តណ្ហា​របស់ខ្លួន​អូសទាញ និង​លួងលោម​ប៉ុណ្ណោះ​។ បន្ទាប់មក នៅពេល​តណ្ហា​មានផ្ទៃពោះ ក៏​សម្រាល​បាន​បាប ហើយ​នៅពេល​បាប​ពេញវ័យ ក៏​បង្កើត​សេចក្ដីស្លាប់​។ បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ កុំ​ចាញ់បោក​ឡើយ! គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។ ព្រះអង្គ​បាន​បង្កើត​យើងរាល់គ្នា​តាម​បំណង​ព្រះហឫទ័យ ដោយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត ដើម្បីឲ្យ​យើង​បាន​ទៅជា​ផលដំបូង​មួយ​ក្នុងចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត​។ បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។ ដ្បិត​កំហឹង​របស់​មនុស្ស មិន​អាច​សម្រេចបាន​នូវ​សេចក្ដីសុចរិតយុត្តិធម៌​របស់​ព្រះ​បាន​ឡើយ​។ ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។ ចូរឲ្យ​អ្នករាល់គ្នា​ធ្វើជា​អ្នកធ្វើតាម​ព្រះបន្ទូល មិនមែន​អ្នកដែលបានតែស្ដាប់ ហើយ​បញ្ឆោត​ខ្លួន​នោះ​ឡើយ​។ ដ្បិត​ប្រសិនបើ​អ្នកណា​ជា​អ្នកស្ដាប់​ព្រះបន្ទូល ប៉ុន្តែ​មិនមែន​ជា​អ្នកធ្វើតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​ដែល​មើល​មុខ​ខ្លួនឯង​ក្នុង​កញ្ចក់​។ ពេល​មើល​រួចហើយ គាត់​ក៏​ចេញទៅ ហើយ​ភ្លេច​ភ្លាម‍​ថា​មុខខ្លួនឯង​ជា​យ៉ាងណា​។ រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។ ប្រសិនបើ​អ្នកណា ​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។ សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕ បងប្អូន​របស់ខ្ញុំ​អើយ ចូរ​កាន់ខ្ជាប់​នូវ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ជា​ព្រះអម្ចាស់​នៃ​សិរីរុងរឿង ដោយ​គ្មាន​ការលំអៀង​ឡើយ​។ ដ្បិត​ប្រសិនបើ​មាន​មនុស្ស​ម្នាក់​ចូលមក​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ទាំង​ពាក់ចិញ្ចៀនមាស និង​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀក​សម្លៀកបំពាក់​កខ្វក់​ចូលមក​ដែរ អ្នករាល់គ្នា​ក៏​ឲ្យតម្លៃ​ដល់​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​នោះ ហើយ​និយាយថា​៖ “​សូម​លោក​អញ្ជើញ​អង្គុយ​នៅ​កន្លែង​ល្អ​នេះ​ចុះ​” រួច​និយាយ​ទៅ​អ្នកក្រ​ថា​៖ “​ឯង​ឈរ​នៅ​ទីនោះ​” ឬ​ថា​៖ “​អង្គុយ​នៅ​ទៀប​កំណល់ជើង​អញ​ទៅ​” តើ​អ្នករាល់គ្នា​មិន​បាន​ប្រកាន់ថាមានភាពខុសគ្នា​នៅក្នុងចំណោម​អ្នករាល់គ្នា ហើយ​បាន​ក្លាយជា​អ្នកវិនិច្ឆ័យ​ដែលមាន​គំនិត​អាក្រក់​ទេ​ឬ​? បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​? មិនមែន​ជា​ពួកគេ​ទេ​ឬ ដែល​ជេរប្រមាថ​ព្រះនាម​ដ៏ល្អ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ហៅ​តាមព្រះនាមនោះ​? ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​ព្រះរាជ​ក្រឹត្យវិន័យ​ស្របតាម​បទគម្ពីរ​ដែលថា‍​: “​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​” នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​មានចិត្តលំអៀង នោះ​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប ហើយ​អ្នករាល់គ្នា​ត្រូវ​ក្រឹត្យវិន័យ​ថ្កោលទោស​ជា​មនុស្សបំពាន​។ ដ្បិត​អ្នកណាក៏ដោយដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំងមូល ប៉ុន្តែ​ជំពប់​ក្នុង​មួយ​ចំណុច អ្នកនោះ​ត្រឡប់ជា​មានកំហុស​នឹង​ក្រឹត្យវិន័យ​ទាំងមូល​។ ជាការពិត ព្រះអង្គ​ដែល​មានបន្ទូលថា​: “​កុំ​ផិតក្បត់​” ក៏​មានបន្ទូលថា​: “​កុំ​សម្លាប់មនុស្ស​” ដែរ​។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​បាន​ផិតក្បត់ ប៉ុន្តែ​បាន​សម្លាប់មនុស្ស​វិញ នោះ​អ្នក​បាន​ក្លាយជា​មនុស្សបំពាន​ក្រឹត្យវិន័យ​ហើយ​។ ចូរ​និយាយ​ដូច្នេះ និង​ប្រព្រឹត្ត​ដូច្នេះ ដូចជា​អ្នកដែល​រៀបនឹង​ត្រូវ​ជំនុំជម្រះ​តាម​ក្រឹត្យវិន័យ​នៃ​សេរីភាព​ចុះ​។ ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។ បងប្អូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មាន​អ្នកណា​និយាយថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​គ្មាន​ការប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី​? ជំនឿ​បែប​នេះ​មិន​អាច​សង្គ្រោះ​អ្នកនោះ​បាន​ទេ‍ មែនទេ​? ប្រសិនបើ​មាន​បងប្អូនប្រុស ឬ​បងប្អូនស្រី​ណាម្នាក់​គ្មានសម្លៀកបំពាក់ ទាំង​ខ្វះ​អាហារ​ប្រចាំថ្ងៃ ហើយ​មាន​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​នឹង​ពួកគេ​ថា​៖ “​ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ​! ចូរឲ្យបាន​កក់ក្ដៅ ហើយ​ឲ្យបាន​ឆ្អែត​ចុះ​!​” ប៉ុន្តែ​មិន​ឲ្យ​អ្វីៗ​ដែល​ពួកគេ​ត្រូវការ​សម្រាប់​រូបកាយ​ទេ តើ​មាន​ប្រយោជន៍​អ្វី​? ជំនឿ​ក៏​ដូច្នោះ​ដែរ ប្រសិនបើ​គ្មាន​ការប្រព្រឹត្ត នោះក៏​ស្លាប់​ដោយ​ឯកឯង​ហើយ​។ ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នឹង​និយាយថា​៖ “​អ្នក​មាន​ជំនឿ រីឯខ្ញុំ​មាន​ការប្រព្រឹត្ត​”​។ ដូច្នេះ ចូរ​បង្ហាញ​ជំនឿ​របស់អ្នក​ដែល​គ្មាន​ការប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់ខ្ញុំ​តាមរយៈ​ការប្រព្រឹត្ត​របស់ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដែរ​។ អ្នក​ជឿ​ថា​មាន​ព្រះ​តែមួយអង្គគត់ នោះ​អ្នក​ធ្វើ​បាន​ល្អ​ហើយ​! សូម្បីតែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រមទាំង​ញ័ររន្ធត់​ផង​។ ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍ ​ឬ‍? អ័ប្រាហាំ​ដូនតា​របស់យើង ត្រូវបាន​រាប់ជាសុចរិត​ដោយ​បាន​ថ្វាយ​អ៊ីសាក​កូនប្រុស​របស់​លោក​នៅលើ​អាសនា តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​? អ្នក​ឃើញ​ថា ជំនឿ​បាន​ធ្វើការជាមួយ​ការប្រព្រឹត្ត​របស់​លោក ហើយ​ដោយសារតែ​ការប្រព្រឹត្ត ជំនឿ​ក៏​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​។ ដូច្នេះ បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “​អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់​” លោក​ក៏​ត្រូវបាន​ហៅថា “​មិត្តសម្លាញ់​របស់​ព្រះ​”​។ អ្នករាល់គ្នា​ឃើញ​ថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត មិនមែន​ដោយសារតែ​ជំនឿ​ប៉ុណ្ណោះទេ​។ ដូចគ្នាដែរ រ៉ាហាប​ស្ត្រីពេស្យា​ក៏​ត្រូវបាន​រាប់ជាសុចរិត​នៅពេល​ទទួល​ពួក​អ្នកនាំសារ​ឲ្យស្នាក់នៅ ហើយ​ឲ្យ​គេ​ចេញទៅ​តាម​ផ្លូវ​ផ្សេងទៀត តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​? ជាការពិត រូបកាយ​ដែល​គ្មាន​វិញ្ញាណ​គឺ​ស្លាប់​យ៉ាងណា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ស្លាប់​យ៉ាងនោះ​ដែរ​៕ បងប្អូន​របស់ខ្ញុំ​អើយ កុំ​ធ្វើជា​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ដែលធ្វើជាគ្រូ ​នឹង​ទទួល​ការជំនុំជម្រះ​តឹងរ៉ឹងជាង​។ តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។ ប្រសិនបើ​ដាក់ ​បង្ខាំបង្ហៀរ​ក្នុង​មាត់​សេះ​ដើម្បីឲ្យ​វា​ស្ដាប់បង្គាប់​យើង យើង​ក៏​អាច​បញ្ជា​ខ្លួន​វា​ទាំងមូល​បាន​។ មើល៍! សំពៅ​ក៏ដូចគ្នាដែរ ទោះបីជា​ធំដល់ម្ល៉េះ ហើយ​ត្រូវ​ខ្យល់​ខ្លាំង​បក់បោក​ក៏ដោយ ក៏​វា​ត្រូវបាន​បញ្ជា​ឲ្យទៅ​ទីណា​ក៏បាន ដោយ​ចង្កូត​ដ៏តូចបំផុត​តាមបំណងចិត្ត​អ្នក​បើក​។ រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​មួយ​តូច ប៉ុន្តែ​ចេះ​អួតអាង​សម្បើមណាស់​។ មើល៍! សូម្បីតែ​ភ្លើង​ដ៏តូច ក៏​អាច​ឆាបឆេះ​ព្រៃ​ដ៏ធំ​បាន​! អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។ ជាការពិត គ្រប់ទាំង​ពូជ​សត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំង​សត្វក្នុងសមុទ្រ អាច​ផ្សាំង​បាន ហើយក៏​ត្រូវ​មនុស្សជាតិ​ផ្សាំង​ហើយ​ដែរ ប៉ុន្តែ​គ្មានមនុស្សណា​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ​។ វាជា​សេចក្ដី​អាក្រក់​ដែលទប់មិនបាន ទាំង​ពេញ​ដោយ​ពិស​ដែលនាំឲ្យស្លាប់​។ យើង​សរសើរតម្កើង​ព្រះអម្ចាស់ និង​ព្រះ​បិតា ដោយ​អណ្ដាត ហើយ​យើង​ប្រទេចផ្ដាសា​មនុស្ស​ដែល​ត្រូវបាន​បង្កើត​តាម​លក្ខណៈដូច​ព្រះ ដោយ​អណ្ដាតដដែលនោះ​ដែរ​។ មាន​ទាំង​ពាក្យសរសើរតម្កើង និង​ពាក្យប្រទេចផ្ដាសា​ចេញមក​ពី​មាត់​តែមួយ​! បងប្អូន​របស់ខ្ញុំ​អើយ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ​! ប្រភពទឹក​មិន​បង្ហូរចេញ​ជា​ទឹក​សាប​ផង ទឹក​ប្រៃ​ផង ពី​រន្ធ​តែមួយ​ទេ មែនទេ​? បងប្អូន​របស់ខ្ញុំ​អើយ ដើមល្វា​មិន​អាច​បង្កើត​ផ្លែអូលីវ​បាន​ទេ ឬ​ដើមទំពាំងបាយជូរ​មិន​អាច​បង្កើត​ផ្លែល្វា​បាន​ទេ មែនទេ​? ទឹកប្រៃ​ក៏មិន​អាច​បង្ហូរចេញ​ជា​ទឹក​សាប​បាន​ដែរ​។ ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។ ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។ ប្រាជ្ញា​បែបនេះ មិនមែន​ចុះមក​ពីខាងលើ​ទេ គឺ​មកពី​ខាងលោកីយ៍ ខាងសាច់ឈាម និង​ខាងអារក្ស​វិញ​។ ដ្បិត​ទីណាដែល​មាន​ការឈ្នានីស និង​ការទាស់ទែង ទីនោះ​មាន​ភាពច្របូកច្របល់ និង​ការអាក្រក់​គ្រប់យ៉ាង​។ រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។ មួយវិញទៀត ផលផ្លែ​នៃ​សេចក្ដីសុចរិត តែងតែ​ត្រូវបាន​សាបព្រោះ​ក្នុង​សន្តិភាព ដោយ​អ្នក​ដែល​បង្កើត​សន្តិភាព​៕ តើ​វិវាទ​ក្នុងចំណោម​អ្នករាល់គ្នា​មកពីណា​? តើ​ជម្លោះ​មកពីណា​? មិនមែន​មក​ពី​តណ្ហា​របស់អ្នករាល់គ្នា​ដែល​ច្បាំង​ក្នុង​អវយវៈ​របស់អ្នករាល់គ្នា​ទេ​ឬ​? អ្នករាល់គ្នា​លោភចង់បាន ប៉ុន្តែ​មិនបាន​អ្វី ក៏​សម្លាប់​គេ​។ អ្នករាល់គ្នា​មានចិត្តច្រណែន ប៉ុន្តែ​មិនអាច​ទទួលបាន ក៏​ឈ្លោះប្រកែក ហើយ​តយុទ្ធគ្នា​។ អ្នករាល់គ្នា​មិនបាន​អ្វី ពីព្រោះ​អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​។ អ្នករាល់គ្នា​ទូល​សុំ​ដែរ ប៉ុន្តែ​មិន​ទទួលបាន ពីព្រោះ​អ្នករាល់គ្នា​ទូល​សុំ​ដោយបំណង ​មិនត្រឹមត្រូវ គឺ​ដើម្បី​ចំណាយ​សម្រាប់​តណ្ហា​របស់អ្នករាល់គ្នា​វិញ​។ ពួក​ផិតក្បត់​អើយ​! តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា ភាពជាមិត្ត​នឹង​ពិភពលោក គឺ​ភាពជាសត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មិត្ត​នឹង​ពិភពលោក អ្នកនោះ​តាំងខ្លួន​ជា​សត្រូវ​នឹង​ព្រះ​ហើយ​! ឬមួយក៏​អ្នករាល់គ្នា​គិត​ថា ដែល​ព្រះគម្ពីរ​ចែង​ទុកមក​ថា​: “​ព្រះវិញ្ញាណ​ដែល​ព្រះ ​បាន​ប្រទាន​ឲ្យសណ្ឋិត​នៅក្នុង​យើង ស្រឡាញ់​យើង រហូតដល់​ប្រច័ណ្ឌ​យើង​” គឺ​ឥតប្រយោជន៍​ទេឬ​? យ៉ាងណាមិញ ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​ដ៏ធំជាង ដូច្នេះ​មាន​ចែងថា​‍: “​ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ​”​។ ដោយហេតុនេះ ចូរ​ចុះចូល​នឹង​ព្រះ ហើយ​តតាំង​នឹង​មារ​ចុះ នោះ​វា​នឹង​រត់ចេញ​ពី​អ្នករាល់គ្នា​។ ចូរ​ចូលទៅជិត​ព្រះ នោះ​ព្រះអង្គ​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដែរ​។ ពួក​មនុស្សបាប​អើយ ចូរ​លាង​ដៃ​របស់អ្នករាល់គ្នា​ឲ្យស្អាត​ចុះ​! ពួក​មនុស្ស​មានចិត្តពីរ​អើយ ចូរ​ជម្រះ​ចិត្ត​របស់អ្នករាល់គ្នា​ឲ្យ​បរិសុទ្ធ​ចុះ​! ចូរ​សោកសង្រេង កាន់ទុក្ខ ហើយ​យំសោក​ចុះ​។ ចូរ​ឲ្យ​សំណើច​របស់អ្នករាល់គ្នា​ទៅជា​ទុក្ខសោក ហើយ​ឲ្យ​អំណរ​ទៅជា​ទុក្ខព្រួយ​វិញ​។ ចូរ​បន្ទាបខ្លួន​នៅចំពោះ​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​លើកតម្កើង​អ្នករាល់គ្នា​។ បងប្អូន​អើយ កុំ​មួលបង្កាច់​គ្នាទៅវិញទៅមក​ឡើយ​។ អ្នក​ដែល​មួលបង្កាច់​បងប្អូន ឬ​វិនិច្ឆ័យ​បងប្អូន​របស់​ខ្លួន អ្នកនោះ​កំពុង​មួលបង្កាច់​ក្រឹត្យវិន័យ ហើយ​កំពុង​វិនិច្ឆ័យ​ក្រឹត្យវិន័យ​ហើយ​។ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​ក្រឹត្យវិន័យ អ្នក​មិនមែន​ជា​អ្នកធ្វើតាម​ក្រឹត្យវិន័យ​ទេ គឺ​ជា​ចៅក្រម​វិញ​។ ព្រះអង្គ​ដែល​ជា​អ្នកតាំងក្រឹត្យវិន័យ និង​ជា​ចៅក្រម ដែល​អាច​សង្គ្រោះ និង​បំផ្លាញ មាន​តែមួយអង្គគត់​។ រីឯ​អ្នក​វិញ តើ​អ្នក​ជា​នរណា បានជា​វិនិច្ឆ័យ​អ្នកជិតខាង​របស់ខ្លួន​? ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “​ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ​” អើយ​! អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។ អ្នករាល់គ្នា​គួរតែ​និយាយ​ដូច្នេះ​វិញ​ថា​៖ “​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ យើង​នឹង​មានជីវិតរស់ ហើយ​ធ្វើ​ការនេះ ឬ​ធ្វើ​ការនោះ​”​។ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​អួតអាង​ក្នុង​ភាពក្រអឺតក្រទម​របស់ខ្លួន​។ គ្រប់ទាំង​ការអួតអាង​បែបនេះ សុទ្ធតែ​អាក្រក់​។ ដូច្នេះ អ្នកដែល​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ ប៉ុន្តែ​មិន​ធ្វើ ចំពោះ​គាត់ ការនោះ​ជា​បាប​ហើយ​៕ ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​! ទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​បាន​ខូចរលួយ ហើយ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ក៏​ត្រូវសត្វល្អិតស៊ី​អស់​ដែរ​។ មាស និង​ប្រាក់​របស់អ្នករាល់គ្នា​ត្រូវ​ច្រែះស៊ី ហើយ​ច្រែះ​នោះ​នឹង​ទៅជា​ទីបន្ទាល់​ទាស់នឹង​អ្នករាល់គ្នា ព្រមទាំង​ស៊ី​សាច់​អ្នករាល់គ្នា​ដូចជា​ភ្លើង​។ អ្នករាល់គ្នា​បាន​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ថ្ងៃចុងបញ្ចប់​ហើយ​! មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។ អ្នករាល់គ្នា​បាន​រស់នៅក្នុងភាពប្រណិត​លើ​ផែនដី ទាំង​រស់នៅតាមអំពើចិត្ត ហើយ​បាន​បំប៉ន​ចិត្ត​របស់ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការសម្លាប់​។ អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។ ដូច្នេះ បងប្អូន​អើយ ចូរ​អត់ធ្មត់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់​ចុះ​។ មើល៍! កសិករ​រង់ចាំ​ភោគផល​ដ៏មានតម្លៃ​ពី​ដី គឺ​អត់ធ្មត់​សម្រាប់​វា​រហូតដល់​ភោគផលនោះ​បាន​ទទួល​ភ្លៀងដើមរដូវ និង​ភ្លៀងចុងរដូវ​។ អ្នករាល់គ្នា​ក៏​ត្រូវ​អត់ធ្មត់​ដូច្នោះដែរ ទាំង​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​ការយាងមកវិញ​របស់​ព្រះអម្ចាស់​មកជិតដល់​ហើយ​។ បងប្អូន​អើយ កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ ដើម្បីកុំឲ្យ​ត្រូវបាន​ជំនុំជម្រះ​។ មើល៍! ចៅក្រម​ឈរ​នៅ​មាត់ទ្វារ​ហើយ​! បងប្អូន​អើយ ចូរ​យក​បណ្ដា​ព្យាការី​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ជា​គំរូ​នៃ​ការរងទុក្ខ និង​ការអត់ធ្មត់​ចុះ​។ មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។ ប៉ុន្តែ​បងប្អូន​របស់ខ្ញុំ​អើយ ដែលសំខាន់ជាងគេ គឺ​កុំឲ្យ​ស្បថ មិនថា​ដោយអាង​មេឃ​ក្ដី ដោយអាង​ផែនដី​ក្ដី ឬ​ដោយអាង​ពាក្យសម្បថ​ណា​ផ្សេងទៀត​ក្ដី​។ ចូរ​ឲ្យ​ពាក្យសម្ដី ​របស់អ្នករាល់គ្នា​ជា ‘​មែន​’ គឺ ‘​មែន​’ ហើយ ‘​ទេ​’ គឺ ‘​ទេ​’ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ធ្លាក់​ទៅ​ក្រោម​ការជំនុំជម្រះ ​។ ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​រងទុក្ខលំបាក​ឬ​? ចូរឲ្យ​អ្នកនោះ​អធិស្ឋាន​។ មាន​អ្នកណា​អរសប្បាយ​ឬ​? ចូរឲ្យ​អ្នកនោះ​ច្រៀងសរសើរតម្កើង​។ ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ឈឺ‍ ​ឬ​? ចូរឲ្យ​អ្នកនោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ឲ្យ​គាត់ ទាំង​លាប​ប្រេងអូលីវ​លើ​គាត់ ក្នុង​ព្រះនាម​ព្រះអម្ចាស់ នោះ​សេចក្ដីអធិស្ឋាន​នៃ​ជំនឿ​នឹង​សង្គ្រោះ​អ្នកជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​លើក​គាត់​ឡើងវិញ​; ទោះបីជា​គាត់​បាន​ប្រព្រឹត្ត​បាប​ក៏ដោយ ក៏​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​គាត់​ដែរ​។ ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។ អេលីយ៉ា​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​លោក​បាន​អធិស្ឋានទូលសុំ​កុំឲ្យ​បង្អុរភ្លៀង នោះក៏​គ្មាន​ភ្លៀងធ្លាក់​លើ​ផែនដី អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ​។ ក្រោយមក លោក​បាន​អធិស្ឋាន​ម្ដងទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង ហើយ​ផែនដី​ក៏​បង្កើត​ភោគផល​។ បងប្អូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​វង្វេង​ចេញពី​សេចក្ដីពិត ហើយ​មាន​ម្នាក់ទៀត​នាំ​គាត់​ឲ្យត្រឡប់មកវិញ ចូរឲ្យ​អ្នកនោះ​ដឹង​ថា អ្នក​ដែល​នាំ​មនុស្សបាប​ឲ្យត្រឡប់មកវិញ​ពី​ផ្លូវវង្វេង នឹង​សង្គ្រោះ​ព្រលឹង​របស់​អ្នកនោះ​ចេញពី​សេចក្ដីស្លាប់ ព្រមទាំង​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​ទៀតផង​៕​៚ ពី​ខ្ញុំ ពេត្រុស ដែលជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានជ្រើសតាំង ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែលត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និង​ប៊ីធូនា ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​! ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់ ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។ អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។ ដោយហេតុនេះ អ្នករាល់គ្នា​ក៏​ត្រេកអរយ៉ាងខ្លាំង ទោះបីជា​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវតែ​ព្រួយចិត្ត​មួយរយៈ ដោយសារតែ​ការសាកល្បង​ផ្សេងៗ​ក៏ដោយ ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។ ទោះបីជា​អ្នករាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ក៏ដោយ ក៏​អ្នករាល់គ្នា​ស្រឡាញ់​ព្រះអង្គ​; ទោះបីជា​អ្នករាល់គ្នា​មើលមិនឃើញ​ព្រះអង្គ​នៅ​ឥឡូវនេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​នៅតែ​ជឿលើ​ព្រះអង្គ ហើយ​ត្រេកអរយ៉ាងខ្លាំង​ដោយ​អំណរ​ដ៏រុងរឿង​ដែល​រកពាក្យថ្លែងពុំបាន ដ្បិត​អ្នករាល់គ្នា​កំពុងតែ​ទទួល​លទ្ធផល​នៃ​ជំនឿ​របស់អ្នករាល់គ្នា គឺ​សេចក្ដីសង្គ្រោះ​ដល់​ព្រលឹង​របស់អ្នករាល់គ្នា​។ ចំពោះ‍សេចក្ដីសង្គ្រោះ​នេះ បណ្ដា​ព្យាការី​ដែល​ព្យាករ​អំពី​ព្រះគុណ​ដែល​អ្នករាល់គ្នា​បាន​ទទួល ពួកគេ​បាន​ស្វែងរក និង​ស្រាវជ្រាវយ៉ាងល្អិតល្អន់ គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។ មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។ ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។ ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ដូចដែល​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទ្រង់​វិសុទ្ធ​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវតែ​បាន​វិសុទ្ធ​ក្នុង​គ្រប់ទាំង​កិរិយា​យ៉ាងនោះដែរ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “​ចូរឲ្យ​អ្នករាល់គ្នា​បាន​វិសុទ្ធ ពីព្រោះ​យើង​វិសុទ្ធ​”​។ ដោយ​អ្នករាល់គ្នា​ហៅ​ព្រះអង្គនោះ​ដែល​ជំនុំជម្រះ​តាម​ការប្រព្រឹត្ត​របស់​ម្នាក់ៗ​ដោយ​ឥតលំអៀង ថា​ព្រះ​បិតា ដូច្នេះ​ចូរ​រស់នៅ​ដោយ​ការកោតខ្លាច ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ជា​ជនរស់នៅបណ្ដោះអាសន្ន​ចុះ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ប្រោសលោះ​ពី​របៀបរស់នៅ​ឥតប្រយោជន៍​របស់អ្នករាល់គ្នា​ដែល​បន្តពីដូនតា​មក មិនមែន​ដោយ​អ្វី​ដែលរមែងតែងតែសាបសូន្យ​ដូច​ប្រាក់ ឬ​មាស​នោះ​ទេ គឺ​ដោយ​ព្រះលោហិត​ដ៏វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ប្រៀបដូចជា​កូនចៀម​ដ៏ឥតសៅហ្មង និង​ឥតប្រឡាក់​។ ព្រះអង្គ​ត្រូវបាន​ជ្រើសតាំងជាមុន មុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​សម្ដែង​នៅ​គ្រា​ចុងបញ្ចប់​នេះ ដោយយល់ដល់​អ្នករាល់គ្នា​។ តាមរយៈ​ព្រះអង្គ អ្នករាល់គ្នា​ជឿ​លើ​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ប្រទាន​សិរីរុងរឿង​ដល់​ព្រះអង្គ ដើម្បីឲ្យ​ជំនឿ និង​សេចក្ដីសង្ឃឹម​របស់អ្នករាល់គ្នា​បាន​ពឹងអាងលើ​ព្រះ​។ ដោយ​អ្នករាល់គ្នា​បាន​ជម្រះ​ព្រលឹង​របស់អ្នករាល់គ្នា​ឲ្យបរិសុទ្ធ​ដោយ​ការស្ដាប់បង្គាប់​សេចក្ដីពិត ធ្វើឲ្យ​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ដែល​ឥតពុតត្បុត ដូច្នេះ​ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក​យ៉ាងអស់ពីចិត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​។ អ្នករាល់គ្នា​បាន​កើតជាថ្មី មិនមែន​ពី​គ្រាប់ពូជ​ដែលរមែងតែងតែសាបសូន្យ​ទេ គឺ​ពី​គ្រាប់ពូជ​ដែលមិនចេះសាបសូន្យ​វិញ តាមរយៈ​ព្រះបន្ទូល​ដ៏​មានជីវិតរស់ និង​ដ៏​នៅស្ថិតស្ថេរ​របស់​ព្រះ​។ ដ្បិត “​មនុស្ស ​ ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ រីឯ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅស្ថិតស្ថេរ​ជារៀងរហូត​”​។ នេះ​ហើយ ជា​ព្រះបន្ទូល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា​៕ ដូច្នេះ ចូរ​ដោះចោល​គ្រប់ទាំង​គំនិតព្យាបាទ គ្រប់ទាំង​ឧបាយកល ពុតត្បុត ការឈ្នានីស និង​ការមួលបង្កាច់​ទាំងអស់ ចូរ​ប្រាថ្នាចង់បាន​ទឹកដោះ​សុទ្ធ​ខាងព្រះបន្ទូល ដូច​ទារក​ដែល​ទើបតែកើត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ដោយ​ព្រះបន្ទូលនោះ រហូតដល់​សេចក្ដីសង្គ្រោះ ដ្បិត អ្នករាល់គ្នា​បាន​ភ្លក់​ហើយ​ថា ព្រះអម្ចាស់​មាន​ព្រះហឫទ័យសប្បុរស​។ ចូរ​ចូលមកជិត​ព្រះអង្គ​ដែល​ជា​ថ្ម​ដ៏​រស់​។ ព្រះអង្គ​ជា​ថ្ម​ដែល​ត្រូវ​មនុស្ស​បដិសេធ ប៉ុន្តែ​ចំពោះ​ព្រះ ជា​ថ្ម​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ​។ អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដ្បិត​មាន​ចែង​ទុកមក​ក្នុង​ព្រះគម្ពីរ​ថា​: “​មើល៍! យើង​នឹង​ដាក់​ថ្មមួយ​នៅ​ស៊ីយ៉ូន ជា​ថ្មគ្រឹះ​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​សោះឡើយ​”។ ដូច្នេះ ចំពោះ​អ្នករាល់គ្នា​ដែល​ជឿ ថ្ម​នេះ​មានតម្លៃ រីឯ​ចំពោះ​អ្នក​មិនជឿ ថ្ម​នេះ​ជា “​ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​”​។ ហើយ ជា “​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​”​។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា ជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស ​ ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។ កាលពីដើម អ្នករាល់គ្នា​មិនមែន​ជា​ប្រជាជាតិ​មួយ​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ប្រជារាស្ត្រ​របស់​ព្រះ​; កាលពីដើម អ្នករាល់គ្នា​មិន​បាន​ទទួលសេចក្ដីមេត្តា​ទេ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ហើយ​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។ អ្នករាល់គ្នា​ត្រូវ​មាន​កិរិយា​ល្អ​នៅក្នុងចំណោម​សាសន៍ដទៃ ធ្វើដូច្នេះ​ទោះបីជា​គេ​មួលបង្កាច់​អ្នករាល់គ្នា​ដូចជា​មនុស្សធ្វើអាក្រក់​ក៏ដោយ ក៏​គេ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ នៅ​ថ្ងៃ​នៃ​ការយាងមក ដោយសារ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា​។ ចូរ​ចុះចូល​នឹង​គ្រប់ទាំង​របបគ្រប់គ្រង​របស់​មនុស្ស​ដោយយល់ដល់​ព្រះអម្ចាស់ មិនថា​ស្ដេច​ដែល​មានអំណាចធំឧត្ដម​ក្ដី ឬ​អភិបាល​ក្ដី ដែល​ត្រូវ​ស្ដេច​ចាត់ឲ្យមក​ដើម្បី​ដាក់ទោស​មនុស្សធ្វើអាក្រក់ និង​សរសើរ​មនុស្សធ្វើល្អ ដ្បិត​នេះ​ហើយ ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺឲ្យ​ធ្វើល្អ​ដើម្បី​បិទមាត់​នៃ​ភាពអវិជ្ជា​របស់​មនុស្ស​ល្ងង់​។ ចូរប្រព្រឹត្ត​ជា​មនុស្សមានសេរីភាព ប៉ុន្តែ​កុំ​យក​សេរីភាព​នោះ​ជា​លេស​ដើម្បីប្រព្រឹត្ត​ការអាក្រក់​ឡើយ គឺ​ត្រូវប្រព្រឹត្ត​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​វិញ​។ ចូរ​គោរព​មនុស្ស​ទាំងអស់​; ចូរ​ស្រឡាញ់​បងប្អូន កោតខ្លាច​ព្រះ និង​គោរព​ស្ដេច​។ អ្នកបម្រើ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ចៅហ្វាយ​ដោយ​ការកោតខ្លាច​ទាំងស្រុង មិនគ្រាន់តែ​ចំពោះ​ចៅហ្វាយ​ល្អ និង​ស្លូត​ប៉ុណ្ណោះទេ គឺ​ចំពោះ​ចៅហ្វាយ​ខូច​ផង​ដែរ​។ ដ្បិត​ប្រសិនបើ​អ្នកណា​ស៊ូទ្រាំ​នឹង​ទុក្ខព្រួយ ទាំង​រងការឈឺចាប់​ដោយអយុត្តិធម៌ ដោយសារតែ​សតិសម្បជញ្ញៈ​ចំពោះ​ព្រះ នោះ​ជា​ការគួរឲ្យសរសើរ​។ ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។ ជាការពិត អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង​។ ដ្បិត​ព្រះ​គ្រីស្ទ​ក៏​បាន​រងទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា​ដែរ ទុកជា​គំរូ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរតាម​លម្អាន​របស់​ព្រះអង្គ​។ ព្រះអង្គ មិន​បាន​ប្រព្រឹត្តបាប​ឡើយ ហើយក៏គ្មាន​ឧបាយកល​ណា​ត្រូវបាន​រកឃើញ​ក្នុង​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ​; កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។ ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​របួស​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។ ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕ ដូចគ្នាដែរ ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន​។ ធ្វើដូច្នេះ ទោះបីជា​មាន​ប្ដី​ខ្លះ​មិនព្រមជឿ​ព្រះបន្ទូល​ក៏ដោយ ក៏​ពួកគេ​នឹង​ត្រូវ​ឈ្នះបានមកវិញ​តាមរយៈ​កិរិយា​របស់​ប្រពន្ធ ដោយមិនបាច់មាន​ពាក្យសម្ដី​អ្វី​ឡើយ ពីព្រោះ​ពួកគេ​នឹង​ឃើញ​កិរិយា​ដ៏បរិសុទ្ធ និង​ការកោតខ្លាច​របស់អ្នករាល់គ្នា​។ កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ ផ្ទុយទៅវិញ ចូរតុបតែង​បុគ្គល​ខាងក្នុង​នៃ​ចិត្ត​ដោយ​អ្វី​ដែលមិនចេះសាបសូន្យ គឺ​វិញ្ញាណ​បន្ទាបខ្លួន និង​ស្រគត់ស្រគំ ដែល​មានតម្លៃ​នៅចំពោះ​ព្រះ​។ ដ្បិត​កាលពីដើម ពួក​ស្ត្រី​ដ៏វិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះ ក៏​បាន​តែងខ្លួន​យ៉ាងដូច្នោះ​ដែរ ទាំង​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូច​សារ៉ា​ដែល​ស្ដាប់បង្គាប់​អ័ប្រាហាំ ទាំង​ហៅ​លោក​ថា​លោកម្ចាស់​ទៀតផង​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ​ដោយ​មិន​ភ័យខ្លាច​ចំពោះ​សេចក្ដីគំរាមកំហែង​ណាមួយ នោះ​អ្នករាល់គ្នា​បានជា​កូន​របស់​សារ៉ា​ដែរ​។ ដូចគ្នាដែរ ប្ដី​រាល់គ្នា​អើយ ចូរ​រស់នៅជាមួយ​ប្រពន្ធ​ដោយ​ការយោគយល់ ទាំង​គោរព​ស្ត្រី​ក្នុងនាម​នាង​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ពីព្រោះពួកនាងជា​អ្នករួមទទួលមរតក​ជា​ព្រះគុណ​នៃ​ជីវិត​។ ធ្វើដូច្នេះ ការអធិស្ឋាន​របស់អ្នករាល់គ្នា​នឹង​មិន​ត្រូវ​រារាំង​ឡើយ​។ ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន ​។ កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់ ឬ​តបសង​នឹង​ការត្មះតិះដៀល​ដោយ​ការត្មះតិះដៀល​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យពរ ដ្បិត ​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ជាមរតក​។ ជាការពិត “ អ្នក​ដែល​មានបំណងចង់​ស្រឡាញ់​ជីវិត និង​មានបំណងចង់​ឃើញ​គ្រា​ដ៏ល្អ អ្នកនោះ​ត្រូវ​ទប់​អណ្ដាត​ពី​ការនិយាយ​អាក្រក់ ព្រមទាំង​ទប់​បបូរមាត់​កុំឲ្យ​និយាយ​ពាក្យបោកប្រាស់​ឡើយ ​។ ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការល្អ​វិញ ចូរ​ស្វែងរក​សន្តិភាព ហើយ​ដេញតាម​វា​; ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​នៅលើ​មនុស្ស​សុចរិត ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៅនឹង​សេចក្ដីអធិស្ឋាន​របស់​ពួកគេ ប៉ុន្តែ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​ទាស់នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​”​។ ប្រសិនបើ​អ្នករាល់គ្នា​ជា​អ្នកស៊ប់​ខាង​ការល្អ តើ​នរណា​នឹង​ធ្វើបាប​អ្នករាល់គ្នា​? ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។ កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ ផ្ទុយទៅវិញ ចូរ​អ្នករាល់គ្នា​តម្កើង​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ ​ទុក​ជា​វិសុទ្ធ​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ទាំង​ត្រៀមជាស្រេច​ជានិច្ច​ដើម្បី​ឆ្លើយការពារ នឹង​អ្នកណាក៏ដោយដែល​ទាមទារ​ហេតុផល​អំពី​សេចក្ដីសង្ឃឹម​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​។ យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។ ជាការពិត ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ការ​រងទុក្ខ​ដោយសារ​ធ្វើល្អ ប្រសើរ​ជាង​ការ​រងទុក្ខ​ដោយសារ​ធ្វើអាក្រក់​។ ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។ ក្នុង​សភាពនោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ដល់​បណ្ដា​វិញ្ញាណ​ដែល​ជាប់ឃុំឃាំង គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់ ​ប៉ុណ្ណោះ​។ ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕ ដូច្នេះ ដោយ​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ក្នុង​រូបកាយ អ្នករាល់គ្នា​ក៏​ត្រូវ​ប្រដាប់ខ្លួន​ដោយ​បំណង​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នកណា​ដែល​រងទុក្ខ​ក្នុង​រូបកាយ អ្នកនោះ​បាន​ឈប់ពាក់ព័ន្ធ​នឹង​បាប​ហើយ ដើម្បី​បាន​រស់នៅ មិនមែន​តាម​តណ្ហា​របស់​មនុស្ស​ទៀតទេ គឺ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​វិញ ក្នុង​ពេល​ដែល​នៅសល់​ក្នុង​លោក​នេះ ​។ ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ ​។ ឥឡូវនេះ ដោយ​អ្នករាល់គ្នា​មិន​រត់ចូល​ទៅក្នុង​ជំនន់​អបាយមុខ​ដូចគ្នា​នោះ​ជាមួយ​ពួកគេ ពួកគេ​ក៏​ប្លែកចិត្ត ទាំង​មួលបង្កាច់​អ្នករាល់គ្នា​។ ពួកគេ​ត្រូវ​រៀបរាប់ទូល​ព្រះអង្គ​ដែល​ត្រៀមជាស្រេច​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់​។ ហេតុនេះហើយបានជា​ដំណឹងល្អ​ត្រូវបាន​ផ្សាយ​ដល់​ពួក​អ្នកដែលស្លាប់​ដែរ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ផ្ដន្ទាទោស​តាម​គំនិត ​របស់​មនុស្ស​ខាងសាច់ឈាម ប៉ុន្តែ​ខាងវិញ្ញាណ​វិញ មានជីវិតរស់​តាម​បំណង​ព្រះហឫទ័យ ​របស់​ព្រះ​។ ទីបញ្ចប់​នៃ​របស់​សព្វសារពើ​មកជិតដល់​ហើយ ដូច្នេះ​ចូរ​ដឹងស្មារតី ហើយ​មានគំនិតមធ្យ័ត​ក្នុង​ការអធិស្ឋាន​។ ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត សេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក ​។ ចូរ​រាក់ទាក់​គ្នាទៅវិញទៅមក​ដោយគ្មាន​ការរអ៊ូរទាំ​ឡើយ​។ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បម្រើ​គ្នាទៅវិញទៅមក​តាម​អំណោយទាន​ដែល‍ខ្លួន​បាន​ទទួល ក្នុងនាមជា​មេការ​ដ៏ល្អ​នៃ​ព្រះគុណ​ផ្សេងៗ‍របស់​ព្រះ​។ ប្រសិនបើ​អ្នកណា​និយាយ ត្រូវ​និយាយ​ស្របតាម​ព្រះបន្ទូល​របស់​ព្រះ​; ប្រសិនបើ​អ្នកណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ​ប្រទានឲ្យ ដើម្បីឲ្យ​ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ប្លែកចិត្ត​នឹង​ការពិសោធដូចភ្លើង​ក្នុងចំណោម​អ្នករាល់គ្នា ដែល​មកដល់​ដើម្បី​សាកល្បង​អ្នករាល់គ្នា ហាក់ដូចជា​មាន​រឿង​ចម្លែក​កើតឡើង​ចំពោះ​អ្នករាល់គ្នា​ឡើយ​។ ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​អ្នករាល់គ្នា​មានអំណរ​អរសប្បាយ​យ៉ាងខ្លាំង​នឹង​ការសម្ដែងឲ្យឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។ កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ ប៉ុន្តែ​ប្រសិនបើ​មានអ្នកណារងទុក្ខ​ក្នុងនាមជា​គ្រីស្ទាន អ្នកនោះ​មិន​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ ត្រូវ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយព្រោះ​នាម​នោះ ​។ ដ្បិត​ពេលកំណត់​មកដល់ហើយ ដើម្បីឲ្យ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិនបើ​ចាប់ផ្ដើម​ពី​យើង ចុះ​ចុងបញ្ចប់​របស់​ពួក​អ្នក​ដែល​មិនព្រមជឿ​ដំណឹងល្អ​របស់​ព្រះ តើ​នឹងទៅជា​យ៉ាងណា​? “​ប្រសិនបើ​មនុស្ស​សុចរិត​ទទួល​ការ​សង្គ្រោះ​សឹងតែមិនបាន​ទៅហើយ ចុះទម្រាំ​មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប តើនឹងទៅជាយ៉ាងណា​? ​ ”​។ ដោយហេតុនេះ អ្នក​ដែល​រងទុក្ខ​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ត្រូវ​ផ្ទុកផ្ដាក់​ព្រលឹង​របស់​ខ្លួន​នឹង​ព្រះអាទិករ​ដ៏ស្មោះត្រង់ ដោយ​ការធ្វើល្អ​៕ ដូច្នេះ ខ្ញុំ ដែលជា​ចាស់ទុំដូចគ្នា និង​ជា​សាក្សី​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ជា​អ្នកមានចំណែក​ក្នុង​សិរីរុងរឿង​ដែល​រៀបនឹង​ត្រូវបាន​សម្ដែង ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ពួក​ចាស់ទុំ​ក្នុងចំណោម​អ្នករាល់គ្នា​ថា ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះ ដែល​នៅក្នុងចំណោម​អ្នករាល់គ្នា ទាំង​យកចិត្តទុកដាក់ ​ស្របតាម​បំណងព្រះហឫទ័យ ​របស់​ព្រះ មិនមែន​ដោយ​ត្រូវគេ​បង្ខំ​ទេ គឺ​ដោយស្ម័គ្រចិត្ត​វិញ ហើយក៏មិនមែន​ដោយលោភចង់បានកម្រៃទុច្ចរិត​ដែរ គឺ​ដោយចិត្តឆេះឆួល​វិញ ក៏មិនមែន​ដោយ​ជិះជាន់​លើ​អ្នក​ដែល​ត្រូវបាន​ប្រទានមកឲ្យអ្នករាល់គ្នាមើលថែ​នោះ​ទេ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​ហ្វូងចៀម​។ ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។ ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “​ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ​”​។ ដូច្នេះ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏ខ្លាំងពូកែ​របស់​ព្រះ​ចុះ ដើម្បីឲ្យ​ព្រះអង្គ​បាន​លើកតម្កើង​អ្នករាល់គ្នា​នៅ​ពេលកំណត់​។ ចូរ​ទម្លាក់​គ្រប់ទាំង​កង្វល់​របស់អ្នករាល់គ្នា​លើ​ព្រះ ដ្បិត​ព្រះអង្គ​ខ្វល់​ព្រះហឫទ័យ​នឹង​អ្នករាល់គ្នា​។ ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។ ចូរ​តតាំង​នឹង​វា​ដោយ​ជំនឿ​ដ៏រឹងមាំ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា បងប្អូន​របស់អ្នករាល់គ្នា​ក៏​រង​ទុក្ខលំបាក​ដូចគ្នា​នៅជុំវិញ​ពិភពលោក​ដែរ​។ ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា ​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។ សូមឲ្យ​មាន​ព្រះចេស្ដា​ដល់​ព្រះអង្គ​ជារៀងរហូត ​! អាម៉ែន។ ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។ លោកស្រី ​ដែល​នៅ​បាប៊ីឡូន ដែលត្រូវបានជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រមទាំង​ម៉ាកុស​កូនប្រុស​របស់ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដែលមកពី​សេចក្ដីស្រឡាញ់​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកទាំងអស់គ្នា​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ ​! ​៕​៚ ពី​ខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​បាវបម្រើ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ទទួល​ជំនឿ​ដ៏មានតម្លៃស្មើនឹង​ជំនឿ​របស់​យើង តាមរយៈ​សេចក្ដីសុចរិត​របស់​ព្រះ​នៃយើង និង​របស់​ព្រះសង្គ្រោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ និង​អំពី​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​! ព្រះចេស្ដា​ខាងព្រះ​របស់​ព្រះអម្ចាស់យេស៊ូវ បាន​ប្រទាន​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​សម្រាប់​ជីវិត និង​ការគោរពព្រះ តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​យើង​មក‍ក្នុង​សិរីរុងរឿង និង​គុណធម៌​របស់ព្រះអង្គផ្ទាល់​។ តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។ ហេតុនេះហើយបានជា​អ្នករាល់គ្នា​ត្រូវ​ខ្នះខ្នែង​អស់ពីចិត្ត​បន្ថែម​គុណធម៌​លើ​ជំនឿ​របស់អ្នករាល់គ្នា ហើយ​បន្ថែម​ចំណេះដឹង​លើ​គុណធម៌ បន្ថែម​ការគ្រប់គ្រងចិត្ត​លើ​ចំណេះដឹង បន្ថែម​ការអត់ធ្មត់​លើ​ការគ្រប់គ្រងចិត្ត បន្ថែម​ការគោរពព្រះ​លើ​ការអត់ធ្មត់ បន្ថែម​សេចក្ដីស្រឡាញ់ជាបងប្អូន​លើ​ការគោរពព្រះ ហើយ​បន្ថែម​សេចក្ដីស្រឡាញ់​លើ​សេចក្ដីស្រឡាញ់ជាបងប្អូន​។ ដ្បិត​ប្រសិនបើ​សេចក្ដីទាំងនេះ​មាន​នៅក្នុង​អ្នករាល់គ្នា ព្រមទាំង​ចម្រើនឡើង​ជានិច្ច នោះ​វា​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​មិន​ឥតប្រយោជន៍ ‍ឬ​មិន​ឥតបង្កើតផល​ខាងឯ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​នោះ​ឡើយ​។ ពោលគឺ អ្នកដែល​គ្មាន​សេចក្ដីទាំងនេះ​ជា​មនុស្ស​ខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំង​ភ្លេច​អំពី​ការជម្រះ​បាប​ពីមុន​របស់​ខ្លួន​ទៅហើយ​។ ដូច្នេះ បងប្អូន​អើយ ចូរ​ខំប្រឹង​កាន់តែខ្លាំងឡើង ដើម្បី​ធ្វើឲ្យ​ការត្រាស់ហៅ និង​ការជ្រើសតាំង​របស់អ្នករាល់គ្នា​បាន​ប្រាកដប្រជា ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នករាល់គ្នា​នឹង​មិន​ជំពប់​សោះឡើយ ហើយ​ធ្វើដូច្នេះ ការចូលទៅ​ក្នុង​អាណាចក្រ​ដ៏អស់កល្បជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង នឹង​ត្រូវបាន​ប្រទាន​ដល់​អ្នករាល់គ្នា​យ៉ាងពេញលេញ​។ ដោយហេតុនេះ ខ្ញុំ​បម្រុងនឹង​រំលឹក​អ្នករាល់គ្នា ​អំពី​សេចក្ដីទាំងនេះ​ជានិច្ច ទោះបីជា​អ្នករាល់គ្នា​ស្គាល់ ព្រមទាំង​ត្រូវបាន​ពង្រឹង​ក្នុង​សេចក្ដីពិត​ដែល​អ្នករាល់គ្នា​មាន​ហើយ​នោះ​ក៏ដោយ​។ ខ្ញុំ​យល់ឃើញថា ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​ការរំលឹក ដរាបណា​ខ្ញុំ​នៅ​ក្នុង​រោង​នេះ ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា ខ្ញុំ​ត្រូវ​ដោះ​រោង​របស់ខ្ញុំ​នេះ​ចេញ​ក្នុងពេលឆាប់ៗ ដូចដែល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​បាន​បញ្ជាក់​ដល់​ខ្ញុំ​។ ខ្ញុំ​ក៏​នឹង​ខំប្រឹង​ដែរ ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​បាន​នឹកឃើញ​សេចក្ដីទាំងនេះ​ជានិច្ច ក្រោយពី​ការចាកចេញ​របស់ខ្ញុំ​។ ជាការពិត យើង​មិន​បាន​តាម​ទេវកថា​ដែល​ប្រឌិតយ៉ាងប៉ិនប្រសប់​នោះ​ទេ កាល​យើង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​អំពី​ព្រះចេស្ដា និង​ការយាងមកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ផ្ទុយទៅវិញ យើង​ជា​សាក្សីផ្ទាល់ភ្នែក​នៃ​អានុភាព​របស់​ព្រះអង្គ​។ នៅពេល​ព្រះអង្គ​បាន​ទទួល​កិត្តិយស និង​សិរីរុងរឿង​ពី​ព្រះដែលជាព្រះបិតា មាន​សំឡេង​មួយ​ពី​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​មក​ដល់​ព្រះអង្គ​ដូច្នេះ​ថា​: “​នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​”​។ យើង​បាន‍ឮ​សំឡេង​នេះ​ដែល​មក​ពី​លើមេឃ កាល​យើង​នៅ​លើ​ភ្នំ​វិសុទ្ធ​ជាមួយ​ព្រះអង្គ ហើយ​យើង​មាន​ពាក្យ​របស់ព្យាការី​ដែល​ប្រាកដប្រជា​ជាងនេះទៅទៀត​។ ប្រសិនបើ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពាក្យនោះ ដូចជា​យកចិត្តទុកដាក់​នឹង​ចង្កៀង​ដែល​បញ្ចេញពន្លឺ​ក្នុង​កន្លែង​ងងឹត រហូតដល់​ថ្ងៃ​រះ និង​រហូតដល់​ផ្កាយព្រឹក​លេចឡើង​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។ អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ជាមុនសិន​ថា គ្រប់ទាំង​ពាក្យព្យាករ​ក្នុង​ព្រះគម្ពីរ មិនមែន​មកពី​ការបកស្រាយ​ផ្ទាល់ខ្លួន​របស់មនុស្ស​ទេ ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ ​៕ យ៉ាងណាមិញ ដូចដែល​មាន​ព្យាការីក្លែងក្លាយ​នៅក្នុងចំណោម​ប្រជាជន​យ៉ាងណា ក៏​នឹង​មាន​គ្រូក្លែងក្លាយ​នៅក្នុងចំណោម​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ពួកគេ​នឹង​នាំ​និកាយខុសឆ្គង​នៃ​សេចក្ដីវិនាស​មកដោយសម្ងាត់ ថែមទាំង​នាំ​សេចក្ដីវិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង ដោយ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ពួកគេ​។ មនុស្ស​ជាច្រើន​នឹង​ទៅតាម​ការល្មោភកាម ​របស់​ពួកគេ ហើយ​មាគ៌ា​នៃ​សេចក្ដីពិត​នឹង​ត្រូវបាន​និយាយប្រមាថ​ដោយព្រោះ​ពួកគេ​។ ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។ ជាការពិត ប្រសិនបើ​ព្រះ​មិន​បាន​ត្រាប្រណី​បណ្ដា​ទូតសួគ៌​ដែល​បាន​ប្រព្រឹត្តបាប គឺ​បាន​ប្រគល់​ពួកគេ​ទៅ​ចំណង​នៃ​សេចក្ដីងងឹត ទាំង​ទម្លាក់​ពួកគេ​ទៅក្នុងស្ថាននរក ដើម្បី​ទុក​សម្រាប់​ការជំនុំជម្រះ ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ដាក់ទោស​ទីក្រុង​នៃ​សូដុម និង​កូម៉ូរ៉ា​ដោយ​សេចក្ដីវិនាសសាបសូន្យ គឺ​បាន​ដុតឲ្យទៅជាផេះ ហើយ​ធ្វើឲ្យ​ពួកគេ​ទៅជា​គំរូ​ដល់​អ្នក​ជំនាន់ក្រោយ​ដែលមិនគោរពព្រះ ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់ (​ដ្បិត​មនុស្ស​សុចរិត​ម្នាក់​នេះ​បាន​រស់នៅ​ក្នុងចំណោម​ពួកគេ ហើយ​បាន​ឃើញ និង​បាន​ឮ​ពី​អំពើ​ឥតច្បាប់​របស់ពួកគេ ក៏​ឈឺចាប់​ក្នុង​ចិត្ត​ដ៏សុចរិត​របស់លោក​ជា​រៀងរាល់ថ្ងៃ​) នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច ជាពិសេស​ពួក​អ្នក​ដែល​ដើរ​ក្នុង​តណ្ហា​ដ៏ស្មោកគ្រោក​ដោយ​តាម​សាច់ឈាម ហើយ​មើលងាយ​អំណាចគ្រប់គ្រង​។ ពួកគេ​ក្អេងក្អាង និង​ប្រកាន់យកតែគំនិតខ្លួន ហើយ​មិន​ញញើត​នឹង​ជេរប្រមាថ​ពពួក​ដែលប្រកបដោយ​សិរីរុងរឿង​ឡើយ​។ ទោះបីជា​បណ្ដា​ទូតសួគ៌​មាន​កម្លាំង និង​អំណាច​ធំជាង​ក៏ដោយ ក៏​មិន​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះអម្ចាស់​ដោយមួលបង្កាច់​ឡើយ។ ប៉ុន្តែ​មនុស្ស​ទាំងនេះ ដូច​សត្វ​គ្មានវិចារណញ្ញាណ​ដែល​កើតមក​តាមធម្មជាតិ​ដើម្បីឲ្យ​គេ​ចាប់ និង​សម្លាប់ ហើយ​ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ពួកគេ​មិនស្គាល់‍។ ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ ​ក្នុង​ការវិនាស​របស់​ខ្លួន​។ ពួកគេ​នឹង​រងការអយុត្តិធម៌​ជា​ឈ្នួល​នៃ​ការអយុត្តិធម៌​របស់ខ្លួន ​; ពួកគេ​ចាត់ទុកថា​ការសេពអបាយមុខ​ទាំង​ថ្ងៃ​ជា​ការសប្បាយ​; ពួកគេ​ជា​ដាមប្រឡាក់ និង​ជា​ស្នាម​; ពួកគេ​សប្បាយចិត្ត​នឹង​ឧបាយកល​របស់​ខ្លួន នៅពេល​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​; ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស ​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា; ពួកគេ​ចាកចេញ​ពី​ផ្លូវ​ទៀងត្រង់ ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​បាឡាម​កូន​របស់​បេអ៊រ​——​បាឡាម​បាន​ស្រឡាញ់​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ប៉ុន្តែ​គាត់​ទទួល​ការស្ដីបន្ទោស​ចំពោះ​ការបំពាន​របស់ខ្លួន គឺ​សត្វលា​ដែល​មិនចេះនិយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស រារាំង​ភាពចម្កួត​របស់​ព្យាការី​នោះ​។ ពួក​អ្នកទាំងនោះ​ជា​ប្រភពទឹក​ហួតហែង និង​ជា​អ័ព្ទ​ដែល​ត្រូវ​ខ្យល់ព្យុះ​បក់បោក​។ មាន​សេចក្ដីងងឹត​សូន្យឈឹង ​បម្រុងទុក​សម្រាប់​ពួកគេ។ ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។ ពួកគេ​សន្យា​ថា​នឹង​ឲ្យ​សេរីភាព​ដល់​អ្នកទាំងនោះ ប៉ុន្តែ​ខ្លួនឯងផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដីវិនាស​។ ជាការពិត មនុស្ស​ម្នាក់​ត្រូវ​អ្នកណា​បង្ក្រាប ក៏​ជាប់ជាទាសករ​របស់​អ្នកនោះ​ហើយ​។ ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។ ដ្បិត​ប្រសិនបើ​ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​នៃ​សេចក្ដីសុចរិត នោះ​ប្រសើរ​សម្រាប់​ពួកគេ ជាជាង​ឲ្យ​ពួកគេ​ស្គាល់ ហើយ​បែរចេញ​ពី​បទបញ្ជា​ដ៏វិសុទ្ធ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​។ អ្វីដែល​បាន​កើតឡើង​ដល់​ពួកគេ ពិតជា​ដូច​សុភាសិត​នេះ​ដែលថា​: “ ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា ហើយ​ជ្រូកញី​ដែល​លាងស្អាត​ហើយ ក៏​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​ដែរ​”​៕ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទីពីរ​ហើយ ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​។ ក្នុង​សំបុត្រទាំងពីរនេះ ខ្ញុំ​បាន​ដាស់​គំនិត​បរិសុទ្ធ​របស់អ្នករាល់គ្នា​ឡើង ដោយ​ការរំលឹក ដើម្បីឲ្យ​អ្នករាល់គ្នា​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ និង​នឹកចាំ​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ដែលជា​ព្រះសង្គ្រោះ ដែលប្រទានមក ​តាមរយៈ​ពួក​សាវ័ករបស់អ្នករាល់គ្នា ​។ ជាដំបូង អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ថា នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​មកដល់​ទាំង​ចំអកឡកឡឺយ ទាំង​ដើរ​តាម​តណ្ហា​របស់ខ្លួន ហើយ​ពោលថា​៖ “​តើ​សេចក្ដីសន្យា​អំពី​ការយាងមកវិញ​របស់​ព្រះអង្គ​នៅ​ឯណា​? ដ្បិត​តាំងពី​ពួក​ដូនតា​បាន​ដេកលក់​មកម្ល៉េះ របស់​សព្វសារពើ​នៅ​ដដែល​តាំងពី​ដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក​”។ ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​; ដោយ​ព្រះបន្ទូល និងទឹកនេះឯង ពិភពលោក​នា​សម័យនោះ​បាន​វិនាស ដោយ​ត្រូវ​ទឹក​ជន់លិច​; ប៉ុន្តែ​ដោយ​ព្រះបន្ទូល​ដដែល​នេះ ផ្ទៃមេឃ និងផែនដី​នាបច្ចុប្បន្ននេះ ត្រូវបាន​បម្រុងទុក​សម្រាប់​ភ្លើង គឺ​ទុក​រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ និង​សេចក្ដីវិនាស​របស់​មនុស្ស​មិនគោរពព្រះ​។ ប៉ុន្តែ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ធ្វើព្រងើយ​នឹង​ការ​មួយ​នេះ​ឡើយ គឺថា នៅចំពោះ​ព្រះអម្ចាស់ មួយ​ថ្ងៃ​ដូចជា​មួយពាន់​ឆ្នាំ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូចជា​មួយ​ថ្ងៃ​ដែរ​។ ព្រះអម្ចាស់​មិនមែន​យឺត​នឹងបំពេញ​សេចក្ដីសន្យា​របស់ព្រះអង្គ ដូចដែល​អ្នកខ្លះ​គិតថា​យឺត​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​អត់ធ្មត់​នឹង​អ្នករាល់គ្នា ដោយ​មិន​សព្វព្រះហឫទ័យ​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ គឺ​សព្វព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំងអស់​មក​ដល់​ការកែប្រែចិត្ត​វិញ​។ យ៉ាងណាមិញ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់​ដូចជា​ចោរ ​។ នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ផុតទៅ​ដោយសន្ធឹកខ្ទរខ្ទារ ធាតុ​នានា​នឹង​ត្រូវ​ដុត​បំផ្លាញ ហើយ​ផែនដី និង​កិច្ចការ​នានា​នៅលើ​ផែនដី នឹង​ត្រូវបាន​លាតត្រដាង ​។ ដោយព្រោះ​អ្វីៗ​ទាំងអស់​នេះ​នឹង​ត្រូវបាន​បំផ្លាញ​ដូច្នេះ តើ​អ្នករាល់គ្នា​ត្រូវតែ​ធ្វើជា​មនុស្ស​បែបណា​? គឺត្រូវមាន​កិរិយា​ដ៏វិសុទ្ធ និង​គោរពព្រះ ទាំង​រង់ចាំ និង​បង្ខំឲ្យ​ថ្ងៃ​នៃ​ការយាងមកវិញ​របស់​ព្រះ​បាន​ឆាប់មកដល់​។ ដ្បិត​នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ត្រូវ​បញ្ឆេះ​បំផ្លាញ ហើយ​ធាតុ​នានា​នឹង​ត្រូវ​ដុត​រំលាយ​។ ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។ ដូច្នេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយព្រោះ​អ្នករាល់គ្នា​កំពុង​រង់ចាំ​ការទាំងនេះ ចូរ​ខំប្រឹង​ឲ្យ​ព្រះ ​បាន​ទត​ឃើញថា​អ្នករាល់គ្នា​ឥតប្រឡាក់ និង​ឥតសៅហ្មង ទាំងមាន​សេចក្ដីសុខសាន្ត ហើយ​ចូរ​ចាត់ទុក​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​នៃយើង​ថា​ជា​សេចក្ដីសង្គ្រោះ ដូចដែល​ប៉ូល​បងប្អូន​ដ៏ជាទីស្រឡាញ់​របស់យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​ដែរ ស្របតាម​ប្រាជ្ញា​ដែល​ប្រទាន​ដល់​គាត់​។ ក្នុង​សំបុត្រ​ទាំងអស់ គាត់​រៀបរាប់​អំពី​សេចក្ដីទាំងនេះ​ហើយ​។ ក្នុង​សំបុត្រទាំងនោះ​មាន​ចំណុចខ្លះ​ពិបាកយល់ ដែល​ពួក​គ្មានចំណេះដឹង និង​ពួក​មិនមាំមួន​បំប្លែង​ន័យ ដូចដែល​ពួកគេធ្វើដល់​បទគម្ពីរ​ឯទៀត​ៗ​ដែរ ដែលការនោះ​នាំមកនូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ពួកគេ​។ ដោយហេតុនេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ ចូរ​ប្រុងប្រយ័ត្ន​ដោយ​អ្នករាល់គ្នា​ស្គាល់​ការនេះ​ជាមុន ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​អូសទាញ​ដោយ​ការបោកប្រាស់​របស់​ពួក​ឥតច្បាប់ ហើយ​ធ្លាក់ចេញ​ពី​ភាពមាំមួន​របស់ខ្លួន​។ ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន ​៕​៚ អ្វីដែល​មាន​តាំងពី​ដើមដំបូង​មក ដែល​យើង​បាន​ឮ ដែល​យើង​បាន​ឃើញ​ផ្ទាល់ភ្នែក ដែល​យើង​បាន​សម្លឹង និង​ពាល់​ផ្ទាល់ដៃ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​—— គឺ​ជីវិត​នេះហើយ ដែល​ត្រូវបាន​សម្ដែង​។ យើង​បាន​ឃើញ ហើយ​ធ្វើបន្ទាល់ ព្រមទាំង​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ជីវិតអស់កល្បជានិច្ច ដែល​ស្ថិតនៅ​ជាមួយ​ព្រះ​បិតា ហើយ​ត្រូវបាន​សម្ដែង​ដល់​យើង​។ អ្វីដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ យើង​ក៏​ប្រកាស​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ការប្រកបគ្នា​ជាមួយ​យើង​ដែរ​; ជាការពិត ការប្រកបគ្នា​របស់យើង​ជា​ការប្រកបគ្នា​ជាមួយ​ព្រះ​បិតា និង​ជាមួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ យើង​សរសេរ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អំណរ​របស់យើង ​ត្រូវបាន​បំពេញ​។ នេះ​ជា​សារ​ដែល​យើង​បាន​ឮ​ពី​ព្រះគ្រីស្ទ ​មក ហើយ​ប្រកាស​ដល់​អ្នករាល់គ្នា គឺថា​ព្រះ​ជា​ពន្លឺ ហើយ​ក្នុង​ព្រះអង្គ​គ្មាន​សេចក្ដីងងឹត​ណា​ឡើយ​។ ប្រសិនបើ​យើង​និយាយ​ថា យើង​មាន​ការប្រកបគ្នា​ជាមួយ​ព្រះ ប៉ុន្តែ​ដើរ​ក្នុង​សេចក្ដីងងឹត​វិញ នោះ​យើង​កំពុង​ភូតភរ ហើយ​មិន​ប្រព្រឹត្តតាម​សេចក្ដីពិត​ទេ​; ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។ ប្រសិនបើ​យើង​និយាយ​ថា យើង​គ្មាន​បាប នោះ​យើង​កំពុង​បញ្ឆោត​ខ្លួនឯង ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ​; ប្រសិនបើ​យើង​សារភាព​បាប​របស់យើង នោះដោយសារ​ព្រះអង្គ​ទ្រង់​ស្មោះត្រង់ និង​សុចរិតយុត្តិធម៌ ដូច្នេះ​ព្រះអង្គ​នឹង​លើកលែងទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​សេចក្ដីទុច្ចរិត​ទាំងអស់​។ ប្រសិនបើ​យើង​និយាយ​ថា យើង​មិន​បាន​ប្រព្រឹត្តបាប នោះ​យើង​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ។ កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្តបាប យើង​មាន​ព្រះជំនួយ​នៅចំពោះ​ព្រះ​បិតា គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏សុចរិតយុត្តិធម៌​។ ព្រះអង្គផ្ទាល់​ជា​យញ្ញបូជាលួងព្រះហឫទ័យ ​សម្រាប់​បាប​របស់យើង មិនគ្រាន់តែ​សម្រាប់​យើង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ទៀតផង​។ យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ អ្នក​ដែល​និយាយ​ថា​៖ “​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​” ប៉ុន្តែ​មិន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ អ្នកនោះ​ជា​អ្នកភូតភរ ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ; រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។ អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ព្រះអង្គ អ្នកនោះ​ត្រូវតែ​ដើរ​ដូចដែល​ព្រះអង្គ​បាន​ដើរ​ដូច្នោះ​ដែរ។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​សេចក្ដីបង្គាប់​ចាស់‍ដែល​អ្នករាល់គ្នា​មាន​តាំងពី​ដំបូង​មក​។ សេចក្ដីបង្គាប់​ចាស់​នេះ​ជា​ព្រះបន្ទូល​ដែល​អ្នករាល់គ្នា​ធ្លាប់‍​ឮ​ហើយ ​។ យ៉ាងណាមិញ ខ្ញុំ​សូម​សរសេរ​មក​អ្នករាល់គ្នា​ជា​សេចក្ដីបង្គាប់​ថ្មី​វិញ​។ សេចក្ដីបង្គាប់នេះ​គឺ​ពិត​នៅក្នុង​ព្រះអង្គ និង​នៅក្នុង​អ្នករាល់គ្នា ពីព្រោះ​សេចក្ដីងងឹត​កំពុង​ផុតទៅ ហើយ​ពន្លឺ​ពិត​បាន​ភ្លឺឡើង​ហើយ​។ អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ពន្លឺ ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​នៅតែ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​នៅឡើយ​។ អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ; ប៉ុន្តែ​អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ហើយ​ដើរ​ក្នុង​សេចក្ដីងងឹត ទាំង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​ទៅ​ឯណា​ទេ ពីព្រោះ​សេចក្ដីងងឹត​បាន​ធ្វើឲ្យ​ភ្នែក​របស់​អ្នកនោះ​ខ្វាក់​។ កូន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ហើយ ដោយសារតែ​ព្រះនាម​របស់​ព្រះគ្រីស្ទ​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។ កូន‍រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​បិតា​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​មនុស្ស​រឹងមាំ ហើយ​ព្រះបន្ទូល​របស់​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ​។ កុំ​ស្រឡាញ់​ពិភពលោក និង​អ្វីៗ​នៅក្នុង​ពិភពលោក​ឡើយ​។ ប្រសិនបើ​អ្នកណា​ស្រឡាញ់​ពិភពលោក សេចក្ដីស្រឡាញ់​របស់​ព្រះ​បិតា​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។ ពិភពលោក និង​តណ្ហា​របស់​វា​កំពុង​ផុតទៅ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។ កូន​រាល់គ្នា​អើយ ឥឡូវនេះ​ជា​គ្រាចុងបញ្ចប់​ហើយ​។ ដូចដែល​អ្នករាល់គ្នា​បាន‍ឮ​ថា អ្នកប្រឆាំងព្រះគ្រីស្ទ​នឹង​មក សូម្បីតែ​ឥឡូវនេះ​មាន​អ្នកប្រឆាំងព្រះគ្រីស្ទ​ជាច្រើន​បាន​លេចមក​ហើយ​; ដូច្នេះ​យើង​ដឹង​ថា នេះ​ជា​គ្រាចុងបញ្ចប់​ហើយ។ ពួកគេ​បាន​ចេញ​ពី​យើង​ទៅ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​គ្នា​យើង​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​ជា​គ្នា​យើង​មែន ម្ល៉េះសម​ពួកគេ​បាន​បន្ត​នៅ​ជាមួយ​យើង​; ប៉ុន្តែ​ពួកគេ​ចេញទៅ​ដើម្បីឲ្យ​ច្បាស់​ថា ពួកគេ​ទាំងអស់គ្នា​មិនមែន​ជា​គ្នា​យើង​ទេ។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ទទួល​ការចាក់ប្រេងអភិសេក​ពី​អង្គ​ដ៏វិសុទ្ធ ដូច្នេះ​អ្នក​ទាំងអស់គ្នា​ស្គាល់​ហើយ ​។ ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដីពិត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីពិត និង​ដោយព្រោះ​គ្មាន​សេចក្ដីកុហក​ណា​ចេញពី​សេចក្ដីពិត​ឡើយ។ តើ​នរណា​ជា​អ្នកភូតភរ​? មិនមែន​ជា​អ្នក​ដែល​បដិសេធ​ថា​ព្រះយេស៊ូវ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ​? អ្នក​ដែល​បដិសេធ​ព្រះ​បិតា និង​ព្រះបុត្រា អ្នកនោះ​ហើយ ជា​អ្នកប្រឆាំងព្រះគ្រីស្ទ​។ អស់អ្នក​ដែល​បដិសេធ​ព្រះបុត្រា ក៏គ្មាន​ព្រះ​បិតា​ដែរ​; អ្នក​ដែល​សារភាព​ព្រះបុត្រា ក៏​មាន​ព្រះ​បិតា​ដែរ។ ចូរឲ្យ​អ្វីដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ចុះ​។ ប្រសិនបើ​អ្វីដែល​អ្នករាល់គ្នា​បាន‍ឮ​តាំងពី​ដំបូង​បាន​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ហើយ នោះ​អ្នករាល់គ្នា​ក៏​នឹង​ស្ថិតនៅ​ក្នុង​ព្រះបុត្រា និង​ក្នុង​ព្រះ​បិតា​ដែរ។ នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។ ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ស្ដីអំពី​អ្នក​ដែល​បោកបញ្ឆោត​អ្នករាល់គ្នា​។ រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ​ចុះ ដើម្បី​កាលណា​ព្រះអង្គ​លេចមក យើង​អាច​មាន​ភាពក្លាហាន ព្រមទាំង​ឥត​ត្រូវ​អៀនខ្មាស​នៅចំពោះ​ព្រះអង្គ ក្នុងកាលដែល​ព្រះអង្គ​យាងមក​។ ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។ មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “​កូន​របស់​ព្រះ​” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន ‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា ​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។ អស់អ្នក​ដែល​មាន​សេចក្ដីសង្ឃឹម​នេះ​លើ​ព្រះអង្គ ក៏​ជម្រះ​ខ្លួនឯង​ឲ្យបរិសុទ្ធ ដូចដែល​ព្រះអង្គ​ទ្រង់​បរិសុទ្ធ​ដែរ។ អស់អ្នក​ដែល​ប្រព្រឹត្តបាប កំពុង​ប្រព្រឹត្ត​អំពើឥតច្បាប់ ដ្បិត​បាប​ជា​ការឥតច្បាប់​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះគ្រីស្ទ​បាន​លេចមក ដើម្បី​យក​បាប ​ចេញ ហើយ​នៅក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ​។ អស់អ្នក​ដែល​ស្ថិតនៅ​ក្នុង​ព្រះអង្គ មិន​បន្ត​ប្រព្រឹត្តបាប​ទេ រីឯ​អស់អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប មិន​បាន​ឃើញ​ព្រះអង្គ​ឡើយ ហើយក៏មិន​បាន​ស្គាល់​ព្រះអង្គ​ដែរ​។ កូន‍រាល់គ្នា​អើយ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ​! អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ជា​មនុស្ស​សុចរិត ដូចដែល​ព្រះអង្គ​ទ្រង់​សុចរិត​ដែរ​។ អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប ជារបស់​មារ ពីព្រោះ​មារ​បាន​ប្រព្រឹត្តបាប​តាំងពី​ដើមដំបូង​មក​។ ហេតុនេះហើយបានជា​ព្រះបុត្រារបស់ព្រះ​លេចមក ដើម្បី​បំផ្លាញ​កិច្ចការ​របស់​មារ​។ អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​បន្ត​ប្រព្រឹត្តបាប​ទេ ពីព្រោះ​គ្រាប់ពូជ​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​អ្នកនោះ​; អ្នកនោះ​មិនអាច​បន្ត​ប្រព្រឹត្តបាប​បានឡើយ ពីព្រោះ​គាត់​បាន​កើតមក​ពី​ព្រះ​។ ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។ ដ្បិត​នេះ​ជា​សារ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក គឺឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក​។ កុំ​ធ្វើ​ដូច​កាអ៊ីន​ដែល​ជារបស់​មេអាក្រក់ ហើយ​បាន​សម្លាប់​ប្អូនប្រុស ​របស់​ខ្លួន​ឡើយ​។ ហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ​? ពីព្រោះ​អំពើ​របស់​គាត់​អាក្រក់ រីឯ​អំពើ​របស់​ប្អូនប្រុស​គាត់​សុចរិត​។ បងប្អូន​អើយ ប្រសិនបើ​ពិភពលោក​ស្អប់​អ្នករាល់គ្នា នោះ​កុំ​ងឿងឆ្ងល់​ឡើយ​។ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ ពីព្រោះ​យើង​ស្រឡាញ់​បងប្អូន​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​ស្ថិតនៅ​ក្នុង​សេចក្ដីស្លាប់‍។ អស់អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺជា​ឃាតករ ហើយ​អ្នករាល់គ្នា​ដឹង​ហើយ​ថា ឃាតករ​ទាំងអស់​គ្មាន​ជីវិតអស់កល្បជានិច្ច​ស្ថិតនៅ​ក្នុង​ខ្លួន​ឡើយ។ យើង​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដោយសារតែការនេះ គឺ​ព្រះគ្រីស្ទ ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​សម្រាប់​យើង ដូច្នេះ​យើង​ក៏​ត្រូវតែ​លះបង់​ជីវិត​សម្រាប់​បងប្អូន​ដែរ​។ ប្រសិនបើ​អ្នកណា​មាន​ទ្រព្យសម្បត្តិ​ខាង​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះខាត ប៉ុន្តែ​បិទ​ដួងចិត្ត​របស់​ខ្លួន​ចំពោះ​គេ តើ​សេចក្ដីស្រឡាញ់របស់ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដូចម្ដេចកើត‍? កូន​រាល់គ្នា​អើយ យើង​ត្រូវ​ស្រឡាញ់ មិនមែន​ដោយ​ពាក្យសម្ដី ឬ​បបូរមាត់​ទេ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្ដីពិត​វិញ​។ ដោយសារតែការនេះ យើង​នឹង​ដឹង​ថា យើង​ជារបស់​សេចក្ដីពិត ហើយ​យើង​នឹង​ស្ងប់​ចិត្ត​នៅចំពោះ​ព្រះ ទោះបីជា​ចិត្ត​របស់យើង​ចោទប្រកាន់​យើង​ក៏ដោយ ដ្បិត​ព្រះ​ធំជាង​ចិត្ត​របស់យើង​ទៅទៀត ហើយ​ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ចិត្ត​របស់យើង​មិន​ចោទប្រកាន់​យើង​ទេ យើង​មាន​ភាពក្លាហាន​នៅចំពោះ​ព្រះ ហើយ​អាច​ទទួល​ពី​ព្រះអង្គ​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ ពីព្រោះ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អ្វី​ដែល​គាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។ អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ យើង​ដឹង​ថា​ព្រះអង្គ​ស្ថិតនៅ​ក្នុង​យើង​ដោយសារតែការនេះ គឺ​ដោយសារតែ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​៕ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។ អ្នករាល់គ្នា​អាច​សម្គាល់​ព្រះវិញ្ញាណ​របស់​ព្រះ​ដោយសារតែការនេះ គឺ​អស់ទាំង​វិញ្ញាណ​ដែល​សារភាពថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ក្នុង​សាច់ឈាម វិញ្ញាណនោះ​ជារបស់​ព្រះ​ហើយ រីឯ​អស់ទាំង​វិញ្ញាណ​ដែល​មិន​សារភាព​ព្រះយេស៊ូវ វិញ្ញាណនោះ​មិនមែន​ជារបស់​ព្រះ​ទេ គឺ​ជា​វិញ្ញាណ​របស់​អ្នកប្រឆាំងព្រះគ្រីស្ទ​វិញ​។ អ្នករាល់គ្នា​បាន​ឮ​ហើយ ថា​វា​នឹង​មក ហើយ​ឥឡូវនេះ វា​នៅ​ក្នុង​ពិភពលោក​ស្រាប់​។ កូន​រាល់គ្នា​អើយ អ្នករាល់គ្នា​ជារបស់​ព្រះ ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​ពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះ​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​អ្នករាល់គ្នា ធំជាង​អ្នក​ដែល​នៅក្នុង​ពិភពលោក​។ ពួកគេ​ជារបស់​ពិភពលោក ដូច្នេះ​ពួកគេ​និយាយ​ខាង​ពិភពលោក ហើយ​ពិភពលោក​ក៏​ស្ដាប់តាម​ពួកគេ​។ រីឯ​យើង​ជារបស់​ព្រះ​។ អ្នក​ដែល​ស្គាល់​ព្រះ ស្ដាប់តាម​យើង​; អ្នកដែល​មិនមែន​ជារបស់​ព្រះ មិន​ស្ដាប់តាម​យើង​ទេ​។ ដោយសារតែការនេះ យើង​អាច​សម្គាល់​វិញ្ញាណ​នៃ​សេចក្ដីពិត ‍និង​វិញ្ញាណ​នៃ​ការបោកប្រាស់​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ យើង​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក ដ្បិត​សេចក្ដីស្រឡាញ់​ជារបស់​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់ គឺ​កើតមក​ពី​ព្រះ ហើយ​ស្គាល់​ព្រះ​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​មិន​ស្គាល់​ព្រះ​ទេ ពីព្រោះ​ព្រះ​ជា​សេចក្ដីស្រឡាញ់​។ សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​សម្ដែង​ក្នុងចំណោម​យើង​ដោយការនេះ​ឯង គឺ​ដោយ​ការដែល​ព្រះ​បាន​ចាត់​ព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យមក​ក្នុង​ពិភពលោក ដើម្បីឲ្យ​យើង​មានជីវិត​តាមរយៈ​ព្រះបុត្រា​។ មិនមែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​ទេ គឺ​ថា​ព្រះអង្គ​បាន​ស្រឡាញ់​យើង​វិញ​ទេតើ ហើយ​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ជា​យញ្ញបូជាលួងព្រះហឫទ័យ ​សម្រាប់​បាប​របស់យើង​——​ក្នុង​ការនេះ​ហើយ មាន​សេចក្ដីស្រឡាញ់​។ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ព្រះ​បាន​ស្រឡាញ់​យើង​ដល់ម្ល៉េះ យើង​ក៏​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។ គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក នោះ​ព្រះ​ស្ថិតនៅ​ក្នុង​យើង ហើយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ក៏​បានគ្រប់លក្ខណ៍​នៅក្នុង​យើង​ដែរ​។ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​យើង ដោយសារតែការនេះ គឺ​ដោយសារ​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដល់​យើង​។ យើង​បាន​ឃើញ ហើយ​ឥឡូវនេះ​យើង​ធ្វើបន្ទាល់​ថា ព្រះ​បិតា​បាន​ចាត់​ព្រះបុត្រា​ឲ្យមក​ជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក​។ អ្នកណាក៏ដោយដែល​សារភាព​ថា​ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ស្ថិតនៅ​ក្នុង​ព្រះ​ដែរ​។ ដូច្នេះ យើង​បាន​ស្គាល់ ព្រមទាំង​ជឿ​លើ​សេចក្ដីស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​។ ព្រះ​ជា​សេចក្ដីស្រឡាញ់​; អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​នេះ គឺ​ស្ថិតនៅ​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ ដោយសារតែការនេះ សេចក្ដីស្រឡាញ់​បានគ្រប់លក្ខណ៍​នៅក្នុង​យើង ដើម្បីឲ្យ​យើង​មាន​ភាពក្លាហាន​នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដ្បិត​ដូចដែល​ព្រះគ្រីស្ទ ​ជា​យ៉ាងណា យើង​ក៏​ជា​យ៉ាងនោះដែរ នៅក្នុង​ពិភពលោកនេះ​។ នៅក្នុង​សេចក្ដីស្រឡាញ់ គ្មាន​សេចក្ដីភ័យខ្លាច​ឡើយ​; ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់​ដ៏គ្រប់លក្ខណ៍​បំបាត់​សេចក្ដីភ័យខ្លាច​។ ដ្បិត​សេចក្ដីភ័យខ្លាច​តែងតែ​ប្រកប​ដោយ​ទោស ហើយ​អ្នក​ដែល​ភ័យខ្លាច​មិនទាន់​បានគ្រប់លក្ខណ៍​នៅក្នុង​សេចក្ដីស្រឡាញ់​ទេ។ យើង​ស្រឡាញ់ ពីព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​មុន។ ប្រសិនបើ​អ្នកណា​និយាយ​ថា​៖ “​ខ្ញុំ​ស្រឡាញ់​ព្រះ​” ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​ជា​អ្នកភូតភរ​ហើយ​។ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែល​មើលឃើញ ក៏​មិនអាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​បានឡើយ ​។ នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។ អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។ យើង​ដឹង​ថា យើង​ស្រឡាញ់​កូន​របស់​ព្រះ ដោយសារតែការនេះ​ឯង គឺ​កាលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ប្រព្រឹត្តតាម ​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ ជាការពិត នេះ​ជា​សេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ រីឯ​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​មិនមែន​ជា​បន្ទុកធ្ងន់​ទេ ដ្បិត​អស់អ្នក​ដែល​កើតមក​ពី​ព្រះ សុទ្ធតែ​ឈ្នះ​លើ​ពិភពលោក​។ នេះ​ហើយ ជា​ជ័យជម្នះ​ដែល​ឈ្នះ​លើ​ពិភពលោក គឺ​ជំនឿ​របស់យើង​។ តើ​នរណា​ជា​អ្នក​ដែល​ឈ្នះ​លើ​ពិភពលោក​? មិនមែន​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ​ទេឬ​? នេះ​ហើយ ជា​ព្រះអង្គ​ដែល​យាង​មក​ដោយ​ទឹក និង​ឈាម គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ ព្រះអង្គ​បាន​យាង​មក​មិនគ្រាន់តែ​ដោយ​ទឹក​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម រីឯ‍ព្រះវិញ្ញាណ​ជា​អ្នក​ដែល​ធ្វើបន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដីពិត​។ ជាការពិត មាន​បី​ដែល​ធ្វើបន្ទាល់ គឺ​ព្រះវិញ្ញាណ ទឹក និង​ឈាម ហើយ‍ទាំង​បី​នេះ​គឺ​ស្របគ្នា ​។ ប្រសិនបើ​យើង​ទទួលយក​ទីបន្ទាល់​របស់​មនុស្ស​ទៅហើយ នោះ​ទីបន្ទាល់​របស់​ព្រះ​រឹតតែប្រសើរជាងទៅទៀត ដ្បិត​នេះ​ជា​ទីបន្ទាល់​របស់​ព្រះ ដែល​ព្រះអង្គ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ ទីបន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិតអស់កល្បជានិច្ច​ដល់​យើង ហើយ​ជីវិត​នេះ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។ អ្នក​ដែល​មាន​ព្រះបុត្រា ក៏​មាន​ជីវិត​ដែរ រីឯ​អ្នក​ដែល​គ្មាន​ព្រះបុត្រារបស់ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។ នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ គឺថា​ប្រសិនបើ​យើង​ទូល​សុំ​អ្វី​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​សណ្ដាប់​យើង‍។ ប្រសិនបើ​យើង​បាន​ដឹង​ថា ព្រះអង្គ​សណ្ដាប់​យើង​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ នោះ​យើង​ក៏​ដឹង​ថា យើង​ទទួលបាន​អ្វីដែល​យើង​បាន​ទូល​សុំ​ពី​ព្រះអង្គ​រួចស្រេច​ទៅហើយ។ ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។ គ្រប់ទាំង​សេចក្ដីទុច្ចរិត​ជា​បាប ប៉ុន្តែ​មាន​បាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​ដែរ​។ យើង​ដឹង​ហើយ​ថា អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ប្រព្រឹត្តបាប​ទេ គឺ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះ រក្សា​អ្នកនោះ ហើយ​មេអាក្រក់​ក៏​មិន​ប៉ះ​អ្នកនោះ​ឡើយ​។ យើង​ដឹង​ហើយ​ថា យើង​ជារបស់​ព្រះ រីឯ​ពិភពលោក​ទាំងមូល​ចុះចូល​នៅក្រោម​មេអាក្រក់​។ យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត ​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។ កូន​រាល់គ្នា​អើយ ចូរ​រក្សា​ខ្លួន​ឲ្យផុត​ពី​រូបបដិមាករ ​៕​៚ ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​លោកស្រី ​ដែល​ត្រូវបានជ្រើសតាំង និង​កូន‍ៗ​របស់​លោកស្រី​: អ្នករាល់គ្នា ​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត ហើយ​មិនមែន​តែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះ​ទេ គឺ​អស់អ្នក​ដែល​ស្គាល់​សេចក្ដីពិត​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ពីព្រោះ​សេចក្ដីពិត​ស្ថិតនៅ​ក្នុង​យើង ហើយក៏​នឹង​នៅ​ជាមួយ​យើង​ជារៀងរហូត‍។ ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះយេស៊ូវ​គ្រីស្ទ ​ព្រះបុត្រា​របស់​ព្រះ​បិតា នឹង​ស្ថិតនៅ​ជាមួយ​យើង ក្នុង​សេចក្ដីពិត និង​សេចក្ដីស្រឡាញ់​។ ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់ ដោយ​ឃើញថា​មាន​អ្នកខ្លះ​ក្នុងចំណោម​កូន​ៗ​របស់អ្នក​ដើរ​ក្នុង​សេចក្ដីពិត ស្របតាម​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះ​បិតា​។ លោកស្រី ​អើយ ឥឡូវនេះ ខ្ញុំ​សូម​អង្វរ​អ្នក ឲ្យ​យើងរាល់គ្នា ​ស្រឡាញ់​គ្នាទៅវិញទៅមក‍។ ខ្ញុំ​សរសេរ​មក​អ្នក មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​ជា​សេចក្ដីបង្គាប់​ដែល​យើង​មាន​តាំងពី​ដំបូង​មក​។ នេះ​ហើយ ជា​សេចក្ដីស្រឡាញ់ គឺ​យើង​ត្រូវ​ដើរតាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​; នេះ​ហើយ ជា​សេចក្ដីបង្គាប់​ដូចដែល​យើង​បាន​ឮ​តាំងពី​ដំបូង​មក គឺ​យើង​ត្រូវតែ​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​។ ជាការពិត មាន​អ្នក​បោកប្រាស់​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក ​ហើយ ពួកគេ​មិន​សារភាពថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជា​សាច់ឈាម​ទេ​។ មនុស្ស​បែបនេះ​ជា​អ្នក​បោកប្រាស់ និង​ជា​អ្នកប្រឆាំងព្រះគ្រីស្ទ‍។ ចូរ​ប្រយ័ត្ន​ខ្លួន ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាត់បង់​អ្វីដែល​យើងរាល់គ្នា ​បាន​ធ្វើ គឺ​ឲ្យ​អ្នករាល់គ្នា​ទទួលបាន​រង្វាន់​ដ៏ពេញលេញ​វិញ​។ អស់អ្នក​ដែល​ទៅហួស ហើយ​មិន​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​របស់​ព្រះ​គ្រីស្ទ អ្នកនោះ​គ្មាន​ព្រះ​ទេ រីឯ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​នេះ អ្នកនោះ​មាន​ទាំង​ព្រះ​បិតា និង​ព្រះបុត្រា​។ ប្រសិនបើ​អ្នកណា​មករក​អ្នករាល់គ្នា ប៉ុន្តែ​មិន​នាំ​សេចក្ដីបង្រៀន​នេះ​មក​ទេ នោះ​កុំ​ទទួល​អ្នកនោះ​មកក្នុង​ផ្ទះ ហើយក៏​កុំ​ជម្រាបសួរ​អ្នកនោះ​ឡើយ ដ្បិត​អ្នក​ដែល​ជម្រាបសួរ​អ្នកនោះ ក៏​មានចំណែក​ក្នុង​កិច្ចការ​អាក្រក់​របស់​អ្នកនោះ​ដែរ។ ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​សរសេរ​មក​អ្នករាល់គ្នា ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ប្រើ​ក្រដាស និង​ទឹកខ្មៅ​ទេ ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នករាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់ ដើម្បីឲ្យ​អំណរ​របស់យើង ​ត្រូវបាន​បំពេញ​។ កូន‍ៗ​របស់​បងស្រី ​អ្នក គឺ​បងស្រី​ដែល​ត្រូវបានជ្រើសតាំង ក៏​ផ្ដាំ​សួរសុខទុក្ខ​លោកស្រី​ដែរ ​៕​៚ ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​កៃយុស​ជាទីស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត​។ អ្នក​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូមឲ្យ​អ្នក​រីកចម្រើន​ក្នុង​ការ​ទាំងអស់ ហើយ​មានសុខភាពល្អ ដូចដែល​ព្រលឹង​របស់អ្នក​បាន​រីកចម្រើន​ដែរ​។ មាន​បងប្អូន​បាន​មក ហើយ​ធ្វើបន្ទាល់​អំពី​ការ​ដែល​អ្នក​ស្ថិតនៅក្នុង ​សេចក្ដីពិត គឺអំពី​របៀបដែល​អ្នក​កំពុង​ដើរ​ក្នុង​សេចក្ដីពិត ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់​។ ខ្ញុំ​គ្មាន​អំណរ​ណា​ខ្លាំងជាង​ការទាំងនេះ​ទេ គឺដែល​ឮ​ថា​កូន‍ៗ​របស់ខ្ញុំ​កំពុង​ដើរ​ក្នុង​សេចក្ដីពិត​។ អ្នក​ដ៏ជាទីស្រឡាញ់​អើយ អ្វីក៏ដោយដែល​អ្នក​ធ្វើ​សម្រាប់​បងប្អូន ជាពិសេស​សម្រាប់​បងប្អូន​ដែល​មិនស្គាល់ នោះ​អ្នក​កំពុង​ធ្វើ​ដោយ​ស្មោះត្រង់​ហើយ​។ ពួកគេ​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​នៅមុខ​ក្រុមជំនុំ‍។ ប្រសិនបើ​អ្នក​ជូនដំណើរ​ពួកគេ​តាមបែបសមគួរ​នឹង​ព្រះ នោះ​អ្នក​នឹង​ធ្វើ​បាន​ល្អ ដ្បិត​ពួកគេ​បាន​ចេញដំណើរ​ដើម្បី​ព្រះនាម​របស់​ព្រះអង្គ ដោយ​មិន​ទទួល​អ្វី​ពី​សាសន៍ដទៃ​ឡើយ។ ដូច្នេះ យើង​ត្រូវតែ​ទទួល​មនុស្ស​បែបនេះ ដើម្បីឲ្យ​យើង​បានជា​អ្នករួមការងារ​សម្រាប់​សេចក្ដីពិត​។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ទៅ​ក្រុមជំនុំ​ហើយ ប៉ុន្តែ​ឌីអូត្រេពេស​ដែល​ចូលចិត្តធ្វើជាមេ​ក្នុងចំណោម​ពួកគេ មិន​ព្រម​ទទួល​យើង​ទេ​។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។ អ្នក​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ត្រាប់តាម​ការ​អាក្រក់​ឡើយ គឺ​ចូរ​ត្រាប់តាម​ការល្អ​វិញ​។ អ្នក​ដែល​ធ្វើល្អ ជារបស់​ព្រះ រីឯ​អ្នក​ដែល​ធ្វើអាក្រក់ មិនដែល​ឃើញ​ព្រះ​ឡើយ​។ ដេមេទ្រាស​ត្រូវ​ទាំងអស់គ្នា​ធ្វើបន្ទាល់ ហើយ​ត្រូវ​សេចក្ដីពិត​ផ្ទាល់​ធ្វើបន្ទាល់​ដែរ​; រីឯ​យើង​ក៏​ធ្វើបន្ទាល់​ដែរ ហើយ​អ្នក​ក៏​ដឹង​ហើយ​ថា ទីបន្ទាល់​របស់យើង​គឺ​ពិត​។ ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​សរសេរ​មក​អ្នក ប៉ុន្តែ​ខ្ញុំ​មិន​ចង់​សរសេរ​មក​អ្នក​ដោយ​ទឹកខ្មៅ និង​ប៉ាកកា​ទេ​។ ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ភ្លាមៗ ហើយ​និយាយ​គ្នា​ផ្ទាល់មាត់​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ពួក​មិត្តសម្លាញ់​របស់យើង ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នក​ដែរ​។ សូម​អ្នក​ជួយ​សួរសុខទុក្ខ​មិត្តសម្លាញ់​របស់យើង​ម្នាក់ៗ​ផង​៕​៚ ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស ​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់ ​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​សេចក្ដីមេត្តា សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់ ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​! អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយ​ខ្ញុំ​មាន​ចិត្តខ្នះខ្នែង​យ៉ាងខ្លាំង​នឹង​សរសេរ​មក​អ្នករាល់គ្នា​អំពី​សេចក្ដីសង្គ្រោះ​ដែល​យើង​មានរួមគ្នា ខ្ញុំ​បាន​យល់ឃើញថា​ជា​ការចាំបាច់​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ជា​ការ​ជំរុញទឹកចិត្ត​ដល់អ្នករាល់គ្នា​ឲ្យ‍ខំប្រឹងតស៊ូ​ដើម្បី​ជំនឿ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​វិសុទ្ធជន​ម្ដងជាសម្រេច​នោះ​។ ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស ​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ ទោះបីជា​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងអស់​នេះ​ហើយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នករាល់គ្នា​ថា ព្រះអម្ចាស់ ​បាន​សង្គ្រោះ​ប្រជារាស្ត្រ​ចេញពី​ដែនដី​អេហ្ស៊ីប​តែម្ដងគត់ ហើយ​ក្រោយមក ព្រះអង្គ​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​បាន​ជឿ ព្រមទាំង​ឃុំឃាំង​បណ្ដា​ទូតសួគ៌​ដែល​មិន​បាន​រក្សា​ឋានៈ​ខ្លួន គឺ​បោះបង់​លំនៅ​របស់ខ្លួន​ចោល​នោះ ឲ្យ​នៅក្នុង​សេចក្ដីងងឹត​ដោយ​ចំណង​ដ៏អស់កល្ប រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​ដ៏ធំ​។ ដូចគ្នាដែរ សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ទីក្រុង​ឯទៀតៗ​ដែល​នៅជុំវិញ បាន​បណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​ទៅតាម​តណ្ហាសាច់ឈាម​ដែល​ខុសធម្មជាតិ​ដូច​របៀប​ពពួក​ទូតសួគ៌​ទាំងនោះ ក៏​បាន​ត្រឡប់ជា​គំរូ​ដោយ​ទទួលទោស​នៃ​ភ្លើង​អស់កល្បជានិច្ច​។ យ៉ាងណាមិញ ពួក​រវើរវាយ​ទាំងនោះ​ក៏​ដូច្នោះដែរ ពួកគេ​ធ្វើឲ្យ​រូបកាយ​សៅហ្មង ទាំង​បដិសេធ​អំណាចគ្រប់គ្រង ហើយ​និយាយប្រមាថ​ពពួក​ដែល​ប្រកបដោយ​សិរីរុងរឿង​។ សូម្បីតែ​មីកែល​មហាទូតសួគ៌​ក៏​មិន​ហ៊ាន​ផ្ដន្ទាទោស​ដោយ​ពាក្យប្រមាថ​ឡើយ កាល​បាន​ប្រកែក​ជាមួយ​មារ ពេល​ជជែកវែកញែក​អំពី​សព​របស់​ម៉ូសេ គឺ​គ្រាន់តែ​និយាយថា​៖ “​សូមឲ្យ​ព្រះអម្ចាស់​ស្ដីបន្ទោស​ឯង​!​” រីឯ​អ្នកទាំងនោះ​វិញ ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ខ្លួន​មិន​ស្គាល់ ហើយ​ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ដោយ​អ្វីដែល​ពួកគេ​យល់​តាមធម្មជាតិ ដូច​សត្វ​ដែល​គ្មានវិចារណញ្ញាណ​។ វេទនា​ដល់​ពួកគេ​ហើយ​! ដ្បិត​ពួកគេ​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​សម្រុកចូល​ទៅក្នុង​សេចក្ដីវង្វេង​របស់​បាឡាម​ដើម្បី​កម្រៃ ថែមទាំង​វិនាស​ក្នុង​ការបះបោរ​របស់​កូរ៉ា​។ អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់ ​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា ​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ ជា​រលក​កំណាច​របស់​សមុទ្រ​ដែល​បែកពពុះ​នៃ​សេចក្ដីគួរខ្មាស​របស់​ខ្លួន ជា​ផ្កាយ​វង្វេងទិស ដែល​មាន​សេចក្ដីងងឹត​សូន្យឈឹង​អស់កល្បជានិច្ច​បម្រុងទុក​សម្រាប់ពួកគេ​។ ហេណុក​ដែលជា​តំណ ​ទីប្រាំពីរ​ក្រោយពី​អ័ដាម ក៏​បាន​ព្យាករ​អំពី​អ្នកទាំងនេះ​ដែរ​ថា​៖ “​មើល៍! ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​វិសុទ្ធ​ដ៏ច្រើនរាប់មិនអស់​របស់​ព្រះអង្គ ដើម្បី​អនុវត្ត​ការជំនុំជម្រះ​ចំពោះ​មនុស្ស​ទាំងអស់ និង​ដើម្បី​ថ្កោលទោស​មនុស្ស​គ្រប់គ្នា អំពី​គ្រប់ទាំង​អំពើ​មិនគោរពព្រះ​ដែល​ពួកគេ​បាន​ប្រព្រឹត្តដោយមិនគោរពព្រះ និង​អំពី​គ្រប់ទាំង​ពាក្យ​អាក្រក់​ដែល​មនុស្សបាប​មិនគោរពព្រះ បាន​និយាយ​ទាស់នឹង​ព្រះ​”​។ អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។ រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែងទុកមុន​តាមរយៈ​ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “​នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ​”។ អ្នកទាំងនោះ​ជា​អ្នក​បង្កើតការបាក់បែក ជា​មនុស្ស​ខាងសាច់ឈាម គឺ​គ្មាន​ព្រះវិញ្ញាណ​ទេ។ រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ ទាំង​ទន្ទឹងរង់ចាំ​សេចក្ដីមេត្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​នាំទៅដល់​ជីវិតអស់កល្បជានិច្ច​។ ចូរ​មេត្តាករុណា​ដល់​ពួក​អ្នកដែល​សង្ស័យ ចូរ​សង្គ្រោះ​អ្នកឯទៀត​ដោយ​ឆក់យក​ពួកគេ​ចេញពី​ភ្លើង ចូរ​មេត្តាករុណា​ដល់​អ្នកផ្សេងទៀត​ទាំង​ភ័យខ្លាច ដោយ​ស្អប់​សូម្បីតែ​អាវ​ដែល​ត្រូវបាន​ធ្វើឲ្យសៅហ្មង​ដោយ​សាច់ឈាម​។ រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ គឺ​ព្រះ​តែមួយអង្គ​គត់ ​ដែលជា​ព្រះសង្គ្រោះ​នៃយើង សូមឲ្យ​មាន​សិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និង​សិទ្ធិអំណាច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង តាំងពីមុន​សម័យកាល​ទាំងអស់ នៅបច្ចុប្បន្ននេះ និង​អស់កល្ប​ត​រៀង​ទៅ​! អាម៉ែន​៕​៚ ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។ យ៉ូហាន​បាន​ធ្វើបន្ទាល់​អំពី​អ្វីៗដែល​គាត់​បាន​ឃើញ គឺ​អំពី​ព្រះបន្ទូល​របស់​ព្រះ និង​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះយេស៊ូវ​គ្រីស្ទ​។ មានពរ​ហើយ អ្នក​ដែល​អាន និង​អ្នក​ដែល​ស្ដាប់​ពាក្យ​ព្យាករ​នេះ ហើយ​កាន់តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នៅក្នុង​នេះ ព្រោះថា​ពេលកំណត់​ជិតដល់​ហើយ។ ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។ “​មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ​”​។ មែនហើយ អាម៉ែន។ ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “​យើង​ជា ‘​អាលផា​’ និង​ជា ‘​អូមេកា​’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក​”​។ ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ ពោលថា​៖ “ អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ ​ គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ​”​។ ខ្ញុំ​ក៏​បែរទៅ​មើល​សំឡេង​នោះ​ដែល​និយាយ​មក​ខ្ញុំ​។ នៅពេល​ខ្ញុំ​បែរទៅ ខ្ញុំ​បាន​ឃើញ​ជើងចង្កៀង​មាស​ប្រាំពីរ​។ នៅ​កណ្ដាលចំណោម​ជើងចង្កៀង​ទាំងនោះ ​មាន​ម្នាក់​ដូច​កូនមនុស្ស ដែល​ពាក់​អាវវែងដល់ជើង ទាំង​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។ ក្បាល និង​សក់​របស់​លោក ស​ដូច​រោមចៀម ‍ស​ដូច​ហិមៈ ហើយ​ភ្នែក​របស់​លោក​ក៏​ដូច​អណ្ដាតភ្លើង​; ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​; លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។ នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖ “​កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ​ ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។ ដូច្នេះ ចូរ​កត់ត្រាទុក​នូវ​អ្វីដែល​អ្នក​បាន​ឃើញ គឺ​អ្វីដែល​កើតឡើង​នៅសព្វថ្ងៃ និង​អ្វីដែល​រៀបនឹង​កើតឡើង​បន្ទាប់ពីការទាំងនេះ​។ រីឯ​អាថ៌កំបាំង​នៃ​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់យើង និង​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ គឺ​ដូច្នេះ​: ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទូត ​ របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើងចង្កៀង​ទាំង​ប្រាំពីរ ​ ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះឯង​”៕ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​អេភេសូរ​ថា​: ‘​ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​យាង​នៅ​កណ្ដាលចំណោម​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ការនឿយហត់ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា អ្នក​មិនអាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បានឡើយ​។ អ្នក​បាន​ល្បងល​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​សាវ័ក ប៉ុន្តែ​តាមពិត​មិនមែន​ជា​សាវ័ក ហើយ​ឃើញថា​ពួកគេ​ជា​អ្នក​ភូតភរ​។ អ្នក​មាន​ការអត់ធ្មត់ ហើយ​បាន​ទ្រាំទ្រ​ព្រោះតែ​នាម​របស់យើង ក៏​មិន​បាន​នឿយហត់​ឡើយ​។ យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់​ដំបូង​របស់អ្នក​ហើយ​។ ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ធ្លាក់ចុះ​ពីកន្លែងណា រួច​កែប្រែចិត្ត ព្រមទាំង​ធ្វើ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​នៅ​ដើមដំបូង​វិញ​ចុះ​! បើមិនដូច្នោះទេ យើង​នឹង​មក‍រក​អ្នក ​ ហើយ​ដកយក​ជើងចង្កៀង​របស់អ្នក​ពី​កន្លែងដើម លុះត្រាតែ​អ្នក​បាន​កែប្រែចិត្ត​។ ក៏ប៉ុន្តែ​អ្នក​មាន​ចំណុចល្អមួយ ​ គឺថា​អ្នក​ស្អប់​ទង្វើ​របស់​ពួកនីកូឡាស ដែល​យើងក៏​ស្អប់​ដែរ​”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’​។ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​ស្មឺណា​ថា​: ‘​ព្រះអង្គ​ដែល​ជា​ដើម និង​ជា​ចុង គឺ​ព្រះអង្គ​ដែល​បាន​សុគត ហើយ​មានព្រះជន្មរស់ឡើងវិញ មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់ ​ ទុក្ខវេទនា និង​ភាពក្រីក្រ​របស់អ្នក​ហើយ ប៉ុន្តែ​តាមពិត​អ្នក​ជា​អ្នកមាន​ទេ​។ យើង​ស្គាល់​ពាក្យមួលបង្កាច់​របស់​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា​ហើយ ប៉ុន្តែ​តាមពិត​មិនមែន​ជា​ជនជាតិយូដា គឺ​ជា​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង​វិញ​”​។ កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! អ្នក​ដែល​មានជ័យជម្នះ នឹង​មិន​រងទុក្ខ​ពី​សេចក្ដីស្លាប់​ទីពីរ​សោះឡើយ​’​។ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘​ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់ ​ កន្លែងដែល​អ្នក​រស់នៅ ជា​កន្លែង​មាន​បល្ល័ង្ក​របស់​សាតាំង​។ ប៉ុន្តែ​អ្នក​កាន់ខ្ជាប់​នូវ​នាម​របស់យើង ហើយ​មិន​បាន​បដិសេធ​ជំនឿ​លើ​យើង​ឡើយ សូម្បីតែ​នៅ​គ្រា​របស់​អាន់ទីប៉ាស​សាក្សី​ស្មោះត្រង់​របស់យើង ដែល​ត្រូវគេ​សម្លាប់​ក្នុងចំណោម​អ្នករាល់គ្នា ជា​កន្លែងដែល​សាតាំង​រស់នៅ​។ យ៉ាងណាមិញ យើង​មាន​រឿង​ខ្លះ​ប្រកាន់នឹង​អ្នក គឺថា​នៅ​ទីនោះ អ្នក​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​បាឡាម​ដែល​បង្រៀន​បាឡាក ឲ្យ​ដាក់​ហេតុបណ្ដាលឲ្យជំពប់ដួល​នៅមុខ​កូនចៅ​អ៊ីស្រាអែល គឺ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ និង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​។ ដូចគ្នាដែរ អ្នក​ក៏​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​ពួកនីកូឡាស ​ ។ ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ​’​។ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘​ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ស្គាល់​សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា​កិច្ចការ​ក្រោយៗ​របស់អ្នក ប្រសើរជាង​កិច្ចការ​ដំបូង​ទៅទៀត​។ យ៉ាងណាមិញ យើង​មាន​ការនេះ ​ ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។ យើង​បាន​ទុក​ពេល​ឲ្យ​នាង​កែប្រែចិត្ត ប៉ុន្តែ​នាង​មិន​ព្រម ​ កែប្រែចិត្ត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។ មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​អ្នកជំងឺ ​ ព្រមទាំង​បោះ​ពួក​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង លុះត្រាតែ​ពួកគេ​បាន​កែប្រែចិត្ត​ពី​អំពើ​របស់​នាង​។ យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង ​ ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។ រីឯ​ចំពោះ​អ្នករាល់គ្នា និង​អ្នក‍​ឯទៀត​នៅ​ធាទេរ៉ា ដែល​មិន​បាន​ទទួលយក​សេចក្ដីបង្រៀន​នេះ ហើយ​មិន​បាន​ស្គាល់​សេចក្ដី​ដែល​គេ​ហៅថា “​ជម្រៅ​របស់​សាតាំង​” យើង​នឹង​ប្រាប់ថា យើង​នឹង​មិន​ដាក់​បន្ទុក​ផ្សេងទៀត​លើ​អ្នករាល់គ្នា​ឡើយ គ្រាន់តែ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នករាល់គ្នា​មាន រហូតដល់​យើង​មកវិញ​ចុះ​។ ចំពោះ​អ្នក​ដែល​មានជ័យជម្នះ និង​អ្នក​ដែល​កាន់តាម​កិច្ចការ​របស់យើង​រហូតដល់​ទីបញ្ចប់ យើង​នឹង​ឲ្យ​សិទ្ធិអំណាច​លើ​ប្រជាជាតិ​ទាំងឡាយ​ដល់​អ្នកនោះ​—— អ្នកនោះ​នឹង​គ្រប់គ្រង ​ ប្រជាជាតិទាំងឡាយ​ដោយ​ដំបង​ដែក ដូចដែល​គេ​វាយកម្ទេច​ភាជនៈ​ដី —— គឺ​ដូចដែល​យើង​បាន​ទទួល​ពី​ព្រះ​បិតា​របស់យើង​ដែរ​។ យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នកនោះ​ដែរ​”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!​’​”​៕ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​សើដេស​ថា​: ‘​ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ប្រាំពីរ មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មាន​ឈ្មោះ​ថា​រស់ ប៉ុន្តែ​តាមពិត​អ្នក​ជា​មនុស្សស្លាប់​។ ចូរ​ភ្ញាក់ស្មារតី ហើយ​ពង្រឹង​ពួក​អ្នក ​ ដែល​នៅសល់ ដែល​បម្រុងនឹង​ស្លាប់​នោះ​ចុះ​។ ជាការពិត យើង​មិន​បាន​ឃើញថា កិច្ចការ​របស់អ្នក​ត្រូវបាន​បំពេញ​នៅចំពោះ​ព្រះ​នៃយើង​ឡើយ។ ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ទទួល និង​បាន​ឮ​យ៉ាងដូចម្ដេច រួច​កាន់តាម និង​កែប្រែចិត្ត​ចុះ​។ ប្រសិនបើ​អ្នក​មិន​ភ្ញាក់ស្មារតី​ទេ យើង​នឹង​មក​ដូចជា​ចោរ ហើយ​អ្នក​នឹង​មិន​ដឹង​សោះឡើយ​ថា​យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​។ យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។ អ្នក​ដែល​មានជ័យជម្នះ​នឹង​បាន​ស្លៀក​សម្លៀកបំពាក់​ស​ដូច្នេះ ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នកនោះ​ចេញ​ពី​បញ្ជី​ជីវិត​ជាដាច់ខាត​។ យើង​នឹង​ទទួលស្គាល់​ឈ្មោះ​របស់​អ្នកនោះ​នៅចំពោះ​ព្រះ​បិតា​របស់យើង និង​នៅចំពោះ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៀតផង​”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!​’​។ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘​ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់​កិច្ចការ​របស់អ្នក មើល៍! យើង​បាន​ដាក់​ទ្វារ​មួយ​ដែល​បើកចំហ​នៅមុខ​អ្នក ដែល​គ្មានអ្នកណា​អាច​បិទ​បាន​ឡើយ ដ្បិត​អ្នក​មាន​កម្លាំង​តែបន្តិច​មែន ប៉ុន្តែ​អ្នក​បាន​កាន់តាម​ពាក្យ​របស់យើង ហើយ​មិន​បាន​បដិសេធ​នាម​របស់យើង​ឡើយ​។ មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។ ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។ អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!​’​។ “​ចូរ​សរសេរ​ទៅ​ទូត ​ របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘​ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​៖ “​យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មិន​ត្រជាក់ ហើយក៏មិន​ក្ដៅ​ដែរ​។ យើង​ចង់ឲ្យ​អ្នក​ត្រជាក់ ‍ឬក៏​ក្ដៅ​។ ដូច្នេះ ដោយព្រោះ​អ្នក​នៅ​ស្ទើរៗ គឺ​មិន​ក្ដៅ ‍ហើយក៏មិន​ត្រជាក់ យើង​នឹង​ខ្ជាក់​អ្នក​ចេញពី​មាត់​របស់យើង​។ ដ្បិត​អ្នក​និយាយ​ថា​: ‘‍​ខ្ញុំ​ជា​អ្នកមាន ខ្ញុំ​មានស្ដុកស្ដម្ភ គ្មាន​តម្រូវការ​អ្វីឡើយ​’ ប៉ុន្តែ​អ្នក​មិន​ដឹង​ថា អ្នក​ជា​មនុស្ស​វេទនា ជា​មនុស្ស​គួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និង​នៅ​អាក្រាត​នោះ​ទេ​។ យើង​ណែនាំ​អ្នក​ឲ្យ​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បីឲ្យ​អ្នក​មានស្ដុកស្ដម្ភ ហើយ​ឲ្យ​ទិញ​សម្លៀកបំពាក់​ស​ដើម្បី​ស្លៀកពាក់ កុំឲ្យ​គេ​ឃើញ​សេចក្ដីគួរខ្មាស​នៃ​ភាពអាក្រាត​របស់អ្នក​ឡើយ ព្រមទាំង​ឲ្យ​ទិញ​ថ្នាំ​លាប​ភ្នែក​អ្នក ដើម្បីឲ្យ​អ្នក​បាន​មើលឃើញ​។ យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។ មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។ អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ”​។ ‘​អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!​’​”៕ បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល ហើយ​មើល៍! មាន​ទ្វារ​មួយ​បើកចំហ​នៅ‍លើមេឃ​។ សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ និយាយ​មក​ខ្ញុំ​ថា​៖ “​ចូរ​ឡើងមក​ទីនេះ​! យើង​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង បន្ទាប់ពីការទាំងនេះ​”​។ ភ្លាមនោះ​ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ហើយ​មើល៍! មាន​បល្ល័ង្ក​មួយ​តាំង​នៅ​លើមេឃ ទាំង​មាន​មួយអង្គ​គង់​លើ​បល្ល័ង្ក​នោះ​។ ព្រះអង្គ​ដែល​គង់​នោះ​ មើលទៅ​ស្រដៀងនឹង​ត្បូង​ចាសស្ពើរ និង​ត្បូងឡាំបៀ ហើយ​មាន​ឥន្ទធនូ​នៅជុំវិញ​បល្ល័ង្ក​នោះ មើលទៅ​ស្រដៀងនឹង​ត្បូងមរកត​។ នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។ មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។ នៅមុខ​បល្ល័ង្ក​មានអ្វី​ដូចជា​សមុទ្រ​កែវ​ស្រដៀងនឹង​កែវចរណៃ ហើយ​នៅ​កណ្ដាល​បល្ល័ង្ក និង​ជុំវិញ​បល្ល័ង្ក មាន​សត្វមានជីវិត​បួន​ដែល​មាន​ភ្នែក​ពេញខ្លួន ទាំង​នៅ​ខាងមុខ និង​ខាងក្រោយ​។ សត្វមានជីវិត​ទីមួយ​ស្រដៀងនឹង​សិង្ហ សត្វមានជីវិត​ទីពីរ​ស្រដៀងនឹង​កូនគោ សត្វមានជីវិត​ទីបី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វមានជីវិត​ទីបួន​ស្រដៀងនឹង​ឥន្ទ្រី​ដែល​កំពុង​ហើរ។ សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “​វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”​។ កាលណា​សត្វមានជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង កិត្តិយស និង​ការអរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​នឹង​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ព្រមទាំង​បោះ​មកុដ​របស់​ខ្លួន​នៅមុខ​បល្ល័ង្ក ហើយ​ពោលថា​៖ “​ព្រះអម្ចាស់ ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​ព្រះចេស្ដា ដ្បិត​ព្រះអង្គ​បាន​និម្មិតបង្កើត​របស់​សព្វសារពើ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ របស់សព្វសារពើ​មាននៅ និង​ត្រូវបាន​និម្មិតបង្កើត​”​៕ បន្ទាប់មក នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ខ្ញុំ​ឃើញ​ក្រាំង​មួយ​ដែល​មាន​សរសេរ​នៅ​ខាងក្នុង និង​ខាងក្រៅ ដែល​មានបិទត្រា​ប្រាំពីរ​។ រួច​ខ្ញុំ​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប ប្រកាស​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​តើ​នរណា​ស័ក្ដិសម​នឹង​បើក​ក្រាំង ហើយ​បក​ត្រា​ទាំងនេះ​ចេញ​?​”​។ ប៉ុន្តែ​គ្មានអ្នកណា​នៅ​លើមេឃ ឬ​នៅលើ​ផែនដី ឬ​នៅក្រោម​ផែនដី អាច​បើក ឬ​មើល​ក្រាំង​នោះ​បាន​ទេ។ ពេលនោះ ខ្ញុំ​ក៏​ចាប់ផ្ដើម​យំ​យ៉ាងខ្លាំង ដោយព្រោះ​មិន​ឃើញ​មាន​អ្នកណា​ស័ក្ដិសម​នឹង​បើក ឬ​មើល​ក្រាំង​នោះ​ឡើយ​។ ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ពួក​ចាស់ទុំ និយាយ​នឹង​ខ្ញុំ​ថា​៖ “​កុំ​យំ​ឡើយ​! មើល៍! រាជសិង្ហ​ពី​កុលសម្ព័ន្ធ​យូដា ជា​ឫស​របស់​ដាវីឌ មានជ័យជម្នះ​ហើយ​។ ព្រះអង្គ​អាច​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ​បាន”​។ បន្ទាប់មកទៀត ខ្ញុំ​ឃើញ ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។ កូនចៀមនោះ​បាន​ចូលមក ហើយ​យក​ក្រាំង ​ពី​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​។ នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។ អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “​ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស ​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ ព្រមទាំង​បាន​ធ្វើឲ្យ​ពួកគេ ​ទៅជា​អាណាចក្រ​មួយ និង​ជា​បូជាចារ្យ សម្រាប់​ព្រះ​នៃយើង ហើយ​ពួកគេ​នឹង​សោយរាជ្យ​លើ​ផែនដី​”​។ បន្ទាប់មក ខ្ញុំ​សង្កេតមើល ក៏​បាន​ឮ​សំឡេង​របស់​ទូតសួគ៌​ជាច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វមានជីវិត និង​ជុំវិញ​ពួក​ចាស់ទុំ​។ ចំនួន​ទូតទាំងនោះ​មាន​រាប់ពាន់​រាប់ម៉ឺន​រូប​។ ពួកគេ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​កូនចៀម​ដែល​ត្រូវគេ​ធ្វើគុត ស័ក្ដិសម​នឹង​ទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និង​ពាក្យសរសើរតម្កើង​!​”​។ ពេលនោះ ខ្ញុំ​ឮ​របស់សព្វសារពើដែលត្រូវបានបង្កើត ដែល​នៅ​លើមេឃ នៅលើ​ផែនដី នៅក្រោម​ផែនដី និង​នៅក្នុង​សមុទ្រ ព្រមទាំង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ពោលថា​៖ “​សូមឲ្យ​ព្រះពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ដល់​កូនចៀម រហូត​អស់កល្បជាអង្វែងតរៀងទៅ​!​”​។ នោះ​សត្វមានជីវិត​ទាំង​បួន ក៏​ពោលថា​៖ “​អាម៉ែន​!” រួច​ពួក​ចាស់ទុំ ​ក៏​ក្រាបចុះ ហើយ​ថ្វាយបង្គំ ​៕ ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “​មក៍! ​” ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។ ពេល​កូនចៀម​បក​ត្រា​ទីពីរ​ចេញ ខ្ញុំ​បាន​ឮ​សត្វមានជីវិត​ទីពីរ​ពោលថា​៖ “​មក៍! ​” នោះ​មាន​សេះ​មួយទៀត​មាន​សម្បុរក្រហម បាន​ចេញមក ហើយ​ការ​ដកយក​សន្តិភាព​ពី​ផែនដី​ត្រូវបាន​ប្រគល់​ឲ្យ​អ្នក​ដែល​ជិះ​សេះនោះ ដើម្បីឲ្យ​មនុស្ស​សម្លាប់​គ្នាទៅវិញទៅមក​។ មាន​ដាវ​ដ៏ធំ​មួយ​ប្រទាន​ដល់​អ្នកនោះ​។ ពេល​កូនចៀម​បក​ត្រា​ទីបី​ចេញ ខ្ញុំ​បាន​ឮ​សត្វមានជីវិត​ទីបី​ពោលថា​៖ “​មក៍! ​” ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ខ្មៅ​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ​។ រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “​ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!​”​។ ពេល​កូនចៀម​បក​ត្រា​ទីបួន​ចេញ ខ្ញុំ​បាន‍ឮ​សំឡេង​របស់​សត្វមានជីវិត​ទីបួន ពោលថា​៖ “​មក៍! ​” ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​មួយ​សម្បុរស្លេក​។ អ្នក​ដែល​ជិះ​សេះនោះ ឈ្មោះ “​សេចក្ដីស្លាប់​” ហើយ​ស្ថានមនុស្សស្លាប់​ក៏​ជាប់តាម​អ្នកនោះ​។ សិទ្ធិអំណាច​លើ​មួយភាគបួន​នៃ​ផែនដី​ត្រូវបាន​ប្រគល់​ឲ្យ​ពួកគេ ដើម្បី​សម្លាប់​ដោយ​ដាវ ទុរ្ភិក្ស អាសន្នរោគ និង​សត្វព្រៃ​នៅលើ​ផែនដី​។ ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ចេញ ខ្ញុំ​បាន​ឃើញ​នៅក្រោម​អាសនា​មាន​ព្រលឹង​របស់​អ្នក​ដែល​ត្រូវគេ​សម្លាប់​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ និង​ដោយព្រោះ​ទីបន្ទាល់​ដែល​ពួកគេ​បាន​រក្សា​។ ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?​”​។ នោះ​មាន​អាវវែង​ពណ៌ស​ប្រទាន​ដល់​ពួកគេ​ម្នាក់ៗ ហើយ​មាន​ប្រាប់​ដល់​ពួកគេ​ឲ្យ​សម្រាក​បន្តិចទៀត​សិន ទម្រាំតែ​ចំនួន​អ្នកបម្រើជាគ្នា​របស់​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ដែល​រៀបនឹង​ត្រូវគេ​សម្លាប់​ដូច​ពួកគេ ត្រូវបាន​បំពេញ​។ ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ចេញ នោះ​ ​មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង‍កើតឡើង ហើយ​ព្រះអាទិត្យ​ប្រែជា​ខ្មៅ​ដូច​ក្រណាត់ធ្មៃ​ធ្វើពីរោម រីឯ​ព្រះចន្ទ​ទាំងមូល​ក៏​ប្រែជា​ដូច​ឈាម​។ ផ្កាយ​នៅ​លើមេឃ​បាន​ធ្លាក់​មក​ផែនដី ដូច​ដើមល្វា​ជ្រុះ​ផ្លែខ្ចី​ដោយ​ត្រូវ​ខ្យល់​ធំ​បក់បោក​។ ផ្ទៃមេឃ​បាន​រហែក ហើយ​ត្រូវបាន​មូរ​ទុក​ដូចជា​ក្រាំង រីឯ​គ្រប់ទាំង​ភ្នំ និង​កោះ​ក៏​ត្រូវបាន​យកចេញ​ពី​កន្លែងដើម​ដែរ។ បណ្ដា​ស្ដេច​នៃ​ផែនដី ពួក​អ្នកធំ ពួក​មេទ័ព ពួក​អ្នកមាន ពួក​ខ្លាំងពូកែ ហើយ​អស់ទាំង​ទាសករ និង​មនុស្សមានសេរីភាព បាន​លាក់​ខ្លួន​ក្នុង​រអាងភ្នំ និង​នៅតាម​ថ្ម​នៅលើ​ភ្នំ​។ រួច​ពួកគេ​និយាយ​ទៅ​ភ្នំ និង​ថ្ម​ថា​៖ “​សូម​ធ្លាក់​មកលើ​យើង ហើយ​លាក់បាំង​យើង​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​ព្រះពិរោធ​របស់​កូនចៀម​ផង​! ដ្បិត​ថ្ងៃ​ដ៏ធំ​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ​បាន​មក​ដល់​ហើយ តើ​នរណា​អាច​នៅឈរ​បាន​?​”​៕ បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។ បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ឡើងមក​ពី​ទិសខាងកើត ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ប្រទានឲ្យ​ធ្វើទុក្ខ​ផែនដី និង​សមុទ្រ​នោះ ថា​៖ “​កុំ​ធ្វើទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើមឈើ​ឡើយ រហូតទាល់តែ​យើង​បាន​បោះត្រា​លើ​ថ្ងាស​បាវបម្រើ​ទាំងឡាយ​របស់​ព្រះ​នៃយើង​ឲ្យហើយសិន​”​។ ពេលនោះ ខ្ញុំ​បាន​ឮ​ចំនួន​អ្នក​ដែល​ត្រូវបាន​បោះត្រា គឺ​អ្នក​ដែល​ត្រូវបាន​បោះត្រា​ពី​គ្រប់ទាំង​កុលសម្ព័ន្ធ​នៃ​កូនចៅ​អ៊ីស្រាអែល មាន ១៤៤ ០០០ នាក់​: អ្នកដែល​ត្រូវបាន​បោះត្រា​ពី​កុលសម្ព័ន្ធ​យូដា មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​រូបេន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​កាដ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អេស៊ើរ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ណែបថាលី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ម៉ាណាសេ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​លេវី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អ៊ីសាខារ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​សាប់យូឡូន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​យ៉ូសែប មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន ១២ ០០០ នាក់ ដែល​ត្រូវបាន​បោះត្រា​។ បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​ដូង​នៅ​ដៃ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​សេចក្ដីសង្គ្រោះ​មកពី​ព្រះ​នៃយើង​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​កូនចៀម​!”។ អស់ទាំង​ទូតសួគ៌​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​ពួក​ចាស់ទុំ និង​ជុំវិញ​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​មុខ​នៅទៀប​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះ ទាំង​ពោលថា​៖ “​អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​”​។ ពេលនោះ ម្នាក់​ក្នុង​ពួក​ចាស់ទុំ​សួរ​ខ្ញុំ​ថា​៖ “​តើ​ពួក​អ្នក​ដែល​ពាក់​អាវវែង‍ពណ៌ស​ទាំងនេះ​ជា​នរណា ហើយ​មក​ពីណា​?​”​។ ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “​លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ​”​។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “​អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។ ដោយហេតុនេះ ពួកគេ​ស្ថិត​នៅមុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​បម្រើ​ព្រះអង្គ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។ ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ ក៏​នឹង​ពន្លាតរោង​លើ​ពួកគេ​។ ពួកគេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត​ឡើយ ហើយ​ព្រះអាទិត្យ ឬ​កម្ដៅ​ណាមួយ ក៏មិន​ធ្វើទុក្ខ​ពួកគេ ​ទៀត​ដែរ ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត ​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​”​៕ ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ចេញ មាន​ភាពស្ងៀមស្ងាត់​នៅ​ស្ថានសួគ៌​ប្រមាណជា​កន្លះម៉ោង​។ បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​ប្រាំពីរ​រូប​ដែល​ឈរ​នៅចំពោះ​ព្រះ ហើយ​មាន​ត្រែ​ប្រាំពីរ​ប្រទាន​ដល់​ពួកគេ​។ មាន​ទូតសួគ៌​មួយរូបទៀត​មក​ឈរ​នៅក្បែរ​អាសនា ទាំង​កាន់​ពានមាសសម្រាប់ដុតគ្រឿងក្រអូប​។ មាន​គ្រឿងក្រអូប​ជាច្រើន​ប្រទាន​ដល់​ទូតនោះ ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​ទាំងអស់ នៅលើ​អាសនា​មាស​នៅមុខ​បល្ល័ង្ក​។ ផ្សែង​ពី​គ្រឿងក្រអូប ព្រមទាំង​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន បាន​ហុយឡើង​ចេញពី​ដៃ​របស់​ទូតសួគ៌ នៅចំពោះ​ព្រះ​។ បន្ទាប់មក ទូតសួគ៌​នោះ​ក៏​យក​ពានសម្រាប់ដុតគ្រឿងក្រអូប ហើយ​បំពេញ​ពាននោះ​ដោយ​ភ្លើង​ពី​អាសនា រួច​បោះទៅ​លើ​ផែនដី នោះក៏​កើតមាន​ផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និង​រញ្ជួយផែនដី​។ ពេលនោះ ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ប្រាំពីរ​នោះ បាន​ត្រៀម​ខ្លួន​ផ្លុំត្រែ​។ ទូតសួគ៌ ​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។ ទូតសួគ៌​ទីពីរ​ផ្លុំត្រែឡើង នោះ​មានអ្វី​ដូចជា​ភ្នំ​ដ៏ធំ​ដែល​មាន​ភ្លើង​ឆេះ ត្រូវបាន​បោះទៅ​ក្នុង​សមុទ្រ ស្រាប់តែ​មួយភាគបី​នៃ​សមុទ្រ​ក៏​ក្លាយជា​ឈាម រីឯ​មួយភាគបី​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ ក៏​ស្លាប់ ហើយ​មួយភាគបី​នៃ​នាវា ក៏​ត្រូវបាន​បំផ្លាញ​ដែរ។ ទូតសួគ៌​ទីបី​ផ្លុំត្រែឡើង នោះ​មាន​ផ្កាយ​ដ៏ធំ​ដែល​ឆេះ​ដូច​ចន្លុះ បាន​ធ្លាក់​ពី​លើមេឃ ហើយ​ធ្លាក់​ទៅក្នុង​មួយភាគបី​នៃ​ទន្លេ និង​ទៅក្នុង​ប្រភព​ទឹក​នានា​។ ផ្កាយ​នោះ​មាន​ឈ្មោះ​ថា “​ស្លែង​”​។ មួយភាគបី​នៃ​ទឹក​បាន​ក្លាយជា​ស្លែង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ទឹក​នោះ ពីព្រោះ​វា​ត្រឡប់ជាល្វីង​។ ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។ ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​ខ្ញុំ​បាន​ឮ​ឥន្ទ្រី ​មួយ​ដែល​ហើរ​នៅលើ​អាកាស បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​វេទនា​ហើយ​! វេទនា​ហើយ​! វេទនា​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដោយសារតែ​សំឡេង​ត្រែ​ឯទៀត​របស់​ទូតសួគ៌​បី​រូប​ដែល​រៀបនឹង​ផ្លុំ​”​៕ ទូតសួគ៌​ទីប្រាំ​ផ្លុំត្រែឡើង នោះ​ខ្ញុំ​បាន​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ពី​លើមេឃ​មក​ផែនដី ហើយ​មាន​កូនសោ​នៃ​រណ្ដៅគ្មានបាត​បាន​ប្រទាន​ដល់​ផ្កាយនោះ​។ ផ្កាយនោះ​បាន​បើក​រណ្ដៅគ្មានបាត ក៏​មាន​ផ្សែង​ហុយឡើង​ចេញពី​រណ្ដៅ ដូច​ផ្សែង​ហុយឡើង​ចេញពី‍ឡ​ធំ ​មួយ ហើយ​ព្រះអាទិត្យ និង​អាកាស​ត្រូវបាន​ធ្វើឲ្យងងឹតសូន្យ ដោយសារតែ​ផ្សែង​ពី​រណ្ដៅ​នោះ​។ បន្ទាប់មក មាន​កណ្ដូប​ចេញពី​ផ្សែង​មក​លើ​ផែនដី ហើយ​មាន​អានុភាព​មួយ​បាន​ប្រទាន​ដល់​ពួកវា ដូច​អានុភាព​ដែល​ខ្យាដំរី​នៅលើ​ផែនដី​មាន​។ មាន​បង្គាប់​ដល់​កណ្ដូបទាំងនោះ កុំឲ្យ​ធ្វើទុក្ខ​ស្មៅ​នៅលើ​ផែនដី ឬ​រុក្ខជាតិ​ខៀវខ្ចី​ណាមួយ ឬ​ដើមឈើ​ណាមួយ​ឡើយ ឲ្យ​ធ្វើទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅលើ​ថ្ងាស​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​មិន​បាន​ប្រទានឲ្យ​កណ្ដូបទាំងនោះ​សម្លាប់​មនុស្សទាំងនោះ​ទេ គឺ​ឲ្យ​ពួកគេ​ឈឺចាប់​ក្នុង​ប្រាំ​ខែ ហើយ​ការឈឺចាប់​ពី​ពួកវា​ដូចជា​ការឈឺចាប់​ពី​ខ្យាដំរី​ពេល​វា​ទិច​មនុស្ស​។ នៅ​គ្រានោះ មនុស្ស​នឹង​ស្វែងរក​សេចក្ដីស្លាប់ ប៉ុន្តែ​រក​មិន​ឃើញ​សោះឡើយ ពួកគេ​នឹង​ប្រាថ្នាចង់​ស្លាប់ ប៉ុន្តែ​សេចក្ដីស្លាប់​នឹង​រត់គេច​ពី​ពួកគេ​។ កណ្ដូប​ទាំងនោះ មាន​សណ្ឋាន​ស្រដៀងនឹង​សេះ​ដែល​ត្រៀមខ្លួន​ទៅ​ច្បាំង​។ នៅលើ​ក្បាល​របស់​ពួកវា​មានអ្វី​ដូចជា​មកុដ ដែល​ស្រដៀងនឹង​មាស ហើយ​មុខ​របស់​ពួកវា​ដូច​មុខ​មនុស្ស​។ ពួកវា​មាន​សក់​ដូច​សក់​មនុស្សស្រី ហើយ​ធ្មេញ​របស់​ពួកវា​ដូច​ធ្មេញ​សិង្ហ​។ ពួកវា​មាន​ក្រោះការពារទ្រូង​ដូចជា​ក្រោះដែក ហើយ​ស្នូរ​ស្លាប​ពួកវា​ដូច​ស្នូរ​រទេះចម្បាំង​ដែលទឹម​ដោយ​សេះ​ជាច្រើន កំពុង​សម្រុកចូល​ទៅក្នុង​ចម្បាំង​។ ពួកវា​មាន​កន្ទុយ និង​ទ្រនិច ស្រដៀងនឹង​កន្ទុយ និង​ទ្រនិច​របស់​ខ្យាដំរី ហើយ​កន្ទុយ​របស់​ពួកវា​មាន​អានុភាព​ធ្វើទុក្ខ​មនុស្ស​ក្នុង​ប្រាំ​ខែ​។ មាន​ទូត ​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “​អាបាដូន ​” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “​អាប៉ុលីយ៉ូន ​”។ មហន្តរាយ​ទីមួយ​បាន​កន្លងផុតទៅ​។ មើល៍! នៅ​មាន​មហន្តរាយ​ពីរ​ទៀត ដែល​នឹង​មក​ក្រោយពីការទាំងនេះ​។ ទូតសួគ៌​ទីប្រាំមួយ​ផ្លុំត្រែឡើង នោះ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ចេញពី​ស្នែង​ទាំង​បួន ​របស់​អាសនា​មាស​ដែល​នៅចំពោះ​ព្រះ និយាយ​នឹង​ទូតសួគ៌​ទីប្រាំមួយ​ដែល​កាន់​ត្រែ​នោះ​ថា​៖ “​ចូរ​ស្រាយ​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ចង​ទុក​នៅ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត​នោះ​ទៅ​!​”​។ ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។ រីឯ​ចំនួន​ទ័ពសេះ​មាន​ពីររយលាន ​។ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ពទាំងនោះ​។ សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។ មួយភាគបី​នៃ​មនុស្សជាតិ​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច ​ទាំង​បី​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញមក​ពី​មាត់​របស់​ពួកវា​។ ជាការពិត អានុភាព​របស់​សេះ​ទាំងនោះ ស្ថិតនៅ​ក្នុង​មាត់ និង​កន្ទុយ​របស់​ពួកវា ដ្បិត​កន្ទុយ​របស់​ពួកវា​ស្រដៀងនឹង​សត្វពស់ គឺ​មាន​ក្បាល‍។ ពួកវា​ធ្វើទុក្ខ​មនុស្ស​ដោយ​ក្បាលនោះ​។ រីឯ​មនុស្ស​ឯទៀត​ៗ​ដែល​មិន​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំងនោះ ក៏មិន​បាន​កែប្រែចិត្ត​ពី​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយក៏មិន​បាន​ឈប់ ​ថ្វាយបង្គំ​អារក្ស និង​រូបបដិមាករ​មាស ប្រាក់ លង្ហិន ថ្ម និង​ឈើ ដែល​មើលមិនឃើញ ស្ដាប់មិនឮ ហើយ​ដើរមិនរួច​នោះ​ដែរ ក៏​មិន​បាន​កែប្រែចិត្ត​ពី​ឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬ​ការលួចប្លន់​របស់​ខ្លួន​សោះឡើយ​៕ បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយរូបទៀត​ចុះមក​ពី​លើមេឃ ទាំង​ដណ្ដប់​ដោយ​ពពក ហើយ​មាន​ឥន្ទធនូ​នៅលើ​ក្បាល​របស់​គាត់​។ មុខ​គាត់​ដូច​ព្រះអាទិត្យ ជើង​គាត់​ដូច​សសរ​ភ្លើង ហើយ​មាន​ក្រាំងតូច​មួយ​បើក​ជាស្រេច​ក្នុង​ដៃ​គាត់​។ ទូតសួគ៌នោះ​ក៏​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​លើ​ដីគោក រួច​គាត់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ដូច​សិង្ហ​គ្រហឹម​។ នៅពេល​គាត់​ស្រែកឡើង ផ្គរលាន់​ទាំង​ប្រាំពីរ​ក៏​បន្លឺ​សំឡេង​របស់​វា​ឡើង​។ ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​បន្លឺសំឡេងឡើង ខ្ញុំ​រៀបនឹង​កត់ត្រាទុក ប៉ុន្តែ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ពី​លើមេឃ​ថា​៖ “​ចូរ​បិទត្រា​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ចុះ កុំ​កត់ត្រាទុក​សេចក្ដីទាំងនោះ​ឡើយ​”។ បន្ទាប់មក ទូតសួគ៌​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដីគោក​នោះ បាន​លើក​ដៃ​ស្ដាំ ​របស់​គាត់​ទៅ​មេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ គឺ​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​ផ្ទៃមេឃ និង​អ្វីៗ​នៅលើ​មេឃ ផែនដី និង​អ្វីៗ​នៅលើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅក្នុង​សមុទ្រ​។ គាត់​បាន​ស្បថ​ថា​៖ “​គ្មាន​ពេល​ទៀតឡើយ​! នៅ​គ្រា​ដែល​ទូតសួគ៌​ទីប្រាំពីរ​រៀបនឹង​ផ្លុំត្រែ អាថ៌កំបាំង​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច ដូចដែល​ព្រះអង្គ​បាន​ប្រកាស​ដល់​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់​ព្រះអង្គ​”។ បន្ទាប់មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើមេឃ​នោះ ក៏​និយាយ​មក​ខ្ញុំ​ម្ដងទៀត​ថា​៖ “​ចូរ​ទៅ​យក​ក្រាំង ​ដែល​បើក​ជាស្រេច​ក្នុង​ដៃ​ទូតសួគ៌​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដីគោក​នោះ​ចុះ​”។ ខ្ញុំ​ក៏​ទៅ​រក​ទូតសួគ៌​នោះ ហើយ​សុំ​គាត់​ឲ្យ​ប្រគល់​ក្រាំងតូច​នោះ​មក​ខ្ញុំ​។ គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “​ចូរ​យក ហើយ​ហូប​វា​ចុះ​! វា​នឹង​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់អ្នក ប៉ុន្តែ​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់អ្នក​”​។ ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។ បន្ទាប់មក គេ ​ប្រាប់​ខ្ញុំ​ថា​៖ “​អ្នក​ត្រូវតែ​ព្យាករ​ម្ដងទៀត​អំពី​ជនជាតិ ប្រជាជាតិ ភាសា និង​ស្ដេច​ជាច្រើន​”៕ បន្ទាប់មក មាន​ដើមត្រែង​មួយ​សម្រាប់វាស់​ស្រដៀងនឹង​ឈើច្រត់ បាន​ប្រទាន​ដល់​ខ្ញុំ​។ មានសំឡេងមួយ ​ប្រាប់​ខ្ញុំ​ថា ​៖ “​ចូរ​ក្រោកឡើង វាស់​ព្រះវិហារ​របស់​ព្រះ និង​អាសនា ព្រមទាំង​ពួក​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ទីនោះ​ចុះ​។ ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ ​។ យើង​នឹង​ឲ្យ​អំណាច ​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល ​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ​”។ អ្នកទាំងពីរនោះ គឺ​ដើមអូលីវ​ពីរ និង​ជើងចង្កៀង​ពីរ ដែល​ឈរ​នៅចំពោះ​ព្រះអម្ចាស់ ​នៃ​ផែនដី​។ ប្រសិនបើ​មាន​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ ភ្លើង​នឹង​ចេញមក​ពី​មាត់​ពួកគេ ហើយ​បំផ្លាញ​ខ្មាំងសត្រូវ​របស់​ពួកគេ​។ ប្រសិនបើ​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ អ្នកនោះ​ត្រូវតែ​ត្រូវបាន​សម្លាប់​បែបនេះ​ឯង​។ អ្នកទាំងពីរនោះ​មាន​អំណាច​បិទ​មេឃ ដើម្បីកុំឲ្យ​បង្អុរភ្លៀង​ក្នុង​គ្រា​ដែល​ពួកគេ​ថ្លែងព្រះបន្ទូល ​។ ពួកគេ​មាន​អំណាច​លើ​ទឹក ដើម្បី​ធ្វើឲ្យ​វា​ក្លាយទៅជា​ឈាម ព្រមទាំង​មាន​អំណាច​បំផ្លាញ​ផែនដី​ដោយ​គ្រោះកាច​គ្រប់យ៉ាង ពេលណាក៏បាន​តាមដែល​ពួកគេ​ចង់​។ កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។ សាកសព​របស់​ពួកគេ​នឹងត្រូវទុកចោល ​នៅតាម​ផ្លូវ ​នៃ​ក្រុង​ដ៏ធំ ដែល‍ខាងវិញ្ញាណ​ហៅថា សូដុម និង​អេហ្ស៊ីប ជា​កន្លែងដែល​ព្រះអម្ចាស់​របស់​ពួកគេ​ត្រូវគេ​ឆ្កាង​ដែរ​។ មនុស្សខ្លះ​ពីចំណោម​ជនជាតិ ពូជសាសន៍ ភាសា និង​ប្រជាជាតិ​នានា នឹង​សម្លឹងមើល​សាកសព​ពួកគេ ក្នុងរយៈពេល​បី​ថ្ងៃ​កន្លះ ហើយ​មិន​ព្រមឲ្យ​បញ្ចុះ​សព​ពួកគេ​នៅក្នុង​រូងផ្នូរ​ឡើយ​។ មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ក៏​អរសប្បាយ​ដោយសារតែ​អ្នកទាំងពីរ ហើយ​អបអរ និង​ជូន​ជំនូន​គ្នាទៅវិញទៅមក ពីព្រោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើទុក្ខ​អ្នក​ដែល​រស់នៅ​លើ​ផែនដី​។ ប៉ុន្តែ​ក្រោយពី​បី​ថ្ងៃ​កន្លះ មាន​ខ្យល់ដង្ហើម ​នៃ​ជីវិត​ចេញពី​ព្រះ ហើយ​ចូលទៅ​ក្នុង​ពួកគេ ពួកគេ​ក៏​ក្រោកឈរឡើង​ដោយ​ជើង​របស់​ខ្លួន នោះ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​ពួក​អ្នក​ដែល​ឃើញ​ពួកគេ​។ ពេលនោះ ពួកគេ ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​លើមេឃ​មកកាន់​ពួកគេ​ថា​៖ “​ចូរ​ឡើងមក​ទីនេះ​!​”​។ ពួកគេ​ក៏​ឡើងទៅ​លើមេឃ​ក្នុង​ពពក ហើយ​សត្រូវ​របស់​ពួកគេ ក៏​ឃើញ​ពួកគេ​ដែរ​។ នៅ​វេលា​នោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង នោះ​មួយភាគដប់​នៃ​ទីក្រុង​នោះ​បាន​រលំ ហើយ​មនុស្ស​ប្រាំពីរពាន់​នាក់​បាន​ស្លាប់​ក្នុង​រញ្ជួយផែនដី​នោះ​។ រីឯ​មនុស្ស​ឯទៀត​ក៏​ភ័យខ្លាច ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​នៃ​ស្ថានសួគ៌​។ មហន្តរាយ​ទីពីរ​បាន​កន្លងផុតទៅ​។ មើល៍! មហន្តរាយ​ទីបី​នឹង​មកដល់​ភ្លាម​។ ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “​អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!​”​។ បន្ទាប់មក ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅចំពោះ​ព្រះ ក៏​ក្រាប​មុខ​ដល់ដី ហើយ​ថ្វាយបង្គំ​ព្រះ ដោយ​ពោលថា​៖ “​ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម ​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។ ប្រជាជាតិ​នានា​បាន​ខឹង ប៉ុន្តែ​ព្រះពិរោធ​របស់ព្រះអង្គ​បាន​មក​ដល់​ហើយ គឺ​ពេលកំណត់​ដើម្បី​ជំនុំជម្រះ​មនុស្សស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បាវបម្រើ​របស់ព្រះអង្គ ជា​បណ្ដា​ព្យាការី វិសុទ្ធជន និង​អ្នក​ដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ គឺ​ទាំង​អ្នកតូច និង​អ្នកធំ ហើយក៏​ជា​ពេលកំណត់​ដើម្បី​បំផ្លាញ​ពួក​ដែល​បំផ្លាញ​ផែនដី​ផង​”។ ពេលនោះ ព្រះវិហារ​របស់​ព្រះ​នៅ​ស្ថានសួគ៌​បាន​បើកឡើង ហើយ​ឃើញ​មាន​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ​នៅក្នុង​ព្រះវិហារ​។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និង​មាន​ធ្លាក់​ដុំទឹកកក​ធំ​៕ ពេលនោះ មាន​ទីសម្គាល់​ដ៏ធំ​មួយ​លេចមក​នៅ​លើមេឃ គឺ​ស្ត្រី​ម្នាក់​ស្លៀកពាក់​ព្រះអាទិត្យ មាន​ព្រះចន្ទ​នៅក្រោម​ជើង​នាង ហើយ​នៅលើ​ក្បាល​នាង​មាន​មកុដ​ជា​ផ្កាយ​ដប់ពីរ​។ នាង​មានផ្ទៃពោះ ក៏​ស្រែកឡើង​ដោយ​ឈឺពោះឆ្លងទន្លេ ហើយ​សម្រាល​កូន​ទាំង​ឈឺចាប់​។ បន្ទាប់មក មាន​ទីសម្គាល់​មួយទៀត​លេចមក​នៅ​លើមេឃ មើល៍! មាន​នាគ​ក្រហម​ដ៏ធំ​មួយ​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅលើ​ក្បាល​របស់​វា​មាន​មកុដរាជ្យ​ប្រាំពីរ​។ រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។ ស្ត្រីនោះ​សម្រាល​បាន​កូនប្រុស​មួយ ដែល​ត្រូវ​គ្រប់គ្រង ​ប្រជាជាតិ​ទាំងអស់​ដោយ​ដំបង​ដែក ហើយ​កូន​របស់​នាង​នោះ​ក៏​ត្រូវបាន​ឆក់យក​ទៅ​ដល់​ព្រះ និង​ដល់​បល្ល័ង្ក​របស់​ព្រះអង្គ​។ ស្ត្រី​នោះ​បាន​រត់គេច​ទៅ​ទីរហោស្ថាន​។ នៅ​ទីនោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បីឲ្យ​គេ​បាន​ចិញ្ចឹម​នាង​ក្នុងរយៈពេល​មួយពាន់ពីររយហុកសិប​ថ្ងៃ​។ ក្រោយមក មាន​សង្គ្រាម​កើតឡើង​នៅ​លើមេឃ គឺ​មីកែល និង​បណ្ដា​ទូតសួគ៌​របស់​គាត់​បាន​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ពួក‍បរិវារ​របស់​វា​ក៏​តយុទ្ធ​ដែរ ប៉ុន្តែ​វា​មិន​បាន​ឈ្នះ​ទេ ហើយ​លែងមាន ​កន្លែង​សម្រាប់​ពួកវា​នៅ​លើមេឃ​ទៀត​ឡើយ​។ ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។ បន្ទាប់មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “​ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និង​អាណាចក្រ​របស់​ព្រះ​នៃយើង ព្រមទាំង​សិទ្ធិអំណាច​នៃ​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ បាន​មក​ដល់​ហើយ​! ដ្បិត​អ្នកចោទប្រកាន់​បងប្អូន​យើង ជា​អ្នក​ដែល​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះ​នៃយើង​ទាំងយប់ទាំងថ្ងៃ ត្រូវបាន​ទម្លាក់ចោល​ហើយ​។ ពួកគេ​បាន​ឈ្នះ​វា​ដោយ​ព្រះលោហិត​របស់​កូនចៀម និង​ដោយ​ពាក្យ​នៃ​ទីបន្ទាល់​របស់​ពួកគេ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​ឡើយ ទោះបីជា​ត្រូវ​ស្លាប់​ក៏ដោយ​។ ដោយហេតុនេះ មេឃ និង​អ្នក​ដែល‍ស្ថិតនៅ​ទីនោះ​អើយ ចូរ​អបអរ​ចុះ​! ប៉ុន្តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ ​ហើយ ដ្បិត​មារ​បាន​ចុះមក​រក​អ្នករាល់គ្នា ទាំង​មាន​ភាពក្ដៅក្រហាយ​យ៉ាងខ្លាំង ដោយ​ដឹង​ថា វា​មាន​ពេលវេលា​ខ្លី​ណាស់​”​។ នៅពេល​នាគ​នោះ​ឃើញ​ថា វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី វា​ក៏​ដេញតាម​ស្ត្រី​ដែល​សម្រាល​កូនប្រុស​នោះ​។ ប៉ុន្តែ​មាន​ស្លាប​ពីរ​របស់​ឥន្ទ្រី​ដ៏ធំ បាន​ប្រទាន​ដល់​ស្ត្រី​នោះ ដើម្បីឲ្យ​នាង​បាន​ហើរ​ទៅ​ឆ្ងាយ​ពី​មុខ​សត្វពស់​នោះ ទៅ​កន្លែង​របស់​នាង​ក្នុង​ទីរហោស្ថាន ទីនោះ​ជា​កន្លែងដែល​នាង​ត្រូវបាន​ចិញ្ចឹម​ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា ​។ ពស់​នោះ​បាន​ព្រួស​ទឹក​ចេញពី​មាត់​របស់​វា ដូចជា​ទន្លេ​តាមពីក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ទៅតាមទឹកជំនន់​។ ប៉ុន្តែ​ផែនដី​បាន​ជួយ​ស្ត្រី​នោះ ដោយ​ហា​មាត់​លេប​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញពី​មាត់​វា​។ ដូច្នេះ នាគ​ខឹង​នឹង​ស្ត្រី​នោះ ក៏​ចេញទៅ​ធ្វើ​សង្គ្រាម​ទាស់នឹង​ពូជពង្ស​ឯទៀត​ៗ​របស់​នាង ជា​អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ និង​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ ​។ រួច​វា​ឈរ​នៅ​ឆ្នេរខ្សាច់​តាម​មាត់​សមុទ្រ​៕ បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយ​ឡើងមក​ពី​សមុទ្រ​។ វា​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ មាន​មកុដរាជ្យ​ដប់​នៅលើ​ស្នែង​របស់​វា ហើយ​នៅលើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​។ សត្វតិរច្ឆាន​ដែល​ខ្ញុំ​ឃើញ​នោះ​ស្រដៀងនឹង​ខ្លារខិន ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ​។ នាគ​បាន​ប្រគល់​មហិទ្ធិឫទ្ធិ និង​រាជ្យបល្ល័ង្ក​របស់​ខ្លួន ព្រមទាំង​សិទ្ធិអំណាច​ដ៏ធំ​ដល់​សត្វនោះ​។ ក្បាល​មួយ​ក្នុង​ក្បាលទាំងប្រាំពីររបស់សត្វនោះ ហាក់ដូចជា​ត្រូវរបួស​ដល់​ស្លាប់ ប៉ុន្តែ​របួស​មរណៈ​របស់​វា​បាន​ជាសះស្បើយ​វិញ​។ ផែនដី​ទាំងមូល​ក៏​ស្ងើច ហើយ​ទៅតាម​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ថ្វាយបង្គំ​នាគ ពីព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ក៏​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ​ដែរ ទាំង​ពោលថា​៖ “​តើ​នរណា​អាចប្រៀបផ្ទឹមនឹង​សត្វតិរច្ឆាន​នេះ​បាន​? តើ​នរណា​អាច​តយុទ្ធ​នឹង​វា​បាន​?​”។ មាន​មាត់​មួយ​ដែល​ពោល​ពាក្យ​ព្រហើន‍ និង​ពាក្យប្រមាថព្រះ ប្រទាន​ដល់​សត្វតិរច្ឆាននោះ ហើយ​មាន​សិទ្ធិអំណាច​ធ្វើសកម្មភាព​សែសិបពីរ​ខែ ប្រទាន​ដល់​វា​ដែរ​។ វា​ក៏​ហា​មាត់​និយាយប្រមាថ​ទាស់នឹង​ព្រះ ហើយ​និយាយប្រមាថ​ព្រះនាម​របស់​ព្រះអង្គ និង​លំនៅ ​របស់​ព្រះអង្គ គឺ​បណ្ដា​អ្នក​ដែល​ស្ថិតនៅ​លើមេឃ​។ វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។ រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។ បើ​អ្នកណា​មាន​ត្រចៀក ចូរ​ស្ដាប់​ចុះ​! បើ​មានតម្រូវឲ្យ ​អ្នកណា​ជាប់​ជា​ឈ្លើយសឹក អ្នកនោះ​នឹង​ជាប់​ជា​ឈ្លើយសឹក​; បើ​មានតម្រូវឲ្យ​អ្នកណា​ត្រូវគេ​សម្លាប់​ដោយ​ដាវ អ្នកនោះ​នឹង​ត្រូវគេ​សម្លាប់​ដោយ​ដាវ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់ និង​ជំនឿ​របស់​វិសុទ្ធជន​។ បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយទៀត​ឡើងមក​ពី​ផែនដី​។ វា​មាន​ស្នែង​ពីរ​ស្រដៀងនឹង​ស្នែង​កូនចៀម ហើយ​វា​និយាយ​ដូច​នាគ​។ វា​ប្រើ​អំណាច​ទាំងអស់​របស់​សត្វតិរច្ឆាន​ទីមួយ​នៅមុខ​សត្វតិរច្ឆានទីមួយ ហើយ​វា​ធ្វើឲ្យ​ផែនដី និង​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វតិរច្ឆាន​ទីមួយ​ដែល​ជាសះស្បើយ​ពី​របួស​មរណៈ​របស់​វា​។ វា​ធ្វើ​ទីសម្គាល់​ដ៏ធំ រហូតដល់​សូម្បីតែ​ធ្វើឲ្យ​ភ្លើង​ធ្លាក់​ពី​លើមេឃ​មក​ផែនដី​នៅមុខ​មនុស្ស​។ វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។ វា​ត្រូវបាន​ប្រទានឲ្យ​ផ្ដល់​ខ្យល់ដង្ហើម ​ដល់​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ ដើម្បីឲ្យ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​អាច​សូម្បីតែ​និយាយ ហើយ​អាច​ធ្វើ​ឲ្យ​អ្នកណាក៏ដោយដែល​មិន​ថ្វាយបង្គំ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​ត្រូវបាន​សម្លាប់​ផង​។ វា​បង្ខំ​មនុស្ស​ទាំងអស់ ទាំង​អ្នកតូច និង​អ្នកធំ ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​មនុស្សមានសេរីភាព និង​ទាសករ ឲ្យ​ទទួល​សញ្ញាសម្គាល់​នៅលើ​ដៃ​ស្ដាំ ឬ​នៅលើ​ថ្ងាស​របស់​ពួកគេ ដើម្បីកុំឲ្យ​អ្នកណា​អាច​ទិញ ឬ​លក់​បាន​ឡើយ លុះត្រាតែ​អ្នកនោះ​មាន​សញ្ញាសម្គាល់​នោះ ដែលជា​ឈ្មោះ​របស់​សត្វតិរច្ឆាន ឬ​ជា​លេខ​នៃ​ឈ្មោះ​របស់​វា​។ ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦ ​៕ បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។ រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។ គេ​ច្រៀង​អ្វីមួយ​ដូចជា ​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។ អ្នកទាំងនោះ​ជា​អ្នកដែល​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​សៅហ្មង​ជាមួយនឹង​ស្ត្រី​ទេ ដ្បិត​ពួកគេ​ជា​ពួក​ព្រហ្មចារី​។ អ្នកទាំងនោះ​ជា​អ្នក​ដែល​តាម​កូនចៀម ទៅ​ទីណាក៏ដោយដែល​កូនចៀម​ទៅ​។ អ្នកទាំងនោះ​ត្រូវបាន​លោះមកវិញ​ពីចំណោម​មនុស្ស ទុកជា​ផលដំបូង​ថ្វាយ​ព្រះ និង​កូនចៀម​។ គ្មាន​សេចក្ដីកុហក ​ណា​ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​ពួកគេ​ទេ ពួកគេ​ឥតសៅហ្មងឡើយ ​។ ក្រោយមក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ហើរ​នៅលើ​អាកាស ទាំង​នាំ​ដំណឹងល្អ​ដ៏អស់កល្បជានិច្ច ដើម្បី​ប្រកាស​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ដល់​គ្រប់ទាំង​ប្រជាជាតិ ពូជសាសន៍ ភាសា និង​ជនជាតិ​។ ទូតនោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ចូរ​កោតខ្លាច​ព្រះ ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ ដ្បិត​ពេលវេលា​នៃ​ការជំនុំជម្រះ​របស់​ព្រះអង្គ​មក​ដល់​ហើយ​។ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​ប្រភព​ទឹក​នានា​ចុះ​”​។ មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីពីរ ​បាន​តាមមក ពោលថា​៖ “​រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ ​បាន​រលំ​ហើយ​! នាង​ឲ្យ​អស់ទាំង​ប្រជាជាតិ​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ​!​”។ មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីបី​បាន​តាម​ទូតទាំងពីរ​មក បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​ប្រសិនបើ​អ្នកណា​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ និង​រូបសំណាក​របស់​វា ហើយ​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ឬ​នៅលើ​ដៃ​របស់​ខ្លួន អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។ ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់​របស់​វិសុទ្ធជន​ដែល​រក្សា​សេចក្ដីបង្គាប់​របស់​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​។ ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “​ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!​”​។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “​មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ​”​។ ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​មើល៍! មាន​ពពក​ស​មួយ ហើយ​អ្នក​ដែល​អង្គុយ​លើ​ពពក​នោះ​ដូចជា​កូនមនុស្ស នៅលើ​ក្បាល​របស់​លោក​មាន​មកុដ​មាស ហើយ​នៅក្នុង​ដៃ​របស់​លោក​មាន​កណ្ដៀវ​ដ៏មុត​។ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា​៖ “​សូម​លូក​កណ្ដៀវ​របស់លោក ហើយ​ច្រូត​ទៅ​! ដ្បិត​ដល់​ពេល​ច្រូតកាត់ ហើយ​ចម្រូត​នៃ​ផែនដី​បាន​ទុំ​ហើយ​”​។ ដូច្នេះ អ្នក​ដែល​អង្គុយ​លើ​ពពក​បាន​បោះ​កណ្ដៀវ​របស់​លោក​ទៅលើ​ផែនដី នោះ​ផែនដី​ក៏​ត្រូវបាន​ច្រូតកាត់​។ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ​នៅ​ស្ថានសួគ៌ ទាំង​កាន់​កណ្ដៀវ​ដ៏មុត​ដែរ​។ ពេលនោះ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​អាសនា ជា​ទូត​ដែល​មាន​អំណាច​លើ​ភ្លើង ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូត​ដែល​មាន​កណ្ដៀវ​ដ៏មុត​នោះ​ថា​៖ “​ចូរ​លូក​កណ្ដៀវ​ដ៏មុត​របស់អ្នក ហើយ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៃ​ផែនដី​ចុះ​! ដ្បិត​ផ្លែទំពាំងបាយជូរ​បាន​ទុំ​ហើយ​”​។ ដូច្នេះ ទូតសួគ៌​នោះ​ក៏​លូក​កណ្ដៀវ​ទៅលើ​ផែនដី ហើយ​ប្រមូល​ទំពាំងបាយជូរ​នៃ​ផែនដី រួច​បោះទៅ​ក្នុង​ទីបញ្ជាន់ផ្លែ​ដ៏ធំ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​។ ទីបញ្ជាន់ផ្លែ​នោះ​ត្រូវបាន​ជាន់​នៅ​ខាងក្រៅ​ទីក្រុង ក៏​មាន​ឈាម​ហូរចេញមក​ពី​ទីបញ្ជាន់ផ្លែ​នោះ ឡើងដល់ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយគីឡូម៉ែត្រ ​៕ បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។ ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “​ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​! ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ​”​។ បន្ទាប់ពីការទាំងនេះ ខ្ញុំ​សង្កេតមើល នោះ​មើល៍! ទីវិសុទ្ធ​របស់​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ស្ថានសួគ៌​ត្រូវបាន​បើកចំហ​។ ទូតសួគ៌​ប្រាំពីរ​រូប​នោះ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ ក៏​ចេញមក​ពី​ទីវិសុទ្ធ ទាំង​ពាក់​ក្រណាត់ទេសឯក​បរិសុទ្ធ​ដ៏ភ្លឺរលោង ហើយ​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។ ពេលនោះ សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន​បាន​ប្រគល់​ពែង​មាស​ប្រាំពីរ​ដល់​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​។ ពែងទាំងនោះ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ទីវិសុទ្ធ​ក៏​ពោរពេញ​ទៅដោយ​ផ្សែង​ពី​សិរីរុងរឿង​របស់​ព្រះ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ ហើយ​គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ទីវិសុទ្ធ​បាន​ឡើយ រហូតដល់​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទូតសួគ៌​ប្រាំពីរ​រូប​នោះ បាន​បញ្ចប់​៕ បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ពី​ព្រះវិហារ និយាយ​នឹង​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ថា​៖ “​ចូរ​ចេញទៅ ហើយ​ចាក់​ពី​ពែង​ទាំង​ប្រាំពីរ ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ទៅលើ​ផែនដី​ទៅ​”​។ ដូច្នេះ ទូតសួគ៌ ​ទីមួយ​ក៏​ចេញទៅ ហើយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ផែនដី នោះ​មាន​ដំបៅ​ដ៏អាក្រក់ និង​ឈឺចាប់ កើតមាន​លើ​មនុស្ស​ដែល​មាន​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​មនុស្ស​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា​។ ទូតសួគ៌ ​ទីពីរ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​សមុទ្រ នោះ​សមុទ្រ​ក៏​ក្លាយជា​ឈាម ដូចជា​ឈាម​មនុស្សស្លាប់ ហើយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅក្នុង​សមុទ្រ ក៏​ស្លាប់​ដែរ​។ ទូតសួគ៌ ​ទីបី​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​ទន្លេ និង​ប្រភព​ទឹក​នានា នោះ​ទន្លេ និងប្រភពទឹក​ក៏​ក្លាយជា​ឈាម​ដែរ​។ ពេលនោះ ខ្ញុំ​ឮ​ទូតសួគ៌​នៃ​ទឹក ពោលថា​៖ “​ព្រះអង្គ​ដ៏វិសុទ្ធ​ដែល​គង់នៅ​សព្វថ្ងៃ ហើយ​គង់នៅ​តាំងពីដើម​អើយ​! ​ព្រះអង្គ​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​សម្រេច​ការទាំងនេះ ដ្បិត​អ្នកទាំងនោះ​បាន​បង្ហូរ​ឈាម​បណ្ដា​វិសុទ្ធជន និង​ព្យាការី ដូច្នេះ​ព្រះអង្គ​បាន​ប្រទានឲ្យ​ពួកគេ​ផឹក​ឈាម​។ ពួកគេ​សមតែ​ទទួល​ដូច្នោះ​”​។ រួចមក ខ្ញុំ​ឮ​អាសនា​ពោលថា​៖ “​មែនហើយ ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ‍! ការជំនុំជម្រះ​របស់ព្រះអង្គ​ត្រឹមត្រូវ ហើយ​សុចរិតយុត្តិធម៌​!​”។ ទូតសួគ៌ ​ទីបួន​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ព្រះអាទិត្យ នោះ​ព្រះអាទិត្យ ​ក៏​ត្រូវបាន​ប្រទានឲ្យ​កម្លោច​មនុស្ស​ដោយ​ភ្លើង​។ មនុស្ស​ត្រូវបាន​កម្លោច​ដោយ​កម្ដៅ​យ៉ាងខ្លាំង ពួកគេ​ក៏​ជេរប្រមាថ​ព្រះនាម​របស់​ព្រះ​ដែល​មាន​សិទ្ធិអំណាច​លើ​គ្រោះកាច​ទាំងនោះ ហើយ​មិន​កែប្រែចិត្ត ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ឡើយ​។ ទូតសួគ៌ ​ទីប្រាំ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​បល្ល័ង្ក​របស់​សត្វតិរច្ឆាន នោះ​អាណាចក្រ​របស់​វា​ក៏​ត្រឡប់ជា​ងងឹតសូន្យ ហើយ​មនុស្ស​បាន​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយសារតែ​ការឈឺចាប់​។ ពួកគេ​ជេរប្រមាថ​ព្រះ​នៃ​ស្ថានសួគ៌ ដោយសារតែ​ការឈឺចាប់​របស់​ខ្លួន និង​ដោយសារតែ​ដំបៅ​របស់​ពួកគេ ហើយ​មិន​កែប្រែចិត្ត​ពី​អំពើ​របស់​ខ្លួន​ឡើយ​។ ទូតសួគ៌ ​ទីប្រាំមួយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត នោះ​ទឹក​ទន្លេ​ក៏​រីងស្ងួត ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មកពី​ទិសខាងកើត​។ បន្ទាប់មក ខ្ញុំ​ឃើញ​វិញ្ញាណអសោច​បី ដូចជា​កង្កែប ចេញមកពី​មាត់​នាគ មាត់​សត្វតិរច្ឆាន និង​មាត់​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​។ តាមពិត ពួកវា​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសម្គាល់​។ ពួកវា​ចេញទៅ​រក​ស្ដេច​នានា​នៃ​ពិភពលោក ​ទាំងមូល ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏ធំ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។ “​មើល៍! យើង​នឹង​មក​ដូចជា​ចោរ​! មានពរ​ហើយ អ្នក​ដែល​ប្រុងស្មារតី ហើយ​រក្សា​សម្លៀកបំពាក់​របស់​ខ្លួន ដើម្បីកុំឲ្យ​ដើរ​អាក្រាត ហើយ​ត្រូវគេ​ឃើញ​កេរ្តិ៍ខ្មាស​របស់​ខ្លួន​”​។ ដូច្នេះ វិញ្ញាណទាំងនោះ​បាន​ប្រមូល​ពួកស្ដេច​មក​នៅ​កន្លែង​មួយ ដែល​ហៅ​ជា​ភាសាហេព្រើរ​ថា “​អើម៉ាគេដូន​”​។ ទូតសួគ៌ ​ទីប្រាំពីរ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​អាកាស នោះ​មាន​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញមក​ពី​ព្រះវិហារ គឺ​ពី​បល្ល័ង្ក ពោលថា​៖ “​សម្រេច​ហើយ​!​”។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និង​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ដែល​មិន​ធ្លាប់​មាន​រញ្ជួយផែនដី​ដ៏ខ្លាំង​ដល់ម្ល៉េះ​កើតឡើង តាំងពី​មាន​មនុស្ស​នៅលើ​ផែនដី​នេះ​។ ក្រុង​ដ៏ធំ​នោះ​ក៏​បែក​ជា​បី​ចំណែក ហើយ​ទីក្រុង​នានា​របស់​ប្រជាជាតិ​ក៏​រលំ​។ ពេលនោះ ព្រះ​បាន​នឹកចាំ​អំពី​បាប៊ីឡូន​ដ៏ធំ ដើម្បី​ប្រទាន​ពែង​ស្រា​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះអង្គ​ដល់​នាង​។ គ្រប់ទាំង​កោះ​ក៏​រត់បាត់ទៅ ហើយ​ភ្នំ​ក៏​លែង​ឃើញ​ទៀត​ដែរ​។ បន្ទាប់មក មាន​ដុំទឹកកក​ធំ​ៗ ដែល​ដុំនីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិបគីឡូក្រាម ធ្លាក់​ពី​លើមេឃ​មក​លើ​មនុស្ស នោះ​ពួកគេ​ក៏​ជេរប្រមាថ​ព្រះ​ដោយសារតែ​គ្រោះកាច​ពី​ដុំទឹកកក ដ្បិត​គ្រោះកាច​នោះ​ធ្ងន់ធ្ងរ​ក្រៃលែង​៕ ពេលនោះ ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “​មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​ការជំនុំជម្រះ​របស់​ស្ត្រីពេស្យា​ដ៏ធំ ដែល​អង្គុយ​លើ​ទឹក​ដ៏ច្រើន​។ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ​”។ បន្ទាប់មក ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅ​ទីរហោស្ថាន ហើយ​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វតិរច្ឆាន​ពណ៌ក្រហមឆ្អៅ​មួយ​។ សត្វតិរច្ឆាននោះ​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​ពេញខ្លួន វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់​។ ស្ត្រី​នោះ​ស្លៀកពាក់​ពណ៌ស្វាយ និង​ពណ៌ក្រហមឆ្អៅ ហើយ​តុបតែងខ្លួន​ដោយ​មាស ត្បូង​ដ៏មានតម្លៃ និង​គជ់ ទាំង​កាន់​ពែង​មាស​មួយ​ក្នុង​ដៃ​របស់​នាង ដែល​ពេញ​ដោយ​សេចក្ដីគួរឲ្យស្អប់ខ្ពើម និង​សេចក្ដីស្មោកគ្រោក​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​។ មាន​ឈ្មោះ​មួយ​ជា​អាថ៌កំបាំង សរសេរ​នៅលើ​ថ្ងាស​របស់​នាង​ថា “​បាប៊ីឡូន​ដ៏ធំ ម្ដាយ​របស់​ស្ត្រីពេស្យា​ទាំងឡាយ និង​របស់​សេចក្ដីគួរឲ្យស្អប់ខ្ពើម​នានា​នៃ​ផែនដី​”​។ រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។ ទូតសួគ៌​នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “​ម្ដេចក៏​អ្នក​ងឿងឆ្ងល់​ដូច្នេះ​? ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អាថ៌កំបាំង​របស់​ស្ត្រី​នោះ និង​របស់​សត្វតិរច្ឆាន​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ដែល​ធ្វើជាជំនិះ​ឲ្យ​នាង​។ សត្វតិរច្ឆាន​ដែល​អ្នក​ឃើញ​នោះ មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មានទេ ក៏​រៀបនឹង​ឡើងមក​ពី​រណ្ដៅគ្មានបាត រួច​វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។ អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ពួក​អ្នកដែល​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​តាំងពី​កំណើត​នៃ​ពិភពលោក នឹង​ភ្ញាក់ផ្អើល ពេល​ឃើញ​សត្វតិរច្ឆាន​នោះ ដោយព្រោះ​វា​មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មាន ហើយ​រៀបនឹង​មកដល់ ​។ “​ចំណុចនេះ​តម្រូវឲ្យ​មាន​គំនិត​ដែល​មាន​ប្រាជ្ញា​។ ក្បាល​ទាំង​ប្រាំពីរ គឺ​ភ្នំ​ប្រាំពីរ ជា​កន្លែងដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយក៏​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ ស្ដេច​ប្រាំ​អង្គ​បាន​ដួលរលំ​ហើយ មួយ​អង្គ​នៅ​សព្វថ្ងៃ ហើយ​មួយអង្គទៀត​មិនទាន់​មក​ដល់​នៅឡើយទេ​។ កាលណា​មក​ដល់ ស្ដេចនោះ​ត្រូវតែ​នៅ​មួយរយៈ​។ រីឯ​សត្វតិរច្ឆាន​ដែល​មាន​ពីមុន តែ​ឥឡូវនេះ​គ្មាន​នោះ វា​ជា​ស្ដេច​ទីប្រាំបី ហើយ​វា​ជា​ម្នាក់​ក្នុងចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​។ វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។ ស្នែង​ទាំង​ដប់​នោះ​ដែល​អ្នក​បាន​ឃើញ ជា​ស្ដេច​ដប់​អង្គ​ដែល​មិនទាន់​ទទួលបាន​អំណាចគ្រងរាជ្យ​នៅឡើយ ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​សិទ្ធិអំណាច​ជា​ស្ដេច​ជាមួយ​សត្វតិរច្ឆាន​នោះ​មួយរយៈ​។ ស្ដេចទាំងនោះ​មាន​បំណង​តែមួយ ហើយ​ពួកគេ​ប្រគល់​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ​។ ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់​”។ ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។ រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ និង​សត្វតិរច្ឆាន​នោះ ពួកគេ​នឹង​ស្អប់​ស្ត្រីពេស្យា​នោះ ហើយ​ធ្វើឲ្យ​នាង​វិនាស និង​នៅ​អាក្រាត ព្រមទាំង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ដោយ​ភ្លើង​។ ដ្បិត​ព្រះ​បាន​ដាក់​ការនេះ ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។ រីឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ ជា​ក្រុង​ដ៏ធំ​ដែល​មាន​អំណាចគ្រងរាជ្យ​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី​”៕ បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត ចុះមក​ពី​លើមេឃ ប្រកបដោយ​សិទ្ធិអំណាច​ដ៏ធំ ហើយ​ផែនដី​ក៏​ត្រូវបាន​បំភ្លឺ​ដោយ​រស្មីរុងរឿង​របស់​ទូតនោះ​។ ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “​រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​បាន​ក្លាយជា​លំនៅ​របស់​ពួក​អារក្ស ជា​សម្បុក ​របស់​អស់ទាំង​វិញ្ញាណអសោច ជា​សម្បុក​របស់​អស់ទាំង​បក្សាបក្សី​អសោច និង​ជា​សម្បុក​របស់​អស់ទាំង​សត្វព្រៃ​អសោច​គួរឲ្យស្អប់ខ្ពើម ​។ ដ្បិត​ប្រជាជាតិ​ទាំងអស់​បាន​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង បណ្ដា​ឈ្មួញ​នៃ​ផែនដី​បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ការរស់នៅក្នុងអបាយមុខ​ដ៏ហួសហេតុ​របស់​នាង​”​។ បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “​ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ ដ្បិត​បាប​របស់​នាង​បាន​គរឡើង​ដល់​មេឃ​ហើយ ហើយ​ព្រះ​បាន​នឹកចាំ​អំពី​បទល្មើស​របស់​នាង​។ ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។ នាង​បាន​លើកតម្កើង​ខ្លួនឯង ហើយ​រស់នៅក្នុងអបាយមុខ​យ៉ាងណា ចូរ​ផ្ដល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ដល់​នាង​យ៉ាងនោះដែរ ដ្បិត​នាង​និយាយ​ក្នុង​ចិត្ត​ថា​៖ ‘​អញ​អង្គុយ​ជា​មហាក្សត្រិយានី អញ​មិនមែន​ជា​ស្ត្រីមេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​ជួប​ទុក្ខព្រួយ​ឡើយ​’​។ ដោយហេតុនេះ គ្រោះកាច​ដែល​នាង​ត្រូវ​ទទួល គឺ​សេចក្ដីស្លាប់ ទុក្ខព្រួយ និង​ទុរ្ភិក្ស នឹង​មកដល់​ក្នុង​មួយ​ថ្ងៃ នាង​នឹង​ត្រូវបាន​ដុតចោល​ដោយ​ភ្លើង ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដែល​ជំនុំជម្រះ​នាង ទ្រង់​ខ្លាំងពូកែ​”​។ បណ្ដា​ស្ដេច​នៃ​ផែនដី​ដែល​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រស់នៅក្នុងអបាយមុខ​ជាមួយ​នាង នឹង​យំសោក​គក់ទ្រូង​ចំពោះ​នាង កាលណា​ពួកគេ​ឃើញ​ផ្សែង​ពី​ចំហេះ​នាង​។ ដោយ​ភ័យខ្លាច​ចំពោះ​ការឈឺចាប់​របស់​នាង ពួកគេ​ក៏​ឈរ​ពី​ចម្ងាយ ហើយ​ពោលថា​៖ “​វេទនា​ហើយ​! វេទនា​ហើយ​! បាប៊ីឡូន​ក្រុង​ដ៏ធំ ជា​ក្រុង​ដ៏ខ្លាំងពូកែ​អើយ​! ដ្បិត​ការជំនុំជម្រះ​របស់អ្នក​បាន​មក​ដល់​ក្នុងមួយរំពេច​!​”។ បណ្ដា​ឈ្មួញ​នៃ​ផែនដី​ក៏​យំសោក​កាន់ទុក្ខ​ចំពោះ​នាង ពីព្រោះ​គ្មានអ្នកណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ឡើយ​។ ទំនិញ​នោះ គឺ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ គជ់ ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌ក្រហមឆ្អៅ ឈើ​ក្រអូប​គ្រប់ប្រភេទ គ្រឿង​ភ្លុក​គ្រប់ប្រភេទ គ្រឿង​ផ្សេងៗ​ដែលធ្វើ​ពី​ឈើ​ដ៏មានតម្លៃ ពី​លង្ហិន ដែក និង​ថ្មកែវ ក៏​មាន​ឈើអែម គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅមី ស្រូវសាលី គោ ចៀម សេះ រទេះ ហើយ​រូបកាយ និង​ព្រលឹង ​របស់​មនុស្ស​។ “​ផលផ្លែ​នៃ​ការប្រាថ្នាចង់បាន​របស់​ចិត្ត​អ្នក បាន​ចាកចេញ​ពី​អ្នក ហើយ​អស់ទាំង​ភាពប្រណិត និង​ភាពរុងរឿង​ក៏​បាត់បង់ ​ពី​អ្នក​ដែរ គេ​នឹង​រក​មិន​ឃើញ​របស់ទាំងនោះ​ទៀត​សោះឡើយ​”​។ បណ្ដា​ឈ្មួញ​ខាង​របស់​ទាំងនោះ ដែល​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយព្រោះ​នាង នឹង​ឈរ​ពី​ចម្ងាយ​ដោយសារតែ​ការភ័យខ្លាច​ចំពោះ​ការឈឺចាប់​របស់​នាង ទាំង​យំសោក​កាន់ទុក្ខ ហើយ​ពោលថា​៖ “​វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ​ដែល​ដណ្ដប់​ដោយ​ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​ពណ៌ក្រហមឆ្អៅ ហើយ​តុបតែងខ្លួន​ដោយ​មាស ត្បូង​ដ៏មានតម្លៃ និង​គជ់​អើយ‍​! ទ្រព្យសម្បត្តិ​ដ៏ច្រើនម្ល៉េះ​បាន​វិនាស​ក្នុងមួយរំពេច​!​”។ អស់ទាំង​នាយនាវា អ្នក​ធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និង​អស់អ្នកដែល​រកស៊ី​តាម​សមុទ្រ ក៏​ឈរ​ពី​ចម្ងាយ​ដែរ នៅពេល​ឃើញ​ផ្សែង​ពី​ចំហេះ​នាង ពួកគេ​ស្រែកឡើង​ថា​៖ “​តើ​មាន​ទីក្រុង​ណា អាចប្រៀបផ្ទឹមនឹង​ក្រុង​ដ៏ធំ​នេះ​បាន​?​”​។ ពួកគេ​បាច​ធូលី​លើ​ក្បាល​របស់​ខ្លួន ទាំង​យំសោក​កាន់ទុក្ខ ហើយ​ស្រែកឡើង​ថា​៖ “​វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ ជាកន្លែងដែល​អស់អ្នក​ដែល​មាន​សំពៅ​នៅតាម​សមុទ្រ បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ទ្រព្យសម្បត្តិ​របស់​នាង​អើយ​! ដ្បិត​នាង​បាន​វិនាស​ក្នុងមួយរំពេច​ហើយ​! មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!​”​។ ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “​បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍! សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! ពន្លឺ​ចង្កៀង មិន​ភ្លឺ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​កូនកំលោះ និង​កូនក្រមុំ ក៏‍​លែង​ឮ​ក្នុង​អ្នក​ទៀត​ដែរ​! ពីព្រោះ​បណ្ដា​ឈ្មួញ​របស់អ្នក ជា​អ្នកធំ​នៃ​ផែនដី និង​ពីព្រោះ​ប្រជាជាតិ​ទាំងអស់​ត្រូវបាន​បោកបញ្ឆោត​ដោយ​មន្តអាគម​របស់អ្នក ហើយ​ឈាម​របស់​បណ្ដា​ព្យាការី វិសុទ្ធជន និង​អស់អ្នក​ដែល​ត្រូវគេ​សម្លាប់​នៅលើ​ផែនដី ត្រូវបាន​រកឃើញ​ក្នុង​នាង​”៕ បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​យ៉ាងខ្លាំង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅ​លើមេឃ ពោលឡើងថា​៖ “​ហាលេលូយ៉ា​! សេចក្ដីសង្គ្រោះ សិរីរុងរឿង និង​ព្រះចេស្ដា​ជា​របស់​ព្រះ ​នៃយើង​! ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង​”។ ពួកគេ​ពោលឡើង​ជាលើកទីពីរ​ថា​៖ “​ហាលេលូយ៉ា​! ផ្សែង​ពី​ចំហេះ​នាង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!​”។ ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “​អាម៉ែន​! ហាលេលូយ៉ា​!​”​។ ពេលនោះ មាន​សំឡេង​មួយ​ចេញមក​ពី​បល្ល័ង្ក​ថា​៖ “​អស់ទាំង​បាវបម្រើ​របស់​ព្រះ និង​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ទាំង​តូច ទាំង​ធំ​អើយ​! ចូរ​សរសើរតម្កើង​ព្រះ​នៃយើង​!​”​។ បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “​ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​! ចូរឲ្យ​យើង​អរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​! ដ្បិត​ដល់​មង្គលការ​របស់​កូនចៀម​ហើយ រីឯ​កូនក្រមុំ ​របស់​ព្រះអង្គ​ក៏​ត្រៀម​ខ្លួន​ហើយ​ដែរ​។ នាង​ត្រូវបាន​ប្រទានឲ្យ​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​បរិសុទ្ធ​ដែល​ភ្លឺចិញ្ចាច​”​។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិត​នោះ គឺ​អំពើសុចរិត​របស់​វិសុទ្ធជន​។ ក្រោយមក ទូតសួគ៌នោះ​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “​ចូរ​សរសេរ​ដូច្នេះ​ថា មានពរ​ហើយ អ្នក​ដែល​ត្រូវបាន​ហៅឲ្យមក​ក្នុង​ពិធីជប់លៀង​នៃ​មង្គលការ​របស់​កូនចៀម​!​” ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “​សេចក្ដីទាំងនេះ​ជា​ព្រះបន្ទូល​ដ៏ពិត​របស់​ព្រះ​”។ ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “​កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ ​”​។ បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “​ស្មោះត្រង់​” និង “​ពិតត្រង់​”​។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។ ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​អណ្ដាតភ្លើង ហើយ​មាន​មកុដរាជ្យ​ជាច្រើន​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​សរសេរ​ទុក ជា​ព្រះនាម​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អង្គទ្រង់ផ្ទាល់​ប៉ុណ្ណោះ​។ ព្រះអង្គ​ពាក់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​របស់​ព្រះអង្គ​ហៅថា “​ព្រះបន្ទូល​របស់​ព្រះ​”។ កងទ័ព​នៅ​លើមេឃ​តាម​ព្រះអង្គ​ដោយ​ជិះ​សេះ​ស ទាំង​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ពណ៌ស និង​បរិសុទ្ធ​។ មាន​ដាវ​មួយ ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង ​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។ នៅលើ​ព្រះពស្ត្រ និង​នៅលើ​ភ្លៅ​របស់​ព្រះអង្គ មាន​ព្រះនាម​សរសេរ​ថា “​ស្ដេច​លើ​អស់ទាំង​ស្ដេច ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់​”។ បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយ​រូប​ឈរ​នៅក្នុង​ព្រះអាទិត្យ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​អស់ទាំង​បក្សាបក្សី​ដែល​ហើរ​នៅលើ​អាកាស​ថា​៖ “​មក៍! ចូរ​ផ្ដុំគ្នា​ក្នុង​ពិធីជប់លៀង​ដ៏ធំ​របស់​ព្រះ ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេទ័ព សាច់​ពួក​អ្នក​ខ្លាំងពូកែ សាច់​សេះ និង​សាច់​អ្នក​ជិះ​សេះ ព្រមទាំង​សាច់​មនុស្ស​ទាំងអស់ ទាំង​មនុស្សមានសេរីភាព ទាំង​ទាសករ ទាំង​អ្នកតូច ទាំង​អ្នកធំ​”។ ពេលនោះ ខ្ញុំ​ឃើញ​សត្វតិរច្ឆាន និង​ពួក​ស្ដេច​នៃ​ផែនដី ព្រមទាំង​កងទ័ព​របស់​ពួកគេ ប្រមូលគ្នាមក​ដើម្បី​ធ្វើ​សង្គ្រាម​ទាស់នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ និង​ទាស់នឹង​កងទ័ព​របស់​ព្រះអង្គ​។ សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។ រីឯ​អ្នក​ឯទៀត ត្រូវបាន​សម្លាប់​ដោយ​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ នោះ​បក្សាបក្សី​ទាំងអស់​ក៏​ចម្អែតពោះ​ដោយ​សាច់​អ្នកទាំងនោះ​៕ បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយ​រូប​ចុះមក​ពី​លើមេឃ ទាំង​កាន់​កូនសោ​នៃ​រណ្ដៅគ្មានបាត និង​ច្រវាក់​ធំ​ក្នុង​ដៃ​។ ទូតនោះ​ក៏​ចាប់​នាគ គឺ​ពស់​ពីបុរាណ ដែល​ជា​មារ និង​ជា​សាតាំង ហើយ​បាន​ចង​វា​ទុក​រយៈពេល​មួយពាន់​ឆ្នាំ ដោយ​ទម្លាក់​វា​ទៅក្នុង​រណ្ដៅគ្មានបាត ហើយ​បិទ​មាត់រណ្ដៅ ព្រមទាំង​បិទត្រា ដើម្បីកុំឲ្យ​វា​បោកបញ្ឆោត​ប្រជាជាតិ​នានា​ទៀត រហូតទាល់តែ​ផុត​មួយពាន់​ឆ្នាំ​នោះ​ទៅ​។ បន្ទាប់ពីការទាំងនេះ វា​ត្រូវតែ​ត្រូវបាន​ដោះលែង​មួយរយៈខ្លី​។ ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។ រីឯ​មនុស្សស្លាប់​ឯទៀត មិន​រស់ឡើងវិញ​ទេ រហូតទាល់តែ​ផុត​មួយពាន់​ឆ្នាំ​នោះ​ទៅ​។ នេះ​ជា​ការរស់ឡើងវិញ​ទីមួយ​។ មានពរ​ហើយ វិសុទ្ធ​ហើយ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការរស់ឡើងវិញ​ទីមួយ​! សេចក្ដីស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នកទាំងនោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ទៅជា​បូជាចារ្យ​របស់​ព្រះ និង​របស់​ព្រះ​គ្រីស្ទ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ​។ លុះ​ផុត​មួយពាន់​ឆ្នាំ​ហើយ សាតាំង​នឹង​ត្រូវបាន​ដោះលែង​ពី​គុក​របស់​វា ហើយ​វា​នឹង​ចេញទៅ​បោកបញ្ឆោត​ប្រជាជាតិ​នានា​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី គឺ​កុក និង​ម៉ាកុក ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​។ ពួកគេ​មាន​ចំនួន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​។ ពួកគេ​ឡើងទៅ​ពាសពេញ​ផ្ទៃ​ផែនដី ហើយ​ទ្បោមព័ទ្ធ​ជំរំ​របស់​វិសុទ្ធជន និង​ក្រុង​ដ៏​ជាទីស្រឡាញ់ ប៉ុន្តែ​មាន​ភ្លើង ​ធ្លាក់​ពី​លើមេឃ​មក បំផ្លាញ​ពួកគេ​។ រីឯ​មារ​ដែល​បោកបញ្ឆោត​ពួកគេ ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែងដែល​សត្វតិរច្ឆាន និង​ព្យាការីក្លែងក្លាយ​នៅ​។ ពួកវា​នឹង​រងការឈឺចាប់​ទាំងយប់ទាំងថ្ងៃ រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។ ខ្ញុំ​ក៏​ឃើញ​មនុស្សស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច ឈរ​នៅមុខ​បល្ល័ង្ក ហើយ​ក្រាំង​ទាំងឡាយ​ត្រូវបាន​បើកឡើង​។ រួច​មាន​ក្រាំង​មួយទៀត​ត្រូវបាន​បើកឡើង​ដែរ ជា​ក្រាំង​នៃ​បញ្ជី​ជីវិត​។ មនុស្សស្លាប់​ត្រូវបាន​ជំនុំជម្រះ​តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុក​នៅក្នុង​ក្រាំង​ទាំងនោះ ស្របតាម​ការប្រព្រឹត្ត​របស់​ពួកគេ​។ ពេលនោះ សមុទ្រ​ក៏​ប្រគល់​មនុស្សស្លាប់​ដែល​នៅក្នុង​វា ហើយ​សេចក្ដីស្លាប់ និង​ស្ថានមនុស្សស្លាប់​ក៏​ប្រគល់​មនុស្សស្លាប់​ដែល​នៅក្នុង​វា​ដែរ ហើយ​ពួកគេ​ម្នាក់‍ៗ​ត្រូវបាន​ជំនុំជម្រះ​តាម​ការប្រព្រឹត្ត​របស់​ខ្លួន​។ បន្ទាប់មក សេចក្ដីស្លាប់ និង​ស្ថានមនុស្សស្លាប់​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង​។ បឹង​ភ្លើង ​នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ​។ ប្រសិនបើ​អ្នកណា​គ្មាន​ឈ្មោះ ​កត់ទុក​ក្នុង​បញ្ជី​ជីវិត អ្នកនោះ​ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង​នោះ​៕ បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃមេឃ​មុន និង​ផែនដី​មុន​បាន​កន្លងផុតទៅ ហើយ​សមុទ្រ​ក៏​គ្មាន​ទៀត​ដែរ​។ ពេលនោះ ខ្ញុំ ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។ ខ្ញុំ‍ឮ​សំឡេង​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក ​ថា​៖ “​មើល៍! លំនៅ ​របស់​ព្រះ​នៅ​ជាមួយ​មនុស្ស​ហើយ ព្រះអង្គ​នឹង​តាំងលំនៅ ​ជាមួយ​ពួកគេ​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះ​ផ្ទាល់​នឹង​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើជា​ព្រះ​របស់​ពួកគេ ​។ ព្រះអង្គ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​។ សេចក្ដីស្លាប់​នឹង​លែងមាន​ទៀត​ឡើយ ហើយក៏លែង​មាន​ទុក្ខព្រួយ ការយំសោក ឬ​ការឈឺចាប់​ទៀត​ដែរ ដ្បិត​អ្វីៗ​ពីមុន​បាន​កន្លងផុតទៅ​ហើយ​”​។ ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូលថា​៖ “​មើល៍! យើង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ថ្មីឡើងវិញ​!​”។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “​ចូរ​កត់ទុក​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​”​។ ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “​សម្រេច​ហើយ​! យើង​ជា ‘​អាលផា​’ និង​ជា ‘​អូមេកា​’ ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។ ចំពោះ​អ្នក​ដែល​ស្រេក យើង​នឹង​ឲ្យ​ទឹក​ពី​ប្រភពទឹក​នៃ​ជីវិត​ដោយ​ឥតគិតថ្លៃ​។ អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។ ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ​។ បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “​មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម​”​។ ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។ ទីក្រុងនោះ​មាន​សិរីរុងរឿង​របស់​ព្រះ ប្រភពពន្លឺ​របស់​នាង ស្រដៀងនឹង​ត្បូង​ដ៏មានតម្លៃ ដូច​ត្បូង​ចាសស្ពើរ ហើយ​ថ្លាដូចកែវចរណៃ​។ នាង​មាន​កំពែងក្រុង​ដ៏ធំ ហើយ​ខ្ពស់ មាន​ទ្វារក្រុង​ដប់ពីរ និង​មាន​ទូតសួគ៌​ដប់ពីរ​រូប​នៅ​ទ្វារ​ទាំងនោះ ព្រមទាំង​មាន​ឈ្មោះ​ចារឹក​នៅ​ទ្វារ​ទាំងនោះ ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូនចៅ​អ៊ីស្រាអែល។ នៅ​ទិសខាងកើត​មាន​ទ្វារ​បី នៅ​ទិសខាងជើង​មាន​ទ្វារ​បី នៅ​ទិសខាងត្បូង​មាន​ទ្វារ​បី ហើយ​នៅ​ទិសខាងលិច​មាន​ទ្វារ​បី។ រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ កាន់​ដើមត្រែង​មាស​មួយ​ជា​រង្វាស់ ដើម្បី​វាស់​ទីក្រុង ទ្វារក្រុង និង​កំពែងក្រុង​។ ទីក្រុង​នោះ​មានរាង​បួនជ្រុង បណ្ដោយ និង​ទទឹង​មានប្រវែង​ស្មើគ្នា​។ ទូតសួគ៌នោះ​វាស់​ទីក្រុង​ដោយ​ដើមត្រែង​នោះ ក៏​ឃើញ​មាន ១២ ០០០ ស្តាឌៀន គឺ​ទាំង​បណ្ដោយ ទទឹង និង​កម្ពស់​មាន​ប្រវែង​ស្មើគ្នា​។ ទូតនោះ​វាស់​កំពែងក្រុង​តាម​រង្វាស់​របស់​មនុស្ស ដែល​ជា​រង្វាស់​របស់​ទូតសួគ៌​ដែរ ក៏​ឃើញ​មាន ១៤៤ ហត្ថ ​។ កំពែងក្រុង​ធ្វើពី​ត្បូងចាសស្ពើរ ហើយ​ទីក្រុង​ធ្វើពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។ គ្រឹះ​របស់​កំពែងក្រុង​ត្រូវបាន​តុបតែង​ដោយ​ត្បូង​ដ៏មានតម្លៃ​គ្រប់យ៉ាង​: គ្រឹះ​ទីមួយ​ជា​ត្បូងចាសស្ពើរ ទីពីរ​ជា​ត្បូងកណ្ដៀង ទីបី​ជា​ត្បូងខាលសេដូនី ទីបួន​ជា​ត្បូងមរកត ទីប្រាំ​ជា​ត្បូងផ្កាយ ទីប្រាំមួយ​ជា​ត្បូងឡាំបៀ ទីប្រាំពីរ​ជា​ត្បូងត្រួយចេក ទីប្រាំបី​ជា​ត្បូងបេរីល ទីប្រាំបួន​ជា​ត្បូងតូប៉ាស ទីដប់​ជា​ត្បូងយក់ ទីដប់មួយ​ជា​ត្បូងហ្គាណែត ទីដប់ពីរ​ជា​ត្បូងអាំមិទ្ធិស​។ រីឯ​ទ្វារក្រុង​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ ទ្វារ‍នីមួយៗ​ធ្វើ​ពី​គជ់​មួយ ហើយ​ផ្លូវ ​នៃ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។ ខ្ញុំ​មិន​ឃើញ​ព្រះវិហារ​នៅក្នុង​ទីក្រុងនោះ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏មានព្រះចេស្ដា និង​កូនចៀម ជា​ព្រះវិហារ​របស់​ទីក្រុងនោះ​។ ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។ ប្រជាជាតិ​នានា ​នឹង​ដើរចុះដើរឡើង​ដោយ​ពន្លឺ​របស់​ទីក្រុងនោះ ហើយ​បណ្ដា​ស្ដេច​នៃ​ផែនដី​នឹង​នាំ​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ទីក្រុងនោះ ​។ ទ្វារក្រុង​របស់​នាង​នឹង​មិន​បិទ​នៅ​ពេលថ្ងៃ​សោះឡើយ ហើយ​នៅ​ទីនោះ​នឹង​គ្មាន​យប់​ទេ​។ គេ​នឹង​នាំ​សិរីរុងរឿង និង​កិត្តិយស​របស់​ប្រជាជាតិ​នានា​មក​ក្នុង​ទីក្រុងនោះ​។ គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕ បន្ទាប់មក ទូតសួគ៌នោះ ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម កាត់​កណ្ដាល​ផ្លូវ​របស់​ទីក្រុងនោះ​។ នៅសងខាង​ទន្លេ មាន​ដើមឈើ​នៃ​ជីវិត​ដែល​បង្កើត​ផ្លែ​ដប់ពីរ​ប្រភេទ គឺ​ផ្ដល់​ផ្លែ​ជារៀងរាល់ខែ ហើយ​ស្លឹក​របស់​ដើមឈើ​នោះ ក៏​សម្រាប់​ការប្រោសឲ្យជា​ដល់​ប្រជាជាតិ​នានា​។ នៅទីនោះ​នឹង​លែង​មាន​បណ្ដាសា​អ្វី​ទៀត​ឡើយ​។ បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម នឹង​ស្ថិតនៅ​ក្នុង​ទីក្រុងនោះ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ ព្រមទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅលើ​ថ្ងាស​របស់​ពួកគេ​។ នៅទីនោះ ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ រួច​ទូតសួគ៌នោះ ​និយាយ​នឹង​ខ្ញុំ​ថា​៖ “​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​”​។ “​មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! មានពរ​ហើយ អ្នក​ដែល​រក្សា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​!​”​។ ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ការទាំងនេះ​។ នៅពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ ខ្ញុំ​ក៏​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​ទូតសួគ៌​ដែល​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ការទាំងនេះ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “​កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក ជាមួយ​បងប្អូន​របស់អ្នក ដែលជា​ព្យាការី និង​ជាមួយ​អ្នក​ដែល​រក្សា​ព្រះបន្ទូល​របស់​សៀវភៅ​នេះ​ដែរ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ!​”។ ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “​កុំ​បិទត្រា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេលកំណត់​ជិតដល់​ហើយ​។ អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្តអំពើអយុត្តិធម៌​ចុះ​; អ្នក​ដែល​ស្មោកគ្រោក ចូរឲ្យ​អ្នកនោះ​បន្ត​នៅស្មោកគ្រោក​ចុះ​; អ្នក​ដែល​សុចរិត ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្ត​សេចក្ដីសុចរិត​ចុះ​; អ្នក​ដែល​វិសុទ្ធ ចូរឲ្យ​អ្នកនោះ​បន្ត​ត្រូវបាន​ធ្វើឲ្យវិសុទ្ធ​ចុះ​”​។ “​មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​! យើង​ជា ‘​អាលផា​’ និង​ជា ‘​អូមេកា​’ ជា​ដើម និង​ជា​ចុង ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។ “​មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​! រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។ “​យើង យេស៊ូវ បាន​ចាត់​ទូត ​ របស់យើង​ឲ្យមក​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា សម្រាប់​ក្រុមជំនុំ​ទាំងឡាយ​។ យើង​ជា​ឫស និង​ជា​ពូជពង្ស​របស់​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏ភ្លឺចិញ្ចាច​”​។ ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “​សូម​យាង​មក​!​” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “​សូម​យាង​មក​!​”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។ ខ្ញុំ​សូម​ធ្វើបន្ទាល់ ​ដល់​អស់អ្នក​ដែល​ឮ​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ថា ប្រសិនបើ​អ្នកណា​បន្ថែម​អ្វី​ទៅក្នុង​សេចក្ដីទាំងនេះ ព្រះ​នឹង​បន្ថែម​គ្រោះកាច​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ ប្រសិនបើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ ព្រះ​នឹង​ដក​ចំណែក​របស់​អ្នកនោះ​ចេញ​ពី​ដើមឈើ​នៃ​ជីវិត និង​ពី​ក្រុង​ដ៏វិសុទ្ធ ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​។ ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖ “​មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!​”​។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​! សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ស្ថិតនៅ​ជាមួយ​វិសុទ្ធជន​ទាំងអស់ ​! អាម៉ែន ​៕​:៚